ល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០២៣ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសឥណ្ឌូនេស៊ី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជេអរ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីហ្វីលីពីន បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នាសម្រាប់ភាពជាដៃគូ ក្នុងការអភិវឌ្ឍកសិកម្មនិងសហគ្រាស មីក្រូ-ធុនតូចនិងមធ្យម កម្ពុជា-ហ្វីលីពីន ដោយផ្តោតជាសំខាន់លើ ៖
(១) សិក្សានិងបង្កើតច្រកបង្រៀន ប្រកបដោយសក្តានុពលអំពីបច្ចេកវិទ្យា កសិកម្ម សន្តិសុខ ស្បៀង ម៉ូដែលធុរកិច្ច កសិសហគ្រិន និងការអភិវឌ្ឍ ខ្សែច្រវ៉ាក់តម្លៃរបស់កសិករ សហគ្រាស និងស្ថាប័នរដ្ឋទាំង តូចមធ្យម និងធំ។
(២) កំណត់ពីតម្រូវការធុរកិច្ចដើម្បី អភិវឌ្ឍកាលានុវត្តភាព ពាណិជ្ជកម្ម និងវិនិយោគក្នុងវិស័យស្រូវអង្ករ និង ផលិតផល និងសេវាកម្មកសិកម្ម ផ្សេងទៀត។
(៣) លើកកម្ពស់ការស្រាវជ្រាវនិងអភិវឌ្ឍន៍ស្រូវអង្ករ។
(៤) ជំរុញយុទ្ធសាស្រ្តប្រកបដោយ ប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហា ប្រែប្រួលអាកាសធាតុ និងធានានូវបរិយកាសកសិធុរកិច្ចប្រកបដោយចីរភាព៕