FN ៖ ចក្រភពអង់គ្លេស បានសម្រេចផ្តល់ប្រព័ន្ធអនុគ្រោះថ្មីមួយជូនកម្ពុជា ក្នុងគោលបំណងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ ប្រព័ន្ធនុគ្រោះពន្ធថ្មីនេះ មានឈ្មោះថា «UK’s Developing Countries Trading Scheme (DCTS)»។
ក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ប្រព័ន្ធអនុគ្រោះពន្ធថ្មីនេះ (DCTS) នឹងផ្ដល់ភាពងាយស្រួលបន្ថែមទៀត តាមរយៈការធ្វើសេរីភាវូបនីយកម្មវិធានដើមកំណើតទំនិញ និងការធ្វើសាមញ្ញកម្មលើលក្ខខណ្ឌតម្រូវ។ ក្នុងនោះបានអនុញ្ញាតឱ្យប្រើប្រាស់តម្លៃបន្ថែមក្នុងស្រុក (Local content) ត្រឹម ២៥ភាគរយ (តម្លៃវត្ថុធាតុដើមនាំចូល សម្រាប់ប្រើប្រាស់ (Non-originating content) រហូតដល់ ៧៥ភាគរយ) ឬការផ្លាស់ប្តូរចំណាត់ថ្នាក់បន្ទាត់ពន្ធ រហូតដល់៤ខ្ទង់ ទៅ៦ខ្ទង់។
ក្រសួងបានបញ្ជាក់ថា ដើម្បីទទួលបានការអនុគ្រោះពន្ធពីចក្រភពអង់គ្លេស ផលិតករ ឬអ្នកនាំចេញទាំងអស់ ត្រូវអនុវត្តតាម វិធានដើមកំណើតទំនិញរបស់ចក្រភពអង់គ្លេស៕