FN ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែបុស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបិទសន្និ បាតបូកសរុបការងារឆ្នាំចាស់ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការ នារី។ ពិធីនេះរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងកិច្ចការនារី៖
- សម្តេចធិបតី ហ៊ុន ម៉ាណែត មានសេចក្តីរីករាយដោយបានចូលរួមជាអធិបតីក្នុងពិធីបិទ «សន្និបាតបូក សរុបសមិទ្ធផលការងារឆ្នាំ ២០២៣ និង លើកទិសដៅការងារឆ្នាំ ២០២៤» របស់ក្រសួងកិច្ចការនារី។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំសន្និបាតនាឱកាសនេះពិតជាមានសារៈសំខាន់ ដោយអ្នករៀបចំយុទ្ធសាស្ត អ្នកអនុវត្ត និង ភាគីពាក់ព័ន្ធទាំងអស់បានជួបជុំគ្នា ដើម្បីធ្វើការពិនិត្យឡើងវិញនូវសមិទ្ធផលសម្រេចបាន, ចំណុចខ្វះខាត និងបញ្ហាប្រឈម ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រនារីរតនៈទី ៥ របស់ក្រសួងកិច្ចការនារី ដើម្បីរួមចំណែកលើកកម្ពស់ឱ្យកាន់តែប្រសើរឡើងនូវស្ថានភាព, ឋានៈ តួនាទី និង សិទ្ធិរបស់ស្ត្រីនៅក្នុងគ្រួសារ និងសង្គមជាតិ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងក្រើនរំលឹកដល់ស្ត្រីមួយចំនួនផ្សាយលក់ផលិតផលតាមអនឡាញ មិនត្រូវឱ្យបាត់បង់តម្លៃ និងសេចក្តីថ្លៃថ្នូរជាស្ត្រីខ្មែរ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកិច្ចការនារីតាមដានសកម្មភាពរបស់ស្ត្រីមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃវប្បធម៌ និងសីលធម៌របស់ស្ត្រីខ្មែរ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រតិកម្មនឹងការហូបស្បែកជើង ដើម្បីទាញចំណាប់អារម្មណ៍តាមបណ្តាញសង្គម។
- សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវយុវជន យុវតីខ្មែរ ធ្វើអ្វីកុំឱ្យហួសព្រំដែន ប៉ះពាល់ដល់តម្លៃវប្បធម៌ និងអត្តសញ្ញាណជាខ្មែរ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ភ្ញាក់ផ្អើលចំពោះចំនួនស្ត្រីកាន់តែច្រើន ក្នុងជំនាញ IT។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជំនាញមិនបានរើសអើងភេទនោះឡើយ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត សូមលើកទឹកចិត្តឱ្យក្រសួងកិច្ចការនារី និង ក្រសួងស្ថាប័នពាក់ព័ន្ធបន្តវិនិយោគ លើស្រ្តី នៅក្នុងក្របខ័ណ្ឌគោលនយោបាយជាតិ និង តាមវិស័យជាប្រព័ន្ធ តាមរយៈការរៀបចំ ថវិកាឆ្លើយតបយេនឌ័រ (Gender Responsive Budgeting) និង ការអភិវឌ្ឍធនធានមនុស្ស នៅក្នុងក្រសួងស្ថាប័ន ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើឲ្យ ក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន សូមបន្តកិច្ចសហការពង្រឹង និងពង្រីក វិធានការគាំទ្រដល់សហគ្រិនស្ត្រី ដែលដឹកនាំសហគ្រាសខ្នាតតូច និង មធ្យម, លើកកម្ពស់ បរិយាប័ន្នហិរញ្ញវត្ថុ សម្រាប់ស្ត្រី និង លើកកម្ពស់ការចូលរួមរបស់ស្ត្រី ក្នុងគ្រប់សកម្មភាពសេដ្ឋកិច្ច និងសង្គម។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវពង្រីកវិសាលភាពក្របខ័ណ្ឌជាតិគាំពារសង្គម និង សេវាថែទាំសុខភាពឆ្ពោះទៅរកការ គ្របដណ្តប់សុខភាពជាសកល (Universal Health Coverage) សំដៅធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវានេះដោយបរិយាប័ន្ន។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងកិច្ចការនារី ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ផ្តោតការយកចិត្ត ទុកដាក់លើការដោះស្រាយគម្លាតយេនឌ័រក្នុងវិស័យឌីជីថល ជាពិសេសការបង្កើនការចូលរួម របស់ស្រ្តី និង ក្មេងស្រី នៅក្នុងវិស័យឌីជីថល, ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង ការអប់រំ ចំណេះដឹង និង ជំនាញផ្នែកវិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម, សិល្បៈច្នៃប្រតិដ្ឋ និង គណិតវិទ្យា (STEAM) ដែលជាវិស័យមានប្រជាប្រិយភាពក្នុងសម័យឌីជីថល ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីលើកកម្ពស់តុល្យភាពជីវិត និង ការងារ (Work-Life Balance), ក្រសួងកិច្ចការ នារីត្រូវយកចិត្តទុកដាក់ និង ធ្វើការសិក្សា ដោយសហការជាមួយដៃគូរដ្ឋ និង ឯកជន លើអត្ថប្រយោជន៍សង្គម ដែលទទួលស្គាល់ពីតម្លៃនៃការងារក្នុងផ្ទះ និង ថែទាំសមាជិកគ្រួសារ ព្រមទាំង រៀបចំវិធានការចាំបាច់ ដើម្បីកាត់បន្ថយបន្ទុកលើការងាររបស់ស្ត្រី និង ក្មេងស្រី និង ផ្ដល់ជម្រើស ក្នុងជីវិតរស់នៅកាន់តែច្រើនដល់ស្ត្រី ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងកិច្ចការនារី និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និង សុខដុមរមនានៅក្នុងគ្រួសារ តាមរយៈការពង្រឹងតួនាទីរបស់គណៈកម្មាធិការជាតិ លើកកម្ពស់សីលធម៌សង្គម, តម្លៃស្ត្រី និង គ្រួសារខ្មែរ, ពង្រឹងការអនុវត្តផែនការសកម្មភាព ជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី និងកុមារ និង ចាត់វិធានការទប់ស្កាត់ និង កាត់ បន្ថយហានិភ័យនានា ដែលប៉ះពាល់ដល់សុវត្ថិភាព និង សេចក្ដីថ្លៃថ្នូររបស់ស្ត្រី និង ក្មេងស្រី ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងកិច្ចការនារី និងបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តអនុវត្តកម្មវិធី និង វិធានការនានា ក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី និង ក្មេងស្រីនៅគ្រប់កម្រិត និង គ្រប់វិស័យ ដើម្បីធានាថាប្រជាជនគ្រប់រូប, ទាំងស្ត្រី និងបុរសមានសិទ្ធិ និងឱកាសពេញលេញ ក្នុងការទទួលបានជម្រើស និង ភាពជាតំណាង ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមជាតិ ប្រកបដោយបរិយាប័ន្ន និងចីរភាព។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីរក្សាភាពសុខដុមរមនានៅក្នុងក្រុមគ្រួសារ និង ប្រសិទ្ធភាពការងារ, ស្នើឱ្យ ក្រសួងមហាផ្ទៃ និង ក្រសួងកិច្ចការនារី ពិនិត្យលទ្ធភាព និង មានវិធានការគោលនយោបាយ សមស្រប ដែលអនុញ្ញាតឱ្យស្ត្រីជាអភិបាលរងនៃគណៈអភិបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ បម្រើការងារមូលដ្ឋានដែលនៅជិតក្រុមគ្រួសាររបស់គាត់ ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យក្រសួងកិច្ចការនារី បន្តដឹកនាំសម្របសម្រួល និងសហការជាមួយក្រសួងស្ថាប័ន និង ដៃគូពាក់ព័ន្ធ ក្នុងការ បញ្ចូលនូវអាទិភាពទាំងនេះទៅក្នុងដំណើរការអភិវឌ្ឍ និង គោលនយោបាយជាតិស្ដីពីសមភាពយេនឌ័រ, ផែនការយុទ្ធសាស្រ្តនារីរតនៈ និងក្របខណ្ឌគោលនយោបាយ និងកម្មវិធីតាមវិស័យស្របតាមរបៀបវារៈរបស់រាជរដ្ឋាភិបាល ដែលចាត់ទុកការលើកកម្ពស់សមភាពេយនឌ័រ ជាអភិក្រមអាទិភាពស្នួល និងអន្តរវិស័យ។