នៅល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា ឯកឧត្តម លី សៀនលុង (Lee Hsien Loong) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសិង្ហបុរី បានសម្តែងនូវការអបអរសាទរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងបានរំលឹកពីជំនួបចុងក្រោយកាលពីឆ្នាំ២០១៨។ ជាកិច្ចឆ្លើយតប សម្តេចមហាបវរធិបតី បានថ្លែងអំណរគុណ និងបង្ហាញនូវសេចក្ដីរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាពិសេស វិស័យការពារជាតិ និងវិស័យអប់រំ។ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាទៅលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានាដែលមានសក្ដានុពល ពិសេស លទ្ធភាពក្នុងការនាំអង្ករ និងផលិតផលកសិកម្មដទៃទៀតពីកម្ពុជាចូលមកកាន់ទីផ្សារសិង្ហបុរី ក៏ដូចជាគម្រោងនៃការសាងសង់ខ្សែបញ្ជូនថាមពលក្រោមសមុទ្រ ពីប្រទេសឡាវ ឆ្ពោះទៅប្រទេសសិង្ហបុរីផងដែរ។ ឯកឧត្តម លី សៀនលុង ក៏បានអញ្ជើញ សម្តេចមហាបវរធិបតី ដើម្បីធ្វើទស្សនកិច្ចនៅសិង្ហបុរី ក្នុងពេលឆាប់ៗខាងមុខ។
Share this post