FN ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានលើកឡើងអំពីភាពមិនច្បាស់លាស់ និងការលឹបលរបស់នាយករដ្ឋមន្ត្រីថៃ និងក្រុមយោធាថៃ លើការបិទបើកព្រំដែនជាមួយកម្ពុជា ដោយម្តងបិទទាំងស្រុង បន្ទាប់មកបើកវិញនៅទីតាំងខ្លះ ប៉ុន្តែបើកតែទ្វារហាមមនុស្សចេញចូល ហើយបែរជាចោទកម្ពុជាថាជាអ្នកបិទព្រំដែនទៅវិញ។
សម្តេចបានថ្លែងថា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃបានចេញមកប្រកាសបិទព្រំដែនទាំងអស់ជាមួយកម្ពុជា ដោយសារ UN ថាកម្ពុជាប្រទេសមានឧក្រិដ្ឋកម្មអនឡាញ ដោយអនុញ្ញាតឱ្យសិស្ស និងអ្នកជំងឺធ្ងន់ប៉ុណ្ណោះចូលប្រទេសថៃ ដែលពេលនោះក្រុមយោធាថៃ ចាប់ផ្តើមបិទ។ ល្ងាចឡើងមិនបានម៉ោងប៉ុន្មានផង ស្រាប់តែអ្នកនាំពាក្យក្រសួងការបរទេសថៃ ចេញមកនិយាយថា ថៃមិនបានបិទព្រំដែន ស្អែកឡើងថ្ងៃទី២៥ ខែមិថុនា ស្រាប់តែទាហានថៃបើកទ្វារព្រំដែនដើម្បីថតរូប តែបទបញ្ជាហាមមនុស្សចេញចូលដដៃល។
សម្តេចសង្កត់ធ្ងន់ថា «ខ្មែរអត់លេងលឹបលទេបើហ៊ានធ្វើហ៊ានទទួលខុសត្រូវយើងបានប្រកាសហើយបើអ្នកឯងបិទយើងនឹងបិទអចិន្ត្រៃយ៍រហូតដល់អ្នកឯងបើកប្រក្រតីឡើងវិញបើយើងបិទបើកតាមគាត់បានន័យថាមិនដឹងពេលណាចប់»។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា សម្តេចកំពុងរង់ចាំមើលអ្នកដែលមានអំណាចពិតប្រាកដ និងជំហរច្បាស់លាស់នៅក្នុងប្រទេសថៃ ដែលអាចងាយស្រួលធ្វើការជាមួយគ្នា ប្រកបដោយភាពជឿជាក់ ដើម្បីស្វែងរកដំណោះស្រាយរួម សម្រាប់ផលប្រយោជន៍ប្រទេស និងប្រជាជនទាំងពីរ។
សម្តេចលើកឡើងថា ភាពមិនច្បាស់លាស់ និងការប្រែក្រឡាស់ភ្លាមៗមិនពិតប្រាកដ នៃជំហរនយោបាយរបស់រាជរដ្ឋាភិបាលថៃ រួមជាមួយភាពមិនស៊ីសង្វាក់គ្នារវាងគោលការណ៍ ដែលថ្នាក់ដឹកនាំនយោបាយថៃបានដាក់ចេញ និងការអនុវត្តជាក់ស្ដែងនៅលើដីដោយកងទ័ពថៃ បានបង្កជាឧបសគ្គសម្រាប់ការស្វែងរកដំណោះស្រាយពិតប្រាកដ។
ការថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល បរិញ្ញាបត្រពន្ធនាគារ និងវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជូនដល់ជ័យលាភីសរុបចំនួន៦៩៨នាក់ នៅបណ្ឌិត្យសភានគរបាលជាតិ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ៕