ឯកឧត្តម លោកជំទាវ សមាជិក ព្រឹទ្ធសភា រដ្ឋសភា សមាជិក រាជរដ្ឋាភិបាល
លោក Li Qiangfeng អគ្គនាយកក្រុមហ៊ុន ខនស៍-ខេធី ស៊ីមេន
គណៈអធិបតី ភ្ញៀវកិត្តិយស លោកគ្រូអ្នកគ្រូ ក្មួយៗសិស្សានុសិស្ស
កម្មករ កម្មការិនីរោងចក្រផលិតស៊ីម៉ងត៍នៃក្រុមហ៊ុន ខនស៍-ខេធី ស៊ីមែន
អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់ជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមក្នុង «ពិធីសម្ពោធដាក់ឱ្យដំណើរការនូវរោងចក្រស៊ីម៉ងត៍ របស់ក្រុមហ៊ុន ខនស៍-ខេធី ស៊ីមេន (ភ្នំពេញ)»នាពេលនេះ។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានមោទនភាពចំពោះការសម្រេចបាននូវសមិទ្ធផលថ្មីមួយទៀត ដែលបានលេចជារូបរាងឡើងក្នុងតំបន់ហោងសំណំ ទឹកដីនៃស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
តាមពិត ផ្លូវជាតិលេខ៤៤ នេះ ខ្ញុំបានធ្វើដំណើរច្រើនដង ទាំងរថយន្ត ទាំងម៉ូតូ ពីច្បារមនទៅដល់ឱរ៉ាល់ ហើយកាត់ទៅខាងថ្ពង និងផ្លូវជាតិលេខ៥។ ប៉ុន្តែ ជាលើកទីមួយហើយដែលបានចូលមកដល់ទីនេះ។ ជិតកាត់ហ្នឹងរហូត តែមិនដឹងថាមានកំណប់នៅខាងក្នុងនេះ។ ទាល់តែចូលមកឃើញថាបានដូចជារីស៊តនៅខាងក្នុងនេះ។ ចូលមកភ្ញាក់។ ក្នុងផែនទី ឃើញរូបដែលគេបាញ់មក។ ដល់ចូលជាក់ស្ដែង (កន្លែងស្អាតជាងរូប)។ ធម្មតា ពេលខ្លះ រូបស្អាតជាងខាងក្រៅ។ ជាពិសេស ម្ហូបអាហារ។ គេ(រូប)ដាក់ម្ហូបមកដូចឆ្ងាញ់ ដល់កុម្មង់មក ខុស(ស្រលះ)។ ដល់នៅទីនេះផ្សេង។ រូបថតមិនសូវស្អាត ដល់មកឃើញជាក់ស្ដែងស្អាត។ ការធ្វើការនៅកន្លែងនេះសម្រាប់កម្មករ កម្មការិនី យើងប្រកបដោយផាសុខភាព។ នេះគឺជាការគិតគូររៀបចំបង្កើតការងារដែលមានទាំងគុណភាព ទាំងបរិមាណ សម្រាប់ប្រជាពលរដ្ឋ។
[ចប់សេចក្ដីអធិប្បាយ១]
ការដាក់ឱ្យដំណើរការនូវរោងចក្រថ្មី ដែលជារោងចក្រទី ២ របស់ ក្រុមហ៊ុនខនស៍ នេះ (រោងចក្រទី ១ ស្ថិតនៅខេត្តបាត់ដំបង) បានផ្តល់ឱកាសឱ្យកម្ពុជាមានលទ្ធភាពកាន់តែច្រើនថែមទៀត និង មានការផ្គត់ផ្គង់ស៊ីម៉ងត៍ដោយខ្លួនឯង ។ រោងចក្រដែលកើតចេញពីការវិនិយោគរួមគ្នា ដោយក្រុមហ៊ុន Conch International Holdings (HK) Limited និង ក្រុមហ៊ុន ខេធី ស៊ីមេន កំពង់ស្ពឺ បានរួមគ្នាដាក់ទុនសរុបចំនួន ២៥០ លានដុល្លារ ជាមួយនឹងសមត្ថភាពផលិតរហូតដល់ ២,២ លានតោន ក្នុងមួយឆ្នាំ សម្រាប់បម្រើឱ្យសេចក្តីត្រូវការ នៅក្នុងប្រទេស និង អាចឈានទៅដល់ការនាំចេញ ។
តាមរយៈរបាយការណ៍របស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល ខ្ញុំព្រះករុណាខ្ញុំ សូមសម្តែងនូវការកោតសរសើរ និង ថ្លែងអំណរគុណ ចំពោះក្រសួង-ស្ថាប័ន និង គ្រប់ភាគីពាក់ព័ន្ធ ជាពិសេស, ក្រសួងរ៉ែ និងថាមពល ដែលបានផ្ដល់កិច្ចសហការយ៉ាងល្អជាមួយ ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ក្នុងការសម្រេចបាននូវសមិទ្ធផល ក្នុងការសាងសង់រោងចក្រផលិតស៊ីម៉ងត៍ថ្មីមួយទៀត។ ទន្ទឹមនេះ, ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ដែលបានដាក់ទុនវិនិយោគសាងសង់រោងចក្រផលិតស៊ីម៉ងត៍ ទី២ របស់ខ្លួន និងជាពិសេស បងប្អូនកម្មករនិយោជិត ដែលបានខិតខំបម្រើការងារប្រកបដោយស្មារតីទទួលខុសត្រូវ នឹងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា នាពេលបច្ចុប្បន្ន និង អនាគត ។
ក្នុងយុគខ្មៅងងឹតនៃរបប ប៉ុល ពត និង សង្គ្រាមស៊ីវិល, សេដ្ឋកិច្ចកម្ពុជា រួមទាំងធនធានមនុស្ស និង ហេដ្ឋារចនាសម្ព័ន្ធនានា ត្រូវបានបំផ្លាញខ្ទេចខ្ទាំលើគ្រប់វិស័យ, រួមទាំងវិស័យរ៉ែ ផងដែរ ។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ពិតមែនតែប្រទេសជាតិត្រូវបានរំដោះចេញពីក្រញាំពួកឃាតករប្រល័យពូជសាសន៍ប៉ុលពតក៏ដោយ, ប៉ុន្តែ សង្គ្រាមស៊ីវិលនៅតែបន្តមាន នៅតាមតំបន់ជាច្រើនក្នុងប្រទេស ដែលតំបន់ទាំងនោះសុទ្ធសឹងជាតំបន់នៃជម្រករ៉ែ ធ្វើឱ្យការស្វែងរុករក និង ការអភិវឌ្ឍ នៅតែមិនអាចដំណើរការបាន។
ក្រោយថ្ងៃ ២៩ ធ្នូ ១៩៩៨ ដែលជាថ្ងៃមហាជោគជ័យនៃ នយោបាយឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាស្ថាបនិកនៃសន្តិភាព, អគ្គមគ្គុទ្ទេសក៍ឯកនៃ «នយោបាយឈ្នះ-ឈ្នះ», ប្រទេសកម្ពុជាចាប់ផ្តើមមានសុខសន្តិភាព, ស្ថិរភាពពេញលេញ, គ្មានតំបន់អបគមន៍, ប្រទេសជាតិត្រូវបានបង្រួបបង្រួម ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលតែមួយ ដែលពុំធ្លាប់មានឡើយក្នុងប្រវត្តិសាស្រ្តកម្ពុជាជាង ៥០០ឆ្នាំកន្លងមកនេះ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
(១) ២០ឧសភា ទិវាចងចាំថាប្រជាពលរដ្ឋរាប់លាននាក់បានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត
អម្បាញ់មិញចូលមក ខ្ញុំជួបជាមួយនឹងពូៗនៅទីនោះ អតីតខ្មែរក្រហម កងពល១៨ នៅទីនេះ។ ឯកឧត្តម លោកជំទាវ អស់លោកលោកស្រី អាចចាប់អារម្មណ៍ថា ថ្ងៃនេះ គឺថ្ងៃទី ២០ ឧសភា។ ពីមុន យើងហៅថា ថ្ងៃចងកំហឹង ប៉ុន្តែគឺជាថ្ងៃនៃទិវាចងចាំ។ គឺចងចាំថាប្រជាពលរដ្ឋរាប់លាននាក់បានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ អញ្ចឹង អត្ថន័យនៃការសម្ពោធសមិទ្ធផលនៅទីនេះគឺភ្ជាប់ទៅនឹងទិវាប្រវត្តិសាស្រ្តនេះផងដែរ។ តើចាំបាច់យើងរំលឹកទេអ្វីដែលបានកន្លងហួសទៅ? តើជាប់ផុងជាមួយអតីតកាលដោយយើងមិនវិវត្តទេឬ? អត់ទេ។ យើងនៅតែដើរទៅមុខ ប៉ុន្តែយើងក៏មិនត្រូវភ្លេចអតីតកាលដ៏ឈឺចាប់ឡើយ។ ថ្ងៃនេះ ជាទិវានៃការរំលឹកដល់ប្រជាពលរដ្ឋដែលបានស្លាប់នៅក្នុងរបបនោះ ប៉ុន្តែក៏ជាទិវាត្រូវចងចាំមូលហេតុដែលមានរបបខ្មែរក្រហមដែរ។
ទីនេះ ពីមុនមកមិនដែលមានសង្រ្គាមទេ។ ពីមុនគឺជាកន្លែងដែលប្រជាពលរដ្ឋរស់នៅ។ ប៉ុន្តែក្រោយឆ្នាំ១៩៧០ (សង្រ្គាមបានផ្ទុះឡើង)។ ពិតណាស់ មានចលនាតស៊ូមួយចំនួន។ ប្រទេសបែកបាក់។ ទីនេះក្លាយជាភូមិសាស្រ្តច្បាំងគ្នាក្ដៅគគុក។ យើងមើលឃើញថា ពីមុនកន្លែងនេះសឹងតែគ្មានសង្ឃឹម។ អម្បាញ់មិញ បានជួបសុទ្ធតែអ្នកកងពល១៨ របស់ឯកឧត្តម កែវ ពង្ស។ ខ្ញុំសួរគាត់ “ពូ! បើសិនជាមិនមានសមាហរណកម្មបញ្ចប់សង្រ្គាមទេ មានសង្ឃឹមទេដែលមានរោងចក្រ មានផ្លូវជាតិលេខ៤៤ អីមកដល់ និងតភ្ជាប់ពីហ្នឹងទៅផ្លូវជាតិលេខ៤ ចាក់ទៅផ្លូវជាតិលេខ៥ កាត់តាមថ្ពង កាត់តាមអីដូចរាល់ថ្ងៃ?”។ គាត់ថា “ប្រហែលជាគ្មានទេ ហើយក៏មិនដឹងថាមានជីវិតអត់ផង បើវាយគ្នាតាំងពីនោះមកដល់ឥឡូវ”។
(២) រដ្ឋប្រហារ ១៨មីនា ឆ្នាំ១៩៧០ បង្កើតសង្គ្រាមស្លាប់មនុស្សរាប់លាន និងប្រើពេលជិត ៣០ឆ្នាំទើបបញ្ចប់បាន
(សង្រ្គាម)បញ្ចប់នៅឆ្នាំ១៩៩៨។ គិតមកដល់ថ្ងៃនេះគឺ ២០ឆ្នាំជាងហើយ។ (បើសង្រ្គាមនៅបន្តមកដល់បច្ចុប្បន្ន) ប្រហែលជាមានអ្នកស្លាប់បន្តបន្ទាប់មិនដឹងជាអស់ប៉ុន្មានទៀតហើយទេ។ អ្នកខ្លះ ដែលពីមុនចាប់ផ្ដើមសមាហរណកម្មនៅឆ្នាំ១៩៩៦ ទើបមានអាយុ ១០ឆ្នាំ បើ(សង្គ្រាមនៅបន្តមក) ៨ឆ្នាំទៀត ប្រហែលជាចូលធ្វើសង្រ្គាមជាមិនខាន។ មិនអាចមានផ្លូវជាតិលេខ៤៤ មកបង្កើតរោងចក្រ ដែលខ្ញុំថា ដូចជា រីស៊ត នៅទីនេះបានទេ។ មិនអាចមានការងារ ៤៥០នាក់ត្រង់ទៅទីនេះ ហើយមានពាក់ព័ន្ធជាមួយរាប់ពាន់នាក់ទៀត ដែលបានចំណូលទៅចិញ្ចឹមប្រជាពលរដ្ឋមូលដ្ឋានបាននោះទេ។ ការសម្ពោធនៅទីនេះមានអត្ថន័យសំខាន់សម្រាប់យើង ដោយចំថ្ងៃដែលនឹកពីអតីតកាលឈឺចាប់ ដែលត្រូវរំលឹកដើម្បីកុំឱ្យមានការបែកបាក់(ដូចមុនទៀត)។ ការបែកបាក់ជាតិ(បានកើតឡើង) ក្រោមរូបភាពនៃការប្រឆាំងអំពើពុករលួយ ប្រឆាំងយួន ប្រឆាំងព្រះករុណា(ព្រះនរោត្តម សីហនុ) ដែលដឹកនាំប្រទេសនៅពេលនោះ ចោទព្រះករុណាថាក្បត់ជាតិ ដោយឱ្យវៀតកុង ចូលស្រុក ជាដើម ជាលេសធ្វើរដ្ឋប្រហារនៅថ្ងៃទី ១៨មីនា ឆ្នាំ១៩៧០។ សម្រេចចិត្តតែមួយភ្លែតទេ ប៉ុន្តែស្លាប់មនុស្សរាប់លាននាក់ និងប្រើពេលជិត ៣០ឆ្នាំ ទើបបញ្ចប់សង្រ្គាមបាន។ អញ្ចឹងត្រូវចាំកុំភ្លេច ដើម្បីកុំឱ្យមានការបែកបាក់ ការស្លាប់តទៅទៀត។ យើងត្រូវរួមគ្នាថែរក្សាសន្តិភាពឱ្យបាន ជាដាច់ខាត។ នេះជាកត្តាសំខាន់។
(៣) វិទ្យាល័យស្រុកវាលវែង/ពោធិសាត់ និងរោងចក្រស៊ីម៉ងត៍/ស្រុកឱរ៉ាល់/កំពង់ស្ពឺ ជាមនុញ្ញផលនៃសន្តិភាព
ថ្ងៃនេះ យើងក៏មានទិដ្ឋភាពដែល(ប្រជាពលរដ្ឋ)អង្គុយ(នៅទីនេះ)រាប់រយរាប់ពាន់នាក់។ ប្រជាពលរដ្ឋខ្លះអញ្ជើញមកម៉ោង៦ ខ្លះអាចមកមុនហ្នឹងទៀតដើម្បីចូលរួម។ បីថ្ងៃមុន ខ្ញុំទៅសម្ពោធសាលារៀននៅវាលវែង ដែលមានប្រវត្តិដូចគ្នានឹងនៅទីនេះ។ កន្លែងនោះ គឺអតីតតំបន់គ្រប់គ្រងដោយខ្មែរក្រហម ជាតំបន់វាយគ្នាស៊ីសាច់ហុតឈាមដូចនៅទីនេះដែរ។ នៅទីនោះ កងពលលេខ៣ ឯនៅទីនេះកងពលលេខ១៨ របស់ឯកឧត្តម កែវ ពង្ស។ ខ្ញុំក៏បានសួរពូៗនៅទីនោះជាមេឃុំនិងជាអតីតមេវរចំណុះអោយកងពលលេខ៣។ មេកងពលជាប្រធានក្រុមប្រឹក្សា។ ខ្ញុំសួរសំនួរដូចគ្នាថា “បើគ្មានសមាហរណកម្ម តើសង្ឃឹម(ថាមានអ្វីៗ ដូចសព្វថ្ងៃ)ទេ?” ពួកគាត់ថា “ប្រហែលជាគាត់មិនអាចទាំងនៅរស់ផង”។ បើគាត់នៅជាទាហាន នៅជាមេវរ និងមេកងពល សុទ្ធតែអ្នកដឹកនាំផ្ទាល់ ជាពិសេសមេវរសេនាតូចហ្នឹងឯង ឡើងប្រយុទ្ធផ្ទាល់។
កងពលខ្មែរក្រហម វរខ្មែរក្រហម កងពលរបស់យើងរដ្ឋកម្ពុជាក៏ដោយ មួយកងពលយើងថា ២០០០នាក់, ក្នុងមួយវរ ៤០០នាក់។ ប៉ុន្តែមិនបានដល់ប៉ុណ្ណឹងទេ ព្រោះស្លាប់បន្តបន្ទាប់ នៅសល់ប៉ុន្មាននាក់។ អង្គភាពខ្លះនៅសល់ចំនួនតិច។ បានន័យថាបើទុកយូរបន្តិចទៀត ប្រហែលអស់ទាំងវរហ្នឹងទៀត។ ៣ថ្ងៃមុន និងថ្ងៃនេះ គឺខ្ញុំសម្ពោធសមិទ្ធផលនៅកន្លែងដែលជាអតីតទីតាំងខ្មែរក្រហម និងជាកន្លែងដែលធ្លាប់តែស៊ីសាច់ហុតឈាម រវាងខ្មែរនិងខ្មែរទៅជាកន្លែងដែលរីកស្រស់បំព្រង។ ៣ថ្ងៃមុនសម្ពោធវិទ្យាល័យសម្រាប់កូនខ្មែរនៅវាលវែង។ ថ្ងៃនេះយើងសម្ពោធមូលដ្ឋានផលិតស៊ីម៉ងត៍មួយនៅមូលដ្ឋានស្រុកឱរ៉ាល់។ នេះគឺជាមោទនភាព និងមនុញ្ញផលនៃសន្តិភាព។ អ្នកខ្លះថាធុញណាស់លឺតែពាក្យហ្នឹង ប៉ុន្តែបើមកទីនេះឃើញថ្ងៃនេះ ត្រឡប់ទៅវិញ បានដឹងថា យើងត្រូវអរគុណសន្តិភាព ត្បិតថ្ងៃនេះ យើងអង្គុយនៅទីនេះបានដោយសេចក្ដីសុខ។
(៤) ចេញពីតំបន់ឱរ៉ាល់ ឆ្នួនសន្តិភាពបើកមុខការស្វែងរកសន្តិភាពបញ្ចប់សង្គ្រាមដោយនយោបាយឈ្នះឈ្នះ
ការលំបាកឥឡូវនេះ ខុសពីការលំបាកពេលសង្គ្រាម។ ដាច់ភ្លើងតែមួយយប់ ក៏នាំគ្នាស្រែកលំបាកដែរ។ អ៊ីនធើណែត អត់ដើរ ក៏ស្រែកត្អូញនឹងជីវិតដែរ។ កាលពីសម័យសង្គ្រាម មិនបានរអ៊ូបែបនេះទេ។ នេះជាការពិត។ ដែលយើងអាចស្រែករិះគន់ ស្អប់សន្តិភាពតាមហ្វេសប៊ុក មានលុយទិញទូរស័ព្ទឆ្លាត មានអីផ្សេងៗនេះ ក៏ដោយសារតែ(បានរស់នៅក្នុង)សុខសន្តិភាព និងសេចក្ដីសុខ។ យ៉ាងហោចក៏អ្នកឱរ៉ាល់លែងស្លាប់ដោយសារសង្គ្រាមដែរ។នេះគឺជាការពិត។ បើសិនជាមិនទាន់ចប់សង្គ្រាម មិនដឹងថាកូនចៅអ្នកនៅទីនេះបានរៀនឬទេ ឬមិនដឹងថាមានការងារដែលអ្នក(វិនិយោគ)ផ្សេងៗមកឬទេ។
អាចនិយាយបានថា នយោបាយឈ្នះឈ្នះ មានលក្ខណៈពិសេសនៅឱរ៉ាល់នេះជាងតំបន់ផ្សេងៗ។ ឆ្នួនសន្តិភាពដែលសម្ដេចតេជោបង្កើត គឺបានចេញពីតំបន់ឱរ៉ាល់នៅខែកុម្ភៈ ឆ្នាំ ១៩៩៦ មុនគេ។ ឯកឧត្តម កែវ ពង្ស ប្រកាសសមាហរណកម្មជាផ្លូវការកងពល១៨ របស់គាត់ ចូលជាមួយរដ្ឋាភិបាល ហើយបានចាប់ផ្ដើមពីហ្នឹងរាលទៅដល់តំបន់ផ្សេងៗទៀត ទៅបញ្ចប់នៅខាងទិសភូមិភាគ៥។ កន្លែងនេះគឺជាការចាប់ផ្ដើមនៃឆ្នួនសន្តិភាព។ បានន័យថា ជាការបើកមុខការស្វែងរកសន្តិភាពបញ្ចប់សង្គ្រាមដោយនយោបាយឈ្នះឈ្នះ ក្នុងនោះអ្នកឱរ៉ាល់ជាអ្នកចូលរួម ជាពិសេសកងពលដែលនៅឈរជើងនៅទីនេះ។ នេះគឺជាការចូលរួមផ្ទាល់នៃប្រតិបត្តិករគឺកងកម្លាំងប្រដាប់អាវុធគ្រប់ភាគីទាំងអស់អនុវត្តនយោបាយឈ្នះឈ្នះ។
(៥) ការធានា៣ បង្កើតនូវភាពស្មោះត្រង់/ជឿទុកចិត្តគ្នា និងជោគជ័យនៃនយោបាយឈ្នះឈ្នះ
ខ្ញុំមើលប្រវត្តិ ឯកឧត្តមនាយឧត្តមសេនីយ៍ កែវ ពង្ស រដ្ឋលេខាធិការក្រសួងការពារជាតិ បានជួបជាមួយសម្ដេចតេជោ។ តាមកំណត់ហេតុដែលកត់ត្រាមក មុននឹងប្រកាសផ្ដាច់ខ្លួន គាត់បានចូលមកជួបសម្ដេចតេជោដោយសំងាត់។ គាត់សុំសម្ដេចតេជោប៉ុន្មានចំណុច។ គាត់ថា កុំចាប់កូនចៅគាត់និងអ្នកមកតាមគាត់។ ទុកអោយរស់ទៅ។ គាត់សុំតែទៅធ្វើបុណ្យស្រុកកំណើត ហើយចាប់គាត់ធ្វើអីក៏ធ្វើចុះ។ គាត់ស្នើសុំប៉ុណ្ណឹងទៅសម្ដេចតេជោ។ ប៉ុន្តែសម្ដេចតេជោមិនត្រឹមតែមិនចាប់គាត់ទេ ថែមទាំងរក្សានូវការផ្ដល់តួនាទី ដើម្បីអោយគាត់ចូលរួមក្នុងការដឹកនាំប្រទេសក្រោយពីយើងបញ្ចប់សង្គ្រាម ដោយគាត់នៅក្នុងក្រសួងការពារជាតិបច្ចុប្បន្ន។ នេះគឺជាការផ្តល់នូវការធានា៣យ៉ាង៖ ធានាជីវិតរូបរាងកាយ ធានាទ្រព្យសម្បត្តិ និងធានាតួនាទី។
ការធ្វើបែបនេះទើបយើងមានភាពស្មោះត្រង់នឹងគ្នា។ បើយើងគ្មានភាពស្មោះត្រង់នឹងគ្នាទេ នយោបាយឈ្នះឈ្នះមិនអាចជោគជ័យទេ។ សូមមើលនៅតាមហ្វេសប៊ុក ប្រទេសផ្សេងៗដែលវាយគ្នា ប្រកាសបញ្ចប់ការបាញ់ តែស្អែកឡើងបាញ់ដដែល បញ្ចប់ឈប់បាញ់ប៉ុន្មានថ្ងៃ រួចហើយវាយគ្នាតទៅទៀត។ ដោយសារគ្មានភាពជឿជាក់។ នៅកម្ពុជា នយោបាយឈ្នះឈ្នះ (អនុវត្តបានជោគជ័យ)ដោយសារមានតួអង្គនិងការធានាច្បាស់លាស់ ជាពិសេសការស្មោះត្រង់ក្នុងការអនុវត្ត ទាំងសម្ដេចតេជោ រហូតដល់ថ្នាក់ក្រោម គឺបញ្ចប់សង្គ្រាម ឈប់វាយគ្នា និងចូលរួមជាមួយគ្នា។ ការចូលរួមដែលសម្ដេចតេជោ បានប្រគល់អោយទាំងប៉ុន្មាន បានបង្កើតនូវភាពទុកចិត្តក្នុងចំណោមបងប្អូនអតីតខ្មែរក្រហម ឈានដល់ការចាប់ដៃគ្នា កសាងសមិទ្ធិផល ដែលយើងមានជាបន្តបន្ទាប់។
(៦) ការបញ្ចប់សង្គ្រាម អាចឱ្យទាញផលពីធនធានធម្មជាតិដើម្បីបម្រើជាតិ ជាពិសេសសហគមន៍មូលដ្ឋាន
នៅទីនេះក៏ដូចគ្នា។ តំបន់ឱរ៉ាល់ដែលធ្លាប់ជាមរភូមិវាយគ្នាតាំងពីយូរមកហើយ បានក្លាយជាតំបន់ដែលអភិវឌ្ឍរីកចម្រើន។ ប្រពលរដ្ឋនៅទីនេះ ឈប់វាយគ្នា មានផ្លូវតភ្ជាប់ មានរោងចក្ររុញមកដល់។ ឥឡូវរោងចក្រ(នៅ)ផ្លូវ៤៤ ចាប់ផ្ដើមរុញមកខ្លះ ហើយខ្វះកម្មករច្រើនតាមផ្លូវនេះ។ រុញពីកំពង់ស្ពឺជិតទៅដល់កំពង់ឆ្នាំងទៀត ព្រោះកំពង់ស្ពឺឥឡូវត្រូវប៉ាន់ច្រើន។ ពីមុនឯកឧត្តម វ៉ី សំណាង ថា រលាក់កងជើង ជាតំបន់ដែលដាច់ស្រយាលក្រីក្រជាងគេ។ ឥឡូវជាតំបន់តភ្ជាប់ មានរោងចក្រផលិតស្ករស និងរោងចក្រច្រើនពីច្បារមនមកទៅថ្ពង។ តំបន់ទេសចរណ៍ធម្មជាតិក៏មានច្រើន។ ខ្ញុំធ្លាប់ទៅជ្រាវ ថ្ពង ហើយឡើងទៅខ្នងផ្សារ កន្លែងដែលប្រជាពលរដ្ឋអត់មានលទ្ធភាពអីក្រៅពីកាប់ឈើ។ ប៉ុន្តែឥឡូវគាត់មានទេសចរណ៍។ ថ្ងៃមុនឯកឧត្តម អ៊ាង សុផ្លល្លែត តំណាងខ្ញុំមករៀបចំធ្វើផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធកន្លែងលក់ដូរបម្រើអោយទេសចរណ៍នៅទីនោះដើម្បីតភ្ជាប់។ បានអោយរៀបចំទាញផលពតេទឹកពុះ នៅកន្លែងនេះ។ ដោយសារការបញ្ចប់សង្គ្រាម ដោយសារគោលនយោបាយរាជរដ្ឋាភិបាល ទើបយើងអាចទាញផលពីធនធានធម្មជាតិ និងទឹកដីស្រុកយើងដែលមានរាប់លានឆ្នាំមកនេះ ដើម្បីបម្រើប្រទេសជាតិ ជាពិសេសដល់សហគមន៍ ប្រជាពលរដ្ឋនៅមូលដ្ឋាន តាមយៈការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។ ផ្លូវ៤៤ តភ្ជាប់មកទីនេះ គឺជួយច្រើនដល់អ្នកនៅទីនេះ។
(៧) ការតភ្ជាប់ជាមួយផ្លូវជាតិលេខ៤, ៥, និងដល់ទៅ៤៨ នឹងនាំកសិ-ឧស្សាហកម្ម និង/ឬឧស្សាហកម្មមក ឱរ៉ាល់
ឱរ៉ាល់ មិនត្រឹមតែជាកន្លែងដែលតភ្ជាប់ទៅខេត្តកំពង់ស្ពឺ ទៅផ្លូវជាតិលេខ៤ ទេ។ យើងមានផ្លូវកាត់ទៅផ្លូវជាតិលេខ៥ និងផ្លូវមួយខ្សែទៀត ដែលលោកអ្នកឧកញ៉ា លី យ៉ុងផាត់ គ្រោងធ្វើក្នុងពេលឆាប់ៗ ដើម្បីតភ្ជាប់ទៅផ្លូវជាតិលេខ៤៨ ចាក់ទៅកោះកុង។ ថ្ងៃក្រោយ អ្នកឱរ៉ាល់អាចទៅកោះកុង តាមផ្លូវនេះលឿន។ បានន័យថា ឱរ៉ាល់ជាកន្លែងយុទ្ធសាស្ត្រសម្រាប់វិនិយោគ ព្រោះអាចធ្វើដំណើរតាមផ្លូវជាតិលេខ៥ ក៏បាន ចាក់ទៅផ្លូវជាតិលេខ៤ មកតាមនេះ ឬមួយចាក់ទៅកោះកុងក៏បាន។ ថ្ងៃក្រោយ តំបន់នេះអាចជាតំបន់កសិ-ឧស្សាហកម្ម ឬឧស្សាហកម្មបន្ថែមទៀត សម្រាប់ប្រែក្លាយពីកន្លែងដែលឯកឧត្តម វ៉ី សំណាង ថារលាក់កងជើង ដែលជាកន្លែងក្រីក្រជាងគេ ទៅជាកន្លែងដែលត្រូវប៉ាន់ និងជាកន្លែងដែលរោងចក្រ និងសកម្មសេដ្ឋកិច្ចជាច្រើនរួមទាំងសកម្មភាពទេសចរណ៍ផ្សេងៗ ផ្តល់ជាផលជូនប្រជាពលលរដ្ឋ។ នេះគឺជាមនុញ្ញផលនៃសន្តិភាព។
(៨) ការពារសន្តិភាព ធ្វើឱ្យមានការលូតលាស់ កំណើនសេដ្ឋកិច្ច និងឱកាសសម្រាប់ប្រជាពលរដ្ឋ
ពាក្យសន្តិភាពមួយម៉ាត់ អាចឱ្យយើងធុញ។ យើងអាចស្ដាប់លឺរាល់ថ្ងៃ យើងអាចដេកយល់សប្តិ។ គេថាអោយខ្ញុំ លឺតែនិយាយពាក្យហ្នឹងគេធុញ។ ខ្ញុំថាអ្នកណាធុញក៏ធុញទៅ។ ខ្ញុំនិយាយទៀតរហូតទាល់តែអ្នកដេកយល់សប្ដិក៏ឃើញដែរ។ វាប្រសើរជាងបាត់ពាក្យនេះ។ យើងរំលឹកពាក្យនេះគឺដើម្បីចងចាំ និងថែរក្សា ដើម្បីបានផលជាបន្តបន្ទាប់ដូចថ្ងៃនេះ។ ដូចនៅតាមផ្លូវ៤៤ សម្រាប់អ្នកឱរ៉ាល់ និងប្រជាពលរដ្ឋផ្សេងៗទៀតនៅខេត្តកំពង់ស្ពឺ។ នេះគឺជាកិច្ចការ និងជាទឡ្ហីករណ៍ និងជាមូលហេតុដែលយើងទាំងអស់ត្រូវរួមគ្នាទប់ស្កាត់ការប៉ុនប៉ងណាមួយដែលចង់ឱ្យបែកបាក់ជាតិ ការធ្វើឱ្យមានភាពវឹកវរក្នុងសង្គមជាតិ។ ពាក្យនេះសំខាន់។ គ្មានប្រទេសណាសប្បាយចិត្តដោយសារសង្គ្រាម ឬភាពបែកបាក់អស្ថិរភាពក្នុងប្រទេសនោះទេ។ ប្រទេសសេរី ប្រទេសកុម្មុយនីស្ដ ប្រទេសសង្គមនិយមក៏ដោយ តែមានសង្គ្រាមហើយគឺស្លាប់មនុស្សហើយ។ គ្រាប់កាំភ្លើងគ្មានស្គាល់របបទេ។ គ្រាប់កាំភ្លើងគ្មានស្គាល់លោកសង្ឃ គ្រាប់កាំភ្លើងគ្មានស្គាល់យេស៊ូគ្រិស្ត វត្ត វិហារនោះទេ។ តែបាញ់គ្នាគឺស្លាប់ហើយ។ បាញ់គ្នាគឺគ្មានឱកាសសម្រាប់កសាងទៀតទេ។ ស្ពានរាប់សិបឆ្នាំទម្រាំតែធ្វើបាន ដាក់គ្រាប់បែកតែមួយវិនាទី ខ្ទេចអស់រលីង។ នេះគឺជាការពិត។ ជីវិតឪពុកម្តាយបង្កើតឡើង ចិញ្ចឹម(កូន)ឡើង ២០ ឬ៣០ឆ្នាំ។ ច្បាំងគ្នាតែមួយប៉ប្រិចអាចកាត់ផ្តាច់ជីវិតរាប់រយនាក់លើសមរភូមិ។ អញ្ចឹង កុំឱ្យជីវិតមនុស្សបំផ្លាញដោយសារអស្ថិរភាព បាត់បង់នូវសន្តិភាព និង(មាន)សង្គ្រាមឡើងវិញ។ ប្រទេសយើងឆ្លងកាត់ឆ្អែតហើយ។ ធ្វើយ៉ាងណាឱ្យរីកមានការលូតលាស់កំណើនសេដ្ឋកិច្ច សកម្មភាពនិងឱកាសសម្រាប់ប្រជាពលរដ្ឋ។
(៩) ការផលិតស៊ីម៉ងត៍ គឺប្រើប្រាស់ធនធានធម្មជាតិ បម្រើឱ្យការអភិវឌ្ឍនិងជីវភាពរស់នៅរបស់ប្រជាជនដោយចីរភាព
និយាយដោយឡែក នៅពេលចប់សង្គ្រាម និងដោយសារសមិទ្ធផលនៃនយោបាយឈ្នះឈ្នះលើគ្រប់វិស័យ វិស័យរ៉ែក៏បានចាប់ផ្តើមជាជំហានៗ និងមានការវិនិយោគទុនឡើងវិញពីបណ្តាប្រទេសខាងក្រៅ។ ការសម្ពោធរោងចក្រផលិតស៊ីម៉ងត៍ យើងហៅថា (ការធ្វើអាជីវកម្ម)វិស័យរ៉ែ ឬមួយគឺថាប្រើប្រាស់ធនធានធម្មជាតិដើម្បីបម្រើឱ្យការអភិវឌ្ឍប្រទេស និងជីវភាពរស់នៅរបស់ប្រជាជនយើងដោយចីរភាព។ នៅក្នុងឱកាសនៃសុខសន្តិភាពគឺយើងអាចមានសក្តានុពលធ្វើបាន។ ប្រែក្លាយពីដីដែលអត់មានសក្តានុពល អត់មានតម្លៃនៃសេដ្ឋកិច្ច(ទៅជាតំបន់)ដែលយើងអាចប្រើបាន។ វាមានជាធនធានធម្មជាតិល្អ ប៉ុន្តែគ្មានលទ្ធភាពធ្វើ ដោយសារយើងគ្មានឱកាស និងគ្មានសមត្ថភាព។ យើងមិនអាចកសាងបានដោយសាររវល់តែវាយគ្នា។ អញ្ចឹង នយោបាយឈ្នះឈ្នះធ្វើឱ្យទីនេះមានចីរភាព និងមកដល់ពេលនេះមិនត្រឹមតែបញ្ចប់សង្គ្រាមទេ ប៉ុន្តែការធ្វើសមាហរណកម្មប្រជាពលរដ្ឋយើងនៅគ្រប់កន្លែង នៅគ្រប់វិស័យ នៅគ្រប់ទីកន្លែង ដែលមានសក្តានុពលដើម្បីបម្រើប្រទេសជាតិ។
[ចប់សេចក្តីអធិប្បាយ២]
នៅក្រោមម្លប់នៃសន្តិភាព ផ្តើមចេញពីជោគជ័យនៃការអនុវត្តយុទ្ធសាស្រ្តត្រីកោណក្រោយពីចប់សង្គ្រាម និងយុទ្ធសាស្ត្រចតុកោណ រាជរដ្ឋាភិបាលនីតិកាលមុនៗ រហូតមកដល់យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ នៃរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា, បាននិងកំពុងធ្វើឱ្យប្រទេសកម្ពុជាមានលទ្ធភាពទាញយកធនធានរ៉ែជាច្រើន, មានជាអាទិ៍៖ រ៉ែថ្មសំណង់, ក្រួស, ខ្សាច់, រ៉ែលោហៈ, រ៉ែអលោហៈ, រួមទាំងការផលិតស៊ីម៉ងត៍ ដើម្បីផ្គត់ផ្គង់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេស ដែលមានសន្ទុះរីកដុះដាល ដូចដែលប្រជាពលរដ្ឋបានឃើញដូចសព្វថ្ងៃនេះ រហូតដល់អាចធ្វើការនាំចេញផលិតផលរ៉ែមួយចំនួនផងដែរ ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ៣]
(១០) ចាប់ពីឆ្នាំ២០០៧ កសាងបានសមត្ថភាពផលិតស៊ីម៉ង់ត៍ឡើងវិញ ផ្គត់ផ្គង់តម្រូវការក្នុងប្រទេស និងនាំចេញ
ពាក់ព័ន្ធទៅនឹងវិស័យស៊ីម៉ងត៍នេះ ប្រទេសយើងបានមានលទ្ធភាពផលិតដំបូងនៅឆ្នាំ១៩៦១ ជំនាន់សង្គមរាស្ត្រនិយម។ ពេលនោះ យើងផលិតបានច្រើន។ ស៊ីម៉ងត៍របស់យើងមានគុណភាពល្អ។ ប៉ុន្តែជាអកុសល ដោយសារសង្គ្រាម ដំណើរការផលិតកម្មមិនអាចបន្តទៀតបាន។ ក្រោយឆ្នាំ១៩៧៩ យើងបើកឡើងវិញ និងផលិតមួយចំនួនតូច។ ឆ្នាំ១៩៩០ យើងធ្វើឯកជនពហុនីយកម្ម។ ជួលឱ្យឯកជនធ្វើ ដើម្បីពង្រឹងសមត្ថភាពផលិតក្នុងស្រុក។ ប៉ុន្តែពេលនោះ រោងចក្រចាស់ទ្រុឌទ្រោម ទៅមិនរួចជាមួយរោងចក្រ(នានាក្នុងតំបន់)ក៏បិទ។ ក្រុមហ៊ុនឯកជនគាត់ឈប់ទៅ ប្រគល់ឱ្យរដ្ឋវិញ។ រោងចក្រក៏បិទមួយរយៈ។ រហូតដល់ឆ្នាំ២០០៧ យើងនាំចូលស៊ីម៉ងត៍ពីក្រៅប្រទេសមកសឹងនឹងទាំងអស់។ ចង់ធ្វើផ្ទះចង់ធ្វើអី ត្រូវនាំពីប្រទេសជិតខាងចូលមក។
ពីឆ្នាំ២០០៧ ឡើងមក យើងចាប់ផ្តើមកសាងសមត្ថភាពផលិតឡើងវិញ។ មកដល់ពេលនេះ យើងមាន ៦រោងចក្រ រួមទាំងរោងចក្រនេះផង ផលិតបាន ១១លានតោនក្នុងមួយឆ្នាំ។ យើងអាចផ្គត់ផ្គង់តម្រូវការក្នុងប្រទេសបាន ១០០% តាមទំហំតម្រូវការ រួមទាំងនាំចេញទៅក្រៅ។ ឆ្នាំទៅដូចនាំចេញទៅថៃជាង ៣ម៉ឺនតោនទៀត។ អញ្ចឹងពីប្រទេសមួយដែលនាំចូលស៊ីម៉ងត៍(រហូតឆ្នាំ)២០០៧ សឹងតែថាជិត ២០ឆ្នាំមុននេះ ត្រូវនាំចូលទាំងអស់ ទៅជាប្រទេសដែលអាចផ្គត់ផ្គង់ស៊ីម៉ងត៍ខ្លួនឯងបាន ហើយនាំចេញទៅទៀត។ នេះជាមោទនភាពមួយរបស់យើង។
(១១) អាជ្ញាបណ្ណផលិតស៊ីម៉ង់ត៍៤ មួយកំពុងកសាង មួយមិនបានដំណើរការ និង ២កំពុងវាយតម្លៃ
ចំពោះការរៀបចំទូទៅ ក្រៅពីរោងចក្រ៦ ដែលដំណើរការនេះ យើងនៅមានរោងចក្រ ៤ទៀត ដែលបានទទួលអាជ្ញាបណ្ណហើយ។ យើងកំពុងតែឱ្យពិនិត្យមើលឡើងវិញ។ កាលពីខែធ្នូ ខ្ញុំបានជួបជជែកគ្នាជាមួយសមាគមឧស្សាហកម្មស៊ីម៉ងត៍។ មានសំណូមពរឱ្យជួយដល់វិស័យស៊ីម៉ងត៍ថា “សម្តេច! សុំពិនិត្យមើលអាជ្ញាបណ្ណដូចច្រើនពេកហើយ។ ឥឡូវ មាន ៦រោងចក្រនេះ យើងផលិតជាង ១១លានតោនទៅហើយ។ ទីផ្សាររបស់យើងមានកំណត់។ បើសិនជាអាជ្ញាបណ្ណច្រើនពេក អាចទីផ្សារប្រកួតប្រជែងគ្នា វាមិនអាចរីកធំ”។ សំរាប់កិច្ចការទៅមុខទៀត បានឱ្យក្រសួងរ៉ែ និងថាមពល ពិនិត្យលើការងានេះហើយ។
អញ្ចឹង អាជ្ញាបណ្ណ៤ ដែលបានពិនិត្យមើល មាន មួយបាននិងកំពុងកសាងហើយ។ ហ្នឹងបន្តដំណើរទៅ។ នៅសល់មួយដែលមិនបានដំណើរការនោះ ក៏បានបញ្ចប់អាជ្ញាបណ្ណ។ ហើយ ២ទៀត កំពុងវាយតម្លៃថាតើបន្តទៅទៀត ឬអត់ទេ? នេះជាការវិនិយោគធំ។ រោងចក្រនីមួយៗដាក់ទុនរាប់រយលានដុល្លារ។ រឿងវិនិយោគតូចៗយើងមិនបារម្ភទេ។ ឧ. បើកតែគុជ បើកភោជនីយដ្ឋាន យើងអត់ចាំបាច់កំណត់ចំនួនទេ។ គាត់ប្រកួតប្រជែងគ្នាទៅ។ ប្រើដើមទុនតិចតួច។ តែរោងចក្រផលិតផលធំៗដែល ៥០លានឡើង ១០០លាន ២០០លានដុល្លារ យើងត្រូវគិតអំពីសមត្ថភាពរីកផង។
(១២) សំណង់នឹងកើន ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅតែបន្តធ្វើ ដូចនេះតម្រូវការស៊ីម៉ង់ត៍ក៏នឹងកាន់តែរីក
អញ្ចឹងទីផ្សារយើងប៉ុណ្ណា យើងគិតអំពីចំនួនអ្នកប្រតិបត្តិ។ បើទីផ្សាររីកថែម យើងក៏ត្រូវឱ្យមាន(ចំនួនអ្នកប្រតិបត្តិគំរិង)សមាមាត្រក្នុងកម្រិតណាមួយ។ សូមក្រសួង រ៉ែ និងថាមពល ពិនិត្យមើល … ឥឡូវដូចមានរោងចក្រមួយផលិតបន្ថែមទៀត។ អញ្ចឹងអាចមានមួយបន្ថែមទៀត។ ហើយ ២ យើងកំពុងវាយតម្លៃមើល។ តែទោះជាយ៉ាងណាខ្ញុំគិតថា តម្រូវការនៃសំណង់របស់យើងនឹងកើន។ ឥឡូវវាអាចថមថយដោយសារកូវីដ-១៩ ក្រោយមកសេដ្ឋកិច្ចយើងថយ។ វិស័យអចលទ្រព្យរាងល្បឿនយឺតបន្តិច ឥឡូវចាប់ផ្តើមកម្រើកឡើងវិញ។ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ផ្លូវ ស្ពាន ថ្នល់ យើងនៅតែបន្តធ្វើ។ អញ្ចឹងតម្រូវការនេះកាន់តែរីក ប៉ុន្តែរីកនៅក្នុងកម្រិតណាមួយដែលយើងអាចគ្រប់គ្រងនិងជួយបាន។ ក្រុមហ៊ុនមួយដែលយើងដកនោះ គឺក្រុមហ៊ុននៅកំពង់ត្រាច។ ក្រុមហ៊ុននេះបានអាជ្ញាបណ្ណ ប៉ុន្តែមិនបានអភិវឌ្ឍ ហើយក្រុមហ៊ុនក៏បានឯកភាពស្ម័គ្រចិត្តប្រគល់អាជ្ញាបណ្ណមកវិញថាមិនធ្វើទេ ដោយសារស្ថានភាពសេដ្ឋកិច្ចផង អីផង។ អត់ទៅមុខទេ។ អញ្ចឹងយើងដកមកវិញ។ កន្លែងនោះ ខ្ញុំបានសម្រេចឱ្យរក្សាទុក មិនឱ្យអាជ្ញាបណ្ណបន្ថែមទៀតទេ តែឱ្យរក្សាទុកដើម្បីរៀបចំជាតំបន់អេកូទេសចរណ៍ តំបន់វប្បធម៌សាសនា ឱ្យផលទៅសហគមន៍នៅទីនោះតែម្តង។ បានរៀបចំហើយ …។
(១៣) ហេតុអីកម្ពុជាត្រូវវាយថ្មភ្នំផលិតស៊ីម៉ងត៍? … ក្នុងអាស៊ានទាំង១០ គ្មានប្រទេសណាមិនយករ៉ែទេ
សួរថាហេតុអីបានជាកម្ពុជាត្រូវធ្វើរោងចក្រផលិតស៊ីម៉ងត៍? មានបងប្អូនខ្លះលើកឡើងគាត់ថា ស្រុកខ្មែរវាយខ្ទេចហើយភ្នំ។ មានអ្នកខ្លះថា នៅស្រុកចិនភ្នំ គេថែភ្នំ គេដាំសុទ្ធតែបន្លែ មានតែភ្នំខ្មែរ វាយយកថ្ម។ ខ្ញុំថា សូមវាយ google (ឬវាយ)នៅក្នុងហ្វេសប៊ុកមើលទៅ ប្រទេសណាខ្លះយករ៉ែ ដូចរ៉ែថ្មអញ្ចឹងដើម្បីយកទៅធ្វើ(អ្វីមួយ)។ ដាក់ថារ៉ែថ្មនៅចិន គឺសុទ្ធតែរណ្តៅថ្ម កន្លែងគេយក។ បើគាត់ទៅថតតំបន់ភ្នំ ដែលគេធ្វើកសិកម្ម ត្រូវហើយ ឃើញគេដាំដើមឈើលើហ្នឹង។ យើងទៅថតនៅមណ្ឌលគីរី ឬរតនៈគីរី កន្លែងដាំចេក ក៏ឃើញដែរ។ ខ្ញុំឆែកនៅក្នុងប្រទេសអាស៊ានទាំង១០ គ្មានប្រទេសណាមួយដែលមិនយករ៉ែទេ។ សូម្បីតែសិង្ហបុរីប្រទេសដ៏តូច ក៏មានធ្វើអាជីវកម្មរ៉ែដែរ។ គ្រាន់តែកម្រិតតូច។ ប្រទេសសិង្ហបុរី ភាគច្រើនធ្វើពាណិជ្ជកម្មលក់ដូរទេ។ គាត់យកពីក្រៅចម្រាញ់លក់។ ប៉ុន្តែក្នុងប្រទេស គាត់ក៏មានយកដែរ ដោយសារអ្វី? ប្រទេសនីមួយៗត្រូវការអភិវឌ្ឍ។ ប្រជាពលរដ្ឋត្រូវការធ្វើផ្ទះ។ ពីឆ្នាំ១៩៧៩ យើងធ្វើពីស្បូវ ធ្វើពីស្លឹក។ ក្រោយមកយើងធ្វើពីឈើ។ ឥឡូវយើងធ្វើពីថ្ម ហើយ(ផ្ទះឬអគារធ្វើពី)ថ្ម មិនធ្វើតែពីត្រឹម ១ ជាន់ទេ ឥឡូវធ្វើឡើង ២០ ឬ៣០ ឬ៤០ ជាន់។
ត្រូវការអ្វី? គឺយើងត្រូវការខ្សាច់ យើងត្រូវការក្រួស យើងត្រូវការស៊ីម៉ងត៍ យើងត្រូវការដែកមែនទេ។ យើងមានជម្រើស២ ដែលជម្រើសមួយគឺនាំចូលទាំងអស់ មិនបាច់ផលិតទេ។ ស៊ីម៉ងត៍មួយបាវក៏នាំចូលដែរ ក្រួស ថ្មមិចនេះដឹកទាំងកប៉ាល់ៗពីក្រៅ ដោយសារយើងមិនយកក្នុងស្រុក។ យើងធ្វើបាន ប៉ុន្តែសួរថា តើថ្លៃផ្ទះមួយឡើងប៉ុន្មាន? ហើយបើដឹកមកធ្វើតំបន់ដាច់ស្រយាលទៀត កាន់តែយ៉ាប់ ព្រោះត្រូវដឹក(តាម)កប៉ាល់ចូលតាមកំពង់សោម ដឹកពីកំពង់សោមទៅរតនៈគីរី ឬមួយក៏ដឹកតាមច្រកវៀតណាម ច្រកអីចូលមក។ តើវាថ្លៃទេ។ ហើយបើធ្វើផ្លូវមួយៗ ឥឡូវដូចយើងធ្វើផ្លូវ៤៤ នេះ អស់ថ្មមិនតិចទេ។ បើថ្មទាំងអស់ហ្នឹងសុទ្ធតែនាំចូលពីថៃ នាំចូលពីវៀតណាម នាំចូលពីចិន តើវាថ្លៃប៉ុណ្ណា? ហើយលុយហ្នឹងយកមកពីណា? លុយជាតិយើង។ គឺយើងត្រូវសន្សំសំចៃធ្វើឲ្យបានច្រើន។ ផ្ទះមួយធ្វើ១០០ តែបើយើងអាចសន្សំលុយ គ្រឿងសំណង់លក់ថោក យើងធ្វើអស់តែ៨០ ក៏ល្អដែរ ទុក ២០ដុល្លារចាយអីផ្សេង។ មែនទេ។ នេះគឺជាការគិតគូរ។
(១៤) ផលបានពីអាជីវកម្មរ៉ែ ជួយបន្ថយការនាំចូលវត្ថុធាតុដើម ផ្គត់ផ្គង់វត្ថុធាតុដើមសំរេច បានសួយសារចូលរដ្ឋ ការបង្កើតការងារ និងចូលរួមផ្ទាល់ពង្រឹងនូវសហគមន៍
ការទាញយកធនធានរ៉ែក្នុងប្រទេស ដើម្បីបំរើការអភិវឌ្ឍមានផលប្រយោជន៍ច្រើន។ គ្មានប្រទេសណាមួយមិនយកនោះទេ ប៉ុន្តែយកដោយទទួលខុសត្រូវ យកដោយមានគោលការណ៍ សិក្សាពីផលប៉ះពាល់ច្បាស់លាស់។ ផលដែលយើងយកបានពីរ៉ែ ជួយស្អីខ្លះ៖ ទី១ គឺកាត់បន្ថយការនាំចូលវត្ថុធាតុដើម។ ទី២ យើងអាចផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រេចមួយចំនួនក្នុងស្រុក ដូចស៊ីម៉ងត៍ចឹង យកថ្មកំបោរយកទៅរៀបចំលាយធ្វើស៊ីម៉ង់ត៍។ ខ្សាច់ទន្លេ បូមយកមកលក់ឲ្យដេប៉ូក្នុងស្រុក ចែកទៅលក់ឲ្យអ្នកធ្វើសំណង់។ បើយើងដឹកមកពីថៃ មកដល់ភ្នំពេញ មកដល់កំពង់ស្ពឺ ថ្លៃណាស់ តែបើយកនៅក្នុងតំបន់ជិតភ្នំពេញវាថោក។ ទី៣ វាមិនមែនត្រឹមតែវត្ថុធាតុដើមនោះទេ ប៉ុន្តែក៏ជាចំណូលរដ្ឋ ជារូបភាពសួយសារ។ ឥឡូវនៅក្នុងឆ្នាំ២០២០ សួយសាររបស់យើងបានកើនពី ២៧,៥៤លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំនេះ នៅឆ្នាំ២០២៤ ដល់ជិត ១០០លានដុល្លារ គឺមួយគុណជាប្រាំ។ នោះបានពីអាជីវកម្មរ៉ែមាស ដែក ស៊ីម៉ងត៍ ថ្មអារ ខ្សាច់ ផ្សេងៗ។ល។
យកចំណូលចូលរដ្ឋធ្វើអី? ផ្គត់ផ្គង់ការដោះស្រាយតម្រូវការ ដូចជាបៀវត្សរ៍មន្ត្រីរាជការ ការចេញកម្មវិធីសង្គម ជួយប័ណ្ណក្រីក្រ សុខភាពប្រជាពលរដ្ឋ កសាងពេទ្យមូលដ្ឋាន មណ្ឌលសុខភាព កសាងសាលារៀនបន្ថែម។ បង្វិលផលទាំងនេះជូនប្រទេសជាតិរបស់យើង។ ចំណុចមួយទៀត គឺបង្កើតការងារ។ ជាក់ស្តែង វិស័យរ៉ែយើងទូទាំងប្រទេស យើងមានអ្នកធ្វើការជាង ១ម៉ឺន ៣ពាន់នាក់។ តាមរបាយការណ៍ឯកឧត្តម កែវ រតនៈ នៅទីនេះមាន ៤៥០នាក់បច្ចុប្បន្ន ហើយអាចភ្ជាប់នឹងសេវាបន្ទាប់បន្សំចូលរាប់ពាន់នាក់ទៀត។ អ្នកដែលបានធ្វើការនៅទីនេះ បានលុយមកយកទៅណា? យកមកទៅផ្សារ ទៅចិញ្ចឹមអ្នកលក់ដូរនៅហ្នឹងទៀត យកទៅឲ្យឪពុកម្តាយនៅផ្ទះ គាត់យកទៅទិញចង្ហាន់ទៅវត្ត បានផលដល់ទាំងព្រះសង្ឃទៀត។ អញ្ចឹងការទាញយកផលនៅទីនេះ គឺជួយអភិវឌ្ឍប្រទេសជាតិ ផ្តល់ផលផ្ទាល់ទៅប្រជាពលរដ្ឋរបស់យើង …។
ក្រៅពីនោះ ក៏មានការចូលរួមផ្ទាល់ក្នុងការជួយពង្រឹងនូវសហគមន៍។ តាមរបាយការណ៍របស់ឯកឧត្តម កែវ រតនៈ អម្បាញ់មិញបានបញ្ជាក់ នៅក្នុងសួយសារហ្នឹងមានមួយផ្នែកសម្រាប់ជួយទៅដល់សហគមន៍។ អញ្ចឹង គ្រាន់តែថវិកាចូលជួយសហគមន៍ជាង ៦លានដុល្លារ ហើយនៅទីនេះ ដូចជាង ១ លានដុល្លារជួយដល់ការកសាងសាលារៀន ការកសាង ជួសជុលផ្លូវអីនៅតាមបណ្តាកន្លែងដែលមានការដ្ឋានសំណង់យករ៉ែ។ បានន័យថាការបង្វិលផលនេះ មិនមែនត្រឹមតែការងារបៀវត្សរ៍បងប្អូនទេ ប៉ុន្តែគឺមានលុយមួយផ្នែកជួយទៅអភិវឌ្ឍសហគមន៍តែម្តង ដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ។
(១៥) លើកទឹកចិត្តវិស័យឯកជនបង្កើនមូលនិធិជួយសង្គម ដើម្បីរួមគ្នារស់និងចែកគ្នារស់
ដើម្បីរស់នៅជាមួយគ្នា ចែកគ្នារស់ ទាញបានផលហើយ ត្រូវធ្វើយ៉ាងណាឲ្យមានសុខដុមបនីយកម្ម។ ចែកគ្នារស់ បានន័យថា ក្រុមហ៊ុនវិនិយោគមកពីចិនក៏ដោយ កម្មករបច្ចេកទេសពីចិនក៏ដោយ ពីខ្មែរក៏ដោយ ពីប្រទេសណាក៏ដោយ ឲ្យតែនៅធ្វើការកន្លែងនេះជាមួយគ្នា យើងបង្កើតសុខដុមនីយកម្ម សាមគ្គីភាព។ មនុស្សដូចគ្នា ស្រឡាញ់រាប់អានគ្នា។ បង្កើតរោងចក្រនេះ ដើម្បីផលិតផលសំណង់ យកទៅកសាង មិនថាផ្លូវក្នុងប្រទេស ឬនាំចេញយកទៅធ្វើសំណង់នៅក្រៅប្រទេសនោះទេ ប៉ុន្តែពេលជាមួយគ្នា យើងក៏ត្រូវគិតគូរអំពីការជួយគ្នា។ អ្នករស់នៅជុំវិញមូលដ្ឋាន រួមទាំងសហគមន៍។ នេះគឺជាគំរូនៃការអភិវឌ្ឍរបស់យើង ជាពិសេសភាពជាដៃគូជាមួយវិស័យឯកជន។ វិស័យឯកជនមានមូលនិធិផ្ទាល់ខ្លួន គេហៅមូលនិធិ CSA មូលនិធិជួយសង្គម (ក្រុមហ៊ុនច្រើនមាននៅហ្នឹង។) ក្នុងមួយឆ្នាំ គេទុកប៉ុន្មានភាគរយនៃប្រាក់ចំណេញក្នុងកញ្ចប់ថវិកាសង្គម ជួយសាលា ជួយដល់ជនក្រីក្រ ជួយដល់កម្មករ/ការិនី មានការលំបាក ឬមួយក៏ជួយសហគមន៍ផ្សេងៗ។ អញ្ចឹង ខ្ញុំសូមលើកទឹកចិត្តឲ្យមានការចូលរួមរៀបចំបែបនេះពីវិស័យឯកជន។ មិនត្រឹមតែរស់កន្លែងយើងទេ ចែកគ្នារស់ ឲ្យតំបន់ហ្នឹងមិនស្អាតតែក្នុងរោងចក្រនេះទេ តែនៅជុំវិញនេះ ប្រជាពលរដ្ឋយើងអាច(មាន)ជីវភាព អាចផ្ទះអីកាន់តែវិវត្តកាន់តែល្អ។ ពីមុនផ្ទះស្បូវ ក្រោយមកផ្ទះឈើ ក្រោយមកអាចមានលទ្ធភាពធ្វើផ្ទះក្បឿង។ ពីមុនអត់មានម៉ូតូជិះ ឥឡូវមានម៉ូតូជិះ កន្លែងខ្លះមានឡានជិះ។ នេះហើយការជួយគ្នាទៅវិញទៅមក។ នេះគឺជាការងារប្រកបដោយគុណភាព។
ខ្ញុំសូមលើកទឹកចិត្តឲ្យក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន បន្តគិតគូរជួយបន្ថែម បង្កើតការងារបន្ថែម គិតគូរពីសុខុមាលភាពរបស់អ្នកធ្វើការនៅទីនេះ ក៏ដូចជាចូលរួមចំណែកជួយដល់សហគមន៍ដែលនៅជិតនេះផងដែរ រួមទាំងការប្រតិបត្តិដោយទទួលខុសត្រូវ ការវាយថ្ម ដែលយើងខិតខំគ្រប់គ្រងដោយចីរភាព។ មុននឹងឲ្យអាជ្ញាបណ្ណរុករករ៉ែមួយៗ ក្រសួងស្ថាប័នពាក់ព័ន្ធបានគិតគូរ ហើយសិក្សាឲ្យបានគ្រប់ជ្រុងជ្រោយ ទាំងទិដ្ឋភាពបរិស្ថាន ក្រសួងបរិស្ថាន(ចូលរួម) ទាំងទិដ្ឋភាពបច្ចេកទេស ក្រសួងរ៉ែ និង ថាមពល(ចូលរួម)។ កន្លែងខ្លះមានប៉ះពាល់ទៅវប្បធម៌ ក្រសួងវប្បធម៌ចូលរួម ដើម្បីសហការគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយ។ ពេលប្រតិបត្ដិទៅកុំឲ្យមានផលប៉ះពាល់ធ្ងន់ទៅដល់បរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ គ្មានអីជាងការកែសំរួល ដើម្បីយើងរួមគ្នារស់ (និង) ចែកគ្នារស់។ នេះជាកិច្ចការសំខាន់ដែលយើងត្រូវធ្វើ មិនថាក្នុងវិស័យឧស្សាហកម្ម ស៊ីម៉ងត៍ ទេសចរណ៍ធម្មជាតិ។
(១៦) អភិវឌ្ឍវិស័យអេកូទេសចណ៍ ត្រូវដាក់ប្រជាពលរដ្ឋមូលដ្ឋានជាគោល កុំឱ្យខូចផលប្រយោជន៍ និងជីវភាពរស់នៅរបស់សហគមន៍ និងត្រូវរក្សាតំលៃនៃទីតាំង
ខ្ញុំបានទៅខ្នងផ្សារជាមួយឯកឧត្តម អ៊ាង សុផល្លែត និងឯកឧត្តម ហួត ហាក់ និងឯកឧត្តម ជាម ច័ន្ទសោភណ្ឌ។ សហគមន៍នៅទីនោះ មានការព្រួយបារម្ភខ្លាចថា មានវិស័យឯកជនទៅពីក្រៅ នឹងធ្វើឲ្យសហគមន៍ស្លាប់។ ដូចជាថា ពួកគាត់សន្សំលុយបានធ្វើផ្ទះសំណាក់បាន ៥បន្ទប់។ អញ្ចឹង គាត់ខ្លាចពេលដែលវិស័យឯកជនបានអាជ្ញាបណ្ណទៅធ្វើ Bangalow វានឹងសំលាប់ផ្ទះសំណាក់របស់គាត់។ ខ្ញុំគិតថា ការអភិវឌ្ឍនៅនោះត្រូវដាក់ប្រជាពលរដ្ឋមូលដ្ឋានជាគោល។ អាទិភាពអ្វីដោយកុំធ្វើ ប្រសិនបើវាធ្វើឲ្យខូចផលប្រយោជន៍ និងជីវភាពរស់នៅរបស់សហគមន៍។ ផ្ទុយទៅវិញ ត្រូវធ្វើអ្វីក៏ដោយលើកកំពស់នូវជីវភាពរស់នៅរបស់គាត់។ មិនមែនយើងមិនឲ្យអភិវឌ្ឍទេ ប៉ុន្ដែត្រូវរក្សាតំលៃនៃទីតាំងនោះ។ ខ្ញុំឲ្យចុះមកមើលទេទឹកពុះ មើលនៅខ្នងផ្សារ។ ខ្ញុំឲ្យលុបអាជ្ញាបណ្ណមួយចំនួន ដែលបម្រុងយកទីតាំងរួមអភិវឌ្ឍ។ បើដាក់(គំរោង)ហ្នឹងទៅ វានឹងបាត់កន្លែងរួមនិងភាពទាក់ទាញភ្លាម។ (អញ្ចឹង)ដកចេញទៅ។ ធ្វើប៉ុន្មានគីឡូពីហ្នឹងទៅ។ នៅទេទឹកពុះ ខ្ញុំឲ្យសារ៉េដែរ។ បើមើលតាមគោលការណ៍ចាស់ ប្លង់ទៅដល់មាត់ហ្នឹងតែម្ដង។ បានន័យថា ពុះតេទឹកពុះហ្នឹងជាប៉ុន្មានប្លង់ សំរាប់ឯកជន(ធ្វើការអភិវឌ្ឍ)។ (បើធ្វើដូចនេះ) ថ្ងៃក្រោយនឹងមិនមានអ្នកណាទៅទេ ត្បិតថាទាល់តែចូលទៅកន្លែង(ឯកជនទាំង)ហ្នឹង (ទើបចូលបាន)។ អញ្ចឹង (ខ្ញុំបាន)ឲ្យដកចេញ។
(១៧) រក្សាទីតាំង “ទេទឹកពុះ” សំរាប់ការអាស្រ័យជាសាធារណ កែសំរួលអាជ្ញាបណ្ណ ឱ្យសហគមន៍មានលទ្ធភាពបង្កើតសេវាទេសចរណ៍ជាមួយឯកជន
ការអភិវឌ្ឍនេះនៅប្រទេសផ្សេងក៏គេមិនដែលទៅធ្វើលើនោះដែរ។ កន្លែងតុហូបបាយគេទុកហូបរួម គេដាក់ចង្រ្កាននៅឆ្ងាយ។ បើយកចង្រ្កានមកដាក់កន្លែងហូបបាយ អត់មានអ្នកណាមកទេ។ អញ្ចឹងបើទេទឹកពុះមានសក្ដានុពល កុំឲ្យធ្វើ រីស៊តនៅលើទេទឹកពុះ។ ដកទៅចម្ងាយមួយគីឡូម៉ែត្រទៅ។ ទុកកន្លែងនេះជាតំបន់ស្អាត មានទេសចរមក។ តែមនុស្សមកច្រើនគេទៅស្នាក់ហើយ សូម្បី ១គីឡូម៉ែត្រ(ពីហ្នឹងក៏ដោយ)។ ប្រសិនជាដាក់ រីស៊ត ៤ ឬ៥ ព័ទ្ធកន្លែងហ្នឹង គឺមានតែភ្ញៀវដែលមកដេកនៅរីស៊តហ្នឹង ក្រៅពីហ្នឹងអត់ទាំងអស់។ ខាតវិញ។ នេះជាគំរូមួយដែលត្រូវធ្វើ។ យើងបានកែរំរួលហើយ។ មិនហាមឃាត់ មិនដក(អាជ្ញាបណ្ណទេ ប៉ុន្ដែ)យើងកែសំរួល។ នេះជាការចែកគ្នារស់។ រូបមន្ដនៃការអភិវឌ្ឍកន្លែងណាក៏ដោយ ត្រូវតែផ្ដល់នូវភាពកក់ក្ដៅ និងសក្ដានុពលបន្ថែមទៅដល់ប្រជាជននៅមូលដ្ឋាន។ អញ្ចឹង សហគមន៍នៅទៅនោះ ក៏គាត់មានលទ្ធភាពបង្កើតសេវាទេសចរណ៍ថែមទៀតជាមួយឯកជន ហើយទេទឹកពុះ ទុកឲ្យសាធារណរជនទៅកន្លែងហ្នឹង។ កុំទៅនៅកន្លែងហ្នឹង។ យើងដក ៤ ឬ៥ គីឡូម៉ែត្រមក ក៏មិនឆ្ងាយដែរ។ ប្រសិនបើនាំគ្នាទៅនៅលើកន្លែងហ្នឹង គឺវាអស់តំលៃហើយ។ អញ្ចឹងមនុស្សមកប៉ុន្មាននាក់? បើមកគេមិនឲ្យចូលទេ ទាល់តែបង់លុយ។ ប៉ុន្ដែបើមក(អត់បង់លុយ) គាត់ទៅ picnic មនុស្សមកកាន់តែច្រើន …។
(១៨) នៅខ្នងផ្សារ មិនឱ្យមានគំរោងឯកជន ទុកសំរាប់សាធារណជនបោះតង់ ធ្វើហេដ្ឋេចនាសម្ព័ន្ធខ្លះ ចែកគ្នារស់ជាមួយសហគមន៍
នៅខ្នងផ្សារ ខ្ញុំឲ្យលុបគំរោងនៅខាងលើចោល។ ដកចេញទៅ។ ធ្វើនៅក្រោមជាមួយសហគមន៍ ដើម្បីយើងចែកគ្នារស់។ យើងធ្វើហេដ្ឋារចនាសម្ព័ន្ធ។ កន្លែងខាងលើ ទុកឲ្យបោះតង់ជាសាធារណៈ។ កុំឲ្យវិស័យឯកជនណាទៅវិនិយោគ។ ទុកឲ្យសាធារណៈជនទៅបោះតង់។ បើគេទៅបោះតង់កាន់តែច្រើន សហគមន៍លក់បាយដាច់។ ខ្ញុំមិនជឿថាអ្នកទៅបោះតង់ដឹក មាន់ ទា ជ្រូក យកមកកាប់ទេ។ អ្នកខ្លះដឹកមក ប៉ុន្ដែមានអ្នកទិញអីហូបលើហ្នឹង។ យើងរៀបតែកន្លែងបន្ទប់ទឹកឱ្យស្អាត កន្លែងលក់បាយឲ្យស្អាត ធ្វើផ្លូវចាក់បេតុង។ ផ្លូវជាមួយ WB ថ្ងៃមុនគំរោងឡើងទៅ(លើភ្នំ) សូមសារ៉េខាងក្រោមបន្ដិចគឺស្អាត។ ប្រសិនបើឧកញ៉ា លី យ៉ុងផាត់ ធ្វើផ្លូវពីរង្វង់មូលឱរ៉ាល់ចាក់ទៅកោះកុង គឺទេទឹកពុះ និងច្រកចូលខ្នងផ្សារនេះកាន់តែរីក កាន់តែល្អតែម្ដង។ ប៉ុន្ដែធ្វើផ្លូវកុំឲ្យឡើងដល់លើ។ ទុកឲ្យគេដើរឡើង។ (ធ្វើ)ឡើងទៅដល់បាតជើងព្រះបាន។ ប៉ុន្ដែកុំឡើងដល់លើ។ កន្លែងខ្លះអត់ចាំបាច់ត្រូវធ្វើទំនើបពេកទេ។ ថ្ងៃមុន ឯកឧត្តម ថោ ជេដ្ឋា បាញ់ប្លង់មួយឲ្យខ្ញុំ។ នៅស្រុកគេធ្វើជណ្ដើរថ្ម គេដាក់ស្អីៗ។ ខ្ញុំថាកុំ។ ធ្វើហ្នឹងខូចវិញ។ ឈូសតែដីឲ្យគាត់។ កន្លែងខ្លះអត់ចាំបាច់ឈូសផង តែប្រជាជនដើរយូរៗចេញផ្លូវឯង។
នៅពីរ៉ាណេ ព្រំដែនអេស្បាញជាមួយបារាំង ខ្ញុំមើលគេផ្លូវឡើងដល់ត្រឹមចង្កេះភ្នំ ហើយក្រៅពីហ្នឹងទុកឲ្យ(អ្នកទៅលេង)ឡើង ឬជិះយោងឡើង។ ខ្នងផ្សារយើងដើរតែប៉ុន្មានម៉ោង មិនបាច់ជិះយោងក៏បានដែរ។ ហើយបើចង់ឡើងទៅដល់លើ មានផ្លូវឡើងទៅដល់បាតជើងព្រះ ដើរតែបន្ដិចទៅដល់។ នេះដែលខ្ញុំថា ការអភិវឌ្ឍដោយចីរភាព រក្សាតំលៃដោយធម្មជាតិនៅនឹងតំបន់។ យើងធ្វើល្អ ទំនើប ប្រហែលជាអត់តំលៃវិញ។ ព្រោះឥឡូវបើចង់ឃើញអគារខ្ពស់ៗ ទៅភ្នំពេញ កំពង់សោម។ មួយថ្ងៃៗ ឃើញតែថ្ម។ ខ្ញុំចង់មកភ្នំឃើញទេសភាព ស្រាប់តែមកឃើញផ្ទះថ្មពេញហ្នឹងទៀត ខ្ញុំមិនមកទេ។ ប៉ុន្ដែបើកន្លែងនេះនៅជាធម្មជាតិ ទោះបីជាខែភ្លៀងមានទាក មានអីបន្ដិច ក៏ ok មែនទេ? សុខចិត្តឲ្យមានទាក លោតខាំបន្ដិច ទើបធម្មជាតិ។ ទាកហ្នឹងពូកែទៀត។ តែវាខាំហើយវារុញរហូត ជួនកាលបើកជើងខោមិនឃើញ មកឃើញនៅលើ។ សុខចិត្តទុកធម្មជាតិអញ្ចឹងចុះ។ កុំខ្លាចទាក ឈូសព្រៃអស់ដាក់ផ្លូវបេតុងឡើង។ មនុស្សលែងទៅហើយ។
(១៩) ទីតាំងតូច ទុកឱ្យសហគមន៍ចាត់ចែង បើទីតាំងធំ សហគមន៍មិនអាចអភិវឌ្ឍបាន ហៅអ្នកពីក្រៅមកជួយ ត្រូវបង្រៀនសហគមន៍ឱ្យចេះរកស៊ី
ទី១ ត្រូវវិនិយោគ និងទី ២ ត្រូវបង្រៀនគាត់(សហគមន៍)។ ឯកឧត្តម ជាម ច័ន្ទសោភណ្ឌ បានលើកជាយោបល់ថា “សម្ដេច! បើយើងឲ្យសហគមន៍ ខ្លាចបងប្អូនអត់មានសមត្ថភាពគ្រប់គ្រង”។ ខ្ញុំថា “បង! មុននឹងហៅវិនិយោគពីក្រៅ បង្រៀនអ្នកសហគមន៍ឲ្យចេះរកស៊ីសិន។ កុំយកអ្នករកស៊ីពីក្រៅមក(មុន)។ បើកន្លែងហ្នឹងតូច ទុកត្រឹមតែសហគមន៍ឲ្យធ្វើទៅ។ បើកន្លែងហ្នឹងធំ សហគមន៍មិនអាចអភិវឌ្ឍបាន ចាំហៅអ្នកពីក្រៅមកជួយ។ មកដើម្បីចែកហៅភ្ញៀវមក។ បើកន្លែងហ្នឹងតូច កុំចាំបាច់រកអ្នករកស៊ីពីក្រៅ។ បង្រៀនសហគមន៍ឱ្យចេះរកស៊ី។ ហ្នឹងទើបទៅរួច។ ខ្ញុំបានប្រាប់សហគមន៍ថា “ខ្ញុំអាចធ្វើផ្លូវឲ្យបាន”។ ប្រធានសហគមន៍នៅក្មេងដែរទេ។ ប៉ុន្ដែខ្ញុំថា “(សហគមន៍)ត្រូវជួយខ្លួនឯងមួយ គឺសេវាត្រូវតែល្អ។ កន្លែងល្អក៏ដោយ បើសេវាអត់ល្អ គេអត់មកទេ”។ គាត់ប្រាប់ខ្ញុំវិញថា “សម្ដេច! ពួកខ្ញុំ (ឱ្យតែមាន)ភ្ញៀវមួយៗមកដូចជាសម្ដេចអញ្ចឹង។ ត្រូវការទឹកក្ដៅទឹកត្រជាក់ម៉ោងណា។ ខ្ញុំទៅ”។ ខ្ញុំថាអញ្ចឹង គាត់មានឈាម(ជា)អ្នករកស៊ីហើយ។ អ្នកឱរ៉ាល់ អ្នកខ្នងផ្សារ បានន័យថាគាត់យល់ គាត់មានទឹកចិត្ត ឆន្ទៈ។ គាត់មិនចង់ទៅរកស៊ីកាប់ឈើទៀតទេ។ ពីមុនគាត់រកស៊ីកាប់ឈើយកមកលក់ ប្រឈមនឹងផ្លូវច្បាប់ផងអីផង។ ឥឡូវគាត់(រក)ចំណូលបានពីទេសចរណ៍ច្រើន។ ខែភ្លៀងគាត់រកបានច្រើនជាងខែប្រាំង ដោយសារខែភ្លៀងទេសភាពពណ៌បៃតង។
(២០) កាលណាមានការវិនិយោគ ខ្នងផ្សារនឹងបាត់តម្លៃជាកន្លែងបោះតង់សាធារណៈ និងសហគមន៍មានការប្រឈម
ឯកឧត្តម ហួត ហាក់ មកទេ? រដូវបៃតងរបស់ឯកឧត្តម។ ថ្ងៃនោះ ខ្ញុំយករដ្ឋមន្ដ្រីពីរ(នាក់ទៅ)។ ពេលឡើងទៅរដ្ឋមន្ដ្រីបរិស្ថានជាប់សសៃ។ ពេលចុះមកវិញ រដ្ឋមន្ដ្រីទេសចរណ៍ជាប់ជង្គង់។ ទៅមើលផ្ទាល់បានដឹងថា។ ជួនកាលយើងបោះប្លង់នៅលើផែនទី គិតថាកន្លែងហ្នឹងគួរតែវិនិយោគ ប៉ុន្ដែដល់ចុះទៅមើលផ្ទាល់បានដឹងថា អត់បានទេ។ តែវិនិយោគ ងាប់(ប្រជាពលរដ្ឋក្នុងសហគមន៍)។ ទី១ បាត់តំលៃកន្លែងហ្នឹង គ្មានអ្នកណាមកទៀតទេ។ បើកន្លែងបោះតង់សាធារណៈប្រែទៅជារីស៊ត។ ទី២ សហគមន៍នឹងពិបាក។ មានបញ្ហា។ អញ្ចឹងបានយើងកែភ្លាម។ សួរគាត់តើចង់បានអី? គាត់ចង់បានការការពារសិទ្ធិ កុំឲ្យធ្វើអ្វីក៏ដោយបាត់សិទ្ធិគាត់រកស៊ីលើនោះ។ បានខ្ញុំប្រាប់ថា ធ្វើអ្វីក៏ដោយត្រូវរក្សាសិទ្ធិរបស់សហគមន៍។ គាត់ខ្លាច។ គាត់ថាបើគេមកគេផ្តាច់មុខ គាត់ឈប់ឲ្យពួកខ្ញុំរកស៊ី។ ឥឡូវខ្ញុំលក់បានតិចតួច។ ខ្ញុំថា “(រដ្ឋការពារ)”។ គាត់ថាចង់បានហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។ យើងជួយ។ ថាគាត់ចង់បានអ្វីទៀត? គាត់ថា “បើមានអ្នកវិនិយោគនៅខាងក្រោម តិចលោគេមកវាយផ្តួលពួកខ្ញុំ”។ ខ្ញុំប្រាប់ថា “អត់ទេ! យើងមិនឲ្យវាយផ្តួលទេ”។ យើងនឹងជួយគាត់តាមរយៈការបង្រៀនឲ្យចេះធ្វើសេវាកម្មទេសចរណ៍ ហើយភ្ជាប់ជាមួយនឹងរៀបចំ package ឲ្យគាត់ឲ្យបានច្រើន។
(២១) រូបមន្តអភិវឌ្ឍតំបន់អេកូទេសចរណ៍ គឺអភិរក្សនិងអភិវឌ្ឍជាមួយសហគមន៍ ដោយជួយអ្វីដែលមាននៅមូលដ្ឋាន កុំធ្វើជំនួស និងផ្គុំជាមួយគ្នា
នេះជាការជួបផ្ទាល់។ ការដើរឡើង ត្រូវការពេល ៥ម៉ោង។ ចុះមកវិញ ខ្ញុំអង្គុយនិយាយជាមួយប្រធានសហគមន៍ប្រហែលកន្លះម៉ោង។ តែកន្លះម៉ោងនេះ អាចថា ប្រសើរជាងហើយដោះស្រាយត្រូវជាង កាលបើយើងឲ្យក្រុមការងារចុះទៅសិក្សារាប់ខែ។ ខ្ញុំអង្គុយតែមួយភ្លែតជាមួយសហគមន៍ជាអ្នកនៅមូលដ្ឋាន។ យើងជួយនូវអ្វីដែលមាននៅមូលដ្ឋាន។ កុំធ្វើជំនួសគាត់។ យើងធ្វើអ្វីផ្គុំជាមួយគាត់ គាត់អាចប្រើប្រាស់បាន។ នេះជារូបមន្ត អភិវឌ្ឍតំបន់អេកូទេសចរណ៍ ដែលយើងត្រូវការអភិរក្ស និងអភិវឌ្ឍជាមួយគ្នាឲ្យសហគមន៍។ គាត់ស្រួលណាស់។ (យើងអាចរៀបចំ)ឲ្យភ្ជាប់ “ទេទឹកពុះ” ជាមួយនឹង “ខ្នងផ្សារ” ហើយអាចជាមួយនឹងថ្ពងទៀតថ្ងៃក្រោយ។ ខេត្តកំពង់ស្ពឺ បើមកទាំងពីរតែមួយព្រឹក សោះនឹងពិបាកទៅវិញ។ បើថែមជ្រាវមួយទៀត បានមួយល្ងាចបាត់។ សេវាពេញប៊ឹប discount ឲ្យ ២០ភាគរយ។ គេនឹងមក។
មន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន ក្រសួងរួមជាមួយគ្នា កុំផ្តោតតែទេសចរក្រៅប្រទេស។ ទេសចរក្នុងស្រុកច្រើនណាស់។ ឥឡូវប្រជាពលរដ្ឋយើងមានលទ្ធភាពមិនណយប៉ុន្មានដែរ។ ចុងសប្ដាហ៍មុន កកស្ទះនៅកោះកុង។ គ្រាន់តែផ្លូវ៤៨ មិនទាន់សម្ពោធផងទៅដល់នោះ។ ឥឡូវកំពង់សោមជិតពេកហើយ គាត់ធុញហើយ។ គាត់រកកន្លែងថ្មី គាត់ចង់ទៅសមុទ្រ គាត់ទៅសមុទ្រវិលល្ងាចបាន។ គាត់ចង់មកភ្នំ គាត់មានកន្លែងភ្នំ។ គាត់ចង់មកកន្លែងទឹកពុះធម្មជាតិ មានកន្លែងឲ្យគាត់ ហ្នឹងហើយដែលបង្កើតពិពិធកម្មផលិតផលឲ្យច្រើន។ យកតែអ្នកភ្នំពេញ អ្នកខេត្តកណ្តាល អ្នកកំពង់ស្ពឺ អ្នកកំពង់ឆ្នាំង ដើរលេងតំបន់នេះ ក៏យកទៅណាមិនអស់និងអ្នកកំពង់សោមផង។ ព្រោះអ្នកកំពង់សោម មួយថ្ងៃៗឃើញតែសមុទ្រ ឲ្យចុងសប្តាហ៍គាត់ទៅលេងសមុទ្រគាត់មិនទៅទេ តែបើមកលេងគិរីរម្យ មកលេងខ្នងផ្សារ។ ខ្ញុំទៅខ្នងផ្សារថ្ងៃមុន ឃើញជិះម៉ូតូ ក្រុមក្មេងៗប៉ុន្មាននាក់ ៣ ៤ ម៉ូតូគ្នាគាត់ ខ្ញុំថាទៅណា? គាត់ថា គាត់ទៅអារ៉ែង។ ឡើងទៅ(ខ្នងផ្សារ)ហ្នឹងហើយ គាត់ជិះទៅអារ៉ែង ទៅស្នាក់នៅហ្នឹង។ ឥឡូវអ្នកកោះកុងក៏មកតាមនេះបាន។ អញ្ចឹងយើងធ្វើបណ្តាញតភ្ជាប់។
(២២) ភ្ជាប់សសៃឈាម ប្រែក្លាយសមរភូមិទៅជាទីផ្តល់ក្តីសង្ឃឹម សុខសុវត្ថិភាព អនុវត្តសិទ្ធិសេរីភាពដើរហើរ រស់នៅ ប្រកបរបរចិញ្ចឹមជីវិត កាន់សាសនា និងថែរក្សាសុខភាព និងការរៀនសូត្រ
នេះហើយជាការភ្ជាប់សសៃឈាម និងការប្រែក្លាយសមរភូមិចាស់ទៅជាកន្លែងដែលផ្តល់ក្តីសង្ឃឹម ផ្តល់នូវសុខសុវត្ថិភាព ដែលជិះម៉ូតូមិនកិនមីនតោនផ្ទុះ ដែលដើរចូលព្រៃមិនត្រូវកំបុតជើងដោយសារមីន ដែលសុខចិត្តទៅឲ្យទាកខាំពេលយប់ ហើយគេងនៅលើភ្នំខ្នងផ្សារត្រូវទឹកសន្សើម ខ្នងភ្នំសំពៅ ជាជាងមិនអាចចូលទីនោះបាន។ អាចធ្វើដំណើរទៅថ្មបាំង ទៅអារ៉ែងបន្តទៀតឆ្ពោះទៅកោះកុង នេះហើយគឺសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ សិទ្ធិសេរីភាពក្នុងការដើរហើរដោយសុវត្ថិភាព រស់នៅមានជីវភាព។ នេះជាការអនុវត្តសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដែលមិនមែនត្រឹមតែសិទ្ធិនៅក្នុងការកាន់មេក្រូជេរនោះទេ ប៉ុន្តែសិទ្ធិដើរហើរ សិទ្ធិនៅក្នុងការរស់នៅប្រកបរបរចិញ្ចឹមជីវិត សិទ្ធិនៅក្នុងការប្រកាន់សាសនា និងសិទ្ធិនៅក្នុងការទទួលបានការថែរក្សាសុខភាព ការរៀនសូត្រ គឺជាអ្វីដែលរាជរដ្ឋាភិបាលបានធ្វើ ៤០ឆ្នាំមក ហើយបន្តធ្វើតទៅទៀត។ នេះជាសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងរបបប្រជាធិបតេយ្យ។ អត់មានអ្នកណាភ្ជុងគាត់ឲ្យទៅលេងអារ៉ែងទេ គាត់មានសិទ្ធិទៅ មានសមត្ថភាពទៅ។ អញ្ចឹងការរៀបចំបែបនេះ ប្រទាក់ក្រឡាគ្នា ដើម្បីធ្វើជាសហថាមពល ជំរុញប្រទេសជាតិ។ វិស័យឯកជនក៏រាជរដ្ឋាភិបាលលើកទឹកចិត្តចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន តាមរយៈ ការបង្កើតការងារ និងការជំរុញការអភិវឌ្ឍ។
(២៣) ក្នុងវិស័យស៊ីម៉ងត៍នេះ រាជរដ្ឋាភិបាលបានព្យួរអាករពិសេស ៥ឆ្នាំ តាំងពី២០១៨ ដើម្បីធានាតម្លៃឲ្យប្រកួតប្រជែងជាមួយស៊ីម៉ងត៍នាំចូល
ជាក់ស្តែងវិស័យស៊ីម៉ងត៍នេះ រាជរដ្ឋាភិបាលបានជួយក្នុងយន្តការមួយចំនួន ទោះបីមិនច្រើនដូចវិស័យផ្សេងក្តី។ រដ្ឋាភិបាលបានជួយដូចព្យួរអាករពិសេស ៥ឆ្នាំ តាំងពី២០១៨ មក ម្តង ២ឆ្នាំ ដូចបាន ៣ដងហើយ។ កាលពីជួបគ្នាខែ ១២ នោះ ខ្ញុំបានឯកភាពឲ្យព្យួរបន្តទៀតនៅឆ្នាំ២០២៥-២០២៦ ដើម្បីទុកថវិកានេះយកទៅធានាតម្លៃស៊ីម៉ងត៍ឲ្យប្រកួតប្រជែងជាមួយនឹងស៊ីម៉ងត៍នាំចូល។ បានន័យថា ដើម្បីឲ្យអតិថិជនទិញស៊ីម៉ងត៍ក្នុងស្រុកបានក្នុងតម្លៃសមរម្យដើម្បីប្រើប្រាស់ផលិតផលខ្មែរ។ រដ្ឋមិនបាច់យកអាករទេ ទុកឲ្យវិស័យឯកជនចូលរួមចំណែក។ នេះជួយតិចច្រើន គឺបានសម្រួល ជាពិសេសក្នុងពេលលំបាក។ យើងក៏បានជួយនៅគ្រប់វិស័យផ្សេងៗទៀត។ រដ្ឋខ្លះប្រមូលពន្ធយកមក ហើយបានចេញឧបត្ថម្ភទុនឬមួយអីទៅវិញ។ សម្រាប់វិធីសាស្រ្តផ្សេងទៀត គឺយើងទុកលុយនៅក្នុងហោប៉ៅរបស់ក្រុមហ៊ុន របស់វិស័យឯកជន តាមរយៈការបន្ធូរបន្ថយ លើកលែងពន្ធកម្រិតណាមួយ។
នេះជាការចូលរួមចំណែករបស់រដ្ឋនៅក្នុងការជួយវិស័យឯកជន។ ដូច្នេះ សាជាថ្មី ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណដល់ក្រសួងរ៉ែនិងថាមពល ទៅដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ដល់អាជ្ញាធរខេត្តដែលបានជួយជំរុញនៅក្នុងវិស័យរ៉ែ ជាពិសេសនៅក្នុងការផលិត ការរៀបចំរោងចក្រផលិតស៊ីម៉ងត៍នៅទីនេះ និងរោងចក្រមួយចំនួនទៀត ក្រុមហ៊ុនផ្សេងៗទៀត ដំណើរការអាជីវកម្មរ៉ែនៅក្នុងខេត្តកំពង់ស្ពឺ។ សូមបន្តជំរុញ និងលើកទឹកចិត្តជួយដើម្បីឲ្យវិស័យឯកជនដើរដើម្បីជួយដល់ប្រជាពលរដ្ឋយើង តាមរយៈការបង្កើតការងារ និងបង្កើនបៀវត្សតាមរយៈការដំណើរការល្អរបស់ក្រុមហ៊ុន។
(២៤) ក្រសួងរ៉ែនិងថាមពល ក្រសួងបរិស្ថាន អាជ្ញាធរពាក់ព័ន្ធ គ្រប់គ្រងការធ្វើអាជីវកម្មរ៉ែគ្រប់កន្លែងដោយគិតអំពីបរិស្ថាន ចីរភាព ការប៉ះពាល់ដល់ប្រជាពលរដ្ឋ
ពេលជាមួយគ្នានេះ ខ្ញុំក៏សូមឲ្យក្រសួងរ៉ែ និងថាមពល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ក្រសួងបរិស្ថាន បន្តយកចិត្តទុកដាក់ គ្រប់គ្រងការធ្វើអាជីវកម្មរ៉ែគ្រប់កន្លែង គ្រប់ប្រភេទដោយការទទួលខុសត្រូវខ្ពស់ ដោយការគិតគូរអំពីបរិស្ថាន ការគិតគូរអំពីចីរភាព ការប៉ះពាល់ដល់ប្រជាពលរដ្ឋ សិក្សាឲ្យបានច្បាស់លាស់មុននឹងផ្តល់អាជ្ញាបណ្ណ ផ្តល់អាជ្ញាបណ្ណហើយ ត្រូវតាមដានត្រួតពិនិត្យការប្រតិបត្តិជាប់ជាប្រចាំដែលយើងមាន អនុលោមតាមគោលការណ៍របស់យើង។ សូមឲ្យក្រុមហ៊ុនឯកជនទាំងអស់ យកចិត្តទុកដាក់ខ្ពស់គិតគូរពីសុវត្ថិភាព និងផលប៉ះពាល់ជាបន្តទៀតដល់បរិស្ថាន និងសហគមន៍ជុំវិញហ្នឹង ជួយអភិវឌ្ឍតាមលទ្ធភាពដែលអាចធ្វើទៅបាន។ សូមក្រសួងរ៉ែ និងថាមពល ក្រសួងធនធានទឹក គណៈកម្មការគ្រប់គ្រងការធ្វើអាជីវកម្មមួយចំនួន ជាពិសេសដីខ្សាច់ទន្លេពិនិត្យមើល។ ឥឡូវឃើញគ្រប់គ្រងបានច្រើន ក្នុង ២ឆ្នាំនេះ ដោយក្រសួងបានទាញក្រុមហ៊ុនដែលអត់អាជ្ញាប័ណ្ណបូមខ្សាច់មួយចំនួនចូលគន្លង ហើយបានអនុវត្តគោលការណ៍ច្រើន។
ពិនិត្យមើលឲ្យស្រួល សិក្សាឲ្យបានច្បាស់លាស់ ចៀសវាងកាបូមខុសកន្លែង ឬមួយខុសបច្ចេកទេស ដែលធ្វើឲ្យបាក់ដី។ ខ្ញុំបានឲ្យសិក្សា។ ព្រឹកមិញបានជជែកជាមួយឯកឧត្តម កែវ រតនៈ, ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឲ្យសិក្សារូបមន្តធ្វើការជាមួយវិស័យឯកជន ចាត់ចែងគិតគូរធ្វើម៉េចបូមអាខ្សាច់នៅខាងលើ ខ្សាច់នៅទន្លេមេគង្គលើខាងក្រចេះ នៅខាងកំពង់ចាមដែលដុះច្រើន។ ការដុះនេះ បើដុះតែវាមិនអីទេ ប៉ុន្តែវាធ្វើឲ្យប្រែប្រួលចរន្តទឹក។ អញ្ចឹងវាមកបុកច្រាំងនៅភាគខាងក្រោមបាក់។ នៅស្ទឹងត្រង់អីបាក់។ ឯកឧត្តមរដ្ឋមន្រ្តីធនធានទឹកឡើងគម្រោងមួយ គាត់ថាចង់ទប់កន្លែងបាក់នៅតំបន់ហ្នឹង គាត់សុំធ្វើរបងមួយគីឡូដី ចាក់ច្រាំងមួយគីឡូដី ជាបេតុងអស់ជិត ១០លានដុល្លារ។ ខ្ញុំសួរថា “ធានាបានប៉ុន្មានឆ្នាំ”។ គាត់ថា “សម្តេច ខ្ញុំមិនហ៊ានធានាទេ។ ស៊ីសងលើទឹក”។ ខ្ញុំថា “មិនបាច់ធ្វើទេអញ្ចឹង។ ធ្វើវាអត់ប្រយោជន៍។ សុខចិត្តរកលុយបូមខ្សាច់ទាញចរន្តវិញ”។
(២៥) ជាមួយវិស័យឯកជន រករូបមន្តសមស្របទាំងបច្ចេកទេសទាំងតម្លៃ តាមរូបភាពឈ្នះ-ឈ្នះ ជាជាងទៅខ្ចីបុលសុទ្ធដើម្បីតែបូមខ្សាច់
ឥឡូវ ជាមួយវិស័យឯកជន រករូបមន្តណាមួយ(ដែលសមស្របទាំងបច្ចេកទេស ទាំងតម្លៃ បូមខ្សាច់នៅខាងលើ ខ្សាច់នៅទន្លេមេគង្គលើខាងក្រចេះ នៅខាងកំពង់ចាម)។ គំរោងនោះវាថ្លៃ។ អញ្ចឹងទាល់តែគាត់បូម។ យើងជួយក្នុងរូបភាពអ្វី? គិតគូរមើល ដើម្បីឲ្យការវិនិយោគមានស្ថានភាពឈ្នះ-ឈ្នះ។ គាត់យកខ្សាច់ហ្នឹងចេញទៅ បើថាកាត់បន្ថយចំណាយរបស់រដ្ឋក្នុងការបូមចេញ ហើយប្រជាពលរដ្ឋនៅទីនោះលែងព្រួយបារម្ភចរន្តទឹកនឹងមកល្អវិញ។ កន្លែងនេះមួយ ខ្ញុំចេះតែនឹកដល់អ៊ំរបស់ខ្ញុំម្នាក់ ដែលឥឡូវគាត់អនិច្ចកម្មទៅហើយ។ ពីមុនគាត់ជាអភិបាលខេត្តកំពង់ចាម។ គាត់ជួបខ្ញុំម្ដង។ គាត់ថា អ្នកកងមាសលើកគ្នាទៅប្ដឹងគាត់ ទារដីនៅកោះសូទិន ដោយសារទឹកបុកបាក់ដីនៅកងមាស ទៅដុះនៅកោះសូទិន។ អញ្ចឹង ប្រជាពលរដ្ឋមកទារថា ដីគាត់បាក់ខាងនេះ តែទៅដុះខាងនោះ គាត់សុំដីគាត់វិញ។ គាត់សួរខ្ញុំថា៖ “អាវ៉ា! អ៊ំសួរបន្តិច អាហ្នឹងយ៉ាងម៉េច?” ខ្ញុំថា ខ្ញុំមិនដឹងដែរអ៊ំ ច្បាប់ភូមិបាលដូចមិនបាននិយាយពីស្ថានភាពអញ្ចឹងទេ។
សូមប្រជាពលរដ្ឋដែលនៅខាងដីបាក់ (កុំ)ទៅទារខាងដីដុះ … ហើយបើដីដុះនេះយើងបូម សូមកុំឲ្យមានប្រតិកម្ម ព្រោះដីដុះនេះជាដីខ្សាច់មិនអាចបង្កបង្កើនផលកើត ហើយវាធ្វើឲ្យប្រែប្រួលចរន្តទឹក។ អញ្ចឹង យើងនឹងគិតគូរលើការងារនេះ។ សូមឯកឧត្ដម កែវ រតនៈ ឯកឧត្ដម បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន កោះប្រជុំអន្តរក្រសួងមួយដើម្បីវាយតម្លៃ ពិនិត្យមើលរូបមន្តមួយណា ជាពិសេសរូបមន្ត PPP ឬមួយរូបមន្តជាមួយវិស័យឯកជនកម្រិតណាដើម្បីជួយស្រាយចំណោទនេះ។ ជួយគ្នាដើម្បីមានលំនឹង ជាជាងទៅរកលុយ ទៅខ្ចីលុយគេសុទ្ធយកមកធ្វើ គ្រាន់តែបូមខ្សាច់ហ្នឹង។ យើងអាចមើលថារូបមន្តកម្រិតណាមួយ ព្រោះខ្សាច់ហ្នឹងក៏មានផលសេដ្ឋកិច្ចដែរ គ្រាន់តែវាឆ្ងាយ វាថ្លៃក្នុងការដឹកជញ្ជូន។ អញ្ចឹង យើងគិតមើលទៅ …។
[ចប់សេចក្ដីអធិប្បាយ៣]
ជាមួយនឹងសមិទ្ធផលជាច្រើនក្នុងវិស័យរ៉ែ និងថាមពល, ខ្ញុំសូមផ្តល់នូវអនុសាសន៍ មួយចំនួន សម្រាប់បន្តអភិវឌ្ឍវិស័យនេះ ឱ្យកាន់តែប្រសើរថែមទៀត ដូចខាងក្រោម៖
ទី១. ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិពាក់ព័ន្ធ ត្រូវចូលរួមកាត់បន្ថយការិយាធិបតេយ្យ ដើម្បីសម្រួល និងគាំទ្រវិស័យឯកជន ក្នុងការអភិវឌ្ឍវិស័យរ៉ែ តាមរយៈកិច្ចសហការចាប់ តាំងពីដំណាក់កាលនៃការសិក្សាស្រាវជ្រាវ និងរុករក រហូតដល់ការធ្វើអាជីវកម្ម។ ចំពោះផលិតផលរ៉ែ ដែលអាចនាំចេញទៅក្រៅប្រទេសបាន ដូចជា៖ ស៊ីម៉ងត៍ ថ្មអារ រ៉ែមាស រ៉ែដែក និងម្សៅថ្មក្វាត ជាដើម ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទំាងអស់ ត្រូវសម្របសម្រួល និងផ្ដល់ការគាំទ្រចាំបាច់ សម្រាប់ការនាំចេញប្រកបដោយប្រសិទ្ធភាពខ្ពស់ សំដៅពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា។
ទី២. ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ ទំាងរដ្ឋ និងឯកជន ត្រូវរក្សាតុល្យភាព រវាងការអភិវឌ្ឍ និងការអភិរក្ស ដោយផ្អែកលើកត្តាសង្គម-សេដ្ឋកិច្ច និងបរិស្ថាន។ ជាការពិត យើងត្រូវការចំណូល យើងត្រូវការបង្កើតការងារជូនប្រជាពលរដ្ឋ យើងត្រូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ប៉ុន្តែ យើងក៏ត្រូវទទួលខុសត្រូវ និងគិតគូរអំពីផលប៉ះពាល់ដល់បរិស្ថាន និងសង្គមជាតិ ផងដែរ។ ជាក់ស្តែង ក្នុងរយៈពេល ១០០ ថ្ងៃដំបូង នៃរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ខ្ញុំបានកំណត់តំបន់ព្រៃឡង់ជាតំបន់ក្រហម ដោយពុំអនុញ្ញាតឱ្យផ្ដល់គម្រោងរ៉ែថ្មីបន្ថែមទៀត នៅតំបន់នោះទេ រីឯគម្រោងដែលមានស្រាប់ ត្រូវពិនិត្យមើលឆ្វៀលចេញនូវតំបន់ដែលពុំមានសក្តានុពលរ៉ែ។ បន្ថែមពីនេះទៀត នៅដើមឆ្នាំនេះ ខ្ញុំបានសម្រេចដកហូតតំបន់អាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែមួយកន្លែង […]
[ផ្ដើមសេចក្ដីអធិប្បាយ៤]
(២៦) ការផលិតស៊ីម៉ង់ត៍អាចគ្រប់គ្រាន់សម្រាប់ទីផ្សារក្នុង ១០ទៅ ១៥ឆ្នាំទៅមុខ បើមានតម្រូវការលើស ចាំគិតពីការពង្រីកសមត្ថភាពផលិតកម្ម
នៅដើមអាណត្តិនេះ យើងបានចេញគោលការណ៍។ កាលនោះគឺឈប់ឲ្យចេញអាជ្ញាបណ្ណរ៉ែថ្មីនៅតំបន់ព្រៃឡង់ លើកលែងតែមានក្រុមហ៊ុនមួយឬពីរ ដែលបានអាជ្ញាបណ្ណតាំងពីមុនអាណត្តិនោះ គឹឲ្យពិនិត្យមើល … ដូចជាមានមួយដំណើរការចុងក្រោយនេះ ដែលថាដូចជាមាន ៩០ហិកតា។ ហ្នឹងអនុម័តដំណើរការតាំងពី២០២២ ដែលក្រុមហ៊ុនបានស្នើសុំអាជ្ញាបណ្ណ។ យូរហើយ ដូចចុងក្រោយបំផុតនៃការចេញអាជ្ញាបណ្ណ។ ក្រៅពីនោះ អាជ្ញាបណ្ណណាដែលបានហើយមិនធ្វើ យើងនឹងយកមកវិញ ដូចជានៅកំពង់ត្រាច។ ឥឡូវយើងមាន ៦-៧ ក្រុមហ៊ុនហើយ។ ទីផ្សារបច្ចុប្បន្នអាចគ្រប់គ្រាន់សម្រាប់ ១០ទៅ ១៥ឆ្នាំទៅមុខទៀត។ បើសិនជាតម្រូវការរីកខ្លាំងលើសហ្នឹង ក្នុង ១០ទៅ ១៥ឆ្នាំ ក្នុងស្រុកផលិតលែងទាន់ហើយ មានចំណោលថាត្រូវនាំចូលពីក្រៅ ហ្នឹងចាំគិតពី capacity។ ជួនកាលក្រុមហ៊ុនដែលមានស្រាប់នេះ មាន capacity រាល់ថ្ងៃ ១១លានតោន ដោយសារខ្សែចង្វាក់តែប៉ុណ្ណឹង។ អាចពេលដែលរីកមិនចាំបាច់ គាត់ដំឡើងខ្សែចង្វាក់ផលិតកម្ម ពង្រីកដល់ទៅ ២០តោនឯណោះ មួយគុណជាពីរ។ អញ្ចឹង យើងមើលសក្ដានុពលក្រុមហ៊ុនវិនិយោគដែលមានស្រាប់ មិនចាំបាច់មានច្រើនពេកទេ។ វិស័យផលិតធំៗនេះ ជួយតែអ្នកវិនិយោគឲ្យគាត់រីកកាន់តែល្អ ហើយងាយស្រួលផង។ បើការវិនិយោគតូចៗ យើងមិនបារម្ភទេ។
[ចប់សេចក្ដីអធិប្បាយ៤]
ទី៣. ក្រសួងរ៉ែ និងថាមពល ត្រូវសហការជាមួយគ្រប់ភាគីពាក់ព័ន្ធបន្តកំណត់តំបន់សក្តានុពលធនធានរ៉ែសំណង់ (Zoning) ឱ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេស សំដៅធានាបាននូវការអភិវឌ្ឍធនធានរ៉ែ ប្រកបដោយចីរភាព។ ក្រសួងត្រូវពិនិត្យឱ្យបានម៉ត់ចត់ក្នុងការផ្តល់អាជ្ញាបណ្ណ ក្នុងការរុករកធនធានរ៉ែ ដោយធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់បរិស្ថាន និងជីវភាព ឬបំពុលការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន គឺត្រូវបន្តជំរុញឱ្យក្រុមហ៊ុនវិនិយោគវិស័យរ៉ែ បង្កើនអត្ថប្រយោជន៍ជូនដល់សហគមន៍ និងរក្សាឱ្យបានសុខដុមនីយកម្ម រវាងក្រុមហ៊ុន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ទី៤. ក្រសួងរ៉ែ និងថាមពល ត្រូវបន្តសហការជាមួយដៃគូឯកជនក្នុងវិស័យរ៉ែ ដើម្បីបង្កើនយថាប្រភេទផលិតផលរ៉ែ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកជំនួសឱ្យការនាំចូល បង្កើនការនាំចេញ បង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ និងបង្កើនចំណូលជូនជាតិ។ ខ្ញុំសូមគាំទ្រ និងជំរុញនូវការអនុវត្តយន្តការមុតស្រួចរបស់ក្រសួងរ៉ែ និងថាមពល ក្នុងការប្រមូលចំណូលស្របច្បាប់ ជូនរដ្ឋ និងធានាឱ្យបាននូវការប្រកួតប្រជែងស្មើភាព។
ទី៥. ក្រសួងរ៉ែ និងថាមពល ត្រូវលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពដល់កម្មករនិយោជិត ក្នុងវិស័យរ៉ែ ជាពិសេស សូមបន្តយកចិត្តទុកដាក់លើអភិក្រមរបស់ខ្ញុំ “ព្រឹកមកធ្វើការ ល្ងាចទៅផ្ទះជួបជុំគ្រួសារប្រកបដោយសុវត្ថិភាព”។ ក្នុងន័យនេះ ខ្ញុំសូមឱ្យក្រុមហ៊ុនវិនិយោគក្នុងវិស័យរ៉ែ ត្រូវចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់នូវប្រកាសស្ដីពីសុវត្ថិភាព និងសុខភាពអណ្ដូងរ៉ែ របស់ក្រសួងរ៉ែ និងថាមពល។
ទី៦. ក្រសួងរ៉ែ និងថាមពល ស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព។
ទី៧. ជាមួយនឹងអត្ថប្រយោជន៍ជាច្រើននៃការវិនិយោគលើផលិតផលស៊ីម៉ងត៍ ខ្ញុំសូមជំរុញឱ្យ ក្រសួងរ៉ែ និងថាមពល និងសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បន្តខិតខំស្វែងរកទីផ្សារបន្ថែមទៀត ក្នុងការនាំចេញផលិតផលស៊ីម៉ងត៍របស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឱ្យបានច្រើន។
ទី៨. ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់វិនិយោគិន សូមជ្រើសរើសយកកម្ពុជា ជាគោលដៅសម្រាប់ការវិនិយោគ ដោយកម្ពុជារក្សាបាននូវភាគលាភនៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។ រាជរដ្ឋាភិបាលនឹងបន្តទទួលស្វាគមន៍ និងផ្តល់កិច្ចសហប្រតិបត្តិការជានិច្ច ចំពោះគម្រោងវិនិយោគទាំងអស់ ជាពិសេស គម្រោងវិនិយោគដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
មុននឹងបញ្ចប់ ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ដែលបានសហការយ៉ាងល្អ ក្នុងការសម្រេចបាននូវការសាងសង់រោងចក្រផលិតស៊ីម៉ងត៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ក្នុងតំបន់ហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ រាជរដ្ឋាភិបាលនឹងបន្តខិតខំប្រឹងប្រែង ក្នុងការពង្រឹងបរិយាកាសវិនិយោគ ដើម្បីទាក់ទាញវិនិយោគិន ឱ្យកាន់តែច្រើនមកកម្ពុជា។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយស លោកយាយ លោកតា អ៊ំ ពូ មីង លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនកម្មករនិយោជិត ដែលបម្រើការនៅក្នុងរោងចក្រនេះ សូមទទួលបានសេចក្តីសុខ សេចក្តីចម្រើន និងសូមប្រកបដោយព្រះពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។ ខ្ញុំសូមប្រកាសសម្ពោធដាក់ឱ្យដំណើរការអាជីវកម្មជាផ្លូវការ «រោងចក្រផលិតស៊ីម៉ងត៍របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ)» ចាប់ពីពេលនេះតទៅ!
[ផ្ដើមសេចក្ដីអធិប្បាយ៥]
អំណោយជូនអ្នកចូលរួម
ថ្ងៃនេះផងដែរ ក៏មានសម្រាប់ជូនបុគ្គលិក កម្មករ/ការិនី សរុប ៤២២នាក់ ម្នាក់ៗថវិកា ៥ម៉ឺនរៀល។ ក្រុមយុវជនកាយាឫទ្ធិកម្ពុជា កាកបាទក្រហម ស.ស.យ.ក យុវជនបក្ស ១៧៥នាក់ ម្នាក់ៗថវិកា ២ម៉ឺនរៀល។ លោកគ្រូ អ្នកគ្រូទូទាំងស្រុកឱរ៉ាល់ ៣២៦នាក់ ម្នាក់ៗថវិកា ៥ម៉ឺនរៀល។ ក្មួយៗសិស្សានុសិស្ស ៤៥៦នាក់ ម្នាក់ៗទទួលបានសៀវភៅ២ក្បាល ប៊ិច២ដើម ថវិកា ១ម៉ឺនរៀល។ ជូនវិទ្យាល័យជាស៊ីមឱរ៉ាល់ ថវិកា២លានរៀល។ ជូនវិទ្យាល័យបន្ទាយប្រណាក ថវិកា២លានរៀល។ សាលាស្រុកឱរ៉ាល់ថវិកា២លានរៀល។ មណ្ឌលសុខភាពជាស៊ីមឱរ៉ាល់ ថវិកា៣លានរៀល។ ក្រុមគ្រូពេទ្យប្រចាំការនៅអង្គពិធី ថវិកា៥លានរៀល។ និងក្រុមតន្រ្តីសម័យថវិកា១០លានរៀលផងដែរ។
ថ្ងៃនេះ សុំខាងសិល្បករ/ការិនីបង្ហាញមុខបន្តិច អរគុណដែលជួយកំដរបងប្អូននៅតំបន់អតីតសមរភូមិ។ មានលោក ឈឿន ឧត្ដម អ្នកស្រី គីង សូរិយា អ្នកនាង ឱក សុមាលីតា លោក អ៊ឹង ប៊ុនលាភ អ្នកនាង ឱក សុមាវត្តី បាត់ត្រកូល ឱក មួយរហូត មកតែពីរ អត់បានផ្គុំគ្នាបីទេ កញ្ញា រ៉ន ចាន់ឌីន លោក វ៉ាន់ ផាណារ៉ា អ្នកនាង ណៅ សេងហៃ អ្នកនាង កែវ ប្រាក់សុវណ្ណវណ្ណៈ លោក ផាន សុផាត កញ្ញា ង៉ាន ស្រីណាន អ្នកនាង សេង ចិន្ដា ហៅ ស្រីអ៊ីត និងលោក សេង សុបុណ្យ ហៅនាយក្រូច។ អរគុណណាស់ដែលបានមកអបអរសាទរថ្ងៃនេះ។ រួចពីនេះទៅ អាចទៅលេងជ្រាវ ខ្នងផ្សាអីទៅ កុំឲ្យខាត៕