(Reuters) — សម្តចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ Reuters នៅថ្ងៃអង្គារ ថា កម្លាំងយោធាថៃកំពុងកាន់កាប់ទឹកដីកម្ពុជា បន្ទាប់ពីការប្រយុទ្ធកាលពីឆ្នាំមុន ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពដែលបានសម្របសម្រួលដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក៏ដោយ ហើយបានអំពាវនាវឱ្យប្រទេសថៃអនុញ្ញាតឱ្យគណៈកម្មការព្រំដែនរួម ចាប់ផ្តើមការងារលើតំបន់ព្រំដែនដែលមានវិវាទ។
សម្តចធិបតី ហ៊ុន ម៉ាណែត បានធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំ ក្នុងសប្ដាហ៍នេះ ហើយបានបញ្ជាក់ថា លោកសង្ឃឹមថា ស្ថាប័នថ្មីនេះ អាចមានតួនាទីក្នុងការកាត់បន្ថយភាពតានតឹងនៅតាមព្រំដែន ដែលលោកពិពណ៌នាថា “ងាយរងគ្រោះ” ទោះបីមានបទឈប់បាញ់នៅខែធ្នូ ដែលបានបញ្ចប់ការប្រយុទ្ធឡើងវិញក៏ដោយ។ ក្រុមប្រឹក្សានេះ ត្រូវបានបង្កើតឡើងដើម្បីត្រួតពិនិត្យផែនការសន្តិភាពនៅហ្គាហ្សា ប៉ុន្តែលោក ត្រាំ បានថ្លែងថា វាអាចពង្រីកតួនាទីទៅវិស័យទូលំទូលាយជាងនេះ។
ប្រទេសថៃ បានបញ្ជាក់ថា កំពុងរក្សាទីតាំងកងទ័ព ជាផ្នែកនៃវិធានការកាត់បន្ថយភាពតានតឹង និងបដិសេធថា មិនបានកាន់កាប់ទឹកដីឡើយ។
ក្នុងបទសម្ភាសន៍លើកដំបូងជាមួយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ សម្តចធិបតី ហ៊ុន ម៉ាណែត បានសរសើរអំពីការកែលម្អទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន ហើយបានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាកំពុងដោះស្រាយបញ្ហាមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិត ដែលកើនឡើងនៅក្នុងប្រទេស។
“ការរំលោភលើអធិបតេយ្យភាពរបស់យើង”
សេចក្តីថ្លែងការណ៍របស់មេដឹកនាំកម្ពុជា អំពីជម្លោះព្រំដែននេះ បង្ហាញពីហានិភ័យថា ជម្លោះអាចផ្ទុះឡើងម្តងទៀត ទោះបីលោក ត្រាំ បន្តលើកស្ទួយភាពជោគជ័យនៃកិច្ចព្រមព្រៀងសន្តិភាពក៏ដោយ។
ការប្រយុទ្ធធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍ ដែលបានផ្ទុះឡើងនៅខែកក្កដា បានបណ្ដាលឱ្យប្រជាជនរាប់សែននាក់ត្រូវបានផ្លាស់ទីលំនៅ និងរំខានដល់ពាណិជ្ជកម្មតាមព្រំដែនប្រវែង 508 ម៉ាយល៍ (817 គីឡូម៉ែត្រ)។ កិច្ចព្រមព្រៀងសន្តិភាពនៅខែតុលា ដែលបានចុះហត្ថលេខាជាមួយលោក ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបរាជ័យក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ មុនពេលមានបទឈប់បាញ់ថ្មីមួយនៅថ្ងៃទី 27 ខែធ្នូ។
សម្តចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ Reuters ថា៖
“យើងនៅតែមានកម្លាំងថៃកាន់កាប់ចូលជ្រៅក្នុងទឹកដីកម្ពុជា នៅតំបន់ជាច្រើន។ នេះលើសពីការអះអាងព្រំដែនឯកតោភាគីរបស់ថៃផងដែរ… កងទ័ពថៃបានដាក់កុងតឺន័រ និងរាយបន្លាលួស នៅក្នុងតំបន់ដែលថៃបានទទួលស្គាល់ជាយូរមកហើយថាជាទឹកដីកម្ពុជា ហើយប្រជាពលរដ្ឋមិនអាចត្រឡប់ទៅផ្ទះវិញបាន។ នេះមិនមែនជាការចោទប្រកាន់ទេ ប៉ុន្តែជាការបញ្ជាក់អំពីស្ថានភាពពិតជាក់ស្តែងនៅលើដី។”
សម្តេចបានបន្ថែមថា កម្ពុជា មិនអាចទទួលយកអ្វីដែលលោកហៅថា “ការរំលោភលើអធិបតេយ្យភាព ឬបូរណភាពទឹកដីរបស់យើង” បានឡើយ។
“វិធីតែមួយដើម្បីផ្ទៀងផ្ទាត់ គឺប្រើយន្តការបច្ចេកទេសដែលយើងមាន ដោយផ្អែកលើសន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងអស់។ ដូច្នេះ យើងសង្ឃឹមថា ថៃនឹងយល់ព្រម និងអនុញ្ញាតឱ្យគណៈកម្មការព្រំដែនរួម (JBC) ចាប់ផ្តើមធ្វើការ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។
សម្តេចបានបញ្ជាក់ថា ភាគីថៃបានលើកឡើងពីការបោះឆ្នោតថ្ងៃទី 8 ខែកុម្ភៈ ជាមូលហេតុដែលមិនទាន់អាចចាប់ផ្តើមការកំណត់ព្រំដែនបាន។ លោកនាយករដ្ឋមន្ត្រីថៃ អនុទីន ចាន់វីរ៉ាគុល បានទទួលការគាំទ្រខ្លាំងពីអារម្មណ៍ជាតិនិយម ក្នុងបរិបទជម្លោះព្រំដែននេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែង៖ “ឥឡូវការបោះឆ្នោតបានបញ្ចប់ហើយ យើងសង្ឃឹមថា ថៃអាចចាប់ផ្តើម យ៉ាងហោចណាស់នៅកម្រិតបច្ចេកទេស ដើម្បីវាស់វែង និងកំណត់ព្រំដែននៅតំបន់ក្តៅ ដូច្នេះយើងអាចត្រឡប់ទៅជីវិតធម្មតាវិញ”។



