ឯកឧត្តម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាល
គណៈអធិបតី ភ្ញៀវកិត្តិយស
ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការកណ្ដាលនៃសហភាពសហព័ន្ធយុវជនកម្ពុជា ជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមជាមួយ ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ឆ្នាំ២០២៥ នៅលើទឹកដីអង្គរ នៅពេលនេះ។
ក្នុងនាមជាប្រធានកិត្តិយសហភាពសហព័ន្ធយុវជនកម្ពុជា ខ្ញុំសូមអរគុណ ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ និងបានផ្តល់នូវធាតុចូលសំខាន់ៗសម្រាប់ជាមូលដ្ឋានក្នុងការកំណត់ទិសដៅការងារបន្ត ហើយខ្ញុំក៏សូមអរគុណចំពោះគណៈកម្មការរៀបចំ ដែលបានចាត់ចែងសម្របសម្រួលកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ឱ្យប្រព្រឹត្តទៅដោយរលូន ប្រកបដោយភាពជោគជ័យគួរជាទីមោទនៈ។
ខ្ញុំសូមយកឱកាសនេះ ចូលរួមអបអរសាទរចំពោះសមិទ្ធផលថ្មីៗដែល ស.ស.យ.ក. សម្រេចបានរយៈកាលកន្លងមក ដូចដែល ឯកឧត្តម ហ៊ុន ម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ក្នុងសេចក្តីរាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក. អម្បាញ់មិញនេះ។ សមិទ្ធផលទាំងនេះ គឺជាសក្ខីភាពបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់នូវកិច្ចខិតខំប្រឹងប្រែង និងការចូលរួម
សហការគ្នាយ៉ាងជិតស្និទ្ធរបស់បងប្អូនយុវជនយើងពីគ្រប់មជ្ឈដ្ឋាន ក្នុងការបំពេញភារកិច្ចរៀងខ្លួនៗ ក្រោមស្មារតីសាមគ្គីភាព មិត្តភាព ភាតរភាព ឯកភាពផ្ទៃក្នុង និងការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរឆ្ពោះទៅការចូលរួមជ្រោងទង់ចលនាយុវជន ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនជាទីស្នេហានៃយើង។
ជាមួយគ្នានេះដែរ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃរចនាសម្ព័ន្ធគ្រប់ថ្នាក់ពីថ្នាក់កណ្តាលដល់មូលដ្ឋាន ដែលបានរួមគ្នាយកអស់កម្លាំងកាយ ចិត្ត បញ្ញា និងស្មារតី ព្រមទាំងបានលះបង់ពេលវេលាដ៏មានតម្លៃនិងធនធានផ្ទាល់ខ្លួន ដើម្បីបំពេញមុខងារ ក្នុងតួនាទីនិងបេសកកម្មដ៏ពិសិដ្ឋរបស់ ស.ស.យ.ក. ជាពិសេសកិច្ចខិតខំប្រឹងប្រែងអនុវត្ត ផែនការយុទ្ធសាស្ត្រយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ឆ្នាំ២០២៣-២០២៨ និងទស្សនាទាន UYFC 2.0 ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់។
ជាក់ស្តែង ការទទួលបាននូវកំណត់ត្រាឯកទគ្គកម្មជាបន្តបន្ទាប់នាពេលកន្លងមក ដូចជា «អន្សមយក្ស», «ក្រមាវែងជាងគេលើពិភពលោក», «ទូកងវែងជាងគេលើ ពិភពលោក», «ការបត់បេះដូងក្រដាសច្រើនជាងគេលើពិភពលោក» ពិតជាបាន បង្ហាញអំពីការចូលរួមយ៉ាងសំខាន់របស់ ស.ស.យ.ក.ក្នុងចលនាបណ្តុះស្មារតីជាតិ និងបានក្លាយជាចលនាស្នូលក្នុងការលើកតម្កើងកិត្យានុភាពជាតិលើឆាកអន្តរជាតិ។
ស្មារតី “ខ្មែរធ្វើបាន” ដែលផ្តួចផ្តើមឡើងដោយ ស.ស.យ.ក គឺបានបង្ហាញយ៉ាងច្បាស់ថាខ្មែររស់រានមានជីវិតឡើងវិញក្រោយថ្ងៃ ៧ មករា ១៩៧៩ បានបន្តអភិវឌ្ឍជាតិសាសន៍មានអរិយធម៌ វប្បធម៌ និងអត្តញ្ញាណជាតិខ្ពង់ខ្ពស់ ដូចសម័យកាល អាណាចក្រអង្គរដ៏រុងរឿងនៃយើង។
«ព្រឹត្តិការណ៍សាទរកម្ពុជា» បានបង្ហាញឱ្យឃើញស្មារតីវេញជាធ្លុងមួយក្នុងការអបអរ និងបន្តថែរក្សានូវស្មាដៃនិងសមិទ្ធផលដ៏ថ្លៃថ្លា ដែលថ្នាក់ដឹកនាំជំនាន់មុនបានទុកជាមរតក ហើយថ្នាក់ដឹកនាំបន្តវេននិងយុវជនយើងគ្រប់រូបត្រូវថែរក្សា ការពារ និងបន្តអភិវឌ្ឍបន្ថែមឱ្យបានកាន់តែខ្លាំងក្លា។
សមិទ្ធផលទាំងអស់ខាងលើនេះ ពិតជាបានឆ្លុះបញ្ចាំងយ៉ាងប្រចក្សនូវស្មារតី២ធ្នូ ដែលយុវជនកម្ពុជា បានធ្វើពលិកម្ម គ្រប់បែបយ៉ាង ក្នុងចូលរួមការពារ កសាង អភិវឌ្ឍ និងលើកតម្កើងកិត្យានុភាពជាតិ មាតុភូមិ នៅគ្រប់កាលៈទេសៈ។
កម្លាំងយុវជន ស.ស.យ.ក. ដែលបានវិវត្តពីសមាគមយុវជនសាមគ្គីសង្រ្គោះជាតិកម្ពុជា បន្តមកជាសមាគមយុវជនកម្ពុជា និងបច្ចុប្បន្នជាសហភាពសហព័ន្ធយុវជនកម្ពុជា បាននិងកំពុងបន្តថែរក្សាការពារមរតកជាប្រវត្តិសាស្ត្ររបស់អ្នកជំនាន់មុន និងបានចូលរួមយ៉ាងសកម្មក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយឈរលើមាគ៌ាដ៏ត្រឹមត្រូវឆ្ពោះទៅកសាងកម្ពុជាឱ្យបានរុងរឿង។
ពិតណាស់ ចលនាយុវជនដែលរស់ក្នុងស្មារតីបម្រើបុព្វហេតុជាតិមាតុភូមិ មានតាំងពីយុវជនជំនាន់មុន រហូតដល់យុវជនជំនាន់បច្ចុប្បន្ន មិនបានកាត់ផ្តាច់ពីសង្គមយើងនោះទេ ទាំងក្នុងដំណាក់កាលសង្រ្គាម, ក្នុងដំណើរការនៃការកសាងសង្គមជាតិ, រហូតដល់ពេលបច្ចុប្បន្ន។ ជាពិសេស នៅដំណាក់កាលចុងក្រោយនេះ យុវជនយើងបានរួបរួមគ្នាជាធ្លុងមួយ ពួតដៃពូនជ្រំកសាងសហសម័យកម្ពុជា ដោយឈរលើអភិក្រមស្ម័គ្រចិត្ត និងបានបន្តស្មារតីនៃការឯកភាពជាតិ សាមគ្គីភាព និងបំប្លែងកម្លាំងស្ម័គ្រចិត្តទៅជាចលនាជាតិ ក្នុងស្មារតីខ្មែរតែមួយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលជាបន្តបន្ទាប់ ធ្វើឱ្យកម្ពុជាបានចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួច មកជាប្រទេសមានចំណូលមធ្យម មានសុខសន្តិភាព ស្ថិរភាពនយោបាយ សុខុមាលភាពសង្គម និងមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។
ឆ្លៀតឱកាសនេះ ខ្ញុំសូមសម្តែងនូវក្តីកតញ្ញូដ៏ជ្រាលជ្រៅបំផុតជូនចំពោះអតីតយុវជនកម្ពុជាដែលបានស្ម័គ្រចិត្តតស៊ូលះបង់ជីវិត សាច់ស្រស់ ឈាមស្រស់ ដោយបានចាប់ផ្តើមចលនាតស៊ូរំដោះជាតិនាថ្ងៃ២ ខែធ្នូ ឆ្នាំ១៩៧៨ ដើម្បីសង្រ្គោះប្រទេសកម្ពុជាឱ្យរួចផុតពីជ្រោះមរណៈ ពីក្រញាំដៃ ប៉ុល ពត ហើយបានបន្តការពារ ស្តារ កសាង និងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ គំរូវីរភាព ស្មារតី និងឆន្ទៈនេះ គឺជាគុណតម្លៃដ៏វិសេសវិសាលដែលបានបន្តមកដល់បច្ចុប្បន្ន។
កាលពីប៉ុន្មានសប្តាហ៍មុននេះ មរណភាពរបស់យុទ្ធជនយើង ព្រឹន្ទបាលឯក សួន រ៉ោន ក្នុងកិច្ចការពារព្រំដែន និងបូរណភាពទឹកដី គឺពិតជាបានបង្ហាញពីគំរូវីរភាព និងពលិកម្មដ៏ថ្លៃថ្លារបស់យុវជនក្នុងបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាល ជាថ្មីម្តងទៀត ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជូនចំពោះក្រុមគ្រួសារសពលោក សួន រ៉ោន ដែលបានទទួលមរណភាព ដោយសារការបាញ់ប្រហារពីសំណាក់ទាហានថៃមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា នៅព្រំដែនកម្ពុជា-ថៃ តំបន់មុំបី។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
(១) ដរាបណាមានការប៉ុនប៉ងឈ្លានពានដោយកម្លាំងអាវុធមកលើដែនអធិបតេយ្យភាព កម្ពុជាដាច់ខាតប្តូរផ្តាច់ការពារ
សូមយកឱកាសនេះ ថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្មារតីអង់អាចក្លាហានរបស់កងកម្លាំងប្រដាប់អាវុធ ទាំងកងទ័ព កងនគរបាលជាតិដែលកំពុងឈរជើង និងការពារបូរណភាពទឹកដី ជាពិសេសនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលកំពុងមានបញ្ហាប្រឈមបច្ចុប្បន្ន។ ខ្ញុំសូមយកឱកាសនេះសាជាថ្មី ថ្លែងនូវអំណរព្រះគុណ ប្រគេនព្រះតេជព្រះគុណ ព្រះត្ថេរានុត្ថេរៈគ្រប់ព្រះអង្គ ថ្វាយព្រះមហាក្សត្រ ថ្វាយព្រះមហាក្សត្រិយ៍ ព្រះវររាជមាតាជាតិខ្មែរ ជូនសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនជនរួមជាតិទាំងអស់ ដែលបានបង្ហាញកម្លាំងសាមគ្គីជាតិ នៅពេលដែលប្រទេសមានបញ្ហាប្រឈម បង្ហាញការគាំទ្រទៅដល់កងទ័ព កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងប្រឈមជាមួយហានិភ័យខ្ពស់ក្នុងការការពារបូរណភាពទឹកដី។ នេះគឺជាការប្តេជ្ញាចិត្តរបស់កងទ័ព និងកងកម្លាំងប្រដាប់អាវុធរបស់យើងនៅគ្រប់ទីកន្លែង។ ដរាបណាមានការប៉ុនប៉ងឈ្លានពាន ជាពិសេសដោយប្រើប្រាស់កម្លាំងប្រដាប់អាវុធមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា កងទ័ពយើងនឹងប្តូរផ្តាច់ការពារជាដាច់ខាត។
(២) មិនបំពាន ប៉ុន្តែត្រៀមលក្ខណៈនិងចាត់វិធានការការពារអធិបតេយ្យភាពនិងកិត្តិយសជាតិ
ខ្ញុំសូមអរគុណដល់ថ្នាក់ដឹកនាំសមាជិក សមាជីកា បងប្អូន ប្រជាពលរដ្ឋ ជាពិសេសយុវជនដែលបានរៀបចំ និងចូលរួមមហាព្រឹត្តិការណ៍ដំណើរថ្មើរជើងរួមគ្នា Solidarity March កាលពីថ្ងៃទី ១៨ មិថុនា ២០២៥ កន្លងទៅនេះ ដែលមានមនុស្សជាង ១៥ម៉ឺននាក់ចូលរួម បង្ហាញស្មារតីផុសផុលក្នុងការចូលរួមដោយស្ម័គ្រចិត្ត បង្ហាញអំពីទឹកចិត្ត។ មិនត្រឹមតែ ១៥ម៉ឺននាក់ជាង ដែលចូលរួមនោះទេ។ ថ្ងៃនោះផ្ទុះទូទាំងប្រព័ន្ធ Social Media គ្រប់កន្លែងរហូតទៅដល់កាសែតបរទេស រួមទាំងកាសែតថៃផង។ ការបញ្ចេញស្មារតីគាំទ្ររបស់ប្រជាជាតិ មិនថាក្នុង និងក្រៅប្រទេស មិនថានិន្នាការណា មិនថាសាសនាណា បង្ហាញអំពីការមូលមតិគ្នា ដែលថាកងទ័ព និងរាជរដ្ឋាភិបាលបានធ្វើការងារត្រមត្រូវដើម្បីការពារអធិបតេយ្យភាពជាតិ។ យើងមិនបំពានអ្នកណា ប៉ុន្តែយើងត្រៀមលក្ខណៈ និងចាត់វិធានការគ្រប់បែបយ៉ាងការពារអធិបតេយ្យភាព និងកិត្តិយសជាតិ។
ស្មារតីជាតិនិយមបែបនេះ ជាការស្នេហាជាតិត្រឹមត្រូវ គឺជាស្មារតីស្រឡាញ់ជាតិពិតប្រាកដ។ អ្នកស្នេហាជាតិមានច្រើនទម្រង់ មានច្រើនជ្រុង ប៉ុន្តែថ្មើរនេះជាម៉ោងដែលយើងមានហានិភ័យ ប្រជាពលរដ្ឋមូលមតិគ្នាគាំទ្រ នេះគឺជាការការពារជាតិពិតប្រាកដ។ ស្មារតីរួមគ្នានេះហើយដែលធ្វើឱ្យយើងខ្លាំង។ ទទួលស្គាល់ថា ប្រទេសយើងតូចជាងប្រទេសមួយទៀត ហើយសេដ្ឋកិច្ចយើងមិនទាន់ខ្លាំងដូចគេ ប៉ុន្តែការមូលមតិឯកភាពជាតិយើងនៅពេលនេះ គឺជាចំណុចខ្លាំងរបស់កម្ពុជា។ ពេលនេះ មានចលនាដែលខំប្រឹងបំបែក(សាមគ្គីជាតិ)។ អ្នកបំបែកនោះ មិនដឹងថាយ៉ាងម៉េចទេ។ ខ្មែរមិនដឹងជាខ្មែរ ស្អីមិនដឹងជាស្អី។ ឯកឧត្តម ទៀ សីហា ប្រហែលជាឃើញហើយ។
(៣) ទោះមានការប៉ុនប៉ងបំបែកការរួមផ្នត់គំនិតជាតិ ក៏ប្រជាពរដ្ឋទាំងអស់ឈរនៅជាមួយកងទ័ពការពារជាតិ
អ្នកវិភាគមួយនោះ ចង់បំបែក(សាមគ្គីជាតិ ដោយទាញហេតុផល)ថា ឥឡូវទ័ពអតីតភាគីនេះត្រូវគេធ្វើបាប។ ហ្នឹងដូចយើងប៉ះគ្នាឆ្នាំ២០១១។ គេនាំគ្នាបំបែកអារម្មណ៍កងទ័ពនៅតាមាន់ កងពលលេខ៤២ ថា គេរុញតែខ្មែរក្រហមទៅស្លាប់ មិនរុញទ័ព(អតីត)រដ្ឋកម្ពុជាទេ។ ឥឡូវ គេមកបំបែកថា ទាហានអតីត ANKI/ហ៊្វុនស៊ីប៉ិច អត់ឱ្យឡើងស័ក្តិ គេឱ្យឡើងស័ក្តិតែ CPP។ នៅមិននៅថា វៀតណាមមកយកកោះឫស្សី។ ទៅជាអញ្ចឹងទៀត។ អ្នកចង់ទៅមើលកោះឫស្សី ជិះទៅ។ អត់ឆ្ងាយទេ។ សួរថាតើគេចាំបាច់ធ្វើអីម៉ោងថ្មើរនេះ? បើបងប្អូនអ្នកស្នេហាជាតិពិតប្រាកដ គួរតែមូលមតិគ្នាទៅ (កុំបង្កើតបញ្ហា) ជាពិសេសការបង្កើតរឿងផ្សេងៗ យកមកបំបែក(សាមគ្គីជាតិ)បែបនេះ។ ប៉ុន្តែ (បើតាម)ខ្ញុំមើល (ទោះបី)គេខំធ្វើយ៉ាងម៉េចក៏ដោយ បំផុសយ៉ាងម៉េចក៏ដោយ ក៏មិនអាចបំបែកស្មារតីរួមជាតិ ស្មារតីរួមផ្នត់គំនិតជាតិយើងទេ ជាពិសេស ពេលដែលយើងចេញមកការពារកិត្តិយសជាតិ។ នេះគឺជាកត្តាសំខាន់ ដែលថា ទោះបីសត្រូវក្នុងឬក្រៅ(បង្កឧបសគ្គបំបែកបំបាក់យ៉ាងណា) កម្លាំងស្នេហាជាតិរបស់យើងនៅពេលនេះ នៅតែអាចគ្របដណ្តប់បាន ហើយបង្ហាញទៅកងទ័ពនិងប្រជាពលរដ្ឋគ្រប់កន្លែងថា យើងធ្វើគ្រប់យ៉ាងដើម្បីការពារជាតិហើយខ្មែរទាំងអស់នៅជាមួយកងទ័ព។
(៤) ស្មារតីជាតិនិយមកម្ពុជា ធ្លាប់បានបង្ហាញឱ្យឃើញ ក្នុង ៣ព្រឹត្តិការណ៍មកដល់បច្ចុប្បន្ន
យើងមិនងាយបានឃើញទេ ស្មារតីជាតិនិយមដូចពេលនេះ។ ខ្ញុំធ្លាប់បានឃើញ(ស្មារតីជាតិនិយមដូចពេលនេះ)ប៉ុន្មានដង។ ទី១ គឺពេលដែលយើងផ្ទុះអាវុធឆ្នាំ ២០០៨ ដល់ ២០១១ (នៅព្រំដែនជាមួយថៃតំបន់ប្រាសាទព្រះវិហារ)។ ទី២ ពេលដែលយើងមូលមតិគ្នាធ្វើព្រែកជីកហ្វូណន។ ទី៣ គឺពេលនេះ ដែលខ្ញុំឃើញចលនាមូលមតិគ្នារបស់ប្រជាជាតិខ្មែរ។ រាជរដ្ឋាភិបាលចាត់វិធានការឆ្លើយតប ដើម្បីការពារផលប្រយោជន៍ជាតិ ការពារកិត្តិយសជាតិ។ (យើងបានយក)វិធានការមួយចំនួន ដូចរឿងច្រកព្រំដែន។ ល្ងាចមិញ យើងឆ្លើយរឿងប្រេង។ ឃើញបងប្អូនមានមតិថា ប៉ុណ្ណឹងមិនទាន់គ្រប់ទៀត។ រាជរដ្ឋាភិបាលមានថ្លឹងថ្លែង និងទិសដៅច្បាស់លាស់ក្នុងការចាត់វិធានការ។ កម្ពុជាអត់ចង់វាយប្រហារអ្នកណាទេ មិនរករឿងអ្នកណាទេ តែសូមកុំឱ្យគេមករករឿងយើង។ យើងអត់ធ្មត់ដើម្បីថែរក្សាស្ថិរភាព សន្តិភាព មិត្តភាពល្អ រាប់ខែមកហើយ។ ប៉ុន្តែ វាមានបន្ទាត់ក្រហម។
(៥) ភាគីថៃជាអ្នកជំរុញអោយមានចលនាជាតិនិយមនៅកម្ពុជា
អ្នកវិភាគនយោបាយថៃមួយចំនួនលើកឡើងអញ្ចេះ។ ពេលដែល ស.ស.យ.ក រៀបចំកម្មវិធី Solidarity March គេចេញមកថា នៅមិននៅរដ្ឋាភិបាលខ្មែរទៅបំផុសចលនាជាតិនិយមដើម្បីប្រឆាំងថៃ។ គេថារដ្ឋាភិបាលចង់បានប្រជាប្រិយភាព។ គេថារឿងហ្នឹងរដ្ឋាភិបាលខ្មែរជាអ្នកបង្កើត។ គេថាយើងធ្វើខុស។ ខ្ញុំមើលហើយក៏ហួសចិត្ត។ ខ្ញុំទទួលស្គាល់ថា ស្មារតីស្នេហាជាតិ ស្រឡាញ់ជាតិ ជាតិនិយមរបស់ប្រជាជនកម្ពុជា នៅពេលនេះខ្ពស់។ សួរថា ខ្ពស់ដោយសារអី្វ? ខ្ពស់ដោយសាររដ្ឋាភិបាលបង្កើតល្បិចដើម្បីញុះញង់ប្រជាជនឬ? អត់ទេ។ អ្នកដែលតាមដានសភាពការណ៍ ឬមួយក៏ចង់ដឹង ទៅមើលឡើងវិញទៅ។ មិនបាច់មើលពីយូរអង្វែងមកទេ។ មើលត្រឹមតែពីដើមឆ្នាំនេះមក។ បញ្ហាជាតិនិយមរបស់កម្ពុជាដែលឡើងខ្ពស់បែបនេះ មិនមែនកម្ពុជាជាអ្នកបង្កើតទេ។ គឺម្ខាងទៀតជាអ្នកបង្កើត(បញ្ហាជាតិនិយមរបស់កម្ពុជា) ដើម្បីមុខព្រួញ៣ … ទី១ បំផុសជាតិនិយមដើម្បីកេងចំណេញនយោបាយក្នុងប្រទេសថៃ តែដែលវារាលមកដល់កម្ពុជា។ ទី២ ព្យាយាមប្រើប្រាស់សេដ្ឋកិច្ចជាអាវុធ ដើម្បីលាបពណ៌កម្ពុជា។ ទី៣ ប្រើប្រាស់កម្លាំងប្រដាប់អាវុធចង់ដាក់គំនាបមកលើកម្ពុជា។
(៦) ជាតិនិយមថៃបង្កើតរឿងកោះគុត ប្រាសាទតាមាន់តូច/ធំ តាក្របី ដើម្បីកេងចំណេញនយោបាយផ្ទៃក្នុង
រឿងចរចាផ្ទៃក្នុង រឿងបែកបាក់ រឿងស្អីផ្ទៃក្នុងប្រទេសថៃ យើងមិនលូកដៃទេ ប៉ុន្តែកុំឱ្យរាលមកយើង។ សួរថា តាំងពីឆ្នាំទៅ ចលនាជាតិនិយមរបស់ថៃ បានបង្កើតរឿងកោះគុត បង្កើតរឿងតាមាន់ តាក្របី ដោយថានេះរបស់គេនោះរបស់គេ ដើម្បីកេងចំណេញតតាំងនយោបាយផ្ទៃក្នុងរបស់ខ្លួន។ យើងអត់មាត់។ យើងអត់តទេ។ ខ្ញុំមិនដែលនិយាយអីទេ។ ខ្ញុំថា រឿងអ្នកឯងទាមទារថាត្រង់នេះជារបស់អ្នកឯងជាឯកតោភាគី ជារឿងរបស់អ្នកឯង។ បើចង់ដោះស្រាយជាក់ស្តែង ត្រូវមកអង្គុយចរចាគ្នារឿងព្រំដែនដោយ JBC បានយើងសម្រេចឯកភាព។ ខ្ញុំមិនចង់តទៅតមក។ យើងមិនចង់លូកដៃនៅក្នុងនយោបាយគេ។ មានមជ្ឈដ្ឋាននយោបាយមួយចំនួនវាយប្រហាររដ្ឋាភិបាលថា ម៉េចក៏ស្ងាត់ម្លេះ។ ខ្លាចគេម្លេះ។ យើងមិនចង់ពង្រីកសភាពការណ៍។ ប៉ុន្តែ ស្មារតីចលនាជាតិនិយមរបស់គេនេះ វាហៀរមកដល់កម្ពុជា។
នៅសុខៗ ថ្ងៃទី១៣ ខែកុម្ភៈ ដេញប្រជាពលរដ្ឋខ្មែរឈប់ឱ្យទៅច្រៀងនៅតំបន់តាមាន់ធំ។ តាំងពីឆ្នាំ២០០៨ និង២០១១ យើងបានឈប់វាយគ្នាម្តងហើយ។ យើងផ្អាក ដោយរក្សាលក្ខខណ្ឌដាក់ទ័ពអត់មានអាវុធប៉ុន្មាននាក់ៗ (ម្ខាង)។ ប្រជាជនទាំងសងខាងឡើងទៅច្រៀងទៅមានអី។ ធ្វើមករាប់ឆ្នាំហើយ។ ថៃឡើងទៅច្រៀង ខ្មែរឡើងទៅច្រៀង។ អត់មានអីទេ។ ហ្នឹងគឺជាកន្លែងដែលយើងថាមិនទាន់ឯកភាពគ្នា។ ថៃក៏ទាមទារ យើងក៏ទាមទារដោយសារយើងប្រើប្រាស់ផែនទីខុសគ្នា។ អ្វីដែលយើងចង់បានគឺឯកភាពគ្នាតាម MOU ២០០០។ នៅពេលដែលមិនទាន់ដោះស្រាយតាមផែនទី នៃអនុសញ្ញា១៩០៧ យើងទុកវាជាតំបន់ស។ ប្រើប្រាស់ទាំងអស់គ្នា។
ដោយបង្កស្មារតីជាតិនិយម គេយកប្រធានបទទឹកដីហ្នឹងដើម្បីទាញចំណេញនយោបាយផ្ទៃក្នុងប្រទេសថៃ ហើយរឿងហ្នឹងក៏រាលមកដល់កម្ពុជា។ គេដេញយើងចេញ ហើយចោទយើងបានរំលោភ ៦០០ដង ក្នុងនោះមានប្រជាជនខ្មែរចេះតែចូលទៅលើកទង់ជ័យច្រៀងនៅក្នុងដែនអធិបតេយ្យភាព(គេ)។ អ្នកឯងនិយាយតែឯង។ អ្នកឯងកំពុងប្រកាសដេញប្រជាជនខ្មែរចេញ។ តើប្រជាជនយើងទ្រាំបានទេ? នេះឬមិនបង្ហាញពីការបំផុសស្មារតីជាតិនិយមនៅកម្ពុជា? ថាអ្នកឯងបង្កើតស្មារតីជាតិនិយមនៅក្នុង(ប្រទេសអ្នកឯង) រឿងប្រធានបទអី ជារឿងអ្នកឯង ប៉ុន្តែពេលអ្នកឯងយកប្រធានបទជាតិនិយមមកដើម្បីដណ្តើមទឹកដីដោយឯកតោភាគី (វាប៉ះពាល់ដល់)ខ្មែរ។ នេះហើយ(ជាចំណុច)ដុតបញ្ឆេះស្មារតីជាតិនិយម ។
(៧) ថៃបញ្ឆេះស្មារតីជាតិនិយមហៀរចូលមកកម្ពុជា និងបានប្រើប្រាស់សេដ្ឋកិច្ចជាអាវុធ
ពេលនោះ រដ្ឋាភិបាលយើងទប់ រក្សា(ភាពហ្នឹងន៎) ដើម្បីទុកច្រកជជែកគ្នា ចរចាគ្នា។ យើងមិនទាន់បាននិយាយជាគោលការណ៍ទេ ដើម្បីឱ្យ JBC នៅបន្តធ្វើការ។ យើងនៅតែបន្តប្រើប្រាស់យន្តការនេះ។ ខ្ញុំនិយាយពីខែកុម្ភៈ។ ឥឡូវយើងបិទច្រកហើយ ដោយសារវាមិនមែនត្រឹមតែរឿងនោះទៀតទេ។ ក្រោយមក ត្រឹមពួកជាតិនិយម។ ហ្នឹងយើងមិនមាត់។ បានន័យពួកអាវលឿងអីមួយចំនួននៅខាងថៃ មាន សុន្ធិ (លឹមថងគុល)ស្អី ស្រែក។ ថា អញ្ចឹងចុះ។ ហ្នឹងរឿង(គេ)។ មិនមែនជំហររបស់រដ្ឋាភិបាលគេ។ ស្អីៗ យើងចរចាគ្នា។ យើងនៅរក្សាស្ថិរភាព សន្តិភាព ទាមទារថែរក្សាស្ថិរភាព និងសន្តិភាព។ យើងមិនចង់ឈានដល់(ស្ថានភាព)ដូចពេលនេះទេ។ ប៉ុន្តែ គេនៅតែដុតបញ្ឆេះបន្តទៀត។ ចុងក្រោយ មេភូមិភាគ២ ស្រែកថា “ទីហ្នឹងជារបស់គេ។ បើចង់បានក៏មានតែវាយគ្នា”។ ឥឡូវឱ្យនិយាយគ្នា/ចរចាទ្វេភាគីយ៉ាងម៉េច? (ទី១) ការបញ្ឆេះស្មារតីជាតិនិយមក្នុងប្រទេសមួយបានហៀរមកកម្ពុជា។
ទី២ ការប្រើប្រាស់សេដ្ឋកិច្ចជាអាវុធ។ បន្តិចៗ គំរាមកាត់ភ្លើង កាត់អ៊ិនធើណេត។ ច្រើនខែមកហើយ យកហេតុផលថាដើម្បីផ្តាច់(បណ្តាញល្បែង)អនឡាញនៅព្រំដែន … ឥឡូវមើលខ្លួនឯង។ ម្សិលមិញ ចាប់ពេញបាងកក។ ប៉ុន្តែ គេបង្វែការស្តីបន្ទោសមកកម្ពុជា។ វាពាក់ព័ន្ធនឹងកិត្តិយសកម្ពុជា។ អ្នកឯងចង់ចំណេញនយោបាយអ្នកឯង ប៉ុន្តែទម្លាក់រឿងទាំងនេះមកកម្ពុជា។ វាធ្វើឲ្យប៉ះពាល់ជាតិមួយ។ នៅមិននៅចង់ធ្វើរបងកាត់ស្អីៗ។ និយាយរួមគឺទាំងជាតិនិយមឬនយោបាយផ្ទៃក្នុងថៃ ជាពិសេសអ្នកជ្រុលនិយម បានបង្កើតស្មារតីនេះបន្តុះបង្អាប់កម្ពុជា។ រដ្ឋាភិបាលបានអត់ធ្មត់។ ប៉ុន្តែ សួរថា តើប្រជាពលរដ្ឋដែលបានមើលសារព័ត៌មានហ្នឹងមិនឈឺចាប់ មិនក្តៅក្រហាយទេឬ? ចុងក្រោយ នៅថ្ងៃ២៨ ខែឧសភា (២០២៥) នៅមិននៅ មកលួចបាញ់កងទ័ពយើងក្នុងលេណដ្ឋាន ក្នុងទឹកដីអធិបតេយ្យភាពរបស់យើង ហើយចោទថាយើងអ្នកបាញ់មុនក្នុងដីគេ។ ឯកឧត្តម ទៀ សីហា ដឹងច្បាស់ហើយ។
ខ្ញុំសូមសួរឡើងវិញថា តើទាំងអស់នេះមិនបញ្ឆេះកំហឹង មិនបញ្ឆេះស្មារតីជាតិនិយមក្នុងជាតិរបស់យើងទេឬ? តើជាតិមួយឲ្យគេមើលងាយរហូត បន្ទោសរហូតបែបនេះឬ? បានន័យថា ការបញ្ឆេះស្មារតីជាតិនិយម មិនមែនទើបតែ ស.ស.យ.ក រៀបថ្ងៃ ១៨ មិថុនា ២០២៥ នេះទេ មិនមែនត្រឹមតែរាជរដ្ឋាភិបាលចាប់ផ្តើមផ្តាច់ភ្លើង ផ្តាច់អ៊ិនធើណេត ការទិញពីខាងនោះទេ ហើយក៏មិនមែនចាប់ផ្តើមពីការដែលកម្ពុជាយករឿងតំបន់ ៤ យកទៅដាក់ ICJ នោះដែរ។ អ្នកវិភាគនិងអ្នកនយោបាយមួយចំនួននៅថៃ សារព័ត៌មានមួយចំនួន ចោទកម្ពុជាថាជាអ្នកផ្តើមរឿង ICJ រឿងស្អីៗហ្នឹង ដើម្បីបំផុសចលនាជាតិនិយមក្នុងប្រទេស ដើម្បីលើកប្រជាប្រិយភាពរដ្ឋាភិបាល ព្រោះរដ្ឋាភិបាលអត់ប្រជាប្រិយភាព។ គេសំអាងថា ដោយហេតុនេះ ខំដុតកំដៅជាតិនិយមដើម្បីអោយឡើងប្រជាប្រីយ៍ភាព។ ខ្ញុំសូមបញ្ជូនសារទៅបងប្អូនយើង។ កម្ពុជាមិនបានទៅបញ្ឆេះកំហឹងជាតិនិយមនោះទេ។ យើងក៏មិនបានចង់ទៅរករឿង ឬមានរឿងដែរ។ រាប់សិបខែមកហើយ យើងអត់ធ្មត់។ សូម្បីតែពេលខ្លះ រាជរដ្ឋាភិបាលត្រូវបានមតិខ្មែរគ្នាឯងមួយចំនួន មជ្ឈដ្ឋាននយោបាយមួយចំនួន ថាយើងនឹងអន់ យើងខ្លាចគេ មិនហ៊ានត។ គេថាអានេះរបស់គេ អានោះរបស់គេ ម៉េចក៏មិនហ៊ានត។
(៨) មិនប្រើវិធានតឹងតែងអំពីច្រកព្រំដែន ព្រោះវាបង្កការលំបាកដល់ប្រជាពលរដ្ឋ ប៉ុន្តែបើថៃធ្វើ យើងធ្វើ
ដើមចមនៃការបំផុសស្មារតីជាតិនិយមរបស់កម្ពុជា គឺមិនមែនកម្ពុជាជាអ្នកបំផុសដើម្បីយក(ជាហេតុផល)ទៅវាយអ្នកណា ឬទាញយកចំណេញនយោបាយផ្ទៃក្នុងទេ។ ប៉ុន្តែ គឹដោយសារកត្តាខាងក្រៅ ដែលប្រទេសមួយ អ្នកនយោបាយមួយ ចង់ចំណេញខ្លួនឯង បំផុសនយោបាយផ្ទៃក្នុងខ្លួនឯង ហើយយកកម្ពុជាជាបាវសាក់។ នេះជាមូលហេតុធ្វើឲ្យជាតិយើងត្រូវឆ្លើយតបទៅវិញ។ តើសម្តេចតេជោ ក្នុងនាមជាប្រធានគណបក្សកាន់អំណាច ខ្ញុំក្នុងនាមជានាយករដ្ឋមន្ត្រីដឹកនាំប្រទេស មានការចាំបាច់អ្វីដើម្បីនឹងបំផុស(ស្មារតីជាតិនិយមនេះ?)។ អត់ទេ។ អ្វីដែលយើងធ្វើ គ្រាន់តែបំពេញភារកិច្ចដឹកនាំតែប៉ុណ្ណឹង។ ដឹកនាំប្រទេសមួយ ដាក់ចេញគោលនយោបាយ គោលដៅ វិធានការ ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងការពារឧត្តមប្រយោជន៍ជាតិតែប៉ុណ្ណោះ។ ចលនាជាតិនិយមរបស់កម្ពុជា បានចេញមកតាមក្រោយ។ រាជរដ្ឋាភិបាលមិនបានបង្កើតព័ត៌មានក្លែងក្លាយ ទៅបន្ទោស ទៅដុតកំហឹងស្អីនោះទេ។ ភ្លើងវាឆេះ។ យើងខំទប់កុំឲ្យវាឆេះផ្ទះ។ តែដែល នៅមិននៅ អ្នកឯងប្រើកម្លាំងកងទ័ព ចូលមកបាញ់ទ័ពយើង នេះហើយជា(ការឆ្លង)បន្ទាត់ក្រហម។
មានការការព្យាករណ៍ និងការព្យាយាមប្រើប្រាស់សេដ្ឋកិច្ចនិងកម្លាំងប្រដាប់អាវុធដើម្បីគាបកម្ពុជា។ បន្តិចៗ ក៏ថាបិទច្រក។ គេថារឿងកើតនៅមុំបី ទើបទាហានសម្រេចចិត្តបិទច្រកព្រំដែនទាំងអស់។ វាមិនដែលអ្នកណាកើតរឿងបន្តិចនៅឯនោះមកបិទច្រកព្រំដែនដើម្បីសន្តិសុខនៅឯណាឯនេះ។ ប្រជាជនទាំងថៃទាំងខ្មែរកំពុងធ្វើដំណើរ ក៏មកប្រកាសថ្ងៃ៧ មិថុនាបិទដោយសំអាងថាមកពីកើតរឿងនៅមុំបី ហើយខ្លាចអសន្តិសុខនៅច្រក “ចាំយាម”។ អត់មានប្រាប់យើងបន្តិច។ ម្ង៉ៃនោះ ឯកឧត្តម ស សុខា ទូរស័ព្ទសួរ ឯកឧត្តម សុខ វាសនា ក៏សួរ។ “គេធ្វើម៉េច យើងធ្វើអញ្ចឹង” ខ្ញុំប្រាប់។ នៅថ្ងៃទី១ យើងអត់មានការជូនដំណឹងអីទាំងអស់។ គេបិទម៉ោង៥ យើងបិទម៉ោង៥ គេឲ្យមនុស្សចូល យើងឲ្យមនុស្សចូល។ ធ្វើតាមហ្នឹងសិន។ យើងចង់ដឹងថាតើរឿងហ្នឹងយ៉ាងម៉េច។ ជាជម្រើសបណ្តោះអាសន្នរបស់អ្នកនៅជួរមុខហ្នឹងឬយ៉ាងម៉េច ឬមួយក៏មានបញ្ហាអី។ ទីបំផុត គេប្រាប់យើងថា ចាប់ពីស្អែកទៅ គេបិទម៉ោង៨ បើកម៉ោង៤។ យប់ឡើងម៉ោង១១ ខ្ញុំប្រាប់ទៅចៅហ្វាយខេត្តទាំង៧ នៅជាប់(ព្រំដែន) បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយសម្តេចតេជោ លោកក៏បានឯកភាព … ប្រាប់ថាស្អែកបើកម៉ោង៩។ អត់បើកម៉ោង៨ ទេ។ ថៃគិតថា មួយថ្ងៃមុន យើងរត់តាមគាត់។ ស្អីក៏រត់តាមគាត់ដែរ។
ស្អែកឡើងមកស្រឡាំងកាំងសុំឲ្យបើកម៉ោង៨។ អត់ទេ។ បទបញ្ជាពីលើបើកម៉ោង៩។ អ្នកឯងមកម៉ោង៨ ចាំសិនទៅ។ កម្ពុជាមានភាពទន់ភ្លន់ប៉ុន្តែបើអ្នកឯងបំពាន យើងត្រូវតែឆ្លើយតប។ យើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដាក់វិធានការការពារមុខមាត់ជាតិនិងអធិបតេយ្យភាពជាតិ។ ស្រែកថានឹងផ្តាច់អ៊ិនធើណេត ផ្តាច់ភ្លើង។ កម្ពុជានឹងស្លាប់ហើយ។ យើងអត់មាត់។ ការប្តឹងទៅ ICJ ក៏ដូចគ្នា។ ត្រឡប់ពីជប៉ុន ខ្ញុំឡើងទៅព្រំដែនខាងមុខ។ មកវិញ ដោយវាយតម្លៃថាការចរចាទ្វេភាគីនៅប៉ុន្មានចំណុចមិនអាចទៅរួច សម្រេចចេញប្រកាសភ្លាម។ ស្អែកឡើងសភាគាំទ្រ។ ស្រឡាំងកាំង។ អត់ចាំបាច់ប្រាប់អ្នកឯងទេ។ ហ្នឹងយើងប្រើវិធីដូចពស់។ អត់មាត់ នៅស្ងៀម តែមករញ៉េរញ៉ៃចុះឡើង ចឹកមួយប៉ក។ តើអ្នកណាចាប់ផ្តើមជាឯកតោភាគីបែបនេះ។ មិនមែនកម្ពុជាទេ។ កម្ពុជាមិនចង់ប្រើ(វិធានតឹងតែង) ព្រោះវាបង្កការលំបាកដល់ប្រជាពលរដ្ឋនៅតាមព្រំដែន។ ប៉ុន្តែបើអ្នកធ្វើ យើងធ្វើ។ ថ្ងៃ១២ (មិថុនា២០២៥) ត្រលប់ពី Nice វិញ យប់ម៉ោង១២ បានអោយបិទអ៊ិនធើណេត និងបិទភ្លើង។ ខ្ញុំថាកុំឲ្យភាគីថៃពិបាក ព្រោះឃើញថាបានគំរាមមកថាចង់តែបិទ។ កុំឲ្យពិបាកពិចារណាថាគួរបិទឬមិនបិទ ឬបិទពេលណា។ ខ្ញុំសូមឱ្យផ្តាច់តែម្តងទៅ។ តែបិទហើយឈប់យក។
(៩) កម្ពុជាមិនតក់ក្រហល់ ច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងត្រៀមគ្រប់សេណារីយ៉ូ
បងស្រីម្នាក់នៅ New Zealand ទៅធ្វើការ។ កន្លែងមានជនជាតិឡាវ ជនជាតិថៃ ជាមិត្តភក្តិរបស់គាត់។ ម្នាក់ៗយល់សួរថា “ថៃកាត់ភ្លើង ចុះកម្ពុជាវេទនាយ៉ាងម៉េចទៅ?”។ គាត់សើច។ ថៃមិនទាន់បានកាត់ភ្លើងឯណា។ កម្ពុជាឈប់ទិញនិងកាត់មុនតើ។ គេក៏ថា “អូ!ចឹងទេ”។ គេគិតថា កម្ពុជាអត់(លំបាកដោយសារថៃកាត់ភ្លើង)។ថ្ងៃមុន ទៅកម្មវិធីកាយរឹទ្ធិ ខ្ញុំបានសួរ។ ខ្ញុំជឿថា បងប្អូនមួយចំនួនមិនច្បាស់ទេថាយើងមានសមត្ថភាពធានាដំណើរការ ក្នុងករណីគេកាត់អ៊ិនធើណេត កាត់ភ្លើង។ យើងមិនមាត់។ យើងទទួលថា ពីមុនមកទំនាក់ទំនងពាណិជ្ជកម្មទៅវិញទៅមកវាត្រូវផ្លាស់ប្តូរ ទោះបីយើងមានសមត្ថភាពខ្លួនឯង។ ពេលខ្លះ យើងក៏ធ្វើ ដោយសារគេធ្វើរាប់ឆ្នាំហើយៗ មានកុងត្រា។ ប៉ុន្តែដល់ពេលមួយដែលប្រើប្រាស់(ការគំរាម)នេះ យើងត្រូវធ្វើ។ ស្អីបិទប្រេងកម្ពុជាមួយខែងាប់ សេដ្ឋកិច្ចរលំ។ អញ្ចឹង យើងមិនបាច់ប្រាប់មុន។ ល្ងាចមិញម៉ោងប៉ុន្មានចេញប្រកាសថាយប់នេះ ម៉ោង១២ ឈប់យកប្រេង ឈប់យកហ្គាសពីថៃ។ ព្រឹកមិញ ឃើញក្រសួងរបស់ថៃចេញមកប្រកាសអាសន្ន។ ប៉ុន្តែសូមឲ្យច្បាស់ កម្ពុជាមិនមែនធ្វើតក់ក្រហល់ទេ។ អ្វីដែលយើងចាត់វិធានការ យើងច្បាស់លាស់។ យើងគិតគូរគ្រប់ជ្រុងជ្រោយហើយ។ វិធានការមួយៗ យើងគិតគ្រប់សេណារីយ៉ូ តាំងពីមុនមក ស្អីខ្លះយើងធ្វើ។ មានទៀត មិនទាន់អស់ទេ បើចង់លេង។
(១០) “បើបិទច្រកព្រដែនហើយ គឺបិទរហូតទាល់តែច្រកព្រំដែនទាំងអស់បើកដូចមុនថ្ងៃ ៧ខែមិថុនា ២០២៥ ទើបបើកឡើងវិញ”
ឯកឧត្តម មាន ច័ន្ទយ៉ាដា មកទេ? ប្រហែលនៅចាំនៅនោះ។ ទូរស័ព្ទមកខ្ញុំនៅម៉ោង ១០យប់ ថ្ងៃទី២១ (មិថុនា២០២៥)ថា សម្តេចឥឡូវមេភូមិភាគថៃបិទហើយ ច្រកជប់គគីរ និងសាយតាគូ។ ខ្ញុំថាឆែកឲ្យច្បាស់ ជាការបិទជាផ្លូវការឬមិនផ្លូវការ។ ឥឡូវ កាសែតរបស់ថៃហ្នឹង ចេញព័ត៌មានមកហ្នឹងមិនអាចទុកចិត្តបាន … ថ្ងៃមុនប្រកាសថា “ថៃដកទូតឯណានោះ។ បញ្ជាក់ជាមួយក្រសួងទៅ”។ ខ្ញុំថាប្រាកដឬនៅ។ កុំលោតតាមកាសែត។ តាមព័ត៌មានមួយចំនួន ក្រែងលោអត់ផ្លូវការ។ មើលតាមព័ត៌មាន(ច្បាស់ការ)។ អញ្ចឹងក្រោយមកបញ្ជាក់ថា ពិត។ អញ្ចឹង បើគេបិទ យើងបិទវិញទៅ ហើយថែមឲ្យមួយតែម្តងទៅ។ ថែមច្រកជាំមួយទៀត។ បិទ២ តែម្តងទៅ។
ថ្ងៃមុន ឯកឧត្តម គីម រិទ្ធី មកសួរខ្ញុំដែរអំពី ច្រកអានសេះ។ គេបើកចុះបើកឡើងៗ។ ឥឡូវ គេបើកមួយអាទិត្យតែមួយថ្ងៃទេ ហើយបើកតែ ៣ម៉ោងគត់។ ខ្ញុំប្រាប់ថា ឯកឧត្តម គីម រិទ្ធី ថាបើចាំបាច់ បិទចោលអចិន្ត្រៃយ៍តែម្តង។ បើកម្ពុជាបិទហើយ ខ្ញុំសូមបញ្ជាក់ អត់មានបើកច្រកហ្នឹងវិញពេលអ្នកឯងបើកទេ។ គឺបិទរហូត ទាល់តែច្រកតាមទូទាំងព្រំដែនបើក ទើបបានបើកបាន។ មិនមែនថាច្រកគគីរថ្ងៃនេះ គេបិទ យើងបិទ។ ដល់ពេលគេបើក យើងបើកដែរទេ។ តែបិទ គឺបិទអចិន្ត្រៃយ៍ហើយ ទាល់តែអ្នកឯងបើកជាឯកតោភាគីទូទាំងព្រំដែន ឲ្យដូចមុនថ្ងៃ ៧ខែមិថុនា(២០២៥) បានកម្ពុជាគិតគូរក្នុងការបើកកន្លែងហ្នឹងនិងទាំងអស់វិញ។ នេះខ្ញុំនិយាយឲ្យច្បាស់។ កម្ពុជាអត់លេងលិបល៎ហ្នឹងទេ។
ពេលដែលយើងសម្រេចហើយ យើងធ្វើហើយ។ យើងនៅហ្នឹង។ ម្ពុជាអត់រញ៉េរញ៉ៃ មិនចង់លេងល្បែងជាមួយនឹងអ្នកឯងទេ។ តែបើអ្នកឯងលេង យើងក៏កំដរ។ ល្បែងសេដ្ឋកិច្ច យើងកំដរ។ ល្បែងជាតិនិយម អ្នកឯងបំផុស ឥឡូវកក្រើកកម្ពុជា។ វាមានអ្នកនយោបាយមួយក្រុមៗ ជារឿងរបស់គាត់ ប៉ុន្តែជាតិមួយទាំងមូល (មូលមតិគ្នា)។ (ជាតិនិយម)នៅកម្ពុជា មិនមែនកម្ពុជាជាអ្នកបំផុសទេ។ វាកើតដោយសារល្បែងជាតិនិយម(របស់ភាគីថៃជាអ្នកបំផុស)។ កងទ័ពដូចគ្នា។
(១១) កម្ពុជារៀបចំទ័ពដើម្បីការពារជាតិ មិនមែនសំរាប់វាយលុកដណ្ដើមទឹកដីអ្នកណាឡើយ
ទី៣ អំពីការប្រើប្រាស់កំលាំងប្រដាប់អាវុធ (ទី១ ការបញ្ឆេះស្មារតីជាតិនិយមក្នុងប្រទេសមួយបានហៀរមកកម្ពុជា។ ទី២ ការប្រើប្រាស់សេដ្ឋកិច្ចជាអាវុធ)។ ឃើញតែបង្ហាញយុទ្ធោបករណ៍ យន្ដហោះ ដ្រូន ដ្រូនដាក់គ្រាប់បែកទំលាក់ រថក្រោះ។ ឯកឧត្តម ទៀ សីហា ប្រាប់ហើយថា កម្ពុជាអត់មានរថក្រោះទេ! មានតែអាបាញ់រថក្រោះ។ រថក្រោះមួយគ្រឿង ៥លានដុល្លារ កាំភ្លើងបាញ់រថក្រោះមួយដើមថ្លៃ ១០ម៉ឺន។ បើគិតពីការវិនិយោគ ដាក់ទុនតិចបានផលច្រើន។ យន្ដហោះមួយគ្រឿង ២០-៣០លានដុល្លារ ណាថែទាំ ណារក pilot ទម្រាំបង្ហាត់ចេះ។ អាកាំជ្រួចសំណាញ់មេឃយើងហ្នឹង ដូចជាមិនថ្លៃប៉ុន្មានដែរ។ អ្នកក្រ វិនិយោគតាម(បែប)អ្នកក្រ។ ហេតុអ្វីបានជាកម្ពុជាមានគ្រឿងការពារប្រឆាំងរថក្រោះ ប្រឆាំងយន្ដហោះ? ការរៀបចំទ័ពរបស់កម្ពុជាគឺដើម្បីការពារជាតិ។ មិនមែនសំរាប់វាយលុកដណ្ដើមទឹកដីអ្នកណាទេ។ អញ្ចឹង ការរៀបចំរបស់យើងមានតែប៉ុណ្ណឹង។
កំពុងតែអង្គុយគិត បើគេបញ្ជូនរថក្រោះមក និងប្រសិនបើបាញ់ឆេះ តើយើងគួរលើកទឹកចិត្តបងប្អូន(កងទ័ព)ប៉ុន្មាន? អាហោះ(ដ្រូន) ស្អីៗ បង្ហាញមកហ្នឹង ប្រសិនបើបងប្អូនណាដាក់ឆេះ តើ(ត្រូវ)លើកទឹកចិត្តគាត់ប៉ុន្មាន។ កំពុងតែពិចារណា។ មិនមែនជាការប្រមាថ ប៉ុន្ដែបើអ្នកបញ្ចេញបែបនេះ ហើយគំរាមយើង សុទ្ធតែទ័ពមកបាញ់ទ័ពខ្មែរធ្វើជីធ្វើអី។ អ្នកឯងថាចុះ។ រឿង(អួត)តាមហ្វេសប៊ុក ខ្ញុំមិនតបតទេ ប៉ុន្ដែសូមកុំប្រមាថឲ្យសោះ។ កម្ពុជាមិនចង់ធ្វើសង្គ្រាមទេ។ យើងឆ្អែតហើយ។ ប៉ុន្ដែ ប្រសិនជាមានការបំពានប្រើប្រាស់កំលាំងប្រដាប់អាវុធ កងកំលាំងប្រដាប់អាវុធកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ និងឆន្ទៈដាច់ខាតការពារទឹកដី។ ទោះបីជាឧបករណ៍របស់យើងមិនទំនើប ប៉ុន្ដែទឹកចិត្ត និងឧបករណ៍ដែលបានបំពាក់ គ្រប់គ្រាន់ដើម្បីបំផ្លាញផែនការនិងកំលាំងដែលចូលទន្រ្ទានទឹកដីយើង។ អត់មានអ្នកណាក្បាលដែកស្បែកស្ពាន់ទេ។ ចង់អ្នកឯងមកពីប្រទេសអ្នកមានក៏ដោយ។ ឥឡូវមានការបង្កើនការជីកលេណដ្ឋាន និងធ្វើស្អីផ្សេងៗ ប្រព្រឹត្ដិទៅរាល់ថ្ងៃ។
(១២) អ្នកណាក៏ដោយខាងថៃដែលមានអំណាចបើកច្រកព្រំដែនពិតប្រាកដ កម្ពុជានឹងបើកច្រកព្រំដែនវិញ
ការបើកព្រំដែននេះ ខ្ញុំក៏ពិបាកនិយាយ។ ខ្ញុំមិនដឹងថា តើជាគោលនយោបាយរបស់រាជរដ្ឋាភិបាលថៃ ឬយ៉ាងណា? រាជរដ្ឋាភិបាលថៃតែងតែសុំហើយសុំទៀត។ (ទី១) ការចរចាទ្វេភាគីដើម្បីបើកព្រំដែន។ សូម្បីតែថ្ងៃទី១៤ (មិថុនា ២០២៥) JBC ថៃ បានសុំដាក់បញ្ចូលក្នុងប្រធានបទ។ ខ្ញុំចេញសារមួយយប់ថ្ងៃទី១៣ មិថុនាថា វាមិនស្ថិតក្នុងដែនសមត្ថកិច្ចរបស់ JBC ទេ។ JBC គឺគណៈកម្មាធិការបច្ចេកទេសព្រំដែន។ គេធ្វើតែការងារវាស់វែងខណ្ឌសីមា។ រឿងបិទព្រំដែនមិនមែនជាភារកិច្ច។ ទី២ អ្នកឯងបិទជាឯកតោភាគី។ បើចង់បើកវិញ ថៃបើកជាឯកតោភាគីទៅ។ យើងនឹងបើក ៥ម៉ោងក្រោយ។ ប៉ុន្ដែ វាពិបាក។ ខ្ញុំមិនយល់ថាយ៉ាងម៉េច។ សូម្បីនៅថ្ងៃទី១៥ មិថុនា នាយករដ្ឋមន្ដ្រី ថៃបានទូរស័ព្ទទៅសម្ដេចតេជោក៏អញ្ចឹង។ ក្រោយពីបញ្ចប់ទូរស័ព្ទ(ជាមួយសម្ដេចតេជោ) គាត់ទូរស័ព្ទមកខ្ញុំ។
គាត់សុំដូចគ្នា។ សុំធ្វើម៉េច យើងចរចាគ្នាបើកទ្វេភាគីទៅ។ បើកច្រកឡើងវិញទៅ កុំឲ្យប៉ះពាល់ប្រជាជន។ ខ្ញុំប្រាប់ទៅវិញថា កម្ពុជាក៏មិនចង់បិទដែរ ប៉ុន្ដែពេលដែលថៃបិទ មិនបានពិគ្រោះយោបល់ជាមួយកម្ពុជាទេ។ អញ្ចឹងបើក មិនបាច់ពិគ្រោះយោបល់ទេ។ កម្ពុជាធ្វើសម្បទានណាស់។ យើងប្រាប់ថា បើអ្នកឯងបើក យើងនឹងបើកប្រាំម៉ោងក្រោយយ៉ាងយូរ។ នេះគឺជាសម្បទានហើយ ព្រោះកម្ពុជាមានសិទ្ធិបិទជាអចិន្ដ្រៃយ៍ ទោះជាអ្នកឯងមិន(បានជូនដំណឹងកម្ពុជាក៏ដោយ)។ ប៉ុន្ដែ យើងធ្វើសម្បទានដល់ប៉ុណ្ណឹង។ អ្នកឯងបិទដោយមិនពិគ្រោះយោបល់ ប្រៀបដូចជាទះកំផ្លៀងយើង ហើយសុំឱ្យអង្គុយចរចាយកស្មើគ្នា។ សូមបើកច្រកព្រំដែនមុនទៅ។
ម្សិលមិញ ប្រជាជនថៃម្នាក់ លក់អីអត់ចេញ(ដោយសារការបិទព្រំដែន) ធ្វើអត្ដឃាត(ខ្លួនឯង)។ ខ្ញុំសោកស្ដាយ។ ខ្ញុំសង្ឃឹមថា ការបិទបើកដោយឯកតោភាគីរបស់ថៃនេះ គួរគិតគូរពីអត្ថប្រយោជន៍ប្រជាពលរដ្ឋ ជាពិសេសអ្នកលក់ដូរ អ្នកធ្វើពាណិជ្ជកម្ម នៅតាមព្រំដែន។ អញ្ចឹង បាល់នៅក្នុងដៃរបស់កងទ័ពថៃហើយ។ មិនមែននៅយើងទៀតទេ។ ខ្ញុំឲ្យបាល់ទៅអ្នកឯងស៊ុតហើយ។ ធ្វើទៅ។ អ្នកឯងបើកពេលណា យើងសំរេចបើក ៥ម៉ោងក្រោយហ្នឹង ដើម្បីឆ្លើយតបដោះស្រាយបញ្ហា។ អញ្ចឹង កុំមកចោទកម្ពុជា។ ខ្ញុំបញ្ជូនសារទៅប្រជាជនខ្មែរនិងថៃ ដែលចង់ឲ្យស្ថានភាពបើកច្រកព្រំដែនដូចដើមវិញ គឺឲ្យកងទ័ពថៃបើកឯកតោភាគីមុនទៅ។ កម្ពុជានឹងបើកឡើងវិញ។ បញ្ហានឹងដោះស្រាយងាយដូចបកចេក។ អញ្ចឹង វាអាស្រ័យលើកងទ័ពថៃ។
ពេលដែលនាយករដ្ឋមន្ដ្រីថៃ តែងតែសុំចរចាបើកច្រកវិញ មេទ័ពថៃនៅខាងក្រោម បិទបើកបន្ដទៀត។ សួរថា ដែលមួយមកចរចាជាមួយយើង ហើយមួយបន្ដវាយយើង បិទបើកច្រកព្រំដែនជាឯកតោភាគី តើឆន្ទៈចរចាពិតប្រាកដនៅកន្លែងណា? ឲ្យខ្ញុំជឿបានទេ? និយាយជាមួយខាងលើ ខាងក្រោមអត់ស្ដាប់។ អញ្ចឹង (ភាគីថៃគួរតែ)ឲ្យមានការឯកភាពផ្ទៃក្នុងទៅ។ សំរាប់កម្ពុជា ខ្ញុំមិនចង់ដឹងអ្នកឯងឯកភាពមិនឯកភាពទេ។ ខ្ញុំចង់ដឹង(និងឃើញការសំរេចរបស់)អ្នកឯងជាក់ស្ដែងនៅលើដី។ នៅពេលណាដែលបារ៉ាស់បើកដូចដើមវិញ មិនថារាជរដ្ឋាភិបាលបើក ឬមួយក៏យោធាបើក អ្នកណាក៏ដោយដែលមានអំណាចពិតប្រាកដបើកពិតប្រាកដទៅ កម្ពុជានឹងបើកច្រកព្រំដែនវិញ។ អ្វីៗនឹងដូចដើមវិញ។
(១៣) ដរាបណាព្រំដែនមិនទាន់បើកឡើងវិញ គ្មានការជួបគ្នាជាផ្លូវការ GBC និង RBC ទេ
ចង់ចរចាកងទ័ពក៏ដោយ ក៏ចាំដល់ច្រកព្រំដែនបើកសិន។ អញ្ចឹង កន្លងទៅមានការចង់ជួបគ្នា។ រឿង RBC ខ្ញុំបានចេញគោលការណ៍ច្បាស់ទៅក្រសួងការពារជាតិ ដរាបណាព្រំដែនមិនទាន់បើកឡើងវិញទេ គ្មានការជួបគ្នាជាផ្លូវការនៃ General Border Committee (GBC) និង Regional Border Committee (RBC) នោះទេ។ RBC ដឹកនាំដោយភូមិភាគនិងភូមិភាគ។ GBC ដឹកនាំដោយរដ្ឋមន្ដ្រីក្រសួងការពារជាតិ។ អញ្ចឹង ដើម្បីចាប់ផ្ដើមការចរចា/និយាយគ្នាឡើងវិញ ទី១ ត្រូវរៀបចំបុរេលក្ខខណ្ឌឲ្យវាសមស្រប។ បានន័យថាបង្កើតទំនុកទុកចិត្តគ្នាឡើងវិញ។ បើរឿងព្រំដែនមិនមានទំនុកចិត្តគ្នាផង ទៅនិយាយរឿងទាហានម៉េចបាន។
(ការ)បើកព្រំដែនជាងាយស្រួលបំផុត។ វាបញ្ជាក់នូវឆន្ទៈទាំងសងខាង ដោយមិនចាំបាច់ចរចា។ ចរចាវាស៊ីម៉ោង ឈឺក្បាល។ ដកទៅយើងដកដែរ។ រឿងព្រំដែនបើកដូចធម្មតា។ ប្រជាជនធ្វើដំណើរបានពីម៉ោង ៦ព្រឹកដល់ ១០យប់ដូចដើមវិញ។ ខ្ញុំសូមបញ្ជាក់ថា រឿងបើក(ព្រំដែន)នេះ អត់មានការចរចាទ្វេភាគីទេ។ អ្នកឯងបិទមុន បើកមុនចុះ។ ខ្ញុំឲ្យសិទ្ធិ។ យើងចាំ (ធ្វើ)តាមក្រោយ … រឿងទាហានដូចគ្នា។ អត់មានការជជែកទេ។ បើអ្នកឯងចង់ដក ដកទៅ។ រឿងលក្ខខណ្ឌនៅខាងមុខ យើងគ្មានត្រៀមវាយអ្នកណាទេ ប៉ុន្ដែកុំមករករឿងយើង។ កុំបង្កើតបញ្ហា។ យើងត្រៀមលក្ខណៈ។ គេថា ចង់ចរចាដកទ័ព (ប៉ុន្ដែ)ពេលជាមួយគ្នា នៅឈូសផ្លូវឈូសអី។ នេះជាបញ្ហា។
ខ្ញុំសូមយកឱកាសនេះបញ្ជាក់ថា បាល់នៅខាងថៃ។ ស្ថានភាពដូចដើមវិញស្រួលគឺ ទី១ បើកច្រក។ បើកច្រករួចហើយ ទាហាននិងទាហានជួបគ្នា និយាយរឿងដកទ័ព។ សាមញ្ញ។ ឥឡូវសោរនៅគេ។ បើមានចិត្តត្រង់ពិតប្រាកដ ចង់បន្ថយ(កម្ដៅ) ធ្វើទៅ សោរនៅហ្នុងហើយ ចាក់បើកទៅ។ យើងនឹងចូលជាមួយគ្នា។
(១៤) អ្នកថា “មិនបាច់ចរចាជាមួយខ្មែរ និងវាយដល់ភ្នំពេញតែម្ដង” … គួរកុំប្រមាថ
ឥឡូវ មានការយករូបភាព បង្កើតចលនាមួយខាងក្នុង(ប្រទេសថៃនិងអាចទៅអន្តរជាតិ)ចោទថា រដ្ឋាភិបាលខ្មែរជាអ្នកបិទទ្វារច្រកព្រំដែន។ ទៅជាអញ្ចឹងកើត។ បាញ់យើងថ្ងៃទី២៨ (ឧសភា), ថ្ងៃ ២៩ (ឧសភា) ក្រសួងការបរទេសយើងដាក់លិខិតតវ៉ា “អ្នកឯងចូលមកបាញ់ទាហាន(ខ្ញុំ)ក្នុងដីខ្ញុំ ទាមទារឲ្យអ្នកឯងស្រាវជ្រាវ រកយុត្ដិធម៌”។ គេឆ្លើយតបមកវិញថា “ខ្មែរអ្នកចូលទៅបាញ់ក្នុងដីគេ”។ បង្ហោះដ្រូនក្នុងដីរបស់យើង យើងដាក់លិខិតតវ៉ា គេចម្លងលិខិតរបស់យើងមកវិញប្រើពាក្យថាយើងជាអ្នករំលោភ។ ទៅជាអញ្ចឹង។ ហោះចូលមកក្នុង(ដី)យើងសោះ។
(ក្នុងការបំពាន)ថ្ងៃទីមួយ ឯកឧត្តម អ៊ំ រាត្រី រាយការណ៍ថាចូលហើយ។ បន្ទាប់មកឯកឧត្តម ខូយ រីដា ប្រាប់មកទៀត … មកពីណា? (នៅ)ព្រំដែន ឬបន្ទាត់ព្រំដែន។ ចូលដល់ក្នុង។ ចូលមកទៀត។ ថ្ងៃទី២ និងទី៣ ខ្ញុំទូរស័ព្ទទៅមេ៥០១ ថា “បាញ់”។ ខ្ញុំប្រាប់ទៅភូមិភាគ៥ “បាញ់”។ ចូលមកនៅថ្មដា បាញ់ឡើងផ្អើលដល់ត្រាត។ ស្អែកឡើងដាក់ធ្លាក់មួយទៀត។ ដើររកនៅក្នុងព្រៃអត់ឃើញ។ (បាន)ស្ងាត់។
តវ៉ាលើក្រដាស(នៅតែ)តវ៉ា តែអ្នកឯងនៅតែបំពាន “បាញ់”។ បាញ់ដ្រូន។ ដ្រូនដូចខ្លាចកាំភ្លើងដែរ និយាយត្រង់។ ដើរល្បាតចុះឡើងៗ ម្សិលម៉្ងៃមួយ ចូលទៅកន្លែងមួយ ខ្ញុំសួរទៅឯកឧត្តម ស្រី ឌឹក។ (ទ័ពថៃ)ចូលមកបោះអង្រឹងបោះអីនៅកន្លែងហ្នឹង។ យើងទៅដេញចេញវិញ។ ឯកឧត្តម ស្រី ឌឹក រាយការណ៍មកខ្ញុំ ។ ដេញចេញទៅវិញ ទាហានភ្លេចអាវុធកាំភ្លើងយន្ដមួយដើម។ គេបង្រៀនតាំងថ្ងៃដំបូង កាំភ្លើងដូចជាប្រពន្ធអញ្ចឹងត្រូវនៅជាប់ខ្លួន។ តែខ្លួនឯងភ្លេចហើយ បានន័យថាអារម្មណ៍មិននៅក្នុងខ្លួនទេ។ ដកទៅបាត់ទុកកាំភ្លើងយន្ដមួយ។យើងហៅគេមកយកវិញ។ កម្ពុជាមិនចង់បានរបស់អ្នកណាទេ ទោះអ្នកភ្លេចឬចង់បោះចោលក៏មិនយកទេ។
ម្សិលមិញ ឯកឧត្តម សៅ សុខា បានបង្ហោះ។ ខ្ញុំស្រឡាញ់ Quote របស់គាត់។ គាត់ដាក់រូបមេទ័ពថៃមួយ។ គាត់ថា “ឃើញតែបង្អួតសព្វាវុធ ឃើញសម្មាធិ បន់ស្រន់។ វាអត់កំណត់ទៅលើរឿងហ្នឹងទេ។ សព្វាវុធ សំភារៈ វាជួយ តែវាមិនមែនជាកត្ដាកំណត់នោះទេ។ ទាហាន គេមិនដែលប្រើកាំភ្លើងធំ ឬយន្ដហោះដើម្បីកាន់កាប់ទីតាំងទេ។ ទៅមិនរួចទេ។ វាជៀសមិនផុតពីបញ្ជូនថ្មើជើង រថក្រោះចូលមកហ្នឹងឯង”។ ចង់ទំលាក់ បាញ់សុស ឡើងមកក៏ត្រូវវិញដដែល ដូច២០១១។ ខ្ញុំមិនមែននិយាយបន្ដុះបង្អាប់ ចង់(បង្កើត)សង្គ្រាមអីនោះទេ។ មានអ្នកខ្លះគេអួតថា មិនបាច់ចរចាជាមួយខ្មែរទេ វាយចូលដល់ភ្នំពេញតែម្ដង ហើយអ្នកខ្លះថាវាយតែមួយម៉ោងដល់ភ្នំពេញ។ អើសាកមើលទៅ។ កុំប្រមាថឲ្យសោះ។
(១៥) កម្ពុជាប្រកាន់ជំហរប្រើប្រាស់យន្តការទ្វេភាគីចរចាព្រំដែននឹងថៃ លើកលែង ៤ចំណុចដែលជាប់គាំង
ឯការប្រើប្រាស់មធ្យោបាយយោធាដើម្បីដាក់គំនាបមកកម្ពុជា។ គំនាបស្អី? គំនាបធំបំផុត គេរករឿងថាយើងយករឿងហ្នឹងទៅ ICJ។ ដំបូងឡើយចោទប្រកាន់ពីរឿងមុំ៣។ ដល់ក្រោយមកថា “កម្ពុជាយកទៅ ICJ។ កម្ពុជាឈប់ចរចាទ្វេភាគី បានគេត្រូវប្រើវិធានការបែបនេះដើម្បីដាក់គំនាប”។ ខ្ញុំសូមបញ្ជាក់ សម្រាប់ការចរចាព្រំដែនជាមួយថៃ គឺកម្ពុជានៅប្រកាន់ជំហរប្រើប្រាស់យន្តការទ្វេភាគីតាមគណៈកម្មាធិការព្រំដែនបច្ចេកទេសដដែល។ ព្រំដែន ៨០០(គីឡូជាង) លើកលែងតែ ៤ចំណុចនេះទេ ដែលវាជាប់គាំង វាទៅមិនរួច។ កន្លែដែលយើងធ្វើការដោះស្រាយបាន ឬមិនទាន់ជជែកគ្នានៅឡើយ យើងនឹងនៅប្រើប្រាស់យន្តការនោះដើម្បីធ្វើការ។ វាគ្មានហេតុផលអ្វីយក ៨០០គីឡូម៉ែត្រជាង ឲ្យ ICJ អង្គុយវាស់ឲ្យទេ។ គេគ្មានពេលទេ។ គេមិនទទួលដែរ បើភាគីពាក់ព័ន្ធមិនខិតខំដោះស្រាយ។ យកកន្លែងដែលមិនទាន់ជជែកគ្នាផង ឲ្យគេដោះ គេមិនទទួលទេ។ គេឲ្យយើងដោះសិន។ អស់លទ្ធភាពហើយ ឬមួយមានករណីពិសេសអី ដូចកន្លែងនេះជិតវាយគ្នាទៀតហើយ បានយើងបញ្ជូនទៅ។
អញ្ចឹងហើយបានជា រឿងដែលបានលើកឡើងតាំងពីខែកុម្ភៈ យើងនៅរក្សាជំហរ រហូតដល់ការសម្រេចចិត្ត ថ្ងៃទី ១ខែមិថុនា ក្រោយពេលខ្ញុំត្រឡប់មកពីព្រំដែន បន្ទាប់ពីទស្សនកិច្ចនៅជប៉ុនពីថ្ងៃ៣០ និង៣១ ឧសភា។ វាយតម្លៃសភាពការណ៍គ្រប់ យើងចេញមក ហើយថ្ងៃទី២ មិនមែនតែតំបន់មុំបីទេ គឺតំបន់តាមាន់ធំ តាមាន់តូច តាក្របី យើងរកការសំរេចបញ្ជូនទៅតុលាការ។ រឿងស្មារតីជាតិនិយមបានបំផុសនិងចាក់សោរកន្លែងនោះរួចទៅហើយ។បើមេដឹកនាំនយោបាយ មេដឹកនាំយោធា និងប្រជាពលរដ្ឋមួយចំនួនរបស់ថៃ អះអាងថាទីហ្នឹងជារបស់គេហើយ វាអត់មានការចាំបាច់ចរចាអីទៀតទេ។ វាស្មើនឹងមិនអាចទៅមុខតាមការ(ចរចា)ទ្វេភាគីហើយ។ អញ្ចឹង កុំមកលួងចិត្តថា ហ្នឹងនៅចរចាទ្វេភាគី។ បើមុនអ្នកឯងប្រកាសជានយោបាយ ជាផ្លូវការត្រឹមតែពួកប្រឆាំង (អ្នក)នយោបាយមួយចំនួននៅក្នុងប្រទេសថៃនិយាយ ខ្ញុំអត់យកជាការទេ។ ប៉ុន្តែដល់មកប្រកាស និងដាក់ទ័ពហើយ បានន័យថា វាអស់(លទ្ធភាពនឹងចចារហើយ)។
ចុងក្រោយ បានរហូតដល់ហៅអនុព័ន្ធយោធានៅថៃទៅប្រាប់ថា កម្ពុជារំលោភអធិបតេយ្យភាព ដោយសារយើងចូលមកច្រៀងលើកទង់ជ័យ។ គ្មានអ្នកណាច្រៀងលើកទង់ជ័យនៅមុំបីទេ។ មានតែសំដៅលើតាមាន់ធំហ្នឹង។ នេះហើយជានយោបាយ គេចាក់សោរហើយ។ បើភាគីថៃ (ទាំងអ្នក)នយោបាយ ទាំងយោធាប្រាប់អញ្ចឹង តើគណៈកម្មាធិការចរចាព្រំដែនថៃហ៊ានដកថយទេ? អត់ទេ។ សូម្បីតែរដ្ឋាភិបាលខ្លួនឯងមិនហ៊ានដកថយផង ព្រោះប្រាប់ប្រជាជនថាទីហ្នឹងរបស់ខ្លួនបាត់ហើយ។ កម្ពុជាមិនទាន់ឈានដល់ហ្នឹង ព្រោះយើងទុកច្រកដើម្បីយើងយកឱកាសដោះស្រាយតាម JBC។ ប៉ុន្តែ នៅពេលដែលចាក់សោរ ហើយសំខាន់បំផុតហានិភ័យនៃការផ្ទុះអាវុធកើនឡើង យើងសម្រេចចិត្តទៅ(ICJ) ដើម្បីបង្កកបញ្ហានេះ។ វាយគ្នាមិនស្រួលទេ។ វាឆេះទាំងអស់។ មិនមែនត្រឹមតែបិទ ៨ម៉ោងទេ អាចបិទទាំងអស់តែម្តង។ ប្រជាពលរដ្ឋឈ្លោះគ្នា។ ឥឡូវកំដៅឡើងរៀងៗ ខ្លួន។ វារាល …។
(១៦) កម្ពុជាការពារឧត្តមប្រយោជន៍លើសមរភូមិច្បាប់ ការទូត និងបើចាំបាច់យោធា
បងប្អូនបានស្តាប់ប៉ុណ្ណេះ ក៏យល់ហើយថា កម្ពុជាមិនមែនអ្នកបង្ករឿងទេ។ វិធានការដែលកម្ពុជាដាក់នេះ គឺការឆ្លើយតបដើម្បីការពារឧត្តមប្រយោជន៍ជាតិ និងបូរណភាពទឹកដី។ កម្ពុជាមិនចង់បានដីអ្នកណាមួយមីលីម៉ែត្រ ប៉ុន្តែក៏មិនឲ្យអ្នកឯងមកបំពានមួយមីលីម៉ែត្របានដែរ។ ការតបតរបស់យើងដើម្បីការពារឧត្តមប្រយោជន៍ ធ្វើនៅលើសមរភូមិច្បាប់នៅ ICJ … សមរភូមិការទូត ហើយបើចាំបាច់សមរភូមិយោធា។ យើងត្រូវធ្វើមុខព្រួញ៣ នេះ។ សុំឲ្យកម្លាំងជាតិទាំងមូល នៅពីក្រោយទ័ពស្រួចរបស់យើង។ សូមមានការទុកចិត្តលើរាជរដ្ឋាភិបាល ផ្តល់ការទុកចិត្តលើកងកម្លាំងប្រដាប់អាវុធរបស់យើងពីសមត្ថភាព និងឆន្ទៈរបស់ពួកគាត់ ឲ្យគាត់ប្រមូលផ្តុំគំនិត ផ្តុំឆន្ទៈ ផ្តុំអារម្មណ៍ ដើម្បីត្រៀមការពារជាតិ ការពារទឹកដី។ ក្រុមចរចាច្បាប់រុញករណីនេះទៅ ICJ។ ការងារផ្សេងៗទៀត មានការទូតដើម្បីការពារអធិបតេយ្យភាព មុខមាត់ជាតិ ពីការវាយបំផ្លាញ ការធ្វើសកម្មភាពនានា ប៉ុនប៉ងធ្វើ បំបាក់មុខកម្ពុជាលើឆាកអន្តរជាតិ។ នេះជាសមរភូមិ៣ ដែលសូមឲ្យមូលមតិគ្នាជាមួយគ្នាទាំងអស់។
ខ្ញុំបានប្រាប់ ឯកឧត្តម ប្រាក់ សុខុន ថាត្រូវតែមានគ្រប់ជំហាន។ ពេលលិខិតមុនបញ្ចេញ ត្រូវមានរូបភាព។ មន្រ្តីយើងទៅផ្ទាល់។ អត់មានផ្ញើតាមបុស្តិ៍ ផ្ញើតាមអ្នកណាទេ។ ចេញសំបុត្រយន្តហោះ ជិះទៅភ្លាម យកទៅឲ្យដល់ដៃ។ ទូតយើងយកទៅឲ្យផ្ទាល់ ដើម្បីជាការបញ្ជាក់ច្បាស់លាស់របស់យើង។ វាគ្មានហេតុផលអ្វីត្រូវកម្ពុជាថយទេ។ នៅតែមានអ្នកសួរថា “ឯណាបង្កាន់ដៃ។ សូម្បីតែផ្ញើកង់ក៏មានបង្កាន់ដៃដែរ”។ ទៅជាអញ្ចឹងទៅ។ មានរឿងបានទៀត។ បង្កើតរឿងនៅក្នុងនេះទៀត។ យើងត្រូវគោរពនីតិវិធីរបស់តុលាការ។ បើយើងចង់បំផ្លាញករណីនេះ យើងមិនបាច់គោរពវិធានទេ។
យើងមានលិខិតទទួលរបស់គេ។ យើងមាននៅក្រសួងការបរទេស ប៉ុន្តែ ICJ គេហាមមិនឲ្យបង្ហាញអ្វីដែលពាក់ព័ន្ធនឹងមន្រ្តីគេ ទាំងរូបថតមន្រ្តី ឬលិខិតស្នាមនៅក្នុងដំណាក់កាលនោះ ដែលពាក់ព័ន្ធទេ។ គេមិនចង់ឲ្យយកឯកសារពាក់ព័ន្ធរបស់គេមកធ្វើនយោបាយនៅប្រទេសណាមួយ។ ច្បាប់របស់គេតម្រូវអញ្ចឹង។ សូម្បីតែនៅតុលាការយើង ក្នុងពេលដំណើរការនីតិវិធី បើហ៊ានតែមេធាវីខាងណាមួយបញ្ចេញឯកសារទៅឲ្យជាសាធារណៈ អាចជាប់គុក។ អញ្ចឹងយើងត្រូវគោរពវិធាន។ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនឲ្យបានជ្រាបថា រាជរដ្ឋាភិបាល នឹងខិតខំធ្វើគណនេយ្យភាព និងតម្លាភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងជំហាននៃការតតាំងនេះ។ យើងបានគិតគូរអំពីការដាក់ចេញព័ត៌មាន ប៉ុន្តែត្រូវគោរពវិធានរបស់តុលាការ ICJ។ យើងមិនអាចរំលោភបំពាន។
(១៧) សុខចិត្តយកភាពជោគជ័យនៃនីតិវិធីតុលាការជាគោល
រាជរដ្ឋាភិបាលមានជម្រើស២។ ជម្រើសទី១ ធ្វើគណនេយ្យភាពនិងបង្ហាញប្រជាពលរដ្ឋរបស់យើង គ្រប់ព័ត៌មាន គ្រប់ពេល ដើម្បីឆ្លើយតបទៅនឹងការចង់បាន ចង់ដឹងដោយអន្ទះសាររបស់បងប្អូន ដោយមិនគិតពីគោរព ឬមិនគោរពវិធានរបស់តុលាការ ICJ ទេ។ ហ្នឹងជម្រើសទី១។ អញ្ចឹង ប្រជាពលរដ្ឋដែលអន្ទះសារ ចង់ដឹងគ្រប់ជំហាន(ដឹងហើយ) ប៉ុន្តែយើងអាចប្រឈមនឹងតុលាការ។ គេអាចថាយើងមិនគោរពវិធានរបស់ពួកគេ។ គេអាចមិនទទួល case ឬ drop case ឬមួយយ៉ាងម៉េច។ យើងពិបាកដើរទៅមុខ។ ទី ២ យើងខិតខំធ្វើគណនេយ្យភាព និងបញ្ជូនព័ត៌មានទៅតាមគ្រប់រូបភាពដែលអាចធ្វើទៅបាន ឲ្យបងប្អូនដឹងអំពីការធ្វើនីតិវិធី ការរៀបចំជំហានរបស់យើង។ យើងមិនអាចរំលោភទៅលើវិធានរបស់តុលាការ។ យើងគោរពនីតិវិធី។ ពេលហ្នឹងបងប្អូនអាចអន្ទះសារ ចោទប្រកាន់។ យើងត្រូវប្រឈមរឿងនេះ។ ប៉ុន្តែ ជម្រើសមួយណាល្អជាងសម្រាប់កម្ពុជា។ យើងសុខចិត្តយកភាពជោគជ័យនៃនីតិវិធីតុលាការជាគោល។ ទោះបីពេលខ្លះ បងប្អូនអន្ទះសារ តែយើងមិនអាចធ្វើក្នុងពេលនេះ។ ពេលដែលរឿងក្តីបញ្ចប់ តុលាការនឹងបញ្ជាក់ហើយ។ គេនឹងដាក់នៅលើអនឡាញ។ មើលទៅ។
នៅក្នុងដំណាក់កាលដំបូងនេះ សុវត្ថិភាពនៃរឿងក្តីនេះ និងភាពជោគជ័យរបស់យើង ជាពិសេសការអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានរបស់ ICJ គឺជាអ្វីដែលកម្ពុជាត្រូវធានា។ នៅពេលដែលយើងខិតខំធ្វើឲ្យមានតម្លាភាពជាមួយនឹងប្រជាពលរដ្ឋ សូមបងប្អូនប្រជាពលរដ្ឋយើងយោគយល់ផង។ មិនអាចស្អីក៏បញ្ចេញៗ ទេ។ ទី១ យើងមិនគោរពវិធានរបស់តុលាការ។ អញ្ចឹងទីបំផុតបងប្អូនសប្បាយចិត្ត តែទីបំផុតបងប្អូនកំពុងតែបំផ្លាញប្រៀបរបស់កម្ពុជា នៅលើឆាកអន្តរជាតិ/នៅតុលាការ ICJ។ អញ្ចឹង សម្រាប់កម្ពុជា យើងនឹងខិតខំ។ ហ្នឹងវាមិនខុសពីមេធាវីទេ។ ឧ. កាត់ក្តីរឿងមួយ។ ចេញពីដំណើរការនីតិវិធី អ្នកកាសែតសួរ។ “មេធាវីប្រាប់ខ្ញុំមើល គេនិយាយអ្វីខ្លះ? អ្នកឯងដាក់ភស្តុតាងស្អីខ្លះ ឥឡូវហ្នឹង?”។ ហ៊ានតែមេធាវីហ្នឹងប្រាប់ គឺរឿងក្តីអាចមានបញ្ហាភ្លាម។ អ្នកឯងជាប់ទោសភ្លាម ព្រោះតុលាការហាម … អ្នកមិនអាចនិយាយលំអិតពីភស្តុតាងបញ្ចេញឯកសារអីទេ។ នេះនីតិវិធីនៅក្នុងស្រុកខ្មែររបស់យើង។ ហ៊ានតែយើងចេញភ្លាម មេធាវីហ្នឹងចេញភ្លាម អត់គោរពវិធានការក្នុងស្រុក គឺអាចប្រឈមភ្លាម។ ជួនកាលដាក់ភស្តុតាងថ្មីទៅ តុលាការលែងទទួល ព្រោះអ្នកឯងអត់គោរព។
តុលាការនីមួយៗ មិនមែនកន្លែងផ្ញើកង់ទេ។ ខ្ញុំជឿថា កន្លែងផ្ញើកង់ ម៉ូតូ ឡាន ក៏គេមានបទបញ្ជាដែរ មិនមែនបានសេចក្តីថា កន្ទុយសន្លឹករបស់អ្នកហ្នឹង អ្នកណាក៏មកសុំមើលបានដែរទេ។ ត្រូវទេ? ឃើញផ្ញើឡានមួយ ស្រាប់តែឃើញអ្នកហ្នឹងដើរចេញរត់ទៅសួរ ខ្ញុំសុំមើលឡាននេះ ឡានម៉ាកអ្វី? ចាំតែគេឲ្យមើល។ អត់ស្គាល់ ខ្លាចប្លន់ខ្លាចអី។ អ្នកមកផ្ញើ(នឹងបាត់របស់គេ)។ គេក៏មានបទបញ្ជាដែរ ដើម្បីគេធ្វើការ។ ខ្ញុំសូមបញ្ជាក់រឿងនេះខ្ញុំលើកជាទូទៅ។ មានអ្នកខ្លះបានចិត្ត។ ថ្ងៃមុនគ្រាន់តែលើកឈ្មោះមួយនោះ ពុលទឹកមាត់បាត់ហើយ។ គ្រាន់តែឯកឧត្តម ប៉ែន បូណា ចេញទៅពន្យល់បន្ថែម គេថាបកស្រាយទៅស្អីផ្សេង។ ត្រូវហើយរដ្ឋាភិបាលស្តាប់ប្រជាពលរដ្ឋ។ ខ្ញុំទទួល។ រដ្ឋាភិបាលនឹងខិតខំបង្ហាញគណនេយ្យភាពគ្រប់បែបយ៉ាង ប៉ុន្តែយើងមានព្រំដែនមួយ គឺមានកាតព្វកិច្ច ធ្វើឲ្យករណីនេះ អាចបានទៅមុខនិងថែរក្សាឲ្យបាន ដោយមិនធ្វើឲ្យខុសបច្ចេកទេសក្នុង(ច្បាប់តុលាការ)។ ឧ. ការមិនគោរពនូវវិធាន។ អញ្ចឹង ខ្ញុំសូមឲ្យបងប្អូនយល់។
(១៨) បើសិនមានការផ្ទុះអាវុធជាថ្មី នឹងប្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
ខ្ញុំបានថ្លែងប្រាប់ពីជំហរទៅទាំងបងប្អូនរបស់យើង ទាំងទៅភាគីមួយទៀត។ កាលពីម្សិលម្ង៉ៃនេះ មានប្រទេស ២ ឬ៣ ចង់ដើរតួជាអ្នកសម្របសម្រួល។ ប៉ុន្តែ ការចង់មកសម្របសម្រួលនេះគឺធ្វើ(តាម)សំណូមពររបស់ថៃ ថាសូមភាគីទាំង២ ចរចាគ្នាតាមទ្វេភាគី។ កម្ពុជាបានប្រាប់ហើយ “ម៉ោងថ្មើរនេះ យើងមិនទាន់ទៅពឹងអ្នកណាទេ គឺយើងនៅធ្វើការងារជាទ្វេភាគីដដែល ទាំងរឿងព្រំដែន លើកលែងតែ ៤ចំណុចនេះ”។ រឿងសេដ្ឋកិច្ច រឿងកងទ័ព យើងនៅបើកច្រកដើម្បីចរចាទ្វេភាគី ប៉ុន្តែមានលក្ខខណ្ឌមួយចំនួន។ បើសិនជាមានការផ្ទុះអាវុធ យើងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ បច្ចុប្បន្ននេះ យើងអាចអាចចរចាទ្វេភាគីលើការដោះស្រាយបញ្ហារឿងព្រំដែន លើកលែងតែ ៤ចំណុចដែលយើងពឹងទៅ ICJ ព្រោះវាផុតទៅហើយ។ ក្រៅពីហ្នឹង យើងនៅធ្វើការនៅឡើយ មិនទាន់ដល់ពេលត្រូវការអ្នកណាមក(ជួយសម្របសម្រួល)ទេ។ យើងក៏អរគុណចំពោះបងប្អូនប្រទេសជាមិត្ត។ គ្មានអ្នកណាចង់ឃើញបញ្ហា(ចម្រូងចម្រាស់)នោះទេ។
ខ្ញុំជួបជាមួយនឹងរដ្ឋមន្រ្តីទេសចរណ៍ វប្បធម៌របស់ម៉ាឡេស៊ី កាលពី ២ ឬ៣ ថ្ងៃមុន។ គាត់ថា ចង់ឃើញប្រទេសទាំង២ ដោះស្រាយបញ្ហាដោយសន្តិវិធី។ ខ្ញុំថា “កម្ពុជាឆ្អែតនឹងសង្រ្គាម។ មិនចង់ទេ។ បញ្ហាដែលកម្ពុជា យកទៅដោះស្រាយនៅ ICJ វាដូចកាលម៉ាឡេស៊ី និងសិង្ហបុរី ដោះស្រាយបញ្ហាកោះដែលមិនត្រូវគ្នានោះអញ្ចឹង។ ប្តឹងនៅឆ្នាំ១៩៧៩ ដោះស្រាយចប់ឆ្នាំ២០០០ សរុប ២០ឆ្នាំជាង។ តែគេអាចដោះស្រាយបញ្ហានៅតុលាការ ICJ ដោយមិនពាក់ព័ន្ធទំនាក់ទំនងធំ។ អញ្ចឹងហើយបានជាកម្ពុជាព្យាយាមដោះស្រាយដោយសន្តិវិធីជាជាងប្រើកម្លាំងបាយ នៅចំណុចនេះ។ (ឯភាគីថៃ)ទាំងទាហានទាំងអី គេចាក់សោរហើយ។ មេភូមិភាគ២ថៃប្រាប់ហើយថា បើចង់បានទាល់តែវ៉ៃគ្នា។ នេះជាជំហររបស់គេ។ ដោយសារតែយើងចង់បានសន្តិភាព បានជាថានិយាយគ្នាលែងកើតហើយ ព្រោះគេចង់តែវ៉ៃគ្នា។ គេបានថាអាហ្នឹងជារបស់គេ នៅពេលដែលយើងមិនមានការឯកភាពផង។ ហ្នឹងនៅក្នុងដីយើងបើតាមផែនទីរបស់យើង។ អញ្ចឹងទាល់តែទៅរកអ្នកទីបីមកគឺ ICJ សម្រាប់ករណីនេះ។ សម្រាប់ចំណុចផ្សេងទៀតគឺយើងនៅរក្សាទ្វេភាគីដដែល។ យើងដោះស្រាយហើយ ដោះស្រាយទៀត។
ការចូលរួមរបស់ប្រជាពលរដ្ឋ កម្ពុជានឹងបន្តអភិក្រមបែបនេះ។ យើងនឹងខិតខំរក្សាទំនាក់ទំនងជាមួយប្រទេសជិតខាងរួមទាំងប្រទេសថៃ ដោយប្រើប្រាស់យន្តការកិច្ចព្រមព្រៀងដែលមានស្រាប់ ការទូត គ្រប់វិស័យ។ ប៉ុន្តែកម្ពុជារក្សាសិទ្ធនៅក្នុងការការពារអធិបតេយ្យភាពជាតិ ការពារឧត្តមប្រយោជន៍ជាតិ តាមគ្រប់វិធានការដែលយើងអាចធ្វើទៅបាន មិនថាកម្លាំងប្រដាប់អាវុធ ឬមួយក៏វិធានការនានា ដូចជារឿងព្រំដែន និងសេដ្ឋកិច្ចដែលយើងចាំបាច់ត្រូវតែធ្វើ។ យើងមិនបានដាក់គោលការណ៍ផ្ដាច់ ឬបំផ្លាញទំនាក់ទំនងដែលមាន ៧៥ឆ្នាំមកហើយទេ ប៉ុន្តែយើងក៏មិនឱន មិនទន់ជ្រាយ ដល់ថ្នាក់មកជាន់ប្រមាថយើងដែរ។ យើងក៏មិនឱនដើម្បីផលប្រយោជន៍សេដ្ឋកិច្ចនោះទេ។ បើនិយាយពីផលប្រយោជន៍សេដ្ឋកិច្ចរវាងអ្នកទិញនិងអ្នកលក់ តែអ្នកទិញឈប់ទិញ អ្នកលក់ខាតច្រើនជាង។ មិនមែនអំណោយទេ។ បើសិនអ្នកផ្ដល់អំណោយ ហ្នឹងបានគេផ្ដាច់អំណោយយើងបាត់ ដូចផ្ដាច់ជំនួយដូចនៅ ហ្កាហ្សា អីនោះ។
(១៩) និស្សិត/ប្រជាពលរដ្ឋខ្មែរនៅអឺរ៉ង់និងអ៊ីស្រាអែល សូមទាក់ទងទូតនៅទួគីនិងឥណ្ឌា ក៏ដូចជាធ្វើទំនាក់ទំនងនិងស្តាប់ការណែនាំនៃអាជ្ញាធរមូលដ្ឋាន
និយាយរឿង ហ្កាហ្សា ខ្ញុំសូមបញ្ជាក់បន្តិច។ យើងកំពុងប្រឈមដោះស្រាយនៅក្នុងប្រទេស ប៉ុន្តែប្រជាពលរដ្ឋយើងនៅកន្លែងណាដែលមានបញ្ហា យើងមិនចោលទេ។ ជាក់ស្ដែង ក្នុងពេលដែលកំពុងផ្ទុះអាវុធ បាញ់មីស៊ីលទៅវិញទៅមក នៅប្រទេសអឺរ៉ង់និងអ៊ីស្រាអែល ទោះបីជាមិនបានប្រកាសតាមអនឡាញឬមួយអីក៏ដោយ រាជរដ្ឋាភិបាល/ក្រសួងការបរទេស ទូតរបស់យើងប្រចាំអ៊ីស្រាអែល មាននិវេសនដ្ឋាននៅទួគី, ទូតរបស់យើងប្រចាំនៅអឺរ៉ង់ដែលមាននិវេសនដ្ឋាននៅឥណ្ឌា បានធ្វើការជាប់ជាប្រចាំ។ ក្រសួងកសិកម្ម ក្រសួងការបរទេស ក្រសួងអប់រំ ស្ថាប័នមួយចំនួន ដូចជាអគ្គចារកិច្ចប្រទាក់ក្រឡាជាមួយនិស្សិត និងប្រជាពលរដ្ឋសួរសុខទុក្ខប្រចាំថ្ងៃ អ្នកដែលយើងទាក់ទងបាន។ ព្យាយាមទាក់ទងអ្នកផ្សេងទៀត ជាពិសេសនៅអ៊ីស្រាអែល តើគាត់បញ្ហាអី? ធ្វើការជាប្រចាំ។ តើគាត់នៅក្នុងរង្វង់មានគ្រោះថ្នាក់ឬអត់? ដូចកាលពីពេលវាយគ្នាឆ្នាំ២០២៣ យើងតាមជាប់ជាប្រចាំ ទោះបីយើងមិនជម្លៀសចេញ តែកន្លែងណាមានហានិភ័យ យើងតាមជាប្រចាំ។
ខ្ញុំសូមផ្ដាំទៅបងប្អូនប្រជាពលរដ្ឋដែលមានកូន ក្មួយ ក៏ដូចនិស្សិតរបស់យើងនៅប្រទេសអឺរ៉ង់ និងអ៊ីស្រាអែល រាជរដ្ឋាភិបាលមិនបានចោលបងប្អូនទេ។ ក្រសួងការបរទេសបានជូនព័ត៌មានហើយ។ បើមានកិច្ចការអីសូមទៅទាក់ទង ដោយទូតរបស់យើងនៅទួគី សម្រាប់នៅអ៊ីស្រាអែល និងទូតរបស់យើងនៅឥណ្ឌាប្រចាំនៅអឺរ៉ង់។ សូមទាក់ទង។ ទោះបីយើងអត់មានទូតនៅទីនោះ យើងនឹងខិតខំទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន សូមអោយបងប្អូនស្ដាប់អាជ្ញាធរមូលដ្ឋានណែនាំ។ ខ្ញុំសូមអំពាវនាវអោយរដ្ឋបាលប្រទេសអឺរ៉ង់និងអ៊ីស្រាអែល យកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋពីបរទេសនៅទីនោះ រួមទាំងកម្ពុជាផង។ ប្រជាពលរដ្ឋយើងនៅកន្លែងណា មិនថាតែនៅក្នុងប្រទេស ឬប្រទេសថៃ និងកន្លែងណានោះទេ យើងយកចិត្តទុកដាក់គ្រប់ពេលវេលា។ មិនថាយើងជាប់ដៃរឿងនៅកន្លែងនេះទេ តែយើងមិនភ្លេចប្រជាពលរដ្ឋយើងទេ។ នេះរសជាតិសង្គ្រាមមិនល្អទេ។ មិនមែនវ៉ៃតែប្រទេសហ្នឹងគ្រោះថ្នាក់ ថែមទាំងគ្រោះថ្នាក់ដល់អ្នកដែលនៅក្នុងនោះទៀត។ កម្ពុជាប្រកាន់ជំហរបែបនេះមិនរាថយ មិនកែប្រែ។ នេះគឺជាសារ សំខាន់។
(២០) រាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ សិក្សាត្រៀមលក្ខណៈ បង្កើនសមត្ថភាព ភ្ជាប់ទីផ្សារក្នុងប្រទេស កុំពឹងដង្ហើមពីក្រៅច្រើនពេក
យុវជនរបស់យើងនៅទីនេះដែលភាគច្រើនសុទ្ធតែថ្នាក់ដឹកនាំនៅក្នុងស្ថាប័ន កងកម្លាំងប្រដាប់អាវុធ ក៏ដូចជានៅក្នុងវិស័យឯកជនផ្សេងៗ ក៏គួរតែយល់ហើយ ក៏សូមចូលរួមដើម្បីគាំទ្រ។ ខ្ញុំសូមអរគុណ ក្នុងមួយរយៈនេះ ឃើញចលនាគាំទ្រផលិតផលខ្មែរ។ ម្សិលម្ងៃឃើញបង្ហោះ ជីប ម៉ុង ទិញល្ពៅពីបងប្អូនយើង។ ក្រសួងពាណិជ្ជកម្មចរចាបន្ថែមទៀត។ បងប្អូនយើងគាំទ្រ អ្នកទិញតាមអនឡាននិងផ្ទាល់ផង។ នេះគឺស្មារតីខ្មែរជួយខ្មែរក្នុងគ្រាលំបាក។ រាជរដ្ឋាភិបាល ក្រសួងជំនាញពាក់ព័ន្ធយើងបានសិក្សាត្រៀមលក្ខណៈ ប៉ុន្តែពេលជាមួយគ្នាខ្ញុំបានអោយគោលការណ៍ តាំងពីមុនរឿងនេះកើតឡើងនោះ ខិតខំបង្កើនសមត្ថភាពផ្ទៃក្នុង ធ្វើការធានាផ្នែកណាមួយ ភ្ជាប់ទីផ្សារខាងក្នុងប្រទេស កុំពឹងដង្ហើមខាងក្រៅច្រើនពេក។ ធ្វើពិពិធកម្ម។ យើងមិនអាចផលិត ១០០មុខខ្លួនឯងទេ។ ជឿចុះ គ្មានអ្នកណាផលិតបន្លែ ១០០មុខឬ ១០០០មុខទេ (ផលិត)គ្រប់(មុខទេ)។ យើងត្រូវធ្វើពាណិជ្ជកម្មហើយ ប៉ុន្តែកុំភ្លេចទីផ្សារក្នុងស្រុកក៏ច្រើន សល់ប៉ុន្មានយើងនាំចេញ ដូចជាស្រូវ។ អង្ករ និងផ្សេងៗយើងផលិតហូបក្នុងស្រុក សល់ប៉ុន្មានយើងនាំចេញ …។
បងប្អូនបានដឹង យល់ និងលឺហើយ។ ថ្ងៃមុន ប្អូនមួយដែលខ្ញុំលើក សម្ដេចតេជោ លោកបានបង្ហោះថាឃើញតែគេជេរសម្ដេចតេជោ ថាខ្ចីលុយគេធ្វើផ្លូវ ខ្ចីលុយគេធ្វើនេះ/នោះ ជំពាក់គេវ័ណ្ឌក។ ឃើញហៅចិនមកធ្វើវារីអគ្គិសនី ធ្វើអីផ្សេងៗ ថាយើងស្លាប់ហើយ ជំពាក់គេស្លាប់ហើយ។ សួរថាយកធ្វើអី? យកមកវិនិយោគធ្វើហេដ្ឋារចនាសម្ព័ន្ធ សមត្ថភាពផលិតផ្ទៃក្នុង មិនថា ភ្លើង អ៊ីនធើណិត។ យើងមិនទាន់មានសមត្ថភាពផ្ទៃក្នុងផលិតវិនិយោគ យើងក៏ហៅស្វាគមន៍អ្នកខាងក្រៅមកវិនិយោគ។ យើងក៏លើកទឹកចិត្តរបស់យើង។ ពីដើមទីយើងនាំចូលស៊ីម៉ងត៍។ ឥឡូវយើងផលិតខ្លួនឯង។ ផលិតផលផ្សេងៗ ច្រើន។ យើងត្រូវបង្កើនសមត្ថភាពនិងជួយ។ ក្នុងពេលនេះសូមក្រសួងពាណិជ្ជកម្មមើលការគ្រប់គ្រងតម្លៃផ្សេងៗ។ ម្សិលមិញចំពេលដែល(មានការទម្លាក់)ប៉ុន្មានគ្រាប់នៅអឺរ៉ង់ ប្រេងឡើងថ្លៃលើពិភពលោក។ នេះជាកត្តាខាងក្រៅ ប៉ុន្តែកត្តាខាងក្នុងនិងកត្តាឆ្លៀតឱកាស។
(២១) ក្រសួងពាណិជ្ជកម្មគ្រប់គ្រងគុណភាពនិងតម្លៃ និងបង្កាការពង្រីកបញ្ហារយៈពេលខ្លីទៅហួសពេក
សូមអំពាវនាវបងប្អូនដែលលក់បន្លែនិងផ្លែឈើ សូមប្រកាន់ និងកុំឆ្លៀតឱកាស។ កត្តាធម្មជាតិ ចំណេញបាន ប៉ុន្តែបើសិនជាឆ្លៀតឱកាសថាគេបិទពីនោះដំឡើងថ្លៃអោយខ្ពស់ យកចំណេញគឺយ៉ាប់ហើយ។ ដូចកាលពីពេលសម្ដេចតេជោ ទៅជួបកងទ័ពឆ្នាំ២០១០ មានហាងមួយនៅអន្លង់វែង។ គុយទាវគាត់លក់មួយចានឡើងថ្លៃជាបី។ គេសួរថា ម៉េចក៏លក់ថ្លៃម្លេះ? គាត់ថា កម្រមានសម្ដេចតេជោចុះមក។ សូមកុំយកហេតុផលថា កាលណាយើងវ៉ៃគ្នាម្ដង ដំឡើង(ថ្លៃខ្ពស់)អោយសោះ។ កុំឆ្លៀត។ យើងរួមគ្នា។ ក្រសួងពាណិជ្ជកម្មគ្រប់គ្រង អោយជាប់ ទាំងគុណភាព និងតម្លៃផ្សេងៗ។ ការឆ្លៀតឱកាសផ្សេង ការដំឡើងដោយសារកត្តាផ្សេងៗពិតប្រាក ដូចជាប្រេងឡើង/ចុះ។ ខ្ញុំជឿថា បងប្អូនរបស់យើងមិនធ្វើទេ។
ប្រេងអត់ដាច់ស្តុកទេ។ យើងធានា។ ថ្ងៃនេះ ឯកឧត្តម កែវ រតនៈ ជួបធ្វើការជាមួយក្រុមហ៊ុនផ្សេងៗ។ យើងមិនមែនទៅសុំគេទេ ប៉ុន្តែយើងមានលទ្ធភាព(ទិញ)។ នេះជាមធ្យោបាយរយៈពេលខ្លី។ អ្វីក៏ដោយ វាត្រូវតែមានដំណោះស្រាយ។ សូមបងប្អូនប្រជាពលរដ្ឋកុំពង្រីកបញ្ហាដែលកើតរយៈពេលខ្លីនេះឱ្យហួសព្រំដែន ជាពិសេសឈានទៅដល់ការបង្កើតរឿងដែលនាំអោយស្អប់គ្នា។ ប្រជាជនថៃដែលរស់នៅក្នុងប្រទេសកម្ពុជា។ ឃើញអ្នក TIKTOK មួយគូរនោះល្បីណាស់។ ប្ដីថៃប្រពន្ធខ្មែរ។ គ្រាន់តែផ្ទុះរឿងភ្លាមគាត់ភ័យ មិនដឹងរត់ទៅណា។ បើរត់ទៅណា មានតែបែកគ្នា។ បើចង់នៅជាមួយគ្នា មានតែត្រូវតែនៅប្រទេសមួយ។ អញ្ចឹង កុំបង្កើតអរិភាព។ មានកំណើនកំដៅនៅខាងប្រទេសថៃ ដែលគេចាប់ផ្ដើមវាយប្រហារពលករយើងមួយចំនួននៅទីនោះ។ បើមានបញ្ហាបងប្អូនត្រឡប់មកវិញ កម្ពុជាស្វាគមន៍ យើងនឹងរង់ចាំទទួល អត់មានបញ្ហាអីទេ។
(២២) មិនចាប់ លោកតា ស៊ូច បញ្ជូនទៅណាទេ សូមស្វាគមន៍ប្រជាពលរដ្ឋខ្មែរវិលពីថៃមកប្រទេសវិញ
លឺថាលោកតា ស៊ុច លោកនិមន្តមក។ លោកមានសង្ឃដីកាថា អត់ទៅខាងនោះទេ។ លោកមានសង្ឃដីកាយ៉ាងម៉េច អីយ៉ាងម៉េចខ្ញុំមិនលូកទេខាងព្រះសង្ឃ ប៉ុន្តែអ្វីដែលសំខាន់ លោកមានអាសន្ន លោកត្រូវការមកកម្ពុជា។ ខ្ញុំបានប្រកាសហើយ ក្រែងលោលោកថាមកដល់យើងចាប់បញ្ជូនទៅណា។ អត់ចាប់ទេ។ លោកចង់និមន្តទៅគង់នៅឯណាស្រេចតែលោក។ អត់មានបិទសិទ្ធសេរីភាពទេ។ ទទួលបាន មិន(បញ្ជូន)ទៅណាទេ។
តាមព្រំដែន ប្រជាពលរដ្ឋនៅប្រទេសថៃ ខ្លះមានឯកសារ ខ្លះទៅយូរអត់ឯកសារ ទៅទូត មកកុងស៊ុល សម្រួលអោយគាត់មក។ យើងអោយគាត់ចូល កុំលំបាក។ ឱ្យតែជាប្រជាជនខ្មែរយើងដែលនៅទីនោះ។ អ្នកខ្លះគេស្រែកដេញខ្មែររាប់លាននាក់ទៅវិញទៅ។ ប៉ុន្តែចង់សាកមើល (បើ)ប្រជាពលរដ្ឋខ្មែរមកតែកន្លះលាននាក់មើល។ ឯកឧត្តម ហេង សួរ រាយការណ៍មក គេមិនត្រឹម(តែមិន)ដេញ តែទៅជាស្ងប់ ហើយលើកទឹកចិត្តថែមទៀត។ ស្រួលដែរបានផលទាំងអស់គ្នា។ ខ្មែរបានផលទាំងអស់។ កុំឌឺកម្ពុជា កុំមើលងាយកម្ពុជា។
សមត្ថភាពយើងមានគ្រប់គ្រាន់។ កុំភ្លេចថាប្រទេសនេះធ្លាប់ពីឆ្នាំ៨០ ចេញមកបាតដៃទទេ គេហ៊ុំព័ទ្ធគ្រប់ទិសសល់តែច្រកតិចតួចនៅរស់បាន និងទប់ជាមួយការវិលត្រឡប់នៃរបបខ្មែរក្រហម មកដល់ម៉ោងនេះ។ ខ្ញុំចូលមើលនៅក្នុងខម្មិន ប្រជាពលរដ្ឋយើងថា កុំថាខ្មែរដូច ២០ឆ្នាំមុន។ បានន័យថា ប្រជាពលរដ្ឋយើងជឿទុកចិត្ត ជឿជាក់ ព្រមទទួលស្គាល់ការអភិវឌ្ឍន៍ ទោះបីជាត្រូវការរិះគន់វាយប្រហារ ពីមជ្ឈដ្ឋាននយោបាយមួយចំនួន ថាខ្ចីអ្នកនេះ មិនអោយអ្នកនេះវិនិយោគក្តី ប៉ុន្តែផលជាក់ស្ដែងបានឃើញហើយគឺវាបង្កើនសមត្ថភាពរបស់កម្ពុជា ម្ចាស់ការឯករាជ្យភាព ធានាតម្រូវការរបស់ប្រជាជនគ្រប់វិស័យ។ នេះជាអ្វីដែលយុវជនរបស់យើងត្រូវបន្តធ្វើ។ មកដល់ម៉ោងនេះយើងធ្វើបានប៉ុណ្ណេះ ថ្នាក់ដឹកនាំរបស់យើងដែលកសាងប្រទេស ៤០ឆ្នាំ គាត់បានកសាងនូវមូលដ្ឋានច្រើនណាស់ទុកអោយយើង ដែលយើងមានការត្រូវបន្តថែរក្សា និងពង្រីកសមត្ថភាពនេះអោយកាន់តែខ្លាំងថែមទៀត សម្រាប់អ្នកជំនាន់ក្រោយ។
(២៣) រាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធ រួមជាមួយប្រជាជនក្នុងនិងក្រៅប្រទេស មូលមតិគាំទ្រ ជាកម្លាំងមូលនៃជាតិមួយ
យើងមិនចាំបាច់អួតប្រាប់អ្នកណាទេ។ ដល់ពេលយើង បង្ហាញទៅចប់ហើយ។ ពិតណាស់ នៅតាមផ្លូវ និងជំហាននីមួយៗ មានអ្នកយកដុំថ្មគប់។ ពេលខ្លះយើងមិនបាច់លោតចុះពីផ្លូវគេចទេ។ យើងដើរទៅ។ ទៅដល់ទីតាំងកន្លែងនោះមួយ ទៅដល់គោលដៅរបស់យើង ពេលនោះសមិទ្ធផលជាក់ស្ដែង នឹងបង្ហាញនូវសច្ចភាពនៃការខិតខំរបស់យើង។ ម៉ោងថ្មើរនេះ ដែលរាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធរបស់យើង រួមជាមួយប្រជាជនយើងនៅទូទាំងពិភពលោក មិនថាខ្មែរនៅក្នុង ឬក្រៅប្រទេស មូលមតិគ្នា គាំទ្រគ្នា ស្រឡាញ់គ្នា ទោះបីជាមួយចំនួនគាត់មានរឿងអីជារឿងជារបស់គាត់ ប៉ុន្តែកម្លាំងនៅមូល។ ខ្ញុំសូមឲ្យបងប្អូននៅរក្សាភាពមូល ជាជាតិមួយរបស់យើង ដែលជាខែលសំខាន់។ ពាក្យក្មេងៗ ឧស្សាហ៍ផូសតាមបណ្ដាញសង្គមថា «តិចតែតាន់»។ ខ្ញុំមិនសូវច្បាស់ទេ ទាល់តែសួរយុវជនបានដឹង។ តែយើងនៅមូលជាមួយគ្នា។ ទោះបីប្រទេសយើងតូច ក៏គេមិនអាចបំបែក ព្រោះវាមាំ។ ធំតែសម្បក ប្រយ័ត្នជល់អីបន្តិចបែក។ កុំយកអាធំមកបុកនឹងអាតូច ប្រយ័ត្នអាតូចបុកធ្លាយ ដោយសារអាតូចនេះមាំនៅមូលមតិជាមួយគ្នា។ ដូចពេលបច្ចុប្បន្ននេះ ខ្មែរយើងរួមគ្នា ក្នុងបុព្វហេតុការពារជាតិ ការពារទឹកដី ការពារឧត្ដមប្រយោជន៍ និងកិត្តិយសជាតិយើង។
ខ្ញុំសូមលើកប៉ុណ្ណឹង។ ពាក់ព័ន្ធនឹងប្រធានបទរបស់យើងវិញ យុវជនអត់ដាច់ទេ។ ប្រតិបត្តិផ្ទាល់នៅទីនេះ។ លើនេះ បូកនឹងជាតំណាងនៃជាតិខ្មែរយើង ជាជំនាន់ក្រោយរបស់យើង ត្រូវដឹងពីស្ថានភាពប្រទេសជាតិ ត្រូវយល់អំពីការខិតខំប្រឹងប្រែង ការរួមគ្នារបស់យើង គឺយើងដើរផ្លូវត្រូវ។ ពេលដែលបងប្អូនយល់ហើយ ការព្យាយាមបំពុលអីផ្សេងៗ លែងទៅរួចហើយ។ បើទោះបីជាធ្វើយ៉ាងណា ស្អីមកយ៉ាងណា ខ្យល់បក់មកពេលណាក៏ដោយ សម្រាប់កម្ពុជា សម្រាប់រដ្ឋាភិបាល និងកងទ័ពរបស់យើង គឺយើងមិនខ្ទាតចេញពីផ្លូវដែលយើងដើរនោះទេ។ ដើរ(នោះគឺដើរ)ផ្លូវត្រូវ ថែរក្សាសន្តិភាព ស្ថិរភាព បូរណភាពទឹកដី និងឧត្ដមប្រយោជន៍ជាតិរបស់យើង ដោះស្រាយបញ្ហាដោយសន្តិវិធីតាមយន្តការច្បាប់ ICJ មិនដកថយ បូកនឹងការខិតខំការពារនូវស្មារតីឯកភាពជាតិរបស់យើង។ បើយើងដាក់ជាមួយគ្នានៅពេលនេះ លើសខ្វះអីបន្តិចបន្តួច បញ្ហាអីបន្តិចបន្តួច គឺយើងរួមគ្នា។
(២៤) ធ្វើការតាមបំណងប្រាថ្នារបស់ម្ចាស់ឆ្នោត គឺ “ដឹកនាំក្នុងការលំបាក តម្រង់ទិស និងដោះស្រាយបញ្ហា”
យើងបិទការនាំចូលប្រេងនេះ បងប្អូនក្រុមហ៊ុនប្រេងដឹងថា គាត់នឹងត្រូវមានការកែសម្រួលភ្លាមៗ។ តែគាត់មិនរអ៊ូទេ។ គាត់ថា ធ្វើម៉េចដើម្បីការពារជាតិរបស់យើង។ គាត់យល់ថា រាជរដ្ឋាភិបាលត្រូវតែធ្វើ(រឿងនេះ) ដើម្បីកុំឲ្យប្រើជាអាវុធ ដើម្បីបង្ហាញអំពីសមត្ថភាព ហើយក៏ជាការសាកល្បងនូវសមត្ថភាពក្នុងការឆ្លើយតបនឹងហានិភ័យផ្សេងៗរបស់កម្ពុជា។ អញ្ចឹងហើយ ខ្ញុំសូមអរគុណដល់បងប្អូនក្រុមហ៊ុន ទាំងក្រុមហ៊ុនខាងអគ្គិសនី ទាំងអ៊ិនធើណិត ទាំងប្រេង និងអ្នកដែលប៉ះពាល់ពីការបិទច្រកព្រំដែន ជាពិសេសចាប់ផ្ដើមដោយ(អំពើជា)ឯកតោភាគីរបស់ថៃ។ សង្ឃឹមថាបញ្ហានេះនឹងដោះស្រាយបានឆាប់។ ប៉ុន្តែ សោបានធ្លាក់នៅលើដៃខាងនោះហើយ។ តើគេចាក់ពេលណា រឿងពេលនោះ។ កម្ពុជាកំដរគ្រប់ពេល។ អ្នកឯងចាក់សោ ក៏ខ្ញុំមិនស្លាប់ដែរ។ ចាក់តែទ្វារមួយហ្នឹង (នៅមាន)ខាងនេះ(ខាងនោះ)។ ប្រេង(អាចនាំ)ពីសិង្ហបុរី អ៊ិនធើណិតនិងអគ្គិសនីក៏ក្នុងស្រុក(ផ្គត់ផ្គង់) (យើងមាន)វារីអគ្គិសនី ៧កន្លែង រោងចក្រប៉ុន្មានថែមទៀត។ ខ្ញុំទើបនឹងស៊ីញ៉េដើមឆ្នាំ២០២៥ លើ ២៣គម្រោងទៀត គឺសូឡា និង(អគ្គិសនីដើរដោយ)កង្ហារស្អីៗ។ បានន័យថា ថ្ងៃនេះ យើងមានសមត្ថភាពប៉ុននេះ ក្នុងប៉ុន្មានឆ្នាំទៅមុខទៀត ប្រព័ន្ធនេះនឹងកើន យើងនឹងកាន់តែសម្បូរសប្បាយថែមទៀត នូវសមត្ថភាពធានាដោយខ្លួនឯង។ ពេលខ្លះ គឺពេលលំបាកដែលពង្រឹងនិងបង្រួមកម្លាំងជាតិរបស់យើងឲ្យនៅជាមួយគ្នា។
ខ្ញុំសូមអរគុណណាស់ចំពោះការផ្ដល់ឱកាសឲ្យខ្ញុំនៅថ្ងៃនេះ។ ពេលខ្លះដាក់សារពីរបីបន្ទាត់តាមអនឡាញ វាមិនសូវក្បោះក្បាយ។ មួយថ្ងៃៗ ឃើញតែព័ត៌មានវាលោតរហូត។ ទាំងយើងទាំងគេ។ យើងមានយន្តការខាងព័ត៌មានហើយ ជួនកាលអ្នកនាំពាក្យចេញ ជួនកាលក្រសួងចេញ ប៉ុន្តែពេលខ្លះ ម្ដងម្កាលយើងបូកសរុបវាស្ដាប់ទៅ។ ជួនកាលចេញ live អញ្ចេះទៅ ក្រែងលោ(ក្បោះក្បាយជាង) ហើយរឿងខ្លះទាល់តែខ្ញុំបកស្រាយទើបវាអស់ ព្រោះគោលគំនិតក្រសួងស្ថាប័នមួយចំនួនដែលខ្ញុំប្រគល់ឲ្យធ្វើនោះ មិនបានប្រាប់ថាគោលគំនិតឲ្យយល់ទាំងអស់គ្រប់ជ្រុងនោះទេ។ ក្រសួងមួយធ្វើមួយជ្រុងទៅ។ ការបរទេសគិតតែរបស់គាត់ទៅ។ យើងមិនបានឲ្យតែធ្វើអ្វីមួយ មកប្រជុំគ្នាធ្វើឯណា គឺនាយករដ្ឋមន្រ្តីបញ្ជាទៅ ជជែកជាមួយជំនាញ។ អញ្ចឹង ទាល់តែខ្ញុំឡើងមកនិយាយទៅ ទើបវាគ្រប់ជំនាញតែម្ដង។ ជួនកាលជាអ្នកផ្ដួចផ្ដើមត្រូវទទួលខុសត្រូវ ព្រោះយើងជាអ្នកសម្រេច អ្នកទទួលខុសត្រូវ។ ឯកឧត្ដម មាន ចាន់យ៉ាដា សួរថា “សម្ដេច! បិទហ្នឹងដាក់ត្រឹមខេត្តបានហើយ កុំឲ្យគេបន្ទោសថ្នាក់ជាតិ”។ ខ្ញុំថា “ខ្ញុំបញ្ជា ខ្ញុំទទួលខុសត្រូវ។ ដាក់ថាខ្ញុំបញ្ជាតែម្ដងទៅ”។ នៅកម្ពុជា មិនមែនថ្នាក់ក្រោមជាតិធ្វើស្រេចតែចិត្តទេ។ មិនមែននៅប្រទេសខ្លះ នាយករដ្ឋមន្រ្តីនិយាយ ទាហានធ្វើផ្ទុយទេ។ ដាក់តែម្ដងទៅ ខ្ញុំជាអ្នកបញ្ជា …។
ខ្ញុំមិនមែនជាអ្នកបំផុសស្មារតីជាតិនិយមទេ ខ្ញុំគ្រាន់តែធ្វើការតាមអ្វីដែលប្រជាជនបោះឆ្នោតឲ្យខ្ញុំធ្វើ គឺដឹកនាំក្នុងការលំបាក តម្រង់ទិស និងដោះស្រាយបញ្ហា។ បើសិនជាការដឹកនាំរបស់ខ្ញុំ ធ្វើឲ្យប្រជាជាតិនៅពីក្រោយរបស់ខ្ញុំ(កើតជាស្មារតីជាតិនិយម) បានន័យថា ខ្ញុំធ្វើកាតព្វកិច្ចត្រូវហើយ។ កុំបន្ទោសខ្ញុំថាលេងល្បែងជាតិនិយមដើម្បីប្រជាប្រិយភាពនោះ។ ខ្ញុំគ្រាន់តែដោះស្រាយ ដឹកនាំជាតិរបស់ខ្ញុំនៅក្នុងការការពារអធិបតេយ្យភាព និងឧត្ដមប្រយោជន៍ជាតិនោះទេ ហើយវាជាកាតព្វកិច្ចដែលប្រជាជនជាង ១៧លាននាក់ ប្រគល់ឲ្យខ្ញុំ។ សម្ដេចតេជោក៏ដូចគ្នា ក្នុងនាមជាប្រធានគណបក្សកាន់អំណាច។ បើសិនជាមានរឿងបែបនេះហើយ ខ្ញុំនិងសម្ដេចតេជោ ទៅសម្ងំរកសុខ (តើ)ត្រូវឬទេ? អញ្ចឹង ខ្ញុំមិនបានបំផុសស្មារតីជាតិនិយមទេ តែប្រជាជននៅពីក្រោយរាជរដ្ឋាភិបាលដែលមានខ្ញុំដឹកនាំ ដោយសារខ្ញុំធ្វើកាតព្វកិច្ចដែលបងប្អូនប្រគល់ឲ្យ នៅពេលវេលាដែលត្រូវការ … បើចោទខ្ញុំនិងសម្ដេចតេជោ ថាយករឿងនេះធ្វើជាល្បែងជាតិនិយម មិនត្រូវទេ។ ថ្នាក់ដឹកនាំទាំងអស់គ្រប់ក្រសួងស្ថាប័ន ខិតខំធ្វើការងាររបស់ខ្លួន មិនមែនដើម្បីបំផុសចលនានោះទេ។ អ្នកគ្រវីទង់ ត្រូវទទួលខុសត្រូវ …។
(២៥) គ្រវីទង់ការពារប្រយោជន៍ជាតិ និងប្រជាជន ដែលផ្ដល់ទំនុកចិត្តតាមរយៈការបោះឆ្នោត២០២៣
អ្នកខ្លះថា ធ្វើបែបហ្នឹងមិន professional។ អ្នកឯងធ្វើអីក្រោយ គេធ្វើអីយ៉ាងម៉េច ខ្ញុំមិនទៅលូកជំនាញទាំងអស់ទេ។ ការងារផ្សេងៗ រឿងព្រំដែន ឲ្យ JBC ធ្វើ ការទូតឲ្យធ្វើ។ តែការសម្រេចចិត្តខ្លះដែលវាផុតពីព្រំដែន យើងត្រូវចេញមុខទទួលខុសត្រូវ។ បើខ្ញុំប្រកាសថា បិទព្រំដែន បើមានរឿងអី ខ្ញុំជាអ្នកទទួលខុសត្រូវ មិនមែនខេត្តនោះទេ។ បើខ្ញុំថា ឈប់ឲ្យនាំចូលប្រេងមក មិនមែនក្រសួងរ៉ែនិងថាមពល រដ្ឋមន្រ្តីទទួលខុសត្រូវនោះទេ។ ខ្ញុំជាអ្នកទទួលខុសត្រូវ។ កុំខ្លាច វាយចុះ។ ហេតុនេះហើយបានជាខាងនោះជេរតែខ្ញុំ និងសម្ដេចតេជោ។ ធ្វើអីធ្វើចុះ ខ្ញុំការពារប្រយោជន៍ជាតិខ្ញុំ អ្នកឯងស្រឡាញ់មិនស្រឡាញ់អត់ទៅ។ ជាតិខ្ញុំ និងប្រជាជនខ្ញុំ ផ្ដល់ការទុកចិត្តតាមរយៈការបោះឆ្នោតឆ្នាំ២០២៣ ហើយត្រូវការមេដឹកនាំដែលគ្រវីទង់ដើម្បីធ្វើការងារ។ ខ្ញុំសូមបញ្ជាក់ប៉ុណ្ណេះ ធ្វើទៅ ខ្ញុំទទួលខុសត្រូវ អត់មានឲ្យអ្នកណា(ទទួលជួសទេ)។ ជាមេដឹកនាំយើងអាចប្រតិភូកម្មសិទ្ធិ តែមិនអាចប្រតិភូកម្មការទទួលខុសត្រូវនោះទេ។ បើសិនជារដ្ឋមន្រ្តីណាមួយធ្វើខុសគោលការណ៍ មិនអាចទម្លាក់កំហុសទៅគេទាំងស្រុងទេ។ យើងអត់សមត្ថភាពគ្រប់គ្រងរដ្ឋមន្រ្តី យើងជាអ្នកទទួលខុសត្រូវ ផ្ទៃក្នុងនិយាយគ្នា។
ប៉ុន្តែ សម្រាប់ទៅក្រៅ យើងជាអ្នកទទួលខុសត្រូវ។ នេះហើយគឺជាកិច្ចការសំខាន់។ ដោយសារខ្ញុំនិងសម្ដេចតេជោ ឧស្សាហ៍ចេញ(សារ) ពេលយើងប្រតិកម្ម ចាប់ផ្ដើមធ្វើវិធានការមកវិញ។ ហ្នឹងហើយបានជាគេយកទៅថា ពីរនាក់នេះនាំគ្នាធ្វើ(ការ)តាមហ្វេសប៊ុក unprofessional។ ប្រើហ្វេសប៊ុកដើម្បីប្រជាប្រិយភាព ទៅជាអញ្ចេះឆ្កុយ។ ខ្ញុំត្រូវការនិយាយជាមួយប្រជាពលរដ្ឋខ្ញុំ។ វិធីសាស្រ្តមិនអាចថាត្រូវតែរៀបចំវេទិការាល់ថ្ងៃដើម្បីខ្ញុំធ្វើអ្នកនាំពាក្យឲ្យរាជរដ្ឋាភិបាលនោះទេ តែខ្ញុំបញ្ចេញសារមួយចំនួន។ សារណាដែលពាក់ព័ន្ធនឹងការទទួលខុសត្រូវខ្ពស់ យើងត្រូវចេញទទួលគ្រវីទង់តែម្ដង។ អញ្ចឹង ក្រសួងស្ថាប័នទាំងអស់ ខេត្តទាំងអស់ កងទ័ពទាំងអស់ ដរាបណាឯកឧត្ដម លោកជំទាវ ដឹកនាំអនុវត្តនូវគោលការណ៍ក្នុងគោលគំនិតរួម ធ្វើទៅ នៅក្នុងដែនអធិបតេយ្យភាពដែលខ្ញុំប្រគល់ឲ្យ ឆ្លងយោបល់អីផ្សេងៗ កុំខ្លាច ហើយកុំខ្លាចថាខ្ញុំជាអ្នកបញ្ជាឲ្យធ្វើ។
ខ្ញុំអរគុណណាស់ដែលចង់ពាំងទ្រូង។ ឯកឧត្ដម មាស ចាន់យ៉ាដា ថា “សម្ដេច! ទុកឲ្យខ្ញុំអ្នកចេញ បើមានរឿងអីទុកឲ្យខ្ញុំទទួល កុំឲ្យដល់រាជរដ្ឋាភិបាល”។ ខ្ញុំថា “ធ្វើទៅ ហើយថាខ្ញុំជាអ្នកបញ្ជាផងទៅ ក្នុងសំបុត្រ”។ តែគាត់មិនដាក់។ វាត្រឹមត្រូវហើយ។ រដ្ឋបាលខេត្ត។ ខ្ញុំចេញមកដាក់សារតែម្ដង។ ខ្ញុំដាក់ពាក្យបញ្ជាតែម្ដង។ ទី១ រឿងបិទច្រកជប់គគីរ គឺជាការឆ្លើយតប។ ហ្នឹងខេត្តបានលើកយោបល់ ខ្ញុំឯកភាព។ ប៉ុន្តែ បិទថែមច្រកជាំ គឺមិនមែនខេត្តជាអ្នកសុំទេ។ គឺបញ្ជាថែម។ បើជ្រុលជាគេធ្វើអញ្ចឹងចុះឡើងៗ យើងបិទមួយថែមទៀតឲ្យ Free តែម្ដង កុំលំបាក។ កន្លែងដែលគាត់បិទ ១ម៉ោងក្នុងមួយថ្ងៃ មួយអាទិត្យបើកតែ ៣ម៉ោង ប្រជាពលរដ្ឋនៅទីនោះស្រែកថា បើកតែ ៣ម៉ោង ចំណេញតែពួកគាត់(ថៃ)ហ្នឹង … ខ្ញុំថា ឥឡូវបិទតែម្ដងទៅ។
(២៦) នាយករដ្ឋមន្រ្តីនៅកម្ពុជា ដឹកនាំធ្វើនិងទទួលខុសត្រូវ
ខ្ញុំសូមបញ្ជាក់ប៉ុណ្ណេះ រាល់កិច្ចការទាំងអស់នេះ រាជរដ្ឋាភិបាលមិនបានប្រគល់សិទ្ធិឲ្យអ្នកណាមួយធ្វើនោះទេ។ នាយករដ្ឋមន្រ្តីនៅកម្ពុជាដឹកនាំធ្វើ និងទទួលខុសត្រូវ។ បើនៅប្រទេសខ្លះពេលមានសភាពការណ៍ រាជរដ្ឋាភិបាលថាខ្ញុំសុំដកខ្លួនហើយ ប្រគល់ជូនទៅអ្នកនេះ/នោះ។ រឿងច្បាប់ស្រុកគេ ខ្ញុំមិនដឹងទេ មានការអី រឿងអ្នកនោះ មិនមែនខ្ញុំទេ។ អញ្ចឹង បានពេលខ្លះអ្នកលើនិយាយផ្សេង អ្នកក្រោមធ្វើផ្សឹង ព្រោះប្រគល់សិទ្ធិឲ្យ។ កម្ពុជាមិនដូចនោះទេ។ សិទ្ធិនិងការទទួលខុសត្រូវនៅនឹងមនុស្សម្នាក់។ ការប្រតិភូកម្មសិទ្ធិខ្ញុំឲ្យរឿងដោះស្រាយជួសមុខអី តែការសម្រេចនិងជាពិសេសការទទួលខុសត្រូវនៅតែខាងខ្ញុំ។
នៅយើងវាស្រួល។ វាពិបាកកន្លែងខ្លះ។ ធម្មតាទៅចរចាស្អីមួយ។ បើទៅ យើងមានសិទ្ធិសម្រេចវាស្រួល ប៉ុន្តែ យើងចរចាដៃគូរបស់យើងៗ និយាយទៅឯកភាពជាមួយយើង ហើយសុំការសម្រេចទៀត ហ្នឹងចប់បាត់ហើយ។ យើងចង់បានអ្នកណាដែលមានសិទ្ធិសម្រេចពិតប្រាកដ។ អញ្ចឹង រឿងចរចា រឿងបើកព្រំដែនស្អី (យើងមិនចរចា ដោយសារ)ទី១ យើងមិនមែនអ្នកបិទបើក។ ផ្ទៃក្នុងគេ អ្នកណាមានសិទ្ធិម៉េច ខ្ញុំមិនដឹងទេ ឱ្យតែអ្នកណាមានសិទ្ធិពិតប្រាកដ (ហើយ)បើក(ច្រកចេញចូលព្រំដែន)ហ្នឹងជាប្រក្រតីឡើងវិញ ខ្ញុំទទួលតាមហ្នឹង។ មិនថាផ្ទៃក្នុងអ្នកនយោបាយ ឬយោធា ខ្ញុំមិនដឹងទេ។
(២៧) ប្រជាជាតិទាំងមូល រដ្ឋសភា/ព្រឹទ្ធសភា គាំទ្រការបញ្ជូនបណ្ដឹងតំបន់៤ ទៅ ICJ
យើងមិនមានគោលបំណងចង់ផ្ដាច់ទំនាក់ទំនងជាអចិន្រ្តៃយ៍ ធ្វើបាបប្រជាជនតាមព្រំដែនរហូតរាប់សិបទសវត្សរ៍នោះទេ ប៉ុន្តែសោរនៅខាងគេ។ បើកពេលណា បើកថ្ងៃនេះ ស្អែក បើកបីខែ មួយឆ្នាំ ៥ឆ្នាំ តាមហ្នឹង។ កម្ពុជាកំដរបាន។ កម្ពុជាបានផ្ដល់សិទ្ធិឱ្យភាគីថៃ ដើម្បីបើកមុន មិនបាច់ចរចាទេ។ យើងឱ្យរួចហើយ។ បើកមុន។ ហ្នឹងចាត់ទុកថាដូចជាសន្តិភាព។ (យើងថា)បើកមុនទៅ យ៉ាងយូរ ៥ម៉ោងក្រោយយើងបើកវិញ។ អញ្ចឹងជំហរបែបនេះ គឺសុំឱ្យច្បាស់។ បើយករឿងទាហាន រឿងអីមកគាបយើងឱ្យដកថយពី ICJ សូមកុំឱ្យសោះ។ អត់(ដកថយ)ទេ។ ប្រជាជាតិ(កម្ពុជា)ទាំងមូលនៅពីក្រោយ សមាជទាំងរដ្ឋសភា ទាំងព្រឹទ្ធសភានៅពីក្រោយហើយ (ក្នុងការគាំទ្រការបញ្ជូនបណ្ដឹងទៅICJ)។ កុំទៅពឹងអ្នកណា ឬមួយស្អីណាមកនិយាយឱ្យចរចា។ អត់ទេ។ ទ្វេភាគីនៅតែធ្វើ តែមិនមែន(និយាយរឿងតំបន់) ៤ ហ្នឹងទេ (តំបន់)៤ហ្នឹង ទៅ ICJ បញ្ជាក់ហើយបញ្ជាក់ទៀត។
កុំប្រើសម្ពាធជាសេដ្ឋកិច្ច សម្ពាធជាកងទ័ព សម្ពាធជាអីផ្សេងៗ ឬមួយការប្រើប្រាស់កាសែតស្អីៗហ្នឹង ដើម្បីមូលបង្កាច់បង្ខូចកម្ពុជា។ សូមឱ្យច្បាស់(លើចំណុចទាំងនេះ)។ ចេញអីណា? រដ្ឋមន្រ្តី(ថៃ)ចេញមកថា កម្ពុជាជាមជ្ឈមណ្ឌល (cybercrime)។ ប្រទេសខ្លួនហ្នឹងដូចតែគ្នាហ្នឹង។ គេថា ប្រទេសកម្ពុជាជាអ្នក scam ប៉ុន្តែ scam ហ្នឹងមានមូលដ្ឋាននៅប្រទេសថៃ ហើយចែកចាយវត្ថុធាតុដើម ធនធានមនុស្ស(នៃ scam)។ អញ្ចឹងកុំជះអាហ្នឹង(មកលើប្រទេសគេ) ដោះស្រាយរឿងខ្លួនឯងទៅ។ កម្ពុជាដោះស្រាយរឿងផ្ទៃក្នុងរបស់កម្ពុជា កុំព្យាយាម(មកចោទ) យើងមិនបានទៅធ្វើអីគេទេ។ កុំប្រើប្រាស់វិធីសាស្រ្តផ្សេងៗទៀត(មកបំភ្លៃការពិត)។
(២៨) កម្ពុជាមិនបង្កើតការរើសអើងជាតិសាសន៍ និងត្រៀមលក្ខណៈទទួលប្រជាពលរដ្ឋខ្មែរ
កុំគំរាមរឿងនេះ/នោះ កាត់នេះ/នោះ គំរាមដេញប្រជាពលរដ្ឋខ្មែរមកវិញ។ សាកទៅ។ ហ៊ានតែដេញ កម្ពុជាត្រៀមឡានយកមក ហើយមកបញ្ចូល(ទៅកន្លែងធ្វើការ។ ការងារមាន)គ្រប់គ្រាន់ កុំថា អ្នកឯងសុំអំពាវនាវឱ្យទៅវិញ បងប្អូន(ពលករខ្មែរ)មិនទៅ។ ប្រយ័ត្នបាត់កម្លាំងពលកម្ម។ យើងមិនពន្យុះទេ តែយើងត្រៀមលក្ខណៈ(ទទួល)បងប្អូនប្រជាពលរដ្ឋខ្មែរទៅទីនោះ (ពេលគេបណ្ដេញ)។
ខ្មែរនៅទីនេះ កុំបង្កើត(ការរើសអើងជាតិសាសន៍)។ មកដល់ម៉ោងនេះ ខ្ញុំឃើញថា ប្រជាពលរដ្ឋខ្មែរយើងមិនបានទៅមើលងាយមើលថោកប្រជាជនថៃ ដែលរស់នៅធ្វើការនៅកម្ពុជាទេ។ ខ្ញុំសូមអរគុណ ហើយសូមប្រកាន់នូវសីលធម៌បែបនេះ។ នៅនោះមាន។ វាមិនទូទៅទេ ក៏មានអ្នកល្អអ្នកអាក្រក់។ កុំពង្រីកឱ្យសោះ។ រឿងមនុស្សនិងមនុស្ស ប្រជាជននិងប្រជាជន ខ្ញុំមិនចង់ឱ្យមានអរិភាពទេ។ បើថាមិនត្រូវការ យើងមកផ្ទះយើងធ្វើការ តែមិនគួរណាពង្រីក(ការរើសអើង)បែបនេះ។ កុំឱ្យគេយកហេតុផលថា កម្ពុជាជាអ្នកចាប់ផ្ដើមមុន មិនចាំបាច់ វាអត់ចំណេញ។
ក្នុងនាមជាយុវជន ក៏មានភារកិច្ចដែលមានបណ្ដាញ ២០-៣០ ម៉ឺននាក់នេះ ក៏ត្រូវប្រជ្រៀតការងារនេះ ជាពិសេសទំនាក់ទំនងជាមួយនឹងការប្រកាន់ ការរើសអើងអីនេះ ជាមួយសមាជិករបស់យើង ២០-៣០ ម៉ឺននាក់ ទៅចែកឱ្យយុវជនរាប់លាននាក់បន្ថែមទៀត។ ថ្ងៃមុន វាសឹងតែរាលដាល។ ឃើញកូនក្មេងរៀននៅសាលាថៃ យកទង់ជាតិខ្មែរទៅជាន់ ហើយឃើញកូនក្មេងនៅសាលាខ្មែរយកទង់ជាតិថៃមកជាន់ដែរ។ ពេលខ្លះ វិវាទ ជម្លោះ ប៉ុន្តែក៏គួរមានព្រំដែននៃក្រមសីលធម៌ដែរ។
(២៩) រួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយ ជាជាតិមួយដែលប្រជាជនមានសេចក្ដីថ្លៃថ្នូរ និងការពារទឹកដី
រឿងឈ្លោះគ្នា រឿងត្រូវគ្នា ត្រូវមានព្រំដែននៃក្រមសីលធម៌។ កុំវាយ(ប្រហារ)ប្រជាជន។ រដ្ឋាភិបាលមានគោលការណ៍ដោះស្រាយ។ យើងតតាំងគ្នាផ្លូវច្បាប់។ កងទ័ពមានក្រម(សីលធម៌)ក្នុងការប្រតិបត្តិ តែប្រជាពលរដ្ឋយើងសុំរក្សាភាពអត់ធ្មត់ កុំឱ្យទៅជាជម្លោះរវាងប្រជាជននិងប្រជាជន។ កន្លងទៅ មានការបង្ហោះជាច្រើន។ ជួនកាលរឿងថៃវ៉ៃចោរនៅប្រទេសថៃតាំងពីឆ្នាំណានោះ យកមកបង្ហោះថា ថៃវ៉ៃខ្មែរយើង (បានធ្វើឱ្យ)បងប្អូននៅនេះចង់ក្ដៅ បម្រុងទៅចាប់វាយដុតហាងគេ។ អត់បានទេ។ ជ្រុលពេក។ សូមមើលព័ត៌មាន(ដែលមានប្រភពផ្លូវការ)។ ពេលដែលមានការបង្ហោះមក បងប្អូនយើងចូលខម្មិនថា កុំយករឿងមិនពិតមកប្រឌិតរឿងផ្សេងៗ។ យើងនាំគ្នាទប់(ព័ត៌មានក្លែងក្លាយ និងមិនរើងអើងជាតិសាសន៍)។ ជាជាតិមួយប្រជាជនមួយ យើងមានសេចក្ដីថ្លៃថ្នូរ ការពារតាមភាពថ្លៃថ្នូរ និងការពារតាមតាមអ្វីដែលយើងត្រូវធ្វើ ដាច់ខាតការពារទឹកដីនិងប្រជាជាតិរបស់យើង។
ត្រូវជួបជាមួយនឹងមេទ័ពជប៉ុននៅម៉ោង ១០? ជួបនៅហ្នឹង? នៅហ្នឹងអត់អីទេ។ មេទ័ព គាត់អាចចាំបាន ហើយសុំទោសគាត់ផង។ ចេះតែជ្រុលម៉ោង។ ថានិយាយតែ ១៥នាទី។ និយាយធូរអស់អញ្ចឹងទៅ វាស្រួល។ ទាញទូរស័ព្ទមកនិយាយឱ្យអស់សេចក្ដីអញ្ចឹង ដាក់ហ្វេសប៊ុកមិនកើត មានតែនិយាយក្នុងកម្មវិធីអញ្ចឹង។ រាល់ដងកម្មវិធីយុវជន អត់ដែល live ទេ ខ្ញុំថា live ផងទៅ។ មេដឹកនាំនយោបាយត្រូវបញ្ចេញសារ យោបល់ឱ្យបានច្បាស់តែម្ដង ដើម្បីឱ្យវាអស់មន្ទិលសង្ស័យ មិនអញ្ចឹងទេនៅតែបកស្រាយចុះឡើងៗ ហេតុអ្វីបានជាបិទនេះ/នោះ មិនបិទទាំងអស់។ ហេតុអ្វីបានជាត្រូវកាត់ប្រេង កាត់អី្វៗយ៉ាងនេះ ហេតុអ្វីបានជាយើងទៅ មិនទៅ ICJ។ កោះឫស្សីបាត់ ឬនៅ? ខ្ញុំចំណាយពីរម៉ោងនេះ សង្ឃឹមថា វាអាចបង្រ្កាបប្រធានបទដែលប្រជាជនយើងជជែកគ្នារាល់ថ្ងៃ ព្រោះពេលខ្លះបញ្ចេញសារតាមអ្នកនាំពាក្យអី(នៅមាន)ទំងន់ មិនមែនថាគីឡូចាញ់ខ្ញុំទេ អ្នកខ្លះគីឡូធ្ងន់ជាងខ្ញុំផង ប៉ុន្តែដាក់នៅហ្វេសប៊ុកមិនសូវ(មានទំងន់) ហើយដល់ខ្ញុំដាក់ទៅអញ្ចេះ មានកាសែតបរទេសផ្សេងក៏ចាប់យកទៅ បញ្ចេញសារទៅ(បានគ្រប់កន្លែង)ទាំងអស់។
តាមពិត ដូចសម្ដេចតេជោឧស្សាហ៍និយាយ ខ្ញុំអ្នកឈរនិយាយ បានជាអ្នកហត់។ ថ្ងៃណាឱ្យតែមានប្រធានបទក្ដៅ ចេះតែវែង បើប្រធានបទមិនក្ដៅ ដូចនៅកម្មវិធីថ្ងៃនោះតែ ១០នាទី ហើយបាត់។ ថ្ងៃនេះ បងប្អូនច្រើន ហើយអាចទៅមើលទៅលើចំណុចទាំងនេះ ទាំងខ្មែរនិងថៃយកទៅមើលទៅ វិភាគទៅលើកិច្ចការទាំងអស់នេះ កុំឱ្យលើការចង្អុល ជះទឹកដាក់គ្នាលើប្រធានបទមួយចំនួន។
[ចប់សេចក្ដីអធិប្បាយ១]
មុនបញ្ចប់នេះ ខ្ញុំសូមផ្តល់ជាអនុសាសន៍សំខាន់ៗមួយចំនួន ជូនបងប្អូនយុវជនទាំងអស់បន្តពិនិត្យ ពិចារណា និងជំរុញការអនុវត្តកិច្ចការជាអាទិភាពមួយចំនួនដូចខាងក្រោម៖
ទី១. ដើម្បីធានាបាននូវភាពរឹងមាំនៃរចនាសម្ព័ន្ធចាត់តាំងគ្រប់ថ្នាក់ យើងត្រូវបន្តយកចិត្តទុកដាក់ធ្វើទំនើបកម្មស្ថាប័នឱ្យក្លាយជាយន្តការមានរដ្ឋបាលទំនើប ដោយផ្អែកលើស្មារតីនៃលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុង និងជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងកិច្ចការគ្រប់គ្រងរដ្ឋបាលដែលបានលើក ហើយក៏យកចិត្តទុកដាក់លើកកម្ពស់ការងារការអប់រំ តម្រង់ទិស និងបំពាក់បំប៉នស្មារតី គោលជំហរ សតិអារម្មណ៍ និងមាគ៌ាដឹកនាំនយោបាយ ការបណ្តុះសមត្ថភាពជំនាញ សមត្ថភាពត្រិះរិះពិចារណា និងការបន្តកសាងពង្រឹងអត្តចរិត មនសិការ ចរិយាមារយាទ តម្លៃសីលធម៌ និងស្មារតីទទួលខុសត្រូវ ក្នុងជួរថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ពីថ្នាក់កណ្តាលដល់ថ្នាក់មូលដ្ឋាន។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
ខ្ញុំគាំទ្រការពង្រីកវិសាលភាពនៃសមាជិកពីអាយុ ១៥ឆ្នាំ ពីកម្រិតអនុវិទ្យាល័យ និងក្នុងវិស័យក្រៅប្រព័ន្ធ។ គោលការណ៍នេះសំខាន់។ ជាយន្តការក្នុងការកៀងគរកម្លាំង ដើម្បីធ្វើសកម្មភាព ទាំងសកម្មភាពជាលទ្ធផលជូនដល់សង្គមជាតិ សេដ្ឋកិច្ច ក៏ជាផលផ្ទាល់ដល់សមាជិកដែលគាត់បានទទួលឱកាសចូលរួមផ្ទាល់ ទទួលការអប់រំបណ្ដុះបណ្ដាលផ្សេងៗ ដែលយើងអាចធ្វើទៅបាន។
[ចប់សេចក្ដីអធិប្បាយ២]
ទី២. ដើម្បីឱ្យមហាគ្រួសារ ស.ស.យ.ក. រក្សាបាននូវភាពខ្លាំងក្នុងតួនាទីជាអង្គការ មហាជនប្រមូលផ្តុំកម្លាំងពិត កម្លាំងស្នូល និងកម្លាំងបន្តវេន ដែលទាក់ទាញបាននូវសមានចិត្តគាំទ្រពីគ្រប់មជ្ឈដ្ឋាន យើងត្រូវបន្តយកចិត្តទុកដាក់៖
- ផ្តល់នូវគំរូល្អនៃភាពជាអ្នកដឹកនាំប្រកបដោយគុណធម៌ផ្អែកលើពុទ្ធិ ដែលមានសមត្ថភាពចាត់ចែងការងារបានល្អត្រូវតាមស្ថានភាពនីមួយៗ និងមានការយល់ដឹងអំពីសមត្ថភាព លទ្ធភាព និងសុខទុក្ខរបស់សមាជិក សមាជិកា
- ផ្តល់នូវភាពកក់ក្តៅនិងជំនឿជាក់ក្នុងបរិយាកាសគ្មានវិវាទ ក្រោមស្មារតីសាមគ្គីភាព មិត្តភាព ភាតរភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហការល្អ ប្រកបដោយមនសិការស្នេហាសមូហភាពដ៏ជ្រាលជ្រៅ និងការចេះគោរពឱ្យតម្លៃគ្នាទៅវិញទៅមក
- បង្កលក្ខណៈឱ្យយុវជនមានឱកាសបញ្ចេញស្នាដៃតាមសមត្ថភាព លទ្ធភាព ជំនាញ និងទេពកោសល្យ ដែលពាក់ព័ន្ធនឹងចំណេះដឹងអំពីសច្ចធម៌ប្រវត្តិសាស្រ្ដ ឧត្តមគតិនិងមនសិការស្នេហាជាតិ តម្លៃវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿសាសនា សិល្បៈ ក្នុងលក្ខណៈជាការជំរុញនិងលើកទឹកចិត្ត ឱ្យរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស។
ទី៣. ដើម្បីធានាបាននិរន្តរភាពនៃការដឹកនាំ និងឥទ្ធិពលអចិន្រ្តៃយ៍ក្នុងសង្គមជាតិ យើងត្រូវបន្តប្រកាន់ខ្ជាប់នូវស្មារតី២ធ្នូ ឧត្តមគតិស្នេហាជាតិ និងជំហរការពារឱ្យបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ ដោយត្រូវបន្តចូលរួមថែរក្សានិងលើកកម្ពស់តម្លៃ វប្បធម៌ចែករំលែក វប្បធម៌នៃការដឹកនាំដោយ និរន្តរភាព វប្បធម៌សន្ទនា និងវប្បធម៌សន្តិភាព ដោយឈរលើគោលការណ៍សមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវ គោលការណ៍សនិទានភាព និងគោលការណ៍ស្ម័គ្រចិត្ត ក្នុងការបំពេញតួនាទី ភារកិច្ច និងបេសសកម្មរបស់ខ្លួន ក្នុងបុព្វហេតុលើកកម្ពស់កិត្យានុភាពជាតិ កសាងនិងអភិវឌ្ឍមាតុភូមិ និងឧត្តមប្រយោជន៍របស់ប្រជាជនកម្ពុជាគ្រប់រូបនិងគ្រប់ជំនាន់។
ទី៤. ដើម្បីធានាបាននូវប្រសិទ្ធភាពការងារដឹកនាំកម្លាំងយុវជនចូលរួមក្នុងដំណើរការកសាង ការពារ និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ស្របតាមផែនការយុទ្ធសាស្រ្ដយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ឆ្នាំ២០២៣-២០២៨ និងទស្សនាទាន UYFC 2.0 ស.ស.យ.ក.ត្រូវ៖
- បន្តបញ្ជ្រាបការយល់ដឹងជាសាធារណៈអំពីបេសកកម្ម ចក្ខុវិស័យ និងតួនាទីរបស់ខ្លួន ឱ្យបានទូលំទូលាយនិងគ្រប់ទិសទី តាមគ្រប់មធ្យោបាយ ជាពិសេសតាមរយៈតួនាទីសមាជិកម្នាក់ជាឃោសនិកម្នាក់
- បន្តជំរុញនិងលើកទឹកចិត្តឱ្យយុវជនស្ម័គ្រចិត្តចូលរួមកាន់តែសកម្មថែមទៀត ក្នុងកម្មវិធីនិងព្រឹត្តិការណ៍ពាក់ព័ន្ធនឹងវិស័យអប់រំយុវជន កីឡា សិល្បៈ វប្បធម៌ មនុស្សធម៌ សង្គម សេដ្ឋកិច្ច និងបរិស្ថាននៅតាមមូលដ្ឋាន
- បន្តបណ្តុះគំនិតលើកតម្កើងមោទនភាពជាតិ អត្តសញ្ញាណជាតិ តម្លៃសន្តិភាព មនសិការស្នេហាជាតិ ស្មារតីភ្ញាក់រលឹក និងឆន្ទៈការពារអធិបតេយ្យ ដើម្បីភាពរុងរឿងនៃអនាគតកម្ពុជាយូរអង្វែង
- បន្តអភិវឌ្ឍសមត្ថភាពយុវជន ដោយយកចិត្តទុកដាក់លើការពង្រឹងគុណភាពអប់រំ បណ្ដុះបណ្ដាលជំនាញបច្ចេកទេស ការថែទាំសុខភាពនិងសុខុមាលភាព ប្រព័ន្ធគាំពារសង្គមនិងប្រព័ន្ធស្បៀង និងតម្លៃនៃភាពជាពលរដ្ឋល្អ ដើម្បីឱ្យយុវជនក្លាយជាមូលធនមនុស្សប្រកបដោយថាមពលនិងសក្តានុពល នៅក្នុងសង្គមឌីជីថលនៃសហម័យកម្ពុជា។
ទី៥. ដើម្បីរួមចំណែកអភិវឌ្ឍកម្ពុជាឱ្យទៅជារដ្ឋទំនើប ស.ស.យ.ក.ត្រូវ៖
- បន្តយកចិត្តទុកដាក់ពង្រឹងកិច្ចសហការឱ្យបានទូលំទូលាយជាមួយក្រសួង ស្ថាប័ន នីតិបុគ្គល រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន អង្គការ សមាគម និងសហគមន៍នានា ក្នុងដំណើរឆ្ពោះទៅការកសាងនិងអភិវឌ្ឍសង្គមជាតិនិងមាតុភូមិកម្ពុជាឱ្យទៅជារដ្ឋទំនើបផ្អែកលើចំណេះដឹង បច្ចេកវិទ្យា និងវិទ្យាសាស្រ្ត
- បន្តសម្របសម្រួល និងជំរុញឱ្យមានការចូលរួមពីវិស័យឯកជន ដៃគូអភិវឌ្ឍ និងសប្បុរសជននានា ដែលសមានចិត្តគាំទ្រ និងចូលរួមសហការជាមួយមហាគ្រួសារ ស.ស.យ.ក. ក្នុងការរៀបចំផែនការសកម្មភាព ព្រឹត្តិការណ៍ និងកម្មវិធីនានា ដើម្បីឧត្តមប្រយោជន៍សង្គមជាតិលើគ្រប់វិស័យ ជាពិសេសការកសាងភាពរឹងមាំនៃខឿនសេដ្ឋកិច្ចជាតិ ដែលជាមូលដ្ឋានគ្រឹះនៃភាពជាម្ចាស់លើជោគវាសនាអនាគតកម្ពុជា។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]
ក្នុងន័យនេះ ខ្ញុំសូមគាំទ្រការរៀបចំកម្មវិធីសាទរកម្ពុជាឆ្នាំ២០២៥ បន្ទាប់ពីយើងបានធ្វើជោគជ័យ កាលពីឆ្នាំ ២០២៤កន្លងទៅនេះ។
[ចប់សេចក្ដីអធិប្បាយ៣]
ទី៦. ដើម្បីចូលរួមចំណែកធានារក្សាការពារបាននូវឯករាជ្យ សន្តិភាព អធិបតេយ្យ បូរណភាពទឹកដី វឌ្ឍនភាពសង្គម តួនាទីនិងកិត្យានុភាពកម្ពុជាក្នុងតំបន់ និងលើឆាកអន្តរជាតិ ស.ស.យ.ក.ត្រូវ៖
- បន្តស្វែងយល់អំពីគោលនយោបាយការបរទេស ការវិវត្តន៍សភាពការណ៍ក្រោមឥទ្ធិពលនិន្នាការពហុប៉ូល និងបញ្ហាប្រឈមផ្នែកភូមិសាស្រ្តនយោបាយ ដើម្បីយើងមានមូលដ្ឋានត្រិះរិះពិចារណា វិភាគ វាយតម្លៃ និងកំណត់ផ្លូវត្រូវដើរក្នុងបរិបទនៃការប្រែប្រួលឥតទៀងទាត់របស់ពិភពលោក
- បន្តចូលរួមគាំទ្រការងារពង្រឹងទំនាក់ទំនងអន្តរជាតិ តាមរយៈការរឹត-ចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងកសាងទំនាក់-ទំនងល្អជាមួយអង្គការយុវជននៃបណ្តាប្រទេសជាមិត្ត ដោយឈរលើគោលការណ៍សន្តិសហវិជ្ជមាន គោរពឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ស្មើភាព ស្មើសិទ្ធិ និងផលប្រយោជន៍ទៅវិញទៅមក ស្របតាមអភិក្រម «កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ»។
មុននឹងបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណដល់គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ដែលបានផ្ញើរបាយការណ៍ជាទៀងទាត់ ជារៀងរាល់ត្រីមាស ដែលអនុញ្ញាតខ្ញុំ ក្នុងនាមជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា អាចតាមដានបច្ចុប្បន្នភាពការងារជារួមរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា។ ខ្ញុំសូមឱ្យគណៈអចិន្រ្តៃយ៍ បន្ត និងរក្សារបបរបាយការណ៍នេះឱ្យបានខ្ជាប់ខ្ជួន ដោយផ្ញើរមកឱ្យខ្ញុំជ្រាប ដឹងជាព័ត៌មានផងដែរ។
សារជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំរគុណ ដល់គណៈអធិបតី ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ សមាជិក សមាជិកា អង្គពិធីទាំងមូល ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ឆ្នាំ២០២៥ ក្នុងរយៈពេល៤ថ្ងៃនេះ និងសូមយកឱកាសនេះផងដែរ ថ្លែងនូវការកោតសរសើរ ជូនដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកានៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីខេត្ត ក្រុមការងារ ស.ស.យ.ក. តាមបណ្តាវិស័យ និងអង្គការ សមាគម ចំណុះគណៈកម្មាធិការកណ្តាល ព្រមទាំងយុវជនស្ម័គ្រចិត្តទូទាំងប្រទេស ដែលតែងតែបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ដើម្បីចូលរួមចំណែកក្នុងបុព្វហេតុរួមរបស់ ស.ស.យ.ក. ក្នុងរយៈកាលកន្លងមកនេះ។
ជាទីបញ្ចប់ ជាមួយនឹងការប្រកាសបិទ «កិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ឆ្នាំ២០២៥» នាពេលនេះ ខ្ញុំសូមជូនពរគណៈ-អធិបតី ភ្ញៀវកិត្តិយស ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃអង្គពិធី, សូមមានសុខភាពល្អបរិបូណ៌, សុភមង្គលក្នុងក្រុមគ្រួសារ និងសម្រេចបានជោគជ័យលើគ្រប់ភារកិច្ចការងារ និងសូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។សូមអរគុណ៕