ជូនឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំជាតិ និងក្រោមជាតិទាំងអស់!
នៅក្នុងដំណាក់កាលនៃការឈប់បាញ់ មកដល់ម៉ោងនេះ មិនទាន់មានស្ថិរភាពនៅឡើយទេ។ ស្ថានភាពនៅផុយស្រួយបំផុត។ ខ្ញុំមិនហាមឃាត់ទេ ចំពោះការចង់ជួយឧបត្ថម្ភគាំទ្រដល់កងទ័ព ដូចជាការបញ្ជូនស្បៀងនិងសំភារៈ ទៅអោយទ័ពជួរមុខ ប៉ុន្តែ (១) សូមកុំរៀបចំតាមរបៀបដូចពេលយើងមានសន្តិភាព។ មិនគួរអោយមានគណៈប្រតិភូទៅទេ។ ទោះបីជានៅក្រោយក្តី ឬទៅមិនដល់ជួរមុខក្តី។ ទី១៖ សូមហាមដាច់ខាតមិនអោយទៅដល់ជួរមុខទេ។ ថ្នាក់ដឹកនាំយើងបានហាមហើយ។ យើងបានដាក់បទបញ្ជាហើយ។ វានាំអោយមានភាពច្របូកច្របល់ និងហានិភ័យ។ ទី២៖ ការនេះពាក់ព័ន្ធនឹងការលាក់ការកងទ័ពរបស់យើង។
(២) ចំណុចមួយទៀត (សង្កេតឃើញថាក្នុង)ការបញ្ជូនស្បៀង ថ្នាក់ដឹកនាំជាតិនិងខេត្តខ្លះ តែងចង់ទៅសួរសុខទុក្ខបងប្អូននៅជួរមុខ ទោះបីជាមានការរៀបចំនៅខាងក្រោយ ឬនៅខេត្តក៏ដោយ។ ខ្ញុំសូមថា បើអាច មិនគួរទៅជាគណៈប្រតិភូនៅពេលនេះទេ។ (ស្ថានការណ៍អមិត្ត)មិនទាន់ចប់ទេ។ បើសិនជាយើងទៅ គឺអាចតម្រូវអោយមេបញ្ជាការជួរមុខចុះមកទទួល។ ឧទាហរណ៍ ឯកឧត្តម នាក់ វង្ស មកទទួល ជាដើម។ លក្ខខណ្ឌនេះ មានបញ្ហាពីរ។ បញ្ហាទី១ គឺអាចសុវត្ថិភាពរបស់គាត់។ ចុងក្រោយនេះ ខាងទាហានថៃ ព្យាយាមវាយប្រហារទៅលើមេបញ្ជាការដោយប្រើដ្រូន … រកឡាន រកទីតាំងស្នាក់ ដើម្បីបាញ់មកលើមេបញ្ជាការរបស់យើង។ យើងមិនចង់អោយមេបញ្ជាការរបស់យើងចេញទៅទទួលឥវ៉ាន់នៅកន្លែងណាទេ ក្នុងដំណាក់កាលនេះ។
(៣) បញ្ហាទី២ សូមកុំទៅទីតាំងជួរមុខរបស់កងទ័ព។ បងប្អូនខ្លះខ្លាចថាឥវ៉ាន់មិនទៅដល់ជួរមុខ។ ពិតណាស់ ឥវ៉ាន់ពីក្រោយ១០០ ទៅដល់មុខ១០០ គ្រប់គោលដៅ ស្មើគ្នាទាំងអស់។ គេមានការបែងចែកការផ្គត់ផ្គង់ទៅខាងមុខបានច្រើន។ សូមទុកអោយកងទ័ពធានាក្នុងការបែងចែក។ កន្លងទៅ ថ្នាក់ដឹកនាំកងទ័ព ក្រសួងការពារជាតិ កងទ័ពជើងគោក សហការជាមួយខេត្តព្រះវិហារ ឧត្តរមានជ័យ បានបែងចែកទៅដល់ហើយ។ កន្លែងខ្លះយឺត កន្លែងខ្លះបានតិចបានច្រើន តែយើងធានាការប្រយុទ្ធរបស់យើង។ សូមកុំបង្ខំចូលទៅដល់ទីតាំងកងទ័ពនាំអោយមានគ្រោះថ្នាក់ … សូមអោយមានការយោគយល់។
(៤) បើទៅ បើចង់ជួយ គួរចាត់តំណាងបញ្ជូនទៅអោយខាងកងទ័ព។ អង្គភាពណា អ្នកណាធ្វើ អោយគេមកយក ហើយបែងចែកចុះ ជាជាងយើងលើកគណៈប្រតិភូទៅសួរសុខទុក្ខម៉ោងនេះ។ ទាហានយើង មិនអាចចល័តមកទទួលទេ។ ដោយសារទី១ យើងអនុវត្តបទឈប់បាញ់ មិនអាចចល័តចុះឡើង។ ទីពីរ ទាហាននៅកាន់កាំភ្លើងជួរមុខ អត់ដឹងម៉ោងណាផ្ទុះទៀតទេ។ ទីបី មេបញ្ជាការត្រូវនៅជាប់ជាមួយទាហានជួរមុខ និងលាក់ការខ្ពស់វត្តមានទីតាំងមេបញ្ជាការ។ មិនចង់អោយចេញមុខ តែគាត់ត្រូវចេញមកទទួល។ ទៅវិញគឺគេអាចដឹងទាំងអស់។ ទៅណាចូលកន្លែងណា វានាំអោយមានការលំបាក។
ខ្ញុំសូមឱ្យការយោគយល់ពីឯកឧត្តម លោកជំទាវ និងណែនាំទៅគណៈប្រតិភូគ្រប់ថ្នាក់ កុំទៅជួរមុខ និងកុំព្យាយាមជួបជាមួយមេដឹកនាំកំពូលដែលដឹកនាំប្រយុទ្ធនៅជួរមុខពេលនេះ។ ចាំពេលសភាពការណ៍ចប់ យើងដោះស្រាយបទឈប់បាញ់ អោយមានស្ថិរភាព បងប្អូនទៅជួបទាំងអស់គ្នាទៅ គឺពេលដែលយើងមានសន្តិភាពច្បាស់លាស់ថាមិនផ្ទុះការប្រយុទ្ធទៀត។ ក្នុងពេលឥឡូវ មានហានិភ័យខ្ពស់សម្រាប់ប្រតិបត្តិការ អាយុជីវិតរបស់កងទ័ពយើង ក៏ដូចជាមេទ័ពយើង។
(៥) ខ្ញុំមិនហានឃាត់ស្មារតីស្រលាញ់កងទ័ព និងគាំទ្រកងទ័ព(របស់បងប្អូន)ទេ។ ខ្ញុំមិនហាមឃាត់ការបញ្ជូនឥវ៉ាន់ទៅអោយទេ ប៉ុន្តែសូមកុំធ្វើដូចកាលពីមុនផ្ទុះសង្គ្រាម គឺពេលសន្តិភាព។ ឃើញបងប្អូនខ្លះ មិនថាថ្នាក់ដឹកនាំយើងទេ ទាំងប្រជាជនធម្មតា ចង់បុកទៅកន្លែងដូចមុន យកទៅដល់វរៈនេះវរៈនោះ … សូមហាមមិនឱ្យទៅ/ធ្វើតែម្ដង។ សូម្បីតែការទាមទារមេបញ្ជាការចុះមកទទួល គឺសុំយោគយល់ពួកគាត់ផង ព្រោះគាត់នៅឈរបញ្ជានៅមុខ។ បើសិនមានផ្ទុះអាវុធ គាត់មកក្រោយ គឺពិបាកត្រឡប់ទៅដឹកនាំបញ្ជាវិញ។ មួយទៀត គឺមានហានិភ័យសម្រាប់គាត់។ បើសិនជាគេដាក់គោលដៅរកឃើញ នោះជាការធ្វើឱ្យគ្រោះថ្នាក់ដល់មេទ័ពរបស់យើង។ ខ្ញុំសុំអោយអនុវត្តន៍ការងារនេះអោយបានហ្មត់ចត់។ សូមណែនាំបន្ត៕