អរគុណសន្តិភាព!
អរគុណនយោបាយឈ្នះ–ឈ្នះ!
ដឹងគុណស្ថាបនិក មគ្គុទេ្ទសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ–ឈ្នះ
ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង សមាជិក សមាជិកា រាជរដ្ឋាភិបាល;
សេនានុព័ន្ធ អនុព័ន្ធយោធានានា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា;
គណៈធិបតី ភ្ញៀវកិត្តិយស នាយទាហាន នាយទាហានរង ពលទាហាននៃកងរាជអាវុធហត្ថ អង្គពិធីទាំងមូលជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានមកចូលរួមជាអធិបតីក្នុង «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលរបស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ» ជាមួយនឹង «ការអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥» ។ ការប្រារព្ធខួបលើកទី៣២ នៃការបង្កើតកងរាជអាវុធហត្ថនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ ចារឹក និង ចងចាំនូវ គុណូបការៈ, ការតស៊ូ, ពលិកម្ម និងសមិទ្ធផលដ៏ត្រចះត្រចង់ របស់កងរាជអាវុធហត្ថដែលជាកម្លាំងស្នូលមួយរបស់រាជរដ្ឋាភិបាលសម្រាប់ចូលរួមការពារ និងថែរក្សា សន្តិភាព, សន្តិសុខ, សណ្តាប់ធ្នាប់សង្គម ព្រមទំាងជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងគ្រាអាសន្ន និងគ្រោះមហន្តរាយជាដើម។
ផ្អែកតាមរបាយការណ៍សង្ខេបរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ខ្ញុំសូមធ្វើការកត់សម្គាល់អំពីប្រវត្តិស្នាដៃកសាង, ពង្រឹង និង អភិវឌ្ឍកងរាជអាវុធហត្ថ ជាមួយនឹងការធ្វើការកែទម្រង់, ទំនើបកម្ម និង ការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ រយៈពេល ៣២ឆ្នាំ និងការដង្ហែក្បួនព្យុះហយាត្រាជាសក្ខីភាព ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសកម្មភាពការងារប្រកបដោយឆន្ទៈមោះមុត, អង់អាចក្លាហាន, ស្មារតីទទួលខុសត្រូវខ្ពស់, ព្យាយាមខិតខំប្រឹងប្រែង លះបង់ទាំងកម្លាំងកាយ, កម្លាំងចិត្ត, ទាំងធនធានសម្ភារ, ថវិកា ប្រកាន់ខ្ជាប់ខ្ជួននូវការគោរពច្បាប់, គោរពវិន័យ, ក្រមសីលធម៌ និង វិជ្ជាជីវៈ។
ខ្ញុំសូមអបអរសាទរ និងសូមសម្ដែងការកោតសរសើរ, វាយតម្លៃខ្ពស់ចំពោះ មេបញ្ជាការ មេបញ្ជាការរង, ប្រធាន អនុប្រធានស្ថាប័ន, មេបញ្ជាការអង្គភាពរាជធានី ខេត្ត, នាយកសាលា, នាយទាហាន នាយទាហានរង និង ពលទាហាននៃកងរាជអាវុធហត្ថគ្រប់លំដាប់ថ្នាក់ ដែលបានសាមគ្គីឯកភាពផ្ទៃក្នុងជាធ្លុងមួយ ទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនដោយជោគជ័យគួរជាទីមោទនៈ។ ក្នុងនោះ កងរាជអាវុធហត្ថបានសហការជម្នះរាល់ឧបសគ្គ ប្រកៀកស្មាគ្នា ជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រសួង-ស្ថាប័ន និង អាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធ, តស៊ូប្ដូរផ្ដាច់រក្សា ការពារសន្តិសុខ, សណ្ដាប់ធ្នាប់, សុវត្ថិភាពជូនគណៈប្រតិភូជាតិ-អន្ដរជាតិ កិច្ចប្រជុំតូច-ធំ ពិធីបុណ្យផ្សេងៗ, ទប់ស្កាត់ និង បង្ក្រាបរាល់បទល្មើស, ពង្រឹងការអនុវត្តច្បាប់ កសាងនីតិរដ្ឋ និង ជួយសង្គ្រោះគ្រោះមហន្តរាយនានា ស្របនឹងកម្មវិធីនយោបាយ, គោលនយោបាយ, យុទ្ធសាស្ត្រ និង វិធានការនានា របស់រាជរដ្ឋាភិបាល ជាពិសេស បានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ «ភូមិ, ឃុំ, សង្កាត់មានសុវត្ថិភាព»។
ខ្ញុំនៅតែមានជំនឿយ៉ាងមុតមាំថា កងរាជអាវុធហត្ថ នឹងបន្តប្រតិបត្តិនូវតួនាទីភារកិច្ចឱ្យកាន់តែល្អប្រសើរ និង បន្តធ្វើការកែទម្រង់ និង ទំនើបកម្ម ដើម្បីបង្កើតបាននូវសមិទ្ធផល ស្នាដៃថ្មីៗថែមទៀត ជាមួយនឹងការពង្រឹង និង ការពង្រីកគុណភាពសមត្ថភាពគ្រប់ផ្នែក គ្រប់វិស័យ ប្រកបដោយវីរភាពអង់អាចក្លាហាន ដើម្បីការពារ ថែរក្សា បុព្វហេតុឯករាជ្យ, អធិបតេយ្យ បូរណភាពដែនដី, សុខសន្តិភាព និងការអភិវឌ្ឍជូនសង្គមជាតិ មាតុភូមិយើង។
ជាក់ស្តែង ហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារជាច្រើន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយនេះ ជាសមិទ្ធផលធំសម្បើមសម្រាប់ការអប់រំបណ្ដុះបណ្តាល ហ្វឹកហ្វឺន កម្លំាងកងរាជអាវុធហត្ថ និង កងយោធពលខេមរភូមិន្ទ ព្រមទាំងទទួលរៀបចំព្រឹត្តិការណ៍កិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាមិត្តថែមទៀតផង។ ទាំងនេះគឺជាការគិតគូរយ៉ាងល្អិតល្អន់ ជាយុទ្ធសាស្ត្រក្នុងវិស័យការពារជាតិ និង សន្តិសុខជាតិ ព្រមទាំងជាការរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិផងដែរ។
[ផ្ដើមសេចក្ដីអធិប្បាយ១]
(១) មជ្ឍមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ពីទីវាលទៅជាកន្លែងទទួលហ្វឹកហ្វឺន
ក្នុងរបាយការណ៍របស់ឯកឧត្តម សៅ សុខា ទីនេះទើប(ទទួល)បានគោលការណ៍ (និង)នៅក្នុងការអភិវឌ្ឍរបស់រយៈពេល ១៥ឆ្នាំ បានប្រែក្លាយមុខមាត់ទៅជាកន្លែងដែលមានលទ្ធភាពហ្វឹកហ្វឺនកិច្ចសហប្រតិបត្តិការថ្នាក់អន្តរជាតិ។ សមិទ្ធផលថ្ងៃនេះមានភាពអស្ចារ្យ ប៉ុន្តែបើឃើញកន្លែងនេះតាំងពីដំណាក់កាលដំបូង ហើយប្រៀបធៀបឥឡូវ ការវវត្តន៍មានសភាពកាន់តែអស្ចារ្យ។ ខ្ញុំធ្លាប់មកទីនេះច្រើនដង។ ពីមុន មិនមានស្ថានភាពបែបនេះទេ។ (ទាំងនេះគឺអាស្រ័យដោយ)ការពុះពារ ប្រកបដោយចក្ខុវិស័យរបស់ឯកឧត្តម សៅ សុខា ក៏ដូចជានាយអាវុធហត្ថ និងនាយអាវុធហត្ថរង ពលអាវុធហត្ថទាំងអស់ រួមទាំងអ្នកបានចូលរួមកសាង(កន្លែងនេះ)។ បើសិនជាគ្មានការពុះពារ ការខិតខំប្រឹងប្រែង គ្មានចក្ខុវិស័យវែងឆ្ងាយទេ ទីនេះមិនអាចប្រែក្លាយពីទីវាល ទៅជាកន្លែងដែលមានលទ្ធភាពទទួលការហ្វឹកហ្វឺននោះទេ។ ខ្ញុំសូមកោតសរសើរជាពិសេសចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងឆ្លៀតឱកាសនេះ សូមថ្លែងអំណរគុណចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្ដេចពិជ័យសេនា ទៀ បាញ់, ឯកឧត្តមអគ្គមេបញ្ជាការ, អតីតអគ្គមេបញ្ជាការ, ឯកឧត្តមថ្នាក់ដឹកនាំក្រសួងការពារជាតិ ស្ថាប័នពាក់ព័ន្ធ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន, ឯកឧត្តម វង្សី វិស្សុត, ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំខេត្ត ដែលបានរួមគ្នាជាមួយសប្បុរសជន និងដៃគូទាំងអស់ ដែលបានចូលរួមជួយកសាងសមិទ្ធផលនៅទីនេះ។ បើសិនជាគ្មានការចូលរួម និងជួយជ្រោមជ្រែង ជាពិសេសពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកបដោយចក្ខុវិស័យវែងឆ្ងាយនោះទេ គឺយើងពិបាកធ្វើនៅទីនេះ។
(២) មជ្ឍមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ផ្តល់ការហ្វឹកហ្វឺនមិនសំរាប់តែរាជអាវុធហត្ថ តែក៏សម្រាប់កងយោធពលខេមរភូមិន្ទ ការធ្វើសមយុទ្ធទ្វេភាគី ត្រីភាគី ឬពហុសាសន៍
(សមិទ្ធផលនានា)នេះ គឺជាសមិទ្ធផលរួមដែលកើតចេញពីចក្ខុវិស័យនៃថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ គ្រប់ស្ថាប័នរួមទាំងសប្បុរសជនជាតិអន្តរជាតិ ដៃគូទាំងអស់។ យើងបង្កើតបាននូវសមិទ្ធផល មិនមែនសម្រាប់តែការហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថនៅទីនេះ ប៉ុន្តែជាការហ្វឹកហ្វឺនរួមសម្រាប់កងយោធពលខេមរភូមិន្ទ ក៏ដូចជាអំណោយផលសម្រាប់ការធ្វើសមយុទ្ធ ការហ្វឹកហ្វឺនជាទ្វេភាគី ត្រីភាគី ឬពហុសាសន៍នៅទីនេះ។ ជាក់ស្ដែង យើងបានធ្វើការហ្វឹកហ្វឺន និងសមយុទ្ធប្រចាំឆ្នាំនាគមាសនៅទីនេះ។ ទៅថ្ងៃខាងមុខ ពេលដែលកងទ័ពជើងគោកកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតអាវុធអាស៊ាន ក៏យើងអាចប្រើទីកន្លែងនេះដែរ។ ឯកឧត្តម ម៉ៅ សុផាន់ បានកក់កន្លែងនេះរួចហើយ។ កាលខ្ញុំនៅមេជើងគោក (ពេល)ដល់វេនយើងត្រូវធ្វើជាម្ចាស់ផ្ទះ យើងសុំផ្លោះ។ ឥឡូវ មានទីលានហើយ ឯកឧត្តម ម៉ៅ សុផាន់ មិនមានលេសនៅក្នុងការផ្លោះទេ។ ត្រូវតែរៀបចំ។ (រៀបចំ)ដើម្បីបង្ហាញនូវសក្ដានុពល ក៏ដូចជាលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់កម្ពុជា ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ ទាំងវិស័យការពារជាតិ និងការហ្វឹកហ្វឺនពហុសាស្ត្រ ឬក៏ក្របខ័ណ្ឌអាស៊ាននៅទីនេះ។ (កន្លែង)នេះជាសមិទ្ធផលធំ ដែលខ្ញុំសូមកោតសសើរ និងថ្លែងអំណរគុណជាថ្មី ចំពោះថ្នាក់ដឹកនាំដែលបានចូលរួម(កសាង) ជាពិសេសនាយឧត្តមសេនីយ៍ សៅ សុខា។
[ចប់សេចក្ដីអធិប្បាយ១]
ដោយឡែក ក្រៅពីមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំសែនរីករាយនេះ ខ្ញុំក៏បានកត់សម្គាល់ឃើញថា មានការសាងសង់សំណង់ ហេដ្ឋារចនាសម្ព័ន្ធនៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល នៅបន្ទាយកងអន្តរាគមន៍កងរាជអាវុធហត្ថ និង តាមបណ្តាបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ស្នាក់ការសន្តិសុខ ដូចជា អគារធ្វើការ និង អគារស្នាក់នៅ ទៅតាមប្លង់ស្ថាបត្យកម្មឯកភាពផងដែរ។ លើសពីនេះ, ការងារបំពាក់មធ្យោបាយ យុទ្ធោបករណ៍ ក្រៅពីគោលរបបកងរាជអាវុធហត្ថ ក៏បានម្ចាស់ការទិញបំពាក់ទាន់សភាពការណ៍នៃការវិវត្តរបស់ប្រទេសជាតិដូចយើងបានឃើញនៅក្នុងក្បួនព្យុះហយាត្រាអម្បាញ់មិញនេះ។
ការបង្កើតកងរាជអាវុធហត្ថឡើង គឺដើម្បីចូលរួមចំណែកការពារសន្តិសុខ, សណ្តាប់ធ្នាប់, ទប់ស្កាត់បទល្មើសយោធា, បង្ក្រាបបទល្មើសព្រហ្មទណ្ឌ សហការជាមួយក្រសួង-ស្ថាប័ននានា ពង្រឹងការអនុវត្តច្បាប់ និង ជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយផ្សេងៗ។ កងរាជអាវុធហត្ថ គឺជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ ដែលត្រូវបានធ្វើការអប់រំ ហ្វឹកហ្វឺន បណ្ដុះបណ្ដាលនូវជំនាញវិជ្ជាជីវៈកងរាជអាវុធហត្ថ និង ជំនាញយោធា។ ដូច្នេះ កងរាជអាវុធហត្ថ មានតួនាទីយ៉ាងសំខាន់ ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដី ជាខឿនការពារជាតិ និង ខឿនសន្តិសុខជាតិ។ កិច្ចការពារជាតិ គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំងឡាយ ដែលរាជរដ្ឋាភិបាលតែងតែគិតគូរយកចិត្តទុកដាក់ ដើម្បីធានានូវសន្តិភាព, ស្ថិរភាព, សន្តិសុខ និង លើកតម្កើងកិត្យានុភាព នៃព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ។
ត្រង់ចំណុចនេះ ខ្ញុំចង់គូសបញ្ជាក់ថា ប្រទេសកម្ពុជាយើងធ្លាប់បានទទួលរងការឈ្លានពានពីបរទេស សង្គ្រាមជាច្រើនទសវត្សរ៍ និង អំពើប្រល័យពូជសាសន៍ ត្រូវគេហ៊ុមព័ទ្ធ និង ឯកោ និងត្រូវគេប្រមាថមើលងាយពីអតីតកាល។ បច្ចុប្បន្ននេះ កម្ពុជាបានងើបឈរឡើងវិញប្រកបដោយភាពស្មើមុខ ស្មើមាត់ ជាមួយបណ្ដាប្រទេសទាំងក្នុងតំបន់ និង ពិភពលោក។ យើងត្រូវការបំផុតនូវសន្តិភាព, មិត្តភាព, កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ យើងគ្មាននយោបាយ និង ជំហរអមិត្តជាមួយប្រជាជាតិណាមួយឡើយ ប៉ុន្តែសកម្មភាពវាយប្រហារខុសច្បាប់ដោយកងទ័ពថៃមកលើកងទ័ពកម្ពុជាកាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ នៅតំបន់មុំបីក្នុងទឹកដីកម្ពុជា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យ និង បូរណភាពទឹកដីរបស់កម្ពុជា។ ព្រឹត្តិការណ៍នេះ, បានឆ្លុះបញ្ចាំងអំពីភាពច្រំដែលនៃប្រវត្តិសាស្ត្រ ទោះបីជាកម្ពុជាមានសុឆន្ទៈក្នុងការដោះស្រាយបញ្ហាយ៉ាងណាក្តី។ រាជរដ្ឋាភិបាលនៅតែប្រកាន់ជំហរម៉ឺងម៉ាត់ច្បាស់លាស់ ក្នុងការយកបញ្ហាប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច, ប្រាសាទតាក្របី និង តំបន់មុំបី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
កម្ពុជាបានបាត់បង់ទឹកដីរបស់ខ្លួនច្រើនណាស់ហើយ ដោយសារការឈ្លានពានដណ្ដើមយកពីបរទេស។ យើងប្ដូរផ្តាច់ការពារបូរណភាពទឹកដីបច្ចុប្បន្ន ដែលបន្សល់ទុកបន្ទាប់ពីសម័យអាណានិគមនិយមឱ្យគង់វង្ស ស្ថិតស្ថេរជានិរន្តរមិនឱ្យបាត់បង់ សូម្បីតែមួយចំណែកតូចណាក្តី។ ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងមូល រួមសាមគ្គីជាមួយរាជរដ្ឋាភិបាល ផ្សារភ្ជាប់ និង ផ្តល់ការគាំទ្រដល់កងកម្លាំងប្រដាប់អាវុធ ដើម្បីពង្រឹងខឿនការពារជាតិរបស់ប្រជាជនឱ្យកាន់តែរឹងមាំឡើង។ ខ្ញុំក៏សូមយកឱកាសនេះ ថ្លែងនូវការគោរពនូវវីរភាពរបស់កងកម្លំាងគ្រប់ប្រភេទ ដែលកំពុងបំពេញភារកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនប្រកបដោយជំហរលះបង់ និង ការប្ដេជ្ញាចិត្តយ៉ាងមោះមុតបំផុត។
[ផ្ដើមសេចក្ដីអធិប្បាយ២]
(៣) ដោះស្រាយវិវាទព្រំដែន ដោយប្រកាន់ជំហររក្សាសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិកា សហការវាស់វែង និងបោះបង្គោលព្រំដែនសេសសល់ នាំយកតំបន់មិនចុះសំរុង៤ ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ
ក្នុងការដោះស្រាយវិវាទព្រំដែន ក៏ដូចជាការខិតខំវាស់វែង ធ្វើឱ្យច្បាស់លាស់នូវព្រំដែនរបស់យើងជាមួយប្រទេសជិតខាង ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរ ទី១ រក្សាសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អជាមួយនឹងប្រទេសជិតខាងទាំងអស់ រួមទាំងប្រទេសថៃផងដែរ។ ទី២ យើងបន្តសហការជាមួយប្រទេសថៃ ក្នុងការជំរុញវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ អនុលោមតាមកិច្ចព្រមព្រៀងជាធរមាន រួមទាំង MOU2000 ដែលអនុវត្តដោយ JBC លើកលែងតែចំណុច ៤ខាងលើ ដែលយើង(នាំយក)ទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីដោះស្រាយ។ ទី៣ ការយកតំបន់ទាំង៤ គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ក៏ព្រោះយើងយល់ថា ការព្យាយាមដោះស្រាយតាមយន្តការទ្វេភាគីមិនអាចទៅមុខរួចទេ។ ផ្ទុយទៅវិញ វានឹងជាប់គាំងរយៈពេលវែង ហើយប្រឈមជាមួយនឹងហានិភ័យនៃការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធមិនអស់មិនហើយ។ ឆ្នាំ ២០០៨, ២០១១ យើងបានប៉ះ(ទង្គិចគ្នាដោយអាវុធ)ម្ដងហើយ។ បច្ចុប្បន្ន មានហានិភ័យក្នុងការប៉ះទង្គិចម្ដងហើយ។ បើសិនជាមិនមានដំណោះស្រាយណាមួយ បញ្ចប់ចំណុចវិវាទ បញ្ហាស្រពិចស្រពិលនេះ ឱ្យបានសព្វគ្រប់ដែលភាគីទាំងពីរអាចទទួលយកបាននោះទេ យើងនឹងប្រឈមនឹងហានិភ័យនៃការប៉ះទង្គិចគ្នា និងការប្រឈមគ្នាមិនត្រឹមកងទ័ពនិងកងទ័ពទេ សូម្បីតែប្រជាជននិងប្រជាជននៅតំបន់ទាំងនោះ រាប់សិបទសវត្សរ៍តទៅទៀត។
(៤) បន្តប្រើយន្តការទ្វេភាគី JBC អនុលោមតាម MOU ឆ្នាំ២០០០ ប្រើយន្តការបច្ចេកទេស/បទដ្ឋានគតិយុត្តិ ជាតិនិងអន្តរជាតិដោយសន្តិវិធី ចៀងវាងការប្រើប្រាស់កម្លាំង ប៉ុន្តែរក្សាសិទ្ធិគ្រប់មធ្យោបាយ ការពារខ្លួន
ជាក់ស្ដែង យើងឃើញហើយថាម្សិលមិញ សូម្បីតែប្រជាជនហ្នឹងក៏មានវាយគ្នានៅតំបន់ហ្នឹងដែរ។ ដោយហេតុនេះហើយបានជាទាមទារ(ឱ្យ)ដោះស្រាយបញ្ហា ដើម្បីបញ្ចប់នូវភាពស្រពិចស្រពិលទាំងនេះ។ មានមិត្តភក្តិជាច្រើនបានសួរកម្ពុជាថា តើកម្ពុជាដើរចេញពីយន្តការទ្វេភាគីឬក្នុងការដោះស្រាយបញ្ហាវិវាទព្រំដែនជាមួយប្រទេសជិតខាង? កម្ពុជាមិនដែលបានដើរចោល(ពីយន្តការទ្វេភាគី)នោះទេ នៅកន្លែងទាំងឡាយដែលដោះស្រាយបាន។ ជាមួយប្រទេសថៃ យើងដោះស្រាយព្រំដែនជាង ៨០០គីឡូម៉ែត្រនេះ លើកលែងតែតំបន់៤ ដែលយើងយកទៅ ICJ។ យើងនៅបន្តប្រើប្រាស់យន្តការទ្វេភាគី JBC ដោយអនុលោមតាម MOU ឆ្នាំ២០០០ ឬអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបញ្ចប់ភាពស្រពិចស្រពិល និងបង្កាហានិភ័យនៃការប៉ះទង្គិចគ្នាតទៅទៀត។ យើងប្រើយន្តការបច្ចេកទេសជាគោលដើម្បីដោះស្រាយ។ យើងប្រើច្បាប់ បទដ្ឋានគតិយុត្តិ ទាំងជាតិនិងអន្តរជាតិ ដើម្បីដោះស្រាយ ចៀងវាងនូវការប្រើប្រាស់កម្លាំងប្រដាប់អាវុធមិនចាំបាច់។ ប៉ុន្តែ កម្ពុជាត្រូវរក្សាសិទ្ធិគ្រប់មធ្យោបាយទាំងអស់ រួមទាំងកម្លាំងប្រដាប់អាវុធ ដើម្បីការពារខ្លួន។ ទោះជាយ៉ាងណាក៏ដោយ យើងនៅតែប្រកាន់ជំហរស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកទៅលើមូលដ្ឋានច្បាប់។
(៥) នាំយកចំណុច៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ ព្រោះជាតំបន់ដែលភាគីទាំងសងខាងឯកភាពគ្នាថាជា “តំបន់មិនទាន់ដាច់ស្រេច”
ទំនាក់ទំនងរវាងប្រទេសកម្ពុជាជាមួយប្រទេសជិតខាង(មួយនេះ) មិនមែនត្រឹមតែតំបន់ ៤ហ្នឹងទេ វាមានច្រើនណាស់។ ទំនាក់ទំនងមិនមែនមានត្រឹមតែរឿងព្រំដែនទេ វាមានទំនាក់ទំនងសេដ្ឋកិច្ចសង្គម។ ប្រទេសទាំងពីរ (មានទំនាក់ទំនង)រយៈពេល ៧៥ឆ្នាំក្នុងការកសាងមិត្តភាព សហប្រតិបត្តិការ។ (ទំនាក់ទំនងប្រទេសទាំងពីរ) មានឡើងមានចុះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការដោះស្រាយ(វិវាទ)ត្រូវគោរពគ្នាទៅវិញទៅមក ត្រូវគោរពនូវអ្វីដែលយើងបានឯកភាពគ្នា ដោយផ្អែកទៅលើមូលដ្ឋានច្បាប់ មូលដ្ឋានបច្ចេកទេសត្រឹមត្រូវ មិនមែនធ្វើតាមចិត្តឯង ដោយឯកតោភាគីនោះទេ។ នេះជាជំហរដែលកម្ពុជាបាននិងកំពុងប្រកាន់យក និងបន្តជំហរនេះតទៅទៀត។ ចំពោះចំណុចទាំង៤ ដែលមិនអាចដោះស្រាយជាទ្វេភាគីបាន យើងយកទៅ(ឱ្យតុលាការអន្តរជាតិដោះស្រាយ)។ ភាគីខ្លះសួរថា ហេតុអ្វីបានជាយើងយកចំណុច ៤នេះទៅ(តុលាការអន្តរជាតិ) … តំបន់តាមាន់ធំ គឺជាតំបន់ដែលយើងឯកភាពគ្នាទាំងសងខាងថានៅជាតំបន់មិនទាន់ដាច់ស្រេច នៅត្រូវធ្វើការគិតគូរវាស់វែងតាមបច្ចេកទេស។ ហេតុនេះហើយ បានជាក្រោយវាយគ្នាកាលឆ្នាំ ២០១១ យើងបានឯកភាពគ្នាឱ្យមានកងទ័ពទាំងពីរឈរជើងនៅទីហ្នឹង។ យើងអនុញ្ញាតឱ្យប្រជាជនបៃប្រទេសទាំងពីរចូល(ទស្សនា)នៅក្នុងហ្នឹង ហើយរង់ចាំការដោះស្រាយដោយទ្វេភាគីតាមយន្តការ JBC។
(៦) មេដឹកនាំនយោបាយនិងកងទ័ពថៃ ប្រកាសជាផ្លូវការថា “តំបន់ទាំង៤ ស្ថិតនៅក្នុងដីថៃ” ព្រមទាំងបានឈ្លោះជាមួយក្រុមហ៊ុន Google ផង
ប៉ុន្តែ ថ្មីៗនេះ មានការប្រកាសជាឯកតោភាគី(ថាតំបន់ទាំងបួនជារបស់ថៃ) ដោយមេដឹកនាំនយោបាយនិងកងទ័ព(ថៃ)ជាផ្លូវការ។ ខ្ញុំមិននិយាយត្រឹមអ្នកនយោបាយស្រែកតាមផ្លូវ ស្រែកតាមក្រុងទេ។ នៅកម្ពុជាក៏មាន នៅថៃក៏មាន។ ប៉ុន្តែ និយាយពីជំហរផ្លូវការ ដែលទាមទារ(និង)បានកំណត់ជាស្រេចថា ប្រាសាទតាមាន់ធំនេះ មិនមែនជាតំបន់ដែលមិនទាន់ដោះស្រាយនោះទេ តែថាតំបន់ទាំងហ្នឹងនៅក្នុងដីរបស់ថៃ។ ដៃម្ខាងថា វានៅជំពាក់ជំពិនមិនទាន់ដោះស្រាយ ចាំប្រើ(ប្រាស់យន្តការទ្វេភាគី) តែដៃម្ខាងបានចេញមកប្រកាសជាផ្លូវការដោយប្រើប្រាស់ផែនទីឯកតោភាគី ដោយថ្នាក់ដឹកនាំនយោបាយជាន់ខ្ពស់របស់រាជរដ្ឋាភិបាលថៃ បូកជាមួយកងទ័ព រហូតដល់ឈ្លោះជាមួយក្រុមហ៊ុន Google ទៀតផង។ នេះបញ្ជាក់ថា ភាគីម្ខាងបានប្រកាសជាផ្លូវការជាឯកតោភាគីទៅហើយ។ ដើម្បីដោះស្រាយបញ្ហានេះ យើងមានតែរកតួអង្គទីបី (ដើម្បីដោះស្រាយ)នូវចំណុចដែលប្រទាក់ក្រឡានេះ។ តួអង្គទីបីជានរណា? គឺជាតុលាការ។ បើឈ្លោះគ្នាហើយ មានតែទៅតុលាការទេ ទើប(ដោះស្រាយគ្នា)ដាច់ស្រេច និងសុក្រឹតផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ ទោះបីជាភាគីថៃ ប្រកាសបដិសេធយុត្តាធិការក៏ដោយ។ យើងសង្ឃឹមថា ថ្ងៃមួយយើងនឹងមានការឯកភាពគ្នា ដើម្បីបញ្ចប់កុំឱ្យមានបញ្ហាដល់កូនចៅ និងប្រជាជនជំនាន់ក្រោយ ដោយយើងនឹងទៅ(តុលាការ)ដោះស្រាយទាំងអស់គ្នា។
(៧) សង្ឃឹមថា “ភាគីថៃមិនទុកបញ្ហាព្រំដែនមិនច្បាស់លាស់ នាំដល់ការវាយគ្នារាប់ជំនាន់តទៀតនោះទេ”
អ្នកខ្លះថា ហេតុអ្វីម៉ោងថ្មើរនេះមិនទាន់ប្ដឹង, រកដកពាក្យ(ប្ដឹង) ឬមួយបន្លំ(មហាជន)? មិនដូច្នោះទេ។ កម្ពុជាបានសម្រេចចិត្ត នងប្រកាសទៅដល់ UN ប្រកាសថ្នាក់ជាតិ ថ្នាក់អន្តរជាតិឱ្យបានដឹងរួចហើយ មិនមែនការលេងសើចនោះទេ។ យើងបានបញ្ជូនលិខិតផ្លូវការទៅ ICJ ហើយបានរៀបចំក្រុមអ្នកច្បាប់រៀបចំឯកសារឱ្យច្បាស់លាស់។ មិនមែន(ជារឿង)លេងសើចទេ មិនមែនឆក់កណ្ដៀត មិន(ធ្វើដោយ)តក់ក្រហល់ ចេះតែរុញឯកសារទៅនោះទេ។ ការដាក់សំណុំឯកសារទៅ បានតែម្ដងគត់។ គេទទួលយកទុក។ មិនអាចថែមឯកសារនេះ/នោះ(តាមតែចិត្ត) ដែលយើងមិនបានគិតគូរគ្រប់គ្រាន់នោះទេ … ខ្ញុំសូមបញ្ជាក់ម្ដងទៀត (រាជរដ្ឋាភិបាល)បានសម្រេចចិត្តគ្មានការប្រែប្រួលទេថា យន្តការទ្វេភាគីបន្តដោះស្រាយណិងវាស់វែងខណ្ឌសីមា ការបោះបង្គោលព្រំដែន … នៅចំណុចផ្សេងទៀត ប៉ុន្ដែចំណុចបួនខាងលើ យើងដាច់ខាតរុញទៅ ICJ ដើម្បីរកដំណោះស្រាយ ព្រោះយើងគិតថា(ការចរចា)ទ្វេភាគីមិនទៅមុខ(រួច)ទៀតទេ ដោយសារភាគីម្ខាងបានសំរេចចិត្តប្រកាសជាផ្លូវការថាជារបស់ខ្លួនរួចហើយ។ (ការចរចា)ភាគីគ្មានន័យអីទេ។ សង្ឃឹមថា ភាគីថៃមិនចង់ទុកបញ្ហានេះរ៉ាំរ៉ៃតកូនចៅ នាំដល់ប្រជាជនវាយគ្នានៅក្នុងប្រាសាទរាប់សិបជំនាន់តទៀតនោះទេ។ ការដោះស្រាយបញ្ចប់បញ្ហានេះ ជាការទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិ ប្រវត្ដិសាស្ដ្រ …។
(៨) កម្ពុជាត្រូវការអោយស្ថានការណ៍ត្រឡប់ទៅរកស្ថានភាពដូចដើម ដោយបើកច្រកព្រំដែនឲ្យប្រក្រតីឡើងវិញ និងកែសំរួលដកកំលាំង ឬអង្គភាពដែលមិននៅព្រំដែនចេញ
ចំពោះមុខ មានការបិទច្រកព្រំដែន និងការតាំងទ័ពទល់មុខ និងត្រៀមវាយគ្នា។ ដោះស្រាយយ៉ាងម៉េច? អត់ពិបាកទេ។ (ដំណោះស្រាយ)គឺ ត្រឡប់ទៅរកស្ថានភាពដូចដើមវិញ។ មានកិច្ចការតែ២ ទេដែលត្រូវដោះ(ស្រាយ)។ ទី១ រឿងបើកច្រកឲ្យទៅប្រក្រតីឡើងវិញ។ ទី២ កែសំរួលកងទ័ពដកកំលាំង ឬអង្គភាពដែលមិននៅព្រំដែននោះចេញវិញទៅ។ (ចំពោះ)កាំភ្លើង (ក៏)ដូចគ្នា។ ខ្ញុំឃើញភាគីថៃប្រកាសការចង់បានដូចគ្នា ប៉ុន្ដែបញ្ហាគឺហាក់ដូចជាទំលាក់(រឿងរ៉ាវអស់ទាំង)ហ្នឹងមកកម្ពុជាជាអ្នកខុស។ ខ្ញុំសូមបញ្ជាក់ ជំហររបស់កម្ពុជា គឺងាយបំផុត។ យើងចង់បញ្ចប់ឲ្យបានឆាប់។ យើងមិនចង់ឲ្យប្រជាជន ជាពិសេសអ្នក(រស់នៅ)តាមព្រំដែនរងផលប៉ះពាល់។ ប៉ុន្ដែយើងត្រូវរកដំណោះស្រាយណាមួយដែលដោះ(ស្រាយ)តែម្ដងវាស្រេច មិនអាចប្រែប្រួលឡើងវិញ។ យើងមិនលេងល្បែងបិទពួនទេ … កម្ពុជាចង់បង្ហាញនិងទទួលយកការទុកចិត្តមួយច្បាស់លាស់។ រាល់(បញ្ហា)ទាំងអស់ ជាពិសេសការបិទព្រំដែន គឺភាគីថៃជាអ្នកធ្វើដោយឯកតោភាគី។ យើងចង់ដឹងថា តើពេលណាវាបញ្ចប់? យើងរត់តាមសភាពការណ៍ ដោយមិនដឹងថាទៅមុខទៀតដូចម្តេច។ ថ្ងៃទី៧ មិថុនាបិទ (ដោយ)កែម៉ោង ក្រោយមកទៀតបិទផងកែម៉ោងផង។ ថ្ងៃ២៣ មិថុនា ប្រកាសបិទទាំងអស់ បិទចរន្ដនៃលំហូរទំនិញនិងប្រជាពលរដ្ឋ បិទគ្រប់ច្រក(អនុញ្ញាត)ឲ្យតែកូនសិស្ស អ្នកជំងឺសង្គ្រោះបន្ទាន់ និងការងារបន្ដិចបន្ដួច។ ក្រៅពីហ្នឹងបិទទាំងអស់។ ក្រោយមកបើកឡើងវិញ តែមិនបើកឲ្យ(មនុស្សឬទំនិញ)ចូល។ បើកម៉ោង៨ និងបិទម៉ោង៤ ល្ងាច។ ឥឡូវច្រកខ្លះបើកម៉ោង៦ ដល់ម៉ោង ១០យប់ដូចមុន តែមិនអនុញ្ញាតឲ្យមនុស្សចេញចូលដដែល។ ច្រកខ្លះនៅបិទ។
(៩) ថៃត្រូវប្រកាសជាឯកតោភាគីពីការបើកច្រក បើកច្រកទាំងអស់ក្នុងពេលតែមួយ បើកតាមម៉ោងនិងសំរាប់មុខទំនិញនិងមនុស្សដូចដើម
តើកម្ពុជាធ្វើយ៉ាងម៉េច? (អ្វីដែល)កម្ពុជាចង់បាន សាមញ្ញបំផុត។ រឿងបើកច្រកនេះសុំតែ ៣លក្ខខណ្ឌទេ។ សោរប្រគល់ឲ្យភាគីថៃហើយ។ បើកចុះមិនបាច់អង្គុយចរចាទេ។ យើងផ្ដល់សម្បទានទៅឲ្យ។ ទី១ ថៃប្រកាសបើកមុនជាឯកតោភាគី ប្រកាសថាមិនប្រើប្រាស់វិធានការបិទជាឯកតោភាគី ដោយបើកឲ្យដូចស្ថានភាពមុនថ្ងៃ ៧ (មិថុនា)។ យើងចង់បានប៉ុណ្ណឹង។ ទី២ បើកគ្រប់ច្រកទាំងអស់តែម្តង។ គាត់ចង់បបួល(យើង)ចរចាថា បើក(ច្រក)នេះ ទុក(ច្រក)នោះ (ជាច្រក)ទុកសន្ដិសុខ។ មិនដូច្នោះទេ។ រឿងប្រជាពលរដ្ឋធ្វើពាណិជ្ជកម្ម អត់មានពាក់ព័ន្ធនឹងរឿងកងទ័ពទេ។ ច្រកពាណិជ្ជកម្មនៅចាំយាមអត់មានប៉ះពាល់អីនៅទិសភូមិភាគ៤ ទេ។ ទី៣ ត្រូវបើក(ច្រក)ឲ្យដូចស្ថានភាពមុនថ្ងៃ៧(មិថុនា) បានន័យថា ពីម៉ោង ៦(ព្រឹក) ទៅ ១០(យប់) ដោយទំនិញនិងមនុស្សមិនត្រូវមានការហាមឃាត់ទេ។ គឺបើកឲ្យដូចមុនទាំងអស់។ (អនុវត្ដតាម)លក្ខខណ្ឌ ៣ហ្នឹង កម្ពុជានឹងធ្វើតាម។ (ថៃ)បើកមុន យើងបើកបន្ទាប់ យ៉ាងយូរក្រោយ ៥ម៉ោង។ បើមិន(ធ្វើតាម)៣លក្ខខណ្ឌនេះ យើងនឹងរត់តាមដូចឆ្មានិងកណ្ដុរ។ ឧទាហរណ៍ ថ្ងៃនេះគាត់បបួលបើកច្រកប៉ោយប៉ែត ទុកច្រកផ្សេង។ ស្អែកទៅបើកច្រកនេះ ដូរម៉ោងច្រកនោះ។ យើងមិនលេងល្បែងហ្នឹងទេ។ ពីមុន ដោយសារមិនចង់បិទច្រកព្រំដែន បានជាយើងសម្របសម្រួលពេលដែលបិទថ្ងៃ៧ (មិថុនា ដោយ)ដូរម៉ោង។ យើងនៅបន្ដបើក ប៉ុន្ដែកែសំរួលម៉ោងតាម។
(១០) កម្ពុជាមិនលេងល្បែងម្តងបិទម្ដងបើកច្រកព្រំដែន ដែលនាំអោយមានការលំបាកដល់ប្រជាពលរដ្ឋរស់តាមព្រំដែនកម្ពុជា– ថៃឡើយ
ក្នុងការបិទ/បើកច្រកព្រំដែន កម្ពុជាមិនចង់មានការប៉ះពាល់(ជីវភាពរស់នៅរបស់)ប្រជាពលរដ្ឋ(តាមព្រំដែន) ទេ ប៉ុន្ដែយើងចង់ធ្វើឲ្យដាច់ស្រេច កុំស៊ាំញ៉ាំ សូញសាញ។ ឈប់បើកបិទតទៅទៀត។ វាអត់មានអីលំបាកទេ។ យើងធ្វើរាប់សិបឆ្នាំមកហើយ ទើបតែបិទថ្ងៃ៧មិថុនា និងថ្ងៃ២៣ និង២៤(មិថុនា)នេះទេ។ អញ្ចឹង លក្ខខណ្ឌ៣ នេះ គឺថៃបើក(ច្រក)មុន ហើយប្រកាសជាឯកតោភាគីប្រាប់មកកម្ពុជា ថា(នឹង)មិនមានប្រើវិធានការ(បើកបិទ)នេះទៀតទេ។ ទី២ បើកគ្រប់ច្រកក្នុងពេលជាមួយគ្នា បើកទៅដូចលក្ខខណ្ឌមុនថ្ងៃ៧(មិថុនា) បើកទាំងមនុស្ស ទំនិញ ដូចមុន។ យើងធ្វើការបើក(ច្រក)ឆ្លើយតបទៅវិញជាស្វ័យប្រវត្ដិ មិនចាំបាច់អង្គុយជជែកគ្នាទេ។ ជំហរកម្ពុជាមិនប្រែប្រួលទេ។ កម្ពុជាមិនលេងបិទពួនម្ដងបិទ/ម្ដងបើកទេ។ តែបិទៗហើយ។ (បើ) បើកៗ ម្ដងឲ្យសេ្រចតែម្ដង។ យើងមិនលេងល្បែងនាំអោយមានការលំបាកដល់ប្រជាពលរដ្ឋរស់តាមព្រំដែនកម្ពុជា– ថៃ នាំដល់ការមិនមានភាពជឿជាក់ មិនដឹងថ្ងៃណាគេបិទ/បើកទៀត។ ថ្ងៃនេះគេបើក ៧ថ្ងៃ។ ស្អែកគេមកប្រកាសថាបើកតែ ៣ថ្ងៃទេ ឬស្រាប់តែថាថ្ងៃនេះបើកតែ ៣ម៉ោងទេ។ កម្ពុជាបានឃើញអស់ហើយ។ បងប្អូនទាំងអស់គ្នាបានឃើញហើយ។ រឿងនេះមិនមែនយើងអ្នកបង្កើតទេ។ រឿងជាក់ស្ដែងវាកើតមកដូច្នឹង។ កម្ពុជាចង់បានដំណោះស្រាយមួយច្បាស់លាស់ មាននិរន្ដរភាព និងឈប់យក(បញ្ហា)ហ្នឹងធ្វើជាល្បែង ប៉ះពាល់ដល់លក្ខខណ្ឌជីវភាពប្រជាជន … ទី៣ គឺការកែសំរួលកងទ័ព។ យើងមិនចង់មានការប៉ះទង្គិចគ្នា។ កម្ពុជា(ឆ្លងកាត់)សង្គ្រាមឆ្អែតហើយ។ វាយគ្នាឆ្នាំ២០០៨, ឆ្នាំ២០១១។ យើងធ្លាប់បានវាយគ្នារបួសស្លាប់សងខាង ហើយក៏បានត្រឹមតែចរចា ហើយក៏នៅកន្លែងដដែល។
(១១) ចាំបាច់ត្រូវបង្កើតបុរេលក្ខខណ្ឌដើម្បីទុកចិត្ត មុននឹងជួបជជែកគ្នាអំពីការកែសំរួលកម្លាំង
ខ្ញុំគិតថា ថ្នាក់ដឹកនាំថៃ កងទ័ពថៃ ដែលនិយាយតាមហ្វេសប៊ុក តាមកាសែតក៏មានជំហរដូចគ្នា។ ជំហរកម្ពុជាក្នុងការដោះស្រាយនេះក៏ដូចគ្នា ប៉ុន្ដែត្រូវធានាលក្ខខណ្ឌទុកចិត្តគ្នាសិន មុននឹងយើងចរចាដោយសារវាមានរឿងម្តងហើយ។ ថ្ងៃទី៨(មិថុនា )យើងបានជជែកគ្នាម្ដងថារឿងទាំងអស់កើតដោយសារប៉ះទង្គិចគ្នា ការឈរជើងរៀបចំកំលាំងសងខាងទល់គ្នានៅមុំបី។ ដល់ពេលមេទ័ពយើងទៅជួបគ្នា កែសំរួលទាំងសងខាង(នៅ)មុំបី កុំឲ្យមានបញ្ហា ពេលនោះមានការជជែកគ្នាឯកភាពគ្នា ថានឹងបើកទៅប្រក្រតីឡើងវិញ។ ប៉ុន្ដែ ទីបំផុតអត់បើកហើយថែមទាំង (ស្ថានភាពតានតឹង)លើសដើមទៅទៀត។ តើឱ្យទុកចិត្តគ្នាយ៉ាងម៉េចទៀត។ ដើម្បីធ្វើការងារបានល្អ ត្រូវបង្កើតនូវបុរេលក្ខខណ្ឌដើម្បីទុកចិត្ត ហើយងាយបំផុតគឺបើកច្រកព្រំដែនឲ្យដូចដើមវិញ។ នេះជាបុរេលក្ខខណ្ឌមុននឹងការជួបជជែកគ្នានៃកងទ័ព។ សាមញ្ញណាស់។ យើងបានប្រកាសជំហរនេះតាំងពីដើមមក។ ថ្ងៃនេះខ្ញុំសូមបញ្ជាក់ជូនតទៅទៀត ព្រោះឥឡូវនេះ តាមកាសែត សារព័ត៌មាន Internet (គេបានឃោសនា)ហាក់ដូចជាកម្ពុជាជាមនុស្សអាក្រក់។ គេចង់បើកព្រំដែន តែយើងមិនព្រមបើក។ គេចង់ដកទ័ព តែយើងមិនព្រមនិយាយ។ មិនដូច្នឹងទេ។ ជំហរកម្ពុជាក៏ដូចគ្នា។ យើងចង់ដោះស្រាយបញ្ហាឲ្យឆាប់ចប់ ប៉ុន្ដែយើង(ចង់)ដោះស្រាយម្ដងឲ្យចប់ ជាជាងដោះស្រាយហើយនៅរត់តាមគ្នា (ដោយភាគីម្ខាង)យករឿងហ្នឹងជាល្បែង។ យើងមិនធ្វើទេ។
(១២) ការជជែកគ្នាអំពីព្រំដែនកំរិត RBC និង GBC ត្រូវរង់ចាំការអនុវត្តលក្ខខណ្ឌបើកច្រកព្រំដែនដូចធម្មតាសិន
លក្ខខណ្ឌសាមញ្ញ ទី១ បើកច្រកដោយឯកតោភាគីមុនទៅ។ បញ្ជាក់ជំហរឲ្យច្បាស់។ ពេលដែលមានលក្ខខណ្ឌរួចហើយអាចក្រោយ ២៤ម៉ោង យើងជជែកគ្នាអំពីការជួបគ្នាក្នុងកំរិតណាមួយដូចជា RBC ឬភូមិភាគនិងភូមិភាគជួបគ្នា។ ឥឡូវ មេទ័ពជួរមុខជួបគ្នាដើម្បីសំរួលហ្នឹងមិនមានបញ្ហាទេ ប៉ុន្ដែកំរិត RBC និង GBC រដ្ឋមន្ដ្រីការពារជាតិ (ជួបគ្នា) គឺរង់ចាំការអនុវត្តលក្ខខណ្ឌឲ្យព្រំដែនបើកច្រកធម្មតាសិន ព្រោះ(ការប្រជុំកម្រិតទាំងពីរ)អំពីព្រំដែន មិនពាក់ព័ន្ធនឹងប្រជាជនដឹកទំនិញចុះឡើងទេ។ កាលយើងវាយគ្នានៅឆ្នាំ២០០៨ និង២០១១ ក៏ទំនាក់ទំនង (ព្រំដែន)នៅបើក។ ខ្ញុំសូម(ជូនបញ្ជាក់)ទៅប្រជាពលរដ្ឋខ្មែរនិងថៃថា កម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមទេ ហើយសោរក៏មិនមែននៅកម្ពុជាដែរ គឺនៅកងទ័ពថៃ ឬអ្នកណាដែលមានសិទ្ធិពិតប្រាកដក្នុងរដ្ឋាភិបាលថៃ ដើម្បីធ្វើការប្រកាសបើកច្រកព្រំដែន។ មួយថ្ងៃៗ ឃើញតែបញ្ជូនសារតាមអ្នកនេះមក ឃើញការិយាល័យនេះ/នោះធ្វើលិខិតមួយសន្លឹកទៅ ឯកឧត្តម ទៀ សីហា ឬតាមអ្នកផ្សេងៗ ថា ចង់បើក(ច្រក)អញ្ចេះៗ ប៉ុន្ដែអត់មានស្អីជាផ្លូវការទាំងអស់។ យើងមិនដឹងថាអ្នកណាជាអ្នកដឹកនាំគ្រប់គ្រងព្រំដែន។ ខ្ញុំក៏មិនចំាបាច់ដឹងដែរ។ ខ្ញុំគ្រាន់តែចង់ដឹងថា អ្នកណាក៏ដោយឲ្យតែមានសិទ្ធិអំណាចពិតប្រាកដ ធ្វើការបើកច្រកព្រំដែន បើកដោយឯកតោភាគីមុន ហើយធ្វើការធានាថាមិនប្រើច្រកព្រំដែនហ្នឹងជាវិធានការដាក់សំពាធ(លើកម្ពុជា)។ បើកច្រកឲ្យដូចមុនថ្ងៃទី៧(មិថុនា) ជាការសេ្រច ក្នុងការសំរេចដោះស្រាយជំហានទី១។ នេះជាការជាក់ស្ដែង។ កម្ពុជាមានសិទ្ធិមិនបើក ប៉ុន្ដែកម្ពុជាមិនចង់មានរឿងវែងឆ្ងាយ … បើកហើយក៏កុំបើកតែច្រកទ្វារ មិនឲ្យមនុស្សទំនិញចេញចូល …។
(១៣) ដើម្បីទំនុកចិត្តកងទ័ពជួរមុខ ត្រូវបង្កើតបុរេលក្ខខណ្ឌបើកច្រកព្រំដែនដូចដើម និងឈប់ចល័តកំលាំងល្បាត និងបង្ហោះដ្រូន ចូលមកទីតាំងទឹកដីកម្ពុជា
នេះគឺជាបុរេលក្ខខណ្ឌនៃការជជែកគ្នា។ ពេលជាមួយគ្នា ខ្ញុំសូមឲ្យកងទ័ពរបស់ថៃ រក្សាស្ថានភាពទំនុកចិត្តនៃកងទ័ពជួរមុខ គឺត្រូវធ្វើយ៉ាងណាគោរពគ្នាទៅវិញទៅមក។ ការចរចាផ្អែកលើបុរេលក្ខខណ្ឌទី១ ការបើកច្រក ទី២ ការចល័តកំលាំងចុះឡើង។ ពេលដែលមេកងទ័ពជើងគោក មេអគ្គបញ្ជាការរបស់ថៃចង់ជជែកពីការដកទ័ព ប៉ុន្ដែកងទ័ពនៅលើដីបន្ដឈូសឆាយផ្លូវរថក្រោះ រថយន្ដ ចូលកាន់តែជ្រៅមកកៀកនឹងខ្សែត្រៀមកម្ពុជា។ ចល័តកំលាំងល្បាតបុកចូលក្នុងខ្សែត្រៀមកម្ពុជាជាញឹកញយ ធ្វើលេណដ្ឋាន អូសអាវុធគាំទ្រ កំលាំងចូល តើនេះឬជាឆន្ទៈនៃការបន្ថយកំដៅ និងការដកថយកំលាំង? សូមផ្អាករាល់សកម្មភាពទាំងឡាយណា ជាពិសេសការល្បាតចូលនិងការបង្ហោះដ្រូនផ្សេងៗ ចូលមកក្នុងទីតាំងទឹកដីរបស់កម្ពុជា។ សូមឲ្យគោរពលើចំណុចទាំងនេះ។ នេះគឺជាបុរេលក្ខខណ្ឌ និងការបង្ការបង្កើតការទុកចិត្ត។ រក្សាកងទ័ពទាំងសងខាងក្នុងតំបន់ដាច់ៗ ពីគ្នាទៅ … កន្លងទៅ កន្លែងខ្លះត្រូវជូនដំណឹងគ្នា ផ្លូវល្បាតខាងណា ខាងហ្នឹងធ្វើទៅ។ ដូចមុនកុំមកកន្លែងថ្មី។ បង្កើតបុរេលក្ខខណ្ឌដើម្បីឲ្យមានការទុកចិត្តគ្នា ព្រោះហានិភ័យនៃការឈានចូលបន្តិចម្តងៗ បែបនេះ កងទ័ពថ្នាក់ក្រោមគាត់អត់ដឹងទេថាតើថ្នាក់លើចរចាយ៉ាងម៉េច។ ដឹងតែមក ដឹងតែធ្វើ ដឹងតែប៉ះ។ ដើម្បីបញ្ចៀសការប៉ះគ្នា សូមឲ្យគោរពដែនគ្នាទៅវិញទៅមក។ កន្លែងដែលជួបគ្នា ឯកភាពគ្នាថាជួបគ្នាមួយអាទិត្យប៉ុន្មានដងម៉ោងណា ត្រូវការអី ជូនដំណឹងគ្នាទៅវិញទៅមក។ សូមអនុវត្តតាមហ្នឹងទៅ ដើម្បីបញ្ចៀសលទ្ធភាពផ្ទុះ(ការប៉ះទង្គិច) …។
(១៤) ការប្រឈមមុខខាងយោធា ជាឱកាសសម្រាប់វាយតម្លៃចំណុចខ្លាំងចំណុចខ្សោយ និងដាក់ទិសដៅបន្តជំរុញកសាងសមត្ថភាពកងទ័ព
នេះគឺជាគោលការណ៍ដែលកម្ពុជាប្រកាន់យក។ ភាពអត់ធ្មត់ និងការព្យាយាមដោះស្រាយបញ្ហាដោយសន្តិវិធី ដោយប្រើមូលដ្ឋានបច្ចេកទេស ច្បាប់អន្តរជាតិ គឺជាគោលការណ៍ដែលយើងចង់បាន។ កម្ពុជាបានបញ្ជាក់ហើយបញ្ជាក់ទៀតថាចង់បានទំនាក់ទំនង រក្សាស្ថិរភាព ប៉ុន្តែរក្សាសិទ្ធិគ្រប់មធ្យោបាយ និងរូបភាពទាំងអស់ ដើម្បីការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ ខ្ញុំសូមអរគុណ ចំពោះឯកឧត្តមអស់លោកថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហាន នាយនគរបាល នគរបាល ពលនគរបាលទាំងអស់ ដែលឈរជើងនៅជួរមុខ ក៏ដូចជាកងកម្លាំងនៅខាងក្រោយ ដែលត្រៀមលក្ខណៈគាំទ្រដល់កម្លាំងជួរមុខ។ ប្រជាពលរដ្ឋ សប្បុរសជនរបស់យើងក្នុងការកសាងជាកម្លាំងជាតិមួយ នៅពីក្រោយកងទ័ព និងរាជរដ្ឋាភិបាលរបស់យើង ក្នុងការប្រឈមនឹងបញ្ហាព្រំដែនជាមួយថៃ។ ពិតណាស់ ស្អីក៏ដោយក៏សុទ្ធតែជាឱកាស និងបញ្ហាប្រឈម។ ក្នុងការប្រឈមមុខយោធាបច្ចុប្បន្ន និយាយពីក្របខណ្ឌយោធា វាជាឱកាសមួយសម្រាប់កម្ពុជាវាយតម្លៃចំណុចខ្លាំងចំណុចខ្សោយ និងដាក់ទិសដៅបន្តជំរុញកសាងសមត្ថភាពកងទ័ព។
សង្គ្រាមវាលំបាក ធ្វើឲ្យស្លាប់មនុស្ស ប៉ុន្តែផលតបពីសង្គ្រាម គិតពីផ្នែកកងទ័ព គិតពីផ្នែកចិត្តសាស្ត្រ វាធ្វើឲ្យមនុស្សខំប្រឹងជៀសវាងសង្គ្រាម។ ការការពារជាតិ ធ្វើឲ្យមនុស្សយល់ដឹងនូវប្រៀប នូវចំណុចខ្លាំងចំណុចខ្សោយ ដើម្បីធ្វើការកែទម្រង់ និងពង្រឹងសមត្ថភាពកងទ័ព។ ការប្រឈមរបស់យើង សង្គ្រាមផ្ទៃក្នុងរបស់យើង រាប់ទស្សវត្សរ៍ ការកសាងកងកម្លាំងរបស់យើងក្រោយនយោបាយឈ្នះឈ្នះ ការប៉ះទង្គិចគ្នាព្រំដែនឆ្នាំ ២០០៨-២០១១ ក៏ជាកត្តារួមផ្សំនៃកំណែទម្រង់របស់យើង។ ឥឡូវ បញ្ហាប្រឈមនេះ ពីឆ្នាំ២០១១ មក២០២៥ មានរយៈពេល ១៤ ឆ្នាំ ឬមួយទស្សវត្សរ៍កន្លះ ហើយការប្រឈមលើកនេះទៀត ក៏ជាមេរៀនមួយសម្រាប់ជាឱកាសឱ្យយើងពិនិត្យវាយតម្លៃ និងដាក់ទិសដៅសម្រាប់ការកែទម្រង់កងទ័ពទៅថ្ងៃមុខ …។
(១៥) ទំនើបកម្មកងទ័ព ៣យ៉ាង គឺរចនាសម្ព័ន្ធ កសាងធនធានមនុស្ស និងគ្រឿងបំពាក់
ខ្ញុំសូមលើកអំពីកិច្ចការកំណែទម្រង់កងទ័ព កងកម្លាំងប្រដាប់អាវុធ ដែលយើងបានធ្វើកន្លងមក។ ថ្ងៃមុនមានការប្រជុំចង្អៀតមួយ ចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ ឯកឧត្តមអគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក និងជំនាញមួយចំនួនរបស់កងទ័ព ដើម្បីពិនិត្យមើលការកែទម្រង់បន្តទៀតក្នុងការធ្វើទំនើបកម្មកងទ័ព។ ផ្អែកទៅលើបទពិសោធន៍និងបញ្ហាប្រឈមចំពោះមុខ យើងបានធ្វើនិងក្តាប់បានលទ្ធភាព និងសមត្ថភាព ហើយបច្ចុប្បន្ន យើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបចំពោះការការពារបូរណភាពទឹកដី។ យ៉ាងណាក្តី យើងមិនអាចនៅនឹងថ្កល់នោះទេ។ យើងត្រូវតែដើរទៅមុខជាប្រចាំ។ ផ្អែកលើសមិទ្ធផលទាំងនេះ កំណែទម្រង់កងទ័ពត្រូវធ្វើជាបន្តទៀត ហើយពន្លឿនក្នុងកិច្ចការមួយចំនួន។ នេះមិនមែនជាការងារថ្មីទេ។
កាលពីខ្ញុំនៅមេបញ្ជាការកងទ័ពជើងគោក ក៏បានជំរុញបានមួយចំនួនក្នុងក្របខណ្ឌកងទ័ពជើងគោក។ ឥឡូវ ទោះបីជាខ្ញុំមិនដឹកនាំផ្ទាល់ក៏ដោយ យើងមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តមអគ្គមេបញ្ជាការ ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក ជើងទឹក ជើងអាកាស និងមានមេបញ្ជាការគ្រប់ថ្នាក់ទាំងអស់ ដែលមានជំនាញ។ ប៉ុន្តែ កិច្ចការរួមចំណែក ជាពិសេសការដឹកនាំពង្រឹងលើជ្រុងខ្លះ នៃការកំណែទម្រង់ការពារជាតិនេះ គឺត្រូវការកម្លាំងសរុប។ យើងត្រូវធ្វើការពិនិត្យវាយតម្លៃ ពង្រឹងនិងទំនើបកម្មកងទ័ពទៅថ្ងៃមុខ ដើម្បីបង្កើនប្រសិទ្ធិភាព។ ខ្ញុំប្រើពាក្យថា ទំនើបកម្មកងទ័ព។ ពាក្យថាទំនើបកកម្មកងទ័ពនោះ គឺត្រូវការទំនើបកម្ម ៣យ៉ាង គឺទំនើបកម្មរចនាសម្ព័ន្ធ ទំនើបកម្មការកសាងធនធានមនុស្ស និងទំនើបកម្មគ្រឿងបំពាក់ សមត្ថភាពបំពាក់ ឬការកំណែទម្រង់។ យើងប្រើកំណែទម្រង់ដើម្បីអភិវឌ្ឍការធ្វើទំនើបកម្មនេះឯង។
(១៦) ទំនើបកម្មរចនាសម្ព័ន្ធ ពាក់ព័ន្ធនឹងការបង្កើនថវិកាជាតិក្នុងវិស័យការពារ និងឆ្លើយតបទៅការប្រែប្រួលនៃបច្ចេកវិទ្យា
កត្តាទី១ (ការធ្វើទំនើបកម្មរចនាសម្ព័ន្ធ)ពាក់ព័ន្ធនឹងថវិកាជាតិ។ យើងត្រូវពិនិត្យនិងគិតគូរក្នុងការបង្កើនថវិកាការពារជាតិ ក្នុងកម្រិតណាមួយ។ ក្រោយពីសង្គ្រាម ក្រោយពីនយោបាយឈ្នះឈ្នះ យើងបានបង្វែរថវិកាការពារជាតិមួយចំនួនធំ កាត់បន្ថយថវិកាបង្កើនលើមុខផ្សេងៗ ដូចជាការចំណាយសង្គម អភិវឌ្ឍធនធានមនុស្ស អប់រំ សុខាភិបាល និងវិស័យផ្សេងៗ ជាអាទិភាព។ កន្លងទៅ យើងបានកំទេចចោលអាវុធនិងគ្រាប់រាប់តោន។ កម្លាំងជំនាញជាច្រើនត្រូវបានបាត់បង់។ ក្រោយពីសមាហរណកម្ម ក្រោយពីនយោបាយឈ្នះឈ្នះយើងចាប់ផ្តើមកសាងឡើងវិញ។ ពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ១៩៩៨ យើងកំទេចនិងរំសាយចោល។ ឥឡូវ យើងចាប់ផ្តើមបន្តទៀត ដោយគិតគូរអំពីពីថវិកាជាតិ នៅក្នុងវិស័យការពារជាតិ ដោយសំខាន់ត្រូវចាយលើអីឲ្យចំគោលដៅ។
ម្យ៉ាង ការធ្វើ(ទំនើបកម្ម)រចនាសម្ព័ន្ធ ត្រូវឲ្យស្របតាមសំណូមពរភារកិច្ច និងបេសកកម្មការពារជាតិ ការពារបូរណភាពទឹកដី ប្រឆាំងនឹងការប៉ុនប៉ងឈ្លានពាននានា។ ការការពារជាតិរបស់យើង ការកសាងកងទ័ពរបស់យើង មិនមែនសម្រាប់វាយដណ្តើមដីអ្នកណាទេ ប៉ុន្តែដើម្បីការការពារទឹកដីរបស់យើង។ នេះជាបេសកកម្មរបស់យើង។ រចនាសម្ព័ន្ធរបស់យើងត្រូវកែសម្រួលតាមនេះ។
ម្យ៉ាងទៀត ត្រូវកែសម្រួលរចនាសម្ព័ន្ធដោយសារតែការប្រែប្រួលខាងបច្ចេកវិទ្យា។ អភិវឌ្ឍកម្លាំងឲ្យប្រែប្រួលតាមបច្ចេកវិទ្យា។ ឧទាហរណ៍ ការស៊ើបការណ៍។ ពីមុនយើងមានស៊ើបការណ៍ប្រដាប់អាវុធ។ ឥឡូវស៊ើបការណ៍ប្រដាប់អាវុធ ប្រហែលជាមានកម្រិតទាមទារត្រូវការស៊ើបការណ៍បច្ចេកទេស ការស៊ើបការណ៍ដោយប្រើប្រាស់ដ្រូន។ ជាជាងយើងគ្រាន់តែទិញមកបំពាក់ មិនដឹងថាផ្នែកណាអង្គភាពណា ចំណុះឲ្យកងពល ឬភូមិភាគ … យើងត្រូវរៀបចំរចនាសម្ព័ន្ធឲ្យច្បាស់។
(១៧) សម័យសន្តិភាព កងទ័ពមិនធ្វើការតែលើសមរភូមិទេ តែក៏ទប់ទល់នឹងសង្គ្រាមមិនប្រពៃណី
កាលនៅកងទ័ពជើងគោក ខ្ញុំបានរំលាយចោលក្រុមស៊ើបការណ៍ប្រដាប់អាវុធនិងបំពាក់មកវិញនូវអង្គភាពស៊ើបការណ៍បច្ចេកទេស ដែលរហូតមកដល់នេះ អាចថាមានរយៈពេល៣ឆ្នាំ ឬជិត៤ ឆ្នាំ។ ឥឡូវ មេបញ្ជាការនៅសមរភូមិ អាចដឹងថា វាបានផលប្រយោជន៍កម្រិតណា។ ខ្ញុំមិននិយាយអំពីការងារនោះទេ។ ការរំលាយចោលស៊ើបការណ៍ប្រដាប់អាវុធ ដោយសារយើងមិនអាចប្រើស៊ើបការណ៍ប្រដាប់អាវុធ បង្កើនពីកងទ័ពជើងគោកត្រឹមតែចុះទៅសមរភូមិនោះទេ។ យើងត្រូវប្រើបច្ចេកទេសផ្សេងៗ។ ឥឡូវ កងស៊ើបការណ៍កាំភ្លើងធំ នៅគ្រប់បណ្តាប្រទេសទាំងអស់ គឺមានការស៊ើបការណ៍ដោយប្រើប្រាស់បច្ចេកវិទ្យា គឺប្រើប្រាស់ដ្រូនទៅជាមួយ។ (ដូចនេះយើង)ត្រូវរៀបចំរចនាសម្ព័ន្ធឡើងវិញ។ ផ្នែកទ័ពអាកាស តើយើងត្រូវប្រើប្រាស់ឧទ្ធម្ភាគចក្រឬទេ … យើងមានយន្តហោះស្លាប។ តើយើងត្រូវមានអីទៀតដើម្បីស្របទៅតាមសំណូមពរភារកិច្ច បូកជាមួយធនធានថវិកាដែលយើងមាន។យើងធ្វើកំណែទម្រង់ដាក់ទិសដៅក្នុងការហ្វឹកហ្វឺនបំពាក់។ ក្នុងសម័យសន្តិភាព កងទ័ពមិនមែនធ្វើការតែលើសមរភូមិនោះទេ គឺដោះស្រាយទាំងបញ្ហាសង្គ្រាមមិនប្រពៃណី។ ឧទាហរណ៍ គ្រោះមហន្តរាយ ត្រូវប្រើកងទ័ព។ កន្លងទៅ ក្នុងកងទ័ពជើងគោក យើងបង្កើតកងអន្តរាគមន៍ ដើម្បីបំពាក់ហ្វឹកហ្វឺន។ មានសភាពការណ៍ យើងមានកម្លាំងត្រៀម កម្លាំងប្រឆាំងភេរវកម្ម។ ឧទាហរណ៍ កូវីដ-១៩ ខ្ញុំថានេះគឺជាសង្គ្រាមដែលប្រើប្រាស់អាវុធជីវសាស្ត្រទ្រង់ទ្រាយធំ។ កូវីដ-១៩ មិនស្មើនឹងការបាញ់បំភាយមេរោគឲ្យឆ្លងប្រជាពលរដ្ឋទេ តែវាក៏ប៉ះទាំងអស់ដែរ។ ត្រូវគិតគូរពីរចនាសម្ព័ន្ធ និងបំពាក់សមត្ថភាពកងកម្លាំងប្រដាប់អាវុធគាំទ្រដោយផ្នែកគីមីសាស្ត្រ។ យើងកំពុងរៀបចំធ្វើការបំពាក់។
(១៨) សិក្សាអំពីលទ្ធភាពរៀបចំអង្គភាពបច្ចេកវិទ្យាស៊ើបការនិងបច្ចេកទេស drone ឆ្លើយតបសង្គ្រាមដែលប្រើមធ្យោបាយកូនកាត់ ឬ hybrid warfare តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន
សង្គ្រាមដែលប្រឈមរាល់ថ្ងៃ ហៅថាសង្គ្រាមប្រើមធ្យោបាយកូនកាត់ ឬចំរុះ។ ភាសាបរទេសហៅ hybrid warfare។ យើងរាល់ថ្ងៃកំពុងប្រឈមសង្គ្រាមហ្នឹង។ បានន័យថា មិនប្រើប្រាស់កងកម្លាំងប្រដាប់អាវុធទេ គឺប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដើម្បីបំភ្លៃព័ត៌មាន។ ប្រើប្រាស់ពួកខាង hacker វាយប្រព័ន្ធបច្ចេកវិទ្យា។ វាយទៅលើប្រព័ន្ធបច្ចេកវិទ្យាក្រសួងការពារជាតិ របស់ប្រទេសមួយ របស់កងទ័ពមួយ។ ឥឡូវឧបករណ៍ទាំងអស់ប្រើប្រាស់ electronic។ គេប្រើ hacker វាយកម្ទេចគោលដៅហ្នឹង។ ជួនកាលប្រើអាវុធយើង បាញ់មលលើយើងវិញផង។ តើយើងត្រូវពង្រឹងសមត្ថភាពនេះទេ? ត្រូវពង្រឹង ប៉ុន្តែដើម្បីពង្រឹង ត្រូវកែសម្រួលរចនាសម្ព័ន្ធ បង្កើតអង្គភាព ឬយ៉ាងណា? ខ្ញុំនិយាយថាការត្រៀមធ្វើសង្រ្គាម ឲ្យយើងត្រូវយល់ពីបទពិសោធន៍ដើម្បីច្នៃប្រឌិត។ ឥឡូវគេប្រើ drone ពិឃាដ ឬ Kamikaze drone មកបុក មកទម្លាក់គ្រាប់។
យើងការពារយ៉ាងម៉េច? តើមានអង្គភាពណា ការពារប្រឆាំងក្រុមអេឡិចត្រូនិចហ្នឹងទេ? នេះជាវិញ្ញាសារមួយដែលក្រសួងការពារជាតិ អគ្គបញ្ជាការពិនិត្យក្នុងការបំពាក់ ក៏ដូចជាប្រភេទទ័ពដែលយើងត្រូវគិតគូរ។ ផ្នែកណាដែលមិនចាំបាច់ ដូចជាអង្គភាពខ្លះពីជំនាន់សង្រ្គាមទសវត្សរ៍ ៨០ និង ៩០ យើងគួរកាត់ចោល និងបង្វែរទៅជាអង្គភាពចាំបាច់។ ប៉ុន្តែ ដែលឥឡូវខ្វះ ត្រូវតែថែមទៅលើអ្វីដែលខ្វះ។ មើលអំពីបេសកកម្ម ប្រភេទនៃការគំរាមកំហែង កែសម្រួលរចនាសម្ព័ន្ធមុន ឲ្យស្របតាមសំណូមពរភារកិច្ច ទើបយើងអាចរើសមនុស្ស ក៏ដូចជាហ្វឹកហ្វឺនត្រូវ និងបំពាក់ត្រូវ។ តែបើយើងអត់ចាប់ផ្តើមពីរចនាសម្ព័ន្ធទេ យើងបានត្រឹមតែធ្វើមួយភ្លែតៗ។ ចង់ស៊ើបការ ជិតវាយគ្នាទៅទិញ drone យកមកបំពាក់ទៅ។ រើសអ្នកនេះបន្តិច រើសអ្នកនោះបន្តិច ហាត់ទៅ។ ហើយក៏ចប់។
បើសិនជាមានអង្គភាពមួយខាងបច្ចេកវិទ្យាស៊ើបការ និងបច្ចេកទេស drone យើងរើសមកហ្វឹកហ្វឺនឲ្យហាត់ជាមួយកាំភ្លើងធំជាដើម។ ដើម្បីប្រឆាំងសង្រ្គាម មធ្យោបាយចំរុះ ឬកូនកាត់ Hybrid Warfare ត្រូវរៀបចំពង្រឹងការបញ្ជូនសារយ៉ាងម៉េច? ត្រូវការរៀបចំផ្នែកអីយ៉ាងណា។ ឯកឧត្តម នេត សាវឿន បានដាក់មកក្នុងនាមគណៈកម្មការ cyber security។ ខ្ញុំប្រធានមិនទាន់បានប្រជុំ។ គិតគូរយ៉ាងម៉េចដើម្បីយើងធ្វើការងារនេះ … យើងមានសមត្ថភាពគ្រប់គ្រាន់បច្ចុប្បន្ន និងទៅអនាគតធ្វើឱ្យកាន់តែខ្លាំង។ យើងត្រូវតែធ្វើការរៀបចំកែសម្រួលរចនាសម្ព័ន្ធ និងការបំពាក់(ដើម្បីប្រសិទ្ធភាពនៃ)ការការពារជាតិ។
(១៩) កសាងធនធានមនុស្ស គឺផ្ទេរជំនាញ/បទពិសោធន៍ទៅយោធិនថ្មី រើសយោធាចារ្យបន្តវេណ រៀបចំនិងពង្រឹងក្រុមស្រាវជ្រាវ និងទំនើបកម្មកម្មវិធីហ្វឹកហ្វឺន
(ទី២) ការកសាងធនធានមនុស្ស។ ការកសាងធនធានមនុស្សជាការចាំបាច់ ដែល ទី១ យើងនិយាយអំពីការហ្វឹកហ្វឺន។ ការហ្វឹកហ្វឺនជាការចាំបាច់ក្នុងការផ្ទេរជំនាញចំណេះពីនាយទាហាន នាយទាហានរង ពលទាហាន ដែលមានបទពិសោធន៍ទៅយោធិនថ្មី។ ការបន្សាំនៅលើសមរភូមិជាកិច្ចការមួយហើយ ប៉ុន្តែការហ្វឹកហ្វឺននៅក្នុងដំណាក់កាលសន្តិភាព ចាំបាច់ត្រូវតែពង្រឹងការហ្វឹកហ្វឺន ហើយការហ្វឹកហ្វឺនត្រូវតែពង្រឹងសាលា និងអង្គភាពហ្វឹកហ្វឺនរបស់កងទ័ព កងកម្លាំងប្រដាប់អាវុធ។ ថ្ងៃមុន ទៅពិធីនគរបាលជាតិ ខ្ញុំក៏បាននិយាយបែបនេះ។ មិនថាអាវុធហត្ថ មិនថាកងទ័ព ត្រូវការការហ្វឹកហ្វឺន ។ ការហ្វឹកហ្វឺនត្រូវតែពង្រឹងសាលា និងអង្គភាពហ្វឹកហ្វឺនដែលយកចិត្តទុកដាក់លើការគិតគូរពីយោធាចារ្យ។ ខ្ញុំសូមឲ្យក្រសួងការពារជាតិ អគ្គបញ្ជាការប្រភេទទ័ពអាចពិនិត្យមើលពីគោលការណ៍ពង្រឹងការរើសយោធាចារ្យថ្មីដើម្បីបន្តវេណនិងការបន្សាំគ្នា។
កន្លងទៅ នៅជើងគោក ខ្ញុំបានអនុវត្តរូបមន្តថា រើសនាយទាហានសកម្មចេញពីអ្នកដែលធ្លាប់មានការបណ្តុះបណ្តាលហើយ។ យើងរើសបំពេញម្តងហើយ និងមានវិធីប្តូរវេណ ប៉ុន្តែនៅមិនទាន់មាននិរន្តរភាព។ សាលាទីនេះ អាចមានគ្រូថ្មីៗច្រើន ប៉ុន្តែកន្លែងខ្លះដែលលោកគ្រូចាស់ជិតចូលនិវត្តន៍ យើងអាចពន្យាបានមួយចំនួន ប៉ុន្តែមិនអាចនៅរហូតទេ។ ត្រូវមានវិធីសាស្រ្តក្នុងការជ្រើស។ សូមកំណត់ឲ្យច្បាស់ការរើសយោធាចារ្យ គឺយកអ្នកដែលពូកែ យកអ្នកដែលច្បាស់ កុំយកអ្នកមិនច្បាស់ ដែលវិន័យនៅអង្គភាពមិនល្អ បញ្ជូនទៅសាលាឲ្យធ្វើគ្រូ។
ត្រូវរួមគ្នាលើកតម្កើងសាលាអង្គភាពហ្វឹកហ្វឺន ជាអង្គភាពមួយដែលគ្រប់គ្នាចង់ប្រកួតប្រជែងទៅបំពេញបេសកកម្ម។ ត្រូវខិតខំប្រឹងប្រែងជំរុញតាមរយៈការលើកទឹកចិត្តយោធាចារ្យ។ ការបំប៉នម៉ោង ហ្នឹងរឿងមួយ ប៉ុន្តែការរៀបចំគុណវុឌ្ឍិ លក្ខណៈសម្បត្តិ ចប់ភារកិច្ច(មានការចាត់ចែងដូចម្តេច) … ឧទាហរណ៍ថា គាត់មិននៅក្នុងហ្នឹងរហូតទេ។ ទៅប៉ុន្មានឆ្នាំ។ ចប់ពីហ្នឹង អាចទៅណាបន្តទៀត។ រៀបចំបង្វិលវិធីក្នុងកម្រិតណាមួយ លើកលែងតែគ្រូជំនាញធំៗ ដែលនៅយូរ។
សូម្បីតែយោធាចារ្យក៏ត្រូវមានការបន្តវេណដែរ ព្រោះអ្នកទាំងអស់ហ្នឹងមកធ្វើជាយោធាចារ្យមួយរយៈ ហើយចេញទៅអង្គភាពវិញ គាត់ក៏ទៅជាគ្រូ។ ខ្ញុំសូមឲ្យគិតគូរពីការងារនេះ។ ចាំបាច់ត្រូវធ្វើឯកសារហ្វឹកហ្វឺន សង្គតិភាព និងទំនើបកម្មឯកសារហ្វឹកហ្វឺន។ យើង ខិតខំធ្វើច្រើនឆ្នាំហើយអោយមានយោធាចារ្យ ការិយាល័យហ្វឹកហ្វឺន និងទីចាត់ការហ្វឹកហ្វឺន។ ប៉ុន្តែបញ្ហាមួយដែលយើងមិនទាន់មានគឺសង្គតិភាពទូទាំងកងទ័ពក្នុងការអនុវត្ត។ សូមជំរុញការងារហ្នឹង។
ទី៣ ក្រុមស្រាវជ្រាវ និងទំនើបកម្មកម្មវិធីហ្វឹកហ្វឺន។ តើទីចាត់ការហ្វឹកហ្វឺនទទួល ឬមួយក៏ត្រូវមានក្រុមស្រាវជ្រាវណាមួយទៀត សម្រាប់គាំទ្រទីចាត់ការហ្វឹកហ្វឺន ដើម្បីភ្ជាប់ជាមួយសាលារបស់ក្រសួងការពារជាតិ សាលានៅក្រោមអគ្គបញ្ជាការ សាលារបស់ប្រភេទទ័ព។ យើងបានធ្វើច្រើន។ ខ្ញុំសូមអរគុណ ប៉ុន្តែយើងត្រូវស្រាវជ្រាវបន្តទៀត ព្រោះបច្ចេកវិទ្យាលឿនណាស់។ ក្នុងតែ ១៥ឆ្នាំ អ្វីដែលយើងវាយគ្នាកន្លងទៅ មកឥឡូវ មានការខុសគ្នា។ ការស៊ើបការប្រែប្រួលរហូត។ ត្រូវការយុទ្ធវិធី ការសហការផ្សេងៗ ត្រូវការកែសម្រួល អង្គភាពហ្វឹកហ្វឺន។ ជួនកាល ពេលកំពុងតែដំណើការនៅក្នុងសមរភូមិ ដូចនៅក្នុងប្រទេសផ្សេងៗ ដែលកំពុងកើតមានសង្គ្រាម យើងយកមកភ្លាម។
ឧទាហរណ៍ថាការប្រើប្រាស់ drone ត្រឡប់ ដែលរកឃើញមុនគេក្នុងសង្រ្គាមអ៊ុយក្រែន។ ប្រទេសជាច្រើនបានចាប់យកមកច្នៃភ្លាម។ អង្គភាពហ្វឹកហ្វឺនចាប់មកច្នៃ។ យើងក៏មើលវិធីសាស្រ្ត។ អញ្ចឹងជាឯកសារហ្វឹកហ្វឺនបន្ត។ ខ្ញុំចាំ កាលពីពេលសង្រ្គាមលោកលើកទី២ ពេលហ្នឹងកងទ័ពអាមេរិក កងទ័ពសម្ព័ន្ធមិត្តដែលវាយចូលទៅក្នុងកងទ័ពអាលឺម៉ង់មានបញ្ហាប្រឈមមួយ … តែមានមួយកងវរសេនាតូចចំណុះអង្គភាពណាមួយនោះ ខ្ញុំមិនចាំ មានវិធីសាស្រ្តវាយចូលបានជោគជ័យនិងវាយនៅច្រើនកន្លែង។ គេបានយកបទពិសោធន៍តាក់តែងជាមេរៀន យកទៅឲ្យហ្វឹកហ្វឺនភ្លាម។ សម្ព័ន្ធមិត្តធ្វើការហ្វឹកហ្វឺន កែវិធីសាស្រ្តភ្លាម ចែកទៅឲ្យអង្គភាពជួរមុខពីរបៀបវាយចូលសមរភូមិមានស្ថានភាពបែបហ្នឹងដោយមិនចាំចប់សង្រ្គាមទេ។
អ្វីដែលខ្ញុំចង់លើក គឺត្រូវមានតួអង្គមួយក្រុមដែលទទួលបន្ទុកក្នុងការរៀបចំ ហើយកែសម្រួលឯកសារ ដកពិសោធន៍ប្រយុទ្ធ។ ទីចាត់ការហ្វឹកហ្វឺនបានធ្វើល្អហើយ។ ខ្ញុំសូមឱ្យបង្កើនសមត្ថភាពប្រឹងប្រែង បូកជាមួយស្ថាប័នមួយចំនួនក្នុងប្រភេទទ័ពផ្សេងៗ ក៏ដូចគ្នា … ដើម្បីបំពាក់បំប៉នឲ្យនាយទាហាន។ ពេលជិតប្រយុទ្ធ អត់មានមេកងទ័ព មេជើងគោក មេជើងទឹក ទៅអង្គុយរៀបទ័ព ដល់ថ្នាក់កងល្បាតទេ … ត្រូវតែមានការគ្រប់គ្រងទាំងអស់ ឯកសារស៊ីសង្វាក់គ្នា បានន័យថាមេថ្នាក់លើ រៀនបញ្ជាការ សេនាធិការ អាចយល់ពីយុទ្ធវិធីរបស់ថ្នាក់រៀនកងពលតូច កងពលធំ។ កុំឲ្យមេបញ្ជាការសេនាធិការរៀនយុទ្ធវិធីផ្សេង ដល់ថ្នាក់កងអនុសេនាតូច កងអនុសេនាធំហាត់ផ្សេង។ បើអញ្ចឹង មិនដឹងរៀបចំទ័ពយ៉ាងម៉េច។ សង្គតិភាពនេះសំខាន់។ សូមពង្រឹងបន្ថែមទៀត។
(២០) មជ្ឍមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ អាចឱ្យថ្នាក់វរសេនាតូចហាត់ទ័ពព្រៃបាន
ការរៀបចំឧបករណ៍សម្ភារៈហ្វឹកហ្វឺន បានដោះស្រាយច្រើន បូកជាមួយទីលាន។ ខ្ញុំសូមលើកទឹកចិត្តឲ្យបន្តការរៀបចំទីលានបន្ថែមទៀត … អង្គភាពនីមួយៗ សុទ្ធតែចង់បានការហ្វឹកហ្វឺនបាញ់គ្រាប់ពិតផ្ទាល់។ ប៉ុន្តែត្រូវមានកម្រិត។ ឧទាហរណ៍ថ្នាក់យោធាខេត្ត ថ្នាក់កងពលតូច បាញ់ត្រឹមកម្រិតណា។ ថ្នាក់កងពលធំ ថ្នាក់ភូមិភាគ។ កាលពីពេលមុន យើងមានដីច្រើនអត់បញ្ហាទេ យើងទៅយកកន្លែងណារៀបចំ ក៏សុទ្ធតែតំបន់ព្រៃ ដោះតែមីន អត់មានអ្នកណាទៅទេ។ តែឥឡូវ ធ្វើមិនស្រួល(ប៉ះ)ផ្ទះនិងប្រជាជន។ អញ្ចឹងខ្ញុំសូមឲ្យគិតអញ្ចេះ។ អង្គភាពណាដែលមានតូចល្មមក៏មានចុះ សិក្សាថែទាំឲ្យបាន ធ្វើការបាញ់តូចតាច ប៉ុន្តែយើងរៀបចំជាថ្នាក់ភូមិភាគឬតំបន់។ ពេលខ្ញុំនៅជើងគោក ខ្ញុំបានរៀបចំ ហើយសម្តេចតេជោក៏បានឲ្យរៀបចំច្រើននៅភូមិភាគ៣។ យើងមានជុំគិរី យើងមានម្រះព្រៅ។ កន្លែងនេះ គេអាចរៀបចំសមយុទ្ធទ្រង់ទ្រាយធំ ឬក៏អាចភូមិភាគណាទៅហាត់ក៏បានដោយមិនចាំបាច់ធ្វើដីថ្មី។ កន្លែងអាវុធហត្ថនៅទីនេះ កសាងសម្រាប់អាវុធហត្ថមែន ប៉ុន្តែអាចឲ្យភូមិភាគពិសេស ឲ្យអង្គភាព ទាំងនគរបាលជាតិ ឬមួយអ្វីដែលខ្វះទីលានចល័តថ្នាក់វរសេនាតូចមកហាត់នៅទីនេះ។ នៅកន្លែងរបស់ខ្លួនអាចបាញ់បានតែគ្រាប់ពិត តែមកហាត់ទ័ពព្រៃ ហាត់ថ្នាក់វរសេនាតូចនៅទីនេះល្អ។
អរគុណឯកឧត្តម សៅ សុខា ដែលថែរក្សាព្រៃបានច្រើន។ សូមចែកឱ្យហាត់ហ្វឹកហ្វឺនទ័ពព្រៃនៅក្នុងនេះ។ ថ្នាក់វរសេនាតូចនៅទីនេះ។ ត្រូវការទីលានធំ។ កន្លែងនេះជាមជ្ឈមណ្ឌលរបស់អាវុធហត្ថ តែផលប្រយោជន៍សម្រាប់កងទ័ពជាតិទាំងមូល។ សូមឯកឧត្តម ទៀ សីហា ឯកឧត្តមអគ្គបញ្ជាការ ជាមួយនឹងមេជើងគោកឲ្យពិនិត្យមើលទីលានធ្វើមួយ។ ថ្ងៃមុនខ្ញុំបានទៅមើលប៉ុន្មានកន្លែងនៅព្រះវិហារ។ រៀបចំឲ្យហើយ ជាមជ្ឈមណ្ឌលសម្រាប់ហ្វឹកហ្វឺននៅតំបន់ហ្នឹងតែម្តង សម្រាប់កងពលធំលេខ២ កងពលធំលេខ៣ ភូមិភាគ៤ កងពលប៉ុន្មានដែលនៅជិតហ្នឹង។ ហាត់នៅកន្លែងហ្នឹង ជាជាងយើងធ្វើមួយៗ ច្រើន។ មួយកន្លែងយក ៥ទៅ ៦ពាន់ហិកតា។ យើងពិបាករកដីឲ្យតែឮ ៥ទៅ ៦ពាន់ហិកតាដឹងតែឈឺក្បាល។ ជាពិសេសឯកឧត្តម សាយ សំអាល់។ ឲ្យតែឈឺក្បាល ខ្ញុំចារឲ្យគាត់ដោះ។ ទី២ យើងយកធំមក អត់មានលុយអភិវឌ្ឍ ហើយថែទាំពិបាក។ សង់បែបនេះ មិនដឹងថែទាំអស់ប៉ុន្មាន។ ឯកឧត្តម សៅ សុខា ថែទាំទឹកភ្លើងមួយឆ្នាំអស់ប៉ុន្មាន? អស់ច្រើន។ ភ្លើង ទឹក សំណង់នេះត្រូវថែទាំ។
ជាជាងយើងមានកន្លែងនេះបន្តិចកន្លែងនោះបន្តិច ថ្នាក់ភូមិភាគកងពលអីមានអាតូចៗ របស់គាត់ បាញ់គ្រាប់ពិត ត្រឹមបាញ់កាំភ្លើងដៃ តែថ្នាក់វរសេនាតូច ថ្នាក់អីទាល់តែរករាប់ពាន់ហិកតា ហើយទាល់តែធ្វើជាកម្រិតតំបន់។ យើងដាក់ថវិកាធ្វើនៅកន្លែងហ្នឹងថែទាំរួម អាចថាជាមជ្ឈមណ្ឌលហ្វឹកហ្វឺនតំបន់របស់កងទ័ពជើងគោក។ កន្លែងណារបស់ជើងទឹកគឺដាក់ជើងទឹកជាជាងកោះឆ្នេរបន្តិច ជើងទឹកបន្តិច គឺយកធ្វើមណ្ឌលកន្លែងណាមួយតែម្តង។ ជើងអាកាសដូចគ្នា។ ប៉ុន្តែជើងអាកាសឥឡូវអាចប្រើរបស់ជើងគោកបាន។ ប្រើយន្តហោះអីនៅជុំគិរីបាន ព្រោះបើរកអាធំៗ សម្រាប់ទម្លាក់គ្រាប់ ថ្ងៃក្រោយគឺអត់មានទេ គឺយើងប្រើកន្លែងហ្នឹងបាន។ តែជើងអាកាសគឺមានប្រើសម្រាប់ការហ្វឹកហ្វឺនអីផ្សេងៗ។ ខិតខំរកឱ្យហើយទៅ ព្រោះបើនៅបន្តិចទៀតគឺពិបាករកកន្លែងហើយ។ សូមឱ្យទៅមើលនៅភូមិភាគ៤។ ឥឡូវភូមិភាគ១ យើងមានដីខ្លះហើយ, ភូមិភាគ២ យើងនៅមានកំណត់។ ហ្នឹងនៅស្រែស្ពៃ។ តូច។ កន្លងទៅដូចមើលនៅក្រចេះ? សូមឱ្យពិនិត្យមើលឡើងវិញ ធ្វើម៉េច(ធ្វើ)ឱ្យហើយទៅដើម្បីយើងឃ្លុំបេ។ ត្រៀមធ្វើការវិនិយោគ។
ដរាបណាប្រទេសយើងនៅមានការការពារជាតិ ត្រូវតែមាន(ការប្រុងប្រៀប)។ យើងអត់ទៅរកសង្គ្រាមជាមួយអ្នកណាទេ ប៉ុន្តែក្នុងករណីដែលមានការគំរាមកំហែង យើងត្រូវតែមានសមត្ថភាពនៅក្នុងការការពារជាតិ តាមរយៈការធានាសមត្ថភាពកងទ័ព។ កងទ័ពយើងមិនអាចបើកពេលហ្វឹកហ្វឺនជិះយន្តហោះទៅហ្វឹកហ្វឺននៅប្រទេសនេះ ប្រទេសនោះ ដោយសារយើងអត់ដីទេ។ ប្រទេសសិង្ហបុរីអត់មានដី គាត់ត្រូវខ្ចីដីនៅអូស្ត្រាលីនៅអី។ យើងអត់់អញ្ចឹងទេ។ យើងធ្វើនៅក្នុងប្រទេសរបស់យើង។ ទៅមុខ យើងត្រូវតែទទួលស្គាល់តំបន់អភិវឌ្ឍ មានប្រជាជនរស់នៅកាន់តែរីក តែត្រូវធ្វើយ៉ាងណា យើងហ៊ុមព័ទ្ធ ហើយរក្សាទុកមុននឹងការអភិវឌ្ឍនេះមកដល់។ សូមឱ្យក្រសួងការពារជាតិ អគ្គបញ្ជាការ រកមើល។ កាលនៅជើងគោក ខ្ញុំចុះមើល ខ្ញុំសូមទៅលើ។ ឥឡូវខ្ញុំរង់ចាំក្រសួងស្នើមក ចាំខ្ញុំអូខេ។ ឯកឧត្តម សាយ សំអាល់ ចាំសហការជួយ នៅហ្នឹងស្រាប់។ រក្សាទុកដើម្បីយើងធ្វើ(ទីលានទាំងនោះ)។
(២១) ដាក់គោលការធ្វើវិសោធនកម្មច្បាប់ស្តីពីកាតព្វកិច្ចយោធា និងច្បាប់ស្តីពីសោធន ដើម្បីកសាងនិងថែរក្សាកម្លាំង
ទី២ អំពីការកសាងកម្លាំងនិងថែរក្សាកម្លាំង។ រឿងនេះប្រជុំថ្ងៃមុន ខ្ញុំបានឱ្យទិសដៅ។ យើងត្រូវកែវិធីសាស្ត្រនៅក្នុងការកែសម្រួល ការកសាងកម្លាំងបច្ចុប្បន្ន។ ផ្អែកទៅលើលទ្ធភាពថវិកាបច្ចុប្បន្ន បូកជាមួយស្ថានភាពនៃការគ្រប់គ្រង ខ្ញុំបានឱ្យគោលការណ៍ធ្វើវិសោធនកម្មច្បាប់២។ ទី១ ច្បាប់កាតព្វកិច្ចយោធាឆ្នាំ២០០៦ ត្រូវកែឱ្យហើយដើម្បីយើងឈានទៅអនុវត្តឆ្នាំ២០២៦ ហើយចាប់ពីឆ្នាំ២០២៦ ទៅនឹងត្រូវអនុវត្តច្បាប់កាតព្វកិច្ចយោធា។ នេះគឺជាការប្តេជ្ញាចិត្ត។ ពិតណាស់យើងមិនមានលទ្ធភាព ២០ម៉ឺននាក់យកម្តង ២០ម៉ឺនទេ … ច្បាប់នេះធ្វើពីឆ្នាំ២០០៦ ហើយបើសិនជាយើងអនុវត្តឆ្នាំ២០២៦ គឺ២០ឆ្នាំគត់។ ខ្ញុំឱ្យកែ និងពិនិត្យមើលមួយចំនួនថា តើវាស្របតាមស្ថានភាពបច្ចុប្បន្នទេ។ ឧទាហរណ៍ ច្បាប់ចាស់ យើងអនុវត្ត ១៨ខែ។ បើសិនជាយើងគិតមើលគ្រាន់តែរើសហៅមកហ្វឹកហ្វឺន គឺ១៨ខែហើយ។ អញ្ចឹង ឱ្យគិតគូរមើល ដើម្បីកែទៅ ២៤ខែ ទើបសមស្រប។ ប្រទេសភាគច្រើនគឺ ២៤ខែ គ្រាន់តែយើងហ្វឹកហ្វឺនចល័តចុះចល័តឡើងវាអស់ ៥ទៅ ៦ខែហើយ …។
(ច្បាប់)នេះនឹងត្រូវអនុវត្តនៅឆ្នាំក្រោយ។ ច្បាប់កាតព្វកិច្ចយោធាជួយយើង ទី១ បង្កើនបរិមាណទ័ព។ យើងមានលទ្ធភាពរើសទ័ពកាតព្វកិច្ចទូលំទូលាយជាងរើសទ័ពអាជីព។ អាចបំពេញចូលសោធនប៉ុន្មាន យើងរើសបំពេញប៉ុណ្ណឹង។ អញ្ចឹង ការបំពេញកាតព្វកិច្ចទ័ពនេះគឺងាយស្រួល។ ទី២ គឺបង្កើនលទ្ធភាពក្នុងការបំពេញសាច់ទ័ព។ ទ័ពដែលរើសមកហ្វឹកហ្វឺនមួយរយៈពេលខ្លីអាចយកទៅបំពេញ។ ឥឡូវគឺនឹងត្រូវអនុវត្តច្បាប់នេះ។ ទ័ពដែលចូលមកក្នុងរយៈពេល ២ឆ្នាំ គាត់ជាប់កាតព្វកិច្ច។ អញ្ចឹងឋានន្តរស័ក្តិអីអត់ព្រួយបារម្ភទេ គឺបំពេញសាច់ទ័ព។ អង្គភាពខ្លះយើងមានតែក្បាលទេ។ ពេលនេះគឺមានយោធិនសម្រាប់ ២ឆ្នាំ ហើយចល័តរហូតរាល់ឆ្នាំ។ ជាពិសេសពលទាហានថ្នាក់ក្រោមគឺយើងអត់ខ្វះទេ។ មិនមែនអត់ខ្វះបំពេញម្តងរាប់សែននាក់ទេ។ (តែអាច)ឈានទៅដល់មិនខ្វះទៅថ្ងៃអនាគត។
អ្វីដែលសំខាន់់នោះគឺប្រសិទ្ធភាព។ ទ័ពដែលរើសជាកាតព្វកិច្ចយកទៅបន្សាំ ២ឆ្នាំ។ ចប់ ២ឆ្នាំ គាត់មានលទ្ធភាពស្ម័គ្រចិត្តដាក់ពាក្យចង់ទៅសង្គម ឬមួយស្ម័គ្រចិត្តចូលជាទ័ពអាជីព។ ពេលហ្នឹងក្នុង ២ឆ្នាំនេះ ទាហានផ្ទាល់បានឱកាសក្នុងការវាយតម្លៃ តើជីវិតយោធារបស់ខ្ញុំ(ធ្វើបានទេ) ជាជាងដាក់បានប៉ុន្មានខែរត់បាត់។ គិតថាល្អពាក់ខោអាវស្អាត តែដឹងមិនថាទៅដល់គេមិនឱ្យពាក់តែខោអាវស្អាតឯណា។ គេឱ្យធ្វើអានេះអានោះ ឬមួយគាត់ដូរស្ថានភាពនៃជីវិតរបស់គាត់។ គាត់អាចធ្វើការវាយតម្លៃចប់ ២ឆ្នាំ គាត់អាចរើស។ យើងកាត់បន្ថយបញ្ហារឿង ០១០ សូន្យអីច្រើន។ ទី២ អង្គភាពនិងកងទ័ពមានសមត្ថភាពអាចជ្រើសបាន។ ឧទាហរណ៍ថា រើស ៤ពាន់នាក់ ឬ ៥ពាន់នាក់ ពេលដល់វេណក្នុងពេល ៤ពាន់នាក់ ដាក់ពាក្យមក ២ពាន់នាក់។ អញ្ចឹងក្នុង ២ពាន់នាក់ ឆ្នាំហ្នឹងយើងត្រូវការទ័ពអាជីពបន្ថែមតែ ១៥០០នាក់ទេ។ យើងអាចវាយតម្លៃក្នុង ១៥០០នាក់ អ្នកណាល្អដើម្បីបំពេញឱ្យទ័ព។
អ្នកចូលជាទ័ពអាជីពទី១ ភាគច្រើនទ័ពដែលសម្រេចចិត្តនៅ ឬមិននៅគឺ ២ឆ្នាំដំបូង។ ជីវិតកងទ័ព ១ឆ្នាំដំបូង។ ទី២ អង្គភាពអាចវាយតម្លៃថាអ្នកហ្នឹងមានសក្តានុពលឬទេ។ យើងមានប្រព័ន្ធស្រួលបួល។ ទ័ពដែលចូលទៅជាទ័ពអាជីពនៅថ្ងៃក្រោយ គឺមានគុណភាព។ ទី៣ នៅក្នុង ៤ពាន់នាក់ ដែលរើស ១៥០០នាក់ សល់ ២៥០០នាក់ទៅណា? ២៥០០នាក់ត្រឡប់ទៅសង្គម។ យ៉ាងហោចណាស់គាត់ទៅជាបុគ្គលមួយដែលបានអប់រំបណ្តុះបណ្តាល មានវិន័យចូលទៅក្នុងសង្គម។ ២ឆ្នាំនេះ បើមិនចូល(ទ័ព) គាត់អាចកាប់ចាក់ជាបងធំ។ តែបើគាត់(ចូលទ័ព)បានបណ្តុះបណ្តាល មានកាតព្វកិច្ចធ្លាប់បានអប់រំវិន័យ សណ្តាប់ធ្នាប់ ឱកាសដែលក្លាយទៅជាបុគ្គលល្អរបស់សង្គមក៏កាន់តែប្រសើរ។ យើងនឹងកសាងធនធានមនុស្សដែលមានការលត់ដំក្នុងកងយោធពលខេមរភូមិន្ទកាន់តែច្រើន។
បើសិនជាមានសភាពការណ៍ចាំបាច់ យើងមានទ័ពដែលអាចចុចឈ្មោះ ហៅមកបាន។ គាត់មានការហ្វឹកហ្វឺនខ្លះរួចជាស្រេច។ ខ្ញុំពិនិត្យមើលទៅ ចាំបាច់ត្រូវអនុវត្តច្បាប់កាតព្វកិច្ច។ យើងធ្វើ២០០៦ ប៉ុន្តែយើងមិនទាន់(បានយកមកប្រើ)។ ឥឡូវដល់ពេលយើងរៀបចំរើសនិងបំពេញទ័ពបន្ថែមទៀត ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពជាងរូបមន្តដែលធ្វើកន្លងទៅ។ ទី២ ខ្ញុំឱ្យធ្វើវិសោធនកម្មច្បាប់សោធន។ ច្បាប់សោធននេះខ្ញុំបានលើកជាច្រើនដង។ កាលខ្ញុំនៅជាមេជើងគោក ព្រោះពេលដែលទៅបំពាក់ស័ក្តិ ជូនយោធិនចូលសោធន យើងដំឡើង ១ស័ក្តិ។ មានអ្នកខ្លះអាយុ ៣៨ឆ្នាំ, ៤០ឆ្នាំ។ យើងទាំងអស់គ្នាដឹងហើយ ខ្ញុំអាយុ ៤៨ឆ្នាំ ជិត ៥០ឆ្នាំហើយ។ ប៉ុន្តែកាលពីនៅអាយុ ៣០ឆ្នាំជាង ៤០ឆ្នាំជាង សុទ្ធតែពេញកម្លាំងតែម្តង។ ទ័ពនេះកំពុងតែពេញកម្លាំង។ យើងត្រូវដាក់បញ្ចូលដោយសារកល់ស័ក្តិ។ ខ្ញុំឱ្យសិក្សាមើល ថាតើយើងធ្វើយ៉ាងណា? ព្រោះទ័ពនេះហ្វឹកហ្វឺនរាប់សិបឆ្នាំជាធនធាន ១៨ឆ្នាំ ទៅ៣៨ឆ្នាំ គឺ២០ឆ្នាំ នៃការបណ្តុះបណ្តាល ជីវិតកងទ័ពស្អីៗ ការប្តេជ្ញាចិត្តនៅជាមួយ។
តើយើងត្រូវម៉េច? ២ឆ្នាំនេះ ខ្ញុំឱ្យផ្អាកការដាក់បញ្ចូលទ័ពដែលកល់ស័ក្តិ តែអាយុនៅក្មេង ហើយសុខភាពនៅមាំ។ យើងមិនអាចចេញគោលការណ៍បណ្តោះអាសន្នអញ្ចឹងរហូតទេ។ ត្រូវកែវាឱ្យមានអចិន្ត្រៃយ៍ ឱ្យមាននិរន្តរភាព។ ខ្ញុំសូមឱ្យមានគោលការណ៍នៅក្នុងការពិនិត្យកែសម្រួលការចូលនិវត្តន៍របស់យោធិន។ ខ្ញុំឱ្យសិក្សាប្រៀបធៀបនៅប្រទេសអាស៊ាន ប្រទេសយើងមានច្រើនជាងនៅក្នុងអាយុចូល(និវត្តន៍)។ កម្ពុជាមាន ១២ឆ្នាំ ដែលត្រូវចូលនិវត្តន៍ ពលទាហាន ពលបាលត្រី និងចក្របាលត្រី ត្រឹមអាយុ ៣៨ឆ្នាំ។ ពលបាលទោ ចក្របាលទោ ៣៩ឆ្នាំ ខុសគ្នា ១ឆ្នាំ។ ពលបាលឯក ចក្របាលឯក ៤០ឆ្នាំ។ ព្រឹន្ទបាលទោ នាយកចក្របាលទោ ៤១ឆ្នាំ។ ព្រឹន្ទបាលឯក នាយកចក្របាលឯក ៤២ឆ្នាំ បានន័យថាខុសគ្នាតែ ១ឆ្នាំ គ្រាន់តែធ្វើលិខិតហ្នឹងដល់អាយុបាត់។ នាយចំណង់ ៤៣ឆ្នាំ។ អនុសេនីយ៍ត្រី ៤៦ឆ្នាំ។ អនុសេនីយ៍ទោ ៤៨ឆ្នាំ។ អនុសេនីយ៍ឯក ៥៣ឆ្នាំ។ វរសេនីយ៍ត្រី ៥៥ឆ្នាំ។ វរសេនីយ៍ទោ ៥៨ឆ្នាំ។ វរសេនីយ៍ឯកឡើង ៦០ឆ្នាំ យើងមាន ១២កាំ។
នៅឡាវមានតែ ២ថ្នាក់ទេ។ ប្រុស ៦០ឆ្នាំ ស្រី ៥៥ឆ្នាំ។ នៅវៀតណាមមានតែ ៦ថ្នាក់ទេ ៤កាំ ថ្នាក់វរសេនីយ៍ អនុសេនីយ៍ចុះគឺ ៥០ឆ្នាំ។ ប៉ុន្មានក៏ដោយត្រឹម ៥០ឆ្នាំ បានឱ្យចូលនិវត្តន៍។ អនុសេនីយ៍ចុះ អត់មានព្រឹន្ទបាលអី ៣៨ឆ្នាំ ៣៩ឆ្នាំទេ វរសេនីយ៍បានមានដោយសារស័ក្តិកាន់តួនាទី រវសេនីយ៍ត្រី ៥២ឆ្នាំ វរសេនីយ៍ទោ ៥៤ឆ្នាំ វរសេនីយ៍ទោ ៥ ជាន់ខ្ពស់ ៥៦ឆ្នាំ វរសេនីយ៍ឯក ៥៨ឆ្នាំ ឧត្តមសេនីយ៍ ៦០ឆ្នាំ។ អញ្ចឹងគេឱ្យវរសេនីយ៍មានច្រើន។ ម៉ាឡេស៊ីមាន ៥ថ្នាក់ ចាប់ពីអនុសេនីយ៍ទោ ចុះដល់ពលបាលគឺ ៥០ឆ្នាំទាំងអស់ បានឱ្យចូលនិវត្តន៍។ អនុសេនីយ៍ឯក ៥២ឆ្នាំ វរសេនីយ៍ត្រី ៥៥ឆ្នាំ វរសេនីយ៍ទោ ៥៧ឆ្នាំ ចាប់ផ្តើមវរសេនីយ៍ឯកឡើង ៦០ឆ្នាំ។
សិង្ហបុរីមាន ៣ថ្នាក់ទេ ចាប់ពីពលបាលឯកចុះក្រោម ៤៥ឆ្នាំ។ ព្រឹន្ទបាលឯក រហូតដល់ វរសេនីយ៍ត្រី ៥០ឆ្នាំ ចាប់ពីហ្នឹង វរសេនីយ៍ទោឡើងទៅ ៥៥ឆ្នាំ។ ឥណ្ឌូនេស៊ីមាន ៦ថ្នាក់ តែ ៤ថ្នាក់ ឧត្តមសេនីយ៍ សម្រាប់ពលទាហាន នាយទាហានរង ៥៥ឆ្នាំ បានចូលនិវត្តន៍ អត់មានគិតព្រឹន្ទបាលទេ ដែលនាយទាហានទាំងអស់ដល់ថ្នាក់រវសេនាឯកគឺ ៥៨ឆ្នាំ គាត់មានតែ ២ហ្នឹងទេ។ សម្រាប់នាយទាហានរងចុះគឺ ៥៥ឆ្នាំ នាយទាហានគឺ ៥៨ឆ្នាំ ឧត្តមសេនីយ៍បានមាន ៦០ឆ្នាំ ផ្កាយ១, ៦១ឆ្នាំ ផ្កាយ២, ៦៣ឆ្នាំ អីអញ្ចឹងទៅ។
ខ្ញុំគិតថា ខាងបុគ្គលិកគួរពិនិត្យមើលកែសម្រួល ព្រោះអាយុឥឡូវនេះខុសពីមុន។ ខ្ញុំយកពីឆ្នាំ ១៩៩៤ ព្រោះច្បាប់សោធនយើងធ្វើពីឆ្នាំ១៩៩៤ ដែលត្រូវជា ៣២ឆ្នាំមុន។ ដល់តែអនុក្រឹត្យចេញ ២០០៦ ត្រូវជា២០ឆ្នាំមុន … អញ្ចឹងប្រែប្រួល។ យើងចង់ថា កុំឲ្យក្មេងៗ នៅយូរពេក។ ខ្ញុំថាអញ្ចេះ ព្រោះឥឡូវទាហានយើងអាយុ ៣៨ឆ្នាំ និង ៤៥ឆ្នាំ សុខភាពមិនខុសគ្នាទេ។ ជួនកាលអ្នក ៤៥ឆ្នាំ ក្មេងជាង ៣៨ឆ្នាំផង ព្រោះអ្នក៣៨ រវល់តែដាច់យប់ច្រើន។ សូមឲ្យពិនិត្យមើល កែសម្រួលត្រឹមតែ ២-៣កម្រិតបានហើយ។ ឧទាហរណ៍ថា នាយទាហានរងចុះ ឬអនុសេនីយ៍ចុះ ឡើងដល់ប៉ុន្មានអញ្ចឹងទៅ។ ខ្ញុំឲ្យជាគោល តែសុំពិភាក្សាគិតគូរ។ វរសេនីយ៍ឯកឡើង តែកុំឲ្យលើស ៦០ឆ្នាំ ថ្នាក់ឧត្ដមសេនីយ៍កុំឲ្យលើស តែចន្លោះហ្នឹងយើងរៀបចំ។ ថ្នាក់វរសេនីយ៍ទោ យើងត្រូវគិតគូរ ព្រោះត្រូវកាន់តួនាទីប្រអប់ច្រើន។ តែជើងក្រោមនេះ ខ្ញុំគិតថា នាយអាវុធហត្ថក្ដី នាយទាហាន ឬពលទាហាន នាយទាហានរង នាយអាវុធហត្ថរង អាចថានាយនគរបាលក៏ស្រដៀងគ្នា ព្រោះកងកម្លាំងប្រដាប់អាវុធ អាយុ ៤៥ ឬ៣៨ អីហ្នឹង បើគាត់នៅទៀត ដល់ ៣៨ត្រូវចូលរ៉ឺត្រែត តែសុខភាពគាត់ល្អ ឆន្ទៈមាន ហើយចេញទៅទៀតអត់ដឹងជំនាញអី ដឹងតែកងកម្លាំង អាចឲ្យគាត់ឡើង ៤៥ – ៤៨ អីទៅ។ អញ្ចឹង យើងលែងលំបាកថាមួយឆ្នាំត្រូវដាក់ប៉ុន្មាននាក់ ព្រោះឆ្នាំនេះ ៤៨ ស្រាប់តែធ្វើយឺតបន្តិច ចូល ៣៩ កល់ទៀត។
(២២) វិសោធនកម្មនិងការអនុវត្តច្បាប់កាតព្វកិច្ចនិងច្បាប់សោធននេះ នឹងធ្វើឱ្យមានទ័ពច្រើន
ពិតណាស់ ស័ក្ដិទាហានមិនអាចឡើងគ្រប់ឆ្នាំនោះទេ។ ឡើងតាមឆ្នាំ បូកនឹងប្រអប់ការងារ។ យើងមិនអាចមានយុទ្ធជនពាក់វរសេនីយ៍ឯកនោះទេ ទោះបីជាគាត់នៅ ៤០ឆ្នាំ ក៏គាត់ត្រឹមតែជាអនុ “ខ” គាត់មិនអាចពាក់ឧត្ដមសេនីយ៍ត្រីនោះទេ។ អញ្ចឹង គឺចប់ហើយ អនុ “ខ”។ ឧត្ដមសេនីយ៍ត្រី មេ “ខ” ឧត្ដមសេនីយ៍ទោ បាត់ទៅហើយ ទាល់តែមេទ័ពផ្កាយ ៧-៨។ តែយើងឲ្យជម្រើសគាត់។ យោធិនខ្លះ គាត់មិនបារម្ភទេឲ្យនៅ ៥ឆ្នាំ មិនបាច់ឡើងស័ក្ដិ តួនាទីដដែលក៏បានដែរ។ នៅកងទ័ព ចេញទៅក៏មិនដឹងទៅធ្វើអី អាយុ ៣៨-៤០ ហើយ។ ឥឡូវ យើងគួរតែដំឡើងទៅ។ យើងក៏មានធនធានមួយ។ ទី២ ច្បាប់កាតព្វកិច្ច បូកនឹងច្បាប់សោធននេះ កែសម្រួល យើងនឹងមានទ័ពច្រើននៅក្នុងដៃ។ ខ្ញុំក៏សុំឲ្យគិតអំពីភាគរយនៃអង្គភាពមួយៗ លើកលែងតែអង្គភាពជំនាញទេ ដែលត្រូវការទ័ពអាជីពប៉ុន្មានភាគរយ ក្រៅពីនេះ ទុកទ័ពបំពេញទ័ពកាតព្វកិច្ចប្រចាំឆ្នាំ។
ប្រសិនបើទ័ពអាជីព ១០០% ហើយ យើងមិនអាចបង្វិលឲ្យទ័ពកាតព្វកិច្ចទេ … ពេលដែលយើងមាន(គោលការណ៍)ហ្នឹងហើយ យើងលែងខ្លាចហើយ។ ទ័ពអាជីពយើងអាចធានាបាន៦០% បើអង្គភាពពិសេសចាំបាច់អាចឡើងដល់ ៧០%-៨០%ទៅ។ លើកលែងតែរដ្ឋបាល។ ឧទាហរណ៍ ទ័ពពិសេសកុម៉្មង់ដូ អាចយកទ័ពអាជីពលើជំនាញណាខ្លះ តែជំនាញរដ្ឋបាលអីអាចជាទ័ពធម្មតា។ អាជីពខ្លះដូចផ្នែកដោះ/ដាក់មីនអីហ្នឹងត្រូវបង្រៀន ត្រូវរើស តែជាទូទៅគួរតែមានលទ្ធភាព។ ខ្ញុំថា ធ្វើបែបនេះ យើងចំណេញច្រើនខ្ទង់ថវិកា។ យើងអាច បើទ័ពអាជីពយើងរើសបាន ២ពាន់នាក់ បើដាក់អនុវត្តច្បាប់កាតព្វកិច្ចយើងអាចរើសដល់ ៣-៤ពាន់។ ប៉ុន្តែ អ្វីដែលសំខាន់ ការបណ្ដុះបណ្ដាលហ្វឹកហ្វឺនអី និងប្រាក់ឧបត្ថម្ភអីគឺមានដូចគ្នា។ តែយោធិនដែលគាត់បានបំពេញ ២ឆ្នាំ គាត់បង្កើននូវជំនាញក្នុងកងទ័ព។
គេធ្លាប់សួរខ្ញុំថា ពេលដែលខ្ញុំប្រឡងនាយទាហាន ចាំបាច់យកដល់បាក់ឌូប្លិ៍ធ្វើអី? នាយទាហានចាំបាច់ចេះអក្សរដែរឬ? ទស្សនៈមួយចំនួនយល់ថា ធ្វើជាទាហានត្រឹមតែចេះបាញ់កាំភ្លើង(បានហើយ)។ អត់ទេ! មិនអាចទេ។ ត្រូវចេះទទួលផែនការ ក្ដាប់ផែនការ។ បើជានាយទាហាន ត្រូវចេះសរសេរបទបញ្ជា ក្ដាប់ និងទំនាក់ទំនង។ អញ្ចឹងក្នុងកងទ័ពគឺផ្ដល់ការបណ្ដុះបណ្ដាល ហ្វឹកហ្វឺនច្រើន មិនមែនតែយុទ្ធវិធីទេ តែវិន័យនិងសណ្ដាប់ធ្នាប់ផងដែរ។ នេះជាអ្វីដែលកូនចៅប្រជាពលរដ្ឋយើងនឹងទទួលផលពីច្បាប់កាតព្វកិច្ចនេះ ដើម្បីទៅបម្រើក្នុងសង្គមវិញ។ ថ្ងៃក្រោយអាចក្រុមហ៊ុនជាច្រើនចង់បានអ្នកចេញពីកងទ័ពកាតព្វកិច្ច ព្រោះអ្នកទាំងនេះត្រូវបានរដ្ឋចេញលុយលុតដំបានពីរឆ្នាំហើយ តែចុងក្រោយបំផុត (គឺបានផលដល់)សង្គមជាតិយើងទាំងមូល។
(២៣) ការរើសទ័ពត្រូវអនុវត្តតាមនិយាមថ្មីស្តីពីការគ្រប់គ្រង ការកែសម្រួលច្បាប់ មាត្រដា្ឋន និយាម និងការថែទាំរក្សាកម្លាំងទ័ព
ខ្ញុំឲ្យពិនិត្យមើលនៅក្នុងការកែសម្រួលការងារពីរនេះ (ច្បាប់កាតព្វកិច្ច និងច្បាប់សោធន) ដើម្បីយើងឈានទៅដល់អនុវត្តឆ្នាំ២០២៦ តែម្ដង។ អត់រង់ចាំ ៣០ឆ្នាំទៀតទេ។ ច្បាប់កាតព្វកិច្ច និងច្បាប់សោធនមានមក ២០ឆ្នាំហើយ។ ឥឡូវយើងចាប់ផ្ដើមអនុវត្ត(ច្បាប់កាតព្វកិច្ច)។ ទាន់ឥឡូវនេះ ទាហានយើងត្រូវប៉ាន់ផង។ ប្រទេសខ្លះ ចាប់ឆ្នោត ចំកាតព្វកិច្ច សន្លប់។ តែកម្ពុជាចាប់អត់បានចូលធ្វើទ័ព សន្លប់។ វាខុសគ្នាត្រង់ហ្នឹង។ យុវជនរបស់យើងពុះកញ្រ្ជោលចង់បានឱកាសនេះ។ យើងនឹងខិតខំដើម្បីផ្ដល់ឱកាសលើកិច្ចការនេះ។ ការរៀបចំរើសទ័ពដែលត្រូវអនុវត្តនិយាមថ្មីនេះគឺត្រូវបែបនេះ។ ការគ្រប់គ្រង និងការកែសម្រួលដល់ច្បាប់ មាត្រដា្ឋន និយាម និងការថែទាំទ័ព គឺយើងត្រូវបន្តធ្វើតទៅទៀត ជាពិសេសច្បាប់(ទាក់ទងនឹង)អាយុសោធន សូមឲ្យ(គិតគូរ)។ អាយុហ្នឹងក៏ដោយ ស្អីក៏ដោយ ប៉ុន្តែត្រូវមានលក្ខខណ្ឌសុខភាព វិន័យសណ្ដាប់ធ្នាប់ដដែល។ ទោះបីគាត់មិនចូលនិវត្តនៅអាយុ៣៨ ឥឡូវឡើងដល់៤៥ ក៏ដោយ ក្នុងរយៈពេលហ្នឹងគាត់ឈឺប្រភេទ២ ត្រូវតែកាត់។ តែគាត់ល្មើសត្រូវទទួលហើយ។ សាមីខ្លួនក៏ស្ម័គ្រចិត្តទៅ។ ឧទាហរណ៍ថា ដល់អាយុប៉ុន្មាន ពេលចេញពីទ័ព ទើបគាត់បានអត្ថប្រយោជន៍សោធន។
អញ្ចឹង ពេលដែលយើងដំឡើងអាយុនេះ ជួនកាលមិនចាំបាច់ដល់កល់ទេ តែត្រឹមកម្រិតណាមួយ គាត់អាចស្ម័គ្រចិត្តចេញឬមិនចេញដើម្បីបានអត្ថយោជន៍សោធន។ អញ្ចឹងគាត់អាចនៅបន្ត។ ឥឡូវនេះ យើងអត់ជម្រើស ដោយសារច្បាប់យើងអញ្ចឹង។ យើងបានត្រឹមតែលើកលែង ឬស្នើសុំពន្យារមួយឆ្នាំម្ដង។ ទៅថ្ងៃមុខ បើកែទាំងពីរនេះបាន ធ្វើវិសោធនកម្មច្បាប់កាតព្វកិច្ច និងច្បាប់សោធន ហើយត្រូវពន្លឿនបន្តិចព្រោះដើម្បីអនុវត្តឆ្នាំ២០២៦ ដោយសារច្បាប់ត្រូវឆ្លងនិតិវិធីច្រើន។ ប៉ុន្តែ មិនជាលំបាកទេ ព្រោះច្បាប់នេះខ្លីៗដែរ ហើយពិនិត្យមើលក្នុងច្បាប់ស្ដីពីលក្ខខន្តិកៈនៃកងយោធពលខេមរភូមិន្ទ ដើម្បីសង្គតិភាព ក៏ដូចជាប្រកាស អនុក្រឹត្យ ព្រះរាជក្រឹត្យអីផ្សេងៗ ដើម្បីយើងកែសម្រួល ព្រោះការកែទម្រង់កងទ័ព រចនាសម្ព័ន្ធ ការកសាងពង្រឹងកម្លាំង ការជ្រើសរើសកម្លាំង។ អ្នកដែលចេញនេះ កន្លងទៅគឺចប់ ឧទាហរណ៍ ដល់អាយុ៤៥ គាត់មានកាតព្វកិច្ច ពេលណាដែលជាតិហៅអីអញ្ចឹង ដល់ប៉ុន្មានហ្នឹងទុកឲ្យខាងជំនាញសិក្សាចុះ។ តែទោះជាយ៉ាងណា យើងនឹងអនុវត្តបែបនេះ ក្នុងការកសាងកងកម្លាំងប្រដាប់អាវុធរបស់យើង។
(២៤) សូមបន្តគាំទ្រខឿនការពារជាតិរបស់ប្រជាពលរដ្ឋ ដោយភាពម្ចាស់ការ និងការទទួលខុសត្រូវរយៈពេលវែង ដើម្បីពង្រឹងសមត្ថភាពកម្លាំងជាតិគ្រប់ប្រភេទ
ចំពោះគ្រឿងបំពាក់ និងកិច្ចការផ្សេងៗ សមត្ថភាពក្នុងការគិតគូរ យើងបានជជែកគ្នាច្រើនក្នុងការធានា ម្ចាស់ការផលិត ឬការធ្វើឧស្សាហកម្មកងទ័ពកម្រិតណាមួយនោះ។ ខ្ញុំមិនរំលេចទេ។ ប៉ុន្តែ វាជាផ្នែកនៃការធ្វើទំនើបកម្មរបស់យើង … កន្លងទៅ ពេលដែលយើងទៅប្រជុំដកពិសោធន៍ត្រៀមប្រយុទ្ធ ត្រៀមសមរភូមិ យើងឃើញថា កិច្ចការមួយចំនួនយើងធ្លាប់ធ្វើ តែឥឡូវយើងបានផ្ទេរទៅជាការនាំចូល ឬអីវិញ ការធានាស្បៀងអីមួយចំនួន។ អញ្ចឹង ត្រូវធ្វើយ៉ាងណាកំណត់ឲ្យច្បាស់ថាកងទ័ពត្រូវម្ចាស់ការ ធានាខ្លួនឯងកម្រិតណាមួយ អាវុធ គ្រាប់ស្បៀងអីផ្សេងៗ ដែលយើងអាចធ្វើបាន។ កន្លែងណាដែលត្រូវឲ្យឯកជនធ្វើ ត្រូវតែឲ្យធ្វើ កន្លែងណាដែលកងទ័ពត្រូវធ្វើ ត្រូវតែកងទ័ពធ្វើ កន្លែងណាដែលកងទ័ពក៏មានមួយផ្នែកសម្រាប់ធានា ម្ចាស់ការកម្រិតណាមួយ កន្លែងណាដែលបន្ថែមទៅឲ្យវិស័យឯកជន។
ឆ្លងកាត់ការប្រឈមនេះ វាធ្វើឲ្យយើងឃើញនូវចំណុចខ្លាំង និងចំណុចត្រូវពង្រឹងមួយចំនួនដើម្បីយើងពន្លឿន។ ធ្វើមិនចប់ទេ ការការពារជាតិត្រូវបន្តធ្វើតទៅទៀត។ ខ្ញុំសូមលើកទឹកចិត្តឲ្យគ្រប់បណ្ដាកងឯកភាពទាំងអស់ ទាំងខាងនគរបាលជាតិ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ កងយោធពលខេមរភូមិន្ទ កងទ័ពជើងទឹក/គោក/អាកាស កងរាជអាវុធហត្ថ បន្តម្ចាស់ការនៅក្នុងការបំពេញតម្រូវការនៃការហ្វឹកហ្វឺន ការធានាប្រសិទ្ធភាពកម្លាំង។ រាជរដ្ឋាភិបាលនឹងខិតខំបន្ថែមដើម្បីជួយក្នុងការងារធំៗទាំងនេះ។
ខ្ញុំក៏សូមអរគុណណាស់ចំពោះបណ្ដាអង្គភាព វិស័យឯកជនជាសម្ព័ន្ធមេត្រីភាពរបស់បណ្ដាកងឯកភាពចំណុះឲ្យកងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ ក៏ដូចជា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រសួង ស្ថាប័នដៃគូ សប្បុរសជនជាទូទៅ ដៃគូមិត្តទាំងអស់ ដែលបានចូលរួមក្នុងការជួយពង្រឹងសមត្ថភាពកងទ័ព មិនថាការហ្វឹកហ្វឺន ការកសាងហេដ្ឋារចនាសម្ព័ន្ធ ឬការបំពាក់នោះទេ គឺបានចូលរួមច្រើន និងសូមបំផុសបន្ថែមទៀត ដែលសម្ដេចតេជោលោកដាក់ពាក្យថា ខឿនការពារជាតិរបស់ប្រជាពលរដ្ឋ។ នេះជាការពិត ហើយក្នុងមួយរយៈនេះ ឃើញមានភាពផុលផុសក្នុងការជួយគាំទ្រទៅដល់កម្លាំងការពារជាតិរបស់យើង។ ខ្ញុំសូមឲ្យស្មារតីនេះនៅបន្តដោយភាពម្ចាស់ការ និងការទទួលខុសត្រូវរយៈពេលវែងរបស់យើង ក្នុងការចូលរួមកសាង ពង្រឹងសមត្ថភាពកម្លាំងជាតិរបស់យើងគ្រប់ប្រភេទ។ នេះពាក់ព័ន្ធទៅនឹងកិច្ចការរួមរបស់យើងក្នុងការការពារជាតិ។
[ចប់សេចក្ដីអធិប្បាយ២]
ស្របតាមបេសកកម្មការពារជាតិនៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា កងរាជ-អាវុធហត្ថ ក៏ដូចជាកងយោធពលខេមរភូមិន្ទទាំងមូល ត្រូវបន្តយកចិត្តទុកដាក់ក្នុងការបំពេញបេសកកម្មរបស់ខ្លួន ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសការពារអធិបតេយ្យ និងបូរណភាពទឹកដី ការពារថែរក្សាសន្តិភាពដែលរកបានដោយលំបាក សម្រាប់ជំរុញសម្ទុះនៃការអភិវឌ្ឍលើគ្រប់វិស័យ សំដៅឈានដល់ការសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ក្នុងស្មារតីនេះ, ខ្ញុំសូមយកឱកាសនេះ ដាក់ចេញនូវអនុសាសន៍មួយចំនួន ដូចខាងក្រោម៖
ទី១. ខ្ញុំសូមគាំទ្រចំពោះគោលគំនិតនៃការរៀបចំតំបន់នេះមួយផ្នែកឱ្យក្លាយជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ សូមគ្រប់អង្គភាពសហការជាមួយអាជ្ញាធរដែនដី ក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំឱ្យលេចចេញជារូបរាងឡើង។
[ផ្ដើមសេចក្ដីអធិប្បាយ៣]
(២៥) រៀបចំមួយផ្នែកនៃមជ្ឍមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយជារមណីយដ្ឋានទេសចរធម្មជាតិ តែកុំឲ្យបាត់ឬប៉ះពាល់អាទិភាពជាមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ព
សក្ដានុពល(នៅទីនេះ)ធំ។ អម្បាញ់មិញបាននិយាយជាមួយឯកឧត្ដម សៅ សុខា ថា រៀបចំ(មួយផ្នែកនៃមជ្ឍមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយឱ្យក្លាយជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ) យ៉ាងម៉េចកុំឲ្យបាត់ ឬប៉ះពាល់ទៅដល់អាទិភាពទីមួយរបស់យើង។ អាទិភាពទីមួយកន្លែងនេះ គឺហ្វឹកហ្វឺនកងទ័ព។ ហ្វឹកហ្វឺនកងទ័ពត្រូវព្យាករណ៍សម្រាប់អនាគតដែលយើងមានអាវុធទំនើប បាញ់កាន់តែឆ្ងាយ ប្រភេទទ័ពមកទីនេះ ទីលានចាំបាច់ត្រូវរក្សានូវការប្រើប្រាស់របស់វា។ ជាពិសេស ការអភិវឌ្ឍតំបន់ទេសចរណ៍ សូមកុំដាក់នៅកន្លែងដែលមានទិសគ្រាប់ហោះកាត់ … ខ្ញុំឃើញកន្លែងហ្វឹកហ្វឺនមួយ ខ្ញុំអត់និយាយនៅឯណាទេ ធ្វើសម្រាប់ថ្នាក់វរសេនាតូចដែលបាញ់បាន ដល់ក្រោយមកមានការប្រគល់ទីតាំងអោយ៤ទៅ ៥អង្គភាពចំណុះ។ អង្គភាពយកទៅដាក់នៅជុំវិញភ្នំ។ ខ្ញុំថាចប់បាត់។ បាញ់ធ្វើម៉េចកើត ព្រោះបាញ់ទិសណាក៏ចំ។ ឯកឧត្តម សៅ សុខា ធ្វើម៉េចត្រូវធានា Master plan ឥឡូវយើងគិតត្រឹមវរសេនាតូច។ ថ្ងៃក្រោយវរសេនាតូចយើងក៏ត្រូវមាន ជួនកាលរថពាសដែកអមដោយថ្មើរជើងតទៀត មានត្បាល់៦០ ត្បាល់៨០ ត្បាល់១០០លី … ទិស តំបន់ កន្លែងណា យើងត្រូវការពារអោយជាប់។ កន្លែងដែលសុវត្ថិភាពសុំអោយបងប្អូនគាត់ធ្វើចុះ។ ទេសចរណ៍មកលំហែរចង់បានកន្លែងស្ងាត់ស្ងៀម ស្រាប់តែពួកគាត់មកលឺសម្លងគ្រាប់ …។
បទពិសោធន៍កន្លងទៅ យើងមាននៅភ្នំវាយចាប ភូមិភាគ៥។ កាលពីពេលយើងកសាងមូលដ្ឋាននៅវាល ដល់ពេលយើងធ្វើរាប់ឆ្នាំទៅ បន្តិចម្ដងៗ … ទំរាំតែយើងចាប់ផ្ដើមធ្វើ ប្រជាជនគាត់ទៅដាំនៅមួយចំហៀងភ្នំទៀត។ អញ្ចឹងឥឡូវបាញ់ផ្លោងអត់បាន ខ្លាចត្រូវគាត់។ កាំភ្លើងត្បាល់កុំទុកចិត្តថាវាមិនដល់គោលដៅ។ តែប្រយ័ត្នវាលើសគោលដៅ។ ឯកឧត្តម ស៊ឹង សំណាង ដឹងហើយសមយុទ្ធនាគមាស កន្ទុំរុយបាញ់វាមិនត្រូវភ្នំ វាហោះទៅដល់ផ្សេង។ តែហេងវាអត់មានប្រជាជន។ គ្រាប់វាអត់ស្ដាប់យើង។ ផ្លូវហោះគឺសំខាន់។ កន្លងទៅយើងចង់ធ្វើការហ្វឹកហ្វឺននៅភ្នំព្រិច តែយើងអត់ធ្វើបានដោយសារតែពេលដែលយើងមើលគន្លងគ្រាប់ហោះសុទ្ធតែភូមិ។ ឧស្សាហ៍ឃើញតាម youtube ណាស់ ត្បាល់៨០បាញ់ទៅធ្លាក់នៅហ្នឹងមុខ។ កន្លែងខ្លះត្រូវ ៤គីឡូ តែ១០០០ម៉ែត្រក៏ធ្លាក់ ទី២ បើនៅក្នុងគន្លងអាចមានហានិភ័យគ្រាប់ធ្លាក់ … ខ្ញុំសុំអោយគិតគូរនិងសុំអោយមិនមែនតែកន្លែងនេះទេ គឺគ្រប់ទីតាំងទាំងអស់នៃកងទ័ពរបស់យើងនៅម្រះព្រៅ, ជុំគិរី, ទីតាំងភូមិភាគផ្សេងៗ កន្លែងដីដែលយើងយកទៅសូមឃ្លុំ ទីតាំងដែលយើងធ្វើ ធ្វើម៉េចអោយជៀសផុតពី(ការចូលទន្ទ្រាន) … ថ្ងៃក្រោយពេលប្រជាជនទៅដាំកៅស៊ូ និងផ្សេងៗ វាប៉ះពាល់ទៅដល់។
ខាងជើងទឹក យើងបាញ់លើកោះ ប៉ុន្តែមើលផង ប្រយ័ត្នកោះណាដែលយើងធ្លាប់ទៅបាញ់នៅសល់កាកសំណល់មិនទាន់ផ្ទុះ។ បើសិនជាថ្ងៃក្រោយប្រជាពលរដ្ឋគាត់ទៅធ្វើ resort។ យើងឃ្លុំបេវាអោយជាប់តែម្ដង។ ជួនកាលទេសចរណ៍អត់ដឹងទេ។ គាត់ឡើងទូកទៅរកកន្លែងស្ងាត់ ចុះទៅលើហ្នឹង។ បើថាកន្លែងជាទីលានសុំអោយច្បាស់ ដាក់អាហ្នឹងជាតំបន់កងទ័ព។ ដៅអោយច្បាស់តែម្ដង។ យើងបាញ់ចូលទឹកជារឿងមួយ ប៉ុន្តែកន្លែងខ្លះនៅលើកោះ។ ខ្ញុំសុំអោយគិតគូរព្រោះសុវត្ថិភាពកងទ័ព និង(ប្រជាជន) … ពេលដែលអភិវឌ្ឍទៅគឺពិបាក កន្លែងនេះវាលព្រៃ តែមិនយូរទេ ទេសចរណ៍មកនិងប្រជាពលរដ្ឋគាត់មកនៅកន្លែងល្អ។ ខ្ញុំតែងតែលើកឡើងប្រាប់ឯកឧត្តម ចាប ភក្ដី អំពីទ័ពលោតឆ័ត្រ។ ឥឡូវទៅដល់ឱរ៉ាល់។ ដំបូងលោតនៅកំបូល ដល់ពេលក្រោយមកលោតទៅជុងតែលើដំបូលផ្ទះគេ។ រត់ទៅដល់ក្ដាន់រយ។ ក្រោយមក ក្ដាន់រយចាប់ផ្ដើមធ្វើរោងចក្រ លោតលែងកើតទៅដល់ឱរ៉ាល់តែម្ដង។ គឺយកទីតាំងហ្នឹងឃ្លុំទុកតែម្ដង។
នៅជប៉ុនក៏ដូចគ្នា។ កន្លែងលោតឆ័ត្ររបស់ទ័ពជប៉ុនសល់តែ២០០ហិកតាទេ។ កាលពីពេលកសាងដំបូងមានប៉ុន្មានពាន់ហិកតា។ ដល់ទីក្រុងតូក្យូរីក គេកាត់បន្តិចម្ដងៗ យកទៅអោយអភិវឌ្ឍន៍ក្រុង។ ឥឡូវលោតបានតែ២០០ហិកតាជាង។ យើងមិនអាចហាមប្រជាជនមិនអោយរីក មិនអាចហាមសេដ្ឋកិច្ច សក្តានុពល ទេសចរណ៍មិនអោយធ្វើ តែយើងហ៊ុមព័ទ្ធអោយច្បាស់ដើម្បីអោយគាត់ធ្វើ តែធ្វើការគិតគូរ។ ខ្ញុំសូមគាំទ្រឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងសូមអោយក្រសួងទេសចរណ៍ រដ្ឋបាលខេត្តជួយគាំទ្រដល់កាអភិវឌ្ឍនៅទីនេះ។ ខេត្តកំពង់ឆ្នាំងរបស់យើងគឺមានសក្ដានុពល កន្លែងទៅហួសមកហួស ឥឡូវមានរោងចក្រមកនិងថែមទេសចរណ៍ទៀត ត្រូវប៉ាន់។ មិនឆ្ងាយពីភ្នំពេញផងដែរ។
[ចប់សេចក្ដីអធិប្បាយ៣]
ទី២. ចំពោះការស្ថាបនាផ្លូវក្នុងតំបន់នេះ ខ្ញុំសូមប្រគល់ភារកិច្ចជូនក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការសិក្សា និង ដំណើរការរៀបចំស្ថាបនា។
[ផ្ដើមសេចក្ដីអធិប្បាយ៤]
(២៦) គាំទ្រការកសាងមជ្ឍមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ជាមជ្ឈមណ្ឌលអភិវឌ្ឍធនធានមនុស្ស កិច្ចសហប្រតិបត្តិការថ្នាក់ជាតិនិងអន្តរជាតិ មជ្ឈមណ្ឌលពហុសាស្ត្រ និងពហុអង្គភាព ទៅថ្ងៃក្រោយ
ធ្វើការងារជាមួយឯកឧត្តម សៅ សុខា ពិនិត្យមើល ត្រូវការ ស្នើសុំមក ដើម្បីខ្ញុំចារទៅអោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើកយោបល់ថែមទៀតដោះស្រាយ។ តែខ្ញុំគាំទ្រក្នុងការកសាងកន្លែងនេះ។ ខ្ញុំសូមអោយអភិវឌ្ឍកន្លែងនេះទៅជាកន្លែងនេះជាមជ្ឈមណ្ឌលពហុសាស្ត្រ បូកជាមួយនឹងមជ្ឈមណ្ឌលសម្រាប់ពហុអង្គភាពនៅទីនេះនៅថ្ងៃក្រោយតែម្ដង។ កន្លែងខ្លះត្រូវចាក់ដី១០ម៉ែត្រ ដើម្បីអោយក្លាយជាទីលាន។ បើគ្មានការពុះពារធ្វើទេ គឺមិនចេញទេកន្លែងនេះ។ តែធ្វើមិនទាន់គ្រប់ យើងត្រូវបន្តធ្វើទៀត។ រាជរដ្ឋាភិបាលបន្តគាំទ្រនៅការកសាងកន្លែងនេះទៅជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សនិងមជ្ឈមណ្ឌលនៃកិច្ចសហប្រតិបត្តិការថ្នាក់ជាតិ និងអន្តរជាតិ។
[ចប់សេចក្ដីអធិប្បាយ៤]
ទី៣. កងរាជអាវុធហត្ថ ត្រូវបន្តហ្វឹកហ្វឺន សំដៅអភិវឌ្ឍន៍ធនធានមនុស្ស ពង្រឹងសមត្ថភាព និង លើកកម្ពស់គុណភាព ប្រកបដោយការទទួលខុសត្រូវ និង មានប្រសិទ្ធភាព។
ទី៤. កងរាជអាវុធហត្ថ ត្រូវខិតខំថែរក្សា សំណង់ដែលមានស្រាប់ និង យកចិត្តទុក- ដាក់សាងសង់ថ្មី តាមតម្រូវការ និងលក្ខណៈបច្ចេកទេស ដើម្បីធានាបាននូវការប្រើប្រាស់យូរអង្វែង ជាពិសេសត្រូវយកចិត្តទុកដាក់បំផុតទៅលើការប្រើប្រាស់កម្លាំង ធនធាន និង ទ្រព្យសម្បត្តិរបស់អង្គភាព ឱ្យបានស្ថិតស្ថេរ និង មានប្រសិទ្ធភាព ពោលគឺសូមប្រើប្រាស់កម្លាំងឱ្យសមស្របទៅនឹងតម្រូវការ ជំនាញ និង សូមគ្រប់គ្រងថែរក្សាគ្រឿងសព្វាវុធ បរិក្ខារយោធាគ្រប់បែបយ៉ាង ព្រមទាំងស្បៀងអាហារជាដើម ឱ្យបានត្រឹមត្រូវ និង បានគង់វង្ស ។
ទី៥. កងរាជអាវុធហត្ថ ត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំង-ប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តចូលរួមការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ដោយត្រូវពង្រឹងការអនុវត្តច្បាប់ ទប់ស្កាត់ និង បង្ក្រាបរាល់បទល្មើសឧក្រិដ្ឋកម្មនានា ដូចជា ការជួញដូរ ផលិតចែកចាយគ្រឿងញៀនខុសច្បាប់, អំពើជំរិតទារប្រាក់ឆបោកតាមអនឡាញ, អំពើជួញដូរមនុស្ស, អំពើភេរវកម្ម, បទល្មើសធនធានធម្មជាតិ និង អំពើល្មើសច្បាប់នានា។ ក្រៅពីនោះ ត្រូវបន្តចូលរួមការងារមនុស្សធម៌ កិច្ចការសង្គម និង សង្គ្រោះគ្រោះមហន្តរាយ។
ទី៦. កងរាជអាវុធហត្ថ ត្រូវតែជាកងកម្លំាងដ៏មានវិជ្ជាជីវៈខ្ពស់ ដែលដាច់ខាតស្មោះត្រង់ចំពោះជាតិមាតុភូមិ និង ប្រជាជន និង យកអស់ស្មារតីគោរពឱ្យបានម៉ឺងម៉ាត់នូវរាល់បទប្បញ្ញត្តិ, សារាចរណែនាំ, លក្ខន្ដិកៈកងយោធពលខេមរភូមិន្ទ, បទដ្ឋានគតិយុទ្ធនានា ប្រកាន់ភ្ជាប់នូវប្រពៃណី សេចក្ដីថ្លៃថ្នូរ របស់កងយោធពលខេមរភូមិន្ទ និង ក្លាយជាកម្លាំងរឹងមំា ដើម្បីការពារជាតិមាតុភូមិ និង ប្រជាជន។
ទី៧. ខ្ញុំសូមលើកទឹកចិត្តដល់កងកម្លំាងកងរាជអាវុធហត្ថ សូមខិតខំបន្តស្មារតីតស៊ូ អត់ធន់ យកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពជំនាញ បច្ចេកទេស និង គុណភាពប្រតិបត្តិការ ដើម្បីសម្រេចបាននូវបំណងប្រាថ្នារួម គឺការពារសន្តិភាព ធានាសុខសុវត្ថិភាពជូនពលរដ្ឋ និង សង្គមជាតិ ជាពិសេសធ្វើការអភិវឌ្ឍខ្លួនឱ្យស័ក្តិសមជាគ្រឹះ និង ជាសសរស្តម្ភ សម្រាប់អភិវឌ្ឍប្រទេសជាតិបន្តទៀត។ ខ្ញុំមានសង្ឃឹម និង ជឿជាក់យ៉ាងមុតមំាចំពោះមនសិការស្នេហាជាតិ, ស្នេហាមាតុភូមិ និង ភក្តីភាព របស់កងកម្លាំងគ្រប់រូប និង សូម សម្តែងនូវការពេញចិត្តបន្តជួយឧបត្ថម្ភគាំទ្រទំាងស្មារតី និង សម្ភារដល់កងរាជអាវុធហត្ថឱ្យបានស័ក្តិសមជាកម្លំាងអនុវត្តច្បាប់ ប្រកបដោយគុណភាព, ប្រសិទ្ធភាព និង កិត្យានុភាព។
មុននឹងបញ្ចប់ ជាថ្មីម្តងទៀត ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះថ្នាក់-ដឹកនាំ, មេបញ្ជាការគ្រប់លំដាប់ថ្នាក់, នាយទាហាន នាយទាហានរង និង ពលទាហាននៃកងរាជអាវុធហត្ថទាំងមូល ដែលបានខិតខំប្រឹងពុះពារគ្រប់ឧបសគ្គ លះបង់កម្លាំងកាយចិត្ត និង អង់អាចក្លាហានក្នុងការអនុវត្តតួនាទីភារកិច្ច ក្នុងការចូលរួមការពារបូរណភាពទឹកដី និង អធិបតេយ្យជាតិ។ ខ្ញុំសូមអរគុណឯកឧត្តម លោកជំទាវ លោក លោកស្រី និង សប្បុរសជនជាតិ-អន្តរជាតិ ចំពោះការចូលរួមឧបត្ថម្ភគាំទ្រទាំងថវិកា និង សម្ភារ ដើម្បីការរីកចម្រើននៃកងរាជអាវុធហត្ថ និង សូមលើកទឹកចិត្តក្នុងការបន្តជួយឧបត្ថម្ភតទៅទៀត។
ជាទីបញ្ចប់ នាឱកាសប្រកបដោយសិរីមង្គលនៃទិវាខួបលើកទី៣២ នៃថ្ងៃបង្កើតកង-រាជអាវុធហត្ថ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ថ្នាក់ដឹកនាំ និង កងកម្លំាងកងរាជអាវុធហត្ថទំាងអស់ លោក លោកស្រី និង បងប្អូនជនរួមជាតិទាំងមូល សូមមានសុខភាពល្អ សម្រេចជោគជ័យគ្រប់ភារកិច្ចការងារ និង សូមប្រកបតែពុទ្ធពរ និង ពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។
ខ្ញុំសូមប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «សមិទ្ធផលមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ» ចាប់ពីពេលនេះតទៅ៕
ថ្ងៃនេះ សម្រាប់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយថវិកា ២០០លានរៀល, កងកិត្តិយសនិងត្រែទ័ព ថវិកា ១០លានរៀល, ក្រុមតន្ត្រីសម័យកងរាជអាវុធហត្ថ ថវិកា ១០លានរៀល, ក្រុមគ្រូពេទ្យប្រចាំអង្គពិធីថវិកា ៥លានរៀល។ សូមអរគុណ៕