សូមគោរព!
- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា ជាទីគោរពដ៏ខ្ពង់ខ្ពស់!
- សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជា–ណាចក្រកម្ពុជា និងជាអនុប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា
- សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល
- សមាជិក–សមាជិកា នៃអង្គពិធី ជាទីមេត្រី!
ថ្ងៃនេះ, ខ្ញុំពិតជាមានកិត្តយស និងសេចក្តីសោមនស្សក្រៃលែង ដោយបានចូលរួមក្នុងឱកាសជាប្រវត្តិសាស្រ្តលើកទី១ នៃសមាជរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីធ្វើបទអន្តរាគមន៍ ក្នុងនាមរាជរដ្ឋាភិបាលលើប្រធានបទ «សេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដ៏មានសារៈសំខាន់និងពិសេស ដើម្បីគោរពរាយការណ៍ជូនសមាជរដ្ឋសភា និងព្រឹទ្ធសភា អំពីវឌ្ឍនភាពការងារពាក់ព័ន្ធនឹងការអនុវត្ត “យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣–២០២៨”។ ខ្ញុំសូមគោរពជម្រាបជូនអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា៖ ទន្ទឹមនឹងការដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១, រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ឱ្យអនុវត្តនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ និងវិធានការគន្លឹះចំនួន ៥ ដែលសុទ្ធតែជាយុទ្ធសាស្រ្ត និងយន្តការមុតស្រួច សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការជំរុញលើកកម្ពស់វិស័យកសិកម្ម, សេដ្ឋកិច្ចក្រៅប្រព័ន្ធ, និងការគាំពារសង្គម ដែលសុទ្ធតែពាក់ព័ន្ធនឹងប្រធានបទសំខាន់ទាំង ៣ របស់សមាជរដ្ឋសភា និងព្រឹទ្ធសភាលើកទី ១ រយៈពេល ២ថ្ងៃនេះ។
ខ្ញុំសូមគោរពបញ្ជាក់ជូនអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភាថា ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាកម្មវិធីដ៏សំខាន់ចាំបាច់មួយ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ របស់រាជរដ្ឋាភិបាល ដែល “យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣–២០២៨” ត្រូវបានប្រកាសដាក់ឱ្យអនុវត្ត ជាផ្លូវការដំបូងគេនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៣ និងដែលជាសមិទ្ធផលនៃការផ្តួចផ្តើមបន្សល់ទុកពីរាជរដ្ឋាភិបាលនីតិកាលទី ៦ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ ខ្ញុំសូមយកឱកាសនេះ ដើម្បីគោរពថ្លែងអំណរគុណ និងដឹងគុណចំពោះមរតកនៃគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យ និងសមិទ្ធផលដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ដែលផ្តល់ជាមូលដ្ឋានដ៏សំខាន់ និងរឹងមាំសម្រាប់ការបន្តកសាង និងអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយផ្អែកលើស្ថានភាពជាក់ស្តែង ជាមួយនឹងគោលដៅច្បាស់លាស់។ ខ្ញុំសូមសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល បន្តបង្កើនការយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការពង្រឹងសមត្ថភាព, ភាពប្រកួតប្រជែង និងភាពធន់នៃមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាកម្លាំងចលករដ៏សំខាន់ និងប្រកបដោយសក្តានុពលដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម ជាពិសេស គឺការគិតគូរផ្តល់ភាពកក់ក្តៅជូនបងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យទទួលបានកញ្ចប់អត្ថប្រយោជន៍ និងកិច្ចអន្តរាគមន៍ចាំបាច់របស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកលើកកម្ពស់ជីវភាព, អនាគតមុខរបរ, ការងារ និងប្រាក់ចំណូលគ្រួសារ។
“យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨” បាន និងកំពុងក្លាយជាឧបករណ៍យុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការលើកកម្ពស់លទ្ធភាព និងប្រសិទ្ធភាពនៃការធ្វើសមាហរណសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទៅក្នុងប្រព័ន្ធជាជំហានៗ ដើម្បីអាចតាមដាន, វិភាគ, វាយតម្លៃ និងដាក់ចេញវិធានការចាំបាច់ឱ្យបានទាន់ពេល ក្នុងគោលដៅឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងការធ្វើអន្តរាគមន៍ទីផ្សារប្រកបដោយស័ក្តិសិទ្ធិភាព, ប្រសិទ្ធភាព និងចីរភាព ជាពិសេសដើម្បីធានាឱ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធកាន់តែមានលទ្ធភាពនិងសក្តានុពល រួមចំណែកពេញលេញក្នុងដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងខណៈដែលប្រជាជនភាគច្រើនលើសលប់ កំពុងប្រកបមុខរបរ និងធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅពុំទាន់ទទួលបានឱកាសពេញលេញក្នុងការទទួលបានអត្ថប្រយោជន៍ចាំបាច់ដើម្បីបង្កើនផលិតភាពពលកម្ម និងប្រសិទ្ធភាពសេដ្ឋកិច្ចដែលកំពុងស្ថិតក្នុងកម្រិតទាបនៅឡើយ។ ទន្ទឹមនេះ, ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏បាននិងកំពុងរួមចំណែកគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលបានកំណត់យកអាទិភាពគន្លឹះ ៥គឺ៖ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេស បច្ចេកវិទ្យាឌីជីថល” សម្រាប់បង្កើនសមត្ថភាពទាញយក អត្ថប្រយោជន៍ពីបដិវត្តឧស្សាហកម្មទី ៤ និងការបង្កើនបរិវត្តកម្មឌីជីថលនៃសង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងគោលដៅឆ្លើយតបទៅនឹងតម្រូវការលើកកម្ពស់ផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ដែលជាមូលដ្ឋានគ្រឹះ និងជាមធ្យោបាយដ៏សំខាន់ចាំបាច់ក្នុងការសម្រេចបាន ចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។
សម្តេច, ព្រះអង្គម្ចាស់, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី អង្គពិធីទាំងមូលជាទីមេត្រី!
ខ្ញុំសូមគោរពគូសរំលេចដោយសង្ខេប ជូនអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា៖ (ទី១) សេដ្ឋកិច្ចក្រៅប្រព័ន្ធមានចំណែកធំនៅក្នុងសេដ្ឋកិច្ចជាតិ ពោលគឺរួមចំណែកជាង ២៦,៤% នៃផលិតផលក្នុងស្រុកសរុប, (ទី២) បច្ចុប្បន្ន ៩៧% នៃសហគ្រាសមីក្រូ តូច និងមធ្យម ស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលកំពុងដើរតួនាទីជាមូលដ្ឋានសេដ្ឋកិច្ចដ៏រស់រវើកនៅតាមមូលដ្ឋាន និងគ្របដណ្តប់គ្រប់ច្រកល្ហកទូទាំងប្រទេស ប្រៀបដូចជាសរសៃឈាមសង្គម-សេដ្ឋកិច្ច ក្នុងការធានាជីវភាពរស់នៅប្រចាំថ្ងៃ, ផ្តល់ការងារនៅនឹងកន្លែង, និងកំពុងរួមចំណែកក្នុងការបែងចែកកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងកាត់បន្ថយភាពក្រីក្រ, និង(ទី៣) សេដ្ឋកិច្ចក្រៅប្រព័ន្ធមានតួនាទីសំខាន់ក្នុងការកសាង និងពង្រឹងសេដ្ឋកិច្ចនៅតាមមូលដ្ឋាន ព្រមទាំងមានសក្តានុពលអាចប្រែក្លាយជាបណ្តាញឧស្សាហកម្មប្រតិគមន៍(Backward Linkages) នៃខ្សែច្រវាក់ផលិតកម្ម ដើម្បីគាំទ្រដល់ផលិតកម្មមធ្យម និងធំ ពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស, សួនឧស្សាហកម្ម និងតំបន់ពាណិជ្ជកម្មសេរី ជាដើម។
បច្ចុប្បន្ន, សកលលោកទាំងមូល មានការប្រែប្រួលលឿន និងមានភាពមិនប្រាកដប្រជាខ្ពស់, ហើយវិបត្តិ និងបញ្ហាប្រឈមផ្សេងៗ អាចកើតមានឡើងគ្រប់ពេល ដែលការណ៍នេះអាចបន្ទច់បង្អាក់ដំណើរការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចកម្ពុជា។ ស្ថិតក្នុងបរិការណ៍ដ៏លំបាកនេះ, រាជរដ្ឋាភិបាលយល់ច្បាស់អំពីភាពចាំបាច់ក្នុងការកែលម្អ, ជំរុញ និងពង្រឹងការអនុវត្តការងារកែទម្រង់ជារចនាសម្ព័ន្ធ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ឱ្យមានសន្ទុះល្អប្រសើរឡើង និងមានភាពធន់, ក្នុងនោះ, ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ជាអាទិភាពដ៏សំខាន់មួយ ផងដែរ។
ដើម្បីប្រែក្លាយសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យទៅជាកម្លាំងចលករដ៏សំខាន់ និងជាយន្តការជំរុញកំណើនសេដ្ឋកិច្ចជាតិ, រាជរដ្ឋាភិបាលបានដាក់ចេញនូវអាទិភាពជាយុទ្ធសាស្រ្តចំនួន ៥ រួមមាន៖ (១). ការកំណត់, កែសម្រួល និងរៀបចំយន្តការ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការឈានចូលក្នុងប្រព័ន្ធ; (២). ការកាត់បន្ថយបន្ទុកលើការបំពេញអនុលោមភាព; (៣). ការផ្តល់ការគាំពារ និងការគាំទ្រដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធ; (៤). ការលើកកម្ពស់សមត្ថភាព និងគាំទ្រដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធ; និង(៥).ការពង្រីក និងពង្រឹងការផ្សព្វផ្សាយ, ការលើកកម្ពស់ការយល់ដឹង និងការចូលរួម។ ក្នុងនោះ, អាទិភាពជាយុទ្ធសាស្រ្តទី ១ គឺជាកិច្ចការ ដែលទាមទារឱ្យមានការគិតគូរឱ្យបានឆាប់។ បទពិសោធផ្ទាល់របស់កម្ពុជា, ជាពិសេស ក្នុងកំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានបង្ហាញឱ្យឃើញថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធងាយរងគ្រោះ និងងាយទទួលរងផលប៉ះពាល់ខ្លាំងជាងគេ ក្នុងគ្រាមានវិបត្តិ ខណៈដែលរាជរដ្ឋាភិបាលជួបការលំបាកក្នុងការកំណត់អត្តសញ្ញាណ និងដាក់ចេញនូវវិធានការគាំទ្រឱ្យចំគោលដៅ។
ដើម្បីជំរុញការអនុវត្តយុទ្ធសាស្រ្តជាតិដ៏មានសារៈសំខាន់នេះ, រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យបំពេញតួនាទីជាស្ថាប័នបង្គោល ក្នុងការជំរុញការអនុវត្ត ដែលមាន តួនាទី និងភារកិច្ចស្នូលគឺ៖ (១) រៀបចំក្របខ័ណ្ឌតាមដាននិងវាយតម្លៃលើការអនុវត្តយុទ្ធសាស្ត្រ ដោយមានការកំណត់យន្តការច្បាស់លាស់ក្នុងការជំរុញ និងពន្លឿនការ-អនុវត្តវិធានការដែលមានវឌ្ឍនភាពយឺត និងការចាត់វិធានការចំពោះវិធានការដែលមិនមានវឌ្ឍនភាព, (២) រៀបចំរបាយការណ៍វាយតម្លៃ រយៈពេលខ្លី, ពាក់កណ្តាលអាណត្តិ, និងចុងអាណត្តិនៃការអនុវត្តយុទ្ធសាស្ត្រ, (៣) ដឹកនាំការកែសម្រួលយុទ្ធសាស្ត្រ ឬការរៀបចំឯកសារយុទ្ធសាស្ត្រ ឬគោលនយោបាយក្នុងដំណាក់កាលបន្តបន្ទាប់ តាមតម្រូវការចាំបាច់, និង(៤) សម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ទាំងក្នុងវិស័យសាធារណៈ និងឯកជន ព្រមទាំងស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីតាមដានការវិវត្តនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងប្រមូលធាតុចូលសម្រាប់ការធ្វើការកែលម្អ និងធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រ តាមការចាំបាច់។ ទន្ទឹមនេះ, ចំពោះក្រសួង–ស្ថាប័នពាក់ព័ន្ធ (ស្ថាប័នចូលរួម) ដែលទទួលបន្ទុកចូលរួមអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានតួនាទី និងភារកិច្ចសំខាន់ៗ ដូចជា៖ (១) រៀបចំសមិទ្ធកម្មគន្លឹះ និងផែនការសកម្មភាពលម្អិត សម្រាប់អនុវត្តរាល់វិធានការដែលត្រូវបានដាក់ចេញនៅក្នុងយុទ្ធសាស្ត្រនេះ, (២) ផ្តល់របាយការណ៍វឌ្ឍនភាពនៃការអនុវត្ត និងបញ្ហាប្រឈម ជូនស្ថាប័នបង្គោល … (៣) ផ្តល់កិច្ចសហការដល់ស្ថាប័នបង្គោល តាមរយៈការផ្តល់ទិន្នន័យឱ្យបានគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយសម្រាប់ការតាមដាន និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រ, និង(៤) កំណត់ថ្នាក់ដឹកនាំ និងមន្ត្រីបង្គោលច្បាស់លាស់ ដើម្បីធានាប្រសិទ្ធភាពក្នុងការអនុវត្ត និងការសម្របសម្រួលជាមួយស្ថាប័ន បង្គោល។
ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តស្របតាមអភិក្រមនៃយុទ្ធសាស្រ្តនេះ, ក្នុងជំហានដំបូង, រាជរដ្ឋាភិបាលបានកំណត់វិស័យ និងប្រភេទអាជីវកម្ម មុខរបរ និងការងារអាទិភាពចំនួន ១៥ប្រភេទ និងបែងចែកជា ៣ តំបន់ ដូចខាងក្រោម៖
(ទី១) តំបន់សេដ្ឋកិច្ចក្រៅប្រព័ន្ធ៖ សេដ្ឋកិច្ចក្រៅប្រព័ន្ធ សំដៅដល់គ្រប់សកម្មភាពអាជីវកម្ម មុខរបរ និងការងារ ដែលមិនមែនជាសកម្មភាពខុសច្បាប់ និងមិនមានការបំពេញបែបបទរដ្ឋបាលដែលនាំឱ្យមានការលំបាកក្នុងការកំណត់អត្តសញ្ញាណ។ នៅក្នុងតំបន់នេះ, រាជរដ្ឋាភិបាលផ្តល់អាទិភាពលើការកសាងមូលដ្ឋានទិន្នន័យនៃអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានច្បាស់លាស់ ដែលជាចំណុចគន្លឹះសម្រាប់ការវិភាគ និងជាមូលដ្ឋានសម្រាប់ការរៀបចំយន្តការគាំទ្ររបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងស្ថាប័នជំនាញ ឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ប្រកបដោយស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាព។ ដើម្បីគាំទ្រយន្តការកសាងទិន្នន័យនេះ រាជរដ្ឋាភិបាល (១) បានបង្កើត និងដាក់ឱ្យដំណើរការថ្នាលឌីជីថលសម្រាប់ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយឥតបង់ថ្លៃ និងដោយស្ម័គ្រចិត្ត និង(២) ដាក់ការចុះឈ្មោះដោយផ្អែកលើព័ត៌មាន តាមរយៈការធ្វើស្វ័យប្រកាស ដែលមានទម្រង់សាមញ្ញ ងាយស្រួល និងចំណេញពេល […]
(ទី២) តំបន់អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ៖ តំបន់អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ សំដៅដល់តំបន់សម្រាប់ត្រៀមឈានចូលទៅក្នុងតំបន់សេដ្ឋកិច្ចក្នុងប្រព័ន្ធ សម្រាប់អ្នកប្រកបមុខរបរ និងធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលពុំទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចូលក្នុងប្រព័ន្ធ។ រាជរដ្ឋាភិបាល បានគិតគូរបង្កើតតំបន់អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះឡើង ដោយសារលទ្ធភាពរបស់អ្នកប្រកបមុខរបរ និងធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួននៅមានកម្រិត និងមិនអាចបំពេញបែបបទពេញលេញ ដើម្បីចូលទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធបាន។ យុទ្ធសាស្រ្តនេះ អនុញ្ញាតឱ្យមានការបំពេញត្រឹមបែបបទរដ្ឋបាលគោលខ្លះ ដើម្បីងាយស្រួលកំណត់អត្តសញ្ញាណ ព្រមទាំងអាចទទួលបានការបំប៉នសមត្ថភាព និងទុន ក្នុងការត្រៀមឈានចូលតំបន់សេដ្ឋកិច្ចក្នុងប្រព័ន្ធ។
(ទី៣) តំបន់សេដ្ឋកិច្ចក្នុងប្រព័ន្ធ៖ តំបន់សេដ្ឋកិច្ចក្នុងប្រព័ន្ធ សំដៅដល់តំបន់ ដែលមិនមែនជាសកម្មភាពខុសច្បាប់, បំពេញបែបបទរដ្ឋបាលបានពេញលេញ និងត្រូវទទួលបន្ទុកបំពេញអនុលោមភាព។ តំបន់សេដ្ឋកិច្ចក្នុងប្រព័ន្ធនេះ ត្រូវបានរៀបចំឡើង សម្រាប់ទទួលការចុះបញ្ជីបំពេញអនុលោមភាពចូលសេដ្ឋកិច្ចក្នុងប្រព័ន្ធ នៅពេលបងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ (១) មានបំណងពង្រីកអាជីវកម្មផ្លូវការ ដែលអាចទទួលបានការការពារផ្លូវច្បាប់ពីស្ថាប័នរាជរដ្ឋាភិបាល ដូចជា ការចុះបញ្ជីម៉ាក, កម្មសិទ្ធិបញ្ញា, កម្មសិទ្ធិឧស្សាហកម្ម និងការការពារពីការលួចចម្លងផ្សេងៗ និង(២) មានបំណងក្លាយជាម្ចាស់សហគ្រាសធុនតូច និងមធ្យម ដោយបានត្រៀមលក្ខណៈរួចរាល់ទាំងបច្ចេកទេស, ជំនាញ, ការបំពេញអនុលោមភាព, ស្តង់ដារ, ទុនវិនិយោគ និងទីផ្សារ។
ខ្ញុំសូមបញ្ជាក់ថា ចំពោះអាជីវកម្មដែលជាសហគ្រាសធុនតូច និងមធ្យម (លើកលែងសហគ្រាសមីក្រូ) ឡើងទៅ ត្រូវមានកាតព្វកិច្ចផ្លូវច្បាប់ក្នុងការចុះបញ្ជី អាជីវកម្មរបស់ខ្លួន ដូចជា៖ ការចុះបញ្ជីពាណិជ្ជកម្ម, ការចុះបញ្ជីពន្ធដារ, ការធ្វើសេចក្ដីប្រកាសជូនដំណឹងបើកសហគ្រាស, ការចុះបញ្ជីសហគ្រាសគ្រឹះស្ថាននៅបេឡាជាតិសន្តិសុខសង្គម និងការស្នើសុំអាជ្ញាបណ្ណជំនាញតាមវិស័យ ដែលខ្លួនធ្វើប្រតិបត្តិការអាជីវកម្ម។
ជារួម, រាជរដ្ឋាភិបាលបានរៀបចំតំបន់ទាំង៣ នេះឡើង ដើម្បីកាត់បន្ថយហានិភ័យនៃការធ្វើអាជីវកម្ម និងការប្រកបមុខរបរនៅកម្ពុជាឱ្យបានជាអតិបរមា និងជាពិសេសដើម្បីជំរុញឱ្យមានបរិយាកាសធុរកិច្ចកាន់តែល្អប្រសើរ និងទាក់ទាញនៅកម្ពុជា។
សម្តេច, ព្រះអង្គម្ចាស់, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី អង្គពិធីទាំងមូលជាទីមេត្រី!
ដើម្បីអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ២០២៣-២០២៨, រាជរដ្ឋាភិបាលបានរៀបចំយន្តការស្ថាប័ន និងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ដែលរួមមាន៖ (១) គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (គ.ស.អ.ស.ក.) ដែលមានរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាប្រធាន និងមានអនុប្រធាន និងសមាជិកមកពីបណ្តាក្រសួងស្ថាប័ន និងតំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ … និង(២) លេខាធិការដ្ឋានមួយ ជាសេនាធិការជួយសម្របសម្រួលកិច្ចដំណើរការការងាររបស់ គ.ស.អ.ស.ក.។
ជារួម, គ.ស.អ.ស.ក. បាននិងកំពុងបំពេញភារកិច្ចចម្បងៗមួយចំនួន ដូចជា (១) សម្របសម្រួលការងារ និងអនុវត្តសកម្មភាពជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ស្របតាមយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, (២) រៀបចំផែនការសកម្មភាពលម្អិត, សូចនាករគន្លឹះ, ការបែងចែកតួនាទីភារកិច្ច និងវិធានការគន្លឹះ ដើម្បីចងក្រងជាក្របខ័ណ្ឌរួមសម្រាប់អនុវត្ត, តាមដាន, ត្រួតពិនិត្យ, វាយតម្លៃ និងរៀបចំរបាយការណ៍ជូនរាជរដ្ឋាភិបាល។
ក្រោយពីការដាក់ចេញយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ២០២៣-២០២៨ រាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលសំខាន់ៗ ដូចខាងក្រោម៖
(ទី១) រាជរដ្ឋាភិបាលបានកំណត់យន្តការច្បាស់លាស់សម្រាប់អនុវត្តការចុះឈ្មោះ និងការចេញវិញ្ញាបនបត្រអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងទម្រង់ឌីជីថល តាមរយៈអនុក្រឹត្យលេខ ២៨៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ស្តីពីការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ការចុះឈ្មោះនេះ ផ្ដោតលើក្រុមគោលដៅ ដែលរួមមាន៖ (១) សហគ្រាសធុនមីក្រូមានផលរបរក្រោម ២៥០លានរៀលក្នុងមួយឆ្នាំ, (២) កម្មករនិយោជិតនៃសហគ្រាសធុនមីក្រូ, (៣) កម្មករនិយោជិតម្តងម្កាល និង(៤) បុគ្គលស្វ័យនិយោជន៍ដែលប្រកបអាជីវកម្មមុខរបរ និង/ឬការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
(ទី២) រាជរដ្ឋាភិបាលបានបង្កើត និងដាក់ឱ្យដំណើរការជាផ្លូវការនូវថ្នាលឌីជីថលសម្រាប់ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានឈ្មោះជាផ្លូវការ “ថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ” ដើម្បីចងក្រងទិន្នន័យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ស្ថិតនៅតាមមូលដ្ឋានរបស់រាជធានីខេត្តទូទាំងប្រទេស ក្នុងគោលដៅកំណត់អត្តសញ្ញាណអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងផ្ដល់ការបំប៉នសមត្ថភាពនិងទុន ព្រមទាំងលើកទឹកចិត្តប្រជាពលរដ្ឋប្រកបមុខរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ។ […]
(ទី៣) ជាលទ្ធផល, គិតត្រឹមថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៥ មានអ្នកស្នើសុំចុះឈ្មោះចំនួន ៧៩,១៥៥ នាក់ ឬអង្គភាព ដែលក្នុងនោះ ការស្នើដែលត្រូវបានអនុម័តមានចំនួន ៦៥,៥៨៩ ពោលគឺ ស្មើនឹងជិត ៨៣ នៃអ្នកស្នើសុំសរុប។
ទន្ទឹមនេះ គ.ស.អ.ស.ក. មានយន្តការពិនិត្យ, តាមដាន, សម្របសម្រួល, ដោះស្រាយភាពអសកម្ម និងបញ្ហាប្រឈមនានា ដើម្បីបង្កើនទំនុកចិត្ត និងភាពជឿជាក់លើការចុះឈ្មោះ ដោយផ្តោតការយកចិត្តទុកដាក់ជាសំខាន់លើការជួយណែនាំ, ដោះស្រាយកង្វល់ និងបញ្ហានានា ព្រមទាំងឆ្លើយតបទៅនឹងសំណួររបស់អ្នកស្នើសុំចុះឈ្មោះ។ លើសពីនេះ, សមត្ថភាពសម្របសម្រួល និងដោះស្រាយបញ្ហាត្រូវបាននិងបន្តពង្រឹង តាមរយៈការបង្កើនចំនួនមន្ត្រីទទួលបន្ទុក ក៏ដូចជាសម្ភារៈបរិក្ខារគាំទ្រ, ការកសាងសមត្ថភាព, សិល្បៈនៃការឆ្លើយតបសារ HOTLINE ជូនបងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ក្រមសីលធម៌វិជ្ជាជីវៈ និងបដិសណ្ឋារកិច្ច ជាដើម។ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ខ្ពស់លើការធានាសន្តិសុខ, សុវត្ថិភាព, ថា្នលឌីជីថល និងទិន្នន័យឯកជនភាព ដើម្បីឱ្យអ្នកចុះឈ្មោះមានទំនុកចិត្តខ្ពស់។
(ទី៤) រាជរដ្ឋាភិបាលផ្តល់ការគាំទ្រ និងកញ្ចប់អត្ថប្រយោជន៍ជូនដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ដែលរួមមាន៖
ក/ កញ្ចប់អត្ថប្រយោជន៍ផ្នែកពន្ធដារ និងការចុះឈ្មោះ
- រាជរដ្ឋាភិបាលបានផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ
- រាជរដ្ឋាភិបាលបានផ្តល់ការលើកទឹកចិត្តនានាសម្រាប់ការចុះបញ្ជីពាណិជ្ជកម្មដោយស្ម័គ្រចិត្តរបស់វិស័យព័ត៌មាន និងសោតទស្សន៍
- រាជរដ្ឋាភិបាលផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះសហគ្រាសធុនតូច និងមធ្យមសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈលិខិតបទដ្ឋានផ្សេងៗ។
ខ/ កញ្ចប់អត្ថប្រយោជន៍ផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ
- រាជរដ្ឋាភិបាលបានដាក់ចេញ និងកំពុងបន្តផ្សព្វផ្សាយអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស យុវជនគោលដៅ ១,៥លាននាក់ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងកម្មវិធីអប់រំបណ្តុះបណ្តាល វិជ្ជាជីវៈទូទៅ(អ.ប.វ.) នៅតាមគ្រឹះស្ថាន អ.ប.វ.
- រាជរដ្ឋាភិបាលបានផ្តល់កម្មវិធីបណ្តុះបណ្តាលជំនាញវិជា្ជជីវៈដូនតា និងការបណ្តុះបណ្តាលដល់សិល្បករ និងអ្នកប្រកបរបរវិជ្ជាជីវៈក្រៅប្រព័ន្ធ ក្នុងវិស័យសិល្បៈវប្បធម៌ (ជំនាញសិល្បៈបុរាណ និងប្រពៃណីវគ្គបណ្តុះបណ្តាល សិក្ខាសាលា)
- រាជរដ្ឋាភិបាលផ្តល់កម្មវិធីបណ្តុះបណ្តាលជំនាញទេសចរណ៍ និងជំនាញទន់សម្រាប់បុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍
- រាជរដ្ឋាភិបាលសម្របសម្រួលបញ្ជូនមុខសញ្ញាចុះឈ្មោះ ចូលរួមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដោយសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមូលនិធិជាតិជំនួយសង្គម
- រាជរដ្ឋាភិបាលរៀបចំកម្មវិធីអន្តរាគមន៍ “Intervention Program” តាមរយៈមូលនិធិអភិវឌ្ឍជំនាញ។
- រាជរដ្ឋាភិបាលកំពុងរៀបចំកម្មវិធីបណ្តុះបណ្តាលអំពីស្តង់ដារ មាត្រាសាស្ត្រ ផលិតភាព សហគ្រិនភាព នីតិវិធីនៃការចុះបញ្ជីសហគ្រាសធុនតូច មធ្យម និងសិប្បកម្ម និងកំពុងរៀបចំគម្រោងកែលម្អស្តង់ដារអនាម័យនៃអាជីវកម្មម្ហូបអាហារតាមដងផ្លូវនៅទីរួមខេត្តកំពង់ធំ។
- រាជរដ្ឋាភិបាលផ្តល់កម្មវិធីថ្នាលជាតិក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព តាមរយៈគម្រោងអនុវត្តគាំទ្រទៅដល់សិស្សានុសិស្សកម្រិតវិទ្យាល័យ-មហាវិទ្យាល័យ ធុរកិច្ចបង្កើតថ្មី សហគ្រាសធុនមីក្រូ តូច និងមធ្យម។
គ/ កញ្ចប់អត្ថប្រយោជន៍ផ្នែកគាំពារសង្គម
- រាជរដ្ឋាភិបាលកំពុងពិនិត្យលទ្ធភាពក្នុងការពង្រីកវិសាលភាព ប.ស.ស. ដល់ក្រុមគោលដៅ ដែលរួមមាន៖ ១. កម្មករនិយោជិតនៃសហគ្រាសធុនមីក្រូ និង២. កម្មករនិយោជិតម្តងម្កាល តាមរយៈការបង់ទៅតាមរបបកំណត់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប.ស.ស.។ ទន្ទឹមនេះ, រាល់ការពង្រីកត្រូវបានគិតគូរអំពីចីរភាព និងស្វ័យភាពនៃការអនុវត្ត ដើម្បីកុំឱ្យក្លាយជាបន្ទុកកាន់តែធ្ងន់ដល់ថវិកាជាតិ និងចំពោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះឈ្មោះក្នុងថ្នាលឌីជីថលរួចហើយ មានអាយុលើសពី ៦០ឆ្នាំ និងមិនស្ថិតក្នុងវិសាលភាពគ្របដណ្ដប់ដោយ ប.ស.ស. នឹង/ឬមានពិការភាព គប្បីពិនិត្យលទ្ធភាពក្នុងការពង្រីកវិសាលភាពគ្របដណ្តប់កំណត់ដោយយន្តការណាមួយ។
- រាជរដ្ឋាភិបាលបានកំណត់លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងបេឡាជាតិសន្តិសុខសង្គម
- រាជរដ្ឋាភិបាលបានកំណត់ភាគទាននិងកាលបរិច្ឆេទដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារនិងបុគ្គលស្វ័យនិយោជន៍
- រាជរដ្ឋាភិបាលផ្តល់របបថែទាំសុខភាពដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធសម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្ត, ទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ …។ ការដាក់ចេញនូវអន្តរាគមន៍គាំពារសង្គមបន្ថែមនេះ ដើម្បីធានាសន្តិសុខប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, រក្សាលំនឹងជីវភាព និងទប់ស្កាត់បានជាអតិបរមាកុំឱ្យពលរដ្ឋគោលដៅធ្លាក់ចូលក្នុងភាពក្រីក្រដោយសារការធ្លាក់ខ្លួនឈឺ។
- រាជរដ្ឋាភិបាលផ្តល់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
- រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផែនការប្រតិបត្តិ ស្ដីពីយន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម ឆ្នាំ២០២៤-២០២៦
- រាជរដ្ឋាភិបាលផ្តល់កម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំពោះយុវជនមកពីគ្រួសារក្រីក្រដែលមានបណ្ណសមធម៌ និងមកពីគ្រួសារងាយរងហានិភ័យ ដែលមានបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ។
ឃ/ កញ្ចប់អត្ថប្រយោជន៍ផ្នែកធនាគារ
- រាជរដ្ឋាភិបាលលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សម្រួលក្នុងការបើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុជូនសហគ្រាសធុនមីក្រូ តូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍
(ទី៥) ដើម្បីធានាផ្តល់ភាពកក់ក្តៅ និងការជួយគាំទ្រ ជាពិសេសនៅតាមមូលដ្ឋានដែលបងប្អូនកំពុងប្រកបអាជីវកម្ម និងមុខរបរ, ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិបានកំពុងបន្តយកចិត្តទុកដាក់លើការអនុវត្តវិធានការដូចមានចែងក្នុងយុទ្ធសាស្ត្រជាតិ ដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន និងបានរៀបចំសកម្មភាពគាំទ្របន្ថែម និងកំពុងរៀបចំពិនិត្យកែសម្រួលលិខិតបទដ្ឋានគតិយុត្ត រួមទាំងការរៀបចំកញ្ចប់អត្ថប្រយោជន៍ និងកិច្ចអន្តរាគមន៍នានាជាបន្តបន្ទាប់ ក៏ដូចជាការរៀបចំផែនការសកម្មភាពលម្អិត ដើម្បីអាចសម្រេចបានតាមសូចនាករសមិទ្ធកម្មគន្លឹះ KPIs ក្នុងការគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រជាតិ ប្រកបដោយជោគជ័យ។ ទន្ទឹមនេះ, គ.ស.អ.ស.ក. បានសហការជាមួយដៃគូអភិវឌ្ឍ UNDP, ILO និងCAPRED ដើម្បីបង្កើតក្របខ័ណ្ឌត្រួតពិនិត្យ តាមដាន និងវាយតម្លៃ ដែលត្រៀមប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅពេលខាងមុខនេះ។ […]
(ទី៦) គ.ស.អ.ស.ក. ក្នុងនាមរាជរដ្ឋាភិបាល បាននិងកំពុងជំរុញយុទ្ធនាការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីសារៈសំខាន់នៃការចុះឈ្មោះ និងរបៀបចុះឈ្មោះជូនដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅទូទាំងប្រទេស បានចំនួន ៥លើក ដែលមានអ្នកចូលរួមចំនួន ១៤,០០០នាក់។ ជាសកម្មភាពបន្ត, គ.ស.អ.ស.ក. កំពុងសហការបន្ថែមទៀតជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងសមាគម/សម្ព័ន្ធនានានៃក្រុមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីជំរុញយុទ្ធនាការផ្សព្វផ្សាយ ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅទូទាំងប្រទេសនៅក្នុងឆ្នាំ២០២៥នេះ។
(ទី៧) ការកែលម្អស្តង់ដារអនាម័យនៃអាជីវកម្មម្ហូបអាហារតាមដងផ្លូវ គឺជាកិច្ចការអាទិភាពមួយ ដែលត្រូវបានកំណត់នៅក្នុងវិធានការគន្លឹះនៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ … គម្រោងនេះ មានសក្តានុពលក្នុងការរៀបចំយន្តការគ្រប់គ្រង ការអភិវឌ្ឍអាជីវកម្ម, សណ្តាប់ធ្នាប់, អនាម័យ និងសោភ័ណភាព ដែលនឹងផ្តល់នូវអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ និងមូលដ្ឋានផ្ទាល់ តាមរយៈការបង្កើនចំណូលគ្រួសារ និងសេដ្ឋកិច្ចមូលដ្ឋាន ព្រមទាំងអាចជាការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ។
អង្គសមាជទាំងមូលជាទីមេត្រី!
ទន្ទឹមនឹងការសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ នៃការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ដូចខ្ញុំបានគោរពរាយការណ៍ជូនខាងលើ, រាជរដ្ឋាភិបាល ក៏កំពុងជួបប្រទះការប្រឈមមួយចំនួន ដែលត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយ ដូចជា៖
(ទី១) កំណើននៃការស្នើសុំចុះឈ្មោះតាមបណ្តាខេត្តខ្លះនៅយឺត ជាមួយនឹងចំនួនដែលគ្រប់លក្ខណសម្បត្តិសម្រាប់ការចុះឈ្មោះមានកម្រិតទាប។ ដើម្បីដោះស្រាយការប្រឈមនេះ រាជរដ្ឋាភិបាល បាននិងកំពុងពង្រឹងកិច្ចសម្របសម្រួលអន្តរស្ថាប័ន, យន្តការគាំទ្រការចុះឈ្មោះ, បង្កើនភាពជាម្ចាស់របស់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលដៅបង្កើនសមត្ថភាពប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងកៀរគរការចូលរួមរបស់សមាគម និងសហគមន៍ ឱ្យកាន់តែទូលំទូលាយ សំដៅពន្លឿនការចុះឈ្មោះ និងធានាថាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចទទួលបានការគាំពារ និងឱកាសផ្សេងៗ ដែលរាជរដ្ឋាភិបាលបាននិងកំពុងរៀបចំជូនជាបន្តបន្ទាប់។
(ទី២) ក្នុងពេលដែលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានតម្រូវការក្នុងការទទួលបាននូវអត្ថប្រយោជន៍ភ្លាមៗ៖ រាជរដ្ឋាភិបាលត្រូវបង្កើនបន្ទុកចំណាយដើម្បីពង្រីកវិសាលភាព ប.ស.ស. ដល់ក្រុមគោលដៅ ជាពិសេសសម្រាប់កម្មករនិយោជិតនៃសហគ្រាសធុនមីក្រូ និងកម្មករនិយោជិតម្តងម្តាល ដែលត្រូវបង់ភាគទានតាមរបបកំណត់។
ជាមួយនឹងលទ្ធផល និងការប្រឈម ដូចបានគោរពរាយការណ៍ជូន អង្គសមាជរដ្ឋសភា ព្រឹទ្ធសភា ខាងលើ រាជរដ្ឋាភិបាលបាននិងកំពុងបន្តជំរុញការអនុវត្ត យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣–២០២៨ តាមរយៈការដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដែលរួមមាន៖
(ទី១) ការពង្រឹងសមត្ថភាពស្ថាប័ន៖ រាជរដ្ឋាភិបាល បាននិងកំពុងបន្តពង្រឹងសមត្ថភាពស្ថាប័ន លើការងារចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថល ដើម្បីបង្កើនចំនួនការស្នើសុំចុះឈ្មោះ និងចំនួនអ្នកមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ការចុះឈ្មោះ តាមរយៈការបន្តបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែ ជិតស្និទ្ធរវាង គ.ស.អ.ស.ក. និងក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងបង្កើនការបណ្តុះបណ្តាលដល់មន្ត្រីតាមគោលដៅនៅរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ ជាពិសេសដល់ក្រុមការងារនៃការិយាល័យច្រកចេញចូលតែមួយ ដើម្បីសម្រួលដល់ការចុះឈ្មោះ និងការគាំទ្រចាំបាច់នានា។
(ទី២) ការពង្រីកការផ្សព្វផ្សាយ និងការយល់ដឹងជាសាធារណៈ៖ រាជរដ្ឋាភិបាល បាននិងកំពុងពង្រីកការផ្សព្វផ្សាយ និងបង្កើនការយល់ដឹងដល់សាធារណជន តាមរយៈ៖
១. ការរៀបចំសារគាំទ្រដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជំរុញឱ្យក្រសួង-ស្ថាប័ន ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិយកចិត្តទុកដាក់ និងផ្តល់អាទិភាពដល់៖ (១) យុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ, (២) ផ្សព្វផ្សាយអំពីកញ្ចប់អត្ថប្រយោជន៍ ដែលក្រសួងស្ថាប័នបានរៀបចំផ្ដល់ជូន និង(៣) ចូលរួមអនុវត្តវិធានការគន្លឹះ និងផែនការសកម្មភាពឱ្យបានម៉ឺងម៉ាត់។
២. ការពិចារណាលើលទ្ធភាពផ្ដល់ឱកាសដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចទទួលបានការបណ្តុះបណ្តាល ស្ថិតក្រោមក្របខ័ណ្ឌសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកំពុងដំណើរការអនុវត្តសម្រាប់យុវជន ១,៥លាននាក់។
៣. ការបង្កើតកម្មវិធី និងបង្កើនសកម្មភាពបណ្ដុះបណ្តាលជំនាញលើផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈក្រសួងស្ថាប័នពាក់ព័ន្ធ។
៤. ជំរុញការផ្សព្វផ្សាយអំពីយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធទំាងនៅថ្នាក់ជាតិ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសការផ្សព្វផ្សាយអំពីថ្នាលឌីជីថលសម្រាប់ចុះឈ្មោះសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីទទួលបានអត្ថប្រយោជន៍ និងការលើកទឹកចិត្តផ្សេងៗពីរាជរដ្ឋាភិបាល។
៥. ការបង្កើនយុទ្ធនាការផ្សព្វផ្សាយដោយលើកយកករណីជោគជ័យ ដូចជា៖ ការទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្ម, សេវាហិរញ្ញវត្ថុផ្លូវការ, ការគាំពារសង្គម, ការថែទាំសុខភាព និងការបណ្តុះបណ្តាលជំនាញ ជាដើម។ យុទ្ធនាការនេះ នឹងរួមបញ្ចូលការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីជំរុញការយល់ដឹង និងការចូលរួមបន្ថែមទៀត។
៦. ការផលិតនិងចែកជូនកញ្ចប់ព័ត៌មាន ដូចជាផូស្ទ័រ និងបដា ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងដល់គ្រូបង្រៀនតាមសាលារៀន និងគ្រឹះស្ថានផ្សេងៗ។
៧. ការសហការជាមួយក្រុមគោលដៅនានា ដូចជាសមាគមសិល្បករខ្មែរ, សមាគមស៊ីក្លូកម្ពុជា, សមាគមសិប្បកម្ម និងសហគមន៍កសិកម្មជាដើម ដើម្បីពង្រីកការចុះឈ្មោះឱ្យបានដល់ក្រុមគោលដៅទាំងនោះ។
(ទី៣) វិធានការបង្កើនការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ៖ រាជរដ្ឋាភិបាល តាមរយៈ គ.ស.អ.ស.ក. បាននិងកំពុងជំរុញការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការពង្រឹងកិច្ចសម្របសម្រួល និងអនុវត្តវិធានការដូចខាងក្រោម៖
១. យុទ្ធនាការផ្សព្វផ្សាយ និងការចុះឈ្មោះតាមរថយន្តចល័ត ដើម្បីសម្រួលដល់ការចុះឈ្មោះនៅតាមតំបន់គោលដៅដូចជាតំបន់ផ្សារ និងតំបន់ជនបទ។
២. រៀបចំបណ្តាញយុវជន និងសកម្មជនចុះឈ្មោះ ដើម្បីកៀរគរការចូលរួមរបស់សហគមន៍ តាមរយៈបណ្តាញយុវជនក្នុងមូលដ្ឋាន ដូចជា៖ … បណ្តាញយុវជននៃ ស.ស.យ.ក. និងសកម្មជនសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា។
៣. យុទ្ធនាការ ១+១ ដោយប្រើប្រាស់រូបមន្ត ១+១ មានន័យថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះឈ្មោះហើយផ្សព្វផ្សាយឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធម្នាក់ទៀតចុះឈ្មោះដែរ។
៤. កម្មវិធីផ្តល់រង្វាន់ ដើម្បីលើកទឹកចិត្តដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះឈ្មោះ និងចូលរួមសហការអភិវឌ្ឍមុខរបររបស់ខ្លួន។
៥. យុទ្ធនាការចុះឈ្មោះតាមរយៈសារ SMS តាមរយៈការផ្ញើសារផ្សព្វផ្សាយ ដោយសហការជាមួយធនាគារជាតិនៃកម្ពុជា និងនិយ័តករទូរគមនាគមន៍កម្ពុជាចំពោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលប្រើ QR Code ជាង ១,៥ លាន សម្រាប់ការទូទាត់ប្រាក់។
សម្តេច, ព្រះអង្គម្ចាស់, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី អង្គពិធីទាំងមូលជាទីមេត្រី!
ឆ្លៀតក្នុងឱកាសដ៏មហោឡារិកនេះ, តាងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណចំពោះអង្គរដ្ឋសភា និងអង្គព្រឹទ្ធសភា ដ៏ឧត្តុង្គឧត្តម ដែលបានយកចិត្តទុក ដាក់ចំពោះ «សេដ្ឋកិច្ចក្រៅប្រព័ន្ធ» និងបានអនុញ្ញាតឱ្យដាក់ជារបៀបវារៈនៃសមាជដ៏វិសេសវិសាលនេះ។ ខ្ញុំសូមផ្តល់មូលវិចារខ្ពស់ចំពោះសហការី គ្រប់ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងក្នុងវិស័យសាធារណៈ និងឯកជន ដែលបានខិតខំប្រឹងប្រែងក្នុងការអនុវត្តយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់។
តាងនាមរាជរដ្ឋាភិបាល, ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់, យើងខ្ញុំនឹងបន្តយកចិត្តទុកដាក់លើការអនុវត្តវិធានការគន្លឹះ និងរៀបចំនូវសកម្មភាពគាំទ្រនានាបន្ថែមទៀត សំដៅធ្វើយ៉ាងណាឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបាននូវការយកចិត្តទុកដាក់, ភាពកក់ក្តៅ និងការជួយគាំពារនិងគាំទ្រជាអតិបរមា។ ខ្ញុំសូមគោរពស្នើសុំ អង្គព្រឹទ្ធសភា និងអង្គរដ្ឋសភា បន្តផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការជំរុញអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យកាន់តែមានសន្ទុះរីកចម្រើនថែមទៀត ក្នុងបេសកកម្មលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសុខុមាលភាពសង្គម ប្រកបដោយសមធម៌ និងបរិយាប័ន្ន។
មុននឹងបញ្ចប់, ខ្ញុំសូមគោរពជម្រាបជូនអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភាថា៖ ថ្ងៃនេះខ្ញុំបានដឹកនាំគណៈប្រតិភូនៃរាជរដ្ឋាភិបាល, ទាំងថ្នាក់ដឹកនាំកម្រិតនយោបាយ និងកម្រិតជំនាញ …។
ជាទីបញ្ចប់, ខ្ញុំសូមគោរពជូនពរ សម្តេច, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី និងអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភាទាំងមូល ទទួលបាននូវព្រះពុទ្ធពរ និងពរទាំង ៥ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។
សូមអរគុណ!