[ចាប់ផ្តើមសេចក្តីអធិប្បាយ]
មុននឹងថ្លែងសុន្ទរកថា ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គពិធីទាំងមូល សូមមេត្តាក្រោកឈរបន្តិច ដើម្បីយើងធ្វើពិធីស្មឹងស្មាធិ៍ គោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះនៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ សូមអង្គពិធីទាំងមូលសង្រួម។ បាទសូមអរគុណ។ ត្រូវ MC អ្នកហៅ ប៉ុន្តែ MC មេក្រូអត់ឮ ខ្ញុំហៅជំនួសចុះ។
[ចប់សេចក្តីអធិប្បាយ]
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល
ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី បងប្អូន–ជនរួមជាតិ សិស្សានុសិស្ស ជាទីគោរពស្រឡាញ់!
ថ្ងៃនេះ ខ្ញុំនិងភរិយា មានមោទនភាព និងសេចក្តីរីករាយ ដោយបានចូលរួមក្នុងពិធីអបអរសាទរ ព្រឹត្តិការណ៍ ចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិក ភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ថ្មីមួយទៀតក្នុងប្រវត្តិសាស្ត្រជាតិយើង។
ខ្ញុំសូមយកឱកាសនេះ សំដែងនូវការកោតសរសើរចំពោះ ក្រុមការងារនៃក្រសួងវប្បធម៌និង វិចិត្រសិល្បៈ សមាជិក-សមាជិកានៃគណៈកម្មការអន្តរក្រសួង អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ដែលបានខិតខំព្យាយាមលះបង់កម្លាំងកាយ ប្រាជ្ញា និង ស្មារតី ប្រកបដោយភាពប៉ិនប្រសប់ និង វិជ្ជាជីវៈខ្ពស់ ដោយសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់ ដែលយើងគ្រប់រូប កំពុងអបអរសាទរ នាឱកាសនេះ។
ជោគជ័យនៃការចុះបញ្ជីទីតាំងទាំងបី នៃ «បូជនីយដ្ឋានចងចាំនៃកម្ពុជា» ដែលរួមមាន អតីតមន្ទីរឃុំឃាំង ម-១៣ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ស-២១ និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយបានធ្វើការណែនាំកាលពីថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៩ ឱ្យក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងស្ថាប័នពាក់ព័ន្ធ សិក្សាបញ្ចូលទីតាំង សារមន្ទីរទួលស្លែង ស-២១ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ដើម្បីទុកជាកេរមរតកប្រវត្តិសាស្ត្រនៃការចងចាំ សម្រាប់កូនចៅជំនាន់ក្រោយ។
តាមរយៈ អនុសាសន៍ដ៏ខ្ពង់ខ្ពស់នេះ ក្រសួងវប្បធម៌ និង វិចិត្រ-សិល្បៈ បានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ អ្នកជំនាញជាតិ-អន្តរជាតិ និងអង្គការយូណេស្កូ ដើម្បីសិក្សា ស្រាវជ្រាវ និងចងក្រងឯកសារបច្ចេកទេស ទៅតាមនីតិវិធីនៃក្រមប្រតិបត្តិរបស់អនុសញ្ញាឆ្នាំ១៩៧២ ហើយសម្រេចបានលទ្ធផលដ៏ត្រចះត្រចង់ជាមួយនឹងការវាយតម្លៃខ្ពស់ពីស្ថាប័នជំនាញ អន្តរជាតិ ICOMOS (អាយកូម៉ូស) និង ICCROM(អាយស៊ីស៊ី-រម) គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដោយទទួលស្គាល់ នូវតម្លៃលេចធ្លោជាសកលនៃ “បូជនីយដ្ឋានចងចាំនៃកម្ពុជា ៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និង សន្តិភាព” ហើយធ្វើការចុះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅទីក្រុងប៉ារីស កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នំា២០២៥ កន្លងទៅនេះ។
ឆ្លៀតក្នុងឱកាសដ៏បវរមហាប្រសើរនេះ ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាត សម្តែងនូវអំណរព្រះគុណដ៏ជ្រាលជ្រៅវិសេសបំផុត ថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ-កម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និង សុភមង្គល ដែលព្រះអង្គទាំងទ្វេ ទ្រង់តែងតែប្រោសព្រះរាជទាននូវការគាំទ្រយ៉ាងពេញទំហឹងជានិច្ច ចំពោះគ្រប់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីបុព្វហេតុជាតិ និងមាតុភូមិកម្ពុជា។
ខែកក្កដា បានក្លាយជាវេលាមួយ ដែលមានអត្ថន័យយ៉ាងធំធេង សម្រាប់ជាតិយើង ដោយហេតុថា ក្នុងខែនេះ សម្បត្តិបេតិកភណ្ឌជាតិចំនួន ៣ បានត្រូវទទួលស្គាល់ និង ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ៖
១. ប្រាសាទព្រះវិហារ, ថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០០៨ ។
២. តំបន់ប្រាសាទសំបូរព្រៃគុក, ថ្ងៃទី៨ ខែ កក្កដា ឆ្នាំ២០១៧។
៣. “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌល ផ្សះផ្សា និង សន្តិភាព” ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១១ខែកក្កដា ឆ្នាំ ២០២៥ នេះ។
នយោបាយឈ្នះឈ្នះ និងការលះបង់ដ៏ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហា-សេនាបតីតេជោ ហ៊ុន សែន បានបិទបញ្ចប់ជាស្ថាពរនូវរបបប្រល័យពូជសាសន៍ និង សង្គ្រាមនានាដែលរមែងកើតមាននិងញាំញីជាហូរហែក្នុងប្រវត្តិសាស្ត្រជាតិយើង នា-អំឡុងជាង ៥០០ ឆ្នាំចុងក្រោយកន្លងមកនេះ ។ រាជរដ្ឋាភិបាលកម្ពុជា បានបន្តបេសកកម្មក្នុងការស្វែងរកយុត្តិធម៌ និងការទទួលស្គាល់ឧក្រិដ្ឋកម្មរបស់ខ្មែរក្រហមពីសហគមន៍អន្តរជាតិ តាមរយៈ ជោគជ័យនៃការបង្កើតសាលាក្ដីខ្មែរក្រហម ដែលបានដំណើរការរយៈពេល ១៦ ឆ្នាំ(២០០៦ ដល់ ២០២២) ដើម្បីកាត់ទោសមេដឹកនាំខ្មែរក្រហម និងនាំយកយុត្តិធម៌ជូនជនរងគ្រោះ។
ពី “វាលពិឃាដ” មកជាទឹកដីនៃសន្តិភាពការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង សន្តិភាព” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាពេលនេះ មានតម្លៃយ៉ាងជ្រាលជ្រៅក្នុងជម្រៅចិត្តរបស់ប្រជាជនខ្មែរគ្រប់ៗរូប និងមានសារៈសំខាន់បំផុតក្នុងសា្មរតីចងចាំជាសកល មិនចំពោះតែប្រជាពលរដ្ឋកម្ពុជានោះឡើយ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូល។ ព្រឹត្តិការណ៍ថ្ងៃនេះ គឺជាការគោរពរំឭកដល់ជនរងគ្រោះទាំងឡាយនៃអតីតកាលដ៏ឈឺផ្សារបស់កម្ពុជា ប៉ុន្តែក៏ជាភស្តុតាងនៃការប្តូរផ្តាច់ការពារដ៏មុតមាំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះអនាគតយុវជនជំនាន់ក្រោយ ទាំងពេលបច្ចុប្បន្ន និង ទៅអនាគត ដើម្បីធានាជាអមតៈនូវស្មារតីចងចាំ ការរៀនសូត្រពី មេរៀនប្រវត្តិសាស្ត្រ និង ការថែរក្សាសន្តិភាព ដែលជារតនវត្ថុមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជាតិនិងប្រជាជនយើង។
“បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ដែលធ្លាប់ជាស្លាកស្នាមនៃក្តីឈឺចាប់ ភ័យខ្លាចរបស់ប្រជា-ជាតិកម្ពុជា បានប្រែក្លាយនាពេលនេះ ទៅជាលម្ហនៃភាពប្រសព្វមុខមួយនៃការសន្ទនា ការយោគយល់ អត់ឱន ផ្សះផ្សា និង សន្តិភាព។ ព្រឹត្តិការណ៍ថ្ងៃនេះ បានរំឭកមនុស្សគ្រប់ៗរូបថា ថ្វីដ្បិតតែក្នុងខណៈណាមួយ ដែលខ្មៅងងឹតបំផុតក្នុងជីវិត ឬ ប្រវត្តិសាស្ត្ររបស់ខ្លួនក្តី ក៏មនុស្សជាតិរមែងអាចងើបឈរឡើងវិញបាន ផ្សះផ្សាការបែកបាក់ និងការឈឺចាប់ហើយប្រឹងប្រែងកសាងសាជាថ្មី ។ ក្នុងន័យនេះ កម្ពុជាគឺជាភស្តុតាងដ៏រស់រវើកមួយ ដែលមានតម្លៃជាសកល និងជាគំរូ សម្រាប់មនុស្សជាតិ និងពិភពលោក ដោយក្នុងនោះសន្តិភាពគឺជាមូលដ្ឋាន និងជាកត្តាចំបង។ កម្ពុជាសង្ឃឹមជឿជាក់ថា «បូជនីយដ្ឋានចងចាំនៃកម្ពុជា»នឹងក្លាយជាផ្នែកមួយនៃការចងចាំជាសកល ហើយក៏ជាទីតាំងដែលមជ្ឈដ្ឋានអន្តរជាតិទូទាំងសកលលោក បានយល់កាន់តែច្បាស់ពីទុក្ខលំបាករបស់ប្រជាជនកម្ពុជា ក្នុងពេលអតីតកាល ព្រមទាំងភាពរឹងមាំរបស់ប្រជាជនកម្ពុជា ក្នុងការកសាងសន្តិភាពនិងការអភិវឌ្ឍ ក្រោមពាក្យស្លោក “អរគុណសន្តិភាព”។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងនូវអំណរគុណចំពោះអង្គការយូណេស្កូ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ស្ថាប័ន ICOMOS (អាយកូម៉ូស) និង ICCROM (អាយស៊ីស៊ី-រម) អ្នកជំនាញជាតិ-អន្តរជាតិ អ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ អ្នកសិក្សាស្រាវជ្រាវនានា ដែលបានលះបង់ ពេលវេលា កម្លាំងកាយចិត្តស្មារតីដើម្បីរក្សាការពារទីតាំងទាំងបីនេះ ក៏ដូចជាទីតាំងឧក្រិដ្ឋកម្មដទៃៗទៀត ដែលជាសាក្សីនៃសេចក្តីពិតរបស់ប្រវត្តិសាស្ត្រមួយដែលបន្តរំឭក ជាអមតៈក្នុងសតិសម្បជញ្ញៈរបស់មនុស្សជាតិទាំងមូលក្នុងការរក្សាដាច់ខាតនូវភាពថ្លៃថ្នូរដ៏ខ្ពង់ខ្ពស់របស់មនុស្សជាតិ ។ ការចុះបញ្ជីបេតិកភណ្ឌពិភពលោកនៃ «បូជនីយដ្ឋានចងចាំនៃកម្ពុជា» នាពេលនេះ គឺជាជ័យជម្នះនៃការចងចាំនៅលើការបំភ្លេច ជាជ័យជម្នះនៃសន្តិភាពទៅលើភាពឃោរឃៅ និងជាជ័យជម្នះនៃការផ្សះផ្សាទៅលើការបំផ្លិចបំផ្លាញនៃសង្គ្រាម និង ឧក្រិដ្ឋកម្មនានា។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធនានា ត្រូវយកចិត្តទុកដាក់ ថែរក្សាទីតាំង «បូជនីយដ្ឋានចងចាំនៃកម្ពុជា» នេះឱ្យបានគង់វង្សជាយូរអង្វែងតទៅ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកសម័យថ្មីមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា ។
សម្រាប់យុវជនជំនាន់ក្រោយ ខ្ញុំសូមគូសបញ្ជាក់ថា ទីតាំងនេះ មិនមែនជាអតីតកាលសម្រាប់តែអ្នកជំនាន់មុន ដែលឆ្លងកាត់របបខ្មៅងងឹតនោះឡើយ ទីតាំងនេះ ក៏ជាកម្មសិទ្ធិរបស់យុវជនជំនាន់ក្រោយផងដែរ សូមសិក្សារៀនសូត្រពីទីនេះ សូមក្លាយខ្លួនជាអ្នកថែរក្សាការពារអនាគតរបស់កម្ពុជាមួយ ប្រកបដោយកម្លាំងរួបរួម ជាមួយថាមពលដ៏ខ្លាំងក្លា និងឆន្ទៈដ៏មុតស្រួច ដើម្បីសេរីភាព អធិបតេយ្យ និង បូរណភាពទឹកដី ដ៏ពេញលេញ នៃមាតុភូមិយើង ដែលជាមូលដ្ឋានរឹងមាំបំផុត សម្រាប់ការធានាបានសុខសន្តិភាព និង ការអភិវឌ្ឍរបស់ប្រជាជាតិ និង ប្រជាជនយើង ។
ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណ និង វាយតម្លៃខ្ពស់ ចំពោះក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ គណៈកម្មការអន្តរក្រសួង ក្រុមការងារបច្ចេកទេស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេស សាលារាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង និង ខេត្តកំពង់ស្ពឺ ព្រមទាំងភាគីអន្តរជាតិ ជាអាទិ៍៖ ការិយាល័យអង្គការយូណេស្កូភ្នំពេញ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក (WHC) ស្ថាប័នជំនាញអន្តរជាតិ ICOMOS (អាយកូម៉ូស) និង ICCROM (អាយស៊ីស៊ី-រម) អង្គការ KOICA អង្គការ GIZ-CPS អ្នកជំនាញឯកទេស ព្រមទាំងឥស្សរជនទាំងឡាយ ដែលបានគាំទ្រចំពោះដំណើរការរៀបចំឯកសារចុះបញ្ជី “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង សន្តិភាព” រហូតទទួលបានជោគជ័យគួរជាទីមោទនៈ។
ខ្ញុំក៏សូមអរគុណដល់ក្រុមការងារដែលបានចូលរួមរៀបចំ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវព្រឹត្តិការណ៍នាពេលនេះ ជាពិសេស សហភាពសហព័ន្ធយុវជនកម្ពុជា ដែលជានិច្ចកាលបានដើរតួជាកម្លាំងស្នូលនៅគ្រប់ព្រឹត្តិការណ៍ និងទាក់ទាញនូវឆន្ទៈដ៏មោះមុតនូវស្មារតីស្នេហាជាតិ ប្រកបដោយការលះបង់ខ្ពស់របស់យុវជនកម្ពុជាគ្រប់ ស្រទាប់វណ្ណៈ កងកម្លាំងប្រដាប់អាវុធគ្រប់ៗរូប ដែលត្រៀមគ្រប់ៗពេល ដើម្បីរក្សាការពារអធិបតេយ្យ និង បូរណភាពទឹកដី ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ សិល្បករ សិល្បការិនី បណ្ដាញសារព័ត៌មាន និង ជនរួមជាតិទាំងអស់ ដែលមានវត្តមាននៅទីនេះក្តី និង នៅតាមគេហដ្ឋានក្តី ក្នុងនាម «ខ្មែរតែមួយ»។
ខ្ញុំសូមអរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបងប្អូនជនរួមជាតិ ទាំងព្រះសង្ឃ ទាំងគ្រហស្ថ សិស្ស-និស្សិត ក៏ដូចជាបណ្តាបក្សនយោបាយ សង្គមស៊ីវិល ដែលបានចូលរួមអបអរសាទរយ៉ាងសកម្ម នៅទូទាំងប្រទេស តាមគ្រឹះស្ថានសិក្សា ស្ថាប័នរដ្ឋ និង ឯកជន ដោយបានរួមគ្នាវាយគង ទូងស្គរ ទះប៉ោត វាយរគាំង ដើម្បីជាការបំផុសបន្ថែមនូវជំហរប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និង ដើម្បីរំឭកអំពីភាពចាំបាច់នៃការរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្សជាមរតកសម្រាប់ជនជំនាន់ក្រោយ។
ជាទីបញ្ចប់ ជាមួយនឹងការអបអរសាទរព្រឹត្តិការណ៍ចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជាពី ទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង សន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នាពេលនេះ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី, បងប្អូនជនរួមជាតិ, សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាត៕