ឆ្លើយតបចំពោះការកត់សម្គាល់របស់ឯកឧត្តម ឆុង វ៉ាងគឺន (Chung Hwang-Keun) រដ្ឋមន្ត្រីកសិកម្ម, ស្បៀង និងកិច្ចការជនបទនៃសាធារណរដ្ឋកូរ៉េ អំពីភាពជាដៃគូដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរកម្ពុជានិងកូរ៉េ ទាំងក្នុងន័យកិច្ចសហប្រតិបត្តិការអន្តរជាតិនិងការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ បន្ទាប់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានផ្សារភ្ជាប់ឡើងវិញចាប់ពីចុងទសវត្សរ៍៩០, ក្នុងជំនួបថ្ងៃទី ២៨ សីហា ២០២៣, នៅវិមានសន្តិភាព, ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអរគុណចំពោះភាគីកូរ៉េ ដែលតែងផ្តល់ការគាំទ្រនិងយកអាសារដល់ពលករកម្ពុជានៅកូរ៉េ តាមរយៈមណ្ឌលគាំពារការងារ ផ្តល់សេវាគាំពារដល់កម្មករគ្រប់ប្រទេស ដោយរាប់ទាំងពលករកម្ពុជាផងដែរ។ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រី បានសំដែងជំហរគាំទ្រចំពោះបេក្ខភាពកូរ៉េក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពិភពលោក ឆ្នាំ២០៣០ នៅទីក្រុងប៊ូសាន។
ព្រមគ្នានឹងការកត់សម្គាល់របស់ភ្ញៀវអំពីសក្តានុពលដ៏ធំធេងរបស់កម្ពុជា ដូចជាកត្តាធនធានធម្មជាតិ, កត្តាប្រជាសាស្រ្ត ជាពិសេសការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងធ្វើឱ្យវិស័យកសិកម្ម ក៏ដូចជាវិស័យសំខាន់ៗដទៃទៀតមានវឌ្ឍនភាពល្អប្រសើរនាពេលអនាគត ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានស្នើភាគីកូរ៉េជំរុញការវិនិយោគមកកម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្ម បម្រើឱ្យការនាំចេញ។ ភាគីទាំងពីរក៏បានឯកភាព ក្នុងការបន្តពង្រឹងនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕