FN ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាទ ខេត្តកោះកុង។
គម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ គឺជាគម្រោងវារីអគ្គិសនី ដែលវិនិយោគសាងសង់ដោយ ក្រុមហ៊ុន Cambodian Upper Tatay Hydropower Co., Ltd. ដែលជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន China National Heavy Machinery Industry Corporation (Sinomach) របស់ប្រទេសចិន។ គម្រោងវារីអគ្គិសនីនេះ ប្រើប្រភពទឹករបស់ស្ទឹង២ គឺស្ទឹងកែប និងស្ទឹងតាតៃ ដោយសាងសង់ទំនប់២ កាត់ស្ទឹងទាំង២ បង្កើតជាអាងស្តុកទឹក២ ភ្ជាប់គ្នាទៅវិញទៅមក ដោយទួណែលបង្ហូរទឹកក្រោមដី។ ប្រភពទឹក ដែលតភ្ជាប់គ្នានេះ គ្រោងទម្លាក់យកមកផលិតថាមពលអគ្គិសនី នៅអគារថាមពល ដែលមានអានុភាពសរុប ១៥០មេហ្គាវ៉ាត់ ស្ថិតនៅចម្ងាយ ១៣គីឡូម៉ែត្រ ក្រោមទំនប់ទឹកស្ទឹងកែប តាមបំពង់ទួណែល បង្ហូរទឹកក្រោមដី។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹង សាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង៖
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយក្រៃលែង ដែលបានអញ្ជើញចូលរួមបិទស្ទឹងសាងសង់វារីអគ្គិសនីតាតៃលើ ដែលមានអានុភាពរហូតដល់ ១៥០មេហ្គាវ៉ាត់។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យថាមពលអគ្គិសនី គឺជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ជំរុញការអភិវឌ្ឍ ហើយនៅតែជារបៀបវារៈដ៏សំខាន់សម្រាប់សេដ្ឋកិច្ចរបស់កម្ពុជា។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភូមិសាស្ត្រស្រុកថ្មបាំង គឺជាកន្លែងលាក់ទ័ពក្នុងសម័យសង្គ្រាម និងជាកន្លែងវេទនាបំផុត។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្នសុខសន្តិភាព បានប្រែក្លាយស្រុកថ្មបាំងជាកន្លែងអភិវឌ្ឍន៍ មិនមែនជាកន្លែងលាក់ទ័ព ដើម្បីប្រយុទ្ធទៀតនោះទេ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើគ្មានសុខសន្តិភាព ក៏គ្មានការអភិវឌ្ឍផ្នែកថាមពលអគ្គិសនីនោះដែរ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សុខចិត្តឱ្យគេហៅថាជនផ្តាច់ការ តែមិនឈប់លើកបង្ហាញពីតម្លៃសន្តិភាពសម្រាប់សង្គមនោះឡើយ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍថាមពលអគ្គិសនី និងការតបណ្តាញអគ្គិសនីជូនពលរដ្ឋនាពេលបច្ចុប្បន្ន ជាសមិទ្ធផលជាក់ស្តែងមិនមែនប្រជាភិថុតិនោះទេ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែខ្ពស់ ជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរ គឺជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រប់វិស័យទាំងអស់ ត្រូវការថាមពល ដូច្នេះត្រូវតែបន្តពង្រីកថាមពល។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សន្តិសុខ និងឯករាជ្យថាមពលអគ្គិសនី គឺជាទិសដៅរបស់រាជរដ្ឋាភិបាលត្រូវតែពង្រឹង និងពង្រីក។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលត្រៀម ១០០លានដុល្លារ សម្រាប់ជួយទប់ទល់ការឡើងថ្លៃតម្លៃអគ្គិសនី។
- សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិថ្មី បន្តទទួលខុសត្រូវលើពលរដ្ឋ និងប្រទេសជាតិចំនួន៣រួមមាន៖ ១) ជំរុញជីវភាពពលរដ្ឋទូទាំងប្រទេស និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន, ២) ទទួលខុសត្រូវលើរាល់ការអភិវឌ្ឍទាំងអស់ ត្រូវគិតឱ្យបានហ្មត់ចត់បញ្ចៀសរាល់ការប៉ះពាល់, ៣) ទទួលខុសត្រូវលើផលប៉ះពាល់បរិស្ថានពិភពលោក និងការប្រែប្រួលអាកាសធាតុ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គម្រោងវារីអគ្គិសនីនីមួយៗ ប្រើពេលយ៉ាងតិច២-៤ឆ្នាំសិក្សាពីផលប៉ះពាល់រួមមានបរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ មិនធ្វើវារីអគ្គីសនីនៅលើដងទន្លេមេគង្គនោះទេ ដើម្បីបញ្ចៀសផលប៉ះពាល់ផ្នែកបរិស្ថាន និងអេកូឡូស៊ីតាមដងទន្លេ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចឱ្យសាងសង់ខ្សែបណ្តាញបញ្ជូនរងអគ្គិសនីតង់ស្យុង ៣៥គីឡូវ៉ុល ជូនប្រជាពលរដ្ឋនៅឃុំតាតៃលើ ឃុំជំនាប់ និងឃុំប្រឡាយ ស្រុកថ្មបាំង ប្រវែង៣៣គីឡូម៉ែត្រ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសសម្រេចប្រគល់ភារកិច្ចឱ្យក្រសួងរ៉ែ និងថាមពល ដឹកនាំ និងសម្របសម្រួលលើការងារអន្តរកាលវិស័យថាមពល ចំនួន៥
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចជំរុញការអនុវត្តការងារប្រសិទ្ធភាពថាមពល ស្របតាមគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល ២០២២-២០៣០ ដែលរាជរដ្ឋាភិបាលបានអនុម័ត និងស្របទៅតាមផែនការសកម្មភាពដែលបានគ្រោង។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសសម្រេចបញ្ឈប់គម្រោងអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០ មេហ្កាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្តកោះកុង ដោយឱ្យក្រសួងរ៉ែ និងថាមពល ពិភាក្សាជាមួយក្រុមហ៊ុនវិនិយោគ ពិនិត្យលទ្ធភាពប្តូរគម្រោងវិនិយោគផលិតអគ្គិសនីដុតធ្យូងថ្មនេះ ទៅជាគម្រោងផលិតអគ្គិសនីដុតឧស្ម័ន LNG ដែលបំភាយឧស្ម័នកាបូនតិចតួចវិញ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងជំរុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្មែរប្រើប្រាស់យានយន្តអគ្គិសនី (EV) ។ សម្តេចធិបតី បានថ្លែងថា ការប្រើប្រាស់យានយន្តអគ្គិសនី ជួយបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល ដោយសារការប្រើម៉ូទ័រអគ្គិសនី គឺមានប្រសិទ្ធភាពជាងការប្រើ
ម៉ូទ័រឥន្ធនៈ។ បន្ថែមពីលើនោះ ការប្រើប្រាស់យានយន្តអគ្គិសនី អាចផ្លាស់ប្តូរពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាសច្រើន មកជាការប្រើប្រាស់ថាមពលស្អាតពីប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីជាតិវិញ។ - សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមានមោទនភាព បច្ចុប្បន្នកម្ពុជាមានប្រភពអគ្គិសនីកកើតឡើងវិញប្រមាណ ៦២ភាគរយ ហើយតាំងចិត្តសម្រេចឱ្យបាន ៧០ភាគរយនៅឆ្នាំ២០៣០ ខណៈប្រទេសក្នុងតំបន់មួយចំនួនប្រភពអគ្គិសនីកកើតឡើងវិញតិចតួចនៅឡើយ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាសិក្សាអភិវឌ្ឍប្រព័ន្ធស្តុកថាមពលទុក ដើម្បីមានលទ្ធភាពបង្កើនការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ ដែលប្រែប្រួល និង ឡើងចុះលឿនមិនទៀងទាត់ទៅតាមកត្តាធម្មជាតិ។ ការអភិវឌ្ឍន៍ប្រព័ន្ធនេះ ក៏ដើម្បីជំរុញការធ្វើអព្យាក្រឹតភាពកាបូនក្នុងវិស័យថាមពល។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈគ្រប់គ្រង និងបុគ្គលិកនៃក្រុមហ៊ុន Cambodian Upper Tatay Hydropower Co., Ltd. ត្រូវយកចិត្តទុកដាក់ ជាមួយនឹងការទទួលខុសត្រូវខ្ពស់ ចំពោះការគ្រប់គ្រងកិច្ចដំណើរការនៃការសាងសង់រោងចក្រវារីអគ្គិសនី ស្របទៅតាមបទដ្ឋានបច្ចេកទេស ឱ្យបានប្រកបដោយគុណភាព និងមានសុវត្ថិភាពខ្ពស់ ដើម្បីធានាបាននូវគុណសម្បត្តិរបស់គម្រោង សម្រាប់ជាគុណប្រយោជន៍ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់កម្ពុជា ដោយមិនមានបច្ច័យអាក្រក់ណាមួយ ដែលអាចបង្កទៅជាផលប៉ះពាល់ដល់បរិស្ថាន និងមនុស្ស។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រុមហ៊ុនត្រូវបន្តកិច្ចសហការឱ្យបានជាប់ជាប្រចាំជាមួយក្រសួងរ៉ែ និងថាមពល, អាជ្ញាធរដែនដីខេត្តកោះកុង, អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីធ្វើឱ្យគម្រោងនេះដំណើរការទៅបានដោយរលូន។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំគ្រប់ក្រសួង-ស្ថាប័ន, អាជ្ញាធរដែនដីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ត្រូវបន្តនូវកិច្ចសហ-ការល្អជាមួយក្រសួងរ៉ែ និងថាមពល ជំរុញការអនុវត្តគម្រោងផ្សេងៗទៀត ដូចជា គម្រោងវារីអគ្គិសនី, គម្រោងខ្សែបញ្ជូនថាមពល និងគម្រោងអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យជាដើម ដើម្បីធ្វើឱ្យប្រទេសយើងមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់, មានថ្លៃសមរម្យ, ការផ្គត់ផ្គង់អគ្គិសនីមួយប្រកបដោយស្ថិរភាព, ឯករាជ្យភាព និងអាចឈានទៅធ្វើពាណិជ្ជកម្មអគ្គិសនី ជាមួយបណ្តាប្រទេសជិតខាង និងប្រទេសក្នុងតំបន់ផងដែរ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់វិនិយោគិនឱ្យមកបណ្ដាក់ទុនវិនិយោគបន្ថែមទៀត នៅក្នុងវិស័យ ថាមពល ជាពិសេសវិស័យថាមពលកកើតឡើងវិញ និងវិនិយោគលើហេដ្ឋារចនា-សម្ព័ន្ធគាំទ្រ ដូចជាស្ថានីយ៍បញ្ចូលថាមពលអគ្គិសនីជាដើម។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យលើកកម្ពស់ និងផ្សព្វផ្សាយឱ្យមានការយល់ដឹងជាសាធារណៈ និងការចូលរួមយ៉ាងសកម្ម នៅក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល ២០២២-២០៣០ ទាំងក្នុងវិស័យសាធារណៈ និងឯកជន។