នៅថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ នាទីព្រឹក, នៅទីក្រុងហ្សាការតា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់លោកសាស្រ្តាចារ្យ ក្លូស ស្វប់ ស្ថាបនិក និងជាប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ចំពោះការអបអរនិងសួរសុខទុក្ខ ហើយបានវាយតម្លៃខ្ពស់ចំពោះវេទិកាសេដ្ឋកិច្ចពិភពលោក ដែលតែងពាំនាំសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងសក្តានុពលរបស់កម្ពុជា ទៅលើកបង្ហាញនៅលើឆាកអន្តរជាតិ។ ក្រោយពីអញ្ជើញចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជាកាលពីឆ្នាំមុន លោកសាស្រ្តាចារ្យ បានកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះសក្ដានុពល និងការរីកលូតលាស់របស់កម្ពុជា និងមានបំណងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅកម្ពុជា ក៏ដូចជាតំបន់អាស៊ាន។ សម្ដេចធិបតី បានស្វាគមន៍ចំពោះបំណងនេះ និងបានលើកឡើងនូវសង្គតិភាព និងលទ្ធភាពបន្ស៊ីគ្នារវាងរបៀបវារៈនៃវេទិកាសេដ្ឋកិច្ចពិភពលោក និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១របស់កម្ពុជា ត្រង់ចំណុចការអភិវឌ្ឍវិស័យឯកជន និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ហើយជឿជាក់វេទិកាសេដ្ឋកិច្ចពិភពលោកនឹងដើរតួនាទីសំខាន់ផ្សារភ្ជាប់នាក់ទំនងរវាងវិស័យសាធារណៈ និងវិស័យឯកជន ឱ្យកាន់តែប្រសើរឡើង។ នៅចុងបញ្ចប់ លោកសាស្រ្តាចារ្យក៏បានគោរពអញ្ជើញ សម្តេចធិបតី ដើម្បីចូលរួមក្នុងវេទិកា សេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស (Davos) នាពេលឆាប់ៗខាងមុខ ដែលសម្ដេចធិបតី នឹងពិនិត្យលទ្ធភាពដឹកនាំគណៈប្រតិភូ និងសមាគមធុរកិច្ចកម្ពុជាចូលរួម៕
Share this post