នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា ( Paetongtarn Shinawatra) អនុប្រធានគណៈកម្មការជាតិទទួលបន្ទុកជំរុញ Soft Power នៃព្រះរាជាណាចក្រថៃ និងជាប្រធានគណបក្សភឿថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកជំទាវ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងបានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។ លោកជំទាវក៏បានអបអរសាទរផងដែរចំពោះជោគជ័យនៃការបោះឆ្នោតព្រឹទ្ធសភា នៅប្រទេសកម្ពុជា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលបានផ្ដល់ផលប្រយោជន៍ទៅវិញទៅមកចំពោះប្រជាជន និងប្រទេសទាំងពីរ។ ជាមួយគ្នានេះ លោកជំទាវក៏បានសម្តែងអំណរគុណជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានអញ្ជើញលោកជំទាវមកបំពេញទស្សនកិច្ចនៅកម្ពុជា។ លោកជំទាវបានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ នឹងកាន់តែរឹងមាំបន្ថែមទៀត និងត្រូវបានពង្រីកលើវិស័យសំខាន់ផ្សេងៗទៀត រួមទាំង ការលើកកម្ពស់តួនាទីរបស់ស្រ្តី ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានសម្តែងការអបអរសាទរជូនចំពោះលោកជំទាវដែលត្រូវបានតែងតាំងជាប្រធានគណបក្សភឿថៃ ព្រមទាំងបានផ្តាំផ្ញើសាកសួរសុខទុក្ខជូនចំពោះឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ផងដែរ។ សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងបានជម្រាបជូនអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតីទៅកាន់ព្រះរាជាណាចក្រថៃ កាលពីខែកុម្ភៈ កន្លងទៅ ដែលបានរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យជាច្រើនរួមទាំង វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ការងារ ជាដើម។
ជាទីបញ្ចប់ សម្តេចធិបតី បានជូនពរលោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា និងគណៈប្រតិភូ ឱ្យទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ច និងទទួលបានក្តីសោមនស្សរីករាយក្នុងការស្នាក់នៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕