- ឯកឧត្តម ផាម មិញជិញ (Phạm Minh Chính) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម;
- ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈប្រតិភូកម្ពុជា និងគណៈប្រតិភូវៀតណាម; គណៈធិបតី ភ្ញៀវកិត្តិយស អង្គពីទាំងមូលនិងជនរួមជាតិជាទីមេត្រី!
ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមជាអធិបតីក្នុង «ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ខេត្តព្រៃវែង នៃព្រះរាជាណាចក្រកម្ពុជា និង ច្រកទ្វារព្រំដែនអន្តរជាតិតឹនណាម ខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម» ជាមួយឯកឧត្តម ផាម មិញជិញ (Phạm Minh Chính) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម, និង ឯកឧត្តម លោកជំទាវ លោក លោកស្រី, នាពេលនេះ ។
ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិនេះ សបញ្ជាក់ពីភាពជិតស្និទ្ធនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ក្នុងបរិយាកាសពោរពេញដោយសាមគ្គីភាព, មិត្តភាពជាប្រពៃណី និង ការជឿទុកចិត្តគ្នាទៅវិញទៅមក ដែលបាន និង កំពុងចូលរួមប្រែក្លាយតំបន់ព្រំដែននេះ ឱ្យក្លាយជាព្រំដែនសុខសន្តិភាព, ព្រំដែនសម្រាប់ទីផ្សារដោះដូរទំនិញ, សេវា, និងជាព្រំដែន ដែលមានការអភិវឌ្ឍរីកចម្រើន សម្រាប់ជីវភាពរបស់ប្រជាពលរដ្ឋនៃប្រទេសយើងទាំងពីរ ។
ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ, ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, នៃប្រទេសយើងទាំងពីរ ដែលបានសហការជិតស្និទ្ធ ក្រោមស្មារតីភាតរភាព និងការយោគ-យល់ខ្ពស់ ក្នុងការប្រឹងប្រែងជំរុញដំណើរការបើកច្រកទ្វារព្រំដែនអន្តរជាតិនេះ, និងពន្លឿន ការសាងសង់អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យរបស់កម្ពុជា និង អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិតឹនណាមរបស់វៀតណាម, ក៏ដូចជា ហេដ្ឋារចនាសម្ព័ន្ធគាំទ្រដទៃទៀត, ឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលជោគជ័យតាមផែនការគ្រោងទុក ។
ខ្ញុំជឿជាក់យ៉ាងមុតមាំថា ការដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិ និង ហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា នាពេលនេះ នឹងចូលរួមជំរុញការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចជាតិ និងសុខុមាលភាពប្រជាពលរដ្ឋ នៃប្រទេសយើងទាំងពីរ, និយាយជារួម, ខេត្តព្រៃវែងរបស់កម្ពុជា និង ខេត្តតៃនិញរបស់វៀតណាម, និយាយដោយឡែក, តាមរយៈ ការលើកកម្ពស់ពាណិជ្ជកម្ម, វិនិយោគ, ទេសចរណ៍, វប្បធម៌ និង សន្តិសុខ ។ ក្នុងន័យនេះ, ខ្ញុំសូមលើកទឹកចិត្តដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តព្រៃវែងរបស់កម្ពុជា និងខេត្តតៃនិញរបស់វៀតណាម ឱ្យបន្តធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីដាក់ចេញនូវយុទ្ធសាស្រ្តសមស្រប និងផែនការសកម្មភាពជាក់លាក់ សំដៅសម្រួលដល់រំហូរទំនិញ សេវា និង សកម្មភាពធុរកិច្ច ជាពិសេស ក្នុងវិស័យដែលមានសក្តានុពលខ្ពស់ ដូចជា កសិកម្ម, កសិ-ឧស្សាហកម្ម និងឧស្សាហកម្មកែច្នៃសម្រាប់ការនាំចេញ ជាដើម, ព្រមទាំង ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ។ ខ្ញុំក៏សូមលើកទឹកចឹត្តក្រសួងស្ថាប័នពាក់ព័ន្ធនៃប្រទេសទំាងពីរ ពន្លឿនកិច្ចពិភាក្សាបញ្ចូលច្រកនេះ ទៅក្នុងបញ្ជីច្រកព្រំដែន ស្របតាមកិច្ចព្រមព្រៀងស្តីពីទំនិញឆ្លងកាត់ និងបញ្ចូលច្រកនេះ ទៅក្នុងពិធីសារសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនផ្លូវគោក។
ឯកឧត្តម លោកជំទាវ លោក លោកស្រី និង អង្គពិធី ជាទីមេត្រី!
ខណៈដែលសកលលោក និង តំបន់ ក៏ដូចជា កម្ពុជា បាននិងកំពុងហ៊ុមព័ទ្ធដោយហានិភ័យ និង ភាពមិនប្រាកដប្រជាខ្ពស់, ឆ្លុះបញ្ចាំងតាមរយៈ ការកើនឡើងភាពតានតឹងនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ច, ការកើនឡើងកាន់តែខ្លាំងនៃគោល-នយោបាយគាំពារនិយម និងសង្គ្រាមពាណិជ្ជកម្ម, ការបន្តនិន្នាការថមថយនៃកំណើន សេដ្ឋកិច្ចសកល និងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ, កម្ពុជាចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍមូលធនមនុស្ស, និង ការពង្រឹងអភិបាលកិច្ច និង សមត្ថភាពស្ថាប័ន ដើម្បីកសាងបាននូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយដែលស្អាតស្អំ ឆ្លាតវៃ និង មានសមត្ថភាពខ្លាំងពូកែ សំដៅការពារមាតុភូមិ ឱ្យមានសុខសន្តិភាព ប្រកប ដោយមនសិការស្នេហាជាតិ, ដោះស្រាយបញ្ហាសង្គម ប្រកបដោយភាពស័ក្តិសិទ្ធ និង ប្រសិទ្ធភាព, និង អភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយភាពធន់, បរិយាប័ន្ន និង ចីរភាព ។
ក្នុងន័យនេះ, រាជរដ្ឋាភិបាលកម្ពុជា តែងតែខិតខំប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព និងព្រំដែនទាំងអស់ឱ្យកា្លយជាតំបន់អភិវឌ្ឍន៍ និងសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម និង វប្បធម៌ ។
ជាក់ស្តែង, ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិថ្មី នាថ្ងៃនេះ បង្ហាញអំពីសមិទ្ធផលដែលមានតម្លៃជាប្រវត្តិសាស្រ្តថ្មីមួយទៀត នៃការរីកចម្រើន ផ្នែកទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម លើគ្រប់វិស័យ និង គ្រប់ទីកន្លែង សំដៅប្រែក្លាយតំបន់ព្រំដែន ឱ្យក្លាយជា «តំបន់នៃឱកាស» សម្រាប់ប្រជាពលរដ្ឋនៃប្រទេសយើងទាំងពីរ ។ នាពេលខាងមុខ, នឹងមានច្រកទ្វារព្រំដែនអន្តរជាតិដទៃទៀត ដែលត្រូវដំឡើងកម្រិត ឬ បង្កើតថ្មី, ខណៈដែលហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា បាននិងកំពុងកសាង និង កែលម្អ ដើម្បីគាំទ្រកាន់តែសកម្មដល់សកម្មភាពផលិត, និង តភ្ជាប់កាន់តែប្រសើរដល់រំហូរវិនិយោគិន, ធុរជន, កសិផល, ទេសចរ និង អ្នកដំណើរ ។
មុនបញ្ចប់, ខ្ញុំសូមសម្តែងនូវអំណរគុណចំពោះឯកឧត្តម ផាម មិញជិញ (Phạm Minh Chính) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម, រដ្ឋាភិបាល និង ប្រជាពលរដ្ឋវៀតណាម ដែលតែងតែរក្សាទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការល្អ, ព្រមទាំង ផ្តល់ការគាំទ្រដល់កម្ពុជាលើគ្រប់វិស័យ, ស្របតាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ដើម្បីជាប្រយោជន៍របស់ប្រទេស និង ប្រជាពលរដ្ឋ នៃប្រទេសយើងទាំងពីរ។ បន្ថែមពីនេះ, ខ្ញុំជឿជាក់ថា, ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា, កម្ពុជា និង វៀតណាម នឹងបន្តរក្សា ទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរ និង មានកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ តរៀងរហូតដល់អ្នកជំនាន់ក្រោយ ។
ជាទីបញ្ចប់, ជាមួយនឹងការប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ «ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ខេត្តព្រៃវែង នៃព្រះរាជាណាចក្រកម្ពុជា និង ច្រកទ្វារព្រំដែនអន្តរជាតិតឹនណាម ខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម», ខ្ញុំសូមជូនពរឯកឧត្តម ផាម មិញជិញ (Phạm Minh Chính) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម, ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃអង្គពិធី, សូមមានសុខភាពល្អបរិបូរណ៍ សុភមង្គលក្នុងគ្រួសារ និង សម្រេចបានជោគជ័យលើគ្រប់ភារកិច្ចការងារ, និង សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណកុំបីឃ្លៀងឃ្លាតឡើយ ។
សូមអរគុណ!

