ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល;
គណៈធិបតី ភ្ញៀវកិត្តិយស មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស,
អ៊ំ ពូ មីង និងបងប្អូនប្រជaពលរដ្ឋអ្នកក្រុងឧដុង្គម៉ែជ័យ ទាំងអស់ជាទីមេត្រី!
ថ្ងៃនេះ, ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមក្នុង «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា, ផ្ទះគ្រូបង្រៀន, ទីចាត់ការ និង សមិទ្ធផលនានា នៅតាមសាលាក្នុងខេត្តកំពង់ស្ពឺ» នាពេលនេះ ។ សមិទ្ធផលដែលបានលេចចេញជារូបរាងក្នុងខេត្តកំពង់ស្ពឺនេះ កំពុងឆ្លុះបញ្ចាំងអំពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍគុណភាពអប់រំនៅកម្ពុជា ពិសេស ការផ្តល់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយដល់អ្នកសិក្សា និងការលើកកម្ពស់សុខុមាលភាពរបស់គ្រូបង្រៀន សំដៅផលិតធនធានមនុស្សដែលមានចំណេះដឹងទូលំទូលាយ ជំនាញបច្ចេកទេសច្បាស់លាស់ និង ជំនាញទន់គ្រប់គ្រាន់ ។
ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ, លោក លោកស្រី, មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, បងប្អូនជនរួមជាតិ, លោកយាយ លោកតា, លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស ដែលបានចូលរួមយ៉ាងអធិកអធម ក្នុងពិធីនាពេលនេះ ។ សកម្មភាពនេះ, ពិតជាបានបង្ហាញពីការគាំទ្រ និងបានជំរុញទឹកចិត្តដល់ខ្ញុំផ្ទាល់ ព្រមទាំងថ្នាក់ដឹកនាំ និង មន្រ្តីរាជការ, កងកម្លាំងប្រដាប់អាវុធទាំងអស់នៃរាជរដ្ឋាភិបាល ឱ្យកាន់តែមានថាមពល, មានឆន្ទៈខ្ពស់ក្នុងការកសាង និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ, ការលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ, ការលើកស្ទួយជីវភាពប្រជាជន និងការការពារភាពសុខដុមរមនាក្នុងសង្គមកម្ពុជា ប្រកបដោយភាពជឿជាក់ និង ប្រាកដនិយម, ធានាបាននូវកំណើន ប្រកបដោយចីរភាព និង បរិយាប័ន្ន សំដៅសម្រេចឱ្យបាននូវចក្ខុស័យកម្ពុជាឆ្នំា២០៥០។
ឆ្លៀតឱកាសនេះ, ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក៏ដូចជាថ្នាក់ដឹកនាំ មន្រ្តីរាជការ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ទូទាំងខេត្តកំពង់ស្ពឺ ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត, ប្រាជ្ញាស្មារតី, រួបរួមសាមគ្គី ឯកភាពផ្ទៃក្នុងរឹងមាំ ក្នុងអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ក្នុងការចូលរួមអនុវត្តគ្រប់សកម្មភាពយ៉ាងសស្រាក់សស្រាំ ប្រកបដោយសហ ថាមពលព្រមគ្នា និង មានសង្គតិភាពជាមួយគ្នា សំដៅចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និយាយជារួម និងមូលដ្ឋានខេត្តកំពង់ស្ពឺ និយាយដោយឡែក ។
ក្នុងន័យនេះ, ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លា ជាមួយបងប្អូនប្រជាពលរដ្ឋ ជាពិសេស ថ្នាក់ដឹកនាំសាលា, លោកគ្រូ អ្នកគ្រូ និង ប្អូនៗសិស្សានុសិស្ស ដែលទទួលបាននូវសមិទ្ធផលថ្មីជាច្រើន ដោយក្ដីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ហេដ្ឋារចនាសម្ព័ន្ធអប់រំថ្មីនេះ នឹងរួមចំណែកលើកស្ទួយវិស័យអប់រំក្នុងខេត្តកំពង់ស្ពឺ, លើកកម្ពស់សុខុមាលភាពរបស់លោកគ្រូ អ្នកគ្រូ, និងជំរុញការអភិវឌ្ឍសមត្ថភាពរបស់សិស្សានុសិស្ស, ជាពិសេស ពូនជ្រំមូលធនមនុស្ស ក្នុងខេត្តកំពង់ស្ពឺ ឱ្យកាន់តែសម្បូរបែប សម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ចខេត្ត ឱ្យបានជឿនលឿន តាមរយៈ ការទាក់ទាញវិនិយោគ, ការលើកកម្ពស់ភាពប្រកួតប្រជែង និង ការជំរុញនវានុវត្តន៍ ។
មូលធនមនុស្សដើរតួនាទីសំខាន់ក្នុងការប្រែក្លាយចក្ខុវិស័យកម្ពុជាឱ្យទៅជាការពិត នៅឆ្នាំ២០៥០ ខាងមុខ ពីព្រោះការអភិវឌ្ឍធនធានមនុស្ស ធានាបាននូវសមត្ថភាពប្រកួតប្រជែងប្រកបដោយជោគជ័យរបស់ប្រទេសជាតិ ជាពិសេសនៅក្នុងបរិការណ៍តំបន់ និង សកលលោក ។ អាស្រ័យហេតុនេះ, ការពង្រីកធនធានមនុស្ស និងការពង្រឹងមូលធនមនុស្ស នៅតាមបណ្តាខេត្តមានភាពចាំបាច់ និងបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចំពោះមុខ ក៏ដូចជានិន្នាការតំបន់ និង សកល, ហើយព្រឹត្តិការណ៍នៅពេលនេះ គឺជាសក្ខីកម្មថ្មីមួយទៀតនៃការខិតខំ របស់រាជរដ្ឋាភិបាលក្នុងការបោះជំហានទៅមុខជាវិជ្ជមាន ក្នុងការផលិតមូលធនមនុស្សសម្រាប់បម្រើឱ្យវិស័យនានាក្នុងខេត្តកំពង់ស្ពឺ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ប្រកបដោយនវានុវត្តន៍, បច្ចេកវិទ្យាទំនើប និងបច្ចេកទេសខ្ពស់ ។
ក្នុងន័យនេះ, រាជរដ្ឋាភិបាលតែងតែផ្តោតអាទិភាពវិនិយោគលើ «មូលធនមនុស្ស» ដែលជាធនធានចាំបាច់មិនអាចខ្វះបានសម្រាប់គ្រប់ការអភិវឌ្ឍ, សុខភាពរឹងមាំនៃសេដ្ឋកិច្ចជាតិ, ការបង្កើតតម្លៃបន្ថែម, ការទាក់ទាញវិនិយោគ និងការលើកកម្ពស់នវានុវត្តន៍ និង ភាពប្រកួតប្រជែងកម្ពុជា ។ ជាក់ស្តែង, វិស័យអប់រំត្រូវបានកែទម្រង់ជាប្រចាំ ដើម្បីពង្រឹងអភិបាលកិច្ចស្ថាប័ន និងបង្កើតបរិយាកាសល្អសម្រាប់ការអប់រំប្រកបដោយបរិយាប័ន្ន សំដៅជំរុញការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយ ចំណេះដឹងទូលំទូលាយ, ជំនាញបច្ចេកទេសច្បាស់លាស់, ជំនាញទន់សមស្រប និងសុខភាពល្អ សម្រាប់បំពេញតម្រូវការនៃការអភិវឌ្ឍជាតិ និងទីផ្សារការងារ តាមរយៈការបង្កើតសាលាចំណេះដឹងទូទៅជំនាន់ថ្មី, ការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការបង្រៀន និង ការរៀន, ការលើកកម្ពស់សមត្ថភាពស្ថាប័ន និងអភិបាលកិច្ចល្អនៅតាមគ្រឹះស្ថានសិក្សា, ការធ្វើបច្ចុប្បន្នកម្មនៃកម្មវិធីសិក្សានៅគ្រប់កម្រិតសិក្សា, ការបង្កើនការផ្តល់អាហារូបករណ៍សម្រាប់សិស្ស-និស្សិតក្រីក្រ និងងាយរងគ្រោះ, និង ការបង្កើតបរិយាកាសល្អសម្រាប់ការសិក្សាពេញមួយជីវិត ដើម្បីធ្វើបច្ចុប្បន្នកម្មចំណេះដឹង និង សម្រួចជំនាញឯកទេសជាប្រចាំ សំដៅលើកកម្ពស់ភាពប្រកួតប្រជែងនៃកម្លាំងពលកម្ម និង កសាងយុវជនបន្តវេនរបស់កម្ពុជា ប្រកបដោយសមត្ថភាព និងគុណវុឌ្ឍិដឹកនាំខ្ពស់ ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
(១) កំពង់ស្ពឺ ពីខេត្តដាច់ស្រយាល ក្រីក្រ មកមានផ្លូវខ្វាត់ខ្វែង មានរោងចក្រកាត់ដេរ ស៊ីម៉ងត៍ ស្ករស គួបផ្សំដោយសក្ដានុពលវិស័យទេសចរណ៍ និងកសិឧស្សាហកម្ម
ការកសាងនិងអភិវឌ្ឍធនធានមនុស្សសំខាន់។ ដើម្បីសម្រេចបាននូវកិច្ចការនេះ ជាច្រើនអាណត្តិមកហើយ និយាយរួមក្រោយពីឆ្នាំ១៩៧៩ មក រាជរដ្ឋាភិបាលខិតខំស្ដារឡើងវិញវិស័យអប់រំនេះ។ លោកតាលោកយាយនៅទីនេះជាសាក្សីជាក់ស្ដែង។ ជំនាន់លោកតាលោកយាយ ភាគច្រើនប្រហែលជាមិនបានរៀនសូត្រ អង្គុយ(មានតុកៅអីស្រួល)ដូចចៅៗ ឥឡូវនេះទេ។ មិនមានអគារល្អដូចនៅទីនេះទេ។ សូម្បីតែផ្លូវតភ្ជាប់ ឬក៏(ការសិក្សានៅ)តំបន់ខ្លះ ក៏ពិបាកដោយសារសង្រ្គាម។ កំពង់ស្ពឺគឺជាខេត្តមួយដែលមានសក្ដានុពលធំ ប៉ុន្តែជាអកុសល យើងមិនដែលមានឱកាសអភិវឌ្ឍដូចរាល់ថ្ងៃនេះទេ។ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បាននិយាយថា កំពង់ស្ពឺនេះ ខ្វះកម្មកររហូតដល់ ៦ម៉ឺននាក់។ ក្នុងដំណាក់កាលមុន យើងមិនអាចនិយាយបែបនេះបានទេ។ អតីតអភិបាលខេត្តកំពង់ស្ពឺ វ៉ី សំណាង តែងតែនិយាយថា ជាខេត្តដែលដាច់ស្រយាល ក្រីក្រជាងគេបំផុត មិនអាចអភិវឌ្ឍន៍(បានដោយសារសង្រ្គាម)។ ឥឡូវយើងមានផ្លូវខ្វាត់ខ្វែង មានសក្ដានុពលក្នុងការទាញយករោងចក្រមកដាក់ក្នុងខេត្តនេះ។ មិនមែនមានតែរោងចក្រកាត់ដេរទេ តែមានរោងចក្រច្រើនប្រភេទ រាប់ទាំងរោងចក្រស៊ីម៉ងត៍ រោងចក្រស្ករស សក្ដានុពលវិស័យទេសចរណ៍មួយចំនួន និងកសិឧស្សាហកម្ម។ នេះជាមោទនភាពរបស់ខេត្តកំពង់ស្ពឺ។
(២) ដើម្បីឱ្យមនុស្សម្នាក់មានផលិតភាពខ្ពស់ ក្រៅពីសុខភាពនិងវ័យ ត្រូវមានសមត្ថភាពនិងចំណេះដឹង
យើងមិនអាចនិយាយតែពីការអភិវឌ្ឍក្នុងវិស័យទាំងនោះ តែខ្វះធនធានមនុស្សទេ។ ម្សិលមិញ ខ្ញុំជួបជាមួយនឹងអនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់ និងបានជជែកគ្នារឿងការអភិវឌ្ឍធនធានមនុស្ស។ គាត់សរសើរកម្ពុជាថា “មានធនធានមនុស្ស(វ័យ)ក្មេងច្រើន”។ ខ្ញុំថា “ត្រូវហើយ! កម្ពុជាមានធនធានមនុស្ស(វ័យ)ក្មេង បើគិតពីអាយុ កាយសម្បទានិងសុខភាពរឹងមាំ។ ប៉ុន្តែ ដើម្បីឱ្យមនុស្សម្នាក់មានផលិតភាពកាន់តែខ្ពស់ គឺមិនសំដៅតែសុខភាព និងអាយុនោះទេ តែត្រូវសំដៅលើសមត្ថភាពនិងចំណេះដឹងផង ដើម្បីយើងអាចប្រើប្រាស់ ឬអាចផ្ដល់ឱកាសឱ្យ ឬឱ្យគាត់ចាប់យកឱកាសក្នុងការងារបានកាន់តែប្រសើរ” … មិនថាការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ឬមួយចំណេះដឹងទូទៅទេ គាត់ត្រូវមានសមត្ថភាព ត្រូវមានឱកាសរៀនសូត្រដើម្បីបង្កើន(ចំណេះដឹង)។ បើសិនជាធនធានមនុស្សរបស់យើងចេះត្រឹមតែកាត់ដេរ នោះនឹងមិនមានអ្នកណាមកបើករោងចក្រផលិតបង្គុំអគ្គិសនី ឬមួយរោងចក្រដំឡើងរថយន្តនៅក្នុងខ្មែរទេ ព្រោះគេរកមនុស្សធ្វើការមិនបាន។ បើប្រជាជនយើងមិនចេះអក្សរ អត់ចេះអាន/សរសេរ តើគេអាច(រកធនធានមនុស្សមកធ្វើការ)អីខ្លះបាននៅកម្ពុជា? វាពិបាក។
គេមិនអាចដឹកមនុស្សពីក្រៅប្រទេសមកធ្វើការជំនួសយើងត្រឹមតែសរសេរ/អាន ឬមួយបញ្ជា Robot នោះទេ។ យើងត្រូវខិតខំធ្វើឱ្យធនធានមនុស្សដែលយើងមានបច្ចុប្បន្នកាន់តែប្រសើរឡើង។ ធនធានមនុស្ស(នឹងវិវត្តទៅ)ចាស់។ មិនអាចនៅក្មេងរហូតបានទេ។ ឆ្នាំនេះ អាយុ ១៣ឆ្នាំ ១០ឆ្នាំក្រោយ អាយុ ២៣ឆ្នាំ, ២០ឆ្នាំក្រោយអាយុ ៤៣ឆ្នាំ, ៣០ឆ្នាំក្រោយអាយុ ៥៣ឆ្នាំ។ ត្រូវធានាថាធនធានមនុស្សដែលទទួលបានការបណ្តុះបណ្តាលនៅថ្ងៃនេះ មានសមត្ថភាពចាប់យកឱកាស(ក្នុងពេល) ៣០-៥០ឆ្នាំទៀត ត្រូវពង្រឹង(សមត្ថភាពពួកគាត់)ឱ្យបាន។ បើមិនដូច្នឹងទេ (សមត្ថភាពចាប់យកឱកាសរបស់)គាត់នៅមានកម្រិត។ ប្រទេសយើងក៏ដូចគ្នា។ បើសិនជាយើងមិនអាចជំរុញធនធានមនុស្សដែលមានអាយុ សុខភាព និងសមត្ថភាពកាន់តែខ្ពស់ យើងមិនអាចនិយាយពីទំនើបកម្ម ឧស្សាហកម្ម (ឬ) AI អីទេ … ព្រោះប្រជាជនយើងមិនចេះប្រើកុំព្យូទ័រផង។ កុំទៅនិយាយ(ពីរឿង)ធ្វើ program។
(៣) ក្រោយឆ្នាំ១៩៧៩ កសាងធនធានមនុស្ស កសាងប្រព័ន្ធអប់រំ កសាងគុណភាពអប់រំឡើងវិញ
ច្រើនអាណត្តិមកនេះ រាជរដ្ឋាភិបាលធ្វើបានកិច្ចការច្រើន ជាពិសេសក្រសួងអប់រំ យុវជននិងកីឡា បានខិតខំធ្វើកំណែទម្រង់ជាប្រចាំ។ និយាយរួម តាំងពីក្រោយឆ្នាំ១៩៧៩ មក គឺជាដំណាក់កាលកសាងធនធានមនុស្សឡើងវិញ កសាងប្រព័ន្ធអប់រំ កសាងគុណភាពនៃការអប់រំរបស់យើង ដែលអ៊ំពូមីងបងប្អូន មានអារម្មណ៍កក់ក្ដៅថាកូនទៅរៀនប្រាកដជាចេះ មិនមែនទៅរៀនគ្រាន់តែទៅរៀន ដោយចេញពីផ្ទះទៅដល់សាលា តែអត់ធ្វើអី បង្រៀនតែរាំរាល់ថ្ងៃ មកវិញអត់ចេះអ្វីទាំងអស់នោះទេ។ (ពួកគេត្រូវតែទទួលបាន)ការបំពាក់ចំណេះដឹងនិងជំនាញ។ ខ្ញុំអាចនិយាយបានថា ក្មួយៗ ដែលរៀនថ្នាក់ទី១០, ១១ ឬ១២ ឬមួយក៏ថាតាំងពីថ្នាក់ទី១ ឡើងមក មានឧបករណ៍ទំនើបជាងជំនាន់អ៊ំរៀន។ នៅទសវត្សឆ្នាំ ៨០ជាង ឆ្នាំ ៩០ជាង សូម្បីតែថ្នាក់វិទ្យាល័យក៏មិនមានសមត្ថភាពបង្រៀនតាមវីដេអូ ដូចដែលយើងអាចទេ។
(គ្រូបង្រៀនបាន)ត្រឹមតែគូរ(បង្ហាញ)ទេ។ រៀនជីវវិទ្យា គឺបានត្រឹមតែគូរលើក្រដាសហ្នឹង។ អ្នកខ្លះគូរក្រពះហ្នឹង ស្អាតទៅមើលដូចក្រពះ អ្នកខ្លះគូរមិនស្អាត មើលដូចពស់វែក។ ឥឡូវយើងអាច download (រូប ឬវីដេអូមកបង្ហាញ)។ សាលាច្រើនដែលមានបំពាក់កុំព្យូទ័រ មានវីដេអូឱ្យមើល (ពី)ក្រពះ និងចរន្តឈាមរត់។ បើនិយាយពីអគ្គិសនី សាលាខ្លះមានទាំងឧបករណ៍ឱ្យមើលទៀត (ដូចម្តេចហៅថា) ចរន្តជាប់ ចរន្តឆ្លាស់។ មនគូរ(បង្ហាញទៀត)ទេ។ បានន័យថាលទ្ធភាពរៀន(ដែល)ភ្ជាប់ជាមួយការពិតកាន់តែខ្ពស់។ (ការវិវត្តន៍)នេះ ធ្វើឱ្យឪពុកម្ដាយអ៊ំពូមីងបងប្អូន(មានទំនុកចិត្តលើសាលា)។ អ្នកធ្លាប់រៀនបាក់ឌូប្លិ៍ជំនាន់ខ្ញុំ ប្រហែលជាអាចដឹងហើយ។ កូនរៀនខុសពីយើងដែលរៀនពីមុន។ នេះជាការលើកកម្ពស់គុណភាព(ក្នុងការបង្រៀន)។
(៤) សម្តេចតេជោ ចេញពីស្រកកំណើតតាំងពីវ័យក្មេងដើម្បីការរៀនសូត្រ
យើងគិតពីបរិមាណផង … (ធនធានមនុស្ស)អាយុក្មេងមានច្រើន មានជាងពាក់កណ្ដាល ប៉ុន្តែអ្នកទាំងអស់នេះ អាចចូលរៀន បង្កើនចំណេះដឹងបាន ហោចណាស់ទាល់តែបានរៀនថ្នាក់បឋមរហូតដល់មធ្យម។ មូលហេតុនេះហើយបានជា សម្ដេចតេជោ ក្នុងនាមជានាយករដ្ឋមន្រ្តី តាំងពីអាណត្តិមុនៗ បានជំរុញកសាងនិងពង្រាយសាលាឱ្យបានច្រើន។ ដូចកន្លែងនេះ ពីរអគារនេះប្រើលែងបាន ព្រោះឯកឧត្តម ម៉ុង ឫទ្ធី ជាអ្នកធ្វើកាលពីជំនាន់ទសវត្សឆ្នាំ ១៩៩០ជាង។ គឺធ្វើតាំងពីមុនយើងចប់សង្រ្គាមឯណោះ។ អគារនេះ(ធ្វើនៅឆ្នាំ)១៩៩៦។ ទោះបីជាឥឡូវចាស់ទ្រុឌទ្រោមក្តី ក្នុងរយៈពេល ៣០ឆ្នាំមកនេះ អគារបានបម្រើការអប់រំដល់(សិស្ស)រាប់ពាន់នាក់។ (តើសមិទ្ធផលនេះ)កើតចេញដោយសារអ្វី? ដោយសារចក្ខុវិស័យនៃមេដឹកនាំ ដែលថាត្រូវពង្រាយអគារសិក្សាឱ្យបានច្រើន។ (សម្ដេចតេជោ)លោកធ្លាប់ឆ្លងកាត់។ ជំនាន់ឪពុករបស់ខ្ញុំ ជំនាន់អ៊ំពូមីង ជំនាន់ដើម មិនសូវមានសាលាច្រើនទេ។ បើចង់រៀន ទាល់តែដូចឪពុករបស់ខ្ញុំ ដែលចេញពីស្ទឹងត្រង់មកនៅវត្តនាគវ័ន្តតាំងពីក្មេង។ ឥឡូវ តិចណាស់ដែលប្រជាពលរដ្ឋយើងនៅតាមមូលដ្ឋាន ឱ្យកូនអាយុ ១៣-១៤ ឆ្នាំ ចេញពីផ្ទះទៅនៅវត្ត នៅក្រុង(ឆ្ងាយៗ ដើម្បីរៀន) គឺពួកគាត់អាចរៀននៅមូលដ្ឋានរហូតដល់ធំបន្តិចបាន។ នេះជាការប្រែប្រួលលទ្ធភាពទុកកូននៅជិតខ្លួន។
(៥) បច្ចុប្បន្នមានគ្រូស្រ្ដីភាគច្រើន ដោយក្នុងបណ្តាឆ្នាំ១៩៩០ មានសាលាទៅដល់ភូមិឃុំ
ហ្នឹងនិយាយពីប្រុសៗ។ បើស្រីៗ វិញ កុំនិយាយថាមានឱកាសសោះ។ បើអត់មានសាលាក្នុងភូមិឃុំ (ឱ្យចេញពី)កំពង់ស្អឺទៅ(រៀន)នៅខេត្ត(ផ្សេង) ឬមួយនៅជាមួយអ៊ំ(នៅខេត្តក្រុង) ប្រហែលជាមានតិចណាស់ដែលមានឱកាសទៅរៀន។ អញ្ចឹង កូនស្រីភាគច្រើនគ្មានលទ្ធភាព(ចេញទៅ)រៀនទេ។ បច្ចុប្បន្ន យើងឃើញគ្រូ(ជា)ស្រ្ដីៗ(ច្រើន)។ បានន័យថា គាត់មានឱកាសរៀន។ ជាពិសេស ភាគច្រើនជាគ្រូបឋម ដែលសុទ្ធតែកើតក្រោយឆ្នាំ១៩៧៩ ក្រោយចប់សង្រ្គាម។ បានន័យថា (សិស្ស)មានឱកាស(ចូលរៀនឡើងវិញ)។ បើសួរទៅ (គ្រូ)ខ្លះទើបកើតនៅក្នុងបណ្តាឆ្នាំ ១៩៩០ជាង។ កើតឆ្នាំ ១៩៩០ជាង មានអាយុជាង ៣០ឆ្នាំ។ អ្នកគ្រូខ្លះទើបអាយុ ២០ឆ្នាំជាង។ ពោលគឺ គាត់កើតមកមានសាលាទៅដល់ភូមិឃុំគាត់រួចទៅហើយ។ មិនបាច់និយាយឆ្ងាយ ខេត្តកំពង់ស្ពឺយើងនេះ មានសាលារាប់រយខ្នង។ កន្លែងខ្លះ កាលមុនជាតំបន់វាយគ្នា អត់មានសាលា អត់មានផ្លូវ គ្មានឱកាសក្នុងការរៀនសូត្រនោះទេ។ បើប្រុសៗ អាចចូលធ្វើទាហានច្បាំងគ្នា។ ថ្ងៃមុន ខ្ញុំទៅផ្លូវជាតិលេខ៤៤ សម្ពោធរោងស៊ីម៉ងត៍។ សួរអ្នកនៅទីនោះថា ពីមុនធ្វើអី? គាត់(ថាធ្វើទាហានខ្មែរក្រហមនិងធ្លាប់)វាយគ្នានៅហ្នឹង។ (ឥឡូវ)ពិការ។ ខ្លះអតីតខ្មែរក្រហម ខ្លះអតីតរដ្ឋកម្ពុជា សួរថាបើសិនជាវាយគ្នាដូចលើកមុន សង្ឃឹមទេថា កូនៗបានរៀន? គាត់ថា គ្មានសង្ឃឹមទេ មិនស្រួលគាត់ស្លាប់បាត់ …។
(៦) ជាគោលដៅ គ្រប់សាលាមានលទ្ធភាពបំពាក់គ្រឿងសម្ភារៈ បច្ចេកវិទ្យា និង/ឬឧបករណ៍សិក្សា
អ្វីដែលយើងត្រូវធ្វើ គឺពង្រីកបរិមាណ។ មកដល់ពេលនេះ យើងបន្តពង្រីកនិងពង្រឹងនូវគុណភាពបន្ថែមទៀត។ ពង្រឹងគុណភាពនេះ គឺយើងនិយាយអំពីហេដ្ឋារចនាសម្ព័ន្ធ។ កាលមុនអគារស្លឹក ក្រោយមកអគារឈើ។ ឆ្នាំ១៩៩០ជាង បានអគារថ្មរៀននៅទីនេះ (ប្រៀបថាក្តីសុបិន្តក្លាយជាការពិត)។ អ៊ំពូមីងណាខ្លះ ដែលនៅរៀនទីនេះ ឬមានកូនរៀនទីនេះ ពេលដែលអគារនេះសម្ពោធដំបូង? សូមលើកដៃ។ កាលពីពេលនោះ បានអគារតែប៉ុណ្ណេះ ប្រហែលជាថាសម្បើមណាស់ហើយ។ ឥឡូវ អគារមួយជាន់លែងពិសេសហើយ ទាល់តែពីរជាន់អញ្ចេះ ហើយពីរជាន់ទៀតកន្លែងខ្លះ(ក៏លែងពិសេសដែរ) ទាល់តែបីបួនជាន់ទៀត។ ហេដ្ឋារចនាសម្ព័ន្ធកាន់តែទំនើប រាប់ទាំងគ្រឿងបំពាក់ខាងក្នុងជាក្ដារខៀនអី។ កាលខ្ញុំនៅរៀន បើអង្គុយតុមុខគេ ដកតែដង្ហើមជាមួយនឹងដីស។
កាលមុនសរសេរដីស។ ពេលគ្រូលុបហើយ វាយ eponge នឹងជញ្ជាំង។ អ្នកនៅតុមុខហ្នឹងបានពេញតែម្ដង។ ឥឡូវ កន្លែងខ្លះ សុទ្ធតែក្ដារកញ្ចក់និងហ្វឺត មិនមែនសរសេរឬគូរនឹងដីសទេ។ កន្លែងខ្លះប្រើដល់ទៅ Projector មានភ្លើងអគ្គិសនីមកដល់។ យើងបំពាក់គ្រឿងបំពាក់ និងឧបករណ៍ពិសោធន៍មិនទាន់បានគ្រប់សាលាទេ។ សាលាខ្លះ ដូចជាសាលាជំនាន់ថ្មីអី យើងមាន។ តែគោលដៅចុងក្រោយ គឺយើងចង់ឲ្យគ្រប់សាលាទាំងអស់ មានគ្រប់លទ្ធភាពបំពាក់គ្រឿងសម្ភារៈ បើមិនបច្ចេកវិទ្យាខ្ពស់ ប្រើភ្លើង ឬត្រូវការថែទាំខ្ពស់ទេ យ៉ាងហោចណាស់ក៏(មាន)ឧបករណ៍មួយចំនួនដែលយើងអាចធ្វើបាន។ ខ្ញុំឃើញមានការកែច្នៃប្រើប្រាស់ ដូចជាជីវវិទ្យា យករូប(ម៉ានីកាំង)មនុស្សបើកមកមានសរីរាង្គខាងក្នុងជាដើម ជាជាងការគូរលើក្រដាស។ រូបភាពបែបនេះ ជួយសិស្សអោយឆាប់ចាប់បាន។ ពីមុន (ឧបករណ៍បែបនេះ) យើងមានលទ្ធភាពតែនៅសាលាពេទ្យទេ។ ឥឡូវ តាមវិទ្យាល័យអីក៏យើងអាចមានច្រើន។ នេះជាការបង្កើនគុណភាព។
(៧) ពង្រឹងគុណភាពអប់រំ ដោយធ្វើទំនើបកម្មកម្មវិធីសិក្សា សៀវភៅសិក្សា និងវិធីសាស្រ្តបង្រៀន
កម្មវិធីសិក្សាទំនើបកម្ម គួបជាមួយលទ្ធភាពផ្គត់ផ្គង់សៀវភៅដល់សិស្ស។ យើងធ្វើទំនើបកម្មកម្មវិធីសិក្សា។ មេរៀនជំនាន់នេះ បើប្រៀបធៀបនឹងជំនាន់អ៊ំ គឺក្មួយៗ ទំនើបជាងច្រើន។ ដូចជាបន្ថែមកម្មវិធី STEM វិទ្យាសាស្រ្ត តិចណូឡូជី វិស្វកម្ម និងគណិតវិទ្យា បូកនឹងកម្មវិធីស្រាវជ្រាវពីប្រទេសផ្សេងៗ យកមកចងក្រង … បើយើងមិន(ធ្វើ)ទំនើបកម្ម យកកម្មវិធីដែល(រៀន) ៣០ឆ្នាំហើយមិនដូរមកឲ្យសិស្សរៀន យើងរត់មិនទាន់គេទេ។ ត្រូវធ្វើទំនើបកម្មជាប្រចាំ។ ក្រសួងអប់រំយើង បានធ្វើកម្មវិធីពាក់ព័ន្ធនឹងវិទ្យាសាស្រ្ត និងនវានុវត្តន៍។ ប្រវត្តិសាស្រ្តជារឿងមួយដែលត្រូវថែរក្សា អាចស្រាវជ្រាវបំប៉នបន្ថែម ព្រមទាំងវិធីសាស្រ្តក្នុងការបង្រៀន។ ប៉ុន្តែ ប្រវត្តិសាស្រ្តមិនអាចធ្វើនវានុវត្តន៍បានទេ ព្រោះត្រូវការពារតថភាព។ តែវិទ្យាសាស្រ្តនិងមុខវិជ្ជាផ្សេងៗ ត្រូវការវិវត្ត។ ការពង្រឹងការបំពាក់ឧបករណ៍ជាកិច្ចការសំខាន់។ ឃើញសាលាច្រើន រួមទាំងសាលានៅខេត្តកំពង់ស្ពឺផង មានការច្នៃប្រឌិតរបស់សាលាផ្ទាល់ សហគមន៍ និងកន្លែងខ្លះមានការកៀរគរពីឪពុកម្ដាយ បន្ថែមទៅលើអ្វីដែលក្រសួងអប់រំបានបំពាក់។ នៅទីនេះ កន្លែងប្រជុំជួរសុទ្ធតែចាក់បេតុង និងមានកន្លែងកីឡាផ្សេងៗ។
(៨) ពង្រឹងគុណភាពអប់រំ តាមរយៈគុណវុឌ្ឍិ និងសមត្ថភាពបង្រៀនរបស់គ្រូ
គុណភាពអប់រំដែលសំខាន់គឺពាក់ព័ន្ធនឹងគ្រូ។ យើងមានឧបករណ៍ មេរៀនល្អ ចង់មានកុំព្យូទ័រ មានអគ្គិសនីអីក៏ដោយ បើសិនជាយើងមិនមានគ្រូគ្រប់គ្រាន់ ឬគ្រូមានគុណភាព យើងនឹងពិបាក។ សិស្សនឹងនៅតែមិនចេះទេ។ សិស្សទៅរៀន ពឹងលើគ្រូទាំងមូល។ ដូចនេះ គុណវុឌ្ឍិ សមត្ថភាព ក្នុងការបង្រៀន និងភាពច្បាស់លាស់របស់គ្រូ ជាការចាំបាច់។ ដោយហេតុនេះ យើងបានខិតខំយកចិត្តទុកដាក់ពង្រឹងគុណវុឌ្ឍិ។ យើងបង្កើនបរិមាណ និងគុណភាពគ្រូ។ យើងមានបញ្ហាប្រឈមនឹងបរិមាណគ្រូ ដែលចាំបាច់ច្នៃប្រឌិតតាមរូបភាពណាមួយ ជា(ការរើស)គ្រូកិច្ចសន្យា ឬមួយវិធីណាផ្សេង ប៉ុន្តែមិនត្រូវកាត់ចោលការធានាគុណភាពនិងគុណវុឌ្ឍិនោះទេ។ ម្សិលម្ង៉ៃមួយ ក្រសួងអប់រំ និងមុខងារសាធារណៈ បានលើកយោបល់មកដើម្បីធ្វើការបំប៉ន ផ្ទេរផ្ទូរ និងការធ្វើសមាហរណកម្ម រវាងគ្រូកិច្ចសន្យាដែលធ្វើការរាប់សិបឆ្នាំមកហើយ ចូលទៅក្នុងក្របខ័ណ្ឌ។ ប៉ុន្តែ មិនមែនដោយស្វ័យប្រវត្តិទេ គឺមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការធានាគុណវុឌ្ឍិ។ យើងជាអ្នកទទួលខុសត្រូវ។ ឪពុកម្ដាយឲ្យកូនមករៀន ពឹងលើគ្រូ។ ខ្ញុំទៅរៀន ក៏ពឹងលើគ្រូដែរ។ ខ្ញុំធានាបានត្រឹមតែចិញ្ចឹមកូន មានលុយបង់សាលា បង្កលទ្ធភាពឲ្យទៅរៀនទេ តែចេះមិនចេះពិតប្រាកដកម្រិតណា គឺខ្ញុំពឹងទាំងស្រុងលើគ្រូ។ ឪពុកម្ដាយផ្សេងទៀតក៏ដូចគ្នា។ បើយើងចេះជាងគ្រូ មិនបាច់ឲ្យកូនទៅរៀន។ យើងបង្រៀននៅផ្ទះហើយ។ តែយើងប្រាកដជាចង់ឲ្យកូនទៅរៀនឲ្យចេះ។
(៩) រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តកសាងគ្រូបង្រៀនមានគុណវុឌ្ឍិ
ការវិនិយោគទៅលើគ្រូ ដោយហេតុនេះ ជាអាទិភាពសំខាន់ ដែលរាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់រាប់សិបឆ្នាំមកនេះ។ នៅអាណត្តិទី៧ នេះ ក៏យើងនៅបន្តធ្វើការកសាងគ្រូបង្រៀនមានគុណវុឌ្ឍិ។ ឥឡូវយើងដំឡើង(កម្រិតតម្រូវការគ្រូនៅ)ថ្នាក់អនុវិទ្យាល័យ ទាល់តែមានការបណ្តុះបណ្តាល ១២បូក៤ ឬមានបរិញ្ញាបត្រ។ កាលមុន យើងមានអត់គ្រប់ បានត្រឹម ១២បូក២។ ឥឡូវយើងបង្កើន។ កន្លែងខ្លះ មាន ១២បូក៤ ហើយបូក ១ឆ្នាំ បន្ថែមផ្នែកគរុកោសល្យថែមទៀតដើម្បីឲ្យកាន់តែរឹងមាំ។ រឿងនេះ យើងត្រូវអារកាត់យកមួយ រវាងប្រការថាគ្រូម្នាក់ដែលច្បាស់លាស់ បង្រៀនសិស្ស ៦០នាក់ គុណភាពមិនល្អដូចបង្រៀន ២០–៣០នាក់។ ប៉ុន្តែ បើយើងរើសយកគ្រូម្នាក់ ដែលច្បាស់លាស់បង្រៀនសិស្ស ៦០នាក់ និងជម្រើសមួយទៀត យកគ្រូ ២នាក់ ដែលមិនច្បាស់លាស់ មកបង្រៀន ៦០នាក់ ខ្ញុំថា យកគ្រូដែលច្បាស់បង្រៀន ៦០នាក់ ល្អជាង។ បើមិនអញ្ចឹង ឲ្យ ៣០នាក់ (ពីរថ្នាក់)ទៅរៀនជាមួយគ្រូដែលមិនច្បាស់លាស់ យើងនឹងខូចដល់ ៦០នាក់។ បើយកគ្រូដែលច្បាស់បង្រៀន ៦០នាក់ គាត់អាចជួយបំប៉ន ជួយមើលគ្នា មេរៀនច្បាស់។ នេះជាអភិក្រមដែលត្រូវធ្វើ។
(១០) កន្លែងដែលខ្វះ បើកច្រកឲ្យពិចារណាការធ្វើកិច្ចសន្យារយៈពេលខ្លីជាមួយគ្រូចូលនិវត្តន៍
កន្លងទៅ មានការគិតគូរអំពីការរើសគ្រូបំពេញ ដូចទៅតាមស្ថាប័ន(ផ្សេងទៀត)។ ឧទាហរណ៍ ករណីរើសទ័ព។ ចង់រើស ២ពាន់នាក់។ ខ្ញុំប្រកាសមួយភ្លែត នឹងអាចរើសបាន។ ដូចជា កងទ័ពជើងគោកអញ្ចឹង។ ឥឡូវប្រកាសរើស ២ពាន់នាក់ ដាក់តែ ៣សប្ដាហ៍ ១ម៉ឺននាក់ដាក់ពាក្យ លក្ខខណ្ឌបន្តិចបន្តួច ចាប់ឆ្នោត មើលតែកាយសម្បទា សុខភាព និងកម្រិតវប្បធម៌ចេះអាននិងសរសេរ ទៅបានហើយ។ គាត់ទៅហ្វឹកហ្វឺន។ នាយទាហាន ត្រូវរើសសិន ត្បិតត្រូវការកម្រិតខ្ពស់។ រីឯគ្រូវិញ ត្រូវតែធានា(គុណភាព)ឲ្យបាន ព្រោះអនាគតរបស់កូនក្មួយនៅក្នុងដៃរបស់លោក/ អ្នកគ្រូ។ ហេតុនេះហើយ បានជាកន្លងទៅ កន្លែងខ្លះដែលខ្វះ យើងបើកច្រកឲ្យគិតគូរក្នុងការធ្វើកុងត្រារយៈពេលខ្លីចំពោះគ្រូដែលបានចូលនិវត្តន៍។ បងប្អូនខ្លះថា បើអោយគ្រូចូលនិវត្តន៍មកធ្វើកុងត្រា(បន្តបង្រៀន) បានន័យថាអស់ឱកាសសំរាប់គ្រូក្មេងៗ។ មិនដូច្នោះទេ។ យើងនិយាយតែកន្លែងដែលខ្វះ។ ច្បាប់យើងកំណត់ថាដល់ ៦០ឆ្នាំ មន្ត្រីចូលនិវត្តន៍។ យើងមិនមែនមិនឱ្យគាត់ចូលនិវត្តន៍ទេ។ យើងសូមឱ្យគាយ់មក(បង្រៀន)វិញ ក្នុងនាមជាគ្រូចុះកិច្ចសន្យា ប៉ុន្តែកិច្ចសន្យាកម្រិតខ្ពស់។
ឧទាហរណ៍នៅទីនេះ មានគ្រូជីវវិទ្យាម្នាក់ សិស្ស ១០០នាក់។ មានគ្រូតែ ២នាក់ ដែលលោកគ្រូម្នាក់ចូលនិវត្តន៍។ អញ្ចឹងគាត់លែងមានសិទ្ធិមកបង្រៀន។ ទៅរកគ្រូពីទីផ្សេងមិនទាប់បាន។ តើយើងធ្វើម៉េច? អោយគាត់ចូលនិវត្តន៍អត់មានគ្រូជួស ឬមួយសុខចិត្តធ្វើកុងត្រារយៈពេលខ្លី (អោយគាត់បន្តបង្រៀន)រហូតដល់មានគ្រូក្មេងដែលមានគុណវុឌ្ឍិគ្រប់គ្រាន់មកជំនួស ឬមួយក៏ទុកអោយលោកគ្រូម្នាក់បង្រៀន ១០០នាក់។ កាលពីពេលមុនគាត់ ២នាក់ ក្នុងម្នាក់បង្រៀន ៥០នាក់។ ឥឡូវ(គ្រូដែលសល់មួយនាក់)មកបង្រៀន ១០០នាក់។ ធនធានដែលយើងមាននៅក្នុងដៃចូលនិវត្តន៍ តែសុខភាពគាត់នៅមាំ នៅមានឆន្ទៈ និងបទពិសោធន៍ចែករំលែក តែយើងអត់មានច្រកឱ្យនៅជួយបង្រៀន។ យើងនៅរង់ចាំការបំពេញ ដែលអាចថាមិនទាន់ពេលវេលា។
(១១) ធ្វើកិច្ចសន្យារយៈពេលខ្លីជាមួយគ្រូចូលនិវត្តន៍ មិនមែនបំបិទឱកាសគ្រូជំនាន់ក្រោយទេ
(ក្នុងន័យនេះហើយ) បានជាខ្ញុំបញ្ជាក់ម្ដងហើយម្ដងទៀតថា “យើងធ្វើបែបនេះមិនមែនដើម្បីបំបិទឱកាសគ្រូក្មេងទេ។ តែនៅក្នុងសាលាដែលមិនអាចរកគ្រូជំនាញមកជំនួសបាន (យើងត្រូវពិចារណាពីវិធីស្រាយ)ការលំបាក” សំរាប់គ្រូថ្នាក់មត្តេយ្យ ថ្នាក់បឋម យើងអាចយកគ្រូកិច្ចសន្យាកម្រិតណាមួយ តែសម្រាប់គ្រូ(ជំនាញ មិនជាការងាយទេ) … ឧទាហរណ៍ថាជំនាញថ្នាក់ទី១១ ខាងគីមីវិទ្យា ឬមួយខាងជីវៈវិទ្យា យើងអត់អាចទៅឆក់កណ្ដៀតអ្នកដែលគ្រាន់តែមានបរិញ្ញាបត្រមក តែអត់ធ្លាប់បង្រៀន អោយមកមើលសៀវភៅ មកបង្រៀននោះទេ។ យើងធ្វើដើម្បីធានាការអប់រំ។ មិនថាខេត្តកំពង់ស្ពឺ និងខេត្តណាទេ។ ទោះជាក្មួយៗ មិននៅក្នុងតំបន់ទីក្រុងដែលសំបូរគ្រូក៏ដោយ ក្មួយៗត្រូវមានសិទ្ធទទួលបាននិរន្តភាពអប់រំ។ ការខិតខំបំពេញគ្រូបែបនេះជាកិច្ចការសំខាន់ តែមិនមែនអោយយើងធ្វើបែបនេះរហូត ដែលមិនដាក់ផែនការក្នុងការជួសទេ។ លោកគ្រូកិច្ចសន្យាគឺរយៈពេលខ្លី។ កន្លងទៅ កន្លែងខ្លះមានដល់ឪពុកម្ដាយក៏បានជួយរកគ្រូមកជួយបំប៉ន។ ការធានាគុណវុឌ្ឍិគ្រូត្រូវគិតគូរ។ ចង់និយាយអំពីសិស្សល្អ គឺចេញមកពីគ្រូល្អសិន។ នៅក្នុងទាហានគេថា មេយ៉ាងម៉េចកូនអញ្ចឹង។ បើឃើញចរិតកូនទាហានអញ្ចឹង យើងដឹងចរិតមេទាហានអញ្ចឹងដែរហើយ។ សាលាដូចគ្នា សិស្សដូចគ្នា។ បើមកវិញ សិស្សមានវិន័យតឹង ប្រហែលជាទៅរៀនគ្រូតឹងហើយ ជាពិសេសក្មេងៗ ថ្នាក់បឋម។
(១២) មាននិយាមច្បាស់លាស់ក្នុងការរើស/ការបំប៉ននាយកសាលា រហូតគណគ្រប់គ្រងសាលានិងគណគ្រូ
ការពង្រឹងគុណវុឌ្ឍិ ការពង្រឹងអភិបាលកិច្ចសាលានិងគ្រូ ជាកត្តាចម្បងដែលត្រូវខិតខំ។ ក្រសួងអប់រំមាននិយាមច្បាស់លាស់ក្នុងការដាក់ចេញការរើសនាយក ការបំប៉ននាយករហូតដល់គណៈគ្រប់គ្រង រហូតដល់គណៈគ្រូ។ ប៉ុន្តែ នៅជនបទខ្លះ យើងពិបាកក្នុងការរើសធនធានមនុស្ស។ (ហេតុនេះ)សិទ្ធិសម្រេចក្នុងការរើស យើងបានធ្វើវិមជ្ឍការអោយទៅខេត្តនិងមន្ទីរ។ កន្លងទៅមានការគិតគូរវិមជ្ឍការដល់ស្រុក ជាពិសេសកំណត់ការរើសគ្រូកិច្ចសន្យា បានអោយពិនិត្យមើលថាត្រូវអនុវត្តតាមនិយាម។ គង់តែដល់ទេ។ ត្រូវធ្វើយ៉ាងណាធានា ព្រោះ ឯកឧត្តម ស សុខា បានរាយការណ៍អោយខ្ញុំថា ក្នុងការសាកល្បងនៅប៉ុន្មានស្រុក ខេត្តបាត់ដំបង អោយរើសតាមនិយាមគ្រូកិច្ចសន្យា គឺបានប្រហែលតែជា៧០% ជោគជ័យ និង៣០% មិនបានតាមនិយាម។ ខ្ញុំបានប្រាប់ទៅវិញក្នុងពេលសន្និបាតក្រសួងមហាផ្ទៃថា “សម្រាប់ជំនាញផ្សេងៗ ការិយាល័យផ្សេងៗ ក្រៅពីគ្រូបង្រៀន អាចធ្វើវិមជ្ឍការទៅបាន។ សម្រាប់គ្រូបង្រៀន គ្រូកិច្ចសន្យា ហោចណាស់ត្រូវមានមន្ទីរ(អប់រំចូលរួម) ដើម្បីធានាថា ពួកគាត់ត្រូវបានជ្រើសរើសតាមនិយាមច្បាស់លាស់។ យើងទទួលស្គាល់ថា អ្នកតាមខេត្តស្រុក ពិបាករកអ្នក(មានគុណវុឌ្ឍិ)ដូចនៅភ្នំពេញ។ ប៉ុន្តែ យើងក៏មិនត្រូវឆិនឆៃទាំងស្រុងនោះដែរ។ ម៉ោងថ្មើរនេះ នៅទូទាំងប្រទេស ក៏មិនមែនខ្វះមនុស្សដែលបានរៀនសូត្រកម្រិតណាមួយជាក់លាក់នោះទេ។
(១៣) ការរើសគ្រូកិច្ចសន្យាមានការវាយតំលៃពីស្រុក តែការសំរេចនៅតែលើមន្ទីរអប់រំ ផ្អែកតាមនិយាម
យ៉ាងណាក្តី យើងត្រូវមាននិយាមមួយ។ ទោះជាការរើសគ្រូកិច្ចសន្យាក៏ដោយ ភាគច្រើនបង្រៀនពេញម៉ោងដូចគ្រូធម្មតា ខុសតែបៀវត្ស និងអត្ថប្រយោជន៍ ដែលគ្រូ(ក្របខណ្ឌ)មាន។ គាត់ក៏ទទួលខុសត្រូវលើអាយុជីវិត ចំណេះដឹង និងអនាគតរបស់ក្មួយម្នាក់ៗ ដូចគ្នា។ អញ្ចឹង ខ្ញុំសូមឲ្យការរើស(គ្រូកិច្ចសន្យា)មានការវាយតំលៃពីស្រុកដែរ គ្រាន់តែការសំរេចចុងក្រោយនៅតែ(ជារបស់)មន្ទីរ(អប់រំ)ដើម្បីផ្អែកតាមនិយាម តែប៉ុណ្ណឹងទេ។ យើងឲ្យសិទ្ធិទៅខាងក្រោមរើសតាមនិយាមមួយ។ នៅពេលដែលអាចធានាបានថាការរើសនេះ៩៩% ឬ១០០% សុក្រឹត និងធានាបាន ដោយមិនបាច់ឲ្យមន្ទីរ(ចូលពាក់ព័ន្ធ)ធ្វើនោះ អញ្ចឹងងាយស្រួល។ ទោះជាយ៉ាងណាក៏ដោយ (ត្រូវតែអនុវត្តតាមនិយាម)សំរាប់ពេទ្យនិងគ្រូបង្រៀន (មិននិយាយបុគ្គលិកសិក្សានៅសាលាទេ។ ខ្ញុំនិយាយតែគ្រូទេ។) បុគ្គលិកសិក្សាក្នុងសាលា ការរើស(អាចប្រើ)និយាមផ្សេងចុះ។ ខ្ញុំមិនប៉ះពាល់ទេ។ ប៉ុន្ដែ ទាក់ទងនឹងលោក/អ្នកគ្រូបង្រៀន (ទោះគ្រូ)កិច្ចសន្យាក៏ដោយ ត្រូវមាននិយាម ហើយសូម(ធ្វើ)ឲ្យបាន។ លោកគ្រូម្នាក់ទទួលអប់រំសិស្ស ៣០ឬ ៤០នាក់ ពីរបីឆ្នាំ ទទួលខុសត្រូវអាយុជីវិត សមត្ថភាព សិស្សរហូតជិតទៅដល់ជិតរាប់រយនាក់ …។
(១៤) ផ្តល់បៀវត្សនិងអត្ថប្រយោជន៍ខ្ពស់ ដើម្បីទាក់ទាញនិងធានាគុណភាពអ្នកប្រឡងធ្វើគ្រូបង្រៀន
ទី២ គុណវុឌិ្ឍនិងការគិតពីជីវភាពរស់នៅរបស់គ្រូ។ យើងបានបង្កើនបៀវត្សជាប្រចាំ បើប្រៀបធៀបជាមួយមន្ដ្រីរាជការប្រភេទផ្សេង បៀវត្សនិងអត្ថប្រយោជន៍គ្រូបង្រៀនអាចថាខ្ពស់។ (សួរថាតើ)គ្រប់ឬនៅ? មិនទាន់គ្រប់ទេ។ នៅបន្ដឡើងរហូត គ្រប់ប្រទេសទាំងអស់មិនទាន់មានប្រទេសណា ដែលឈប់ឡើងប្រាក់ខែនោះទេ គ្រាន់តែឆ្នាំខ្លះគេផ្អាក ឆ្នាំខ្លះគេឡើង ព្រោះតំលៃ(របស់)អីផ្សេងៗវាត្រូវតែឡើង។ អ្វីដែលសំខាន់ យើងបានគិតគូរតាំងពីនៅពេលដែលរើសគ្រូចូលរៀននៅគរុកោសល្យ។ ឥឡូវយើងបង្កើនអាហារូបករណ៍ឲ្យច្រើន។ ពីឆ្នាំ២០២៣ មក២០២៤ កើនច្រើន។ យើងបានធានាចំពោះគ្រូបង្រៀនខុសពីមន្ដ្រីក្រសួងផ្សេង។ មន្ដ្រីក្រសួងផ្សេង ប្រឡងជាប់ចូលធ្វើកម្មសិក្សាមួយឆ្នាំ បានប្រាក់ខែប៉ុន្មានភាគរយនៃមន្ដ្រីពេញហើយ។ ចប់កម្មសិក្សា ១ឆ្នាំ គេតាំងស៊ប់។ គ្រូបង្រៀនមិនដូច្នោះទេ។ ប្រឡងជាប់ហើយ ទៅរៀន ៤ឆ្នាំ។ ៤ឆ្នាំនេះ ជាអាហារូបករណ៍ទេ អត់មានប្រាក់ខែពេញទេ។ អញ្ចឹងហើយបានជាយើងធ្វើម៉េចធានា(ជីវភាពគាត់)។ កាលពីឆ្នាំ២០២៣ ក្រោយពីបង្កើតបានរាជរដ្ឋាភិបាល ខ្ញុំចាំដូចជាខែ១០ ក្នុងទិវាគ្រូបង្រៀន ឯកឧត្តម ហង់ ជួនណារ៉ុន ថា មានយុវជនច្រើនចង់ចុះឈ្មោះធ្វើគ្រូបង្រៀន ប៉ុន្តែដោយសារកន្លែងខ្លះត្រូវចំណាយ ៤ឆ្នាំ ហើយប្រាក់ឧបត្ថម្ភតិច អញ្ចឹងមិនសូវទាក់ទាញ។ គយ ពន្ធដារយកទៅអស់ ទៅស្ថាប័នផ្សេង (ព្រោះរយៈពេលកម្មសិក្សា)ខ្លីជាង។ អញ្ចឹង (ដើម្បីដោះស្រាយនិងពង្រឹងការទាក់ទាញ) យើងបង្កើន(អាហារូបករណ៍)បែបនេះ ដើម្បីធានាគុណភាពអ្នកដាក់ពាក្យប្រឡងចូល …។
(១៥) អ្នកប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិន្ទេស A, B, C ៧៥% ប្រឡងចូលគ្រូ ជាសញ្ញាល្អសំរាប់ធានាគុណភាពអប់រំ
ខ្ញុំមិននិយាយតែរឿងបៀវត្សរ៍ ការឧបត្ថម្ភដែលកើននេះទេ។ តាំងពីមុនមក រាជរដ្ឋាភិបាលក្នុងជំនាន់សម្តេចតេជោក៏បានខិតខំជួយលើកកម្ពស់ដោយដំឡើងជាប្រចាំប្រាក់ឧបត្ថម្ភ រៀបចំកន្លែងស្នាក់នៅ និងសាលារៀនបានល្អ ដើម្បីទាក់ទាញបេក្ខជនអោយចូលរៀនជាគ្រូឱ្យបានច្រើន។ ឥឡូវ ៧៥% នៃអ្នកដែលប្រឡង(ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ) បាននិន្ទេស A, B, C ប្រឡងចូលគ្រូ។ អញ្ចឹងគឺជាគុណភាពមួយធំសម្រាប់កូនចៅយើងទៅថ្ងៃមុខ។ យក(បានអ្នកទាំងនេះមកបណ្តុះបណ្តាលជាគ្រូ)មកបែបនេះនឹងអាចធានា(បានគុណភាពអប់រំ)។ កាលខ្ញុំនៅកងទ័ព សិក្ខាកាមដែលចប់ពីរៀនក្រៅប្រទេស ពេលដែលមកបញ្ជូនទៅអង្គភាពផ្សេងៗ ខ្ញុំអត់មើលនិន្ទេសទេ។ ប៉ុន្តែបើសិនជាចាប់ចូលបំពេញភារកិច្ចនៅសាលា ត្រូវតែឆែកនិន្ទេស ព្រោះកុំឱ្យត្រឹមតែមួយជាប់យកមកធ្វើគ្រូគេ អត់បានទេ។ ពិសេសសាលាកាំភ្លើងធំអីនេះ បង្រៀនសិស្សបាញ់ចូលគ្នាឯងហើយ។ ខ្ញុំមានមិត្តភក្តិម្នាក់នៅអាមេរិក រៀនមិនសូវចេះប៉ុន្មានទេ ប៉ុន្តែពូកែទាយត្រូវ QCM។ កាលរៀន Math អីហ្នឹង គ្រូមិនសូវតឹងដូចយើងទេ។ ចូលឆ្នាំទី១ មិនមែនសាលាទាហានទេ ខ្ញុំរៀនសាលាស៊ីវិលមួយឆ្នាំ។ គេធ្វើតេស្ត។ ម្នាក់ហ្នឹងមិនសូវមករៀន។ ដល់មករៀន ទាយត្រូវ។ ពូកែ QCM។ A B C D ហ្នឹង ទាយត្រូវជាប់។ ប៉ុន្តែ ពេលគ្រូហៅឡើងក្តារខៀន ២X ស្មើ ៨ អត់ដឹង Xស្មើប៉ុន្មាន? គ្រូក្រវីក្បាល។ អញ្ចឹង រើសគុណភាពគ្រូបានហើយ ត្រូវបំប៉នឱ្យបានច្រើន ហើយ(ត្រូវមាន)គុណវុឌ្ឍិជាប់ជាប្រចាំ។ ការរៀបចំជាបៀវត្សរ៍ បណ្ណ ប.ស.ស លំនៅដ្ឋានផ្សេងៗ យើងអាចធ្វើៗ ជាបន្តបន្ទាប់សម្រាប់គ្រូបង្រៀនដែលមកពីឆ្ងាយ។ បើនៅតាមជនបទខ្លះ លោកគ្រូអ្នកគ្រូ មានផ្ទះនៅជិតទីនោះ ឬមួយកន្លែងខ្លះក៏មានការលំបាក តែយើងនៅបន្តធ្វើតទៅទៀត។
(១៦) ឪពុកម្តាយបង្កើតផ្តល់ជីវិតនិងចិញ្ចឹមបីបាច់ គ្រូបង្រៀនផ្តល់ចំណេះដឹង ឥរិយាបថ គុណធម៌ សីលធម៌ បង្កើតសមត្ថភាពឱ្យចិញ្ចឹមខ្លួន គ្រួសារ និងជួយដល់ប្រទេសជាតិ
នៅក្នុងឱកាសនេះ ខ្ញុំសូមអរគុណចំពោះក្រសួងអប់រំ មន្ទីរអប់រំគ្រប់រាជធានី/ខេត្ត ស្ថាប័នពាក់ព័ន្ធដែលជួយគាំទ្រដល់វិស័យអប់រំ រដ្ឋបាលរាជធានី/ខេត្តទាំងអស់ដែលលើកទឹកចិត្ត គណៈគ្រប់គ្រងសាលាទាំងអស់ ជាពិសេសលោក/អ្នកគ្រូដែលខិតខំក្នុងការចែករំលែក។ អាជីពរបស់គ្រូបង្រៀនមិនមែនអាជីពធ្វើមហាសេដ្ឋីទេ។ ឯកឧត្តម ពិត ចំណាន ថាលោក/អ្នកគ្រូ មិនមែនជាមហាសេដ្ឋីខាងទ្រព្យសម្បត្តិទេ ប៉ុន្តែជាមហាសេដ្ឋីនៃកិត្តិយស។ មានតែលោក/អ្នកគ្រូទេ ដែលពេលកូនសិស្សឡើង(បុណ្យសក្តិ)ធំ ទៅដល់ណាក៏ដោយ ក៏នៅតែពេលជួបគ្រូសំពះគ្រូ និងហៅថាលោក/អ្នកគ្រូរហូត។ មានតែជំនាញនេះទេដែលអង្គុយនៅវេទិកាខាងក្រោម ហើយញញឹម នៅពេលឃើញសិស្សទទួលបានជោគជ័យនៅខាងលើនេះ។ ពេលដែលសិស្សក្លាយទៅជាអ្នកជោគជ័យផ្សព្វផ្សាយតាមហ្វេកប៊ុក គាត់អង្គុយនិយាយថា ខ្ញុំធ្លាប់បង្រៀនអ្នកនេះដែរ។ ហ្នឹងមិនខុសពីឪពុកម្តាយដែលធ្លាប់បង្កើតកូនទេ។ នេះហើយជាអាជីពដែលយើងហៅថាឪពុកម្តាយទី២។ តើមានប៉ុន្មានអាជីពដែលចាត់ទុកជាឪពុកម្តាយ នៅក្នុងប្រពៃណី វប្បធម៌របស់យើង? ហៅឪពុកម្តាយគឺជាអ្នកមានគុណ។ អ្នកមានគុណទី១ គឺឪពុកម្តាយបង្កើតដែលបង្កើតនិងផ្តល់ជីវិត ចិញ្ចឹមឱ្យរស់ ឱ្យខោអាវស្លៀកពាក់ ទិញសម្ភារៈឱ្យទៅរៀន។ គាត់លំបាកហូរញើសដើម្បីរកលុយ។ មួយទៀតគឺគ្រូបង្រៀនជាឪពុកម្តាយដែលបំពាក់បំប៉នចំណេះដឹង ឥរិយាបថ គុណធម៌ សីលធម៌ ឱ្យយើង យកចំណេះដឹងទៅបង្កើនសមត្ថភាព រកចំណូលចិញ្ចឹមខ្លួនឯង ចិញ្ចឹមគ្រួសារ និងជួយដល់ប្រទេសជាតិ។
(១៧) ផ្ទះ សាលា និងសង្គម ជាបរិស្ថានអប់រំសារវ័ន្ត ៣
អញ្ចឹង ខ្ញុំសូមអរគុណចំពោះការយកចិត្តទុកដាក់របស់លោក/អ្នកគ្រូ និងគ្រប់ភាគីពាក់ព័ន្ធ និងការគាំទ្ររបស់មាតាបិតា។ ការគាំទ្ររបស់សហគមន៍គឺជាកត្តាសំខាន់នៃការអប់រំ។ យើងជំរុញខ្លាំងច្រើនអាណត្តិមកនេះ។ ក្នុងអាណត្តិនេះ ក៏យើងដាក់វិធីសាស្ត្រក្នុងការធ្វើឱ្យមាតាបិតាចូលរួមជាមួយសាលាកសាងសាលាគំរូ ឬមួយសាលាទំនើប។ គ្រូនិងឪពុកម្តាយជាតួអង្គ២ សំខាន់ក្នុងការអប់រំ។ ការអប់រំមានតែ ៣កន្លែងទេនៅសាលា ផ្ទះ និងក្នុងសង្គម។ នៅក្នុងសង្គមវាច្របូកច្របល់ណាស់។ ក្នុងសង្គមគ្មានអ្នកណាឈឺក្បាលជាមួយអ្នកណាទេ។ អ្នកឯងចង់រញ៉ីរញ៉ៃធ្វើទៅ រឿងជីវិតអ្នកឯង។ មានតែនៅផ្ទះនិងសាលាទេ ដែលមានអ្នកឈឺក្បាលជាមួយក្មេងម្នាក់ហ្នឹង។ មានតែនៅផ្ទះទេ ដែលឪពុកម្តាយឈឺក្បាលថាកូនខ្ញុំឈឺថ្កាត់យ៉ាងម៉េច រៀនបានប៉ុណ្ណា។ មានតែនៅសាលាទេ ដែលលោកគ្រូអ្នកគ្រូចង់ឱ្យកូនចេះ និយាយត្រង់អញ្ចឹងតែម្តង។ ពេលចូលក្នុងសង្គម តើមានប៉ុន្មាននាក់ឈឺក្បាល(ជាមួយយើង)? គេគិតតែពីរឿងគេផ្ទាល់។ ក្នុងសង្គម បានន័យថាចូលទៅប្រឡូកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ពិតណាស់ នៅកន្លែងការងារមានការជួយគ្នាអីផ្សេងៗ ប៉ុន្តែនៅក្នុងការអប់រំ មានតែក្នុងសាលាទេ ដែលឪពុកម្តាយអាចរកបានការតម្រង់ទិស និងជួយឱ្យកូនមានការអប់រំ រៀនសូត្រ។
ចេញទៅក្រៅគឺរៀងៗខ្លួន។ ទៅដល់កន្លែងធ្វើការ ប្រធានឱ្យទៅធ្វើការអីផ្សេងៗ បង្រៀនអីផ្សេងៗ ប៉ុន្តែជាទូទៅនៅសង្គមនេះ មនុស្សឯករាជ្យខ្លួនឯង ចង់ធ្វើមិនធ្វើ រឿងខ្លួនឯង។ ទៅធ្វើការកន្លែងណាទៅមិនទៅជារឿងរបស់អ្នក។ យ៉ាងច្រើនគេកាត់ប្រាក់ខែ ឬបញ្ឈប់។ តែឪពុកម្តាយគ្មានសិទ្ធិកាត់កាលកូនចោលទេ។ មានខ្លះ បើកូនមិនរៀនមានតែរំពាត់(វាយ)ឱ្យកូនរៀន។ ខ្ញុំឃើញរូបថតខ្លះវេទនាចិត្ត។ ឪពុកអង្គុយសំពះកូន … បើនៅកន្លែងធ្វើការវិញ ចាំតែចៅហ្វាយអង្គុយសំពះតើ។ ទៅប្រកួតប្រជែងចាំតែមិត្តភក្តិអង្គុយសំពះអ្នកឯងឱ្យប្រឹងធ្វើការតើ។ គេមានគ្រួសារគេមានអីរបស់គេ។ អញ្ចឹង ឱកាសកសាងមនុស្សក្នុងសង្គមគឺមានតែនៅពេលរៀន នៅក្នុងផ្ទះនេះ មុននឹងកូនអាយុ ១៨ឆ្នាំ ចេញទៅធ្វើការ ចេញពីសាលា។ អញ្ចឹង សំរាប់ការអប់រំនៅក្នុងសាលា ដែលយើងចង់កសាងមូលដ្ឋានធនធានមនុស្ស ត្រូវគិតពីការបំពាក់បំប៉នគ្នាពីថ្នាក់បឋម ដល់ថ្នាក់មធ្យម។ ថ្នាក់មត្តេយ្យក៏សំខាន់ ប៉ុន្តែអ្វីដែលត្រូវយកចិត្តទុកដាក់បំផុតគឺថ្នាក់បឋមនេះឯង។
(១៨) ខិតខំបំព្រួញគម្លាតរវាងបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ តាមតម្រូវការធនធានមនុស្សក្នុងសេដ្ឋកិច្ច
យើងសំរុកច្រើនក្នុងការកសាង និងការអភិវឌ្ឍបន្ថែម។ យើងត្រូវខិតខំបំព្រួញគម្លាតរវាងបឋមសិក្សា ជាមួយអនុវិទ្យាល័យ និងវិទ្យាល័យ … កន្លងទៅយើងមានបឋមសិក្សា ៧០០០ សាលា ដល់អនុវិទ្យាល័យ យើងមាន ១ ៣០០សាលា។ អញ្ចឹង នេះគឺគម្លាតធំ។ ខ្ញុំបានឲ្យឯកឧត្តម ហង់ ជួនណារ៉ុន ជាមួយក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ធ្វើម៉េចបង្កើនបរិមាណអនុវិទ្យាល័យ និងវិទ្យាល័យឲ្យច្រើន។ វិទ្យាល័យមានតែ ៦០០ទេ។ អញ្ចឹងយើងពង្រីកបន្ថែម ដើម្បីអ្នកចប់បឋមសិក្សាមានឱកាសឡើងមកកាន់តែច្រើន។ ក្រៅពីនោះ ពង្រីក TVET បន្ថែមទៀត ដើម្បីបានរៀនចំណេះដឹងទូទៅផង។ យើងមិនអាចយករូបមន្តពីសង្គមចាស់ទេ ។ ពីសង្គមចាស់មួយស្រុក បានតែម្នាក់ទៅរៀនវិទ្យាល័យ សល់ប៉ុន្មានទៀតមិនបានទៅរៀន។ ការវិវត្តប្រែប្រួល។ ឥឡូវនេះ សេដ្ឋកិច្ចរបស់យើង ត្រូវការពឹងផ្អែកធនធានមនុស្សច្រើន។ មិនមែនត្រូវការម្នាក់ឬ ២នាក់នោះទេ។ ត្រូវការបណ្តុះបណ្តាលធនធានមនុស្សឲ្យបានច្រើន។ អញ្ចឹង នៅកន្លែងខ្លះពិនិត្យលទ្ធភាពដំឡើងពីបឋមសិក្សា ទៅអនុវិទ្យាល័យ និងពីអនុវិទ្យាល័យទៅវិទ្យាល័យ ដូចដែលយើងធ្លាប់ធ្វើកន្លងទៅរាប់សិបឆ្នាំហើយ។ ប៉ុន្តែការបណ្តុះបណ្តាលគ្រូមានល្បឿន បូកជាមួយថវិកាកសាង។ យើងត្រូវខិតខំធ្វើយ៉ាងណាក្នុងរយៈពេល អាចថានៅឆ្នាំ២០៣០ … អ្នកដែលចូលរៀន ៥០ទៅ ៦០ភាគរយ បន្តពីបឋមសិក្សា ទៅអនុវិទ្យាល័យ ទៅវិទ្យាល័យ បូកជាមួយការរៀនក្នុងកម្មវិធី TVET ផ្សេងៗ ទៀត។ យើងចៀសមិនផុត ពីការបោះបង់មួយចំនួន។ កន្លែងខ្លះដោយសារជីវភាព កន្លែងខ្លះដោយសារបុគ្គលមិនទៅរៀន។ យ៉ាងណាក្តី កុំឲ្យ(មានការបោះបង់ការសិក្សា)មកពីកត្តាខ្វះខាតនេះ។
(១៩) គិតគូរអំពីបរិមាណ តែគ្មានផែនការលុបប្រឡងបាក់ឌូប្លិ៍ ព្រោះជាការវាយតម្លៃ ការចំរាញ់និងកំណត់និយាម
យើងត្រូវខិតខំបន្ថែមទៀត។ យើងធ្វើបានច្រើន។ ពីមុន (ចំនួនអ្នកដែលបានរៀន)ទៅដល់វិទ្យាល័យមានតែ ២០ភាគរយទេ។ ឥឡូវតួលេខឡើងខ្ពស់។ កន្លែងខ្លះ ពីមុនមានសង្រ្គាម(មិនមានសាលា មិនមានឱកាសសិក្សា)។ ឥឡូវ បញ្ជូនសាលាទៅ រហូតមានវិទ្យាល័យ។ យើង Upgrade នៅខេត្តកំពង់ស្ពឺនេះច្រើន។ យើងត្រូវបន្តធ្វើតទៅទៀត។ បរិមាណ និងគុណភាព ត្រូវដើរជាមួយគ្នា។ យើងអត់អាចត្រឡប់ទៅរកស្ថានភាពដែលមួយស្រុកយកតែមួយនាក់ចូលវិទ្យាល័យទេ។ ពីជំនាន់ដើម មានលក្ខខណ្ឌ ស្ថានភាពសេដ្ឋកិច្ចសង្គម ខុសគ្នាពីឥឡូវ … ឥឡូវគឺយើងត្រូវគិតគូរអំពីបរិមាណ។ មានអ្នកខ្លះរហូតដល់បានគិតថា បាក់ឌូប្លិ៍មិនបាច់ប្រឡងទេ។ ប្រទេសខ្លះអត់មានការប្រឡងបាក់ឌូប្លិ៍នេះទេ។ អាមេរិកអត់មានប្រឡងបាក់ឌូប្លិ៍ទេ។ គេយកតែពិន្ទុឆមាស ពិន្ទុប្រចាំឆ្នាំហ្នឹងឲ្យជាប់។ ប៉ុន្តែនៅកម្ពុជា ការប្រឡងមួយៗ គឺជាការធ្វើតេស្តដើម្បីកំណត់និយាម វាយតម្លៃ បូកជាមួយនឹងការចំរាញ់មួយចំនួន។ នៅពេលការអប់រំតាំងពីថ្នាក់បឋមរហូតដល់ថ្នាក់ទី១២ ធានាបានកម្រិតគុណភាពមួយដែលថាមិនបាច់ប្រឡង ក៏យើងអាចធានាបាន។ តែបើអត់ទេយើងមានប្រឡងដដែល។ តើឪពុកម្តាយប៉ុន្មាននាក់ចង់ឲ្យមិនបាច់ប្រឡងបាក់ឌូប្លិ៍ លោក/អ្នកគ្រូប៉ុន្មាននាក់ចង់ឲ្យមិនបាច់ប្រឡងបាក់ឌូប្លិ៍? យើងអត់មានផែនការក្នុងការដកបាក់ឌូប្លិ៍ចេញទេ។ ការប្រឡងគឺដើម្បីឆែកមើល និងជំរុញសិស្សឲ្យខំប្រឹងរៀន ដើម្បីយកជាកត្តាមួយបន្ថែមទៀត។
(២០) ធានាឥរិយាបថ សីលធម៌ គុណធម៌ និងអប់រំបន្ថែមលើបំនិន និងជំនាញទន់
ពេលជាមួយគ្នា យើងត្រូវពង្រឹងគុណភាពអប់រំតាំងពីថ្នាក់បឋមឡើងមក ដើម្បីឲ្យពេលបញ្ចប់កម្រិតណាមួយពួកគាត់មានសមត្ថភាព។ យើងធ្វើបានច្រើនមកដល់ម៉ោងនេះ។ ថ្ងៃមុន ខាងអាស៊ានវាយតម្លៃ គុណភាពសិស្សរបស់យើង តាមរយៈសមត្ថភាពអាន សមត្ថភាពរៀនសូត្រ បូកទៅបានប៉ុន្មាន point។ ខ្ពស់ដែរ។ ប៉ុន្តែមិនទាន់គ្រប់ទេ។ យើងនៅបន្តធ្វើតទៅទៀត។ ត្រូវធានាឥរិយាបថ សីលធម៌ គុណធម៌ ឲ្យបានច្រើន អប់រំបន្ថែមទៅលើបំនិន និងជំនាញទន់ផង ដែលយើងត្រូវតែធ្វើ។ អញ្ចឹងហើយបានជាការអប់រំ ការកំណត់និយាម ជាពិសេសលោកគ្រូ អ្នកគ្រូជាកិច្ចការសំខាន់។ សាលា វិន័យ អត់ចាំបាច់រហូតទៅដល់មានផ្តៅដូចជំនាន់ខ្ញុំទេ។ ថ្ងៃមុនខ្ញុំឃើញ គេដាក់ Facebook លោកគ្រូ អ្នកគ្រូខ្លះនៅមានផ្តៅនៅឡើយទេ។ នៅទីនេះ លោកគ្រូអ្នកគ្រូឈប់ប្រើផ្តៅឬនៅ?នៅទីនេះលោក/អ្នកគ្រូស្លូត។ សិស្សល្អ។ ជំនាន់ខ្ញុំ មានផ្តៅ មានសំបកទុរេនទៀត។ ក្មួយៗ មិនដឹងគេយកសំបកទុរេនធ្វើអីទេ។ លត់ជង្គង់លើនោះ។ ខូចពេក។ មិនមែនខ្ញុំទេ។ បើបដិសេធថាអត់ត្រូវផ្តៅសោះ អត់ពិតទេ។ ធ្លាប់ត្រូវ។ ធ្លាប់ត្រូវពេលខ្លះទៅដល់ផ្ទះរត់ប្រាប់ពុក ត្រូវបន្ថែមទៀត។ គាត់ប្រាប់ថាគាត់ជឿគ្រូជាងជឿកូន។ ពេលណាដែលគ្រូវាយ បានន័យថាកូនឯងធ្វើខុសហើយ … នេះដែលយើងនិយាយថាគ្រូនិងមាតា ត្រូវបង្កើតជាសហគមន៍មួយរួមគ្នាកសាង គ្រូនិងឪពុកម្តាយទុកចិត្តគ្នា មានការអីសហការគ្នាធ្វើដើម្បីអប់រំសិស្ស អប់រំកូន។ កន្លែងខ្លះអត់ស្គាល់គ្នា។ កូនអាចលេងក្បាច់គុណ យុទ្ធសាស្រ្តសាមកុកបានដើម្បីបំបែកគ្រូនិងឪពុកម្តាយ។ ខ្ញុំឧស្សាហ៍និយាយនៅខេត្តកណ្តាល សិស្សធ្វើខុស គ្រូដាក់វិន័យ ឪពុកម្តាយអត់ដែលស្គាល់គ្រូទេ។ កូនទៅដល់ផ្ទះប្រាប់ម្តាយថាអ្នកគ្រូអយុត្តិធម៌។ មិនទាន់សួរគ្រូផង ម្តាយឡើងជេរគ្រូតាម Facebook បាត់។
(២១) គ្រូបង្រៀន ឪពុកម្តាយតាមដាន ដើម្បីសិស្សប្តូរផ្នត់គំនិត មានឥរិយាបទល្អ និងបង្កើតទំលាប់អាន
សូមលើកទឹកចិត្តឲ្យបង្កើត group telegram រវាងឪពុកម្តាយជាមួយគ្រូប្រចាំថ្នាក់។ តែសិស្សអវត្តមាន ឪពុកម្តាយដឹងភ្លាម។ សម័យឥឡូវ internet សឹងតែគ្រប់កន្លែងទៅហើយ។ telegram លោក/អ្នកគ្រូ ឪពុកម្តាយដឹងទៅហើយ ភ័យតែសិស្សទេ។ ក្មួយៗ មានអ្នកណាចេញពីផ្ទះម៉ោង៧ ដល់ម៉ោង១១ អត់ចូលសាលាទេ? អត់មានទេ … ហ្នឹងដូចឡើង bus។ អ្នកណាអវត្តមានលើកដៃ។ នេះបានន័យថាម៉េច? បានន័យថាជួយ។ សាលាដែលយើងអនុវត្តកន្លងទៅ ឧទាហរណ៍ថាបង្រៀនឲ្យសិស្សទៅដល់ផ្ទះជម្រាបសួរឪពុកម្តាយ។ ទៅដល់ផ្ទះចេះទទួលខុសត្រូវក្នុងការហូបបាយលាងចាន ងើបឡើងបត់ខោអាវ កុំឲ្យរញ៉ីរញ៉ៃ។ គ្រូបង្រៀននៅសាលា តែទៅដល់ផ្ទះធ្វើដោយសារអ្វី? គ្រូឲ្យឪពុកម្តាយ តាមដាន។ និយាយរួមឪពុកម្តាយសប្បាយចិត្ត។ គាត់ថាកូនខ្លះ ១៤ឆ្នាំ មិនដឹងជាស្អី។ ងើបឡើងទៅរៀនសក់មិនសិត។ ពូកគ្រែម៉ែទៅបត់ឲ្យរាល់ថ្ងៃ។ ដល់ឥឡូវគ្រូគាត់ណែនាំ។ ម្តាយអើយ កូនគាត់ល្អម្ល៉េះ។ មកដល់ផ្ទះជម្រាបសួរ។ ងើបឡើងចេះបត់ភួយ។ យប់ឡើងរៀបកាតាបខ្លួនឯង។ គាត់សប្បាយចិត្តព្រោះកូនគាត់រស់ក្នុងគន្លងនៃវិន័យមួយ។ ឪពុកម្តាយប្រាប់ទៅគ្រូ គ្រូសប្បាយចិត្ត។ អនុវត្តទាំង២ នេះ ឥរិយាបថសិស្សគឺល្អ។ ពីមុនធ្លាប់តែបង្ហោះកង់ ឥឡូវសុំមករៀនថែមម៉ោង។ ហ្នឹងដែលយើងចង់បាន មិនមែនបង្ខំឲ្យមកទេ គឺកូនប្តូរផ្នត់គំនិត។ គាត់ចង់មករៀនដោយខ្លួនឯង។ ទាំងឪពុកម្តាយ ទាំងគ្រូចង់បាន។ អញ្ចឹងការពង្រឹងឥរិយាបថបែបនេះគឺសំខាន់ ហើយបង្រៀនឲ្យអានឲ្យច្រើនពីក្មេង។ មានសៀវភៅហើយ តាមបណ្ណាល័យមួយៗ គ្រូបឋមដាក់ឲ្យកន្លែងរៀន បង្រៀនទំលាប់អានឲ្យច្រើនដល់ក្មេងៗ។ អញ្ចឹងការខិតខំកែសម្រួលនៅក្នុងការអប់រំ និងការពង្រឹងវិស័យអប់រំបែបនេះ ក្រសួងអប់រំ និងសាលាទាំងអស់ត្រូវបន្តយកចិត្តទុកដាក់។
(២២) ត្រូវដាក់គោលដៅប្រកួតប្រជែងនឹងខ្លួនឯង យកពិន្ទុពីឪពុកម្តាយសិស្ស ពីសិស្ស និងពីសហគមន៍
សូមឲ្យសាលានីមួយៗ ប្រកួតប្រជែង ហើយមិនបាច់ចាំបារម្ភពីការវាយតម្លៃពីលើទេ គឺវាយតម្លៃពីឪពុកម្តាយតែម្តង។ សាលាមួយៗ ខំប្រឹងឲ្យឪពុកម្តាយកាន់តែទុកចិត្តសាលា កាន់តែមានភាពកក់ក្តៅជាមួយគ្រូ កាន់តែគាំទ្រដល់គ្រូ ហើយសហគមន៍កាន់តែគាំទ្រ។ ហ្នឹងហើយពិន្ទុដែលត្រូវទទួល។ ក្នុងចំណោមរាប់ពាន់ម៉ឺនសាលាក្នុងប្រទេស បើយើងយកពិន្ទុរបស់ក្រសួងអប់រំ ក្រសួងមុខងារសាធារណៈ មួយឆ្នាំៗ បានតែ៤ ទៅ ១០សាលាទេ ដែលជាប់។ ទោះបីយើងជាប់មួយនោះ មិនជាប់មួយនេះ ឬបានលេខ១ ឬមិនបានលេខ១ តាមការវាយតម្លៃក្រសួងអប់រំ ជារឿងបន្ទាប់បន្សំ។ សំខាន់គឺឪពុកម្តាយចង់យកកូនមកដាក់ឱ្យរៀន។ គេចង់យកកូនមកដាក់ថែមទៀត សិស្សចង់មករៀន។ លោក/អ្នកគ្រូ ជាមួយឪពុកម្តាយ កូនសិស្ស មានសុខដុមនីយកម្មល្អ។ ហ្នឹងហើយជាពិន្ទុដែលលោក/អ្នកគ្រូ គណៈគ្រប់គ្រងសាលាចង់បាន។ កុំគិតមើលអ្នកផ្សេង គិតតែខ្លួនឯងទៅ។ កុំថា សាលាមួយនោះ សំរាមច្រើនជាងយើង។ យើងមិនបាច់(សំអាត)ទេ យើងមានសំរាមតែប៉ុណ្ណឹង។ ត្រូវដាក់ពិន្ទុថា សាលាហ្នឹងត្រូវតែអត់សំរាម ធ្វើពិន្ទុខ្លួនឯង។ នេះជាគោលដៅប្រកួតប្រជែងជាមួយខ្លួនឯង។ យកពិន្ទុពីឪពុកម្តាយសិស្ស យកពិន្ទុពីកូនសិស្ស និងយកពិន្ទុពីសហគមន៍។
(២៣) បណ្តុះបណ្តាល ៤ឬ ៥លាននាក់នៅក្មេងពេលនេះ ដើម្បីក្លាយជាធនធានរឹងមាំក្នុង ៦០ទៅ ៨០ឆ្នាំខាងមុខ
មកអម្បាញ់មិញ បានជួបជាមួយអតីតសិស្សរៀននៅសាលាហ្នឹងចូលរួមដែរ។ គាត់មានមោទនភាព។ ជំនាន់ឥឡូវកាន់តែទំនើបជាង មានវិន័យជាង។ ខ្ញុំគិតថា បងប្អូនរៀនជំនាន់មុន ដូចជំនាន់ខ្ញុំ ជំនាន់ផ្តៅ គឺរាងតឹងហើយ តែជំនាន់ក្រោយមានសំភារៈល្អជាងហ្នឹង វិន័យសណ្តាប់ដោយខ្លួនឯង។ នេះគឺជាការអប់រំដែលយើងចង់បាន។ ឥរិយាបថ សមត្ថភាព ចំណេះដឹងនេះគឺជាអ្វីដែលកូនៗ របស់យើងត្រូវទទួលបានក្នុងការអប់រំ។ បើគាត់អប់រំតាំងពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ រឹងមាំហើយ ទៅថ្នាក់ទី៧, ៨, ៩, ១០, ១១ និង១២ ក៏កាន់តែរឹងមាំ។ ចប់ទៅ គាត់ចូលក្នុងសង្គមអាចប្រឡូកផ្ទាល់បាន។ កាត់បន្ថយភាពមិនច្បាស់លាស់ពីសមត្ថភាព ពីឥរិយាបថ ទៅជាបុគ្គលមួយដែលល្អ ប្រទេសយើងក៏នឹងល្អផងដែរ។ នេះគឺជាសារៈសំខាន់នៃការចូលរួម។ ខ្ញុំសូមបន្តលើកទឹកចិត្តឲ្យឪពុកម្តាយ មាតាបិតា សហគមន៍ សប្បរសជនទាំងអស់ ទាំងអតីតសិស្ស ទាំងអ្នកដែលមានលទ្ធភាព ក្រុមការងារផ្សេងៗដែលចុះនៅទីនេះ បន្តចូលរួមនៅក្នុងការជួយពង្រឹងវិស័យអប់រំនៅមូលដ្ឋាន។ អាជ្ញាធរខេត្ត អាជ្ញាធរស្រុក មន្ទីរអប់រំ ការិយាល័យអប់រំ ខិតខំយកចិត្តទុកដាក់ជំរុញពង្រឹងការអប់រំ ព្រោះនេះគឺជាអនាគតរបស់យើង។ ៤ ឬ ៥លាននាក់ដែលនៅក្មេង ទើបនឹងអាយុ ១០ឆ្នាំ នឹងក្លាយទៅជាធនធានមនុស្សរយៈពេល ៦០ ទៅ ៨០ឆ្នាំទៀត។ ដូច្នឹងត្រូវបណ្តុះបណ្តាលឲ្យគាត់រឹងមាំពីឥឡូវទៅដើម្បីជាមូលដ្ឋានកាន់តែរឹងមាំ(ទៅអនាគត)។ នេះគឺជាការអប់រំ ដែលយើងចង់បាន ហើយរាជរដ្ឋាភិបាលនឹងបន្តខិតខំយកចិត្តទុកដាក់ទៅលើកិច្ចការនេះ។
(២៣) មោទនភាពរបស់គ្រូ/សាលា គឺសិស្សក្លាយជាអ្នកជោគជ័យ ពេលចេញទៅធ្វើការ និងប្រកបរបរ
យើងមានបញ្ហាច្រើនត្រូវដោះស្រាយ តែវិស័យអប់រំ ជាមួយសុខាភិបាល យើងមិនចោលទេ។ ការពង្រឹងកិច្ចការនេះមួយចំនួនគឺ ខ្ញុំចូលរួមផ្ទាល់ ដឹកនាំផ្ទាល់។ ក្នុងមួយផ្នែកនៃការពង្រឹង មានវិធានគន្លឹះ៥ ក្នុងនោះមាន អប់រំ សុខាភិបាល កំណែទម្រង់មុខងារសាធារណៈ ដែលយើងមានគណកម្មាធិការ ក្រោមការជួយជំរុញមួយជ្រុងផ្ទាល់ ពីនាយករដ្ឋមន្ត្រី។ ក្រៅពីហ្នឹង ក្រសួងអប់រំ សុខាភិបាល មុខងារសាធារណៈ គ្រប់ក្រសួងស្ថាប័នធ្វើហើយ។ តែ(គណកម្មាធិការជា)សសរស្តម្ភមួយដែលយើងត្រូវពង្រឹងត្រូវជួយបន្ថែម … ពេលយើងអនុវត្ត នៅក្នុងការអប់រំនេះ ឃើញឪពុកម្តាយគ្រប់សាលាចូលរួម។ សាលាខ្លះអនុវត្តកន្លែងហ្នឹងតែមួយសាលាទេនៅក្នុងនិយាម ប៉ុន្តែលោកគ្រូនាយកនៅសាលាជុំវិញ មកសិក្សាបទពិសោធន៍យកទៅពង្រីក និងអនុវត្តផ្ទាល់។ នេះហើយដែលយើងចង់បាន។ កុំចាំបាច់មានអន្តរាគមន៍ពីលើមក។ កុំចាំបាច់មានការចុះមកពីលើ អង្គុយវាយតម្លៃឲ្យពិន្ទុ។ យើងធ្វើខ្លួនឯង។ នេះគឺជាការស្វ័យអនុវត្ត ហើយជាការដែលត្រូវធ្វើជាប់ជាប្រចាំដើម្បីមោទនភាព ព្រោះមោទនភាពរបស់យើងមិនមែនកសាងសាលាមួយដែលល្អ ស្អាត វិន័យល្អនោះទេ។ មោទនភាពរបស់យើងគឺសិស្សដែលចេញពីសាលានេះទៅមានឱកាសជោគជ័យ ក្នុង ១០ទៅ ២០ឆ្នាំទៅទៀត ដោយយើងបានពង្រឹងគេរឹងមាំតាំងពីក្មេង។ នេះជាមោទនភាពដែលចង់បាន។ មិនមែនចង់បានឆ្នាំនេះលេខ១ ទេ។ ត្រូវគិតថា អ្នកភ្នែកម៉ង់ៗ អាយុ៦ ឬ ៧ឆ្នាំ ឬ ១០ឆ្នាំ ដែលមកពឹង មករៀននៅសាលាយើង នឹងមានសមត្ថភាព មានឥរិយាបថ សម្រាប់ពង្រឹងមូលដ្ឋានរៀនតទៅទៀត។ ដល់អនាគតចេញទៅធ្វើការ ចេញទៅរកស៊ី ប្រកបរបរ គាត់ក្លាយជាអ្នកដែលមានឱកាសជោគជ័យច្រើន។ ហ្នឹងហើយជាមោទនភាពដែលលោក/អ្នកគ្រូ ជាតួអង្គអង្គុយនៅក្រោមក៏ដោយ ឃើញសិស្សថ្ងៃក្រោយឡើងធ្វើធំ នៅតែញញឹមថាធ្លាប់បានជួយអប់រំអ្នកហ្នឹងផងដែរ។ មោទនភាពនេះមិនខុសពីឪពុកម្តាយដែលខំប្រឹងចិញ្ចឹម មិននឹកស្មានថាកូនបានប៉ុណ្ណឹងនោះទេ។ នេះជាមោទនភាពចេញពីបេះដូង។ គ្រូក៏ដូចគ្នា។
(២៤) ការអប់រំគឺបណ្តុះបណ្តាលធនធានមនុស្សសម្រាប់អនាគត “ដាំក្នុងសាលា ផ្លែផ្កាក្នុងសង្គម”
អញ្ចឹង ការអប់រំគ្មានអីក្រៅតែពីការបណ្តុះបណ្តាលធនធានមនុស្សយើងសម្រាប់អនាគត។ គេថា ដាំក្នុងសាលា ផ្លែផ្កាក្នុងសង្គម។ រៀនថ្ងៃនេះ នឹងជួយឲ្យគាត់ជាធនធានសម្រាប់មួយទស្សវត្សរ៍ក្រោយ … ខ្ញុំអាចនិយាយបែបនេះ។ ខ្ញុំអាចរៀនចប់បណ្ឌិតនៅក្រៅប្រទេស ក៏ដោយសារគុណអ្នកគ្រូខ្ញុំថ្នាក់ទី១ ដែរ។ គាត់បង្រៀនខ្ញុំសរសេរអក្សរ “ក” រហូតដល់ “អ”។ បង្រៀនខ្ញុំសរសេរលេខ “១” រហូតដល់លេខ “១០” រហូតខ្ញុំអាចសរសេរលេខរាប់ពាន់លានបាន។ គាត់បង្រៀនខ្ញុំសរសេរស្រះ “អ” ដល់ស្រះ “អោះ” បាន ខ្ញុំអាចសរសេរតែងសេចក្តី សរសេរអីបាន ជាមូលដ្ឋានរៀនភាសា។ អញ្ចឹងកុំគិតថា ការរៀនមួយៗ មួយថ្នាក់ៗ អត់គុណប្រយោជន៍នោះ។ ជាមូលដ្ឋាន សំខាន់ ហើយទាំងអស់គ្នា សូម្បីតែលោក/អ្នកគ្រូ ដែលមកធ្វើជាគ្រូនេះ ក៏បានគុណលោកគ្រូអ្នកគ្រូថ្នាក់ទី១ ដែរ មែនអត់? បើមិនចេះអក្សរ “ក” “ខ” ទេ កុំនិយាយថាមកធ្វើគ្រូបង្រៀនគេនោះ។ អញ្ចឹងគ្រូគ្រប់ថ្នាក់ គ្រប់ជំនាន់សុទ្ធតែជាអ្នកមានគុណរបស់យើងទាំងអស់គ្នា។ លោកគ្រូអ្នកគ្រូក៏ត្រូវជួយឲ្យកូនៗ មានភាពជោគជ័យទៅថ្ងៃអនាគត …។
(២៥) មិនឲ្យកូនចៅជំនាន់ក្រោយលំបាក បែកពីឪម៉ែតាំងពីកុមារភាព ស្វែងរកសាលារៀនទេ
ថ្ងៃនេះ អត់មានប្រធានបទក្តៅទេ។ មេឃត្រជាក់ មេឃស្រទុំ និយាយអំពីការកសាង។ រឿងព្រំដែន បានបកស្រាយហើយ។ យើងនៅបន្តធ្វើការ ការពារទឹកដី តទៅទៀត។ ថ្ងៃនេះ អបអរសាទរជាមួយសមិទ្ធផលដែលសម្តេចតេជោបានកសាងមក។ យើងសម្ពោធ ១១សាលា ហើយផ្ទះគ្រូអីច្រើនហើយ។ នៅទូទាំងប្រទេសមានរាប់ពាន់។ នេះវគ្គក្រោយ។ វគ្គមុនដែលសម្តេចតេជោធ្វើបែបនេះ ពីឆ្នាំកៅជាង ចូល ២០០០សាលាឯនោះ។ ដូចបានបញ្ជាក់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធិ បានធ្វើពីពេលនោះដូចបីពាន់ជាង។ ឥឡូវ គ្រាន់តែសាលាបែបនេះ ឯកឧត្តម ខេង សុមេធ ធ្វើដូចជាចូលរាប់ពាន់ទូទាំងប្រទេសដែរ។ សម្តេចតេជោលោកថា លោកមិនឲ្យកូនចៅជំនាន់ក្រោយលំបាកដូចសម្តេចទេ ដែលត្រូវជិះទូកបែកពីឪម៉ែតាំងពីអាយុ ១៤ឆ្នាំទៅរៀននៅភ្នំពេញ។ ប្អូនស្រីទាំងប៉ុន្មានអត់មានឱកាសរៀនទេ។ ឲ្យកូនខ្មែរគ្រប់កន្លែងទាំងអស់មានឱកាសរៀនសូត្រគឺជាគោលការណ៍។ រាជរដ្ឋាភិបាលអាណត្តិនេះនឹងបន្តកសាងបន្ថែមទៀត ដើម្បីធ្វើឱ្យកូនខ្មែរកាន់តែមានឱកាស។ យើងនឹងបន្តកសាងសមិទ្ធផលបន្ថែមទៀត ពង្រីកនៅមូលដ្ឋានគ្រូនិងមូលដ្ឋានមធ្យមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ឲ្យកាន់តែច្រើន។ ជាជំហាន កាត់បន្ថយការបោះបង់ការសិក្សា បូកជាមួយអ្នកមិនទៅរៀន ចំណេះដឹងទូទៅក៏អាចមានចាប់យកការរៀនបំនិនណាមួយ អាចធ្វើការបាន ហើយថ្ងៃក្រោយមានសមត្ថភាពចូលមកយកចំណេះដឹងទូទៅត្រឡប់ទៅវិញ បាន។ យើងគិតគូរបែបនេះ។
[ចប់សេចក្តីអធិប្បាយ ១]
ដើម្បីពន្លឿនការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា និយាយជារួម និងវិស័យអប់រំតាមបណ្តាខេត្ត និយាយដោយឡែក ខ្ញុំសូមផ្តល់ជាអនុសាសន៍មួយចំនួន ដូចខាងក្រោម៖
ទី១. បន្តពង្រឹងអភិបាលកិច្ចសាលារៀន តាមរយៈ ការអនុវត្តស្តង់ដាសាលារៀនគំរូ និង សាលារៀនគោលដៅ «គ.វ.អ.» ដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធអប់រំខេត្ត ឱ្យកាន់តែរឹងមាំ ទំនើប និង ប្រកបដោយនវានុវត្តន៍ សំដៅធានាបាននូវសេវាអប់រំដែលមានគុណភាព, ប្រសិទ្ធ-ភាព និងសមធម៌ ។
ទី២. បន្តជំរុញការសិក្សាពេញមួយជីវិត តាមរយៈការបង្កើត និងការដាក់ចេញនូវគំនិតផ្តួចផ្ដើមនានា ដែលចូលរួមលើកកម្ពស់ការសិក្សាពេញមួយជីវិតសម្រាប់មនុស្សពេញវ័យ ក្នុងការទទួលបានឱកាសសិក្សា និងបណ្តុះបណ្តាលជាបន្តបន្ទាប់ សំដៅរក្សាភាពប្រកួតប្រជែង និង ឆ្លើយតបបានកាន់តែប្រសើរទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ ។
ទី៣. បន្តកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ សំដៅលើកកម្ពស់គុណវុឌ្ឍិគ្រូ ឱ្យស្របតាមស្ដង់ដាវិជ្ជាជីវៈគ្រូបង្រៀន ជាតិ និង អន្តរជាតិ, ដោយត្រូវផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់គ្រូបង្រៀនជាប្រចាំ និងឧបករណ៍គាំទ្រចាំបាច់នានា ស្របតាមវិធីសាស្ត្របង្រៀនបែបថ្មី និងការអប់រំឌីជីថល ។
ទី៤. បន្តធ្វើសមាហរណកម្មបច្ចេកវិទ្យាឌីជីថលទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិត ដោយបន្តជំរុញការបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល, ការរៀបចំថ្នាក់រៀនឆ្លាតវៃ និង ការភ្ជាប់ បណ្តាញអ៊ីនធឺរណិត នៅតាមគ្រឹះស្ថានសិក្សា, ព្រមទាំងបន្ត លើកកម្ពស់សមត្ថភាពឌីជីថលដល់គ្រូបង្រៀន, បញ្ចូលការប្រើប្រាស់បច្ចេកវិទ្យា ទៅក្នុងការបង្រៀន និង ការរៀន កែលម្អមាតិកាសិក្សា និង ផ្សព្វផ្សាយ មាតិកាឌីជីថលឱ្យបានទូលំទូលាយ ។
ទី៥. បន្តលើកកម្ពស់អនាម័យនៅតាមសាលារៀន ដោយត្រូវត្រៀមវិធានការឆ្លើយតប និងចូលរួមទប់ស្កាត់ភ្លាមៗ ព្រមទាំង បង្កើនការអប់រំអំពីសុខភាពសិក្សា និង សុវត្ថិភាពចំណីអាហារ កែលម្អហេដ្ឋារចនាសម្ព័ន្ធសុខភាព ដូចជា៖ បន្ទប់សុខភាពស្ដង់ដា, បរិស្ថានសាលារៀនបៃតង, សាលារៀនស្អាតគ្មានសំរាម ជាដើម ។ ទន្ទឹមនេះ, ត្រូវគិតគូរអំពីការដោះស្រាយបញ្ហាសុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់សិស្សានុសិស្ស នៅតាមសាលារៀន ដោយត្រូវបញ្ចូលកម្មវិធីអប់រំសុខភាពផ្លូវចិត្ត និងសុខុមាលភាពនៅក្នុងសាលារៀន ។
មុននឹងបញ្ចប់ ខ្ញុំសូមអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន, អាជ្ញាធរគ្រប់លំដាប់ថ្នាក់, វិស័យឯកជន សង្គមស៊ីវិល អង្គការជាតិ-អន្តរជាតិ សូមបង្កើនការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងមូលធនមនុស្សនៅកម្ពុជា តាមរយៈ ការពង្រីកការអប់រំ និងការបណ្តុះបណ្តាលផ្នែក វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា ជាពិសេស បច្ចេកវិទ្យាឌីជីថល ដល់សិស្សានុសិស្សកម្ពុជា ផ្គួបផ្សំជាមួយការពង្រឹងសីលធម៌បុគ្គល សំដៅ លើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់បុគ្គល គ្រួសារ និង ប្រជាពលរដ្ឋកម្ពុជា ។
ជាទីបញ្ចប់ ជាមួយនឹងការប្រកាស «ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា, ផ្ទះគ្រូបង្រៀន ទីចាត់ការ និង សមិទ្ធផលនានា នៅតាមសាលាក្នុងខេត្តកំពង់ស្ពឺ», ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ, លោក លោកស្រី, សមាជិក សមាជិកា នៃអង្គពិធី សូមមានសុខភាពល្អបរិបូណ៌ សុភមង្គលក្នុងគ្រួសារ និង សម្រេចបានជោគជ័យលើគ្រប់ភារកិច្ច និង សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាត ។
អំណោយសំរាប់អង្គពិធី
ថ្ងៃនេះមានសំរាប់យុវជនកាយរិទ្ធិកម្ពុជា យុវជនកាកបាទក្រហម សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនសមាគមរាជសីហ៍ និង យុវជនស្រឡាញ់សន្ដិភាព ចំនួន ៤៩០នាក់ ម្នាក់ៗ ថវិកា ២ ម៉ឺនរៀល។ ជូនលោក/អ្នក គ្រូ ឧដ្តុង្គម៉ែជ័យ ១៧៧នាក់ ម្នាក់ៗ ថវិកា ៥ម៉ឺនរៀល។ ក្មួយៗ សិស្សានុសិស្ស ១ ៩៨០នាក់ ម្នាក់ៗ ថវិកា ១ ម៉ឺនរៀលសៀវភៅ ២ក្បាល ប៊ិច ១ដើម។ ជូនវិទ្យាល័យឧដុង្គថវិកា ២លានរៀល ជូនសាលាក្រុងឧដុង្គម៉ែជ័យថវិកា ២លាន គ្រូពេទ្យប្រជុំការក្នុងអង្គពិធី ថវិកា ៥លានរៀល មន្ទីរពេទ្យបង្អែកឧដុង្គ ១០លានរៀល ជូនក្រុមតន្ដ្រីសម័យ ១០លានរៀល. ក្រុមតន្ដ្រីសម័យថ្ងៃនេះ បងស្រី ហ៊ឹម ស៊ីវន លោក ជិន វឌ្ឍនា លោក នៅ ស៊ីនឿន (ទើបបានកូន? សូមអបអរសាទរ) អ្នកនាង កែវ ចាន់សម្ផស្ស លោក ជ័យ សូវ៉ាត លោក ចាន់ កូម៉េន អ្នកនាង ចំរើន ចរិយា លោក ឃុន វុត្ថា កញ្ញា ម៉ង់ ចាន់កញ្ញា លោក គ្រី ថៃពៅ លោក ឆន សុវណ្ណរាជ និង កញ្ញា សុខ សីឡាលីន ហើយក៏មានតន្ដ្រីនិងក្រុមអ្នកចំរៀងពីប្រឆាំងភេរវកម្ម. ហ្នឹង (ជា) ក្រុមរបស់យើងជាប់រហូតmkតាំងពីនៅជើងគោក។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ ២]
សំណើវិទ្យាល័យឧដុង្គ
នៅវិទ្យាល័យឧដ្ដុង្គមានសំណើ! នាយកសាលានៅឯណា? អគារពីរនេះប្រើលែងកើតហើយ?
នាយកៈ នៅប្រើកើត ប៉ុន្ដែខ្វះខាតអគារ។
សម្ដេចៈ សិស្សយើងកើនប៉ុន្មាន?
នាយកៈ សិស្សយើងកើនមួយឆ្នាំ ២៥០ នាក់ សរុបសិស្សទាំងអស់ ១៩៨០ នាក់។
សម្ដេចៈ ចុះយើងមានទីលានធ្វើទេ ដែលសុំអគារ?
នាយកៈ យើងវាយអាហ្នឹងចោល។ មួយខ្នង ៦ បន្ទប់។
សម្ដេចៈ ដោយសារកំណើនសិស្សកើន មួយឆ្នាំកើន ២៥០នាក់ កាន់តែកើនច្រើន ហើយបញ្ហាអស់ទីលាន អញ្ចឹងមានតែវាយអគារចាស់ចោល។ ឯកឧត្តម ខេង សុមេធ ទៅណាហើយ? មេប៉ូលីស។ ថ្ងៃមុនទៅធ្វើស្នាក់ការបក្សនៅកំពង់ធំ ដាក់មួយកងទៅ។ ខ្ញុំសាកល្បងភ្នាល់ជាមួយ ឯកឧត្តម វង្សី វិស្សុត ប្រសិនបើគាត់ធ្វើមួយកន្លែងហ្នឹងហើយ កូនចៅរបស់គាត់អត់មានបានប្រពន្ធអ្នកកំពង់ធំ ខ្ញុំប៉ាវ បង វិស្សុត។ វិស្វកម្មប៉ូលីសទៅដល់កន្លែងណា ជាប់និស្ស័យនៅហ្នឹងមិនដឹងធ្វើម៉េច។ ឥលូវកូនជាងពូមាននៅលីវទេ? (នៅច្រើនសម្ដេច)។ មើលស្ដង់ដារ (ទីលាន)។ យើងអាចធ្វើបានទេ ពីរជាន់ ១២បន្ទប់? អញ្ចឹង វាយអគារចាស់ពីរខ្នង ១០បន្ទប់ចោល ជូនពីរខ្នង ២ជាន់ ២៤បន្ទប់តែម្ដង។ ក្រៅពីហ្នឹង ថែមកុំព្យូទ័រ ៥គ្រឿង ហ្វូតូកូពី សខ្មៅ ១គ្រឿង projector ៥គ្រឿងបន្ដទៅទៀត។ ប៉ុន្ដែ(ថ្លៃ)ភ្លើងចេញខ្លួនឯង។
សូមអបអរសាទរដល់ឪពុកម្ដាយ ក្មួយៗ យើងរួមគ្នាកសាងបន្ដទៅទៀត ហើយយើងខំរៀន។ រៀនឲ្យបានច្រើន ឲ្យចេះ នៅក្នុងសាលាជាឱកាសល្អបំផុត។ ក្មួយៗជឿពូ ពូក៏ធ្លាប់រៀនដែរ។ ពេលវេលា(ដើរ)លឿនណាស់។ យើងមិនអាចត្រឡប់ថយក្រោយវិញបានទេ។ សូមជូនពរអ្នកប្រឡងបាក់ឌូប្លិ៍ឆ្នាំនេះ(ឲ្យបានជាប់) ហើយខំរៀនផង កុំយកពរពូហើយអត់រៀន។ ពរពូបានតែត្រឹមលើកទឹកចិត្តទេ ប៉ុន្ដែពរក្រសួងអប់រំបានច្បាស់ជាង៕