សូមគោរព!
- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា ជាទីគោរពដ៏ខ្ពង់ខ្ពស់!
- សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា
- សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល
- សមាជិក-សមាជិកា នៃអង្គពិធី ជាទីមេត្រី!
សម្រាប់របៀបវារៈទី៣ នៅថ្ងៃនេះ ខ្ញុំសូមធ្វើបទអន្តរាគមន៍ក្នុងនាមរាជរដ្ឋាភិបាលទៅលើប្រធានបទ «វិស័យកសិកម្ម» ដ៏មានសារៈសំខាន់ និងពិសេសអំពីវឌ្ឍនភាពការងារពាក់ព័ន្ធនឹងការអនុវត្ត ផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យកសិកម្ម ឆ្នាំ២០១៩–២០២៣ និងកម្មវិធីគោលនយោបាយអាទិភាព ២ របស់រាជរដ្ឋាភិបាល គឺ (១) យន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម, រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នងកម្រិតសមរម្យ និង(២) ការដាក់ពង្រាយមន្រ្តីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស និងការរៀបចំឱ្យមានសហគមន៍កសិកម្មនៅតាមទីជនបទ ដើម្បីបង្កើនល្បឿនអភិវឌ្ឍវិស័យកសិកម្មឱ្យក្លាយជាកម្លាំងចលករដ៏រឹងមាំក្នុងការធានាសន្តិសុខស្បៀង, ចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ ខ្ញុំសូមគោរពជម្រាបជូនអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា៖ ជាមួយនឹងការដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១, រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ឱ្យអនុវត្តនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ ក្នុងនោះ កម្មវិធីគោលនយោបាយអាទិភាព ២ ពាក់ព័ន្ធនឹងវិស័យកសិកម្ម ដែលខ្ញុំនឹងគោរពរាយការណ៍ជូនអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ ដូចខាងក្រោម៖
គោលនយោបាយក្នុងវិស័យកសិកម្ម គឺចង់ផ្ដល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាគ្រប់រូប ដែលរួមមានទាំងអ្នកទទួលទាន និងប្រជាកសិករអ្នកបង្កបង្កើនផលតាមរយៈការអនុវត្តគោលនយោបាយសាមញ្ញ ៤ ចំណុច គឺ មានហូប, មានប្រើ, មានបាន និងមានរហូត, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យកសិកម្ម ឆ្នាំ២០១៩-២០២៣ និងកម្មវិធីគោលនយោបាយអាទិភាព ២ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ របស់រាជរដ្ឋាភិបាល ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ខ្ញុំសូមយកឱកាសនេះ ដើម្បីគោរពថ្លែងអំណរគុណ និងដឹងគុណចំពោះមរតកនៃគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យ និងសមិទ្ធផលដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានទាំងឡាយ ដែលផ្តល់ជាមូលដ្ឋានដ៏សំខាន់ និងរឹងមាំសម្រាប់ការបន្តកសាង និងអភិវឌ្ឍវិស័យកសិកម្ម ផ្អែកលើស្ថានភាពជាក់ស្តែង ជាមួយនឹងគោលដៅច្បាស់លាស់។ ខ្ញុំសូមសង្កត់ធ្ងន់ថា៖ រាជរដ្ឋាភិបាលបន្តបង្កើនការយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍវិស័យកសិកម្ម ដែលនៅតែជាវិស័យអាទិភាព និងបន្តដើរតួនាទីដ៏សំខាន់ ក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ទោះបីជាសេដ្ឋកិច្ចកម្ពុជា បាននិងកំពុងវិវត្តរីកចម្រើនលើគ្រប់វិស័យក៏ដោយ។ ជារួម, វិស័យកសិកម្មនឹងនៅតែជាវិស័យយុទ្ធសាស្រ្តគន្លឹះសម្រាប់ធានាបាននូវសន្តិសុខស្បៀងរបស់ជាតិយើង។
៣. គោលដៅយុទ្ធសាស្ត្រនៃវិស័យកសិកម្មនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ–ដំណាក់កាលទី១ គឺការបន្តពង្រឹងតួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឱ្យទំនើប, សម្បូណ៌បែប និងមានភាពធន់ ដែលគាំទ្រដល់ការអភិវឌ្ឍជនបទ សំដៅធានាបាននូវសន្តិសុខស្បៀង, បង្កើនតម្លៃបន្ថែមខ្ពស់, ជំរុញភាពប្រកួតប្រជែង និងលើកកម្ពស់គុណភាពជីវភាពនៅជនបទ ដោយផ្តោតលើមុខសញ្ញាអាទិភាពចំនួន ៧៖ (ទី១) ការបន្តកសាងក្របខ័ណ្ឌគតិយុត្ត, គោលនយោបាយ និងពង្រឹងស្ថាប័ន ដើម្បីគាំទ្រ និងបង្កបរិយាកាសអំណោយផលសម្រាប់វិស័យកសិកម្ម, (ទី២) ការជំរុញផលិតកម្មកសិកម្ម ដោយផ្តោតលើការបង្កើនផលិតភាព, គុណភាព, សុវត្ថិភាព, ពិពិធភាព, តម្លៃបន្ថែម និងភាពធន់ តាមរយៈ ការស្រាវជ្រាវ និងការអភិវឌ្ឍ ពូជដំណាំ ពូជសត្វ និងវារីវប្បកម្ម ដែលធន់នឹងអាកាសធាតុ និងឆ្លើយតបនឹងតម្រូវការទីផ្សារ; ការគ្រប់គ្រង និងការពង្រឹងគុណភាពដី; ការកំណត់តំបន់ដាំដុះ និងការកសាងផែនទីដាំដុះ; ការបន្តជំរុញសេវាធានារ៉ាប់រងកសិផល; ការពង្រឹងសហគ្រិនភាពនៃសហគមន៍កសិកម្មទំនើប; ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅមូលដ្ឋាន; និងការពង្រឹងបច្ចេកទេស កសិកម្មទំនើប, វៃឆ្លាត, ឌីជីថល និងមានសុវត្ថិភាព, (ទី៣) ការពង្រឹងកិច្ចសហការក្នុងការធ្វើវិចារណកម្មការវិនិយោគលើប្រព័ន្ធធារាសាស្ត្រ ដើម្បីធានាសន្តិសុខទឹក សម្រាប់វិស័យកសិកម្ម និងការអភិវឌ្ឍជនបទ, (ទី៤) ការកាត់បន្ថយថ្លៃដើមផលិតកម្ម តាមរយៈការពង្រឹងការយល់ដឹងអំពីការប្រើប្រាស់ធាតុចូល និងការគ្រប់គ្រងគុណភាពធាតុចូល, ការបន្តផ្តល់ឥណទានការប្រាក់ទាប, និងការលើកទឹកចិត្តផលិតកម្មធាតុចូលក្នុងស្រុក, (ទី៥) ការធានាស្ថិរភាពថ្លៃផលិតផលកសិកម្ម តាមរយៈការបង្កើត និងការពង្រឹងនូវយន្តការសម្របសម្រួលតាមដាន និងត្រួតពិនិត្យ, និងការបន្តពង្រីកវិសាលភាពកញ្ចប់ហិរញ្ញប្បទានពិសេស ដើម្បីរក្សាលំនឹងថ្លៃផលិតផលកសិកម្ម និងលើកកម្ពស់ខ្សែច្រវាក់តម្លៃ ក្នុងវិស័យកសិកម្មទាំងមូល, (ទី៦) ការលើកកម្ពស់ការកែច្នៃ ផលិតផលកសិកម្ម តាមរយៈការធ្វើឱ្យប្រសើរឡើង និងការធ្វើទំនើបកម្មផ្នែកកសិ-ឧស្សាហកម្ម; ការជំរុញឱ្យមានការវិនិយោគលើកសិផលកែច្នៃ; ការសិក្សា និងការបង្កើត “សួនកសិ-ឧស្សាហកម្ម នៅកម្ពុជា” សម្រាប់ប្រមូលផ្តុំសហគ្រាសកែច្នៃ; ការជំរុញស្ថិរភាពនៃការផ្គត់ផ្គង់ផលិតផលកសិកម្ម; និងការបន្តផ្តល់ហិរញ្ញប្បទានសម្បទានសម្រាប់វិនិយោគ និង(ទី៧) ការបន្តលើកកម្ពស់ការតភ្ជាប់ទីផ្សារក្នុងស្រុក និងការជំរុញការនាំចេញ តាមរយៈការលើកកម្ពស់ការគាំទ្រផលិតផលក្នុងស្រុក ដោយការប្រើប្រាស់ដោយផ្ទាល់ក្នុងចំណោមស្ថាប័នសាធារណៈ និងប្រជាជនទូទៅ, ការពង្រឹងយន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា, ការបង្កើតទីផ្សារបោះដុំ និងចែកចាយផលិតផលកសិកម្មក្នុងស្រុក, ការពង្រឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ, និងការទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
រាជរដ្ឋាភិបាលបានកំណត់នូវគោលនយោបាយសាមញ្ញ ៤ចំណុច សម្រាប់ជំរុញការអនុវត្ត ដែលរួមមាន៖ (១) គោលនយោបាយមានហូប ដើម្បីធានាសន្តិសុខស្បៀងសម្រាប់គ្រួសារកសិករ ក៏ដូចជាការធានាសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទៅ, (២) គោលនយោបាយមានប្រើ ដើម្បីបង្កើនផលិតកម្មក្នុងការបំពេញតម្រូវការប្រើប្រាស់ និងគាំទ្រដល់មូលដ្ឋានឧស្សាហកម្មផលិត និងកែច្នៃក្នុងស្រុក, (៣) គោលនយោបាយមានបាន ដើម្បីគាំទ្រ និងលើកទឹកចិត្តដល់ប្រជាកសិករក្នុងការអនុវត្តផលិតកម្មកសិកម្មដែលផ្តល់ប្រាក់ចំណូលខ្ពស់ដូចជា៖ ស្វាយចន្ទី ម្រេច ទុរេន ចេកស្រស់ មៀនស្រស់ ដូងប្រេង កៅស៊ូ ជាដើម និង(៤) គោលនយោបាយមានរហូតដើម្បីយកចិត្តទុកដាក់ខ្ពស់ដល់និរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។ លទ្ធផលនៃការអភិវឌ្ឍវិស័យ កសិកម្ម បាននិងកំពុងរួមចំណែកគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ សម្រាប់បង្កើនសមត្ថភាពទាញយកអត្ថប្រយោជន៍ពីបដិវត្តឧស្សាហកម្មទី ៤ និងការបង្កើនបរិវត្តកម្មឌីជីថលនៃសង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងគោលដៅឆ្លើយតបទៅនឹងតម្រូវការលើកកម្ពស់ផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ដែលជាមូលដ្ឋានគ្រឹះនិងជាមធ្យោបាយដ៏សំខាន់ចាំបាច់ក្នុងការសម្រេចបាន ចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។
សម្តេច, ព្រះអង្គម្ចាស់, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី អង្គពិធីទាំងមូលជាទីមេត្រី!
ខ្ញុំសូមគោរពគូសរំលេចដោយសង្ខេប ជូនអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា៖ (ទី១) វិស័យកសិកម្មនៅតែបន្តរួមចំណែកប្រមាណ ១៦,៧% នៃផលិតផលក្នុងស្រុកសរុប ទោះជាមាននិន្នាការថយចុះ ស្របពេលដែលវិស័យឧស្សាហកម្ម និងសេវាកម្ម បន្តកើនឡើង តាមការវិវត្តនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច, (ទី២) តម្លៃបន្ថែមសរុបនៃវិស័យកសិកម្មមានការកើនឡើងគួរឱ្យកត់សម្គាល់ គឺពីប្រមាណជិត ២០ ប៊ីលានរៀល នៅឆ្នាំ២០១៥ ដល់ជាង៣១ ប៊ីលានរៀល នៅឆ្នាំ២០២៤ និង(ទី៣) វិស័យកសិកម្មនៅតែបន្តមានកំណើនជាវិជ្ជមានជាមធ្យមក្នុងរង្វង់ ០,៧% នៅចន្លោះឆ្នាំ២០២០-២០២៤។ ជារួម កត្តាដែលនាំឱ្យនៅបន្តមានកំណើនក្នុងវិស័យកសិកម្ម គឺ អាស្រ័យដោយ៖ (ទី១) ការកើនឡើងនៃផ្ទៃដីដាំដុះ (ដំណាំស្រូវកើនពី ៣,៣៣ លានហិកតានៅឆ្នាំ២០១៩ ដល់ ៣,៥៥ លានហិកតានៅឆ្នាំ២០២៣, ដំណាំសាកវប្បកម្មកើនពី ២៣៧ ពាន់ហិកតានៅឆ្នាំ២០១៩ ដល់ ៣១៩ ពាន់ហិកតា នៅឆ្នាំ២០២៣ និងដំណាំឧស្សាហកម្មកើនពី ១,២៨ លានហិកតា ឆ្នាំ២០១៩ ដល់ ១,៦៣លានហិកតានៅឆ្នាំ២០២៣), (ទី២) ការកើនឡើងនៃទិន្នផល ដែលអាស្រ័យដោយភាពប្រសើរឡើងនៃការប្រើប្រាស់បច្ចេកទេស និងគ្រាប់ពូជ និង(ទី៣) ការផ្លាស់ប្តូររូបភាពនៃការធ្វើកសិកម្មពី លក្ខណៈបុរាណ ទៅជាកសិកម្មទំនើបបែបសហគមន៍។
ដោយមើលឃើញសារសំខាន់ខាងលើនេះ និងស្ថិតក្នុងបរិការណ៍ដែលសកលលោក បាន និងកំពុងប្រែប្រួលលឿន និងមានភាពមិនប្រាកដប្រជាខ្ពស់, ជាមួយនឹងវិបត្តិ និងវិញ្ញាសាថ្មីៗ ដែលអាចកើតឡើងគ្រប់ពេល និងអាចបន្ទច់បង្អាក់កំណើន និងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា, រាជរដ្ឋាភិបាល យល់ច្បាស់អំពីភាពចាំបាច់ត្រូវបង្កើនល្បឿននៃការពង្រឹងសមត្ថភាពស្ថាប័ន, ជំរុញការលើកកម្ពស់អភិបាលកិច្ច និងជំរុញគ្រប់ការដ្ឋានកែទម្រង់ រួមទាំងការកែទម្រង់ជារចនាសម្ព័ន្ធ ដើម្បីធានារក្សាកំណើន និងសន្ទុះសេដ្ឋកិច្ច។
ដើម្បីធានាស័ក្តិសិទ្ធិភាព, ប្រសិទ្ធភាព និងសមិទ្ធកម្ម ក្នុងការអនុវត្តគោលនយោបាយ, រាជរដ្ឋាភិបាល បាន និងកំពុងពង្រឹងយន្ដការតាមដាន, ត្រួតពិនិត្យ និងវាយតម្លៃ ទាំងកម្រិតគោលនយោបាយថ្នាក់ជាតិ ដូចជា យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១, គោលនយោបាយតាមវិស័យ និងគោលនយោបាយតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ចំពោះកម្មវិធីគោលនយោបាយអាទិភាពទាំង ៦, រាជរដ្ឋាភិបាល បានប្រគល់ភារកិច្ចជូនគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) ក្នុងការដឹកនាំសម្របសម្រួល, តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ។ ដោយឡែក សម្រាប់កម្មវិធីគោលនយោបាយអាទិភាព ២ ក្នុង វិស័យកសិកម្មដែលដឹកនាំការអនុវត្តផ្ទាល់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការសម្របសម្រួលខែ្សច្រវាក់តម្លៃផលិតផលកសិកម្ម មានភារកិច្ច ក្នុងការ៖ (១) តាមដានការវិវត្តថ្លៃកសិផល, (២) វិភាគពីផលវិបាក នៃការប្រែប្រួលថ្លៃ, (៣) កំណត់ថា ផលិតផលកសិកម្មណាមួយដែលអាចនឹងជួបវិបត្តិ និងត្រូវការអន្តរាគមន៍, (៤) អនុវត្ត វិធានការអន្តរាគមន៍ ឬ គោលការណ៍សម្រេចរបស់ គ.ស.ហ. និង(៥) រាយការណ៍អំពីវឌ្ឍនភាព និងលទ្ធផលនៃកិច្ចអន្តរាគមន៍។
ខ្ញុំសូមគោរពរាយការណ៍ជូនអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់អំពីស្ថានភាព និងវឌ្ឍនភាព នៃវិស័យកសិកម្ម ជារួម ដូចខាងក្រោម៖
- កម្ពុជាមានផ្ទៃដីកសិកម្មប្រមាណ ១៧លានហិកតា ដែលបានបែងចែកជាផ្ទៃដីដាំដុះដំណាំ, ផ្ទៃដីព្រៃ និងផ្ទៃដីសម្រាប់ការចិញ្ចឹមសត្វ ព្រមទាំងដែនទឹកជាតំបន់គ្រប់គ្រងជលផលទឹកសាប និងសមុទ្រ។ ទន្ទឹមនេះ កម្ពុជាក៏មានផ្ទៃដី ស្រែវស្សាប្រមាណ ៣លានហិកតា និងផ្ទៃដីស្រែប្រាំងប្រមាណ ៧០ម៉ឺនហិកតា (អាចពង្រីកបានរហូតដល់ប្រមាណ ៩០ម៉ឺនហិកតា ក្នុងឆ្នាំ២០២៥)។
- កម្ពុជាសម្រេចបានការនាំចេញផលិតផលដំណាំគួរឱ្យកត់សម្គាល់ ប្រមាណ ១២លានតោន ទៅកាន់ ៩៥ប្រទេស ក្នុងឆ្នាំ២០២៤ ដែលបាននាំមកនូវរូបិយបណ្ណបរទេស ៥,៣ ប៊ីលានដុល្លារ។ ទន្ទឹមនេះ, អង្ករផ្ការំដួលបានឈ្នះពានរង្វាន់អង្ករល្អដាច់គេ នៅលើពិភពលោកជាលើកទី៦ ក្នុងការប្រកួតប្រជែងនៅប្រទេសហ្វីលីពីន និងពានមាសអង្ករក្រអូបពីប្រទេសចិន ដែលជាមោទនភាពសម្រាប់កម្ពុជា។
- វិស័យកសិកម្មកម្ពុជាសម្រេចបានលទ្ធផលគួរជាទីមោទនៈក្នុងរយៈពេលកន្លងមក ដោយបានប្រែក្លាយពីប្រទេសដែលខ្វះស្បៀង និងពឹងផ្អែកលើជំនួយស្បៀងអាហារពីសហគមន៍អន្តរជាតិ មកជាប្រទេសដែលមានសមត្ថភាពផលិតស្បៀងគ្រប់គ្រាន់ និងនាំចេញកសិផលរាប់លានតោន ដែលជួយគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជា និងរួមចំណែកធានាសន្តិសុខស្បៀងទាំងក្នុងតំបន់ និងពិភពលោក។ នេះជាក្តីស្រមៃរបស់ប្រជាពលរដ្ឋកម្ពុជាតាំងពីជំនាន់មុនៗមក ដែលចង់ឃើញប្រទេសកម្ពុជាជាប្រទេសសម្បូណ៌សប្បាយ។
- ផលិតកម្មស្រូវប្រាំង និងស្រូវវស្សាសរុបក្នុងឆ្នាំ២០២៤ ទទួលបានផលជាស្រូវស្ងួតប្រមាណ ១៤លានតោន ដែលអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកគ្រប់គ្រាន់ ព្រមទាំងផ្តល់លទ្ធភាពឱ្យនាំចេញជាស្រូវប្រមាណជាង ៥លានតោន និងជាអង្ករប្រមាណ ៦៤ម៉ឺនតោន ហើយផ្តល់ជាចំណូលដល់ប្រជាកសិករផ្ទាល់ក្នុងតម្លៃប្រមាណ ៣,៥ ប៊ីលានដុល្លារ។
- ផលិតផលជលផល ដែលរួមមានផលពីនេសាទ និងផលពីវារីវប្បកម្ម កម្ពុជា ផលិតបាន ៩២៧ពាន់តោន ក្នុងពេលដែលតម្រូវការមានចំនួន ៨៩៧ពាន់តោន ពោលគឺមានតម្រូវការផលិតផលជលផល ៥២,៤គីឡូ សម្រាប់ប្រជាជនក្នុងស្រុកម្នាក់។
- ផលិតផលសាច់ ដែលរួមមានសាច់គោ, សាច់ជ្រូក និងសាច់មាន់ កម្ពុជាផលិត បាន ៣២៥ពាន់តោន ក្នុងពេលដែលតម្រូវការមានចំនួន ៣១៤ពាន់តោន ពោលគឺមានតម្រូវការផលិតផលសាច់ ១៨,៥គីឡូ សម្រាប់ប្រជាជនក្នុងស្រុកម្នាក់។ ទោះយ៉ាងណា កម្ពុជានៅតែមានតម្រូវការនាំចូលបន្ទាប់បន្សំ ព្រោះម៉្យាងប្រជាពលរដ្ឋមានតម្រូវការផលិតផលកាន់តែសម្បូណ៌បែបផង និងម្យ៉ាងមានតម្រូវការសម្រាប់ទេសចរណ៍បរទេសផង។ ទន្ទឹមនេះ, ១. ផលិតផលខ្លះមិនអាចដាំដុះ ឬផលិតបានល្អ ក្នុងក្សេត្ស-បរិស្ថានកម្ពុជា ដែលជាតំបន់ត្រូពិក និង២. ផលិតផលខ្លះពុំមានភាពប្រកួតប្រជែង ឬប្រសិទ្ធភាពសេដ្ឋកិច្ចសម្រាប់ផលិតក្នុងស្រុក ដែលរួមមាន ស្រូវសាឡី, អង្ករបាស្មាទី, អង្ករចាប៉ូនីកា …។
អំពីវឌ្ឍនភាពនៃការអភិវឌ្ឍន៍វិស័យកសិកម្ម ជាពិសេស លទ្ធផលសម្រេចបាន ក្នុងការអនុវត្តគោលនយោបាយសាមញ្ញ ៤ ចំណុច, លទ្ធផលសម្រេចបានតាមអនុវិស័យ ទាំង ៤ នៃវិស័យកសិកម្ម និងលទ្ធផលសម្រេចបានក្នុងការ–អនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង ២ ដូចខាងក្រោម៖
ទី១. លទ្ធផលសម្រេចបាន ក្នុងការអនុវត្តគោលនយោបាយសាមញ្ញ ៤ ចំណុច៖
(១) លើការអនុវត្តគោលនយោបាយ មានហូប រាជរដ្ឋាភិបាលសម្រេចបានលទ្ធផលសំខាន់ៗ ដូចជា៖
- បាននិងកំពុងបន្តតាមដានជាប់ជាប្រចាំ នូវស្ថានភាពផលិតកម្ម និងព្យាករណ៍បរិមាណផលទទួលបានធៀបនឹងតម្រូវការស្បៀងនៅគ្រប់ កាលៈទេសៈ។
- បាននិងកំពុងបន្តពិនិត្យ, គិតគូរ និងដាក់ចេញនូវវិធានការជាបន្តបន្ទាប់ដើម្បីអាចដោះស្រាយឱ្យបានមុនបញ្ហាកង្វះស្បៀងកើតឡើងលើរាល់បញ្ហាដែលជះឥទ្ធិពលដល់ផលិតកម្ម។
- បានបញ្ចេញ ថវិកា ៤០លានដុល្លារ ដល់រោងម៉ាស៊ីនកិនស្រូវសម្រាប់ផ្គត់ផ្គង់អង្ករក្នុងស្រុក សំដៅទប់ស្កាត់កុំឱ្យអង្ករឡើងថ្លៃខ្ពស់ពេក ដើម្បីជួយសម្រួលដល់ពលរដ្ឋកម្ពុជា ដែលជាអ្នកទទួលទាន។
- បានបញ្ចេញថវិកាមួយចំនួនដើម្បីទិញសម្ភារៈ, ឧបករណ៍ និងថ្នាំកម្ចាត់សត្វល្អិតចង្រៃ ព្រមទាំងចាត់មន្ត្រីចុះអន្តរាគមន៍បន្ទាន់ជួយប្រជាកសិករ ដែលរងផលប៉ះពាល់ និងចែកគ្រាប់ពូជដើម្បីស្តារផលិតកម្មដំណាំឡើងវិញ នៅពេលមានបញ្ហាដង្កូវមូរស្លឹក, មមាចត្នោត, និងរុយស ដែលគំរាមកំហែងដល់ផលិតកម្ម និងសន្តិសុខស្បៀង។
(២) លើការអនុវត្តគោលនយោបាយ មានប្រើ រាជរដ្ឋាភិបាលសម្រេចបានលទ្ធផលសំខាន់ៗ ដូចជា៖
- បានជំរុញឧស្សាហកម្មឈើដាំ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ឈើក្នុងស្រុក, កាត់បន្ថយសម្ពាធលើធនធានព្រៃឈើធម្មជាតិ និងនាំចេញទៅបរទេស។ ជាក់ស្តែង, ស្ថានីយបណ្តុះកូនឈើនៅទូទាំងប្រទេសផលិតបានកូនឈើចំនួន ១,៤លានដើម ក្នុងឆ្នាំ២០២៤ ដែលផ្គត់ផ្គង់ដល់ចម្ការឈើដាំ និងចែកចាយដល់ប្រជាពលរដ្ឋសម្រាប់ការដាំនៅតាមទីធ្លាសាធារណៈ និងទីវាលនានា។ ដោយឡែក, ចម្ការកៅស៊ូ និងដំណាំកៅស៊ូគ្រួសារលើផ្ទៃដីជាង ៤២ម៉ឺនហិកតា ក្នុងឆ្នាំ២០២៤ ក៏បាននិងកំពុងបន្តផលិតជ័រកៅស៊ូប្រមាណ ៤១ម៉ឺនតោន ផ្គត់ផ្គង់តម្រូវការផលិតសំបកកង់រថយន្តក្នុងស្រុកដែលកើនឡើងជាលំដាប់ និងនាំចេញទៅបរទេសទទួលបានថវិកាជាង ៦៦០លានដុល្លារ។
(៣) លើការអនុវត្តគោលនយោបាយ មានបាន រាជរដ្ឋាភិបាលសម្រេចបានលទ្ធផលសំខាន់ៗ ដូចជា៖
- គ្រោងដាក់ឱ្យប្រើប្រាស់ក្របខណ្ឌអភិវឌ្ឍន៍សួនកសិ-ឧស្សាហកម្មក្នុងខេត្តគោលដៅ ចំនួន៣ (កំពង់ធំ បាត់ដំបង និងកំពង់ស្ពឺ) ដើម្បីបង្កើតបរិយាកាសអំណោយផលដល់ការវិនិយោគកែច្នៃផលិតផលកសិកម្មបម្រើឱ្យការនាំចេញ តាមរយៈការលើកទឹកចិត្តពិសេសបន្ថែម។
- គ្រោងបង្កើតសួនកែច្នៃស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ ដើម្បីស្រូបយក ផលិតផលស្វាយចន្ទីមកកែច្នៃ, បង្កើនតម្លៃបន្ថែម, បង្កើតការងារ និងបង្កើនការនាំចេញ។
(៤) លើការអនុវត្តគោលនយោបាយ មានរហូត រាជរដ្ឋាភិបាលសម្រេចបានលទ្ធផលសំខាន់ៗ ដូចជា៖
- បាននិងកំពុងបន្តលើកកម្ពស់ការគ្រប់គ្រង និងថែរក្សាធនធានដីកសិកម្ម ដើម្បីទប់ស្កាត់ការធ្លាក់ចុះគុណភាពដី ការរេចរិលដី, ការហូរច្រោះដី, ការខ្សោះជីរជាតិ, គុណភាពទឹក, ស្តារទីជម្រាល និងសេវាកម្មអេកូឡូស៊ី និងបង្កើនផលិតភាព និងសុខភាពដី ព្រមទាំងកាបូនស្តុកក្នុងដី ព្រោះថាធនធានទាំងនេះមិនអាចកកើតឡើងវិញបានឡើយ ហើយម្យ៉ាងទៀត ធនធានទាំងនេះមានចំណែកយ៉ាងសកម្មក្នុងការជួយថែរក្សាលំនឹង បរិស្ថានល្អសម្រាប់ទ្រទ្រង់ការដាំដុះ និងការធ្វើកសិកម្មយូរអង្វែង។
- បាននិងកំពុងបន្តសកម្មភាពចុះអប់រំ, ផ្សព្វផ្សាយ និងលើកទឹកចិត្តដល់ប្រជានេសាទ និងសហគមន៍ក្នុងការចូលរួមអភិរក្សធនធានជលផល តាមរយៈការព្រលែងត្រីមេពូជ, ក្តាមពងកូន និងវារីសត្វកម្រចូលទៅក្នុងធម្មជាតិវិញ និងការនេសាទដោយប្រើប្រាស់ឧបករណ៍ដែលច្បាប់អនុញ្ញាត ចំពោះផ្នែកជលផល។
- បាននិងកំពុងបន្តពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ទប់ស្កាត់ និងបង្ក្រាបការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងការទន្ទ្រានដីព្រៃ ដើម្បីការពារធនធានធម្មជាតិកសិកម្មប្រកបដោយនិរន្តរភាព និងភាតរបរិស្ថាន។
ទី២. លទ្ធផលសម្រេចតាមអនុវិស័យទាំង ៤ នៃវិស័យកសិកម្ម៖
(១) ចំពោះអនុវិស័យដំណាំ, រាជរដ្ឋាភិបាលសម្រេចបានលទ្ធផលសំខាន់ៗ ដូចជា៖
- បាននិងកំពុងបន្តផ្តល់សេវាគាំទ្របច្ចេកទេសផលិតកម្មដំណាំ មានដូចជា៖ ការគ្រប់គ្រង និងកែលម្អជីជាតិដី, ការកំណត់តំបន់ដាំដុះ, ការចុះបញ្ជី និងបញ្ជាក់គុណភាពធាតុចូលកសិកម្ម, ការជំរុញយន្តូបនីយកម្មកសិកម្ម, ការកសាងហេដ្ឋារចនាសម្ព័ន្ធស្រោចស្រពដំណាំ, ការពង្រឹងកិច្ចការពារដំណាំនិងភូតគាមអនាម័យ និងការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ជាតិកសិកម្ម និងបានបណ្តុះបណ្តាលអ្នកពាក់ព័ន្ធសរុបចំនួន ១៣ ១១៨នាក់។
- បាននិងកំពុងបន្តបង្កើតសហគមន៍កសិកម្មទំនើបចំនួន ១២សហគមន៍ ក្នុងខេត្តចំនួន ៧ ផ្តោតលើដំណាំសំខាន់ៗចំនួន ៤ប្រភេទ៖ ដំណាំស្រូវ, ស្វាយចន្ទី, បន្លែ និងដំណាំម្រេច។ តាមផែនការសហគមន៍កសិកម្មទំនើបចំនួន ៥ ទៀតនឹងត្រូវបានបង្កើតនៅត្រឹមដំណាច់ឆ្នាំ២០២៥ ដែលផ្តោតលើដំណាំស្វាយចន្ទីចំនួន៣ និងស្រូវចំនួន២ នៅខេត្តចំនួន ៤ (សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ និងបាត់ដំបង)។
- បាននិងកំពុងបន្តបង្កើតប្រព័ន្ធគ្រាប់ពូជសុទ្ធ និងជំរុញផលិតកម្មស្រូវ ដោយផលិតបានគ្រាប់ពូជស្រូវចុះបញ្ជីសរុបចំនួន ៦៧៥តោន និងគ្រាប់ពូជវិញ្ញាបនបត្រសរុបចំនួន ៧៥២តោន ដើម្បីជំរុញលើកទឹកចិត្តក្នុងការប្រើប្រាស់ពូជផ្ការំដួល និងសែនក្រអូប១ សម្រាប់ការនាំចេញអង្ករ។
- បានដាក់ឱ្យប្រើប្រាស់ផែនទីស្តីពីតំបន់ដាំដុះដំណាំស្វាយចន្ទីកម្ពុជា, ផែនទីប្រព័ន្ធក្សេត្របរិស្ថាននៃតំបន់ដាំដុះដំណាំស្រូវនៅកម្ពុជា និងផែនទីភាពសមស្របសម្រាប់ដំណាំស្វាយ និងទុរេន។
- បាននិងកំពុងបន្តចុះអន្តរាគមន៍ដោះស្រាយបញ្ហាស្រូវធ្លាក់ថ្លៃនៅពេលរដូវប្រមូលផល (ដែលយើងបានធ្វើកន្លងទៅ និងជាប់ជាប្រចាំតាមតម្រូវការចាំបាច់) ដោយបានសហការជាមួយរោងម៉ាស៊ីនកិនស្រូវធំៗ និងអាជ្ញាធរមូលដ្ឋាន ក្នុងការប្រមូលទិញស្រូវក្នុងតម្លៃសមរម្យ ដើម្បីទប់ស្កាត់ការទម្លាក់ថ្លៃស្រូវ ដែលធ្វើឱ្យតម្លៃស្រូវមានស្ថិរភាពធម្មតាវិញ (ស្រូវផ្ការំដួល, សែនក្រអូប, ស្រងែ)។ ទន្ទឹមនេះ, បានជំរុញការផលិតស្រូវប្រភេទសែនក្រអូប០១ ប្រមាណ ៥០ ០០០តោន ក្នុងតម្លៃរង្វង់ ១ ៣៥០-១ ៤០០រៀល/គីឡូក្រាម តាមរយៈការរៀបចំកិច្ចសន្យាផលិតកម្មលើផ្ទៃដី ប្រមាណ ១០ ០០០ហិកតា។
- បានរៀបចំនិងដាក់ឱ្យដំណើរការបញ្ជរតែមួយជាតិសម្រាប់សម្រួលការនាំចេញនាំចូលកសិផល និងធាតុចូលកសិកម្ម ដើម្បីកាត់បន្ថយការចំណាយនិងចំណេញពេលរបស់អតិថិជន។
- បានសាងសង់ប្រព័ន្ធស្រោចស្រពជូនប្រជាសហគមន៍កសិកម្មសរុបចំនួន ២៩ ទីតាំង ដែលមានកសិករទទួលផលចំនួន ២ ០៨៩គ្រួសារ និងអាចមានលទ្ធភាពស្រោចស្រពលើផ្ទៃដីប្រមាណ ៦៨៦ហិកតា ដោយអាចផលិតបន្លែបានប្រមាណ ៣៤ ៣០០តោន/ឆ្នាំ។
(២) ចំពោះអនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វ រាជរដ្ឋាភិបាលសម្រេចបានលទ្ធផលសំខាន់ៗ ដូចជា៖
- បាននិងកំពុងបន្តរក្សាបានភាពរឹងមាំផ្នែកសន្តិសុខស្បៀង ជាមួយនឹងផលិតកម្មជាង ៣២៥ពាន់តោន សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក ហើយបរិមាណតិចតួចដែលខ្វះខាតត្រូវបាននាំចូលមកផ្គត់ផ្គង់បានទាន់ពេល ដើម្បីធានាស្ថិរភាពថ្លៃទាំងសម្រាប់អ្នកផលិត និងអ្នកទទួលទាន។ ភាពរឹងមាំនេះក៏មានការចូលរួមចំណែកយ៉ាងសំខាន់ពីលទ្ធផលល្អប្រសើរលើការងារបង្ការ, ទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លងសត្វ ដូចជា ជំងឺផ្តាសាយបក្សី និងជំងឺប៉េស្តជ្រូកអាហ្វ្រិក និងតាមរយៈសកម្មភាពចុះចាក់ថ្នាំការពារជំងឺឆ្លង និងព្យាបាលជំងឺសត្វជូនប្រជាពលរដ្ឋ ព្រមទាំងការពង្រឹងយន្តការអង្កេត តាមដាន និងឆ្លើយតបបានទាន់ពេលវេលា។
- បាននាំចេញគោ-ក្របីចំនួន ៣០ ៨២០ក្បាល, ជ្រូកពូជ (មេបា) ចំនួន ៧៥០ក្បាល, ចំណីឆ្កែចំនួន ១៤ ២៦១តោន, រោមសត្វចំនួន ៣ ២៧៧តោន, ស្បែកគោក្របីជ្រូកចំនួន ១ ៩៥០តោន, Gelatine ចំនួន ៩៦តោន និងកាកសំណល់ប្រេងឆាចំនួន ១២៦តោន គិតជាទឹកប្រាក់សរុបប្រមាណ ២២៦លានដុល្លារ។
(៣) ចំពោះអនុវិស័យជលផល រាជរដ្ឋាភិបាលសម្រេចបានលទ្ធផលសំខាន់ៗ ដូចជា៖
- សម្រេចបានផលិតផលជលផលសរុបប្រមាណ ៩៣ម៉ឺនតោន សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក ក្នុងនោះ ១. ផលនេសាទទឹកសាបមាន ៤៧ម៉ឺនតោន, ២. ផលនេសាទសមុទ្រមាន ១៤ម៉ឺនតោន និង៣. ផលវារីវប្បកម្មមាន ៣២ម៉ឺនតោន។ ប្រជានេសាទ និងពលរដ្ឋទូទៅមានក្តីរីករាយ និងសាទរកំណើនត្រីទឹកសាបសម្រាប់ការផលិតប្រហុក, ផ្អក និងទិញទទួលទានក្នុងតម្លៃសមរម្យ។
- បាននិងកំពុងបន្តល្បាត ទប់ស្កាត់ និងបង្ក្រាបបទល្មើសជាប់ជាប្រចាំរបស់ឆ្មាំទន្លេ ដែលនាំឱ្យសត្វផ្សោតទន្លេមេគង្គកើនឡើង …
- សម្រេចបានជោគជ័យលើកទី១ ក្នុងការស្រាវជ្រាវ និងបង្កាត់ត្រីគល់រាំងដែលជាត្រីតំណាងអត្តសញ្ញាណជាតិ។
(៤) ចំពោះអនុវិស័យព្រៃឈើ រាជរដ្ឋាភិបាលសម្រេចបានលទ្ធផលសំខាន់ៗ ដូចជា៖
- បាននិងកំពុងបន្តខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងបទល្មើសព្រៃឈើ និងការទន្ទ្រានកាន់កាប់ដីព្រៃ តាមរយៈការទប់ស្កាត់, បង្ក្រាប និងបញ្ជូនសំណុំរឿងបទល្មើសជាច្រើនករណីទៅតុលាការ និងជំរុញការចុះបញ្ជីដីរដ្ឋ។
- បាននិងកំពុងចែកដីជូនប្រជាពលរដ្ឋ តាមរយៈការផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ និងការផ្តល់ដីសម្បទានសង្គមកិច្ច។
- បានដាក់ចេញនូវគោលនយោបាយផ្តល់ដីការពារព្រៃ ដែលមានទម្រង់ជាដី សម្បទានបូកផ្សំនឹងដីសហគមន៍ ដើម្បីផ្តល់ជូនអ្នកដែលគ្មានដីពិតប្រាកដឱ្យទទួលបានដីធ្លី និងប្រាក់ចំណូលពីមុខរបរកសិកម្មទាំងពីដីខ្លួនផ្ទាល់ និងទាំងពីដីសហគមន៍កសិកម្មទំនើប។
- បាននិងកំពុងបន្តជំរុញការបណ្តុះកូនឈើ ដើម្បីដាំជាចម្ការឈើ និងចែកចាយដល់ប្រជាពលរដ្ឋ ក៏ដូចជាការដាំឈើនៅតាមទីធ្លាសាធារណៈ និងទីវាលនានា ដោយសម្រេចបានប្រមាណ ១,៤លានដើម ក្នុងឆ្នាំ២០២៤ ដើម្បីបង្កើតគម្របព្រៃឈើ និងទទួលបានឈើយកមកប្រើប្រាស់ជំនួសឱ្យការពឹងផ្អែកទាំងស្រុងលើព្រៃឈើធម្មជាតិ។
- បាននាំចេញផល និងអនុផលព្រៃឈើ គិតជាទឹកប្រាក់ប្រមាណ ៤៥០លានដុល្លារក្នុងឆ្នាំ២០២៤ តាមរយៈការអភិរក្សសត្វព្រៃ និងរុក្ខជាតិ ការអភិវឌ្ឍសហគមន៍ព្រៃឈើ ការសង្គ្រោះ ការធ្វើវិបុលកម្ម និងការចិញ្ចឹមបង្កាត់ពូជសត្វព្រៃក៏បន្តនៅជាការងារអាទិភាពផងដែរ។
ទី៣. លទ្ធផលសម្រេចបានកម្មវិធីគោលនយោបាយអាទិភាពទាំង ២៖
(១) ចំពោះការលើកស្ទួយផលិតកម្មកសិកម្ម, រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលតាមរយៈកម្មវិធីហិរញ្ញប្បទាន រាជរដ្ឋាភិបាលសម្រេចបានលទ្ធផលសំខាន់ៗ ដូចជា៖
- បានគិតគូរដោយផ្តោតលើកិច្ចអន្តរាគមន៍ឱ្យបានទាន់ពេល ក្នុងគោលដៅរក្សាស្ថិរភាពថ្លៃនៅរាល់រដូវប្រមូលផលលើផលិតផលកសិកម្ម, អាទិភាពមួយចំនួនក្នុងករណីចាំបាច់ សំដៅធានាតុល្យភាពនៃការផ្គត់ផ្គង់ និងតម្រូវការ និងដើម្បីគាំទ្រដល់ការផលិតរបស់កសិករ ក៏ដូចជាតម្រូវការស្បៀងអាហាររបស់ប្រជាពលរដ្ឋ។ វិធានការមួយចំនួនផ្តោតទៅលើការទប់ស្កាត់មិនឱ្យមានការប្រែប្រួលតម្លៃខ្លាំង ហើយវិធានការខ្លះទៀតផ្តោតលើកិច្ចអន្តរាគមន៍នៅពេលមានការប្រែប្រួលថ្លៃខ្លាំងកើតឡើង។ ម្យ៉ាងវិញទៀត ការថ្លឹងថ្លែងឱ្យមានតុល្យភាពរវាងការផ្គត់ផ្គង់និងតម្រូវការ គឺជាគន្លឹះនៃការរក្សាស្ថិរភាពថ្លៃ។
- កម្មវិធីហិរញ្ញប្បទានពិសេសជា២ដំណាក់កាល៖ ហិរញ្ញប្បទានចំនួន ៤០លានដុល្លារ ត្រូវបានប្រើប្រាស់សម្រាប់ការប្រមូលផលស្រូវរដូវវស្សាឆ្នាំ២០២៤ និងហិរញ្ញប្បទានចំនួន ៣០លានដុល្លារ ត្រូវបានបញ្ចេញនៅខែមករា ឆ្នាំ២០២៥ ដើម្បីគាំទ្រការប្រមូលទិញស្រូវប្រាំងក្នុងស្ថានភាពដែលថ្លៃស្រូវសកលធ្លាក់ចុះ ជាពិសេសក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិន។ វិធានការនេះបានជួយឱ្យរោងម៉ាស៊ីនអាចប្រមូលទិញស្រូវទាន់ពេល និងក្នុងតម្លៃសមរម្យដែលធ្វើឱ្យកសិករមានលទ្ធភាពបន្តបង្កបង្កើនផលនៅរដូវបន្ទាប់។
- បានដោះស្រាយដោយជោគជ័យនូវបញ្ហាប្រឈមនៃខ្សែច្រវាក់តម្លៃជ្រូក តាមរយៈការណែនាំនិងលើកទឹកចិត្តដល់សមាគមចិញ្ចឹមសត្វកម្ពុជាឱ្យធ្វើបច្ចុប្បន្នភាពផលិតកម្មជ្រូកឱ្យស្របតាមតម្រូវការជាក់ស្តែង និងការដាក់ចេញនូវវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កក ដើម្បីទុកពេលសមស្របសម្រាប់អ្នកចិញ្ចឹមជ្រូក និងអ្នកធ្វើពាណិជ្ជកម្មផលិតផលសាច់ជ្រូក អាចរៀបចំខ្លួនប្រកួត-ប្រជែងដោយស្មើភាព ក្រោយពេលវិធានការបណ្តោះអាសន្នត្រូវបានបញ្ចប់ស្របតាមវិធានពាណិជ្ជកម្មពិភពលោក ជាលទ្ធផលតម្លៃជ្រូករស់មានស្ថិរភាពល្អប្រសើរឡើងវិញ។
(២) ចំពោះការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ-សង្កាត់ រាជរដ្ឋាភិបាលសម្រេចបានលទ្ធផលសំខាន់ៗ ដូចជា៖
- បានដាក់ពង្រាយមន្ត្រីកសិកម្មឃុំ‑សង្កាត់នៅទូទាំងប្រទេសសរុបចំនួន ១ ២៥០នាក់ ក្នុងខេត្តទាំង២៤ ដែលគ្របដណ្ដប់ប្រមាណ ៧៦% នៃឃុំ-សង្កាត់ទូទាំងប្រទេស និង៨៣% នៃឃុំដែលមានសក្ដានុពលកសិកម្ម
- កំពុងរៀបចំការប្រឡងជ្រើសរើសមន្រ្តីកសិកម្មឃុំ-សង្កាត់ចំនួន ៣៥០នាក់ បន្ថែមទៀត តាមផែនការចំនួន ១ ៦០០នាក់ ដើម្បីដាក់ពង្រាយឱ្យគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស។
(៣) ចំពោះការអភិវឌ្ឍសហគមន៍កសិកម្មទំនើប រាជរដ្ឋាភិបាលសម្រេចបានលទ្ធផលសំខាន់ៗ ដូចជា៖
- បានបង្កើតសហគមន៍កសិកម្មទំនើបថ្មីចំនួន ១២សហគមន៍ (គិតត្រឹមខែឧសភា ឆ្នាំ២០២៥) បន្ថែមលើចំនួនសហគមន៍កសិកម្ម ដែលមានស្រាប់សរុបចំនួន ២ ៦០១សហគមន៍ និងត្រូវបានចុះបញ្ជីទទួលស្គាល់ជាផ្លូវការនៅក្នុងខេត្តចំនួន ៧ (សៀមរាប កំពង់ធំ តាកែវ កំពង់ឆ្នាំង កណ្តាល ត្បូងឃ្មុំ និងពោធិសាត់) លើមុខដំណាំយុទ្ធសាស្រ្តចំនួន ៤មុខគឺ ដំណាំស្រូវ ដំណាំបន្លែ ដំណាំស្វាយចន្ទី និងដំណាំម្រេច ដែលគ្របដណ្តប់លើផ្ទៃដីចំនួន ១១ ៤២១ហិកតា និងមានផលិតភាពប្រចាំឆ្នាំចំនួន ១៩,៧៧លានដុល្លារ។ សហគមន៍កសិកម្មទំនើបថ្មីចំនួន ៦ កំពុងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលជាប្រាក់កម្ចីការប្រាក់ទាបក្នុងរង្វង់ ៧% ក្នុង១ឆ្នាំ សម្រាប់ជាទុនបង្វិលដែលមានទឹកប្រាក់សរុបប្រមាណ ១,៩លានដុល្លារ។ រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍ ដោយត្រៀមកញ្ចប់ថវិកាពិសេសចំនួន ៣៥ លានដុល្លារបន្ថែមទៀត សម្រាប់គាំទ្រដល់ការផ្ដល់កម្ចីការប្រាក់ទាបជូនសហគមន៍កសិកម្មទំនើប ក្នុង រយៈពេល ៣ឆ្នាំ គឺ ២០២៥-២០២៧។ ទន្ទឹមនឹងនេះ, រាជរដ្ឋាភិបាលក៏បាននិងកំពុងពង្រីកការអភិវឌ្ឍសហគមន៍កសិកម្មទំនើបនៅតាមបណ្តាខេត្ត និងគ្របដណ្តប់លើដំណាំ ដែលមានសក្តានុពលខ្ពស់ផ្សេងទៀត ដូចជា៖ ស្វាយ, កៅស៊ូ, ទុរេន ជាដើម។
សម្តេច, ព្រះអង្គម្ចាស់, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី អង្គពិធីទាំងមូលជាទីមេត្រី!
ខ្ញុំសូមគូសបញ្ជាក់ជូនអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភាមេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា៖ លទ្ធផលដូចដែលខ្ញុំបានគោពរាយការណ៍ជូនខាងលើ ពិតជាបានមកដោយសាររាជរដ្ឋាភិបាលនីតិកាលមុនៗ និងនីតិកាលទី៧ នៃរដ្ឋសភា ដែលបានដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ និងស្របតាមស្ថានភាពសង្គម-សេដ្ឋកិច្ច នៅគ្រប់កាលៈទេសៈ។ នៅក្នុងដំណាក់កាលដែលកម្ពុជាខ្វះខាតស្បៀង, រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្ត ស្តីពីការផ្ទេរការអនុវត្តផ្ទាល់បែបបើកទូលាយ មកកាន់ការអភិវឌ្ឍបែបស៊ីជម្រៅ នៅឆ្នាំ១៩៨៧ (ដូចបានសម្ដេចតេជោពន្យល់លម្អិត) ក្នុងគោលដៅជំរុញផលិតកម្ម និងបង្កើនទិន្នផល តាមរយៈការដោះស្រាយទឹក, ការបង្កើនការដាំដុះ, ការធ្វើប្រពលវប្បកម្មលើផ្ទៃដីដែលមានស្រាប់ ព្រមទាំងការស្រាវជ្រាវ, ការប្រើប្រាស់បច្ចេកវិទ្យា និងពូជថ្មីៗ, ការធ្វើទំនើបកម្មគ្រឿងយន្តកសិកម្ម, ការដាក់ចេញគោលនយោបាយអនុគ្រោះពន្ធដល់វិស័យកសិកម្ម និងការបង្កើនផ្ទៃដីផលិតកម្ម។ ជាលទ្ធផល, វិស័យកសិកម្មកម្ពុជាបច្ចុប្បន្ន មានលទ្ធភាពទ្រទ្រង់សន្តិសុខស្បៀងពេញលេញនៅគ្រប់កាលៈទេសៈ និងបញ្ជៀសបានទាំងស្រុងនូវវិបត្តិស្បៀងអាហារ មិនថាក្នុងស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ឬគ្រោះធម្មជាតិ ឬភាពតានតឹងនៃភូមិសាស្រ្តនយោបាយក្នុងតំបន់ និងពិភពលោកនោះទេ ព្រមទាំងមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងវិបត្តិខាងក្រៅ។
ទន្ទឹមនឹងការសម្រេចបានលទ្ធផលនៃការអភិវឌ្ឍន៍វិស័យកសិកម្មគួរជាទីមោទនៈ, វិស័យកសិកម្មកម្ពុជា ក៏នៅបន្តជួបប្រទះការប្រឈមមួយចំនួនផងដែរ ដែលត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយ ដូចជា៖
ទី១. វិស័យកសិកម្ម បន្តប្រឈមនឹងបញ្ហាប្រឈមខាងក្រៅ ដែលកាន់តែមានលក្ខណៈមិនប្រាកដប្រជា និងពិបាកប៉ាន់ស្មាន ដូចជា៖ ភាពមិនទៀងទាត់នៃទីផ្សារកសិផលអន្តរជាតិ, ឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្ម, ថ្លៃធាតុចូលកសិកម្មខ្ពស់, បញ្ហាថ្លៃដឹកជញ្ជូនអន្តរជាតិដែលបង្កឡើងដោយអសន្តិសុខសកល ដូចជាបញ្ហាដឹកជញ្ជូនឆ្លងកាត់តាមសមុទ្រក្រហម, ឬ ការរាំងស្ទះការផ្គត់ផ្គង់ជីដោយសារវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការប្រែប្រួលអាកាសធាតុជាដើម។
ទី២. វិស័យកសិកម្ម ក៏នៅតែបន្តជួបប្រទះបញ្ហាប្រឈមផ្ទៃក្នុង ដូចជា៖ កង្វះបច្ចេកទេសក្នុងការផលិតដែលនាំឱ្យថ្លៃដើមខ្ពស់, កង្វះខាតការយល់ដឹងអំពីតម្រូវការទីផ្សារដែលនាំឱ្យពិបាកលក់ ឬទទួលបានថ្លៃសមរម្យ, កម្ចីក្រៅផ្លូវការដែលមានអត្រាការប្រាក់ខ្ពស់, កង្វះប្រភពទឹកសម្រាប់ការបង្កើនផលិតកម្មកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅមានកម្រិតជាដើម។
ជាមួយនឹងលទ្ធផល និងបញ្ហាប្រឈម ដូចបានគោរពរាយការណ៍ជូនអង្គសមាជរដ្ឋសភា ព្រឹទ្ធសភា ខាងលើ, រាជរដ្ឋាភិបាល បាននិងកំពុងបន្តដាក់ចេញ និងជំរុញការអនុវត្តគោលនយោបាយ, កម្មវិធីគោលនយោបាយអាទិភាព និងវិធានការសំខាន់ៗជាបន្តបន្ទាប់ ដូចជា៖
ទី១. ការពង្រឹងសមត្ថភាពស្ថាប័ន និងយន្តការគាំទ្រកសិករ ក្នុងគោលដៅ ផ្តល់បច្ចេកទេសកសិកម្ម សំដៅកាត់បន្ថយថ្លៃដើមផលិតកម្ម និងគាំទ្រទីផ្សារដល់កសិករ ព្រមទាំងកាត់បន្ថយហានិភ័យនៃអស្ថិរភាពថ្លៃកសិផល។
ទី២. ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់នៅតាមមូលដ្ឋានដែលមានសកម្មភាពកសិកម្ម ដើម្បីផ្តល់សេវាគាំទ្របច្ចេកទេសកសិកម្មជូនប្រជាកសិករ ក្នុងការជួយសម្រាលបន្ទុកចំណាយ និងជួយរកទីផ្សារកសិផល។
ទី៣. ការបន្តជំរុញការពង្រីកទីផ្សារអន្តរជាតិសម្រាប់កសិផលកម្ពុជា តាមរយៈការចរចាពាណិជ្ជកម្មក្នុងគោលដៅធ្វើសមាហរណកម្មទីផ្សារកម្ពុជាទៅក្នុង ទីផ្សារអន្តរជាតិ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការចរចាបើករបាំងបច្ចេកទេស ដូចជា អនាម័យ និងភូតគាមអនាម័យ ជាដើម។
ទី៤. ការបន្តជំរុញលើកទឹកចិត្តឱ្យមានការវិនិយោគផ្នែកឧស្សាហកម្មកែច្នៃផលិតផល កសិកម្ម, ការជំរុញបង្កើតរោងចក្រផលិតជីកសិកម្មក្នុងស្រុក, ការចាប់យកបច្ចេកវិទ្យាថ្មីៗ និងការបង្វែរការផលិតដាច់ៗពីគ្នាមកជាការផលិតដែលមានលក្ខណៈប្រមូលផ្តុំក្នុងទម្រង់ជាសហគមន៍កសិកម្មទំនើប ដែលធ្វើឱ្យកម្ពុជាអាចចៀសផុតពីគ្រោះទុរភិក្ស ឬ អតិផរណានៃទំនិញកសិផលសម្រាប់ប្រជាពលរដ្ឋ …។
ទី៥. រាជរដ្ឋាភិបាល ក៏បាននិងកំពុងបន្តផងដែរនូវ ១. ការបង្កើនការស្រាវជ្រាវ, ការប្រើប្រាស់បច្ចេកវិទ្យា, ពូជថ្មីៗ និងការធ្វើទំនើបកម្មគ្រឿងយន្តកសិកម្ម ក្នុងគោលដៅបង្កើនទិន្នផលផលិតកម្ម, ២. ការបន្តអនុវត្តគោលនយោបាយអនុគ្រោះពន្ធដល់វិស័យកសិកម្ម និងការបើកចំហការនាំចូល ធាតុចូលកសិកម្មដោយពន្ធអាករជាបន្ទុករបស់រដ្ឋ ក្នុងគោលដៅកាត់បន្ថយថ្លៃដើមផលិតរបស់កសិករ និង៣. ការរៀបចំសហគមន៍កសិកម្មទំនើប ដែលមានផែនការផលិតកម្មច្បាស់លាស់ ដោយមានការធានាទីផ្សារជាមុន តាមរយៈផលិតកម្មកសិកម្មតាមកិច្ចសន្យា និងផ្តល់ទុនបង្វិលជាប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាប។
ខ្ញុំបាទសូមបញ្ជាក់ជូនអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភាមេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា៖ ជារួម, វិស័យកសិកម្មបន្តរក្សាបាននូវភាពរឹងមាំ និងបន្តរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម–សេដ្ឋកិច្ចកម្ពុជា ជាពិសេស ធានាបាននូវសន្តិសុខស្បៀង, បញ្ជៀសបាននូវវិបត្តិស្បៀងអាហារ និងកាត់បន្ថយអតិផរណានៃថ្លៃស្បៀងក្នុងប្រទេស ព្រមទាំងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ទោះត្រូវឆ្លងកាត់បញ្ហាស្មុគស្មាញ និងវិបត្តិជាបន្តបន្ទាប់ ដោយសារការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយលើសកលលោកក៏ដោយ។ រាជរដ្ឋាភិបាលបន្តជំរុញការអនុវត្តគោលនយោបាយ ក្នុងវិស័យកសិកម្មខាងលើ ដែលជាគោលនយោបាយផ្តល់ផលប្រយោជន៍ជាអតិបរមាដល់កសិករជាអ្នកផលិត, អ្នកទទួលទាន, ពាណិជ្ជករ និងប្រជាពលរដ្ឋគ្រប់រូប ក៏ដូចជារក្សាបាននូវតុល្យភាពនៃការអភិរក្ស និងការអភិវឌ្ឍផងដែរ។ ទន្ទឹមនេះ, កម្មវិធីគោលនយោបាយអាទិភាពទាំង ២ ក្នុងវិស័យកសិកម្ម គឺជាកម្មវិធីដែលត្រូវបានដាក់ចេញសម្រាប់ផ្តល់នូវដំណោះស្រាយពិតប្រាកដលើបញ្ហាប្រឈមក្នុងវិស័យកសិកម្ម ទាំងក្នុងរយៈពេលមធ្យម និងវែង។ លើសពីនេះ, ការអភិវឌ្ឍវិស័យកសិកម្មទាមទារជាចាំបាច់នូវពេល, ការគាំទ្រពីគ្រប់តួអង្គ និងការចូលរួមរបស់គ្រប់ប្រតិបត្តិករពាក់ព័ន្ធក្នុងវិស័យកសិកម្ម ហើយរាជរដ្ឋាភិបាលនឹងបន្តខិតខំប្រឹងប្រែងអនុវត្តការងារដោយបុរេសកម្ម និងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ឆ្លើយតបទៅនឹងការវិវត្តដ៏ឆាប់រហ័សនៃសង្គម, សេដ្ឋកិច្ច និងនយោបាយ ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យកាន់តែមានភាពរីកចម្រើន។
សម្តេច, ព្រះអង្គម្ចាស់, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី អង្គពិធីទាំងមូលជាទីមេត្រី!
ឆ្លៀតក្នុងឱកាសដ៏មានតម្លៃនេះដែរ, តាងនាមរាជរដ្ឋាភិបាល, ខ្ញុំសូមសម្តែងនូវអំណរគុណ ចំពោះសមាជព្រឹទ្ធសភា និងរដ្ឋសភា ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះ «វិស័យកសិកម្ម» និងបានអនុញ្ញាតឱ្យដាក់កិច្ចការនេះ ជារបៀបវារៈនៃសមាជដ៏វិសេសវិសាលនេះ។ ខ្ញុំសូមគោរពស្នើសុំ អង្គព្រឹទ្ធសភា និងអង្គរដ្ឋសភា បន្តផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការជំរុញអភិវឌ្ឍវិស័យកសិកម្មឱ្យបោះជំហានទៅមុខកាន់តែប្រសើរថែមទៀត ក្នុងបេសកកម្មលើកកម្ពស់សុខុមាលភាព, ផ្តល់នូវគុណភាពជីវិត និងធានាបាននូវសន្តិសុខស្បៀង ជូនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។
សម្តេច, ព្រះអង្គម្ចាស់, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី អង្គពិធីទាំងមូលជាទីមេត្រី!
[ផ្ដើមសេចក្ដីអធិប្បាយ]
ប្រធានបទនេះជាប្រធានបទចុងក្រោយ ក្នុងចំណោមប្រធានបទ៣ដែលសំខាន់។ ហើយកាលពីម្សិលមិញនេះ មានធាតុផ្សំជាច្រើន ដែលខ្ញុំតំណាងឲ្យរាជរដ្ឋាភិបាលទាំងមូលសូមធ្វើការថ្លែងអំណរគុណ។ ថ្ងៃនេះ ក្រុមរាជរដ្ឋាភិបាលក៏បានត្រៀមនូវក្រសួង ៣ ដែលសំខាន់ ក្រសួងធនធានទឹក ក្រសួងកសិកម្ម និងក្រសួងអភិវឌ្ឍន៍ជនបទ អញ្ចឹងសង្ឃឹមថា នឹងមានសំណួរ ការលើកឡើងផ្សេងៗ ឬការផ្ដល់នូវមតិផ្សេងៗ ពាក់ព័ន្ធទៅនឹងវិស័យកសិកម្មនេះ ប៉ុន្តែ ក៏ត្រៀមខ្លួនដើម្បីឆ្លើយតបទៅនឹងសំណួរ ឬការផ្ដល់មតិយោបល់យ៉ាងណា ដែលពាក់ព័ន្ធនឹងវិស័័យពាក់ព័ន្ធ ព្រោះការងារកសិកម្មមិនមែនកសិកម្មមួយមុខទេ គឺពាក់ព័ន្ធច្រើន ជាពិសេស វិស័យ២(ដែលបានលើក)ខាងលើនេះ ធនធានទឹក និងអភិវឌ្ឍន៍ជនបទ។ ពិតណាស់ យើងនៅមានពាណិជ្ជកម្ម ហិរញ្ញវត្ថុផ្សេងៗដើម្បីធានា។ ហើយការងារនេះ ទោះបីជាចំនួនប្រជាពលរដ្ឋយើងនៅក្នុងវិស័យកសិកម្ម ហើយធាតុផ្សំនៃ ផសស ពីកសិកម្មមានការថយចុះ មិនមែនថយនៃការផលិតទេ ប៉ុន្តែ ដោយសារល្បឿននៃការរីកចម្រើនខាងវិស័យឧស្សាហកម្ម កម្មន្តសាលរីកចម្រើនច្រើនជាង។ តែកសិកម្មនៅតែជាកិច្ចការសំខាន់។ ថ្ងៃនេះ រាជរដ្ឋាភិបាលនឹងត្រៀមដើម្បីទទួលយកនូវធាតុផ្សំ និងមតិយោបល់ផ្សេងៗ ដែលអាចជាធាតុផ្សំក្នុងការវាយតម្លៃពីការរៀបចំគោលនយោបាយ ក៏ដូចជាការអនុវត្តគោលនយោបាយរបស់យើងបន្ថែម។
[ចប់សេចក្ដីអធិប្បាយ]
ជាទីបញ្ចប់, ខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្តល់នូវជំនឿទុកចិត្ត និងការគាំទ្រពីសំណាក់ សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា និងព្រឹទ្ធសភា ដល់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងសូមគោរពជូនពរ សម្ដេចប្រធាន សម្តេចអនុប្រធាន សមាជិក សមាជិកា នៃអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។
សូមអរគុណ!