FN៖ នៅព្រឹកថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។ កម្មវិធីនេះរៀបចំធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
«សេដ្ឋកិច្ចក្រៅប្រព័ន្ធ» មានន័យថា ប្រព័ន្ធនៃការធ្វើពាណិជ្ជកម្ម ឬការដោះដូរទំនិញ និងសេវា ដែលច្បាប់មិនតម្រូវឱ្យចុះបញ្ចី។ សេដ្ឋកិច្ចក្រៅប្រព័ន្ធផ្តល់នូវការបង្កើតមុខរបរការងារធ្វើ និងប្រាក់ចំណូល ប៉ុន្តែអាចបង្កឱ្យមានផលវិបាកក្នុងការគ្រប់គ្រងបរិស្ថាន សុវត្ថិភាព ចំណី អាហារ ការប្រមូលពន្ធជាដើម។
នៅក្នុងឱកាសនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងសុន្ទរកថារយៈពេលប្រមាណ៤០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖
- សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារនិស្សិតខ្មែរ ដែលបានស្លាប់បាត់បង់ជីវិតក្នុងការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងហាម៉ាស់។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា សុវត្ថិភាពនិស្សិត និងប្រជាពលរដ្ឋនៅអ៉ីស្រាអែល គឺជាកិច្ចការអាទិភាព និងសំខាន់បំផុតសម្រាប់រាជរដ្ឋាភិបាល។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទាំងសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ សុទ្ធតែជាប្រជាពលរដ្ឋខ្មែរ ដែលទាមទារឱ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា និស្សិត និងពលរដ្ឋនៅអ៉ីស្រាអែល មានចំនួន ៤៥៤នាក់ ក្នុងនោះជម្លៀសទៅកន្លែងសុវត្ថិភាព ៣២៣នាក់ និងជាង១០០នាក់ទៀត មិនទាន់បញ្ជូនទៅតំបន់សុវត្ថិភាពនៅឡើយ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ នឹងផ្តោតជាសំខាន់ទៅលើជីវភាពរបស់ប្រជាពលរដ្ឋ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅ ប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ជាយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វបី។ សត្វទាំងបីនោះគឺ៖ កាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម, ពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ច។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទ្រឹស្តីយុទ្ធសាស្ត្រល្អហើយ តែការធ្វើឱ្យចេញជាលទ្ធផលជាក់ស្តែង ទើបជារឿងសំខាន់។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅ ប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» មិនមានចរិតបង្ខំឱ្យប្រជាពលរដ្ឋចូលរួមចុះបញ្ជីនោះឡើយ តែលើកទឹកចិត្តឱ្យចូលរួម ដើម្បីរាជរដ្ឋាភិបាលអាចគ្រប់គ្រងទិន្នន័យបានច្បាស់លាស់ ហើយអាចដាក់កិច្ចអន្តរាគមន៍នានាបានរហ័ស និងមានប្រសិទ្ធភាព។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចុះបញ្ជីអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម គឺយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ពោលឈ្នះទាំងរដ្ឋ ឈ្នះទាំងម្ចាស់សហគ្រាស ហើយជាតិក៏ឈ្នះ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងស្ថាប័នពាក់ព័ន្ធប្រឹងប្រែងអនុវត្តន៍ឱ្យជោគជ័យនូវ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅ ប្រព័ន្ធ ឆ្នាំ២០២៣-២០២៨»។