ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល
គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ–អន្តរជាតិ តំណាងដៃគូអភិវឌ្ឍ
សមាជិក សមាជិកានៃអង្គពិធីទំាងមូល ជាទីមេត្រី!
ថ្ងៃនេះ, ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួម ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០» ដែលជាក្របខ័ណ្ឌយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដើម្បីតម្រង់កិច្ចខិតខំប្រឹងប្រែង ក្នុងការកាត់បន្ថយបន្ទុកនៃជំងឺមហារីក និងធ្វើការពិសិដ្ឋកម្មគុណភាពជីវិត សម្រាប់ប្រជាជនកម្ពុជា ដែលមានជំងឺមហារីក ដោយប្រើប្រាស់ធនធានឱ្យបានសមស្របទៅតាមបរិការណ៍សង្គម-សេដ្ឋកិច្ច និងប្រព័ន្ធសុខាភិបាលនៅកម្ពុជា ។
តាមរយៈរបាយការណ៍របស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ខ្ញុំមានចំណាប់អារម្មណ៍ខ្លាំងទៅលើការកើនឡើងខ្ពស់នៃករណីថ្មីនៃជំងឺមហារីក ដែលមានលើប្រជាពលរដ្ឋគ្រប់វ័យ ស្របពេលដែលស្ថានភាពសង្គម-សេដ្ឋកិច្ចនៃប្រទេសកម្ពុជាកំពុងតែមានការអភិវឌ្ឍ ។ ការរៀបចំឱ្យមានផែនការជាតិនេះឡើង បង្ហាញឱ្យឃើញពីភាពបុរេសកម្មរបស់ក្រសួងសុខាភិបាល ក្នុងការពង្រីកវិសាលភាពផ្ដល់សេវាសុខាភិបាល ស្របតាម យុទ្ធសាស្រ្តបញ្ចកោណ–ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ជាប្រចាំជាប់មិនដាច់នូវសុខភាព និង សុខុមាលភាពរបស់ប្រជាជន ។
ខ្ញុំសូមយកឱកាសនេះកោតសសើរ និង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល, គ្រូពេទ្យ, មន្រ្តី និងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារកន្លងទៅ។ ជាមួយនេះ, ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់, រដ្ឋបាលថ្នាក់ក្រោមជាតិ, ដៃគូអភិវឌ្ឍជាតិ-អន្ដរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល ដែលបាននិងកំពុងរួមចំណែកដល់វឌ្ឍនភាព នៃវិស័យសុខាភិបាលកម្ពុជា, ជាពិសេស ការខិតខំប្រឹងប្រែងរួមគ្នាកន្លងមក ក្នុងការបង្ការ និង ទប់ស្កាត់ការរាតត្បាតនៃជំងឺ-កូវីដ-១៩ ដែលធ្វើឱ្យយើងអាចបើកប្រទេសឡើងវិញបានឆាប់សម្រាប់សេដ្ឋកិច្ច-សង្គម ។ ជាការពិត, ជោគជ័យទាំងនេះ មិនអាចកើតឡើងដោយចៃដន្យនោះទេ, ពោលគឺកើតចេញពីការខិតខំប្រឹងប្រែងរួមគ្នាឥតឈប់ឈរ ប្រកប ដោយការទទួលខុសត្រូវខ្ពស់ ក្នុងស្មារតីសាមគ្គីភាព, ឯកភាពផ្ទៃក្នុង និង កិច្ចសហការនៃគ្រប់ភាគីពាក់ព័ន្ធ ក្នុងវិស័យសុខាភិបាល ។
រាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលជាច្រើន ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុងពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ ។ សមិទ្ធផលទាំងនេះ នឹងមិនអាចកើតមាននោះឡើយ ប្រសិនបើកម្ពុជាពុំមានសន្តិភាពពេញលេញនូវស្ថិរភាពនយោបាយ និង សន្តិសុខសង្គម ។ កត្តាទាំងនេះបានរុញច្រានឱ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ, ក្នុងនោះ វិស័យសុខាភិបាលមានការវិវឌ្ឍ ដែលឆ្លុះបញ្ចាំង តាមរយៈ ការកើនឡើង នៃការទទួលបានសេវាថែទាំសុខភាព, ការពង្រីកការគ្របដណ្តប់នៃប្រព័ន្ធគាំពារសង្គម និង ភាពប្រសើរឡើងនៃសុខភាពសាធារណៈរបស់កម្ពុជា ដែលបានធ្វើឱ្យស្ថានភាពសុខភាព និងសុខុមាលភាព, ជីវភាព និងគុណភាពជីវិតរស់នៅរបស់ប្រជាជនកម្ពុជាមានភាពប្រសើរឡើងជាលំដាប់ ។
រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា, ក៏ដូចជារាជរដ្ឋាភិបាលនីតិកាលមុនៗ បានចាត់ទុកការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់, ពោល គឺមានសុខភាពល្អមាំមួន, ចំណេះដឹង និង ជំនាញពិតប្រាកដ, មានសីលធម៌ខ្ពស់ ជាអាទិភាពគន្លឹះមួយ និង ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន, តាមរយៈការលើកកម្ពស់សុខភាព និង សុខុមាលភាពប្រជាជនគ្រប់រូប ឱ្យកាន់តែប្រសើរឡើងជាលំដាប់ ដោយផ្តោតលើការខិតខំប្រឹងប្រែងបន្តកាត់បន្ថយការឈឺ និងស្លាប់បណ្តាល មកពីជំងឺ, ជាពិសេស ជំងឺមិនឆ្លង ចម្បងៗ, ការលើកកម្ពស់សុខភាពបន្តពូជ, សុខភាពមាតា, ទារក និង កុមារ, អាហារូបត្ថម្ភ, ការការពារសុខភាពសាធារណៈ, ការបង្ការ និងការ-គ្រប់គ្រងគ្រោះអាសន្នសុខភាព ជាដើម ។
ដោយហេតុថា ជំងឺមហារីកបានក្លាយជាការគំរាមនៃសុខភាពសាធារណៈ និង ប៉ះពាល់ដល់សង្គម-សេដ្ឋកិច្ច ដែលរាជរដ្ឋាភិបាលបានចាត់ទុកការប្រយុទ្ធនឹងជំងឺមហារីក ជាអាទិភាពចម្បងមួយ ក្នុងចំណោមអាទិភាពដទៃទៀតរបស់ក្រសួងសុខាភិបាល ។ ការ-ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ ២០២៥-២០៣០» នាថ្ងៃនេះ ជាការបើកទំព័រអភិវឌ្ឍន៍ថ្មីមួយទៀត សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលបង្ហាញពីជំហរ និង ការបន្តប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការការពារ និង សង្គ្រោះជីវិតប្រជាជន ពីជំងឺមហារីកដ៏កាចសាហាវ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ]
(១) រាជរដ្ឋាភិបាលខិតខំពង្រឹងសមត្ថភាពព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋ និងថ្នាក់ជាតិ
ជាច្រើនអាណត្តិមកនេះ រាជរដ្ឋាភិបាលបានខិតខំពង្រឹងសមត្ថភាពព្យាបាលជំងឺរបស់បងប្អូន ជាពិសេសការពង្រឹងសមត្ថភាពនៅតាមមន្ទីរពេទ្យរដ្ឋថ្នាក់ជាតិជាច្រើន។ នៅក្នុងដំណាក់កាលនេះ ទាំងធនធានមនុស្ស ទាំងធនធានថវិការបស់យើងមានកំណត់។ អញ្ចឹង ការពង្រឹងជំនាញនេះ គឺយើងធ្វើពីលើចុះក្រោម។ យើងមិនអាចធ្វើវិមជ្ឈការសមត្ថភាព ឬមួយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់វិនិយោគនៅគ្រប់បណ្តាភូមិ ស្រុក ឃុំ ខេត្ត នៅជំហាននេះទេ។ យ៉ាងណាក្តី ហោចណាស់យើងបានធ្វើការពង្រឹងសមត្ថភាពតាមបណ្តាពេទ្យនានា ដូចជាពេទ្យលោកសង្ឃ ពេទ្យរុស្ស៊ី ពេទ្យមួយចំនួនដែលយើងអាចព្យាបាល។
រាជរដ្ឋាភិបាល អាណត្តិមុន និងដើមអាណត្តិនេះ កំពុងតែរៀបចំប្រែក្លាយពេទ្យមួយ គឺពេទ្យហ្លួងម៉ែ ដែលជាមន្ទីរពេទ្យឯកទេសជំងឺមហារីក។ មន្ទីរពេទ្យនេះ ខ្ញុំមានទំនាក់ទំនងផ្ទាល់។ ខ្ញុំមិនមានជំនាញពេទ្យទេ ប៉ុន្តែកន្លងទៅក៏ធ្លាប់(ធ្វើការសហការ) កាលពីមានជំងឺឆ្លង កូវីដ-១៩។ ពីមុនជំងឺកូវីដ-១៩ នេះជាមន្ទីរពេទ្យស្រ្តីនគរទេព។ ពេលកូវីដ-១៩ ផ្ទុះខ្លាំង សមត្ថភាព(ទទួលឱ្យស្នាក់នៅព្យាបាលរបស់បណ្តាមន្ទីរ)ពេទ្យមានកម្រិត ដោយការរៀបចំកន្លែង ពិសេសត្រូវទទួលព្យាបាលជំងឺផ្សេងៗ មិនអាចលាយឡំគ្នានោះ យើងក៏បានទទួលគោលការណ៍ពីសម្តេចតេជោ ដើម្បីរៀបជាមន្ទីរពេទ្យកម្រិតធ្ងន់ខាងកូវីដ-១៩។
(២) កំពុងធ្វើទំនើបកម្ម និងរៀបចំហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យមហារីកនិងបានបើកពីគ្រោះជំងឺមួយជំហាន
ចប់កូវីដ-១៩ សម្តេចតេជោសួរថា “តើពេទ្យនេះ ក្លាយទៅជាអ្វី?”។ យើងធ្លាប់បានជួបជាមួយអង្គការអាមេរិកាំងមួយ ដែលប្រធានអង្គការហ្នឹងជាអ្នកធ្លាប់មាន cancer ប៉ុន្តែគាត់នៅរស់។ អញ្ចឹងគាត់ដើរធ្វើកិច្ចការជួយទូទាំងពិភពលោករឿងមហារីក។ គាប់ជួនពេលនោះយើងឃើញថាតម្រូវការការព្យាបាលជំងឺមហារីកមានការកើនឡើង … តាមពេទ្យលោកសង្ឃ នៅតាមបណ្តាពេទ្យនានា។ នៅពេលដែលខ្ញុំចុះទៅមូលដ្ឋានជាមួយនឹងពេទ្យស្ម័គ្រចិត្ត ក៏មានបងប្អូនជាច្រើនមានជំងឺមហារីកនេះ ក៏បានព្យាបាល និងបញ្ជូនមកព្យាបាលនៅភ្នំពេញ។
បើតាមរបាយការណ៍របស់ឯកឧត្តម ឈាង រ៉ា យើងរកឃើញថា មួយឆ្នាំកើន ២ម៉ឺននាក់។ បើប្រៀបធៀបជា មួយនឹងប្រទេសផ្សេងៗ អាចចំនួនតិច(ជាងគេ) តែបើប្រៀបធៀបជាមួយចំនួនប្រជាពលរដ្ឋយើង ១៧លាននាក់ យើងអាចគិតថានេះជាចំនួនច្រើន។ គោលដៅរបស់យើងគឺព្យាបាលអ្នកដែលកើត សង្រ្គោះជីវិត។ ខ្ញុំធ្លាប់ជួបមិត្តភក្ដិរបស់ខ្ញុំ។ ឆ្នាំខ្លះ ត្រូវម្ដាយឪពុក (កើតជំងឺ)មហារីក (Cancer) ហើយភាគច្រើន រកឃើញហ្នឹងនៅដំណាក់កាលចុងក្រោយ។ តាមការលើកឡើងរបស់(រដ្ឋមន្ត្រីសុខាភិបាល) ឯកឧត្តម ឈាង រ៉ា គឺ(មន្ទីរពេទ្យរបស់យើងមាន)សមត្ថភាពនៅក្នុងការរកឃើញជំងឺនៅដំណាក់កាលដំបូង ឬមួយក៏ជាសញ្ញានៃការវិវត្តនោះ និងមានសមត្ថភាពក្នុងការបង្ការ។ នេះជាកិច្ចការសំខាន់។ បើចាំដល់ដំណាក់កាលទី៣ ទី៤ គឺពិបាក(ក្នុងការព្យាបាលអោយមានប្រសិទ្ធភាព)។
ពេលនោះ រាជរដ្ឋាភិបាលបានសុំគោលការណ៍ទៅសម្ដេចតេជោ។ លោកក៏ឯកភាព (និងឱ្យ)ពិភាក្សាជាមួយឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង កាលនោះជារដ្ឋមន្រ្តីក្រសួងសុខភិបាល។ លោកឯកភាពថា ឥឡូវយើងមានព្យាបាល(ជំងឺមហារីក)ខ្លះនៅកាល់ម៉ែត្រ និងនៅពេទ្យរស្ស៊ី ប៉ុន្តែយើងមិនទាន់មានពេទ្យឯកទេសមួយដាច់ដោយឡែកទេ។ អញ្ចឹងក៏សម្រេចថា រៀបចំពេទ្យ ហ្លួងម៉ែ នេះ(សំរាប់ការព្យាបាលជំងឺមហារីក)។ យើងត្រូវការធ្វើទំនើបកម្មច្រើន ដោយសារពេទ្យនេះ គ្រាដែលធ្វើដំបូងឡើយគឺសម្រាប់ព្យាបាលស្រ្តី។ កូវីដ-១៩ អត់ត្រូវការ(ធ្វើទំនើបកម្ម)ច្រើន (តែ)បើធ្វើជាពេទ្យមហារីក ត្រូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធច្រើន។ ឧទាហរណ៍ bunkers សម្រាប់ព្យាបាលហ្នឹង កាំរស្មីអីហ្នឹង។ ត្រូវយើងធ្វើ(ទំនើបកម្ម)ច្រើន។ យើងមិនថយទេ យើងកំពុងរៀបចំ។ សង្ឃឹមថានឹងសំរេចតាមផែនការ។ ឥឡូវដូចបើក consultation មួយជំហានហើយ។ ធ្វើការពិគ្រោះ ប៉ុន្តែដល់ព្យាបាលធំនោះ គឺទៅពេលខាងមុខ។ ឥឡូវកំពុងធ្វើ bunkers បន្ថែម។
(៣) ប្រជាពលរដ្ឋតាមតំបន់ ភូមិភាគ អាចទៅរកការពិនិត្យនិងព្យាបាលជំងឺមហារីក នៅមន្ទីរពេទ្យតំបន់
ពីដើមអាណត្តិនេះ ខ្ញុំបានស៊ីញ៉េទម្លាក់ថវិកាដូចជាជាង ១០លានដុល្លារ ដើម្បីឱ្យ update (និង)គ្រូពេទ្យយើង ព្រោះបញ្ហាប្រឈមយើងមួយគឺកង្វះគ្រូពេទ្យជំនាញ។ យើងអាចធ្វើអគារ យើងអាចបំពាក់សម្ភារៈក្នុងរយៈពេលពីរឆ្នាំ យើងធ្វើហើយ ប៉ុន្តែបណ្ដុះបណ្ដាលពេទ្យជំនាញត្រូវការពេលយូរ។ ប៉ុន្តែវាដូចពងមាន់ និងមេមាន់អញ្ចឹង។ បើអត់កន្លែង មិនមានពេទ្យ មិនមានអី … យើងពិបាកក្នុងការបណ្ដុះបណ្ដាលបន្ថែម។ អញ្ចឹងការគិតគូរនេះ យើងគិតគូរទាំងអស់ ទាំងការរៀបចំធនធានមនុស្ស និងទៅមុខទៀត សង្ឃឹមថាយើងនឹងអាចដាក់ទិសដៅបន្ថែមទៀត ពង្រឹងសមត្ថភាព(គ្រូពេទ្យ)បន្ថែម។
ឥឡូវអាចថា ធ្វើវិមជ្ឈការ ឬមួយជួយចែករំលែក។ ពេទ្យ ហ្លួងម៉ែ ធ្វើហើយ អាចជួយចែករំលែកខ្លះពីពេទ្យផ្សេងៗ ប៉ុន្តែទិសដៅទៅមុខ ខ្ញុំគិតថា យ៉ាងហោចណាស់យើងត្រូវមានសមត្ថភាពនៅថ្នាក់តំបន់ ដើម្បីព្យាបាលជំងឺមហារីក ដើម្បីប្រជាពលរដ្ឋនៅតាមតំបន់ ភូមិភាគមួយចំនួន ឧទាហរណ៍នៅព្រះវិហារ កំពង់ធំ មិនចាំបាច់មកដល់ភ្នំពេញទេ អាចត្រូវ(ទៅ)ត្រឹមសៀមរាបដែលជាមូលដ្ឋានតំបន់។ យើងធ្វើពេទ្យតំបន់២ មួយនៅសៀមរាប មួយនៅកំពង់ចាម ប៉ុន្ដែមិនទាន់មានទិសដៅ upgrade ទៅដល់(សមត្ថភាពព្យាបាលជំងឺ) cancer ទេ (គឺត្រឹម) តែជំងឺមួយចំនួន។ ទៅ(ថ្ងៃ)មុខ ទិសដៅរបស់យើងនឹងធ្វើ … ដើម្បីពង្រីកសេវានេះទៅដល់មូលដ្ឋាន។
(៤) ដែលកាន់តែសំខាន់ជាងការព្យាបាលគឺបង្ការ
អ្វីដែលសំខាន់មិនមែនជារឿងព្យាបាលទេ គឺរឿងបង្ការ។ យើងចង់ឲ្យប្រជាពលរដ្ឋ ២ម៉ឺននាក់ (ដែល)កើត(មានជំងឺនេះ) ដែលយើងបាន detect ឃើញ និងមិនដឹងថាមានប៉ុន្មានទៀត ឱ្យថ្ងៃក្រោយធ្លាក់មកត្រឹម ២ពាន់ ឬ ២រយ ឬសូន្យ បើអាចបាន។ ប៉ុន្ដែវាពិបាកទៅសូន្យ ព្រោះវាអាចមកពីកត្ដាខ្លួនមនុស្សហ្នឹងឯង។ (បើគិតតាម)genetics បើឪពុកម្ដាយធ្លាប់មាន cancer វាពិបាកសំរាប់កូនៗ។ អញ្ចឹង ហានិភ័យគឺខ្លួន(អាចមាន) cancer។ ទោះជាយ៉ាងណា យើងខិតខំបង្ការ។ ក្នុងរបាយការណ៍ ឯកឧត្តម ឈាង រ៉ា បានលើកមូលហេតុមួយចំនួនដែល (អាចបង្កជាជំងឺមហារីក) ទី១. អាហាររូបត្ថម្ភ។ ចំណីអាហារ បន្លែសាច់អីផ្សេងៗ ការប្រើលើសឬខ្វះ។ ទី២ អស់សុពលភាព ខូចគុណភាព ឬគីមីច្រើន។ ទី៣ ពាក់ព័ន្ធរឿងកីឡា … ហូបត្រឹមត្រូវក៏ដោយ ប៉ុន្ដែប្រសិនបើអត់កីឡាស្រួល គឺបញ្ហា។ ជួនកាលធ្វើការមិនបានឆែក(សុខភាព) សូម្បីពេទ្យខ្លួនឯងក៏មានបញ្ហា។ ថ្ងៃមុនខ្ញុំបានជួបមនុស្សម្នាក់។ ខ្ញុំមិនបញ្ចេញឈ្មោះទេ។ ថ្នាក់ដឹកនាំជាន់ខ្ពស់មួយរបស់ក្រសួងសុខាភិបាល។ គាត់ប្រឹងអង្គុយធ្វើការរហូត។ ទីបំផុតពិនិត្យទៅមាន មហារីកពោះវៀន។ អញ្ចឹងទាមទារប្រយ័ត្នប្រយែង ពិនិត្យសុខភាពឲ្យបានទាន់ពេលតាមលទ្ធភាពដែលអាចធ្វើទៅបាន។
(៥) ស្ថាប័នពាក់ព័ន្ធតឹងរ៉ឹងពីសុវត្ថិភាពស្បៀង អប់រំពីវិធីបង្កា/ជៀសវាង និងចាក់វ៉ាក់សាំងបង្ការ
ដែលសំខាន់បំផុតគឺការចូលរួមក្នុងការបង្ការ។ ទី១ ក្រសួងស្ថាប័នពាក់ព័ន្ធ ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ និង អាជ្ញាធរពាក់ព័ន្ធពិនិត្យឲ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់ ការប្រើប្រាស់ជាតិគីមីផ្សេងៗឲ្យបានម៉ត់ចត់ ទៅលើកិច្ចការនេះ ដើម្បីកាត់បន្ថយនូវហានិភ័យ នៃ (ការកើត)ជំងឺមហារីកដោយសារអាហារូបត្ថម្ភ។
ទី២ ក្រសួងសុខាភិបាល មន្ទីរសុខាភិបាល សូមជួយផ្សព្វផ្សាយអប់រំ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា តាមសាលាដើម្បីអោយយល់អំពីវិធីបង្ការឬវិធីជៀសវាង នៅក្នុងការបរិភោគឬមួយការធ្វើសកម្មភាពណាមួយដែលអាចបង្កើនហានិភ័យខ្ពស់នៅក្នុងការកើតជំងឺមហារីក។ ព្រោះសំខាន់គឺការអប់រំ ការផ្សព្វផ្សាយ។ ខ្ញុំមិនជឿថាមានអ្នកណាម្នាក់ចង់កើត Cancer ប៉ុន្តែពេលខ្លះគឺព័ត៌មានអត់គ្រប់ អញ្ចឹងការគ្រប់គ្រងនេះគឺត្រូវបន្ថែម។
ទី៣ បង្កើនការចាក់ថ្នាំបង្ការ ចាក់វ៉ាក់សាំងបង្ការ។ អម្បាញ់មិញមានការលើកឡើងថា នៅប្រទេសជឿនមួយចំនួន ជំងឺមហារីកមាត់ស្បូនក៏មាន ប៉ុន្តែហានិភ័យនៃការស្លាប់ថយចុះ ដោយសារចាក់វ៉ាក់សាំងបង្ការពីមុន។ យើងនឹងខិតខំពង្រីកការប្រឹងប្រែងលើកិច្ចការនេះ។ ដើរចូលមក ឯកឧត្តម ឈាង រ៉ា បានសុំយោបល់។ ខ្ញុំថាហ្នឹងជាការងារ។ ធ្វើទៅ។ កន្លងទៅ រឿងលើសឈាម ទឹកនោមផ្អែម យើងបង្កើនកញ្ចប់មួយចំនួនសម្រាប់អ្នកដែលកើតហើយ ប៉ុន្តែការបង្ការត្រូវធ្វើ។
ខ្ញុំគាំទ្រដល់ក្រសួងសុខាភិបាល ដែលបើកយុទ្ធនាការបន្ថែមដើម្បីគិតគូរក្នុងលទ្ធភាពរបស់យើងអប់រំ ចាក់ថ្នាំបង្ការ ជាពិសេសដល់ស្ត្រីនិងកុមារជាស្ត្រី រឿងមហារីកសុដន់ និងមហារីកស្បូន។ ខ្ញុំសូមគាំទ្រទៅលើការងារនេះរបស់ក្រសួងសុខាភិបាល បើអាចជួយតាមរូបភាពដែលអាច(ធ្វើ)បាន ជាពិសេសតាមមូលដ្ឋាន តាមមណ្ឌលសុខភាពរបស់យើង ដែលប្រជាពលរដ្ឋនៅឆ្ងាយអត់មានលទ្ធភាព អត់មានសមត្ថភាពព្យាបាល ដូចទីប្រជុំជនឬ(ដូចអ្នកដែលមាន)ជីវភាពទេ។ យើងខំរុញការងារនេះ។
(៦) ការបង្ការមានប្រសិទ្ធភាព ក៏អាស្រ័យនឹងការចូលរួមរបស់ប្រជាពលរដ្ឋ
ចំណុចមួយទៀតដែលជាកត្តាសំខាន់ធ្វើឱ្យការបង្ការមានប្រសិទ្ធភាពគឺប្រជាពលរដ្ឋ។ បើសិនជារដ្ឋចេញតែគោលការណ៍ ចេញតែថ្នាំ ចេញតែអីៗ …ប្រជាពលរដ្ឋអត់ចូលរួម ប្រពលរដ្ឋអត់បានយកចិត្តទុកដាក់ ក៏លំបាក។ (និយាយពី)ការហូបចុក ការប្រើប្រាស់មួយចំនួននិងកីឡា តែបើប្រជាពលរដ្ឋអត់ទៅហាត់កីឡា(ដើម្បី)កាត់បន្ថយទេ ក៏វាលំបាក។ យើងអត់មានម៉ាស៊ីនថ្នាំណាមួយដាក់ទៅស្រកពី ១០០គីឡូមកត្រឹម ៥០គីឡូទេ។ បើមានខ្ញុំក៏សុំដែរ។ រត់កីឡាម្ដងៗមួយម៉ោង មិនធម្មតា តែកីឡាមិនមែនត្រឹមតែស្រកគីឡូទេ គឺជួយនៅក្នុងដំណើរការបេះដូង សួត អីផ្សេងៗ ក៏វាដើរ។ បង្កើននូវ immune system សម្រាប់វាយជាមួយមេរោគដែលចូលមក រួមទាំងមេរោគខ្លះដែលអាចបង្កទៅជាបញ្ហា។ (ដូចជាតាមរយៈ)ការជក់បារី ការប្រើប្រាស់ Vipe។
ថ្ងៃមុន ឯកឧត្តម នេត សាវឿន បានដាក់គោលការណ៍គ្រប់គ្រងក្មេងៗ តាមព័ត៌មាន សិស្សសាលាអីហ្នឹង ដែលមានប្រើច្រើន។ ធ្វើម៉េចគ្រប់គ្រងការប្រើប្រាស់ Vipe នេះឱ្យជាប់។ ពិតណាស់ Vipe នេះគឺវាអត់គ្រោះថ្នាក់ជាងបារី ព្រោះបារីវាបឺតផ្សែងចូលទៅវាកើត … ប៉ុន្តែថ្ងៃមុនឃើញរបាយការណ៍ក្នុងប្រព័ន្ធទូរទស្សន៍មួយ … ក្នុង Vipe ផ្សែងហ្នឹងក៏វាមានជាតិ Nicotine ជាតិអីមួយចំនួន ដែលវាប៉ះពាល់។ សូមស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ពិនិត្យមើល ជាពិសេសក្មេងៗ សិស្សសាលាជក់ Vipe ជក់អីច្រើន។ មិនចាំបាច់ហ៊ឺហាជក់ Vipe ទេ ហ៊ឺហាប្រឡងយកលេខមួយដូចក្មួយៗនៅព្រៃវែងនៅស្អីនោះ យកនិទ្ទេស A ឬមួយប្រឡងជាប់បាក់ឌុប្លិ៍ មិនបាច់ទិន្ទេស Aក៏បានឱ្យតែ E ឱ្យតែម៉ែសប្បាយចិត្ត ឱ្យតែយើងប្រឡងជាប់។ ល្បីខាងហ្នឹងវិញ។
(៧) កម្ពុជាមានជម្រើសរាប់ពាន់មុខសំរាប់ការវិនិយោគ, គ្មានការវិនិយោគផលិតបារីអគ្គិសនី ក៏កម្ពុជាមិនក្រ
ខ្ញុំបានទៅប្រទេសមួយនោះ … ក្រុមហ៊ុនវិស័យឯកជនគាត់ រហូតទៅដល់រដ្ឋមន្ត្រីរបស់គាត់មកសួរលោកជំទាវ ចម និមល ពីគោលការណ៍ដើម្បីមកផលិតបារីអគ្គិសនីនៅកម្ពុជា។ ខ្ញុំថាមិនបាច់ទេ ទោះបីផលិតនាំចេញក៏មិនបាច់ដែរ។ អត់ចាំបាច់ទេ។ យើងមានជម្រើសរាប់ពាន់មុខដែលគេមកវិនិយោគ។ អញ្ចឹង គ្មានការវិនិយោគផលិតបារីអគ្គិសនីនៅកម្ពុជា ក៏កម្ពុជាមិនក្រដែរ។ យើងរើសអីដែលគួរឱ្យមក។ មុខទំនិញគគោក ផលិតអីផ្សេង ដូចជាអគ្គិសនី។ ខ្ញុំស្វាគមន៍ ឬមួយផលិតសម្ភារៈណាមួយ។ ខ្ញុំបានឱ្យគោលការណ៍ទៅលោកជំទាវ ចម និមល ដឹងរួចហើយ។ គាត់ក៏បានជូនដំណឹងទៅគេវិញ។ មុនដំបូងថាអត់ច្បាស់។ យើងថា យើងចាំពិចារណា។ ខ្ញុំប្រាប់ថាមិនបាច់ចាំពិចារណាទេ ប្រាប់តែម្តងទៅ “កម្ពុជាយើងអត់ធ្វើឱ្យបានទេ”។ ឱ្យគាត់ទៅរកប្រទេសផ្សេងចុះ។ មិនបាច់ពាំត្រណោតថានៅបានឬមិនបានអីទេ។ អ្នកឯងមកវិនិយោគអីផ្សេងបាន តែអាហ្នឹងមួយសូមរកកន្លែងផ្សេងទៅ។ ផលិតបារីអគ្គិសនីអាហ្នឹងគេហៅ Electric cigarette ។
(៨) សុខភាពល្អជួយកាត់បន្ថយចំណាយសុខភាព និងធ្វើអោយធនធាន/កម្លាំងផលិតកម្មមានសុវត្ថិភាព
ចំពោះការហាត់កីឡាក៏សូមឱ្យការលើកទឹកចិត្ត។ ខ្ញុំឃើញប្រជាពលរដ្ឋយើងហាត់កីឡាច្រើន យល់ដឹងពីសុខភាពច្រើន។ ហ្នឹងគឺលើកទឹកចិត្តបន្តការងារនេះ។ កីឡាមិនមែនតែរឿងមហារីកទេ។ វាជួយរឿងច្រើនណាស់ ហើយបញ្ហាសុខភាពគឺជាបន្ទុកធ្ងន់ណាស់របស់រាជរដ្ឋាភិបាលទូទាំងពិភពលោក។ នៅអាមេរិកម្តងនោះ សភាអាមេរិកចង់ឲ្យ ក្រេឌីតអ្នកដែលចុះឈ្មោះហាត់កីឡា។ បើហាត់កីឡាមួយខែបានប៉ុន្មានម៉ោង រដ្ឋឲ្យលុយប៉ុន្មានទៅវិញ។ គេ calculate អញ្ចេះ។ គេ calculate ថា បើសិនប្រជាជនហាត់កីឡាច្រើន ឈឺតិច អញ្ចឹងបើឈឺតិច រដ្ឋសុខចិត្តយកលុយទៅឲ្យប្រជាពលរដ្ឋហាត់កីឡា។ បើសិនជាគាត់ឈឺទៅ រដ្ឋចាយលុយច្រើន អស់ insurance អស់អី អស់ច្រើនណាស់ ចំណាយច្រើនណាស់ទៅលើសុខាភិបាល។ តែបើប្រជាជនសុខភាពល្អ ទី១ ចំណាយសុខភាពហ្នឹងវាមិនសូវច្រើន ទី២ ប្រជាជនគាត់ជាធនធានសំខាន់។ បើគាត់ឈឺ គាត់ផលិតអត់បានទេ ផលិតភាពគាត់ដេកឈឺ។ តែបើគាត់អត់ឈឺ សុខភាពគាត់ល្អ គាត់ជាកម្លាំងពលកម្មផលិតឲ្យ។ សម្រាប់កម្ពុជាក៏ដូចគ្នា។ ខ្ញុំជឿថាប្រជាពលរដ្ឋរបស់យើងវិនិយោគរៀនសូត្រ វិនិយោគខំប្រឹងធ្វើការ តែទីបំផុតភ្លេចវិនិយោគលើខ្លួនឯង។ វិនិយោគផលិតផល ផលិតស្នាដៃ តែភ្លេចវិនិយោគនៅក្នុងការបង្ការសុខភាពខ្លួនឯង ច្រើនរួមទាំងខ្ញុំម្តងម្កាលផង។ មិនមែនម្តងម្កាលទេ ច្រើនកាលដែរ។ ប្រពន្ធចេះតែសួរ បើបងឯងម្ង៉ៃៗ ២ ៣ ម៉ោងចឹង ទៅម៉េចរួច។ ចេះតែទៅសិនហើយ តែពេលខ្លះគឺជាកិច្ចការ បានកីឡាយោង។ ឥឡូវតាំងពីឡើងមក គេមិនសូវហៅទៅកម្មវិធី សុខភាពក៏តាមហ្នឹង។
(៩) ប្រជាពលរដ្ឋចេញធ្វើលំហាត់ប្រាណត្បិតស្រុក/ក្រុងមានសុវត្ថិភាព មានការរៀបចំបរិស្ថានល្អ និងការរស់នៅបែបស៊ីវិល័យ
ខ្ញុំសូមអរគុណ ដែលឃើញតាមបណ្តារាជធានីខេត្តជាច្រើន រៀបចំកន្លែងសួនកីឡាឲ្យប្រជាពលរដ្ឋទៅ(ហាត់ប្រាណ)ពេញៗ។ យើងរៀបចំសួនសាធារណៈនៅគ្រប់ខេត្ត បង្កលក្ខណៈជូនគាត់រត់។ ឥឡូវ ទី១ រឿងសុវត្ថិភាព។ ទៅម៉ោង៤អី អត់ព្រួយរឿងចោរប្លន់ម៉ូតូអីទេ។ អញ្ចឹង គាត់ទៅ។ ទី២ បរិស្ថាន។ ឥឡូវកន្លែងរៀបចំសួន សុទ្ធតែបេតុង សុទ្ធតែការ៉ូឡាអី ស្អាត។ កន្លែងខ្លះរៀបចំមានស្មៅមានអី សុខភាព គាត់ទៅទៀត។ ទី៣ ការរស់នៅ របៀបស៊ីវិល័យរបស់ប្រជាពលរដ្ឋយើង។ ខ្ញុំថាសុទ្ធតែស៊ីវិល័យ និងទំនើបកម្ម។ កាលពីនៅក្មេង ហ៊ានអ្នកណាចាក់ម៉ាញ៉េរាំមើល គេអង្គុយមើលសើចឥឡូវហើយ។ ឥឡូវអត់ដូចនោះទេ។ រាំធម្មតា។ ជាកីឡា។ ចាក់ម៉ាញ៉េមួយរាំគ្រប់គ្នា។ យើងត្រូវធ្វើអោយមានការប្រែប្រួល ហើយសូមឲ្យបន្ត ដោយរដ្ឋបាលរាជធានីខេត្ត រៀបចំកន្លែងកីឡា រៀបចំសួនសាធារណៈ បូកជាមួយការថែរក្សាស្ថេរភាពសន្តិសុខរបស់បងប្អូន។
(១០) រួមគ្នាឆ្លុះបញ្ចាំងការវិវត្តនៃសង្គម សេដ្ឋកិច្ច ជីវភាពរស់នៅនិងទំនើបកម្មសង្គម ដើម្បីការអភិវឌ្ឍចីរភាព
នៅក្នុងវិស័យឯកជនក៏ដូចគ្នា។ ក្នុងបុរីឥឡូវ គាត់មិនមែនត្រឹមធ្វើតែផ្ទះទេ។ បុរីខ្លះគាត់រៀបចំទុកដីច្រើន សម្រាប់ធ្វើ green space ធ្វើសួន ធ្វើកន្លែងកីឡា។ នេះគឺជាការចូលរួម ហើយប្រជាពលរដ្ឋដែលមានលទ្ធភាព ឥឡូវគាត់សុខចិត្តបង់ថ្លៃទិញផ្ទះខ្ពស់បន្តិច ប៉ុន្តែនៅកន្លែងហ្នឹងមានសុវត្ថិភាព កន្លែងហ្នឹងមានផាសុខភាព កន្លែងហ្នឹងមានទីលំហែរអីនៅខាងក្នុង។ ខ្ញុំឃើញថារូបមន្តបែបនេះឆ្លើយតប(នឹងស្ថានភាពជាក់ស្តែង) ជាកញ្ចក់ឆ្លុះបញ្ចាំងការវិវត្តនៃសង្គមរបស់យើង ការវិវត្តនៃសេដ្ឋកិច្ច ការវិវត្តនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការវិវត្តនៃទំនើបកម្មសង្គមរបស់យើង ដែលយើងរួមគ្នាធ្វើ។ នេះគឺជាការអភិវឌ្ឍដោយចីរភាព។ ការអភិវឌ្ឍដោយចីរភាព មិនមែនថាធ្វើហើយ បានតែមួយភ្លែត តែយូរទៅវាខូចតម្លៃនោះទេ។ របស់ខ្លះ ហូបឆ្ងាញ់តែមួយភ្លែត។ យូរទៅបង្កើតជា cancer។ ហ្នឹងមិនមែនរបស់ល្អទេ។ ហ្នឹងនិយាយពីចំណីអាហារ។ របស់ដែលជក់ទៅ គេថាហ៊ឺហាមួយភ្លែត តែវាធ្វើឲ្យមានបញ្ហាសង្គម។ អញ្ចឹងការធ្វើឱ្យរីកចម្រើនដោយចីរភាពជាកិច្ចការសំខាន់។
(១១) ប្រជាជននិងរដ្ឋាភិបាលរួមគ្នាការពារសុខភាព ព្រោះសុខភាពជាតិពឹងផ្អែកលើប្រជាជន
អាហារូបត្ថម្ភយើងមិនអាចហាមទេ។ ឯកឧត្តម ថ្នាក់ដឹកនាំមួយចំនួន ពូៗមួយចំនួនថា “ជំនាន់អាពតៗ ហាមមិនឲ្យយើងហូប និងមិនឲ្យអីហូប។ ឥឡូវមានហូបហើយ ពេទ្យហាមទៀត។ តែត្រូវដឹងថាការកំណត់ការហូបចុកឬតមនេះឬនោះ គឺដើម្បីយើងថែរក្សាសុខភាព។ តែមានបញ្ហាសុខភាពហើយ លែងទៅជាទ្រព្យហើយ ទៅជាបន្ទុករបស់គ្រួសារ។ មានម្នាក់ កាលពីមុនស្លាប់ រូបគាត់មានសាច់ដុំធំៗ គាត់ជាបង្គោលគ្រួសារ។ មុនស្លាប់ គាត់កើតជំងឺលើសឈាម ទឹកនោមផ្អែមឡើងស្គមតូច។ លុយដែលគាត់រកប៉ុន្មានមក ពេលគាត់ធ្លាក់ខ្លួនឈឺ គ្រួសារយកទៅចាយអស់រលីងលើថ្នាំអីហ្នឹង។ អញ្ចឹងជាបន្ទុក។ អញ្ចឹងរួមគ្នាទាំងការបង្ការ ការអប់រំ និងការព្យាបាលឲ្យទាន់ពេលវេលា ជាពិសេស ការចូលរួមរបស់ប្រជាពលរដ្ឋគឺធំណាស់។ កុំចាំដល់ឈឺ ទើបរត់ទៅរកឪពុកម្តាយ។ បង្ការកុំឲ្យឈឺតែម្តង។ នេះគឺជាអ្វីដែលយើងអាចរួមគ្នាធ្វើបាន ជាមួយរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់។ នេះជាសារមួយសំខាន់ ព្រោះសុខភាពរបស់ជាតិពឹងផ្អែកលើប្រជាជន ហើយសុខភាពរបស់ប្រជាជន គឺយើងត្រូវរួមគ្នាការពារ ទាំងប្រជាជន ទាំងរដ្ឋាភិបាល ត្រូវប្រយ័ត្ន គ្រប់ថ្នាក់ទាំងអស់ តាមដែលអាចធ្វើបាន។
[ចប់ផ្តើមសេចក្តីអធិប្បាយ]
ដើម្បីឱ្យការអនុវត្តផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០ ទទួលបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាព, ខ្ញុំសូមធ្វើការកត់សម្គាល់ និង ផ្តល់នូវអនុសាសន៍ ដូចខាងក្រោម៖
ទី១. ដើម្បីធានាភាពជោគជ័យ, ក្រសួងសុខាភិបាល ត្រូវជំរុញអនុវត្តផែនការជាតិ ដ៏មានសារៈសំខាន់នេះឱ្យបានជាប់ជាប្រចាំ តាមរយៈយន្តការពហុវិស័យ ដើម្បីគ្រប់គ្រង សម្របសម្រួល និង អនុវត្ត ប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់សេវាសុខាភិបាល និង រួមចំណែក ម្ខាង ដល់ការសម្រេចឱ្យបាននូវការគ្របដណ្ដប់សុខភាពជាសកល និង ម្ខាងទៀត ដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព ។
[ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ ក្នុងនោះ កម្មវិធីគោល-នយោបាយអាទិភាពទី១ គឺ ការពង្រីកសេវាសុខាភិបាល ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ខណៈដែលផែនទីបង្ហាញផ្លូវទៅកាន់ការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០៣៥ ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តកាលពីខែឧសភា ឆ្នាំ២០២៤ បានកំណត់គោលដៅច្បាស់លាស់ចំនួន ៣៖ ទី១. ពង្រីកវិសាលភាពគ្របដណ្តប់ពលរដ្ឋដោយប្រព័ន្ធគាំពារសុខភាពសង្គមឱ្យបាន ៨០% នៃចំនួនពលរដ្ឋសរុប ទី២. សន្ទស្សន៍គ្របដណ្តប់សេវាសុខាភិបាលសារវន្ត យ៉ាងហោចណាស់ ៨០% និង ទី៣. កាត់បន្ថយកម្រិតចំណាយពីហោប៉ៅផ្ទាល់លើការថែទាំសុខភាពឱ្យនៅត្រឹម ៣៥% នៃចំណាយសរុបលើការថែទាំសុខភាព។]
ទី២. ក្រសួងសុខាភិបាល ត្រូវបន្តជំរុញអនុវត្តប្រព័ន្ធគ្រប់គ្រងទិន្នន័យជំងឺមហារីក ឱ្យបានជាក់លាក់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ និង ការអនុវត្តគោលនយោបាយ ត្រូវរៀបចំឱ្យមានគោលការណ៍ណែនាំបច្ចេកទេស អនុលោមតាមឧត្តមានុវត្តអន្តរជាតិ ព្រមទាំងពង្រឹងសមត្ថភាពមន្រ្តីសុខាភិបាលគ្រប់កម្រិត, ទាំងរដ្ឋ និង ឯកជន, ក្នុងការគ្រប់គ្រង ការផ្តល់សេវាបង្ការ, ការធ្វើរោគវិនិច្ឆ័យ, ការថែទាំ, ការព្យាបាលជំងឺមហារីក ប្រកបដោយគុណភាព និង សុវត្ថិភាព។
ទី៣. ក្រសួងសុខាភិបាល ត្រូវបន្តជំរុញការបណ្តុះបណ្តាលជំនាញឯកទេសគ្រប់កម្រិតទាំងជំនាញវេជ្ជសាស្រ្ត និង ជំនាញវិជ្ជាជីវៈអមសុខភាព (Allied Health Professional) ដើម្បីឱ្យធនធានមនុស្សផ្នែកសុខាភិបាលមានសមត្ថភាពពេញលេញ ក្នុងការផ្តល់សេវាថែទាំព្យាបាលជំងឺមហារីក មានលក្ខណៈគ្រប់ជ្រុងជ្រោយ។
ទី៤. ក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ត្រូវចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការ- ទប់ស្កាត់ និង បង្ការ ដើម្បីឈានទៅកាត់បន្ថយកត្តាហានិភ័យទាំងឡាយ ដែលបង្កឱ្យមានជំងឺមហារីក។
ទី៥. ជាមួយនឹងវឌ្ឍភាពជាច្រើនក្នុងវិស័យសុខាភិបាល, សមត្ថភាពនៃការធ្វើរោគ-វិនិច្ឆ័យ, ការព្យាបាល និង ការគ្របដណ្តប់សេវាជំងឺមហារីកនៅប្រទេសកម្ពុជា នៅមានកម្រិត។ ក្នុងន័យនេះ ដើម្បីអភិវឌ្ឍសេវាបង្ការ និងព្យាបាលជំងឺមហារីក ឱ្យកាន់តែទូលំទូលាយថែមទៀត, ខ្ញុំសូមអំពាវនាដល់ ដៃគូអភិវឌ្ឍ និង ភាគីពាក់ព័ន្ធទាំងអស់ កៀរគរធនធាន, បច្ចេកទេស និង ហិរញ្ញវត្ថុ, សម្រាប់គាំទ្រដល់ការបង្ការ និង ព្យាបាលជំងឺមហារីក ឱ្យកាន់តែទូលំទូលាយ ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋរបស់យើង។
ទី៦. ខ្ញុំសូមក្រើនរំលឹកសាជាថ្មីដល់ អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវលើកកម្ពស់ប្រសិទ្ធភាពនៃការបម្រើសេវាថែទាំសុខភាពជូនគ្រួសារក្រីក្រ, គ្រួសារងាយរង- ហានិភ័យ និងក្រុមគោលដៅផ្សេងៗទៀត ក្រោមកម្មវិធីមូលនិធិសមធម៌ និង របបបេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរយៈការពង្រីកសេវាថែទាំសុខភាព ឱ្យស្របតាមនិន្នាការប្រែប្រួលនៃបន្ទុកជំងឺ, បញ្ហាសុខភាពជាអាទិភាព និងតម្រូវការរបស់ប្រជាពលរដ្ឋ។
ទី៧. ខ្ញុំសូមលើកទឹកចិត្តដល់ បងប្អូនប្រជាពលរដ្ឋ, សូមយកចិត្តទុកដាក់បង្ការ និង ទប់ស្កាត់ជំងឺមហារីកនេះ, តាមរយៈ ការស្វែងយល់កត្តាហានិភ័យ និងធ្វើការផ្លាស់ប្តូរឥរិយាបថដែលប្រឈមនឹងការកើតជំងឺមហារីក។ ក្នុងករណីមានបញ្ហាសុខភាព ត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតលំនៅដ្ឋាន ដើម្បីទទួលការពិនិត្យ និង ព្យាបាលបានទាន់ពេល។
មុននឹងបញ្ចប់, ជាថ្មីម្តងទៀត ខ្ញុំសូមសម្តែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល, មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន បម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ និង សូមវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិ, ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធនានា ដែលបាន និង កំពុងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យសុខាភិបាល ដើម្បីសុខភាព និង សុខុមាលភាពរបស់ប្រជាជនគ្រប់រូប។
ខ្ញុំសូមយកឱកាសនេះ អំពាវនាវ «រួមគ្នាអនុវត្តផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ដើម្បីកាត់បន្ថយការឈឺ និងការស្លាប់ដោយជំងឺមហារីកនៅប្រទេសកម្ពុជា; យើងទាំងអស់គ្នានឹងប្រយុទ្ធដោយភាពក្លាហាន, ចិត្តមេត្តា និង ការប្តេជ្ញាចិត្តខ្ពស់បំផុត» ។
ជាទីបពា្ចប់, ជាមួយនឹងការប្រកាសបើកដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ ២០២៥-២០៣០» នេះ, ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ, លោក លោកស្រី, សមាជិក សមាជិកានៃអង្គពិធី, សូមសម្រេចបានជោគជ័យក្នុងគ្រប់ ភារកិច្ច ក្រោមម្លប់សុខសន្តិភាព និង ប្រកបដោយពុទ្ធពរ និង ពរ ទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាត៕