ទទួលបានការអនុម័តទាំងស្រុងលើសមាសភាពគណរដ្ឋមន្ត្រី សំរាប់នីតិកាលទី៧ នៃរដ្ឋសភា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសន្យាជាឱឡាឫកនៅចំពោះរដ្ឋសភាក៏ដូចជាប្រជាជនកម្ពុជាទូទាំងប្រទេសពីការធានា ៥យ៉ាងរបស់រាជរដ្ឋាភិបាល ផ្អែកតាមការដឹកនាំអនុវត្ត “កម្មវិធីគោលនយោបាយ” សំរាប់ដំណើរទៅមុខរបស់កម្ពុជា ថានឹង៖
(ទី១) ការធានាការពារឱ្យបានជាដាច់ខាត នូវសន្តិភាព, ស្ថិរភាព, សន្តិសុខ, និងសុវត្ថិភាព សម្រាប់ការរស់នៅដោយក្សេមក្សាន្តរបស់ប្រជាជននៅគ្រប់ទិសទីក្នុងផ្ទៃប្រទេស; ការពារឯករាជ្យ, អធិបតេយ្យ និងបូរណភាពទឹកដីឱ្យបានគង់វង្សចីរកាល មិនឱ្យកម្លាំងណាមកបំពាន ឬបំផ្លាញបានឡើយ។
(ទី២) ធានាបន្តជំរុញអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ក្នុងគ្រប់វិស័យ ដោយផ្តោតអាទិភាពលើការកែទម្រង់អភិបាលកិច្ច សំដៅពង្រឹងស្ថាប័នសាធារណៈ ដែលមានសមត្ថភាពខ្ពស់, ខ្លាំង, វៃឆ្លាត និងស្អាតស្អំ រួមបញ្ចូលផងដែរនូវការពង្រឹងគោលការណ៍នីតិរដ្ឋ និងការពង្រឹងយុត្តិធម៌ក្នុងសង្គម […]
(ទី៣) ធានាបន្តជំរុញលើកកម្ពស់ និងកែលម្អជីវភាពរបស់ប្រជាជន តាមរយៈការផ្តល់ជូនដល់ស្រទាប់យុវជននូវការអប់រំ និងការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ ប្រកបដោយគុណភាព ព្រមជាមួយនឹងឱកាសទទួលបានការងារធ្វើ; ការជួយកសិករក្នុងការពង្រីកផលិតកម្ម និងការរកទីផ្សារលក់កសិផលដោយថ្លៃសមរម្យ, ការបន្តដំឡើងប្រាក់ឈ្នួលអប្បបរមា […]
(ទី៤) ធានានូវសុវត្ថិភាពសង្គម និងលំនឹងក្នុងការរស់នៅរបស់ប្រជាជន ទាំងនាបច្ចុប្បន្ន ក៏ដូចជាទៅអនាគត, តាមរយៈការអភិវឌ្ឍ និងការពង្រឹងប្រព័ន្ធគាំពារសង្គម, ដែលរួមបញ្ចូលនូវរបបជំនួយសង្គម និងរបបសន្តិសុខសង្គម, ប្រកបដោយប្រសិទ្ធភាព និងចីរភាព ដែលជួយគាំពារប្រជាជនគ្រប់រូប […] និង
(ទី៥) ធានាបង្កើនការយកចិត្តទុកដាក់ដល់ចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការប្រើប្រាស់ឱ្យបានប្រសើរបំផុតនូវផលលាភប្រជាសាស្ត្រ និងការពង្រឹងភាពធន់នៃប្រជាសាស្ត្ររបស់កម្ពុជា; ការលើកកម្ពស់សមភាពយេនឌ័រ; ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព […]