“ក្នុងពេលចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារកាលពីថ្ងៃទី៣១ មករា ២០២៦ ខ្ញុំបានជម្រាបជូនបងប្អូនប្រជាពលរដ្ឋនៅពេលនោះ អំពីវិធានការដែលរាជរដ្ឋាភិបាលត្រូវដាក់ចេញក្នុងគោលដៅសង្គ្រោះជីវិតប្រជាពលរដ្ឋ ការស្វែងរកសន្តិភាពយូរអង្វែងដើម្បីកុំឱ្យសង្គ្រាមកើតមានឡើងវិញ ក៏ដូចជាការស្តារឡើងវិញនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
គិតត្រឹមថ្ងៃនេះ ក្នុងរយៈពេលត្រឹមប្រមាណ ៨ខែ ប៉ុណ្ណោះយើងបានរួមគ្នាប្រែក្លាយវិធានការដែលដាក់ចេញនាពេលនោះ ទៅជាសមិទ្ធផលជាក់ស្តែងសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារសង្គ្រាម។
ជាការពិតណាស់ កិច្ចការរបស់យើងមិនទាន់ចប់ទេក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។ ប៉ុន្តែសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេលដ៏ខ្លីនេះ អាចបញ្ជាក់ឱ្យបងប្អូនប្រជាពលរដ្ឋបានឃើញនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចភារកិច្ចតាមផែនការដែលបានដាក់ចេញដោយភាពច្បាស់លាស់និងការទទួលខុសត្រូវខ្ពស់ ដើម្បីបុព្វហេតុជាតិ ទឹកដី និងប្រជាជន។
សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស មានទំនុកទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការបន្តខិតខំដោះស្រាយបញ្ហាដែលនៅសេសសល់ ពាក់ព័ន្ធជាមួយព្រំដែនកម្ពុជាថៃដោយការទទួលខុសត្រូវខ្ពស់។”

