AKP ៖ ទុនបម្រុងអន្តរជាតិកម្ពុជា មានការកើនឡើងដល់ ១៨,៤ ប៊ីលានដុល្លារ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ ដែលនឹងអាចទប់ទល់ការនាំចេញនាំចូលទំនិញ និងសេវាកម្ម សំខាន់ៗ សម្រាប់រយៈពេល៧ខែ ក្នុងករណីមានគ្រាបន្ទាន់ណាមួយ។ នេះបើយោងតាម របាការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិ នៃកម្ពុជា។
របាយការណ៍របស់ធនាគារជាតិនៃកម្ពុជាដែលចេញផ្សាយកាលពីថ្ងៃទី៣១ ខែកក្កដា បានឱ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០២៣នេះ ទុនបម្រុងអន្ដរជាតិមានចំនួន ១៨,៤ ប៊ីលានដុល្លារ បានកើនឡើងបន្តិចវិញប្រមាណ ៣,២ ភាគរយ ធៀបនឹងចុងខែធ្នូ ឆ្នាំ២០២២ បើទោះបីជាទទួលរងសម្ពាធពីការដួលរលំធនាគារពាណិជ្ជមួយចំនួននៅសហរដ្ឋអាមេរិក និង ការខាតបង់របស់ធនាគារ Credit Suisse ដែលជាធនាគារធំមួយនៅប្រទេសស្វីស និងការ ដំឡើងអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលនៃប្រទេសអភិវឌ្ឍន៍។
របាយការណ៍នេះបានលើកឡើងថា “ការកើនឡើងទុនបម្រុងនេះ ជាលទ្ធផល ពីការកើនឡើង ចំណូលពីការវិនិយោគក្រៅប្រទេស ថ្លៃមាស និងប្រាក់បញ្ញើរបស់ រាជរដ្ឋាភិបាល និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅធនាគារជាតិនៃកម្ពុជា”។
របាយការណ៍នេះ បានបន្តថា កម្រិតខ្ពស់នៃទុនបម្រុងអន្តរជាតិនេះ បង្ហាញពីលទ្ធភាព រក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ ទំនុកចិត្តលើរូបិយវត្ថុជាតិ មូលដ្ឋានសម្រាប់ការខ្ចីក្រៅប្រទេស ព្រមទាំងផ្តល់ការការពារគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការសន្ទនីយភាពទប់ទល់ នឹង វិបត្តិខាងក្រៅ។បន្ថែមពីនេះ ការវិនិយោគទុនបម្រុងអន្តរជាតិត្រូវបានអនុវត្តដោយមានភាពបត់បែន ហើយហានិភ័យ នសការវិនិយោគត្រូវបានគ្រប់គ្រងនិងតាមដានយ៉ាងហ្មត់ចត់ និងគោរព តាមសេចក្ដីណែនាំការវិនិយោគរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីធានាបានការគ្រប់គ្រងទុន បម្រុងអន្តរជាតិប្រកបដោយសុវត្ថិភាព សន្ទនីយភាព និងទទួលបានចំណូលសមស្រប។
គួរបញ្ជាក់ដែរថា នៅដើមឆ្នាំ២០២៣ នេះ ធនាគារជាតិនៃកម្ពុជា បានធ្វើ បច្ចុប្បន្នកម្មសេចក្ដីណែនាំការវិនិយោគ ដោយបានកែសម្រួលសមាសភាគនៃចំណែក ទុនបម្រុង វិនិយោគ និងរូបិយប័ណ្ណ ដើម្បីឆ្លើយតបនឹងកំណើននៃតម្រូវការសន្ទនីយភាព និងលទ្ធភាពខ្ពស់ក្នុង ការចាប់យកឱកាសពីការប្រែប្រួលនៃអត្រាការប្រាក់នៅលើទីផ្សារ។ ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជាបាន បន្តយកចិត្តទុកដាក់លើការបង្កើនការវិនិ យោគលើសញ្ញាប័ណ្ណបៃតង (Green bonds) និងសញ្ញាប័ណ្ណ ដែលពាក់ព័ន្ធនឹងបរិស្ថាន សង្គម និងអភិបាលកិច្ច(ESG) ដែលបោះផ្សាយដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ នៅប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន និងនៅតំបន់អឺរ៉ុប៕