FN៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ១៨,១៩០នាក់ មកពីបណ្តារោងចក្រ សហគ្រាសចំនួន២៩ ក្នុងខេត្តកណ្តាល។ ជំនួបសំណេះសំណាលនេះ ធ្វើឡើងនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចរីករាយបានវិលមកជួបកម្មករ និយោជិតនៅខេត្តកណ្តាលជាថ្មីម្តងទៀត។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខ និងនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់កម្មករ និយោជិត ដែលបានចូលរួមក្នុងកម្មវិធីនាព្រឹកនេះ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចុះជួបកម្មករ និយោជិត ជាការផ្សារភ្ជាប់ទំនាក់ទំនង មនោសញ្ចេតនា និងឈ្វេងយល់ពីបញ្ហារបស់កម្មករ និយោជិត ព្រមទាំងផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាល។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺជាកិច្ចការមួយដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយដែលរាជរដ្ឋាភិបាលដាក់ចេញ គឺឈរលើភាពជាក់ស្តែងនិយម មិនមែនឆក់កណ្តៀត ឬធ្វើតាមតែចិត្តនឹកឃើញនោះទេ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបោះឆ្នោតជ្រើសរើសបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តត្រឹមត្រូវហើយ កុំបារម្ភរាជរដ្ឋាភិបាលនឹងប្រឹងប្រែងដើម្បីជាតិ និងប្រជាជន។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តម្រូវការរបស់ប្រជាពលរដ្ឋមិនអាចបញ្ចប់ត្រឹម៤ឆ្នាំនោះទេ ហើយការដោះស្រាយបញ្ហាជាតម្រូវការរបស់ប្រជាពលរដ្ឋ ក៏មិនអាចបញ្ចប់ត្រឹមតែ៤ឆ្នាំនោះដែរ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយដែលរាជរដ្ឋាភិបាលដាក់ចេញ គឺដើម្បីបក្ខពួកខ្មែរទាំង១៧លាននាក់ មិនមែនដើម្បីបុគ្គលណាម្នាក់នោះឡើយ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅថ្ងៃទី១៣ ខែវិច្ឆិកា សម្តេចនឹងប្រកាសលទ្ធផលសំណើរបស់សមាគមអចលនទ្រព្យ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ទម្លាយថា អ្នកទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ នឹងទទួលបានប្រាក់ឧបត្ថម្ភ ២៨ម៉ឺនរៀលក្នុងមួយខែ សម្រាប់អ្នកមានបណ្ណក្រីក្រ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈមានចំនួន ១០វិស័យ ស្មើនឹង ៣៨ជំនាញ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រតិកម្មនឹងម្សៀចាស់វស្សារឿងការសរសេរនិក្ខេបបទ បញ្ចប់ ការសិក្សាថ្នាក់បណ្ឌិត។ សម្តេចបានហៅម្សៀចាស់វស្សានោះ ព្រោះតែសិក្សាមិនចប់ថ្នាក់បណ្ឌិត ទើបមិនយល់ពីការសរសេរបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិត។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា និក្ខេបបទរបស់សម្តេច បានសរសេរពីឧស្សាហកម្មខ្នាតតូច និងមធ្យម, សកម្មភាពដែលត្រូវអនុវត្តន៍របស់សហគ្រាសខ្នាតតូច និងមធ្យម និងសារៈសំខាន់សម្រាប់សេដ្ឋកិច្ចជាតិ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយនៃការបណ្តុះបណ្តាលវិជ្ជាជីវៈ គឺចប់ ចេះ និងមានការងារធ្វើ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើថៅកែរោងចក្រ សហគ្រាស បង្កលក្ខណៈឱ្យកម្មករ និយោជិតបានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលកូនជាង។
- សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ភាគីពាក់ព័ន្ធរួមគ្នាអនុវត្តន៍នយោបាយបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបានជាប្រយោជន៍របស់ពលរដ្ឋខ្មែរ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមិនខ្ចីគេរហូតដល់វ័ណ្ឌកនោះឡើយ ហើយខ្ចីមកដើម្បីបម្រើដល់សេដ្ឋកិច្ច មិនមែនខ្ចីមកទិញរថយន្ត ទិញយន្តហោះជិះទេ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ក្រោយមានផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អ្នកខ្លះអស់លេសដើម្បីដេកនៅព្រះសីហនុ ឬនៅភ្នំពេញ ពេលមានប្រជុំការងារ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិថ្មី នឹងប្រឹងប្រែងសាងសង់សមិទ្ធផលថ្មីៗជូនប្រជាពលរដ្ឋ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រប់វិនាទីទាំងអស់ រាជរដ្ឋាភិបាលតែងគិតគូរពីផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋទាំងពេលបច្ចុប្បន្ន និងពេលអនាគត។