ក្នុងសារលិខិតទូលថ្វាយព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣ ពីការសំរេចជាឯកច្ឆ័ន្ទនៃគណៈFor កម្មាធិការបេតិកភណ្ឌពិភពលោក ចុះបញ្ជី “រមណីយ៍ដ្ឋានប្រាសាទកោះកេរ” ជាបេតិកភណ្ឌពិភពលោក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា “រមណីយ៍ដ្ឋានប្រាសាទកោះកេរ” រក្សាបាននូវសុច្ចរិតភាព(integrity)និងភាពដើមពិត(authenticity) មានតម្លៃលេចធ្លោជាសកលពេញលេញ” ដែលការចុះបញ្ជីនេះ គឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀត បន្ទាប់ពីតំបន់រមណីយ៍ដ្ឋានអង្គរ ប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកជាបន្តបន្ទាប់នៅឆ្នាំ ១៩៩២ ឆ្នាំ ២០០៨ និង ២០១៧។
ក្នុងសារលិខិតចុះថ្ងៃតែមួយ ផ្ញើជូនជនរួមជាតិកម្ពុជា សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងរៀបរាប់អំពីដំណើរការដ៏លំបាកនិងស្មុគ្រស្មាញ ជាពិសេសការរៀបចំឯកសារ ការត្រួតពិនិត្យ និងវាយតម្លៃដោយអ្នកជំនាញការជាតិនិងអន្តរជាតិ ក្នុងដំណាក់កាលដែលកម្ពុជាក៏ដូចជាពិភពលោកទាំងមូលកំពុងប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយចាត់ទុកថាការប្រឹងប្រែងយ៉ាងស្វិតស្បាញទាំងនោះបានបង្ហាញនូវឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ជាក់ពីតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌របស់កម្ពុជា រហូតសម្រេចបានជាការចុះបញ្ជី “រមណីយ៍ដ្ឋានកោះកេរ” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
សម្តេចធិបតី បន្តថា មហាសមិទ្ធផលនេះជាកិត្យានុភាពថ្មីមួយទៀតរបស់ជាតិក្នុងឆាកអន្តរជាតិ ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយវិរិយភាពជាប់មិនដាច់ និងឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព ដែលជាសមិទ្ធផលនៃនយោបាយឈ្នះឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមិនត្រឹមតែនាំមកជូនប្រជាជនកម្ពុជានូវការបង្រួបបង្រួមជាតិនិងភាពសុខដុមរមនាជាមូលដ្ឋាននៃការកសាងនិងអភិវឌ្ឍជាតិលើគ្រប់វិស័យប៉ុណ្ណោះទេ តែនៅបានអភិរក្ស អភិវឌ្ឍសម្បត្តិវប្បធម៌និងប្រពៃណីជាកេរ្តិ៍មរតក៌ដែលបុព្វបុរសខ្មែរបានបន្សល់ទុកដល់ជំនាន់ក្រោយថែមទៀតផង។ ក្នុងន័យអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានណែនាំដល់ក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាលថ្នាក់ជាតិ និងគ្រប់ស្ថាប័ននៅថ្នាក់ក្រោមជាតិ ព្រមទាំងអំពាវនាវដល់ជនរួមជាតិកម្ពុជា ធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក និងតាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅម៉ោង ៧ ព្រឹកថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២៣ នៅគ្រប់ទីកន្លែងសាធារណសំខាន់ៗ ព្រមទាំងអំពាវនាវដល់គ្រប់ស្ថានីយ៍វិទ្យុ ទូរទស្សន៍ និងបណ្តាញព័ត៌មានសង្គម ចូលរួមសហការផ្សព្វផ្សាយព្រឹត្តិការណ៍ជាមោទនភាពជាតិដ៏មានសារសំខាន់នេះ៕