នាល្ងាចថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣, នៅទីក្រុងហ្សាការតា ឯកឧត្តម កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានសម្តែងអបអរសាទរយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី និងអរគុណចំពោះប្រទេសកម្ពុជា, ជាពិសេស សម្តេចតេជោ ដែលតែងផ្តល់ការគាំទ្រ និងការលើកទឹកចិត្តដល់ប្រទេសទីម័រឡេស្តេ ជួយឱ្យប្រទេស ទីម័រឡេស្តេ ក្លាយជាប្រទេសសង្កេតការផ្លូវការនៅក្នុងអាស៊ាន នាខណៈដែលកម្ពុជាជាប្រធានអាស៊ាន នៅឆ្នាំ២០២២ ក៏ដូចជាការគាំទ្រ និងការចែករំលែកបទពិសោធន៍របស់កម្ពុជា សម្រាប់ឱ្យប្រទេសទីម័រឡេស្តេរៀនសូត្រ និងរៀបចំខ្លួនដើម្បីក្លាយជាសមាជិកអាស៊ាន ក្នុងរយៈពេលដ៏ខ្លីខាងមុខ។ សម្តេចធិបតី បានប្រកាសថា កម្ពុជានឹងបន្តគាំទ្រ និងជួយជ្រោមជ្រែងដល់ប្រទេសទីម័រឡេស្តេបន្ថែមទៀត ជាពិសេស សម្រាប់ដំណើរការនៃការរៀបចំខ្លួនចូលជាសមាជិកអាស៊ាន ឱ្យបាននាពេលខាងមុខ។ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាបន្ថែមផងដែរ លើវិស័យពាណិជ្ជកម្ម, អប់រំ, កសិកម្ម, និងទេសចរណ៍៕
Share this post