សូមគោរពសម្ដេចប្រធានសមាជ
សម្ដេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី
អង្គសមាជជាទីមេត្រី!
អនុញ្ញាតឱ្យខ្ញុំសូមឆ្លើយ ពាក់ព័ន្ធនឹងការលើករបស់ឯកឧត្តម លោកជំទាវ ដែលបានចូលរួមមតិយោបល់ស្តីពីប្រព័ន្ធគាំពារសង្គមរបស់រាជរដ្ឋាភិបាល ហើយក៏មានការចូលរួមពីខាងបច្ចេកទេសរបស់រាជរដ្ឋាភិបាល និងខាងគោលនយោបាយដើម្បីបញ្ជាក់លម្អិត។ មុននឹងប្រគល់វេទិកានេះជូនខាងបច្ចេកទេសដើម្បីធ្វើការឆ្លើយតប ខ្ញុំសូមធ្វើការថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ ដែលបានចូលរួមនូវធាតុផ្សំ ការចាប់អារម្មណ៍ ការលើកទឹកចិត្តទៅដល់ការអនុវត្តនយោបាយ ក៏ដូចជាការផ្ដល់នូវធាតុផ្សំពាក់ព័ន្ធទៅនឹងចំណុចប្រឈមមួយចំនួន ដែលការអនុវត្តនេះ អាចយកទៅធ្វើការកែសម្រួលបាន។
គោលការណ៍អភិបាលកិច្ច ការផ្សព្វផ្សាយ ការពង្រីកវិសាលភាពគ្របដណ្ដប់ជាសកល ការពង្រឹងសេវា គឺជាប្រធានបទដែលបានលើកឡើង។ ក្នុងការលើកជាមតិយោបល់ពាក់ព័ន្ធទៅនឹងការផ្ដល់នូវគោលនយោបាយគាំពារសង្គមនេះ អនុញ្ញាតឱ្យខ្ញុំសូមបញ្ជាក់នូវចំណុចនេះជាសង្ខេបមួយចំនួន។ ទី១ ពាក់ព័ន្ធទៅនឹងអភិបាលកិច្ច។ ការងារនេះ គឺជាស្នូលនៃគោលនយោបាយ តាំងពីគោលនយោបាយចតុកោណរហូតដល់បញ្ចកោណ។ នៅក្នុងការអនុវត្តគោលនយោបាយគាំពារសង្គមនេះទៀតសោត ក៏ជាចំណុចស្នូលមួយរបស់យើង។ (១) អភិបាលកិច្ច ផ្ដោតទៅលើស្ថាប័ន និងយន្តការអនុវត្ត ការគ្រប់គ្រងថវិកា និងការផ្ដល់សេវា។ ហេតុនេះហើយ យើងរៀបចំយន្តការ៣កម្រិត គឺកម្រិតនយោបាយ កម្រិតនិយ័តករ និងកម្រិតប្រតិបត្តិករ ដើម្បីដើរតួនាទីពិនិត្យ រៀបចំគោលនយោបាយ កែសម្រួលគោលនយោបាយ រៀបចំការតាមដានត្រួតពិនិត្យវាយតម្លៃ និងការពិនិត្យទៅលើប្រសិទ្ធភាពនៅក្នុងការផ្ដល់សេវា។
រាជរដ្ឋាភិបាលបានខិតខំព្យាយាមដើម្បី(ធ្វើ)ឱ្យកិច្ចការទាំងអស់នេះកាន់តែប្រសើរឡើង។ យើងក៏ទទួលស្គាល់ថា គ្មានអ្វីល្អឥតខ្ចោះនោះទេ។ ប្រព័ន្ធនីមួយៗ ក៏មិនអាចឆ្លើយតបគ្រប់ពេលវេលាបានដែរ។ សូម្បីតែប្រទេសជឿនលឿន ក៏ត្រូវធ្វើការកែសម្រួល។ ប្រទេសខ្លះ ក្របខ័ណ្ឌគោលនយោបាយគាំពារសង្គមល្អណាស់ពី ២០ឆ្នាំមុន ប៉ុន្តែឥឡូវនេះ តម្លៃនិងការធានាប្រព័ន្ធនោះមិនគ្រប់គ្រាន់ ដោយសារការកើនឡើងនូវតម្លៃនៃការរស់នៅ និងការប្រែប្រួលនៃអ្នកទទួលបន្ទុក។ នៅប្រទេសមហាអំណាចជាច្រើន (ចំនួន)អ្នកទទួលផលកាន់តែកើនឡើង ដោយសារនិយមន័យនៃការអនុគ្រោះនិងការទទួលផលនេះ គឺកាន់តែជាបន្ទុកធ្ងន់របស់រាជរដ្ឋាភិបាល និងរដ្ឋាភិបាលទាំងនោះ។
ដោយឡែកសម្រាប់កម្ពុជា (២) ការពង្រីកវិសាលភាពរបស់យើង គឺចាំបាច់ធ្វើឱ្យប្រជាពលរដ្ឋអាចទទួលបានកាន់តែច្រើនឡើង និងកាន់តែប្រសើរឡើង។ ទោះជាយ៉ាងណា យើងមិនអាចរត់តាមតម្រូវការ ឬការស្នើសុំ(គ្រប់បែបយ៉ាងទេ)។ ការធានាចីរភាព គឺជាការធានាខុសត្រូវមួយ។ យើងមិនអាចចាយថវិកា ឬមួយក៏ឆ្លើយតបទៅតាមតម្រូវការលឿន ហើយអស់លុយក្នុងរយៈពេលមួយឆ្នាំ ឬពីរឆ្នាំនោះទេ។ ទាក់ទងទៅនឹងកិច្ចការនេះ ខ្ញុំសូមលើកបញ្ជាក់ជូន សម្ដេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ ឲ្យបានជ្រាបពី ការពង្រីកវិសាលភាពរបស់យើង។
យើងដាក់គោលដៅពង្រីកការគ្របដណ្ដប់សុខភាពជាសកល ប៉ុន្តែមិនមែនបានន័យថា១០០% នៃប្រជាពលរដ្ឋយើង ត្រូវបានរដ្ឋជួយផ្គត់ផ្គង់ ១០០%នោះទេ។ ការពង្រីកវិសាលភាពនេះ បានន័យថា ប្រជាពលរដ្ឋអាចត្រូវបានគ្របដណ្ដប់តាមរូបមន្តណាមួយ។ នៅក្នុងពេលនេះ យើងអនុវត្តពីរគឺ៖ ទីមួយ របបសន្តិសុខសង្គមដែលកើតចេញពីការធ្វើវិភាគទានរបស់និយោជក ឬមួយក៏រដ្ឋសម្រាប់មន្រី្តសាធារណៈ ឬមួយក៏ស្វ័យនិយោជន៍ បានន័យថា វិភាគទានរបស់បងប្អូនតាមការស្ម័គ្រចិត្ត។ ដូចនេះ រដ្ឋបង្កលក្ខណៈរៀបចំយន្តការនេះ ហើយចូលរួមនៅក្នុងការវិភាគទានដើម្បីធានាការព្យាបាលជំងឺពីបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនដែលមានលទ្ធភាព។
រដ្ឋផ្ដល់អាទិភាពសំខាន់បំផុតទៅដល់ប្រជាពលរដ្ឋដែលមិនមានលទ្ធភាព ដែលលំបាកជាងគេ ដែលយើងដាក់ចេញនូវកម្មវិធីជួយសង្គម ដែល(ក្នុងនោះ)រដ្ឋចេញ១០០%។ យើងហៅថា បណ្ណសមធម៌ ឬបណ្ណក្រីក្រ។ ពីរនេះ បណ្ណសមធម៌ ឬបណ្ណក្រីក្រ និង ប.ប.ស. ខុសគ្នា។ អម្បាញ់មិញ ឯកឧត្តម អ៊ិត សំហេង បានលើកហើយថា ចំពោះអ្នកក្រៅប្រព័ន្ធ កាលពីមុនហេតុអីក៏ស្រួលចុះឈ្មោះតាមអាជ្ញាធរ ឥឡូវហេតុអីក៏ចុះឈ្មោះតាមក្រសួង MISTI (Ministry of Industry, Science, Technology & Innovation)? គឺដោយសារការរៀបចំថ្មីសម្រាប់គាត់។ (៣) បើសិនជាយកតែការធានាគាំពារតាមរយៈកម្មវិធីបណ្ណសមធម៌ទេ គាត់អត់ចាំបាច់មកចុះឈ្មោះជាសេដ្ឋកិច្ចក្រៅប្រព័ន្ធទេ។ ប៉ុន្តែ បើគាត់ចុះឈ្មោះក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ គាត់អាចមានលទ្ធភាពដាក់ពាក្យចូល ប.ស.ស.។ នេះគឺជាការខុសគ្នា។ ប្រាកដណាស់ ការរៀបចំបែបនេះទើបនឹងចាប់ផ្ដើមដំណើរការ ដែលពិតជាមាន ការផ្សព្វផ្សាយមិនទាន់គ្រប់ជ្រុងជ្រោយ។ ហេតុនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានខិតខំសហការចុះផ្សព្វផ្សាយជាមួយអាជ្ញាធរមូលដ្ឋាន។ ខ្ញុំតែងតែក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសអភិបាលរាជធានី-ខេត្តទាំងអស់ជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយ។
ចំណុចពាក់ព័ន្ធទាំងនេះ ឯកឧត្តម លោកជំទាវ អាចទទួលព័ត៌មានហើយថា (៤) នៅក្នុងមួយឆ្នាំ២០២៤ និង២០២៥នេះ យើងចំណាយថវិកា ៨០០លានដុល្លារ សម្រាប់កម្មវិធីជំនួយសង្គម។ ៨០០លានដុល្លារនេះ គឺសម្រាប់កម្មវិធីដែលរដ្ឋត្រូវចេញ ១០០%។ វាច្រើន។ អញ្ចឹងហើយ យើងមិនអាចមានលទ្ធភាពពង្រីកវិសាលភាពទៅតាមការស្នើសុំទេ។ ឧទាហរណ៍ ដូចការលើកឡើងរបស់ឯកឧត្តម លោកជំទាវ ថាសុំពង្រីកទៅព្រះសង្ឃគ្រប់ព្រះអង្គ ជាង៦ម៉ឺនអង្គទៀត និងប្រជាការពារជាង១០ម៉ឺននាក់។ យើងអត់មានថវិកាទេ។ សូម្បីតែថវិកាដែលយើងមាននេះ ឯកឧត្តម លោកជំទាវខ្លះបានលើកថា អ្នកដែលបានហើយ ថាចាស់ៗបានតិចម្ល៉េះ។ នេះគឺជាសមីការមួយដែលរាជរដ្ឋាភិបាលត្រូវដៃម្ខាងប្រមូលលុយក្នុងពេលដែលសេដ្ឋកិច្ចជាតិកំពុងលំបាក ដោយត្រូវទម្លាក់ពន្ធច្រើនដើម្បីជួយដល់វិស័យឯកជន ដើម្បីឲ្យក្រុមហ៊ុនទាំងអស់នោះកុំថប់ដង្ហើមពេក។ សូម្បីសេដ្ឋកិច្ចក្រៅប្រព័ន្ធក៏យើងអនុគ្រោះពន្ធដែរ។ អ្នកអត់មានអនុលោមភាព ក៏យើងអនុគ្រោះដើម្បីកុំឱ្យបងប្អូនលំបាក។ អញ្ចឹង (ដៃ)ម្ខាងចូលហោប៉ៅតូច (ឯដៃម្ខាងទៀតត្រូវរ៉ាប់រង)ការចំណាយកាន់តែធំ។
ចំពោះវិសាលភាពគ្រប់ដណ្តប់អភិបាលកិច្ចនេះ តើគ្រប់ដណ្តប់ឱ្យបានច្រើនយ៉ាងណា ហើយធ្វើម៉េចឱ្យចំគោលដៅ។ នេះគឺជាកិច្ចការសំខាន់។ រាជរដ្ឋាភិបាលក៏ទទួលស្គាល់ថា ការវាយតម្លៃប្រព័ន្ធ IDPoor ឧទាហរណ៍ មិនល្អឥតខ្ចោះទេ។ យើងឱ្យក្រសួងផែនការចុះពិនិត្យមើល ហើយវាយតម្លៃតាមសូចនាការដែលបានកំណត់មួយចំនួន។ វាអត់សុក្រឹត។ មិនមានអ្វីដែលសុក្រឹតទាំងអស់ទេ ព្រោះកត្តាវាខុសគ្នា។ ជួនកាលការប្រែប្រួលនៃជីវភាព។ បើសិនជាយើងមិន Update ជាប់ជាប្រចាំ យើងនឹង(មានព័ត៌មានមិនគ្រប់គ្រាន់ឬ)ខុស។ ឧទាហរណ៍ ដូចនៅឧត្តរមានជ័យ ពេលចុះឈ្មោះវាយតម្លៃអ្នកដែលនៅក្រ ៥ឆ្នាំក្រោយមក អ្នកនោះមានលុយទិញត្រាក់ទ័រ។ ការប្រែប្រួលវាបែបនេះ។ ប៉ុន្តែ (៥) យើងទទួលស្គាល់ថា កិច្ចការទាំងអស់ត្រូវការត្រួតពិនិត្យ និងវាយតម្លៃ។ ហេតុនេះហើយ យើងមានការកែសម្រួល។ ក្នុងអំឡុងឆ្នាំ២០០០ យើងកែសម្រួលឡើងវិញតាមរបបនៃការស្នើសុំ។ អ្នកដែលមានការលំបាក គឺស្នើសុំមកតាមអាជ្ញាធរ ហើយគណៈកម្មការចុះទៅវាយតម្លៃ។ បើសិនជា(ក្នុងការ)វាយតម្លៃ សូម្បីតែក្រពិតប្រាកដ តែគណៈកម្មការវាយតម្លៃថាអត់(ស្របតាមសូចនាករកំណត់)បាន គាត់មានលទ្ធភាពតវ៉ា ឱ្យវាយតម្លៃឡើងវិញ។ នេះជាការខិតខំកែទម្រង់ក្នុងការដោះស្រាយ ធានាកាត់បន្ថយការផ្តល់ឱ្យ មិនឱ្យខុសគោលដៅ។
(ប្រជាពលរដ្ឋ)រាប់លាននាក់បានទទួលផល។ (៦) (ប្រជាពលរដ្ឋ) ៧,៩លាននាក់បានផលពីនេះ។ ប្រាកដណាស់ យើងមាន ១៧លាននាក់ ប្រាកដជាមានអ្នកខ្លះ (ដែលជំនួយនេះ)មិនទាន់ទៅដល់ហើយ ឬមួយវាយតម្លៃខុស។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលស្វាគមន៍ ហើយខិតខំរៀបចំយន្តការជាប្រចាំ ឆ្លើយតបដោះស្រាយ។ ខ្ញុំជឿថា ៧,៩លាននាក់ ដែលបានផលនេះ មិនមែនខុសទាំងអស់ទេ។ ប្រជាពលរដ្ឋរាប់ម៉ឺននាក់បានផល។ ខ្ញុំទៅមូលដ្ឋាន ទៅកន្លែងណាជួបលោកយាយចាស់ៗ នៅអតីតសមរភូមិ ពេលដែលគាត់ទៅព្យាបាល ខ្ញុំសួរបានផលអី? គាត់បានបណ្ណក្រីក្រ។ អញ្ចឹង បានន័យថា ៧,៩លាននាក់ ដែលបានទទួលផលពីកម្មវិធីសង្គមខ្លះ របបសន្តិសុខសង្គមខ្លះ។ យើងគិតថាបណ្ណសមធម៌នេះគឺ ៤,៨លាននាក់។ អញ្ចឹងក្នុង ៤,៨លាននាក់នេះ មួយភាគធំគឺសុទ្ធតែត្រឹមត្រូវ។ យើងក៏ទទួលស្គាល់ថានៅមានចន្លោះប្រហោងមួយចំនួន ដែលត្រូវធ្វើការវាយតម្លៃនិងពង្រីកបន្ថែម ធ្វើយ៉ាងណាឱ្យមានសុក្រឹតភាព។
រឿងសំខាន់ ហើយយើងខិតខំធ្វើឲ្យ(ប្រព័ន្ធ)ឌីជីថល(ដំណើរការ)។ ប្រទេសខ្លះ សូម្បីតែនៅសហរដ្ឋអាមេរិកដែលយើងនិយាយថាប្រព័ន្ធល្អបំផុត បច្ចេកវិទ្យាល្អបំផុត ពេលដែល Elon Musk ស្រាវជ្រាវប្រព័ន្ធ Social Security ក៏មានរាប់ម៉ឺននាក់នៅក្នុងបញ្ជីដែលមានអាយុជាងរាប់រយឆ្នាំទៅហើយ។ អញ្ចឹង (នៅ)កម្ពុជា ប្រព័ន្ធការងារយើងប៉ុណ្ណេះ អភិវឌ្ឍប៉ុណ្ណេះ យើងខិតខំជំរុញប៉ុណ្ណេះ ខ្ញុំទទួលថាមិនល្អឥតខ្ចោះ ប៉ុន្តែទោះជាយ៉ាងណា ក៏ប្រជាពលរដ្ឋយើងភាគច្រើនបានទទួលផលនេះ សុទ្ធតែ(ជាទិន្នន័យ)ត្រឹមត្រូវក្នុងកិច្ចការនេះ។ យើងស្វាគមន៍ចំពោះការបញ្ចេញមតិយោបល់ដល់ចំណុចចន្លោះប្រហោង ហើយយើងនឹងខិតខំព្យាយាមដោះស្រាយបញ្ហានេះឱ្យកាន់តែសុក្រឹតឡើងចំពោះបងប្អូនប្រជាពលរដ្ឋរបស់យើង។
ចំពោះការពង្រីកវិសាលភាពគ្របដណ្តប់(សេវាសុខាភិបាល) … ទី២ ការពង្រឹងសេវា។ បើយើងគ្របដណ្តប់ហើយ តែសេវាមិនល្អ តើបានផលអី វាមានតែនៅលើក្រដាស? បើទៅពេទ្យៗ អត់មានលទ្ធភាពព្យាបាលល្អ បើទៅមណ្ឌលសុខភាព មណ្ឌលសុខភាពអត់មានពេទ្យ អត់មានថ្នាំ តើយើងធ្វើអ្វី? នេះហើយដែលរាជរដ្ឋាភិបាលអាណត្តិទី៧ យកចិត្តទុកដាក់សំខាន់ក្នុងការ (៧) ពង្រឹងសេវាមូលដ្ឋាន ដែលយើងដាក់វិធានគន្លឹះទី១ នៅក្នុងចំណោមវិធានគន្លឹះ៥ ដែលនាយករដ្ឋមន្ត្រីធ្វើជាប្រធានគណៈកម្មការគឺជំរុញការពង្រឹងសេវាមូលដ្ឋាន គឺមណ្ឌលសុខភាពនិងពេទ្យបង្អែកស្រុក ជាអាទិភាពចម្បង។ យើងធ្វើវិស័យសុខាភិបាលទាំងមូល។ រាជរដ្ឋាភិបាលផ្តល់អាទិភាពថវិកាជាតិទៅលើវិស័យអប់រំ និងសុខាភិបាលរួចហើយ។ ប៉ុន្តែ យើងត្រូវពន្លឿនបន្ថែមទៅលើការពង្រឹងមូលដ្ឋាន។ ហេតុនេះ យើងបង្កើតនូវយន្តការថ្មីនេះ ដោយផ្តោតទៅលើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ។
ទី១ ការពង្រឹងអភិបាលកិច្ចនិងសេវានៅតាមមណ្ឌលសុខភាពនិងពេទ្យបង្អែកស្រុក ដើម្បី (៨) ឱ្យមណ្ឌលសុខភាពក្នុងមួយអាណត្តិនេះ រហូតទៅដល់អាណត្តិក្រោយ ឈានទៅអាចព្យាបាល ២៤ម៉ោងទល់២៤ម៉ោង ទូទាំងប្រទេស នៅគ្រប់មណ្ឌលសុខភាព។ មកដល់ម៉ោងនេះ យើងបានធានាមួយចំនួនហើយ។ យើងត្រូវការបំពេញបុគ្គលិកពេទ្យ ដែលជាអាទិភាពបុគ្គលិកមន្ត្រីរាជការ សម្រាប់វិស័យអប់រំ និងសុខាភិបាល។ ខ្ញុំអត់ទប់ទេ។ នៅក្នុងវិស័យផ្សេងៗទៀត យើងទប់សិន ដោយសារយើងធ្វើកំណែទម្រង់វិភាគមុខងារ។ ប៉ុន្តែ សម្រាប់សុខាភិបាលនិងអប់រំ យើងអត់ទប់ទេ។ យើងផ្តល់តាមគោលការណ៍ ជាពិសេសដើម្បីបំពេញ(តម្រូវការបុគ្គលិកនៅ)មូលដ្ឋាន មណ្ឌលសុខភាព និងពេទ្យបង្អែកស្រុក។
ហេតុអ្វីបានជាយើងយកមូលដ្ឋានមណ្ឌលសុខភាព និងពេទ្យបង្អែកស្រុក? ពេទ្យថ្នាក់ជាតិយើងធ្វើសម្រាប់ជំនាញសំខាន់ៗ និងទំនើបកម្ម ដូចជាការព្យាបាលបេះដូង ការព្យាបាលមហារីក។ បន្ទាប់មកពេទ្យតំបន់។ ប៉ុន្តែ ថ្នាក់មូលដ្ឋាននេះសំខាន់ណាស់។ ប្រជាជនខេត្តដាច់ស្រយាលអត់មាន(គ្លីនិកឯកជន)ទេ។ នៅទីប្រជុំជនអាចមានគ្លីនិកឯកជនច្រើន ដែលប្រជាពលរដ្ឋអាចទៅព្យាបាលបាន។ នៅតាមខេត្តដាច់ស្រយាល គឺត្រូវពង្រឹងពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាព។ ហេតុនេះ (៩) រដ្ឋាភិបាលដាក់ចេញគោលនយោបាយពង្រឹងអភិបាលកិច្ចនេះ ដោយគ្រោងចំណាយ ១២លានដុល្លារក្នុងមួយឆ្នាំ បន្ថែមទៅលើថវិកាដែលបានវិភាជទៅឲ្យសុខាភិបាលហើយ តាំងពីឆ្នាំ២០២៤ ទៅ ២០២៧ ដែលក្នុង ៤ឆ្នាំនេះ សរុប ៤៨លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពពេទ្យ (ធ្វើឱ្យ)មណ្ឌលសុខភាពអាចព្យាបាល ២៤ម៉ោងលើ ២៤ម៉ោង។ នេះមិនមែនគ្រាន់តែគោលនយោបាយទេ តែយើងបានវិភាជថវិកាជាក់ស្តែង។
ទី២ (យើងផ្តោតខ្លាំងលើ)ការពង្រឹងសម្ភារៈ សមត្ថភាព និងហេដ្ឋារចនាសម្ព័ន្ធ។ (១០) យើងចំណាយ ៦០ពាន់លានរៀល ឆ្នាំនេះបន្ថែម ដើម្បីកសាងនិងធ្វើឲ្យប្រសើរឡើងមណ្ឌលសុខភាពនិងពេទ្យបង្អែក។ ក្នុងនោះមានការបង្កើនសមត្ថភាព ២៦គម្រោង និង ១៤រាជធានី/ខេត្ត។ (១១) ខ្ញុំបានសម្រេចបង្កើន ១៨លានដុល្លារជាង ផ្តល់ឲ្យសម្រាប់ឆ្នាំ២០២៥ នេះ ដើម្បីបង្កើនសមត្ថភាពពេទ្យបង្អែកស្រុក៦១ តាមរយៈការធ្វើទំនើបកម្មនិងបំពាក់សម្ភារៈកន្លែងវះកាត់។ នេះជាកិច្ចការសំខាន់សម្រាប់ជួយជីវិតប្រជាពលរដ្ឋ។ បើកន្លែងវះកាត់នៅពេទ្យបង្អែកស្រុកអត់គ្រប់គ្រាន់ទេ គ្រោះថ្នាក់ចរាចរណ៍ភ្លាម ចូលទៅហ្នឹង ត្រូវដាក់ឡានដឹកមកពេទ្យខេត្ត អាចស្លាប់។ អញ្ចឹងហើយ ឆ្នាំនេះរាជរដ្ឋាភិបាលបានសុខចិត្តកាត់បន្ថយគម្រោងថវិកាមួយចំនួនពីការជួសជុលផ្លូវ បង្វែរមកធ្វើមន្ទីរពេទ្យ។ អាទិភាពមួយចំនួនដែលមិនចាំបាច់ យើងបន្ថយសិន។
អញ្ចឹង ក្នុងពេលនេះ ៦១ពេទ្យបង្អែកស្រុកនៅទូទាំងប្រទេស(ត្រូវបានទទួលគម្រោងបង្កើនសមត្ថភាព)។ ក្នុងឆ្នាំ២០២៥ នេះ ៦១ពេទ្យបង្អែកស្រុកថ្មីទៀត នឹងមានលទ្ធភាពវះកាត់ប្រជាពលរដ្ឋសង្រ្គោះបឋមគ្រប់ស្តង់ដា។ កន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តីសុខាភិបាលបានចុះទៅពិនិត្យ។ ពេទ្យខ្លះមានគ្រប់ ប៉ុន្តែពេទ្យប្រហែល៦១ នេះ អត់ទាន់មានឧបករណ៍វះកាត់គ្រប់គ្រាន់។ អត់ទាន់មានបន្ទប់ស្តង់ដាវះកាត់មានសុវត្ថិភាព។ អត់មានគ្រឿងបំពាក់។ តែ doctor មាន។ អញ្ចឹង យើងសុខចិត្តបង្វែរថវិកាមួយចំនួនក្នុងមួយឆ្នាំនេះ ទម្លាក់មកធ្វើឱ្យពេទ្យបង្អែកទូទាំងប្រទេសអាចមានលទ្ធភាពវះកាត់ និងសង្រ្គោះបឋម។
(១២) យើងក៏បានយកចិត្តទុកដាក់អំពីប្រព័ន្ធបញ្ជូន(អ្នកជំងឺ)។ (យើងបាន)ខិតខំរកឡាន ambulance ដើម្បីធានាបញ្ជូន(អ្នកជំងឺ)ពីពេទ្យបង្អែក មកពេទ្យខេត្ត ឬសង្រ្គោះបន្ទាន់។ ទាក់ទងទៅនឹងគុណភាពថ្នាំ និងបរិក្ខារ។ គុណភាពថ្នាំពេទ្យនៅមណ្ឌលសុខភាពជាច្រើនបានកើន។ ខ្ញុំបានទទួលព័ត៌មានច្រើនពីប្រជាពលរដ្ឋ។ ឧទាហរណ៍ នៅខេត្តព្រៃវែង អ្នកខេត្តមួយចំនួនថា ប្រជាពលរដ្ឋលែងទៅ Clinic ឯកជនហើយ។ គាត់យកថ្នាំពីមណ្ឌលសុខភាព ដោយសារថ្នាំយើងល្អ និងមានគុណភាព។ នេះបញ្ជាក់អំពីការទទួលស្គាល់និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋទៅលើវិស័យសុខាភិបាល ពេទ្យស្រុក ពេទ្យខេត្ត និងពេទ្យរដ្ឋ។ នេះជាមោទនភាពដែលយើងបានទទួលចេញពីមាត់ប្រជាពលរដ្ឋតែម្តង។ ទូទាំងប្រទេសមិនទាន់បានទាំងអស់ ប៉ុន្តែ នេះជាគោលដៅរបស់យើង។
ចាប់ពីឆ្នាំនេះ យើងបានដាក់បន្ថែមថវិកា ១៨លានដុល្លារក្នុងមួយឆ្នាំ ផ្តោតទៅលើការផ្ដល់ថ្នាំលើសឈាម និងថ្នាំទឹកនោមផ្អែមដល់ប្រជាពលរដ្ឋ។ ពីមុនយើងមានដែរ ប៉ុន្តែចំនួនតិច។ កន្លែងខ្លះមកបាន ៥ថ្ងៃ ត្រូវមកយកទៀត។ អញ្ចឹងការទម្លាក់(ថវិកា)នេះ អាចឈានទៅដល់ការផ្គត់ផ្គង់ពីមួយសប្តាហ៍ទៅ ១០ថ្ងៃ ហើយកន្លែងខ្លះដែលគ្នាតិច អាចរហូតដល់មួយខែ។ នៅភ្នំពេញ ទៅយកជិតទេ។ ប៉ុន្តែ នៅមណ្ឌលគិរី ត្រូវជិះរាប់ម៉ោងមកយក។ អញ្ចឹងយើងដាក់ថវិកានេះ បានន័យថា ជួយកាត់បន្ថយចំណាយរបស់ប្រជាពលរដ្ឋរបស់យើងក្នុងការធ្វើដំណើរទៅមក(ផងដែរ)។ នេះគ្រាន់តែជាឧទាហរណ៍ជាក់ស្តែងនៅក្នុងការលើកកម្ពស់(ប្រសិទ្ធភាពនៃ)ការធ្វើការ។
(១៣) ចំពោះការពង្រីកទំហំថវិកា ចាស់ជរាលើសពី ៦០ឆ្នាំ ដែលថាស្តួចស្តើង ត្រូវការពង្រីកបន្ថែម ខ្ញុំសូមអរគុណក្នុងការលើកយោបល់នេះ។ យើងមានថវិកាតិច។ អញ្ចឹង ទី១ ការពង្រីករបស់យើងត្រូវមានជំហាន។ យើងមិនអាចពង្រីកគ្រប់គោលដៅនោះទេ។ យើងមិនគិតគោលដៅជាអាជីព ឬជាអ្វីទេ។ យើងគិតគោលដៅជាកម្រិតជីវភាព។ ឧទាហរណ៍ថា បើយើងឲ្យទៅសិល្បករ ប្រាកដជាមានសិល្បករធូរធារ និងសិល្បករលំបាក។ បើយើងឲ្យទៅអ្នកវិស័យណាមួយ អាជីពណាមួយ ប្រាកដជាមានអ្នកធូរនិងអ្នកលំបាក។ បើយើងយកតាមអាជីព យើងអាចខាតច្រើន។ បានន័យថា បើឲ្យទៅវិស័យមួយ គ្នាមួយម៉ឺននាក់ អ្នកមានក៏បាន អ្នកក្រក៏បាន។ អញ្ចឹងបើអ្នកក្រ ៥ពាន់នាក់ អ្នកមាន ៥ពាន់នាក់ យើងទុកលុយហ្នឹងយកមកជួយអ្នកក្រផ្សេងទៀត ដោយមិនគិតពីវិស័យ។ នេះដែលយើងគិតពីមុខសញ្ញាដែល(ត្រូវ)ឲ្យ។ យើងមិនបានពង្រីកទៅគ្រប់វិស័យតាមអាជីពទេ ប៉ុន្ដែតាមកម្រិតជីវភាពជាក់ស្ដែង ដើម្បីយើងធានាថា យើងអាចពង្រីកបានចំនួនល្មមសមរម្យ អាចពង្រីកកាន់តែកើនថែម។ ប៉ុន្ដែ ពេលជាមួយគ្នា អ្នកដែលមានហើយ ក៏មិនស្ដើងពេក យើងអាចដំឡើងខ្លះ។ បើបានតែបរិមាណ អត់ចំនួនក៏ពិបាក។ បើគាត់មាន ១ម៉ឺននាក់ ហើយម្នាក់បានតែ ១ដុល្លារ ទៅអត់គ្រប់។ ប៉ុន្ដែបើឲ្យតែ ១ពាន់(នាក់) យើងត្រូវជ្រើសយកជម្រើសកណ្ដាលមួយ។
នេះហើយជាអភិក្រមនៃការពង្រីកសមត្ថភាពនិងទំហំថវិការបស់ជាតិ។ ឆ្នាំនេះ ៨០០លាន (ដុល្លារ)។ នៅពេលស្ថានភាពថវិកាជាតិកាន់តែល្អ (ទំហំថវិកានេះ)នេះកាន់តែកើនឡើង។ នេះជាអភិក្រមនៃការធ្វើដោយចីរភាព និងការទទួលខុសត្រូវ។ អញ្ចឹង ក៏សូមអភ័យទោសពីបងប្អូនប្រជាពលរដ្ឋនៅវិស័យខ្លះ (ដែល)អាចថា(បានលើកជា)សំណូមពរ ប៉ុន្ដែយើង(មិនទាន់)អាចឆ្លើយតប(តាមតម្រូវការ)បាន។ ដូចជាសម្រាប់ព្រះសង្ឃ ក៏យើងមិនអាចប្រគេនទូទាំង(ប្រទេស) ប៉ុន្ដែជាក់ស្ដែងពេលដែលអនុវត្ដកន្លងទៅ បន្ទាប់ពីមានកិច្ចប្រជុំពិភាក្សាគ្នា យើងមានគោលការណ៍មួយចំនួន ប៉ុន្ដែ (អនុវត្ដត្រឹមតែ)នៅតាមពេទ្យរដ្ឋមួយចំនួនដែលព្រះសង្ឃទៅព្យាបាល ដោយពេទ្យយើងមិនយកបច្ច័យរួចហើយ។ ជាការអនុវត្ដ case by case។ យើងមិនបានអនុវត្ដជាទូទៅ ព្រោះបើយើងរៀបចំជូនព្រះសង្ឃ យើងត្រូវរៀបចំជូនសាសនាឥស្លាម សាសនិកគ្រីស្ដ។ តើយើងត្រូវយកតាមណា? …។
(១៤) ប្រព័ន្ធគាំពារសង្គមរបស់យើង ជាទិសដៅទៅថ្ងៃមុខ មិនមែនថាពង្រីកវិសាលភាព គឺរដ្ឋត្រូវតែជួយ១០០% គ្រប់គ្នានោះទេ។ យើងនឹងបង្កើតរូបមន្ដណាមួយ ធ្វើយ៉ាងម៉េចអ្នកដែលមានលទ្ធភាពក៏ដោយចេញពីហោប៉ៅតិច ហើយមានលទ្ធភាពទ្រទ្រង់តាមរយៈការបង់វិភាគទានរបស់គាត់។ សុខចិត្តរដ្ឋសន្សំលុយ យកមកជួយអ្នកដែលអត់សោះ។ នេះជាគោលការណ៍ដែលយើងត្រូវធ្វើ។ គ្មានប្រទេសណាមួយ លើកលែងប្រទេសសង្គមនិយម ឬប្រទេសកូរ៉េខាងជើង ដែលគាត់មានប្រព័ន្ធតែមួយ គាត់អាចជួយទាំងអស់ (ប៉ុន្ដែ)ក្រៅពីហ្នឹង គេរៀបចំជាប្រព័ន្ធដែលមានការចូលរួមពីវិស័យឯកជនក្ដី ពីប្រព័ន្ធរដ្ឋបាលក្ដី។ បើថារដ្ឋត្រូវទទួលទាំងអស់គឺមិនអាចទេ។ យើងរៀបចំសមធម៌ បានន័យថា អ្នកមានអាចជួយកម្រិតណាមួយ។
យើងរៀបចំ (ការពង្រីកវិសាលភាព)គ្របដណ្ដប់សុខភាពសកលនេះ បានន័យថាយើងរៀបរូបមន្ដណាមួយ ទោះបីគាត់មានថវិកាក៏ដោយ គាត់អាចបង់ចូលទៅក្នុងកម្មវិធីណាមួយ ជាធានារ៉ាប់រង ដើម្បីគាត់សន្សំ។ ទោះគាត់មានលុយប៉ុណ្ណា (គាត់បង់ចូលកម្មវិធីអ្វីមួយ) ដើម្បី(ពេលឈឺ ទទួលការ)ព្យាបាល (ដែល)ធានារ៉ាប់រងបង់លុយជំនួស។ អញ្ចឹង យើងរៀបចំគម្រោងហ្នឹងដើម្បីឲ្យដើរ ដូចប្រទេសជឿនលឿន ដោយមិនដាក់បន្ទុកទាំងមូលមករាជរដ្ឋាភិបាល។ រដ្ឋាភិបាលគ្រាន់តែចេញក្របខ័ណ្ឌ បទដ្ឋានគតិយុត្ដិ ដើម្បីធានាឲ្យដើរ។ កន្លែងខ្លះមានលទ្ធភាពទិញធានារ៉ាប់រងពីវិស័យឯកជន។
អញ្ចឹង ការពង្រីកវិសាលភាពគ្របដណ្ដប់សុខភាពជាសកល បានន័យថា ជាគោលដៅទៅថ្ងៃក្រោយ ប្រជាពលរដ្ឋយើងគ្រប់គ្នា ម្នាក់ៗសុទ្ធតែមានការគ្របដណ្ដប់តាមកម្មវិធីណាមួយដែលជួយទ្រទ្រង់សុខាភិបាល មិនមែនបានន័យថា រដ្ឋត្រូវជួយ១០០% គ្រប់គ្នានោះទេ គឺរដ្ឋធានាការជួយអ្នកអត់/បាត់សមត្ថភាព ក្របំផុត។ អ្នកដែលមាន យើងនឹងជួយរៀបចំយន្ដការដើម្បីអាចធានាការព្យាបាល ព្រោះការព្យាបាលទៅថ្ងៃអនាគតមិនថោកទេ។ ពេទ្យនីមួយៗ ត្រូវការវិនិយោគទៅលើឧបករណ៍កាន់តែថ្លៃ បុគ្គលិក/ពេទ្យជំនាញកាន់តែខ្លាំង ថ្នាំឲ្យកាន់តែល្អ។ អញ្ចឹងការ(ចំណាយ)ថ្លៃ។ បើយើងចង់បានគុណភាពនៃសេវា ទាល់តែទទួល(រួមភាគទាន)។ តែរៀបចំយ៉ាងណាកុំឲ្យប្រជាពលរដ្ឋចេញពីហោប៉ៅខ្លួនឯងច្រើន។ នេះជាគោលដៅនៃការរៀបចំយន្តការរបស់យើង។ ជាប្រព័ន្ធធានារ៉ាប់រង ជារបបសន្តិសុខសង្គម ជាការស្ម័គ្រចិត្តភាគទាន ឬមួយយ៉ាងណា យើងនឹងខិតខំទៅមុខទៀត។
(១៥) ក្នុងរយៈពេល ២ឆ្នាំ អ្នកដែលទទួលផលគាំពារសង្គមកើន ៣លាននាក់។ ពិតណាស់ នៅមានអ្នកដែលមិនទាន់បាន(ចូលមកទទួលសេវា) ប៉ុន្តែ ៣លាននាក់មិនតិចទេ ដោយសារការគិតគូរអំពីការចុះឈ្មោះ និងការវាយតម្លៃឡើងវិញ។ ពីមុន ក្រសួងផែនការចុះវាយតម្លៃ បាន៥០ម៉ឺន(គ្រួសារ)។ ឥឡូវយើងឲ្យគាត់ស្ម័គ្រចិត្តចូលមក ដើម្បីយើងវាយតម្លៃ បានឡើងដល់ ៧០ម៉ឺនគ្រួសារ (នាំឲ្យតួលេខសរុបឡើងដល់) ៣លាននាក់។ អញ្ចឹង ទោះបីជាមិនទាន់បានគ្រប់គ្នាក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋកើន ៣លាននាក់រួចហើយ ឡើង ២០ម៉ឺនគ្រួសាររួចហើយ តាំងពីយើងកែទម្រង់ពីឆ្នាំ២០២០មក។ បានន័យថា វិសាលភាពនៃប្រជាពលរដ្ឋដែលមិនបាន(ទទួល)ពីមុន ប្រែមកបានទទួលកាន់តែច្រើនហើយ។ អ្នកដែលថាពីមុនម៉េចក៏គេបាន ហើយខ្ញុំមិនបាន ឥឡូវក៏បានកាន់តែច្រើន គឺកើនដល់ ៣លាននាក់។ បានន័យថា ប្រជាជនខ្មែរពង្រីកវិសាលភាពទទួលផលបានកាន់តែច្រើន។ នេះហើយជាការខិតខំរបស់រាជរដ្ឋាភិបាល ហើយជាទិសដៅទៅមុខនឹងបន្តតទៅទៀត។ ខ្ញុំសូមបញ្ចប់ប៉ុណ្ណេះ …៕