ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល;
ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃបណ្ដាប្រទេសនានាប្រចាំកម្ពុជា
ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា;
គណៈធិបតី ភ្ញៀវកិត្តិយស អង្គពិធី ជាទីមេត្រី!
I would like to welcome our friends from Malaysia, China, Singapore and Vietnam to this event .
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុង «ពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា» ដែលសហការរៀបចំឡើងដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC)។ ដើម្បីអបអរសាទរ «ទិវាជាតិសហគ្រាសធុនមីក្រូ, តូច និង មធ្យមលើកទី២ ឆ្នាំ២០២៥» និងពង្រឹងសាមគ្គីភាព, មិត្តភាព និង កិច្ចសហការ ក្នុងចំណោមផលិតករ-សេវាករខ្លួនឯងផង និង ជាមួយក្រសួង-ស្ថាប័ន និង ដៃគូអភិវឌ្ឍផង។ ខ្ញុំពិតជារីករាយដោយបានចូលរួមជាមួយបងប្អូនជាតំណាងសហគ្រាសធុនមីក្រូ, តូច និង មធ្យម និងសិប្បកម្ម ប្រមាណ ៥ ០០០ នាក់ មកពី ២៥ រាជធានី-ខេត្ត ដែលភាគច្រើនជាសហគ្រាសក្នុងវិស័យកែច្នៃម្ហូបអាហារ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះកិច្ចសហការ ក្នុងការរៀបចំកម្មវិធីនេះ ដើម្បីអបអរសាទរ «ទិវាជាតិសហគ្រាសធុនមីក្រូ, តូច និងមធ្យម លើកទី ២ ឆ្នាំ២០២៥» ក្រោមប្រធានបទ «ការត្រៀមលក្ខណៈរបស់សហគ្រាសធុនមីក្រូ, តូច និង មធ្យម សម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច (MSMEs Readiness for LDC Graduation)»។ ការរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ មានគោលដៅ លើកកម្ពស់ និងផ្តល់តម្លៃដល់វិស័យសហគ្រាសធុនមីក្រូ, តូច និង មធ្យម ដែលជាមូលដ្ឋានគ្រឹះ និង កម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ច និង ការអភិវឌ្ឍ ប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន។ វិស័យនេះគ្របដណ្តប់សកម្មភាពសេដ្ឋកិច្ចចម្រុះ ដោយបង្កើតការងារ, មុខរបរ, បង្កើនប្រាក់ចំណូល, កាត់បន្ថយចំណាកស្រុក, ជួយប្រជាជនងាយរងគ្រោះឱ្យមានលំនឹងជីវភាព, ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ស្ថិរភាពសង្គម និងរួមចំណែកដល់ការរីកចម្រើននៃវិស័យឯកជន។
សមិទ្ធផល និងវឌ្ឍនភាពផ្នែកសង្គម-សេដ្ឋកិច្ចដែលកម្ពុជាសម្រេចបានក្នុងពេលជាង ២ទសវត្សរ៍នេះ បានបង្កើតនូវមោទនភាពជាតិថ្មីមួយទៀត នោះគឺការឈានឆ្ពោះទៅការចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩។ សហគ្រាសធុនមីក្រូ, តូច និង មធ្យម ពិតជាបានរួមចំណែកយ៉ាងសកម្ម ហើយនឹងត្រូវមានតួនាទីគន្លឹះក្នុងដំណើរឆ្ពោះទៅគោលដៅនេះ។ លក្ខខណ្ឌពាណិជ្ជកម្ម, ជំនួយអភិវឌ្ឍផ្លូវការ និង ភាពអនុគ្រោះដែលបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍបានផ្តល់ជូនកម្ពុជា នឹងមានការប្រែប្រួលហើយកាន់តែតឹងរឹងមាំជាងមុន។ ប្រការនេះ ទាមទារឱ្យគ្រប់តួអង្គ, ទាំងវិស័យសាធារណៈ និងវិស័យឯកជន, ជាពិសេស សហគ្រាសគ្រប់ប្រភេទ ត្រូវបង្កើន និងពង្រឹងសមត្ថភាព ព្រមទាំងអភិវឌ្ឍអាជីវកម្មខ្លួនជាប្រចាំ ដើម្បីទទួលបានទំនុកចិត្តពីអតិថិជន និង អាចបន្តប្រកួតប្រជែងក្នុងសង្វៀនធុរកិច្ច។ គោលដៅ ២០២៩ គឺជាវិញ្ញាសាមិនសាមញ្ញនោះទេ, ប៉ុន្តែ រាជរដ្ឋាភិបាលជឿជាក់ថា យើងអាចសម្រេចបានរួមគ្នា។
ស្របពេលដែលកម្ពុជាបន្តទទួលបានកំណើនការវិនិយោគផ្ទាល់ពីបរទេសខ្ពស់ ហើយកំណើនក្នុងវិស័យឧស្សាហកម្មកំពុងឈានមុខគេ និង អាចសម្រេចបានក្នុងរង្វង់ប្រមាណ ៧,៨% ក្នុងឆ្នាំ ២០២៥, និន្នាការនេះ បានផ្តល់នូវកាលានុវត្តភាពថ្មីៗ សម្រាប់សហគ្រាសធុនមីក្រូ, តូច និង មធ្យម ក្នុងការចូលរួមពង្រីកពិពិធកម្មសេដ្ឋកិច្ច និងផ្សារភ្ជាប់ខ្លួនទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់។ សហគ្រាសធុនមីក្រូ, តូច និង មធ្យម បាន និង កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិត, ផ្គត់ផ្គង់ និងផ្តល់សេវា ហើយកំពុងខិតខំអភិវឌ្ឍខ្លួនឱ្យឆ្លើយតបទៅនឹងនិន្នាការថ្មីៗ, ជាពិសេស គឺរបត់នៃការប្រែប្រួលតម្រូវការទីផ្សារ, លក្ខខណ្ឌតម្រូវផ្នែកបរិស្ថាន និងការវិវត្តដ៏លឿននៃបច្ចេកវិទ្យា។
រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិកន្លងទៅ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានដាក់ចេញនូវគោលនយោបាយ, ផែនការយុទ្ធសាស្ត្រ និង វិធានការគាំទ្រនានា ដើម្បីអភិវឌ្ឍវិស័យសហគ្រាសធុនមីក្រូ, តូច និង មធ្យម។ រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា មានឆន្ទៈ និង ការប្ដេជ្ញាមោះមុត, ក្នុងការបន្តអនុវត្តគោលនយោបាយ, រៀបចំយន្តការគាំទ្រ និង ការលើក ទឹកចិត្តថ្មីៗបន្ថែមទៀត ដើម្បីអភិវឌ្ឍវិស័យនេះ។ ការដាក់ចេញកម្មវិធីគោលនយោបាយយុទ្ធសាស្ត្រអាទិភាពទាំង ៦ រួមទាំងយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានគោលបំណងលើកកម្ពស់ គាំពារ និង ពង្រឹងសមត្ថភាព ផលិតភាព និង ភាពធន់ នៃសេដ្ឋកិច្ច ដោយលើកទឹកចិត្តការឈានចូលក្នុងប្រព័ន្ធ ដើម្បីពង្រឹងភាពធន់ ភាពប៉ាន់ប្រមាណបាន និង ភាពរីកចម្រើននៃអាជីវកម្ម មុខរបរ និង ការងារចិញ្ចឹមជីវិតនៅកម្ពុជា។
រាជរដ្ឋាភិបាល បាន និងកំពុងធ្វើពិពិធកម្មទីផ្សារទាំងក្នុងតំបន់ និងសកល តាមរយៈ (១). ការជំរុញលើកកម្ពស់សហគ្រាសធុនមីក្រូ, តូច និង មធ្យមឱ្យក្លាយជាខ្សែច្រវាក់ផលិតកម្ម ដែលផ្តល់តម្លៃបន្ថែមខ្ពស់ និងបម្រើជាឧស្សាហកម្មប្រតិគមន៍ (Backward Linkage Industry), (២). ការជំរុញការរៀបចំបណ្តុំសហគ្រាសធុនតូច និង មធ្យម (SME Cluster)ឱ្យកាន់តែច្រើន, (៣). ការជំរុញអនុវត្តគោលការណ៍បរិស្ថាន សង្គម និង អភិបាលកិច្ច (ESG) ក្នុងចំណោមសហគ្រាសធុនមីក្រូ, តូច និង មធ្យម ដើម្បីរួមចំណែក ដល់ការអនុវត្ត ESG ដែលជានិន្នាការសកល, (៤). ការជំរុញការលើកកម្ពស់គុណភាព, សោភណភាព, ស្តង់ដា និង ភាពប្រកួត ប្រជែងនៃផលិតផលក្នុងស្រុក, និង(៥).ការជំរុញកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ, តូច និង មធ្យម ដែលទាមទារការចូលរួម និង គាំទ្រពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ រួមទាំងប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផលិតផលផងដែរ។
រាជរដ្ឋាភិបាល និតីកាលទី៧ នៃរដ្ឋសភាព បានផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍសហគ្រាសធុនមីក្រូ, តូច និង មធ្យម។ ក្រសួង-ស្ថាប័ន និង វិស័យឯកជន រួមទាំងគ្រឹះស្ថានហិរញ្ញវត្ថុ ក៏បានរៀបចំយន្តការជាក់ស្តែង ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងគាំទ្រដោយផ្ទាល់ដល់សហគ្រាសក្នុងស្រុក។ បរិវត្តកម្មឌីជីថលបានសម្រួលដល់ការចុះបញ្ជីពាណិជ្ជកមុ្ម, ចុះបញ្ជីពន្ធដារ, ការស្នើសុំប្រកាសបង្កើត និងដំណើរការអាជីវកម្មនានា ដោយកាត់បន្ថយពេល និង ការចំណាយ។
ទន្ទឹមនឹងនេះ ការធ្វើទំនើបកម្មប្រព័ន្ធទូទាត់សងប្រាក់ បានរួមចំណែកសម្រួលដល់ការធ្វើប្រតិបត្តិការរបស់សហគ្រាសធុនមីក្រូ, តូច និង មធ្យម តាមរយៈការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបាគង និងស្តង់ដាខេអេចឃ្យូអរ (KHQR) ដែលគាំទ្រ និង ជំរុញការរីកចម្រើននៃអាជីវកម្មខ្នាតតូច និង អនឡាញ។ ជាមួយគ្នានេះ, គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុបានបើកគណនី និងផ្តល់ជា QR Code ប្រមាណជាង ១,៥លាននាក់ សម្រាប់បុគ្គលស្វ័យនិយោជន៍។ ប្រព័ន្ធទូទាត់ក៏ត្រូវបានតភ្ជាប់ជាមួយប្រទេសនានា ក្នុងតំបន់ដូចជា៖ ថៃ, ម៉ាឡេស៊ី, វៀតណាម, ឡាវ ជាដើម ដែលការតភ្ជាប់នេះអនុញ្ញាតឱ្យ សហគ្រាសធុនមីក្រូ, តូច និង មធ្យម ទទួលបានការទូទាត់របស់ភ្ញៀវទេសចរ ដោយងាយស្រួលផងដែរ។ លើសពីនេះ, ធនាគារជាតិនៃកម្ពុជា ក៏បានលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ សម្រួលដល់ការបើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុជូនសហគ្រាសធុនមីក្រូ, តូច និង មធ្យម និង បុគ្គលស្វ័យនិយោជន៍សម្រាប់ប្រតិបត្តិការអាជីវកម្ម។ ជាក់ស្តែង ចំនួនអ្នកខ្ចីឥណទានដែលជាសហគ្រាសធុនមីក្រូ, តូច និងមធ្យម បានកើនឡើងដល់ ៨២០ ៩៨៧នាក់ គិតជាទឹកប្រាក់ប្រមាណ ៨៥ ៣៣០ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២១,៣ ប៊ីលានដុល្លារអាម៉េរិក) ដែលមានសមាមាត្រស្មើនឹង ៣៦,៣% នៃឥណទានសរុបនៃប្រព័ន្ធធនាគារ។
រាជរដ្ឋាភិបាលក៏បានរៀបចំយន្តការគាំទ្រផ្សេងៗ ដូចជា៖ សហគ្រិនខ្មែរ, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និង ស្ថាប័នគាំទ្រហេដ្ឋារចនាសម្ព័ន្ធគុណភាព ដើម្បីជួយឱ្យសហគ្រាសធុនមីក្រូ, តូច និង មធ្យម ធ្វើទំនើបកម្ម ចាប់យកបរិវត្តិកម្មឌីជីថល បង្កើនស្តង់ដាគុណភាព, សោភណភាព និង បន្តរីកចម្រើន។ កម្ពុជាក៏កំពុងខិតខំអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងបន្តចរចាកិច្ចព្រមព្រៀងថ្មីៗបន្ថែមទៀត ដើម្បីពង្រីកទីផ្សារសម្រាប់ផលិតផលកម្ពុជា ដោយបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើននៅទូទាំងប្រទេស ដើម្បីគាំទ្រឱ្យសហគ្រាសធុនតូច និងមធ្យមអាចផ្សារភ្ជាប់ទៅខ្សែច្រវាក់តម្លៃតំបន់និងសកល, បណ្ដាញបោះដុំតាមផ្សារឬបណ្ដាញចែកចាយផលិតផលតាមសណ្ឋាគារ និងភោជនីយដ្ឋានសំខាន់ៗ រួមទាំងថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិត (e-commerce) ផងដែរ។
យន្តការ និង ការគាំទ្រទាំងនេះ មិនមែននៅតែលើក្រដាសនោះទេ តែពិតជាបានផ្តល់ដំណោះស្រាយជាក់ស្តែង ដែលនាំសហគ្រាសធុនមីក្រូ, តូចនិងមធ្យមមួយចំនួន ដែលពីមុនធ្លាប់តែនៅក្រៅឆាកឱ្យក្លាយជាតួអង្គសំខាន់នៅលើឆាកសេដ្ឋកិច្ចកម្ពុជា។ ដូច្នេះ, សាររបស់ខ្ញុំសម្រាប់បងប្អូនជាម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យមគឺ «រាជរដ្ឋាភិបាលនៅជាមួយបងប្អូនជានិច្ច»។
ខ្ញុំមានសុទិដ្ឋិនិយម និង សង្ឃឹមថា ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទំាងអស់ នៃសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍសហគ្រាសធុនតូច និង មធ្យម និង សិប្បកម្មកម្ពុជា នឹងបន្តជំរុញកិច្ចសហការឱ្យកាន់តែបុរេសកម្ម, រស់រវើកក្នុងការពង្រឹងប្រសិទ្ធភាពនៃដំណើរការអភិវឌ្ឍវិស័យសហគ្រាសធុនមីក្រូ, តូច និង មធ្យម ប្រកបដោយចីរភាព និង បរិយាបន្ន។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ]
កិច្ចការនេះគឺសំខាន់ ដើម្បីធានាពង្រឹងសមត្ថភាពវិស័យឯកជន ក្នុងការជួយឱ្យកម្ពុជាមានសមត្ថភាព ឯករាជ្យភាព និងម្ចាស់ការលើការផលិត ការផ្គត់ផ្គង់ទីផ្សាររបស់ខ្លួន ក៏ដូចជាធានាខ្សែច្រវាក់ផលិតកម្មផ្ទៃក្នុងរបស់យើង។
[ចប់ផ្ដើមសេចក្ដីអធិប្បាយ]
ជាទីបញ្ចប់,ជាមួយនឹង ពិធីពិសាអាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច និង មធ្យម និង សិប្បកម្មកម្ពុជា នាពេលនេះ, ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំតាមបណ្ដាក្រសួង-ស្ថាប័ន, លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា, លោក លោកស្រី, ភ្ញៀវ-កិត្តិយសជាតិ អន្តរជាតិ សូមទទួលបាននូវសេចក្តីសុខសុភមង្គល ជោគជ័យរាល់គ្រប់ ភារកិច្ច និង សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕