FN ៖ លោកស្រី វីវៀន ឡូស សាន់ម៉ាទីន ឯកអគ្គរដ្ឋទូតលើកដំបូងរបស់ប្រេស៊ីលប្រចាំនៅកម្ពុជា ប្រកាសពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរ។
លោកស្រី បានប្រកាសបែបនេះ ក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ។
ក្នុងជំនួបនោះ លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចមហាបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាពេលនេះ។ លោកស្រី បានបង្ហាញនូវសេចក្ដីសោមនស្សជាខ្លាំង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រេស៊ីលទី១ប្រចាំកម្ពុជា ក្នុងប្រវត្តិសាស្រ្ត នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ។
លោកស្រី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមានការវិវត្តរីកចម្រើនឥតឈប់ឈរ រហូតឈានដល់ការបើកស្ថានទូតទៅវិញទៅមក។ ក្នុងអាណត្តិការងារទូតនៅកម្ពុជា លោកស្រីប្ដេជ្ញាខិតខំជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងរីកចម្រើនលើវិស័យជាច្រើនបន្ថែមទៀត។
ជាការឆ្លើយតប សម្ដេចមហាបវរធិបតី ស្វាគមន៍ និងសម្តែងក្តីរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកស្រី ព្រមទាំងបានអបអរសាទរចំពោះលោកស្រី ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រេស៊ីលទី១ ប្រចាំកម្ពុជា។ សម្ដេចមហាបវរធិបតី ក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការបើកស្ថានទូតទៅវិញទៅមក។
សម្ដេចមហាបវរធិបតីមានជំនឿយ៉ាងមុតមាំថា ក្នុងអាណត្តិរបស់លោកស្រី ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីនឹងកាន់តែរីកលូតលាស់ និង រឹងមាំ។ ទន្ទឹមនឹងនេះ សម្ដេចនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យលោកស្រីបន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការ ឱ្យទទួលបានផ្លែផ្កាបន្ថែមទៀត។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីឯកអគ្គរដ្ឋទូត បានពិភាក្សាគ្នាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ សេដ្ឋកិច្ច និងពាណិជ្ជកម្ម, អប់រំ, កសិកម្ម, បរិស្ថាន, ថាមពលកកើតឡើងវិញ, សុខាភិបាល និង សន្តិសុខ។ បន្ថែមពីនេះ សម្តេចមហាបវរធិបតី និងលោកស្រីឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន ដោយលោកស្រីបានថ្លែងអំណរគុណដល់កម្ពុជា ដែលបានគាំទ្រឱ្យប្រទេសប្រេស៊ីលក្លាយជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ានផងដែរ៕




