ឯកឧត្តម លោកជំទាវ, សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល
ឯកឧត្តម លោកជំទាវ, មន្រ្តីនាំពាក្យក្រសួង-ស្ថាប័ន ភ្ញៀវកិត្តិយស បងប្អូនអ្នកសារព័ត៌មាន ជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំមានក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីជួបជុំមហាគ្រួសារអ្នកសារព័ត៌មានកម្ពុជា លើកទី៧ ឆ្នាំ ២០២៥ ដែលត្រូវបានរៀបចំឡើង ស្របពេលដែលកម្ពុជាកំពុងចូលរួមជាមួយពិភពលោក ប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី ៣២ ក្រោមប្រធានបទស្តីពី «ការរាយការណ៍ក្នុងពិភពលោកថ្មីដ៏ក្លាហាន ផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិតលើសេរីភាពសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ» ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ ១]
(១) ជួបជុំមហាគ្រួសារអ្នកសារព័ត៌មានកម្ពុជា ស្របគ្នាជាមួយទិវាសិទ្ធិសេរីភាពសារព័ត៌មានពិភពលោក
នេះជាលើកទី២ ដែលខ្ញុំបានចូលរួម(ជួបជុំមហាគ្រួសារអ្នកសារព័ត៌មានកម្ពុជា) ក្រោយពីជួបគ្នាឆ្នាំទៅ។ គិតថាមួយឆ្នាំៗ លឿនដែរ។ បងប្អូនខ្លះប្រៀបធៀបគ្នា បងប្អូនខ្លះថាអត់ចាស់សោះ ចាស់តែខ្ញុំ។ អម្បាញ់មិញ ទើបដឹងថានៅ OCIC នេះ ១០០ម៉ែត្រជាង។ ឆ្ងាយនោះឆ្ងាយ។ ១០០ម៉ែត្រជាង វាស់មួយម៉ោង។ អរគុណណាស់ចំពោះការស្រលាញ់រាប់អាន បាន២ ឬ ៣ខ្សឺតដែរ។ បងប្អូនអ្នកសារព័ត៌មាន ប្រហែលជាតាមដាន ក្តាប់ព័ត៌មានជាប់។ គាត់អត់ខ្ចីសុំមួយម៉ាត់។ ថើបយកតែម្តង។ គាត់ដឹងថាបើសុំ ខ្ញុំពិបាកឆ្លើយ។ អញ្ចឹងគឺតាមដំណើរតែម្តង។ យើងរួមគ្នាអបអរសាទរជួបជុំមហាគ្រួសារអ្នកសារព័ត៌មានកម្ពុជា ស្របគ្នាជាមួយទិវានៃសិទ្ធិសេរីភាពសារព័ត៌មានពិភពលោក ដែលកម្ពុជាក៏ជាសមាជិកមួយ ប្រកាន់ខ្ជាប់នូវការគោរពប្រតិបត្តិអាជីពមួយនេះ ពិសេសការផ្តល់ការគោរព ការលើកទឹកចិត្ត ក៏ដូចជាសិទ្ធិជូនបងប្អូនអ្នកសារព័ត៌មាន ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិយើង។
(២) អ្នកសារព័ត៌មានដើរតួនាទីក្នុងការដាក់ចេញដំណោះស្រាយនិងក្តាប់បញ្ហា ជួយជាតិនិងប្រជាជនយើង
យើងមិនអាចធ្វើអ្វីតែម្នាក់ឯងបាននោះទេ។ ការដាក់ចេញនូវផែនការគោលនយោបាយ ទាមទារក្តាប់ជាប់នូវបញ្ហា។ ការដាក់ចេញនូវដំណោះស្រាយ គឺអាស្រ័យទៅលើការកំណត់មុខព្រួញនៃបញ្ហា។ មួយទៀត ការដាក់ចេញនូវគោលនយោបាយ ត្រូវទទួលព័ត៌មានត្រឡប់មកវិញជាបន្តបន្ទាប់ និងទាន់ពេល អ្វីដែលជាផលប៉ះពាល់ពីគោលនយោបាយរបស់យើងដើម្បីយើងក្តាប់បានថា តើយើងដាក់ត្រឹមត្រូវឬនៅ? ខ្វះជ្រុងណា យើងត្រូវធ្វើម៉េចទៀតដើម្បីបំពេញបន្ថែម។ ក្នុងន័យនេះ ខ្ញុំសូមអរគុណណាស់ចំពោះបងប្អូនអ្នកសារព័ត៌មានទាំងអស់ដែលបានដើរតួនាទីយ៉ាងសំខាន់ចូលរួមជាមួយរដ្ឋាភិបាល នៅក្នុងការដាក់ចេញដំណោះស្រាយទៅលើបញ្ហា និងក្តាប់ជាប់នូវបញ្ហាដើម្បីជួយប្រទេសជាតិ និងប្រជាជនយើង។
[ចប់សេចក្តីអធិប្បាយ ១]
ឆ្លៀតឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណចំពោះ បងប្អូនអ្នកសារព័ត៌មាន ដែលបានធ្វើដំណើរពីគ្រប់រាជធានី ខេត្តទាំង ២៥ មកចូលរួម ញ៉ាំងឱ្យពិធីកាន់តែមានភាពអធិកអធម ដូចពេលនេះ ហើយក៏សូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងព័ត៌មាន ដែលបានសម្របសម្រួលរៀបចំឱ្យមានពិធីជួបជុំនេះឡើង ជារៀងរាល់ឆ្នាំ ។ ជាមួយគ្នានេះ ខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះក្រសួងព័ត៌មាន ដែលបានខិតខំបំពេញតួនាទីជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យព័ត៌មាន និងសោតទស្សន៍ ឱ្យមានការរីកចម្រើនជាលំដាប់ ព្រមទាំងបានលើកទឹកចិត្តដល់អ្នកសារព័ត៌មាន ឱ្យបំពេញភារកិច្ច ប្រកបដោយសីលធម៌វិជ្ជាជីវៈ ក្នុងការយកព័ត៌មាន ការចែករំលែក និងការផ្សព្វផ្សាយព័ត៌មាន បានយ៉ាងទូលំទូលាយ និងទាន់ពេល ទាំងក្នុងក្របខ័ណ្ឌជាតិ និង អន្តរជាតិ ស្របតាមអភិក្រម «ថ្មី, ពិត, លឿន, ទូលំទូលាយ ទំនុកចិត្ត និង វិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន» ។
ទន្ទឹមនេះ ខ្ញុំក៏សូមអរគុណ និង វាយតម្លៃខ្ពស់ចំពោះអ្នកសារព័ត៌មាន ទាំងក្នុងក្របខ័ណ្ឌរដ្ឋ និង ឯកជន ដែលបានប្រកាន់ខ្ជាប់នូវ ក្រមសីលធម៌ និង វិជ្ជាជីវៈអ្នកសារព័ត៌មាន ក្នុងការផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងកម្មវិធីនយោបាយ គោលនយោបាយ ក៏ដូចជា លិខិតបទដ្ឋានគតិយុត្ត និង សមិទ្ធផលនានា របស់រាជរដ្ឋាភិបាល ទៅកាន់ប្រជាពលរដ្ឋ ឱ្យទទួលបាននូវព័ត៌មានពិត និង គ្រប់ជ្រុងជ្រោយ, ហើយនាំយកសំណូមពរ ក្តីកង្វល់ បញ្ហានានាក្នុងសង្គមក៏ដូចជាការយល់ឃើញនិងទស្សនៈរបស់ប្រជាពលរដ្ឋ មកជូនរាជរដ្ឋាភិបាលបានទាន់ពេល។
ការណ៍នេះ សបញ្ជាក់ឱ្យឃើញថា អ្នកសារព័ត៌មានអាជីព គឺជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងមានប្រសិទ្ធភាពក្នុងសង្គម ដែលជាមូលដ្ឋាននៃការកសាង «សច្ចភាពប្រវត្តិសាស្រ្ត» និង ជួយឱ្យប្រជាជនចៀសផុតពី ការបំភ័ន្ត ការបំភ្លៃ និងការបំផ្លើស ដោយជនអគតិ និងឈ្មួញនយោបាយ ព្រមទាំងជួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាបានទាន់សភាពការណ៍ និងចំគោលដៅ ។
ក្នុងសង្គមប្រជាធិបតេយ្យ, សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ គឺជាអំណាចទី ៤ បន្ទាប់ពីអំណាចនីតិប្បញ្ញតិ្ត, អំណាចនីតិប្រតិបត្តិ និង អំណាចតុលាការ ដោយសារ សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ មានឥទ្ធិពលលើនយោបាយ និយាយជារួម និង អំណាចទាំង ៣ និយាយដោយឡែក, តាមរយៈ ការពិភាក្សាវែកញែកអំពីសកម្មភាពរបស់មន្រ្តី សាធារណៈ និងស្ថាប័ននយោបាយ ក្នុងគោលបំណងលើកកម្ពស់ប្រយោជន៍សាធារណៈ និងតាមដាននូវការអនុវត្តរបស់អំណាចទាំង ៣ ដើម្បីឱ្យមាន ប្រតិតុល្យការ និង គណនេយ្យភាពចំពោះទង្វើរបស់អំណាចទាំងនេះ ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកសារព័ត៌មាន និង ប្រព័ន្ធផ្សព្វផ្សាយ គឺជាមែកធាងនៃប្រព័ន្ធគ្រប់គ្រងរដ្ឋ និង មាន តួនាទីសំខាន់ក្នុងការផ្សព្វផ្សាយនូវសកម្មភាព និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលជូន សាធារណជន ហើយនាំយកបញ្ហាសង្គម និង ទុក្ខធុរៈរបស់ប្រជាជន មកប្រាប់រាជរដ្ឋាភិបាលវិញ ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាលើកស្ទួយ ការគោរពសិទ្ធិសេរីភាពសារព័ត៌មាន ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាន ។
កន្លងមក រាជរដ្ឋាភិបាលបានដាក់ចេញនូវ «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យ ព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨» ក្នុងគោលបំណងជំរុញការកែទម្រង់វិស័យ ព័ត៌មាន និង សោតទស្សន៍ ដោយផ្តោតលើ ការកសាង និង ការអភិវឌ្ឍធនធានមនុស្ស ការរក្សាសណ្តាប់ធ្នាប់សារព័ត៌មាន និង ការបង្កើនគុណភាពមាតិកាខ្លឹមសារ និង ការផលិត ។ ទន្ទឹមនេះ ក្រសួងព័ត៌មាន បានរៀបចំបោះផ្សាយ «របាយការណ៍ប្រចាំឆ្នាំស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា» ចំនួន ២ លើករួចមកហើយ ដោយផ្អែកលើការស្ទង់មតិ និងមានការចូលរួមពីអ្នកសារព័ត៌មានឯករាជ្យ ។ លទ្ធផលបង្ហាញថា នៅកម្ពុជា សេរីភាពសារព័ត៌មាន គឺល្អប្រសើរ លំហសេរីភាពសារព័ត៌មាន គឺមានការរីកចម្រើន និងសណ្តាប់ធ្នាប់សារព័ត៌មាន គឺមានការប្រែប្រួលជាវិជ្ជមាន។ ជាក់ស្តែង កម្ពុជាមានអ្នកសារព័ត៌មានទទួលស្គាល់ដោយក្រសួងព័ត៌មាន ចំនួន ៨ ០៦២ នាក់ និងស្ថាប័នសារព័ត៌មានចុះបញ្ជីស្របច្បាប់ ចំនួន ១ ៦២០ អង្គភាព ។
ឆ្នាំនេះ ទិវាសេរីភាពសារព័ត៌មានពិភពលោក ផ្តោតសំខាន់លើផលប៉ះពាល់ដ៏ធំសម្បើមនៃបញ្ញាសិប្បនិម្មិតលើវិស័យសារព័ត៌មាន និង ប្រព័ន្ធផ្សព្វផ្សាយ ជាពិសេស លើការផលិត និងការចែកចាយព័ត៌មាន ។ ការណ៍នេះ បានជំរុញឱ្យមានការពិភាក្សាអំពីក្រមសីលធម៌ ការទទួលខុសត្រូវ និងការប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងបរិការណ៍នៃការរីកចម្រើនយ៉ាងឆាប់រហ័សនូវបច្ចេកវិទ្យា AI ជាពិសេស នៅពេលពិភពលោកកំពុងប្រើប្រាស់ និងទាញយកផលប្រយោជន៍មហាសាលពី បរិវត្តកម្មឌីជីថល និង បច្ចេកវិទ្យា AI ក្នុងវិស័យព័ត៌មាន និង សោតទស្សន៍ ដូចជា៖ ការប្រមូលព័ត៌មាន, ការវិភាគទិន្នន័យ, ការធ្វើស្វ័យប្រវត្តិកម្មការផលិត, ការកែសម្រួលចែកចាយបញ្ជូនមាតិកា, ការផ្តល់ជម្រើសមាតិកា និងការទាក់ទាញអ្នកទស្សនាឱ្យបានចំគោលដៅ ចំណាយតិច និងចំណេញពេល ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ ២]
(៣) ពង្រឹងអភិក្រម ក្រមសីលធម៌ និងការទទួលខុសត្រូវរបស់អ្នកចែកចាយព័ត៌មាន ជាគន្លឹះគ្រប់គ្រងបច្ចេកវិទ្យា
អង្គុយនៅនឹងតុ ពេលដែលឯកឧត្ដម នេត្រ ភក្ដ្រា និយាយអំពីហានិភ័យនៃបញ្ហា AI ខ្ញុំក៏បានលើកថា ប៉ុន្មានខែមុននេះ មានមហាសេដ្ឋីម្នាក់នៅអ៊ីតាលីបានចាញ់បោកគេតាមអនឡាញអស់ ១លានអឺរ៉ូ ដោយសារមានការប្រើ AI ក្លែងសម្លេងរបស់រដ្ឋមន្រ្តីការពារជាតិអ៊ីតាលី ប្រាប់តាមទូរស័ព្ទទៅគាត់ឱ្យផ្ញើលុយ ១លានអឺរ៉ូ។ បើសិនជាអ្នកនយោបាយជាន់ខ្ពស់នៃប្រទេសអ្នកមានមួយចាញ់បោក AI ទៅហើយ វាបង្ហាញនូវហានិភ័យនៃគ្រោះថ្នាក់របស់ AI ដែលយើងចាំបាច់ត្រូវតែរួមគ្នាដើម្បីការពារ។ កិច្ចការនេះ វាមិនខុសពីអ្វីដែលយើងធ្វើកន្លងទៅនោះទេ។ បច្ចេកវិទ្យា AI បច្ចេកទេសផ្សេងៗ វាជាឧបករណ៍ វាខ្លួនវាមិនអាចទៅធ្វើអាក្រក់ទេ វាអាស្រ័យទៅលើមនុស្សជាអ្នកប្រើវា។ អញ្ចឹងចាំបាច់វានៅតែកត្តាមនុស្សជាអ្នកកំណត់។ ហេតុនេះ ការពង្រឹងអភិក្រម ក្រមសីលធម៌ និងការទទួលខុសត្រូវរបស់អ្នកចែកចាយព័ត៌មាន នៅតែជាគន្លឹះនៅក្នុងការគ្រប់គ្រងបច្ចេកវិទ្យាទាំងនោះ។
(៤) AI និងបច្ចេកវិទ្យាជួយឲ្យអំណាចទី៤ កាន់តែខ្លាំង មានឥទ្ធិពល លឿន និងទូលំទូលាយ
គេធ្លាប់ថា អាវុធទំនើបយ៉ាងណាក៏ដោយ ក៏មិនសម្លាប់មនុស្សដែរ។ មានតែមនុស្សទេដែលសម្រេចចិត្តបាញ់គ្នា ឬបង្កើតសង្រ្គាម។ អញ្ចឹង AI ក្ដី បច្ចេកវិទ្យាឌីជីថលតាមទូរស័ព្ទក្ដី វាពុលឬមិនពុល វាគ្រោះថ្នាក់ឬមិនគ្រោះថ្នាក់ អាស្រ័យទៅលើមនុស្សជាអ្នកប្រើ។ ក្នុងនោះ អ្នកសារព័ត៌មានគឺជាតួអង្គសំខាន់ណាស់ក្នុងការធានា និងការជួយទប់កុំឲ្យ AI ឬបច្ចេកវិទ្យាក្លាយទៅជាគ្រោះថ្នាក់ដល់សង្គមជាតិ។ អញ្ចឹងតួនាទីរបស់បងប្អូននៅតែសំខាន់។ យើងចាំបាច់រួមគ្នាត្រូវទទួលខុសត្រូវ ក្នុងឋានៈជាអំណាចទី៤។ មធ្យោបាយ AI និងបច្ចេកវិទ្យាគ្រាន់តែបង្កើនអំណាចឲ្យកាន់តែខ្លាំង កាន់តែមានឥទ្ធិពល កាន់តែលឿន និងកាន់តែទូលំទូលាយ។ ឯការប្រើប្រាស់អំណាចដែលរដ្ឋធម្មនុញ្ញបានធានាជូនប្រជាពលរដ្ឋក្នុងការចូលរួមកសាងប្រទេស ត្រួតពិនិត្យការអនុវត្តរបស់មន្រ្តីគ្រប់ស្ថាប័ន មិនថានីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការនោះទេ គឺធ្វើអីត្រូវឆ្លើយតបទៅប្រជាពលរដ្ឋ។ ធ្វើមិនស្រួលប្រជាពលរដ្ឋអាចឆ្លុះបញ្ចាំងតាមរយៈការបញ្ចេញព័ត៌មាន។
(៥) អ្នកសារព័ត៌មានកាន់តែមានភាពចាស់ទុំ ក្នុងការចែកចាយនិងថែរក្សាតម្លៃនៃសារព័ត៌មាន
ឥឡូវការប្រើប្រាស់បណ្ដាញសង្គមរបស់ប្រជាពលរដ្ឋ កាន់តែបង្កើនសិទ្ធនិងមានឥទ្ធិពលឆ្លុះបញ្ចាំងនិងបង្ហាញចំណុចអវិជ្ជមាន ឬចំណុចឆកល្វែងកាន់តែលឿន និងអាចជួយឲ្យយើងដោះស្រាយបញ្ហាកាន់តែលឿន។ ហេតុនេះហើយ ចន្លោះពីមួយឆ្នាំទៅមួយឆ្នាំ ក្រសួងព័ត៌មានក្ដី អង្គការសមាគមអ្នកសារព័ត៌មានក្ដី អ្នកសារព័ត៌មានផ្ទាល់ក្ដី បានរួមគ្នាពង្រឹងការទទួលខុសត្រូវ ពង្រឹងអភិក្រម ក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ដែលក្នុងឆ្នាំនេះដូចជាចុះថយការថតរូបមនុស្សស្លាប់ពេលគ្រោះថ្នាក់ចរាចរណ៍។ កាត់បន្ថយរឿងហ្នឹង។ បើថតក៏ដាក់អីបាំងផង។ នេះជាក្រឹត្យក្រមមួយដែលបញ្ជាក់ថា អ្នកសារព័ត៌មានយើងកាន់តែមានភាពចាស់ទុំ ក្នុងការបំពេញភារកិច្ច និងចែកចាយព័ត៌មាន។ ជ្រុងតូចៗ (ដូចជាការប្រុងប្រយ័ត្នពេលថតរូបមនុស្សស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍)បែបនេះ អាចជួយបង្កាការប៉ះពាល់ដល់អារម្មណ៍របស់គ្រួសារ។ រឿងខ្លះដែលត្រូវចែកចាយ (រឿងខ្លះទៀតមិនត្រូវចែកចាយ)។ នេះហើយគឺជាអ្វីដែលជាភាពចាស់ទុំ ការពង្រឹង ការធានានូវសុក្រឹតភាព ដែលយើងចូលរួមនៅក្នុងការថែរក្សាតម្លៃនៃសារព័ត៌មាន។
(៦) តម្លៃពិតប្រាកដនៃអាជីពសាព័ត៌មាន គឺប្រជាពលរដ្ឋជាអ្នកផ្តល់ឲ្យ
ខ្ញុំតែងនិយាយថា តម្លៃនៃអាជីពណាទាល់តែអ្នកប្រតិបត្តិនៃអាជីពនោះរក្សា។ បើសិនជាអ្នកសារព័ត៌មានចង់បានតម្លៃ ហើយតម្លៃនៃអ្នកសារព័ត៌មាន ឬប្រព័ន្ធព័ត៌មាននៅកម្ពុជា អ្នកណាជាអ្នកឲ្យ? គឺប្រជាពលរដ្ឋ។ ប៉ុន្តែអ្នកណាជាអ្នកបង្កើតនិងថែរក្សា? គឺអ្នកសារព័ត៌មានខ្លួនឯង ទើបអាចការពារតម្លៃនេះបាន។ បើសិនជាព័ត៌មាននៅប្រទេសយើង មិនអាចមានព័ត៌មានណាដែលមានការទទួលខុសត្រូវ ផ្សាយអីក៏ខុសៗ តើប្រជាជនមើលឬទេ? ប្រហែលជាអត់ទេ។ ពិតណាស់ វាមិនបាន១០០% ប៉ុន្តែព័ត៌មានរបស់យើង ពិសេសអ្នកមានអាជ្ញាបណ្ណ កាន់តែទទួលខុសត្រូវលើការផ្សព្វផ្សាយនេះ ដែលធ្វើឲ្យមានជំនឿទុកចិត្តពីប្រជាពលរដ្ឋច្រើន។ តម្លៃពិតប្រាកដ គឺប្រជាពលរដ្ឋ ទស្សនិកជនរបស់យើង គឺជាអ្នកផ្តល់ឲ្យ។ យើងបានទទួលការគាំទ្រពីប្រជាពលរដ្ឋដែលប្រើប្រាស់បណ្ដាញសង្គមច្រើន មើលព័ត៌មានយើងច្រើន ដោយសារយើងរួមគ្នាធ្វើ រួមគ្នាកាត់បន្ថយភាពអវិជ្ជមាន ការប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈ រួមទៅដល់ការកែលម្អរួមគ្នា។
(៧) ការវិវត្តនៃអ្នកសារព័ត៌មាននិងប្រព័ន្ធព័ត៌មាន ត្រូវឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋក្នុងសង្គមស៊ីវិល័យ
ចំណុចនេះហើយដែលធ្វើឲ្យការវិវត្តរបស់អ្នកសារព័ត៌មាន និងប្រព័ន្ធព័ត៌មានរបស់យើង ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងសង្គមស៊ីវិល័យ។ សង្គមស៊ីវិល័យគឺសង្គមដែលមានការយល់ដឹងខ្ពស់ ការគោរពគ្នា គុណធម៌ សីលធម៌ខ្ពស់។ មិនមែនសង្គមដែលមានលុយនោះទេ។ មិនមែនគ្រាន់តែថាមានលុយទិញឡានល្អជិះ ហើយអន់ចរិត គ្មានសីលធម៌/គុណធម៌ ហៅស៊ីវិល័យនោះទេ។ ហ្នឹងគេហៅមនុស្សព្រៃ។ ទោះមិនមានលុយច្រើនស្អីក៏ដោយ ប៉ុន្តែមានអាជីពខ្លួនឯងច្បាស់លាស់ យល់ដឹងពីកាតព្វកិច្ចនិងការទទួលខុសត្រូវ នេះហើយហៅថា មនុស្សស៊ិវិល័យ ថ្លៃថ្នូរ ទទួលខុសត្រូវ។ សារព័ត៌មានគឺជាកញ្ចក់មួយដែលឆ្លុះបញ្ចាំងនូវការវិវត្តនៃសង្គមរបស់យើង … បើសិនជាប្រជាពលរដ្ឋកាន់តែស៊ីវិល័យ គាត់នឹងឲ្យតម្លៃទៅលើព័ត៌មានដែលមានការទទួលខុសត្រូវ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានតម្លៃគ្រប់គ្រាន់។ បើព័ត៌មានមិនមានការទទួលខុសត្រូវ អាចថាគេចាប់អារម្មណ៍បានមួយឆាវ ប៉ុន្តែគ្មានចីរភាពទេ។ ដំបូងគេគិតថា ល្អ ដូចទំនង តែចេញទៅខុយៗ ចេញទៅវិលមុខ អត់ត្រូវសោះ។ បន្តិចទៅគេក៏លែងជឿ។ បើសិនជាយើងមានមូលដ្ឋានច្បាស់លាស់ ទោះបីមានភាពឆកល្វែង ដែលជាការជៀសមិនផុត តែយើងប្រកាន់គោលជំហរធានានូវព័ត៌មានលឿន សុក្រឹតភាព និងគ្រប់ជ្រុងជ្រោយ មិនលម្អៀង នេះហើយគឺជាតម្លៃនៃសារព័ត៌មាន និងស្ថានីយសារព័ត៌មាននីមួយៗ។
(៨) ប្រកាន់ខ្ជាប់កត្តា៣ – សុក្រឹតភាព សុចរិតភាព និងការទទួលខុសត្រូវ – ដើម្បីសារព័ត៌មានរស់បានយូរ
នេះជាតម្លៃពិតដែលបងប្អូនកសាង ថែរក្សា ដើម្បីអាចធ្វើឲ្យប្រព័ន្ធព័ត៌មាននិងសារព័ត៌មានកាន់តែមានការទទួលខុសត្រូវ មានការទទួលស្គាល់និងឲ្យតម្លៃពីប្រជាពលរដ្ឋអ្នកទស្សនា … គ្មាននរណាស្រឡាញ់អាជីពសារព័ត៌មានជាងអ្នកសារព័ត៌មាននោះទេ ហើយគ្មាននរណាអាចរក្សា និងបង្កើតតម្លៃនៅក្នុងអាជីពនេះ ជាងអ្នកសារព័ត៌មានខ្លួនឯងដែរ។ នេះជាការចាំបាច់។ អញ្ចឹង ដើម្បីថែរក្សានូវតម្លៃនេះ ចាំបាច់ត្រូវផ្អែកទៅលើកត្តាជាច្រើន ក្នុងនោះគឺការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈបានច្បាស់លាស់។ (ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈនេះ)ផ្អែកទៅលើកត្តាមួយចំនួន។ ក្នុងនោះខ្ញុំយកកត្តា៣ មកនិយាយថ្ងៃនេះ។ កត្តាទី១ សុក្រឹតភាព កត្តាទី២ សុចរិតភាព និងកត្តាទី៣ ការទទួលខុសត្រូវ។ មាន៣ នេះ រស់បានយូរ បានន័យថា មាន៣ នេះទទួលបានការគាំទ្របានយូរអង្វែង។ គ្មានកត្តា ៣ នេះ សារព័ត៌មានណាក៏មិនអាចយូរអង្វែងបានដែរ។ អ្នកសារព័ត៌មានខុសពីអ្នកផ្សព្វផ្សាយនយោបាយ អ្នកវិភាគមាន Agenda ផ្សេងៗ។ បើយើងយកអាជីពជាវិជ្ជាជីវៈ យើងត្រូវប្រកាន់ទី១ សុក្រឹតភាព។ ពាក្យថាសុក្រឹតភាពនេះ គឺមានហេតុការណ៍អី គេទៅមើលក្នុងវេបសាយហ្នឹងភ្លាម ព្រោះវេបសាយនេះធ្លាប់តែផ្សាយព័ត៌មានដែលសុក្រឹត។ គេអត់ចំណាយពេលទៅមើល១០ ឬ២០ វេបសាយទេ។ គេមើលមួយហ្នឹង។
(៩) មិនមានអ្វីដែលល្អឥតខ្ចោះ តែត្រូវខំបន្ថយភាពខ្វះខាត ឈានទៅភាពប្រសើឡើង
(១) សុក្រឹតភាព គឺជាការចាំបាច់។ ស្អីទៅសុក្រឹតភាព? បើយើងមើលនិយមន័យ គឺភាពដែលគេធ្វើដោយល្អឥតខ្ចោះ។ គ្មានអីល្អឥតខ្ចោះទេ នៅក្នុងលោកនេះ ប៉ុន្តែយើងមានទិសដៅនិងគោលដៅធ្វើអោយល្អឥតខ្ចោះ … បានន័យថា យើងខិតខំកាត់បន្ថយភាពមិនល្អ កង្វះខាតជាបន្តបន្ទាប់ ដើម្បីឈានទៅដល់ភាពកាន់តែប្រសើរ និងភាពល្អឥតខ្ចោះ។ នេះគឺជាការដាក់ទិសដៅធំ។ បើយើងគិតថា គ្មានអ្នកណាល្អឥតខ្ចោះទេ ខុសក៏ខុសទៅ មិនបាច់កែទេ ហ្នឹងយើងបង្កើតកំហុសមួយទៅជាកំហុសពីរ ហើយកំហុសច្រើននាំទៅជាការបាត់បង់ជំនឿទុកចិត្ត។ ព័ត៌មានមានរាប់រយ តែគេយកមួយណា គេពឹងផ្អែកលើវេបសាយមួយណា ទៅលើអី? នេះគឺជាការពិត។ បងប្អូនអ្នកសារព័ត៌ មិនមែនមានតែផ្សព្វផ្សាយរឿងកើតមានក្នុងសង្គមទេ បងប្អូនខ្លះផ្សព្វផ្សាយរឿងសេដ្ឋកិច្ច បងប្អូនខ្លះផ្សព្វផ្សាយរឿងសុខភាព រឿងផលិតផល។ សុក្រឹតភាពនេះគឺសំខាន់ ការធានានូវសុក្រឹតភាពនេះ សម្រាប់ព័តមានបានន័យថាម៉េច? យើងមិនល្អឥតខ្ចោះទេ។ គ្មានអ្នកណាដឹងព័ត៌មានភ្លាមគ្រប់ជ្រុងជ្រោយទាំងអស់ទេ។
សូម្បីតែ CNN រឿងនៅកាហ្សា មិនអាចដឹងព័ត៌មានគ្រប់ទេ ប៉ុន្តែគេត្រូវផ្សាយព័ត៌មាននេះកម្រិតណាមួយ។ ដើម្បី(បាន)ដឹង គឺចាំបាច់ច្បាមស្រាវជ្រាវពីច្រើនប្រភពដែលអាចធ្វើទាន់និងប្រភពដែលអាចទុកចិត្តបានគ្រប់គ្រាន់មួយចំនួនដើម្បីផ្សាយ។ កុំអោយផ្ទុះអីនៅផ្សារចាស់ ជិះទៅដល់គល់ស្ពានជ្រោយចង្វារ សួរម្នាក់ដើរមក ម្នាក់ហ្នឹងមិនប្រាកដថាគាត់ដឹង គាត់និយាយអី យើងចុះផ្សាយទាំងអស់ ថាអាហ្នឹងជាការពិត។ (នេះជា)ការពិបាក។ យើងត្រូវឆែកបន្តទៀត ក្ដាប់អោយជាប់ស្រាវជ្រាវអោយគ្រប់ជ្រុងជ្រោយ តាមដែលអាចធ្វើទៅបានក្នុងពេលវេលាដែលកំណត់ចេញជាព័ត៌មាន។ នេះជាជំហានមួយក្នុងការផ្សាយព័តមានគ្រប់ជ្រុងជ្រោយ ដែលឈានទៅដល់ការអោយតម្លៃ។ បងប្អូនខ្លះគាត់អត់ឈឺក្បាលទេ រឿងព័ត៌មានពិតឬមិនពិត។ គាត់ចង់បានតែព័ត៌មានអីប្លែកៗ។ បងប្អូនខ្លះគាត់ថាពិតឬមិនពិតក៏ដោយ អោយតែប្លែកៗ ទាក់ទាញ … ប្លែក ពិត លឿន និងសុក្រឹត ហ្នឹងហើយគេថា មើលគាត់ហ្នឹងមិនខុសទេ ព្រោះព័ត៌មានភាគច្រើន គាត់ដាក់ប្រមូលបានមកអត់ខុសច្រើនទេ។ គាត់ update ជាប់ជាប្រចាំ។ នេះគឺការពិត។ ការធានាឱ្យបាន នេះគឺទាមទារនូវការគិតគូរ ការបើកផ្នែកមួយក្នុងការប្រទាក់ក្រឡា។ បើសិនជាព័ត៌មានខ្លះបានគោលដៅត្រឹមត្រូវ មានប្រភពដើម សូមអោយផ្ទៀងផ្ទាត់ព័ត៌មានឱ្យច្បាស់ ពេលដែលយើងដាក់ចេញ។
មានម្ដងឬ ២ដងហើយ ដែលខ្ញុំនិយាយលើវេទិកា lives ពេលដែលបងប្អូនទៅចេញ hotline ខុសគោលដៅ។ ប្រហែលដោយសារប្អូនក្ដាប់អត់ជុំ ឬមួយអត់យល់(ន័យ)គ្រប់ ឬមួយសរសេរខ្វះពាក្យ ដល់អញ្ចឹងចេញទៅ ធ្វើអោយមានបញ្ហា។ សារព័ត៌មាន មិនមែនអ្នកដែលផ្សព្វផ្សាយជាបុគ្គលទេ ប៉ុន្តែជាសារព័ត៌មានដែលចុះបញ្ជីមួយចំនួន។ ឧទាហរណ៍៖ ថ្ងៃមុនខ្ញុំនិយាយរឿងរៀនពេទ្យ DES យកដុកទ័រខាងឯកទេស។ ឥឡូវក្រសួងសុខាភិបាលអោយច្រកពីរ។ កាលពីមុនមានតែច្រកមួយទេ។ រៀន ៨ឆ្នាំយកដុកទ័រទូទៅហើយ បានទៅរៀន ៣ឆ្នាំទៀតយកដុកទ័រឯកទេស។ ឥឡូវនេះ មិនចាំបាច់ទៅរៀន ៨ឆ្នាំទេ អ្នកដែលមិនចង់បានយកចំណេះដុកទ័រទូទៅ រៀន ៦ឆ្នាំ ហើយអាចទៅរៀនដុកទ័រឯកទេស ៣ឆ្នាំថែម។ ទាំងអស់ ៩ឆ្នាំ យកឯកទេស គ្រាន់តែអត់បានសញ្ញាបត្រដុកទ័រទូទៅ។ ជម្រើសមាន១១ឆ្នាំ ឬ៩ឆ្នាំ។ អ្នកបច្ចេកទេសយល់ ប៉ុន្តែបងប្អូនអ្នកសារព័ត៌មាន ចេញមកគាត់ថា សម្ដេចនាយករដ្ឋមន្ត្រីបានប្រាប់ថាពីពេលនេះទៅដុកទ័រមិនបាច់រៀន ៨ឆ្នាំទៀតទេ រៀនតែ ៦ឆ្នាំ។ អ្នកមួយចំនួនគាត់ទះដៃ លែងរៀន ៨ឆ្នាំហើយ។ អ្វីដែលខ្ញុំចង់លើកនេះ គឺថាសុំផ្ទៀងផ្ទាត់ព័ត៌មាន។ បើសិនជាយើងដាក់មិនស្រួល ធ្វើអោយមានការយល់ច្រឡំ។
(១០) ដើម្បីសុក្រឹតភាព បើមានការយល់ច្រឡំដោយអចេតនា ពេលស្រាវជ្រាវគ្រប់ហើយ សុំកែតម្រូវ
បើសិនជាមានការយល់ច្រឡំដោយអចេតនា ពេលដែលយើងស្រាវជ្រាវគ្រប់ហើយ សុំកែសម្រួលដើម្បីអោយស្រប។ នេះគឺសុក្រឹតភាព។ យើងមិនល្អឥតខ្ចោះទេ ប៉ុន្តែយើងខិតខំធ្វើព័ត៌មានគ្រប់ជ្រុងជ្រោយល្អឥតខ្ចោះ ដែលយើងចេញមួយជំហានដំបូងមិនទាន់គ្រប់ជ្រុងជ្រោយ យើងអាចបញ្ជាក់ថាព័ត៌មានបឋម។ ហ្នឹងជាក្រមសីលធម៌។ ឧទាហរណ៍ថា មានគេបាញ់សាលាមួយនៅអាមេរិក។ គេតែងតែប្រាប់ថានេះជាព័ត៌មានបឋម។ ខ្ញុំបានឮសូរពីសាក្សីមួយថាមានមនុស្សម្នាក់ចូលទៅបាញ់អាចមាន ៣ ឬ ៤ នាក់ស្លាប់។ ខ្ញុំនឹង update ជូន។ ដល់ពេល update បន្ថែម យើងធ្វើបន្ថែម … អ្នកសារព័ត៌មានត្រូវយល់ខ្លួនឯង។ ជួនកាល បងប្អូនខ្លះសរសេរអត់យល់។ សូមស្វែងយល់ ផ្ទៀតផ្ទាត់ ទៅលើអ្វីដែលសំខាន់។ មិនថាតែបងប្អូនអ្នកសារព័ត៌មានទេ ជួនកាលក្រុម media របស់ខ្ញុំ បងប្អូនខ្លះគាត់លឿន សរសេរបាត់មួយពាក្យ។ តែបាត់មួយពាក្យបាត់ន័យ។ ដូចបងប្អូនដាក់អញ្ចឹង សម្ដេចនាយករដ្ឋមន្ត្រីឥឡូវលែងអោយរៀនដុកទ័រ ៨ឆ្នាំ អោយរៀនតែ ៦ ឆ្នាំ។ ខុសបាត់។ ខ្ញុំនិយាយពីរៀនវេជ្ជបណ្ឌិតឯកទេស យកជម្រើស ៦បូក ៣ ឬមួយ ៨បូក ៣។ នេះជាឧទាហរណ៍មួយ។
ម្សិលម្ង៉ៃមួយ ខ្ញុំនិយាយអំពីរឿងផ្ទៃក្រឡាដីរបស់កម្ពុជា ដែលយើងតែងតែទន្ទេញចាំមាត់។ រៀនតាំងពីតូចមក ១៨១ ០៣៥ គីឡូម៉ែត្រការ៉េ។ បងប្អូនណាខ្លះចាំត្រង់ហ្នឹង? មានធ្លាប់សួរទេថាតើគេ calculate យ៉ាងម៉េចហ្នឹង ត្រូវឬអត់។ មានធ្លាប់សួរទេ? អត់ទេ។ ព្រោះយើងគិតថា ហ្នឹងគឺជាអ្វីដែលយើងរៀនតាំងពីតូចមកវាត្រូវ។ នេះជាព័ត៌មានផ្លូវការដែលយើងបានទទួល។ ខ្ញុំបាននិយាយថាក្រឡាដីរបស់យើងដែលវាស់វែងថ្មី មាន ១៨១ ៤៣៦ គីឡូម៉ែត្រការ៉េ។ មិនទាន់ជាផ្លូវការដែលយើងផ្សព្វផ្សាយទេ … មានបងប្អូនមួយចំនួនគាត់យកទៅផ្សាយ។ អត់មានចេតនាអាក្រក់ទេ ប៉ុន្តែអ្វីជាការពន្យល់ខ្ញុំ បងប្អូនមួយចំនួនពន្យល់ប្រហែលជាមិនគ្រប់ជ្រុងជ្រោយទេ … សូម្បីតែវាស់កន្លែងនេះ ជួនកាលចេញការេអត់ច្បាស់ផង។ បើយើងវាស់គុណនឹងលើក្រដាសត្រង់ ចតុកោណ ត្រីកោណ ហ្នឹងស្រួលគុណទេ។ តែដល់វាស់ព្រំដី។
ខ្ញុំសួរខាងវាស់វែងដីធ្លីដែលចេញ LMAP នេះ ហើយនិងព្រំដីដែលវាស់តាំងពីមុន មានលំអៀងឬអត់។ គាត់ថាលំអៀង។ បង្គោលអត់ទេ ព្រំដីនៅដដែល ប៉ុន្តែលំអៀង។ ដីខ្លះលំអៀង ២ ឬ៣ ការេ បើដីតូច ប៉ុន្តែបើដីហ្នឹង ៤ ឬ ៥ហិកតា ជួនកាលលំអៀង ២០០ការេ ព្រោះពីមុនគេវាស់ដោយដៃ។ គេយកម៉ែត្រទៅវាស់ទាញតាមព្រំ ហើយយក Calculate ជាប៊ិច គុណលេខ បូកទៅវាចេញ។ ឥឡូវ យើងប្រើបច្ចេកវិទ្យាថ្មី យកម៉ាស៊ីនវាស់ចេញជា GPS ដល់ដាក់ទៅជាការេ វាខុស។ ខ្ញុំសួរថាដី ៥ហិកតា អាចខុសគ្នាប៉ុន្មាន? គាត់ថាកន្លែងខ្លះអាចខុសគ្នាដល់រាប់រយម៉ែត្រការេ។ បើដីហ្នឹងកាន់តែធំចូល ១០០ហិកតា វាស់លំអៀងគ្នាចូលពាន់ម៉ែត្រការេ។ តែព្រំដីនៅលើដីគេអត់ខុសទេ។ ម្ចាស់គេអត់តវ៉ាដោយសារបច្ចេកវិទ្យាថ្មី។ គេទុកចិត្ត។ ខ្ញុំសួរថាបងប្អូនតវ៉ា ឬអត់? គាត់ថាគាត់ទុកចិត្តម៉ាស៊ីន ជាងទុកចិត្តវាស់ដៃទើបមិនសូវតវ៉ា។ មើលនៅលើប្លង់ LMAP កន្លែងខ្លះរួម កន្លែងខ្លះលើស តែព្រំលើដីអត់ខុសទេ។ កាលមុនយើងវាស់ម៉ែត្រអត់ត្រូវ។ ឥឡូវមាន Laser មានអី មាន GPS ស្មើគ្នាតែម្តង គុណចែកទៅត្រូវ។
រឿងផ្ទៃដីក្រឡារបស់យើង ខ្ញុំសូមជម្រាបអញ្ចេះ មានសួរឬទេ? អ្នកខ្លះគេយកទៅចំអកថាខ្ញុំភូត អ្នកខ្លះគេថាមិនដែលប្រទេសជិតខាងល្ងង់ឱ្យដីយើង ៤០០គីឡូម៉ែត្រការេ? ខ្ញុំបានបញ្ជាក់ថ្ងៃនោះ តែប្រហែលជាបញ្ជាក់មិនគ្រប់។ រឿងគឺលំអៀងការគណនា។ រូបមន្តនេះមិនមែនតែប្រទេសខ្មែរទេ។ ប្រទេសលើពិភពលោកគេបានដូរទិន្នន័យផ្ទៃដីរបស់ខ្លួន។ អ្នកខ្លះដូរដោយមានកត្តា៣។ អ្នកខ្លះប្រែប្រួលស្ថានដីជាក់ស្តែង ដូចសិង្ហបុរីអញ្ចឹង។ កាលពីឯករាជ្យគាត់ត្រឹមតែ ៥០០គីឡូម៉ែត្រការេទេ។ ឥឡូវគាត់យកដីទៅចាក់បន្ថែមរីកឡើងដល់ ៧០០គីឡូម៉ែត្រការេ។ កន្លែងខ្លះបញ្ចប់ចរចាព្រំដែនគេមាន(តួលេខបន្ថែម)។ កន្លែងខ្លះដូរតួលេខដែលគេតម្កល់ជាផ្លូវការនោះដោយសារប្រព័ន្ធនៃការគណនា។ មិនមានដូរអីនៅលើដីទេ ប៉ុន្តែប្រព័ន្ធនៃការគណនា។
(១១) តើផ្ទៃដី ១៨១ ០៣៥គីឡូម៉ែត្រការ៉េ រកឃើញពីពេលណា និងដូចម្តេច?
នៅកម្ពុជារបស់យើង ១៨១ ០៣៥គីឡូម៉ែត្រការ៉េ តើទិន្នន័យនេះបានតាំងពីពេលណា? ហើយបានយ៉ាងម៉េច? ខ្ញុំបានពិនិត្យជាមួយនឹងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនអ្នកបច្ចេកទេសគឺ ជាង ១០០ឆ្នាំមុន បារាំងយកតួលេខនេះ ក្រោយកំណត់ព្រំដែនជាមួយប្រទេសជិតខាង។ កំណត់ព្រំដែននេះ អត់អស់ទៀត។ យើងមានបង្គោល ១២៤ ជាមួយកូសាំងស៊ីន ហើយពីចន្លោះពីក្រចេះឡើងទៅជាមួយអាណា អត់មានបង្គោលទេ។ ព្រំដែនឡាវនិងយើង ប៉ុន្មានរយគីឡូមានបង្គោលធំតែ ១គត់។ ជាមួយថៃ យើងមាន ៧៤បង្គោល។ ការកំណត់នេះ គឺក្រោយពីយើងបោះបង្គោលព្រំដែនបឋម។ បារាំងធ្វើម៉េចវាស់ចេញ បើជំនាន់នោះអត់មាន GPS (ដូច)ឥឡូវទេ។ ក្រុមភូមិសាស្ត្ររបស់គាត់ជិះដំរីផងជិះសេះផង អូសខ្សែពួរវាស់អូសម៉ែត្រវាស់។ អញ្ចឹងគាត់យកការវាស់ព្រំប្រទល់ វាស់ផ្ទៃក្រឡារបស់ភូមិនីមួយៗ ឃុំនីមួយៗ បូកចូលគ្នា។ យើងដឹងហើយបងប្អូន វាស់គ្រាន់តែដីយើងអត់ស្មើការេអីហ្នឹង លំអៀងគ្នាទម្រាំតែ(តាមព្រំដែណ)ទៀត។
អញ្ចឹង កន្លែងអត់មានមនុស្សនៅគាត់សន្និដ្ឋានយកតែម្តង។ ផ្អែកទៅលើការគិត គូសវាសលើក្រដាស Calculate ចេញ ១៨១ ០៣៥ គីឡូម៉ែត្រការេ។ អញ្ចឹង បងប្អូនអ្នកសារព័ត៌មានឆ្ងល់ថាចុះ ១៨១ ៤៣៦ គីឡូម៉ែត្រការេបានមកពីណា? នៅឆ្នាំ២០១២ ក្រុមបច្ចេកទេសរបស់អតីតអាជ្ញាធរជាតិបានយកកម្មវិធីរបស់ក្រុមហ៊ុនរបស់អាមេរិកមួយ ហៅ ArcGIS មកវាស់ព្រំប្រទល់កម្ពុជា-វៀតណាម ដែលយើងប្រើទិន្នន័យខ្សែព្រំដែនដែលឯកភាពគ្នា។ ទី២ ខ្សែព្រំដែនកម្ពុជា-ឡាវដែលបានឯកភាពគ្នានោះ មិនទាន់រាប់កន្លែងដែលយើងមិនទាន់ចរចាឯកភាពគ្នាទេ។ ប្រើប្រាស់ទិន្នន័យ១ លើ ១០ពាន់ ហើយកម្ពុជា-ថៃយើងប្រើទិន្នន័យ១ លើ ២០ពាន់។ អញ្ចឹង ប្រើតាមបច្ចេកវិទ្យា GPS ទាំងអស់។ Calculate មកឃើញ ១៨១ ៤៣៦ គីឡូម៉ែត្រការេ។ នេះគឺជាលំអៀង។ អញ្ចឹងសួរវិញថា តើបារាំងជិះដំរីវាស់ សុក្រឹតជាងយើងវាស់ GPS ឬទេ? ហ្នឹងទុកឱ្យបច្ចេកទេសឆ្លើយចុះ? តែនេះគឺជាការពិត មិនមែនយើងទៅយករបស់អ្នកណា ៤០០គីឡូម៉ែត្រការរេទេគឺកើតឡើងពីការលំអៀង និងការកំណត់ព្រំដែនថ្មី។
សូមជូនព័ត៌មានទៅបងប្អូនខ្លះដែលឆ្ងល់ថា នាយករដ្ឋមន្ត្រីជប់ ៤០០គីឡូម៉ែត្រការេមកទៅរកមើលសិន។ សម្រាប់បងប្អូនអ្នកសារព័ត៌មាន ដែលផ្សាយកន្លងទៅសូមយល់ឱ្យបាន គឺជាផ្នែកមួយនៃការផ្សាយព័ត៌មានសុក្រឹត។ ព័ត៌មានដែលផ្អែកទៅលើមូលដ្ឋានគ្រប់ជ្រុងជ្រោយនិងបច្ចេកទេស។ បើសិនជាខ្វះព័ត៌មាន យើងអាចជជែកគ្នាបាន។ បញ្ជាក់ថាមូលហេតុដែលយើងមិនទាន់ប្រកាសតួលេខថ្មីនេះ ហើយ Update ជាផ្លូវការ ប្រទេសខ្លះគេ Update ជាផ្លូវការ ជាសិទ្ធិរបស់គេ មានទឡ្ហីករណ៍ច្បាស់លាស់ អត់មាននៅនឹងថ្កល់ ហើយគ្មានច្បាប់អន្តរជាតិណាមិនឱ្យប្រទេសណាមួយ Update ធ្វើបច្ចុប្បន្នភាពនៃផ្ទៃដីរបស់គេនោះទេ កុំឱ្យតែវាប៉ះពាល់ប្រទេសជិតខាង ឬមួយអីក្នុងដែនអធិបតេយ្យភាពរបស់គេ។ ប្រទេសខ្លះក៏ដូចជាយើងអញ្ចឹង។ នៅ Finland អត់ប្រែប្រួលចំណុចនៅលើដីទេ តែពេលយកបច្ចេកវិទ្យា GPS ទៅវាស់វាប្រែប្រួល។ គេយកតួលេខថ្មីនេះទៅមើល មិនខុសពីនៅលើ LMAP ប្លង់ដីរបស់បងប្អូនទេ។ អ្នកខ្លះមើល ថាពីមុនប្លង់ទន់ប៉ុណ្ណេះឥឡូវប៉ុណ្ណោះ នៅលើដីវាអត់ប្រែសោះ ម៉ាស៊ីនលួចទេដឹង? ដោយសារសុក្រឹតភាពនៃការគិតគូរបែបនេះ។ កន្លែងខ្លះកើន កន្លែងខ្លះប្រែប្រួល។ អញ្ចឹងការងារនេះខ្ញុំសូមបញ្ជាក់យកចំណុចនេះ…
រឿងនេះវាពាក់ព័ន្ធរឿងទឹកដី ទាក់ទងនឹងរឿងជាតិរបស់យើង។ សូមអ្នកសារព័ត៌មានក្តាប់ឱ្យបាន ហើយបងប្អូនដែលអាចយល់អាចដឹងថាយើងសប្បាយចិត្ត ១៨១.៤៣៦ ឥឡូវរីកច្រើនជាងមុន សួរថាមានមូលហេតុអី? មូលដ្ឋានអីបានយើងត្រូវសប្បាយចិត្ត ឬអត់? ថាតើនេះពិតឬមិនពិត ឬមួយគ្រាន់តែនិយាយឱ្យសប្បាយចិត្ត? ខ្ញុំសូមបញ្ជាក់ជូនបងប្អូនអ្នកសារព័ត៌មានទាំងអស់។ បើបងប្អូនយកទៅផ្សាយ នេះជាមូលដ្ឋានបច្ចេកទេស។ មិនមែនខ្ញុំអ្នកនិយាយទេ គឺការងារក្រុមបច្ចេកទេសព្រំដែនដែលទទួលខុសត្រូវលើការកំណត់ព្រំដែន ប្រើបច្ចេកវិទ្យាកម្រិតអន្តរជាតិ លើផែនទីស្តង់ដារអន្តរជាតិដែលយើងមាន។ អញ្ចឹង សូមបញ្ជាក់ មិនមែនទៅលួចដីអ្នកណាបាន ៤០០គីឡូម៉ែត្រការ៉េទេ ហើយក៏មិនបានទៅភូតបង្កើតបញ្ហានេះដែរ។ ខ្ញុំមិនថាបងប្អូនយកទៅ troll យកទៅអី ចំងល់អីក៏យកសួរទៅចុះ។
(១២) បន្ថែមលើផ្ទៃដី ១៨១ ៤៣៦ គីឡូម៉ែត្រក្រឡា នៅមានដីកោះទាំងតូចទាំងធំ៧១ និងផ្ទៃសមុទ្រត្រួតគ្នាជាមួយថៃដែលមិនទាន់បានចរចាឯកភាពគ្នា
ប៉ុន្តែនេះហើយជាឧទាហរណ៍ដែលថាអ្នកសារព័ត៌មាន ព័ត៌មានត្រូវស្វែងយល់ឲ្យបានគ្រប់ ជាពិសេសរឿងដែលបច្ចេកទេស បើមិនស្រួលទេ យើងក្តាប់ជ្រុងអត់បាន យើងអត់យល់បាន យើងផ្សាយទាំងមិនច្បាស់លាស់។ យើងធ្វើអត្ថាធិប្បាយទាំងមិនច្បាស់ ដែលធ្វើឲ្យអ្នកស្តាប់ព័ត៌មានរបស់យើង ធ្លាក់ចូលស្ថានភាពក្អែកមួយជាក្អែកដប់។ អ្នកអត្ថាធិប្បាយនយោបាយ ហ្នឹងរឿងរបស់គេ។ គេធ្វើអីធ្វើចុះ ប៉ុន្តែអ្នកសារព័ត៌មានអាជីព ជាអង្គភាពវិជ្ជាជីវៈ ដែលដាក់ចិត្តដាក់កាយផ្សាយព័ត៌មានមានសុក្រឹតភាព ដើម្បីធានាតម្លៃព័ត៌មាន ខ្ញុំសូមឲ្យស្វែងយល់ ស្រាវជ្រាវឲ្យបានច្បាស់លាស់ ថាតើអ្វីពិតប្រាកដ អ្វីដែលមានហេតុផលច្បាស់លាស់។ បើយើងមិនមានគ្រប់ជ្រុងជ្រោយស្រាវជ្រាវបន្ថែម។ បើព័ត៌មានយើងដាក់ទៅមិនគ្រប់ជ្រុងជ្រោយ ក្រោយមកមានហេតុផលស្រាវជ្រាវច្បាស់លាស់ សូមឲ្យកែសម្រួលព័ត៌មាននេះ។ នេះជាការចូលរួមថែរក្សានិងធានាសុក្រឹតភាពនៃព័ត៌មាន និងតម្លៃនៃអ្នកសារព័ត៌មាន និងប្រព័ន្ធព័ត៌មាននៅកម្ពុជា ខ្ញុំសូមបញ្ជាក់។
រាជរដ្ឋាភិបាលក៏នឹងខិតខំពន្យល់។ ក្នុងនាមនាយករដ្ឋមន្ត្រីនិយាយ មិនមែនចេះតែនិយាយអត់មានមូលដ្ឋានទៅបង្កាច់នោះទេ។ កិច្ចការទាំងអស់ ជាពិសេសរឿងទឹកដី យើងធានាច្បាស់លាស់។ បើសិនជាយើងហ៊ាននិយាយថាផ្ទៃដីនេះកើន នៅពេលដែលផ្ទៃដីនេះមិនកើន តើយើងទៅរកដីឯណាសងប្រជាពលរដ្ឋ? បើមិននិយាយ មិនល្អជាង។ ចងជើងខ្លួនឯង។ ប៉ុន្តែនិយាយដោយភាពជឿជាក់ ដោយបច្ចេកទេស។ ខ្ញុំសូមបញ្ជាក់ថា ១៨១ ៤៣៦ គីឡូម៉ែត្រនេះមិនទាន់បូកបញ្ចូលផ្ទៃដីកោះ (នៅដែនសមុទ្រ)នោះទេ។ យើងមានកោះទាំងតូចទាំងធំ ៧១ កោះទៀត។ ទិន្នន័យនេះយើងមិនទាន់បញ្ចូលទេ។ ១៨១ ៤៣៦ គីឡូម៉ែត្រការ៉េនេះ គ្រាន់តែជាផ្ទៃដីដែលយើងកំណត់ឡើងវិញ នៅកន្លែងដែលបានឯកភាពគ្នានៅលើដី ហើយយើងយកប្រព័ន្ធបច្ចេកវិទ្យាយកទៅវាស់ calculate តែប៉ុណ្ណឹង។ អញ្ចឹងបើបូកថែមផ្ទៃកោះ ៧១ របស់យើងទៀត គឺច្រើនជាង ១៨១ ៤៣៦ គីឡូម៉ែត្រការ៉េ។ នៅផ្ទៃសមុទ្រត្រួតគ្នាជាមួយថៃអី យើងមិនទាន់បានចរចាគ្នាឯកភាពគ្នាទេ។ យើងនៅទាមទារការចរចាជាមួយគ្នា។ មិនមែនខ្ញុំនិយាយចេះតែប្រឌិតទេ គឺមានទឡ្ហីករណ៍ពីសេនាធិការជំនាញរបស់រាជរដ្ឋាភិបាល គឺរដ្ឋលេខាធិការដ្ឋានគណៈកម្មាធិការព្រំដែនរបស់យើង ដែលមានអ្នកជំនាញបច្ចេកទេសធ្វើការនៅទីនោះ ហើយកំណត់យកផែនទីច្បាស់លាស់ មិនមែនផែនទី google ទេ គឺផែនទីដែលយើងឯកភាពគ្នាប្រើជាមួយប្រទេសជិតខាងជាផ្លូវការ។
ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិ ក៏ដូចជាបងប្អូនអ្នកសារព័ត៌មានទាំងអស់(ដូច្នេះ) ព្រោះខ្ញុំបានឃើញការផ្សាយមានការផុសផុលការចាប់អារម្មណ៍។ អ្វីក៏ដោយ ឲ្យតែពាក់ព័ន្ធជាមួយទឹកដី យើងត្រូវទទួលខុសត្រូវ។ អ្វីដែលយើងត្រូវធានាខុសត្រូវចំពោះមុខប្រជាពលរដ្ឋ រួមទាំងទិន្នន័យដែលយើងបញ្ចេញ សុទ្ធតែមានភាពច្បាស់លាស់។ សូមបងប្អូនជឿចុះ នេះគឺជាមូលហេតុដែលផ្ទៃក្រឡា(ប្រទេសយើង)ដែលខ្ញុំនិយាយថ្ងៃមុនថាវាស់តាម ជីភីអេស ឃើញ ១៨១ ៤៣៦ គីឡូម៉ែត្រការ៉េ ទោះបីជាមិនផ្លូវការក៏ដោយ ប៉ុន្តែជាការគិតដោយប្រើបច្ចេកទេស។ សូមបញ្ជាក់ប៉ុណ្ណេះ។ អញ្ចឹង កុំបីបើខ្លាចបាត់។ អត់បាត់ទេ។ មានតែកើន ហើយមិនមែនកើនតែយើងនិយាយ អត់មានទឡ្ហីករណ៍ទេ។ នេះរដ្ឋាភិបាលនិយាយដោយភាពច្បាស់លាស់។ រឿងនេះមួយ សូមពន្យល់ឲ្យបងប្អូនបានជ្រាប។ នេះគ្រាន់តែជាឧទាហរណ៍នៅក្នុងការធ្វើការផ្សាយ ចំពោះបងប្អូនដែលផ្សាយព័ត៌មាន។
(១៣) ដើម្បីសុច្ចរិតភាព សូមកុំប្រើអាជីពអ្នកកាសែត ទាញយកផលប្រយោជន៍មិនត្រឹមត្រូវ
ចំណុចទី២ គឺសុចរិតភាព។ សុចរិតភាពកើតឡើងពីអ្វី? កើតពីមិនប្រើប្រាស់អាជីពជាអ្នកសារព័ត៌មាន ទៅផ្សព្វផ្សាយព័ត៌មានអ្វីដែលយើងដឹងថាមិនពិតដើម្បីគោលដៅអាក្រក់លើអ្នកដទៃឬចង់ចំណេញខាងអីមួយ។ សូមប្រកាន់សុចរិតភាព ភាពទៀងត្រង់របស់យើង ទើបមានតម្លៃ។ សូមកុំប្រើអាជីពជាអ្នកកាសែត ដើម្បីទៅទាញយកផលប្រយោជន៍មិនត្រឹមត្រូវ។ ថ្ងៃមុន ឯកឧត្តម នេត្រ ភក្ត្រា ត្រូវដកអាជ្ញាប័ណ្ណពីខេត្តប៉ុន្មាននោះ ដូចម្នាក់ពីរនាក់ ពីអ្នកសារព័ត៌មាន ដោយស្រាវជ្រាវស៊ើបអង្កេតទៅ គាត់យកអាជីពរបស់គាត់ ពាក្យសាមញ្ញថាទៅកៀបគេស៊ី។ នេះធ្វើឲ្យប៉ះពាល់អ្នកសារព័ត៌មានរាប់ពាន់នាក់។ គេថារលាកតែជាមួយម្នាក់ទេ ប៉ុន្តែគេធ្វើឲ្យអ្នកសារព័ត៌មានទាំងអស់ គេធ្វើឲ្យម្នាក់ហ្នឹង គ្រួសារអ្នកហ្នឹង បងប្អូនអ្នកហ្នឹង ស្អប់លែងទុកចិត្តអ្នកសារព័ត៌មាន។ អញ្ចឹងត្រូវធានាសុចរិតភាពយើងម្នាក់ ដើម្បីការពារតម្លៃសារព័ត៌មានទាំងមូល …។
នេះគឺសុចរិតភាព ហើយព័ត៌មានព្យាយាមឲ្យបានសុក្រឹតភាពគ្រប់ជ្រុងជ្រោយ។ បើមានការឆកល្វែង សូមធ្វើការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវឡើងវិញ។ សូមកុំថា ខ្ញុំផ្សាយព័ត៌មានខុសហើយ តែព័ត៌មានខុសនោះ គឺមានមនុស្សមើលរាប់សែននាក់ ហើយបើខ្ញុំលុបព័ត៌មានហ្នឹង ខ្ញុំផ្សាយអាត្រូវ តិចគេអត់មើល។ សូមកុំគិតចំណេញអញ្ចឹង ហើយហ៊ានសុខចិត្តថាខុស ពេលដែលយើងដឹងថាខុស។ សូមហ៊ានទទួលខុសត្រូវ ទោះជាការផ្សាយខុស មានមនុស្សមើលរាប់សែនរាប់លាននាក់ក៏ដោយ។ ឥឡូវខ្ញុំដឹងថាព័ត៌មានហ្នឹងខុស នាំឲ្យមានការយល់ច្រឡំ សូមកែទៅឲ្យត្រូវវិញ ដើម្បីជាយុត្តិធម៌សម្រាប់បងប្អូនអ្នកទទួលព័ត៌មាន ដើម្បីបានព័ត៌មានពិត។ សូមឲ្យផ្តល់ព័ត៌មាននេះទៅអ្នកដែលយើងដាក់ចុះផ្សាយនេះ ឲ្យសុចរិត ឲ្យយុត្តិធម៌ដល់គាត់ ភាពស្អាតស្អំឲ្យគាត់ ភាពត្រឹមត្រូវឲ្យគាត់។
បើគាត់ខុសថាខុស បើគាត់ត្រូវថាត្រូវ។ សូមធ្វើបែបនេះ ទើបយើងប្រកាន់សុចរិតភាព។ សារព័ត៌មានជាអំណាចទី៤ គឺផ្តល់សិទ្ធិឲ្យប្រជាពលរដ្ឋក្នុងលទ្ធិប្រជាធិបតេយ្យ សិទ្ធិនូវការព័ត៌មានពិត នេះមួយ និងមួយទៀត ឲ្យបរទេសដែលគេឃើញ គេចង់ដឹងព័ត៌មានពីស្រុកខ្មែរ ដើម្បីគេមកធ្វើទេសចរណ៍ ឬមកវិនិយោគ ក៏ចូលទៅដល់ហ្នឹងដែរ។ ព័ត៌មានក៏ផ្តល់ឲ្យមករាជរដ្ឋាភិបាល ដើម្បីយើងដឹងរឿងដែរ។ បើព័ត៌មានហ្នឹងចាស់ ប្រាប់ថាវាចាស់ទៅ។ ល្ងាចមិញ ឃើញគេផ្សាយរឿងស្អីណា ប្រជាពលរដ្ឋប្រឆាំងជាមួយប៉ូលីស។ ឃើញភ្លាម ខ្ញុំបញ្ជូនឲ្យក្រុមការងារអ្នកច្បាប់ ដែលជាក្រុមអន្តរាគមន៍របស់ខ្ញុំ (ចេញទៅប្រមូលព័ត៌មាននិងសហការដោះស្រាយ)។ ឲ្យតែមានរឿង ខ្ញុំ screen shot បញ្ជូនទៅឲ្យខេត្ត ទៅឲ្យស្ថាប័ន ហើយបញ្ជូនឲ្យក្រុមអន្តរាគមន៍របស់ខ្ញុំ មើលដើម្បីរកដោះស្រាយ។
កន្លងទៅខ្ញុំបានទទួលព័ត៌មានច្រើនពីសារព័ត៌មានដែលលឿន ដែលខ្ញុំអាចចាត់វិធានការដោះស្រាយកិច្ចការជូនប្រជាពលរដ្ឋបានត្រឹមត្រូវ។ ក្រសួង ស្ថាប័នក៏ដូចគ្នា ជួនកាលការងារដោយអចេតនាវាឆកល្វែង វាមិនបានគ្រប់ យើងកែសម្រួលទាំងអស់គ្នា។ ដល់ពេលខ្ញុំយកព័ត៌មានហ្នឹងឲ្យស្រាវជ្រាវ ព័ត៌មាននេះតាំងពីឆ្នាំ ២០២០ ប៉ុន្តែគេយកមកផុសឡើងវិញដើម្បីធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំ។ រឿងនេះចប់ ៥ឆ្នាំរួចហើយ។ អញ្ចឹង បើបងប្អូនប្រកាន់សុចរិតភាព ព័ត៌មានចាស់ ប្រាប់ថាចាស់ទៅ កុំយកមកទាញ view ទាញ like ដើម្បីកេងចំណេញលើអ្វីមួយ។ នេះហើយគឺសុចរិតភាពនៃព័ត៌មាន សុចរិតភាពគឺជាកត្តាសំខាន់ នៅក្នុងការថែរក្សានៃតម្លៃនៃសារព័ត៌មាន ប្រព័ន្ធសារព័ត៌មានរបស់យើង នេះគឺសូមរួមគ្នាថែរក្សា នេះគឺជាកត្តាសំខាន់។
(១៤) ដឹងថាផ្សាយខុស តែកេងចំណេញ មិនព្រមកែ គឺគ្មានសុចរិតភាព និងត្រូវទទួលខុសត្រូវតាមច្បាប់
ថ្ងៃមុនខ្ញុំថាឲ្យ ប្អូន ម៉ិច តារា មកជួបខ្ញុំក្រោយបាយ។ ខ្ញុំស្គាល់ប្អូនហ្នឹងយូរហើយ។ កាលពីមុនដូចនៅ Cambodia daily ក្រោយមក Camboja អីហ្នឹង។ ខ្ញុំស្គាល់គាត់យូរហើយ។ គាត់ដើរលេងជិះម៉ូតូទៅដល់បាត់ដំបង តាំងពីមុនបោះឆ្នោតនោះ តាមគាត់ប្រាប់ខ្ញុំ។ គាត់ផ្សាយព័ត៌មានជាសិទ្ធិរបស់គាត់ ប៉ុន្ដែគាត់មានផ្សាយព័ត៌មានមួយដែលមិនពិត «រឿងការបំផ្លាញភ្នំឈើកាច់នៅបាភ្នំ»។ គាត់យករូបដែលគេវាយខ្ទេចភ្នំហ្នឹងមក(ផ្សាយ)។ ដល់បង្ហោះទៅមនុស្សរាប់សែន រាប់លាននាក់ (មើលឃើញ)រាប់ពាន់នាក់ចូលមកជេររដ្ឋាភិបាលថា «ម៉េចបានបំផ្លាញភ្នំហ្នឹង?»។ ខ្ញុំឆែកជាមួយចៅហ្វាយខេត្ត ព្រោះខ្ញុំមិនជឿ។ ខ្ញុំដឹងថាភ្នំហ្នឹងជាបេតិកភណ្ឌ។ ខ្ញុំឆែកជាមួយចៅហ្វាយខេត្ត គេបាញ់រូបមក។ ខ្ញុំឆែកជាមួយឯកឧត្តម នេត្រ ភក្ដ្រា គេបាញ់រូបមកភ្នំនៅទាំងមូល។ ប៉ុន្ដែ ដោយសារបាន VIEW ច្រើន គាត់មិនព្រមកែ។ ដល់ខ្ញុំជួប (ខ្ញុំសួរ)អាប្អូន ម៉េចបានមិនកែ(ផូស្ដ)? គាត់ថា ដំបូងគិតថាព័ត៌មានខុសហ្នឹង គាត់ដក។ ប៉ុន្ដែ (បន្ទាប់ពីដក)គាត់មិនបានផ្សាយកែទេ។ អញ្ចឹងគាត់រក្សាតំលៃផេករបស់គាត់គេមើលរាប់លាន(នាក់)។ ទាក់ទាញ ប៉ុន្ដែគាត់មិនព្រមកែ …។
ម្សិលមិញខ្ញុំឃើញទូរទស្សន៍ BBC របស់អង់គ្លេស។ អ្នកសារព័ត៌មានផ្សាយខុសតែមួយពាក្យទេ។ គាត់សុំទោស។ គាត់ផ្សាយ(ពី)ចំណាប់ខ្មាំងអ៊ីស្រាអ៊ែល ២នាក់ ដែលត្រូវគេដោះ(លែង ដោយ)មិនប្រើពាក្យថាចំណាប់ខ្មាំង ប៉ុន្ដែ (ប្រើ)ពាក្យអ្នកទោស។ អញ្ចឹងកាសែតផ្សាយសុំទោសភ្លាម ថាសុំទោសដែលសារព័ត៌មាន BCC ប្រើពាក្យខុស។ តាមពិតជាចំណាប់ខ្មាំង មិនមែនអ្នកទោស។ គេសុំទោសអ្នកមើល។ ប្រសិនបើសារព័ត៌មាន ដែលមានអាជីពកំរិតអន្ដរជាតិ ខុសតែមួយពាក្យ ធ្វើឲ្យ(អ្នកមើល)យល់ច្រលំ គេកែហើយ។ គេមិនល្អឥតខ្ចោះទេ ប៉ុន្ដែគេកែព្រោះគេមានសុចរិតភាព។ អញ្ចឹងសារព័ត៌មានណាក៏ដោយ បើខុសហើយមិនព្រមកែ ធ្វើឲ្យមនុស្សកាន់តែមានការយល់ច្រលំ ហើយការងារខ្លះវាមានការប៉ះពាល់ រសើប ជាពិសេសរឿងទឹកដី រឿងអីនេះធ្វើឲ្យប្រជាជនមានការក្ដៅក្រហាយ ខឹង មានរឿងតូច រឿងធំ។
រឿង(ដែល ម៉ិច តារា ផ្សាយខុសនិងមិនព្រមកែតម្រូវជា)រឿងធំ។ គាត់មិនព្រមកែ។ អញ្ចឹងរដ្ឋាភិបាលមាន(តែ) ដាក់ពាក្យបណ្ដឹង រហូតដល់មានការឃាត់ខ្លួន។ អញ្ចឹង រដ្ឋាភិបាលទទួលទោសមួយតង់ទៀត។ ខ្ញុំប្រាប់ថា អូនឯងវាយរដ្ឋាភិបាល ២ដំបង។ មួយដំបង ប្រើសិទ្ធិខ្លួនឯងជ្រកក្រោមផ្លាកអ្នកសារព័ត៌មានឯករាជ្យ ប៉ុន្ដែផ្សាយព័ត៌មានមិនពិត។ ដឹងខុសហើយមិនព្រមចេញផ្សាយ(កែត្រូវ)។ បន្ដទុកលើផេកខ្លួនឯង។ បើយើងខុសហើយ យើងផ្សាយច្រលំ យើងផ្សាយលើផេកខ្លួនឯងទៅថាខ្ញុំគ្មានបំណងទេ។ ខ្ញុំផ្សាយច្រលំ។ នេះហើយជាសុច្ចរិតភាព។ ប៉ុន្ដែបើដឹងខុសហើយចង់កេងចំណេញ មិនព្រមកែ បានន័យថាគ្មានសុចរិតភាព ត្រូវទទួលខុសត្រូវតាមច្បាប់។ ដល់យើងអនុវត្ដច្បាប់ គេថាយើងរំលោភសិទ្ធិអ្នកកាសែតមួយទៀត។
៦០០០ នាក់នៅទីនេះ ចូលមកមានសិទ្ធិចាប់ថើប ថតសែលហ្វីជាមួយខ្ញុំ អត់មានប្រកាន់។ អ្នកដែលប្រកាន់ជំហរ ក្រមសីលធម៌យើងអត់មានបិទសិទ្ធិទេ។ បងប្អូនកាន់តែរីកចំរើន រដ្ឋកាន់តែជួយថែមទៀត ប៉ុន្ដែ អ្នកធ្វើហួសព្រំដែន … អ្នកយកព័ត៌មានឲ្យបរទេស កាសែតបរទេស ឯករាជ្យមិនឯករាជ្យ … ប៉ុន្ដែក្នុងទង្វើជាបុគ្គលរបស់អ្នក កុំជ្រកក្រោមផ្លាកអ្នកសារព័ត៌មានឯករាជ្យ ធ្វើព័ត៌មានដែលមិនសុក្រឹត ដឹងថាខុសហើយមិនព្រមកែ គឺខ្វះសុចរិតភាព។ បើគ្មានសុចរិតភាព ត្រូវទទួលខុសត្រូវ ហើយកុំចោទថាយើងគ្មានការគោរពសិទ្ធិអ្នកសារព័ត៌មាន។ ឥលូវ AI មិនទាន់ដំណើរការ(ពេញលេញ)ផង មនុស្សលែងគោរពច្បាប់ គ្មានសុចរិតភាពហើយ ទម្រាំមាន AI ទៀត តើគ្រោះថ្នាក់យ៉ាងណា?
(១៥) រួមគ្នាការពារសុចរិតភាព សុក្រឹតភាព និងក្រមសីលធម៌ ថែរក្សាតំលៃអ្នកសារព័ត៌មាន និងប្រព័ន្ធសារព័ត៌មានកម្ពុជា
អញ្ចឹង ទោះបីមានបច្ចេកវិទ្យា AI មិនមាន AI គឺត្រូវទប់មនុស្ស។ ទប់មនុស្សដើម្បីអនុវត្ដតាមក្រមសីលធម៌ លិខិតបទដ្ឋាន និងតាមច្បាប់អនុញ្ញាត ដើម្បីការអនុវត្តសិទ្ធសេរីភាពរបស់ជនណាមួយ រំលោភសិទ្ធសេរីភាពអ្នកដទៃ ប៉ះពាល់ផលប្រយោជន៍ជាតិ ឬមួយផលប្រយោជន៍ប្រជាជន ឬអ្នកដទៃ។ នេះជាការទទួលខុសត្រូវ … ទោះបីឥលូវប្រើហ្វេសប៊ុក។ ថ្ងៃក្រោយប្រើ AI ក៏អត់មានបញ្ហាដែរ។ វាមិនមែន AI ទេ ដែលអាក្រក់ វាមិនមែនកាំភ្លើងទេដែលសំលាប់មនុស្ស (ប៉ុន្ដែ)វាជាមនុស្ស(ជាអ្នកធ្វើ)។ អញ្ចឹងហើយ ការអនុវត្ដច្បាប់សំរាប់អ្នកដើរហួសព្រំដែន ជាពិសេសអ្នកដែលគ្មានសុចរិតភាព ដឹងខុស(មិនកែ) ធ្វើឲ្យប៉ះពាល់ ចាំបាច់ត្រូវអនុវត្ដច្បាប់។
សូមបងប្អូន កុំបំពានទៅលើសិទ្ធិសេរីភាព និងគោរពគ្នាទៅវិញទៅមក។ បើអ្នកសារព័ត៌មានផ្សេងទៀត វាយប្រហារស្ថាប័នព័ត៌មានរបស់យើងដោយឥតហេតុផល ចោទថាយើងធ្វើនេះធ្វើនោះដោយយើងមិនដឹង តើយើងសុខចិត្តទេ? តើយើងត្រូវវាយតបទៅវិញទេ? បើអត់មានច្បាប់ហាមអ្នកនោះមិនឲ្យធ្វើ បានន័យថាទៅជាអណាធិបតេយ្យ វាយគ្នាទៅវិញទៅមក។ អ្នកណាភរបានពីរោះជាង។ ហ្នឹងលែងមានក្រមសីលធម៌ហើយមែនទេ។ អញ្ចឹងដើម្បីឲ្យបន្ទាត់/ក្រមនេះគ្រប់ ត្រូវមានការទទួលខុសត្រូវនិងមានព្រំដែន និងការទទួលខុសត្រូវដោយសុចរិតភាព។ ប្រដាល់សេរីក៏មានច្បាប់ដែរ។ នៅក្នុងប្រដាល់សេរីហ្នឹង អ្នកឯងវាយដោយប្រើដៃជើងអីប្រើចុះ ប៉ុន្ដែកុំវាយចេញក្រៅសង្វៀន។ ប្រើកៅអី ដំបងអីវាយ។ ក្រៅពីហ្នឹងប្រើក្បាច់អីប្រើចុះ នេះហើយជាសិទ្ធិសេរីភាពក្នុងការប្រកួត។ នៅក្នុងលំហព័ត៌មានដូចគ្នា។ យើងប្រកួតយកព័ត៌មានពិតប្រាកដប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវជូនបងប្អូនប្រជាពលរដ្ឋរបស់យើង។ អញ្ចឹង សូមបងប្អូនជួយជំរុញ និងថែរក្សាការងារនេះបន្ដទៅទៀត ដើម្បីយើងរួមគ្នារស់ក្នុងសង្គមមួយ…។
រដ្ឋគ្មានហេតុផលក្នុងការបិទសិទ្ធិ(ផ្សាយ)ទេ។ គេថាសម័យឥលូវប្រជាធិបតេយ្យ (តែ)ឲ្យតែរិះគន់ខុស។ អត់ទេ។ សារព័ត៌មានដែលផ្សព្វផ្សាយរឿងអវិជ្ជមាន ខ្ញុំ SCREENSHOT ឲ្យទៅរកនិងដោះស្រាយ។ បងប្អូនដែលមានសុក្រឹតភាព ផ្សាយខុសកែឡើងវិញ អត់មានអ្នកណាហាមឃាត់ទេ។ ខ្ញុំលើកទឹកចិត្តឲ្យបងប្អូនផ្សាយនូវកង្វះខាតនៃការអនុវត្ដតួនាទីរបស់របស់រាជរដ្ឋាភិបាល ដើម្បីឲ្យយើងដឹង(និង)បានដោះស្រាយទាន់ពេល។ ប៉ុន្ដែ បើបងប្អូនគិតថាវាជាសិទ្ធិសេរីភាពរបស់បងប្អូន តាមរយៈការចេញមកជេរ មួលបង្កាច់ បង្កើតព័ត៌មានដោយមិនទទួលខុសត្រូវ គ្មានសុចរិតភាព វាយ(ប្រហារ)អ្នកនេះ ចោទអ្នកនោះ មិនមែនចោទតែខ្ញុំឬអ្នកនយោបាយទេ (ឲ្យ)តែចោទបង្កាច់បង្ខូច អ្នកណាក៏គេមានសិទ្ធិក្នុងការការពារខ្លួនដែរ។ អញ្ចឹង(យើងត្រូវ)រួមគ្នាការពារសុចរិតភាព សុក្រឹតភាព និងក្រមសីលធម៌ ដោយអនុវត្ដត្រឹមត្រូវក្នុងការប្រើប្រាស់សិទ្ធិ ក្រមសីលធម៌ និងវប្បធម៌ … នេះជាអ្វីដែលអ្នកសារព័ត៌មានអាចជួយបានក្នុងការថែរក្សាតំលៃអ្នកសារព័ត៌មាន និងប្រព័ន្ធសារព័ត៌មានកម្ពុជា …។
(១៦) ការទទួលខុសត្រូវ គឺអ្នកសារព័ត៌មានផ្សាយខ្លឹមសារមិនប៉ះពាល់ផលប្រយោជន៍ជាតិ សង្គម និងបុគ្គល
ចំណុចទី៣ គឺការទទួលខុសត្រូវ។ ពេលខ្លះយើងត្រូវគិត ទោះបីជាព័ត៌មាននោះពិតក៏ដោយ ប៉ុន្ដែត្រូវគិតផង ថា តើឥទ្ធិពលនៃព័ត៌មានដែលយើងផ្សាយនេះ វាប៉ះពាល់ដល់សង្គមជាតិ ឬប៉ះពាល់ដល់អ្នកដទៃឬទេ? ខ្ញុំបាននិយាយអម្បាញ់មិញ ឧទាហរណ៍ថា រឿងមួយ បុរសម្នាក់គាត់ធ្វើខុសច្បាប់។ គាត់លួច។ គេចាប់បាន។ អញ្ចឹង ត្រឹមគាត់បានហើយ កុំទៅយកព័ត៌មានដល់ប្រពន្ធគាត់កូនគាត់នៅផ្ទះអី។ កាលពីមុនមានអ្នកចង់មើលប្រវត្ដិ។ ហ្នឹងវាជ្រុល(ហួស)ព្រំដែន។ បានន័យថាម៉េច? យើងធ្វើចង់ផ្សាយការពិត ស្រាវជ្រាវព័ត៌មានបន្ថែម តើយើងធ្វើនេះប៉ះពាល់ដល់(សិទ្ធិ និងកិត្តិយស) ប្រពន្ធកូន (ជនសង្ស័យ)ទេ? ឪពុក រឿងខូចរឿងគាត់ធ្វើខុសច្បាប់ជារឿងគាត់។ តែកូនទៅរៀន កុំឱ្យគេស្គាល់។ (គួរប្រើរូប blur លើជនសង្ស័យ)។ ពីមុនថាអត់ដឹងថា ជាឪពុក។ ឥឡូវដឹងថាជាឪពុក(ខ្លួន គាត់)ខ្មាស់គេ រឿងបែបនេះ។ ពេលដែលបុកស្លាប់ ឥឡូវបងប្អូនយើងក៏(មានសុជីវធម៌និងវិជ្ជាជីវៈ)។ កាលមុន (អ្នកសារព័ត៌មាន)យើងទៅថតស្ដែងៗ មុខកំពុងយំកំពុងអី។
ឥឡូវបងប្អូនយើងកាត់បន្ថយ យកព័ត៌មាន តែមិនថតរូបអ្នកដែលកំពុងកើតទុក្ខទេ។ វាជាសោកនាដកម្ម។ មនុស្សហ្នឹងឱ្យតែឃើញរូបបង្ហោះនៅតាមហ្វេសប៊ុក រាល់ឆ្នាំក្រោយ(នឹង)ឃើញភាពឈឺចាប់។ ខ្ញុំឃើញបងប្អូនច្រើន ពេលទៅថត ជួនកាលដាក់រូប blur អត់ឱ្យឃើញ។ ខ្ញុំអរគុណ។ នេះគឺជាការគិតគូរពីការទទួលខុសត្រូវ មិនត្រឹមតែចង់បាន views និង like ខ្លួនយើងទេ។ បើយើងថតឃើញឈាមឃើញអី ប្រហែលជាមនុស្សមើលច្រើន ប៉ុន្តែយើងមិនត្រូវធ្វើបែបនេះ។ បើយើងទៅស្រាវជ្រាវឃើញមុខកូនស្អីៗ អាចគេចាប់អារម្មណ៍ ព្រោះអ្នកផ្សេងគេថតរូបឪពុកហើយតែវាប៉ះពាល់។ តែយើង(ត្រូវ)គោរពសិទ្ធិអ្នកដទៃបែបនេះ នេះហើយគឺការទទួលខុសត្រូវនៃការផ្សព្វផ្សាយ ដែលធ្វើឱ្យអ្នកសារព័ត៌មានបានការគោរពទាំងអស់គ្នា។
រឿងខ្លះទៀតជាទំនាស់បុគ្គល។ រឿងនេះ ខ្ញុំធ្លាប់លើកហើយ។ បើទំនាស់បុគ្គល ទុកឱ្យបុគ្គល(ដោះស្រាយគ្នា)គាត់ចប់ហើយ។ គាត់ជជែកគ្នាចប់។ ប៉ុន្តែតែងតែមានបងប្អូន(អ្នកសារព័ត៌មាន)មួយចំនួន ខ្ញុំមិនថាអ្នកណាៗនោះទេ ឱ្យតែឃើញប្រធានបទហ្នឹងក្ដៅ តែងតែទៅយកព័ត៌មានបន្ថែម។ អញ្ចឹងរឿងហ្នឹង វា(ត្រូវ)ចប់ ២ម៉ោង ឬមួយថ្ងៃហ្នឹង ក៏(ត្រូវ)អូសបន្លាយ(ទៅដល់) ៣ថ្ងៃ។ ៣ថ្ងៃ វាបង្កើតរឿងរវាងភាគីទាំងពីរ។ ដំបូងមនុស្សមិនសូវស្គាល់ទេ។ ដល់ឥឡូវបង្កើតរឿង។ ដល់បង្កើតរឿងអ្នកមើលក៏ច្រើន រឿងកាន់តែពិរោះ រឿងកាន់តែល្អ ចាប់ផ្ដើមមើលច្រើន។ ដល់(អ្នក)មើលកាន់ជើង(ភាគីទំនាស់)រៀងៗខ្លួន។ (កាន់ជើង)រៀងៗខ្លួន គឺចាប់ផ្ដើមយកភាគីម្ខាងទៀតជាសត្រូវ គឺចាប់ផ្ដើមវាយប្រហារអ្នកផ្សេង។
អញ្ចឹងការធ្វើបែបនេះ យើងបាន views និង like ប៉ុន្តែអ្នកដែលឈ្លោះគ្នា (ដែល)មិនដែលស្គាល់គ្នាសោះ ទាស់សំដីគ្នាតែរឿងលុយ ១០០០ រៀលសោះ ឥឡូវក្លាយទៅជាការស្អប់នៃអ្នកតាម fan ភាគីនៅតាមបណ្ដាញសង្គម ដែលគេ(នឹងចងចាំ)រាប់សិបឆ្នាំ។ កូនទៅរៀន ស្គាល់ទាំងមុខស្គាល់ទាំងអីទៀត។ មិនមែនតែអ្នកសារព័ត៌មានទេ បងប្អូនប្រជាពលរដ្ឋយើងក៏ជាអ្នកសារព័ត៌មានម្នាក់។ អ្នកលក់ផលិតផលក៏មានសារព័ត៌មានដែរ។ ខ្ញុំសូមឱ្យផលិត content របស់ខ្លួនឱ្យបានច្រើន។ តែ content ណាដែលប៉ះពាល់ទៅដល់អ្នកដទៃ ប៉ះពាល់ទៅដល់តម្លៃសង្គម សូមកុំផ្សព្វផ្សាយ (កុំផ្សាយ)ច្រើនពេក ដើម្បីថែរក្សានូវមុខមាត់ប្រទេស ឬមួយក៏មុខមាត់អ្នកដទៃ នេះគឺជាការផ្សព្វផ្សាយដោយទទួលខុសត្រូវ។ រឿងចោរឆក់កាបូប ដែលខ្ញុំថា ឥឡូវនៅ walk street មនុស្សរាប់ពាន់នាក់រាប់ម៉ឺននាក់ទៅអត់មានអី (ដល់មាន)ចោរឆក់មួយ សូមកុំផ្សាយហើយផ្សាយទៀត។ (កុំផ្សាយ)ច្រើនពេក។ យើងផ្សាយចុះ មិនមែន(ហាមមិនឱ្យ)ផ្សាយទេ ដើម្បីឱ្យចាត់វិធានការ ឱ្យអ្នកផ្សេងបានភ្ញាក់រលឹក ប្រយ័ត្ន ប៉ុន្តែសូមឱ្យផ្សាយវិជ្ជមានឱ្យច្រើនផង …។
(១៧) បងប្អូនអ្នកសារព័ត៌មានអាចចូលរួមក្នុងការទាក់ទាញវិនិយោគនិងទេសចរ
ថ្ងៃមុន ខ្ញុំថារដ្ឋាភិបាលទទួលខុសត្រូវក្នុងការទាក់ទាញវិនិយោគនិងទេសចរ។នេះមិនមែនជាកាតព្វកិច្ច ឬសិទ្ធិផ្ដាច់មុខរបស់រាជរដ្ឋាភិបាលទេ។ អ្នកណាក៏មានសិទ្ធិធ្វើ អ្នកណាក៏មានសិទ្ធិទាក់ទាញទេសចរ និងវិនិយោគ តាមការផ្សព្វផ្សាយនូវអ្វីដែលវិជ្ជមានល្អ សម្រាប់កម្ពុជាផងដែរ រួមទាំងបងប្អូនអ្នកសារព័ត៌មានផង។ គេថា ទាល់តែ(អ្នក)ធ្វើនយោបាយ អ្នករដ្ឋាភិបាល បានមាន(សិទ្ធិ)។ មិនដូច្នោះទេ។ អ្នកសារព័ត៌មាន(ក៏មានសិទ្ធិ)។ ឧទាហរណ៍ ផ្សព្វផ្សាយល្អ ផ្សព្វផ្សាយពីកម្ពុជា ទេសចរមក កុំបើផ្សព្វផ្សាយតែវាយប្រហារ តិចៗឃើញតែ(ផ្សាយរឿងចោរប្លន់ចោរឆក់)។
បងប្អូនសារព័ត៌មានខ្លះធ្វើសម្ភាសអ្នកសារព័ត៌មានជាភាសាចិន ភាសាអង់គ្លេស សម្ភាសអ្នកវិនិយោគនៅក្នុងស្រុក ផ្សព្វផ្សាយ(ផលវិជ្ជមាន)ឱ្យទៅអ្នកវិនិយោគនៅក្រៅប្រទេសហ្នឹងគឺជាការចូលរួម។ មិនមែនជាកាតព្វកិច្ចផ្ដាច់មុខ ឬសិទ្ធិផ្ដាច់មុខរបស់រដ្ឋាភិបាលទេ ហើយសុំបន្តជួយទៅលើកិច្ចការនេះ។ ខ្ញុំឃើញអ្នកសារព័ត៌មានយើងសម្ភាស(មាន)៖ BTV CTN ព័ត៌មានអនឡាញនានា ខ្លះដាក់ជា podcasts ជា influencer យកព័ត៌មានពីប្រាសាទបាគង យកព័ត៌មានពីផែ ឬមួយកន្លែងផែនេសាទនៅកែប នៅច្រកល្អៀង នេះជាការផ្សព្វផ្សាយទាញអ្នកវិនិយោគ ទាញទេសចរបន្ថែម ហើយជាសិទ្ធិទាំងអស់គ្នា។
សូម្បីតែនៅក្នុងអង្គការនីតិប្បញ្ញត្តិ អ្នកខ្លះថាមិនមែនជាសមាជិកជាកាតព្វកិច្ចរបស់សមាជិកសភាទេ។ សូមនិយាយឱ្យច្បាស់។ កាតព្វកិច្ចរបស់ពលរដ្ឋម្នាក់ៗ មានចែងនៅក្នុងច្បាប់ ចែងនៅក្នុងតួនាទីភារកិច្ច បូកជាមួយនឹងកាតព្វកិច្ចជាពលរដ្ឋ។ មានអ្នកណាដាក់ថា តួនាទីភារកិច្ចរបស់អ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយទាញវិនិយោគ។ អត់ទេ។ ប៉ុន្តែបងប្អូនមានសិទ្ធិនៅក្នុងការទាក់ទាញវិនិយោគ ឬមួយផ្សព្វផ្សាយល្អអំពីវិនិយោគនៅស្រុកខ្មែរ ទាញនូវផលវិជ្ជមាន ទាក់ទងវិនិយោគនៅស្រុកខ្មែរ ដើម្បីឱ្យគេមកទៀត។ មែនអត់? … ហើយបងប្អូនអ្នកសារព័ត៌មានបានធ្វើរួចទៅហើយ។
ខ្ញុំជួបជាមួយនឹងសមាជិកសភាមកពីជប៉ុន មកពីប្រទេសផ្សេង ក៏គេនិយាយអំពីរឿងវិនិយោគ។ ស្ថាប័ននីតិប្បញ្ញត្តិ ក៏មានតួនាទីក្នុងការជួយគាំទ្រ ធ្វើច្បាប់គាំទ្រទៅដល់ស្ថាប័ននីតិប្រតិបត្តិដែរ ហើយក៏គាំទ្រដល់ការវិនិយោគមួយចំនួន។ អញ្ចឹងសារសំឡេងបែបនេះគ្មានអ្នកណាហាមឃាត់មិនឱ្យប្រជាពលរដ្ឋ អ្នកនយោបាយ មិនថាសមាជិកសភា សមាជិករដ្ឋាភិបាល ព្រឹទ្ធសភា អង្គការក្រៅរដ្ឋាភិបាល ក្នុងនាមជាបុគ្គលក្ដី ក្នុងនាមជាអី(ក៏ដោយ) មិន(ហាមមិន)ឱ្យផ្សព្វផ្សាយទាក់ទាញវិនិយោគ ឬទាក់ទាញទេសចរមកកម្ពុជាទេ។ គឺជាសិទ្ធិ ជាកាតព្វកិច្ចរបស់ប្រជាជនខ្មែរទាំងអស់គ្នា នេះជាការពិត ហើយអ្នកសារព័ត៌មាន ក៏ដើរតួនាទីសំខាន់។
ប្អូនៗ Influencer អ្នកសារព័ត៌មានដែលចូលមកជួយផ្សព្វផ្សាយ សូមកុំខ្លាចថាផ្សាយល្អៗមិនសូវគេមើល កុំខ្លាច។ មានប្អូនម្នាក់ធ្វើខ្លឹមសារ មានមនុស្សមើលគាត់ច្រើន។ ប៉ុន្តែពីមុន រាល់សាររបស់គាត់ច្រើនតែដាក់ពាក្យពេចន៍ទាក់ទាញ ដូចរឿងខ្លាចបាត់(ទឹកដី) ខ្លាចអីអញ្ចឹងទៅ។ គេថា ពាក្យគន្លឹះៗ ឱ្យគេចាប់អារម្មណ៍ ព្រោះរឿងទឹកដី។ ដល់ពេលក្រោយមក គាត់ផ្សាយដោយមិនចាំបាច់រឿងហ្នឹងទេ។ គាត់ផ្សាយសារអំពីការអប់រំដោយសុក្រឹត មិនចាំបាច់ខ្លាចអ្នកណាមករក(លួច)ទឹកដីយើងទៀតទេ។ គិតតែពីខំពង្រឹងខ្លួនយើងឱ្យកាន់តែរឹងមាំ គ្មានអ្នកណាមកយកទេ។ សារបែបនេះ គាត់មានការគាំទ្រកាន់តែខ្លាំង ដើម្បីបង្កើននូវភាពជឿជាក់លើខ្មែរ ជឿទុកចិត្តខ្លួនឯង ទស្សនៈវិជ្ជមានលើសមត្ថភាពខ្លួនឯង ទស្សនៈសមត្ថភាពទៅលើអ្វីដែលជាតិយើងមាន។
(១៨) អ្នកសារព័ត៌មានខំពង្រឹងសមត្ថភាពយកព័ត៌មាន សរសេរខ្លឹមសារ ប្រើប្រាស់ប្រព័ន្ធព័ត៌មានថ្មី គិតទាំងAI ដើម្បីឲ្យកាន់តែទំនើប លឿន ឆ្លើយតបទៅតម្រូវការប្រជាពលរដ្ឋ
នេះហើយជាការស្នេហាជាតិ និងការចូលរួមអភិវឌ្ឍន៍ជាតិ ដោយទស្សនៈវិជ្ជមានមួយ ដែលមិនចាំបាច់ទាល់តែបន្លាចថាបាត់នេះបាត់នោះ បានយើងរួមគ្នាទេ។ យើងត្រូវគិតគូរអំពីការពង្រឹងខ្លួនឯង។ កុំខ្លាចព័ត៌មានប្រទេសគេល្អជាងយើង។ កុំអង្គុយឈឺក្បាលថាគេធ្វើអី។ គេធ្វើរឿងរបស់គេ … អ្វីដែលសំខាន់ យើងត្រូវដាក់ទិសដៅពង្រឹងខ្លួនយើង។ យើងយកចំណុចវិជ្ជមាន ស្ដង់ដាពិភពលោកមួយចំនួនដែលទំនើប ជាម៉ែត្រសម្រាប់វាស់ ដើម្បីយើងពង្រឹងខ្លួនយើង។ ប៉ុន្តែ ទិសដៅសំខាន់ គឺត្រូវពង្រឹងប្រព័ន្ធសារព័ត៌មានរបស់ខ្មែរ ដើម្បីប្រទេសខ្មែរ មិនមែនពង្រឹងសារព័ត៌មានខ្មែរដើម្បីប្រទេសណានោះទេ។ យើងត្រូវមានមោទនភាពខ្លួនឯង ពង្រឹងខ្លួនឯង ពង្រឹងជាតិយើង។ គ្មានអ្នកណាស្រលាញ់ខ្មែរជាងខ្មែរទេ ហើយគ្មានអ្នកណាជួយលើកស្ទួយសារព័ត៌មានខ្មែរជាងកូនខ្មែរ រដ្ឋាភិបាលខ្មែរ និងសារព័ត៌មានខ្មែរនោះទេ។
គេប្រាប់ថា និយាយត្រឹមបាយឆ្អិន។ បាយឆ្អិនម៉ោង៧ … សូមបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ជាមួយក្រសួងព័ត៌មាន ជាមួយអង្គការវិជ្ជាជីវៈ ជាមួយអ្នកសារព័ត៌មានទាំងអស់ដើម្បីខិតខំពង្រឹងនូវសមត្ថភាពរបស់យើង។ ពង្រឹងសមត្ថភាព មិនត្រឹមតែសមត្ថភាពយកព័ត៌មាន សរសេរខ្លឹមសារនោះទេ ប៉ុន្តែសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យា ប្រើប្រាស់នូវប្រព័ន្ធព័ត៌មានថ្មីទៅមុខ អាចទាំង AI បន្ថែមទៀត ដើម្បីធានាយ៉ាងណាឲ្យសារព័ត៌មានកាន់តែទំនើប កាន់តែដើរលឿន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលជាប្រជាពលរដ្ឋទំនើប ប្រជាពលរដ្ឋស៊ីវីល័យកាន់តែរឹងមាំ។ តម្រូវការរបស់ប្រជាពលរដ្ឋកាន់តែទាមទារព័ត៌មានលឿន ព័ត៌មានសុក្រឹត ព័ត៌មានច្បាស់លាស់ ព័ត៌មានដែលទទួលខុសត្រូវគ្រប់ជ្រុងជ្រោយ។ អញ្ចឹងសូមបន្តពង្រឹង ហើយសូមក្រសួងព័ត៌មាន និងគ្រប់ស្ថាប័នទាំងអស់សូមបន្តជួយជ្រោមជ្រែង រដ្ឋបាលរាជធានីខេត្តរបស់យើង បន្តជួយគាំទ្រ ពង្រឹងប្រព័ន្ធសារព័ត៌មានរបស់យើងឲ្យកាន់តែរឹងមាំ។
[ចប់សេចក្តីអធិប្បាយ ២]
ចំណុចមួយចំនួនដែល ខ្ញុំសូមគូសបញ្ជាក់ ៖
ទី១.បន្តលើកកម្ពស់គុណភាព និងប្រសិទ្ធភាពព័ត៌មាន និង ប្រព័ន្ធផ្សព្វផ្សាយ តាមរយៈការផ្តល់ និងការបង្កើនលទ្ធភាពទទួលព័ត៌មាន ឱ្យបានទូលំទូលាយ និង ច្បាស់លាស់ ដោយត្រូវប្រើប្រាស់នូវវិធានការគតិយុត្ត និង វិធានការបច្ចេកទេស ។ ក្នុងន័យនេះ ក្រសួងព័ត៌មានត្រូវពិនិត្យឡើងវិញនូវច្បាប់ស្តីពីរបបសារព័ត៌មាន ព្រមទាំងសិក្សារៀបចំ ច្បាប់ស្តីពីសោតទស្សន៍ គោលនយោបាយអភិវឌ្ឍទូរទស្សន៍ឌីជីថលកម្ពុជា និង គោលនយោបាយអភិវឌ្ឍធនធានមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ។ ទន្ទឹមនេះ សូមបន្តតាមដាន និងវាយតម្លៃស្ថានភាពសេរីភាពសារព័ត៌មាន ដោយត្រូវរៀបចំរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មានកម្ពុជា ប្រចាំឆ្នាំ ២០២៥ និងឆ្នាំបន្តបន្ទាប់ ។
ទី២. បន្តពង្រឹងការអនុវត្តច្បាប់ និង ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដើម្បីរក្សាសណ្តាប់ធ្នាប់ស្ថាប័នសារព័ត៌មាន និង ធានាបាននូវសន្តិសុខព័ត៌មាន ។ ក្នុងន័យនេះ ក្រសួងព័ត៌មានត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សារៀបចំច្បាប់ស្តីពីការប្រឆាំងព័ត៌មានក្លែងក្លាយ ព្រមទាំង បន្តតាមដាន វាយតម្លៃ និងឆ្លើយតបឱ្យទាន់ពេល ចំពោះព័ត៌មានបំភ្លៃការពិត និងព័ត៌មានក្លែងក្លាយ ។ ទន្ទឹមនេះ សូមបន្តតាមដាន ត្រួតពិនិត្យ និង មានវិធានការផ្លូវច្បាប់ចំពោះជនខិលខូចមួយចំនួន ជ្រកក្រោមស្លាកសារព័ត៌មាន ប្រព្រឹត្តបទកំហែងយក ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានអាជីព ។
ទី៣. បន្តពង្រីកធនធានមនុស្ស និង ពង្រឹងមូលធនមនុស្ស ក្នុងវិស័យព័ត៌មាន និង សោតទស្សន៍ ដោយក្រសួងព័ត៌មានត្រូវយកចិត្តទុកដាក់ខ្ពស់លើ ការបណ្តុះបណ្តាល ការកសាងកម្លាំងបន្តវេន និងការបង្កើនសមត្ថភាពស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន ទាំងលើការងារគ្រប់គ្រង និងការងារបច្ចេកទេស ។
ទី៤. ជំរុញការអនុវត្តច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា ដើម្បីការពារមាតិការបស់ទូរទស្សន៍ និងអនុញ្ញាតជាគោលការណ៍ដល់ក្រសួងព័ត៌មាន ឱ្យសហការជាមួយក្រសួងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ សិក្សាពីលទ្ធភាពរៀបចំលិខិតបទដ្ឋានគតិយុត្ត ដើម្បីគ្រប់គ្រងខ្លឹមសារ និង ការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ក្នុងគោលបំណងផ្តល់លទ្ធភាពដល់ប្រព័ន្ធផ្សព្វផ្សាយ និង អ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាន និង សោតទស្សន៍ក្នុងស្រុក អាចទាញផលប្រយោជន៍ ពីការផ្សាយពាណិជ្ជកម្ម ។
ទី៥. ជំរុញអង្គភាពសារព័ត៌មានអនឡាញទាំងអស់ប្រើប្រាស់ Domain Name «.kh» ដើម្បីបង្កើនប្រសិទ្ធភាពលើការគ្រប់គ្រងខ្លឹមសារ និង មាតិកា ការរក្សាទុកទិន្នន័យវិវាទ ការគ្រប់គ្រងព័ត៌មានពាក់ព័ន្ធនឹងសន្ដិសុខជាតិ ការរៀបចំសណ្តាប់ធ្នាប់ស្ថាប័នសារព័ត៌មាន និងការលើកកម្ពស់អត្តសញ្ញាណជាតិយើង ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ ៣]
(១៩) អង្គភាពសារព័ត៌មានអនឡាញប្រើប្រាស់ Domain Name «.kh» និងឯកភាពគិតគូរដូរពីប្រព័ន្ធ analogue ទៅ digital
នៅក្នុងរបាយការណ៍របស់ឯកឧត្តម នេត្រ ភក្រ្តា ក៏មានសំណើសុំលើកលែងថ្លៃសេវា ២ឆ្នាំ ដែលក្នុងមួយឆ្នាំ មានតម្លៃ ៣០ដុល្លារ។ កន្លងទៅ យើងប្រើ Domain បរទេសដូចបង់ដែរ។ កន្លែងខ្លះដូច ៦០ដុល្លារ/ឆ្នាំ។ អញ្ចឹងប្រើប្រាស់ Domain នៅកម្ពុជា ដាក់ KH យើងអាចសន្សំថវិកា។ ឥឡូវអញ្ចេះ ឯកភាពតាមសំណើ លើកលែងថ្លៃសេវា។ នៅ ៦ខែទៀតបានដល់ឆ្នាំ២០២៦-២៧ មកសុំឆ្នាំ ២០២៦-២៧ បានន័យថាឆ្នាំ២០២៥ នេះបង ឬយ៉ាងណា? អញ្ចឹងសូមឲ្យគិតគូរពីពេលនេះតែម្តងទៅ។ ថែមពាក់កណ្តាលទៀតក៏មិនអីដែរ។ អញ្ចឹង ២ឆ្នាំ ដែលបងប្អូនប្តូរមក Domain KH នេះជាមួយនឹងក្រសួងប្រៃសណីយ៍ មិនចាំបាច់បង់ថ្លៃនោះទេ សម្រាប់ស្ថាប័នអង្គភាពសារព័ត៌មានខ្នាតតូចៗ ដែលមានការលំបាក។
សូមលើកទឹកចិត្តថា យើងជំរុញការប្រើប្រាស់លុយខ្មែរឲ្យច្រើន។ បើកបៀវត្សលុយខ្មែរឲ្យច្រើន។ យើងមិនបិទសិទ្ធិសេរីភាពទេ ប៉ុន្តែលើកទឹកចិត្តចូលរួម បានន័យថាបើខ្មែរមិនប្រើប្រាស់របស់ខ្មែរ មានអ្នកណាប្រើទៀត។ អញ្ចឹង Domain របស់យើង សូមនាំគ្នាប្រើឲ្យច្រើន ដើម្បីយើងអាចធ្វើបាន។ ថ្ងៃក្រោយសារព័ត៌មានរបស់យើង ឲ្យតែឃើញ KH គឺកម្ពុជាទៅហើយ។ យើងទៅស្រុកគេ សារព័ត៌មានស្រុកគេសុទ្ធតែមាន Domain ស្រុកគេ។ ភាគច្រើន។ ហ្នឹងសូមលើកទឹកចិត្ត ហើយបើមកទាន់ ២ឆ្នាំនេះ free ជូនទៀត។
ចំពោះការសុំនូវគោលការណ៍ផ្សេងៗ ក្នុងចរិកជាគោលនយោបាយ ខ្ញុំសុំឲ្យ ឯកឧត្តម នេត្រ ភក្ត្រា ធ្វើសំណើផ្លូវការមកដើម្បីយើងពិនិត្យចារតែម្តង។
ទាល់តែមានចំណាររបស់ខ្ញុំ ទើបចេញ សជណ បាន ហើយបើសិនជាខ្ញុំត្រឹមឆ្លើយតបតែប៉ុណ្ណេះ អត់មាន សជណ ទេ។ ខ្ញុំប្រកាសអម្បាញ់មិញ ក្រសួងប្រៃសណីយ៍ក៏ដាក់សំណើផ្លូវការដែរ ព្រោះបើខ្ញុំផ្សាយតាមរលកធាតុអាកាស។ តិចប្រៃសណីយ៍ឲ្យតាមរលកធាតុអាកាសដែរ។ អញ្ចឹងជាគោលការណ៍ ខ្ញុំឯកភាពទៅលើការគិតគូររឿង analogue និងdigital អីនេះ។ សូមឲ្យគិតគូរឲ្យគ្រប់ជ្រុងជ្រោយ ហើយដាក់មក។ ចៀសមិនផុតទេ។ យើងមិនអាចនៅប្រើប្រាស់ប្រព័ន្ធនេះរហូតទេ នៅពេលដែលគេឆានដល់ 5G អីទៅហើយ។ គ្រាន់តែពេលវេលា លទ្ធភាពកែសម្រួលរបស់ស្ថានីយមួយចំនួន អាហ្នឹងត្រូវតែប្រែប្រួលតាមហ្នឹង អញ្ចឹងការគិតគូរក្របខណ្ឌ ក៏យើងត្រូវដាក់ចេញ។
[ចប់សេចក្តីអធិប្បាយ ៣]
មុនបញ្ចប់, ជាថ្មីម្តងទៀត, ខ្ញុំសូមជំរុញលើកទឹកចិត្តឱ្យស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន ត្រូវគោរពក្រមសីលធម៌ និង វិជ្ជាជីវៈសារព័ត៌មាន និងផ្សព្វផ្សាយតែព័ត៌មានពិត មិនលម្អៀង ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីរបបសារព័ត៌មាន និងលិខិតបទដ្ឋានគតិយុត្តដទៃទៀតជាធរមាន ។ ជាមួយនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួងព័ត៌មាន និង ការរួមចំណែករបស់ ស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មាន ដែលបាននិងកំពុងបំពេញតួនាទីជាភ្នែក ជាត្រចៀករបស់រាជរដ្ឋាភិបាល ប្រកបដោយសា្មរតីបុរេសកម្ម សកម្ម និងអន្តរសកម្ម ជាធ្លុងមួយស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ។
ជាទីបញ្ចប់, ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ, លោក លោកស្រី, ភ្ញៀវកិត្តិយស ព្រមទាំងបងប្អូនអ្នកសារព័ត៌មាន សូមបានប្រកបដោយពុទ្ធពរ និង ពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាត។ សូមអរគុណ៕