FN ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យលោកបណ្ឌិត Tanaka Akihiko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួបនេះលោកបណ្ឌិត Tanaka Akihiko បានកត់សម្គាល់ការរីកចម្រើនយ៉ាងច្រើនរបស់កម្ពុជា ព្រោះលោកធ្លាប់បានបំពេញទស្សនកិច្ចការងារនៅកម្ពុជា កាលពី១០ឆ្នាំមុន ។ លោកបណ្ឌិតបានគូសបញ្ជាក់អំពីការបន្តគាំទ្ររបស់ទីភ្នាក់ងារ JICA ចំពោះកិច្ចសហប្រតិបត្តិការជាច្រើន មានជាអាទិ៍៖ ការបោសសម្អាតមីន, និងការពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
លោកបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះអង្គភាព CMAC របស់កម្ពុជា ដែលបានផ្តល់វគ្គបណ្តុះបណ្តាលបោសសម្អាតមីនមនុស្សធម៌ ដល់អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នរបស់ប្រទេសអ៊ុយក្រែន។ លោកបណ្ឌិតបានថ្លែងបន្ថែមអំពីការផ្តល់ឥណទានសម្បទានរបស់រដ្ឋាភិបាលជប៉ុន ក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិរោធ និងគម្រោងពង្រីកប្រព័ន្ធបញ្ជូន និងចែកចាយអគ្គិសនីក្នុងរាជធានីភ្នំពេញ (ដំណាក់កាលទី៣) ដោយគម្រោងទាំងនេះនឹងត្រូវចុះហត្ថលេខានារសៀលថ្ងៃនេះ។
ជាការឆ្លើយតប, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ជប៉ុន ក្នុងការកសាងសុខសន្តិភាពនៅកម្ពុជា ក៏ដូចជាការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា រហូតមកដល់សព្វថ្ងៃនេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា និងជប៉ុន បានឈានដល់កម្រិតដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជឿជាក់ថា កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន នឹងត្រូវបានជំរុញនិងពង្រឹងឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំថែមទៀត។ សម្តេចបវរធិបតី បានសម្តែងនូវការគាំទ្រ និងថ្លែងអំណរគុណចំពោះទីភ្នាក់ងារ JICA ដែលបានរួមចំណែកគាំទ្រដល់មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ដូចជា ការបោសសម្អាតមីន ការបណ្តុះបណ្តាលធនធានមនុស្ស និង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាដើម។
សម្តេចបវរធិបតីបានចែករំលែកអំពីចក្ខុវិស័យរបស់កម្ពុជា ក្នុងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្ររបស់កម្ពុជា រួមទាំងការប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់ឧស្សាហកម្ម និងជាមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់ (regional logistic hub)។
សម្តេចបវរធិបតី និងលោកប្រធាន JICA ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មានវិទ្យា និងឌីជីថលូបនីយកម្ម ក៏ដូចជាការបន្តលើកកម្ពស់ទំនាក់ទំនងប្រជាជន និងប្រជាជន រវាងប្រទេសទាំងពីរ។ សម្តេចបវរធិបតី បានលើកទឹកចិត្តទីភ្នាក់ងារ JICA បន្តពិភាក្សា និងសហការជាមួយក្រសួង-ស្ថាប័នកម្ពុជា ដើម្បីជំរុញឱ្យគម្រោងទាំងនោះទទួលបានជោគជ័យ។ ឆ្លៀតក្នុងឱកាសនោះ, លោកបណ្ឌិតបានអរគុណកម្ពុជា ដែលជាប្រទេសទី១ ក្នុងការទទួលស្វាគមន៍អ្នកស្ម័គ្រចិត្តសម្រាប់កិច្ចសហប្រតិបត្តិការជប៉ុននៅក្រៅប្រទេស (JOCV)។ សម្តេចបវរធិបតី ក៏បានសម្តែងការអបអរសាទរខួប៦០ឆ្នាំ នៃអ្នកស្ម័គ្រចិត្តជប៉ុន ក្នុងក្របខណ្ឌJOCV នៅកម្ពុជា នាឆ្នាំនេះ៕