ព្រឹកថ្ងៃទី២៤ សីហា ២០២៣, នៅវិមានសន្តិភាព, ក្នុងឱកាសអញ្ជើញនាំសម័យប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូង ឯកឧត្ដមកិត្តិទេសភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងឧទ្ទេសនាមអំពី “យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១” និង “វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា” ជូនជនរួមជាតិកម្ពុជានិងតួអង្គពាក់ព័ន្ធទាំងអស់ឲ្យបានជ្រាប។ យុទ្ធសាស្ត្របញ្ចកោណសម្លឹងទៅមុខសម្រាប់រយៈពេល ២៥ ឆ្នាំ និងអនុវត្តជា ៥ដំណាក់កាលបន្តបន្ទាប់ តម្រង់និងសម្របសំរួលទៅតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនៃនីតិកាលនីមួយៗ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែល ទី១. ពង្រឹងនិងពង្រីកសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលសម្រេចបាននៅក្នុងនីតិកាលកន្លងមក ក្នុងក្របខណ្ឌយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្តចតុកោណទាំង ៤ដំណាក់កាល, ទី២. បន្តកែទម្រង់ស្ថាប័ននិងអភិបាលកិច្ច ឱ្យសម្រេចបាននូវរដ្ឋបាលសាធារណៈដែលមានសមត្ថភាពខ្ពស់, ខ្លាំង, វៃឆ្លាត និងស្អាតស្អំ, ទី៣. កសាងនិងពង្រឹងមូលដ្ឋានគ្រឹះ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ដោយផ្តោតជាសំខាន់លើការកសាងមូលធនមនុស្សរឹងមាំ, ទី៤. ធ្វើពិពិធកម្មសេដ្ឋកិច្ចនិងភាពប្រកួតប្រជែងរបស់កម្ពុជា កសាងភាពធន់នឹងការប្រែប្រួលកត្តាសង្គម-សេដ្ឋកិច្ចនិងកត្តាបរិស្ថានធម្មជាតិ និងទី៥. ដាក់ចេញរបៀបវារៈគោលនយោបាយសង្គមសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ កសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ ឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០៕
Share this post