- សូមគោរពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានអង្គសមាជ,
- សម្ដេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិកអង្គសមាជទាំងមូលជាទីមេត្រី!
ជាដំបូង ខ្ញុំសូមធ្វើការថ្លែងអំណរគុណចំពោះការចូលរួមមតិយោបល់យ៉ាងច្រើន ពាក់ព័ន្ធទៅនឹងប្រធានបទដ៏សំខាន់នេះ។ ការចែករំលែកទស្សនទាន ក៏ដូចជាបទពិសោធ ការណែនាំផ្សេងៗ ជាធាតុចូលដ៏សំខាន់ ក៏ដូចជាសំណូមពរ ដើម្បីរាជរដ្ឋាភិបាលលើកទៅពិចារណា និងគិតគូរនៅក្នុងការរៀបចំវាយតម្លៃ ក៏ដូចជាក្របខ័ណ្ឌគោលនយោបាយរបស់ខ្លួន។
មុននឹងឈានចូលទៅដល់បទអន្តរាគមន៍របស់ខ្ញុំ ពាក់ព័ន្ធទៅនឹងវិស័យ(កសិកម្ម)នេះ ដំបូង ទូលព្រះបង្គំសូមថ្លែងអំណរព្រះគុណថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ចំពោះព្រះរាជអំណោយដ៏ថ្លៃថ្លា ដែលព្រះអង្គបានប្រទានចំពោះយោធា កងកម្លាំងរបស់យើង ឈរជើងការពារបូរណភាពទឹកដីនៅព្រំដែន។
ខ្ញុំក៏សូមយកឱកាសនេះសាជាថ្មី ថ្លែងអំណរគុណចំពោះសម្ដេចតេជោ ចំពោះការអំពាវនាវអោយមានចលនាគាំទ្រដោយផ្ទាល់ចំពោះការបំផុសនូវស្មារតីចូលរួមគាំទ្រទៅដល់កងទ័ពរបស់យើង ហើយក៏សូមយកឱកាសនេះផងដែរ ថ្លែងអំណរគុណដល់សម្ដេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនជនរួមជាតិយើងទាំងអស់ ទាំងក្នុងនិងក្រៅ ដែលបានចូលរួមក្នុងមហាចលនាដ៏ផុសផុលគាំទ្រទៅដល់កងទ័ព។ (១) ដើម្បីធានានូវប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកានេះឱ្យបានចំគោលដៅ និងមានតម្លាភាព រាជរដ្ឋាភិបាលនឹងរៀបចំមូលនិធិមួយ ដើម្បីគ្រប់គ្រងនូវមូលនិធិដើម្បីគាំទ្រដល់កងទ័ព និងធ្វើការជាមួយគណៈបញ្ជាការឯកភាពសមរភូមិមុខ ដើម្បីធ្វើការធានាដោះស្រាយបញ្ហា ធានាចាត់ចែងថវិកានេះឱ្យចំគោលដៅ។
ខ្ញុំសូមអរគុណចំពោះឯកឧត្តម វាគ្មិនមួយចំនួន ដែលបានលើកឡើងអំពីដំណើរទៅមុខក្នុងរយៈពេល ២០ខែ របស់រាជរដ្ឋាភិបាលថ្មីនេះ។ ពិតណាស់ ២០ខែ ពោរពេញទៅដោយប្រធានបទនិងវិញ្ញាសាថ្មីៗ សម្រាប់រាជរដ្ឋាភិបាល។ (ទី១)យើងចាប់ផ្ដើមពីដំណាក់កាលនៃ(ភាព)មិនច្បាស់លាស់នៃស្ថានភាពសេដ្ឋកិច្ចកាលពី ២០ខែមុន ដែលបន្សល់ទុកពីសម័យកូវីដ–១៩ កើតចេញពីបញ្ហាអតិផរណា និងសង្រ្គាមផ្សេងៗ ពិសេសពាក់ព័ន្ធនឹងវិស័យជាច្រើន ដូចជាវិស័យទេសចរណ៍ អចលនទ្រព្យ ដែល ២០ខែមុនស្ថិតនៅក្នុងភាពស្រពេចស្រពិលនៅឡើយ។ ទោះជាយ៉ាងណា មកដល់ពេលនេះ យើងមានស្ថិរភាព(សេដ្ឋកិច្ច) និងបន្តការដោះស្រាយដើរទៅមុន។
មួយទៀត យើងរក្សាបានវិញ្ញាសាមួយទៀត គឺថ្ងៃទី១៨ សីហា ២០២៤ ជាវិញ្ញាសាមួយទាក់ទងទៅនឹងការថែរក្សាស្ថិរភាព សន្តិសុខរបស់យើង ប្រឈមទៅនឹងការប៉ុនប៉ងបង្កការប្រឆាំងរាជរដ្ឋាភិបាល តាមមធ្យោយបាយហិង្សា ក្រោមប្រធានបទពាក់ព័ន្ធនឹង CLV-DTA។ យើងបានទប់ស្កាត់បានដោយជោគជ័យ។ បញ្ហាថ្មីដែលទើបកើតឡើង គឺការប្រឈមជាមួយនឹងពន្ធសកលរបស់សហរដ្ឋអាមេរិក ដែល(នៅថ្ងៃ)ស្អែកនេះ ក្រុមការងាររបស់យើងដឹកនាំដោយឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ត្រៀមចរចាជុំទី២ នៅសហរដ្ឋអាមេរិក។ ប្រធានបទជាវិញ្ញាសាថ្មីដែលកើតឡើងនេះ គឺបញ្ហាប្រឈមនៅព្រំដែន។ អញ្ចឹង ២០ខែនេះ យើងប្រមូលផ្ដុំនូវវិញ្ញាសាប្លែកៗ ប៉ុន្តែ វិញ្ញាសានេះ បានធ្វើឱ្យក្រុមថ្មីទទួលបាននូវឱកាសប្រឈមនិងដោះស្រាយ ដើម្បីធានាការអភិវឌ្ឍបន្តទៅទៀត … ទោះបីជាមានបញ្ហាប្រឈមទាំងនេះ ក៏យើងបានបន្តដំណើរទៅមុខដោយការប្ដេជ្ញាខ្ពស់ បន្តបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀត។ នេះគឺជាការប្ដេជ្ញាចិត្ត។
ក្នុងឱកាសនេះ ខ្ញុំសូមបញ្ជាក់ថា (២) សមិទ្ធផលដែលសំរេចបានក្នុង ២០ខែនេះ គឺដោយសារកត្តាអ្វីខ្លះ? កត្តាទី១ ជាកត្តាសំខាន់បំផុត គឺដោយសារក្រុមថ្មីបានទទួលនូវមរតកដែលបន្សល់ទុកពីការខិតខំកសាង ត្រួសត្រាយផ្លូវពីសម្ដេច ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលមានវត្តមាននៅទីនេះជាច្រើន តាំងពីចំណុចសូន្យ ដែលយើងរំដោះនៅឆ្នាំ១៩៧៩ (បន្ត)កសាង ប្រឈមការលំបាកគ្រប់បែបយ៉ាង ឈានទៅដល់ការកសាងនូវមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ ស្ថាប័នរឹងមាំ ប្រព័ន្ធការងារល្អប្រសើរ ម៉ាក្រូសេដ្ឋកិច្ចមានលំនឹង ជាពិសេស មាននៅសល់ថវិកាសម្រាប់រាជរដ្ឋាភិបាលថ្មីក្នុងដៃ ដើម្បីដោះស្រាយបញ្ហា។
សូមអរគុណសម្ដេចតេជោ និងថ្នាក់ដឹកនាំ ជាពិសេស សម្ដេច ឯកឧត្តម និងលោកជំទាវ។ ឆ្លៀតឱកាសនេះ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះការលះបង់គ្រប់បែបយ៉ាងដល់សមាជិករាជរដ្ឋាភិបាលជំនាន់មុន ដែលបានត្រួសត្រាយផ្លូវ និងកសាងនូវមូលដ្ឋាននេះដល់ក្រុមរដ្ឋាភិបាលថ្មី។ បើគ្មានមូលដ្ឋានរឹងមាំនេះទេ ប្រធានបទដែលលើកមកប៉ុន្មានអម្បាញ់មិញនេះ គ្រាន់តែជាប្រធានបទធំៗ ប៉ុន្តែយើងនៅមានប្រធានបទច្រើនទៀត មិនអាចដោះស្រាយបានជោគជ័យបែបនេះទេ។
(៣) កត្តាទី២ គឺការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹក មន្រ្តីរាជការគ្រប់កម្រិត តាមក្រសួងស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានរួមគ្នាបន្តការងារដែលរដ្ឋាភិបាលអាណត្តិមុនៗបានកសាង បន្តឱ្យយើងមានលក្ខណៈ និងការប្ដេជ្ញាចិត្ត ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋជាបន្ត ទោះបីជាមានវិញ្ញាសាបែបណាក៏ដោយ។ សូមអរគុណចំពោះការផ្ដល់កម្លាំងចិត្តរបស់សម្ដេច ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងអតីតថ្នាក់ដឹកនាំរដ្ឋាភិបាល ដែលបានផ្ដល់ការគាំទ្រទាំងកម្លាំងកាយកម្លាំងចិត្ត ជូនថ្នាក់ដឹកនាំក្រុមថ្មីនាអាណត្តិនេះ។ ខ្ញុំក៏សូមអរគុណចំពោះការបន្តការទុកចិត្ត និងការផ្ដល់ទំនុកចិត្តពីប្រជាពលរដ្ឋនៅក្នុងការដោះស្រាយប្រឈមនានា ដែលកើតកន្លងទៅ។
ឈានទៅដល់ប្រធានបទពាក់ព័ន្ធទៅនឹងវិស័យកសិកម្ម។ ថ្ងៃនេះ យើងមានវត្តមានរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ដែលត្រៀមនឹងឆ្លើយទៅលើប្រធានបទមួយចំនួន បន្ទាប់មក មានឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដែលត្រៀម(បទ)អន្តរាគមន៍ និងធាតុផ្សំមួយចំនួនពាក់ព័ន្ធនឹងវិស័យកសិកម្ម បន្ថែមទៅលើបទអន្តរាគមន៍របស់ខ្ញុំ។ មុននឹងផ្ទេរទៅលើឯកឧត្តម ខ្ញុំសូមបញ្ជាក់បន្តិចពាក់ព័ន្ធទៅនឹងកិច្ចការនេះ។
ប្រធានបទវិស័យកសិកម្មដែលខ្ញុំបានលើក គឺជាប្រធានបទសំខាន់ពាក់ព័ន្ធជាមួយប្រជាពលរដ្ឋយើង។ បើតាមការវាយតម្លៃ (៤) ប្រហែល ៤២% នៃប្រជាពលរដ្ឋរបស់យើង(កំពុង)នៅក្នុងវិស័យកសិកម្ម។ ទោះបីជាធាតុផ្សំរបស់វិស័យកសិកម្មមានការថយចុះនៅសល់តែ ១៦% នៃសេដ្ឋកិច្ច(ទាំងមូល) ប៉ុន្តែក៏នៅតែជាធាតុមួយសំខាន់ ដរាបណាមនុស្សនៅហូបអាហារ វិស័យកសិកម្មនៅតែជាកត្តាស្នូល។ វិស័យទេសចរណ៍ វិស័យកម្មន្តសាល យើងមិនអាចហូបរបស់ទាំងអស់នោះទេ។ អញ្ចឹង ការធានាសន្តិសុខស្បៀងគឺកិច្ចការសំខាន់ និងជាអាទិភាពសំខាន់បំផុតរបស់រាជរដ្ឋាភិបាល។ បើទោះជាក្រឡាប់ចាក់ពិភពលោកត្រូវបិទចោលការធ្វើពាណិជ្ជកម្មក៏ដោយ ប៉ុន្តែធ្វើម៉េចឲ្យប្រទេសនិងប្រជាជនមានអាហារហូបគ្រប់គ្រាន់ នេះគឺជាគោលដៅសំខាន់។ ការធានានូវតុល្យភាព រវាងការផលិត ការលក់ចេញ និងការធានាសន្តិសុខស្បៀងនៅខាងក្នុង។
ពាក់ព័ន្ធទៅនឹងគោលដៅសំខាន់របស់យើងចំពោះវិស័យកសិកម្ម បើនិយាយអំពីកសិកម្ម សន្តិសុខស្បៀង គឺការធានា(អោយមានអាហារហូបចុក)គ្រប់គ្រាន់។ មកដល់ម៉ោងនេះ យើងអាចនិយាយដោយមោទនភាព ហើយខ្ញុំក៏សូមអរគុណចំពោះវាគ្មិនជាច្រើនដែលបានលើកឡើងអំពីកំណើនអតិផរណានៃការផលិត(ធញ្ញជាតិស្បៀង)របស់យើង។ ឆ្នាំ២០២៤ យើងផលិតបាន ១៤លានតោន យើងហូបក្នុងស្រុក ៦លានតោន នៅសល់ប្រហែលជា៧-៨លានតោនសម្រាប់នាំចេញ ក្នុងនោះយើងនាំចេញជាអង្ករបាន ៦០ម៉ឺនតោន គិតជាស្រូវ ១លាន ២សែន តោន ដែលចេញទៅប្រទេសជិតខាងមួយចំនួន និងប្រទេសក្រៅ(ឯនាយសមុទ្រ)ចំនួនតិច។
(៥) បើនិយាយអំពីគោលដៅវិស័យកសិកម្ម គឺកសិករជាតួអង្គសំខាន់។ គាត់ជាតួអង្គផលិតករដែលធានានូវសន្តិសុខស្បៀង ប៉ុន្តែក៏ជាក្រុមប្រជាពលរដ្ឋក្នុងវិស័យដែលយើងត្រូវគិតគូរអំពីផលប្រយោជន៍របស់គាត់។ ដើម្បីឲ្យកសិករនៅបន្តជាកសិករ ទាល់តែគាត់ចំណេញ គាត់មានលទ្ធភាពផលិតរហូត។ បើគាត់ខាតរាល់ឆ្នាំ គាត់ប្រាកដជាដូរមុខរបរហើយ គ្មានអ្នកណាដាំដំណាំឲ្យយើងហូបទៀតទេ … បើយើងនិយាយអំពីកសិករ ជីវភាព និងចំណូលរបស់កសិករ យើងនិយាយ(ពីធាតុផ្សំ)២ គឺការបង្កើនចំណូល និងការកាត់បន្ថយចំណាយ។ យើងមិនអាចទប់តម្លៃកសិផលពិភពលោកមិនឲ្យឡើងចុះបានទេ។ វាតែងតែមានការប្រែប្រួលជាប្រចាំ ជាពិសេសផលិតផលសម្រាប់នាំចេញ កសិផលដែលពាក់ព័ន្ធនឹងការនាំចេញ ដែលពឹងផ្អែកទៅលើទីផ្សារអន្តរជាតិ ដូចជាស្រូវ ស្វាយចន្ទី និងផលិតផលជាច្រើនដែលត្រូវនាំចេញ។ ប៉ុន្តែ ការធានារបស់យើង ទោះបីជាមានការប្រែប្រួលយ៉ាងណាក៏ដោយ ធ្វើយ៉ាងណាឲ្យការប្រែប្រួលនោះ មិនប៉ះពាល់ខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កសិកររបស់យើង ជាពិសេសការចំណេញរបស់គាត់ ទោះតិចឬច្រើន។
ការងារទាក់ទងទៅនឹងចំណូល តើរាជរដ្ឋាភិបាលធ្វើយ៉ាងម៉េច? ទីមួយ គឺទីផ្សារ។ ទីផ្សារមានពីរ គឺក្នុងស្រុក និងក្រៅស្រុក។ ទីផ្សារក្នុងស្រុក ឃើញថាលទ្ធភាពផលិតកម្មមានច្រើនមុខ ប៉ុន្តែយើងក៏ទទួលស្គាល់ថាមិនអាចផលិតហូបខ្លួនឯងគ្រប់មុខនោះទេ។ យើងក៏មិនអាចបិទការនាំចូលផលិតផលខ្លះនោះដែរ។គ្មានប្រទេសណាលើពិភពលោក លើកលែងតែប្រទេសដែលជាប់ទណ្ឌកម្មអង្គការសហប្រជាជាតិ ទើបមិនអាចធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាង គ្មានការនាំចេញ/ចូល។ ផលិតផលកសិកម្មមានរាប់ពាន់មុខ។ យើងមិនអាចផលិតគ្រប់មុខ យើងក៏មិនចាំបាច់ផលិតគ្រប់មុខនោះដែរ។
(៦) ចំពោះការនាំចេញ ទី១ គឺគិតគូរអំពីទីផ្សារក្នុងស្រុក។ រាជរដ្ឋាភិបាលត្រូវបង្កើនប្រសិទ្ធភាពផ្គត់ផ្គត់ទីផ្សារក្នុងស្រុកឲ្យអស់លទ្ធភាព ដោយប្រើប្រាស់ផលិតផលក្នុងស្រុក តាមរយៈការភ្ជាប់ទំនាក់ទំនងផលិតផលមួយចំនួន ដែលយើងអាចផ្គត់ផ្គង់ខ្លួនឯងបាន ហើយជំនួសទៅដល់ការនាំចូល។ ឧទាហរណ៍ជាក់ស្ដែង ជ្រូកនៅក្នុងស្រុកនិងអង្ករ។ រាជរដ្ឋាភិបាលកំពុងតែវាយតម្លៃរៀបចំជាយុទ្ធសាស្ត្រមួយ ដើម្បីឈានទៅដល់ការជ្រើសរើសដំណាំយុទ្ធសាស្ត្រមួយចំនួនដែលរាជរដ្ឋាភិបាលដាក់ទិសដៅក្នុងការធានាផ្គត់ផ្គង់ជំនួសការនាំចូល។
យើងធ្វើកិច្ចការនេះជាជំហានៗ។ យើងមិនអាចធ្វើ ១០០មុខ ហើយធានាថា ១០០មុខកើតទេ។ យើងឈប់នាំចូល ទាល់តែយើងដាក់ពន្ធដាក់អី។ ហ្នឹងប៉ះពាល់ជាមួយ WTO។ ប៉ុន្តែ យើងត្រូវមានភាពច្បាស់លាស់ថា ការទប់នូវការនាំចូល មិនមែនដោយសារការដាក់ពន្ធ ឬមួយការដាក់វិធានការបច្ចេកទេស ដើម្បីទប់គេមិនឲ្យចូលនោះទេ។ វាត្រូវការបង្កើនសមត្ថភាពអ្នកផលិតក្នុងស្រុក ឲ្យមានសមត្ថភាពផលិត គុណភាពល្អ តម្លៃសមរម្យ សំរាប់អ្នកហូប។ បើសិនជាយើងបិទមិនឲ្យនាំចូល ប៉ុន្តែការផលិតនៅក្នុងស្រុកយើងថ្លៃ អត់គុណភាព តើប្រជាពលរដ្ឋយើងហូបទេ? យើងមិនយុត្តិធម៌សម្រាប់អ្នកទិញហូបទេ។ អញ្ចឹង មានតែជួយកសិករយើង ធ្វើឲ្យគាត់ផលិតដោយថ្លៃដើមកាន់តែថោក លក់តម្លៃសមរម្យ គុណភាពល្អ នៅតែចំណេញ ដើម្បីឲ្យប្រជាពលរដ្ឋអាចមកទិញ ព្រោះយើងត្រូវការទីផ្សារដើម្បីទាញគាត់។
យើងមិនអាចបង្ខំកសិករ ឲ្យទៅប្រើប្រាស់ជីអីមួយ ធ្វើតាមផែនការណាមួយ ឬគំរូណាមួយទេ។ អម្បាញ់មិញឯកឧត្តម ឌិត ទីណា ប្រាប់មកថា តាមបច្ចេកទេស គេប្រើជីតែប៉ុននេះទេ ប៉ុន្តែកសិករគាត់អត់ជឿ។ ខ្ញុំធ្លាប់តែធ្វើប៉ុននេះ ដូចនេះមិនហ៊ានប្រថុយទេ … អញ្ចឹង ទាល់តែយើងបង្ហាញផលជាក់ស្ដែងអោយគាត់បានឃើញ។ ការលក់/ទិញក៏ដូចគ្នា។ បើឲ្យប្រជាពលរដ្ឋទិញផលិតផលក្នុងស្រុករបស់យើង ទាល់តែយើងធ្វើយ៉ាងណាឲ្យកសិករមានភាពប្រកួតប្រជែង ព្រោះយើងត្រូវដោះស្រាយទាំងអ្នកហូបនិងអ្នកផលិត។ សម្រាប់បក្សផ្សេង គេទៅជួបអ្នកហូប គេអាចស្រែកថាផលិតផលថ្លៃ ចង់ឲ្យផលិតផលចុះថ្លៃ។ គេទៅជួបអ្នកផលិត ក៏ប្រាប់ថាធ្វើឲ្យរបស់ហ្នឹងឡើងថ្លៃ។ តែសម្រាប់រាជរដ្ឋាភិបាលត្រូវធានាតុល្យភាពទាំងពីរ (ទាំង)ជីវភាពរបស់កសិករ និងជីវភាពរបស់ប្រជាពលរដ្ឋដែលជាអ្នកទិញហូប។ បើតម្លៃកសិផលថ្លៃ តម្លៃទំនិញថ្លៃ អ្នកទិញហូបដែលជាមន្ត្រីរាជការ អត់មានពេលទៅដាំ ប្រាកដជាចំណាយលុយកាន់តែច្រើនទៅលើអាហារ អញ្ចឹងជីវភាពរស់នៅក៏មានការប៉ះពាល់។
(៧) ការយកចិត្តទុកដាក់របស់យើងនៅក្នុងការរកទីផ្សារក្នុងស្រុក គឺយើងរៀបចំយុទ្ធសាស្ត្រគិតគូរអំពីដំណាំ ឬការចិញ្ចឹមសត្វមួយចំនួន ដែលជាយុទ្ធសាស្ត្រពីមួយជំហានទៅមួយជំហាន។ ឥឡូវ យើងមានសាច់ជ្រូក ទៅថ្ងៃមុខ តើយើងមានសាច់អ្វីផ្សេងទៀត ដែលយើងអាចធានាផ្ទៃក្នុង។ យើងបុកទៅជួយក្នុងវិស័យនេះ តាមរយៈរូបមន្តផ្សេងៗ ដូចជាកសិកម្មទំនើប ដើម្បីយកទំនិញមួយមុខម្ដងៗ ជាជំហាន ដើម្បីឈានទៅដល់ការធានាការផ្គត់ផ្គង់ក្នុងស្រុក។ នេះគឺជាកិច្ចការជាក់ស្ដែង។ ធ្វើយ៉ាងណាឲ្យដើរសិន។ កុំចង់លោភថាត្រូវធ្វើ ១០-២០មុខឲ្យជោគជ័យ អត់ទៅរួចទេ។ យើងត្រូវទទួលស្គាល់ការពិត។
មូលដ្ឋានផលិតរបស់យើងមានបញ្ហា ប្រៀបធៀបជាមួយប្រទេសជិតខាង កន្លែងខ្លះយើងនៅថ្លៃ។ អញ្ចឹង បើអ្វីដែលយើងខំហើយ (តែ)មូលដ្ឋានយើងមិនប្រកួតប្រជែងទេ យើងមិនបាច់ផ្ដោតទៅលើវាទេ យើងមើលអ្វីដែលប្រកួតប្រជែង។ ឧទាហរណ៍ បើចិញ្ចឹមសត្វមួយមិនអាចធានាប្រកួតប្រជែងជាមួយប្រទេសផ្សេងនាំចូល យើងជួយគាត់ហើយ ប៉ុន្តែទៅមើលវាវីវប្បកម្ម ឬមួយមើលអីផ្សេងដែលយើងអាចធានាបាន និងជួយគាត់ក្នុងកម្រិតណាមួយ។ ដូចជ្រូក យើងជួយមួយរយៈខ្លីទេ គាត់អាចធានាបាន។ នេះជាគោលដៅផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
(៨) ពេលជាមួយគ្នា យើងត្រូវបង្កើតខ្សែច្រវាក់ពីអ្នកផលិតទៅទីផ្សារឱ្យកាន់ប្រសើរឡើង តាមរយៈការរៀបចំរូបមន្តផ្សេងៗ។ ឧទាហរណ៍ថា រៀបចំកុងត្រារវាងទីផ្សារនៅក្នុងស្រុក។ ផ្សារ Makro ផ្សារ Lucky ផ្សារអី(ផ្សេងទៀត) ចង់ទិញ ប៉ុន្តែគាត់ត្រូវធ្វើកុងត្រាយ៉ាងម៉េច ដើម្បីឱ្យធានាបានការផ្គត់ផ្គង់ឱ្យគាត់ត្រឹមត្រូវ។ យើងរៀបចំ។ នេះក៏ជាផ្នែកមួយនៃការរៀបចំសហគមន៍កសិកម្មទូទៅ។ នេះគឺជាវិធីសាស្ត្រក្នុងការដោះស្រាយក្នុងស្រុក។
បញ្ហាក្រៅស្រុក យើងផលិតលើសពីតម្រូវការ។ ដូចសម្តេចតេជោមានប្រសាសន៍ ហើយក៏ដូចថ្នាក់ដឹកនាំមានប្រសាសន៍ថា ឆ្នាំ១៩៧០ជាង យើងហូបច្រើនជាងផលិត ឥឡូវយើងផលិតច្រើនជាងហូប។ តើយើងយកទៅណា? បើយើងមិនធ្វើពាណិជ្ជកម្មខាងក្រៅ យើងមានតែជម្រើស២ ទេ។ ចាក់ចោល ឬមួយក៏ប្រាប់ប្រជាជនកុំឱ្យផលិតលើស។ តែបើអត់ទេ យើងត្រូវខិតខំរកទីផ្សារ។ ឥឡូវយើងមានមោទនភាព ដែលយើងនាំចេញទៅ ៩៥ប្រទេស។ យើងមានផលិតផលច្រើនណាស់ មិនមែនតែស្រូវ ស្វាយចន្ទី នោះទេ។ ប៉ុន្តែ សំខាន់ (៩) គោលដៅសម្រាប់ទៅក្រៅនោះ គឺធ្វើយ៉ាងណាទាញយកតម្លៃបន្ថែមជាអតិបរមាឱ្យកសិករនិងផលិតផលរបស់យើង។ យើងមិនរើសថានាំចេញទៅវៀតណាម នាំចេញទៅថៃ នាំចេញទៅឡាវ នាំចេញទៅអាមេរិក ទៅបារាំង ទៅអាហ្វ្រិក ឬនាំទៅណាក៏ដោយ គោលដៅរបស់យើងឱ្យបានតែតម្លៃល្អឱ្យកសិកររបស់យើង។ យើងអត់រើសទេ។
ប៉ុន្តែ (១០) បើសិនជាយើងពឹងផ្អែកតែលទ្ធភាពទីផ្សារមួយ ឧទាហរណ៍ថា ស្រូវយើងបុកច្រើនទៅខាងកើត។ នេះជាបញ្ហាដែលតម្លៃអាចមានបញ្ហា។ អញ្ចឹងបានជាយើងខិតខំដាក់ទិសដៅរុញស្រូវ/អង្ករ ចេញទៅក្រៅឱ្យបានច្រើន ធ្វើពិពិធកម្មនៃទីផ្សារ។ ជួនកាលប្រទេសមួយយើងពឹងច្រើន ពេលខ្លះគាត់អត់ទិញដែរ។ អញ្ចឹងត្រូវចាល់។ យើងត្រូវបើកច្រកផ្សេងទៀត។ ការបើកច្រកផ្សេងទៀត គឺធានាលទ្ធភាពនាំចេញដោយតម្លៃខ្ពស់ មិនបាច់ចាំប្រទេសជិតខាង ឬប្រទេសទី៣។ ឥឡូវ បើស្រូវយើងចេញតាមប្រទេសទី៣ គេទិញយកទៅតម្លៃប៉ុណ្ណេះ ដើម្បីនាំចេញទៅប្រទេសបារាំង ឬមួយក៏ប្រទេសទី៣ តម្លៃប៉ុណ្ណេះ។ អញ្ចឹងគេទិញពីយើងក៏មិនសូវថ្លៃ។ តែបើយើងអាចធ្វើត្រង់ទៅប្រទេសទី៣ យើងអាចទាញតម្លៃបានច្រើន។ ផលទៅណា? គឺយើងអាចទម្លាក់ថ្លៃបានច្រើន និងទិញពីកសិករយើងបានល្អ។
(១១) ការធ្វើពិពិធកម្មសេដ្ឋកិច្ចខាងកសិកម្មនេះ គឺជាការធ្វើពិពិធកម្មមិនត្រឹមតែសេដ្ឋកិច្ចទេ ប៉ុន្តែក៏ជាការជួយផ្នែកនយោបាយការទូតផងដែរ។ ការនាំចេញរបស់យើង ឥឡូវប្រទេសជាច្រើន(កំពុងតែឃើញនូវការប្រឈម)។ យើងឃើញហើយ មានការប្រើប្រាស់ពាណិជ្ជកម្មជាអាវុធ។ បើសិនជាយើងពឹងតែការនាំចេញផ្នែកកម្មន្តសាល ផ្នែកឧស្សាហកម្ម ទៅតាមប្រទេសមួយចំនួន ធ្វើឱ្យយើងអាចជាប់សម្ពាធក្នុងការចរចា ឬមួយក៏គេអាចប្រើប្រាស់ជាអាវុធពេលណាក៏បាន។ ប៉ុន្តែ បើយើងធ្វើពិពិធកម្មការនាំចេញដោយផ្នែកលើ(ផលិតផល)កសិកម្មនិងផលិតផលផ្សេងៗ ទៅទីផ្សារផ្សេង ក៏វាជួយបង្កើតតុល្យភាព មិនឲ្យពឹងផ្អែក ទោះវាមិនមែនប្រើប្រាស់ជាអាវុធក៏ដោយ។ ឧទាហរណ៍ សេដ្ឋកិច្ចនៅអាមេរិក សេដ្ឋកិច្ចនៅអឺរ៉ុប ស្រាប់តែចូល Recession ដោយសារគោលនយោបាយរបស់គាត់ៗ ក៏ឈប់ទិញ។
ឥឡូវយើងបើកទីផ្សារនៅមជ្ឈឹមបូព៌ា យើងបើកទីផ្សារ(ថែម)នៅអឺរ៉ុប យើងបើកទីផ្សារនៅអាហ្វ្រិក បើកទីផ្សារនៅអាស៊ានផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យការនាំចេញរបស់យើង(មិនកកស្ទះ)។ បើទីផ្សារមួយ (យើងក៏ប្រឈមនឹង)បញ្ហា។ កុំឲ្យយើងពឹង(ផ្សារតែមួយ។ យើងមានទីផ្សារផ្សេងទៀត)។
នេះដូចជាបញ្ហាទេសចរណ៍នៅខេត្តសៀមរាប។ ឥឡូវ យើងកំពុងដាក់ទិសដៅជំរុញខេត្តសៀមរាប កុំឱ្យពឹងផ្អែកលើទេសចរណ៍សុទ្ធ មួយផ្នែកគឺកសិ-ឧស្សាហកម្ម ហើយយើងមានព្រលានយន្តហោះ។ អញ្ចឹងយើងនឹងជំរុញថ្ងៃក្រោយអោយអាចមានកម្មន្តសាល។ ឥឡូវ មានការគិតគូររៀបចំជាភស្តុភារកម្មនៅទីនោះ។ ធ្វើយ៉ាងណាកុំឱ្យពឹងផ្អែកតែមួយមុខ។ បើសិនជាមានបញ្ហាលើវិស័យណាមួយ អាចជម្លៀសចូលទៅវិស័យផ្សេងទៀតក្នុងពេលចាំបាច់។ ជាមួយគ្នានេះ ត្រីមួយកន្ត្រកបើស្អុយមួយស្អុយទាំងអស់ យើងមិនគួរដាក់ត្រីនៅក្នុងកន្ត្រកតែមួយទេ។
(១២) ចំពោះវិស័យកសិកម្ម ដែលយើងខំរុញផលិតទៅខាងក្រៅនេះ គឺជាកិច្ចការសំខាន់ដែលយើងត្រូវធ្វើ។ ការសំខាន់បំផុតគឺកំណែទម្រង់ការរៀបចំបើកនិងការពង្រឹងទីផ្សារ។ បច្ចុប្បន្ន យើងឃើញថា មូលហេតុដែលយើងមានកំណត់ គឺដោយសារយើងមានផលិតផល ប៉ុន្តែការនាំចេញមិនទាន់ប្រទាក់ក្រឡាគ្នាច្រើននៅឡើយ ដោយសារបញ្ហាមួយចំនួន មានស្តង់ដាភូតគាម ស្តង់ដាបច្ចេកទេសជាដើម។ ប៉ុន្តែ មួយទៀតគឺខ្សែច្រវាក់ផ្ទៃក្នុង។ ឧទាហរណ៍ថា ប្រទេសមួយចង់កុងត្រាទិញអង្ករយើង ១០ម៉ឺនតោន។ អត់មានក្រុមហ៊ុនណាមួយហ៊ានធ្វើទេ។ រោងម៉ាស៊ីន(មួយអាចធានាបាន)យ៉ាងច្រើនត្រឹម ៣ទៅ ៤ម៉ឺនតោន ដោយសារយើងគ្មានកន្លែងប្រមូលផ្ដុំស្តុកទុកជាមាត្រដ្ឋានធំ។ អញ្ចឹង ខ្ញុំបានឱ្យពិនិត្យមើលពីខ្សែច្រវាក់ ហេតុអីបានជាយើងចេញបានតិចៗ។ ស្វាយចន្ទីដូចគ្នា។ អញ្ចឹងយើងត្រូវពិនិត្យមើលថា តើក្នុងខ្សែច្រវាក់នៃផលិតកម្មនេះបាត់នៅកន្លែងណា? គឺ យើងបាត់សមត្ថភាពសម្រាប់ស្រូបយកមកនិងប្រមូលស្តុកបម្រើឱ្យការច្នៃនិងការនាំចេញទ្រង់ទ្រាយធំ។
អញ្ចឹងហើយបានជារាជរដ្ឋាភិបាលកំពុងរៀបចំ/អនុវត្តគម្រោងសាកល្បង Pilot Program Project មួយសម្រាប់ស្វាយចន្ទីនៅកំពង់ធំ ដែលយើងគ្រោងរៀបចំជាសួនឧស្សាហកម្មបែបថ្មី។ សួនឧស្សាហកម្មនេះមានលក្ខណៈខុសពីសួនឧស្សាហកម្ម ឬមួយតំបន់សេដ្ឋកិច្ចពិសេសដែលកន្លងទៅជារបស់ឯកជន។ សួននេះជារបស់រដ្ឋ។ រដ្ឋចេញដី ឯកជនដាក់ទុនវិនិយោគ ហើយជួលកន្លែងហ្នឹងឱ្យមានតម្លៃទាបទៅឱ្យអ្នកផ្សេងទៀត។ រដ្ឋជួយក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធកន្លែងណាមួយ។
ការកំណត់អាជ្ញាបណ្ណសម្រាប់អ្នកកែច្នៃស្វាយចន្ទី។ បើសិនជាយើងមិនកំណត់ទេ ក្រុមហ៊ុនដែលមកច្នៃនេះអាចមានបញ្ហា។ បើសិនជាគាត់ដាក់ទុន ៥០-១០០លានដុល្លារ ផលិតបរិមាណសម្រាប់ ២០-៣០ម៉ឺនហិកតា ហើយបើយើងឱ្យគាត់ ១០-២០-៣០ម៉ឺនហិកតា នៅពេលដែលយើងមានតែ ៥០ម៉ឺនហិកតា នេះជាបញ្ហា។ អញ្ចឹង យើងរៀបចំយុទ្ធសាស្ត្រនេះដើម្បីយើងកំណត់ឱ្យមានប្រសិទ្ធភាព។ ប៉ុន្តែនៅក្នុងខ្សែច្រវាក់ អ្នកទិញអ្នកអីមួយចំនួន យើងអត់កំណត់ទេ។ គាត់ប្រកួតអីប្រកួតចុះ។
នេះគឺជាការគិតគូរអំពីការធានាការនាំចេញ។ (១៣) ការនាំចេញបាន ទាល់តែមានមាត្រដ្ឋាន។ (កំណត់ពី)មាត្រដ្ឋានបាន ទាល់តែមានមាត្រដ្ឋាននៃការផលិត។ បើយើងនាំចេញតូចៗ យើងប្រកួតអត់ឈ្នះគេទេ។ បើសិនជាក្រុមហ៊ុនយើងតូចៗ ទៅប្រកួតអត់មានមាត្រដ្ឋានទេ ទៅមិនរួចទេ។ ផលិតផលដែលមានថ្លៃដើមក៏ខ្ពស់ ទីផ្សារក៏តូច យើងអត់ទៅរួចទេ។ អញ្ចឹងមានតែប្រមូលផ្តុំគ្នា រៀបចំ capacity ធ្វើការជាមួយដៃគូណាដែលមានសក្តានុពល។ យើងមានក្រុមហ៊ុនជប៉ុន ដូចក្រុមហ៊ុនមកពីហូឡង់ ដែលមានទីផ្សារនៅខាងក្រៅ ប៉ុន្តែយើងត្រូវធានាថាគាត់អាចទិញបាន។ អញ្ចឹងហើយបានជា ការគិតគូរកូតានៃចំនួនសហគ្រាស ឬមួយរោងចក្រកែច្នៃដែលកម្រិតធំ ដើម្បីឲ្យគាត់មានលទ្ធភាពពង្រីក ហើយជួយយើង។ បើគាត់ពង្រីក គាត់ជួយរកទីផ្សារឲ្យយើង គាត់ជួយបច្ចេកទេសដល់កសិករ ព្រោះសួនឧស្សាហកម្មក្តី រោងចក្រកែច្នៃក្តី វាជាឧបករណ៍។ គោលដៅធំរបស់យើងគឺជួយកសិករ និងជួយវិស័យនេះ។ គាត់ធ្វើ គាត់ចំណេញ គាត់ខាត យើងឲ្យរួចពន្ធឲ្យអី ប៉ុន្តែអ្វីដែលចង់បាន គឺចង់ឲ្យតាមរយៈគាត់ គាត់រកទីផ្សារឲ្យកសិកររបស់យើង។
បើយើងដាក់ទិសដៅខុស យើងកំណត់ខុស យើងគិតថា ឲ្យតែក្រុមហ៊ុនចំណេញ ឲ្យគិតតែផលចំណេញរបស់ក្រុមហ៊ុន។ អត់ទេ។ នេះគឺជាមធ្យោបាយរបស់យើង ដើម្បីបើកច្រកឱ្យអ្នកផលិតរបស់យើងចេញទៅកាន់ទីផ្សារអន្តរជាតិ។ អញ្ចឹង (១៤) យើងកុំខ្លាចឲ្យដីទំនេរ ឲ្យដី free ទៅគេ។ យើងកុំខ្លាចឲ្យគេរួចពន្ធដើម្បីគេជួយកែច្នៃ ជួយបង្កើនប្រសិទ្ធភាពផលិត ជួយទិញពីកសិករឲ្យបានច្រើន។ គោលដៅសំខាន់ដែលខ្ញុំនិយាយរបស់កសិកម្ម គឺកសិករ។ អ្នកវិនិយោគទៅលើការកែច្នៃ គឺជាអ្នកចូលរួមក្នុងធាតុផ្សំ គេថាតួអង្គបន្ទាប់បន្សំ។ ដូចយោធា យើងថាគោលដៅសំខាន់ និងគោលដៅបន្ទាប់បន្សំ។ គោលដៅសំខាន់គឺកសិករ និងទីផ្សារសម្រាប់កសិផល។
អញ្ចឹងមធ្យោបាយ និងការរៀបចំបែបនេះ គឺជាអ្វីដែល (១៥) រាជរដ្ឋាភិបាលកំពុងតែធ្វើការសាកល្បងលើ៣។ ទី១ គឺស្វាយចន្ទី ទី២ គឺស្រូវអង្ករ (ទី៣ គឺជី)។ យើងរៀបចំជាក្រុមហ៊ុនមេមួយ។ បន្តិចទៀតខ្ញុំនឹងនិយាយពីការរៀបចំហិរញ្ញប្បទាន។ ឥឡូវយើងពឹងតែថវិការដ្ឋ ថវិកាខ្ចីពីធនាគារ ឬមួយក៏កម្ចី។ តែនៅមានរូបមន្តដែលខ្ញុំឲ្យខាងសេដ្ឋកិច្ច ខាងវិស័យឯកជន និងក្រសួងគិតគូរ។ ទុនឯកជនច្រើនណាស់ក្នុងប្រទេសរបស់យើង តែអត់មានច្រកចូល។ យើងត្រូវបង្កើតរូបមន្តមួយកញ្ចប់ណាមួយ ដើម្បីឲ្យទុនទាំងអស់នោះអាចចូលរួមវិនិយោគបាន។ តិចឬច្រើន។ ប្រទេសផ្សេងគេធ្វើហើយ។ គេលក់ជា share គេលក់ជាភាគហ៊ុន គេលក់ជា bond មូលបត្រ។ យើងត្រូវគិតគូរអំពីនវានុវត្តន៍នៃការប្រមូលកៀរគរថវិកា។
ខ្ញុំសុំទោសសម្តេចតេជោ (ការអធិប្បាយនេះ)រាងវែងបន្តិច។ យើងបានជួបប្រជុំជាមួយវិស័យស្រូវអង្ករ ជាមួយវិស័យឯកជន។ តាំងពីដើមទីមក យើងឲ្យវិស័យឯកជនជាតួអង្គជួយគិត ជួយធ្វើ ជួយទទួលខុសត្រូវ។ កិច្ចការនេះយើងបានអនុវត្តច្រើន។ ក្នុងវិស័យស្វាយចន្ទី មានការប្រទាក់ក្រឡាគ្រប់ទាំងអស់ ទាំងអ្នកបច្ចេកទេស ជាមួយវិស័យឯកជន ធ្វើការកៀកស្មាជាមួយគ្នា យករូបមន្តដែលអាចឯកភាពគ្នាធ្វើ។
ទី២ វិស័យស្រូវអង្ករ។ យើងបាន (១៦) ដាក់គោលការណ៍ខ្ចីថវិកាពីក្រៅមក ដើម្បីធ្វើ silo ប៉ុន្មានរយ តែដូចជាង ១០ឆ្នាំហើយ យើងអត់ទាន់បានចេញ។ ខ្ញុំថាឥឡូវ យើងបង្កើតរូបមន្តមួយនេះធ្វើតែម្តង។ នោះគឺបង្កើតក្រុមហ៊ុនមេមួយដើម្បីធានាប្រមូលទិញកម្រិតណាមួយ។ ដោយសារយើងអត់មានសមត្ថភាពប្រមូលទិញកម្រិតធំ បានជាក្រុមហ៊ុននាំចេញរបស់យើងអត់ហ៊ានកុងត្រាធំ។ តែបើសិនជាមានក្រុមហ៊ុនមួយដែលអាចធានាបាន ២០-៣០ម៉ឺនតោន មិនបាច់ទាំងអស់ទេ ក្រុមហ៊ុនតូចៗដែលនាំចេញ ក៏គាត់ហ៊ានទៅកុងត្រាជាមួយគេដែរ ព្រោះគាត់អាចកុងត្រាពីយើងទិញបានបន្ថែម។ ឥឡូវនេះ សួរទៅគឺយើងខ្វះចន្លោះហ្នឹង។ រដ្ឋរៀបចំយន្តការនេះ។ យើងអន្តរាគមន៍តែចំណុចនេះដែលខ្វះខាត រៀបចំ silo និងការប្រមូលទិញ ការដាក់ទុនបង្វិលក្នុងការធានា ធ្វើឲ្យខ្សែច្រវាក់នៃផលិតកម្មតាំងពីអ្នកផលិត រហូតដល់ទីផ្សារខាងក្រៅ។ វាដើរហើយ ប៉ុន្តែវាខ្វះកន្លែងនេះ។
ឥឡូវ ប្រទេសជិតខាងគឺជាអ្នកដើរតួនាទី ព្រោះប្រទេសជិតខាងមានសមត្ថភាពស្តុកទុករាប់សែនតោន។ យើងអត់មានទេ។ អញ្ចឹង គេមកប្រមូលទិញ។ នៅសល់ពីយើង យកទៅស្តុកនៅគេ។ ដល់ហើយគេនាំចេញ។ ឥឡូវយើងបង្កើតលទ្ធភាពស្តុកនៅស្រុកយើង ដើម្បីជាមធ្យោបាយផ្គត់ផ្គង់ និងការប្រមូលទិញ។ បើមានលទ្ធភាពធំបែបនេះ យើងអាចធានាតម្លៃ។ ពេលដែលមានការលំបាក ធានាវត្ថុធាតុដើម ឬមួយក៏ទុនដើមសម្រាប់អ្នកនាំចេញរបស់យើង។ គាត់អាចកុងត្រានៅក្រៅបាន។ នេះគឺជាការគិតគូររបស់យើង។
ទី៣ គឺជី។ ជីនេះសំខាន់ណាស់។ សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ! (១៧) ជីមិនមែនគ្រាន់តែជាវត្ថុធាតុដើមក្នុងការផលិតនោះទេ។ ជីគឺជាយុទ្ធសាស្ត្រ។ ពឹងដង្ហើមគេដក ថ្ងៃណាមួយគេចង់ធ្វើបាប បើសិនជាមានបញ្ហាជី គេក្រឡុកតែថ្លៃជី យើងងាប់។ បិទតែជី យើងអត់មានលទ្ធភាព។ អញ្ចឹង សមត្ថភាពនៅក្នុងការផលិតជីខ្លួនឯងនេះត្រូវតែខិតខំធ្វើ។ យើងប្រឈមបញ្ហាច្រើន តម្លៃយើងខ្ពស់ សមត្ថភាពយើងតិច។ ខ្ញុំបានជួបជាមួយនឹងឯកឧត្តម ម៉ុង ឫទ្ធី ជួបជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម ជាពិសេសប្រគល់ភារកិច្ចឲ្យអ្នកវិស័យឯកជនក្នុងវិស័យជី(ធ្វើការសិក្សា)។ ខ្ញុំគិតថា បើចង់ដឹង ចង់ធ្វើ business ទាល់សួរអ្នកធ្វើ business។ ថ្ងៃមុនយើងបានជួប ហើយបានសុំឲ្យឧកញ៉ា ម៉ុង ឫទ្ធី ឧកញ៉ា ផែ ហុកឈួន ឧកញ៉ា ហ៊ុន ឡាក់, ហេង ឡុង និងអ្នកជំនាញនៅក្នុងវិស័យកសិកម្មមួយចំនួន ជួយសិក្សាអំពីលទ្ធភាពក្នុងការផលិតជីក្នុងស្រុកក្នុងកម្រិតណាមួយ មិនថាជីធម្មជាតិ ឬមួយក៏ជីគីមី។ បើមិនបាន ១០០% ក៏យ៉ាងហោចណាស់ធានា ៣០% នៃសមត្ថភាពរបស់យើង ព្រោះនេះគឺជាកិច្ចការសំខាន់ គុណភាព បរិមាណ និងតម្លៃ ហើយយើងអាចមានលទ្ធភាពធ្វើក្នុងកិច្ចការនេះ។ ក្រុមការងារកំពុងតែសិក្សា ធ្វើយ៉ាងណា រករូបមន្តណាដើម្បីយើងធានា។
អញ្ចឹង យុទ្ធសាស្ត្រលើផលិតផល៣ នេះ ដែលរាជរដ្ឋាភិបាលបានកំពុងតែរៀបចំសាកល្បង ស្វាយចន្ទី ស្រូវ/អង្ករ និងជី។ ជីទាក់ទងនឹងការផលិត។ ឥឡូវ បើយើងផលិតតូចៗ យើងទិញតូចៗ វត្ថុធាតុដើមថ្លៃ ហើយបានតែចែកពីគេ ចែកពីប្រទេសជិតខាងមក យើងមិនអាចធ្វើបាន(ចំណេញទេ)។ ភាគច្រើនផលិតនៅក្រៅ យើងយកមក។ ការលាយក៏មិនមានគុណភាពច្បាស់លាស់ … មានក្រុមហ៊ុននាំចូលមួយចំនួន ដូចឧកញ៉ា ផែ ហុកឈួន មានស្តង់ដា ប៉ុន្តែគាត់ក៏ចូលរួមឯកភាព បើសិនជាមាន(ការរៀបចំ)។ ឧកញ៉ា ភូ ពុយ ក៏គាត់គាំទ្រមុនគេ … ក្នុងសមាគមស្រូវអង្ករក៏មានការចូលរួម។ ខ្ញុំគិតថា បើប្រទេសគេធ្វើបាន ខ្មែរយើងក៏ធ្វើបានដែរ។ ទោះបីវាប្រឈមអ្វីក៏ដោយ គ្រាន់តែប្រហែលជាយើងរករូបមន្តមិនទាន់ត្រូវ ហើយបើសិនជាមានរូបមន្ត រដ្ឋមិនខ្លាចក្នុងការជួយរូបភាពណាមួយទេ ព្រោះការផលិតជាមធ្យោបាយគោលដៅសំខាន់ជួយកសិករ។ បើសិនជាជីផលិតបាន ម្ចាស់ការបាន ហើយធ្វើឲ្យតម្លៃដើមរបស់កសិករចុះថយ នេះជាការល្អ។
(១៨) ចំពោះការធានាហិរញ្ញប្បទានសម្រាប់កសិកម្ម កន្លងទៅ កិច្ចការនេះ យើងមានលទ្ធភាពកំណត់មួយគឺធនាគារអភិវឌ្ឍន៍ជនបទ/កសិកម្ម បានទម្លាក់ថវិកាមួយចំនួន និងការធានាមួយចំនួនឲ្យធនាគារពាណិជ្ជ ជួយផ្តល់ឥណទានទៅដល់វិស័យកសិកម្មរបស់យើង។ ក្នុងន័យនេះ យើងបានផ្តល់ឥណទានចន្លោះពី៤% ទៅ៧% ដល់វិស័យកសិកម្មពីធនាគារអភិវឌ្ឍន៍ជនបទ។ ប៉ុន្តែទុននៅមានកំណត់។ នៅក្នុងធនាគារឯកជន ក៏មានការចូលរួមនៅក្នុងការផ្តល់កម្ចីតាមការអំពាវនាវរបស់រដ្ឋាភិបាល។ ធនាគារកណ្តាល ធនាគារជាតិរបស់យើង ក៏បានធ្វើការជាមួយនឹងវិស័យឯកជន បានសុំឲ្យគាត់ជួយផ្តល់ទុនមួយចំនួន។ នេះជាការខិតខំប្រឹងប្រែងរបស់យើង។ យើងនឹងបន្តទៅទៀត។ ក្រៅពីនោះ នឹងគិតគូរពីរូបមន្តមួយចំនួននៅក្នុងការជួយ។
រាជរដ្ឋាភិបាល ក៏សូមអរគុណដល់សម្តេចតេជោ រាជរដ្ឋាភិបាលពីអាណត្តិមុនៗ ដែលបានផ្តល់អាទិភាពនៅក្នុងការមិនយកពន្ធដីកសិកម្ម ជីកសិកម្ម គ្រឿងយន្តកសិកម្មជាច្រើន ផលិតផលធាតុផ្សំកសិកម្ម ដែលជួយឲ្យកាត់បន្ថយថ្លៃដើមរបស់កសិករ។ រាជរដ្ឋាភិបាលពីអាណត្តិមុននិងអាណត្តិនេះ ក៏បានបន្តអនុគ្រោះពន្ធនិងអាករជាច្រើន ដែលមិនយកសម្រាប់ក្រុមហ៊ុន/ធុរជនដែលនៅក្នុងវិស័យកសិកម្ម ដើម្បីជួយកសិកម្ម ក្នុងការកាត់បន្ថយថ្លៃដើម។
អំពីថ្លៃអគ្គិសនី យើងមិនអាចជួយអន្តរាគមន៍គ្រប់ពេលទេ។ (១៩) កន្លងទៅ ឆ្នាំ២០២៤ នេះ ឯកឧត្តម កែវ រតនៈ បានរាយការណ៍ថាជួយបញ្ចុះថ្លៃអគ្គិសនីពីម៉ោង៩ យប់ ដល់ម៉ោង៧ ដោយរដ្ឋត្រូវចំណាយទុនជិត ៣លានដុល្លារក្នុងការជួយ(វិស័យកសិកម្ម)។ បើនិយាយទូទាំងប្រទេស តាមរយៈ EDC រាជរដ្ឋាភិបាល ជួយ ១២៨លានដុល្លារ ដល់ប្រជាជនទូទាំងប្រទេសដើម្បីកុំឲ្យថ្លៃអគ្គិសនីឡើង។ នៅតាមប្រទេសផ្សេងៗ ដោយសារសង្រ្គាមផងអីផង បានដំឡើងថ្លៃអគ្គិសនី តែកម្ពុជាយើងបានថែរក្សា(ថ្លៃមិនឲ្យឡើង)។ ពិតណាស់ ការប្រើច្រើនវាឡើងហើយ។ ប៉ុន្តែតម្លៃក្នុងមួយគីឡូនៅរក្សាថេរ។ មិនមែនដោយសាររដ្ឋចំណេញ ប៉ុន្តែដោយសាររដ្ឋបានចេញ ១២៨លានដុល្លារ ឆ្នាំ២០២៤ ដើម្បីទប់។ ភាគច្រើនសម្រាប់ផ្ទះប្រជាពលរដ្ឋនេះឯង។ ក្នុងវិស័យកសិកម្ម ជិត ៣លានដុល្លារដែលរដ្ឋត្រូវចំណាយ។
ចំពោះការកាត់បន្ថយសំខាន់មួយទៀតគឺមាត្រដ្ឋាន។ ម្សិលមិញ ឯកឧត្តម ប៉ែន ស៊ីម៉ន បានលើកអំពីរឿងភូមិមួយផលិតផលមួយ។ ខ្ញុំសុំទោសឯកឧត្តម ប៉ែន ស៊ីម៉ន (២០) ចំពោះភូមិមួយផលិតផលមួយនេះ សម្រាប់វិស័យកសិកម្ម ក៏យើងប្រហែលមិនអាចធ្វើបានទូទៅនោះទេ។ យើងអាចធ្វើបានតែសម្រាប់ផលិតផល niche មួយចំនួនតូច ឬមួយក៏ផលិតផលមួយចំនួនដែលអាចគាំទ្រដល់វិស័យអ្វីផ្សេងៗ ឧទាហរណ៍ ដូចសិប្បកម្មភូមិមួយនៅជុំវិញសៀមរាបអាចជំរុញដើម្បីបម្រើវិស័យទេសចរណ៍នៅសៀមរាប។ ប៉ុន្តែ បើយើងនិយាយពីកសិកម្ម យើងត្រូវនិយាយពីមាត្រដ្ឋាន។ បើយើងមិនផលិតច្រើនទេ តម្លៃដើមក៏មិនចុះ ហើយក៏គ្មានបរិមាណទៅប្រកួតជាមួយនឹងប្រទេសគេដែរ ឬមួយក៏ផ្គត់ផ្គង់ទីផ្សារយើងដែរ។ អញ្ចឹង ដែលយើងជំរុញតាំងពីដើមអាណត្តិ គឺការគិតគូរអំពីតំបន់មួយផលិតផលមួយ មិនមែនយកពីថៃទេ។ យើងមានគោលការណ៍គិតគូរអំពីតំបន់។ តំបន់អាចគិតពីខ្នាតស្រុក ខ្នាតខេត្ត ឬមួយក៏ខេត្តច្រើនជួបគ្នា។ ដូចស្វាយចន្ទី យើងមានបណ្តុំខេត្តមួយចំនួន។ បើមិនអញ្ចឹងទេ គឺយើងមិនអាចធានាបាននូវមាត្រដ្ឋាននៃផលិតផល។
បើយើងនិយាយអំពីមាត្រដ្ឋានផលិតផល យើងត្រូវនិយាយអំពីមាត្រដ្ឋាននៃការផលិត ឬអ្នកផលិត។ ដោយហេតុនេះហើយបានជាសហគមន៍កសិកម្មទំនើបដើរតួនាទីសំខាន់។ យើងមិនអាចយកសិករម្នាក់ ទោះបីជាគាត់មាន ៥០០ហិកតា ទៅដើរតួនាទីជាមាត្រដ្ឋាននោះទេ។ យើងត្រូវធានារាប់ម៉ឺនហិកតា រាប់ពាន់ហិកតា។ កាលពីខ្ញុំនៅជើងគោក ដំបូងខ្ញុំជួបជាមួយខាងអភិវឌ្ឍ។ ខាងអភិវឌ្ឍបានសុំយោបល់ខ្ញុំថា សុំអភិវឌ្ឍកសិកម្ម ទាល់តែសុំដី ៥ពាន់ហិកតាទៅមួយម៉ឺនហិកតា។ ខ្ញុំថាយើងអត់មានដីទេ។ ប៉ុន្តែ សូមឲ្យគិតថា គ្រួសារទ័ពនីមួយៗ ជាម្ចាស់ដីនៅក្នុងតំបន់ហ្នឹង ដែលសម្តេចតេជោរាជរដ្ឋាភិបាលប្រគល់ទៅឲ្យ ដូចនៅកងពលលេខ៩។ ២០០០ គ្រួសារ មាន ២០០០ ហិកតា។ ប្រមូលពួកគាត់ជាសហគមន៍ ហើយយើងកុងត្រាជាមួយគាត់ បង្កើតកុងត្រា ហើយក្រុមហ៊ុន ម៉ែន សារុន បានធ្វើជាមួយកងពលលេខ៧ បាន ៥០០ ទៅ ៦០០ គ្រួសារជាការអនុវត្តជាក់ស្តែង។ នេះជាអ្វីដែលជាកត្តាដែលខ្ញុំគាំទ្រ ហើយរាជរដ្ឋាភិបាលជំរុញ។
សូមអរគុណដល់សម្តេចតេជោ ដែលបានយកចិត្តទុកដាក់ និងជំរុញផ្ទាល់សហគមន៍កសិកម្ម។ ពាក្យថា សហគមន៍កសិកម្មទំនើបនេះ វាខុសពីសហគមន៍ធម្មតា។ សហគមន៍ខ្លះគ្រាន់តែប្រមូលគ្នាទិញជីអីមក យកមកលក់យកចំណេញ ឬក៏អន្តរាគមន៍ ប៉ុន្តែផលប្រយោជន៍ខុសគ្នា។ ដល់ពេលខាតរួមគ្នា ពេលចំណេញមានបញ្ហា។ តែរូបមន្តនៃសហគមន៍(កសិកម្មទំនើប)នេះ គឺត្រូវប្តូរការគិត ទាំងការលំបាក និងការចំណេញត្រូវនៅជាមួយគ្នា។ បានន័យថា សមាជិកនៃសហគមន៍គឺជាភាគហ៊ុននៃក្រុមហ៊ុននេះ។ ហ្នឹងបើតាមការគិតបានន័យថា បើចំណេញខាត អត់មានលួចកេងគ្នាទេ គឺចំណេញខាតស្មើគ្នា តាមអត្រា ទើបយើងបង្កើតបាន។ បើមិនអញ្ចឹងទេ មិនមាននិរន្តរភាពទេ។ ធ្វើបានបន្តិច ចាប់ផ្តើមឈ្លោះគ្នា ដោយសារអត់មានភាពស្មោះត្រង់ និងការសហការគ្នា។ ពេលលំបាក រត់រកគ្នាដើម្បីយើងទិញជីល្អអីមក។ ដល់ពេលតម្លៃល្អមកទាញលក់ឲ្យអ្នកនេះអ្នកនោះបានថ្លៃ នាំគ្នាលែងឯកភាពគ្នា ធ្វើឲ្យបាត់ទំនុកចិត្ត គឺមិនទៅមុខទេ។
(២១) អញ្ចឹងការកែសម្រួលសំខាន់គឺការកែសម្រួលផ្នត់គំនិត ពីការធ្វើការងារឯកជន មកធ្វើការងារសហគមន៍ដែលរួមគ្នា … របៀបយើងថាជា សហករ ឬមួយអ្វីនោះ ប៉ុន្តែជាម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន។ នេះជាគោលគំនិត បង្កើតក្រុមហ៊ុនមួយដែលទាំងអស់គ្នាដាក់ដីរួមគ្នា ហើយទាញផលវិនិយោគរួមគ្នា បានផលមក ចែកតាមភាគហ៊ុន។ អ្នកណាដីតូចធំចែកតាមហ្នឹង ដាក់ទុនយ៉ាងម៉េច។ នេះជាកិច្ចការមួយដែលខ្ញុំសូមអរគុណណាស់ក្រសួងកសិកម្ម ឯកឧត្តម ឌិត ទីណា បានគិតគូរមកដល់ពេលនេះ។ ខ្ញុំជឿថាប្រសិនបើយើងគ្មានមាត្រដ្ឋាន យើងមិនឈ្នះគេទេ។ បើនិយាយពីមាត្រដ្ឋាន យើងត្រូវធ្វើយ៉ាងម៉េចឲ្យមានមាត្រដ្ឋានការផលិត។ បើមានមាត្រដ្ឋាននៃការផលិត យើងមិនអាចទៅរកដីសម្បទានទេ។ យើងលែងចែកដីសម្បទានសេដ្ឋកិច្ចទៀតហើយ។ (យើងបានផ្ដល់)រាប់ពាន់ រាប់ម៉ឺនហិកតាហើយ។ អញ្ចឹងមានតែប្រជាពលរដ្ឋនៅទីនោះ (ប្រើ)រូបមន្ដកុងត្រានេះ … ដូចផ្សារម៉ាក្រូ ចង់កុងត្រាជាមួយ ១ភូមិ។ បើមួយភូមិហ្នឹងកុងត្រាមួយផ្ទះរៀងៗខ្លួន គាត់មិនធ្វើទេ។ ប៉ុន្ដែបើមួយភូមិមានមួយរយគ្រួសារ ឯកភាពគ្នាដាំបន្លែឲ្យគាត់ ធានាឲ្យគាត់នូវវិន័យក្នុងការអនុវត្ដដាក់ជីយ៉ាងម៉េចស្អីយ៉ាងម៉េច គុណភាពយ៉ាងម៉េច គាត់ព្រមធ្វើ។ នេះជាសារៈសំខាន់នៃការកំណត់បទដ្ឋានការងារ ដែលមានការឯកភាពគ្នា។
សូមលើកទឹកចិត្តជំរុញបង្កើតសហគមន៍ឲ្យបានច្រើន ហើយសូមបងប្អូនសហគមន៍ទាំងអស់រួមគ្នាគិតគូរពីផលប្រយោជន៍រួម។ គិតថាខ្លួនឯងជាម្ចាស់ក្រុមហ៊ុន ដែលត្រូវធ្វើឲ្យក្រុមហ៊ុននេះមានអាយុវែង ចំណេញកាន់តែច្រើន ម្នាក់ៗ ក៏ចំណេញកាន់តែច្រើនរួមគ្នា។ (ធ្វើ) ដូចនេះទើបដើរ។ មិនថាពេលខាតរត់រកគ្នាដើម្បីកាត់បន្ថយខាត ប៉ុន្ដែពេលចំណេញៗរៀងៗខ្លួននោះទេ។ គេថា ពេលខាតរដ្ឋចេញ ពេលចំណេញឯកជនទុក។ ប៉ុន្ដែ សម្រាប់សហគមន៍ ពេលខាតសហគមន៍ចេញ ពេលចំណេញបុគ្គលទុកនេះគឺមិនដើរទេ …។
ចំពោះភូមិមួយផលិតផលមួយ … ការងារនេះ ឯកឧត្តម អ៊ុក រ៉ាប៊ុន នៅបន្ដធ្វើ។ យើងកំពុងឲ្យគិតគូរចលនាសម័យឧត្ដុង្គអីហ្នឹង ដើម្បីរៀបចំជាឆ័ត្រមួយ ហើយអនុវត្ដកន្លែងណាដែលយើងអាចធ្វើបាន។ កិច្ចការនេះក៏មិនមែនអត់ដើរគ្រប់កន្លែងនោះដែរ។ ខ្ញុំនិយាយតែរឿងកសិកម្មនោះទេ ប៉ុន្ដែនៅផ្នែកសិប្បកម្ម។ ឧទាហរណ៍ នៅតំបន់បៃតងជុំវិញតំបន់ទេសចរណ៍ ភូមិមួយផលិតផលមួយនេះសំខាន់។ មួយកន្លែងអាចផលិត១ ដើម្បីទាក់ទាញទេសចរណ៍។ នេះគឺកិច្ចការល្អ។ ជាពិសេស នៅតំបន់សហគមន៍ក្រីក្រ សហគមន៍ធម្មជាតិ។ នេះហើយភូមិមួយផលិតផលមួយដែលយើងចង់បាន។ នេះជាផលិតផលដែលយើងត្រូវរុញ មិនមែនឈប់ដើរនោះទេ ព្រោះមាត្រដ្ឋានមិនអាចធ្វើគ្រប់កន្លែងនោះទេ … ខ្ញុំនិយាយនេះគឺទាក់ទងនឹងរូបមន្ដនៃវិស័យកសិកម្ម ពាក់ព័ន្ធនឹងគោលការណ៍ធំៗ។
(២២) ចំពោះប្រព័ន្ធធារាសាស្ដ្រ ឯកឧត្តម ថោ ជេដ្ឋា នឹងលើកពីកិច្ចការនេះ។ ខ្ញុំសូមរាយការណ៍ជូនសម្ដេចតេជោ ខ្ញុំបានឲ្យធ្វើការជាមួយរដ្ឋាភិបាលកូរ៉េ តាមរយៈ KOICA ឲ្យសិក្សាពីការធ្វើប្រឡាយតភ្ជាប់ពីទន្លេមេគង្គលើទៅទន្លេសាប ដើម្បីភ្ជាប់ពីទន្លេមេគង្គលើទៅស្ទឹងសែន ហើយចាក់ចូលទៅ(បឹង)ទន្លេសាប ដើម្បីធានានូវតុល្យភាពទឹក។ ឥឡូវនេះ (រវាងភូមិសាស្ត្រទាំងពីរ បានកាត់ផ្ដាច់ពីគញនា មិនមានអី្វជាប់គ្នាទេ)។ វាហូរមកក្រោម។ ខែប្រាំងគឺហូរមកអស់។ អញ្ចឹង យើងនឹងសិក្សាកន្លែងនេះ។ ថ្ងៃមុខ យើងអាចមានលទ្ធភាពភ្ជាប់ពីបឹងទន្លេសាប ឆ្ពោះទៅកៀកប៉ោយប៉ែត ដើម្បីធានាការដឹកជញ្ជូន។ ប្រសិនបើព្រែកជីកហ៊្វូណនធ្វើហើយ ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកយើងកាន់តែសំខាន់។ ពេលនេះ បានឲ្យសិក្សាមួយជំហានសិន អំពីបរិស្ថាន ប្រព័ន្ធបច្ចេកទេស ធ្វើយ៉ាងណាអាចភ្ជាប់ទន្លេមេគង្គលើ ខាងស្ទឹងត្រែង ចុះមកបន្ដិច ភ្ជាប់មកដល់ខាងស្ទឹងសែន ហើយចាក់មក (បឹងទន្លេសាប) តែម្ដង ប្រហែលជា(ប្រវែង) ៧០គ.ម។
ប្រសិនបើយើងធ្វើបានកន្លែងនេះ យើងអាចធានាបានតុល្យភាពទឹករវាងទន្លេមេគង្គ និងទន្លេសាប និងធានានូវប្រព័ន្ធធារាសាស្រ្ដ និងទឹកប្រើប្រាស់ទូទាំងប្រទេស … ចំពោះការរៀបចំប្រព័ន្ធយ៉ាងណា ឯកឧត្តម ថោ ជេដ្ឋា នឹងរាយការណ៍បន្ថែមលម្អិត។
ចំពោះការលើកឡើងអំពីសុវត្ថិភាពចំណីអាហារ ខ្ញុំសូមឯកភាពចំពោះមតិ សម្ដេចតេជោ។ រឿងនេះធំណាស់។ អម្បាញ់មិញ បានជជែកជាមួយឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងឯកឧត្តម ស សុខា។ រឿងនេះ តាំងពីដើមអាណត្ដិ ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន និងក្រុមការងារ សិក្សាវាយតម្លៃ ព្រោះបញ្ហារបស់យើងគឺ (២៣) ដោយសារមានស្ថាប័នច្រើនពេកក្នុងការពិនិត្យចំណីអាហារ (ក៏ធ្វើអោយមានការលំបាក)។ ចូលតាមច្រក មានគយ ដល់ផ្សារ មានក្រសួងពាណិជ្ជកម្ម ចូលក្នុងហាង មានក្រសួងសុខាភិបាល និងទេសចរណ៍។ អ្នកណាធ្វើអី? ហើយទទួលអី? មិនត្រឹមតែគ្នាច្រើនអន្សមខ្លោច ឬបាយឆៅ ប៉ុន្ដែថែមទាំងដាក់បន្ទុកទៅវិស័យឯកជនផង។ ជួនកាល ហាងបាយមួយ តើមានប៉ុន្មានស្ថាប័នទៅឆែក? តើយើងធ្វើម៉េច? រឿងនេះជារឿងធំ សម្រាប់យើងទាំងអស់គ្នា។ អ្នកណាក៏ហូបដែរ។
ឯកឧត្តម លោកជំទាវ សម្ដេច ពិសាអាហារនៅទីនេះ មានសួរទេថា បន្លែ/ចំណីអាហារហ្នឹងមកយ៉ាងម៉េច? ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ បងប្អូនមួយចំនួនដំាបន្លែនៅផ្ទះរបស់គាត់ ប៉ុន្ដែទៅពិធី(មង្គល)ការ ពិធីផ្សេងៗ គាត់ហូបកន្លែងផ្សេង។ នេះដែលខ្ញុំថា គ្រោះថ្នាក់ជាងគ្រឿងញៀនទៀត។ គ្រឿងញៀនវាប៉ះពាល់់តែអ្នកប្រើ និងអសន្ដិសុខដែលវាបានបង្កើត។ ប៉ុន្ដែ (ចំណី)អាហារនេះគឺប៉ះគ្រប់គ្នា។ យើងមានអង្គរក្សរាប់រយនាក់ការពារនៅទីនេះ ប៉ុន្ដែមានអ្នកណាការពារអ្វីដែលយើង(នឹង)ដាក់នៅក្នុងពោះទេ? នេះជាបញ្ហា(ពាក់ព័ន្ធនឹងសុខភាព)ប្រជាពលរដ្ឋយើង។ វាមិនធ្វើឲ្យកើតឡើងភ្លាមៗទេ វាធ្វើឲ្យសុខភាពទ្រុឌទ្រោម(បន្តិចម្ដងៗ) ដែលជាបន្ទុករយៈពេលវែងរបស់យើង។
អញ្ចឹងការគ្រប់គ្រងសុវត្ថិភាពចំណីអាហារ សម្ដេចតេជោ ក៏ដូចជារដ្ឋាភិបាលអាណត្ដិមុនៗ បានខិតខំរៀបចំយន្ដការជាច្រើន ព្រមទាំងដាក់សាកល្បងនៅក្នុងការដាក់អន្ដរក្រសួងឲ្យធ្វើយន្តការរួមជាមួយគ្នា។ ក្រសួងស្ថាប័ននីមួយៗខិតខំធ្វើហើយ ក្រសួងមហាផ្ទៃ ពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល បងប្អូនបានខិតខំធ្វើការងារហើយ ប៉ុន្ដែនៅមានភាពឆកល្វែង។ (២៤) អញ្ចឹងទាមទារឲ្យយើងពិនិត្យមើលនៅក្នុងការរៀបចំយន្ដការឡើងវិញ។ យើងកំពុងពិចារណាយន្ដការ និងជម្រើសមួយចំនួន រួមទាំងការរៀបចំយន្ដការដឹកនាំ សម្របសម្រួលរួម ដែលអាចធ្វើការងារ កាត់បន្ថយការជាន់/ស្ទួនគ្នា។ យើងនឹងប្រជុំជាក់ស្ដែងនៅពេលខាងមុខ រើសពីរឬបីសេណារីយ៉ូដើម្បីពិនិត្យមើល។ គោលដៅសំខាន់បំផុតគឺត្រូវធ្វើយ៉ាងម៉េចលុបបំបាត់បញ្ហាជាន់គ្នា ឆកល្វែងនេះ ឈានទៅដល់ការបង្ការនូវបញ្ហាចំណីអាហារ ឬថ្នាំសង្កូវ ដែលខូចគុណភាព។
ខ្ញុំសូមអរគុណដែលបានលើកនូវចំណុចនេះ ព្រោះវាពាក់ព័ន្ធទៅនឹងកសិកម្មដែរ (ប៉ុន្ដែ)ជាការប្រើប្រាស់ និងហូបចុកនូវផលិតផលកសិកម្ម។ នេះគិតគូរតាំងពីការដាំដុះ ព្រោះឥឡូវប្រទេសមួយចំនួនគេហាមមិនឲ្យនាំចូល។ ថ្ងៃមុន អង្កររបស់យើងមានបញ្ហា ដោយសារជាតិគីមីមួយចំនួន។ ទុរេននៅវៀតណាមរាប់តោនត្រូវចាក់ចោលដោយសារជាតិ(គីមី)ដែលគេរកឃើញថាអាចធ្វើឲ្យមហារីក។ អញ្ចឹង ការធានារបស់យើងមិនត្រឹមតែសម្រាប់ការហូបចុករបស់យើងទេ តែធានានូវប្រព័ន្ធពាណិជ្ជកម្ម និងផលិតផលដែលទទួលស្គាល់ពីប្រជាពលរដ្ឋ បូកនឹងអន្តរជាតិ គឺត្រូវធានានូវបច្ចេកទេសទាំងអស់ ទាំងការដាំដុះ ទាំងសុវត្ថិភាពចំណីអាហារ។
សូមអរគុណចំពោះប្រសាសន៍ណែនាំរបស់សម្ដេចតេជោ (២៥) ចំពោះការប្រឡងប្រណាំង។ កន្លងទៅ យើងមានយន្តការប្រឡងប្រណាំងកម្រិតថ្នាក់ជាតិ សម្រាប់វិស័យឯកជន និងវិស័យអប់រំ និងសុខាភិបាល។ ខ្ញុំសូមឲ្យឯកឧត្ដម អ៊ុត មុនី និងឯកឧត្ដម ឌិត ទីណា រៀបចំបន្ថែមមួយទៀតចូលក្នុងអង្គភាព គឺវិស័យកសិកម្ម ក្នុងការប្រកួតប្រជែងថ្នាក់ជាតិមួយ។ ដោយឡែក ថ្នាក់ក្រសួង ថ្នាក់ខេត្ត … គួរមានគិតគូរអំពីការលើកយោបល់ មិនត្រឹមតែមន្រ្តីកសិកម្មទេ តែអង្គភាពកសិកម្ម បានន័យថា មន្ទីរ ឬការិយាល័យស្រុកកម្រិតណាមួយដែលអាចជួយបាន។
ចំពោះការធ្វើវិមជ្ឈការ ឬប្រតិភូកម្ម ឯកសារ សិទ្ធិអីនោះ សូមឲ្យក្រសួងពិនិត្យមើលជាក់ស្ដែងទៅ។ អ្វីដែលយើងអាចធ្វើបាន ព្រោះផលិតផលខ្លះនាំចេញត្រូវការ(ភាពឆាប់រហ័ស)។ ខ្ញុំធ្លាប់អន្តរាគមន៍ម្ដងកាលនោះ ជំនាន់ឯកឧត្ដម វេង សុខុន ថាសុំការបោះត្រានាំចេញពីខេត្តសៀមរាបនូវការឯកភាពរបស់ក្រសួងដើម្បីដាក់ផលិតផលពីយន្តហោះចេញទៅ។ បើសិនជាត្រូវយកឯកសារពីភ្នំពេញគឺអាចយូរ ដោយសារផលិតផលខ្លះ គ្រឿងហូប ជាផ្លែស្វាយអីខ្លះ ទុកយូរមិនបាន។ អញ្ចឹង មានការធ្វើប្រតិភូកម្ម។ កិច្ចការទាំងអស់នេះសុំ(ក្រសួងពិនិត្យជាក់ស្ដែង) ព្រោះវាទាក់ទងទៅនឹងការធ្វើវិម្ឈការផងដែរ។ ធ្វើយ៉ាងណាឲ្យសេវាកាន់តែលឿន ធានា(អោយមានការបញ្ជាក់)ផ្ទាល់ ព្រោះផលិតផលកសិកម្មមួយចំនួន(ត្រូវដឹកចេញបន្ទាន់)។ ខ្លះអាចចេញទៅយូរបាន ដោយសារមានទូរត្រជាក់ អាចដឹក១ខែ ២ខែអីបាន តែរបស់ខ្លះលឿន តែប៉ុន្មានថ្ងៃអាចខូចគុណភាព ជាពិសេសដឹកតាមយន្តហោះ។
សូមអរគុណចំពោះការលើកឡើងលើចំណុចទាំងប៉ុន្មាននេះ។ ចំពោះចំណុចពាក់ព័ន្ធនឹងការសុំការបង្កើតយន្តការថ្នាក់ជាតិនោះ មិនចាំបាច់ទេ ព្រោះយើងមានយន្តការច្រើនហើយ។ គណៈកម្មការច្រើនទាក់ទងនឹងវិស័យកសិកម្ម យើងក៏មានក្រុមការងាររាជរដ្ឋាភិបាលជាមួយវិស័យកសិកម្ម ដែលមានពីរក្រុមឯណោះ។ ក្រុម “ក” ដែលពាក់ព័ន្ធនឹងស្រូវអង្ករ និងក្រុម “ញ” ពាក់ព័ន្ធដល់កសិ-ឧស្សាហកម្ម។ ក្រុមនេះជាអ្នកមានតួនាទីជាអ្នកសម្របសម្រួលវេទិកាសម្រាប់ការជួបរវាងវិស័យឯកជននិងរដ្ឋ។ បើមានបញ្ហាអី យើងជួបគ្នាដោះស្រាយ។ ប៉ុន្តែ ការប្រតិបត្តិទុកឲ្យក្រសួង-ស្ថាប័នជំនាញ និងវិស័យឯកជនជំនាញ។ យើងមិនចាំបាច់បង្កើតយន្តការមួយទៀតធ្វើការជំនួសទេ។ មានតែយន្តការជាឆ័ត្រសម្រាប់សម្របសម្រួល ហើយឲ្យមុខព្រួញនីមួយៗទទួលខុសត្រូវ។ នេះជាការល្អហើយ។ បើមិនដូច្នេះទេយើងនឹងបង្កើតតួអង្គទី៣ ដែលនឹងដើរតួទទួលខុសត្រូវជំនួសស្ថាប័នផ្សេងៗ។ លើប្រធានបទនេះ ខ្ញុំសូមលើកប៉ុណ្ណេះ៕