ឯកឧត្តម សមាជិក ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល
លោក ស្កុត នីសុន ស្ថាបនិក និង ជាអគ្គនាយកអង្គការមូលនិធិកុមារកម្ពុជា;
គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ មន្ត្រីរាជការជុំវិញខេត្ត
គណៈគ្រប់គ្រងបុគ្គលិកសហការីមជ្ឃមណ្ឌលផ្កាឈូករបស់អង្គភាពការពារកុមារអង្គការមូលនិធិកុមារកម្ពុជា
អង្គពិធីទាំងមូលជាទីមេត្រី
ថ្ងៃនេះ, ខ្ញុំមានសេចក្ដីសោមនស្សរីករាយជាអនេក ដែលបានមកចូលរួមក្នុង «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលផ្កាឈូករបស់អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា» នាពេលនេះ។
ខ្ញុំសូមធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ស្កុត នីសុន(Scott Neeson) ស្ថាបនិក និង ជាអគ្គនាយកអង្គការមូលនិធិកុមារកម្ពុជា, លោក ចេមស៍ ម៉ាខេប(James McCabe)នាយកប្រតិបត្តិអង្គភាពការពារកុមារ, ក៏ដូចជា ថ្នាក់ដឹកនាំ និង បុគ្គលិកគ្រប់ជាន់ថ្នាក់របស់អង្គភាពការពារកុមារ និង អង្គការមូលនិធិកុមារកម្ពុជា ដែលបានលះបង់អស់កម្លាំងកាយចិត្ត ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងប្រតិបត្តិការ ថែទាំ, គាំពារ, ការពារ និង ស្តារនីតិសម្បទា ជូនដល់ជនរងគ្រោះដោយសារអំពើរំលោភបំពាន សំដៅផ្តល់ក្តីសង្ឃឹមក្នុងជីវិតឡើងវិញ, ជាពិសេស សម្រាប់កុមារដែលងាយរងគ្រោះបំផុត។
[ចាប់ផ្តើមសេចក្តីអធិប្បាយ១]
(១) ស្គាល់គ្នានឹង Scott Nesson ប្រមាណ ១២ឆ្នាំហើយ
អម្បាញ់មិញ ខ្ញុំបានស្តាប់របាយការណ៍របស់លោក Scott Nesson អំពីវឌ្ឍនភាពនៃការកសាងនូវមណ្ឌលថ្មី ក៏ដូចជាអង្គការមូលនិធិ។ ខ្ញុំចាំបាន។ ខ្ញុំជួបស្គាល់លោក Scott Nesson បើគិតជាឆ្នាំទៅ ១២ ឆ្នាំហើយ។ ឆ្នាំ ២០១៣ យើងបានជួបគ្នាដំបូងនៅផ្ទះរបស់ឯកឧត្តម ស៊ុន ចាន់ថុល។ ឯកឧត្តម ស៊ុន ចាន់ថុល នាំទៅ។ គាត់មាន steak ពិសេស ហើយស្តាប់គាត់ច្រៀង។ ខ្ញុំក៏មិនស្គាល់ Scott Nesson ដែរ។ ខ្ញុំដឹងថាមាន director របស់ហូលីហ្វូដ។ អញ្ចឹង ឯកឧត្តម ស៊ុន ចាន់ថុល បានណែនាំ។ កាលនោះ គាត់មានកម្មវិធី sponsor កុមារនៅមជ្ឈមណ្ឌល។ ឯកឧត្តមក៏មានកូន sponsor ប៉ុន្មាននាក់។ អញ្ចឹង យើងចាប់អារម្មណ៍។ ដល់ក្រោយមកក៏បានទៅឃើញមជ្ឈមណ្ឌលទី១។ ក្រោយមក ខ្ញុំនិងគ្រួសារក៏បានទៅជាបន្តបន្ទាប់ គឺមាននាំពេទ្យនាំអី ក៏ភ្ជាប់និស្ស័យគ្នាពីហ្នុងមក។ តាំងពីគាត់មិនទាន់ជាខ្មែរ។ ឥឡូវគាត់ជាខ្មែរ ហើយជាទីប្រឹក្សារបស់ខ្ញុំផង។
(២) បេះដូងប្រជាពលរដ្ឋក្នុងសហគមន៍ដែល Scott Nesson ជួយថែ មានភាពកក់ក្តៅ
និយាយអំពីបេះដូង និងការធ្វើការដោយបេះដូង ខ្ញុំគិតថាអ្វីដែល Scott Nesson ធ្វើ គឺជាឧទាហរណ៍មួយធំណាស់។ តើសក្ខីភាពយ៉ាងម៉េច? នៅស្ទឹងមានជ័យ ប្រជាពលរដ្ឋមានការលំបាក ដោយសារអ្នកចំណូលស្រុកមកពីខេត្តក៏មាននៅទីនោះ។ ជាមជ្ឈមណ្ឌលមួយដែលមានប្រជាជនក្រីក្រច្រើន។ អាជ្ញាធរយើងបានយកចិត្តទុកដាក់។ ប៉ុន្តែអ្វីដែលខ្ញុំចាប់អារម្មណ៍គឺគាត់អត់ប្រពន្ធ តែកូនច្រើន។ ទៅណាក៏គេហៅថាប៉ា Scott ដែរ។ (កូនទាំងនោះមាន)តាំងពីអាយុ ២ឆ្នាំរហូតដល់ ៧០ឆ្នាំ។ គាត់ឲ្យខ្ញុំរកប្រពន្ធឲ្យ។ ឱ្យរកយ៉ាងម៉េចបើកូនគាត់រាប់ពាន់(ដូច្នេះ)។ ពេលដើរចូលទៅសហគមន៍ យើង(ឃើញថា)បេះដូងរបស់ប្រជាពលរដ្ឋដែលគាត់ជួយថែនោះ មានភាពកក់ក្តៅខ្លាំង។ នេះបង្ហាញអំពីការធ្វើការដោយបេះដូង ដែលគាត់បានលះបង់ប្រាក់ខែរាប់សែនដុល្លារ ជា director ល្បីមួយរបស់ហូលីហ្វូដ មានជីវភាពរស់នៅ មាន lifestyle កំរោតខ្ពស់ឬ high showនៅអាមេរិក។ តែគាត់បានលះបង់ដើម្បីមកធ្វើការដោយបេះដូងជាមួយប្រជាពលរដ្ឋយើង។
(៣) អង្គការមូលនិធិកុមារកម្ពុជា ធ្វើការដោយបេះដូងពិតប្រាកដ ជួយប្រជាពលរដ្ឋ
មួយឆ្នាំៗ គាត់ទៅរៃអង្កាសមូលនិធិ fundraising នៅខាងក្រៅ(ប្រទេស ដើម្បីយកមក)ជួយកុមារជាបន្តបន្ទាប់។ ឃើញថាមានលទ្ធផលជាក់ស្តែង។ នេះហើយគឺជាដៃគូដ៏ល្អរបស់រាជរដ្ឋាភិបាល។ សម្តេចតេជោ លោកបានយកចិត្តទុកដាក់ចំពោះដៃគូ NGO ដែលធ្វើការពិតប្រាកដ ដើម្បីរួមគ្នាជួយប្រជាពលរដ្ឋ។ យើងមានដៃគូរាប់រយរាប់ពាន់ក្នុងប្រទេស (ដែលបង្ហាញអំពី)សិទ្ធិសេរីភាពរបស់ NGO ធ្វើការជាដៃគូល្អរបស់យើង(រាជរដ្ឋាភិបាល) ដែលធ្វើការដោយបេះដូង ដោយពិតប្រាកដ ជួយប្រជាពលរដ្ឋ។ ការឆ្លើយតបទៅវិញនេះ គឺជាលទ្ធផលជាក់ស្តែងក្នុងការបង្កើនផលប្រយោជន៍បន្ថែមជូនសហគមន៍។ ឥឡូវ ក្មេងៗ នៅទីនោះ ខ្លះបានអាហារូបករណ៍ទៅរៀនដល់អូស្ត្រាលី និងមុខជំនាញផ្សេងៗ ហើយអ្នកចេញ(មជ្ឈមណ្ឌល)ក៏រកបានការងារច្រើន។ យើងជួយគ្នា។
(៤) រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បន្តជួយគាំទ្រសកម្មភាពដៃគូដែលជួយដល់សហគមន៍ក្រីក្រ កុមារ ស្ត្រី និងរងគ្រោះនានា
ប្រទេសជាតិរបស់យើងមានការវិវត្តច្រើន។ ការកែសម្រួលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក៏មានច្រើន ប៉ុន្តែយើងត្រូវទទួលស្គាល់ថាមិនមែនគ្រប់គ្នាជោគជ័យនោះទេ។ គ្រប់ប្រទេសសុទ្ធតែមានអ្នកជោគជ័យ និងអ្នកមិនជោគជ័យ។ អ្នកដែលមិនជោគជ័យ ជាពិសេសកុមារនិងចាស់ជរា នៅតាមសហគមន៍ក្រីក្ររបស់យើង ត្រូវការការជួយ។ តាមបណ្តារាជធានីខេត្ត ជាពិសេសរាជធានីភ្នំពេញ ក៏មានកម្មវិធីចុះជួយច្រើន។ ខ្ញុំសូមអរគុណចំពោះរដ្ឋបាលមូលដ្ឋាន ខណ្ឌ រាជធានី រហូតដល់ភូមិ ដែលបានយកចិត្តទុកដាក់សហការល្អ ជួយគាំទ្រដល់ដៃគូ អង្គការជាតិ និងអន្តរជាតិ ដែលជួយកុមារ ស្ត្រី ជនរងគ្រោះ ក៏ដូចជាអង្គការសម្រាប់ជនពិការ និងអ្នកត្រូវការការជួយនានា។
រាជរដ្ឋាភិបាលលើកទឹកចិត្តចំពោះកិច្ចការទាំងអស់នេះ ហើយរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក៏យើងនៅបន្តប្តេជ្ញាចិត្តជួយគាំទ្រដល់សកម្មភាពរបស់ដៃគូ។ អង្គការសង្គមស៊ីវិល អង្គការអន្តរជាតិដែលធ្វើការជាមួយគ្នាជួយដល់ប្រជាពលរដ្ឋ ជាពិសេសនៅសហគមន៍ដែលត្រូវការការជួយ ដូចជាសហគមន៍ក្រីក្រ ឬមួយកុមារ ស្ត្រី ដែលរងគ្រោះបែបនេះ។ យើងប្តេជ្ញាចិត្តបន្តជួយតទៅទៀត។
[ចប់សេចក្តីអធិប្បាយ១]
ជាមួយគ្នានេះ, ខ្ញុំក៏សូមថ្លែងអំណរគុណ ចំពោះគ្រប់ភាគីពាក់ព័ន្ធ ដែលបានជួយជ្រោមជ្រែងដល់អង្គការមូលនិធិកុមារកម្ពុជា ក្នុងការអនុវត្តបេសកកម្មរបស់ខ្លួន។ ប្រសិនគ្មានការជួយជ្រោមជ្រែងទាំងនេះទេ, ពិតណាស់អង្គការមូលនិធិកុមារកម្ពុជា ក៏នឹងមិនអាចសម្រេចបាននូវសមិទ្ធផលជាទីមោទនៈ ដូចសព្វថ្ងៃនេះ នោះទេ។ ជាមួយសមិទ្ធផលនេះ, តាងនាមឱ្យ រាជរដ្ឋាភិបាល, ខ្ញុំសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋនូវការប្តេជ្ញាចិត្តដ៏មោះមុត ក្នុងការប្រយុទ្ធប្រឆាំងចំពោះអំពើរំលោភបំពានគ្រប់រូបភាព សំដៅលើកស្ទួយសុខុមាលភាពប្រជាពលរដ្ឋ, ជាពិសេស ស្រ្តី និង កុមារ ដែលជាជនងាយរងគ្រោះបំផុត។ អាស្រ័យហេតុនេះ, ខ្ញុំសូមអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន, អាជ្ញាធរគ្រប់លំដាប់ថ្នាក់, វិស័យឯកជន, សង្គមស៊ីវិល, ដៃគូអភិវឌ្ឍ, អង្គការជាតិ-អន្តរជាតិ សូមបង្កើនការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើរំលោភបំពានគ្រប់រូបភាពនៅទូទាំងប្រទេសកម្ពុជា។
អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា គឺជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និង អង្គការមូលនិធិកុមារកម្ពុជា។ អង្គភាពការពារកុមារនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ជាមួយគោលបំណងផ្តល់ការជ្រោមជ្រែងគ្រប់ជ្រុងជ្រោយនៅក្នុងកិច្ចការស៊ើបអង្កេត និង កិច្ចការគាំពារកុមាររងគ្រោះ ដោយសារបទល្មើស, បៀតបៀន, កេងប្រវ័ញ្ច និង ជួញដូរ។ លើសពីនេះ, អង្គភាពការពារកុមារ មានចក្ខុវិស័យវែងឆ្ងាយ មានបេសកកម្មច្បាស់លាស់ និង គុណតម្លៃត្រឹមត្រូវ ដែលបាន និង កំពុងដើរតួនាទីជាត្រីវិស័យ សម្រាប់ដឹកនាំអង្គភាពនេះ ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងការគាំពារកុមារកម្ពុជា, តាមរយៈការផ្តល់សេវាកម្មស៊ើបអង្កេត និង សេវាកម្មគាំពារកុមាររងគ្រោះ ដោយសារអំពើរំលោភបំពាននានា។
លើសពីនេះ, ការដាក់ឱ្យដំណើរការ «មណ្ឌលផ្កាឈូក» នាពេលនេះ គឺជាគំនិតផ្តួចផ្តើមថ្មីមួយ និង មិនធ្លាប់មាន សម្រាប់ផ្តល់ ការថែទាំ, ការគាំពារ, ការការពារ និង ការស្តារនីតិសម្បទាជូនដល់ជនរងគ្រោះដោយសារអំពើរំលោភបំពាន, និង មានលក្ខណៈពិសេសតែមួយគត់ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារ «មណ្ឌលផ្កាឈូក» ផ្តោតសំខាន់លើជនរងគ្រោះ, និង ការប្រើប្រាស់នូវបច្ចេកវិទ្យា និង វិធីសាស្រ្តទំនើប ក្នុង ការស៊ើបអង្កេត, ការស្រាវជ្រាវ និង ការវិភាគបទល្មើស។ ម៉្យាងទៀត, «មណ្ឌលផ្កាឈូក» នឹងដាក់ចេញនូវស្តង់ដាការងារប្រកបដោយឧត្តមភាពខ្ពស់, ទាំងនៅកម្រិតតំបន់ និង សកល, ស័ក្តិសមជាមណ្ឌលគាំពារកុមារគំរូនិងមានការទទួលស្គាល់ជាអន្តរជាតិ។
រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកុមារជាអ្នកបន្តវេនរបស់ប្រទេសជាតិ ដូចពាក្យស្លោកថា «កុមារជាទំពាំងស្នងឫស្សី» និង «កុមារជាសសរទ្រូងសម្រាប់ប្រទេសជាតិ», ព្រមទាំងបានផ្តល់សច្ចាប័នអន្តរជាតិជាច្រើន ជាអាទិ៍ (១). អនុសញ្ញាស្តីពីសិទ្ធិកុមារនៅឆ្នាំ១៩៩២, (២). អនុសញ្ញាលេខ១៣៨ ស្តីពីការកម្រិតអាយុអប្បបរមាសម្រាប់ការចូលធ្វើការនៅឆ្នាំ១៩៩៩, (៣). ពិធីសារបន្ថែមស្តីពីការចូលរួមរបស់កុមារក្នុងជម្លោះប្រដាប់អាវុធ និង(៤). ពិធីសារស្តីពី ការជួញដូរកុមារ ការធ្វើពេស្យាកម្មកុមារ និងរូបភាពអាសអាភាសកុមារ នៅឆ្នាំ២០០២, (៥). អនុសញ្ញាលេខ១៨២ ស្តីពី ការហាមប្រាម និង សកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ នៅឆ្នាំ២០០៥, និង (៦). អនុសញ្ញាក្រុងឡាអេស្តីពីការការពារកុមារ និងសហប្រតិបត្តិការទាក់ទងនឹងស្មុំកូនអន្តរប្រទេស នៅឆ្នាំ២០០៧ ជាដើម។
តែទោះជាយ៉ាងណាកុមារកម្ពុជានៅតែជួបបញ្ហាប្រឈមមួយចំនួន ដូចជា អំពើហិង្សាលើកុមារ, ការកេងប្រវ័ញ្ច និង ការជួញដូរកុមារ, ការប្រើប្រាស់គ្រឿងញៀន និង សារធាតុញៀន, កុមារបម្លាស់ទី, កុមាររងផលប៉ះពាល់ដោយសារការធ្វើចំណាកស្រុក, កុមារបោះបង់ការសិក្សា, កុមារកង្វះអាហាររូបត្ថម្ភ ជាដើម។
ការណ៍នេះ ទាមទារឱ្យ ក្រសួង-ស្ថាប័ន អាជ្ញាធរគ្រប់ជាន់ថ្នាក់ អង្គការសង្គមស៊ីវិល វិស័យឯកជន សហគមន៍ ព្រមទាំង អាណាព្យាបាល រួមគ្នាដោះស្រាយឱ្យបានទាន់ពេល និង ចំគោលដៅ។
ក្នុងន័យនេះ, រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និង លិខិតបទដ្ឋានគតិយុត្តជាច្រើន ដើម្បីគំាពារ និង លើកកម្ពស់សុខុមាលភាព កុមារកម្ពុជា។ ជាក់ស្តែង, រាជរដ្ឋាភិបាលបានបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្នុងឆ្នាំ២០០៩ និង ដាក់ចេញនូវគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩ ក្នុងឆ្នាំ២០២០ និង ថ្មីៗនេះ បានដាក់ចេញផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នំា២០២៥-២០៣០។ ក្នុងនោះ, ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បាន និង កំពុង ដើរតួនាទីជាយន្តការសម្របសម្រួល និង ផ្តល់យោបល់ជូនរាជរដ្ឋាភិបាល លើការងារទាក់ទងនឹងការរស់រានមានជីវិត, ការអភិវឌ្ឍ, ការការពារ, ការលើកកម្ពស់សុខុមាលភាព និង ការចូលរួមចំណែក របស់កុមារ។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩ ជាមួយ ចក្ខុវិស័យ «ធានាឱ្យកុមារគ្រប់រូបនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទទួលបានសិទ្ធិស្មើៗគ្នា ដូចមានចែងនៅក្នុងអនុសញ្ញាស្តីពីសិទ្ធិកុមារ និង ពិធីសារបន្ថែម, មានសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបាននូវការការពារ សិទ្ធិអភិវឌ្ឍ និង សិទ្ធិចូលរួម។», និង គោលបំណង «ពង្រឹងការអនុវត្តប្រព័ន្ធកិច្ចការពារកុមារមានលក្ខណៈគ្រប់ជ្រុងជ្រោយ និង ប្រទាក់ក្រឡាគ្នា ពីគ្រប់ភាគីពាក់ព័ន្ធ សំដៅឆ្លើយតបទៅនឹងកិច្ចការពារកុមារពីការរំលោភបំពាន និង ការកេងប្រវ័ញ្ចគ្រប់ទម្រង់ ដើម្បីជាឧត្តមប្រយោជន៍របស់កុមារ»។
ក្នុងគោលបំណងចូលរួមលើកកម្ពស់សុខុមាលភាព និង ដោះស្រាយបញ្ហាប្រឈមរបស់កុមារកម្ពុជា ឱ្យបានឆាប់រហ័ស និង ចំគោលដៅ, ខ្ញុំសូមផ្តល់ជាអនុសាសន៍មួយចំនួន ដូចខាងក្រោម៖
ទី១. ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និង ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តសិក្សាស្រាវជ្រាវ ដើម្បីអភិវឌ្ឍច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកិច្ចការពារកុមារ ឱ្យបានគ្រប់ជ្រុងជ្រោយ និង ឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា។ ទន្ទឹមនេះ, ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ, ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ, សំដៅពង្រឹងការអនុវត្តប្រកបដោយសហថាមពលព្រមគ្នា និង មានសង្គតិភាពជាមួយគ្នា ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។
ទី២. ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ត្រូវបន្តសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ជំរុញការរៀបចំ និង ការអនុវត្តប្រព័ន្ធកិច្ចការពារកុមារ ឱ្យមានលក្ខណៈប្រទាក់ក្រឡាជាពហុវិស័យ ទៅតាមប្រភេទកិច្ចការពារនីមួយៗ នៅគ្រប់រចនាសម្ព័ន្ធពាក់ព័ន្ធនឹងកុមារ តាមរយៈ ការកំណត់នូវអាទិភាពនៃកិច្ចការពារតាមលក្ខណៈភូមិសាស្រ្ត, ការកំណត់នូវអាទិភាពនៃកិច្ចការពារតាមវ័យ ភេទ និង ក្រុមគោលដៅ, និង ការកំណត់នូវអ្នកទទួលខុសត្រូវនាំមុខ និង អ្នកទទួលខុសត្រូវពាក់ព័ន្ធ ឱ្យមានលក្ខណៈជាប្រព័ន្ធ។
ទី៣. ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ត្រូវបន្តសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ជំរុញការកសាងធនធានមនុស្ស, ទាំងផ្នែកសមត្ថភាពក្នុងការអនុវត្តច្បាប់ និង ទាំងចំនួននៅគ្រប់រចនាសម្ព័ន្ធពាក់ព័ន្ធ សម្រាប់កិច្ចការពារកុមារ, ជាពិសេស នៅតាមឃុំ សង្កាត់ និង ភូមិ តាមរយៈ ការអប់រំ, ការបណ្តុះបណ្តាល, ការផ្សព្វផ្សាយ និង ការកៀរគរធនធានពីគ្រប់ប្រភព សម្រាប់គាំទ្រដល់សកម្មភាពខាងលើ និង ទ្រទ្រង់ជីវភាពសកម្មជន។
ទី៤. ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ត្រូវបន្តសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ លើកកម្ពស់ការយល់ដឹង និង ការផ្លាស់ប្តូរឥរិយាបថសង្គម ក្នុងការប្រព្រឹត្តបែបវិជ្ជមានចំពោះកុមារនៅគ្រប់ទីកន្លែង តាមរយៈ ការលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនទូទៅ និង ក្រុមគោលដៅ អំពីការទប់ស្កាត់ភាពងាយរងគ្រោះរបស់កុមារ និង វិធីសាស្រ្តសម្រាប់ដោះស្រាយ និង ទប់ស្កាត់ ប្រកបដោយប្រសិទ្ធភាព។
ទី៥. ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តរួមគ្នា ផ្តល់កិច្ចការពារកុមារឱ្យសមស្របតាមស្ថានភាពជាក់ស្តែង តាមរយៈ ការកាត់បន្ថយបញ្ហាប្រឈមជាអាទិភាពរបស់កុមារ ដូចជា ការធ្វើពលកម្មធ្ងន់ធ្ងរ ចំណាកស្រុក គ្រឿងញៀន ភាពអនាថា ពិការភាព អំពើហិង្សា ការជួញដូរ និង ទំនាស់, និង ការអនុវត្តកិច្ចការពារជាប្រព័ន្ធ។
ជាទីបញ្ចប់, ជាមួយនឹងការប្រកាស «ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលផ្កាឈូករបស់អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា», ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃអង្គពិធី, សូមមានសុខភាពល្អបរិបូណ៌ សុភមង្គលក្នុងគ្រួសារ និងសម្រេចបានជោគជ័យលើគ្រប់ភារកិច្ចការងារ និង សូមប្រកប ដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ២]
ថ្ងៃនេះក៏មានសម្រាប់ជូនក្រុមយុវជនកាយាឬទ្ធិកម្ពុជា កាកបាទក្រហម សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនមូលដ្ឋាន យុវជនមូស្លីមកម្ពុជា យុវជនសមាគមនារីដើម្បីការអភិវឌ្ឍ យុវជនបញ្ញវ័ន្តក្មេងវត្ត យុវជនសមាគមរាជសី និងយុវជនស្រឡាញ់សន្តិភាព ៨៨០ នាក់ ម្នាក់ៗថវិកា ២ ម៉ឺនរៀល។ ជូនបុគ្គលិកអង្គការមូលនិធិកុមារកម្ពុជា ២៣០ នាក់ ម្នាក់ៗថវិកា ១០ ម៉ឺនរៀល។ មណ្ឌលផ្កាឈូកនៃអង្គការមូលនិធិកុមារកម្ពុជា ថវិកា ២០ លានរៀល។ ជូនសាលាក្រុងតាខ្មៅ ថវិកា ២ លានរៀល។ ជូនគ្រូពេទ្យប្រចាំការនៅអង្គពិធី ថវិកា ៥ លានរៀល។ ហើយជូនក្រុមតន្ត្រីសម័យថវិកា ១០ លានរៀលផងដែរ។
តាមរយៈ Scott Nesson ក៏សូមផ្តាំផ្ញើសួរសុខទុក្ខក្មួយៗ ទៅកូនៗនៅទីនោះ ជាពិសេសលោកយាយៗផង។ ថ្ងៃមុនជំពាក់គាត់ ឥឡូវដូចសងហើយ។ បានទៅគូលេន ទៅកោះកុង។ ឥឡូវដូចទៅប៉ុន្មានគោលដៅទៀតទេ លោកយាយៗ គាត់ដើរឆ្ងាយជាងក្មេងៗ។ ឥឡូវនៅជំពាក់នៅណាទៀត? ដូចទៅកោះកុង។ ចង់ទៅមើលឃុនឆាងឃុនផែន។ កោះកុងទៅហើយៗ។ អញ្ចឹងចាំផ្តាំសួរសុខទុក្ខផង។ ថ្ងៃណាចាំឆ្មក់ទៅលេង។
ដោយសារអង្គការជួយច្រើនសម្រាប់សហគមន៍ ចាប់ពីខែ៨ ទៅ គឺសុំផ្តល់ជូនមណ្ឌលក្នុងមួយខែអង្ករ ១តោន ហើយថវិកា ៥លានរៀលផង សំរាប់បន្ថែមទៅសហគមន៍។ កន្លងទៅក៏បានផ្តល់ច្រើនតាមសាលា តាមអង្គការផ្សេងៗ និងអង្គការមូលនិធិកុមារ។ សកម្មភាពផ្សេងទៀតនឹងបន្ត។ និយាយរួមមានតែកន្លែងហ្នឹងមួយទេ ដែលស្គាល់គ្រួសារខ្ញុំច្រើនជាងខ្ញុំ។ ឥឡូវគេហៅម៉ែ។ កូនច្រើនណាស់។ នៅផ្ទះកូនតែ៣ ទេ ទៅដល់ហ្នឹងកូនជាងមួយពាន់។ ទៅដល់គេសួរថា ពូណាដើរជាមួយម៉ែហ្នឹងចាស់ម្ល៉េះ? មកពីភ្លេចលាបសក់។
(៥) តាំងពីឆ្នាំ១៩៧៩ រដ្ឋាភិបាលធ្វើសហប្រតិបត្តិការជាអង្គការជាដៃគូ ដែលធ្វើការងារជាក់ស្តែងជួយដល់ប្រជាពលរដ្ឋគ្រប់វិស័យ
អញ្ចឹងអរគុណ ហើយក៏សូមអរគុណសាជាថ្មីជូនទៅដល់លោក ចេមស៍ ម៉ាខេប(James McCabe) ដែលមានចក្ខុវិស័យក្នុងការរៀបចំ … យើងថាបើមើល ១២ឆ្នាំ ពីឆ្នាំ ២០១៣មក … ជាសកម្មភាពជាក់ស្តែង។ ដើម្បីបង្កើតបានដូចនេះ ទាមទារការដាក់ចិត្តគឺ commitment ហើយការលះបង់ច្រើន។ ខ្ញុំសូមអរគុណចំពោះការចូលរួម ក៏ដូចជាអង្គការដៃគូជាច្រើន ដែលធ្វើសកម្មភាពជួយសហគមន៍ ជួយទៅដល់ប្រជាពលរដ្ឋគ្រប់រូបភាពនៅកម្ពុជា។ រាជរដ្ឋាភិបាលសូមស្វាគមន៍។ អ្នកខ្លះថារាជរដ្ឋាភិបាលមានបញ្ហាជាមួយអង្គការ(ក្រៅរដ្ឋាភិបាល)។ មិនដូច្នោះទេ។ តាំងពីចេញពីរបប ប៉ុល ពត មក គឺតាំងពីឆ្នាំ១៩៧៩ ឬទសវត្សឆ្នាំប៉ែតសិប មានអង្គការសង្គមស៊ីវិលច្រើន អង្គការពិភពលោកក៏បានមកជួយដូចជា World Version ជាដើម ហើយក៏កំពុងតែបន្តធ្វើសហប្រតិបត្តិការ ជាពិសេសអង្គការដៃគូដែលធ្វើការងារពិត ធ្វើការជាក់ស្តែងជួយដល់ប្រជាពលរដ្ឋ ជួយដល់គ្រប់វិស័យរបស់កម្ពុជា។ រាជរដ្ឋាភិបាលនៅតែចាត់ទុកថាជាដៃគូពិសេស និងបន្តសហការ និងគាំទ្រ នេះគឺជាការប្តេជ្ញាចិត្តរបស់យើង។ សូមជូនពរទាំងអស់គ្នា។ អញ្ចឹងសូមជម្រាបលាផង។ សូមអរគុណ៕