FN៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យលោក Dato’ Sri Dr. Ahmad Zahid Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់ នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។
ក្នុងឱកាសនៃជំនួបលោកDato’ Sri Dr. Ahmad Zahid Hamidi បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើន នៅកម្ពុជា រួមទាំងអាកាសយានដ្ឋានអន្តរជាតិតេជោ។
លោក Dato’ Sri Dr. Ahmad Zahid Hamidi ក៏បានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងម៉ាឡេស៊ី និងកម្ពុជា និងបានគូសបញ្ជាក់ការបន្តគាំទ្ររបស់ម៉ាឡេស៊ីក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន រួមមាន៖ វិស័យពាណិជ្ជកម្ម, សេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។
ជាការឆ្លើយតប, សម្ដេចបវរធិបតី បានសម្ដែងនូវការស្វាគមន៍ចំពោះលោកឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។ សម្ដេចបវរធិបតី បានសម្តែងការពេញចិត្តចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ម៉ាឡេស៊ី។
សម្តេចបវរធិបតី និងលោកឧបនាយករដ្ឋមន្ត្រី ក៏បានពិភាក្សាក្នុងការជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសំខាន់ៗ មានជាអាទិ៍៖ ឧស្សាហកម្មហាឡាល់ ដើម្បីបម្រើដល់តម្រូវការនៃប្រជាជនមូស្លីម និងប្រជាជនទូទៅ; វិស័យទេសចរណ៍ រួមទាំងទេសចរណ៍វេជ្ជសាស្ត្រ; ការអប់រំ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET), កសិកម្ម, ហិរញ្ញវត្ថុ និងធនាគារ ជាដើម។ សម្តេចបវរធិបតី បានលើកទឹកចិត្តស្ថានទូតម៉ាឡេស៊ីនៅភ្នំពេញ បន្តសហការជាមួយក្រសួង-ស្ថាប័នកម្ពុជា ដើម្បីសម្រេចគម្រោងកិច្ចសហប្រតិបត្តិការខាងលើ។
ក្នុងឱកាសខាងលើ សម្តេចបវរធិបតី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃ ព្រមទាំង ថ្លែងអំណរគុណជូនចំពោះអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការសម្របសម្រួលការតាមដានការអនុវត្តបទឈប់បាញ់ ក៏ដូចជាជូនចំពោះប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នៅកម្ពុជា ដែលបានចុះតាមដានការអនុវត្តបទឈប់បាញ់ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕