តាមខ្លឹមសារទទួលបានពីបណ្តាញសង្គមផ្លូវការនាថ្ងៃ២៨ កញ្ញា ២០២៤, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសរសេរថា “ខ្ញុំបានសម្រេចបន្ថែម ២ដុល្លារក្នុង១ខែ ទៅលើតួលេខ ២០២ដុល្លា ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិស្តីពីប្រាក់ឈ្នួលអប្បបរមា … ដូចនេះ ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ ២០៤ដុល្លារក្នុងមួយខែ។
សម្តេចធិបតីបន្តថា “ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់លើការពិភាក្សាប្រាក់ឈ្នួលអប្បបរមានេះតាំងពីពេលចាប់ផ្តើម។ ការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំងបងប្អូនកម្មករនិយោជិតគឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ ឈរលើមូលដ្ឋាននៃលទ្ធភាពជាក់ស្តែងដែលរាជរដ្ឋាភិបាលអាចសម្រួលជូនទៅភាគីនិយោជក ខ្ញុំបានសម្រេចបន្ថែម ២ដុល្លារ ទៅលើតួលេខ ២០២ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាខាងលើ …”។
“ខ្ញុំ … នឹងបន្តជម្រុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យតាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត។ ទន្ទឹមនឹងនេះ ខ្ញុំនឹងដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជនមួយនៅខែវិច្ឆិកាខាងមុខ ដើម្បីកែលម្អបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា សំដៅបង្កើនភាពប្រកួតប្រជែង និងទាក់ទាញទុនវិនិយោគបន្ថែម និងបង្កើតការងារថ្មីៗ ជូនប្រជាពលរដ្ឋ” សម្តេចធិបតី នាយករដ្ឋមន្ត្រីបានបញ្ជាក់៕