នាព្រឹកថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៣, នៅវិមានសន្តិភាព, ក្នុងឱកាសទទួលជួបលោកជំទាវ ម៉ារីយា ដែល ខាមែន ម៉ូរេណូ (Maria Del Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបដែលបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជាចូលជួបសម្ដែងការគួរសមនិងជម្រាបលា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការស្អិតរមួតកន្លងមករវាងកម្ពុជា និងសហភាពអឺរ៉ុប។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានជំរាបជូនភ្ញៀវអំពីនិរន្តរភាពនៃគោលនយោបាយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបន្តចាប់តាំងពីការដាក់ចេញយុទ្ធសាស្រ្តត្រីកោណនិងយុទ្ធសាស្រ្តចតុកោណទាំង ៤ ដំណាក់កាល, ហើយសម្រាប់អាណត្តិនេះឆ្ពោះទៅមុខ រាជរដ្ឋាភិបាលនឹងផ្តោតជាពិសេសបំផុតទៅលើការកសាងមូលធនមនុស្ស, ការកែទម្រង់វិស័យសុខាភិបាលនៅថ្នាក់មូលដ្ឋាន និងការកែទម្រង់វិស័យមុខងារសាធារណៈ។ បន្ថែមលើការប្តេជ្ញានៃភាគីទាំងពីរបន្តជំរុញនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប ឱ្យកាន់ជិតស្និទ្ធ ក៏ដូចជាការពង្រីកទិសដៅកិច្ចសហប្រតិបត្តិការទៅលើវិស័យថ្មីៗ ដូចជាអប់រំ ការអភិវឌ្ឍធនធានមនុស្ស សុខាភិបាល និងមុខងារសាធារណៈ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានស្នើឱ្យសហភាពអឺរ៉ុបពិចារណាគាំទ្រនិងផ្តល់ហិរញ្ញប្បទានលើ “កម្មវិធីសូចនាករពហុឆ្នាំ ២០២១-២០២៧ ដំណាក់កាលទី២” ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការនាំចេញរបស់កម្ពុជាឆ្ពោះទៅកាន់ទីផ្សារសហភាពអឺរ៉ុប៕