ឯកឧត្តម សមាជិក ព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល
ឯកឧត្តម ស៊ី ឃុនលីន (Xu Kunlin) អភិបាលខេត្តជាំងស៊ូនៃសាធារណរដ្ឋប្រជាមានិតចិន
ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា
គណៈអធិបតី ភ្ញៀវកិត្តិយស លោក លោកស្រី ជាវិនិយោគិន
បងប្អូនកម្មករ/ការិនី ទាំងអស់ជាទីមេត្រី!
ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានវិលត្រឡប់មកកាន់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសាជាថ្មីម្ដងទៀត ដើម្បីអបអរសាទរនូវសមិទ្ធផលដែលយើងបានពង្រីកទៅដល់ជាង ១០០ ក្រុមហ៊ុននៅទីនេះ។ អញ្ចឹងក៏សូមអបអរសាទរចំពោះការរីកចម្រើននេះ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ១]
អរគុណណាស់ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ។ បងប្អូនខ្លះមកតាំងពីម៉ោង២(ភ្លឺ)។ មានយល់សប្តិ ឬអត់? អត់បានយល់សប្តិ រវល់ជជែកគ្នាទល់ភ្លឺ។ ឃើញបងប្អូនរួសរាយ។ កម្លាំងដូចមិនមែនអ្នកក្រោកមកតាំងពីម៉ោង២ ទេ ដល់ទៅគាំងៗ ទូរស័ព្ទវិញ។ ឱ្យតែជួបបងប្អូនកម្មករ/ការិនីម្តងៗ គឺថាច្រើនខ្សឺត ឡើងកម្លាំងព្រឺស ជាងបានទឹកប៉ូវកម្លាំង ១០០០កេសទៅទៀត។ ១អាទិត្យ ២អាទិត្យនេះ កម្មវិធីជាប់រាល់ថ្ងៃ។ ប៉ុន្តែកម្លាំងអត់ថយទេ។ មកដល់គឺមានប្រដាប់សាកថ្មគ្រប់កន្លែង គ្រាន់កន្លែងខ្លះស្នាមស្លាជាប់ថ្ពាល់ កន្លែងខ្លះស្នាមក្រែមជាប់ថ្ពាល់។ តាមពិតម៉ោង ៦ល្ងាច បានឱ្យឆែកឧតុនិយម។ គេប្រាប់ថា៦០% នៅខេត្តព្រះសីហនុមានភ្លៀង ផ្គរខ្លាំង ពីម៉ោង ៦ព្រឹកឡើង។ ភ្នំពេញភ្លៀងផ្គរខ្លាំង ពីម៉ោង៨ ព្រឹក។ បើមកតាមអាកាសអាចមានឱកាស៦០% មិនអាចចេញហោះបាន។ អញ្ចឹងខ្ញុំប្រាប់ថាអោយចេញមកទាំងយប់។ រវាងមិនបានមកជួបបងប្អូន និងជួបបងប្អូនក្នុងពេលភ្លៀង ខ្ញុំសុខចិត្តជិះឡាន ២ម៉ោងកន្លះ មកជួបបងប្អូននៅក្នុងភ្លៀង។ អញ្ចឹងបានមកដល់ថ្ងៃនេះ។ ប៉ុន្តែ ប្រហែលជាអាចខុសម៉ោង។ មេឃនៅមាត់សមុទ្រទុកចិត្តអត់បានទេ។ ទោះជាយ៉ាងណា មកដល់ម៉ោងនេះក៏សប្បាយរីករាយ។ មេឃរាងស្រទុំ។ ព្រឹកមិញចូលមកបែកញើសតាមផ្លូវ តែសប្បាយរីករាយ។
(១) សម្ពោធសមិទ្ធផលលើដីជាក់ស្តែង កើនចំណូលផ្ទាល់ដល់កម្មករ/ការនី និងបានផលប្រយោលដល់គ្រួសារ
ដូច ឯកឧត្តម ហេង សួរ និយាយ ថ្ងៃនេះបានបំបែកឯតទគ្គកម្ម។ ខ្ញុំធ្លាប់ជួបកន្លងទៅ យ៉ាងច្រើន ១ម៉ឺននាក់ជាង។ ថ្ងៃនេះឡើង ៣ម៉ឺននាក់។ នៅតំបន់នេះយើងមានរោងចក្រកើន ហើយកម្មករ/ការិនីជាង ៣ម៉ឺននាក់។ ជួបម្តងជួបទាំងអស់។ កុំឱ្យច្រណែនគ្នា។ តែក៏អបអរសាទរចំពោះសមិទ្ធផលជាក់ស្តែង។ មិនមែន ៣ម៉ឺននាក់លើក្រដាស ប៉ុន្តែ ៣ម៉ឺននាក់ជាក់ស្តែង។ នេះគឺជាការអភិវឌ្ឍប្រទេសពិត។ សម្តេចតេជោ បានរៀបចំបង្កើតទីតាំងនេះ ដែលអាចថាជាកូនរបស់សម្តេចតេជោ។ កាលពីខែមុន ឯកឧត្តម ប្រធានាធិបតី ស៊ី ជីងពីង ក៏បានត្រឡប់មកកម្ពុជាជាលើកទី២។ អញ្ចឹង នៅថ្ងៃនេះ យើងក៏មកសម្ពោធការរីកចម្រើននៃសមិទ្ធផលដែលយើងរួមគ្នាធ្វើ។ តែរួមគ្នានេះមិនមែនកើនតែចំនួននៅលើក្រដាសនោះទេ ប៉ុន្តែកើននៅលើដីជាក់ស្តែង។ ជាពិសេសកើនចំណូលទៅដល់ហោប៉ៅរបស់ប្រជាពលរដ្ឋរាប់ម៉ឺននាក់។ រាប់ម៉ឺននាក់នៅទីនេះបានផលផ្ទាល់ ឯ(អ្នកដែលបានផល)ដោយប្រយោលនោះគឺគ្រួសារយើង។ យើងជួយបន្តទៅទៀត។ អញ្ចឹង បើទោះថាអាកាសធាតុយ៉ាងណា ត្រូវជិះឡាន ២ម៉ោងកន្លះមក និង ២ម៉ោងកន្លះទៅវិញ ក៏ត្រូវតែមកជួបអបអរសាទរជាមួយគ្នា …។
[ចប់អធិប្បាយបន្ថែម១]
អរគុណណាស់ ឯកឧត្តម ស៊ី ឃុនលីនអភិបាលខេត្តជាំងស៊ូ, ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា, ក៏ដូចឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អភិបាលខេត្តមួយចំនួនដែលបានចូលរួម ដើម្បីអបអរសាទរ និងគណៈគ្រប់គ្រងតំបន់ និង តំណាងរោងចក្រសហគ្រាស ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងជាពិសេស ប្អូនៗ និង ក្មួយៗ កម្មករនិយោជិត ដែលបានអញ្ជើញចូលរូម ក្នុងពិធីនេះ ។
ខ្ញុំក៏សូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ និង រដ្ឋបាលខេត្តព្រះសីហនុ ដែលបានសហការជាមួយតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងការរៀបចំ «ពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ និង សំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ក្នុងតំបន់នេះជាង ៣ ម៉ឺននាក់។
កន្លងមក, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញមក ដូចនិយាយអញ្ចឹង នៅក្នុងឆ្នាំ ២០១៦, អបអរសាទរក្រុមហ៊ុនវិនិយោគចំនួន ១០០ ក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ដែលចាប់ផ្តើមពី ២០០៨ ។ ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្តីសោមនស្ស ដែលខ្ញុំចូលរួមនៅក្នុងការរៀបចំថ្នាក់ ២០០ ហើយសង្ឃឹមថា មិនយូរ មិនឆាប់ នៅខាងមុខទៀត យើងអាចមកអបអរសាទររោងចក្រទី ៣០០ នៅទីនេះបន្តទៀត។
ជាប្រវត្តិសាស្ត្រ, តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានលក្ខណៈពិសេសជាងតំបន់ផ្សេងៗនៅកម្ពុជា, ដោយតំបន់នេះ ត្រូវបានទទួលស្គាល់, គាំទ្រ និង មានការចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនង និងការអភិវឌ្ឍជាបន្តបន្ទាប់ ចាប់ពីថ្នាក់ក្រោមដល់ថ្នាក់លើ រវាងរដ្ឋាភិបាលកម្ពុជា-ចិន ដែលបានបើកការដ្ឋានសាងសង់ដំបូងនៅឆ្នាំ ២០០៨, ជាពិសេស ការរួមគ្នាអនុវត្ត “គំនិតផ្តួចផ្ដើមខ្សែក្រវាត់ និង ផ្លូវ” ។ ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់ឯកឧត្តម ប្រធានាធិបតី នៅក្នុងអំឡុងកិច្ចប្រជុំជាន់ខ្ពស់នៃវេទិកាកំពូលកិច្ចសហ-ប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់ និង ផ្លូវ” លើកទី ២ ក្នុងឆ្នាំ ២០១៩ នៅទីក្រុងប៉េកាំង, សម្តេចតេជោ ក៏បានបញ្ជាក់ថា៖ ភាពជោគជ័យនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនេះ ជាសក្ខីភាពនៃការសហការ និងកិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់ និង ផ្លូវ” រវាងប្រទេសទាំងពីរ ។
ដូចសេចក្តីរាយការណ៍របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, សម្រាប់ខេត្តព្រះសីហនុ, ចំនួនរោងចក្រសហគ្រាស បានកើនឡើងពី ៦៩ សហគ្រាស ជាមួយកម្មករនិយោជិត ១០ ៦១៩ នៅឆ្នាំ២០០៨ រហូតដល់ ៣ ៨៣៣ សហគ្រាស ជាមួយកម្មករនិយោជិត ១១៥ ៨៥៤នាក់ គិតត្រឹមខែ មេសា ឆ្នាំ ២០២៥ ដោយទទួលបានប្រាក់ឈ្នួលមធ្យមសរុប ប្រមាណ ៣៥៩ លានដុល្លារ ក្នុង១ឆ្នាំ។ ដោយឡែក, សម្រាប់តំបន់សេដ្ឋកិច្ចពិសេសទាំង ៥ នៅខេត្តព្រះសីហនុ មានរោងចក្រ សហគ្រាស សរុបចំនួន ៣២៧ សហគ្រាស មានកម្មករនិយោជិតចំនួន ៤៦ ៧៥០ នាក់ ទទួលបានប្រាក់ឈ្នួលមធ្យមសរុប ប្រមាណ ១៥០ លានដុល្លារ ក្នុង១ឆ្នាំ។
បើយើងគិតទូទាំងប្រទេសកម្ពុជា បើគិតចាប់ពីការបង្កើតរាជរដ្ឋាភិបាល និតីកាលទី៧នៃរដ្ឋសភា ដល់ ខែមេសា ឆ្នាំ ២០២៥ នេះ, រោងចក្រសហគ្រាស បានកើនដល់ចំនួន ៤៥ ៣៨៦ សហគ្រាស ធៀបនឹងខែកញ្ញាឆ្នំា២០២៣ មានចំនួន ៤៣០០ ហើយកម្មករនិយោជិតបានកើនពីប្រមាណ ១,៦៥ លាននាក់ ដល់ប្រមាណ ១,៨៧ លាននាក់ និង ដែលអាចផ្តល់ប្រាក់ឈ្នួលជូនបងប្អូនកម្មករនិយោជិតមធ្យមសរុប ប្រមាណ ៥,៩ ប៊ីលានដុល្លារ ក្នុង១ឆ្នាំ ។
យោងតាមសម្រង់ព័ត៌មាន ប្រាក់ឈ្នួលមធ្យមនៅក្នុងតំបន់សដ្ឋកិច្ចពិសេសនៅខេត្តនេះ យើងក៏មានច្រើន ហើយផ្អែកតាមតួលេខនេះ តំបន់សេដ្ឋកិច្ចពិសេសទាំង ៥ ផ្ដល់ប្រាក់ឈ្នួលមធ្យមជាង ១៧៨,៧ លានដុល្លារ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ២]
(២) ពិភពលោកមិនអាចកាត់ផ្ដាច់ពីគ្នាបាន កម្ពុជាគ្មានការចាំបាច់ត្រូវរើសមួយចោលមួយ គឺស្វាគមន៍ទាំងអស់
ចំណុចនេះ កន្លងទៅ ពេលដែលអាមេរិកនិងចិន មានការចរចាគ្នារឿងពាណិជ្ជកម្ម មានអ្នកពេបជ្រាយនិងចោទរដ្ឋាភិបាលខ្មែរថា “រើសយកស្ពៃ (មិនរើស)យកសាច់គោ”។ ខ្ញុំធ្លាប់និយាយម្ដងហើយនៅកំពត “កម្ពុជាយកទាំងអស់ មិនរើសថាប្រទេសណាទេ គឺមិនថាស្ពៃ ឬសាច់គោ មិនថាបង្គា បង្គង កំពឹស មិនថាផ្លែឈើ”។ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ពិតណាស់ ជាការផ្ដួចផ្ដើមរៀបចំដោយរដ្ឋាភិបាលកម្ពុជានិងចិនពិតមែន ប៉ុន្តែក៏មានរោងចក្រសហគ្រាសពីអាមេរិក បារាំង ពីអឺរ៉ុប និងប្រទេសផ្សេងៗ (មកវិនិយោគ)នៅទីនេះ។ យើងយកទាំងអស់ អត់មានប្រកាន់រើសអើងអ្នកណាទេ។ តើយើងរើសអើងធ្វើ បើប្រទេសមហាអំណាចមិនរើសអើងគ្នាផង។ គេធ្វើការជាមួយគ្នា។ ៣អាទិត្យមុន គេចរចាក្ដៅ ឥឡូវចូលមកត្រជាក់។ ពិភពលោកមិនអាចកាត់ផ្ដាច់ពីគ្នាបានទេ។ កម្ពុជាក៏គ្មានការចាំបាច់ត្រូវរើសអ្នកណា ទាត់ចោលអ្នកណាដែរ។ យើងស្វាគមន៍ទាំងអស់។ ដើម្បីអ្វី? ដើម្បីសុខភាពខ្លួនយើង។ បើយើងហូបសាច់សុទ្ធ ក្រែងវាលើស cholesterol លើសខ្លាញ់។ បើយើងហូបបន្លែសុទ្ធ អាចថាខ្វះជីវជាតិ (ជារឿង)មិនល្អ។ អញ្ចឹងយើងយកទាំងពីរ គឺទាំងផ្លែឈើ ទាំងអី្វៗទៀត។ បើយក(តែ)ស្ពៃនិងសាច់គោ មកតែពីរអត់(គ្រប់)ទេ ត្រូវការអំបិល ប៊ីចេង ត្រូវការស្អីសម្រាប់ឱ្យឆ្ងាញ់ថែមទៀត។
(៣) ទាក់ទាញវិនិយោគពីអាមេរិក ចិន ជប៉ុន អឺរ៉ុប … ជំរុញសេដ្ឋកិច្ចជាតិ បង្កើតការងារ និងប្រាក់បៀវត្សជូនប្រជាពលរដ្ឋ
អញ្ចឹងយកមកដើម្បីខ្លួនយើង។ ខ្លួនយើងគឺជាអ្វី? គឺសេដ្ឋកិច្ចជាតិ គឺការងារនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ យើងធ្វើការទាក់ទាញវិនិយោគ មិនថាពីអាមេរិក ចិន ជប៉ុន អឺរ៉ុប យកទាំងអស់។ អាហារផ្លែឈើដាក់ក្នុងខ្លួនយើង ដើម្បីយើងជំរុញសេដ្ឋកិច្ចជាតិយើង បង្កើតការងារ ជួយជំរុញប្រាក់បៀវត្សជូនបងប្អូនរបស់យើងឱ្យបានច្រើន។ ជាសក្ខីភាពជាក់ស្ដែង ៣ម៉ឺននាក់ជាងអង្គុយនៅទីនេះ មិនមែនទៅជប់៣ ម៉ឺននាក់ជាងមកពីណា ហើយពាក់ផ្លាកជាកម្មករ/ការិនីនោះទេ។ ទាំងអស់ធ្វើការនៅទីនេះ និងបានផលពីការប្រកាន់នយោបាយយកទាំងសាច់គោទាំងស្ពៃ ទាំងបន្លែគ្រប់មុខ ទាំងផ្លែឈើ ដើម្បីឱ្យមានគ្រប់ជីវជាតិ កម្លាំងកាន់តែរឹងមាំ ការងារកាន់តែកើន បៀវត្សកាន់តែកើនតទៅទៀត … នេះជាអ្វីដែលរាជរដ្ឋាភិបាលបានធ្វើ។ ថែមពីលើនោះ រាជរដ្ឋាភិបាលដាក់បន្ថែមគ្រឿងទេសដើម្បីឱ្យបន្លែផ្លែឈើ (និង)អាហារហ្នឹងកាន់តែឆ្ងាញ់ កាន់តែមានជីវជាតិ កាន់តែល្អ។
(៤) ដាក់ចេញគោលនយោបាយគាំពារសង្គម សុខភាពមាតាទារក បណ្ដុះបណ្ដាលជំនាញ ដើម្បីរកបានការងារ បង្កើនប្រាក់ចំណូល និងច្បាប់ការពារសិទ្ធិកម្មករ/ការិនី
បានន័យថា រដ្ឋាភិបាលរៀបចំនិងដាក់ចេញគោលនយោបាយសុខភាព គាំពារសង្គម សុខភាពមាតាទារក គោលនយោបាយបណ្ដុះបណ្ដាលឱ្យបងប្អូន(មានជំនាញ)កាន់តែល្អ។ បានន័យថា បងប្អូនមិនត្រឹមតែរកបានការងារទេ មិនត្រឹមតែបង្កើន(ប្រាក់ចំណូល)នៅទីនេះទេ តែនៅបានរៀបចំច្បាប់ការពារសិទ្ធិ អនុញ្ញាតឱ្យមានសហជីព ប្រតិភូបុគ្គលិកធ្វើការការពារ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងការងារ ដោះស្រាយបញ្ហាដែលប្រឈមបើសិនជាមានវិវាទផ្សេងៗ។ រៀបចំ ប.ស.ស ពេលឈឺ ទាំងគ្រោះថ្នាក់លើការងារ និងថែទាំសុខភាព។ គិតគូរទៅលើថ្លៃសេវានៃការដឹកជញ្ជូន, រៀបចំស្ដង់ដារអាហារដ្ឋានក្នុងកន្លែងអោយមានអនាម័យ។ គិតគូរទៅដល់ទារក គ្រាន់តែមានផ្ទៃពោះរដ្ឋាភិបាលផ្ដល់បន្ថែមនូវប្រាក់ឧបត្ថម ការគាំពារ រហូតដល់កូនអាយុពីរឆ្នាំ។ ពេលឆ្លងទន្លេគិតគូរម្នាក់៤០ម៉ឺន, (ភ្លោះ)ពីរនាក់៨០ម៉ឺនរៀល។ មិនដឹងយ៉ាងម៉េច ខ្ញុំទៅតំបន់ភ្នំភាគច្រើន ឃើញមានកូនសុទ្ធតែស្រី។ ដល់មកតំបន់សមុទ្រ កូនភាគច្រើនសុទ្ធតែប្រុស។ អញ្ចឹងប្រហែលជាត្រូវធ្វើឱ្យមានល្បាយនឹងគ្នាហើយ។ ទាល់តែអ្នកភ្នំការជាអ្នកសមុទ្រ។ ទោះជាយ៉ាងណា កូនប្រុសឬកូនស្រីក៏ជាកូនរបស់យើង។ កន្លែងរបស់យើង។
(៥) ចេញគោលនយោបាយថ្មីៗ ជូនប្រជាពលរដ្ឋ កម្មករ/ការនី ជាការថ្លែងអំណរគុណចំពោះការទុកចិត្ត និងឱកាសអោយដឹកនាំនិងបម្រើច្រើនអាណត្តិមកនេះ
ទីនេះ បើតាមមើលប្រវត្តិ ក៏ធ្លាប់ជាកន្លែងមានវាយគ្នាដែរ។ ខ្មែរក្រហមធ្លាប់ចូលមកវាយឆ្មក់នៅទីនេះ រហូតដល់ដុតសាលាឃុំ បិតត្រាង នៅឆ្នាំ ១៩៩០ជាង។ មិននឹកស្មានថាថ្ងៃនេះ យើងអាចមកអង្គុយដោយសុវត្ថិភាព និងសន្តិភាព។ រោងចក្រនិងការងារម្ចាស់ការឯករាជ្យខ្លួនឯង។ ក្នុងមួយសប្ដាហ៍នេះ ខ្ញុំទៅតែ(តំបន់ដែលធ្លាប់ប្រយុទ្ធគ្នា) ប៉ុន្តែយើងមិនអាចនិយាយថា(មានកន្លែងអត់ធ្លាប់ប្រយុទ្ធគ្នាទេ)។ នៅទូទាំងប្រទេសសុទ្ធតែជាកន្លែងអតីតសង្គ្រាមរួចទៅហើយ គ្រាន់តែកន្លែងខ្លះជាអតីតសង្គ្រាមក្ដៅជាងកន្លែងខ្លះ។ ដូចទៅវាលវែងអញ្ចឹង កន្លែងវាយគ្នាស៊ីសាច់ហុតឈាម។ ម្សិលមិញទៅឱរ៉ាល់ ក៏ជាតំបន់ស៊ីសាច់ហុតឈាម។ កន្លែងនេះ វាយតិចឬច្រើននៅតែជាកន្លែងធ្លាប់ស៊ីសាច់ហុតឈាមគ្នា។ វាយឆ្មក់ដុតផ្ទះ សាលារៀន របស់ប្រជាជន។ បងប្អូនដែលកើតក្រោយសង្គ្រាម ប្រហែលជាមិននឹកស្មាននិងជឿថាមានគេដុតសាលាឃុំទេ។ សាលាឃុំ បិតត្រាង ឥឡូវល្អ។ មិននឹកស្មានថាកន្លែងហ្នឹងពីមុនមានការវាយគ្នានិងដុតបំផ្លាញទេ។ អ្នករោងចក្រនៅកន្លែងនេះ មិនជឿនិងនឹងស្មានថាគេធ្លាប់ចូលដល់វាយគ្នា ដុតផ្ទះទេ។
អតីតកាលជារឿងមួយ។ បច្ចុប្បន្នកាល យើងឈានមកដល់ថ្ងៃនេះ ត្រូវរួមគ្នាសប្បាយរីករាយកសាងសមិទ្ធិផលបន្ថែមទៀត។ ចាប់យកគ្រប់ដៃគូ រួមទាំងលើកទឹកចិត្តវិនិយោគក្នុងប្រទេស ចេញគោលនយោបាយថ្មីៗ ជូនប្រជាពលរដ្ឋ និងកម្មករ/ការនីដើម្បីជាការថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ រួមទាំងបងប្អូនកម្មករ/ការនី នៅក្នុងការផ្ដល់ការទុកចិត្តនិងឱកាសអោយគណបក្សប្រជាជនបានដឹកនាំនិងបម្រើប្រជាពលរដ្ឋច្រើនអាណត្តិមកនេះ។ ជាពិសេស កាលពីឆ្នាំ២០២៣ កន្លងទៅ បានគាំទ្រឆ្នោតភ្លូកទឹក/ដី ឱ្យគណបក្សប្រជាជនកម្ពុជាបន្តបម្រើប្រជាជនតទៅទៀត។ គ្មានអីដែលល្អឥតខ្ចោះទេ បងប្អូន។ យើងទទួលស្គាល់ចំណុចអវិជ្ជមាន តែយើងក៏ទទួលស្គាល់ថាយើងមានចំណុចវិជ្ជមានច្រើន។ ជាក់ស្ដែងជាង ៣ម៉ឺន ៣ពាន់នាក់នៅកន្លែងនេះ មិនមែនកើតឡើងដោយទេវតាជប់ទេ។ គឺកើតឡើងដោយការដាក់ចេញគោលនយោបាយរវាង សម្ដេចតេជោអតីតនាយករដ្ឋមន្ត្រី ជាមួយថ្នាក់ដឹកនាំចិន រើសទីតាំងនេះកាលពីឆ្នាំ២០០៨ ជាតំបន់សេដ្ឋកិច្ចពិសេស ទើបបានយើងមាន៣ម៉ឺននាក់ជាងមានការងារធ្វើនៅទីនេះ។ មិនមែនដោយសារចៃដន្យនោះទេ។ គឺដោយសារការខិតខំ។
(៦) ពង្រឹងខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ចទី២ ដោយពង្រឹងផ្លូវដែក ព្រែកជីកហ្វូណនតេជោ ផ្លូវជាតិ ផែនការមេជំរុញអភិវឌ្ឍខេត្តជាប់សមុទ្រ និងពង្រឹងកំពង់ផែ
ទោះបីគេជេរ គេដៀលថាយកស្ពៃចោលអ្វីៗផ្សេងក៏ដោយ តែយើងមិនឈឺក្បាល។ អ្វីដែលយើងឈឺក្បាល គឺតើបងប្អូនរាប់ម៉ឺននាក់បានការងារធ្វើល្អឬនៅ? បានបៀវត្សរ៍ថែម តិចឬច្រើន។ យើងបន្តទៅទៀត។ ពេលមានការឈឺថ្កាត់ មាន ប.ស.ស មានការគាំពារឬទេ? ទៅមុខ យើងខិតខំពង្រីកថែមទៀត ឲ្យតំបន់នេះកាន់តែមានការងារច្រើនជូនបងប្អូនខ្មែរយើង។ នេះគឺជាអ្វីដែលយើងឈឺក្បាល។ បើមិនល្អ ត្រូវខិតខំដោះស្រាយ … ថ្ងៃនេះ កំណើនជាបន្តបន្ទាប់នៅតំបន់សេដ្ឋកិច្ចពិសេសនេះ ជាកោសិកាមួយនៃការពង្រឹងខេត្តព្រះសីហនុ ដែលជាប៉ូលទី២ នៃសេដ្ឋកិច្ចយើង បន្ទាប់ពីភ្នំពេញជាប៉ូលទី១។ យើងកំពុងតែតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធបន្ថែម តាមរយៈការពង្រឹងផ្លូវដែក ការជីកព្រែកហ្វូណន-តេជោ ការធ្វើផ្លូវជាតិ៤៨ ផ្លូវជាតិលេខ១០ ភ្ជាប់ទៅប៉ូលទី៥ ការរៀបចំផែនការមេជំរុញ(ការអភិវឌ្ឍតាមបណ្តា)ខេត្តជាប់មាត់សមុទ្រ ជាពិសេសខេត្តព្រះសីហនុនេះ ហើយការពង្រឹងកំពង់ផែដើម្បីឲ្យកប៉ាល់ដឹកជញ្ជូនកាន់តែច្រើនចូលមកដល់កម្ពុជា បានជាផលដល់ការកាត់បន្ថយថ្លៃដឹកជញ្ជូន។
(៧) អាចដឹកទំនិញត្រង់រវាងWu Xi/ចិននិងកម្ពុជា សន្សំបានពី ៧ទៅ ១០ថ្ងៃ និងកាត់បន្ថយតម្លៃដឹកជញ្ជូនពី២០%ទៅ៣០%
ឥឡូវ កំពង់ផែយើងមានជំរៅ ១១ម៉ែត្រកន្លះ។ យើងកំពុងស្ដារ។ កប៉ាល់ចូលមកទីនេះបានតែ៤៥% ទេ។ កប៉ាល់មួយចំនួនត្រូវឈប់នៅ Laem Chabang ដើម្បីផ្ទេរឥវ៉ាន់។ មួយចំនួនទៀតឈប់នៅផែ Cai Mep និងផែសិង្ហបុរី ទើបប្ដូរកប៉ាល់តូចដឹកមក។ ឥឡូវបន្តិចម្ដងៗ យើងនឹងឈានទៅដល់ដំណាក់កាលទី១ នៃការធ្វើឱ្យផែមានជំរៅដល់ ១៤ម៉ែត្រកន្លះ ដែលនឹងអាចនឹងឲ្យ៩៣% នៃកប៉ាល់ប៉ាស៊ីហ្វិកចូលមកដល់ ហើយនៅឆ្នាំ២០៣០ យើងអាចទទួលកប៉ាល់ទូទាំងពិភពលោកចូលបាន លែងពឹងការចូលចតកន្លែងផ្សេងសិន … ជាក់ស្ដែង កាលពីថ្ងៃទី១៨ ប៉ុន្មានថ្ងៃមុននេះ មានកប៉ាល់មួយរួចហើយមកពីផែ Wu Xi ប្រទេសចិន ដឹកទំនិញចូលត្រង់មកកម្ពុជា។ ពីមុន អត់ចូលមកបានទេ គឺចូលទៅ Laem Chabang សិន។ ចំណាយពេល៧ ទៅ១០ ថ្ងៃ ដើម្បីផ្ទេរឥវ៉ាន់ និងដឹកមកយើង។ ឥឡូវ កប៉ាល់នេះបានចូលត្រង់មកដល់យើង។ ឯកឧត្ដម ឯកអគ្គរដ្ឋទូតចិន ក៏បានបញ្ចេញសារ។
បានន័យថាដឹកពីចិនត្រង់មកយើង ដឹកពីយើងត្រង់ទៅចិនតែម្ដង ដោយមិនចាំបាច់ពឹងផែប្រទេសជិតខាង ដោយសារ(តែមូលហេតុថាផែគេមាន)ជម្រៅទឹកជ្រៅ ឯផែយើងមានជំរៅទឹករាក់។ ឥឡូវអាចចូលបានបណ្ដើរៗ។ ដឹកមកនេះ សន្សំទីមួយពេលវេលាពី ៧ទៅ ១០ថ្ងៃ។ សន្សំទីពីរ កាត់បន្ថយតម្លៃដឹកជញ្ជូនពី Wu Xi មកខេត្តព្រះសីហនុពី២០% ទៅ៣០%។ បានន័យថា បើចំណាយ ១លានដុល្លារ យើងសន្សំបានពី២០ ទៅ៣០ម៉ឺនដុល្លារក្នុងមួយជើង។ នេះជាការជួយកាត់បន្ថយថ្លៃដឹកជញ្ជូន។ ដល់តែថ្លៃដឹកជញ្ជូនកាន់តែថយ កប៉ាល់កាន់តែច្រើន អញ្ចឹងធ្វើឲ្យទំនិញចេញចូលកាន់តែកើន។ នេះជាការអភិវឌ្ឍប្រទេសដែលវាប្រទាក់ក្រឡាគ្នា។ បើសេដ្ឋកិច្ចយើងកាន់តែកើន ការងារកាន់តែរីកថែមទៀត។ ពីមួយម៉ឺននាក់មកជាង ១១ម៉ឺននាក់ នៅខេត្តព្រះសីហនុ។
(៨) ដាក់ “កំពង់សោម” ជាឈ្មោះក្រុងមួយទៀត នៅខេត្តព្រះសីហនុ
ចេះតែច្រឡំ(ហៅថា)ខេត្តកំពង់សោម។ ឥឡូវ ដើម្បីកុំឲ្យបាត់ឈ្មោះកំពង់សោម (យើង)បង្កើតក្រុងកំពង់សោមមួយទៀត។ ទុកឈ្មោះដើម។ ពីមុនខេត្តព្រះសីហនុ បានប្តូរទៅខេត្តកំពង់សោម។ ឥឡូវកុំឲ្យបាត់ទាំង២ ដាក់ “កំពង់សោម” ជាឈ្មោះក្រុងមួយតែម្តង។ ទោះជាយ៉ាងណាក៏ដោយ ខេត្តយើងមិននៅដដែលនឹងទេ។ ក្រុងយើងមិននៅដដែលនឹងទេ។ បើសិនជាយើងរក្សាបានសន្តិភាព បើសិនជាយើងរក្សាបានសេ្ថរភាពសេដ្ឋកិច្ច បើសិនជាយើងនៅតែមានគោលនយោបាយត្រឹមត្រូវ មានចីរភាព ខេត្តនិងកន្លែងនីមួយៗ នឹងបន្តរីកចំរើនតទៅទៀត។ ពីមុនយើងមានអ្នកមានការងារនិងការបង្កើតការងារនៅខេត្តព្រះសីហនុមួយម៉ឺននាក់។ ឥឡូវយើងមានជាង ១០ម៉ឺននាក់។ ១០ឆ្នាំទៀត យើងអាចឡើងដល់ ៥០ម៉ឺននាក់។ ប្រជាពលរដ្ឋនៅទីនេះ កាន់តែមានភាពរីកចម្រើនប្រទាក់ក្រឡាកាន់តែច្រើន។ នេះជាការអភិវឌ្ឍប្រទេស ដែលមានដំណើររីកចំរើនបន្តិចម្តងៗ។ យើងមិនអួត។ យើងនិយាយត្រង់។ យើងមិនបានភូតកុហក។ ប៉ុន្តែ យើងនិយាយអ្វីដែលយើងអាចធ្វើបាន។ តិចឬច្រើន យើងសប្បាយរីករាយ។
(៩) រាជរដ្ឋាភិបាលចាក់ចំណូល ១៧៨លាន ក្នុងតំបន់សេដ្ឋកិច្ច៥ ក្នុងហោប៉ៅប្រជាពលរដ្ឋ
១លាន ៨សែន នៅទូទាំងប្រទេស មិនតិចទេ។ ១១ម៉ឺននាក់ក៏មិនតិចដែរ ព្រោះបើគ្រាន់តែអង្គុយនេះ ៣ម៉ឺននាក់។ ហើយ ៣ម៉ឺននាក់នេះត្រូវចិញ្ចឹមប៉ុន្មានសែននាក់តទៅទៀត។ ជាកម្មករ/ការិនីម្នាក់ អាចចិញ្ចឹមកូន អាចចិញ្ចឹម ឪពុកម្តាយ អាចចិញ្ចឹមទាំងអ្នកផ្សារ ព្រោះត្រូវទិញបន្លែ ផ្លែឈើពីអ្នកផ្សារ ឬមួយក៏ធ្វើការងារផង នៅផ្ទះដាំបន្លែ ដាំស្រូវខ្លួនឯង? អញ្ចឹងគឺកម្មករ ចិញ្ចឹមកសិករ ចិញ្ចឹមអ្នកនេសាទ។ អញ្ចឹង នេះគឺផលជាចំណូល ១៧៨លាន ក្នុងតំបន់សេដ្ឋកិច្ច៥ ដែលរាជរដ្ឋាភិបាលបានយកមកចាក់ក្នុងហោប៉ៅប្រជាពលរដ្ឋនៅទីនេះ។ ខ្ញុំគិតថាអ្នកដែលជាប់ពន្ធប្រាក់បៀវត្សមានចំនួនតិចបំផុត។ ដូចនេះ ប្រាក់បៀវត្សទាំងអស់ទុកក្នុងហោប៉ៅបងប្អូនទាំងអស់ ដោយរដ្ឋមិនយកពន្ធទេ ថែមទាំងរដ្ឋចេញឲ្យថែមទៀត តាមរយៈ បសស តាមរយៈនិយោជកចេញឲ្យ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្តីមានផ្ទៃពោះទៅដល់ទារក ២ឆ្នាំ។ យើងខិតខំដំឡើងបៀវត្សជាបណ្តើរៗ តិចឬច្រើន។ ដូចឯកឧត្តម ហេង សួរ និយាយពេលដែលសេដ្ឋកិច្ចធ្លាក់ចុះខ្លាំង ប្រទេសខ្លះអត់ដំឡើងទេ។ ប្រទេសខ្លះកាន់តែថយទៀត ដោយសារបើកប្រាក់ជារូបិយប័ណ្ណរបស់ប្រទេស ហើយ(អត្រាប្តូរប្រាក់)ធ្លាក់ចុះ។ ប៉ុន្តែនៅកម្ពុជា តិចឬច្រើន យើងបានធ្វើការដំឡើងជាប្រចាំ គិតគូរនិងខិតខំការពារផលប្រយោជន៍បងប្អូន ហើយខិតខំពង្រីកបន្ថែមកំណើនសេដ្ឋកិច្ចដែលពឹងផ្អែកលើការពង្រីកការងារ និងបង្កើតការងារកាន់តែល្អជូនបងប្អូន ព្រមជាមួយនឹងលក្ខខណ្ឌការងារ …។
[ចប់អធិប្បាយបន្ថែម២]
ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនិងយូរអង្វែងរវាងកម្ពុជា-ចិន, ដែលបានវិវត្តចាប់ពី “កិច្ចសហប្រតិបត្តិការភាពជាដៃគូគ្រប់ជ្រុងជ្រោយ” រហូតមកដល់ “កិច្ចសហ–ប្រតិបត្តិការត្បូងពេជ្រ” សំដៅកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មីគ្រប់រដូវកាល ក៏ជាកម្លាំងចលករដ៏សំខាន់បំផុត ដែលមិនអាចខ្វះបាន ក្នុងការជំរុញឱ្យយើងទទួលបានសមិទ្ធផល, ភាគជោគជ័យរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និង ការរីកចម្រើនទូទាំងខេត្តព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។
មិត្តចិន តែងតែជួយគាំទ្រដល់កម្ពុជា នៅគ្រប់កាលៈទេសៈ និង គ្រប់វិស័យ ។ ទំនាក់ទំនងកម្ពុជា-ចិន បានសាងឡើងដោយឈរលើមូលដ្ឋាននៃទំនុកចិត្តផ្នែកនយោបាយ និង ការគោរពគ្នាទៅវិញទៅមក ចំពោះឯករាជ្យភាព និង អធិបតេយ្យភាព បានបន្តរីក-ចម្រើនកាន់តែរឹងមាំឡើងៗ និងបានវិវឌ្ឍទៅជាមិត្តភាពដែកថែប ដែលត្រូវបានគាំទ្រដោយការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញាប់ រួមទាំងការប្រាស្រ័យទាក់ទងជាយុទ្ធ-សាស្ត្រ ។ នាជំនួបក្នុងអំឡុងទស្សនកិច្ចផ្លូវរដ្ឋ កាលពីខែ មេសា ឆ្នាំ ២០២៥, ខ្ញុំ និង ឯកឧត្តម ស៊ី ជីនពីង មិនត្រឹមតែបានបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តឥតងាករេ ចំពោះទំនាក់ទំនងមិត្តភាពដែកថែបកម្ពុជា-ចិន ប៉ុណ្ណោះទេ, ប៉ុន្តែ ថែមទាំងបានពង្រឹង និង ធ្វើឱ្យស៊ីជម្រៅថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និង កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រវាងប្រទេសទាំងពីរ ។
មិត្តចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត និង ជាប្រភពដ៏សំខាន់បំផុតនៃការវិនិយោគរបស់កម្ពុជា។ ជំហររបស់កម្ពុជាចំពោះមិត្តចិន គឺប្រកាន់ខ្ជាប់ឥតងាករេចំពោះនយោបាយចិនមួយ និង គាំទ្រគំនិតផ្តួចផ្ដើមខ្សែក្រវាត់ និង ផ្លូវ និងគំនិតផ្តួចផ្តើម ផ្សេងៗទៀត ។ ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំសូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ប្រទេសចិន និង ខេត្តជាំងស៊ូ តាមរយៈ ឯកឧត្តម ស៊ី ឃុនលីន, ឯកឧត្តម វ៉ាង វិនពីន, និង លោក ចូវ ហៃជាំង (Zhou Haijiang) ម្ចាស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ ចំពោះការគាំទ្រ និង ជ្រោមជ្រែងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ។
នៅទីនេះ, ការកកើត និង ដំណើរវិវត្តនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាភស្តុតាងជាក់លាក់ ដែលមិនអាចប្រកែកបាន អំពីផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរបស់កម្ពុជា-ចិន ។
ក្រោមម្លប់នៃសុខសន្តិភាព និង ក្នុងនីតិកាលទី ៧ នៃរដ្ឋសភានេះ, រាជរដ្ឋាភិបាល បានដាក់ចេញនូវ គោលការណ៍យ៉ាងច្បាស់លាស់ ក្នុងការបង្កើតឱកាសការងារ មិនថានៅក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធនោះទេ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានលទ្ធភាពទទួលបានការងារកាន់តែច្រើន និងកាន់តែល្អប្រសើរ ព្រមទំាងមានចំណូលកាន់តែខ្ពស់, ។ រាជរដ្ឋាភិបាលមិនត្រឹមតែមានមហិច្ឆតាទាក់ទាញទុនវិនិយោគមកអភិវឌ្ឍសេដ្ឋកិច្ច, បង្កើតរោងចក្រសហគ្រាស និង ការងារជូនបងប្អូនប្រជាពលរដ្ឋនោះទេ, តែរាជរដ្ឋាភិបាលក៏មានមហិច្ឆតាបង្កើត និងពង្រីកឱ្យមានភាពសុខសាន្តនៅគ្រប់ទីតាំងរោងចក្រសហគ្រាសផងដែរ ។
ការចូលរួមយ៉ាងសកម្មរបស់បងប្អូនកម្មករនិយោជិត គឺជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការជំរុញការកសាងជាតិដ៏ខ្លាំងក្លារឹងមាំមួយ, ពោល គឺការធ្វើយុវកម្មប្រជាជាតិឱ្យក្លាយជាប្រទេសមានការអភិវឌ្ឍពេញលេញ និង ស្រស់បំព្រងមួយ ។ បងប្អូនកម្មករនិយោជិត ពិតជាបានចូលរួមចំណែកយ៉ាងពិតប្រាកដ ក្នុងបុព្វហេតុដ៏ធំធេងនៃការកសាងជាតិគ្រប់ដំណាក់កាល ។ សុខទុក្ខរបស់បងប្អូនកម្មករនិយោជិត គឺជាសុខទុក្ខរបស់ខ្ញុំជានិច្ច ។
ក្រៅពីភស្តុតាងជាក់ស្តែង ដែលបងប្អូនកម្មករនិយោជិត បានឃើញ និងបានទទួល អម្បាញ់មិញនេះ
[ចាប់ផ្តើមសេចក្តីអធិប្បាយ៣]
(១០) “ជំហានគីង្គក់ក៏ដោយ ឲ្យតែលោតទៅមុខ លោតចំទិសដៅ” ដោយរួមគ្នាថែរក្សានិងបង្កើតការងារឲ្យបានច្រើនជូនកម្មករ/ការិនី និយោជិក
ឯកឧត្តម ហេង សួរ បានរៀបរាប់សង្ខេបអំពីលទ្ធផលដែលយើងបានអនុវត្តប្រកបដោយជោគជ័យនូវអនុសាសន៍១០ ចំណុចគន្លឹះៗ ដែលខ្ញុំបានណែនាំឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈធ្វើ។ ខ្ញុំមិនបាច់រំលឹកឡើងវិញទេ។ សូមអរគុណនិងកោតសរសើរចំពោះឯកឧត្តម ហេង សួរ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានខិតខំសម្រេចកិច្ចការនេះ និងត្រូវបន្តធ្វើការងារសេសសល់ ដើម្បីឲ្យយើងកាន់តែរីកចម្រើនបន្តទៀត ហើយកាន់តែបានសមិទ្ធផលបន្ថែមទៀតជូនបងប្អូន កម្មករ/ការិនីរបស់យើងនៅទូទាំងប្រទេស។ ជំហានគីង្គក់ក៏បាន ឲ្យតែលោតទៅមុខ កុំលោតថយក្រោយ ហើយលោតចំទិសដៅ កុំលោតធ្លាក់ជ្រោះស្លាប់។ មិនជាការងាយទេ ដែលទាញវិនិយោគ បង្កើតភាពទុកចិត្ត។ ត្រូវថែរក្សាឲ្យបាន ត្រូវធានាឲ្យបាន ត្រូវបន្តបញ្ជូនសមិទ្ធផលតិចៗក៏ដោយបន្តទៅមុខ។ យើងអ្នកធ្វើមិនស្រួលទេ។ អ្នកថាលឿនណាស់។ នៅទីនេះ បងប្អូនមួយថ្ងៃៗ ពីព្រឹកទាល់តែល្ងាច ទម្រាំតែដេរខោអាវបានចំនួននេះឬនោះ។ អ្នកខ្លះគ្រាន់តែឈរមើល ថាខ្លួនធ្វើតែមួយភ្លែត ឬមួយម៉ោងបានប៉ុណ្ណេះឬប៉ុណ្ណោះ។
តែយើងត្រូវមោទនភាពនូវអ្វីដែលយើងធ្វើបាន ហើយរួមគ្នាថែរក្សានិងបង្កើតបន្ថែមទៀត ជូនប្រទេសជាតិ ប្រជាជនរបស់យើង ជាពិសេសនៅក្នុងវិស័យការងារ គឺកម្មករ/ការិនី និយោជិករបស់យើងឲ្យបានច្រើន។ សូមបន្តធ្វើកិច្ចការនេះ។ គណៈអធិបតី បងប្អូន កម្មករ និយោជិក ក្នុងរយៈពេលទស្សវត្សរ៍កន្លងមកនេះ តំបន់នេះបានដើរតួនាទីសំខាន់ក្នុងការបង្កើតសុខដុមភាវូបនីយ៍កម្មនិងជីវភាពសេដ្ឋកិច្ចរបស់ជាតិរបស់យើង។ ថ្ងៃនេះ ខ្ញុំមិនមានអីច្រើនទេ។ ដោយសារបងប្អូនមកតាំងពីម៉ោង ២ផង ហើយឥឡូវមេឃក៏កាន់តែស្រទុំទៀត ពេលវេលាកាន់តែត្រជាក់ល្ហើយជាងកង្ហារនៅក្នុងរោងផង។ យើងមិននៅយូរទេ។ សារដែលត្រូវនិយាយ ក៏និយាយអស់ហើយ។ សារជាក់ស្តែង បងប្អូនឃើញហើយ។ ៣ម៉ឺនកន្លែង ៣ម៉ឺននាក់មានការងារ។ ការងារអ្នកដែលចូលពីកន្លែងតិចមកកន្លែងច្រើន ក្នុងរយៈពេល ១០ឆ្នាំជាងនេះ។ បានហើយផលអីខ្លះអត្ថប្រយោជន៍អីខ្លះ។
(១១) រដ្ឋាភិបាលរៀបចំខេត្តព្រះសីហនុ និងខេត្តជាប់សមុទ្រជាកម្លាំងម៉ាស៊ីនរឹងមាំគ្រប់វិស័យ សម្រាប់សេដ្ឋកិច្ចជាតិ
អញ្ចឹងខ្ញុំគ្រាន់តែមកអបអរសាទរ ឯកឧត្តម អភិបាលខេត្តជាំងស៊ូ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតក៏បានមកចូលរួមសាក្សីទាំងអស់គ្នា។ ឯកឧត្តម អ្នកឧកញ៉ា ថ្នាក់ដឹកនាំជាតិ ទាំងស្ថាប័ននីតិបញ្ញត្តិ និតីប្រតិបត្តិ ក៏បានចូលរួមនៅទីនេះ។ ក្រុមការងារចុះជួយខេត្តព្រះសីហនុក៏បានមកចូលរួមដើម្បីអបអរសាទរ។ សូម្បីតែទេវតាក៏អបអរសាទរជាមួយយើង។ អញ្ចឹងថ្ងៃនេះគឺយើងសង្ឃឹមថា មូលដ្ឋាន២០០ រោងចក្រនេះ នឹងឈានទៅដល់៣០០ ក្នុងពេលឆាប់ៗខាងមុខទៀត។ ៣០០រោងចក្រ និង ៣ម៉ឺននាក់ ក្លាយទៅជា ៤ម៉ឺន ៥ម៉ឺននាក់នៅទីនេះ ឲ្យកាន់តែច្រើនតទៅទៀត។ បើកន្លែងនេះពេញ អាចរកទីតាំងផ្សេងទៀត ដាក់ឈ្មោះដដែលក៏បានដែរ ព្រោះរោងចក្រអត់អាចធ្វើដូចផ្ទះទេ។ ផ្ទះធ្វើ ២០ ជាន់ រោងចក្រមិនបាច់ធ្វើ ២០ជាន់ទេ។ តែទោះជាយ៉ាងណា សម្រាប់ខេត្តព្រះសីហនុ រដ្ឋាភិបាលបានដាក់គោលនយោបាយបន្តបន្ទាប់។ ឥឡូវកំពុងតែគិតគូរប្រែក្លាយកន្លែងនេះ ពីយន្តការក្នុងផែនការរៀបចំតំបន់សេដ្ឋកិច្ចពិសេស ឬមួយតំបន់ពាណិជ្ជកម្មពិសេសផ្សេងៗ ទៅថ្ងៃអនាគត ធ្វើយ៉ាងណាឲ្យខេត្តព្រះសីហនុ និងខេត្តជាប់សមុទ្រទាំងអស់ក្លាយទៅជាកម្លាំងម៉ាស៊ីនកាន់តែរឹងមាំ សម្រាប់សេដ្ឋកិច្ចជាតិឲ្យកាន់តែល្អប្រសើរគ្រប់វិស័យ។
[ចប់អធិប្បាយបន្ថែម៣]
មុននឹងបញ្ចប់, ខ្ញុំសូមសម្តែងការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, រដ្ឋបាល-ខេត្តព្រះសីហនុ, ប្រធាន និង គណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និង គ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំសម្រេចបាននូវលទ្ធផលការងារគួរជាទីមោទនៈ ។ ជាថ្មីម្តងទៀត, ខ្ញុំសូមថ្លែងអំណរគុណ ឯកឧត្តម ស៊ី ឃុនលីន, ឯកឧត្តម វ៉ាង វិនពីន, និងលោក ចូវ ហៃជាំង ចំពោះចំណងមិត្តភាពដែកថែក និងតំបន់ត្បូងពេជ្រ និង ការគាំទ្រដ៏ពន់ពេកចំពោះការអភិវឌ្ឍតំបន់សេដ្ឋកិច្ចនេះ ក៏ដូចជា ឯកឧត្តម លោកជំទាវ, លោក លោកស្រី, គ្រប់លំដាប់ថ្នាក់, បងប្អូននិយោជិតទាំងអស់ ដែលបានខិតខំរួមគ្នាកសាង ថែរក្សា និង បង្កើនផ្លែផ្លានៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
ជាទីបញ្ចប់, ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ, លោកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា, លោក លោកស្រី, បងប្អូនកម្មករនិយោជិត, សហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និង សមាជិក សមាជិកា នៃអង្គពិធី, សូមសម្រេចបានជោគជ័យគ្រប់ភារកិច្ច ក្រោមម្លប់សុខសន្តិភាព និង សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាត ។
[ចាប់ផ្តើមអធិប្បាយបន្ថែម៤]
ថ្ងៃនេះសំរាប់បងប្អូន កម្មករ/ការិនី និយោជិក ៣១ ៣៦០ នាក់ ម្នាក់ៗ ថវិកា ២ ម៉ឺនរៀល/នាក់ និង អាហារសំរន់មួយកញ្ចប់ម្នាក់, ស្ដ្រីមានផ្ទៃពោះ ៧៥១ ថវិកា ២០០ ដុល្លា/នាក់ ហើយថ្ងៃនេះមកមានអ្នកឆ្លងទន្លេពីរនាក់ ព្រឹកមិញម៉ោង៥ បានកូនប្រុស ហើយម្នាក់ទៀតត្រៀមសំរាលបានកូនស្រី។ អញ្ចឹងសូមថែមឲ្យម្នាក់ ២ លានរៀល បន្ថែមទៀត។ សូមអបអរសាទរ។ អញ្ចឹង ខ្ញុំសូមអរគុណណាស់។ សូមធ្វើដំណើរត្រឡប់ទៅវិញដោយសុខសុវត្ថិភាពល្អ ជូនពរបន្ថែមទៀត។ សូមអរគុណ៕