ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី ឯកឧត្តមរដ្ឋមន្រ្តី ដែលបានចូលរួម
ឯកឧត្តមអភិបាល ថ្នាក់ដឹកនាំ ហើយជាពិសេស លោកតាលោកយាយ អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋនៅទីនេះ!
ខ្ញុំអរគុណ ចំពោះឯកឧត្តម គឹម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងក្រុមការងារ ដែលបានរៀបចំជំនួបនៅទីនេះ។ អរគុណចំពោះរបាយការណ៍សង្ខេបអម្បាញ់មិញ អំពីការខិតខំប្រឹងប្រែងរបស់គណៈអភិបាលខេត្តនៅក្នុងការរៀបចំនូវមណ្ឌលសុវត្ថិភាពនៅទីនេះ ក៏ដូចជាកន្លែងផ្សេងទៀតក្នុងខេត្តព្រះវិហាររបស់យើង។ ឆ្លៀតឱកាសនេះ អរគុណចំពោះគ្រប់បណ្ដាអង្គភាពពាក់ព័ន្ធ អរគុណទៅដល់មន្រ្តីរាជការ សប្បុរសជន ដៃគូ អង្គការជាតិនិងអន្តរជាតិ ប្រទេសជាមិត្ត ដែលបានទៅជួយឧបត្ថម្ភគាំទ្រទៅដល់ជនភៀសសឹករបស់យើង។ ក្នុងឱកាសនេះ ខ្ញុំសូមផ្ដាំផ្ញើថ្លែងអំណរគុណ ដឹងគុណចំពោះវីរកងទ័ព វីរនគរបាលជាតិរបស់យើង ដែលបានពលី របួស ក៏ដូចជាកំពុងឈរជើងនៅក្នុងបុព្វហេតុការពារទឹកដីរបស់យើង ហើយនៅទីនេះ បងប្អូនភាគច្រើន(ប្រហែល) ៩០% សុទ្ធតែជាគ្រួសាររបស់កងទ័ព របស់នគរបាលរបស់យើង ដែលឈរជើងការពារទឹកដីរបស់យើង។
(១) ដោយស្គាល់ច្បាស់សោកនាដកម្មសង្រ្គាម រាជរដ្ឋាភិបាលខិតខំរកវិធីបញ្ចប់សង្រ្គាម
ស្ថានភាពនៅក្នុងរយៈពេល ៦ខែនេះ អ៊ំ ពូ មីង បងប្អូនទាំងអស់នៅទីនេះដឹងហើយ។ ប្រទេសយើងរងនូវឥទ្ធិពលអាក្រក់ពីសង្រ្គាមឈ្លានពាន ដែលវាបានបង្កើតអោយមានការបាត់បង់អាយុជីវិត ខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយើង របស់កងទ័ព របស់នគរបាល។ ផ្ទះសម្បែងនិងសាលារៀនជាច្រើនត្រូវបានខូចខាត។ កម្ពុជាស្គាល់ច្បាស់នូវសោកនាដកម្មនៃសង្រ្គាម។ ហេតុនេះហើយ រាជរដ្ឋាភិបាលខិតខំធ្វើយ៉ាងណាបញ្ចប់ ពន្លត់(ភ្លើងសង្រ្គាម)ឱ្យបានឆាប់។ កាលពីផ្ទុះលើកទី១ យើងបានខិតខំធ្វើការងារការទូត ទំនាក់ទំនងជាមួយបណ្ដាប្រទេសផ្សេងៗ ទាំងអាស៊ាន ទាំងថ្នាក់ដឹកនាំអន្តរជាតិធំៗ រួមទាំងប្រធានាធិបតី Donald Trump ហើយបានបញ្ចប់(សង្រ្គាមនោះ)ក្នុងពេល ៥ថ្ងៃ។ កាលនោះ យើងសង្ឃឹមថា អ្វីៗនឹងបានល្អ ហើយមិនផ្ទុះអាវុធបន្តទៅទៀត។ អ៊ំ ពូ មីងបងប្អូនចាំហើយ។ យើងបាន ៥ខែ។
(២) ក្នុងការប៉ះទង្គិច អាទិភាពទី១ របស់រាជរដ្ឋាភិបាលគឺជម្លៀសនិងរៀបចំកន្លែងសុវត្ថិភាពជូនប្រជាពលរដ្ឋ
ក្រោយមកក៏មានការផ្ទុះម្ដងទៀត រយៈពេល ៣សប្ដាហ៍ រហូតដល់យើងចុះកិច្ចព្រមព្រៀង បទឈប់បាញ់ នៅថ្ងៃទី២៧ ខែធ្នូ។ អ៊ំ ពូ មីង បងប្អូន! អ្នកដែលស្គាល់សោកនាដកម្មសង្រ្គាមជាងគេ គឺអ្នកដែលពាក់ព័ន្ធផ្ទាល់ ពិសេសអ្នកនៅជួរមុខ ទាំងកងទ័ព នគរបាល និងអាវុធហត្ថរបស់យើងដែលឈរជើងការពារ ទាំងគ្រួសារ(ពួកគាត់) និង អ៊ំ ពូ មីង បងប្អូនដែលរស់នៅក្នុងតំបន់ដែលប៉ះគ្នាតែម្ដង។ នេះគឺជាសោកនាដកម្មធំ។ គោលដៅរបស់រាជរដ្ឋាភិបាល គឺនៅជាមួយអ៊ំ ពូ មីង បងប្អូន គ្រប់កាលៈទេសៈទាំងអស់។ ពេលដែលផ្ទុះ … អាទិភាពទី១ គឺបញ្ជាមកខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងរបស់យើង ជម្លៀសប្រជាពលរដ្ឋរបស់យើងមកទីកន្លែងសុវត្ថិភាព រៀបចំកន្លែងសុវត្ថិភាព។ ខ្ញុំក៏សូមអរគុណដល់ព្រះតេជព្រះគុណ ព្រះចៅអធិការ គណៈកម្មការវត្តដែលបានអនុញ្ញាតឱ្យយកទីតាំងវត្ត រៀបចំជាជម្រកសុវត្ថិភាព។
(៣) កម្ពុជាចង់បានព្រំដែនសន្តិភាព និងមិនបានព្រៀងថាធ្វើសង្រ្គាមទេ
យើងមិនបានព្រៀងសម្រាប់(ធ្វើ)សង្រ្គាមទេ។ យើងចង់បានព្រំដែនសន្តិភាពជាមួយប្រទេសជិតខាង។ សង្គ្រាមបានហែកហួរផ្ទៃក្នុងគ្នាយូរណាស់មកហើយ។ កម្ពុជាមិនចង់បានទេ ព្រោះវាប៉ះពាល់ដល់ជីវភាពរស់នៅ និងអាយុជីវិតរបស់ប្រជាពលរដ្ឋយើង។ ប៉ុន្តែ វាកើតទៅហើយ។ យើងត្រូវតែធ្វើយ៉ាងណាធានាសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងគាំទ្រដល់កងកម្លាំង។ ជាបន្ទាន់គឺប្រជាពលរដ្ឋស្លូតត្រង់ដែលអត់ដឹងអី។ កាលលើកទីមួយ យើងបានបង្កើតទីទួលសុវត្ថិភាពប៉ុន្មានកន្លែង។ ប៉ុន្តែលើកទី២ មានរយៈពេលវែង និងមានច្រើនជាងមុន។ ខ្ញុំសូមអរគុណឯកឧត្តម គឹម រិទ្ធី ដែលធ្វើការបានល្អនិងរហ័សតាំងពីលើកទីមួយ និងលើកទីពីរនេះក៏បានចាត់ចែងបន្ថែមទៀត។ អរគុណឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ដែលបានយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហា មិនថាខេត្តព្រះវិហារ ឧត្តរមានជ័យ សូម្បីនៅបន្ទាយមានជ័យ និងកន្លែងផ្សេងៗទូទាំងប្រទេស ដែលការប៉ះទង្គិចលើកទីពីរនេះ ធ្វើឱ្យមានការប៉ះពាល់ច្រើនខេត្តតាមព្រំដែន។
(៤) ដោះស្រាយកន្លែងស្នាក់ អាហារ ការពិនិត្យជំងឺ សាលារៀន … និងធ្វើឱ្យមានបទឈប់បាញ់អចិន្ត្រៃយ៍
យើងខិតខំដោះស្រាយតាមលទ្ធភាពដែលរាជរដ្ឋាភិបាលបានធ្វើ។ ជំហានទីមួយ គឺដោះស្រាយឱ្យប្រជាជនមានកន្លែងស្នាក់នៅ មានបន្ទប់ទឹក មានអាហារ (សាលាបណ្ដោះអាសន្ន ដើម្បីអាចឲ្យ)សិស្សទៅរៀន … (ពេល)ឈឺ ក្រសួងសុខាភិបាលធ្វើការជាមួយមន្ទីរសុខាភិបាលដើម្បីរៀបចំជួយ(ផ្តល់សេវាមើលថែសុខភាពនិងព្យាបាល)។ នេះដំណាក់កាលដំបូង។ ដំណាក់កាលបន្ទាប់ធ្វើម៉េចកុំឲ្យវានៅរ៉ាំរ៉ៃ។ ដោយហេតុនេះហើយ បានជាឈានដល់ការរកដំណោះស្រាយដោយចរចា(បង្កើតអោយមានកិច្ចព្រមព្រៀង)ឈប់បាញ់នេះ ដែល(ការប៉ះទង្គិច)វគ្គទីមួយ (មានរយៈពេល) ៥ថ្ងៃ និងវគ្គទីពីរ(មានរយៈពេល) ២១ថ្ងៃ ឲ្យបានឆាប់ ដើម្បីបញ្ជៀសការស្លាប់បន្តទៀតរបស់ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ និងបាក់បែកខូចខាតផ្ទះសម្បែង។
ទីពីរ គឺធានាឲ្យបានបទឈប់បាញ់ជាអចិន្រ្តៃយ៍ (និងឈាន)ទៅរកសន្តិភាព។ យើងមិនអាចឲ្យប្រជាពលរដ្ឋ ជាពិសេសអ្នកនៅព្រំដែនរស់ភ័យខ្លាចរហូតទេ។ ខ្ញុំជឿថា បងប្អូននៅទីនេះលំបាកណាស់ អ្នកខ្លះផ្ទះនៅតំបន់ទឹកក្រូច តំបន់លឿង មិនទាន់បានទៅដល់។ មិនមែនតែអ្នកនៅព្រះវិហារ និងអ្នកនៅទីនេះទេ សូម្បីតែអ្នកបាត់ដំបងក៏មានការព្រួយបារម្ភដែរ ព្រោះលើកមុនមានការទម្លាក់គ្រាប់ចូលមកដល់ខាងក្នុង ៨០ទៅដល់ ១០០គីឡូម៉ែត្រទៅហើយ។ យើងចង់ធ្វើម៉េចរៀបចំឡើងវិញនូវសន្តិភាព ដើម្បីកុំឲ្យប្រជាពលរដ្ឋយើង ជាពិសេសអ្នកព្រំដែន (បន្តសិថិតក្នុងអារម្មណ៍)មិនដឹងថាថ្ងៃណាត្រូវរត់ទៀត។ (យើងចង់)ឱ្យចប់ស្រួលបួល មានទំនាក់ទំនង បង្កើតនូវទំនុកចិត្ត ដើម្បីយើងធានា(ដល់លទ្ធភាពនោះ)។
(៥) អារម្មណ៍ឈឺចាប់ និងការព្រួយបារម្ភពីអនាគតរបស់បងប្អូននៅព្រំដែន ជាអារម្មណ៍របស់ជាតិខ្មែរ
អ្នកខ្លះចំអកឲ្យពាក្យថា “អរគុណសន្តិភាព”។ ខ្ញុំគិតថា ពេលជាមួយគ្នាក៏ត្រូវដឹងថា បើសិនជានៅប្រយុទ្ធគ្នា ប្រជាជននឹងលំបាក ជាពិសេសអ្នកនៅព្រំដែន។ ទាំងអស់គ្នាចង់ទៅផ្ទះវិញ។ មិនចង់រត់ទៀតទេ។ អញ្ចឹង មានតែចង់បានសន្តិភាពមួយ ដែលមានចីរភាព កុំឲ្យផ្ទុះឡើងវិញ។ ក្រោយពីការប្រយុទ្ធលើកទីពីរនេះ មានកន្លែងខ្លះយើងបាត់បង់ការគ្រប់គ្រង មានកន្លែងខ្លះបងប្អូនមិនទាន់ទៅផ្ទះបាន។ ខ្ញុំដឹងពីការលំបាក អារម្មណ៍ឈឺចាប់ ការព្រួយបារម្ភពីអនាគត។ សូមជឿចុះថា អារម្មណ៍របស់លោកអ៊ំ ពូ មីង បងប្អូន ដែលនៅព្រំដែន និងនៅកន្លែងនេះ គឺជាអារម្មណ៍របស់ជាតិខ្មែរយើងទាំងមូល។ ក្នុងនាមជារាជរដ្ឋាភិបាល យើងយល់អារម្មណ៍នេះណាស់ បានជាយើងខិតខំនៅក្នុងការដោះស្រាយ។ ជាពិសេសការភ័យខ្លាចយ៉ាងម៉េចទៀត?
(៦) រាជរដ្ឋាភិបាលមានកាតព្វកិច្ចធំ២ គឺទឹកដី និងប្រជាពលរដ្ឋ
កន្លែងខ្លះ ទោះបីឈប់បាញ់ ក៏បងប្អូនមិនទាន់ហ៊ានទៅ(ទីលំនៅវិញ) ដោយសារគ្រាប់មីន គ្រាប់មិនទាន់ផ្ទុះ និងបញ្ហាផ្សេងៗ។ យើងខិតខំដោះស្រាយព្រោះរាជរដ្ឋាភិបាលមានកាតព្វកិច្ចធំ២ គឺទឹកដី និងប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋគឺអាយុជីវិត ទ្រព្យសម្បត្តិនិងសេចក្ដីសុខរបស់ពួកគាត់ មិនថាតែទាហាន ប៉ូលីស អាវុធហត្ថដែលឈរជើងនៅខាងមុខ គ្រួសារទ័ព ឬប្រជាពលរដ្ឋទូទាំងប្រទេសនោះទេ … យើងសង្ឃឹមថា បទឈប់បាញ់នេះនឹងនៅបន្ត។ យើងស្វែងរកការកសាងសន្តិភាពមួយដែលរយៈពេលវែង។ តាមហ្វេសប៊ុក អ្នកខ្លះសើចចំអកឲ្យពាក្យនេះ តែខ្ញុំជឿថា អ្នកអង្គុយក្នុងរោងនេះ និងអ្នកនៅតាមព្រំដែនដែលឆ្លងកាត់សង្រ្គាម(លើកទី២ រយៈពេល) ២១ថ្ងៃនេះ ប្រជាពលរដ្ឋរបស់យើងជាង ១០ម៉ឺននាក់ដែលមិនទាន់អាចត្រឡប់ទៅវិញ ប្រាកដជាអាចយល់ពីតម្លៃនៃពាក្យនោះហើយ។ ចង់ឲ្យមានសន្តិភាពរហូត កុំឲ្យមានការលំបាក កុំឲ្យមានភាពមិនច្បាស់លាស់(តទៅទៀត) …។
(៧) CMAC ពន្លឿនការដោះយុទ្ធភណ្ឌមិនទាន់ផ្ទុះ អាជ្ញាធរខេត្តរៀបចំសុវត្ថិភាព ដើម្បីបងប្អូនអាចវិលត្រឡប់
យើងត្រូវខិតខំស្តារឡើងវិញ។ ស្តារឡើងវិញបានន័យថាម៉េច? (ត្រូវការមាន)ស្ថិរភាព (ពង្រឹង)បទឈប់បាញ់ ហើយកន្លែងណាដែលប្រជាពលរដ្ឋភៀសខ្លួនអាចត្រឡប់ទៅវិញបាន យើងសម្រួលឲ្យគាត់(បានវិលត្រលប់ទៅវិញ)។ កាលដែលយើងប៉ះគ្នាខ្លាំង ដូចជា(មានជនភៀសសឹក) ៧០ម៉ឺននាក់ទូទាំងប្រទេស។ ជំរំជនភៀសសឹកយើងបើកច្រើន។ ពេលដែលចប់ មានបងប្អូនជាច្រើន (ដែលមកដល់)ឥឡូវបានជាង ៥០ម៉ឺននាក់ ត្រឡប់ទៅវិញ។ នៅសល់ជាង ១០ម៉ឺននាក់ទៀត រួមទាំងបងប្អូននៅទីនេះផង។ អញ្ចឹង យើងមើលកន្លែងណាដែលអាចទៅវិញបានភ្លាម … យើងសម្រួល។ ខាង CMAC ខាងអាជ្ញាធរខេត្ត រៀបចំដោះយុទ្ធភណ្ឌមិនទាន់ផ្ទុះអី រៀបចំដើម្បីសុវត្ថិភាព សាលារៀនជួសជុលឡើងវិញ។ កន្លែងណាដែលនៅមានបញ្ហាមួយចំនួន គឺយើងរៀបចំ សម្រួលខិតខំពន្លឿននៅក្នុងការដោះវា បងប្អូនអាចត្រឡប់ទៅវិញបាន។
(៨) ជម្រកបណ្ដោះអាសន្នមានសុខុមាលភាពនិងផ្តល់លទ្ធភាពជីវភាពពេលរង់ចាំ សំរាប់អ្នកមិនទាន់អាចទៅវិញ
ចំពោះកន្លែងរយៈពេលដោះស្រាយមានពីមធ្យមទៅវែង រាជរដ្ឋាភិបាលត្រូវគិតគូររៀបចំជម្រកបណ្តោះអាសន្ន ដើម្បីឲ្យមានភាពលំនឹងល្អប្រសើរជាងនៅកន្លែងសុវត្ថិភាព ឬក៏កន្លែងមណ្ឌលជនភៀសសឹក។ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការសម្រាប់ពិនិត្យដោះស្រាយជម្រកបណ្តោះអាសន្នរបស់បងប្អូន ដើម្បីងាយស្រួលនៅក្នុងការស្នាក់នៅ ក៏ដូចជាអាចមានផាសុកភាព។ ឥឡូវយើងរៀបចំនៅកន្លែងនេះ រាប់រយនាក់រាប់ពាន់នាក់នៅក្នុងទីតាំងវត្ត។ យើងរៀបចំកញ្ឆក់កណ្តៀតដោយសារសង្រ្គាមវាផ្ទុះ។ យើងត្រូវដោះស្រាយបឋម។ ប៉ុន្តែសម្រាប់រយៈពេលមធ្យម រយៈពេលទៅមុខទៀត អ្នកដែលមិនទាន់អាចត្រឡប់ទៅវិញ ដោយមិនទាន់មានសុវត្ថិភាពក្នុងកម្រិតណាមួយ យើងត្រូវគិតគូរជូនគាត់។ អញ្ចឹងខាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងដែនដី នគរូបនីយកម្ម ក្រសួងមហាផ្ទៃ បានសិក្សារៀបចំកន្លែងមួយចំនួន ដើម្បីយ៉ាងហោចណាស់ ក្នុងពេលរង់ចាំត្រឡប់ទៅកន្លែងដើមវិញ ក៏បងប្អូនមិននៅក្នុងមណ្ឌលសុវត្ថិភាព(ដែលមានស្ថានភាពមិនគត់មត់)បែបនេះ(ទេ) … ដើម្បីជួយដល់សុខុមាលភាព និងផ្តល់លទ្ធភាពសម្រាប់ជីវភាពក្នុងរយៈពេលរង់ចាំ។
(៩) ស្រាយបញ្ហាព្រំដែនដោយច្បាប់ ការទូត និងបច្ចេកទេស នឹងនាំមកនូវដំណោះស្រាយផ្តល់សេចក្ដីសុខរយៈពេលវែង
ប្រជាពលរដ្ឋមួយចំនួនសួរថា បើយើងរៀបកន្លែងថ្មីហ្នឹង តើបានន័យថាយើងឈប់ទាមទារកន្លែងចាស់ឬ? មិនដូចនោះទេ។ ការទាមទារបូរណភាពទឹកដីរបស់យើង គឺយើងនៅតែបន្តធ្វើ។ យើងអត់មានបោះបង់សិទ្ធក្នុងការទាមទារនូវដែនអធិបតេយ្យភាពគ្រប់កន្លែងទាំងអស់របស់យើងទេ។ យើងអត់មានស៊ីញ៉េឈប់បាញ់ ជាថ្នូរនឹងការដោះដូរកាត់ដីឲ្យគេទេ។ ការងារវាស់វែង ការងារគ្រប់គ្រងដោះស្រាយបញ្ហាព្រំដែននៅតែត្រូវគោរពតាមច្បាប់អន្តរជាតិដែលយើងធ្វើ។ រាជរដ្ឋាភិបាលមិនប្រកាន់(យក)ការដោះស្រាយដោយប្រើអំពើហិង្សានោះទេ។ យើងខិតខំដោះស្រាយដោយសន្តិវិធី ប្រើច្បាប់ យន្តការការទូត បច្ចេកទេសព្រំដែន។ រឿងនេះពិតណាស់វាយឺត និងមិនក្ឌុងក្ឌាំងដូចបាញ់គ្នាទេ ប៉ុន្តែវាធានាថា (ដំណោះ)ស្រាយនេះ (ពេលដែលសំរេចបានវាក៏)មានរយៈពេលវែង ហើយបានសេចក្ដីសុខទាំងអស់គ្នា។ ព្រំដែនកម្ពុជា-ថៃ បើនិយាយតាមបច្ចេកទេស គឺជាព្រំដែនអន្តរជាតិ ជាព្រំដែនរវាងរដ្ឋនិងរដ្ឋ ដែលគ្រប់គ្រងដោយសន្ធិសញ្ញា អនុសញ្ញា។ អញ្ចឹងត្រូវដោះស្រាយតាម(វិធានច្បាប់ ការទូត និងបច្ចេកទេសព្រំដែន)នោះ មិន(គប្បីនឹង)ដោះស្រាយដោយកម្លាំងប្រដាប់អាវុធទេ។
(១០) ដៃម្ខាងទាមទារអធិបតេយ្យភាពទឹកដីស្របច្បាប់ ដៃម្ខាងដោះស្រាយជីវភាពរស់នៅរបស់ជនភៀសសឹក
ដូចនេះ សូមបញ្ជាក់ជូន អ៊ំ ពូ មីង បងប្អូនថា ជម្រកនេះគ្រាន់តែជាជម្រកបណ្ដោះអាសន្ន សម្រាប់ផ្ដល់នូវផាសុកភាព និងជីវភាពដល់បងប្អូនក្នុងពេលរង់ចាំ(អាចវិលទៅទីតាំងដើមវិញបាន)។ អ្វីដែលរាជរដ្ឋាភិបាលខិតខំដោះស្រាយ គឺទាំងពីរ … ដៃម្ខាងទាមទារដែនអធិបតេយ្យភាព ទឹកដីស្របច្បាប់ ផ្អែកលើយន្តការ បច្ចេកទេស ការទូត និងច្បាប់ដែលមានស្រាប់ ជាជាងការវាយគ្នា និងដៃម្ខាងទៀត ខណៈពេលពេលរង់ចាំត្រូវដោះស្រាយជីវភាពរស់នៅរបស់អ៊ំ ពូ មីង បងប្អូននៅទីនេះ មិនទុកបងប្អូនប្រជាពលរដ្ឋចោលនោះទេ។ យើងខិតខំធ្វើឲ្យបានមុនរដូវវស្សា(មកដល់)។ នៅក្នុងតង់នេះ … តើក្នុងមួយតង់មានប៉ុន្មាននាក់? ៤គ្រួសារ។ អាចយើងមើលនៅកន្លែងនេះខែនេះល្មម ហើយបើខែភ្លៀងក៏គ្រាន់បើ តែបងប្អូនមិនចង់នៅបែបនេះយូរទេ។ បើបានកន្លែងណាសមរម្យ រឹងមាំជាងនេះ ក៏យើងអាចធ្វើដោះស្រាយបណ្ដោះអាសន្ន។ នេះជាការខិតខំយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល។
(១១) សូមយោគយល់បើសិនជាការដោះស្រាយមានលើសឬខ្វះយ៉ាងណា និងសូមរក្សាស្មារតីសាមគ្គីជាតិខ្មែរ
ត្រឡប់មកវិញ ខ្ញុំសូមអោយ ទី១ មានការយោគយល់ (ព្រោះ)ការដោះស្រាយរបស់យើងកន្លងទៅអាចមានខ្វះមានលើសអី។ សូមមេត្តាយោគយល់។ ទៅមុខទៀត អ្វីដែលយើង(ខិតខំ)ដោះ(កន្លងមក)គឺដើម្បីផលប្រយោជន៍អ៊ំ ពូ មីង បងប្អូន។ ទោះបីថាបានតិចឬច្រើន ក៏ប្រឹងប្រែងធ្វើឲ្យប្រសើរឡើង។ មិនថាអ្នកនៅទីនេះ ឬជនភៀសសឹកកន្លែងផ្សេងទេ យើងនឹងខិតខំដោះស្រាយ។ (ទី២) បងប្អូនរក្សានូវស្មារតីសាមគ្គីជាតិខ្មែររបស់យើង … ពេលនេះជាពេលដ៏លំបាករបស់ជាតិ របស់បងប្អូនផ្ទាល់ ប៉ុន្តែការលំបាករបស់អ៊ំ ពូ មីង បងប្អូននៅទីនេះ គឺជាការលំបាករបស់ជាតិខ្មែរយើងទាំងមូល តាំងពីព្រះមហាក្សត្ររហូតដល់ប្រជាពលរដ្ឋម្នាក់ៗ គឺមានអារម្មណ៍ឈឺចាប់ អាណិត និងគិតគូរទៅដល់ជាតិយើងទាំងមូល។
(១២) សូមជាតិខ្មែរទាំងមូលមានសាមគ្គីឯកភាពជាតិរឹងមាំ គាំទ្រវីរកងទ័ព វីរនគរបាល
ខ្ញុំក៏សូមយកឱកាសនេះ អរគុណប្រជាជនខ្មែរយើងទូទាំងប្រទេស និងពិភពលោក ចំពោះស្មារតីរួមសាមគ្គីគ្នានៅក្នុងពេលដែលយើងមានបញ្ហាប្រឈមនឹងការឈ្លានពានក្នុងរយៈពេល៦ខែនេះ។ ប្រជាពលរដ្ឋរបស់យើងទូទាំងប្រទេសរួមគ្នាជាស្មារតីមួយ គាំទ្រទៅដល់វីរកងទ័ព វីរនគរបាលជាតិ និងទៅដល់គ្រួសារទ័ពរបស់យើង។ ហើយគ្រួសារទ័ពរបស់យើងនៅទីនេះ ក៏មានស្មារតីឆន្ទៈក្នុងការគាំទ្រទៅដល់ប្ដីរបស់ខ្លួនដែលកំពុងតែបំពេញភារកិច្ចរបស់យើង។ សូមឲ្យស្មារតីសាមគ្គី ឯកភាពជាតិខ្មែរនេះ នៅបន្តរឹងមាំគ្រប់កាលៈទេសៈ ជាពិសេស កាលៈទេសៈដែលលំបាកនេះ ជាពិសេស បងប្អូននៅកន្លែងនេះតែម្ដង … កុំឲ្យមានការបែកបាក់។ នេះជាកម្លាំងដ៏រឹងមាំរបស់ជាតិខ្មែរយើង ក៏ដូចជាបងប្អូននៅទូទាំងប្រទេស និងនៅក្រៅប្រទេស ក្នុងនាមជាខ្មែរ។ នេះគឺជាស្មារតីដ៏ធំមួយ។ ជាតិខ្មែរយើងទាំងមូលរឹងមាំដោយសាមគ្គីឯកភាពជាតិ ជាសំណូមពរដែលខ្ញុំសុំចំពោះបងប្អូននៅទីនេះ ក៏ដូចជាបងប្អូនប្រជាជន ១៧លាននាក់នៅទូទាំងប្រទេស និងទូទាំងពិភពលោក៕

