នារសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងមហាផ្ទៃ ដែលជាវេទិកាដ៏មានសារៈសំខាន់ សម្រាប់ភាគីពាក់ព័ន្ធជួបជុំគ្នា ដើម្បីធ្វើការពិនិត្យឡើងវិញនូវសមិទ្ធផល ចំណុចខ្វះខាត និងបញ្ហាប្រឈមជាឧបសគ្គក្នុងការអនុវត្តការងារកន្លងមក ។
នៅក្នុងពិធីដ៏អធិកអធមនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់ថា ក្រសួងមហាផ្ទៃ គឺជាស្ថាប័នស្នូលមួយរបស់រាជរដ្ឋាភិបាល ដែលដើរតួនាទីជាឆ្អឹងខ្នង និងជាសេនាធិការដ៏សំខាន់ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការរក្សា ការពារសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការផ្ដល់សេវារដ្ឋបាលជូនដល់ប្រជាពលរដ្ឋ ។ ក្រសួងមហាផ្ទៃក៏ដើរតួនាទីជាស្ពានផ្សារភ្ជាប់គោលនយោបាយ ថ្នាក់ជាតិដែលដាក់ចេញដោយរាជរដ្ឋាភិបាល ទៅជាការអនុវត្ត ដែលភាគច្រើនធ្វើឡើងដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅជាប់ផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន ។ ពិតណាស់ គោលនយោបាយ ឬផែនការអាចនៅត្រឹមតែនៅលើក្រដាសតែប៉ុណ្ណោះ ប្រសិនបើគ្មានអ្នកយកទៅអនុវត្ត ហើយការអនុវត្តនោះទៀតសោត ក៏នឹងមិនទទួលបានជោគជ័យនោះទេ ប្រសិនបើគ្មានស្ថាប័នរួមជាអ្នកដឹកនាំសម្របសម្រួល។
សម្តេចធិបតី ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិ, មន្ត្រីរដ្ឋបាលស៊ីវិល, មន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវ រហូតសម្រេចបានសមិទ្ធផលជាច្រើន ក្នុងឆ្នាំ ២០២៣ កន្លងទៅនេះ ។ គួរឱ្យកត់សម្គាល់, ការអនុវត្តការងារ ក្នុងរយៈពេល ៦ ខែដំបូង នៃរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា, ក្រសួងមហាផ្ទៃសម្រេចបានសមិទ្ធផលថ្មីៗ តាមរយៈ ការបន្តពង្រឹងប្រសិទ្ធភាពនៃការដឹកនាំការងាររបស់ខ្លួន ដើម្បីបម្រើប្រជាជន ឱ្យបានកាន់តែប្រសើរ ។ ជាក់ស្តែង, ក្រសួងមហាផ្ទៃបានរៀបចំ និង ដាក់ឱ្យអនុវត្ដផែនការយុទ្ធសាស្ដ្រស្ដីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ២០២៤-២០២៨ ដែលជាផែនទីបង្ហាញផ្លូវ ដើម្បីឈានឆ្ពោះទៅសម្រេចបាននូវបេសកកម្មចម្បងៗរបស់ក្រសួងមហាផ្ទៃ និង ការរួមចំណែកដល់ការសម្រេចបានកម្មវិធីនយោបាយ និង យុទ្ធសាស្ដ្របញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ។ ការរៀបចំឱ្យមានផែនការយុទ្ធសាស្ដ្រនេះ គឺជាការកំណត់នូវចក្ខុវិស័យច្បាស់លាស់ និង ត្រឹមត្រូវ ជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ដ្រធំៗចំនួន ៦ ដោយកំណត់សូចនាករគន្លឹះជាក់លាក់ ដែលត្រូវសម្រេច ក្រោមគោលការណ៍ជាមូលដ្ឋានចំនួន ៥ និង អភិក្រមទាំង ៥ របស់រាជរដ្ឋាភិបាល គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់» ។
ក្នុងឱកាសនោះផងដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានសម្ដែងនូវការដឹងគុណចំពោះ សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលបានដឹកនាំក្រសួងមហាផ្ទៃ ប្រកបដោយភាពប៉ិនប្រសប់ក្នុងរយៈពេល ៦ អាណត្តិ នៃរាជរដ្ឋាភិបាល ចាប់ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០២៣ ។ ក្រោមការដឹកនាំរបស់ សម្តេចក្រឡាហោម បានតស៊ូជម្នះគ្រប់ឧបសគ្គ និងសម្រេចបានជោគជ័យលើបេសកកម្មធំៗ ពាក់ព័ន្ធនឹងការចូលរួមថែរក្សាសុខសន្តិភាព, អធិបតេយ្យជាតិ, បូរណភាពទឹកដី, ស្ថិរភាពនយោបាយ និង ការថែរក្សា ការពារសន្តិសុខជាតិ, សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គមបានយ៉ាងល្អ ដែលធានាបាននូវការរស់នៅដ៏សុខសាន្ដរបស់ប្រជាពលរដ្ឋ ក៏ដូចជាធានាបាននូវសន្តិសុខសម្រាប់ការបោះឆ្នោត, កិច្ចប្រជុំធំៗ និង ព្រឹត្តិការណ៍អន្តរជាតិនានានៅប្រទេសកម្ពុជា ដោយរលូន និង ជោគជ័យ ។ ទន្ទឹមនេះ, ការងារកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានវឌ្ឍនភាព និងសម្រេចបានសមិទ្ធផលនានាជាច្រើន, ក្នុងនោះ រចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងនីតិវិធីបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានរៀបចំ និងពង្រឹងជាបណ្ដើរៗ, ទាំងក្នុងការអភិវឌ្ឍស្ថាប័ន, ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងប្រសិទ្ធភាពនៃការអនុវត្ដការងារ ដើម្បីធានាដល់ការលើកកម្ពស់គុណភាព និង ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ, ការអភិវឌ្ឍមូលដ្ឋានឆ្លើយតបនឹងតម្រូវការ និងការដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋបានទាន់ពេល និងចំគោលដៅនៃបញ្ហា។ តាមរយៈការកែទម្រង់នេះ, រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ កាន់តែមានសមត្ថភាព និងលទ្ធភាពជាបណ្ដើរៗ ក្នុងការផ្ដល់សេវា និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។ ការផ្ទេរមុខងារ ត្រូវបានធ្វើឡើងជាបណ្ដើរៗទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិតាមប្រភេទនីមួយៗ ដែលក្នុងនោះមានមុខងារចំនួនពីរ ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយតម្រូវឱ្យមានការយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ក្នុងនីតិកាលទី ៧ នេះ គឺ មុខងារក្នុងវិស័យសុខាភិបាល និងមុខងារវិស័យអប់រំ ៕