“អរគុណសន្តិភាព អរគុណនយោបាយឈ្នះឈ្នះ ដឹងគុណស្ថាបនិកមគ្គុទ្ទេសឯក
និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ”
ឯកឧត្តម សមាជិក ព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល;
ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង (VILAY LAKHAM PHONG) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ;
ឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមក្វាង (LUONG TAM QUANG) រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម;
ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃបណ្ដាប្រទេសនានាប្រចាំកម្ពុជា;
គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ–អន្តរជាតិ និង អង្គពិធីទាំងមូល ជាទីមេត្រី!
ថ្ងៃនេះ, ជាឱកាសដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលយើងទាំងអស់គ្នាបានជួបជុំគ្នាប្រកបដោយមោទនភាព ដើម្បីប្រារព្ធ «ខួបអនុស្សាវរីយ៍លើកទី ៨០ ថ្ងៃបង្កើតកងកម្លំាងនគរបាល–ជាតិកម្ពុជា ១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៥» ដែលជាអង្គប្រតិបត្តិច្បាប់ពោរ-ពេញទៅដោយពលានុភាព។ ខ្ញុំពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តម ដែលបានចូលរួមជាអធិបតីក្នុងពិធីដ៏មហោឡារិកនេះ ដើម្បីឧទ្ទិសដល់ស្ថាប័ន និង កងកម្លាំងមួយដែលជាបង្គោល និង ជាខែលរឹងមាំក្នុងការការពារសន្តិសុខ, សណ្ដាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ដែលត្រូវបានបង្កើតឡើងជាផ្លូវការ ដោយស្នាព្រះហស្តរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។
ការប្រារព្ធខួបលើកទី ៨០ នៃការបង្កើតកងកម្លាំងនគរបាលជាតិនេះ គឺជាឱកាសដ៏មហោ-ឡារិក និង ឧត្តុង្គឧត្តម ដើម្បីចារឹក និង ចងចាំនូវគុណូបការៈ, ការតស៊ូ, ពលិកម្ម និង សមិទ្ធផលដ៏ត្រចះត្រចង់ របស់កងកម្លាំងនគរបាលគ្រប់ជំនាន់ និង ជាពេលវេលាដ៏ស័ក្តិសម ដើម្បីយើងទាំងអស់គ្នាសម្ដែងនូវអំណរគុណ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពអង់អាចក្លាហានរបស់យុទ្ធមិត្តនគរបាលទាំងអស់ ដែលបានលះបង់សព្វបែបយ៉ាងដើម្បីបុព្វហេតុសន្តិភាព ព្រមទាំងដើម្បីបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមោះមុតជាថ្មីរបស់រាជរដ្ឋាភិបាល ក្នុងការបន្តពង្រឹងស្ថាប័នដ៏មានសារៈសំខាន់នេះ ឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និង ប្រជាពលរដ្ឋ។
ផ្អែកតាមរបាយការណ៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី-ក្រសួងមហាផ្ទៃ និង យោងតាមឯកសារប្រវត្តិសាស្រ្ត ព្រមទាំងភស្តុតាងនានា, ប្រជាជនយើងពិតជាបានរួមចំណែកក្នុងការរក្សាសន្តិសុខ និង សណ្ដាប់ធ្នាប់សង្គមក្នុងវិជ្ជាជីវៈនគរបាល តាំងពីពេលនៅក្រោមអាណាព្យាបាលរបស់បារាំង រហូតដល់ថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិជាផ្លូវការនាថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ ដែលត្រូវបានចារឹកឈ្មោះទុកក្នុងប្រវត្តិសាស្រ្តជាតិ។ ការ-រៀបចំ និង ការប្រព្រឹត្តទៅរបស់ស្ថាប័ននគរបាលមានការវិវត្តប្រែប្រួល និង មានការទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងព្រឹត្តិការណ៍នយោបាយជាតិ-អន្តរជាតិ និង ស្ថានភាពសេដ្ឋកិច្ច, សង្គមជាតិ- អន្តរជាតិយ៉ាងពិតប្រាកដ ហើយបន្តនិរន្តរភាពពីជំនាន់មួយទៅជំនាន់មួយ រក្សាបានគុណតម្លៃស្នូលដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ជាអ្នកការពារជាតិសេចក្ដីសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋ និងធ្វើឱ្យស្ថានភាពសន្តិសុខសណ្ដាប់ធ្នាប់សង្គមមានភាពល្អប្រសើរជាបន្តបន្ទាប់។
នៅក្នុងដំណាក់កាលក្រោមអាណានិគមនិយមបារាំង បានបង្កើតឱ្យមានរចនាសម្ព័ន្ធ និងកម្លាំង ដែលមានវិជ្ជាជីវៈតាមបែបនគរបាលនៅតាមទីក្រុង, ទីប្រជុំជន និង តាមមូលដ្ឋានសេដ្ឋកិច្ចសំខាន់ៗមួយចំនួន ដើម្បីជួយដល់អាជ្ញាធរបារាំងក្នុងការរក្សាសន្តិសុខ និង សណ្ដាប់ធា្នប់សាធារណៈក្នុងសង្គម។ រចនាសម្ព័ន្ធ និង កងកម្លាំងនគរបាល ត្រូវបានរៀបចំ និង ពង្រឹងជាបន្តបន្ទាប់ក្រោយការបង្កើតឡើងជាផ្លូវការនាថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ១៩៤៥ និង មានការវិវត្តប្រែប្រួលរីកចម្រើនក្លាយជាអង្គប្រតិបត្តិច្បាប់មួយដ៏រឹងមាំ។
ការរីកលូតលាស់លើគ្រប់វិស័យរបស់សង្គមកម្ពុជាត្រូវបាននៅទ្រឹង និង ធ្លាក់ចុះពេលដែលសង្គ្រាមស៊ីវិលត្រូវបានឆាបឆេះឡើងក្នុងអំឡុងដើមទសវត្សរ៍ទី ៧០ តាមរយៈការធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជានៅពេលនោះ បានធ្វើឱ្យប្រទេសជាតិចុះខ្សោយជាបន្តបន្ទាប់, ប៉ុន្តែ ស្ថាប័ននគរបាលនៅបានបន្តនិរន្តរភាព និង ត្រូវបានបង្កើតជាប៉ូលិសសាធារណរដ្ឋក្នុងរបបសាធារណរដ្ឋខ្មែរ ។ ការដួលរលំនៃរបបសាធារណរដ្ឋខ្មែរ ហើយជំនួសវិញដោយរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ – ១៩៧៩) បានធ្វើឱ្យនិរន្តរភាព នៃសង្គមជាតិទាំងមូលត្រូវបានកាត់ផ្តាច់ទាំងស្រុង, ក្នុងនោះ ស្ថាប័ននគរបាលក៏ត្រូវបានបំផ្លិចបំផ្លាញទំាងស្រុង ។
ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ក្រោមទង់រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ប្រទេសជាតិត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍ ។ គណបក្សប្រជាជនបដិវត្តន៍កម្ពុជានាពេលនោះបានដឹកនាំស្តារ និង កសាងប្រទេសជាតិឡើងវិញលើគ្រប់វិស័យពីគំនរផេះផង់, ស្ថាប័ននគរបាលក៏ត្រូវបានបង្កើតឡើងវិញ ហើយត្រូវបានអនុញ្ញាតឱ្យជ្រើសរើស និង កសាងកងកម្លាំងជាបន្ទាន់ ដោយមានការវិវឌ្ឍរីកចម្រើនទាំងគុណភាព, សមត្ថភាព, ជំនាញ វិជ្ជាជីវៈ ហើយបានតស៊ូឆ្លង-កាត់ការប្រែប្រួលដ៏ស្មុគស្មាញនៃនិន្នាការសង្គម និងបង្កើតបាននូវសមិទ្ធផលជាច្រើនឥត-គណនា ដើម្បីបុព្វហេតុសន្តិសុខជាតិ និង ភាពសុខក្សេមក្សាន្តរបស់ប្រជាជន ។
ជារួម, ក្នុងបុព្វហេតុសន្តិសុខជាតិ និង សណ្ដាប់ធ្នាប់របៀបរៀបរយសង្គម ក្នុងរយៈពេល៨០ឆ្នាំកន្លងទៅនេះ ទោះបីមានវិញ្ញាសាស្មុគស្មាញជាច្រើននៅគ្រប់ដំណាក់កាល នៃការវិវត្តរបស់សង្គមកម្ពុជា អាស្រ័យដោយផលប៉ះពាល់ខាងស្ថិរភាពនយោបាយ, សង្គម-សេដ្ឋកិច្ច និង កត្តា ផ្សេងៗជាច្រើនទៀតក៏ដោយ, ក៏នគរបាលជាតិកម្ពុជា បានពុះពារជម្នះរាល់ការលំបាកទាំងនោះ និងបានអនុវត្តនូវតួនាទីស្នូលរបស់ខ្លួន ព្រមទំាងបានរួមចំណែកយ៉ាងសកម្មក្នុងការការពារឯករាជ្យ, អធិបតេយ្យជាតិ, បូរណភាពទឹកដី, រក្សាស្ថិរភាពនយោបាយ, ប្រឆាំងទប់ស្កាត់រាល់ឧបាយកលប៉ុនប៉ងបង្កវិទ្ធង្សនា, អំពើភេរវកម្ម, បង្រ្កាបបទល្មើសឆ្លងដែន និង បទល្មើសនានា ដើម្បីការពារអាយុជីវិត, ទ្រព្យសម្បត្តិប្រជាពលរដ្ឋ, រក្សាសុវត្ថិភាពនៅមូលដ្ឋាន និង របៀបរៀបរយសណ្ដាប់ធ្នាប់សាធារណៈក្នុងសង្គម ។
ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៨០ ថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិ នាពេលនេះ ស្របពេលដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បាន និង កំពុងធ្វើដំណើរប្រកបដោយភាពស្វាហាប់ ក្នុងការអនុវត្ត យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ដែលជាវដ្តថ្មីបន្ទាប់ពីការអនុវត្តដោយជោគជ័យនូវ យុទ្ធសាស្រ្តត្រីកោណ និង យុទ្ធសាស្រ្តចតុកោណទាំង ៤ ដំណាក់កាល របស់រាជរដ្ឋាភិបាលអាណត្តិមុនៗ, ជាពិសេសផលលាភនៃសន្តិភាពដែលជាមរតកទទួលបានពីនយោបាយ «ឈ្នះ-ឈ្នះ» ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ និង ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន , ធានារក្សាបាននូវស្ថានភាពល្អប្រសើរ, ទាំងផ្នែកសង្គម-សេដ្ឋកិច្ច, សន្តិសុខជាតិ, ស្ថិរភាពនយោបាយ, សណ្ដាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ដែលជាបុរេលក្ខខណ្ឌសម្រាប់ការជំរុញសកម្ម- ភាពសេដ្ឋកិច្ច និង ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ នៅកម្ពុជា។
ក្នុងក្របខ័ណ្ឌបេសកកម្មរបស់កងកម្លាំងនគរបាលជាតិ ក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារដាច់ខាតសន្តិភាព, អធិបតេយ្យជាតិ, បូរណភាពទឹកដី, ធានាមិនឱ្យមានការ-ជ្រៀតជ្រែកផ្ទៃក្នុង, ចាត់វិធានការទប់ស្កាត់ និង ប្រឆាំងមិនឱ្យកើតមានអំពើភេរវកម្ម, ឧក្រិដ្ឋកម្ម-ឆ្លងដែន, សកម្មភាពវិច្ឆេទកម្ម, វិទ្ធង្សនា, បង្កចលាចលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ឬការញុះញង់ ដែលបង្កឱ្យមានអស្ថិរភាពក្នុងសង្គម ដូចជា ល្បិចកលទុច្ចរិត ដូចជាការលើកយកករណីសំណង់ព្រែកជីកហ្វូណនតេជោ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLV-DTA ដើម្បីចោទប្រកាន់ថារាជរដ្ឋាភិបាលធ្វើឱ្យបាត់បង់បូរណភាពទឹកដី។ កងកម្លំាងនគរបាលជាតិក៏បានរួមចំណែកក្នុងការការពារបានយ៉ាងរឹងមាំរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ, ធានា-ប្រក្រតីកម្មស្ថាប័នជាតិ, ធានាសុវត្ថិភាពថ្វាយព្រះមហាក្សត្រនិងជូនឥស្សរជនថ្នាក់ដឹកនាំប្រទេស,ព្រមទាំងការរៀបចំព្រឹត្តិ ការណ៍នយោបាយជាតិ-អន្តរជាតិ, ជាពិសេសកិច្ចប្រជុំមហាសន្និបាតសន្និសីទនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី ១២ និង កិច្ចប្រជុំពាក់ព័ន្ធ, ការរៀបចំអង្គរសង្រ្កាន្តនៅខេត្តសៀមរាបនិងសង្រ្កាន្តនៅតាមរាជធានី-ខេត្ត, ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដោយជោគជ័យ និង មានសុវត្ថិភាព។
បន្ថែមលើនេះ, កងកម្លាំងនគរបាលជាតិក៏បានអនុវត្តយ៉ាងសកម្ម និង មានប្រសិទ្ធភាពនូវគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ, បង្រ្កាបបទល្មើសគ្រឿងញៀនខុសច្បាប់, អំពើជួញដូរមនុស្ស, បទល្មើសបោកបញ្ឆោតតាមអនឡាញ, បទល្មើសបច្ចេកវិទ្យាព័ត៌មាន, សកម្មភាពក្មេងទំនើង, ការអនុវត្តច្បាប់ចរាចរណ៍, ការអន្តរាគមន៍ពន្លត់អគ្គិភ័យ ផ្តល់ជូនប្រជាពលរដ្ឋរស់នៅដោយសុខក្សេមក្សាន្ត។
វឌ្ឍនភាពថ្មីគួរឱ្យកត់សម្គាល់នោះ គឺការប្រែប្រួលរបៀបរបប និង ឥរិយាបថធ្វើការងាររបស់មន្រ្តីនគរបាលក្នុងការបំពេញភារកិច្ចបម្រើសេវាប្រចាំថ្ងៃជូនប្រជាពលរដ្ឋ, ជាពិសេសការ-អនុវត្តកម្មវិធីនគរបាលសហគមន៍ ដែលធ្វើឱ្យមានការប្រែប្រួលជាវិជ្ជមានអាកប្បកិរិយាបំពេញការងារប្រចាំថ្ងៃ, ការបម្រើសេវាសន្តិសុខនៅជាប់ផ្ទាល់ជាមួយប្រជាពលរដ្ឋ, ទទួលបានការគាំទ្រសាទរពីប្រជាពលរដ្ឋ ហើយក៏ជាចលករមួយរួមចំណែកជំរុញឱ្យសម្រេចជោគជ័យការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
មិនមានអ្វីល្អឥតខ្ចោះនោះទេ ប៉ុន្តែយើងត្រូវដាក់ទិសដៅបំពេញភារកិច្ចអោយបានល្អឥតខ្ចោះ។ នៅក្នុងន័យនេះ យើងត្រូវក្ដាប់អោយជាប់គ្រប់បណ្ដាស្ថាប័ន អង្គភាព ចំណុះអគ្គស្នងការនគរបាលជាតិ ចំណុះស្នងការដ្ឋាននគរ បាលរាជធានី/ខេត្ត នូវបណ្ដាចំណុចខ្លាំងនិងចំណុចខ្សោយរបស់អង្គភាពនៅក្នុងការបំពេញភារកិច្ច។ ដាក់ទិសដៅនៅក្នុងការពង្រឹងនិងពង្រីកចំណុចខ្លាំងអោយបានច្រើន កាត់បន្ថយនិងដោះស្រាយទប់ស្កាត់អោយទាន់ពេលវេលាចំណុចខ្វះខាតក្នុងការបំពេញភារកិច្ច ធ្វើយ៉ាងណាអោយការបំពេញភារកិច្ចរបស់យើងកាន់តែមានការសា ទរនិងជាភាពកក់ក្ដៅរបស់ប្រជាពលរដ្ឋ។ នេះគឺជាការចូលរួមយ៉ាងសកម្មរបស់បងប្អូនកងនគរបាលជាតិក្នុងការបំពេញភារកិច្ចជូនប្រជាពលរដ្ឋ។
[ចប់សេចក្ដីអធិប្បាយ១]
ទោះបីរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានដឹកនាំកិច្ចដំណើរការរបស់ជាតិសម្រេចបានជោគជ័យយ៉ាងធំធេងក៏ដោយ, ប៉ុន្តែ យើងនៅមានបញ្ហាប្រឈមជាគន្លឹះមួយចំនួន អាស្រ័យដោយសភាពការណ៍នយោបាយ, បញ្ហាសង្រ្គាម ភាពតានតឹងរវាងបណ្ដាប្រទេសនានា ក្នុងតំបន់ និង សកលលោក, ការដណ្ដើមភូមិសាស្រ្តនយោបាយ, ការប្រែប្រួលអាកាសធាតុ, ជាពិសេស សង្គ្រាមពាណិជ្ជកម្មនាពេលថ្មីៗនេះ បាន និង កំពុងបន្តវិវត្តប្រែប្រួលកាន់តែស្មុគស្មាញ និង ពិបាកប៉ាន់ស្មានបាន ។ ទន្ទឹមនេះ, សភាពការណ៍បទល្មើសច្រើនប្រភេទបាននិងកំពុង- វិវត្តហួសពីបទល្មើសប្រពៃណី ទៅជាបទល្មើសឌីជីថល ដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទំនើប ដូចជាបទល្មើសគ្រឿងញៀន, បទល្មើសបោកបញ្ឆោតតាមអនឡាញ, ការជួញដូរមនុស្ស, សកម្មភាពភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ សុទ្ធសឹងជាបញ្ហាមានលក្ខណៈសកលបង្កឱ្យមានអស្ថិរភាពសង្គម វិបត្តិនយោបាយ សេដ្ឋកិច្ច ស្បៀងអាហារ, មនុស្សធម៌ ដែលជះឥទ្ធិពលដល់សកលលោក ក្នុងនោះក៏មានកម្ពុជាផងដែរ ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
(១) សង្គមទំនើប ជីវភាពរស់នៅសម្បូណ៌សប្បាយ សម្ភារៈកាន់តែកើន តែភ្ជាប់ជាមួយនូវបញ្ហាមួយចំនួន
គឺជាការជាក់ស្តែង ដែលកម្ពុជា ជាប្រទេសមួយក្រីក្រ ហ៊ុំព័ទ្ធដោយការដាក់ទណ្ឌកម្ម និងការកាត់ផ្តាច់ពីលោកខាងក្រៅ មានការវិវត្តន៍ប្រែក្លាយនិងឈានមកដល់ពេលនេះមានការរីកចម្រើនលើគ្រប់វិស័យ។ ប៉ុន្តែការវិវត្តន៍ប្រទេសមួយ មិនថាកម្ពុជាឬនៅទីណា ពីសង្គមមួយមានបញ្ហាទៅជាសង្គមមួយទំនើប ដែលជីវភាពរស់នៅរបស់ប្រជាជនកាន់តែសម្បូណ៌សប្បាយ សម្ភារៈកាន់តែកើន ក៏វាភ្ជាប់នូវបញ្ហាមួយចំនួន ដូចបានរៀបរាប់នៅក្នុងរបាយការណ៍ខាងលើ។ ម្សិលមិញ, ពេលរង់ចាំការយាងមកដល់នៃព្រះមហាក្សត្រ ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លខេត្តកំពង់ឆ្នាំង ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចក្រហោម ស ខេង, សម្តេចពិជ័យសេនា ទៀ បាញ់ មានការជជែកគ្នារឿងមួយ។
កាលពី ៤០ឆ្នាំមុន គឹនៅឆ្នាំ១៩៨៥ ពេលនោះសម្តេចតេជោ និងថ្នាក់ដឹកនាំទាំងអស់ចុះទៅប្រមូលទិញស្រូវពីប្រជាពលរដ្ឋ ក្រោមពាក្យស្លោកថា «លក់ស្រូវជូនរដ្ឋ គឺស្នេហាជាតិ» ។ សម្តេចពិជ័យ និងសម្តេចក្រឡាហោម លោកបានរៀបរាប់ដូចគ្នាថា នោះគឺពេលលំបាកនឹងចុះនៅតាមមូលដ្ឋាន ត្បិតការដែលមានសង្គ្រាមនៅក្នុងប្រទេស សេដ្ឋកិច្ចរបស់យើងមានភាពទន់ខ្សោយ។ ប្រជាពលរដ្ឋលក់ស្រូវ/ទំនិញ មិនដូចសព្វថ្ងៃនេះ ដែលយើងមានក្រុមហ៊ុនឯកជនទិញស្រូវប្រជាពលរដ្ឋ នាំចេញទៅរាប់សិបទីផ្សារនៅក្រៅប្រទេសនោះទេ។
ពាណិជ្ជកម្មពេលនោះមានការលំបាក។ យើងទើបតែងើបពីរបប ប៉ុល ពត រៀបចាំជាក្រុមសាមគ្គី។ សិទ្ធិសេរីភាពនៅក្នុងការដើរហើរមានកំណត់ ដោយសារសង្គ្រាមនៅទូទាំងប្រទេស។ ពីភ្នំពេញទៅបាត់ដំបង មិនធ្លាប់ប្រើពេលវេលា ៣ទៅ៥ម៉ោង ដូចរាល់ថ្ងៃនេះទេ។ សម្តេចក្រឡាហោមថាទៅបាត់ដំបងត្រូវមកសម្រាកនៅកំពង់ឆ្នាំងសិនព្រោះផ្លូវលំបាក។ បច្ចុប្បន្ននេះខុសពីមុនហើយ។ ពេលនោះ ដែលកើតស្ថានភាពបែបនោះ ជីវភាពមានការលំបាក ការកាត់ផ្តាច់ ដោយសារតែប្រទេសយើងនៅក្រោមសម្ពាធទណ្ឌកម្មសេដ្ឋកិច្ច និងផ្តាច់ពីបណ្តាប្រទេស។
(២) គាំទ្រការប្រើប្រាស់បណ្តាញសង្គមដោយត្រឹមត្រូវ ក្នុងពេលត្រូវអនុវត្តច្បាប់ទប់ស្កាត់អ្នកប្រើបំផ្លាញសង្គម
បើស្ថានភាពនៅដូចបែបនោះ ប្រហែលជាគ្មានបញ្ហាបទល្មើសឆ្លងដែននោះទេ ព្រោះមិនមានអ្វីចូលមក។ ទី២ បើប្រជាពលរដ្ឋនៅក្រីក្រ ក៏គ្មានក្មេងទំនើងបង្ហោះម៉ូតូទេ ព្រោះគ្មានលុយទិញម៉ូតូ។ បើសិនជាប្រទេសយើងរឹតត្បិតសិទ្ធិសេរីភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យា គឺគ្មានការប្រើប្រាស់បច្ចេកវិទ្យាឆ្លងដែនទេ។ ការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសលើពិភពលោក ធ្វើឱ្យប្រជាពលរដ្ឋរបស់យើង ៩៩.៩% បានទទួលផលនេះ ហើយប្រើប្រាស់ស្របទិសដៅនៃការអភិវឌ្ឍ និងប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើការងារ។
កងនគរបាលវរៈព្រំដែនរាយការណ៍មកអគ្គស្នងការ ដោយមិនចាំបាច់រត់សារទៀតទេ។ មួយភ្លែតមកដល់ហើយ។ ការបញ្ហាពន្លត់អគ្គិភ័យ បើសិនជាឆេះកន្លែងណាគឺព័ត៌មានទៅដល់ភ្លាម។ អាចចេញភ្លាម។ ប៉ុន្តែពេលជាមួយគ្នាគឺយើងមានប្រជាពលរដ្ឋ ០,១% ដែល(មិនបាន)ប្រើប្រាស់បែបនេះ រួមទាំងមានការឆ្លៀតឱកាសពីបណ្តាញឧក្រិដ្ឋជនឆ្លងដែន។ បច្ចេកវិទ្យាអាចវាយប្រហារពីក្រៅប្រទេសមកក្នុង។ ចំពោះការប្រែប្រួលស្ថានភាព និងការវិវត្តន៍នៃប្រទេស តើយើងត្រូវដោះស្រាយបែបណា? តើបិទមិនឱ្យប្រជាពលរដ្ឋរីកចម្រើនទេ?
យើងមិនអាចធ្វើបានទេ។ តើបិទមិនឱ្យប្រើបច្ចេកវិទ្យាឬ? យើងមិនអាច(ធ្វើដូច្នោះ)ទេ។ យើងមិនអាច ដោយសាររារាំងការឆ្លៀតឱកាសប្រើប្រាស់បច្ចេកវិទ្យាដើម្បីផលប្រយោជន៍ខុសច្បាប់ដោយជន ០,១% ហើយបំបិទនូវសិទ្ធិ និងឱកាសប្រើប្រាស់របស់ប្រជាជន ៩៩,៩% នោះទេ។ យើងត្រូវខិតខំរៀបចំបទដ្ឋានគតិយុត្តិ លិខិតគោលការណ៍ផ្សេងៗ ដើម្បីតម្រង់ទិសការប្រើប្រាស់ គាំទ្រការប្រើប្រាស់ដែលត្រឹមត្រូវ ក្នុងពេលជាមួយគ្នាត្រូវអនុវត្តច្បាប់ទប់ស្កាត់អ្នក ០,១% កុំឱ្យបំផ្លាញសង្គម។
(៣) ការប្រើបច្ចេកវិទ្យាបណ្តាញសង្គមធ្វើរឿងមិនល្អ ជាវិញ្ញាសារសំរាប់កងកម្លាំងអនុវត្តច្បាប់ពិសេសនគរបាលជាតិ
ក្នុងចំណោមយុវជនយើងរាប់លាននាក់ អ្នកបង្ហោះម៉ូតូ កាប់ដាវសាម៉ូរ៉ៃ បូកទៅមានប្រហែលថាពាន់នាក់។ តែបើយើងមិនអាចអនុវត្តច្បាប់គ្រប់គ្រងបាន អ្នកទាំងនេះអាចបង្កការភ័យខ្លាច និងជាបញ្ហាសម្រាប់សង្គម។ អ្នកដែលប្រើប្រាស់បច្ចេកវិទ្យា Telegram, WhatsApp, Facebook ល្អមានរាប់លាននាក់ (ប៉ុន្តែ)មានអ្នកមួយចំនួនថា ១ពាន់នាក់ធ្វើរឿងមិនល្អ ដោយយក Telegram ទៅបោកលុយគេ។ យើងត្រូវខិតខំទប់ស្កាត់បញ្ហាទាំងនេះ។ នេះជាវិញ្ញាសារថ្មី ដែលកងកម្លាំងអនុវត្តច្បាប់ ជាពិសេសកងនគរបាលជាតិរបស់យើង ត្រូវធានាភាពស្របច្បាប់ និងបរិស្ថានកាន់តែបានប្រសើរសំរាប់ប្រជាពលរដ្ឋ គ្រប់ស្ថាប័នប្រើប្រាស់បច្ចេកវិទ្យាដោយភាពរីកចម្រើន នៅក្នុងភាពស្របច្បាប់ ។ ពេលជាមួយគ្នាយើងត្រូវរឹតបន្តឹង បំបាត់លទ្ធភាព និងឱកាសអ្នកប្រព្រឹត្តខុស និងទាញឱ្យចូលមកក្នុងគន្លង។ នេះជាភារកិច្ចដែលចាំបាច់ត្រូវបង្កើនសមត្ថភាពជាប្រចាំ។
[ចប់សេចក្ដីអធិប្បាយ២]
បញ្ហាប្រឈមទាំងនេះ គឺជាវិញ្ញាសាដ៏ស្មុគស្មាញដែលកងកម្លាំងនគរបាលជាតិមានភារកិច្ចទទួលខុសត្រូវ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមខាងលើ, ជាពិសេស ការបន្តបេសកកម្មដ៏ថ្លៃថ្លា ដើម្បីរួមចំណែកដល់ការអនុវត្ត យុទ្ធសាស្រ្តបញ្ចកោណ–ដំណាក់កាលទី១ ឱ្យសម្រេចបានជោគជ័យឈានដល់ការសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០, ខ្ញុំសូមផ្តល់នូវអនុសាសន៍បន្ថែមមួយចំនួនជូនកងកម្លាំងនគរបាលជាតិ ដូចខាងក្រោម៖
ទី១. បង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ ការពារឱ្យបានគង់វង្សសន្តិភាព ដែលជាមរតកនៃនយោបាយ «ឈ្នះ-ឈ្នះ» ការពារអធិបតេយ្យជាតិ បូរណភាពទឹកដី, កសាងឱ្យបានតំបន់ព្រំដែនសន្តិភាព, មិត្តភាព, សហប្រតិបត្តិការ និងការ-អភិវឌ្ឍប្រឆាំងទប់ស្កាត់អានុភាពអមិត្ត ប្រើប្រាស់ទឹកដីម្ខាងដើម្បីប្រឆាំងទឹកដីម្ខាងទៀត ។
ទី២. ត្រូវខិតខំពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ និង សុខដុមនីយកម្មសង្គមឱ្យបានរឹងមាំ ដោយត្រូវចាត់វិធានការម៉ឺងម៉ាត់ប្រឆាំងដាច់ខាតនូវរាល់ឧបាយកលបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង សកម្មភាពវិទ្ធង្សនា បង្កចលាចល, ជាពិសេសបដិវត្តពណ៌ ព្រមទាំងខិតខំទប់ស្កាត់បង្ក្រាបបណ្ដាញភេរវកម្ម ព្រមទំាងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ក្នុងយុគសម័យឌីជីថលដោយត្រូវយកចិត្តទុកដាក់ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយដៃគូសំខាន់ៗ ដើម្បីធានាបានការឆ្លើយតបប្រកបដោយប្រសិទ្ធភាពក្នុងការរក្សាសន្តិសុខជាតិនិងសន្តិសុខសង្គមនៃកម្ពុជា។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]
(៤) ធានាសុច្ចរិតភាព តម្លាភាព និងការទទួលខុសត្រូវលើប្រធានបទដែលធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ
ក្នុងន័យនេះ ការការពារសិទ្ធិមនុស្ស គឺការពារនូវសិទ្ធិមូលដ្ឋានរបស់មនុស្ស។ សិទ្ធិក្នុងការស់នៅក្នុងសុខសន្ដិភាព ស្ថិរភាព និងសេចក្ដីក្សេមក្សាន្ដ ដោយមិនព្រួយបារម្ភពីអសន្ដិសុខ ភាពច្របូកច្របល់នៅក្នុងសង្គម សិទ្ធិនៃការបញ្ចេញមតិ សិទ្ធិប្រតិបត្ដិសាសនា សិទ្ធិនៃការធ្វើនយោបាយផ្សេងៗ ត្រូវធានាឲ្យបាននូវក្របខណ្ឌមួយដែលច្បាប់អនុញ្ញាត។ ត្រូវធានានូវសុច្ចរិតភាព តម្លាភាព និងការទទួលខុសត្រូវជាពិសេសទៅលើប្រធានបទសំខាន់ៗ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ ដូចជារឿងបូរណភាពទឹកដី និងប្រឆាំងជាតិសាសន៍នានា។ ការធ្វើឲ្យបែកបាក់ជាតិនេះហើយ ដែលធ្វើឲ្យប្រទេសយើងធ្លាក់ចុះពីមហាអំណាច។
(៥) ឆ្លើយតបការបង្កើតព័ត៌មានក្លែងក្លាយ បង្កការប្រេះស្រាំទំនុកចិត្តរបស់ប្រជាជនចំពោះរដ្ឋាភិបាលស្របច្បាប់
សង្គ្រាមក្រៅប្រទេសជាផ្នែកមួយ ប៉ុន្ដែមូលហេតុធំគឺការបាត់ទំនុកចិត្តរវាងប្រជាជននិងប្រជាជន ជាពិសេសការបង្កើតព័ត៌មានក្លែងក្លាយ ការចាប់យកព័ត៌មានផ្សេងៗ ដែលមិនពិតប្រាកដមកដុត ធ្វើឲ្យមានការប្រេះស្រាំទំនុកចិត្តរវាងប្រជាជន និងរដ្ឋាភិបាលស្របច្បាប់ ដែលទទួលសិទ្ធិពីការបោះឆ្នោតពីប្រជាជនច្រើនលើសលប់ អនុលោមតាមរដ្ឋធម្មនុញ្ញរបស់យើងដើម្បីបំពេញភារកិច្ចរយៈពេល ៥ ឆ្នាំ ដើម្បីបំរើជាតិមាតុភូមិ។ វាអត់មានល្អឥតខ្ចោះគ្រប់ពេលវេលានោះទេ។ គ្មានកន្លែងណាមួយ គ្រួសារណាមួយថាអាច(បំពេញ)តម្រូវការ ឬ(មាន)ភាពឥតខ្ចោះនៅគ្រប់កន្លែងទេ ប៉ុន្ដែអ្វីដែលសំខាន់គឺត្រូវរក្សានូវស្ថានភាព ស្ថិរភាព បរិស្ថាន ដែលអាចឲ្យយើងពង្រឹងចំណុចវិជ្ជមាន កាត់បន្ថយចំណុចអវិជ្ជមានតាមច្បាប់។
(៦) ក្នុងតម្លៃណាក៏ដោយការពារសន្ដិភាព ស្ថិរភាព និងសន្ដិសុខជូនប្រជាពលរដ្ឋ ១៧លាននាក់ឱ្យបានដាច់ខាត
ការការពារឱ្យបានដាច់ខាតនូវសន្ដិភាព ស្ថិរភាព និងសន្ដិសុខជូនប្រជាពលរដ្ឋ គឺជាអ្វីដែលយើងត្រូវអនុវត្ដឲ្យបានដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។ ប្រជាពលរដ្ឋ ១៧លាននាក់ ពឹងលើយើង រួមទាំងអ្នកមានទស្សនៈមិនគាំទ្រដល់រាជរដ្ឋាភិបាល (មាននិងទទួលបាន)សិទ្ធិក្នុងការបញ្ចេញមតិ សិទ្ធិក្នុងការធ្វើសកម្មភាពនយោបាយ ដែលត្រូវអនុលោមតាមច្បាប់ ត្រូវតែមានសុចរិតភាព។ ការទទួលខុសត្រូវនេះ ជាមូលដ្ឋានតែមួយគត់ ដែលយើងអាចធានាបាននូវសុខុមនីយកម្មសង្គម។ ការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋគ្រប់រូប មិនថាតែអ្នកនយោបាយឬ តំណាងអង្គការក្នុងសង្គមណាមួយនោះទេ ដែលមានច្បាប់លក្ខន្ដិកៈតម្រូវ ប៉ុន្ដែសូម្បីប្រជាពលរដ្ឋម្នាក់ៗ ក៏ជាតួអង្គសំខាន់ក្នុងការថែរក្សានូវសន្ដិភាព និង ស្ថិរភាព។
ប្រសិនបើប្រជាជនបង្កើតជំលោះផ្ទៃក្នុង មិនមានការយោគយល់គ្នា មិនមានការគោរពច្បាប់ តើប្រទេសយើងទៅជាយ៉ាងណា? ខ្ញុំឧស្សាហ៍ឃើញសាររបស់ប្រជាពលរដ្ឋដាក់មក(ក្នុងបណ្ដាញសង្គម) ជួនកាលផ្លូវស្ទះម្ខាង បងប្អូនមួយចំនួនគាត់ជិះបញ្ច្រាស។ មហាជនយើងចេញ(មតិ) មិនគាំទ្រការធ្វើខុសនោះទេ។ នេះហើយជាអ្វីដែលត្រូវចូលរួម (ធ្វើ)និងកាត់បន្ថយនូវការឆកល្វែងរបស់យើង។ មន្ដ្រីរបស់រដ្ឋក៏ត្រូវមានកាតព្វកិច្ច និងការចូលរួមមួយ។ ប្រជាពលរដ្ឋក៏ត្រូវចូលរួមចំណែក និងបំពេញភារកិច្ច និងកាតព្វកិច្ច ជាប្រជាពលរដ្ឋល្អ។ ព្រោះកិច្ចការខ្លះ (ត្រូវ) អនុវត្ដឲ្យបានត្រឹមត្រូវ ដោយពុំមានការអង្គុយមើល ឬអនុវត្ដដោយកំលាំងសមត្ថកិច្ចនោះទេ។
(៧) គ្រួសារ សាលា ពលរដ្ឋម្នាក់ៗ មានកាតព្វកិច្ចអប់រំនិងកសាងសង្គមអភិវឌ្ឍនិងស៊ីវិល័យ
ការអប់រំ ប្រៀនប្រដៅកូនចៅឲ្យចៀសផុតពីល្បែងស៊ីសង ក្មេងទំនើង សកម្មភាពគ្រឿងញៀន ជាកាតព្វកិច្ចរួមគ្នារបស់គ្រួសារ សាលារៀន សង្គមនីមួយៗ យើងម្នាក់ៗ មិត្តម្នាក់ៗ ដើម្បីឈានទៅវះកាត់ឲ្យដាច់ កុំឲ្យឈានដល់ដំណាក់កាលអភិក្រមទី៥។ អភិក្រមឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល គឺមិនសំដៅតែមន្ដ្រីរដ្ឋទេ។ ប្រជាពលរដ្ឋ កូនចៅខ្លួនឯង យុវជនខ្លួនឯងក៏អាចមើលដែរ។ ប្រសិនបើយើងធ្វើអីខុស រួមគ្នាថែរក្សា ការពារទៅ កុំចាំដល់ពេលអនុវត្ដច្បាប់ចូលដល់អភិក្រមទី៥ ត្រូវយកដាក់(មន្ទីរ)ឃុំឃាំងខានរៀនសូត្រទេ។ នេះជាការចូលរួមបំពេញភារកិច្ចរបស់យើង។ នេះជាសញ្ញានៃការទទួលខុសត្រូវនៃសង្គមស៊ីវីល័យនិងអភិវឌ្ឍន៍។ មិនមែនអភិវឌ្ឍឱ្យសម្បូណ៌សប្បាយតែរឿងជីវភាពនិងសំភារៈនោះទេ ប៉ុន្ដែត្រូវអភិវឌ្ឍទាំងផ្នត់គំនិត ការទទួលខុសត្រូវទាំងអស់គ្នាផង។
[ចប់សេចក្ដីអធិប្បាយ៣]
ទី៣. ត្រូវបន្តជំរុញនិងលើកកម្ពស់តួនាទីស្នូលរបស់កងកម្លំាងនគរបាលជាតិ ក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យកាន់តែសកម្មនិងស៊ីជម្រៅគ្រប់ទីកន្លែង ដោយតម្កល់ផលប្រយោជន៍ប្រជាជន និង ឧត្តមប្រយោជន៍ជាតិ ខ្ពស់ជាងអ្វីៗទាំងអស់ ។ ខ្ញុំសូមបន្តលើកទឹកចិត្តដល់ ក្រសួងមហាផ្ទៃ និង អគ្គស្នងការដ្ឋាននគរបាលជាតិ បន្តពង្រឹងរបៀបរបបការងារនគរបាល និង សហគមន៍ដែលជាវិធានចលករដ៏សំខាន់ ក្នុងការកៀរគរការគាំទ្ររបស់ប្រជាពលរដ្ឋចូលរួមកាន់តែខ្លាំងក្លា ដើម្បីបង្ការទប់ស្កាត់ឱ្យបានជាអតិបរមាចំពោះបទល្មើសគ្រប់ប្រភេទ ដែលប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ, ដូចជា៖ អំពើលួច, ឆក់ប្លន់, អំពើជួញដូរចែកចាយគ្រឿងញៀនខុសច្បាប់, បទល្មើសបច្ចេកវិទ្យាព័ត៌មានទំនើប, អំពើជួញដូរមនុស្ស, ក្មេងទំនើង, អំពើហិង្សាក្នុងគ្រួសារ ដើម្បីឱ្យសង្គមជាតិមានវិបុលសុខប្រកបដោយចីរភាព។
ទី៤. ត្រូវគិតគូរចំពោះបរិបទថ្មី ដើម្បីធានាថាសណ្ដាប់ធ្នាប់តាមទីសាធារណៈ សណ្ដាប់-ធ្នាប់ចរាចរណ៍ មានការរៀបរយល្អ ឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការអភិវឌ្ឍជាតិ កំណើនសេដ្ឋកិច្ច អគារខ្ពស់ៗ និងបុរី ដែលមានមនុស្សរស់នៅច្រើនកុះករនិងកំណើនយានយន្តគ្រប់ប្រភេទ។ ទន្ទឹមនេះ សូមយកចិត្តទុកដាក់ដល់ការងារបង្ការនិងពន្លត់អគ្គិភ័យ និង ការត្រៀមកម្លាំង- ឧបករណ៍ មធ្យោបាយ ក្នុងការចូលរួមសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៤]
(៨) ហ្វឹកហ្វឺនឲ្យបានត្រឹមត្រូវ មានគ្រឿងបំពាក់ការពារសុវត្ថិភាព ធានាមធ្យោបាយនិងប្រព័ន្ធប្រតិបត្តិការពន្លត់អគ្គីភ័យ
សូមយកឱកាសនេះ ធ្វើការកោតសរសើរចំពោះការត្រៀមលក្ខណៈ និងការចេញប្រតិបត្តិការកន្លងមករបស់កងនគរបាលជាតិ សហការជាមួយបណ្តាអង្គភាពស្ថាប័នផ្សេងៗ ក្នុងការសង្រ្គោះគ្រោះមហន្តរាយ ជាពិសេសអគ្គីភ័យនាពេលកន្លងមក។ នេះក៏ជាបញ្ហាប្រឈមកាន់តែខ្លាំង ពេលដែលដង់ស៊ីតេប្រជាពលរដ្ឋក្នុងតំបន់នីមួយៗ ជាពិសេសទីប្រជុំជនកាន់តែកើនឡើង។ ពីមុនយើងអាចនិយាយថា ដីមួយហិកតាសង់បាន ១០ផ្ទះ ម្នាក់មួយពាន់ការេ។ ប្រជាពលរដ្ឋ ១ផ្ទះថាមាន ១០ផ្ទះទៅចុះ ស្មើនឹង ១០០នាក់។ ឥឡូវក្នុងមួយហិកតាអាចសង់ជាអគារច្រើនជាន់ ដែលមនុស្សរាប់ពាន់នាក់រស់នៅនិងធ្វើការ រាប់ទាំងអ្នកទៅលេងផង អាចដល់រាប់ម៉ឺននាក់។ នេះជាបញ្ហាចោទរបស់យើង។
បទពិសោធន៍កន្លងទៅ ដូចជាការសង្រ្គោះមួយចំនួននៅប៉ោយប៉ែត នៅភ្នំពេញ។ អគារឆេះខ្ពស់ៗ មួយចំនួន ទាមទារឲ្យយើងត្រៀមលក្ខណៈការហ្វឹកហ្វឺនឲ្យបានត្រឹមត្រូវ មានគ្រឿងបំពាក់ឲ្យបានគ្រប់គ្រាន់ ដើម្បីការពារសុវត្ថិភាព ទី១ បងប្អូនរបស់យើងដែលចូលប្រតិបត្តិការ។ ខ្ញុំឃើញនៅក្នុងព្យុហយាត្រា មានឡើងជណ្តើរខ្ពស់ មានខោអាវការពារកំដៅ ម៉ាស អុកស៊ីសែន។ កន្លែងខ្លះ បើយើងអត់មានរបស់ទាំងហ្នឹង វាមានគ្រោះថ្នាក់ណាស់។ ក្នុងអគារខ្ពស់ ទម្រាំតែចូលទៅដល់ ផ្សែងដែលមានឧស្ម័នកាបូនិចអាចសម្លាប់អ្នកដែលចូលទៅសង្រ្គោះបាន។ បើអ្នកសង្រ្គោះមិនអាចការពារខ្លួនផង តើឱ្យទៅសង្រ្គោះអ្នកណា។ ទី២ មធ្យោបាយនិងប្រតិបត្តិការធានានូវប្រព័ន្ធឆ្លើយតបបានច្បាស់។
ឥឡូវនេះមានការចូលរួមរៀបចំ ក៏ដូចជាការផ្សព្វផ្សាយបន្ទាន់ ដែលខ្ញុំសូមអរគុណដល់សាធារណៈជនផងដែរ។ ខ្ញុំចាំថានៅឆ្នាំ២០១២ ឬ២០១៣ (វិទ្យុ)ABC ឲ្យតែឃើញបុកគ្នាកន្លែងណា ហៅចូលមកចែករំលែកព័ត៌មាន។ ឥឡូវអត់មានចាំបាច់ ABC ទេ ទូរទស្សន៍ TV live អីហ្នឹង(ក៏អាចធ្វើបានដូចគ្នា)។ នេះគឺជាការចាប់ដៃមួយរបស់សន្តិសុខក្នុងការផ្តល់សុវត្ថិភាពបន្ទាន់។ ពេលវេលាសំខាន់។ ខុសគ្នាតែ ១០នាទី អាចបំផ្លាញផ្ទះមួយ ឬមួយរាលទៅដល់ផ្ទះមួយទៀត។ បើពន្លត់បានទាន់ពេល អាចសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ។
(៩) ពេលមិននៅផ្ទះ សូមយកចិត្តទុកដាក់ទុកដាក់បង្ការគ្រឿងអេឡិចត្រូនិច គ្រឿងអគ្គិសនី ពិសេសប្រេងឥន្ធនៈ
សូមអំពាវនាវដល់ប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់នៅក្នុងការប្រើប្រាស់គ្រឿងអគ្គិសនីឲ្យមានការប្រុងប្រយ័ត្ន កុំឲ្យមានការសោកស្តាយផ្សេងៗកើតឡើង។ ថ្ងៃមុនឃើញមានករណីផ្ទុះឡានប្រេងមួយស្លាប់កូន ៣នាក់ធំៗពេលជាមួយគ្នានៅខេត្តមួយ។ សូមប្រុងប្រយ័ត្នទាំងអស់គ្នា។ បង្កាប្រសើរជាងសង្រ្គោះឬព្យាបាល។ សូមការពារ រៀបចំទុកដាក់ ការប្រើប្រាស់គ្រឿងអេឡិចត្រូនិច គ្រឿងអគ្គិសនី គ្រឿងភ្លើង ប្រេងឥន្ធនៈ ជាពិសេសពេលដែលធ្វើដំណើរក្រៅផ្ទះ។ ឥឡូវប្រជាពលរដ្ឋយើង ជាពិសេសអ្នកភ្នំពេញមានលទ្ធភាពច្រើន។ ចុងសប្តាហ៍គាត់ចេញក្រៅផ្ទះមួយថ្ងៃ ឬមួយទៅសម្រាកមួយយប់ មិនថាទៅខេត្តព្រះសីហនុ ខេត្តកំពតនិងខេត្ត សៀមរាប។ ចុងសប្តាហ៍មុនឮសូរថាផ្អើលទៅកកនៅកោះកុងក្រោយពីផ្លូវ៤៨ បានធ្វើហើយ។ អញ្ចឹងដំណើរកាន់តែឆ្ងាយ ទុកផ្ទះចោលកាន់តែយូរ។ ការការពារនេះជាកិច្ចការសំខាន់។
(១០) សំណង់ត្រូវរៀបចំស្តង់ដារប្រព័ន្ធហ្គាស/អគ្គិសនី ទុកលំហនិងពេលវេលាសំរាប់ប្រតិបត្តិការសង្រ្គោះ
ការរៀបចំប្រព័ន្ធសំណង់ថ្មីៗ ការរៀបចំផ្លូវសង្រ្គោះ ពិសេសសំណង់ខ្ពស់ៗ ត្រូវធ្វើឲ្យតាមស្តង់ដារ។ បទពិសោធឆេះនៅប៉ោយប៉ែត កាលនោះគឺពេលដែលបុកចេញមក ផ្លូវថ្មើជើងសង្រ្គោះបន្ទាន់វាតូច។ អញ្ចឹងលំបាកចេញ។ ការរៀបចំតាមស្តង់ដារសំណង់ ដែលឯកឧត្តម ឧបនាយករដ្ឋមន្រ្តី (និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយ៍កម្មនិងសំណង់) សាយ សំអាល់ នៅទីនេះ ទាក់ទងទាំងអស់ មិនថារៀបចំប្រព័ន្ធហ្គាស ប្រព័ន្ធភ្លើង គឺជាការចូលរួមចំណែកជាមួយសមត្ថកិច្ច។ បើរៀបចំត្រូវ បើសិនជាវាឆេះក៏វាមិនរាលលឿន វាទុកឱកាស ទុកពេលវេលា ទុកលំហ។ ពេលឡានទឹកទៅសង្រ្គោះក៏ចូលទៅដល់គោលដៅ ជួយទៅរកទឹកផ្សេងៗ។ តែបើសិនជាយើងរៀបការសាងសង់ផ្សេងៗ ប្លុក(បាំង)អស់ហើយ វាពិបាកចូលទៅជួយ។ ការរៀបចំទាំងអស់នេះ ត្រូវគិតគូរទាំងការឆ្លើយតប ទាំងការត្រៀមលក្ខណៈ ជាពិសេសសមត្ថភាពកងកម្លាំងសង្រ្គោះ ធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាព សមត្ថភាព ល្បឿនក្នុងការឆ្លើយតប បូកជាមួយការថែរក្សាជំនាញកម្លាំងសង្រ្គោះនិងសុវត្ថិភាពរបស់បងប្អូន។
[ចប់សេចក្ដីអធិប្បាយ៤]
ទី៥. ត្រូវពង្រឹង និង លើកកម្ពស់ការផ្តល់សេវារបស់កងកម្លំាងនគរបាលជាតិ ឱ្យកាន់តែមានភាពសាមញ្ញ លឿន រហ័ស តម្លាភាព និង គណនេយ្យភាព សំដៅឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងសំណូមពរ និង បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេល រួមទាំងការផ្តល់សេវាក្នុងការរក្សាសន្តិសុខ, សុវត្ថិភាព និង សេវាចាំបាច់នានា ដូចជា សេវាលិខិតស្នាមក្នុងដែនសមត្ថកិច្ចរបស់នគរបាល ជាដើម ។
ទី៦. ត្រូវបន្តយកចិត្តទុកដាក់អនុវត្តការកែទម្រង់នគរបាលជាតិឱ្យបានស៊ីជម្រៅថែមទៀត ដោយផ្តោតលើការបណ្ដុះបណ្ដាលបង្កើនសមត្ថភាព, ច្បាប់, ជំនាញ, ភាសា និង បច្ចេកវិទ្យាព័ត៌មាន ដើម្បីមានសមត្ថភាពក្នុងការបំពេញមុខងារក្នុងយុគសម័យឌីជីថល ប្រកបដោយវិជ្ជាជីវៈ, សីលធម៌, គុណធម៌ និង ទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋ។ ត្រូវពិនិត្យកែសម្រួលរចនា- សម្ព័ន្ធអង្គភាពចាំបាច់មួយចំនួន ជាពិសេស ខ្ញុំសូមឱ្យមានការកែសម្រួលការប្រើប្រាស់ក្របខ័ណ្ឌនគរបាលនៅថ្នាក់កណ្ដាលឱ្យបានសមស្រប ដោយទម្លាក់ក្របខ័ណ្ឌទៅឱ្យថ្នាក់មូលដ្ឋានឱ្យបានច្រើន ដោយ- សារប៉ុស្តិ៍នគរបាលរដ្ឋបាល គឺជាប្រតិបត្តិករនៅជាប់ផ្ទាល់ជាមួយប្រជាពលរដ្ឋ និង ជាកម្លាំងបង្អែកក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»។ ត្រូវពិនិត្យគុណវុឌ្ឍិរបស់កងកម្លាំងនគរបាលជាតិ ក្នុងការបម្រើការងារ សម្រាប់ការតែងតាំងមុខតំណែងណាមួយក្នុងជួរនគរបាល ឬ ឡើងឋានន្តរសក្តិ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៥]
(១០) ហ្វឹកហ្វឺនចប់ ចេញបំពេញភារកិច្ច ត្រូវមានស្តង់ដារ ជាពិសេសមន្ត្រីនគរបាលយុត្តិធម៌
ត្រូវច្បាស់លាស់លើកិច្ចការច្បាប់និងការអនុវត្តច្បាប់។
មូលដ្ឋានជាគោលគឺត្រូវធានាសមត្ថភាពបំពេញភារកិច្ចជាកម្លាំងមួយដែលខ្ញុំហៅថា “គុណភាពនិងបរិមាណ”។ គុណភាពនិងបរិមាណ គឺសំដៅថាមានប៉ុន្មានគឺគុណភាពនៃតួអង្គនីមួយៗ មានគ្រប់គ្រាន់។ បើមាន៥ អាចធ្វើការទាំង៥ បំពេញជំនាញ ចំជំនាញ និងអាចបំពេញភារកិច្ចដោយទទួលខុសត្រូវ ជាជាងមាន១០ ហើយអាចមានតែ ៥ ហើយ៥ ទៀត មិនបានអស់លទ្ធភាព។ ត្រូវយកចិត្តទុកដាក់នៅក្នុងការហ្វឹកហ្វឺនកម្លាំង។ យកឱកាសនេះ សូមថ្លែងអំណរគុណចំពោះកងនគរបាលជាតិ ក្រសួងមហាផ្ទៃ ដែលយកចិត្តទុកដាក់ជាពិសេសលើការបង្កើនសមត្ថភាព។ នៅទីនេះ រាជបណ្ឌិតសភានគរបាល ដែលជាតួអង្គ ជាស្ថាប័នសំខាន់ អង្គភាពមួយសម្រាប់(បង្កើនសមត្ថភាព)។ ការហ្វឹកហ្វឺនចេញពីសាលា គឺត្រូវធានាស្តង់ដារ។ ពេលដែលរៀនចប់ ចេញទៅបំពេញភារកិច្ចសម្រប តាមស្តង់ដារ ឬស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន ប៉ុន្តែត្រូវមានស្តង់ដារមួយ ជាពិសេសមន្ត្រីនគរបាលយុត្តិធម៌។
ត្រូវច្បាស់លាស់លើកិច្ចការច្បាប់និងការអនុវត្តច្បាប់។ ខ្ញុំសូមអរគុណដល់បណ្តាអង្គភាពដែលយកចិត្តទុកដាក់ទៅលើកិច្ចការនេះ។ ឆ្លៀតឱកាសនេះ ខ្ញុំក៏អរគុណទៅដល់ភាគីមិត្ត បណ្តាប្រទេសជាមិត្ត ដែលបានផ្តល់ការសហការ គាំទ្រដល់ការបណ្តុះបណ្តាលកងទ័ព ក៏ដូចជាកងនគរបាលជាតិគ្រប់ជំនាញទាំងអស់ និងកងកម្លាំងប្រដាប់អាវុធកម្ពុជាកន្លងទៅ និយាយដោយឡែកគឺកងនគរបាលជាតិ ដែលបានជួយសហការគ្នានេះ។ យើងមាន(កិច្ចសហការ)ច្រើន ហើយថ្ងៃនេះក៏មានវត្តមានបណ្តាអង្គទូត ហើយក៏មានថ្នាក់ដឹកនាំ ជាពិសេសឯកឧត្តមរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម និងក្រសួងនគរបាលរបស់ឡាវ(ចូលរួមផងដែរ)។ សូមអរគុណណាស់ចំពោះការចូលរួមក្នុងការបណ្តុះបណ្តាលរបស់កងនគរបាលជាតិរបស់យើង។ ឯយើងក៏ធ្វើការសហការគ្នាបណ្តុះបណ្តាលត្រឡប់ទៅវិញ។
(១១) រៀនដល់នៅប្រទេសណា ក៏នៅតែជាកងនគរបាលជាតិខ្មែរ ការពារប្រយោជន៍និងអធិបតេយ្យជាតិខ្មែរ
ខ្ញុំសូមឲ្យបងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលខ្ញុំឃើញមានការបង្ហោះសារផ្សេងៗ ហាក់ដូចជារសើបណាស់នៅក្នុងការធ្វើទំនាក់ទំនងរបស់កម្ពុជាជាមួយប្រទេសជិតខាង។ គ្មានអ្នកណារស់ដោយឯកោបានទេ។ ពេលខ្លះឃើញនគរបាលជាតិទៅធ្វើការបណ្តុះបណ្តាលនៅប្រទេសមួយ ចោទថាយើងក្លាយទៅជាតិនោះអស់ហើយ។ ដល់ឃើញជាតិនោះ គាត់សិក្សាភាសាខ្មែរមកវិញ ថាគេត្រៀមមកត្រួតយើងហើយ។ មិនដូច្នោះទេ។ កងកម្លាំងប្រដាប់អាវុធ(កម្ពុជានិយាយជារួម) និយាយដោយឡែក កងនគរបាលជាតិ គឺការការពារផលប្រយោជន៍ជាតិ។
ទៅរៀនដល់ណា ប្រទេសណាក៏ដោយ យើងនៅតែជាកងនគរបាលជាតិខ្មែរ ការពារផលប្រយោជន៍និងអធិបតេយ្យជាតិខ្មែរ។ នេះគឺជាការពិត។ សូមបងប្អូនកុំលាបពណ៌មន្ត្រី ឬមួយក៏កងកម្លាំងរបស់យើង មិនថានគរបាល កងទ័ព ឬនរណានោះទេ។ មិនថាប្រទេសថៃ ប្រទេសវៀតណាម ប្រទេសឡាវ យើងសហការផ្លាស់ប្តូរការហ្វឺកហ្វឺននិងជាមួយរុស្ស៊ី អាមេរិក បារាំង អូស្ត្រាលី យើងផ្លាស់ប្តូរទស្សនកិច្ចសិក្សា។ យើងបញ្ជូនសិក្ខាកាមទៅ ប្រទេសខ្លះបញ្ជូនសិក្ខាកាមមក។ រៀនភាសា រៀនច្បាប់ ចែករំលែកបទពិសោធន៍។ សម័យនេះ យើងត្រូវទទួលស្គាល់ថា មិនអាចរស់នៅដាច់ដោយឡែកទេ។ ឆ្លើយតបទៅឧក្រិដ្ឋកម្មឆ្លងដែន យើងត្រូវការការសហការអន្តររដ្ឋបាល។ យើងមាន អាំងទែប៉ូល យើងមានការចែករំលែកព័ត៌មានចារកិច្ច ដើម្បីទប់ស្កាត់មុខសញ្ញាភេរវករ ដែលធ្វើដំណើរពីប្រទេសនេះឬនោះចូលកម្ពុជា។ យើងមានការសហការចាប់ឧក្រិដ្ឋកម្មឆ្លងដែន ក្នុងកិច្ចសហការជាមួយប្រទេសនីមួយៗ ជាទ្វេភាគីក្តី ជាពហុភាគីក្តី។ អញ្ចឹង ត្រូវការពឹងផ្អែកគ្នាទៅវិញទៅមក រួមទាំងការបណ្តុះបណ្តាលផង។ នេះជាអ្វីដែលខ្ញុំសូមឲ្យយកចិត្តទុកដាក់ និងលើកទឹកចិត្ត។ សូមកោតសរសើរ ហើយសូមបន្តយកចិត្តទុកដាក់ទៅលើការងារនេះ។ មានតែការថែរក្សាសមត្ថភាព និងបង្កើនសមត្ថភាព តាមរយៈការហ្វឹកហ្វឺនទេ ទើបមានចីរភាព និងធានាបាននូវការប្រែប្រួលនៃសភាពការណ៍ ជាពិសេសនូវហានិភ័យផ្សេងៗដែលបង្កើតឡើង ជាពិសេសកម្រិតបច្ចេកវិទ្យាថ្មីៗនេះ ទាមទារឲ្យយើងសហការគ្នា ដើម្បីធ្វើកិច្ចការ។
[ចប់សេចក្ដីអធិប្បាយ៥]
ទី៧. ខ្ញុំសូមលើកទឹកចិត្តដល់ កងកម្លំាងនគរបាលជាតិគ្រប់រូប សូមខិតខំបន្តស្មារតីតស៊ូ អត់ធន់, យកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពជំនាញ, បច្ចេកទេស និង គុណភាពប្រតិបត្តិការ ដើម្បីសម្រេចបាននូវបំណងប្រាថ្នារួម គឺការពារសន្តិភាព ធានាសុខសុវត្ថិភាពជូនពលរដ្ឋ និងសង្គមជាតិ ជាពិសេសធ្វើការអភិវឌ្ឍខ្លួនឱ្យស័ក្តិសមជាគ្រឹះ និង ជាសសរស្តម្ភ សម្រាប់អភិវឌ្ឍប្រទេសជាតិបន្តទៀត។ ខ្ញុំមានសង្ឃឹម និង ជឿជាក់យ៉ាងមុតមំាចំពោះមនសិការស្នេហាជាតិ ស្នេហាមាតុភូមិ និង ភក្តីភាព របស់កងកម្លំាងនគរបាលជាតិ និង សូមសម្តែងនូវការពេញចិត្ត បន្តជួយឧបត្ថម្ភ គាំទ្រទំាងស្មារតី និងសម្ភារដល់កងកម្លំាងនគរបាលជាតិ ឱ្យបានស័ក្តិសមជាកម្លំាងអនុវត្តច្បាប់ប្រកបដោយគុណភាព និង ប្រសិទ្ធភាព។
ក្នុងព្រឹត្តិការណ៍រំលឹកខួបអនុស្សាវរីយ៍ជាប្រវត្តិសាស្រ្តនេះ អនុញ្ញាតឱ្យទូលព្រះបង្គំខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាល សូមសម្ដែងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុតជូនដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ «ព្រះបរម -រតនកោដ្ឋ» ដែលបានបង្កើតកងកម្លាំងនគរបាលជាតិ ។ ទូលព្រះបង្គំសូមថ្លែងអំណរព្រះគុណជូន ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រទានថ្ងៃកំណើតដល់កងកម្លាំងនគរបាលជាតិ ព្រមទាំងបានប្រោសព្រះរាជទាននូវព្រះរាជហឫទ័យគាំទ្រដល់កងកម្លាំងនគរបាលជាតិ ជាដរាបរៀងមក។
ខ្ញុំសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, ដួងវិញ្ញាណក្ខន្ធ សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហា-ក្សត្រ ដែលបានដឹកនាំ កសាង អភិវឌ្ឍ កងកម្លាំងនគរបាលជាតិ ឱ្យមានការរីកចម្រើនទាំងគុណភាព, សមត្ថភាព, ជំនាញ និង វិជ្ជាជីវៈ។
ខ្ញុំសូមសម្ដែងនូវសេចក្ដីគោរព និង ថ្លែងអំណរគុណដ៏ជ្រាលជ្រៅផងដែរ ជូនចំពោះថ្នាក់ដឹកនាំនគរបាលគ្រប់ជំនាន់, ជាពិសេស ក្រោយថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ដែលបានជ្រោមជ្រែង កសាង និង ដឹកនាំកងកម្លាំងនគរបាលជាតិ បង្កើតបានសមិទ្ធផលជាច្រើន ។ ទន្ទឹមនេះ, ក៏សូម-ថ្លែងអំណរគុណចំពោះនគរបាលកម្ពុជាគ្រប់ជំនាន់ ដែលបានបំពេញភារកិច្ចរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ។
ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំសូមសម្ដែងនូវការសោកស្តាយ និង ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ ញាតិមិត្ត កូនចៅ ឪពុកម្តាយរបស់មន្រ្តីនគរបាលជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ និង ប្រជាជន កន្លងទៅ និង សូមបួងសួងសុំឱ្យដួងវិញ្ញាណក្ខន្ធរបស់បងប្អូនបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាត ។ ទន្ទឹមនេះ, ខ្ញុំក៏សូមផ្ញើជូននូវការសាកសួរសុខទុក្ខដល់មន្រ្តីនគរបាលជាតិ និង ក្រុមគ្រួសារ ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ, មណ្ឌលសុខភាព ឬ គេហដ្ឋាន និង សូមជូនពរឱ្យឆាប់ជាសះស្បើយ ដើម្បីវិលត្រលប់មករួមរស់ជួបជុំក្រុមគ្រួសារ និង មកបំពេញការងារនៅតាមអង្គភាពវិញ។
(១២) ពីមុនមកនិងបច្ចុប្បន្ន គ្មានគោលការណ៍លក់ព្រលានយន្តហោះពោធិចិនតុងឱ្យឯកជនទេ
មុននឹងបញ្ចប់ ខ្ញុំសូមពេល ២នាទី។ អត់យូរទេ។ បើវង់ក្រចកបន្តិច។ ឃើញបងប្អូនឈរយូរហើយ។ តាមពិត ខ្ញុំមិនចង់និយាយរឿងនេះនៅពេលនេះទេ។ គ្រោងទុកទៅនិយាយនៅពេលប្រកាសសម្ពោធព្រលានយន្តហោះថ្មី។ ប៉ុន្តែបើមិនបញ្ជាក់ជូនមហាជនទេ គឺអាចជ្រួលច្របល់ ហើយក្រុមអ្នកកេងចំណេញនយោបាយមួយចំនួន នឹងយករឿងនេះទៅបកស្រាយ ធ្វើឱ្យប្រជាជនមានការបារម្ភ ជាពិសេសអ្នកនៅភ្នំពេញតែម្ដង។ នោះគឺរឿងព្រលានយន្តហោះពោធិ៍ចិនតុង។ ប៉ុន្មានថ្ងៃនេះ ឃើញជជែកផុសផុលអំពីការលក់ព្រលានយន្តហោះនេះ។ អ្នកខ្លះថា ច្បាស់ណាស់ រដ្ឋាភិបាលលក់ព្រលានយន្តហោះនេះឱ្យក្រុមហ៊ុនឯកជន ១៥ឆ្នាំមុន។ តើបាន(ព័ត៌មានទាំងនេះ)មកពីណា? ១៥ឆ្នាំមុន យើងមិនទាន់គ្រោងធ្វើព្រលានយន្តហោះថ្មីផង ឱ្យយកព្រលានយន្តចាស់លក់ឱ្យអ្នកណា …។
បើមាន(ឯកសារហ្នឹង) សូមឱ្យឯកសារហ្នឹងមក។ ក្រែងលោខ្ញុំមិនដឹង។ មានតែពីរនាក់ទេដែលមានសិទ្ធិនៅក្នុងការសម្រេចដោះដូរកន្លែង គឺសម្ដេចតេជោ ដែលជាអតីតនាយករដ្ឋមន្រ្តីនៅក្នុងអាណត្តិមុន និងរូបខ្ញុំជានាយករដ្ឋមន្រ្តីនៅក្នុងអាណត្តិនេះ។ យើងទាំងពីរនាក់អត់ដែលបានដឹងអំពីគម្រោងនៅក្នុងការលក់ព្រលានយន្តហោះពោធិ៍ចិនតុងទៅ(ឱ្យនរណានិងពេល)ណាទេ។ ខ្ញុំសូមឱ្យអ្នកដែលនិយាយ អ្នកដែលជជែកគ្នានោះបញ្ចប់។ ម៉ោងនេះថ្មើរនេះ ហើយក៏ពីមុនមកផង គ្មានគោលការណ៍កន្លែងណាថាបានសម្រេចលក់ព្រលានយន្តហោះនេះឱ្យទៅឯកជនទេ។ សួរថា មានឬអត់? ឆ្លើយខ្លីថា “អត់មាន”។ មិនដែលមាន ហើយក៏គ្មានគម្រោងក្នុងការលក់ព្រលានយន្តហោះនេះដែរ។ សូមបញ្ជាក់ឱ្យច្បាស់។ ខ្លីប៉ុណ្ណឹង។
(១៣) ម្ចាស់ព្រលានយន្តហោះទាំងបច្ចុប្បន្នទាំងពីអតីតកាល នៅតែជារដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល
នៅអាណត្តិមុន យើងធ្លាប់មានគណៈកម្មការមួយ ដឹកនាំដោយឯកឧត្តម ជា សុផារ៉ា ហៅថា គណៈកម្មការអន្តរក្រសួងពិនិត្យផ្លូវច្បាប់លើកិច្ចព្រមព្រៀងដែលកំពុងអនុវត្ត ដើម្បីរៀបចំកិច្ចព្រមព្រៀងថ្មី សំរាប់ព្រលានយន្តអន្តរជាតិភ្នំពេញនិងខេត្តព្រះសីហនុ។ ការងាររបស់គណៈកម្មការនេះគឺដើម្បីចរចាសិទ្ធិនៅក្នុងកិច្ចប្រតិបត្តិការ មិនមែនចរចាដើម្បីដោះដូរព្រលាននោះទេ។ តាំងពីឆ្នាំ ១៩៩០ ជាងមក យើងមានកុងត្រាផ្ដាច់មុខមួយជូនព្រលានយន្តហោះរបស់យើងទៅក្រុមហ៊ុនសម្បទានបារាំង SCA អោយមានសិទ្ធិក្នុងការប្រតិបត្តិ មិនមែនសិទ្ធិជាម្ចាស់ទេ។ ម្ចាស់របស់ព្រលានយន្តហោះបច្ចុប្បន្ន និងពីអតីតកាល នៅតែជារដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល គឺ(ជារបស់)រដ្ឋដដែល។ ក្រុមហ៊ុន SCA មានសិទ្ធិនៅក្នុងប្រតិបត្តិការ។
ហ្នឹងដូចជួលផ្ទះអញ្ចឹង។ ម្ចាស់ផ្ទះនៅតែជាម្ចាស់ ជាម្ចាស់អគារ ម្ចាស់ដី។ យើងជួលឱ្យអ្នកមក(ធ្វើអាជីវកម្ម)បើកជាហាង បើកជាអី។ មិនមែនអ្នកហ្នឹងមានសិទ្ធិនៅក្នុងការយកដី យកផ្ទះហ្នឹងទេ។ ដើម្បីបើកព្រលានយន្តហោះថ្មីនេះ ត្រូវផ្ទេរសិទ្ធិនេះ ដោយទាល់តែ SCA ឯកភាព។ មិនអាចមានលក់យកមកធ្វើព្រលានថ្មី ហើយប្រតិបត្តិនោះទេ គឺខុសកិច្ចសន្យារវាងរដ្ឋាភិបាល(ជាមួយក្រុមហ៊ុន)។ អញ្ចឹងគណៈកម្មការនេះ គឺបន្ត(ការងារ)។ អាណត្តិថ្មីនេះ មានឯកឧត្តម ម៉ៅ ហាវណ្ណាល់ ដឹកនាំបន្តចរចាលើកិច្ចព្រមព្រៀងនេះ ដើម្បីយកពីក្រុមហ៊ុន SCA ទៅឱ្យក្រុមហ៊ុនថ្មីដែលវិនិយោគកសាងព្រលានយន្តហោះអន្តរជាតិតេជោ ដែលត្រូវសម្ពោធនៅពេលខាងមុខនេះដើម្បីផ្ទេរសិទ្ធិនៅក្នុងប្រតិបត្តិការតែប៉ុណ្ណឹង។ គ្មានចរចារឿងលក់ព្រលាននោះទេ។
(១៤) ផ្ទេរការគ្រប់គ្រងព្រលានពោធិ៍ចិនតុងអោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
ការសម្រេចរបស់ខ្ញុំ កាលពីថ្ងៃទី ២៨ ខែមេសា កន្លងទៅនេះមានពីរចំណុច។ យើងគ្រោងផ្ទេរប្រតិបត្តិការ តាមផែនការនៅម៉ោង ១២យប់ថ្ងៃថ្ងៃទី៩ ចូលថ្ងៃទី ១០ខែកក្កដា។ ផ្ទេរនេះ បានន័យថា បិទប្រតិបត្តិការកន្លែងចាស់។ យន្តហោះចុះនៅកន្លែងថ្មី (ហើយ)កន្លែងបញ្ជាយន្តហោះ Air traffic controller អីៗទៅទីតាំងថ្មីដែលយន្តហោះត្រូវចុះ។ នេះគឺជាការផ្ទេរ មិនមែនការផ្ទេរ(ប្រតិបត្តិការ)ទៅទីនោះ ហើយឱ្យឯកជនចូលមក(ព្រលានចាស់)ទេ។ ចំណុចដែលថាក្រោយពីនោះ តើអ្នកណាទទួលខុសត្រូវ? ខ្ញុំបានចារឯកភាពពីរចំណុច ដែលរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលស្នើសុំ។ ទី១ ផ្ទេរការគ្រប់គ្រងព្រលានទាំងមូលឱ្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ ចំណុចទី២ សុំកងកម្លាំងប្រដាប់អាវុធជួយការពារសន្តិសុខ ទ្រព្យសម្បត្តិរបស់រដ្ឋនៅព្រលានចាស់ រួមទាំងការការពារល្បាតជុំវិញហ្នឹង បូកជាមួយនឹងការពារទីតាំង។ ស្តីពីការការពារ ខ្ញុំបានសម្រេចកាលពីថ្ងៃទី២៨ ខែមេសា ផ្ទេរភារកិច្ចមកការគ្រប់គ្រងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលទៅលើទីតាំងទាំងមូល ហើយ SCA ផ្ទេរទៅព្រលានយន្តហោះថ្មី។ នោះគឺការផ្ទេរការគ្រប់គ្រង។ ដីនៅកន្លែង(ព្រលានចាស់)នេះនៅតែជារបស់រដ្ឋដដែល អត់មានលក់ទៅណាទេ។ សូមបញ្ជាក់។
(១៥) គ្រោងរក្សាព្រលានពោធិចិនតុងជា piste បម្រុង ក្រោមការគ្រប់គ្រងរបស់អាកាសចរណ៍ស៊ីវិល
សួរថា បើមិនលក់ឥឡូវ ទៅមុខលក់ឬអត់? អត់ទេ។ គោលការណ៍ដែលយើងគ្រោងបច្ចុប្បន្ន គឺរក្សាកន្លែង(ព្រលានចាស់)នេះ ដោយទុកស្ថានភាពបច្ចុប្បន្ន ហើយត្រៀមបម្រុងក្នុងករណីមាន emergency landing ជា piste បម្រុង ក្រោមការគ្រប់គ្រងរបស់អាកាសចរណ៍ស៊ីវិល។ ពិតណាស់ យើងអត់មានលទ្ធភាពទៅបំពាក់គ្រឿង air traffic controller នៅព្រលានយន្តហោះ(ចាស់)នេះ(ទៀត)ទេ។ ទី២ ក៏វាពាក់ព័ន្ធទៅនឹងកិច្ចសន្យាជាមួយ SCA នៅក្នុងការគ្រប់គ្រង។ តែសម្រាប់បច្ចេកទេស កន្លែងនេះចុះឧទ្ធម្ភាគចក្របាន។ បើសិនជាចាំបាច់ក្នុងករណីណាមួយដែលមានអាសន្ន … ទោះបីមិនមានកន្លែងបញ្ជា ក៏ pilot អាចឆែកជាមួយបច្ចេកទេស ប្រើជំនាញដែលគាត់ហ្វឹកហ្វឺនតាមភ្នែកមើលបាន អាចចុះបណ្ដោះអាសន្នកន្លែងនេះ។ នេះគឺជាការគិតគូរចំពោះមុខក្នុងការថែរក្សា។ ខ្ញុំនឹងនិយាយបន្ថែមទៀតនៅពេលដែលសម្ពោធសមិទ្ធផលជាក់ស្ដែងនៅព្រលានថ្មី …។
(១៦) ករណីលែងទុកជាព្រលាន ត្រូវរក្សាតម្លៃប្រវត្តិសាស្ត្រ ផ្តល់ផលប្រយោជន៍ដល់សាធារណជន និងគ្រប់គ្រងជាសម្បត្តិរដ្ឋ
យើងបានសិក្សាមួយទៅពីរជម្រើសទៀត ក្នុងករណីទៅអនាគតយើងមិនអាចទុកជាព្រលាន។ គោលការណ៍ដែលធ្វើនោះមាន៣។ ទី១ រក្សាតម្លៃប្រវត្តិសាស្រ្តនៃទីតាំងនេះ ជាអតីតព្រលានយន្តហោះស្នាព្រហស្ត ព្រះបរមរតនកោដ្ឋ ដែលបានបម្រើដល់វិស័យដឹកជញ្ជូនរាប់សិបឆ្នាំមកហើយ … ទី២ រកជម្រើសណាដែលផ្ដល់នូវផលប្រយោជន៍ដល់សាធារណជន ប្រជាពលរដ្ឋប្រើប្រាស់ជាអតិបរមា ដោយមិនឲ្យទៅឯកជនទេ និងប្រែក្លាយជាកន្លែងឬទ្រព្យសម្បត្តិអ្វីមួយដែលប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកភ្នំពេញអាចប្រើប្រាស់ជាអតិបរមា … ទី៣ យករូបមន្តនិងជម្រើសជាលក្ខខណ្ឌនៃការគ្រប់គ្រងប្រើប្រាស់ដោយចីរភាព ប៉ុន្តែធានាថាទ្រព្យសម្បត្តិនេះត្រូវតែនៅជាទ្រព្យសម្បត្តិរបស់រដ្ឋ មិនឲ្យទៅឯកជនទេ។ នេះជាគោលការណ៍។
យើងកំពុងពិនិត្យមើលជម្រើសថា ឱ្យកន្លែងនេះនៅតែរក្សាតម្លៃប្រវត្តិសាស្រ្ត មិនឲ្យបាត់ទៅណាទេ។ សួរថា ដែលគេធ្លាប់និយាយ/គណនាថា ៣០០ហិកតា បើមួយការ៉េគិតតែ ១០០០ដុល្លារ ឡើងដល់ ៣០០០លានដុល្លារ នោះ វាមិនស្មើនឹងតម្លៃប្រវត្តិសាស្រ្តដែលព្រលានមួយនេះនឹងផ្ដល់ដល់ប្រជាពលរដ្ឋនោះទេ។ គោលការណ៍នេះមានតាំងពីដើមមក … ខ្ញុំធ្លាប់បានជជែក ហើយពិនិត្យមើលកិច្ចការនេះជាមួយឯកឧត្ដម ម៉ៅ ហាវណ្ណាល់ និងសុំគោលការណ៍ពីសម្ដេចតេជោ (កាលលោកនៅជានាយករដ្ឋមន្ត្រី) គឺមិនមានពេលណាដែលយើងពិចារណាថាលក់ទីតាំងនេះ ឬដោះដូរទីតាំងនេះទៅឲ្យឯកជនអភិវឌ្ឍអចលនទ្រព្យអីទេ។ គឺរក្សាទុកដើម្បីផលប្រយោជន៍សាធារណៈ។ សំខាន់បំផុតនៅតែជាអចលនទ្រព្យរបស់រដ្ឋដដែលទៅថ្ងៃអនាគត។ សូមបញ្ជាក់ប៉ុណ្ណេះ សូមបញ្ចប់ការជជែកដេញដោលគ្នាទៅ។
(១៧) គ្មានគោលការណ៍លក់ឱ្យឯកជន – គ្មានពីអតីតកាល គ្មានក្នុងបច្ចុប្បន្នកាល និងគ្មានអនាគត
បើអ្នកណាថា មានកុងត្រា គោលការណ៍ដែលរដ្ឋស៊ីញ៉េ ឬមាន ស.ជ.ណ ឬអ្វីដែលបញ្ជាក់ថារដ្ឋលក់ឲ្យឯកជន សូមបញ្ជូនឲ្យមកខ្ញុំ។ បើសិនជាខ្ញុំ ឬសម្ដេចតេជោមិនស៊ីញ៉េផ្ដល់គោលការណ៍ គ្មាននរណាមានសិទ្ធិទេ។ ក្រែងលោនរណាទៅតំណាងឲ្យខ្ញុំ ទៅធ្វើចរចាអីមិនដឹង តែគ្មានគោលការណ៍របស់រាជរដ្ឋាភិបាលធ្វើទេ។ គ្មានពីអតីតកាល គ្មានបច្ចុប្បន្នកាល ហើយអនាគតក៏គ្មានដែរ។ បើឯកជនណាចង់មកចែចូវទីតាំងនេះដើម្បីយកទៅអភិវឌ្ឍ ខ្ញុំសុំឲ្យទៅរកកន្លែងផ្សេងទៅ។ កន្លែងនេះទុកជូនប្រទេសជាតិនិងប្រជាពលរដ្ឋ ទ្រព្យសម្បត្តិសាធារណៈសម្រាប់ទៅអនាគត។ សូមបញ្ជាក់ប៉ុណ្ណេះដោយខ្លី។ សុំបិទរង្វង់ក្រចកប៉ុណ្ណឹងទៅចុះ។ ថាចាំដល់ខែ៧ ទើបនិយាយ។ តែបើមិននិយាយថ្ងៃនេះទេ គឺប្រហែលជាដុតពេញហ្វេសប៊ុក ព្រោះខ្ញុំឃើញដុត៣ថ្ងៃនេះមែនទែន។ សូមយកឱកាសនេះបញ្ជាក់ ព្រោះនេះគឺជាឧទាហរណ៍មួយនៃព័ត៌មានក្លែងក្លាយដោយប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មានមិនច្បាស់លាស់ក្នុងការជជែកវែកញែក។ សិទ្ធិប្រជាពលរដ្ឋនៅក្នុងការព្រួយបារម្ភអំពីការចាត់ចែង អ្វីទៅដែលជាទ្រព្យសម្បត្តិប្រវត្តិសាស្រ្តរបស់យើង។ ខ្ញុំគោរព។
(១៨) បើនៅជានាយករដ្ឋមន្រ្តី គណបក្សប្រជាជននៅដឹកនាំប្រទេស ធានាមិនឲ្យប៉ះពាល់ព្រលានពោធិចិនតុង ក្រៅពីគោលការណ៍៣ ខាងលើ
ខ្ញុំក៏មានកាតព្វកិច្ចបញ្ជាក់ជាបឋមជូនប្រជាពលរដ្ឋយើងដែលជាម្ចាស់ប្រទេស ជាពិសេសអ្នករាជធានីភ្នំពេញថា គ្មានការលក់ដូរ ឬគ្មានការឯកភាពគម្រោងលក់ដូរ ដែលរាជរដ្ឋាភិបាលបានសម្រេចតាំងពីមុនមក ឬទើបសម្រេចឥឡូវនេះ ឬទៅថ្ងៃអនាគតនោះទេ។ គ្មានប្រែក្លាយកន្លែងនេះទៅជាទ្រព្យសម្បត្តិឯកជននោះទេ (តែរក្សា)នៅជាទ្រព្យរបស់រដ្ឋ។ ការប្រើប្រាស់ដោយចីរភាព ជាផលប្រយោជន៍សាធារណៈជាទិសដៅសំខាន់ដែលយើងនឹងអភិវឌ្ឍកន្លែងនេះ ឬបម្រុងទុកទៅជាកន្លែងសម្រាប់ចុះយន្តហោះក្នុងកម្រិតណាមួយ ប៉ុន្តែសូមបញ្ជាក់ឲ្យច្បាស់ គឺវានឹងនៅតែជាទ្រព្យរបស់រដ្ឋដដែល។ ខ្ញុំនិយាយនេះនៅពេលដែលខ្ញុំធ្វើនាយករដ្ឋមន្រ្តី។ បើសិនជាបក្សផ្សេងឡើង ខ្ញុំមិនដឹងទេ។ តែបើខ្ញុំនៅជានាយករដ្ឋមន្រ្តី គណបក្សប្រជាជននៅដឹកនាំប្រទេស យើងនៅធានាកន្លែងនេះមិនឲ្យមានការប៉ះពាល់ ក្រៅពីគោលការណ៍៣ ដែលខ្ញុំបានលើកនោះទេ។ មិនមានការលក់ដូរដោះដូរព្រលានយន្តហោះនេះទេ។ សូមបញ្ចប់ការជជែកគ្នា។ គួរតែបញ្ឈប់ការកេង២ថ្ងៃបំផុសប្រជាជនឲ្យភ័យ។ សូមប្រជាពលរដ្ឋជឿជាក់(ពីការសំរេចរបស់រដ្ឋាភិបាល)ចុះ។
[ចប់សេចក្ដីអធិប្បាយ៧]
ជាទីបញ្ចប់, នាឱកាសប្រកបដោយសិរីមង្គលនៃ ទិវាខួបអនុស្សាវរីយ៍លើកទី ៨០ ថ្ងៃបង្កើតកងកម្លំាង នគរបាលជាតិកម្ពុជា, ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង-មហាផ្ទៃ ថ្នាក់ដឹកនាំ និង កងកម្លំាងនគរបាលជាតិ, លោក លោកស្រី សូមទទួលបាននូវសេចក្ដី-សុខសុភមង្គល ជោគជ័យគ្រប់ភារកិច្ច និងសូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាត៕