FN ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានចេញមកពន្យល់ទៅកាន់ប្រជាពលរដ្ឋជាថ្មីម្ដងទៀត ពាក់ព័ន្ធបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយសម្ដេចបាន សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា មិនបានកាត់ដីក្នុងដែនអធិបតេយ្យណាមួយ ទៅឲ្យប្រទេសថៃ ដើម្បីជាថ្នូរនឹងបទឈប់បាញ់ ឬកិច្ចព្រមព្រៀងសន្ដិភាពនោះឡើយ។
តាមរយៈបណ្ដាញសង្គម Facebook សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា បញ្ហានៅភូមិជោគជ័យ និងព្រៃចាន់ ស្ថិតក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រាជរដ្ឋាភិបាលកម្ពុជា រក្សាការអត់ធ្មត់ដើម្បីដោះស្រាយដោយសន្ដិវិធី ពោលត្រូវបានប្រគល់បញ្ហានេះឲ្យគណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) ដើម្បីវាស់វែងរួមគ្នា និងបោះបង្គោលព្រំដែនបណ្ដោះអាសន្ន ដោយប្រើប្រាស់ផែនទី១/២០០.០០០ សន្ធិសញ្ញា១៩០៧ និងកំណត់ហេតុបោះបង្គោល របស់គណៈកម្មការបោះបង្គោលបារាំង-សៀម ធ្វើជាមូលដ្ឋាន។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖
«ជូនបងប្អូនជនរួមជាតិជាទីស្រលាញ់។
ថ្ងៃនេះខ្ញុំសូមជម្រាបជូនបងប្អូនខ្លះៗ អំពីការខិតខំដោះស្រាយបញ្ហានៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដោយសារស្ថានការបានបោះមួយជំហ៊ានទៅមុខ ប្រកបដោយភាពច្បាស់លាស់ជាងពេលមុន ដោយភាគីទាំងពីរ អាចយកគោលការណ៍ច្បាប់មកជជែកគ្នា ដើម្បីរកដំណោះស្រាយមួយដោយសន្តិវិធី។
បញ្ហាដែលកើតមានឡើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលចាប់ផ្ដើមឡើងពីការប្រើប្រាស់លួសបន្លា និងកង់ឡានរបស់យោធាថៃ ធ្វើការហ៊ុមព័ទ្ធផ្ទះ និងដីអាស្រ័យផលមួយចំនួនរបស់ប្រជាពលរដ្ឋនៅទីនោះ ក្នុងរយៈពេលជាង២ខែកន្លងមកនេះ បានបង្កនូវការលំបាកដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋដទៃទៀត ដែលកំពុងរស់នៅក្នុងភូមិទាំងពីរ។ បញ្ហានេះក៏បានបង្កនូវភាពតានតឹងក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរយើងទាំងក្នុង និងក្រៅប្រទេសដែលតាមដានបញ្ហានេះ។
គោលដៅរបស់រាជរដ្ឋាភិបាលតាំងពីដំបូង គឺធ្វើយ៉ាងណាដើម្បីទប់សភាពការណ៍ដែលកើតមានកុំឱ្យរីករាលដាល ដែលនាំឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋកាន់តែច្រើន និងកាន់តែមានកម្រិតធ្ងន់ធំធ្ងរ ក៏ដូចជារកគ្រប់វិធីដើម្បីដោះស្រាយបញ្ហានៅនឹងកន្លែងឱ្យបានឆាប់ជាទីបំផុត។ ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលបានប្រកាន់យកនូវអភិក្រម ក្នុងការខិតខំការដោះស្រាយដោយភាពអត់ធ្មត់ និងការប្រើប្រាស់មធ្យោបាយសន្តិវិធី ក្នុងការស្វែងរកដំណោះស្រាយ ព្រោះការប្រើប្រាស់មធ្យោបាយហិង្សាណាមួយ មិនត្រឹមតែមិនអាចរកដំណោះស្រាយបាននោះទេ ប៉ុន្តែអាចនាំដល់ការពង្រីក ភូមិសាស្ត្រនៃជម្លោះ និងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋកាន់តែច្រើន និងកាន់តែធ្ងន់ធ្ងរ ក៏ដូចជាបង្កការលំបាកនៅក្នុងការស្វែងរកដំណោះស្រាយ បញ្ចប់បញ្ហាឱ្យបានឆាប់។
ខ្ញុំយល់ពីអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋ ដោយសារវិធីសាស្ត្រត្រជាក់ ដែលរាជរដ្ឋាភិបាលបានប្រកាន់យកនៅពេលកន្លងមក ពេលខ្លះមិនអាចទទួលបាននូវលទ្ធផលដែលយើងចង់បានភ្លាមៗ។ ខណៈដែលការស្វែងរកដំណោះស្រាយហាក់ដូចជា គ្មានលទ្ធផល ហើយសកម្មភាពជាក់ស្តែងនៅទីនោះកាន់តែធ្ងន់ធ្ងរទៅៗ ដែលធ្វើឱ្យបងប្អូនមួយចំនួនអាចមានអារម្មណ៍ថាអស់សង្ឃឹម និង គិតថា នឹងគ្មានដំណោះស្រាយណាមួយនោះទេ។
បន្ថែមលើនេះ សកម្មភាពមួយចំនួនរបស់ភាគីថៃ ដូចជាការរាវមីន ការបែងចែកដីឱ្យប្រជាពលរដ្ឋថៃ ឬការបំផ្លាញអគារ នៅក្នុងកន្លែងដែលកងទ័ពថៃបានហ៊ុមព័ទ្ធរួចទៅហើយ បានធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានអារម្មណ៍ថា ប្រហែលជានឹងគ្មានដំណោះស្រាយ ហើយអ្នកខ្លះក៏អាចយល់ច្រឡំថា រាជរដ្ឋាភិបាលកម្ពុជា បានលួចឯកភាពកាត់ដីខ្មែរ ឱ្យគេដើម្បីប្ដូរយកបទឈប់បាញ់ ឬកិច្ចព្រមព្រៀងសន្តិភាព។
ខ្ញុំនៅតែបញ្ជាក់ថា គ្មានការលួចឯកភាព នៅក្នុងការកាត់ទឹកដីដែលស្ថិតនៅក្នុងដែនអធិបតេយ្យ ស្របច្បាប់របស់កម្ពុជាណាមួយទៅឱ្យប្រទេសណាមួយ ដើម្បីដោះដូរជាមួយនឹងការចរចាបទឈប់បាញ់ ឬការចរចាសន្តិភាពនោះទេ។ កម្ពុជាមិនរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសជិតខាងនោះទេ ប៉ុន្តែកម្ពុជាក៏មិនយល់ព្រមឱ្យមានការរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានោះដែរ។
បញ្ហាព្រំដែន គឺជាបញ្ហាដែលមានភាពស្មុគស្មាញ ដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយ ដែលយើងត្រូវរួមគ្នាដោះស្រាយ ដើម្បីប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ អាចរស់នៅជាមួយគ្នា តាមបណ្ដោយព្រំដែនដោយសុខសាន្ត ក្នុងរយៈពេលវែងទៅខាងមុខ។ ប៉ុន្តែការដោះស្រាយណាមួយដែលអាចទទួលយកបាន គឺត្រូវផ្អែកលើគោលការណ៍តម្លាភាព មានការឯកភាពគ្នា ដោយគ្មានការបង្ខិតបង្ខំរវាងភាគីទាំងពីរ និងដោយប្រើប្រាស់យន្តការដែលបានឯកភាពគ្នា ព្រមទងផ្អែកលើមូលដ្ឋានសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។នៅក្នុងន័យនេះ ការងារវាស់វែង និងខណ្ឌសីមា គឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណ:កម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) ហើយដែលត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ កម្ពុជានិងថៃ។ JBC បានធ្វើការរួមគ្នាប្រកបដោយផ្លែផ្កា ជាច្រើនក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ ទោះបីមិនទាន់បានចប់សព្វគ្រប់ក៏ដោយ។
នៅក្នុងកិច្ចប្រជុំ JBC រយៈពេលពីរថ្ងៃពេញ (២១-២២ តុលា) ដែលទើបបញ្ចប់នៅរំលងអាធ្រាតចូលថ្ងៃ ២៣ តុលា ២០២៥ នេះ ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ពាក់ព័ន្ធនឹងការស្វែងរកដំណោះស្រាយដោយតម្លាភាព និងត្រឹមត្រូវតាមគោលការណ៍ដែលបានឯកភាពគ្នា ក្នុងបំណងឈានទៅដោះស្រាយបញ្ចប់ជម្លោះនៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ (ចន្លោះបង្គោលព្រំដែនលេខ ៤២ និង ៤៧)។
ដើម្បីស្វែងរកដំណោះស្រាយនេះ ភាគីទាំងពីរបានឯកភាពគ្នា បន្តធ្វើសកម្មភាពតាមលក្ខណៈបច្ចេកទេស ដើម្បីកំណត់ការវាស់វែងរួមគ្នា និងបោះបង្គោល បណ្ដោះអាសន្ន ដោយប្រើប្រាស់ផែនទី១/២០០.០០០ សន្ធិសញ្ញា១៩០៧ និងកំណត់ហេតុបោះបង្គោល របស់គណៈកម្មការបោះបង្គោលបារាំង-សៀម ធ្វើជាមូលដ្ឋាន។ លទ្ធផលដែលទទួលបាន នឹងផ្ទៀងផ្ទាត់ជាមួយការកាន់កាប់ ជាក់ស្ដែងរបស់ប្រជាពលរដ្ឋទាំងសងខាង សម្រាប់ធ្វើការដោះស្រាយបន្ត។
មានតែវិធីសាស្ត្រនេះទេ ទើបភាគីទាំងពីរអាចឈានទៅរកដំណោះស្រាយមួយ ដែលត្រឹមត្រូវសម្រាប់រយៈពេលវែង និងជួយអោយបញ្ហាដែលកើតមាននៅភូមិជោគជ័យ និងព្រៃចាន់ អាចដោះស្រាយបញ្ចប់បាន ហើយប្រជាពលរដ្ឋអាចរស់នៅប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញបាន ជៀសវាងអូសបន្លាយបញ្ហាឱ្យបន្តនៅរ៉ាំរ៉ៃរយៈពេលវែងទៅមុខ»