ឯកឧត្តមអគ្គរដ្ឋទូតកម្ពុជា ប្រចាំនៅប្រទេសជប៉ុន
ឯកឧត្តម ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ
អ៊ំពូមី បងប្អូនប្រជាពលរដ្ឋ ក្មួយៗទាំងអស់ ដែលបានចូលរួមយ៉ាងច្រើនកុះករ
(១) ទោះបីរស់នៅទីណាក៏ដោយ ជនកម្ពុជាតែងតែមានស្មារតីរួបរួមគ្នា ស្កាត់ជួបគ្នា
ព្រឹកមិញនេះ មុនចេញមក ឃើញបានសុំពេលបន្តិចថែមកៅអី ព្រោះការអញ្ជើញចូលរួមចង់លើស capacity។ ការរៀបចំនេះបង្ហាញអំពីស្មារតីស្រលាញ់រាប់អានគ្នារបស់បងប្អូននៅជប៉ុន ការស្កាត់ពីឆ្ងាយរកគ្នាមក ដើម្បីជួបជុំគ្នានៅថ្ងៃនេះ។ ចូលមកអម្បាញ់មិញ ក៏បានជួបជុំជាមួយបងប្អូនជាច្រើន សប្បាយរីករាយ ហើយមានក្មួយពីរនាក់ ហុចក្រដាសឱ្យមក។ សុំអានបន្តិច។ ពីក្មួយ វិសិដ្ឋ “ជម្រាបសួរសម្ដេចអ៊ំ ខ្ញុំចង់ជួបសម្ដេចអ៊ំយូរហើយ។ ខ្ញុំចង់ឱ្យសម្ដេចអ៊ំមានអាយុវែង ២០០ឆ្នាំ ដើម្បីបានជួបអ៊ំរហូត។ ខ្ញុំស្រលាញ់សម្ដេចអ៊ំ។ I LOVE YOU!”។ អរគុណណាស់។ មួយទៀត “ក្មួយជម្រាបសួរសម្ដេចអ៊ំ។ I LOVE YOU !។ អរគុណណាស់ក្មួយ I LOVE YOU TOO។ ជួបបងប្អូនច្រើន។ ប្អូនស្រីម្នាក់សួរថា សម្ដេចហត់ឬទេ។ ឃើញមុខស្លេក? បានជួបប៉ុណ្ណេះ ថាមពលពេញប៊ឹបតែម្ដង។រឿងសប្បាយពេលចេញទៅក្រៅប្រទេសគឺការដែលបានជួបជុំបងប្អូនប្រជាពលរដ្ឋខ្មែរជាស្មារតីរួបរួម។
ជាប្រធានគណៈប្រតិភូ រឿងចេញដំណើរចេញទៅក្រៅប្រទេស អត់សូវសប្បាយទេ។ បើជាសមាជិកគណៈប្រតិភូសប្បាយជាង។ តែមិនអីទេ។ (ដែលមិនសប្បាយគឺដោយសារ) ទី១ ចេញទៅណាមិនរួច។ គេការពារ។ តែខ្ញុំទៅណាគេដាក់កំលាំង)ការពារ។ បែកការណ៍អស់។ មានអ្នកដឹង លែងសប្បាយ។ ទី២ យើងត្រូវត្រៀមចរចារពីមួយថ្ងៃទៅមួយថ្ងៃ។ កាលពីថ្ងៃទី២៨ មាន ១០កម្មវិធីជាង, ថ្ងៃទី២៩ ដូច ៩-១០ដែរ។ ម្សិលមិញចរចាពេញមួយថ្ងៃ។ មួយយប់បានសម្រាកជាមធ្យមជាង ៣ម៉ោង ប៉ុន្តែអត់អីទេ។ បានសម្រាកលើយន្តហោះ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងការបំពេញបេសកកម្មនៅខាងក្រៅ បានទទួលការជួបជុំគ្នា និងការស្វាគមន៍របស់បងប្អូនខ្មែរយើងនៅទីនេះ គឺជាថាមពលសំខាន់ បញ្ជាក់អំពីការស្វាគមន៍ចំពោះថ្នាក់ដឹកនាំប្រទេស គណៈប្រតិភូមកពីកម្ពុជា។
យើងរួមគ្នាបង្ហាញ(ទៅ)ជប៉ុន បង្ហាញទៅពិភពលោកថា កម្ពុជាជាប្រទេសតូច (ដែលមាន)ប្រជាជន(ទៅ)រស់នៅច្រើនប្រទេស ប៉ុន្តែយើងនៅទីណា ក៏តែងតែមានស្មារតីនៃការរួបរួមគ្នា ស្កាត់ជួបគ្នា មិនចាំតែពេលបុណ្យទានទេ។ ខ្ញុំសូមអរគុណចំពោះឯកឧត្តម ហេង សួរ, ឯកឧត្តម ទុយ រី ដែលបានសហការរៀបចំ និងក្រុមការងារយុវជន ក៏ដូចជាស្ថានទូត ដែលបានរៀបចំកម្មវិធីនេះឡើង។ សូមអរគុណបងប្អូនដែលបានឆ្លៀតឱកាសធ្វើដំណើរពីឆ្ងាយ មកជួបជុំគ្នានៅថ្ងៃនេះ ហើយក៏ដូចជាព្រះអង្គព្រះតេជព្រះគុណ ដែលបាននិមន្តមកចូលរួម។ខ្ញុំមិនមានអីបន្ថែមទេ មានតែអរគុណ និងក្តីសប្បាយរីករាយ។ សូមអភ័យទោស មានបងប្អូនច្រើនទៀតដែលចង់ចូលប៉ុន្តែដោយសារសាលយើងតូច ក៏ក្រុមការងារថាសូមបិទត្រឹមនេះ។ ឆ្នាំទៅ យើងជួប ២៦០០នាក់ ដោយសារសាលធំជាង។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំគិតថាយើងនឹងមានឱកាសជួបគ្នានៅពេលខាងមុខទៀត។
(២) ថ្លែងប្រាប់វេទិកា Nikkei អំពីគោលនយោបាយនិងការត្រៀមលក្ខណៈ ជំរុញកម្ពុជាទៅមុខក្នុងដំណាក់កាលពិភពលោកប្រែប្រួល
ដំណើរទស្សនកិច្ចមកប្រទេសជប៉ុនលើកនេះ មាន(គោលបំណង)តបតាមការអញ្ជើញរបស់វេទិកា Nikkei មកថ្លែងសុន្ទរកថាបង្ហាញអំពីទស្សនៈនិងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា និងការត្រៀមលក្ខណៈរបស់កម្ពុជា ជំរុញប្រទេសទៅមុខ ក្នុងដំណាក់កាលនៃការវិវត្តពិភពលោកប្រែប្រួល។ បងប្អូនដឹងហើយ អំពីប្រការដែលពិភពលោកប្រែប្រួលក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ ដំបូងឡើយ គឺកូវីដ-១៩។ មិនមានអ្នកណាដឹងទេ។ ផ្ទុះចេញមកវាយពិភពលោកមួយទាំងមូល។ ចប់ពីកូវីដ-១៩ ក៏មានសង្គ្រាម។ ចប់ពីសង្រ្គាម ឥឡូវចេញ(រឿងសង្រ្គាម)ពាណិជ្ជកម្ម ពន្ធដាក់លើពិភពលោកទាំងមូល ដែលសូម្បីតែជប៉ុនក៏ផ្អើលដែរ។ ប៉ុន្តែ ស្ថានភាព(មិនច្បាស់លាស់នេះ)មិនចប់ត្រឹមនេះទេ។ រាប់ពាន់ឆ្នាំមកហើយ មិនមានពេលណាមួយដែលពិភពលោកគ្មានស្ថានភាពលំបាកកើតឡើងនោះទេ។ យើងមើល ឧទាហរណ៍មួយ (គឺ)សង្រ្គាម។
(៣) ប្រឈមការលំបាកដើម្បីរស់ដោយខ្លួនឯង គឺជាវិញ្ញាសាជីវិត
ក្នុងពិភពលោកនេះ មើលទៅទ្វីបណាមួយក៏មានបញ្ហាដែរ (ទាក់ទងនឹង)រឿងពាណិជ្ជកម្ម រឿងសង្គ្រាមរឿងអីនេះ ប៉ុន្តែការលំបាកនេះធ្វើឱ្យប្រទេសនីមួយៗ កាន់តែខ្លាំង។ បើយើងរស់ស្រួល មិនអាចខ្លាំងបានទេ ទាល់តែមានការប្រឈម វិញ្ញាសាលំបាកខ្លះ បានយើងចេះដោះស្រាយ។ ជីវិតរបស់បងប្អូនដូចគ្នា។ បើយើងម្នាក់ៗ ធំប៉ុណ្ណាក៏នៅតែឪពុកម្ដាយរកមកបញ្ចុក យើងមិនអាចធំទេ។ ទាល់តែយើងចេះ(ប្រឈមការលំបាកដើម្បី)រស់(ដោយខ្លួនឯង)។ ដែលបងប្អូនជាច្រើនមករស់នៅនិងធ្វើការនៅជប៉ុននេះ គឺជាការរៀនរស់ខ្លួនឯងហើយ។ តើមានប៉ុន្មាននាក់ដែលមកជប៉ុន (ដែល)ពីមុន មិនដែលពីចេញភូមិសោះ ឬក៏មិនដែលដូរកន្លែងទៅធ្វើការនៅទីក្រុងសោះ (ហើយ)ចេញមកដំបូង ក៏ចេញមករាប់ពាន់គីឡូតែម្ដង? មានប៉ុន្មាននាក់? ច្រើនដែរតើ។ នេះគឺជាវិញ្ញាសាជីវិត។ ប៉ុន្តែការឆ្លងកាត់ដែលយើងអាចធ្វើទៅបាននេះ គឺឱ្យយើងធានានូវភាពម្ចាស់ការ ហើយជឿទុកចិត្តខ្លួនឯង ហើយ(មាន)សមត្ថភាព។
(៤) កម្ពុជាចង់បានទំនាក់ទំនងល្អជាមួយគ្រប់ប្រទេសលើពិភពលោក
រាជរដ្ឋាភិបាលកម្ពុជាក៏ដូចគ្នា។ ពីមុនមក យើងរងសម្ពាធផង ទណ្ឌកម្មសេដ្ឋកិច្ចផង យើងនៅដាច់ពីគេ។ សូម្បីតែប្រជាជនខ្មែរយើងមួយចំនួន ដែលខ្ញុំស្គាល់នៅទីនេះ ចេញមកពីមុនសង្រ្គាម ក៏មិនបានទៅស្រុកដែរ ត្បិតកាលពីទសវត្សឆ្នាំ១៩៨០ ជាងនោះ ទៅមិនដល់។ មិនមែនឡើងយន្តហោះ(ហើយទៅដល់)ដូចរាល់ថ្ងៃនេះទេ។ ខែតុលា Air Cambodia យើងចាប់ផ្ដើមរៀបចំ(ជើង)ហោះហើរមួយត្រង់ពី Tokyo កាត់តាម Fu Zhou។ យើងកំពុងធ្វើការឱ្យ ANA ចាប់ផ្ដើមហោះឡើងវិញនៅពេលខាងមុខ។ ទោះជាមិនមានការហោះត្រង់ក៏ដោយ ក៏យើងអាចឆ្លងកាត់ម៉ោងណាក៏បាន ឱ្យតែមានលុយទិញសំបុត្រយន្តហោះ។ ឯលុយទិញសំបុត្រយន្តហោះនេះ ដោយសារយើងមានការងារ មានលទ្ធភាពរកកម្រៃ យើងអាចសន្សំបាន។ នេះជាសេរីភាពនៅក្នុងការធ្វើការងារ សេរីនៅក្នុងការចាប់យកឱកាសកសាងសមត្ថភាព។ ប្រទេសយើងក៏ដូចគ្នា។ ត្រូវតែធ្វើសមាហរណកម្មក្នុងពិភពលោក។ មិត្តណាក៏យើងធ្វើ(ការជាមួយ)ដែរ។ កន្លងទៅ គេចោទកម្ពុជាថា កម្ពុជានៅចាប់យកតែប្រទេសចិន ទាត់អ្នកផ្សេងចោល ទាត់ជប៉ុន ទាត់អីចោល។ ខ្ញុំថា មិនដូច្នោះទេ។ គេប្រៀបធៀបថា(ការជ្រើសរើសកិច្ចសហប្រតិបត្តិការរបស់កម្ពុជាជាកាជ្រើសរើសរវាង)សាច់គោនិងស្ពៃ។ ខ្ញុំថា មិនថាសាច់និងស្ពៃទេ ឆៃថាវ ការ៉ុត សាច់មាន់ ត្រី បង្គា បង្កង កម្ពុជាយកទាំងអស់។ បានន័យថា យើងធ្វើមិត្តជាមួយគ្រប់បណ្ដាប្រទេសលើពិភពលោក។ មានអ្នកសួរខ្ញុំថា តើយើងមានទំនាក់ទំនងយ៉ាងម៉េចជាមួយនឹងចិន? ចង់ឃើញថា ទំនាក់ទំនងយើងជាមួយចិនយ៉ាងម៉េច ប្រៀបធៀបជាមួយនឹងប្រទេសផ្សេង។ ខ្ញុំប្រាប់ថា “ចង់មានទំនាក់ទំនងជាមួយនឹងចិន ដូចជាទំនាក់ទំនងជាមួយជប៉ុន អាមេរិក ថៃ ម៉ាឡេស៊ី។ គឺកម្ពុជាចង់បានទំនាក់ទំនងល្អជាមួយនឹងប្រទេសទាំងអស់លើពិភពលោក”។
(៥) ដើម្បីជាតិនិងប្រជាជន កម្ពុជាធ្វើមិត្តជាមួយ រស់ជាមួយ និងរីកចម្រើនជាមួយគ្រប់ប្រទេសជាមិត្ត
នេះជាគោលការណ៍។ គ្មានរើសអើងប្រកាន់អ្នកណាទេ។ ដើម្បីផលប្រយោជន៍ជាតិ(និង)ប្រជាជនរបស់យើង។ ខ្ញុំជឿថា នេះពិតជាការចង់បានរបស់ប្រជាជនយើង។ បើសិនជាសួរនៅក្នុងសាលនេះ តើកម្ពុជាគួររើសយកប្រទេសណា ទាត់ចោលប្រទេសណា? ខ្ញុំជឿថា យ៉ាងហោចណាស់ ៩៩% ឆ្លើយថាយកទាំងអស់។ កុំបង្កើតសត្រូវជាមួយនឹងអ្នកណា។ មែនទេ? ប្រហែលជាមានបងប្អូនមួយចំនួនគាត់ព្រួយបារម្ភរឿងនេះរឿងនោះ ប៉ុន្តែជាការចង់បានរបស់ប្រជាជនយើងគឺមានមិត្តប្រសើរជាងមានសត្រូវ។ (ការធ្វើដូចនេះ)គឺជួយយើងឱ្យអាចឆ្លើយតបទៅនឹងស្ថានភាពប្រែប្រួលក្នុងពិភពលោក។ ដូចកាលកូវីដ-១៩ អញ្ចឹង។ (ក្នុងការឆ្លងរីករាលដាលនោះ) បើគ្មានមិត្ត តើមានអ្នកណាជួយយើង។ បើយើងមិនមានមិត្តភាពជាមួយជប៉ុន តើយើងអាចបញ្ជូនបងប្អូនមករៀន និងមកធ្វើការនៅទីនេះបានឬទេ? បើយើងមិនមានទំនាក់ទំនងការទូតដូចឆ្នាំ១៩៨០ ស្មានតែអ្នកនៅជប៉ុនទៅលេងស្រុកខ្មែរបានឬ? វាជាការពិបាក។ បើយើងអត់មាន VISA គេអត់ទទួលស្គាល់ Passport យើងៗ អត់ទទួលស្គាល់ Passport របស់គេ តើធ្វើយ៉ាងម៉េច? យកល្អ គឺ “ដើម្បីជាតិនិងប្រជាជនយើង កម្ពុជាត្រូវធ្វើមិត្តជាមួយគ្រប់ប្រទេស ដើម្បីទាញផលប្រយោជន៍មកឱ្យប្រទេសជាតិនិងប្រជាជន មិនថានៅក្នុងឬនៅក្រៅ ហើយយើងរស់ជាមួយគ្នា រីកចម្រើនជាមួយមិត្តទាំងអស់”។ នេះជាផ្នែកមួយនៃទស្សនកិច្ចរបស់ខ្ញុំមកប្រទេសជប៉ុន។
(៦) រៀបចំក្របខ័ណ្ឌទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគជាមួយជប៉ុន ព្រមទាំងការបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា
នេះជាទស្សនកិច្ចផ្លូវការ។ កាលពីឆ្នាំ២០២៣ ខ្ញុំមកក្នុងនាមជាសមាជិកអាស៊ាន។ ពេលនោះ យើងមកក្នុងកម្មវិធីអាស៊ានជប៉ុន (ខួប)៥០ឆ្នាំ។ ក្នុងនោះ មិនទាន់ជាផ្លូវការទ្វេភាគីទេ។ អត់មានត្រួតពលអីទេ។ តែទស្សនកិច្ចផ្លូវការ ទ្វេភាគី គឺត្រួតពល និងនិយាយអំពីកិច្ចការរវាងយើងទាំងពីរ។ អញ្ចឹង ក្នុងជំនួបម្សិលមិញជាមួយ (នាយករដ្ឋមន្ត្រីជប៉ុន) ឯកឧត្តម ISHIBA Shigeru យើងបានដាក់ចេញនូវគោលការណ៍សហការគ្នាច្រើនលើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ចសង្គម។ ការរៀបចំក្របខ័ណ្ឌបរិស្ថានបង្កើនទំនាក់ទំនងសេដ្ឋកិច្ច វិនិយោគរបស់ជប៉ុន ការបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា ជាមួយជប៉ុន ដើម្បីផ្ដល់ផលប្រយោជន៍ឱ្យបងប្អូនខ្មែរនិងសេដ្ឋកិច្ចជប៉ុនប្រទាក់ក្រឡាគ្នា ព្រមទាំងវិនិយោគិនជប៉ុនមក(បណ្តាក់ទុនរកស៊ីនៅកម្ពុជា) … ខ្ញុំបានចូលរួមកម្មវិធីផ្លូវការម្សិលមិញមួយថ្ងៃ។ ព្រឹកជាមួយកម្មវិធី Nikkei និងល្ងាច(ជួប)ជាមួយថ្នាក់ដឹកនាំជប៉ុន។ ហេតុអ្វីបានជាខ្ញុំត្រូវសម្រេចចិត្តចេញពីម៉ាឡេស៊ីថ្ងៃទី២៧ ឧសភា មកទីនេះ? មិនមែនដាក់ពីរថ្ងៃមុន ដើម្បីមកលេង Mount Fuji ទេ។
(៧) ទោះបីជាហត់ក៏សប្បាយចិត្ត បើបានប្រើពេលវេលាគ្រប់នាទីដើម្បីបុព្វហេតុជាតិមាតុភូមិ
មកដល់(ជប៉ុននេះ) មួយថ្ងៃៗ មានប្រមាណ ១០កម្មវិធីជាមួយវិស័យឯកជនជប៉ុន ជាមួយអង្គការជប៉ុននានា ជាមួយសភាជប៉ុន និងជាមួយមិត្តភក្តិជប៉ុន។ ដើម្បីអ្វី? ដើម្បីបង្កើនទំនាក់ទំនងគ្រប់វិស័យ ជាពិសេសទាក់ទាញការវិនិយោគជប៉ុន ឱ្យកាន់តែច្រើនទៅកាន់កម្ពុជា។ នេះជាគោលដៅបង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជានិងជប៉ុនជាមួយគ្នា។ ទស្សនកិច្ចនីមួយៗ ដែលគួរឱ្យសប្បាយចិត្តសម្រាប់មេដឹកនាំ គឺពេលដែលយើងឡើងយន្តហោះ ទោះបីជាហត់ក៏ដោយ ក៏មានអារម្មណ៍ថាបានប្រើពេលវេលាគ្រប់នាទីដើម្បីបុព្វហេតុជាតិមាតុភូមិ។ បើសិនជានៅពេលឡើងយន្តហោះ យើងដឹងខ្លួនថាមកបីថ្ងៃ ប្រជុំ/ធ្វើការងារបានតែមួយឬពីរ ក្រៅពីហ្នឹងដេកអេះពោះ ឬដើរ Shopping នោះ មិនជាការសប្បាយចិត្តទេ ព្រោះម៉ោងពេលរបស់យើង ជីវិតរបស់យើងជារបស់ប្រជាជន និង(ជាកម្មសិទ្ធ)សាធារណៈ។ ប្រជាជនបោះឆ្នោតឱ្យ ថ្នាក់ដឹកនាំគណបក្សចាត់តាំង ប្រគល់ភារកិច្ច គាំទ្របេក្ខភាពឱ្យដឹកនាំ គឺដើម្បីបម្រើជាតិនិងប្រជាជន។ គ្រប់ពេលវេលាទាំងអស់ គឺត្រូវបម្រើ(ជាតិមាតុភូមិ)។
(៨) បើត្រៀមផ្ទុះសង្គ្រាមទូទាំងព្រំដែន ត្រូវតែមានការសម្រេចពីរាជរដ្ឋាភិបាល
ល្ងាចមិញ ខ្ញុំជួបជាមួយនឹងឯកឧត្តម ISHIBA Shigeru បាយល្ងាច។ យើងនិយាយគ្នា។ ខ្ញុំថា សូមអញ្ជើញឯកឧត្តមទៅស្រុកខ្មែរ។ គាត់ថា បើទៅទាល់តែគាត់ដកទូរស័ព្ទចេញ។ បើអត់ដកទូរស័ព្ទ គាត់រវល់ដូចគ្នា។ ខ្ញុំថា បើសិនជាឯកឧត្តមបិទទូរស័ព្ទមួយម៉ោង ប្រហែលជាមន្រ្តីឯកឧត្តមជ្រួលច្របល់។ នេះគឺជាការពិត ព្រោះការសម្រេចចិត្ត(ជាកាតព្វកិច្ចមេដឹកនាំ)។ ពិតណាស់ មានឋានានុក្រម ការងារមួយចំនួន គឺថ្នាក់ក្រោមធ្វើ ប៉ុន្តែការសម្រេចចិត្តខ្លះ ត្រូវតែប្រមុខរាជរដ្ឋាភិបាល។ បន្តិចទៀត ខ្ញុំនិយាយរឿងប៉ះគ្នា(រវាងកងទ័ពថៃនិងកម្ពុជា)នៅថ្ងៃទី២៨ ឧសភា។ ហេតុអ្វីបានជានាយករដ្ឋមន្រ្តីនៅទីនេះ ហើយត្រូវដឹកនាំ បញ្ជាចង្អុលបង្ហាញមួយចំនួនលើការចល័តទ័ពអីផ្សេងៗ ?
កិច្ចការខ្លះ មេទ័ពជួរមុខ (មាន)កម្រិត មិនអាចធ្វើបានទេ ព្រោះវាពាក់ព័ន្ធ។ បើសិនជាសម្រេចចិត្តខុស វាអាចធ្វើឱ្យផ្ទុះសង្រ្គាម។ សម្រេចចិត្តខុស វាអាចធ្វើឱ្យខូចទំនាក់ទំនងសេដ្ឋកិច្ច។ ប្រជាពលរដ្ឋរាប់សែននាក់(ជួបការលំបាកពេល)ត្រូវបិទច្រក(ព្រំដែន)រវាងប្រទេសទាំងពីរ។ អញ្ចឹងមេទ័ពមិនអាចសម្រេចបានទេ។ មេទ័ពអាចរៀបចំយុទ្ធវិធី យុទ្ធនាការមួយចំនួន ប៉ុន្តែដល់កម្រិតយុទ្ធសាស្រ្តហើយ ត្រូវ(រាជរដ្ឋាភិបាលធ្វើការសម្រេចចិត្ត)។ បើសង្រ្គាមផ្ទុះមួយមុខព្រួញនៅកន្លែងមួយ អាចមេទ័ពនៅនឹងកន្លែងដោះស្រាយ តែបើថាត្រៀមផ្ទុះទូទាំងសមរភូមិតាមព្រំដែនហើយ ត្រូវតែមានការសម្រេចពីរាជរដ្ឋាភិបាល …។
ក្នុងវិស័យសេដ្ឋកិច្ចក៏ដូចគ្នា។ បើសិនជាការសម្រេចនៅក្នុងកម្រិតតូចណាមួយ គឺមានឋានានុក្រមក្រសួងខេត្តអី(សម្រេចចិត្តផ្ទាល់) តែបើកម្រិតធំ ត្រូវ(ទុកឱ្យរាជរដ្ឋាភិបាលសម្រេច)។ សូម្បីតែការវិនិយោគនេះ ក៏ជាគោលនយោបាយរបស់យើងដែរ។ តើឱ្យវិនិយោគលើអី្វ? វិនិយោគកន្លែងណា? វិនិយោគ(មកពី)ប្រទេសណា? ព្រោះការវិនិយោគមិនមែនត្រូវជាមួយគោលនយោបាយយើងទាំងអស់នោះទេ។ ឧទាហរណ៍ ថ្ងៃមុនសុំមកវិនិយោគដាំកញ្ឆា។ គោលនយោបាយ(របស់រាជរដ្ឋាភិបាល)ដាច់ខាតមិនឱ្យធ្វើ។ ក្រោយមក មានការសុំវិនិយោគធ្វើបារីអេឡិចត្រូនិក។ យើងមិនឱ្យធ្វើ។ តើអ្នកណាមានសិទ្ធិសម្រេច? មានតែប្រមុខរាជរដ្ឋាភិបាល។ អញ្ចឹង គ្រប់វិស័យទាំងអស់ ទាំងសេដ្ឋកិច្ច ទាំងការងារមួយចំនួន ត្រូវ(ការសម្រេចពីប្រមុខរាជរដ្ឋាភិបាល)។ ការងារខ្លះ អាចចាំពេលវេលា ប៉ុន្តែការងារខ្លះមិនអាចចាំទេ។ ហ៊ានតែយឺតមួយនាទី ឬមួយម៉ោង អាចរាលដាលធំភ្លាម។
(៩) ទំនាក់ទំនងការទូតកម្ពុជាជប៉ុន ឈានដល់កំរិតជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ
ត្រឡប់មកវិញ ការជួបជុំគ្នា ការជជែកគ្នាជាមួយឯកឧត្តម ISHIBA Shigeru គឺមានលទ្ធផល ផ្លែផ្កាច្រើន ហើយជាពិសេស ទំនាក់ទំនង ៧២ ឆ្នាំរបស់យើងជាមួយនឹងជប៉ុន។ (កម្ពុជានិងជប៉ុនមានទំនាក់ទំនង)ការទូត ៧២ឆ្នាំហើយៗ ជប៉ុនបានដើរតួនាទីសំខាន់ជាមិត្តល្អរបស់កម្ពុជាក្នុងការជួយចរចាសន្តិភាព។ ខ្ញុំបានប្រាប់គាត់ថា ពេលមកម្ដងណា ក៏យើងស្នាក់នៅ New Otani Hotel ដោយសារមានប្រវត្តិ។ តាំងពីមុនប្រទេសយើងមានទំនាក់ទំនងការទូតផ្លូវការជាមួយជប៉ុន សម្ដេចតេជោធ្លាប់មកសំរាកនៅទីនេះ … ហើយក៏មានកិច្ចចរចាព្រមព្រៀងមួយចំនួនស៊ីញេនៅទីនោះ។ អញ្ចឹង ថ្ងៃក្រោយបើថ្នាក់ដឹកនាំកម្ពុជាមក ចង់រកទៅរកនៅ(សណ្ឋាគារ New Otani)ហ្នឹង(ក៏ឃើញហើយ)។ មិនទៅណាទេ ហើយក៏គ្មានលាក់លាមអីដែរ។ អ្នកណាចង់ទៅស្រែកអី ទៅស្រែកទៅ។ ម្សិលមិញ ខ្ញុំអត់ដឹង។ ពេលទៅជួបនាយករដ្ឋមន្រ្តីជប៉ុន(ហើយ) ជិះឡានមករវល់មើលឯកសារ ក៏មិន(បានមើល)ក៏មិនដឹង។ ស្រាប់តែគេមកប្រាប់ថា មាន ២០-៣០ នាក់ ទៅលើកបដាជេរ។ ខ្ញុំក៏មិនបានឃើញដែរ។ សុំទោសក្រែងស្រែកចង់ឱ្យខ្ញុំឃើញ។ ខ្ញុំអត់បានឃើញទេ។
ការងារធំរបស់ខ្ញុំ (គឺជួប)ទ្វេភាគី ដើម្បីចរចាទាញទំនាក់ទនងកម្ពុជាជប៉ុនឱ្យខ្ពស់ ព្រោះយើងទើបតែបានដំឡើងកម្រិតការទូតកាលពីឆ្នាំ២០២៣។ យើងភ្ជាប់ទំនាក់ទំនងការទូតកាលពី ៧២ឆ្នាំមុន។ ការទូតក៏មានកម្រិតដែរ។ បានន័យថា កម្រិតធម្មតា កម្រិតយុទ្ធសាស្រ្ត កម្រិតយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកម្រិតផ្សេងៗ។ ក្នុងមួយកម្រិតៗ សុទ្ធតែមានវិសាលភាពនៃទំនាក់ទំនង។ អញ្ចឹងឆ្នាំ២០២៣ សម្ដេចតេជោ និងអតីតនាយករដ្ឋមន្រ្តីជប៉ុន ក៏បានជជែក ឯកភាពគ្នា ដំឡើងទំនាក់ទំនងការទូតកម្ពុជាជប៉ុនដល់កម្រិតជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ នេះជាកម្រិតខ្ពស់បំផុតរវាងកម្ពុជា–ជប៉ុនក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងប្រទេសទាំងពីរ។ នេះគឺជាមោទនភាពជាពិសេសអ្នកនៅជប៉ុន ដែលថាទំនាក់ទំនងនៃប្រទេសយើងទាំងពីរបានឈានដល់កម្រិតខ្ពស់បំផុត។ យើងនៅជប៉ុន យើងទៅជួបជាមួយមិត្តជប៉ុនផ្សេងៗ គេសួរថាម៉េចទៅទំនាក់ទំនងរវាងរដ្ឋាភិបាលយើងទាំងពីរ? ដូចជាមិនល្អ យើងក៏រអៀសខ្លួន។ បើថាទើបនឹងដំឡើងទៅពេញកម្រិត ហ្នឹងគឺអ្នកឯងទៅវិនិយោគអីទៅ។
(១០) ទំនាក់ទំនងការទូតល្អ វិនិយោគិនកក់ក្ដៅ អាចវិនិយោគរយៈពេលវែង
សារ(ថាទំនាក់ទំនងនៃប្រទេសយើងទាំងពីរបានឈានដល់កម្រិតខ្ពស់បំផុត)នេះ ក៏ជួយលើកទឹកចិត្តឲ្យវិនិយោគិន ឬពាណិជ្ជកម្មកម្ពុជា-ជប៉ុន មានការទុកចិត្តគ្នា។ បើទំនាក់ទំនងការទូតមិនល្អ ក៏មិនសូវមាននរណាចង់ធ្វើការ(រកស៊ី)ដែរព្រោះធ្វើមិនស្រួលៗ បិទនិងរើរោងចក្រ។ តែបើទំនាក់ទំនងការទូតល្អ មានការកក់ក្ដៅ អាចវិនិយោគរយៈពេលវែង។ កន្លងទៅ ក្រុមហ៊ុន Toyota ទើបនឹងបើក, ក្រុមហ៊ុនមីនេបៀ គ្រោងពង្រីកទីតាំងថ្មីរបស់គាត់នៅខេត្តពោធិ៍សាត់ និងចុងឆ្នាំនេះគ្រោងហៅខ្ញុំទៅសម្ពោធ, ក្រុម Aeon Mall ក៏ខ្ញុំទៅសម្ពោធដែរ។ មានក្រុមហ៊ុនជប៉ុនជាង ៤០០នៅទីនោះ។ ម្សិលម្ង៉ៃ យើងធ្វើវេទិកាវិនិយោគ មានជាង ២០០ក្រុមហ៊ុនទៀតបានមកជួប សហការជាមួយយើង។ សង្ឃឹមថាបាន(ឈានដល់ការសំរេចចុងក្រោយ)។ ទំនាក់ទំនងកាន់តែទៅមុខទៀត។ នេះដែលយើងថាមិនរើសសាច់គោ ឬស្ពៃនោះទេ។ យើងយកទាំងអស់ដើម្បីខ្លួនយើងមានសុខភាពល្អ និងកម្លាំងមាំមួន។ សុខភាពនោះគឺសេដ្ឋកិច្ចនិងជីវភាពប្រជាពលរដ្ឋរបស់យើងនេះឯង។ នេះជាគោលដៅធំ។ ខ្ញុំសូមទោសដែលម្សិលមិញ មិនបានមើលអ្នកលើបដា ព្រោះរវល់តែគិតថាចរចាទ្វេភាគីយ៉ាងម៉េច ទាញយកផលឲ្យបានច្រើនដល់ប្រទេសជាតិរបស់យើង។
(១១) គណបក្សប្រជាជននិងរាជរដ្ឋាភិបាល ក៏មានអ្នកគាំទ្រ អ្នកនយោបាយពីគណបក្សប្រឆាំង ក៏មិនមែនមានអ្នកស្រឡាញ់ទាំងអស់
បងប្អូនដែលស្រែក ក៏ស្រែកទៅចុះ។ គេថា ហ៊ុន ម៉ាណែត ទៅណាក៏មានអ្នកបាតុកម្ម គួរឲ្យអាម៉ាស។ ខ្ញុំឯកភាពថា ខ្ញុំមិនមានអ្នកស្រឡាញ់ទាំងអស់នោះទេ ប៉ុន្តែខ្ញុំក៏មិនមានអ្នកស្អប់ទាំងអស់ដែរ។ គ្មាននរណាម្នាក់(ដែលមានអ្នកស្រឡាញ់គ្រប់គ្នានោះទេ) សូម្បីតែព្រះពុទ្ធក៏មានមារតាមផ្ចាញ់ដែរ។ បានន័យថា ទោះបីរាប់ពាន់ឆ្នាំមុន អ្នកមិនធ្វើអីគេក៏ដោយ ក៏នៅតែមានអ្នកដែលពេញចិត្ត។ ជាសិទ្ធិរបស់គេ។ តែអ្វីដែលសំខាន់ ការជ្រើសរើសធ្វើបាតុកម្ម ធ្វើការបញ្ចេញមតិជាសិទ្ធិរបស់អ្នក។ គណបក្សប្រជាជន និងរាជរដ្ឋាភិបាល ក៏មានអ្នកគាំទ្រដែរ។ បងប្អូនអ្នកនយោបាយមកពីគណបក្សប្រឆាំង មិនមែនសុទ្ធតែគេស្រឡាញ់ទាំងអស់ដែរទេ។ គ្មាននរណាចាំបាច់ទៅធ្វើបាតុកម្មអីទេ បើគាត់មកក៏មកទៅ ជាសិទ្ធិសេរីភាព។ ខ្ញុំក៏ដូចគ្នា បើបងប្អូនធ្វើអីធ្វើចុះ គោរពច្បាប់ជប៉ុនទៅ។ បងប្អូនដែលចូលរួមនៅទីនេះ ឥឡូវមាន ១៦០០នាក់ជាង។ ឃើញគេធ្វើយុទ្ធនាការដដែលៗ គឺថា ១ពាន់នាក់មកនេះ សុទ្ធតែ ហ៊ុន ម៉ាណែត ដឹកលុយមួយយន្តហោះមក ជួលឲ្យមកជួប។
(១២) កម្មសិក្សាការី/និស្សិតនៅជប៉ុន មានស្មារតីស្នេហាជាតិ ពង្រឹងសមត្ថភាពជីវភាព ដើរតួជាទូតនៃកម្ពុជា
(តែងមាន)ការប្រៀបធៀប ការវាយតម្លៃថា “ទាល់តែទៅជាមួយគេទើបស្នេហាជាតិ ការមិនឯកភាពជាមួយគេ ជាជនអាក្រក់”។ ខ្ញុំថា វប្បធម៌នេះគួរតែត្រូវលុបចោលទៅ។ យើងជាខ្មែរដូចគ្នាទេ។ យើងមានទស្សនៈខុសគ្នា តែយើងជាខ្មែរដូចគ្នា។ មិនចាំបាច់លាបពណ៌គ្នាថាយួន ឬស្អីៗនោះទេ។ ទាល់តែគេធ្វើតាមយើង ទាល់តែប្ដឹងរឿងទឹកដី (ជាឧទាហរណ៍) បានស្នេហាជាតិ។ បើអ្នកឯងមិនប្ដឹង អ្នកឯងក្បត់ជាតិ។ វិធីសាស្រ្តក្នុងការដោះស្រាយខុសគ្នា។ ការលើកយោបល់អីតែងតែមាន។ នៅជប៉ុននេះក៏មានដែរ។ គណបក្សមួយ មុននឹងមក(ដឹកនាំរដ្ឋាភិបាល)មានអ្នកនយោបាយមួយទាមទាររដ្ឋាភិបាលធ្វើអញ្ចេះ/អញ្ចុះ។ តែ រដ្ឋាភិបាល(សំរេចធ្វើយ៉ាងណាជា)រឿងរបស់គេៗ មានវិធីចរចា។ អ្នកឯងថាអីថាទៅ។ ប៉ុន្តែ អ្នកនយោបាយមួយនោះ ទោះបីជាប្រធានសភា ប្រធានព្រឹទ្ធសភាជប៉ុន មិនលើកតាម ក៏គេមិនបានមកចោទប្រធានសភា ប្រធានព្រឹទ្ធសភា ថាក្បត់ជាតិដែរនោះទេ។ ប្រជាជនខ្មែរនៅជប៉ុន បងប្អូនរស់នៅទីនេះស្រាប់ បងប្អូនដឹងហើយ គ្មានគណបក្សណាមួយដែលគ្មានគណបក្សប្រឆាំងនោះទេ ហើយក៏គ្មានអ្នកនយោបាយណាដែលមានឬគ្មានការគាំទ្រ១០០% នោះដែរ។
គ្មានរដ្ឋាភិបាលណាមួយដែលមានអ្នកឯកភាពជាមួយគោលនយោបាយទាំងអស់នោះទេ។ ខ្ញុំមិនដឹងថានៅជប៉ុនដូចនៅកម្ពុជាឬទេ ដែលមួយថ្ងៃៗ មានតួអង្គ Facebook, TikTok របស់ជប៉ុនចេញសារជេររដ្ឋាភិបាលជប៉ុនរាល់ថ្ងៃ? [អ្នកចូលរួមឆ្លើយថា អត់]។ គេមានការបញ្ចេញមតិ តែគេរវល់ក្នុងការងារ ការបង្កើតនូវការងារវិជ្ជមាន រឿងគោលនយោបាយ។ សិទ្ធិរបស់បងប្អូនធ្វើចុះ ខ្ញុំមិនថាទេ តែអ្វីដែលសំខាន់គឺយើងថ្ងៃនេះត្រូវគោរពគ្នា។ បងប្អូនប្រមូលគ្នាមកបាតុកម្ម បញ្ចេញមតិ ក៏ធ្វើទៅចុះ អត់មាននរណាទៅជេរប្រទេច ឬដៀមដាមឲ្យបងប្អូនទេ។ តែសូមឲ្យគោរពសិទ្ធិបងប្អូនប្រជាពលរដ្ឋខ្មែរប្រមាណជាង ១ពាន់៦រយនាក់នេះ ដែលស្កាត់ពីឆ្ងាយមកជួបជុំគ្នាស្ដាប់ប្រមុខរាជរដ្ឋាភិបាល ដើម្បីដឹងពីស្ថានភាពរបស់ប្រទេស បង្ហាញអំពីសាមគ្គីភាពជាតិ។ សូមកុំប្រមាថថាគាត់ជាមនុស្សលក់ក្បាល សូមគោរពបងប្អូនយើងទាំងនេះផង។ យើងជាខ្មែរដូចគ្នា។ សូមអរគុណចំពោះទឹកចិត្តបងប្អូន ដែលរស់នៅ ទាំងកម្មសិក្សាការី ទាំងនិស្សិត ដែលម្នាក់ៗសុទ្ធតែមានស្មារតីស្នេហាជាតិ។ យើងស្រឡាញ់ជាតិ បានជាយើងមកខំប្រឹងពង្រឹងខ្លួនឯង ពង្រឹងសមត្ថភាព និងជីវភាពរបស់យើង។ យើងមកដើរតួជាទូតរបស់កម្ពុជា។
(១៣) វិស័យឯកជនជប៉ុនថាប្រជាជនខ្មែរខិតខំប្រឹងប្រែង និងមានចរិតស្លូតបូត
ខ្ញុំជួបជាមួយប្រធានសភាម្សិលមិញ គាត់ថានៅមណ្ឌលបោះឆ្នោតរបស់គាត់ មានប្រជាជនខ្មែរ ៧រយនាក់ជាង។ តាមគាត់សាកសួរ វិស័យឯកជនដែលមានខ្មែរធ្វើការ គេសរសើរប្រជាជនខ្មែរយើងខិតខំប្រឹងប្រែង និងមានចរិតស្លូតបូត។ ខ្ញុំសូមអរគុណដល់បងប្អូនយើង ដែលបានធ្វើជាតំណាង ជាទូតល្អរបស់កម្ពុជា។ ប្រជាពលរដ្ឋ និស្សិតដែលរស់នៅនិងមកទីនេះក៏ដូចគ្នា។ នេះហើយជាអ្វីដែលប្រជាជនខ្មែរស្នេហាជាតិ គឺតំណាងជាតិបានល្អ មិនចាំបាច់ទាល់តែស្រែកជេរគ្នា បានហៅថាស្នេហាជាតិទេ។ ខំប្រឹងពង្រឹងខ្លួនយើង ជាតិយើង សមត្ថភាពរបស់យើង បង្ហាញពីអត្តសញ្ញាណ ភាពរឹងមាំ និងទន់ភ្លន់ និងការខិតខំរបស់យើង។ នេះហើយស្នេហាជាតិ បង្ហាញដល់ពិភពលោក ដល់ជប៉ុន ព្រោះនៅទីនេះក៏មិនមែនមានតែជប៉ុននិងកម្ពុជាទេ មានប្រទេសច្រើនណាស់ដែលមកធ្វើការពលករមកពីប្រទេសផ្សេងច្រើនណាស់។ យើងបង្ហាញឲ្យគេស្រឡាញ់ខ្មែរ តាមរយៈបងប្អូនរបស់យើងដែលគេស្គាល់នេះឯង។ នេះជាការផ្សព្វផ្សាយសំខាន់សម្រាប់ប្រទេសជាតិរបស់យើង ដែលខ្ញុំសូមអរគុណ។
(១៤) សំណូមពរដល់ប្រមុខនីតិបញ្ញត្តិជប៉ុន ទាក់ទាញវិនិយោគិនទៅធ្វើធុរកិច្ចនៅកម្ពុជា
ម្សិលមិញ ក្រៅពីជួបប្រជុំនឹងឯកឧត្ដម ISHIBA Shigeru (នាយករដ្ឋមន្រ្តីជប៉ុន) ខ្ញុំក៏បានជួបជាមួយប្រធានព្រឹទ្ធសភា ឯកឧត្ដម SEKIGUCHI Masakaz និងប្រធានរដ្ឋសភាជប៉ុន ឬសភាជាន់ទាប ឯកឧត្ដម NUKAGA Fukushiro នៅទីនេះផងដែរ។ ទាំងពីរនាក់ជជែកគ្នាច្រើនជាមួយខ្ញុំ។ ទោះបីគាត់នៅស្ថាប័ននីតិបញ្ញត្តិ ឯខ្ញុំនៅស្ថាប័ននីតិប្រតិបត្តិ។ ប្រធានបទដែលគាត់លើកឡើងច្រើនជាងគេ គឺឲ្យជួយទាក់ទាញវិនិយោគិនជប៉ុនឲ្យទៅវិនិយោគនៅកម្ពុជា ហើយទាញពាណិជ្ជកម្មកម្ពុជានិងជប៉ុន(អោយធ្វើការជាមួយគ្នា)។ សួរថា សភាសោះ ហេតុអីគេនិយាយរឿងពាណិជ្ជកម្ម។ ក្រែងជាភារកិច្ចរបស់រដ្ឋ? ខ្ញុំធ្លាប់លើកពេលចែកសញ្ញាបត្រម្ដងនោះថា កាតព្វកិច្ចនិងសិទ្ធិនៅក្នុងការទាក់ទាញវិនិយោគមកកាន់កម្ពុជា មិនមែនជាកិច្ចការរបស់រាជរដ្ឋាភិបាលផ្ដាច់មុខនោះទេ គឺគ្រប់គ្នារួមទាំងសមាជិកសភានីមួយៗផង។ ស្រាប់តែមានអ្នកចេញមកឌឺខ្ញុំថា ធ្វើដល់នាយករដ្ឋមន្រ្តីអត់ដឹងស្អីជាភារកិច្ចរបស់សភា។ ខ្ញុំដឹងភារកិច្ចរបស់ស្ថាប័នសភា ប៉ុន្តែខ្ញុំនិយាយអំពីភារកិច្ចនិងសិទ្ធិរបស់សមាជិកសភា។
សភាមានភារកិច្ចបង្កើតច្បាប់ អនុម័តថវិកា តាមដានការងាររបស់រដ្ឋាភិបាល។ នេះជាតួនាទីស្នូលរបស់ស្ថាប័ន។ សមាជិកសភាម្នាក់ ពាក់មួកពីរ។ អញ្ចឹងបានសភាមានវ៉ាកង និងចូលកង។ ចូលកងនេះ គឺនៅពេលដែលសមាជិកសភាមកធ្វើការក្នុងសភា ឆ្លងនិងអនុម័តច្បាប់ផ្សេងៗ។ ដល់ពេលវ៉ាកង គឺពេលដែលអ្នកឯងត្រូវដើរតួជាតំណាងរាស្រ្ត ទៅមណ្ឌលបោះឆ្នោតរបស់អ្នកឯង ទៅធ្វើការបម្រើប្រជាពលរដ្ឋ។ ដល់ពេលដែលខ្ញុំនិយាយទៅ ថាកាលពីអស់លោក លោកស្រីមួយចំនួនដែលស្រែករឿងការងារពេលខ្លួននៅជាសមាជិកសភា អត់គិតជួយ ស្រាប់តែចេញមកថា នាយករដ្ឋមន្រ្តីមិនដឹងថាអ្វីទៅជាភារកិច្ចសមាជិកសភា។ ខ្ញុំថា ខ្ញុំក៏ជាសមាជិកសភាដែរ។ ជានាយករដ្ឋមន្រ្តី ខ្ញុំមិនមែននិយាយអត់មូលដ្ឋាននោះទេ។ សភា ពេលវ៉ាកង ធ្វើការងារហ្នឹងស្នូល ចុះត្រួតពិនិត្យការងារ តាមដានរដ្ឋ អនុម័តច្បាប់ ស្នើច្បាប់ស្អីៗ អូខេ។ តែពេលជាមួយគ្នា ម្នាក់ៗ គេហៅថា តំណាងរាស្រ្ត។ បានន័យថា តំណាងប្រយោជន៍របស់រាស្រ្ត ជាពិសេស សមាជិកសភាដែលចេញពីមណ្ឌលណាគឺត្រូវស្ដាប់និងរកផលប្រយោជន៍ឲ្យប្រជាជនក្នុងមណ្ឌលនោះ រួមទាំងការវិនិយោគ។
(១៥) ម្នាក់ៗជាទូតរបស់កម្ពុជា ជាតំណាងប្រទេសជាតិ
សភាអាមេរិក សភាជប៉ុន ពេលទៅប្រទេសដែលគេវិនិយោគ គេប្រាកដជាទៅទាក់ទាញវិនិយោគពីក្រៅប្រទេស មកវិនិយោគនៅក្នុងមណ្ឌលរបស់គេ ដើម្បីបង្កើតការងារឲ្យប្រជាជនជប៉ុន(ឬអាមេរិក) ក្នុ្ងងមណ្ឌលរបស់គេ។ ចំពោះសមាជិកសភាដែលមានវិនិយោគិនក្នុងមណ្ឌលគាត់ ចង់វិនិយោគនៅក្រៅ ពេលដែលសមាជិកសភានោះទៅក្រៅ គេប្រាកដជាទៅទាក់ទាញដើម្បីបើកច្រក។ នេះហើយគេហៅថា កាតព្វកិច្ចរួមគ្នា មិនថាសមាជិកសភា ឬរាជរដ្ឋាភិបាល សូម្បីតែវិស័យឯកជន និងបងប្អូននៅទីនេះ ក៏មានសិទ្ធិក្នុងការទាក់ទាញគេឲ្យទៅកម្ពុជាដែរ ទាំងទេសចរទាំងវិនិយោគ។ បងប្អូនម្នាក់ៗជាទូតរបស់កម្ពុជា។ មិនមែនតែឯកឧត្ដម ទុយ រី ម្នាក់នោះទេ។ យើងទាំងអស់គ្នាជាតំណាងប្រទេស/ជាតិ។ ថ្ងៃនេះ ឃើញឯកឧត្ដម ហេង សួរ យកអាវមកចែកជូន។ អាវនេះមានរូបប្រាសាទតាព្រហ្ម ហើយដាក់អក្សរជប៉ុនថា «ស្វាគមន៍ទៅកាន់កម្ពុជា»។ បងប្អូនពាក់ ឲ្យកូនៗពាក់ ដើរពេញប្រទេសជប៉ុន។ គេឃើញ គេសួរ គេចាប់អារម្មណ៍ គេចង់ទៅលេងកម្ពុជា។ នេះគឺជាការផ្សព្វផ្សាយកម្ពុជា និងទាក់ទាញមិត្តបន្ថែមទៀត។
ខ្ញុំហួសចិត្ត។ ខ្ជិលឆ្លើយឆ្លង។ យើងប្រាប់ថា ការទាក់ទាញវិនិយោគមកស្រុកខ្មែរ បង្កើតការងារឲ្យប្រជាពលរដ្ឋ មិនមែនជាភារកិច្ចផ្ដាច់មុខរបស់រាជរដ្ឋាភិបាល សូម្បីតែសមាជិកសភាក៏មានកាតព្វកិច្ច និងសិទ្ធិដែរ។ គេចេញមកបកស្រាយថាយើងមិនដឹងអី។ គេសូត្រភារកិច្ចរបស់សភា។ ខ្ញុំថាត្រូវហើយ ភារកិច្ចរបស់សភាជាស្ថាប័នគឺត្រូវធ្វើអញ្ចឹង តែភារកិច្ចរបស់សមាជិកសភា និងសិទ្ធិអ្នកឯងធ្វើការ គ្មានអីហាមមិនឲ្យនិយាយរឿងទាក់ទាញវិនិយោគិននោះទេ។ ខ្ញុំនិយាយម្សិលមិញជាមួយប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា សាក្សីនៅពេញហ្នឹង គេក៏មានកំណត់ហេតុ គឺផ្ដោតមួយភាគធំទៅលើការសម្រួលការវិនិយោគរបស់វិនិយោគិនជប៉ុនទៅកម្ពុជា និងព្យាយាមរកទំនាក់ទំនងវិនិយោគវិស័យឯកជនកម្ពុជា-ជប៉ុន។ ដើម្បីអ្វី? ដើម្បីប្រជាពលរដ្ឋអ្នក Business វិនិយោគនៅមណ្ឌលរបស់គាត់។
(១៦) ជានាយករដ្ឋមន្រ្តីដែលជនកម្ពុជា ក៏ដូចជាស្ថាប័ននីតិប្រតិបត្តិ និងនីតិបញ្ញត្តិជប៉ុនទទួលស្គាល់
សូមអរគុណចំពោះសភាពាណិជ្ជកម្មកម្ពុជា ដែលសហការជាមួយ JETRO របស់ជប៉ុន ក៏ដូចជាសមាគមឧកញ៉ា និងវិស័យឯកជនរបស់យើង ដែលបានធ្វើដំណើរមកទីនេះ ជួបប្រាស្រ័យទាក់ទងភ្ជាប់ទំនាក់ទំនងគ្នា។ យើងធ្វើការទាក់ទាញ។ បើសិនជាគាត់ទៅ តើចំណេញនរណា? ចំណេញសេដ្ឋកិច្ច និងប្រជាជនយើង មានការងារធ្វើ។ យើងរួមគ្នាមកដល់ម៉ោងនេះ ទោះបីគេនាំគ្នាថាជេរ មិនស្វាគមន៍អីក៏ដោយចុះ។ គេថាគ្មាននរណាទទួលស្គាល់យើងទេ។ មិនដូចគេថាផង។ ចុះពីយន្តហោះមក ខ្ញុំឃើញមានព្រំក្រហមទទួលទេតើ ហើយធ្វើដំណើរទៅណា គេដាក់ទង់ជ័យពេញសិទ្ធិ ឡានបើកផ្លូវ រដ្ឋមន្រ្តី/ថ្នាក់ដឹកនាំជប៉ុន មកជួបជាមួយ ទាំងប្រមុខស្ថាប័នទាំងបីរបស់គេ រាជរដ្ឋាភិបាល ព្រឹទ្ធសភា និងរដ្ឋសភា។ អញ្ចឹង បើបងប្អូន(ទាំងនោះ)មិនទទួលស្គាល់ក៏ហីទៅចុះ តែជប៉ុនគេទទួលស្គាល់ខ្ញុំជានាយករដ្ឋមន្រ្តី បងប្អូននៅទីនេះក៏ទទួលស្គាល់ខ្ញុំថាជានាយករដ្ឋមន្រ្តីរបស់កម្ពុជា។
(១៧) ស្នើពិនិត្យកម្រៃសេវាបញ្ជូន និងចរចាជាមួយធនាគារដើម្បីឱ្យមានកម្ចីមានការប្រាក់ទាប
សូមអរគុណចំពោះមតិសា្វគមន៍របស់ឯកឧត្ដម ទុយ រី និងរបាយការណ៍អំពីវឌ្ឍនភាពដែលប្រជាពលរដ្ឋយើងនៅទីនេះមានប្រហែលជាង ៣ម៉ឺននាក់។ យើងក៏នឹងបង្កើនការបញ្ជូនបន្ថែមទៀត។ មើលលក្ខខណ្ឌមួយចំនួនដើម្បីដោះស្រាយបញ្ហាជូនបងប្អូនពលកររបស់យើង។ ទីមួយ ខ្ញុំបានឲ្យទៅឯកឧត្ដម ហេង សួរ ពិនិត្យមើលនូវកម្រៃនៃសេវាបញ្ជូន។ ពីមុន យើងចុះពីជិត ៦ពាន់ជាង មក ៥ពាន់ដុល្លារ។ ឥឡូវ ពិនិត្យមើលលទ្ធភាពយ៉ាងណា (ធ្វើអោយប្រសើរថែមទៀត)។ ទីពីរ ថ្ងៃមុន ឃើញក្រសួងការងារធ្វើការចរចាជាមួយធនាគារមួយចំនួន ដែលបងប្អូនថាផ្តល់កម្ចីការប្រាក់ទាប ដើម្បីកុំឲ្យមានការលំបាកក្នុងការរកប្រាក់ខែមក ទៅបង់តែធនាគារហ្នឹង។ ខិតខំធ្វើយ៉ាងណាចរចាដើម្បីសេវាបញ្ជូននេះឲ្យកាន់តែទាបដើម្បីកាត់បន្ថយការលំបាករបស់បងប្អូនរបស់យើង។
សូមអរគុណចំពោះការរៀបចំមណ្ឌលគាំពារ មណ្ឌលប្រឹក្សាយោបល់ផ្សេងៗ ការរៀបចំពិធីពេលចូលឆ្នាំអីច្រើនកន្លែង ដើម្បីយើងបង្កលក្ខណៈសប្បាយរីករាយ។ ខ្ញុំធ្លាប់រស់នៅស្រុកគេ។ ឯកោ។ បងប្អូនសំណាងហើយកន្លែងខ្លះមានមនុស្សច្រើន។ កាលខ្ញុំទៅរៀននោះ ងាកទៅណាក៏មិនមាននរណាចេះខ្មែរទេ។ តែដល់អញ្ចឹង ឆាប់ចេះភាសា។ មិត្តភក្ដិជប៉ុនរបស់ខ្ញុំទៅរៀននៅនោះ ៤-១០នាក់។ គាត់រៀនក្នុងថ្នាក់ ចេញមកនិយាយតែជប៉ុន។ ៣ខែក្រោយ ខ្ញុំរៀនលឿនជាងគាត់ៗ ថាយ៉ាងម៉េចបានជាចេះ។ ខ្ញុំថាខ្ញុំចេះដោយសារខ្ញុំអត់ជម្រើស។ មិត្តភក្តិគាត់ចេញមកនិយាយតែជប៉ុន … មិនខុសពីរៀននៅតូក្យូ(ដដែល)។ ខ្ញុំទៅដល់នោះ អត់មាននរណានិយាយខ្មែរជាមួយ ចេះតែរ៉ិលទៅជាមួយគេទៅ។ កាលពីទៅបារាំង មិត្តភក្ដិធ្វើបាបម្ដង … គេមានភាសាសមគួរ និងភាសារាងមិនសមគួរ។ ទៅលេងនៅកន្លែង Mall គេមួយ។ មានម្នាក់នោះមកយកកៅអី។ យើងចង់ថា សុំចេញ កៅអីហ្នឹងរបស់ខ្ញុំទេ។ មិត្តភក្ដិនោះប្រើពាក្យថា Dégage, toi … វាស្មើនឹង “អ្ហែងចេញ”។ យើងមិនដឹងអី ខំនិយាយទាំងញញឹមដាក់គេទៀត …។
(១៨) ទូតមានភារកិច្ចសម្របសម្រួលទំនាក់ទំនង និងមើលថែប្រជាពលរដ្ឋខ្មែរនៅគ្រប់កន្លែង
ទោះជាយ៉ាងណាក៏ដោយ ការជួបជុំគ្នា មិនថាមានគ្នាតិចឬច្រើនទេ មិនថាតំបន់នោះមិនមានប្រជាជនខ្មែរដែលរស់នៅ គឺជាកិច្ចការមួយដែលការរៀបចំប្រទាក់ក្រឡា។ ភារកិច្ចរបស់ទូតមានពីរ ទី១ ដើរតួសម្របសម្រួលការងារការទូតដែលធ្វើការលើទំនាក់ទំនងរវាងកម្ពុជា និងប្រទេសដែលខ្លួនទទួលខុសត្រូវ។ តែទី២ ដែលសំខាន់ គឺការមើលថែទាំប្រជាពលរដ្ឋខ្មែរនៅគ្រប់កន្លែង មិនថាបងប្អូនរស់នៅទីនោះឲ្យតែមានដើមកំណើតខ្មែរ សញ្ជាតិខ្មែរ គឺជាកាតព្វកិច្ចរបស់យើងក្នុងការជួយ។ សូមអរគុណណាស់ចំពោះឯកអគ្គរាជទូតរបស់យើងដែលខំបំពេញភារកិច្ច។ ថ្ងៃមុន គេស៊ុតចង់ប៉ោងមុខ ដោយសារការយល់ច្រឡំពាក្យពេចន៍មួយចំនួន។ យើងគ្មានរំលោភទៅលើការងារទេ។ បងប្អូនខ្លះ ម៉ោងគាត់ជេរ គាត់ជេរ ដល់គាត់ត្រូវបំពេញឯកសារយកអោយអោយទូត ទូតវាយត្រាអោយដដែល។ នៅកូរ៉េក៏អញ្ចឹង។ ថាទូតបំរើបក្ស អត់បំរើប្រជាជន។ ដល់ពេលបងប្អូនឈប់ជេរ passport ត្រូវផុត(សុពលភាព) ទៅណា? ទៅដល់ទូតវាយអោយដែរ។ តែពេលទៅដល់ គាត់រាងស្លូតបន្តិច។ អត់ជេរទេ។ ខ្ញុំប្រាប់ថាកុំប្រកាន់។ គាត់មានសិទ្ធបញ្ចេញមតិ កុំអោយតែគាត់មកវាយ គប់ ទូត។ ហ្នឹងត្រូវប៉ូលីសចាប់ចេញ។ ក្រៅពីហ្នឹងគាត់ធ្វើចុះ។ គាត់ជាខ្មែរ យើងត្រូវមានកាតព្វកិច្ច។ បើ Passport អស់(សុពលភាព) យើងជួយ។ ម្សិលមិញ បានឯកភាពតាមសំណើរបស់ក្រសួងការបរទេសមួយ ដែលសុំអោយកាត់បន្ថយពេលវេលាការចេញលិខិតធ្វើដំណើរបណ្ដោះអាសន្នជូនពលករយើង។ កាលពីមុនករណីធម្មតា ២សប្ដាហ៍។ ឥឡូវខ្ញុំបានចារឯកភាព ធ្វើម៉េចកុំអោយលើសពី ៥ថ្ងៃនៃថ្ងៃធ្វើការអោយបងប្អូន អោយបានលឿន។ ចំពោះកិច្ចការបន្ទាប់ពិសេស ពីមុនអាចភ្លាមឬ ២ទៅ ៣ថ្ងៃ។ ឥឡូវធ្វើម៉េចកុំចាំ ២ឬ ៣ថ្ងៃ។ លឿនប៉ុណ្ណា(បាន)ជូនគាត់(កាន់តែល្អ) ដើម្បីសម្រួលដល់ការងារ។ នេះគឺជាកិច្ចការដែលយើងត្រូវខិតខំប្រទាក់ក្រឡាបំរើប្រជាពលរដ្ឋ។
បងប្អូនមានកិច្ចការ ឬបញ្ហាអី ក្រសួងការងារបណ្ដុះបណ្ដាលនិងវិជ្ជាជីវៈនៅទីនេះ ក្រុមការងារជាមួយទូតរបស់យើង សូមយកចិត្តទុកដាក់ដោះស្រាយបន្ទាន់ និងឆ្លើយតប។ បើបងប្អូនមានធុរៈឬមានកម្មវិធីអី សូមអញ្ជើញទៅ។ បើទូតទៅអត់បាន សូមអោយមានមន្ត្រីទូតទៅចូលរួមអបអរសាទរ។ កុំអោយគេថាអត់ស្គាល់មុខឯកអគ្គរដ្ឋទូតឬមន្ត្រីទូតផង។ ជប៉ុនវែងជាងយើង។ ពីភ្នំពេញទៅលើ៣០០ ទៅ ៤០០គីឡូ ប៉ុន្តែនៅជប៉ុនអាចពាន់គីឡូ។ បងប្អូនអាចមកជួបយើងបាន យើងក៏ទៅជួប(បងប្អូនបាន)។ នៅផ្ទះម្ដាយទីទៃ នៅព្រៃម្ដាយតែមួយ។ ទូតក៏ជាអាណាព្យាបាលនៃប្រជាពលរដ្ឋយើង ជាពិសេសអ្នកដែលមកធ្វើការ រៀនសូត្រ នៅទីនេះ មានការសូមជួយចាត់អោយបានលឿន អោយល្អ។ សូមអភ័យទោសផង បើសិនមានការឆកល្វែងផ្សេងៗ។ វិធានការនិងយន្តការរបស់យើងខិតខំសម្រួលច្រើនពិសេសតាមបណ្ដាប្រទេសដែលមានប្រជាជនយើងធ្វើការ ដូចជានៅកូរ៉េនិងជប៉ុន។ បើនៅថៃ យើងរុញការធ្វើ Passport ទៅព្រំដែន កុំអោយលំបាកមកភ្នំពេញ។ យើងធ្វើលិខិត TD (Travel Document) ជំនួស Passport ដើម្បីបានតម្លៃថោក និងអ្វីៗផ្សេងៗ។ តែនៅក្រៅនេះ អត់ប្រើ TD បានទេ ព្រោះបងប្អូនត្រូវការ Passport។ យើងក៏អាចស្នើសុំ Passport ដោយមានការទូត បញ្ជាក់ទៅ គាត់ផ្ដល់សិទ្ធទៅអោយបងប្អូននៅស្រុកខ្មែរជួយបងប្អូនមិនចាំបាច់ទៅ។
(១៩) បង្កើតការងារក្នុងប្រទេសតាមរយៈការទាញវិនិយោគ ប៉ុន្តែក៏បើកឱ្យមានជំរើសធ្វើការក្រៅប្រទេស
បន្តិចម្ដងៗ យើងដោះស្រាយបានកង្វល់របស់ប្រជាពលរដ្ឋ។ ការរកការងាររបស់ប្រជាពលរដ្ឋនៅក្រៅប្រទេសនេះ គ្មានប្រទេសណាមួយមិនរកទេ។ សូម្បីប្រទេសជប៉ុន ក៏បញ្ជូនពលករទៅធ្វើការនៅអាមេរិកនិងប្រទេសផ្សេងច្រើនដែរ គ្រាន់តែជំនាញខុសគ្នា ខ្លះធ្វើជាខាងហិរញ្ញវត្ថុនិងផ្សេងៗ … ប្រទេសថៃដែលយើងទៅធ្វើការច្រើន គាត់ក៏បញ្ជូនពលករទៅអ៊ីស្រាអែលច្រើនដែរ។ វាតាមគ្នាអញ្ចឹង។ ខ្ញុំជឿថាអ្នកដែលរិះគន់រដ្ឋាភិបាល ថាបញ្ជូនពលករខ្មែរទៅធ្វើខ្ញុំគេ បើបក្សខ្លួនឯង(ពេល)បោះឆ្នោត តើហ៊ានចេញគោលនយោបាយថា បើសិនជាបក្សខ្លួនឯងជាប់ឆ្នោតបិទឈប់អោយពលករខ្មែរទៅក្រៅឬទេ? ខ្ញុំជឿថាអត់ទេ។ ខ្ញុំសួរបងប្អូនដែលធ្វើការ និងរស់នៅទីនេះ តើគួរអោយរដ្ឋាភិបាលបិទឈប់អោយមានឱកាសបងប្អូនមកធ្វើការនៅកៅប្រទេសឬអត់? អ្នកតវ៉ាជាងគេគឺអ្នកនៅទីនេះតែម្ដង ព្រោះបងប្អូនឃើញនូវអត្ថប្រយោជន៍។ អត់មានអ្នកណាមកធ្វើថៅកែទេ។ សូម្បីតែជនជាតិជប៉ុនក៏ធ្វើបុគ្គលិករបស់ថៅកែជប៉ុន ព្រោះមួយរោងចក្រមានថៅកែតែមួយទេ។ អ្នកផ្សេងនៅក្នុងហ្នឹង ទោះបីជាជប៉ុន អាមេរិក ដែលមកធ្វើការហ្នឹងសុទ្ធតែជាបុគ្គលិកអោយគេ។ បើបងប្អូនគិតថាហ្នឹងគឺជាខ្ញុំគេ គឺការវាយតម្លៃបន្ទាបបន្ថោក។ នេះគឺជាការមិនអោយតម្លៃបងប្អូន។
ការងារថ្លៃថ្នូរ។ យើងមិនទៅលួច ឬប្លន់គេទេ។ ការងារប្រកបដោយវិជ្ជាជីវៈ។ យើងខិតខំប្រឹងប្រែង(ជា)ញើសឈាមយើង។ ការងារដើម្បីផ្ដល់នូវជីវភាពរស់នៅនិងជំនាញ។ ពេលយើងចប់ យើងអាចទៅស្រុកវិញ។ ការងារពីរោងចក្រជប៉ុនទៅវិនិយោគ យើងអាចចូលធ្វើការបាន។ នេះគឺដើម្បីអនាគតខ្លួនយើងនិងអនាគតគ្រួសារយើង ដោយថ្លៃថ្នូរ។ រដ្ឋាភិបាលគ្រាន់តែបើកច្រក ច្បាមយកឱកាសបន្ថែមដើម្បីអោយបងប្អូនមានជំរើសថែមដើម្បីបង្កើនការងារ។ យើងខិតខំបង្កើនការងារក្នុងប្រទេស តាមរយៈការទាញវិនិយោគទៅ ប៉ុន្តែយើងក៏ត្រូវបើកច្រកដើម្បីបងប្អូនមានជំរើសធ្វើការនៅក្រៅប្រទេសដែរ។ សំខាន់យើងត្រូវការពារសិទ្ធិ និងបញ្ហាផ្សេងៗ ការគាំពារដែលយើងអាចធ្វើទៅបាន។ នៅទីនេះ យើងមិនអាចដូចនៅស្រុកខ្មែរ។ នៅស្រុកខ្មែរយើងមានអាជ្ញាធរទទួលខុសត្រូវ។ នៅទីនេះ ធ្វើអីត្រូវឆ្លងអាជ្ញាធរជប៉ុន។ យើងមិនអាចទៅធ្វើសមាគមដោយមិនឆ្លងច្បាប់ជប៉ុនទេ។ យើងត្រូវសម្របសម្រួលតាមហ្នឹង។ យើងក៏គ្មានលទ្ធភាពទៅធ្វើទាំងអស់ជំនួសជប៉ុនដែរ។ យើងសម្របសម្រួលផ្ដល់សេវាមួយចំនួនដូចជាសេវាច្បាប់ ការពិភាក្សា …។
(២០) មិនថានៅទីណា មិនទុកប្រជាជនខ្មែរចោល និងមិនរើសអើងនិន្នាការនយោបាយ
បងប្អូនមានគ្រោះថ្នាក់មានអីផ្សេងៗ ទូតយើងជួយសម្របសម្រួលជូន។ នេះជាអ្វីដែលយើងខិតខំធ្វើ។ សេវាលិខិតស្នាម Passport ដែលយើងអាចធ្វើបាន … មិនទុកប្រជាជនខ្មែរយើងចោលនោះទេ។ គោលដៅរបស់យើងមិនថាប្រជាជនខ្មែររស់នៅទីណា យើងត្រូវតែខិតខំយកចិត្តទុកដាក់អោយអស់លទ្ធភាពមិនទុកបងប្អូនចោលនោះទេ។ ទោះបីជាបងប្អូនជេរ មិនសប្បាយចិត្ត រិះគន់វាយប្រហារទូត តែបើត្រូវការពន្យារ Passport ក៏ទូតនៅតែធ្វើអោយដដែល។ បើប្អូន មានទឹកចិត្តចេញទៅវិញឈប់ជេរ(ក៏ជាការល្អ)។ ប៉ុន្តែជេរក៏ជេរទៀតចុះ ព្រោះជាសិទ្ធិរបស់បងប្អូន តែសម្រាប់យើងគ្មានជំរើសនៅក្នុងការរើសអើងនឹងការផ្ដល់សេវានោះទេ។ ការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការទាញយកឱកាសការងារបន្ថែម ក៏មិនរើសអើងនិន្នាការនយោបាយដែរ។ បងប្អូនដាក់ពាក្យមក។ យើងខិតខំទម្លាក់តម្លៃអីផ្សេងៗ ដោះស្រាយសេវា។ គាត់ធ្វើមិនមែនរើសអ្នកនេះ/នោះដែរ។
យើងខិតខំចរចាជាមួយធនាគារ បើបងប្អូនត្រូវការរកខ្ចីធនាគារដើម្បីជាដើមទុនសម្រាប់បង់សេវានេះមក ហើយបានធ្វើការសង … ក៏ត្រូវធ្វើម៉េចអោយតម្លៃសមរម្យកុំអោយការប្រាក់ថ្លៃ។ ការប្រាក់យើងចុះមក ៨,៥ ដែលធម្មតាអាច ១៨% បើខ្ចីបុលខាងក្រៅ អាចឡើងលើសពីហ្នឹង។ យើងចរចាបានត្រឹម៨,៥% បានន័យថាថ្លៃការប្រាក់មួយចំនួន ទុកនៅក្នុងហោប៉ៅបងប្អូន។ នេះជាអ្វីដែលអាចធ្វើទៅបាន។ ខ្ញុំសង្ឃឹមថាវិស័យធនាគាររបស់យើងនៅទូទាំងប្រទេស និងខិតខំពិនិត្យលទ្ធភាពជួយទម្លាក់ការប្រាក់បន្ថែមទៀត បើសិនជាបងប្អូនត្រូវធ្វើការខ្ចី ដើម្បីអោយមានដើមទុនវិនិយោគមកខាងក្រៅ ដើម្បីកាតព្វកិច្ចនៃការសងទៅវិញកាន់តែទាប ជួយដល់ជីវភាពបងប្អូននៅទីនេះ។ កន្លែងខ្លះរដ្ឋ វិស័យឯកជន ក្រសួងការងារត្រូវធ្វើការអោយបានច្បាស់លាស់ ជាពិសេសគឺរឿងច្បាប់ការងារនៅទីនេះ។ ទូតរបស់យើង។ បើសិនជាកន្លែងណា(វាជារឿងផ្សេង) ប៉ុន្តែជប៉ុនមិនមានបញ្ហាទេ។ នៅកម្ពុជា រោងចក្រដែលគោរព អនុវត្តច្បាប់ និងការយកចិត្តទុកដាក់លើកម្មករច្រើនជាងគេនៅស្រុកខ្មែរគឺក្រុមហ៊ុនជប៉ុន។ (គាត់)មិនដែលមានបញ្ហាទេ។
នៅក្នុងប្រទេស(គាត់)ក៏ដូចគ្នា ដោយសារការយកចិត្តទុកដាក់។ កន្លែងខ្លះ ព្រឹកឡើងមុនចេញមកធ្វើការអោយចេញទៅកីឡាហាត់ប្រាណ វិន័យ។ បងប្អូនអាចទទួលបាននូវជំនាញនិងបទពិសោធន៍ការរស់នៅនៅទីនេះ។ ខ្ញុំក៏សូមអរគុណសារជាថ្មីចំពោះរាជរដ្ឋាភិបាលជប៉ុន ក៏ដូចជាក្រុមហ៊ុនជប៉ុនដែលមានពលករ កម្មសិក្សាការី របស់យើងធ្វើការនៅទីនេះ។ អរគុណរដ្ឋបាលមូលដ្ឋានរបស់ជប៉ុនដែលយកចិត្តទុកដាក់ទៅលើប្រជាលរដ្ឋខ្មែរយើង។ ម្សិលមិញ ខ្ញុំនិយាយទៅឯកឧត្តមនាយករដ្ឋមន្ត្រី ឯកឧត្តមប្រធានសភា និងឯកឧត្តមប្រធានព្រឹទ្ធសភា អរគុណគាត់ដែលបានយកចិត្តទុកដាក់ថែទាំ មើលការខុសត្រូវប្រជាពលរដ្ឋខ្មែរយើងនៅទីនេះ។ គាត់ក៏ទទួលយក និងសរសើរត្រឡប់មកវិញអំពីការខិតខំប្រឹងប្រែងរបស់បងប្អូនខ្មែរយើង (ដែលមាន)អត្តចរិក សីលធម៌និងភាពទន់ភ្លន់នៅទីនេះ។ សុំអោយបងប្អូនបន្តជាតំណាងដ៏ល្អបន្តទៅទៀត សម្រាប់បងប្អូនប្រជាជនខ្មែរយើងផងដែរ។
(២១) មនុស្សមានសុខភាព សមត្ថភាព និងជីវភាព សំខាន់ក្នុងការការពារនិងពង្រឹងអធិបតេយ្យភាពជាតិ
ការការពារប្រទេស ពង្រឹងអធិបតេយ្យភាពជាតិ សំខាន់គឺមនុស្សនេះឯង។ អញ្ចឹងបានរាជរដ្ឋាភិបាលដាក់គោលដៅ៣ ធំ រួមមាន សុខភាព សមត្ថភាព ជីវភាព សម្រាប់កូនខ្មែរ។ យើងវិនិយោគសាលារាប់ពាន់ខ្នង។ ឆ្នាំនេះខ្ញុំអោយរៀបចំផែនការបង្កើនការរុញសាលាអនុវិទ្យាល័យ វិទ្យាល័យទៅអោយកៀកមូលដ្ឋានបន្ថែមទៀត។ ក្រសួងការងារបណ្ដុះបណ្ដាលនិងវិជាជីវៈធ្វើការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពង្រីកការបណ្ដុះបណ្ដាលអប់រំវិជ្ជាជីវៈ ត្រៀមលក្ខណៈអោយគាត់មានសមត្ថភាពចាប់ឱកាសក្នុងប្រទេស ឬមួយក៏ចេញក្រៅ ដើម្បីឈានទៅដល់ការច្បាមយកបៀវត្សរ៍ការងារល្អ ចិញ្ចឹមជីវភាព។ នេះគឺជាការការពារជាតិខ្មែរ។ ខ្ញុំឃើញបងប្អូនខ្លះបារម្ភថាយើងលក់ជាតិខ្មែរ។ បន្តិចទៀតគេមកត្រួតហើយ។ ខ្មែរយើងចេញពី ប៉ុល ពត តែ ៥លាននាក់ ឥឡូវ១៧ លាននាក់។ កូនច្រើន។ អោយតែនិយាយរឿងកូនប្រពន្ធចេះតែនេះ … ព្រោះកំពុងចរចាយកអាទី ៤។ អត់បាន។ ខ្ញុំលើកទឹកចិត្ត ជាពិសេសអ្នកក្រុងដែលលែងចង់យកកូន។ អញ្ចឹង នៅមានសង្ឃឹមតាមមូលដ្ឋាន តាមជនបទ ធ្វើម៉េចយកកូនអោយបានច្រើនបង្កើតកម្លាំង បង្កើតហើយត្រូវមានសុខភាពល្អ។
តាមបណ្ដាប្រទេសជាច្រើនរាល់ថ្ងៃនេះ នៅអាហ្វ្រិក … នៅប្រទេសដែលមានសង្គ្រាម កូនអត់មានជីវជាតិ។ រដ្ឋាភិបាលយើងគិតគូរ។ យើងកំពុងពង្រីកសេវាសុខភាពគ្របដណ្ដប់បន្ថែមបងប្អូនមួយចំនួនដូចកម្មករ មន្ត្រីរាជការ តាំងពីចាប់ផ្ដើមមានផ្ទៃពោះរដ្ឋផ្ដល់លទ្ធភាព ក្នុងការទៅពិនិត្យសុខភាព … មើលដឹងទាំងស្រីប្រុសទៀត លើកលែងតែអ្នកដែលមិនចង់អ៊ុតមើល។ អ្នកខ្លះអ៊ុតមើលលឿនពេកក៏ច្រឡំដែរ។ ទៅមើលចង់ច្បាស់ដឹងស្រីឬប្រុស ចាំ ៤ទៅ ៥ខែចាំទៅមើល។ ជឿខ្ញុំទៅ ព្រោះបទពិសោធន៍ជាក់ស្ដែងរបស់ខ្ញុំ។ កូនទីមួយស្រី, កូនទីពីរប្រញាប់ទៅមើលស្រី ឬប្រុស ចង់បានប្រុស។ ៣ខែទៅមើលគេថាប្រុសហើយ៦០%។ អបអរសាទរ។ ស្រាប់តែប៉ុន្មានខែទៅមើលទៀតគេថាស្រី។ ម៉េចអញ្ចឹង? កាលពីមុនមើលមិនច្បាស់ ឆ្អឹងភ្លៅស្មានថាកុយរបស់វា … មើលអេកូមិនមែនមើលតែភេទទេ គឺមើលសុខភាពកូន ប៉ុន្មានខែគួរលូតលាស់ប៉ុណ្ណានេះគឺជាកិច្ចការសំខាន់។ យើងព្យាយាមរុញកសាងពេទ្យ មណ្ឌលសុខភាព នៅមូលដ្ឋាន រៀបចំគម្រោងបេឡាសន្តិសុខសង្គម និងបណ្ណសមធម៌ អីៗផ្សេងៗ គោលនយោបាយកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះរហូតដល់កូន ២ឆ្នាំ គឺដើម្បីយើងជួយបែបនេះ។ ធ្វើយ៉ាងណាអោយកូនខ្មែរកាន់តែរឹងមាំ។
(២២) កម្ពុជាមានសមត្ថភាពផលិត ផលិតផ្នែកមួយចំនួន និងផ្គុំដំឡើង សំរាប់នាំចេញ
កើតមកសុខភាពល្អរឹងមាំមានឱកាសរៀន ហើយត្រូវរកវិធីកុំអោយគាត់ឈប់ច្រើន។ បើគាត់មិនរៀនចប់ទី១២ ត្រូវរកថ្នាក់រៀនជំនាញអោយគាត់។ ថ្ងៃក្រោយត្រឡប់មកវិញកុំអោយអត់មាន(លទ្ធភាពបន្តការសិក្សា)។ ត្រូវមានបំណិនមួយក្នុងខ្លួន។ យើងរុញការងារមិនប្រមូលផ្ដុំទេ រុញទៅដល់គ្រប់កន្លែង។ នៅខេត្តពោធិ៍សាត់ដែលថាទៅហួសមកហួស ឥឡូវនេះលែងទៅហួសមកហួសហើយ។ មានរោងចក្រធំៗ។ ម្សិលមិញ Minebea គ្រោងទៅបើក … មានក្រុមហ៊ុន Ford ផលិតឡាននៅទីនោះ។ លើកទីមួយ ដែលយើងមានឡានវ៉ៃ sticker Made in Cambodia។
កាលពីឆ្នាំ៩០ អត់ទាន់មានលទ្ធភាពធ្វើទេ សូម្បីតែទឹកសុទ្ធ ទឹកក្រូច នាំចូលទាំងអស់។ ឥឡូវយើងមានផលិតនៅក្នុងប្រទេសនិងនាំចេញ វាយផ្លាកកម្ពុជាលើផលិតផលជាច្រើន មិនមែនមានតែផលិតផលកសិកម្ម ឬមួយខោអាវទេ។ យើងមានគ្រឿងបង្គុំអគ្គិសនី អេឡិចត្រូនិច ម៉ូតូ កង់។ មិនមែនកង់ Miyata របស់ជប៉ុន ដែលកាលហ្នឹងមួយទឹកប៉ុន្តែជិះដូច Lexus… នេះគឺកង់កម្រិតខ្ពស់ដែលលក់រាប់ពាន់ដុល្លារ ខ្លះចូលម៉ឺនដុល្លារ ផលិតនៅកម្ពុជានាំចេញទៅផ្សារអឺរ៉ុប។ យើងជាអ្នកនាំចេញកង់ធំជាងទៅទីផ្សារអឺរ៉ុបលំដាប់លេខ១ លើពិភពលោក។ សមត្ថភាពខ្មែរផលិតនៅស្រុកខ្មែរ ផ្គុំនៅស្រុកខ្មែរ មានផលិតផ្នែកមួយចំនួននៅស្រុកខ្មែរ ប៉ុន្តែទោះជាយ៉ាងណាក៏ការដំឡើងរោងចក្រ នៃការផ្គុំនិងផលិតដើម្បីនាំចេញពីប្រទេសកម្ពុជា។
យើងមានរហូតដល់រថយន្តដែលផ្គុំនៅស្រុកខ្មែរដើម្បីទីផ្សារក្នុងស្រុក។ ទៅមុខទៀត ក្រុមហ៊ុនមួយនឹងយករថយន្ត Mercedes មករៀបចំដំឡើងផ្នែកមួយចំនួនដើម្បីនាំចេញទៅក្រៅ។ នេះគឺជាសមត្ថភាពរបស់ខ្មែរ។ បើសិនជាខ្មែរគ្មានចំណេះដឹង គ្មានការបើករោងចក្រដូចជា ford, Toyota ដែលបញ្ជា robot បាននោះទេ។ ខ្ញុំសួរសុទ្ធតែអ្នកបណ្ដុះបណ្ដាលនៅសាលាតិចណូ សាលាការងារ … បានន័យថាកាលពីឆ្នាំ៩០ ជាង យើងអាចធ្វើបានត្រឹមកាត់ដេរកម្រិតទាប។ ឥឡូវទឹកដៃខ្មែរយើង អាចឈានទៅដល់រោងចក្រផលិតប្រើប្រាស់បញ្ជា robot បាន។ យើងកំពុងតែជំរុញខាង AI, Digital ផ្សេងៗទៀត។ ខ្មែរយើងធ្វើ software ច្រើន។ សរសេរកូដ។ ជំនាន់កូវីដ-១៩ យើងអត់ចាំបាច់ទៅទិញកូដពីខាងក្រៅទេ។ ខ្ញុំចាំកាលពីមុនហាងឡាក់គីមួយចំនួន ចង់វាយ Accounting ទៅទិញពីសិង្ហបុរី ២០ទៅ ៣០ម៉ឺនដុល្លារ។
ឥឡូវខ្មែរសរសេរអោយបាន។ កាលនៅរៀនជួនកាលអង្គុយគូស។ ឥឡូវក្មេងៗគេថាបងអាហ្នឹងមិនបាច់ទៀតទេ។ កុំព្យូទ័រហ្នឹងវារត់ខ្លួនឯងអោយបងឯង។ បងឯងចំណាយ២៤ម៉ោង កុំព្យូទ័រវារត់អោយ ២៤វិនាទីចេញបាត់។ នេះបច្ចេកវិទ្យាខួរក្បាលខ្មែរ។ ខ្មែរយើងមិនអន់ទេ។ កសាងអង្គរបាន សំខាន់មានឱកាស។ ពេលដែលយើងចប់សង្គ្រាម មានឱកាសរៀនសូត្រ ប្រព័ន្ធអប់រំយើងកាន់តែល្អ។ ឥឡូវយើងមិនទាន់ល្អឥតខ្ចោះ តែយើងខិតខំ។ ខ្មែរយើងចេញទៅប្រកួត math នៅក្រៅ ប្រកួត robot នៅក្រៅ បានជោគជ័យ។ program មួយដែលកូនខ្មែរនៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ធ្វើ verify.com ឥឡូវប្រទេសមួយចំនួនយកទៅប្រើ ព្រោះយើងបានមេដាយមាសប្រកួតជាមួយកម្មវិធីផ្សេងៗនៅក្នុងអាស៊ាន …។
(២៣) ពី ៥លានទៅ ១៧លាននាក់ ពីស្គមស្គាំង ទៅជាមានជីវជាតិ មានសមត្ថភាព មានឱកាសរៀនសូត្រ បញ្ជូនកងរក្សាសន្តិភាពទៅប្រទេសក្រៅ គឺជាមោទនភាព
សមត្ថភាពយើងនៅមានកំណត់ច្រើន ដែលយើងត្រូវបន្ត(ពង្រឹង)បន្ថែម។ ប៉ុន្តែយ៉ាងហោចណាស់យើងត្រូវមានមោទនភាពចំពោះអ្វីដែលយើងសម្រេចបាន។ តាំងពីអត់លទ្ធភាពទាំងអស់ រហូតយើងបានប៉ុណ្ណេះ នេះគួរតែជាមោទនភាពរបស់យើង។ បងប្អូនម្នាក់ៗមិនថារៀនដល់ថ្នាក់ណា ឬធ្វើការនៅឯណាទេ យើងត្រូវមានមោទនភាព ថាពីមុនធ្លាប់តែពឹងម៉ែឪ ឥឡូវយើងមានសមត្ថភាពរកលុយខ្លួនឯង ហើយរស់នៅប្រទេសដែលមិនធ្លាប់រស់នៅទៀត។ មានសមត្ថភាពចេញមករស់នៅ ធ្វើការដោយទុកចិត្តលើខ្លួនឯង រាប់ពាន់គីឡូពីផ្ទះ គួរតែមានមោទនភាពលើខ្លួនឯងទៅ។ កុំគិតថាយើងធ្វើការអី? ធ្វើការ(ណាក៏)ថ្លៃថ្នូរទាំងអស់ នេះជាមោទនភាពរបស់យើង នេះគឺជាការពិត វាមិនខុសពីប្រទេសរបស់យើងទេ។
ប្រទេសជប៉ុនគេផលិតឡានរាប់សិបឆ្នាំហើយ តែពេលដែលគេផលិតឡានដំបូង ក៏គេមានមោទនភាពដូចយើងដែរ។ គេក៏នៅតែមានមោទនភាពនូវរបកគំហើញថ្មីដែរ។ អញ្ចឹង កម្ពុជាយើងពីមួយថ្ងៃទៅមួយថ្ងៃ ពីមនុស្ស ៥លាននាក់ ទៅ១៧លាននាក់ ពីកូនខ្មែរដែលស្គមស្គាំង ទៅជាកូនខ្មែរដែលមានជីវជាតិគ្រប់គ្រាន់ មានសមត្ថភាព មានឱកាសរៀនសូត្រ ពីប្រទេសមួយដែលពឹងលើការនាំចូលទាំងអស់ ឥឡូវយើងនាំចេញច្រើន ពីប្រទេសមួយដែលធ្លាប់គេបញ្ជូនទ័ពមកដើម្បីជួយខ្មែរ រក្សាសន្តិភាព ក្លាយទៅជាប្រទេសដែលបញ្ជូនកងទ័ពទៅក្រៅប្រទេស (ដើម្បី) ជួយដោះមីន ថែរក្សាសន្តិភាពនៅប្រទេសគេ នេះជាមោទនភាពរបស់យើង។
(២៤) ខ្មែរកាន់តែម្ចាស់ការ កាន់តែរឹងមាំ មានសមត្ថភាព ធានាឯករាជ្យ មិនរណបប្រទេសក្រៅ
បើយើងមើលជ្រុងអាក្រក់វាតែងតែមានហើយ។ គ្មានកន្លែងណាល្អទេ។ ខ្ញុំជឿថានៅ តូក្យូ នេះ ក៏មានផ្លូវកន្លែងខ្លះគន្លុកដែរ។ គេជួសជុលមិនទាន់។ គ្រាន់តែតូចធំ។ ប៉ុន្តែ ខ្ញុំជឿថានៅក្នុងនេះ គេជួសជុលបាន តែក៏មិនមែនស្តង់ដាទាំងអស់ដែរ។ មិនមែនបេតុងគ្រប់កន្លែងទេ។ បើយើងចង់មើលកន្លែងអាក្រក់មានតើ។ ឥឡូវយើងមើលជីវភាពរស់នៅ។ មានបងប្អូនខ្លះក៏ប្រឈម … គេធ្វើ Report មក អ្នកខ្លះមានការប្រឈមក្នុងជីវភាពដែរ។ អ្នកខ្លះជួលតែ Internet coffee នៅ។ តែរាជរដ្ឋាភិបាលយកចិត្តទុកដាក់លើកម្រិតណា ជារឿងរបស់គេ។ បើយើងចង់មើលតែវិធីប្រៀបធៀបតែអ្នកក្រប្រាកដជារកឃើញហើយ។ អ្នកក្រនៅជប៉ុនកម្រិតជីវភាពគាត់ខ្ពស់ជាងកម្ពុជា ប៉ុន្តែដោយសារតម្លៃនៃការរស់នៅក៏វាថ្លៃ។ គ្មានប្រទេសណាមានទាំងអស់ទេ។ គ្មានក្រុមហ៊ុនណាមួយចូលទៅសុទ្ធតែ CEO ទេ។ ចូលទៅហាងគុយទាវ(មួយមិនមែន) ១០នាក់ សុទ្ធតែថៅកែទាំងអស់ អត់មានចុងភៅ(ទេ)។ សូម្បីតែប្រើ Robot ទាំងអស់ក៏គ្មានថៅកែ ១០នាក់ដែរ។ គេប្រាកដជាមានអ្នកគ្រប់គ្រងស្អីៗ អញ្ចឹងទៅ។ អញ្ចឹងនេះហើយគឺជាមោទនភាពនៃការកសាងប្រទេស សមត្ថភាពរបស់យើង តាមរយៈការចេញនូវគោលនយោបាយយកចិត្តទុកដាក់លើមនុស្ស។ ដើម្បីអី? ដើម្បីនៅពេលយើងមានសមត្ថភាពម្ចាស់ការផលិតខ្លួនឯង ការបង្រៀនខ្លួនឯង ការធ្វើផែនការនយោបាយខ្លួនឯង។ ហ្នឹងហើយដែលយើងធានានូវឯករាជ្យម្ចាស់ការ មិនរណបទៅប្រទេសណា មិនបាត់ប្រទេស ដោយសារកូនខ្មែរចេះម្ចាស់ការកាន់តែខ្លាំង កាន់តែរឹងមាំ។
(២៥) វិធីសាស្ត្រដំណោះស្រាយព្រំដែនដោយប្តឹងជាវិធីសាស្ត្រចុងក្រោយ ត្បិតតែកាលណាប្តឹង គឺបិទច្រកចរចា
ក្តីកង្វល់ពីប្រទេសជាតិ ពីអនាគត បូរណភាពទឹកដី ការស្នេហាជាតិ ទាំងអស់គ្នាត្រូវតែមាន។ តែវិធីសាស្ត្រក្នុងការធ្វើ មានភាពខុសគ្នា។ បងប្អូនខ្លះស្រឡាញ់ជាតិ មានទស្សនវិធីសាស្ត្រផ្សេង និងលើកយោបល់មក ខ្ញុំគោរព និងទទួលយកថា គាត់បង្ហាញមតិច្រើន។ ប៉ុន្តែ ការសម្រេចថាតើជ្រើសរើសវិធីដោះស្រាយបែបណា គឺជាសិទ្ធិរបស់យើង។ ដូចនៅជប៉ុន មុននឹងមក ដូចមានសមាជិកសភាជប៉ុនម្នាក់ឡើងនិយាយទាមទាររដ្ឋាភិបាលធ្វើនេះ ធ្វើនោះ និយាយលើកនេះលើកនោះ។ ដល់ពេលខ្ញុំជួបជាមួយប្រមុខរាជរដ្ឋាភិបាល ខ្ញុំជាមួយប្រមុខសភារបស់គេៗ មានប្រធានផ្សេងរបស់គេ ទំនាក់ទំនងនៅតែទំនាក់ទំនង កិច្ចការរបស់គេ សិទ្ធិនៅក្នុងការធ្វើការ។ អត់មានសមាជិកសភាដែលថា “រដ្ឋាភិបាលមិនព្រមនិយាយជាមួយ ហ៊ុន ម៉ាណែត អញ្ចេះៗ ក៏លាបពណ៌ថាអត់ប្រជាធិបតេយ្យនោះ” អត់ទេ។ មានសិទ្ធិដូចគ្នាតើ។ រាជរដ្ឋាភិបាលក៏មានសិទ្ធិ។
រាជរដ្ឋាភិបាលកម្ពុជាក៏មានវិធីសាស្ត្រដើរ ដំណោះស្រាយព្រំដែនក៏យើងមានវិធីសាស្រ្តដើរដែរ។ មិនមែនងាកប្តឹងៗ ទេ។ កម្ពុជាមិនមែនអ្នកជួបប្តឹងទេ។ ការប្តឹងនេះគឺជាវិធីសាស្ត្រចុងក្រោយ។ តែចាប់ផ្តើមធ្វើការប្តឹងហើយ គឺយើងបិទច្រកចរចាទាំងអស់។ បើប្តឹងហើយ ភាគីម្ខាងទៀត មិនព្រមចរចា ឬអនុវត្តការងារនេះ ត្រូវបិទច្រក។ រឿងដោះស្រាយព្រំដែន មិនមែនយើងមិនការពារទេ ប៉ុន្ដែវិធីសាស្ត្រដើររបស់យើងតាំងពីអត់មានបោះបង្គោលព្រំដែន ត្រួតពិនិត្យព្រំដែនឯកភាពគ្នា មួយបង្គោល ចង់ ២០ឆ្នាំមុន។ ឥឡូវយើងឯកភាពគ្នាច្រើនណាស់។ ៧៣បង្គោល យើងបានឯកភាពគ្នា ជាង ៤០បង្គោល។ យើងនៅបន្តទៀត។ ព្រំដែនវៀតណាមពីមុនយើងមានត្រឹមតែតាកែវ រហូតទៅដល់កំពត ទៅដល់ស្នួលទេ។ បារាំងបោះបង្គោលជាមួយកូសាំងស៊ីន ជាមួយអាណ្ណាម អត់មានបង្គោលទេ ត្រឹមតែមានការគូសព្រំដែនរដ្ឋបាល។ ជំនាញរបស់យើងចរចាដើម្បីបោះបង្គោល។
(២៦) ដោះស្រាយកិច្ចការព្រំដែនដើម្បីខ្មែរ វៀតណាម ឡាវ ថៃ លែងឈ្លោះគ្នាដោយសារភាពមិនច្បាស់លាស់
ថ្ងៃមុន ខ្ញុំហួសចិត្ត។ គេថារាប់សិបរយឆ្នាំមិនដែលបោះបង្គោលព្រំដែនផង។ ឥឡូវរដ្ឋាភិបាល សម្តេចតេជោ ឯងក្លាហានអីទៅបោះបង្គោល? ឥឡូវ(សួរ)បងប្អូន តើយើងចង់ឱ្យកូនខ្មែររាប់តំណវាយគ្នាដោយសារភាពមិនច្បាស់លាស់ឬទេ? ចង់ឱ្យយើងជាមួយប្រទេសជិតខាងមិនដឹងថាស្អីជាស្អី ចោទតែរាល់ថ្ងៃហ្នឹងភាពមិនច្បាស់លាស់ ឬទេ? ផ្ទះជិតខាងរបស់យើង ហេតុអីបានអ្នកទាំងអស់គ្នានាំគ្នាទៅធ្វើរបង ហើយនឹងចុះធ្វើប្លង់រឹង? ដើម្បីកុំឱ្យវាមានភាពស្រពេចស្រពិល។ កូនចៅ ថ្ងៃក្រោយអាចកាប់ចាក់គ្នាដោយសារដើមចេកមួយដើម ឬទេ? នេះគឺជាការដោះស្រាយ។ យើងដោះស្រាយដោយការទទួលខុសត្រូវ។ យើងមានជម្រើស ។ បើយើងមិនធ្វើក៏បានដែរ។ យើងទុកទៅប៉ះគ្នាកន្លែងណា ឈ្លោះគ្នាកន្លែងហ្នឹង លើកទ័ពវាយទល់គ្នាទៅ។ “យើងចង់អភិវឌ្ឍកន្លែងនេះ អត់ច្បាស់ទេ។ ហ្នឹងអត់ទាន់បោះបង្គោលព្រំដែន។ មិនបាច់ធ្វើទេ។” ចង់បើកតំបន់សេដ្ឋកិច្ចពិសេសនៅកន្លែងនេះ អត់ទេមិនបានទេ។ ប្រជាពលរដ្ឋចង់ទៅសង់លំនៅដ្ឋាន ធ្វើកសិកម្ម មិនបានទេ នេះជាតំបន់ស អត់ទាន់វាស់ ទុកចោលនៅហ្នឹងទៅ។ តើចង់បែបនេះទេ ? អត់ទេ។ អញ្ចឹងហើយបានការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលដើម្បីអី? ដើម្បីពីមួយជំនាន់ទៅមួយជំនាន់ ធ្វើយ៉ាងណាដើម្បីយើងឈានបញ្ជាក់ឱ្យបានច្បាស់លាស់។ កុំឱ្យកូនខ្មែរ ជាមួយកូនចៅវៀតណាម កូនចៅឡាវ កូនចៅថៃ ថ្ងៃក្រោយនៅតែស្រពេចស្រពិល នៅតែឈ្លោះគ្នាដោយសារព្រំដែនវាមិនច្បាស់លាស់។
(២៧) ធ្វើផ្លូវតាមព្រំដែន រុញខឿនការពារជាតិប្រជាពលរដ្ឋ ទើបអាចការពារទឹកដីបានយូរអង្វែង
ខ្ញុំឃើញអ្នកនយោបាយខ្លះថា បើសិនជាគេឡើង(កាន់អំណាច) គេនឹងលុបចោលការចរចាព្រំដែនទុកឱ្យស្រពិចស្រពិលរហូត … បញ្ហាព្រំដែនវាមិនដោះស្រួលទេ។ ជប៉ុនជាមួយរុស្សី នៅរាប់សិបឆ្នាំ។ ជប៉ុនជាមួយចិន ជប៉ុនជាមួយប្រទេសជិតខាងមិនងាយនឹងដោះទេ។ កោះប៉ុន្មាននៅខាងលើនេះត្រួតស៊ីគ្នា។ គេប្តឹងគ្នាទេ? គេនៅខិតខំចរចារកវិធីសាស្ត្រដើម្បីពិនិត្យមើល។ គេលើកទ័ពទៅវាយគ្នាទេ? អត់ទេ … ឥណ្ឌា និងប៉ាគីស្ថាន កាស្មៀរមួយនេះ តំបន់នេះវាយគ្នារាប់សិនឆ្នាំ សួរថាគេមានបច្ចេកទេសធ្វើទេ? គេការពារផលប្រយោជន៍ (គេរៀងខ្លួន)។ អញ្ចឹងការចរចាវាយូរឆ្នាំ ។ មិនមែនចេះតែងាកប្តឹងៗទេ។ បើប្តឹងបាន អ្នកណាជំរុញ ICJ ដែលអត់មានកងទ័ពយកទៅដាក់បង្ខំឱ្យប្រទេសណាអនុវត្ត? យើងធ្លាប់ប្តឹងនៅព្រះវិហារហើយតើ … ២០០៨ ដល់២០១១ បងប្អូនមួយចំនួនប្រហែលជាភ្លេចរឿងនេះ។ ឥឡូវបើសិនជាភ្លេចរឿងចាស់ រឿងថ្មីកើតឡើងនេះគឺឃើញហើយ។ ពេលដែលមានសភាពការណ៍ជាក់ស្តែង ដូចកាលឆ្នាំ ២០០៨ ដល់២០១១ អញ្ចឹង។ អ្នកណាប្រមូលប្រជាជនគាំទ្រកងទ័ពរបស់យើង។ អ្នកណាកំពុងតែឃោសនាឱ្យបែកបាក់ បំបាក់ទឹកចិត្តកងទ័ពយើង … ដែលកំពុងការពារទឹកដី ការពារជាតិ ការពារប្រជាជនរបស់យើង។
ខ្ញុំសូមអរគុណបងប្អូនប្រជាជនទូទាំងប្រទេស ជាពិសេសប្រជាជននៅជប៉ុនផងដែលបានចូលរួមជាមួយរដ្ឋាភិបាល។ យើងបានធ្វើការអំពាវនាវឱ្យជួយនៅក្នុងការចូលរួម នៅមូលនិធិការពារផ្លូវព្រំដែន។ មិនមែនរដ្ឋាភិបាលអត់គម្រោងទេ។ យើងមានគម្រោង តែដើម្បីឱ្យការចូលរួមប្រជាពលរដ្ឋផ្សារភ្ជាប់ផ្ទាល់នៅក្នុងការការពារទឹកដីរបស់យើង។ បងប្អូនខ្លះថាធ្វើរបងទៅ។ បងប្អូនណាមានទឹកចិត្តចង់ធ្វើរបងចូលលុយគ្នាធ្វើរបងទៅ។ ខ្ញុំធ្វើផ្លូវតាមព្រំដែន ទាល់តែមានផ្លូវទើបយើងអាចការពារបានរឹងមាំ។ មានតែរុញខឿនការពារជាតិប្រជាពលរដ្ឋទេ ទើបអាចការពារទឹកដីរបស់យើងយូរអង្វែងបាន។ ធ្វើរបងដាក់ចោលក្នុងព្រៃមានអ្នកណាទៅមើល។ គេកាត់ខ្សែលួសហ្នឹងលក់ទៀតមិនស្រួល។ របងនៅអាមេរិកធ្វើធំប៉ុណ្ណាគេនៅផ្លោះ គេនៅជីកពីក្រោម។ អ៊ីស្រាអ៊ែល ធ្វើរបងកាត់ ហាម៉ាស កុំឱ្យចូលគេនៅតែលួចចូលផ្លោងដូចតែគ្នាហ្នឹង។ យើងធ្វើផ្លូវបោះបង្គោលព្រំដែន … ថ្ងៃមុន ជួបអ្នកនៅកាណាដា អ្នកមកពីអាមេរិក។ គាត់លឺអញ្ចឹង គាត់ជិះទៅមើលផ្លូវព្រំដែន។ កន្លែងខ្លះយើងធ្វើកៀកនឹងបង្គោលព្រំដែន ដើម្បីអី? ដើម្បីជាតឹកតាង ដើម្បីឱ្យប្រជាពលរដ្ឋយើងជិះធ្វើដំណើរតាមហ្នឹង។ ប្រជាពលរដ្ឋទៅតាំងទីលំដៅ ធ្វើស្រែចម្ការនៅជិតទីនោះ។ បើកតំបន់សេដ្ឋកិច្ចពិសេសនៅជិតនោះ ដើម្បីឱ្យប្រជាជនទៅរស់នៅ ជាជាងពង្រាយទ័ព ជាជាងពង្រាយមីន ឬមួយក៏ធ្វើទុកចោលឱ្យស្វា ខ្លា ចាំឱ្យយើង? …។
(២៨) មិនថាស្របឬមិនស្របសូមកុំលាបពណ៌គ្នា រាជរដ្ឋាភិបាលធ្វើកិច្ចការដើម្បីប្រយោជន៍ជាតិ
អញ្ចឹង (ការធ្វើផ្លូវតាមព្រំដែន)ចំណេញ។ ដីដែលមិនធ្លាប់ទៅ គឺប្រជាពលរដ្ឋខ្មែរទាំងអស់បានទៅដល់ តកូនតចៅ។ តំបន់ដែលដូនតាមិនដែលទៅមានច្រើននៅក្នុងប្រទេសយើង។ ឧទាហរណ៍ ព្រំដែនវៀតណាម ព្រំដែនថៃ មានតំបន់ច្រើនដែលមិនដែលទៅ។ ថ្ងៃមុន ខ្ញុំទៅ អូរសោម។ ខ្ញុំជិះឧទ្ធម្ភាគចក្រចុះជិតហ្នឹង ឃើញផ្លូវជាតិលេខ ១០ដែលធ្វើពីកោះកុងជាង ១០០គីឡូ។ តំបន់នេះ បើយើងមិនធ្វើផ្លូវ គ្មានប្រជាពលរដ្ឋណាទៅដល់ទេ ព្រោះវាជាតំបន់ភ្នំច្រើន(លាតសន្ធឹង)រាប់រយគីឡូម៉ែត្រ។ ដោយសារយើងធ្វើផ្លូវនេះហើយ ប្រជាពលរដ្ឋបានជិះនិងមើលឃើញ។ មានកំណើនសកម្មភាពសេដ្ឋកិច្ច ដោយប្រជាពលរដ្ឋខ្លះទៅបើកហាងនៅតំបន់មួយចំនួន។ នេះហើយដែលយើងរុញប្រជាពលរដ្ឋទៅការពារទឹកដីនៅទីនោះ គឺបែបនេះ។ យើងធ្វើផ្លូវគឺចំណេញជាង។ សូមឱ្យបងប្អូនទាំងអស់ មិនថាអ្នកស្របជាមួយរដ្ឋាភិបាល មិនស្របជាមួយរដ្ឋាភិបាល សូមកុំលាបពណ៌គ្នា។ អញ្ចឹងគណបក្សផ្សេង អីផ្សេងគេមានសិទ្ធិស្នេហាជាតិ គេមានសិទ្ធិលើកយោបល់នៅក្នុងការធ្វើ។ រាជរដ្ឋាភិបាលក៏មានសិទ្ធិនៅក្នុងការសម្រេចចិត្ត និងជ្រើសរើសវិធីសាស្ត្ររបស់ខ្លួននៅក្នុងការធ្វើដែរ។
ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាមានសិទ្ធិស្រឡាញ់ជាតិ ចង់ការពារទឹកដី។ វិធីសាស្ត្រនៅក្នុងការចូលរួមធ្វើអីមួយគឺជាការសំរេចចិត្តរបស់បងប្អូន តែទិសដៅតែមួយ។ សូមឱ្យបងប្អូនទាំងអស់ មិនថាអ្នកស្របជាមួយរដ្ឋាភិបាល មិនស្របជាមួយរដ្ឋាភិបាល សូមកុំលាបពណ៌ បងប្អូនដែលចូលរួមជាមួយរដ្ឋាភិបាលនៅក្នុងការធ្វើ(កិច្ចការដើម្បីប្រយោជន៍ជាតិ)។ យើងធ្វើដើម្បីជាតិទាំងអស់គ្នា។ បើបងប្អូនចូលថវិកាធ្វើផ្លូវព្រំដែន សូមចូលរួមអបអរសាទរទៅ កុំជេរគាត់ថាទ្រពង (ឬ) ទាល់តែមកធ្វើរបងដូចយើងបានស្នេហាជាតិ។ បងប្អូនដែលចូលរួមនៅក្នុងការធ្វើផ្លូវ ក៏មិនចាំបាច់ទៅលាបពណ៌អ្នកដែលទារធ្វើរបងជាអ្នកមិនស្រឡាញ់ជាតិនោះដែរ គឺស្រឡាញ់ដូចគ្នា។ យើងត្រូវគោរពសិទ្ធិគ្នា។ ទោះជាយ៉ាងណាគោលដៅតែមួយទេ គឺអភិវឌ្ឍព្រំដែនរបស់យើង ដើម្បីការពារទឹកដី។ យើងកសាងមនុស្ស ហើយយើងរៀបចំឱ្យកូនយើងមានសមត្ថភាព មានសុខភាពល្អ តែពេលជាមួយគ្នាយើងក៏បានធ្វើឱ្យ…។
ថ្ងៃមុនឃើញអ៊ំអាយុ ៦០ឆ្នាំជាង ការប្រពន្ធ ១៨ឆ្នាំ។ និយាយអញ្ចឹងប្រពន្ធកុំមើលមុខ។ រឿងមែនទែន។ អាយុ ៦០ឆ្នាំ ជំនាន់ឆ្នាំ ១៩៨០ជាង គ្មានកម្លាំងអញ្ចេះទេ។ អ្នកអាយុ ៤០ឆ្នាំជាងកាលហ្នឹង ដូច ៦០ឆ្នាំ ឥឡូវអញ្ចឹង។ តែអ្នកអាយុ ៦០ឆ្នាំ ឥឡូវមើលដូចគាត់អាយុ ៤០ឆ្នាំ ៥០ឆ្នាំ ព្រោះគាត់មានអាហារូបត្ថម្ភ ប៉ូវកម្លាំងមិនធម្មតា។ ឥឡូវគាត់រអ៊ូ។ ខ្ញុំសូមប្រើភាសាសាមញ្ញដែលគាត់និយាយថា «ក្មួយជំនាន់ ប៉ុល ពត វាមិនឱ្យអ៊ំស៊ី អ៊ំឃ្លានចង់ងាប់។ ឥឡូវអ៊ំមានលទ្ធភាពទិញរបស់ស៊ី ពេទ្យមិនឱ្យស៊ី។ ពេទ្យថា អ៊ំលើសស្ករ អ៊ំលើសខ្លាញ់» អត់បានស៊ីទៀត។ សូមប្រើពាក្យគាត់ចុះ ពាក្យសាមញ្ញ។ ពេលខ្លះប្រើពាក្យត្រូវពេកវាអត់ត្រូវន័យ អ៊ំចង់ពិសារ ប៉ុល ពត មិនឱ្យអ៊ំពិសារ។ ឥឡូវអ៊ំចង់ពិសារ ឥឡូវលោកវេជ្ជបណ្ឌិតមិនឱ្យអ៊ំពិសារ ស្តាប់ចូលទេ?
(២៩) ត្រូវការមិត្ត មិនបង្កើតសង្គ្រាម គោរពគ្នាដោយផ្អែកលើច្បាប់ ធ្វើសហប្រតិបត្តិការ និងគោរពអធិបតេយ្យភាព
អំពីការការពារបូរណភាពទឹកដី ដែលខ្ញុំនិយាយអម្បាញ់មិញនេះ យើងមិនរស់នៅតែខ្លួនឯងទេ។ យើងត្រូវការមិត្តជុំវិញខ្លួន។ យើងមិនរស់នៅដើម្បីបង្កើតសង្គ្រាមទេ។ យើងត្រូវការទំនាក់ទំនងល្អដោយការគោរពគ្នាទៅវិញទៅមក ផ្អែកទៅលើច្បាប់គោរពអធិបតេយ្យភាពគ្នា។ ប្រជាជនខ្មែរ ប្រជាជនថៃ ប្រជាជនវៀតណាម ប្រជាជនឡាវ សុទ្ធតែមានប្រវត្តិប្រទាក់ក្រឡាគ្នា ទាំងជូរចត់ទាំងល្អ។ រឿងអតីតកាលជារឿងមួយ បច្ចុប្បន្ននិងទៅអនាគត តើយើងជ្រើសជម្រើសមួយណា? តើយើងជ្រើសរើសយកការប្រឈមមុខដាក់គ្នា ហើយស្អប់គ្នាតទៅទៀត ឬមួយក៏ត្រូវជម្រើសនៃការសហប្រតិបត្តិការ ហើយគោរពគ្នាទៅវិញមកទៅមក? ជប៉ុន កូរ៉េ ជប៉ុន ចិន ក៏មានប្រវត្តិជូរចត់ដែរ កាលពីសង្គ្រាមលោកលើកទី ២។ ទោះបីឥឡូវក៏នៅមានបញ្ហានយោបាយមួយចំនួន តែគេនៅប្រទាក់ក្រឡាជាមួយគ្នា។ វិនិយោគជប៉ុនច្រើនណាស់នៅចិន។ ចិនក៏ច្រើននៅជប៉ុន។ កូរ៉េក៏ដូចគ្នា។ គេមិនយកអតីតកាលផ្តាច់ទំនាក់ទំនង ឬឱ្យប្រជាជន ២ឬ ៣ប្រទេសឈ្លោះគ្នានោះទេ។ ប្រទេសណាក៏មាន (អតីតកាលជូរចត់)។ អឺរ៉ុបក៏ដូចគ្នា។ បារាំងនិងអង់គ្លេសច្បាំងគ្នាមួយគរគោក។ ឥឡូវធ្វើសេដ្ឋកិច្ចជាមួយគ្នា។ យើងក៏ដូចគ្នា។ បើខ្លាចគេយកប្រៀបរបស់យើង ត្រូវពង្រឹងខ្លួនឯងរួមគ្នា។ តើយើងនៅបំផុសស្មារតីឱ្យស្អប់គ្នា ឱ្យមិនទុកចិត្តគ្នា ទីបំផុតយកការខ្លាចនៃអ្នកជិតខាង ទៅជាការធ្វើឱ្យខ្មែរលាបពណ៌ខ្មែរគ្នាឯង ឈ្លោះតែគ្នាឯង នេះជាការពិត។ ឆ្នាំ ១៩៧០ រដ្ឋប្រហារ វាយគ្នាច្រើនទសវត្សរ៍ សុទ្ធតែយកហេតុផលដោយសាររដ្ឋាភិបាលយកអ្នកនេះចូល កាន់ជើងអ្នកនេះអ្នកនោះ ទីបំផុតខ្មែរសម្លាប់តែខ្មែរគ្នាឯងហ្នឹងឯង។ គ្រាន់តែជាហេតុផលដែលយើងខ្លាចគ្នា ស្អប់គ្នាតើ។ ឥឡូវខ្ញុំគិតថាកូនខ្មែរយើងត្រូវជឿជាក់លើខ្លួនឯង។
(៣០) ទាហានការពារកន្លែងដែលបានឯកភាពគ្នា និងឈរជើងកន្លែងមិនទាន់ច្បាស់លាស់ គាំទ្រដល់គណៈកម្មាធិការព្រំដែនទាំង២ ចរចានិងដោះស្រាយ
បើខ្លាចគេយកប្រៀបលើយើងៗ ត្រូវពង្រឹងខ្លួនឯង រួមគ្នាថែរក្សាសន្តិភាព សាមគ្គីឯកភាពជាតិផ្ទៃក្នុង កុំឲ្យវាយគ្នា បែកបាក់គ្នាទៀត។ ថែរក្សាទឹកដីយើងកុំឲ្យមានតំបន់អបគមន៍បែកបាក់គ្នាដូចជំនាន់មុន ជំនាន់ព្រះករុណា(សម្តេចព្រះបរមរតនកោដ្ឋជាព្រះប្រមុខរដ្ឋ)ក៏មានតំបន់ដែលមានទ័ពខ្មែរសេរី ខ្មែរខៀវ មានប្រដាប់អាវុធ។ កុំឲ្យបែកបាក់គ្នាតទៅទៀត។ យើងរួមគ្នាការពារប្រទេស សាមគ្គីឯកភាពជាតិ ពង្រឹងជាតិគ្រប់វិស័យ (ដើម្បី)ខ្មែរឲ្យកាន់តែខ្លាំង។ កសាងហេដ្ឋារចនាសម្ព័ន្ធ ខិតខំដោះស្រាយ(បញ្ហា)ព្រំដែនឲ្យចប់ ដើម្បីកុំឲ្យនៅស្រពេចស្រពិល។ កងទ័ពមិនមែនជាអ្នកដោះស្រាយ(បញ្ហា)ព្រំដែនទេ។ កងទ័ពជាអ្នកគាំទ្រដល់ការដោះស្រាយព្រំដែន។ យើងមានគណៈកម្មាធិការព្រំដែន។ នៅកម្ពុជាមានរដ្ឋលេខាធិការព្រំដែន ព្រោះព្រំដែនត្រូវការជំនាញច្បាស់លាស់ ត្រូវការឯកសារដែលឯកភាពគ្នា។ សន្ធិសញ្ញាជាមួយថៃ ១៩០៧ ឯកសារផែនទី ១៩០៨ ឯកសារទាំងអស់មានបារាំងសរសេរទុក យកមកបកស្រាយ។ ត្រូវការជំនាញច្បាស់លាស់។ បើឲ្យទាហាន(ដោះស្រាយ ថាតំបន់នេះឬ)នោះជារបស់ខ្ញុំ លើកទ័ពវាយ(គ្នាផ្អើល)។ អញ្ចឹង ទាហានមានភារកិច្ចការពារ កន្លែងដែលបានឯកភាពគ្នា ឈរជើងកន្លែងណាដែលមិនទាន់ច្បាស់លាស់ ដើម្បីគាំទ្រទៅដល់គណៈកម្មាធិការព្រំដែនទាំង២ ដោះស្រាយ។
ល្ងាចមិញនេះ ឃើញមានការបង្ហោះ។ គេយកសារខ្ញុំនិយាយបែបនេះ។ គេយកមកថា “ឃើញទេ ហ៊ុន ម៉ាណែត ថាទាហានមិនមែនជាអ្នកដោះស្រាយព្រំដែនទេ”។ គេចង់និយាយអញ្ចេះ។ គេថាទាល់តែយកទាហានទៅវាយគ្នាបានដោះស្រាយព្រំដែន។ អត់ធ្វើអញ្ចឹងទេ។ ការកំណត់ខណ្ឌសីមា និងបោះបង្គោលព្រំដែនត្រូវការគណៈកម្មាធិការចំរុះព្រំដែនប្រទេសទាំង២ ធ្វើការ។ ប្រទេសទាំង២ ឯកភាពគ្នាហើយ ត្រូវការជំនាញឯកសារ បូកជាមួយនឹង GPS។ អត់យកគ្រាប់កាំភ្លើងទៅទេ។ អត់យករថក្រោះទៅទេ។ ការព្យាយាមកំណត់ព្រំដែន តាមកងកម្លាំងនេះហើយ ដែលវាយគ្នាមិនទាន់ចប់នៅរុស្ស៊ី និងអ៊ុយក្រែន។ ការព្យាយាមយកកងទ័ពទៅវាយកាន់កាប់ទីតាំងនេះហើយ ដែលវាយគ្នានៅតាមព្រំដែនប្រទេសមួយចំនួនដល់រាល់ថ្ងៃនេះ។ តើកម្ពុជាជ្រើសរើសផ្លូវនេះទេ? មិនរើសផ្លូវនេះទេ។ ខ្ញុំនិយាយមានហេតុផលច្បាស់លាស់របស់ខ្ញុំ។ ខ្ញុំថាកងទ័ពមិនមែនជាអ្នកដោះស្រាយរឿងកំណត់ព្រំដែន ប៉ុន្តែជាអ្នកចូលរួមគាំទ្រការដោះស្រាយព្រំដែន។
កន្លែងណាដែលឯកភាពគ្នាហើយ ចូលល្បាតអីទៅ។ កន្លែងណាដែលមិនទាន់ឯកភាពគ្នា ឈរនៅណាឈរនៅហ្នឹងសិន … បង្កលក្ខណៈឲ្យគណៈកម្មាធិការព្រំដែនចូលដោះស្រាយ ចូលវាស់វែង ចូលចរចា។ បើទាហានមិនឲ្យគេចូលទៅវាស់ ធ្វើម៉េចចូលបាន? បើចូលបាញ់ ទៅម៉េចទៅរួច។ នេះជាមូលហេតុដែលខ្ញុំបញ្ជាក់ថា យោធាកងកម្លាំងប្រដាប់អាវុធមិនមែនជាឧបករណ៍សម្រាប់ការកំណត់ខណ្ឌសីមាព្រំដែនបោះបង្គោលព្រំដែនទេ។ យើងមានគណៈកម្មាធិការទ្វេភាគីកម្ពុជា-ថៃ គណៈកម្មាធិការជាមួយឡាវ ជាមួយវៀតណាម។ ប្រើយន្តការនេះដោយសន្តិវិធីលើច្បាប់ ផ្អែកទៅលើច្បាប់ បច្ចេកទេស កុំប្រើកម្លាំងប្រដាប់អាវុធ។ វាយគ្នាមួយប្រាវមានស្លាប់ (មាន)អ្នកជម្លៀសសមកនៅព្រះវិហាររាប់រយគ្រួសារ ទើបតែត្រឡប់ទៅវិញ។ ប្រសិនបើជាវាយគ្នាបន្ថែមទៀត ស្ថានការណ៍នឹងទៅជាយ៉ាងណា?
(៣១) មេទ័ពរកវិធីជួបគ្នាបន្ទាន់ ធ្វើទំនាក់ទំនងកម្រិតរដ្ឋមន្រ្តីការពារជាតិ ប្រទាក់ក្រឡាជាមួយនាយករដ្ឋមន្រ្តី កុំឲ្យសភាពការណ៍រាលដាល និងរកវិធីដោះស្រាយទៅស្ថានភាពដើម
រឿងព្រំដែន តាមពិតថ្ងៃទី២៩ ឧសភានោះ ខ្ញុំបានចេញសារមួយតាម Facebook ដោយសារមានការព្រួយបារម្ភ។ ថ្ងៃទី ២៨ឧសភា យើងមានការប៉ះទង្គិចគ្នា ដោយសារកងទ័ពថៃជ្រៀតចូលមកបាញ់កងទ័ពយើងនៅនឹងមូលដ្ឋាន។ យើងក៏បាញ់ត្រឡប់ទៅវិញ។ ពេលល្ងាច យើងយកទីតាំងមកវិញបាន។ ស្អែកឡើង មេទ័ពជើងគោកទាំង២ (ជួប)ចរចាប្រជុំ មានការចល័តទ័ពទាំងថៃទាំងខ្មែរ។ នៅខ្មែរមានការចល័តរថក្រោះ BM ចល័តកាំភ្លើងធំ ធ្វើឲ្យបងប្អូនមួយចំនួនមានការព្រួយបារម្ភ។ ជាពិសេសអ្នកនៅឆ្ងាយហ្នឹងគឺភ័យជាងអ្នកនៅខាងមុខ។ ផ្អើលថាវាយគ្នាហើយ ខ្ទេចអស់ហើយ។ អ្នកខ្លះថាមានរបួស២០០។ ព័ត៌មានវាវិល។ មានអ្នកឆាតមកសួរខ្ញុំ ដោយសារខ្ញុំអត់នៅក្នុងប្រទេស “បងឯងមានដឹងទេ គេចល័តកងទ័ពនៅក្នុងប្រទេស”។ ប្រជាជនមួយចំនួនថា “នាយករដ្ឋមន្រ្តីអត់នៅ ម៉េចចល័តទ័ព”។ គាត់ភ័យ។ គាត់មិនដឹងថាមានការយ៉ាងម៉េច។ ខ្ញុំវាមិនចង់(បង្ហាញ)ទេការងារនេះ ប៉ុន្តែបើមិនចេញសារពីរឿងចល័តទ័ព ពីការដោះស្រាយខាងមុខ វាមានការភ័យព្រួយ។ គេថាខ្មោចមិនខ្លាចទេ អារម្មណ៍ខ្លាចខ្មោចគ្រោះថ្នាក់។ បានន័យថាអារម្មណ៍បាត់ម្ចាស់ការផ្ទៃក្នុង ចល័តទ័ពពេញប្រទេសវាយគ្នា មេដឹកនាំរាជរដ្ឋាភិបាលអត់នៅ អត់ឮមាត់មួយម៉ាត់។ អញ្ចឹងបានខ្ញុំចេញសារ។
ខ្ញុំនៅក្រៅមែន ប៉ុន្តែទូរស័ព្ទខ្ញុំអត់ឲ្យសម្រាកទេ។ ទូរស័ព្ទនេះហើយដែលអាចធានានូវការទំនាក់ទំនង។ មិនខុសពីខ្ញុំជួបឯកឧត្តម Shigeru Ishiba ល្ងាចមិញ។ គាត់ក៏ដូចគ្នា។ គាត់ថាចង់ទៅណាក៏ដោយប៉ុន្តែទូរស័ព្ទនៅក្នុងហោប៉ៅមួយហ្នឹងមិនឲ្យគាត់សម្រាក។ ទូរស័ព្ទមួយហ្នឹងខ្លាំងជាងមន្រ្តីគាត់ទៀត។ មន្រ្តីរបស់គាត់ពេលខ្លះមិនហ៊ានឆ្លងគាត់ទេ តែទូរស័ព្ទនេះគឺរោទិ៍គ្រប់ម៉ោង ប្រព័ន្ធទំនាក់ទំនងនេះសំខាន់។ ខ្ញុំប្រជុំនៅអាស៊ាន ពីថ្ងៃ ២៦-២៧ គេងបាន ៣ ទៅ ៤ ម៉ោងនៅលើយន្តហោះ។ ចុះមកដល់ដីម៉ោង ៧កន្លះនៅទីនេះ ម៉ោង ៥កន្លះនៅខ្មែរ។ បើកទូរស័ព្ទអត់ទាន់មានអីទេ ព្រោះវាមិនទាន់ផ្ទុះ។ ប្រហែលផ្ទុះម៉ោង៥ និង ៤០នាទី។ ថ្ងៃហ្នឹងត្រៀមសម្រាប់ ១០ជំនួប ប្រជុំក្រុមការងារ ជួបជាមួយបងប្អូនសហគមន៍ខ្មែរមួយចំនួន ហើយល្ងាចជួបជាមួយវិស័យឯកជនរបស់ជប៉ុន។ ថ្ងៃជួបជាមួយអគ្គសេនាធិការរបស់ជប៉ុនជាមិត្តចាស់ធ្លាប់ជំនាញជើងគោក ឯកឧត្តម នាយឧត្តមសេនីយ៍ Yoshida។ ឥឡូវគាត់ជានាយអគ្គសេនាធិការ មេទ័ពធំរបស់ជប៉ុន បាយជាមួយគ្នា។ ទៅដល់ hotel ចូលប្រជុំជាមួយក្រុមការងារមករាយការណ៍។ ដល់ខ្ទង់ម៉ោង១០ ឬ១១ ហ្នឹងក៏បានរបាយការណ៍ពីឯកឧត្តមអគ្គបញ្ជាការអំពីការប៉ះគ្នានៅខាងមុខ។ ប៉ុន្តែកងកម្លាំងខាងមុខចាត់ចែងហើយ ព្រោះកម្រិតមិនមែនស្អីត្រូវតែនាយករដ្ឋមន្រ្តីសម្រេចដែរទេ។ ទាល់តែកម្រិតធំ កម្រិតថ្នាក់យុទ្ធសាស្រ្តបាននាយករដ្ឋមន្រ្តី។ ក្រៅពីហ្នឹង ប៉ះគ្នានៅមុខ … ខ្ញុំគិតថាវាជារឿងធម្មតាឲ្យដោះទៅ ទាហានជួរមុខធ្វើការទៅ។ ឯកឧត្តម វង្ស ពិសេន ក៏រាយការណ៍មកទៀត។
ឥឡូវមានការចល័តទ័ពបន្ថែមពីខាងថៃមក ៦ឡានទៀត។ ទ័ពយើងក៏ចល័តឡើងដូចគ្នា ព្រោះទាហានតែងតែមានផែនការបំរុង។ អញ្ចឹង ចល័តឡើងរាប់រយនាក់ទល់មុខគ្នា។ ខ្ញុំក៏បានផ្តល់គោលការណ៍ ឯកឧត្តមអគ្គបញ្ជាការ ឯកឧត្តមរដ្ឋមន្រ្តីការពារជាតិ ឯកឧត្តមមេបញ្ជាការជើងគោក ក៏បានធ្វើការងារជាប្រចាំ។ គាត់បានទាក់ទងគ្នាគាត់ ឥឡូវយើងធ្វើការបន្តទៀត ដើម្បីកុំឲ្យវារាលដាល រកវិធីដោះស្រាយទៅស្ថានភាពដើម។ ចប់ម៉ោង ១០កន្លះមិនទាន់មានអីទេ។ ដល់ពេលចប់ បាយជាមួយនឹងឯកឧត្តម Yoshida ថ្ងៃត្រង់។ ម៉ោងមួយកន្លះ បានឃើញលក្ខខណ្ឌមួយចំនួនទៀត។ យើងសម្រេចចិត្តថាស្ថានភាពនេះត្រូវបន្ទាន់ភ្លាម ព្រោះទៅខាងមុខកាន់តែក្តៅហើយ។ ទល់មុខដាក់គ្នាហើយ រាប់រយនាក់ឡើងស្លាបសងខាងទល់គ្នា គ្រាប់បញ្ចូលរៀងខ្លួនហើយ។ អញ្ចឹងប្រហែលជាខ្ទង់ម៉ោងមួយកន្លះ ខ្ញុំទូរស័ព្ទទៅឯកឧត្តមអគ្គបញ្ជាការ ឯកឧត្តម ទៀ សីហា ឯកឧត្តម មេបញ្ជាការជើងគោក ហើយខ្ញុំឆែកជាមួយឯកឧត្តម ស្រី ឌឹក ស្ថានភាពទៅមុខយ៉ាងម៉េច? ពេលនោះ ខ្ញុំបានឲ្យឯកឧត្តម ទៀ សីហា ព្យាយាមជួបទាក់ទងជាមួយឯកឧត្តមរដ្ឋមន្រ្តីការពារជាតិថៃឲ្យបាន ព្រោះជួបបានត្រឹមអនុរដ្ឋមន្រ្តី។ រដ្ឋមន្រ្តីនៅជាប់រវល់អី ជួបឲ្យបាន។ មួយទៀត មេជើងគោកត្រូវណាត់ជួបគ្នាជាបន្ទាន់ ព្រោះវាឡើងកម្រិតខ្ពស់។ ធ្វើការងារ២ ជាមួយគ្នា ការងារ១ គឺឲ្យធ្វើការទំនាក់ទំនងដល់កម្រិតរដ្ឋមន្រ្តីក្រសួងការពារជាតិ ហើយយើងក៏ប្រទាក់ក្រឡាជាមួយនឹងនាយករដ្ឋមន្រ្តីដើម្បីធ្វើការងារឲ្យមើលសភាពការណ៍ …។
(៣២) “ស៊ូមានរបស់ក្នុងដៃតែមិនត្រូវការប្រើ ជាជាងត្រូវការប្រើតែមិនមានរបស់ក្នុងដៃ”
(យើងធ្វើ)ការងារនេះ មាន ២មូលហេតុ មួយគឺ ព្យាយាមកុំឲ្យវារាល។ ភាគច្រើន ស្ថានភាពប៉ះគ្នាតូចហ្នឹងមើលច្រឡំ ដាក់គ្នាប្រាវលើសដើម។ មិនមែនយើងខ្លាចទេ ប៉ុន្តែយើងចរចាដើម្បីដេញចេញ។ អ្នកខ្លះថាយើងទៅសុំចុះចាញ់។ ជាសិទ្ធិនៅក្នុងការនិយាយគ្នា។ មានឱសានវាទត្រៀមប្រយុទ្ធរួចទៅហើយ។ ប៉ុន្តែ ពេលជាមួយគ្នា ទាក់ទងនេះដើម្បីអី? ដើម្បីវាយតម្លៃថា ការចូលនេះវាកម្រិតណា ? តើវាជាកម្រិតទាហានជួរមុខប៉ុន្មាននាក់ ដែលច្រងេងច្រងាង ឬមួយក៏ជាកម្រិតអង្គភាពជួរមុខ ឬមួយក៏មានការរៀបចំកម្រិតថ្នាក់កងទ័ព ឬរដ្ឋាភិបាល? ដើម្បីយើងត្រៀមធ្វើការឆ្លើយតបឲ្យសមស្រប។ យើងមិនមែនចេះតែលោតទេ។ ការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំជាតិសំខាន់ណាស់។ បើយើងវាយតម្លៃសភាពការណ៍មិនបាន វាយតិចពេកចាញ់ប្រៀប អត់ទាន់គេ។ វាយខ្លាំងពេក ដុតសភាពការណ៍អត់ចាំបាច់។ ប៉ុន្មាននាក់ផឹកស្រវឹងបាញ់គ្នា ទីបំផុតដុតទូទាំងព្រំដែន ដោយសារយើងឆ្លើយតបអត់ស្រួល។ អញ្ចឹងការព្យាយាមវាយតម្លៃ មើលសភាពការណ៍ តែពេលជាមួយគ្នា បញ្ជាទៅឲ្យកម្លាំងមួយចំនួនបង្កើន(ការប្រុងប្រៀប)។ ក្បួនទាហាន ធ្វើអ្វីមួយ ត្រូវគិតផែនការបម្រុងជាយថាហេតុ។ (ជា) ទ្រឹស្តី(ថា) ស៊ូមានរបស់ក្នុងដៃដែលមិនត្រូវការប្រើ ជាជាងពេលដែលត្រូវការប្រើ មិនមានរបស់ក្នុងដៃ។ អញ្ចឹងការបញ្ជាចល័តកម្លាំងផ្សេងៗ មិនមែននាយករដ្ឋមន្រ្តី មិនដឹងទេ។ ខ្ញុំធ្លាប់ជាកងទ័ព។
(៣៣) នាយករដ្ឋមន្ត្រីពាក់មួយនយោបាយផង ពាក់មួកកងទ័ពផង
ធ្វើអ្វីយើងត្រូវមានការត្រៀមលក្ខណៈ។ ក្នុងនាមជានាយករដ្ឋមន្រ្តី យើងពាក់មួក២ មួកមួយជាមួកមេដឹកនាំនយោបាយគឺត្រូវធ្វើយ៉ាងណាបញ្ចៀសប្រដាប់អាវុធដើម្បីការពារអាយុជីវិត ការខាតបង់អាយុជីវិតរបស់កងទ័ពយើង បើរឿងមិនចាំបាច់ បើរឿងហ្នឹងវាមិនធំ។ យើងព្យាយាមពន្លត់ ការពារកុំឲ្យប្រជាពលរដ្ឋយើងនៅក្នុងតំបន់សង្រ្គាម ជម្លៀសវេទនា។ ជួនកាលប្លោង(គ្រាប់) ត្រូវទាំងគាត់ទៀត។ ការពារកុំឲ្យរឿងតូចមួយ ក្លាយទៅជាការកាត់ផ្តាច់ទំនាក់ទំនងរវាងកម្ពុជាថៃ។ យើងមានថៃរស់នៅនិងធ្វើការនៅកម្ពុជា។ យើងមានខ្មែរយើងរស់នៅធ្វើការនៅថៃ។ កុំឲ្យមានការចាប់បញ្ជូន បណ្តេញគ្នារាប់លាននាក់។ វាយតម្លៃសភាពការណ៍គឺជាមួកនយោបាយ។ មួកមួយទៀតដែលខ្ញុំពាក់គឺមួកយោធា។ មួកយោធាអត់និយាយរឿងវាយមិនវាយទេ។ មួកយោធានិយាយថាបើពេលវាយគ្នា ត្រូវវាយឲ្យឈ្នះ។ ពេលខ្ញុំ(ជា)មេជើងគោក យើងប្រាប់ទាហានថាគ្មានចាំបាច់គិតរឿងនយោបាយ គួរសន្និដ្ឋានថាវាយឬមិនវាយទេ។ យើងត្រូវធ្វើផែនការដើម្បីត្រៀមពេលវាយ វាយឲ្យឈ្នះ។ រឿងហ្នឹងទាហាន ត្រូវចល័តកម្លាំង ត្រៀមលក្ខណៈ។ អ្នកនយោបាយគេត្រូវធ្វើម៉េច? ទប់កុំឲ្យវាយគ្នា កុំឲ្យរីកវាខាតច្រើន ហើយវាយតម្លៃតាមសភាពការណ៍ តើវាកម្រិតណា?
តែពេលជាមួយគ្នាក៏ក្នុងនាមជាកងទ័ព ត្រូវត្រៀមនៅក្នុងដៃឲ្យហើយ។ ខ្ញុំអត់យកទ័ពទៅវាយអ្នកឯងទេ អត់មានអូសទ័ពទៅវាយអ្នកណាទេ។ ខ្ញុំធ្លាប់និយាយហើយ កម្ពុជាចង់ដោះស្រាយបញ្ហាព្រំដែនដោយសន្តិភាព សហប្រតិបត្តិការល្អ ផ្អែកទៅលើច្បាប់អន្តរជាតិបច្ចេកទេស។ ប៉ុន្តែកម្ពុជាត្រៀមរក្សាសិទ្ធិក្នុងការការពារទឹកដីរបស់ខ្លួនតាមគ្រប់មធ្យោបាយរួមទាំងកងកម្លាំងប្រដាប់អាវុធ។ បើសិនជាមានការព្យាយាមប្រើប្រាស់កងកម្លាំងប្រដាប់អាវុធក្នុងការឈ្លានពាន នេះជាកិច្ចការជាក់ស្តែង។ ការអូសកម្លាំងជាការអនុវត្តនូវគោលការណ៍នេះឯង។ (មិនមែន)មិនទាន់ដឹងរឿងអី យើងបាញ់ BMទៅទេ។ យើងក៏ត្រៀម បើសិនជាករណីនេះ ត្រូវបានវាយតម្លៃថាជាផែនការនៅក្នុងការឈ្លានពាន។ តែបើថាជាទាហាន និងទាហាននៅខាងមុខធ្វើការកម្រិតណា។ នេះជាការទទួលខុសត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលបងប្អូន។ ខ្ញុំឃើញអ្នកខ្លះពូកែស្រែកណាស់។ អូសទ័ពទៅហើយ ម៉េចក៏មិនវាយ។ ខ្ញុំមើល account នៅអាមេរិក។ បងអើយជិះយន្តហោះមក ខ្ញុំឲ្យទៅមុខតែម្តង។ អ្នកក្លាហានណាស់។ គ្រាន់តែយើងទប់សភាពការណ៍យើងជជែកគ្នា គេថាយើងឱនក្បាល។ ចង់ឲ្យផ្ទុះអាវុធ យកអាBMទៅវាយ?
(៣៤) ក្នុងសមរភូមិ សព្វាវុធ មានតួនាទី ៣០ឬ ៤០% ឯឆន្ទៈនិងស្មារតីប្រយុទ្ធជាកត្តាកំណត់ជោគជ័យ
ខ្ញុំយកអ្នកដែលសង្ស័យឆ្ងល់រឿងទ័ពហ្នឹង យកទៅឲ្យគាត់ឈរជើងពេលនេះ គឺជាពេលដែលល្អបំផុត ដើម្បីឲ្យគាត់យល់អំពីយុទ្ធវិធីដែលយើងត្រូវបញ្ចេញ និងមិនត្រូវបញ្ចេញ។ បងប្អូនខ្លះគាត់ស្រែកថាហេតុអ្វីបានជាយើងលាក់ព័ត៌មានទាហានស្លាប់? គេទៅយកពីប្រទេសថៃមកវិញ។ គេជេរយើងទៀត។ អ្នកខ្លះទៅអួត ទាហានយើងស្លាប់ម្នាក់ តែអ្នកខ្លះថាទាហានខ្មែរស្លាប់ ២នាក់ របួស ៤។ បងប្អូនជាទីគោរព នៅក្នុងសមរភូមិ អាវុធ សព្វាវុធ ជាកត្តាមួយទេ វាអាចត្រឹម ៣០ឬ ៤០ភាគរយ ប៉ុន្តែឆន្ទៈស្មារតីប្រយុទ្ធគឺកត្តាកំណត់ជោគជ័យ។ ២០០៨ ដល់២០១១ គេថតដូចតែគ្នា។ ឃើញទាហានខ្មែរអត់មានស្បែកជើងទេ។ តែខ្ញុំមិននិយាយ។ ទាហានជំនាន់ណាក៏ដោយ ជំនាន់ដើមដូចជំនាន់ពួក អេហ្ស៊ីប ខ្ញុំអត់ចាំ។ មុននឹងទាហានចេញទៅច្បាំង គេហៅគ្រូទាយរបស់ស្តេចមក។ គាត់តែងតែនិយាយថា ទាហានយើងចេញច្បាំងនេះគឺឈ្នះហើយ។ ទោះបីជាច្បាំងចាញ់ក៏ដោយ តែគេត្រូវប្រាប់ថាទាហានយើងចេញច្បាំងនឹងឈ្នះ។ សត្រូវនឹងវិនាសខ្ចាត់ខ្ចាយ ស្លាប់គរជើង ដើម្បីលើកទឹកចិត្តទាហានមុនប្រយុទ្ធ កុំឲ្យចាញ់ច្រាប។
នៅលើសមរភូមិ អ្នកដែលឆ្លងកាត់ប្រយុទ្ធ មិនថាជំនាន់មុនឬឥឡូវ ភាគីម្ខាងៗ តែងតែបំប៉ោងតួលេខស្លាប់និងរបួសរបស់ភាគីម្ខាងទៀត។ អ៊ុយក្រែន និងរុស្ស៊ី បាញ់មួយកញ្រ្ជែងទៅអត់មានស្លាប់ផង គេថាស្លាប់ ៣០០នាក់បាត់ហើយដើម្បីបំបាក់ស្មារតីម្ខាងនោះ តែខ្លួនឯងអត់បង្ហាញទេ បើស្លាប់១០ ប្រាប់តែ១។ ឥឡូវមើលប៉ុន្មានថ្ងៃហ្នឹង កាសែតថៃមានបង្ហាញថាគេរបួសស្លាប់ទេ? ទាហានយើងនៅមុខឮប្រាប់ថា មានរបួសមានស្លាប់ … គេមិនប្រាប់ តែមានគ្នាយើង បងប្អូនយើងមួយចំនួនថាសិទ្ធិក្នុងការបញ្ចេញមតិ។ ឃើញទេខ្មែរលាក់។ ទៅយកពីថៃមកផ្សាយ។ តើបងប្អូនមានចេតនា ឬក៏មិនយល់ពីចិត្តសាស្រ្តកងទ័ព? ខំបង្ហាញអំពីការបាត់បង់កងទ័ពយើង។ ការគ្រប់គ្រងព័ត៌មាននេះគឺសំខាន់ណាស់។ ពេលដែលយើងវាយគ្នានៅព្រះវិហារដំបូង ព័ត៌មានច្របូកច្របល់ដោយសារអ្វី? អ្នកកាសែតទាមទារយកព័ត៌មាន។ អញ្ចឹងគាត់រកពីក្រសួងអត់ទាន់បាន ព្រោះក្រសួងគេត្រូវបូកលេខអីឲ្យច្បាស់ បានគេចេញ។ គេទូរស័ព្ទទៅសួរអ្នកវាលឥន្ទ្រី។ អ្នកវាលឥន្ទ្រី (ថា)អត់ទេ ខ្ញុំលឺស្លាប់ ២០នាក់ ក៏ស្រែក ២០នាក់ហ្នឹង។
ដល់អញ្ចឹង វាច្របូកច្របល់ពេញក្នុងប្រទេស ធ្វើឲ្យបាក់ស្មារតី។ ទី១ ទាហាននៅមុខ ទី២ គ្រួសារនៅក្រោយ។ យី! ខ្មែរគ្នាឯងស្លាប់ច្រើនណាស់។ ទូរស័ព្ទទៅប្តីនៅមុខ។ បងអើយមកៗ បោះអាវុធ។ បាក់ទឹកចិត្ត។ នេះគឺជាកត្តាសំខាន់។ រឿងចេញព័ត៌មានអំពីការរបួសស្លាប់ដែលក្រសួងការពារជាតិត្រូវចេញ មិនមែនជាការលាក់ព័ត៌មានទេ ប៉ុន្តែគិតគូរឲ្យបានច្បាស់លាស់ ទិន្នន័យឲ្យបានច្បាស់លាស់ បូកជាមួយពេលវេលាឲ្យបានច្បាស់លាស់។ ទាក់ទងនឹងសភាពការណ៍វិវត្តនៅព្រំដែន ខ្ញុំសូមឲ្យបងប្អូនយកព័ត៌មានពីផេកផ្លូវការរបស់ក្រសួងការពារជាតិរបស់យើង។ បើមិនអញ្ចឹងទេ ច្របូកច្របល់ ហើយមិនស្រួលទៅយកពីកាសែតរបស់ថៃ។ កាសែតថៃ គាត់ផ្សាយបំប៉ោងពីយើងពេលខ្លះ។ ឥឡូវថាយើងស្លាប់ប៉ុន្មាន របួសប៉ុន្មានអីទៀតនោះ អញ្ចឹងវាបង្កើតនូវការមិនទុកចិត្តខ្មែរគ្នាឯង។ នេះគឺជាការសំខាន់។
មួយទៀត ទាហាននៅខាងមុខ។ សិទ្ធិសេរីភាពនៅក្នុងការបញ្ចេញព័ត៌មាន ប៉ុន្តែគេមិនដែលចេញព័ត៌មានទាក់ទងនឹងកម្លាំងយើងឈរនៅមុខទេ។ មុនវាយគ្នា មេទ័ពត្រូវធ្វើអ្វី? គេស៊ើបការយកព័ត៌មាន គេចង់ដឹងថាទាហានភាគីម្ខាងទៀតមានប៉ុន្មាននាក់? សំភារៈបំពាក់អ្វីខ្លះ? អាវុធកម្រិតណា លេណដ្ឋានកម្រិតណា? ដើម្បីប្រើកម្លាំង ប្រើអាវុធឲ្យចំ។ អញ្ចឹង បើយើងខំទៅថតបង្ហាញ អំពីស្ថានភាពទីតាំង ឬមួយក៏ការចល័តទ័ពរបស់យើង វាស្មើនឹងឲ្យគេអង្គុយរាប់ទៅហើយ។ នេះមកប៉ុណ្ណេះ យកទៅនេះ ចាំវាយទៅ។ មិនបាច់ស៊ើបការទេ ព្រោះគេបង្ហោះតាមហ្វេសប៊ុកហើយហ្នឹង។ ស្អែកឡើងចុចទៅនិយាមការប៉ុណ្ណឹង ព្រោះឥឡូវកាំភ្លើងមួយៗសុទ្ធតែកាំភ្លើងមាន GPS សុទ្ធតែកាំភ្លើងអត់ចាំបាច់ទៅតម្រង់អីទៀតទេ គេវាយកូដចូលក្នុងកាំភ្លើងធំ វាយទៅបាន។ យើងមានគេក៏មាន។ ខ្ញុំសូមអំពាវនាវឲ្យបងប្អូន ជាពិសេសកងទ័ពរបស់យើង ដែលឥឡូវម្នាក់ៗ សុទ្ធតែមានស្មាតហ្វូន ហើយតាមព្រំដែនរបស់យើងច្រើនកន្លែងសុទ្ធតែមាន 3G និង 4G កន្លែងខ្លះមិនសូវមាន។ ការបង្ហោះព័ត៌មានអីនេះ ថៃដូចមានណែនាំ មិនឲ្យបញ្ចេញសព្វាវុធ រឿងគោលការណ៍កងទ័ពលាក់ការណ៍ ទីតាំងឈរជើង អាវុធ សំភារៈ។ តើបងប្អូន យើងត្រៀមលក្ខណៈដើម្បីអ្វី? គោលដៅធំរបស់យើង ទី១ ការពារអធិបតេយ្យ បូរណភាពទឹកដីរបស់យើងគ្រប់វិធីសាស្ត្រ។ បើជៀសពីសង្គ្រាមបាន យើងជៀស។ តែយើងត្រូវការពារទឹកដីមិនឲ្យបាត់។ តែបើជៀសមិនបាន ត្រូវវាយឲ្យឈ្នះ ហើយការពារអាយុជីវិតទាហានរបស់យើងឲ្យបាន ជាអតិបរមាជាគោលដៅរបស់យើង។
(៣៥) ទាហានច្បាំងដើម្បីការពារទឹកដី មិនមែនការពារបក្ស ឬមួយរដ្ឋាភិបាលបក្សប្រជាជនទេ
បងប្អូនអ្នកឈរមុខប្រឈម។ ឥឡូវរឿងចិត្តសាស្ត្រនេះ វាមិនខុសពីឆ្នាំ ២០០៨ ដល់២០១១ ទេ។ ខ្ញុំសូមអរគុណដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស មានទាំងអ្នកនៅក្រៅប្រទេស ដែលការអំពាវនាវសម្តេចតេជោ ហើយបងប្អូនរបស់យើងក៏មានការចូលរួមជួយច្រើន មានទាំងថវិកា ទាំងស្បៀងអី សួរថារដ្ឋអត់មានការធានា? មានម្នាក់នោះនៅកូរ៉េចេញមកថាទាហានយើងវាយមិនបាន ២ថ្ងៃ ដាច់ស្បៀងអំពាវនាវ។ មិនអញ្ចឹងទេ។ ទឹកចិត្តបងប្អូនយើង ទាហានធានាប្រេង ស្បៀងអីគ្រប់គ្រាន់សម្រាប់ប្រយុទ្ធ។ ទោះបីមិនមានការជំនួយពីក្រៅក៏ដោយ។ ប៉ុន្តែការបង្ហាញនូវឆន្ទៈនិងទឹកចិត្ត ព្រោះតម្លៃនៃការចូលរួមគាំទ្ររបស់បងប្អូន សម្រាប់អារម្មណ៍របស់ទឹកចិត្តទាហានយើងធំណាស់។ តម្លៃកាត់ថ្លៃមិនបានទេ។ តម្លៃជាសំភារៈ ជាថវិកា យើងវាស់បាន ប៉ុន្តែអ្វីដែលសំខាន់ ទាហានយើងមានទឹកចិត្តនៅពេលដែលឃើញប្រជាជននៅខាងក្រោយ គាំទ្រពួកគាត់ការពារទឹកដី។ នេះគឺជាតម្លៃនៃការចូលរួម ហើយសូមអរគុណដល់បងប្អូន។ ទាហានច្បាំងដើម្បីការពារទឹកដីទាំងអស់គ្នា មិនមែនការពារបក្សឬមួយរដ្ឋាភិបាលបក្សប្រជាជននោះទេ ជីវិតកងទ័ពទាំងអស់គ្នា ទាំងកូនទ័ពនិងមេទ័ព។
មានអ្នកខ្លះខំបំបែកអារម្មណ៍រវាងកូនទ័ពនិងមេទ័ព។ មួយថ្ងៃៗចេញតែរូបភាពកូនទ័ពវេទនា (ប្រសិនបើ) វាយគ្នាគេមិនដែលទៅតែកូនទ័ពទេ។ មេទ័ពដឹកនាំបញ្ជាតាមថ្នាក់។ សូម្បីតែឯកឧត្តម ហ៊ីង ប៊ុនហៀង ក៏នៅបញ្ជាការជួរមុខ ក្នុងរយៈចម្ងាយតែប៉ុន្មានគីឡូពីកាំភ្លើងធំរបស់ថៃ។ កាលវាយគ្នាឆ្នាំ២០០៨ គេផ្លោងចូលបន្ទាយគាត់ រត់ដូចតែគ្នាទេ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ មេកងពល ឯកឧត្តម ស្រី ឌឹក ឯកឧត្តម កែវ ធី ឯកឧត្តម ពៅ ហេង មេភូមិភាគរបស់យើងដែលឈរជើងនៅពីមុខ ដែលគេកំពុងជេរថាមេទាហានសុទ្ធតែពុករលួយ អាក្រក់នេះ អ្នកទាំងអស់ហ្នឹងជាអ្នកណា? សុទ្ធតែជាទាហានដែលសល់ពីស្លាប់ ច្បាំងគ្នាតាំងពីឆ្នាំប៉ែតជាងមក។ តស៊ូការពារទឹកដី។ មិនមែនគាត់ឡើងមកពីណាទេ។ គាត់ក៏ទៅប្រឈមដើម្បីការពារទឹកដី។ ដឹកនាំកងទ័ពរបស់យើង អ្នកនៅក្រោមបង្គាប់ ដើម្បីដោះស្រាយនូវការធានាស្បៀង …។
ឥឡូវខ្ញុំសួរបងប្អូនដែលខំញែកអារម្មណ៍ បំបាក់ទឹកចិត្តកងទ័ពឲ្យស្អប់មេទ័ពហ្នឹង តើពេលដែលជិតផ្ទុះអាវុធនេះ ជាការស្នេហាជាតិឬទេ? ពេលជិតវាយគ្នា យើងត្រូវឲ្យឈ្នះ។ ត្រូវទេ? បើយើងចាញ់ យើងបាត់ទឹកដី យើងស្លាប់កងទ័ព។ អញ្ចឹង ដើម្បីវាយបាន ទាល់តែកត្តាសំខាន់បំផុត គឺទឹកចិត្តមោះមុត។ វាមិនមែនជាពេលវេលាដែលត្រូវជាន់បង្អាប់ទឹកចិត្តទេ។ វាគ្មានល្អឥតខ្ចោះទេ ប៉ុន្តែអ្វីដែលសំខាន់គឺការងារធំ ត្រូវរួមគ្នា។ មេទ័ពក៏ឡើងប្រយុទ្ធដូចគ្នាដែរ។ មេទ័ពដោះស្រាយធានាអាវុធ គ្រាប់ បញ្ជាឡើង ទៅឈរជើងនៅស្រអែមនៅអីដូចគ្នាទេ។ កាលពីឆ្នាំ ២០០៨ ដល់២០១១ ទោះបីខ្ញុំមិនដឹកនាំប្រយុទ្ធផ្ទាល់ ក៏ខ្ញុំទៅស្រអែម ទៅព្រះវិហារ ដឹកឡើងចុះ ដូចតែគ្នា។ ឯកឧត្តមមេបញ្ជាការ ដឹកនាំប្រយុទ្ធពេលនោះ សុទ្ធតែអ្នកឆ្លងកាត់សមរភូមិ … សួរថាតើគាត់ក្បត់ជាតិទេ? គាត់អត់គិតកូនទាហានទេ? អត់ទេ។ យើងគិតគូរ។
(៣៦) ការជជែកចង់ឈ្នះខាងនយោបាយ បំបាក់ទឹកចិត្តទ័ព មិនមែនជាការគិតគូរអំពីទឹកដីទេ
មួយទៀត ខ្ញុំមិនបញ្ចេញឈ្មោះទេ។ ប៉ុន្តែបងប្អូនអាចឃើញថាគេខំប្រឹងញែករវាងកងអគ្គរក្សនិងកងអង្គភាពក្រោយថា កងអង្គភាពសំបូរគ្រឿងបំពាក់ រស់នៅស្រួល ឯអង្គភាពជួរមុខលំបាក។ ឥឡូវដល់កងអង្គភាពទាំងពីរទៅ ដើម្បីកៀកដៃគ្នាការពារទឹកដី បងប្អូនមួយចំនួនឡើងហ្វេសប៊ុក ដើម្បីញែកការទុកចិត្តរវាងទ័ពយើងទាំងពីរ។ វាយគ្នា ស្លាប់ដូចតែគ្នា កូនចៅប្រជាជនការពារទឹកដី គ្រាន់តែភារកិច្ចខុសគ្នា។ ទ័ពនៅជប៉ុនក៏ខុសគ្នាដែរ។ គេមានជំនាញ ទ័ពប្រយុទ្ធនៅខាងមុខ ទ័ពធានាភស្តុភារអីនៅខាងក្រោយ ទ័ពកាំភ្លើងធំ អ្នកខ្លះខាងត្រែទ័ព ហ្នឹងដូចព្រាប សុវត្ថិអី គេហៅយោធាភិរម្យ គឺត្រែទ័ពរបស់ជប៉ុនហ្នឹងឯង គឺសិល្បៈសម្រាប់ទៅលេងនៅសមរភូមិ ឬមួយក៏ទំនាក់ទំនង។ ហ្នឹងពេលវាយគ្នាជំនាន់ លន់ នល់ ឃើញដូចអ្នកស្រី រស់ សេរីសុទ្ធា។ គេទៅដើម្បីលើកទឹកចិត្តកងទ័ព ពេលខ្លះចូលទៅសមរភូមិ តែភារកិច្ចគេខុសគ្នា។
ទ័ពភស្តុភារ គឺធានាភស្តុភារ ធានាស្បៀង ធានាប្រេងប្រយុទ្ធ នៅពីក្រោយ បើកប្រាក់ខែអីហិរញ្ញវត្ថុ។ ទ័ពប្រយុទ្ធខាងមុខគ្រឿងបំពាក់ក៏ខុសគ្នាដែរ។ ឧទាហរណ៍ទ័ពពិសេសជប៉ុន គ្រឿងបំពាក់ខុសពីទ័ពធម្មតា។ ទ័ពរថក្រោះ គ្រឿងបំពាក់ខុសពីទ័ពថ្មើជើង។ វាធម្មតាទេ។ ប៉ុន្តែសួរថាការគិតគូររបស់យើងសម្រាប់ទ័ពនៅព្រំដែនយ៉ាងណា? យើងគិតគូររាប់សិបឆ្នាំមកហើយ។ គ្រឿងហូបចុក គេថា គោលរបបហូបរបស់ទាហានជួរមុខ ជិតស្មើមួយជាពីរនៃទាហានជួរក្រោយ។ ទ័ពយើងគ្រាន់តែកងទ័ពជាង ២ម៉ឺននាក់ ដែលរដ្ឋាភិបាលត្រូវទម្លាក់ថវិកាបន្ថែមបំប៉ន។ យើងថែមដូចជិតមួយគុណជាពីរសំរាប់អ្នកជួរមុខ។ គោលនយោបាយដី គោលនយោបាយផ្ទះសម្រាប់ទាហានជាច្រើន។ ខែរងារ ខែភ្លៀង សម្តេចតេជោបញ្ជូនអាវភ្លៀង អាវរងារជូន។ គិតគូរពីជំរុំជម្រក។
បងប្អូន ខ្ញុំឃើញគាត់មួយនោះ ខ្ញុំមិននិយាយទេ គ្រាន់តែមាត់ស្ពែះ ក្បាលទំពែក វិភាគអស់ទាស់។ ម្ង៉ៃៗយកតែរឿងបំបាក់ទឹកចិត្តកងទ័ពយកមក(និយាយ)។ ខ្លួនស្រឡាញ់ទ័ព តែចង់ឲ្យទ័ពច្បាំងយ៉ាងម៉េច បើបំបាក់ទឹកចិត្តគេមុននឹងឡើងច្បាំង។ នេះដូចសាមកុក មានវគ្គមួយនោះ មានការឲ្យកណ្តូបសេះចាប់រៃ ហើយមានចាបហោះពីក្រោយ។ គេចង់និយាយថា អ្នកឯងកំពុងតែខំាគ្នាទៅកណ្តូបសេះ ហើយនិងរៃហ្នឹង ចាបចាំស៊ីទាំងពីរ។ នៅពេលដែលខ្មែរគ្នាឯងរវល់តែជជែកចង់ឈ្នះរឿងនយោបាយ បំបាក់ទឹកចិត្តទ័ព … តើហ្នឹងជាការគិតគូរកងទ័ព គិតគូរទឹកដីទេ? ចង់ឲ្យទ័ពយើងទម្លាក់អាវុធឈប់វាយទេ? ចង់ឲ្យទ័ពយើងលើកទ័ពមកបាញ់មេទេ? ឬមួយចង់ឲ្យទ័ពលើកទ័ពមក មិនបាច់វាយគ្នាការពារទឹកដី មកប្តូររដ្ឋាភិបាល នៅពេលនេះឬអី?
សំណួរសួរថា តើពួកគាត់គិតយ៉ាងម៉េច? គេទៅថតរូបទាហានម្នាក់នៅក្នុងត្រង់សេ ពាក់ស្បែកជើងផ្ទាត់។ គេថាឃើញទេ រដ្ឋាភិបាលអត់គិតគូរទេ សូម្បីតែស្បែកជើងក៏អត់មាន។ ខ្ញុំថា លោកទៅនៅត្រង់សេមួយអាទិត្យ លោកឯងនឹងយល់ហើយ។ ពីក្បាលដល់ចុងជើង យើងធានាទាំងអស់ ប៉ុន្តែទាហានជួរមុខប្រចាំការ ២៤ម៉ោងនៅទីនោះ គ្មានអ្នកណាពាក់ម៉ៃហ្វករហូតទេ។ ទាហានខ្មែរយើង សូម្បីតែមេទ័ព ពូៗ ខ្លះល្បាតឥឡូវ គាត់ពាក់តែស្បែកជើងកីឡា។ អ្នកខ្លះពាក់ស្បែកជើងផ្ទាត់ ស្បែកជើងកង់ឡាន ព្រោះអាហ្នឹងវារហើយ។ មិនចាំបាច់ពាក់ម៉ៃហ្វក បានបាញ់បានទេ។ មិនមែនទាហានអត់ស្បែកជើងទេ។ (មាន)ការគិតគូរ ជីវភាពរស់នៅ ការធានា។ ម្សិលមិញឃើញរូបថតម្នាក់នៅក្នុងត្រង់សេហូបបាយកញ្ចប់ ហើយអោបកាំភ្លើង។ ត្រូវហើយ វាខុសពីយាមនៅបន្ទាយក្រោយ។ យាមនៅបន្ទាយក្រោយ គេមិនឲ្យយកអាហារទៅហូបនៅក្នុងប៉ុស្តិ៍យាមទេ។ អ្នកដែលហូបបាយហើយដូរទៅយាម អ្នកដែលដូរយាម ដូរមកហូបនៅក្នុងផ្ទះបាយ។ ប៉ុន្តែនៅត្រង់សេជួរមុខ យើងមិនអាចដើរចោលទីតាំង ហើយយើងមិនអាចទៅបង្កាត់ភ្លើងដាំបាយនៅទីនោះទេ។ គេឃើញភ្លើង គេផ្លោងមកចំ គេធុំតែក្លិន ក៏គេដឹងយើងនៅទីណា។ ទៅដាក់ប៉ុស្តិសង្កេតការណ៍ ខំយកស្លឹកឈើ យកអីបាំង កុំឲ្យគេឃើញ ដល់ម៉ោងបាយ បង្កាត់ភ្លើងដដែល។
គេមិនដែលយករបស់ស្អីទៅហូបនៅត្រង់សេ ដោយសារម៉ោងអ្នកហ្នឹងយាមនៅត្រង់ហ្នឹង។ ខ្ញុំក៏ធ្លាប់ហាត់នៅទាហានអាមេរិកដែរ។ យាមនៅកន្លែងហ្នឹង ដល់ម៉ោងបាយអត់ឲ្យទៅណាទេ ដូរវេនគ្នា មួយចាំ ចាំមើលស្កេន ដល់ម៉ោងបាយ ម្ហូបហ្នឹងគឺម្ហូបបាយកាតាក។ ទាហានគេមានបាយកាតាក។ សម័យឥឡូវ ពេលខ្លះគេយកគ្រឿងក្រៀមក្រោះ គេហៅស្បៀងក្រៀម មានបាយកាតាក ប៉ុន្តែឥឡូវភាគច្រើនគេប្រើមី។ កាលវាយគ្នានៅតាមាន់ តាក្របី ស្អីដែលដាច់ជាងគេ គឺមីកញ្ចប់ ហើយនឹងត្រីផ្ទោងអត់ភ្នែក។ បងប្អូនស្គាល់ត្រីផ្ទោងអត់ភ្នែកទេ? ត្រីផ្ទោងអត់ភ្នែកគឺឆៃប៉ូវ។ ឡើងពីសំរោង ដឹកម៉ូតូ ដឹកអីក៏ដោយ ឲ្យតែទៅគឺផ្លោងមកដាក់ហ្មង គឺគេបាញ់ផ្តាច់ស្បៀង។ អញ្ចឹងមិនអាចដល់ម៉ោង១០ ដឹកទៅ ម៉ោង ៦ដឹកទៅទេ គឺដាក់អាហារក្រៀមនៅទីនោះ។ អាហារដែលនៅយូរ។ យើងមិនអាចបង្កាត់ភ្លើងបាននៅមុខ។ អញ្ចឹងមានតែអាហារស្បៀងហ្នឹងហើយ។ អញ្ចឹងបើបងប្អូនខ្លះមិនយល់ពីយុទ្ធវិធីទាហាន ឃើញបងប្អូនហូបអាហារក្រៀមក្រោះនៅក្នុងត្រង់សេ អត់មានតុដែកក្នុងត្រង់សេ សូមកុំគិតថា ហ្នឹងគឺការមិនយកចិត្តទុកដាក់ពីរដ្ឋាភិបាលថាគ្រាន់តែតុដែកមិនដាក់ក្នុងត្រង់សេឲ្យ។ នេះគឺជាយុទ្ធវិធីរបស់កងទ័ព។ មិនថាទ័ពហ្នឹងមកពីណា តែចូលត្រង់សេគឺត្រូវលាក់ការអញ្ចឹង។ ម៉ោងយាមគឺនៅហ្នឹង អត់អាចដូរមកទាំងផ្ទាំងៗ ព្រោះចល័តពង្រាយនៅហ្នឹង ជួនកាលនៅហ្នឹង ២ ឬ ៣ថ្ងៃ នៅជាប់ហ្នឹង។ ព្រោះតែចេញផ្លោង បាត់ទីតាំង។
(៣៧) ត្រូវរក្សាការពារអធិបតេយ្យភាពទឹកដី និងត្រៀមលក្ខណៈជាប់ជាប្រចាំ
ប៉ុន្តែហេតុអ្វីបានជាបងប្អូនទាំងអស់នោះយករូបភាពបែបនេះយកមកផ្សាយ? ជាពិសេសដោយសារមេរបស់គាត់ គឺលោក សម រង្ស៊ី កាលពីឆ្នាំ ២០០៨ ដល់២០១១ ពេលដែលប្រជាពលរដ្ឋយើងចូលរួមភ្លូកទឹកភ្លូកដី (សូម្បី) អ្នកសុំទានក៏ចូល ៥០០ រៀល ដើម្បីជួយកងទ័ពខាងមុខ ជាទឹកចិត្តធំណាស់ចំពោះកងទ័ព គិតថាមិនបាច់ជួយ ព្រោះជាការបង្កើតព្រឹត្តិការណ៍។ គាត់ថាយើងជាមួយថៃបង្កើតព្រឹត្តិការណ៍លេងសើចដើម្បីច្បាំងគ្នា ដើម្បីកុំឲ្យគិតពីព្រំដែនខាងកើត។ ទៅជាអញ្ចឹងឆ្កុយ។ បាញ់ស្លាប់ថ្ងៃទី១ ថាកូនចៅរបស់គេនេះ មានមួយជាអ្នកវិភាគថ្មី ដូចជាជាង ១០០គីឡូ ក្មេងឥឡូវ ពូកែខាងជេរ។ គេថា បាញ់សម្លាប់ទាហានខ្មែរនេះគឺជាឧបាយកលរបស់រដ្ឋាភិបាល សុខចិត្តទៅពឹងទាហានថៃឲ្យមកបាញ់ទាហានយើងស្លាប់ដើម្បីកុំឲ្យគេចាប់អារម្មណ៍រឿងស្អីណា។ ខ្ញុំថា ដល់ម៉ោងនេះ ទៅអញ្ចឹងកើត។ ប្រើវិធីនេះគឺមើលងាយនូវវិញ្ញាណក្ខន្ធរបស់កងទ័ពយើង។
ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយកងទ័ព ប៉ុន្តែ បើការខិតខំដោះស្រាយថ្ងៃ ២៨ឧសភា នោះមិនស្រួលទេ ការស្លាប់និងរបួស ១ក្លាយទៅជា ១០០នៅថ្ងៃនេះ។ ជនភៀសខ្លួនពី ១០០នាក់ទៅ ១០០០នាក់ បើមិនវាយតម្លៃសភាពការណ៍បានត្រឹមត្រូវ មិនថាទាំងយើងមិនថាទាំងគេទេ។ នេះហើយអ្នកខ្លះដែលឌឺថា រដ្ឋាភិបាលអូសកាណុងទៅហើយអត់ហ៊ានវាយគេ។ ម៉េចក៏មិនវាយ អន់ណាស់។ ថាចុះ ប៉ុន្តែទី១ អធិបតេយ្យភាពទឹកដីរបស់ខ្ញុំត្រូវរក្សា … ទី២ ត្រៀមលក្ខណៈជាប់ជាប្រចាំ។ បើសិនជានៅអូសបន្លាយ នឹងផ្ទុះអាវុធ វាយកាន់កាប់ ហើយវានឹងរាល។ រាលត្រឹមមុខព្រួញព្រះវិហារ ឬមួយក៏រាលដល់ភូមិភាគ៤ តាមាន់ តាក្របី អន្លង់វែងអីហ្នឹង ឬមួយក៏រាលទៅដល់ភូមិភាគ៥ និងភូមិភាគ៣ កោះកុង វាយតាមបណ្តោយហ្នឹង។ បើសង្គ្រាមប្រទេសនិងប្រទេស គឺត្រូវវាយទាំង ៣ ភូមិភាគ វាយទាំងភូមិភាគ៣ ពីខេត្តកោះកុង ចាំយាម រហូតដល់ខេត្តពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ វាយរហូតទៅដល់ឧត្តរមានជ័យ ព្រះវិហារ។ នេះបើជាសង្គ្រាមទ្រង់ទ្រាយធំបែបឈ្លានពានវាយកម្រិតប្រទេស។ នេះហើយគឺជាការប្រយុទ្ធគ្នា។ ជើងទឹកក៏វាយគ្នាជើងទឹកទៀត។ បងប្អូនចង់អញ្ចឹងទេ?
បើសិនជាគេរំលោភចូលហើយមិនដក នៅថ្ងៃនោះនឹងអាចមានការផ្ទុះ។ ប៉ុន្តែ ក្នុងនាមជាអ្នកនយោបាយ យើងត្រូវវាយសភាពការណ៍សិន។ យើងសន្និដ្ឋានថារឿងនេះ(បង្កដោយ)អង្គភាពជួរមុខ ព្រោះគ្រាន់តែទាក់ទងភ្លាម រដ្ឋមន្ត្រីការពារជាតិ និងមេទ័ពជើងគោក បញ្ជាកម្លាំងឲ្យឈប់ភ្លាម ព្រោះខាងលើក៏គេក្តាប់បាន។ តែបើសិនយើងវាយតម្លៃថានេះជាការរៀបចំពីលើដល់ក្រោម ការឆ្លើយតបក៏អត់ប៉ុណ្ណឹងដែរ។ នេះជាការដោះស្រាយរបស់មេដឹកនាំនយោបាយ។ ទោះបីជាខ្ញុំនៅជប៉ុនក៏ខ្ញុំនៅតែមានភារកិច្ចទទួលខុសត្រូវ (ក្នុងការដឹកនាំបញ្ជា)។ កំទេចភ្លើងតូច កុំឲ្យរាលដល់ការស្លាប់ (កងទ័ពនិងប្រជាជន) បាត់បង់ទំនាក់ទំនង អីផ្សេងៗ ដែលធ្វើឲ្យមិនងាយពន្លត់ (ប្រសិនបើឆេះឡើង) ប៉ុន្ដែដៃម្ខាងទៀតក៏ត្រៀមរួចជាស្រេចក្នុងករណីការប្រើ(ដំណោះស្រាយ)ស្រាយនេះ មិនចេញ ហើយត្រូវប្រើ(ដំណោះស្រាយផ្សេង)វិញ។ ហើយបើប្រើគឺត្រូវតែឈ្នះ។ មិនងាយស្រួលទេ។ ជីវិតមនុស្សក្នុងដៃ មិនមែនចេះស្រែក(ឲ្យ)វាយៗទេ។
(៣៨) នាយករដ្ឋមន្ដ្រីត្រិះរិះការសំរេចចិត្តនយោបាយដែលជួយរក្សាជីវិតនិងទំនាក់ទំនង
អ្នកឯងស្រែកបាន ប៉ុន្ដែបើនាយករដ្ឋមន្ដ្រីស្រែក គឺវាយហើយ។ មុននឹងវាយ យើងត្រូវវិភាគឲ្យច្បាស់ ក្ដាប់សភាពការណ៍ឲ្យច្បាស់។ ការសំរេចចិត្តនយោបាយជាការសំរេចចិត្តមួយដែលអាចជួយរក្សាជីវិត និងទំនាក់ទំនង ឬ បំផ្លាញជីវិត និងទំនាក់ទំនង។ អញ្ចឹង នេះជាការសំរេចចិត្តរបស់យើង។ ការត្រៀមលក្ខណៈរបស់យើង។ ការធ្លាយរូបប៉ុន្មាននេះ វាគ្រាន់តែធ្លាយទេ តែខ្ញុំប្រាប់ថាវាមិនមែនមានតែប៉ុណ្ណឹងទេ។ ទាហានមានលាក់ការណ៍កងទ័ព។ គេមិនដែល(បង្ហាញ)ទេ តែគេត្រៀមហើយ គឺវាយយកឈ្នះហើយ។ អ្នកខ្លះថាអត់អាវក្រោះមួកដែកស្អី។ វាមិន(ដែល)អាវក្រោះមួកដែកហ្នឹងជួយជីវិតទេ។ ឆន្ទៈ ស្មារតីប្រយុទ្ធ ជួយជីវិតមនុស្ស ឧបករណ៍គឺជាការគិតមួយជំហាន។ វាយគ្នារុស្ស៊ីនិងអ៊ុយក្រែន សុទ្ធតែអាវក្រោះមួកដែក រាប់សែននាក់ កាំភ្លើងទំនើបមិនទំនើប CKC(SKS) ក៏បាញ់ងាប់ដូចគ្នាទេ។ ប៉ុន្ដែកុំឲ្យមានការវាយប្រហារគ្នា។ (តែវាយគ្នា)ជំពាមក៏បាញ់បែកភ្នែកដែរ។ សំខាន់ហ៊ាន ឬអត់? មានទឹកចិត្តអត់? សមរភូមិពីមុនក៏យើងធ្លាប់មានដែរ។ អាវក្រោះ មួកដែក ពេលផ្ទុះអាវុធ អ្នកខ្លះថាអាហ្នឹងធ្ងន់ដោះបោះចោល រត់បាត់។ ខ្ញុំមិននិយាយថាអ្នកណាទេ ប៉ុន្ដែរឿងហ្នឹងវាកើតមែន (នេះជា)ស្មារតី។
អញ្ចឹង បានន័យថាកុំបំផ្លាញស្មារតីកងទ័ពពេលជិតប្រយុទ្ធ។ ពេលវេលាមួយគគោកនិយាយទៅ តែវេលានេះ ខ្ញុំមិនត្រូវការជជែកដេញដោលពេលដែលខ្មែរឈ្លោះតែគ្នារឿងនយោបាយ … គេជាសត្វចាប ឯងរវល់តែ(ជា)កណ្ដូបជាមួយរឿង(អស់នេះ) គិតរឿងធំផង។ មើលក្នុងកាសែត (ប្រព័ន្ធផ្សព្វផ្សាយ)តើគេមានបង្ហាញចំណុចណាទេ? ជាចិត្តសាស្ដ្រ គេរបួស ស្លាប់ ក៏គេមិននិយាយ(ដែរ គេបិទ) គេមកនិយាយពីយើង។ បងប្អូន យើងមួយចំនួនខំយករឿងហ្នឹង ទៅអរគុណកាសែតថៃទៀត។ មនុស្សស្រីម្នាក់នៅកូរ៉េ(ក្នុងបណ្ដាញសង្គមនិយាយ) «ខ្ញុំសូមអរគុណកាសែតថៃ រដ្ឋាភិបាលលាក់ៗនោះលាក់ កាសែតថៃ(ផ្សាយ)។ ខ្ញុំសូមបង្ហាញការពិត»។ អ្នកខ្លះខំ(បំប៉ោង) ស្លាប់មួយ ប៉ុន្ដែថាស្លាប់ពីរ របួសប៉ុន្មាន។ ខ្ញុំពូកែណាស់ ផ្សាយព័ត៌មាន ជូនបងប្អូន។ (ទង្វើនេះ)ស្មើនឹងជួយផ្សព្វផ្សាយឲ្យគេ។ ខ្ញុំមិនចោទថាអ្នកណាទេ។ តែពេលដែលទ័ពពីរវាយគ្នា ទ័ពសត្រូវជាអ្នកប្រើយុទ្ធសាស្ដ្រនេះ បំបែកអារម្មណ៍ទ័ពម្ខាងទៀត។
(៣៩) មិនចាំបាច់តែថវិកា និងសម្ភារៈទេ សូមតែជួយសារក្នុងបណ្តាញសង្គមលើកទឹកចិត្តនិងស្មារតីស្នេហាជាតិ
មុនចូលប្រយុទ្ធ គេធ្វើម៉េចឲ្យធ្លាក់ទឹកចិត្តទ័ពម្ខាងទៀត ឲ្យមានភាពជ្រួលច្របល់ បែកបាក់សាមគ្គីទ័ពម្ខាងទៀត ឲ្យលែងមានការទុកចិត្តរវាងទ័ពនិងមេទ័ពម្ខាងទៀត។ យុទ្ធសាស្ដ្រសាមកុក ស៊ុនអ៊ូ ប្រសិនបើទ័ពម្ខាងទៀតបាក់ទឹកចិត្តមុនវាយហើយ យើងមិនបាច់វាយក៏បានដែរ។ (ក្នុង)ពេលជាមួយគ្នា លើកទឹកចិត្តទ័ពយើងផង ថាខាងនោះបែកបាក់។ ប៉ុន្ដែកងទ័ព(កម្ពុជា)យើងស្មារតីរឹងមាំណាស់។ ២០០៨ ដល់២០១១ ក៏មានការព្យាយាមបំបែកដែរ នៅ(ប្រាសាទ) តាក្របី តាមាន់ គេថា «រដ្ឋាភិបាលបញ្ជូនតែ(ទាហាន)ជាអតីតខ្មែរក្រហមមកស្លាប់»។ កងពល ៤២ ជាអតីតខ្មែរក្រហម ពីមុនឯកឧត្តម ប៉ែន វូយ ឥឡូវ ឯកឧត្តម នាក់ វង្ស អតីតមេខ្មែរក្រហម។ ឥឡូវជាទ័ពរបស់យើង។ វាយចំមុខព្រួញហ្នឹង គេទៅបំផុសបំបាក់ស្មារតីយើង។ «គេ»នោះជាអ្នកណា? ប្រភពច្រើន។ ទៅបំផុសឲ្យទាហានយើងទំលាក់អាវុធ ព្រោះរដ្ឋាភិបាលបញ្ជូនតែខ្មែរក្រហមទេ។ អតីតរដ្ឋកម្ពុជាគេមិនឲ្យមកវាយទេ។ គេ(ព្យាយាម)បំបែកដូចឥឡូវនេះ។ ខ្ញុំសូមឲ្យអ្នកនយោបាយ (ទោះ)អ្នកមិនស្រឡាញ់រដ្ឋាភិបាល មិនស្រឡាញ់ចុះ (ប៉ុន្ដែ)ស្រឡាញ់ជីវិតកងទ័ពយើង ស្រឡាញ់ទឹកដីយើង។ ម៉ោងនេះជាម៉ោងដែល(កូន)ខ្មែរ ត្រូវរួមគ្នាគាំទ្រដល់កងទ័ពដើម្បីប្រយុទ្ធការពារទឹកដី។ កុំបើរវល់តែបំបាក់ផ្ទៃក្នុងឲ្យមានអារម្មណ៍ម្ដងលិចម្ដងកើត ជាពិសេសយកព័ត៌មានមិនគ្រប់ជ្រុងជ្រោយ មិនពិតមក(ផ្សព្វផ្សាយ)។
អ្នកដែលជេរ ខ្ញុំគិតថាគេមិនឈប់ទេ។ គេនឹងយកពាក្យនេះទៅកាត់បន្ដថាគេត្រូវទៀតហើយ។ ប៉ុន្ដែខ្ញុំមិនអង្វរអ្នកទាំងអស់នោះទេ។ អ្នកឯងមិនយកចិត្តទុកដាក់ហីទៅ។ ប៉ុន្ដែខ្ញុំសុំចិត្តបងប្អូនប្រជាពលរដ្ឋទូទៅ ១៧លាននាក់។ ក្រុមគាត់ប៉ុន្មាននាក់ ៥០ ឬ ៦០ ឬ ១០០នាក់ មេទ័ពខ្លាំង តែប៉ុន្មាន ១០ ឬ ២០នាក់ ដដែលៗ មានអ្នកអត់សក់ មាត់ស្ពេះ កាម៉ាប់ ចេញមកសុទ្ធតែអ្នកសេ្នហាជាតិ ប៉ុន្ដែប្រើពេលវេលាបំបែកបំបាក់ទឹកចិត្តកងទ័ពពេលនេះ។ អាណិតកងទ័ព គ្រួសារទ័ព ទឹកដីរបស់យើង ត្រូវរួមគ្នាកុំឲ្យទ័ពបែកសតិអារម្មណ៍ ត្រូវរួមគ្នាឲ្យទ័ពយើងមូលចិត្តគំនិត។ ទាហានជួរមុខ ជាមួយមេទ័ពជួរមុខ ជាមួយថ្នាក់ដឹកនាំ ក្រសួង អគ្គបញ្ជាការទឹកចិត្តតែមួយ ទើបយើងច្បាំងឈ្នះ ការពារទឹកដីរបស់យើង។ បើយើងមិនទាន់បានអីផង ឈ្លោះគ្នាផ្ទៃក្នុងហើយ វាយអ្នកណាឈ្នះគេ។ ខ្ញុំសូមបងប្អូនយើងនៅទីនេះ និងក្នុងប្រទេស បង្កើនការចូលរួមជួយ មិនចាំបាច់តែការជួយថវិកា សម្ភារៈនោះទេ។ ជួយតែសារលើកទឹកចិត្តកងទ័ពយើង តាមហ្វេសប៊ុករបស់ខ្លួនឯង ហើយឈប់បំបាក់ទឹកចិត្តកងទ័ពរបស់យើងទៅគឺជាការជួយលើកទឹកចិត្ត ស្មារតីស្នេហាជាតិរបស់យើង។ ជាពិសេសនៅពេលដែលប្រទេសជាតិយើងកំពុងតែទទួលរងហានិភ័យ (ពីការឈ្លានពាន)។
(៤០) នេះជាពេលត្រូវមូលចិត្តគំនិត រួមគ្នាគិតគូរការងារធំ គឺការពារបូរណ៌ភាពទឹកដី និងអាយុជីវិតទ័ព
ឥឡូវគេប្រាប់ថាតែនិយាយយឺតយន្ដហោះចេញលែងកើត។ ដូចនិយាយកន្លះម៉ោងហើយមែនទេ? (ពីរម៉ោងហើយ)។ ខ្ញុំគិតថានិយាយបានកន្លះម៉ោង(សើច)។ រឿងតែប៉ុណ្ណឹងទេ ហើយទុកកិច្ចការងារ ឲ្យរដ្ឋាភិបាល កងទ័ព ដោះស្រាយរឿងព្រំដែន គណៈកម្មាការជាតិដោះស្រាយព្រំដែនចំរុះនេះនឹងជួបគ្នាចុងខែ៦ ដើម្បីធ្វើការចរចាគ្នាបន្ដទៀត។ អ្នកដែលស្រឡាញ់កងទ័ព អាយុជីវិតទ័ព គ្រួសារទ័ព ដែលបារម្ភពីជីវិតប្ដី ឪពុក បងប្អូន ដែលនៅជួរមុខ សូមរួមគ្នាលើកទឹកចិត្តកងទ័ពយើង។ រឿងខុស លើសខ្វះគ្នា ល្អឥតខ្ចោះអីនោះ ទុកមួយដុំ កុំឲ្យបែកអារម្មណ៍ ម៉ោងនេះជាម៉ោងមូលចិត្តគំនិត រួមគ្នា គិតគូរការងារធំគឺការពារបូរណ៌ភាពទឹកដី និងអាយុជីវិតទ័ពរបស់យើង។ នេះជាកិច្ចការសំខាន់។ ស្នេហាជាតិគឺ ពេលនេះជាពេលដែលត្រូវបង្ហាញហើយ។ ខ្ញុំអរគុណ ទឹកចិត្តស្មារតីបងប្អូនមានច្រើន ដែលចង់ចូលទ័ពអីផ្សេងៗ។ កងទ័ពយើងមានហើយ កុំតែធ្វើអីបំបាក់ទឹកចិត្តគាត់បានហើយ ធ្វើអ្វីឲ្យមូល(ចិត្ត)គ្នា គ្មានគិតថាបក្សណាៗ ទាហានគឺសំរាប់ការពារជាតិទឹកដីគឺកិច្ចការធំ ហើយរាជរដ្ឋាភិបាលនឹងបន្ដដឹកនាំថែទាំបងប្អូនរបស់យើង។
ការគិតគូរដឹកនាំរបស់រដ្ឋមន្ដ្រីការពារជាតិ ឯកឧត្តមមេបញ្ជាការ មេជើងគោក មេបញ្ជាការកងពលភូមិភាគទាំងអស់ យើងធ្វើការរួមគ្នា មេបញ្ជាការវរៈសេនាតូច មេ «គ» មេ «ឃ» យើងធ្វើការជាមួយគ្នា។ កងនគរបាលជាតិដែលឈរនៅជួរមុខ កងរាជអាវុធហត្ថដែលនៅទីនោះ ក៏យើងរួមគ្នា។ ខ្ញុំសូមអរគុណណាស់ចំពោះទឹកចិត្តស្នេហាជាតិ និងការត្រៀមលក្ខណៈរបស់បងប្អូនដាច់ខាតក្នុងការការពារទឹកដី ហើយសូមជូនពរបងប្អូនទាំងអស់នៅទីនោះ បងប្អូនមានរាជរដ្ឋាភិបាល និងបងប្អូនទូទាំងប្រទេសនៅជាមួយបងប្អូនលើកទឹកចិត្ត និងចូលរួមជាមួយបងប្អូនដើម្បីការពារទឹកដីរបស់យើង។
កុំឲ្យពិធីការស្ដីឲ្យ។ ពិធីការមានសិទ្ធិណាស់។ ទៅប្រជុំនៅអាស៊ានអី គាត់ប្រាប់ឲ្យយើងទៅណា យើងទៅហ្នុង ព្រោះបើយើងមិនទៅតាមគាត់ យើងវង្វេងផ្លូវ។ មនុស្សច្រើន។ មានតែជាងថតទេ អាចបញ្ជាព្រះករុណាបាន ព្រះករុណា សេ្ដចយាងញញឹម ឬអីបាន។ អរគុណចំពោះការរៀបចំកម្មវិធីថ្ងៃនេះ និង បងប្អូនដែលឆ្លៀតឱកាសបានមកចូលរួម។ សូមបន្ដខិតខំប្រឹងប្រែងបន្ដទៀត រាជរដ្ឋាភិបាលនៅជាមួយនឹងខិតខំយកចិត្តទុកដាក់ជាមួយបងប្អូន ដោះស្រាយបញ្ហានឹងបង្កលក្ខណៈផ្សេងៗទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។ សូមបន្ដជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការបំរើប្រជាពលរដ្ឋ និងការការពារបូរណ៌ភាពទឹកដីរបស់យើង ដាច់ខាតយើងត្រូវពង្រឹង (សមត្ថភាព) ខ្មែរយើងដើម្បីម្ចាស់ការ។ នេះគឺជាការពង្រឹងសមត្ថភាពខ្មែរយើង អធិបតេយ្យភាពជាតិ ឯកភាពជាតិ និងសន្ដិភាព ត្រូវរួមគ្នាថែរក្សាឲ្យបាន។ ជូនពរបងប្អូនទាំងអស់គ្នាជួបប្រទះនូវពុទ្ធពរ និងពរទាំងប្រាំប្រការសូមទទួលបាន អាយុ វណ្ណៈ សុខៈ ពលំ និងបដិភានៈកុំបីឃ្លៀងឃ្លាតឡើង៕