នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ និងពិធីប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និង បណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០២៤-២០២៨ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅសណ្ឋាគារសុខាភ្នំពេញ ។
ក្នុងពិធីដ៏អធិកអធម សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដែលជាយុទ្ធសាស្រ្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជារយៈពេលវែង និងត្រូវអនុវត្តជា ៥ ដំណាក់កាល សម្រាប់រយៈពេល២៥ ឆ្នាំទៅមុខ ដោយរក្សានូវបាវចនា «ការងារ» និង វិស័យអាទិភាព «មនុស្ស» នៅដដែល ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ ក៏ដូចជាអាណត្តិបន្តបន្ទាប់ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងបន្តផ្តល់អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយផ្តោតជាសំខាន់លើការកែទម្រង់ស្ថាប័ន, ការពង្រឹងអភិបាលកិច្ច, ការកែតម្រូវក្របខ័ណ្ឌគតិយុត្ត និងការជំរុញបរិវត្តកម្មឌីជីថល សំដៅរក្សាស្ថិរភាពទីផ្សារការងារ, លើកកម្ពស់ជីវភាពកម្មករ-និយោជិត និងរក្សាការពារសន្តិសុខសង្គម តាមរយៈការកសាងបរិយាកាសវិនិយោគអំណោយផល, ការបង្កើតការងារ, ការធានានិរន្តរភាពការងារ, ការកែលម្អលក្ខខណ្ឌការងារ, ការគោរពសិទ្ធិ និងអត្ថប្រយោជន៍របស់កម្មករ-និយោជិត និងការធ្វើសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ជាដើម ។
ទន្ទឹមនេះ, សម្តេចមហាបវរធិបតី បានធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រេចបាននៅឆ្នាំ២០២៣ កន្លងទៅ ជាពិសេសការអនុវត្តភារកិច្ច, គោលនយោបាយ និងកម្មវិធីនានា របស់រាជរដ្ឋាភិបាល រួមទាំងការងារអាទិភាពធំៗទាំង៥ ដែលក្រសួងបានដាក់ចេញកាលពីឆ្នាំ២០១៩ ប្រកបដោយការទទួលខុសត្រូវ, បុរេសកម្ម, ប្រសិទ្ធភាព និងវិជ្ជាជីវៈខ្ពស់ ។ ជាលទ្ធផល, លក្ខខណ្ឌការងារ, សុវត្ថិភាព និងសុខភាពការងារ, និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ មានការរីកចម្រើនគួរជាទីមោទនៈ ហើយសិទ្ធិ និងផលប្រយោជន៍គោលរបស់បងប្អូនកម្មករ-និយោជិត, ទាំងនៅក្នុង និងក្រៅប្រទេស ត្រូវបានការពារ និងលើកកម្ពស់ ជាប់ជាប្រចាំ ។ ជាក់ស្តែង, សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកើនដល់ចំនួន៤០ ៩៧៥ និងមានកម្មករ-និយោជិតចំនួន ១,៧ លាននាក់ ដោយបានទទួលប្រាក់ឈ្នួលសរុបជាមធ្យមជាង ៥,១៨ ប៊ីលានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំៗ, នេះមិនទាន់គិតអំពីកម្មករ-និយោជិត នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង បងប្អូនពលករខ្មែរធ្វើការនៅបរទេសផង ។ លើសពីនេះ, ក្រសួងក៏បានខិតខំចូលរួមអនុវត្តប្រកបដោយជោគជ័យនូវអនុសាសន៍គន្លឹះទាំង១០ ចំណុចរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអនុសាសន៍ ១០ ចំណុច ដែល សម្តេចធិបតី បានណែនាំកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ-និយោជិត, ក្នុងនោះ ៦ ចំណុច ត្រូវបាមសម្រេចក្នុងឆ្នាំ២០២៣ និង ៤ ចំណុចទៀត ត្រូវសម្រេចឱ្យបាន ក្នុងរយៈពេល ២ ឆ្នាំខាងមុខ ។
ជាមួយគ្នានេះផងដែរ សម្តេចធិបតី ក៏បានធ្វើការវាយតម្លៃចំពោះ «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ២០២៤-២០២៨» ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ, មានការកំណត់សូចនាករគោលដៅច្បាស់លាស់ និងមានយន្តការសមស្របសម្រាប់តាមដាន ត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាព, សមិទ្ធផល និងប្រសិទ្ធភាព នៃការអនុវត្ត ជាពិសេស ការលើកកម្ពស់កិច្ចសហការ និងកិច្ចសហប្រតិបត្តិការ រវាងក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ។
ជាចុងក្រោយ សម្តេចធិបតីបានធ្វើការរៀបរាប់សង្ខេបអំពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច និងគណៈប្រតិភូជាន់ខ្ពស់ ទៅកាន់ព្រះរាជាណាចក្រថៃកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាដំណើរទស្សនកិច្ចផ្លូវការដ៏ខ្លី ប៉ុន្តែនាំមកនូវផ្លែផ្កាសន្ធឹកសន្ធាប់សម្រាប់បម្រើដល់ផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ រួមមានជាអាទិ៍៖ (១) បន្តធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងដ៏យូរអង្វែង និងបើកឱកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន នយោបាយ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ ការងារ វប្បធម៌ ការដឹកជញ្ជូន និងការតភ្ជាប់ កសិកម្ម បរិស្ថាន ការពារជាតិ សន្តិសុខ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ឱ្យកាន់តែគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រទាំងពីរ ជាពិសេសនាំមកនូវសមិទ្ធផលជាក់ស្តែងជាច្រើនដល់ប្រជាជាតិទាំងពីរ តាមរយៈការប្រកាសដំទ្បើងកម្រិតនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» ដែលជាកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងការទូតទ្វេភាគីកម្ពុជា-ថៃ ។ (២) នៅអំទ្បុងដំណើរទស្សកិច្ចនេះ សម្តេចធិបតី បានអញ្ជើញថ្លែងសុន្ទរកថាបើកក្នុងវេទិកាធុរកិច្ចកម្ពុជា-ថៃ ដែលមានការចូលរួមពីក្រុមហ៊ុនកម្ពុជា និងថៃចំនួនប្រមាណ ២០០ ដោយ សម្តេច បានអញ្ជើញវិនិយោគគិនថៃឱ្យបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីឱ្យឃើញផ្ទាល់អំពីសក្កានុពលសម្រាប់ការបណ្តាក់ទុន ។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខថាមពល ក្នុងនេះប្រទេសទាំងពីរនឹងបន្តការពិភាក្សាអំពីការធ្វើអាជីវកម្មរួមគ្នានូវធនធានប្រេងកាត និងឧស្ម័នអ៊ីដ្រូកាបូននៅតំបន់ត្រួតស៊ីគ្នានៃព្រំដែនរវាងប្រទេសទាំងពីរ ដោយការដោះស្រាយបញ្ហាព្រំដែនទឹកនៃប្រទេសទាំងពីរនៅតែបន្តប្រព្រឹត្តទៅតាមរយៈក្រុមបច្ចេកទេសជំនាញនៃប្រទេសទាំងពីរ។ ត្រង់ចំណុចនេះ សម្តេចធិបតី បានធ្វើការបំភ្លឺទៅនឹងទស្សនៈរបស់ជនអគតិមួយចំនួនដែលបានចោទ សម្តេចធិបតី ថាបានកាត់ព្រំដែនទឹកឱ្យទៅប្រទេសជិតខាង ដោយសម្តេចបានលើកទ្បើងថា ត្រកូលហ៊ុន មិនមានបំណងចង់ក្លាយជាជនក្បត់ជាតិនោះទេ ។ ជាក់ស្តែង សម្តេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ ចិត្ត ក្នុងការចចារព្រំដែន ដើម្បីបង្កើតនូវភាពច្បាស់លាស់លើបញ្ហាព្រំដែនជាមួយប្រទេសជិតខាង សម្រាប់កូនចៅខ្មែរជាច្រើនជំនាន់តទៅ ។ (៣) លទ្ធផលនៃដំណើទស្សនកិច្ចនេះ បានជួយផ្តល់នូវកិច្ចគាំពារដ៏ល្អប្រសើរជូនដល់ពលរដ្ឋទាំងសងខាង មានដូចជា ការសម្រេចបង្កើតស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តសុងក្លា និងស្ថានអគ្គកុងស៊ុលថៃនៅខេត្តសៀមរាប។ ហេីយពេលកន្លងទៅសម្តេចធិបតី ក៍បានស្នេីការបញ្ចុះតម្លៃទិដ្ឋាការការងាររយៈពេល ៤ ឆ្នាំ ចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៧ ដោយតម្លៃស្នើសុំទិដ្ឋាការថ្មី ២.០០០ បាត និងតម្លៃបន្តទិដ្ឋាការ ១.៩០០ បាត ត្រូវបានបញ្ចុះទៅ ៥០០ បាត ។ ភាគីទាំងពីរក៍បានចចារបន្ថែមលើការចល័តប្រព័ន្ធបេទ្បាសន្តិសុខសង្គមសម្រាប់កម្មករ-និយោជិតនៃប្រទេសទាំងពីរ ដោយការផ្ទេរទាំងអតីតភាពការងារ និងការទទួលស្គាល់ជំនាញ សម្រាប់ទទួលបានអត្ថប្រយោជន៍ពីការងារ នៅពេលចូលនិវត្ត។ ទន្ទឹមនេះ ភាគីក៏ថៃកំពុងពិចារណាក្នុងការលើកលែងការយកថ្លៃទិដ្ឋាការចេញ-ចូលសម្រាប់ពលករខ្មែរ ដែលនឹងធ្វើដំណើរត្រទ្បប់មកកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងត្រូវត្រទ្បប់ទៅថៃវិញក្នុងខែមេសា ឆ្នាំ២០២៤ ៕