ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល;
គណៈធិបតី ភ្ញៀវកិត្តិយស តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា
មន្រ្តីរាជការ បុគ្គលិក កម្មករ កម្មការិនីនៅទីនេះ ក៏ដូចជាកម្មករ កម្មការិនីទាំងអស់នៅទូទាំងប្រទេស
និងជនរួមជាតិជាទីមេត្រី
ថ្ងៃនេះ ខ្ញុំមានសេចក្ដីរីករាយ ដោយបានចូលរួមក្នុង «ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ, បុគ្គលិក, កម្មករនិយោជិត នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាស អបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥». ហើយខ្ញុំក៏សូមយកឱកាសនេះ ចូលរួមអបអរសាទរចំពោះបងប្អូនកម្មករ និយោជិត និង និយោជក នៅទូទាំងប្រទេស ក្នុង ឱកាសទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ ២០២៥ នេះផងដែរ ។
ជារៀងរាល់ឆ្នាំ, បងប្អូនមន្ត្រីរាជការ, បុគ្គលិក, កម្មករនិយោជិតនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ តែងតែបានជួបជុំគ្នាដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិនេះ ហើយការប្រារព្ធពិធីអបអរនៅទីនេះ គឺពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ ហើយក៏ជាឱកាសដ៏ល្អ សម្រាប់ការមកចូលរួមជួបជុំរីករាយ និងការចូលរួមលើកទឹកចិត្តដល់បងប្អូនមន្ត្រីរាជការ, បុគ្គលិក, កម្មករនិយោជិតនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាអង្គភាពសហគ្រាសសាធារណៈមួយ ក្នុងចំណោមអង្គភាពទំាងឡាយ ដែលមានស្នាដៃខ្ពស់គួរឱ្យកោតសរសើរ ដោយបានអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយជោគជ័យជាបន្តបន្ទាប់ ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ១]
(១) ៨ដងលើទឹកដីខេត្តព្រះសីហនុ ដាក់ចេញគោលនយោបាយ ជំរុញការវិនិយោគ សម្ពោធសមិទ្ធផលសង្គមនិងការពារជាតិ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ ឧស្សាហកម្ម ដឹកជញ្ជូននិងការនាំចេញ
នេះជាលើកទី៤ ក្នុងរយៈពេលជិត ២ឆ្នាំនេះ ដែលខ្ញុំមកផែ(ស្វយ័តក្រុងព្រះសីហនុ)។ បើធៀបនឹងគោលដៅផ្សេងក្នុងទូទាំងប្រទេស អាចចាត់ទុកថា ផែស្វយ័តក្រុងព្រះសីហនុនេះខ្ញុំបានមកញឹកញាប់ជាងគេ។ (ខ្ញុំបានចូលរួម)កម្មវិធីថ្ងៃ ១ឧសភា (នៅទីនេះ)២ឆ្នាំហើយ។ ក្រៅពីនោះ បានមកសម្ពោធសមិទ្ធផល២ មួយគឺបើកការដ្ឋានសាងសង់ពង្រីកផែដំណាក់កាលទី១ និងមួយទៀត មកសម្ពោធការពង្រីកកន្លែងដាក់ Container បន្ថែមទៀត។ ឯកឧត្តម លូ គឹមឈន់ បានកក់ខ្ញុំថា “សូមអោយមករាល់ឆ្នាំ … ហោចណាស់ក៏នៅថ្ងៃទី ១ឧសភា ដើម្បីបន្តប្រពៃណីដែលសម្តេចតេជោបានធ្វើកន្លងមក។ អញ្ចឹង ១ឆ្នាំយើងជួបគ្នាម្តង។ ជួបទាំងភ្លៀងជួបទាំងថ្ងៃ។ ថ្ងៃនេះ ថ្ងៃចាំងបន្តិច អ្នកដែលឈរកន្លែងនេះត្រូវប៉ាន់ … មកលើកមុនក៏ភ្លៀង។ អញ្ចឹង ទាំងភ្លៀងទាំងថ្ងៃ ទាំងខ្យល់ យើងជួបជុំគ្នាអបអរសាទរសមិទ្ធផលថ្មី។
ខ្ញុំបានមកខេត្តព្រះសីហនុនេះ ប្រមាណជា ៨ដងហើយ។ ក្នុង(ការមានវត្តមាននៅខេត្តព្រះសីហនុ) ២ឆ្នាំនេះ មានការប្រកាសដាក់ចេញគោលនយោបាយជំរុញវិនិយោគខេត្តព្រះសីហនុ សម្ពោធសមិទ្ធផលទាំងវិស័យការពារជាតិទាំងការវិនិយោគ។ ថ្ងៃមុន បានមកសម្ពោធសាលានិងជួបសំណេះសំណាល(បងប្អូនកម្មករ)នៅតំបន់សេដ្ឋកិច្ចពិសេស។ អញ្ចឹងគឺ(បានមករៀបចំ)ច្រើនវិស័យ ត្បិតខេត្តព្រះសីហនុ ជាខេត្តមួយក្នុងចំណោមខេត្តឆ្នេរសមុទ្រទាំង៤ ដែលរដ្ឋាភិបាលមានទិសដៅជំរុញការអភិវឌ្ឍជំរុញឱ្យមានសក្តានុពល … មិនត្រឹមតែទេសចរណ៍ទេ ប៉ុន្តែ(ក៏ទាំង)ខាងឧស្សាហកម្ម ដឹកជញ្ជូន និងការនាំចេញ។
(២) នឹងមកសម្ពោធតំបន់សេដ្ឋកិច្ចពិសេសដែលនឹងបង្កើនចំនួនរោងចក្រដល់ទី២០០
ពីម្សិលមួយថ្ងៃ យើងឃើញថា California មួយ ឈរនៅនៅលេខ៤ នៃសេដ្ឋកិច្ចពិភពលោក ដោយសារតែមួយផ្នែកគឺមានផែ។ នៅ Shanghai ប្រទេសចិន ក៏ជាកន្លែងដែលមានផែ ដែលតភ្ជាប់ទៅឧស្សាហកម្ម កម្មន្តសាល។ គេផលិតនៅហ្នឹង នាំចេញពីហ្នឹង។ តម្លៃថោក។ (ក្នុងទិសដៅដូចគ្នានេះ) យើងបានធ្វើផែនការមេ និងកំពុងអនុវត្តជំហានសាកល្បងមួយក្នុងឆ្នាំ២០២៥ ដោយយកខេត្តព្រះសីហនុជាគោល។ ខ្ញុំបានចេញគោលការណ៍អោយរៀបចំក្រុមការងារអនុវត្ត(ផែនការជំហានទីមួយនេះហើយ)។ យើងក៏កំពុងតែរៀបចំផែនការដើម្បីទាញការវិនិយោគបន្ថែមទៀត។ ប៉ុន្មានថ្ងៃទៀត ខ្ញុំត្រូវមកសម្ពោធតំបន់សេដ្ឋកិច្ចពិសេសមួយ ដែលនឹងបង្កើនចំនួនរោងចក្រដល់ទី២០០។ មួយឆ្នាំជាងមុន ខ្ញុំបានមករោងចក្រទី១០០។ បន្តិចទៀតត្រូវមករោងចក្រទី២០០។ នេះបានន័យថា ល្បឿននៃការមកវិនិយោគនៅខេត្តព្រះសីហនុលឿន។ អញ្ចឹងបានផលច្រើន។ កាលណាមានកម្លាំងសេដ្ឋកិច្ចគឺថាមនុស្សក៏កើនច្រើន។ មិនបាច់ចាំអ្នកខេត្តព្រះសីហនុមានកូនច្រើនទេ គឺអ្នកមកពីខេត្តផ្សេងនឹងមកទីនេះច្រើន។
[ចប់សេចក្តីអធិប្បាយ១]
ជាសាវតារជារៀងរាល់ឆ្នាំ នៅថ្ងៃទី ១ ឧសភា គឺជាព្រឹត្តិការណ៍ ដែលបានចាប់ផ្ដើមនៅឆ្នាំ ១៨៨៦ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និង ជីវភាពរបស់ប្រជាពលករ, ហើយបើគិតមកដល់បច្ចុប្បន្ននេះ គឺមានរយៈពេល ១៣៩ ឆ្នាំ ដែលរំលឹក ។ ហើយដោយឡែក, សម្រាប់កម្ពុជា យើងបានប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភា តាំងពីឆ្នាំ ១៩៧៩ និង បានកំណត់ជាថ្ងៃបុណ្យការងាររបស់ប្រជាពលករ និង ជាថ្ងៃឈប់សម្រាករបស់មន្ត្រីរាជការ និងកម្មករ និយោជិតទាំងអស់ដូចថ្ងៃបុណ្យជាតិ, បុណ្យប្រពៃណី និង បុណ្យអន្តរជាតិ ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ២]
(៣) បង្កើនការងារទាំងបរិមាណទាំងគុណភាពតាមរាជធានីខេត្ត តភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងលើកទឹកចិត្តវិនិយោគ
ដូចខ្ញុំបានគូសបញ្ជាក់កាលពីថ្ងៃទី២៧(មេសា) ក្នុងឱកាសជួបជាមួយតំណាងអង្គការវិជ្ជាជីវៈ(/សហជីព) ការបង្កើតការងារជាអាទិភាពធំរបស់រដ្ឋាភិបាល ក្នុងអាទិភាព(ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១) ដែលថាជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការបង្កើតលទ្ធភាពការងារឱ្យបានច្រើន ព្រោះបើគិតជាភាគរយក៏មានកំណើនហើយ។ កន្លែងខ្លះ មិនចាំបាច់មានការងារទេ ដូចជា Robot ធ្វើការជំនួសមនុស្សច្រើនជាដើម។ ដោយឡែក កម្ពុជា យើងជំរុញប្រភេទការងារច្រើនដែលផ្តល់កម្លាំងពលកម្មដល់ប្រជាពលរដ្ឋ។ (យើងបង្កើន)បរិមាណ(ការងារ)និងពង្រីកទៅរាជធានីខេត្តដែលអាចរុញទៅបាន និងស្រុកក្រុងមួយចំនួន ដោយតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងលើកទឹកចិត្តដល់វិនិយោគនៅទីនោះ ដើម្បីបានមិនត្រឹមតែបរិមាណទេ តែក៏ទាំងគុណភាពការងារដែលផ្តល់បៀវត្សរ៍ និងអត្ថប្រយោជន៍ផ្សេងៗ កាន់តែប្រសើរ។ យើងគិតពីសុខុមាលភាពប្រជាពលរដ្ឋ/ពលករ/កម្មករ/ការិនី ពង្រឹងការអនុវត្តច្បាប់ការងារ។ នេះជាគោលដៅដែលយើងរៀបចំនិងអនុវត្តច្បាប់ការងារតាំងពីឆ្នាំ១៩៧៩។
កាលពីជំនាន់ ប៉ុល ពត ប្រហែលជាគ្មានថ្ងៃ ១ឧសភាទេ។ មានឬទេ? ខ្ញុំកើតមិនទាន់។ មីងពូបងណាកើតជំនាន់ ប៉ុល ពត។ មាន(ការប្រារព្ធ)ទិវាពលកម្មថ្ងៃ ១ឧសភាទេ? បើសិនជាមាន ក៏ប្រហែលជាដាក់ផែនការធ្វើពលកម្មឱ្យលើសពីរាល់ថ្ងៃ មិនមែនឱ្យសម្រាកដូចថ្ងៃនេះទេ។ ជំនាន់ ប៉ុល ពត ប្រហែលជាអត់ថែមម៉ោងទេ ព្រោះរាល់ថ្ងៃវាលើសម៉ោងទៅហើយ។ គ្មានច្បាប់ការងារមួយថ្ងៃប៉ុន្មានម៉ោងទេ។ តែពីឆ្នាំ១៩៧៩ មក យើងបានធ្វើអោយ(ស្មារតីទិវាពលកម្មនេះ)កាន់តែប្រសើរឡើង … (ថ្វីបើមានកាលវេលាដែល)កំណើននិងចរន្តសេដ្ឋកិច្ចជួបការលំបាក។ ទោះបីជាថ្ងៃ ១ឧសភា(ជាទិវាពលកម្មដែលឈប់សំរាក) ក៏សេដ្ឋកិច្ចពិភពលោកត្រូវតែដើរដែរ។ មិនអាចថា ថ្ងៃ ១ឧសភាគឺបិទជើងហោះហើរដោយទុកពេលអោយ Pilot សម្រាកទេ។ ប៉ុន្តែ ជាការគិតគូរ យើងមានការប៉ះប៉ូវជាថ្ងៃសម្រាកកម្រិតណាមួយ បូកជាមួយការគិតគូរទូទាំងប្រទេស វិស័យណាដែលមិនសំខាន់ វិស័យណាដែលមិនចាំបាច់ត្រូវការចរន្ត គឺយើងគិតជាថ្ងៃសម្រាក។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ជំរុញលើកទឹកចិត្ត ការពារសិទ្ធិសេរីភាពរបស់កម្មករ ប្រជាពលរដ្ឋ មន្ត្រីរាជការ ជានិច្ច។
[ចប់សេចក្តីអធិប្បាយ២] ខ្សែចង្វាក់ផលិតកម្ម
ខ្ញុំសូមអរគុណណាស់ចំពោះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានធ្វើរបាយការណ៍។ ខ្ញុំសូមវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ជាពិសេសក្រុមប្រឹក្សាភិបាលថ្នាក់ដឹកនាំ និងបងប្អូនមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានខិតខំបំពេញការងារយ៉ាងសកម្ម និង សហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីរួមចំណែកពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាតិអន្តរជាតិពាក់ព័ន្ធនឹងវិស័យការងារ ដើម្បីធានាបាននូវប្រសិទ្ធភាព និង ស្ថិរភាពលទ្ធផលអាជីវកម្មរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ធ្វើឱ្យចំណូលកើនឡើងជាលំដាប់រៀងរាល់ឆ្នាំ ដែលនេះ ជាការរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ និង កំណើនសេដ្ឋកិច្ចជាតិ។
ជាការពិត, រាជរដ្ឋាភិបាលនាអាណត្តិមុនៗ ក្រោមការដឹកនាំរបស់សម្ដេចតេជោ និង រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា នេះ, តែងតែបានណែនាំដល់ស្ថាប័នជំនាញឱ្យខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិ និង ផលប្រយោជន៍ស្របច្បាប់របស់ពលករគ្រប់ៗរូប ស្របតាមច្បាប់ស្ដីពីការងារ, ច្បាប់ស្ដីពីសហជីព, ច្បាប់ស្ដីពីរបបសន្តិសុខសង្គម, ច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា និង អនុសញ្ញាអន្តរជាតិខាងការងារនានា ជាពិសេសបានបង្កើតនូវយន្តការឆ្លើយតបទាន់ពេល ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារ សុវត្ថិភាព និងសុខភាពការងារ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ រួមទាំងការផ្តល់នូវសំណាញ់សុវត្ថិភាពសង្គមជូនដល់កម្មករនិយោជិត និងយុវជន ដែលបានបាត់បង់ និង គ្មានការងារធ្វើតាមរយៈ មូលនិធិពិសេសផ្សេងៗ ជាដើម ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ៣]
(៤) ពិចារណាពីសមាសភាពនាយកគ្រប់គ្រងមកពីវិស័យឯកជន ដើម្បីជួយសហគ្រាសសាធារណៈប្រកួតប្រជែង
រូបមន្តនៃការដឹកនាំកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជារូបមន្តមួយដែលគ្រឹះស្ថាន ឬសហគ្រាសសាធារណៈរបស់រដ្ឋធ្វើការបានជោគជ័យ។ ពេលសម្ពោធផែខេត្តកំពត ខ្ញុំបាននិយាយអំពីការរៀបចំអនុក្រឹត្យថ្មីដើម្បីបើកច្រកឱ្យយកវិស័យឯកជន(ចូលរួមដឹកនាំ/គ្រប់គ្រង)។ មានកាសែតខ្លះសរសេរថា “ចាប់ពីពេលនេះទៅ រាជរដ្ឋាភិបាលឈប់ឱ្យយកមន្ត្រីរាជការធ្វើ …” ខ្ញុំសូមពន្យល់ទៅកាសែតមួយចំនួនវិញ។ សូមស្តាប់ពាក្យខ្ញុំឱ្យច្បាស់។ យើងបើកច្រកឱ្យអាចយក CEO/ប្រធានប្រតិបត្តិ ពីវិស័យឯកជនដើម្បីចូលរួម(គ្រប់គ្រង) ដែលខ្ញុំប្រើពាក្យថា ឆ្មាខ្មៅក៏ដោយឆ្មាសក៏ដោយ ឱ្យតែចាប់កណ្តុរបាន គឺដើម្បីរកបានផលមកឱ្យយើង។ អញ្ចឹង ចំពោះគ្រឹះស្ថានសាធារណៈ ដូចជាមន្ទីរពេទ្យ ដែលមន្ត្រីដឹកនាំ(មាន)ប្រសិទ្ធភាព(ក៏បន្តការដឹកនាំគ្រប់គ្រង) … ឯចំពោះសហគ្រាសសាធារណៈ ដូចជាកំពង់ផែ យើងនឹង(ធ្វើការ)វាយតម្លៃ។ ការបើកច្រកបានន័យថាធ្វើឱ្យមានភាពបត់បែន។
បើសិនជារចនាសម្ព័ន្ធ និងការដឹកនាំមានប្រសិទ្ធភាព ដើរតួនាទីប្រកួតប្រជែងជាមួយវិស័យឯកជនហើយ (នោះយើងលើកទឹកចិត្តអោយបន្តការងារ)។ ប៉ុន្តែ ប្រសិនជាមិនដើរទេ រុញមិនទៅមុខ យើងអាចពិចារណាបើកច្រកយក CEO/នាយកប្រតិបត្តិចូល។ អញ្ចឹង ការបើកច្រកបានន័យថា ភាពបត់បែនដើម្បីធានាថាមានតួអង្គដែលមានសមត្ថភាព មានបទពិសោធន៍ មិនរើសអើង ដឹកនាំក្នុងវិស័យឯកជន ដើម្បីអង្គភាពមានលទ្ធភាព(ប្រកួតប្រជែងបាន) … នីតិវិធីក្នុងការរើសគឺក្រុមប្រឹក្សាភិបាលធ្វើការវាយតម្លៃ។ ការដឹកនាំគឺផ្អែកទៅលើប្រព័ន្ធវាយតម្លៃ KPI ( Key Performance Indicator) និងប្រព័ន្ធផ្សេងៗ។ ធ្វើយ៉ាងណាបង្កើតភាពបត់បែនធានាភាពម្ចាស់ការ និងប្រសិទ្ធភាពដើម្បីទាញយកប្រសិទ្ធផលជូនដល់សហគ្រាស មិនថារដ្ឋឬឯកជន ជាពិសេសសហគ្រាសយុទ្ធសាស្ត្រមួយចំនួន ដើម្បីមានសមត្ថភាពប្រកួតប្រជែង។
(៥) អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គ្រប់គ្រងប្រកបដោយនវានុវត្ដន៍និងប្រសិទ្ធភាព ជាផែបម្រើការដឹកជញ្ជូននិងជាមជ្ឈមណ្ឌលភស្ដុភារកម្មតំបន់
សហគ្រាសរបស់រដ្ឋ អាចមានតូចមានធំ ប៉ុន្តែផែស្វយ័តនៅទីនេះ ឬនៅភ្នំពេញជាតួអង្គសំខាន់ជាយុទ្ធសាស្ត្រក្នុងការធានាកំណើនសេដ្ឋកិច្ច។ នៅកន្លែងនេះ (តួនាទីជាយុទ្ធសាស្ត្រ)មិនតូចទេ។ អ្នកធ្វើការវិនិយោគពីក្រៅប្រទេសតែងតែចង់បានកន្លែងនេះ។ តាំងពីជំនាន់សម្តេចតេជោមក គឺឱ្យតែវិនិយោគពីក្រៅប្រទេសមក តែងតែចង់សុំវិនិយោគកន្លែងនេះ។ ថាមិនអនុញ្ញាតទេ។ កន្លែងនេះ រដ្ឋធ្វើបានជោគជ័យហើយ។ គ្រាន់តែ ២ឆ្នាំនេះ មិនខ្វះទេ អ្នកដែលមកចរចាចែចូវ(ចង់បាន)ទីនេះ។ ខ្ញុំតែងតែប្រាប់ថា ឱ្យទៅធ្វើនៅផែផ្សេងទៅ។ ម្នាក់ៗ តម្រង់មកតែកន្លែងហ្នឹង។ ប្រហែលជាគុណលេខ ចែកលេខទៅឃើញប្រសិទ្ធភាពល្អ។ ផែនការរបស់យើងជាមួយជប៉ុន ដែលមានការសហការនិងការគាំទ្រពីជប៉ុន មានការគិតគូរវែងឆ្ងាយ។ យើងនឹងបន្តអភិវឌ្ឍកន្លែងនេះ។ មិនត្រឹមតែអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែក៏បន្តទាំងការគ្រប់គ្រងប្រកបដោយនវានុវត្ដន៍ និងការបង្កើនប្រសិទ្ធភាព។យើងចង់ធ្វើឲ្យផែនេះ មិនមែនត្រឹមតែជាផែសំរាប់កម្ពុជានិងពិភពលោកទេ ប៉ុន្ដែជាផែបម្រើការដឹកជញ្ជូនថ្នាក់តំបន់ និងជាមជ្ឈមណ្ឌលភស្ដុភារកម្មតំបន់ ដែលកិច្ចការនេះបានកើតឡើងបន្ថែមតាំងពីអាណត្ដិមុន ។
(៦) សូមជប៉ុនជួយរៀបចំផែនការមេអភិវឌ្ឍនិងប្រែក្លាយជាកំពង់ផែទឹកជ្រៅនិងជាមជ្ឈមណ្ឌលភស្ដុភារកម្មថ្នាក់តំបន់
ពីចុងឆ្នាំ២០២៣ ក្នុងទស្សនកិច្ចចូលរួមប្រជុំអាស៊ាន-ជប៉ុន ខ្ញុំបានជួបជាមួយឯកឧត្តម Fumio Kishida អតីតនាយករដ្ឋមន្ដ្រីជប៉ុន។ យើងបានលើកសំណូមពរឲ្យជប៉ុនជួយរៀបចំផែនការមេអភិវឌ្ឍនិងប្រែក្លាយកំពង់ផែនេះ ជាកំពង់ផែទឹកជ្រៅថ្នាក់តំបន់និងជាមជ្ឈមណ្ឌលភស្ដុភារកម្មថ្នាក់តំបន់។ (ជាគោលបំណង) យើងមិនមែនប្រើប្រាស់កំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ)ត្រឹមតែមួយរស់ ឬសំរាប់តែកម្ពុជាខ្លួនឯងទេ។ ប៉ុន្ដែយើងចង់ឈានទៅដើរតួនាទីកាន់តែសកម្មក្នុងតំបន់និងលើពិភពលោក។ មើលនៅលើផែនទី យើងមានផែ LAEM CHABANG នៅថៃ និង CAI MEP នៅខាងវៀតណាម។ ឯយើង នៅកណ្ដាល។ បើយើងប្រៀបធៀបពីផែសិង្ហបុរី យើងក៏មានទីតាំងជិតមួយចំនួន។ ប៉ុន្ដែ ដោយសារតែបច្ចុប្បន្នផែយើងរាក់(មានជំរៅត្រឹម) ១១,៥ម៉ែត្រ កប៉ាល់ធំៗ លើពិភពលោក ដូចជាពីអាស៊ីស៊ីហ្វិកចូលបានតែ៤៥ % ទេ។ សល់ប៉ុន្មានទៀត ប្រសិនបើចង់មក ទាល់តែផ្ទេរនៅសិង្ហបុរី ឬថៃ បានដឹកមកបន្ដបាន។ អញ្ចឹង មិនមានអ្នកណាមកត្រង់ទេ ព្រោះចូលមកមិនកើត។ ដឹកជញ្ជូនក៏ថ្លៃ ព្រោះដឹកមកកម្ពុជាត្រូវ ២តង់ …។
(៧) ជំហានទី២ នៅជំរៅ ១៦,៥ម៉ែត្រ ទទួលនាវាតំបន់អាស៊ីប៉ាស៊ីហ្វិក៩៥% និងជំហានទី៣ ជំរៅ ១៧,៥ម៉ែត្រនឹងទទួលនាវាពីទូទាំងពិភពលោក
គិតតាំងពីជំនួបជាមួយឯកឧត្តម Fumio Kishida រហូតមកដល់ពេលនេះ យើងធ្វើបានអ្វីខ្លះ? ខ្ញុំជួបគាត់ថ្ងៃ ១៨ធ្នូ ឆ្នាំ២០២៣។ ត្រឡប់មកវិញបាន ៤ថ្ងៃ ខ្ញុំមកទីនេះដើម្បីបុកគ្រឹះពង្រីកចំណតផែជំហានមួយ ដែលបានចរចាតាំងពីអាណត្ដិមុន។ ជំហានទី១ នេះយើងធ្វើអោយមានជំរៅទឹកដល់ ១៤,៥ម៉ែត្រ។ ក្នុងជំរៅនេះ ក្រោយពីធ្វើហើយអាចឲ្យនាវា ៦ម៉ឺនតោន(ចូលបាន) ឬកប៉ាល់មកពីតំបន់អាស៊ីស៊ីហ្វិកអាចចូលមកបាន ៩៣%។ ឥឡូវទើបចូលបាន៤៣ %។ អញ្ចឹង ៥០% ទៀតនឹងចូលមកបន្ថែមបាន។ ជំហានទី១ គ្រោងបញ្ចប់២០២៧ ហើយជំហានទី២ គ្រោងធ្វើនិងបញ្ចប់២០២៩ គឺកាយបន្ថែមរហូតដល់ជំរៅ ១៦,៥ម៉ែត្រ ហើយផែថ្មី ៤០០ម៉ែត្រ។ ជំហានទី១ ជំហានទី២ និងជំហានទី៣ … នៅជំរៅ ១៦,៥ម៉ែត្រនេះ អាចឲ្យកប៉ាល់មកពីតំបន់អាស៊ីស៊ីហ្វិកមកបាន៩៥%។ ឆ្នាំ២០២៩ កប៉ាល់នឹងចូលមកកាន់តែច្រើនទៀត។ បងប្អូននឹងអាចហត់កាន់តែច្រើន។ ជំហានទី៣ ដែលគ្រោងបញ្ចប់ឆ្នាំ ២០៣០ ឯនោះ យើងនឹងធ្វើជីកដល់ជំរៅ ១៧,៥ម៉ែត្រ ដែលអាចអោយកប៉ាល់នៅទូទាំងពិភពលោកចូលមកដល់ផែខេត្តព្រះសីហនុ ដោយពុំចាំបាច់ផ្ទេរនៅកន្លែងណា។ អញ្ចឹងកាន់តែសកម្ម។
(៨) អាស្រ័យទីតាំងភូមិសាស្ដ្រជាយុទ្ធសាស្ដ្រ បង្កើនការដឹកជញ្ជូនក្នុងតំបន់ គួបផ្សំយន្តការ Transshipment និងប្រព័ន្ធដឹកជញ្ជូនចល័តផ្ទៃក្នុង
ដោយទីតាំងភូមិសាស្ដ្រមានអំណោយផលជាយុទ្ធសាស្ដ្រ យើងអាចបង្កើនចំនួននៃការដឹកជញ្ជូនក្នុងតំបន់ កាត់បន្ថយចំណាយ(ដឹក)មកកម្ពុជា និង ដឹកពីកម្ពុជាចេញ។ យើងនឹងបន្ដទៀត គួបផ្សំជាមួយយន្ដការនិងវិធានការផ្សេងៗ ដែលយើងបានដាក់ចេញដូច Transshipment និងកែច្នៃផែស្វយ័តក្រុងព្រះសីហនុនេះជាប្រព័ន្ធធានាការដឹកជញ្ជូនចល័តផ្ទៃក្នុង។ ថ្ងៃមុន ខ្ញុំបានជួបជាមួយសមាគមស្រូវអង្ករ។ គាត់លើកពីបញ្ហាដែលថាកប៉ាល់ រទេះភ្លើង ហ្នឹងដឹកមកអត់ដល់ warehouse និងមានសំណូមពរច្រើនទៀត។ អញ្ចឹងខ្ញុំបានឲ្យក្រុមការងារ ដឹកនាំដោយឯកឧត្តម ផាន់ ផល្លា (រដ្លេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) មកធ្វើការជាមួយផែនិងសមាគមស្រូវអង្ករ។ សមាគមបានប្រាប់ថា “មិននឹកស្មានថា អ្វីដែលគាត់ស្នើសុំនោះ បានធ្វើរួចអស់ហើយ។ តែគេរាយការណ៍ទៅគាត់មិនគ្រប់”។ ឥឡូវ ជាដំណោះស្រាយគឺត្រូវគិតគូរពីការដឹកជញ្ជូន។ ដឹកមកពីណាដើម្បីស្ទូចដាក់។ នៅទីនេះ ជា process មានជើងស្ទូចគ្រប់អស់ហើយ។ អ្វីដែលចាំបាច់គឺការវេចខ្ចប់ពីខាងម្ខាងទៀតឲ្យលឿន។ អញ្ចឹងបានន័យថា យើងបានរៀបចំច្រើនហើយទាំងលំហូរនៅផែនេះ។ ទៅថ្ងៃមុខ យើងនឹងគិតគូរបន្ថែមទៀត មិនត្រឹមតែហេដ្ឋារចនាសម្ព័ន្ធទេ ប៉ុន្ដែប្រព័ន្ធលំហូរផ្ទៃក្នុងផងដែរ ដែលធ្វើឲ្យយើងមានភាពប្រកួតប្រជែង។ កប៉ាល់មួយៗ (ចត)មួយថ្ងៃៗ ត្រូវបង់ថ្លៃណាស់។ ប្រសិនជាយើងលើកកាន់តែលឿន គាត់(ចំណាយ)កាន់តែតិច។ ថែមមួយថ្ងៃ (កើន)ថ្លៃចតផង ថ្លៃដឹកជញ្ជូនផង ថ្លៃជួលកប៉ាល់ផង insurance មួយថ្ងៃៗ ផង។
(៩) ម៉ឺងម៉ាត់ធានាប្រព័ន្ធសុវត្ថិភាពនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញលក្ខខណ្ឌសុវត្ថិភាពអន្តរជាតិ
អញ្ចឹងមានលំហូរការងារ ដែល ទី១ សូមកោតសរសើរការខិតខំកែលំអរនិងធ្វើទំនើបកម្ម(សេវាកំពង់ផែស្វយ័តក្រុងព្រះសីហនុ)និង ទី២ (ការបង្កើតនិងធានា)ប្រព័ន្ធសុវត្ថិភាព … បងប្អូនខ្លះឆ្ងល់ថាកប៉ាល់ cruise line ចុះមក ហេតុអ្វីចំាដាក់របងដែក បើករបងនឹងឲ្យគេចេញទៅទិញកាហ្វេនៅក្រៅផងទៅ។ ខាងផែពន្យល់វិញ (ប្រសិន)បើហ៊ានបើករបងហ្នឹង គឺយើងអត់បំពេញលក្ខខណ្ឌសុវត្ថិភាពអន្ដរជាតិ។ ទំនិញយើង(នឹង)ឡើងថ្លៃ។ អញ្ចឹងបានថា ពេលខ្លះការគិតថាគួរតែបើទេសចរមកបើក(អោយចេញចូល) … តែ(តាមលក្ខខណ្ឌសុវត្ថិភាពបើ)ហ៊ានតែបើកប្រលោះហ្នឹង បានន័យថាអន្ដរជាតិគិតថាមិនមានសុវត្ថិភាព ចែកមិនដាច់រវាងសាធារណៈ និងផែ។ របស់ដែលចេញពីយើង អាចនឹងគេមិនទទួល បើមិនគោរពតាមស្ដង់ដារហ្នឹងទេ។ Container ចេញពីយើងដល់សិង្ហបុរី គេត្រូវស្កេនឡើងវិញ អស់ថ្លៃ(ស្កេន)ម្ដងទៀត។ ហេតុនេះ ត្រូវគិតគូរល្អិតល្អន់។ ខ្ញុំសូមកោតសរសើរមន្ដ្រី អាជ្ញាធរ សមត្ថកិច្ចកំពង់ផែទាំងអស់ ចំពោះភាពម៉ឺងម៉ាត់និងហ្មត់ចត់ក្នុងការចាត់ចែងនេះ។ កិច្ចការយើងធ្វើតូចមែន ប៉ុន្ដែយើងជួយសេដ្ឋកិច្ចរាប់ពាន់លាន។ ប្រសិនបើកន្លែងនេះខ្វះតែមួយប្រលោះ(នេះ) គេមិនទទួលស្គាល់ទំនិញមួយ container ហើយត្រូវអស់ប៉ុន្មានដុល្លារទៀតដើម្បីស្កេនបន្ថែមនៅប្រទេសគេ។ អញ្ចឹង ធ្វើឲ្យការដឹកជញ្ជូនមួយកប៉ាល់ៗ ខាតអស់រាប់សែនដុល្លារ បើចូលកម្ពុជា។ ដូចនេះ មិនមានអ្នកណាចង់ចូលទេ។ យើងបានធ្វើកិច្ចការទាំងនេះ ដោយកាត់បន្ថយការ(រយៈពេល)ដឹកជញ្ជូន កាត់បន្ថយការ(ចំណាយ)ដឹកជញ្ជូន ដោយមិនមែនគិតតែរឿងថ្លៃសាំងនាវាទេ តែទាំងលំហូរប្រព័ន្ធ clearance ដែលគិតធ្វើម៉េចឱ្យទំនិញចេញចូលបានលឿន។ សូមអរគុណសមត្ថកិច្ចទាំងអស់នៅកន្លែងនេះ ទាំងគយ ដែលបានខិតខំធ្វើការបានល្អ។
(១០) រាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ ពិនិត្យកែសំរួលនីតិវិធី ប្រើបច្ចេកវិទ្យាកាត់បន្ថយចំណាយនិងពេលវេលា
សួរថា (ធ្វើប៉ុណ្ណេះ)គ្រប់ឬនៅ? ប្រហែលជាមិនទាន់គ្រប់ទេ។ យើងត្រូវបន្តគិតគូរ ដើម្បីបង្កើន(សមត្ថភាពនិងប្រសិទ្ធភាព) … ព្រោះប្រទេសជិតខាងក៏គេមិនឈប់ឈរដែរ។ គេ(ក៏រៀបចំអោយមានការ)កាត់នីតិវិធីកាន់តែច្រើនដែរ។ ធ្វើម៉េច? កាត់នីតិវិធីមិនមែនមានន័យថាកាត់ចំណូលទេ។ កន្លែងខ្លះយល់ថាកាត់នីតិវិធីកាត់ចំណូល។ កាត់នីតិវិធី គឺបើមាននីតិវិធីច្រើន មានន័យថាអាចបង់កំរ៉ៃមួយៗ(កន្លែង)បានច្រើន។ ចំណូលកន្លែងហ្នឹង។ ប៉ុន្ដែទំនិញចូលតិច។ បើកាត់នីតិវិធី តំលៃ CLEAR ហ្នឹង ទំនិញចូលកាន់តែច្រើន។ បានន័យថាយើងយកចំណេញតិច តែបានច្រើន។ បើយកចំណេញច្រើនផលិតផលលក់បានតិច ហ្នឹងគុណទៅមិនស្រួលតិចជាងយកបានតិចគុណនឹងបរិមាណលក់បានច្រើន លំហូរបានច្រើន។ បើ container នៅនេះមកដល់តែ ១លាន TEUs ចំណាយពេល ៣ខែ ដើម្បី clear យើង(ប្រកួត)មិនឈ្នះគេទេ។ បើ ១ លាន containers នេះ អាច clear ត្រឹមមួយសប្ដាហ៍ អញ្ចឹងក្នុងមួយខែយើងអាច Clear ៤លាន containers នាំអោយមានលំហូរកាន់តែច្រើន។
រាជរដ្ឋាភិបាល ស្ថាប័នផ្សេងៗ នឹងនៅជាមួយគ្នា ខិតខំពិនិត្យមើល កែសំរួលនីតិវិធីផ្សេងៗ បូកជាមួយការប្រើប្រាស់បច្ចេកវិទ្យាមួយចំនួនដើម្បីកាត់បន្ថយ(ចំណាយនិងពេលវេលា)។ ទំនិញមួយចំនួនមកដល់ អាចមិនចំបាច់ឆែកទេ។ គេ declare តាម internet រួចមកដល់គ្រាន់តែចុះឆែក verify ក៏ផ្តល់ free clearance បាត់។ កាលមុនមកដល់ ១០០ containers ត្រូវឆែកទាំង១០០។ ឥលូវត្រូវឆែក spot check តែ១០ % ឬអី … យើងធ្វើបានលឿននិងបង្កើនការទុកចិត្តគ្នា។ ការកំណែទំរង់នៅកំពង់ផែនេះ ជាកំណែទំរង់គន្លឹះសំរាប់ចរន្ដសេដ្ឋកិច្ច។ អញ្ចឹងខ្ញុំសូមលើកទឹកចិត្ត និងកោតសរសើរ ដើម្បីធ្វើបន្ដទៅទៀត។ ក្រសួងសាធារណៈការដឹកជញ្ជូន (ជា)អាណាព្យាបាល ស្ថាប័នពាក់ព័ន្ធទាំងអស់ សូមសហការបន្តពង្រឹង(កិច្ចការនេះ)។ កន្លែងនេះដើរកាន់តែខ្លាំង ប្រព័ន្ធដឹកជញ្ជូនកាន់តែមានប្រសិទ្ធភាព ជួយដល់ការដឹកជញ្ជូនទំនិញកសិកម្មស្អីបានកាន់តែលឿន ការដឹកជញ្ជូនតាមផ្លូវដែក គោក កាន់តល្អ ចង្វាក់សេដ្ឋកិច្ចកាន់តែរឹងមាំ។
(១១) ផែនការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជំហានទី៦ បានឆ្លងរួចហើយ
ឯកឧត្តម ប៉េង ពោធិ៍នា បានលើកហើយថាឆ្នាំ២០៣០ យើងដាក់ទិសដៅនិងតាមផែនការធានាដឹកជញ្ជូនដល់ ២លាន TEUs។ ឥឡូវយើង ១លាន TEUs។ ហត់។ អញ្ចឹងអ្នកដែលដឹងថា ១លាន TEUs ហត់និងរវល់ប៉ុណ្ណា បន្តិចទៀតឡើង ២លាន អាចដឹងហើយ។ តែកាលណារីក capacity ក៏នឹងមានការយកបុគ្គលិកមកបន្ថែមទៀត និងរីកទីតាំង។ ឯកឧត្តម ប៉េង ពោធិ៍នា ថាបានសំរេចជំហានទី៣ ហើយ ចាំគិតជំហានទី៤ ទី៥ ទៀត។ មិនដូចនោះទេ។ កាលពីឆ្នាំឯកឧត្តម លូ គឹមឈន់ បានយកផែនការជំហានទី៦ ទៅឆ្លងខ្ញុំរួចហើយ។ ជំហានទី៦ (បានត្រៀម)កន្លែងណាត្រូវធ្វើអីដោយបានគូសប្លង់រួចទៅហើយ។ ឯកឧត្តម ប៉េង ពោធិ៍នា ក៏បានដឹងដែរ។ មានចក្ខុវិស័យវែងឆ្ងាយ។ សូម(ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីគ្រប់គ្រងដែនដី នគរូបនីយ៍កម្ម និងសំណង់) ឯកឧត្តម សាយ សំអាល់ និង (អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ) ឯកឧត្តម ម៉ាង ស៊ីណេត ធ្វើម៉េច reserve ដីនៅជាប់កំពង់ផែនេះសំរាប់ការរីកចំរើននៃផែទៅថ្ងៃអនាគត។ ពេលយើងរីក ទំហំនេះប៉ុណ្ណេះមិនគ្រាន់ទេ។ គ្រាន់តែ ២លាន container ក្នុងរយៈពេលដដែល ត្រូវការកន្លែងដាក់ច្រើនទៅហើយ។ កុងតៃន៧រនេះជាផ្នែកមួយ តែទៅមុខទៀតយើងមានប្រព័ន្ធភស្ដុភាកម្មតំបន់ Bonded Warehouse Transshipment។
(១២) កប៉ាល់ចូលច្រើន ទំនិញផ្ញើច្រើន ត្រូវពង្រីកបរិវេណ រករូបមន្ដឱ្យផែដើរកាន់តែខ្លាំង
Transshipment មានពីរប្រភេទ។ យើងនិយាយពីពាណិជ្ជកម្មជាមួយអាមេរិក មាន Transshipment ដែលខុសច្បាប់។ មាន Transshipment មួយប្រភេទគឺស្របច្បាប់។ អីវ៉ាន់ដែលយកមកតាមកប៉ាល់ ផ្ញើទុកនៅត្រឹមផែរបស់យើង តែមិនចូលក្នុងស្រុកយើងទេ។ ពេលមួយ គេមកយកចេញពីយើង។ ហ្នឹងអត់ខុសច្បាប់ទេ។ គេអត់បង់ពន្ធទេ។ ឧទាហរណ៍មួយកប៉ាល់ចូលមក ត្រូវការទៅ LAEM CHABANG។ ប៉ុន្ដែមកដល់ មានតែពី container លើកប៉ាល់។ គេមិនទៅ LAEM CHABANG ទេ។ គេត្រឡប់ទៅវិញ។ អញ្ចឹង គេដាក់ទំនិញផ្ញើនៅយើង ដើម្បីកប៉ាល់ក្រោយមកស្ទូចដាក់។ ហ្នឹងជា transshipment ស្របច្បាប់។ Customs Bonded Warehouse ធ្វើទាំងផ្លូវគោក ផ្លូវអាកាស។ ប្រទេសច្រើន(ធ្វើ customs bonded warehouse)នេះ។ សិង្ហបុរីធ្វើ transshipment នឹងធំជាងគេ។ អីវ៉ាន់ចូលទៅហ្នឹងគេដាក់ បង់ថ្លៃឃ្លាំង ប៉ុន្ដែចេញចូលគេមិនត្រូវការបង់ពន្ធគយទេ។ ព្រោះគេផ្ញើ។ អញ្ចឹងហើយបានកប៉ាល់ទំនិញចេញចូលនៅសិង្ហបុរីច្រើន។ យើងបានសាកល្បងមួយជំហានហើយតែមិនដឹងថាម៉េចហើយ។ដើរយ៉ាងម៉េច? (ដើរតិចៗ)។ ពេលកប៉ាល់ចូលបានកាន់តែច្រើន នឹងមានទំនិញផ្ញើកាន់តែច្រើន។ អញ្ចឹងត្រូវការរីកកាន់តែខ្លាំង។ ការធ្វើភស្ដុភាកម្មតំបន់កាន់តែមានតំរូវការ។ ឥឡូវយើងមានភស្ដុភាកម្មជាមួយជប៉ុន ដើរមានកំរិត ប៉ុន្ដែរករូបមន្ដដើម្បីដើរកាន់តែខ្លាំង។ បន្ដិចទៀត ផែនៅខេត្តព្រះសីហនុ និងខេត្តទាំង ៤ ដែលអនុវត្ដផែនការមេក្នុងការពង្រឹងឧស្សាហកម្ម នឹងរវល់កាន់តែខ្លាំង។
(១៣) ប្រើទុនជាឥណទានជប៉ុនជាង ៧៥០លានដុល្លារ និងនៅតែផ្តល់សារសំខាន់ដល់ភាពជាដៃគូជាមួយជប៉ុនក្នុងការអភិវឌ្ឍការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ
សូមអរគុណ ដែលមានការគិតគូរទុកជាមុន ជាចក្ខុវិស័យវែងឆ្ងាយ។ មិនអាចថាធ្វើតែ(ត្រឹមជំហានទី)៣ ហ្នឹងសិន មិនទាន់គិត(ជំហានបន្ទាប់)ទេ។ បើយើងគិតថាកន្លែងផ្សេងទៀតប្រហែលជាមិនត្រូវការ ហើយធ្វើអីផ្សេង ក៏នឹងនាំអោយមានបញ្ហា។ យើងរៀបចំប្លង់ឲ្យហើយ គិតគូរធ្វើកិច្ចការនេះឲ្យហើយ។ ខ្ញុំគិតថា ការធ្វើពាណិជ្ជកម្មនៅលើពិភពលោកនៅតែបន្ដ។ ការដាក់ទុន ៣ជំហាននេះ (បានប្រើប្រាស់ទុន)ជាង ៧៥០លានដុល្លារជាឥណទានពីជប៉ុន។ កិច្ចសហប្រតិបត្ដិការជាមួយជប៉ុន ក្នុងអាណត្តិថ្មីរបស់រដ្ឋាភិបាល ជាគោលដៅធំ ជាយុទ្ធសាស្ត្ររយៈពេលវែង។ ជាមួយជប៉ុន(យើងមាន) ៤ចំណុចជាសសរស្តុម្ភ។ ក្នុងហ្នឹង មានមួយគឺការពង្រីកផែព្រះសីហនុនេះឯងអោយឈានដល់កម្រិត(ភាពជាដៃគូ)យុទ្ធសាស្ត្រទ្វេភាគីរវាងកម្ពុជាជប៉ុន។
យើងសូមអរគុណចំពោះមិត្តជប៉ុនដែលបានជួយកិច្ចការនេះ។ យើងនៅជាមួយគ្នា។ សូមមិត្តជប៉ុនកុំបីមានការបារម្ភថា កម្ពុជានឹងលែងផ្តល់សារសំខាន់ដល់ភាពជាដៃគូជាមួយជប៉ុនដើម្បីអភិវឌ្ឍផែនេះ។ មិនដូចនោះទេ។ (កិច្ចសហប្រតិបត្តិការកម្ពុជាជប៉ុនគឺជា)យុទ្ធសាស្ត្រយូរអង្វែង។ យើងធ្វើជាមួយគ្នានៅទីនេះ។ យើងធ្វើតាំងពីកវែកកឆ្នាំង តាំងពីមិនទាន់រីកបាន ១លាន(កុងតឺន័រ)។ ឥឡូវយើងនឹងធ្វើជាមួយគ្នារហូតដល់ ២ ឬ៣លាន។ សូមឲ្យជប៉ុនបន្តនៅជាដៃគូនឹងគ្នា។ ជប៉ុនបានបង្ហាញពីការគិតគូរក្នុងជំនួបជាមួយឯកឧត្តម ប៉េង ពោធិ៍នា និង ឯកឧត្តម លូ គឹមឈន់។ ថ្ងៃនេះ សូមអ្នកបកប្រែ បកឲ្យចំផង។ បកថែមមួយ(ឬថយមួយ)ពាក្យ ក៏នាំអោយមានការយល់ខុស។ ខ្ញុំចង់ឲ្យបាន ស្រាប់តែអ្នកបកច្រឡំ ថាខ្ញុំមិនចង់បាន វានាំអោយកើតជាការយល់ខុស … ខ្ញុំទទួលសមាជិកសភាបារាំងមកជួប។ ខ្ញុំថា មិនចង់ឃើញស្ថានភាពវាយគ្នានៅអ៊ុយក្រែន ឈានមកដល់អាស៊ីអាគ្នេយ៍ … ស្រាប់តែអ្នកបកប្រែថា “ខ្ញុំចង់ឃើញស្ថានភាពនៅអ៊ុយក្រែនឈានមកដល់អាស៊ី …”។ គេបើកភ្នែកម៉ក់ៗតែខ្ញុំចេះបារាំងតិចៗ ខ្ញុំថា និយាយ(ពេលបកប្រែ)ភ្លេចពាក្យ “មិន” ហើយ។ សូមអរគុណជប៉ុនដែលបានធ្វើជាដៃគូយុទ្ធសាស្ត្រសម្រាប់អភិវឌ្ឍផែ និងតំបន់ភស្តុភារកម្ម យូរអង្វែងនៅខេត្តព្រះសីហនុនេះ។
(១៤) យកកំពង់ផែស្វយ័តក្រុងព្រះសីហនុអភិវឌ្ឍប្រព័ន្ធភស្តុភារកម្ម និងសិក្សាតួនាទីផែផ្សេងទាក់ទងនឹងឧស្សាហកម្មនិងការចំរាញ់ប្រេង
សួរថា ហេតុអ្វីបានជា(យើងកំណត់យក)កំពង់ផែស្វយ័តក្រុងព្រះសីហនុ ខណៈដែលកម្ពុជាមានផែគគោកនៅក្នុងប្រទេស។ មិនមែនយើងមិនយកចិត្តទុកដាក់អភិវឌ្ឍប្រព័ន្ធភស្តុភារកម្មនៅកន្លែងផ្សេងទេ ប៉ុន្តែនៅក្នុងផែដែលមានទាំងប៉ុន្មាន ត្រូវមានកំពង់ផែជាស្នូលផែនាំមុខមួយ ជាពិសេសទាក់ទងទំនិញនិងមនុស្ស។ យើងកំពុងឲ្យសិក្សាផែផ្សេងទៀត ទាក់ទងនឹងអនាគតឧស្សាហកម្ម ដូចជាការចំរាញ់ប្រេង ធ្វើ petrol chemical ជាដើម។ យើងមិនអាចយកមកដាក់នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះទេ។ យើងមិនអាចឱ្យថ្ងៃក្រោយ កំពង់ស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានសុទ្ធតែពោងប្រេងទេ។ ខ្ញុំបានឲ្យ(រដ្ឋមន្ត្រីរ៉េនិងាមពល) ឯកឧត្តម កែវ រតនៈ ជាមួយខាងក្រសួងសាធារណការនិងដឹកជញ្ចូន គិតគូរ និងរើសប៉ុន្មានកន្លែងឲ្យហើយ ដើម្បីថ្ងៃក្រោយយើងតម្លើងរោងចក្រចំរាញ់ប្រេងកាត ទាំងហានិភ័យបរិស្ថាន ទាំងយុទ្ធសាស្ត្រ។ ថ្ងៃក្រោយ បើសិនជាយើងអភិវឌ្ឍតំបន់ OCA (overlapping claims area) យើងត្រូវការចំរាញ់ petrol chemical ធ្វើប្លាស្ទិច យកមកចំរាញ់ធ្វើជី ធ្វើអី វាត្រូវការតម្លើងរោងចក្រ។
អញ្ចឹង កុំឲ្យនៅកៀកគ្នាជាមួយខេត្តព្រះសីហនុ។ សុខចិត្តយកផែខេត្តព្រះសីហនុ ដាក់ទិសដៅសម្រាប់រាប់លានតោននៃទំនិញរាយ ទំនិញដុំ កុងតឺន័រ ហើយកុំចង់បានគ្រប់មុខ។ កម្ពុជាតែមួយ ឯផែនៃខេត្តទាំង៤ … យើងនឹងពុះសក្តានុពលធំដើម្បីយកគ្រប់មុខ។ ហ្នឹងយើងអត់រីកសក្តានុពល។ យើងដាក់នៅនេះ ហើយផែដែលបន្ទាប់បន្សំ ឧទាហរណ៍ផែខាងណា។ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ យកជាផែអាទិភាពធំខាងទំនិញដឹកជញ្ជូន។ ពិតហើយអាចទទួលនាវា cruise line មួយចំនួន ប៉ុន្តែផែដូចកំពត ផែដូចកែបមួយចំនួន ក៏អាចទទួលជាទេសចរណ៍នៅទីនេះ។ អញ្ចឹងត្រូវមានការបែងចែកការទទួលខុសត្រូវ។ បើឲ្យមនុស្សម្នាក់ធ្វើគ្រប់មុខ ពូកែម៉េចក៏ទៅមិនរួចដែរ។ ២៤ម៉ោងដូចគ្នា ពេលវេលាដូចកង់។ ផែនៅទីនេះមានតែប៉ុណ្ណឹង។ បើឲ្យជំនាញផ្តោតទៅលើរឿងកុងតឺន័រ កុំបំបែកទៅទទួលជំនាញរឿង petrol chemical រឿងចំរាញ់ប្រេងកាត។ សូមទុកឲ្យកន្លែងផ្សេង។ រៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងប្រព័ន្ធអេកូឡូជី បំរើឲ្យចំរាញ់ប្រេងកាតនៅផែផ្សេង ដើម្បីឲ្យកន្លែងនោះរីកផង។
(១៦) ទំនាក់ទំនងពាណិជ្ជកម្មនឹងកាន់តែរីក ត្បិតមនុស្សកាន់តែកើន ទំហំតម្រូវការកាន់តែធំ នាំអោយបរិមាណ និងតម្លៃទំនិញកាន់តែវិវត្ត
ហេតុអ្វីបានជាយើងវិនិយោគ ហើយវិនិយោគបន្តទៀត? ហេតុអ្វីបានជាយើងទៅវិនិយោគ បើឥឡូវពិភពលោកជិតមានសង្គ្រាមពាណិជ្ជកម្មហើយ? ម្សិលមិញ អាមេរិកប្រកាសថាសេដ្ឋកិច្ចអាមេរិកដក ០,៣% ជាជាងរីក។ អ្នកខ្លះព្យាករណ៍ថា អាមេរិកជិតចូលទៅក្នុង recession។ បានន័យថាសេដ្ឋកិច្ចធ្លាក់ចុះ។ បើដូច្នេះ ហេតុអ្វី កម្ពុជាត្រូវពង្រីក? បើសិនជាមហាអំណាចសេដ្ឋកិច្ចធ្លាក់ចុះ អញ្ចឹងការដឹកជញ្ជូននឹងថយហើយ តើចាំបាច់អីត្រូវពង្រីកចំណាយដល់ ៧៥០លានដុល្លារ។ វដ្តនៃសេដ្ឋកិច្ចឡើងចុះ។ វាជាការធម្មតា។ បើមើលរយៈពេលវែងគឺវាកើនជានិច្ច។ ទី២ សេដ្ឋកិច្ចពិភពលោកមិនអាចកាត់ផ្តាច់ ឬបិទច្រកធ្វើពាណិជ្ជកម្មទេ។ រាប់ពាន់ឆ្នាំហើយ គឺត្រូវតែមានការធ្វើពាណិជ្ជកម្ម។ អញ្ចឹង រាប់ពាន់ឆ្នាំទៅមុខទៀត នៅតែត្រូវធ្វើពាណិជ្ជកម្ម។ គ្មានប្រទេសណាដែលអាចរស់ខ្លួនឯង ដាំដុះ ផលិតខ្លួនឯងគ្រប់មុខទេ។
អញ្ចឹង ត្រូវពឹងផ្អែកការផលិតខ្លះពីប្រទេសដ៏ទែ។ យើងលក់ផលិតផលយើងទៅឲ្យគេ។ គេផលិតលក់ផលិតផលខ្លះអោយមកយើង។ វាមិនខុសពីអ្នកភូមិទេ។ ក្នុងមួយភូមិ អ្នកខ្លះធ្វើនេសាទ អ្នកខ្លះធ្វើគ្រូបង្រៀន អ្នកខ្លះធ្វើអ្នកលក់ដូរនៅផ្សារ។ មិនអាចម្នាក់ហ្នឹងធ្វើជាអ្នកដាំដុះផង អ្នកនេសាទផង គ្រូបង្រៀនផងទេ។ វាអត់ពេល។ អញ្ចឹង ត្រូវការផ្លាស់ប្តូរសេវា ផ្លាស់ប្តូរផលិតផលជាមួយគ្នា។ លោកគ្រូ គាត់បង្រៀន គាត់ប្តូរសេវារបស់គាត់ បង្រៀនកូនសិស្សបានជាកំរៃយកទៅទិញចំណីអាហារ។ អ្នកនេសាទ ពេលនេសាទត្រី យកមកលក់ឲ្យគ្រូ បង្វិលគ្នាទៅវិញទៅមក។ នៅក្នុងពិភពលោកដូចគ្នា។ អញ្ចឹង បើគ្មានការកាត់ផ្តាច់ទំនាក់ទំនងក្នុងពិភពលោកទេ ទំនាក់ទំនងពាណិជ្ជកម្មនឹងកាន់តែរីក ព្រោះមនុស្សកាន់តែកើន ទំហំតម្រូវការកាន់តែច្រើន។ អញ្ចឹងបរិមាណ និងតម្លៃទំនិញនឹងកាន់តែកើន។
(១៧) ការដឹកជញ្ជូនវត្ថុពិត នៅតែប្រើមធ្យោបាយដឹកជញ្ជូនប្រពៃណី ដែលផ្លូវទឹកថោកជាងគេ
កាលមុនដឹកតែអង្ករ ឥឡូវដឹកសុទ្ធតែគ្រឿងចក្រ គ្រឿងយន្ត អញ្ចឹងតម្លៃកាន់តែច្រើន។ សួរថា បើដឹក តើទៅអនាគត ដឹកតាមណា? បើឥឡូវគេកុម្មង់អនឡាញអស់ហើយ។ ខ្ញុំថា ការកុម្មង់អនឡាញមាន ប៉ុន្តែគ្មានអ្នកណាបញ្ជូនអង្ករ/បាយតាមអនឡាញទេ គឺនៅតែប្រើ Foodpanda ដឹក។ ខ្ញុំមិនជឿថាទោះ ១០០ឆ្នាំទៀត អាចកុម្មង់ទឹកមួយកែវ ចុចពឹប ទឹករលាយក្លាយជាឌីជីថល ហើយបាញ់តាមអ៊ិនធើណេត ទៅផ្គុំជាទឹកវិញនោះទេ។ ដរាបណាការដឹកជញ្ជូនជាវត្ថុពិត ជារបស់ពិត យើងត្រូវតែប្រើមធ្យោបាយដឹកជញ្ជូនប្រពៃណីដដែល មានផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស ហើយក្នុងប្រព័ន្ធដឹកជញ្ជូននេះមានតែផ្លូវទឹកទេ ដែលថោកជាងគេ។ រាប់ពាន់ឆ្នាំមកនេះ ទោះបីជាយន្តហោះក៏មិនអាចដឹកដូចកប៉ាល់បានដែរ។ ត្រូវការយន្តហោះប៉ុន្មានជើងដឹកទំនិញពីអាមេរិកមកខ្មែរ ឬពីអាមេរិកទៅចិន ឬពីអាមេរិកទៅជប៉ុន។ តើមួយកប៉ាល់ដែលដឹកបានរាប់ពី ២០ ទៅ៣០ ម៉ឺន TEUs នេះ ឬតោននេះ តើដាក់យន្តហោះប៉ុន្មាន? ដឹករទេះភ្លើងប៉ុន្មាន? រទេះភ្លើងក៏មិនអាចឆ្លងទ្វីបកាត់សមុទ្របានដែរ។
ដូចនេះ មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹកនៅតែជាមធ្យោបាយសំខាន់។ នៅលើពិភពលោកឥឡូវ ជិត៨០% នៃទំនិញ ត្រូវបានដឹកតាមផ្លូវទឹក ដោយសារវាថោក មានប្រសិទ្ធិភាព។ មធ្យោបាយនេះនឹងបន្តទៅទៀត។ យើងព្យាករណ៍ថាទំនិញមិនថយទេ។ ពាណិជ្ជកម្មមិនថយទេ ហើយកាន់តែកើន។ ការដឹកជញ្ជូនផ្លូវទឹកកាន់តែកើន។ អញ្ចឹង យើងព្យាករណ៍ និងអនុវត្តគោលនយោបាយធ្វើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីត្រៀមលក្ខណៈចាប់យកសក្តានុពលនៅថ្ងៃអនាគត។ ការវិនិយោគលើផែនេះ គឺជាការវិនិយោគធំណាស់ ក្នុងការទាញការដឹកជញ្ជូនផ្លូវថ្នល់ ផ្លូវដែកមកទីនេះ បំរើឲ្យសេដ្ឋកិច្ចផ្ទៃក្នុងប្រទេស បង្កើនកំណើនសេដ្ឋកិច្ច។ ប៉ុន្តែភ្ជាប់ទៅខាងក្រៅ ចាំបាច់ត្រូវការការអភិវឌ្ឍ ជាពិសេសផែអន្តរជាតិបែបនេះ។
(១៨) បានឥណទានជប៉ុនមកវិនិយោគលើកំពង់ផែ បង្កើតចំណូលរាប់ពាន់លាន ដើម្បីសេដ្ឋកិច្ច ការងារ និងភាពលេចធ្លោលើឆាកអន្តរជាតិ
នេះគឺជាឥណទានដែលដែលរាជរដ្ឋាភិបាលខ្ចីពីជប៉ុនយកមកវិនិយោគ។ យើងយកឥណទាន ៧០០លាននេះ មកវិនិយោគលើផែនេះ ដើម្បីជំរុញសេដ្ឋកិច្ច។ (យើងគណនាច្បាស់ថា) ការវិនិយោគនេះ នឹងបានជាផលរាប់ពាន់លាន និងរាប់សិបឆ្នាំតទៅទៀតជូនកម្ពុជា ដែលខ្ញុំប្រាប់ថានេះជាការវិនិយោគដោយទទួលខុសត្រូវនិងដោយឈ្លាសវៃ។ យើងមិនបានយក ៧០០ លាន ទៅទិញតែកប៉ាល់មកដឹកទេ។ យើងយកមកធ្វើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបំរើឲ្យកប៉ាល់ចេញចូល។ ជាការវិនិយោគដែលយកលុយទៅបង្កើតលុយ។ បើយើងយក ៧០០លានទៅទិញតែកប៉ាល់ ហើយស៊ីឈ្នួលដឹកជញ្ជូន វាបានកំរៃសេវាខ្លះ ប៉ុន្តែគ្រាន់តែថ្លៃជួសជុលកប៉ាល់ហ្នឹងទៅថ្ងៃមុខ និងបើសិនមិនមានទំនិញដឹកមកស្រុកខ្មែរ សេដ្ឋកិច្ចយើងនឹងមិនដើរ ហើយចតចោល ខាតលុយអត់ប្រយោជន៍។ តែយើងយកលុយ ៧០០លាន យកមកបង្កើតរាប់ពាន់លានមួយឆ្នាំៗ ដើម្បីបានសេដ្ឋកិច្ច ការងារនិងជួយឲ្យកម្ពុជាកាន់តែលេចធ្លោនៅលើឆាកអន្តរជាតិ។
(១៩) ប្រទេសខ្លះនៅអាហ្វ្រិក និងមជ្ឈឹមបូព៌ា ធ្លាប់ជាប្រទេសមាន ឥឡូវក្លាយជាប្រទេសក្រ ដោយសារការពារសន្តិភាពមិនបាន
មានអ្នកចូលចិត្តឌឺថា និយាយថា២០៥០ ក្លាយជាប្រទេសអ្នកមាន មិនបាច់ខំប្រឹង។ បើមិនបាច់ខំប្រឹង ដេកអេះពោះ អត់ទៅរួចទេ។ មានតែខំប្រឹង។ ប្រទេសអ្នកមានហើយ ត្រូវតែខំប្រឹង ដើម្បីកុំឲ្យធ្លាក់ទៅអ្នកក្រវិញ។ ប្រទេសច្រើនលើពិភពលោក ដូចប្រទេសនៅអាហ្វ្រិក ប្រទេសនៅមជ្ឈឹមបូព៌ា ធ្លាប់តែមាន តែឥឡូវក្លាយទៅជាប្រទេសដែលក្រ។ ធ្លាប់កាលពី ១០ឬ ២០ឬ ៣០ឆ្នាំមុន ជាប្រទេសអ្នកមាន។ តែដោយទប់សន្តិភាពមិនបាន ក៏ក្លាយជាប្រទេសអ្នកក្រ។ ប្រជាជនធ្លាប់តែរីកចំរើន មានឱកាសការងារ ឥឡូវស្លាប់លើសមរភូមិ ធ្លាប់មានបច្ចេកវិទ្យានាំចេញ តែឥឡូវបំរើសង្គ្រាមក្នុងប្រទេស។ អញ្ចឹង ដើម្បីទៅមុខយើងបង្រួបបង្រួម ថែរក្សាសន្តិភាពនេះគឺជាកត្តាស្នូល ដើម្បីកុំឲ្យយើងដើរថយក្រោយទៅវិញ។ មិនមែនប្រទេសឡើងទៅរួចហើយនៅហ្នឹងទេ។ ប្រទេសឡើងទៅ ក្រោយមកក៏អាចធ្លាក់វិញដែរ។ ដូចមនុស្សដែរ។ អ្នកខ្លះឪពុកម្តាយរកស៊ីមានបាន ក៏អត់ខំប្រឹង។ ដល់ពេលខ្លួនឯងចាយទ្រព្យឪម៉ែអស់ ធ្លាក់ដដែលហ្នឹង។ អ្នកខ្លះចេញមកដៃទទេ ខំប្រឹងរីក ហើយរីកបន្ត។
(២០) រៀបចំលក្ខណសម្បត្តិទីតាំងមួយចំនួនជាតំបន់ពាណិជ្ជកម្មសេរី ត្រៀមលើកកំពស់ការប្រកួតប្រជែងរបស់ខេត្តព្រះសីហនុ និងតំបន់ឆ្នេរ
យើងសង់ផែព្រះសីហនុនេះតាំងពីមុនសង្គ្រាម។ តែបើសិនជារាជរដ្ឋាភិបាល គណៈគ្រប់គ្រងក្រុមប្រឹក្សាភិបាល ក៏ដូចជាបងប្អូនទាំងអស់នៅទីនេះមិនខំប្រឹង មិនមែនបាន capacity ដល់ ១លាន TEUsទេ។ យើងធ្លាប់តែធ្វើបាន ៥០ ឬ៦០ ឬ៧០ ឬ៨០ ម៉ឺនទេ។ ឥឡូវយើងលើសពីសមត្ថភាពហើយ។ overcapacity។ បានន័យថា គេដឹកជញ្ជូនមកតាមនេះ ប្រសិទ្ធិភាពកាន់តែល្អ តម្លៃនៅទីនេះថោក គេមកប្រើប្រាស់សេវាកាន់តែច្រើន។ នេះជាភាពជោគជ័យ។ នៅទីនេះ បើស្រាប់តែមកដល់ថ្ងៃណាក៏អត់ឃើញបងប្អូនមកធ្វើការ សេវាដាក់មកស្ទះ ចូលទៅកក នេះហើយគឺជាភាពមិនជោគជ័យ។ យើងបន្តការខិតខំប្រឹងប្រែងនេះ … ការធ្វើពាណិជ្ជកម្មពិភពលោកកាន់តែកើន ការជំរុញបន្ថែមប្រព័ន្ធដឹកជញ្ជូនក៏កាន់តែរីកធំ។ ប៉ុន្តែ ខេត្តព្រះសីហនុខ្លួនឯង មិនត្រឹមតែជាខេត្តមួយនិងផែមួយដែលមានលក្ខណៈយុទ្ធសាស្ត្រនិងយូរអង្វែងនោះទេ ប៉ុន្តែវាស្របជាមួយផែនការអាទិភាពមូល គឺថាយុទ្ធសាស្ត្រធំរបស់រដ្ឋាភិបាល។ គេថាខេត្តព្រះសីហនុ ជាប៉ូលដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងដាក់ចេញផែនការមេអភិវឌ្ឍតំបន់ឆ្នេរ យកជាខេត្តគោល ចាប់ផ្តើមអនុវត្តសាកល្បងនៅឆ្នាំ២០២៥ នេះ។
យើងកំពុងរៀបចំតំបន់មួយចំនួននៅកន្លែងនេះ ដើម្បីរុញទៅជាតំបន់ពាណិជ្ជកម្មសេរីទៅថ្ងៃអនាគតលើកកំពស់ការប្រកួតប្រជែងរបស់ខេត្តព្រះសីហនុ និងតំបន់ឆ្នេររបស់យើង។ អញ្ចឹងយើងមិនត្រឹមតែដាក់ជាផែនការមេក្នុងក្រដាសទេ។ យើងរៀបចំលក្ខណៈសម្បត្តិផងដែរ។ ក្នុងនោះ ប្រព័ន្ធដឹកជញ្ជូន logistic ជាកត្តាមួយសំខាន់។ រាជរដ្ឋាភិបាលបានវិនិយោគជាង ៣០០លានដុល្លារពីឆ្នាំ ២០១៩-២០២១ ធ្វើហេដ្ឋារចនាសម្ព័ន្ធ ៣៧ខ្សែ ៨៤គីឡូ។ ឥឡូវអ្នកដែលខានមកខេត្តព្រះសីហនុ សូម្បីតែខ្ញុំមួយវឹក កូវីដ១៩ នេះ មកក្រោយជិះវង្វេង។ ផ្លូវកាត់ឥឡូវល្បីជាងគេ ព្រះថោងនាងនាគ។ ថ្ងៃមុន AI ដាក់ព្រះថោង នាងនាគដើរ ទាំងលោកយាយ លោកតា ចាស់ៗ អាយុ ៨០ ជាង គាត់មកទាញស្បៃនៅហ្នឹងដែរ។ អញ្ចឹង ជាការអភិវឌ្ឍឧស្សាហកម្ម ទេសចរណ៍ និងបម្រើឲ្យឧស្សាហកម្មផ្សេងៗ។ សួរថារដ្ឋដាក់វិនិយោគហ្នឹងអត់គិតទេឬ។ គេថាចេះតែនឹកឃើញដាក់។
(២១) ក្រុមការងារពិសេសរាជរដ្ឋាភិបាល មិនត្រឹមតែនាំទៅខេត្តព្រះសីហនុនូវហេដ្ឋារចនាសម្ព័ន្ធទេ តែក៏ប្រព័ន្ធសម្រេចស្តីពីវិនិយោគ
មិនអញ្ចឹងទេ។ តែវាជាកញ្ចប់នៃការវិនិយោគ។ ជាមួយការរៀបចំផែនៅទីនេះ នៅខេត្តព្រះសីហនុ ក៏មានការរៀបចំបណ្ដាញអគ្គិសនីតភ្ជាប់ទៅតាមកោះ … ឯកឧត្តម កែវ រតនៈ (បានអោយដឹងថា) បានសាងសង់/តបណ្តាញតង់ស្យុងអគ្គិសនីក្រោមទឹក (ត្បិតទៅកោះ យើងអូសខ្សែមិនកើតទេ។ អូសតាមផ្លូវ លើកឲ្យខ្ពស់ឡានបើកមិនបុក តែដាក់នៅលំហសមុទ្រ ខ្យល់ព្យុះមក ឬកប៉ាល់បើកបុកដាច់)។ មានតែកប់ក្រោមក្រោមសមុទ្រ។ យើងបានកប់នៅកោះរ៉ុង កោះស្រមោច កោះថ្មី កោះទទឹង កោះអំពិលតូច កោះសំរិទ្ធិ កោះម្នាស់ កោះស្មាច់ កោះស្តេចរួចហើយ។ ដោយឡែកកោះពស់ អូសកាត់តាមក្រោមស្ពាន។ ឥឡូវនេះ អគ្គិសនីកម្ពុជាកំពុងរៀបចំសាងសង់ខ្សែបណ្តាញអគ្គិសនីតង់ស្យុងមធ្យម ក្រោមបាតសមុទ្រពីកោះរ៉ុង ទៅកោះរ៉ុងសន្លឹមទៀត ដែលគម្រោងថវិកានេះប្រើថវិកា ៣លានដុល្លារ និងគ្រោងចប់នៅចុងឆ្នាំ២០២៥។ អញ្ចឹងតាមបណ្តាកោះ យើងបានបន្តភ្ជាប់ខ្សែអគ្គិសនី។
រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារពិសេសមួយនៅខេត្តព្រះសីហនុ ដើម្បីជំរុញវិនិយោគ។ យើងបានបញ្ជូន ឯកឧត្តម ហ៊ាន សាហ៊ីប (តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)ជាប្រធានក្រុមការងារពិសេសមកទីនេះដោយសារយើងចង់បង្ខិតវិមជ្ឈការសិទ្ធិការសម្រេចចិត្ត ទៅលើការវិនិយោគមួយចំនួនមកនៅទីនេះ … មកដល់ម៉ោងនេះ យើងរុញបានវិនិយោគច្រើនណាស់ឆ្នាំនេះ។ គ្រាន់តែត្រីមាសទី១ ដូចចូល ៥៦គម្រោងទៅហើយ។ យើងរុញមកទីនេះ មិនត្រឹមតែហេដ្ឋារចនាសម្ព័ន្ធទេ តែក៏ប្រព័ន្ធការងារ ប្រព័ន្ធការសម្រេចវិនិយោគកាន់តែងាយស្រួលលើកទឹកចិត្ត ធ្វើម៉េចឲ្យគេមកវិនិយោគនៅខេត្តព្រះសីហនុ និងរាយទៅតាមបណ្តាខេត្តតាមបណ្តោយសមុទ្រឲ្យកាន់តែលឿន។ តើធ្វើបានតែក្នុងមួយថ្ងៃឬ? មិនដូចនោះទេ។ ចេញបានម្តងទាំងអស់ឬ? មិនដូចនោះទេ។ តែជាជំហានៗបែបនេះ យើងបានធ្វើ យើងធ្វើ និងបន្តធ្វើ។ ផ្លូវ ៣០០លាន ៣៧ខ្សែចេញហើយ។ បណ្តាញភ្លើងទៅប៉ុន្មានកោះ ចេញហើយ។ មិនមែនខ្ញុំទើបតែនិយាយទេ។ ផែនៅទីនេះបានធ្វើហើយ។ ខ្ញុំមកបុកគ្រឹះបើកការដ្ឋានតាំងពីខែ ១២នោះ។ ឥឡូវកំពុងធ្វើ។ មែនទេ? … ឆ្នាំ២០២៧ យើងនឹងចប់។ កប៉ាល់កាន់តែច្រើននិងធំជាងកប៉ាល់ដែលចូលមករាល់ថ្ងៃ នឹងចូលមកទីនេះ។
(២២) វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់គាំទ្រមានទឹក ភ្លើង ផ្លូវ គិតទាំងវិធានការអនុវត្តជាក់ស្តែង ឲ្យអ្វីដែលមានលើក្រដាសក្លាយជាការជាក់ស្តែងនៅលើដី
នៅឆ្នាំ២០៣០ កប៉ាល់យក្សដឹកទំនិញធំៗ នឹងអាចឆ្លងកាត់មកយើង។ ឥឡូវយើងគ្រាន់តែស្រមៃទេ ដោយសារទឹកយើងវារាក់។ ឥឡូវបងប្អូនហត់បន្តិចហើយ។ ចង់ឲ្យកប៉ាល់ចូលកាន់តែធំ ឬមួយក៏ចូលតែប៉ុណ្ណឹងកុំឲ្យហត់។ ចង់ឲ្យធំជាងហ្នឹង ចង់ឲ្យកប៉ាល់ទូទាំងពិភពលោកអាចចូលមកកម្ពុជាបាន។ ត្រូវទេ? ចង់ឃើញអាកប៉ាល់ខ្នាតយក្សដែលឃើញរត់នៅលើពិភពលោក មិនត្រឹមតែចូលពី LAEM CHABANG ត្រឹមតែសិង្ហបុរី ផ្ទេរអាកប៉ាល់តូចមកយើងទេ។ ចង់ឲ្យអាហ្នឹងចូលមកយើងផ្ទាល់។ មែនអត់? ហើយអាចប្រាប់កូន ឬមួយក្មេងៗជំនាន់ក្រោយថា កាលហ្នឹងជំនាន់ពូកប៉ាល់តូចចូលមក ឥឡូវជំនាន់ក្មួយកប៉ាល់ធំ … នេះជាការអនុវត្តគោលនយោបាយចក្ខុវិស័យ។ ដើម្បីឲ្យកន្លែងនេះដើរ យើងត្រូវវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់គាំទ្រមានទឹក ភ្លើង ផ្លូវ រាប់រយលានទៀត។ យើងដាក់ចេញគោលនយោបាយលើកទឹកចិត្តការវិនិយោគ ពិសេសរៀបចំយន្តការឲ្យដើរ។ នេះជាការគិតគូរជាកញ្ចប់។ មិនត្រឹមតែគិតនៅលើក្រដាសទេ ប៉ុន្តែគិតទាំងវិធានការនៅក្នុងការអនុវត្តជាក់ស្តែង ដើម្បីឲ្យអ្វីដែលមាននៅលើក្រដាសក្លាយជា(ការជាក់ស្តែង)នៅលើដី។ យើងត្រូវធ្វើម៉េចយកលទ្ធផលលើដីជាគោល។ នេះជាអ្វីដែលខ្ញុំនិយាយតាំងពីថ្ងៃទី១ ដែលខ្ញុំជួបជាមួយនឹងប្រជាពលរដ្ឋពលករ … យើងគិតពីអ្វីដែលមាននៅលើដី។ យើងដាក់ចេញយន្តការច្នៃប្រឌិតច្រើន បង្កើតយន្តការពិសេសថ្មីៗ ដូចក្រុមការងារចំពោះកិច្ចអំពីវិនិយោគនៅខេត្តព្រះសីហនុ។
(២៣) បន្តធ្វើនវានុវត្តន៍ និងទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធការងារ ធនធានមនុស្ស ដើម្បីធានាភាពប្រកួតប្រជែងនិងភាពម្ចាស់ការ
ឥឡូវរូបមន្តដើរនៅទីនេះ។ យើង copy ពីកន្លែងនេះ យកទៅដាក់នៅទិសឦសានទៀត។ បង្កើតក្រុមការងារមួយដើម្បីជំរុញការវិនិយោគទិសឦសាន បង្ខិតការវិនិយោគនៅទីនោះឲ្យបានលឿន។ លើកទឹកចិត្តវិនិយោគជួយកាត់បន្ថយនីតិវិធី និងរុញឲ្យដល់មូលដ្ឋាន ដាក់ទិសដៅលើកលែងពន្ធ ការអនុគ្រោះផ្សេងៗទៀត។ ម្សិលមិញជជែកគ្នាជាមួយ ឯកឧត្តម ផាន់ ផល្លា លើការជំរុញវិស័យកសិកម្ម កសិ-ឧស្សាហកម្ម បង្កើតរូបមន្តថ្មីៗ ដើម្បីធ្វើ(អោយមានវឌ្ឍនភាព)។ នេះជាការប្រកួតប្រជែង។ បើយើងមានលក្ខណៈសម្បត្តិហើយ មានសក្តានុពលហើយ យើងធ្វើល្អហើយ តែយើងមិនមាននវានុវត្តន៍ យើងនឹងដើរចាញ់គេ។ ជឿទេ? ហាងគុយទាវ២ ធ្វើម្ហូបឆ្ងាញ់មែន ប៉ុន្តែ បើហាង១ មានម្ហូបប្លែកៗ ថ្មីៗជាប្រចាំ គេនឹងទៅសាកកន្លែងនោះ។ ក្រុមហ៊ុន computer មួយ IBM កាលពីឆ្នាំ ១៩៨០ គឺក្រុមហ៊ុនធំជាងគេបំផុត។ ប៉ុន្តែក្រុមហ៊ុននេះបាត់ស្រមោល។ គេសួរថាដោយសារក្រុមនេះធ្លាក់ដៃ?
ក្រុមហ៊ុននោះមានប្រសិទ្ធភាព និងការដឹកនាំផលិតផលដែលគាត់ធ្វើគឺល្អដដែល ប៉ុន្តែអ្វីដែលមិនទាន់គេ គឺការច្នៃប្រឌិតអត់ទាន់ Microsoft អត់ទាន់ dell អី ដែលធ្វើនវានុវត្តន៍បច្ចេកវិទ្យាកាន់តែថ្មី។ អញ្ចឹងផលិតផលដដែល ដើរលែងរួច។ ឡានរបស់ក្រុមហ៊ុនមួយចំនួនផលិតម៉ូតដដែល មិនសូវមានទំនើបកម្ម មិនសូវមានផលិតកម្ម។ ធ្វើល្អ ប៉ុន្តែច្នៃប្រឌិតចាញ់គេ ខណៈដែលឡានក្រុមហ៊ុនផ្សេងចេញមកទំនើប ស្រួលបើក តម្លៃប្រហាក់ប្រហែលគ្នា គេទិញអាថ្មីតែម្តង។ នៅទីនេះក៏ដូចគ្នា។ ប្រទេសយើងដូចគ្នា។ ការវិនិយោគទាក់ទាញដូចគ្នា។ ចេញទៅក្រៅប្រទស ខ្ញុំទៅជួបជាមួយអ្នកវិនិយោគ មេដឹកនាំប្រទេសផ្សេង ក៏គេទៅធ្វើដូចគ្នា។ យើងមានគោលនយោបាយលើកទឹកចិត្ត គេក៏មានគោលនយោបាយលើកទឹកចិត្ត។ អញ្ចឹងបានការលើកទឹកចិត្តគោលនយោបាយរបស់យើងទាំង CDC ទាំងការជួបជាមួយនឹងវិស័យឯកជនដើម្បីខិតខំរកវិធី គិតគូរមើលថាតើគោលនយោបាយអ្វីខ្លះទៀត ដើម្បីឲ្យកាន់តែប្រកួតប្រជែង ឬមួយក៏លែងត្រូវហើយ។ ធ្វើយ៉ាងម៉េច ពេលដែលអនុវត្តទៅ មានបញ្ហាអ្វីត្រូវដោះឲ្យលឿន ដើម្បីធានាភាពប្រកួតប្រជែង …។
ផែនេះដូចគ្នា។ ខ្ញុំបានគិតគូរ និងតាមដានមើលកំពង់ផែនេះ។ មានបញ្ហាប្រជុំដោះស្រាយជាប្រចាំ។ អ្នកដឹកជញ្ជូនមកមានអ្វី ខ្វះ Rail ទៅដល់ warehouse។ យើងធ្វើ warehouse កន្លែងហ្នឹង។ Rail កន្លែងជើងលើកយ៉ាងម៉េច យើងច្នៃប្រឌិតធ្វើ។ ឥឡូវមានទាំងហេដ្ឋារចនាសម្ព័ន្ធថ្មី មានទាំងកន្លែង comment និង control នៅទីនេះអាចពិនិត្យមើលទំនាក់ទំនងជាមួយកប៉ាល់/ផែនៅជិតហ្នឹងទៀត។ អញ្ចឹងកាន់តែជួយច្រើន។ រឿងការដឹកជញ្ជូន និងចរាចរណ៍នេះហើយដែលថាយើងមិននៅនឹងថ្កល់។ បើយើងនៅនឹងថ្កល់ យើងនឹងរត់ចាញ់គេ។ យើងត្រូវតែបន្តធ្វើនវានុវត្តន៍ និងទំនើបកម្មទាំងហេដ្ឋារចនាសម្ព័ន្ធ ទាំងប្រព័ន្ធការងារ ទាំងទំនើបកម្មសមត្ថភាព ធនធានមនុស្សដើម្បីយើងធានានូវភាពប្រកួតប្រជែង និងភាពម្ចាស់ការរបស់យើងនៅលើពិភពលោក។ ពេលដែលយើងចូលសមាហរណកម្មក្នុងសេដ្ឋកិច្ចពិភពលោកនេះឯង។
(២៤) ខេត្តព្រះសីហនុ ជាខេត្តទី៦ បញ្ចប់ការវាស់វែងនិងចុះបញ្ជីក្បាលដី; តាមប្រព័ន្ធ GPS ផ្ទៃដីកម្ពុជាធំជាង ១៨១.០៣៨ គីឡូម៉ែត្រក្រឡា
យើងបន្តធ្វើកិច្ចការនេះតទៅទៀត។ ក្នុងនោះដែរ ខ្ញុំក៏សូមអរគុណ និងអបអរសាទរ ខណៈខេត្តព្រះសីហនុជាខេត្តទី៦ បានបញ្ចប់ការវាស់វែងនិងចុះបញ្ជីក្បាលដី។ សូមអរគុណឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងដែនដីនគររូបនីយកម្ម សំណង់ ឯកឧត្តម ម៉ៅ ស៊ីណេត។ យើងបន្តខិតខំបញ្ចប់ការវាស់វែងនេះ ឈានទៅដល់ការកាត់បន្ថយទំនាស់និងវិវាទ។ ខេត្តព្រះសីហនុនេះ បើនិយាយពីកាលដីមិនទាន់ត្រូវប៉ាន់ មិនទាន់មានទំនាស់ទេ តែចាប់ផ្តើមដីត្រូវប៉ាន់ទំនាស់កាន់តែច្រើន។ តែឥឡូវទំនាស់សឹងអស់ហើយ។ មួយផ្នែកដោយសារយើងអត់មានប្លង់ច្បាស់លាស់ ជំនាន់ប៉ុលពតអី គឺចោលទាំងអស់។ យើងវាស់វែងកំណត់តែនៅក្នុងនេះទេ។ នៅទូទាំងប្រទេសដូចគ្នា។ ឥឡូវការវាស់វែងចុះបញ្ជីក្បាលដីបានច្រើន។ អញ្ចឹងវាស់ឥឡូវគឺប្រើ Gps ប្រើអ្វីផ្សេងៗ ដើម្បីធានា។
ថ្ងៃមុនគេសើចចំអក នៅពេលដែលខ្ញុំនិយាយថា ជាលទ្ធផលបឋមមកដល់ថ្ងៃនេះ ផ្ទៃក្រឡារបស់ប្រទេសយើង មិនមែន ១៨១.០៣៥ គីឡូម៉ែត្រការេទេ គឺឈានដល់ ១៨១.៤០០ ប៉ុន្មានទេ។ ខ្ញុំភ្លេចហើយ។ ច្រើនជាង ១៨១.០៣៥ គីឡូម៉ែត្រការេ។ គេសើច។ សួរថាហេតុអ្វីបានខុសគ្ន? កាលមុន ជំនាន់បារាំងវាស់ដៃហើយ calculate។ ឥឡូវវាស់ GPS computer calculate ឲ្យ។ បោះបង្គោលកន្លែងណា GPS នៅហ្នឹង។ តភ្ជាប់ទាំងអស់។ កន្លែងដែលយើងបានឯកភាពគ្នា computer គិតឲ្យយើង វាឡើងលើស ១៨១.០៣៥ គីឡូម៉ែត្រការេ។ គេថាយើងនិយាយកុហក ផ្អែកទៅលើបច្ចេកទេសវិទ្យាសាស្រ្ត។ ផ្ទៃក្រឡាពិតប៉ុណ្ណា យើងមិនទាន់វាស់វែងចប់។ នៅជាមួយថៃយើងនៅសល់មួយចំនួន។ យើងមិនទាន់ឯកភាពគ្នា។ ជាមួយឡាវនៅសល់ ១៤ភាគរយ។ នៅជាមួយវៀតណាមនៅសល់ ១៦ភាគរយ។ ក្រោយពីការវាស់វែង បញ្ចប់ហើយបានយើង calculate ចេញ។ ឥឡូវប្រព័ន្ធការងារផ្អែកលើ computer។ បងប្អូនដឹងហើយ computer និងដៃមនុស្សមួយណាច្បាស់ជាង។ ខ្ញុំជឿ computer ហើយ។
(២៥) ការវាស់វែងនិងចុះបញ្ជីក្បាលដី ជួយបញ្ជាក់កម្មសិទ្ធ លែងមានទំនាស់ និងលើកទឹកចិត្តវិនយោគ
ថ្ងៃមុន ទៅមើលក្រុមហ៊ុនផលិតឡាននៅក្រគរ។ process មួយចំនួនគេដាក់ computer។ បើសិនជា scan ទៅខុសបន្តិច វាទាត់ចោលភ្លាម។ បើឲ្យមនុស្សមើលក្នុង ១០អាចខ្វះមួយទៅពីរ។ ការគិតគូរបែបនេះ គឺការគិតគូរប្រើប្រាស់បច្ចេកទេស។ អញ្ចឹងរឿងវាស់វែងដីធ្លីដូចគ្នា។ យកការវាស់វែងដោយបច្ចេកទេសចេញជាប្លង់ L បានដែលយើងហៅថាប្លង់រឹងនោះ។ ជាប្លង់មួយដើម្បីកំណត់ ហើយផ្អែកទៅលើនិយាមការបច្ចេកទេស នៅក្នុងប្រព័ន្ធ computer។ យើងអាចធានាបានថា សុក្រឹត្យជាងយើងវាស់ដៃ។ ការធ្វើបែបនេះ នឹងឈានទៅកាត់បន្ថយផលប៉ះពាល់និងវិវាទ។ ខ្ញុំសង្ឃឹមថា ការដោះស្រាយផលប៉ះពាល់ និងវិវាទនេះ ទី១ នឹងជួយឲ្យប្រជាពលរដ្ឋរបស់ជាម្ចាស់កម្មសិទ្ធិកាន់តែច្បាស់លាស់ លែងមានទំនាស់ តកូន តចៅ ជាមួយអ្នកជិតខាង។ ទី២ លើកទឹកចិត្តដល់ការវិនិយោគ ដោយសារប្រព័ន្ធដីធ្លីលែងមានបញ្ហាទៀត។ ប្រាកដណាស់ គេហ៊ានដាក់ទុនដោយមិនឈឺក្បាលរឿងបញ្ហាដីធ្លី។ ទាំងអស់នេះជួយជំរុញការវិនិយោគនៅកម្ពុជា ជាពិសេសនៅខេត្តព្រះសីហនុតែម្តង។ អញ្ចឹងកិច្ចការនេះនឹងបន្ត។ ល្ងាចនេះ ឯកឧត្តម សាយ សំអាល់ ទៅចែកដូចជា ៥០០០ប័ណ្ណនៅខេត្តព្រះសីហនុ។
ថ្ងៃមុននៅតាកែវអត់បានប្រកាស។ តាកែវដូចបញ្ចប់ដែរ។ ទៅម្សិលម៉្ងៃអត់បានប្រកាស។ ឥឡូវប្រកាសតែម្តង។ ជាខេត្តទី៦ ហើយដែលបញ្ចប់ការវាស់វែងនិងចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋ។ ចុះបញ្ជីហើយ អស់មានទំនាស់ហើយ។ យើងចេញទៅឲ្យប្រើប្រាស់។ អញ្ចឹងកិច្ចការនេះជាកញ្ចប់តែម្តង។ នៅក្នុងការធានានូវសិទ្ធិ និងកម្មសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋរបស់យើង ក៏ដូចជាការធានានូវលំនឹង និងភាពច្បាស់លាស់នៃការវិនិយោគ វិនិយោគខ្លួនឯងក៏ដោយ។ បងប្អូនដែលធ្វើផ្ទះ ធ្វើ hotel នៅលើដីរបស់ខ្លួន។ បើដីរបស់យើងមិនច្បាស់ ស្រាប់តែធ្វើគេមកប្តឹងវាយ hotel ពិបាក។ តែដោយសារយើងមានវាស់ច្បាស់លាស់ ព្រំច្បាស់លាស់ គឺលែងមានអ្នកណារករឿង។ នេះជាការឈានទៅមុខជាប្រចាំ ជាការដោះស្រាយបញ្ហាតម្រូវការជូនប្រជាពលរដ្ឋរបស់យើង។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៤]
ជាមួយនឹងការអបអរសាទរទិវាពលកម្មអន្តរជាតិ ខ្ញុំសូមយកឱកាសនេះ ជំរុញដល់ កំពង់ផែស្វយ័តក្រុងព្រះសីហនុបន្តខិតខំយកចិត្តទុកដាក់បន្ថែមទៀត លើការកែលម្អសេវាកម្ម ការធ្វើទំនើបកម្មបច្ចេកវិទ្យា និងការរៀបចំប្រព័ន្ធដូចដែលបានលើកអម្បាញ់មិញ […]។
[ផ្ដើមសេចក្ដីអធិប្បាយ៤]
(២៦) កម្ពុជាចាត់ឧបនាយករដ្ឋមន្រ្តី ចរចាពាណិជ្ជកម្មជាមួយរដ្ឋបាលសហរដ្ឋអាមេរិក
ខ្ញុំក៏សុំឲ្យភាគីជប៉ុនបន្តសហការជួយជំរុញរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុជាមជ្ឈមណ្ឌលភស្ដុភារកម្ម និងឡូជីស្ទីកតំបន់ឲ្យបានកាន់តែឆាប់រហ័ស ដើម្បីយើងឈានទៅដល់ការគិតគូរពីផែនការសកម្មភាព និងការសម្រួលឲ្យដើរទន្ទឹមគ្នា ក្នុងផែនការជំរុញខេត្តព្រះសីហនុ ទៅជាតំបន់ឧស្សាហកម្ម តំបន់ពាណិជ្ជកម្មសេរីទៅថ្ងៃមុខ។ ខ្ញុំសូមជម្រាបជូនបងប្អូនបន្តិច។ បើយើងនិយាយអំពីពាណិជ្ជកម្មហើយ សូមធ្វើបច្ចុប្បន្នភាពជូនបងប្អូនដោយខ្លីទេ … រឿងពាណិជ្ជកម្មជាមួយអាមេរិក មានវឌ្ឍនភាពដល់ណា ហើយរាជរដ្ឋាភិបាលធ្វើអីខ្លះ? រឿងហ្នឹងពាក់ព័ន្ធនឹងបងប្អូន។ តែពាណិជ្ជកម្មមានបញ្ហា ការនាំចេញក៏មានបញ្ហា ទំនិញឆ្លងកាត់ក៏មានបញ្ហា ការកាត់បន្ថយ ឬបង្កើន។ បើលំហូរប្រសើរ ការងារក៏មានកាន់តែច្រើន ពង្រីកសកម្មភាពនៅកំពង់ផែ។ នេះគឺជាកិច្ចការស្មុគស្មាញ។ មកដល់ម៉ោងនេះ មិនទាន់មានប្រទេសណាមួយចរចាត្រូវនោះទេ។
សូម្បីប្រទេសជប៉ុនជាមហាអំណាច ជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាមេរិកតាំងពីសង្រ្គាមលោកលើកទី២ចប់ ត្រូវទទួលពន្ធ២៤% ហើយខិតខំចរចាមកដល់ម៉ោងនេះមិនទាន់ត្រូវផង។ ក្រុមចរចាជប៉ុនដឹកនាំដោយរដ្ឋមន្រ្តីពាណិជ្ជកម្មទៅចរចានៅវ៉ាស៊ីងតោន ជួបផ្ទាល់ហើយមិនទាន់ត្រូវទៀត ព្រោះវាស្មុគស្មាញ។ ចរចាពាណិជ្ជកម្មមួយៗ មិនមែនស្រួលនោះទេ។ ចរចាមួយគឺចរចាជាមួយទាំងអស់គ្នា។ បានន័យថាម៉េច? ប្រទេសជប៉ុនត្រូវចរចាជាមួយអាមេរិកក៏ពិតមែន តែប្រទេសជប៉ុនក៏ត្រូវអនុវត្តគោលការណ៍ WTO និង MFN ដែរ សំរុះសំរួលជាមួយអាមេរិក តែក៏ត្រូវឲ្យស្រុះស្រួលគ្រប់គ្នា។ អញ្ចឹងគាត់ត្រូវគិតគូរទាំងអស់។ បើឲ្យអ្វីមួយទៅអាមេរិក ត្រូវឯកភាពជាមួយអឺរ៉ុប ជាមួយអី។ អញ្ចឹងត្រូវគិតគូរពីចំណូលនៃការពាណិជ្ជកម្ម។ ទី២ លក្ខខណ្ឌ។ វាមានរឿងពន្ធ និងរឿងមិនមែនពន្ធ។ អញ្ចឹងគឺចរចា។
សម្រាប់ កម្ពុជា យើងខិតខំ។ ទោះបីជាស្មុគស្មាញយ៉ាងណាក៏ដោយ លំបាកយ៉ាងម៉េចក៏ដោយ ក៏យើងបានចាត់វិធានការ និងត្រៀមលក្ខណៈបន្តទៀតដើម្បីធ្វើការ។ គោលដៅការពារផលប្រយោជន៍ពាណិជ្ជកម្ម សេដ្ឋកិច្ចប្រជាពលរដ្ឋ ជាពិសេសសេដ្ឋកិច្ចយើងដែលពឹងផ្អែកទៅលើការនាំចេញ។ អញ្ចឹង ធ្វើយ៉ាងម៉េចធានាគាំទ្រដល់ការងារប្រជាពលរដ្ឋ សេដ្ឋកិច្ចរបស់យើង ដើម្បីហោប៉ៅប្រជាពលរដ្ឋនៅរក្សាបាន។ ចំអកថាអីថាទៅ តែយើងនៅតែធ្វើការងារនេះ។ មកដល់ពេលនេះ ក្រុមការងារយើង ដឹកនាំដោយឯកឧត្ដម ស៊ុន ចាន់ថុល បានជួបនឹងប្រធានតំណាងពាណិជ្ជកម្មរបស់អាមេរិក លោក (Jamieson) Greer ម្ដងហើយ កាលពីថ្ងៃទី១៦ ខែមេសា។
ថ្ងៃនោះ បងប្អូនបានដឹងហើយគឺជាថ្ងៃចូលឆ្នាំ។ រដ្ឋាភិបាលមិនបានឈប់សម្រាកចូលឆ្នាំទៅបាញ់ទឹក ប៉ាតម្សៅទេ តែអង្គុយសរសេរដើម្បីត្រៀមលក្ខណៈដើម្បីចរចាជាមួយគេ។ សុខចិត្តឲ្យបងប្អូនសប្បាយរីករាយ តែយើងត្រូវទទួលខុសត្រូវ។ ស្អែកត្រូវជួបម្ដងទៀតជាមួយគាត់ដើម្បីឈានទៅដល់ការជជែកគ្នាបន្តិចម្ដងៗ ព្រោះអាមេរិកគាត់ប្រើពេលយូរ។ គាត់ចរចាជាមួយជិត ២០០ប្រទេសឯណោះ។ យើងនៅរង់ចាំពេលវេលា។ ពេលណាដែលគេឲ្យឡើងទៅអាមេរិក យើងនឹងទៅភ្លាម។ យើងចាត់ដល់ថ្នាក់ឧបនាយករដ្ឋមន្រ្តី ដើម្បីធានាការងារនេះ គឺជាកម្រិតខ្ពស់បំផុតហើយ ក្រៅពីប្រមុខរាជរដ្ឋាភិបាល។ គ្រប់ប្រទេសទាំងអស់ប្រទេសខ្លះត្រឹមរដ្ឋមន្រ្តី ប្រទេសខ្លះត្រឹមក្រុមការងារ ប្រទេសខ្លះក៏មានដល់ឧបនាយករដ្ឋមន្រ្តីដូចយើងដែរ។ នេះបង្ហាញអំពីការប្ដេជ្ញាចិត្តនិងការខិតខំរបស់យើង។ បើយើងមិនឲ្យតម្លៃការការពារផលប្រយោជន៍របស់យើងទេ យើងមិនចាំបាច់ចរចាទេ។
(២៧) ប្រជាពលរដ្ឋអាចវិនិច្ឆ័យ៖ “មិនជួយទាញវិនិយោគ មិននិយាយល្អពីប្រទេស អំពាវនាវឲ្យគេដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា”
សូមឲ្យបងប្អូនជឿទុកចិត្តចុះ។ អ្វីដែលយើងបង្កើតមកនេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាខិតខំដើម្បីការពារជូន។ ការដាក់ទណ្ឌកម្មមិនមែនតែលើកម្ពុជាទេ គឺជិត ២០០ប្រទេស។ ទើបម្សិលមិញ ខ្ញុំឃើញអ្នកខ្លះអួតថាបានទៅសភាអឺរ៉ុប និងប្រាប់អឺរ៉ុបថា “កុំភ្លេចដាក់ទណ្ឌកម្មរដ្ឋាភិបាលខ្មែរ”។ យើងកំពុងតែប្រឈមនឹងសម្ពាធពាណិជ្ជកម្ម បណ្តាលពីការដាក់ពន្ធរបស់អាមេរិក ប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ក៏គេនៅតែមិនភ្លេចអួតរឿងឲ្យអឺរ៉ុបត្រៀមដាក់ទណ្ឌកម្មមកលើកម្ពុជាទៀត។ តើដាក់ទណ្ឌកម្មរូបមន្តអី? ភាគច្រើនគឺប្រើសេដ្ឋកិច្ច ដូចជាដក EBA អីអញ្ចឹង។ តើបានផលមកលើកម្មករ ពលករយើងឬទេ? អត់ទេ។ ដក EBA ដាក់សម្ពាធសេដ្ឋកិច្ចបន្ថែម បន្ថយនូវការដឹកជញ្ជូនទំនិញពីរោងចក្រតែប៉ុណ្ណឹង។
ថ្ងៃមុន ខ្ញុំទើបនឹងនិយាយរួចថា កាលពីទាមទារឲ្យដក EBA ពីមុន គឺលោក សម រង្ស៊ី លោកស្រី កឹម មនោវិទ្យា នោះបានទៅ ហើយមានភស្តុតាងអួតថា ថ្ងៃនេះ បានទៅជួបសុំឲ្យគេដក។ ក្រោយមកគេដក។ តើនេះឬជាគុណសម្បត្តិនយោបាយរបស់អស់លោក? តើដកអស់នោះ វាប៉ះពាល់ឆ្នាំបាយប្រជាពលរដ្ឋឬទេ? ប៉ះពាល់។ គាត់ក៏ដឹងដែរថា បើសិនគេដាក់សម្ពាធ វាប៉ះពាល់ដល់ឆ្នាំបាយប្រជាពលរដ្ឋ។ អញ្ចឹងតើគាត់ចាំបាច់ទៅសុំរំឭកគេធ្វើអី? បើមិនធ្វើ ក៏គេមិនថាគដែរ។ តែបើយើងធ្វើ ពេលដែលគេប្រជុំសភា គេថាដោយសារមានតំណាងកម្ពុជាមកសុំ គេផ្អែកលើហ្នឹង។ អញ្ចឹងខ្លួនឯងក៏ជាអ្នកចូលរួមក្នុងការឲ្យគេដាក់សម្ពាធដែរ។ រឿងអីផ្សេងមិនធ្វើ ចាំបាច់ទៅធ្វើរឿងដែលប៉ះពាល់ឆ្នាំងបាយកូនចៅប្រជាពលរដ្ឋធ្វើអី រួមទាំងអ្នកបោះឆ្នោតឲ្យពួកគាត់។
ម្សិលមិញ ឃើញក្រុមចលនាស្អីហ្នឹងអួតពីរឿងហ្នឹង។ តើគេគិតឬអត់? បងប្អូនគិតមើលទៅ បងប្អូនខ្លះអាចគិតថា ពួកគាត់គិតគូរពីផលប្រយោជន៍ជាតិ។ គាត់អត់មានតួនាទីរដ្ឋ។ អញ្ចឹងគាត់មិនអាចទាញវិនិយោគមកទេ។ បងប្អូនអើយ ពាក្យខ្មែរមួយថា៖ «បើមិនបានជួយចូកជួយចែវ កុំយកជើងរាទឹក»។ បើមិនបានទៅទាញវិនិយោគមកទេ មិនបានទៅសុំអំពាវនាវឲ្យគេមកវិនិយោគ មិនបានទៅនិយាយល្អពីកម្ពុជាទេ តែសុំកុំទៅអំពាវនាវ ឬជួបគេដើម្បីកុំឲ្យភ្លេចដាក់ទណ្ឌកម្មមករដ្ឋាភិបាលកម្ពុជា។ ហ្នឹងស្មើនឹងយកជើងរាទឹកហើយ។ បើអស់លោកសប្បាយចិត្ត អស់លោកមានមោទនភាព ហើយអ្នកគាំទ្រខំគាំទ្រលោកស្រី អ្នកនយោបាយវ័យចំណាស់ ដូចអ្នកនាំពាក្យអត់សក់អីហ្នឹង ចេញមកអួតថាគេទៅវិភាគឲ្យអ្នកដឹកនាំអឺរ៉ុបយល់ និងធ្វើការសម្រេចចិត្ត កុំភ្លេចដាក់ទណ្ឌកម្មកម្ពុជា។
បើអស់លោកសប្បាយចិត្ត និងមានមោទនភាពនៅក្នុងការយកជើងរាទឹក ឬមួយដាក់ឲ្យសេដ្ឋកិច្ចកម្ពុជា ការងារប្រជាជននៅហានិភ័យ ដើម្បីផលប្រយោជន៍ជ្រុងនយោបាយមួយរបស់អស់លោក ខ្ញុំគិតថា ប្រជាពលរដ្ឋខ្មែរប្រហែលជាអាចមើលហើយ ថាតើពេលលំបាកនេះ អ្នកណាកំពុងតែរៀបចំមិនគិតពីឈប់សំរាកចូលឆ្នាំដើម្បីផលប្រយោជន៍ប្រជាជន ហើយអ្នកណាដែលប្រជាជនកំពុងមានការលំបាក ដើរអំពាវនាវឲ្យគេដាក់សម្ពាធបន្ថែម។ អាមេរិកដាក់មិនទាន់គ្រប់ទេ ទៅរំឮកអឺរ៉ុបកុំភ្លេចដាក់ថែមទៀត។ បងប្អូនគិតមើលទៅ។
តើរដ្ឋាភិបាលជាអ្នកមិនស្រឡាញ់ប្រជាជនឬទេ? ធ្វើបាបប្រជាជនរឿងការងារនេះទេ? ភស្តុតាងជាក់ស្ដែង។ បងប្អូនមើលខ្លួនឯងទៅ ហើយវិភាគទៅ។ បងប្អូនអាចមាន Facebook អីមើលហើយ។ យកជ្រុងនេះ/នោះ ប៉ុន្តែទាមទារ។ យុទ្ធសាស្រ្តខឹងគោ វាយរទេះបែបនេះ។ ខ្ញុំសុំឲ្យបងប្អូនប្រជាពលរដ្ឋវិនិច្ឆ័យ ហើយចូលរួមជាមួយអ្នកដែលធ្វើការដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋទាំងអស់គ្នា និងសេដ្ឋកិច្ចរបស់យើង។ ចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីពង្រឹងប្រទេសជាតិយើង។
ខំប្រឹងធ្វើការ ប្រកួតប្រជែង លើកកម្ពស់ការប្រកួតប្រជែងនៅផែកន្លែងនេះ គ្រប់កន្លែងទាំងអស់ ជាជាងចាំតែងើបបះបោរ ងើបឈរធ្វើការឲ្យកាន់តែសកម្ម កាន់តែប្រកួតប្រជែង ជាជាងងើបឈរទៅដុតសាលាខេត្តដើម្បីផ្ដួលខេត្ត។ អ្នកដែលបបួលបងប្អូនងើបឈរផ្ដួលរំលំនោះ គេកំពុងតែបង្កើតទល្ហីករណ៍ដុតបងប្អូន បង្កើតស្ថានភាពដែលធ្វើឲ្យសេដ្ឋកិច្ចអាចប្រឈមការលំបាក ហើយទម្លាក់កំហុសមករាជរដ្ឋាភិបាល។ ប៉ុន្តែ គឺខ្លួនឯងជាអ្នកដែលពន្យល់គេរាប់ម៉ោងឲ្យគេយកជាហេតុផល។ គេពន្យល់សភា(អឺរ៉ុប)ថាអ្នកនយោបាយខ្មែរបានមកសុំ កុំឲ្យភ្លេចដាក់ទណ្ឌកម្មរដ្ឋាភិបាល។ វិធានការរដ្ឋាភិបាលដាក់ទណ្ឌកម្មតាមរយៈកិច្ចការច្រើន ក្នុងនោះគឺការរឹតបន្តឹងរឿងពាណិជ្ជកម្ម។ នេះគឺជាគោលការណ៍ដែលខ្ញុំសុំ។
(២៨) រាជរដ្ឋាភិបាលចេញប្រកាសរឹតបន្តឹងការពិនិត្យប្រភពដើមលើទំនិញនាំចេញទៅទីផ្សារអាមេរិក
ត្រឡប់មកវិញ រាជរដ្ឋាភិបាលរបស់យើង ក្រុមការងាររបស់យើង ទោះបីជាលំបាកយ៉ាងណា យើងខិតខំ។ ក្នុងរយៈពេលនេះយើងត្រៀមលក្ខណៈ។ កាលពីថ្ងៃទី២៨(មេសា) ខ្ញុំបានឲ្យគោលការណ៍ទៅក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចេញប្រកាសពីរ។ ប្រកាសដើម្បីដាក់វិធានការ រឹតបន្តឹងវិធានការលើទំនិញដែលចេញទៅទីផ្សារអាមេរិកពិនិត្យឲ្យច្បាស់ពីប្រភពដើម ក្រែងលោមានអ្នកឆ្លៀតយកឥវ៉ាន់ពីក្រៅយកមកវាយកញ្ចប់ចេញ។ បញ្ហានេះ ក្រសួងពាណិជ្ជកម្មបានចេញប្រកាស ស្ដីពីនីតិវិធីក្នុងការស្នើសុំការចេញ និងការអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏បានរៀបចំដាក់ចេញប្រកាសអន្តរក្រសួង ស្ដីពីវិធានការសម្រាប់បង្ការការទប់ស្កាត់ទំនិញក្លែងបន្លំដើមកំណើត សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដើម្បីបញ្ជាក់នូវការយកចិត្តទុកដាក់ និងបញ្ជាក់ពីការខិតខំប្រឹងប្រែងពង្រឹងនីតិវិធីរបស់យើង នៅក្នុងការកុំឲ្យមានការឆកល្វែង ដូចការចោទប្រកាន់ថាមានការក្លែងបន្លំមកពីប្រទេសណា។
សួរថា ចាំបាច់ទាល់តែគេដាក់រឿងហ្នឹងមកទើបយើងធ្វើឬ … ពីមុនមកយើងមិនមានគោលការណ៍ទេឬ? មានអ្នកខ្លះសួរហើយចោទថា រដ្ឋាភិបាលកម្ពុជាបានលក់កូតាទៅឲ្យប្រទេសផ្សេងនាំឥវ៉ាន់ចេញ។ វាខុសច្បាប់។ គ្មានប្រទេសណាអនុញ្ញាតឲ្យប្រទេសណាមួយទៀតលក់កូតានាំចេញឥវ៉ាន់របស់ខ្លួនឲ្យទៅប្រទេសទី៣ទេ។ ទៅមិនរួច អត់មាន។ អញ្ចឹងការនាំចេញទៅប្រទេសផ្សេងៗគេមានលក្ខខណ្ឌរបស់គេ។ នាំចេញទៅទីផ្សារអាមេរិក គឺត្រូវមាន Local Content (បានន័យថា) បំណែកនៃផលិតផលមួយត្រូវមានផ្នែកនៃការផលិតក្នុងស្រុក ឬក្នុងតំបន់ ពី ៣៥% ទៅ ៤៥% ពីប្រទេសមួយៗ។ អញ្ចឹងគេនឹងត្រួតពិនិត្យ។ បើសិនជាផលិតផលហ្នឹងយកមកពីក្រៅទាំងអស់មកផ្គុំ១០០% នាំចេញ គេមិនឲ្យចេញទេ។ គេត្រូវពិនិត្យថា ៣៥% ឬ៤៥%(ជាបំណែកផលិតផលក្នុងស្រុក)។ នេះគឺជាគោលការណ៍ដែលបានអនុវត្ត។
សួរថា តើក្នុងដំណាក់កាលនៃការចរចានេះ ហេតុអីបានជាយើងដាក់រឿងហ្នឹង? គឺដើម្បីបង្កើនការយកចិត្តទុកដាក់បន្ថែមទៅលើចំណុចនេះ។ គោលការណ៍ពីមុនក៏យើងមានហើយ តែអាចមានការឆកល្វែងផ្សេងៗ។ យើងត្រូវបន្តឹង។ មិនខុសពីប្រទេសជិតខាង យើងមានវៀតណាម ថៃ ជាដើម ក្នុងដំណាក់កាលនេះគឺត្រូវពង្រឹងនីតិវិធីដើម្បីបង្ហាញសុឆន្ទៈក្នុងការធ្វើ(កិច្ចការនេះ)។ កម្ពុជាក៏បានប្រកាស និងរៀបចំក្រុមការងារដើម្បីត្រួតពិនិត្យ។ ខ្ញុំសូមអំពាវនាវឲ្យមន្រ្តីនៅគ្រប់ស្ថាប័នពាក់ព័ន្ធ ទាំងក្រសួងពាណិជ្ជកម្ម ទាំងគយ និងរដ្ឋាករ ទាំងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្តគោលការណ៍ត្រួតពិនិត្យការនាំចេញនេះឲ្យបានកាន់តែសុក្រឹត ដើម្បីលុបបំបាត់ការឆកល្វែង ព្រោះអានេះវានឹងធ្វើឲ្យមានបញ្ហាដល់យើង។
កន្លងទៅ គេចោទយើងថា transshipment ស្អីៗ យ៉ាងម៉េច។ ការគិតគូរជាគោលនយោបាយយើងមានហើយ តែអាចមានការឆកល្វែងកន្លែងខ្លះ។ យើងខិតខំ(លុបបំបាត់)។ ល្ងាចមិញ ខ្ញុំមើលទូរទស្សន៍ នៅកូរ៉េ ពូកកូរ៉េវាយផ្លាកនាំចូលពីក្រៅ វាយផលិតនៅកូរ៉េ ដូចគ្នា។ អញ្ចឹង គាត់តឹងដូចគ្នា។ អញ្ចឹងការធ្វើអាជីវកម្ម យើងអោយគិតគូរឆែកមើលនិងត្រួតពិនិត្យកាន់តែខ្លាំង ធ្វើជាប្រចាំ ព្រោះទៅប្រទេសខ្លះដូចអឺរ៉ុប គេត្រួតពិនិត្យជាប្រចាំ ដូចជានាំកង់ចេញទៅអញ្ចឹង។ ការតម្រូវអោយយកធាតុផ្សំក្នុងស្រុកពី ៣៥%ទៅ៤០% ប្រទេសខ្លះអោយយកផលិតផលក្នុងស្រុក តែប្រទេសខ្លះគេអោយយកផលិតផលនៅក្នុងតំបន់ បានន័យថា ២ ឬ៣ ប្រទេសដូចគ្នា។ ឧទាហរណ៍៖ ថាប្រទេសមួយអត់មានសមត្ថភាពផលិតគ្រប់ទេ បាន ៣៥% ទៅ៤០% គេអាចយកពីប្រទេសជិតខាង គិតជាកញ្ចប់។ ប្រទេសជិតខាងក៏យកពីយើងទៅដែរ។ គឺរួមគ្នាបែបនេះ។
(២៩) អ្នកនាំចេញទៅអាមេរិកមានបែបបទត្រូវបំពេញច្រើនជាងមុន ស្ថាប័នពាក់ព័ន្ធពង្រឹងនីតិវិធីត្រួតពិនិត្យឱ្យបានលឿននិងមានប្រសិទ្ធភាព
ការជំរុញនិងការបង្កើតការវិនិយោគកន្លងទៅ យើងបានធ្វើបែបនេះ។ ការឆកល្វែងអាចកើតមាន។ ប្រទេសដែលទំនើបជាងយើងក៏កើត ប្រទេសផ្សេងៗ ដែលគេរកឃើញ ការឆ្លៀត ជួនកាលសុច្ចរិតភាពនៃក្រុមហ៊ុននាំចេញ។ ការប្រទាក់ក្រឡានាំចូលយ៉ាងណា ប៉ុន្តែជាគោលការណ៍យើងបានអនុវត្ត ព្រោះគយក៏ដូចជាក្រសួងត្រួតពិនិត្យជាប្រចាំ។ នៅក្នុងដំណាក់កាលនេះ ការប្រកាសពីរនេះគឺដើម្បីរិតបន្តឹងនីតិវិធីក្នុងការត្រួតពិនិត្យ។ ខ្ញុំសូមអោយមានការយោគយល់។ បងប្អូនដែលមានការនាំចេញឥវ៉ាន់ទៅអាមេរិក ផលិតផលអាទិភាពមួយចំនួនត្រូវបំពេញបែបបទច្រើនជាងមុន។ សូមអោយសហការ។ សូមអោយស្ថាប័នដែលអនុវត្ត ទោះបីជាឯកសាររៀងច្រើនជាងមុន ប៉ុន្តែសូមធ្វើម៉េចកុំអោយស្ទះយូរពេក ពន្លឿនមន្ត្រី បង្កើនមន្ត្រី ឬធ្វើការត្រួតពិនិត្យអោយបានលឿនដើម្បីយើងឈ្នះឈ្នះ ពង្រឹងនីតិវិធីត្រួតពិនិត្យកាន់តែកើន តែមិនអោយបន្ថយល្បឿននៃការនាំចេញសូមធ្វើយ៉ាងម៉េចអោយបានប្រសិទ្ធភាព ដើម្បីយើងឈ្នះឈ្នះ។ នេះគឺជាការពិតដែលយើងយកចិត្តទុកដាក់។
ក្រុមគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងក្រសួងស្ថាប័នពាក់ព័ន្ធ បានពិភាក្សាគ្នាដាក់គោលការណ៍ទាក់ទាញឧស្សាហកម្មផលិតគ្រឿងបង្គុំ និងវត្ថុធាតុដើមនៅក្នុងស្រុកឱ្យច្រើនដើម្បីកាត់បន្ថយការនាំចូល។ ឧទាហរណ៍៖ ដូចរឿងកង់ឡានប្រើកៅស៊ូក្នុងស្រុក។ ថ្ងៃមុនខ្ញុំទៅរោងចក្រ Honda។ កាលពីដើមគាត់យកទាំងអស់ពីថៃ។ ឥឡូវគាត់ផលិតគ្រឿងបន្លាស់បានមួយចំនួននាំចេញ។ គាត់កំពុងគិតរឿងផលិត(បំណែករបស់ម៉ូតូ)ក្បាំងជ័រដើម្បីនាំចេញ។ យើងចង់អោយបានច្រើន។ យើងទាក់ទាញការវិនិយោគមួយចំនួន មិនត្រឹមតែផលិតនៅក្នុងស្រុកសម្រាប់ទីផ្សារយើងទេ តែនាំចេញទៅតំបន់។ ក្រុមហ៊ុនមួយចំនួនមកពីអាមេរិកក៏កំពុងពិនិត្យមើលការងារនេះ។
កាលពីថ្ងៃ ២៨ មេសា ២០២៥ មានបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ត BYD នៅខេត្តព្រះសីហនុ។ រោងចក្រផលិតឡានជាច្រើននៅទីនេះ។ ថ្ងៃក្រោយគ្រឿងខ្ចៅសម្រាប់រថយន្តទាំងអស់ធ្វើនៅស្រុកខ្មែរ។ ខ្ញុំទៅជួបក្រុមហ៊ុន Ford គាត់គិតអញ្ចឹងដែរ មិនចាំបាច់ក្រុមហ៊ុនមួយផលិតគ្រឿងបន្លាស់សម្រាប់ក្រុមហ៊ុនឡានមួយទេ។ ដូចនាឡិកាស្វីសអញ្ចឹង។ គាត់មានម៉ាកខុសគ្នាច្រើនណាស់ ប៉ុន្តែខ្ចៅរបស់វាជួនកាលក្រុមហ៊ុនតែមួយធ្វើ ផ្គត់ផ្គង់ទៅអោយក្រុមហ៊ុនខុសគ្នា។ នៅយើងដូចគ្នា។ គ្រឿងតាប្លូអគ្គិសនី ពូក ចង្កូត ជួនកាលក្រុមហ៊ុន ១ឬ២ នៅក្នុងស្រុក អាចផលិតផ្គត់ផ្គង់ឱ្យរោងចក្រ។ ឥឡូវយើងមាន ៨-៩ រោងចក្រដំឡើងរថយន្តនៅកម្ពុជា មិនចាំបាច់ចាំនាំចង្កូត និងពូកឡានពីខាងក្រៅ។ ឥឡូវនេះ ដាក់អោយរើសពីក្រៅប្រទេសតម្លៃនៃខ្សែចង្វាក់ផលិតកម្មមួយចំនួនមកនៅយើង ដើម្បីគាត់ផលិតដោយប្រើវត្ថុធាតុដើមនៅយើង។ ត្រូវកាត់បន្ថយនូវគម្លាត។
(៣០) សេដ្ឋកិច្ចអាស្រ័យលើការប្រើប្រាស់ និងសេដ្ឋកិច្ចអាស្រ័យលើការនាំចេញ
បងប្អូនមួយចំនួនសួរអញ្ចេះ ប្រទេសចិននិងអាមេរិកមានដូចគ្នា ហេតុអីបានជាជាមួយអាមេរិក យើងនាំចេញទៅអាមេរិកច្រើនជាងការនាំចូលពីអាមេរិកមកយើង? បែរទៅចិន យើងនាំចូលពីចិនច្រើនជាងយើងនាំចេញទៅចិន។ ហេតុអីយក្សដូចគ្នា ម៉េចក៏(ការនាំចេញនិងនាំចូល)ខុសគ្នា? ខ្ញុំសូមពន្យល់ មិនជាបច្ចេកទេសខ្លាំងទេ ប៉ុន្តែពន្យល់សាមញ្ញ … នៅលើពិភពលោក ខ្ញុំឆែកយប់មិញ នៅឆ្នាំ២០២៤ ពាណិជ្ជកម្មអាមេរិកមានឱនភាពជាមួយប្រទេសជាង១០០។ បានន័យថា អាមេរិកនាំចូលពីជាង ១០០ប្រទេស ច្រើនជាងអាមេរិកនាំចេញទៅ ១០០ប្រទេស។ ដោយឡែកចិននៅឆ្នាំ២០២៣ គាត់មានអតិរេកជាមួយ ១៥០ប្រទេស បានន័យថាគាត់នាំចេញទៅ ១៥០ប្រទេស ច្រើនជាងគាត់នាំចូលពី ១៥០ប្រទេសនោះ រាប់ទាំងអាមេរិកផង។
សួរថា ហេតុអីបានជាចិននាំចេញច្រើននិងអាមេរិកនាំចូលច្រើន? មើលទៅលើធម្មជាតិនិងនិម្មាបនកម្មនៃសេដ្ឋកិច្ចរបស់ប្រទេសទាំង២។ ប្រទេសអាមេរិកពឹងផ្អែកទៅលើការប្រើប្រាស់ Consumption Economy គាត់ចាយច្រើនហូបច្រើនទិញច្រើន គាត់អត់ផលិតច្រើនទេ។ គាត់ចាយលុយទៅលើផលិតផល ទៅលើសេវា គេហៅថា សេដ្ឋកិច្ចពឹងផ្អែកទៅលើការចំណាយប្រើប្រាស់។ គាត់វិនិយោគល្មម តែគាត់ទិញពីក្រៅថោកជាង។ ដោយឡែកចិន គឺផ្អែកទៅលើរូបមន្តផលិតនិងការនាំចេញ។ Production និង Export។
(៣១) ចិននាំចេញផលិតផលសំរេចមានគុណភាពនិងតម្លៃល្អ និងវត្ថុធាតុដើមទ្រង់ទ្រាយធំ
ចិននាំចេញអ្វីខ្លះ? គាត់នាំចេញផលិតផលពីរ៖ ទីមួយគឺផលិតផលសំរេច និងទីពីរគឺវត្ថុធាតុដើម។ ដែលចូលច្រើនមកយើងនិងទៅតាមប្រទេសនានា ទី១ គឺផលិតផលសម្រេច ដោយសារផលិតផលចិនគុណភាពល្អនិងមានតម្លៃថោក។ អ្នកធ្វើសំណង់ ធ្វើផ្ទះល្វែងលក់ ប៉ុន្មាននាក់យកការ៉ូពីចិន និងប៉ុន្មាននាក់យកការ៉ូពីអ៊ីតាលី? អ្នកធ្វើស្ថាប័ន ធ្វើអគារ ផ្ទះខ្លួនឯង ទាល់តែថាគាត់មានជីវភាពខ្ពស់ណាស់បានទៅទិញការ៉ូពីអ៊ីតាលី ព្រោះវាថ្លៃ តែបើទិញពីចិនគុណភាពប្រហាក់ប្រហែលគ្នា មើលទៅស្រដៀងគ្នា ហើយតម្លៃមួយពាក់កណ្ដាលឬមួយតិចជាងនោះ។ គេទិញពីហ្នឹង។ គ្រឿងបង្គុំអគ្គិសនី ភ្លើង អំពូល … បងប្អូនថាចិនខ្លាំងអញ្ចឹងដោយសារពលកម្មថោក។ មិនមែនដោយសារ(តែ)កត្តាពលកម្មថោក(មួយមុខតេ)ទេ។
ពលកម្មថោកជាងអាមេរិកនិងអឺរ៉ុប ប៉ុន្តែក៏ដោយសារ(កម្លាំងពលកម្មចិនមាន)ផលិតភាពនិងជំនាញ (ដែលអាច)ផលិត(បាន)ទាំងយន្តហោះនិង iPhone និងផលិតអីផ្សេងទៀត។ ខ្ញុំទៅកូរ៉េប្រហែលជា១០ឆ្នាំមុន សូម្បីតែអាវកាក់យោធា ខ្ញុំទិញពីកូរ៉េ វាយផ្លាកកូរ៉េ។ ខ្ញុំឱ្យសួរថាហេតុអ្វីយូរម្លេះ? ទីបំផុត ទៅកុម្មង់បន្តពីចិនដដែល។ ដោយសារគុណភាពនិងតម្លៃសមរម្យ។ អញ្ចឹងគាត់ចំណេញ។ ទៅមើលគ្រឿងអគ្គិសនី គ្រឿងរថយន្ត គ្រឿងអេឡិចត្រូនិច ទូរស័ព្ទ Huawei ជាមួយទូរស័ព្ទ iPhone Tablet ទូរស័ព្ទគ្រឿងអេឡិចត្រូនិចប្រហែលគ្នា function ប្រហែលគ្នា (ផលិតផលចិនមាន)តម្លៃថោក។ គឺផលិតផលសម្រេចនេះហើយដែលធ្វើអោយចិនអតិរេកនាំចេញទៅរាប់សិបប្រទេស រួមទាំងអាមេរិកផង។
ទី២ ចិនផលិតវត្ថុធាតុដើមទ្រង់ទ្រាយធំ។ ប្រទេសច្រើនព្យាយាមកាត់បន្ថយការពឹងផ្អែកលើវត្ថុធាតុដើមពីប្រទេសចិន។ ដូចរឿង petrol chemical …ប្រទេសផ្សេងៗធ្វើ ប៉ុន្តែបានតិចនិងថ្លៃ មានតែចិនទេ ដែលអាចមានលទ្ធភាពធ្វើបានទ្រង់ទ្រាយធំ ហើយថោក យកទៅបម្រើឧស្សាកម្មនោះបាន។ សូម្បីតែប្រទេសសម្ព័ន្ធមិត្ត ចង់ដកចេញពីចិន ក៏ដកចេញមិនរួច នៅតែពឹងផ្អែកលើវត្ថុធាតុដើមពីចិនដដែល។ បើមិនអញ្ចឹងទេគឺអត់ទៅរួច។ ហេតុនេះហើយបានជាចិនមានអតិរេកទៅលើជាង ១៥០ប្រទេស ទាំងផលិតផលសំរេច និងផលិតផលវត្ថុធាតុដើម។ ដាក់ទណ្ឌកម្មទៅលើចិនប៉ុន្មានភាគរយ ឥឡូវអាមេរិកត្រូវដកថយលើទំនិញប៉ុន្មានមុខ … ដោយសារការពឹងផ្អែក(ផលិតផលចិន)។
(៣២) ពាណិជ្ជកម្មជួយអោយអ្នកប្រើប្រាស់រកបានផលិតល្អនិងតម្លៃសមរម្យ
បងប្អូនសួរថា ហេតុអីបានជាខ្មែរនាំចូលច្រើនពីចិន និងនាំចេញទៅចិនតិច នៅពេលដែលអាមេរិកមានដូចគ្នានាំចេញច្រើន។ គឺព្រោះអាមេរិកហូបច្រើនប្រើច្រើន។ សេដ្ឋកិច្ចគាត់គឺផ្អែកទៅលើការប្រើប្រាស់ទាំងសេវាកម្មនិងផលិតកម្ម បានគាត់ទិញច្រើន (ពី)ជាង ១០០ប្រទេស ច្រើនជាងគាត់នាំចេញទៅ ១០០ប្រទេស នៅពេលដែលចិននាំចេញច្រើនទៅជាង ១០០ប្រទេស ហើយនាំចូលតិចជាង។ មិនមែនដោយសារកម្ពុជាពឹងផ្អែកទេ គឺវត្ថុធាតុដើមនិងផលិតផលសម្រេចហ្នឹងជារឿងជាក់ស្ដែង។ បើយើងបិទមិនអោយនាំផលិតផលពីចិន យើងទុកអោយនាំចូលពីអ៊ីតាលី(ឬប្រទេសផេ្សងៗ) ប្រហែលជាប្រជាជនអត់មានលទ្ធភាពទិញទេ។ សូម្បីតែប្រទេសខ្លះ (ផលិត) អាវមួក ដែលវាយផ្លាកលើហ្នឹង ថាយើងនាំគ្នាឈប់ទិញទំនិញចិន តែផលិតផលទាំងអស់បានផលិតនៅប្រទេសចិន។ អាវដែលបោះពុម្ពថាយើងនាំគ្នាឈប់ទិញផលិតផលចិន តែអាវយឺតដែលវាយផ្លាកហ្នឹងគឺធ្វើនៅចិន។ ខ្ញុំមិននិយាយប្រទេសណាទេ។ មិនមែនប្រទេសតែមួយទេ។ មានច្រើន។ កត្តាពាណិជ្ជកម្មជួយអោយមនុស្សឈ្នះឈ្នះ។ សំខាន់អ្នកណាឈ្នះ? គឺប្រជាពលរដ្ឋអ្នកទិញប្រើប្រាស់មានផលិតល្អនិងតម្លៃសមរម្យ នេះគឺជាការឈ្នះឈ្នះនៃពាណិជ្ជកម្មពិភពលោក។ ដូចនេះ ពាណិជ្ជកម្មត្រូវតែបន្ត អត់ឈប់ទេ។ យើងនឹងខិតខំបង្កើនសមត្ថភាពទាញយកផលចំណេញ តាមរយៈការទាញយកសមត្ថភាពវត្ថុធាតុដើមអោយកាន់តែច្រើន។
(៣៣) ស្រាវជ្រាវនិងចាត់វិធានាការទប់ស្កាត់ការផ្ទេរ/លួចឥវ៉ាន់ ដើម្បីកាន់តែបង្ហាញសុច្ចរិតភាព
ដែលថាកម្ពុជាផ្ទេរឥវ៉ាន់/លួចឥវ៉ាន់ យកពីនេះលក់កូតាទៅអោយចិន … យើងនាំរបស់ច្រើនពីនេះចូលមក។ អញ្ចឹងនាំចេញទៅនោះ បានន័យថា (និយាយបែប)សាមញ្ញ គឺលួចដាក់កុងតឺន័រ មកឃ្លាំងហើយចេញទៅ។ អត់អញ្ចឹងទេ។ យើងអាចមានការឆកល្វែងខ្លះ។ យើងរកវិធីរឹតបន្តឹង។ យើងកំពុងស្រាវជ្រាវបន្ថែម និងចាត់វិធានការទៅលើការងារនេះ។ ប្រទេសជិតខាងដូចគ្នា។ ល្ងាចមិញនេះ ផលិតផលពូកមានរាប់រយកុងតឺន័រ។ ឆែកចុះឡើងវាយផ្លាកនៅកូរ៉េ តែធ្វើនៅប្រទេសផ្សេង។ នាំចូលវាយផ្លាកចេញ។ ប្រទេសច្រើនណាស់ដែលមានបញ្ហានេះ។ យើងត្រូវរឹតបន្តឹងចំណុចនេះ។ និយាយបែបនេះមិនមែនថាដោយសារគេមាន យើងត្រូវតែលើកលែងទេ។ យើងត្រូវតែបន្តឹង តាមរយៈប្រកាសពីរនេះបន្ថែមទៅលើគោលការណ៍ដែលយើងមាន។ រឿងប្រឆាំង Transshipment អីៗនៅក្នុងការអនុវត្តកិច្ចព្រមព្រៀងជាមួយអាមេរិក គឺយើងត្រូវពង្រឹងការអនុវត្តដើម្បីការពារផលប្រយោជន៍ និងបង្ហាញសុច្ចរិតភាពរបស់យើង ដែលពីមុនមកយើងគ្មានបំណងធ្វើអីអោយបាត់សុច្ចរិតភាពទេ។ ប៉ុន្តែ បើសិនជាមានការឆកល្វែង យើងត្រូវខិតខំស្រាវជ្រាវនិងចាត់វិធានាការដើម្បីទប់។ ទទួលស្គាល់ដើម្បីយើងធ្វើយ៉ាងណាពង្រឹងនូវជំហររបស់យើងក្នុងការចរចា។ ដើម្បីអ្វី? ដើម្បីបង្ហាញឆន្ទៈពិតប្រាកដ មិនមែនត្រឹមតែនិយាយជាមួយគាត់តាមអនឡាញទេ តែយើងបង្ហាញសកម្មភាពលើដី រៀបចំក្រុមការងារដាក់ចេញវិធានការក្រុមការងារត្រួតពិនិត្យ ដើម្បីធ្វើយ៉ាងណាបិទខ្ទប់។ យើងមិនមានលទ្ធភាពទៅទិញទំនិញអីអាមេរិក ១២០០លានដុល្លារ អោយស្មើនឹងអាមេរិកយកចេញពីយើងទេ ប៉ុន្តែទោះជាយ៉ាងណាយើងនឹងខិតខំធានាលក្ខខណ្ឌដើម្បីយើងអាចទុកគ្នាបាននិងបន្តពាណិជ្ជកម្មទៅថ្ងៃអនាគត។
(៣៤) មិនផ្ដាច់ទំនាក់ទំនងពាណិជ្ជកម្ម តែព្យាយាមរកចំណុចស្របដើម្បីបញ្ចប់ការមិនចុះសំរុង ហើយដើរទៅមុខបន្តទៀត
អ្នកខ្លះសួរថាកម្ពុជាគ្រោងផ្ដាច់ពាណិជ្ជកម្មជាមួយអាមេរិក ឬជាមួយប្រទេសណា? មិនមានទេ។ យើងធ្វើយ៉ាងណាដើម្បីឈ្នះឈ្នះ។ ការដាក់ចេញគោលនយោបាយប្រទេសពីរ រមែងតែងខុសគ្នាជាប្រចាំ ប៉ុន្តែអ្វីដែលសំខាន់គឺយើងព្យាយាមដោះស្រាយរកចំណុចស្របមួយ ដើម្បីយើងបិទបញ្ចប់ការមិនចុះសំរុងនេះ ហើយដើរទៅមុខបន្តទៀត។ កម្ពុជាដូចគ្នា។ ហេតុនេះហើយបានជាយើងនៅបន្តធ្វើកំពង់ផែ និងពង្រីកអោយកាន់តែរឹងមាំ។ មិនត្រឹមតែជាមួយនឹងអាមេរិកទេ ជាមួយនឹងពិភពលោក នឹងកាន់តែកើន ដើម្បីលើកស្ទួយសេដ្ឋកិច្ចរបស់យើង។ ខ្ញុំបកស្រាយច្រើនហើយរឿង(សង្រ្គាមពាណិជ្ជកម្ម)ហ្នឹង ប៉ុន្តែបងប្អូនចេះតែលើកសំណួរ។ អ្នកដែលជេរអាហ្នឹង ខ្ញុំមិននិយាយទេ ធ្វើអីក៏គេជេរដែរ។ ថាផ្កានេះក្រហម យើងថាផ្កាលឿង គេថាផ្កាហ្នឹងពណ៌បៃតង។ គេជេរយើងទៀតថា អត់ទទួលស្គាល់ការពិត។ ដល់យើងថា អត់ទេ ឈប់ជេរខ្ញុំ ខ្ញុំថាផ្កាហ្នឹងពណ៌បៃតងតាមលោកថា។ គេថា ឃើញទេ អ្នកឯងគ្មានជំហរច្បាស់លាស់ ចេះបត់បែនអត់ទុកចិត្តបាន។ អញ្ចឹងផ្កានេះលឿង នៅតែលឿង អ្នកឯងថាអីថាទៅ។ ផ្កានេះស្រស់បំព្រង ហើយយើងថែវាឱ្យកាន់តែល្អ។ អ្នកឯងចង់ទៅអំពាវនាវឱ្យអឺរ៉ុបទណ្ឌកម្ម អ្នកឯងចង់ថាម៉េចថាចុះ។ ខ្ញុំមិននិយាយទេ … ប៉ុន្តែខ្ញុំចង់ឱ្យបងប្អូនឮ ចង់ឱ្យបងប្អូនបានស្ដាប់ និងមានភាពកក់ក្ដៅនូវអ្វីដែលរាជរដ្ឋាភិបាលបានធ្វើ អ្វីដែលរាជរដ្ឋាភិបាលត្រៀមធ្វើ អ្វីដែលជាសុច្ឆន្ទៈពិតប្រាកដ ដែលរដ្ឋាភិបាលក្នុងនាមជាអាណាព្យាបាលដែលទទួលខុសត្រូវរបស់បងប្អូន ដែលបានបោះឆ្នោតគាំទ្រ។ នៅពេលលំបាកមិនរត់ចោលបងប្អូន មិនទុកបងប្អូនចោល តែខំការពារផលប្រយោជន៍ដែលយើងបានកសាងជាមួយគ្នាមកដល់ពេលនេះ។ ក្នុងវិស័យពាណិជ្ជកម្ម មិនត្រឹមតែផែនៅខេត្តព្រះសីហនុ និងនៅតាមខេត្តជាប់ឆ្នេរទេ គឺបូកជាមួយសេដ្ឋកិច្ចជាតិនឹងបន្តរីកចម្រើន តាមការអនុវត្តនឹងនរក្នុងម្លប់សន្តិភាព ស្ថិរភាពនៃគោលនយោបាយ និងសន្តិសុខជាតិ ដែលយើងធ្វើបានមកដល់ប៉ុននេះ។ អរគុណចំពោះបងប្អូនទាំងអស់គ្នា ដែលបានចូលរួមប្រឹងប្រែងបំពេញការងាររបស់ខ្លួនបានល្អ ធ្វើឱ្យផែនេះរីក ដំណើរការល្អ ជួយលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូនដែលជាវិស័យសំខាន់សម្រាប់សេដ្ឋកិច្ចជាតិ ជាជាងបងប្អូនឈប់ធ្វើការ ធ្វើកូដកម្ម ដើរដុតសាលាដុតអី តាមការអំពាវនាវរបស់បងប្អូនមួយចំនួនដែលគេហៅ។ តែបងប្អូនរួមគ្នា(មិនជឿលើការញុះញង់)។
(៣៥) បើមិនឱ្យតម្លៃសន្តិភាព ក៏គួរឱ្យតម្លៃសេចក្ដីសុខ សេចក្ដីចម្រើនរបស់ខ្លួន និងគ្រួសារខ្លួនផង
ប្រទេសយើងមិនល្អឥតខ្ចោះទេ ប្រទេសយើងមិនទាន់ក្លាយទៅជាអ្នកមានគ្រប់គ្រាន់ទេ ប៉ុន្តែយើងចង់ឱ្យប្រទេសយើងកាន់តែល្អឥតខ្ចោះ រួមទាំងកាន់តែមាន ដែលយើងដាក់ទិសដៅ និងត្រូវធ្វើបន្តទៅជាមួយគ្នាទៀត តាមការដាក់ចេញនូវគោលនយោបាយ និងវិធានការជាបន្តបន្ទាប់ ការសាងសង់ផែជាជំហានៗ ប្រព័ន្ធពាណិជ្ជកម្មនៅកន្លែងនេះ។ ខ្ញុំអរគុណបងប្អូនដែលចូលរួមជាមួយគ្នា។ យើងធ្វើពិត បានតិចបានច្រើន យើងដើរទៅមុខ។ ប្រជាជនយើង ១៧ លាននាក់ មិនមែនមានទឹកចិត្តដូចគ្នាទាំងអស់ទេ ប៉ុន្តែខ្ញុំជឿថា ប្រជាពលរដ្ឋយើងទាំងអស់តែងតែចង់បានសេចក្ដីសុខ ស្ថិរភាព សន្តិភាព ការដើរទៅមុខ មិនដើរថយក្រោយ។ យើងជិះយន្តហោះពីយើង តែប៉ុន្មានរយគីឡូទេទៅខាងលិចយើង យើងនឹងឈានទៅដល់ប្រទេសមួយនៅក្នុងអាស៊ាន ដែល ២០ឆ្នាំមុន គឺជាប្រទេសដែលគេលើកគ្នាទៅវិនិយោគ។ ប៉ុន្តែចាប់ផ្ដើមពីឆ្នាំ២០២២ បានធ្លាក់នៅក្នុងភ្លើងសង្រ្គាម កាប់សម្លាប់គ្នា។ យុវជនចូលទ័ពវាយគ្នា។ បែកប្រទេស វិនិយោគរើចេញមក។ ថយក្រោយ អត់ទៅមុខទេ។ អញ្ចឹងបងប្អូនខ្លះអាចឱ្យតម្លៃសន្តិភាព បងប្អូនខ្លះអាចថា ធុញទ្រាន់នឹងពាក្យសន្តិភាព បងប្អូនខ្លះថាមិនឱ្យតម្លៃសន្តិភាព។ ថាមិនឱ្យតម្លៃ(សន្តិភាពក៏ហី)ចុះ ប៉ុន្តែយ៉ាងហោចណាស់សូមឱ្យតម្លៃសេចក្ដីសុខ សេចក្ដីចម្រើនរបស់ខ្លួន និងគ្រួសារខ្លួនផង។ សេចក្ដីសុខ និងសេចក្ដីចម្រើនរបស់ខ្លួន គឺដោយសារភាពត្រជាក់ត្រជុំ និងការឯកភាពជាតិ ដែលសន្តិភាពផ្ដល់ឱ្យហ្នឹងឯង។ បើមិនបានគិតពីផលប្រយោជន៍រួម សូមគិតអំពីប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្លួន គឺផលប្រយោជន៍រស់នៅក្នុងសេចក្ដីសុខ មានឱកាសការបន្ត។
អាចរអ៊ូរឿង Internet ថ្លៃ តែវាប្រសើរជាងអត់មាន Internet ដោយសារវាយខ្ទេចខ្ទីអស់ហើយ។ មែនទេ? បើបានថោកក៏កាន់តែល្អ។ ពីមុន យើងអត់មាន ឥឡូវយើងមាន។ យើងមានហើយ កាន់តែថោក។ អាហ្នឹងដូច(តម្លៃ)ភ្លើង។ (តម្លៃ)ភ្លើង បើគិតពីមុនយើងចុះ។ ពីមុន កន្លែងខ្លះអត់ភ្លើងទេ។ អញ្ចឹងពេលខ្លះ កន្លែងដាច់ស្រយាលពេក ឱ្យតដំបូងទៅ មានប្រតិបត្តិករឯកជន សេវាករឯកជន។ អញ្ចឹង(តម្លៃ)ភ្លើងរៀងថ្លៃបន្តិច។ តែគាត់បានប្រើ។ ក្រោយមក យើងតភ្លើងរដ្ឋចូល ចុះថោកទៅ សេវាករឯកជន ក៏រដ្ឋឱ្យយកកំណត់ដែរ។ ទូរស័ព្ទ ពីមុនមិនទាន់មាន ឥឡូវមាន ហើយចាំបន្តិច (វានឹង)ចុះតម្លៃមកហើយ។ អ្នកណាចាំ iPhone16 ចង់លឿនជាងគេ ទិញថ្លៃ ចាំតែប៉ុន្មានខែរៀងចុះហើយ។ មានឱកាសរៀនវិទ្យាល័យ មហាវិទ្យាល័យនៅទីនេះ។ ក្រុមហ៊ុនបរទេសចម្រុះនៅទីនេះ។ នាវា cruise line មកម្ដងរាប់ពាន់រាប់ម៉ឺននាក់ចុះមក ផ្អើលខេត្តព្រះសីហនុ។ ផលសម្រាប់អ្នកខេត្តព្រះសីហនុ និងសម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលពឹងផ្អែកនិងតភ្ជាប់សេដ្ឋកិច្ចជាមួយខេត្តព្រះសីហនុ។
(៣៦) ថ្ងៃ ១ឧសភា២០២៨ និងថ្ងៃ ១ឧសភា២០៣០ នឹងឃើញកប៉ាល់ដឹកទំនិញធំៗ នៅកំពង់ផែក្រុងព្រះសីហនុ
យើងនឹងបន្តជួបគ្នារាល់ថ្ងៃទី១ ឧសភា រាល់ឆ្នាំ។ យើងជួបគ្នាដើម្បីអបអរសាទរសុខសន្តិភាព និងការរីកចម្រើនកាន់តែច្រើន។ នៅថ្ងៃទី១ ឧសភា ២០២៨ នៅកន្លែងនេះ ដែលទើបឃើញមានគ្រឹះបង្គោល នឹងមានកប៉ាល់ធំៗនៅទីនេះ។ បើឆ្នាំ២០៣០ ថ្ងៃទី១ ឧសភា គឺ៥ឆ្នាំទៀត យើងនឹងឃើញកប៉ាល់ធំនៅទីនេះ។ នៅទីនេះ កាន់តែរីកហើយបងប្អូនកាន់តែហត់បន្តិច តែសប្បាយព្រោះខ្ញុំបានសួរហើយថា សុខចិត្តហត់ បានរីក ឬមួយក៏នៅប៉ុណ្ណឹង មិនបាច់ហត់(ច្រើន)? បងប្អូនឯកភាពគ្នាថា សុខចិត្តហត់បន្តិចទៅចុះ តែឱ្យកប៉ាល់លើពិភពលោកអាចចូលមក។ កប៉ាល់រាប់ម៉ឺនតោនចូលមកនេះបាន ចូលមកច្រើនដូចគេដូចឯង ចង់ឃើញកប៉ាល់យក្សចូលមកសមុទ្រកម្ពុជាតែម្ដង។ ជាជាងគេចូលមក ទៅសាងនៅសឹង្ហបុរី សាងនៅនេះនៅនោះ។
បងប្អូនណាខ្លះធ្លាប់ទៅទស្សនកិច្ចនៅសឹង្ហបុរី? ទៅដល់ប្រហែលជាឃើញកប៉ាល់ស្រុកគេមានច្រើនណាស់ មានសុទ្ធធំៗ។ ថ្ងៃណាមួយ យើងបានអាធំអញ្ចឹង? មានដែលគិតទេ? មិនខុសពីខ្ញុំទៅរៀននៅអាមេរិកដំបូង ទៅ mall របស់គេនោះ (គិតថា)ដឹងថ្ងៃណាស្រុកយើងមាន mall អញ្ចឹងដែរ។ សួរមិត្តភក្ដិមកពីថៃ សឹង្ហបុរី គេថា ស្រុកគេមានហើយ។ ឥឡូវយើងមានតើ Aeon មានជាច្រើន នៅខេត្តព្រះសីហនុក៏មានផ្សារទំនើបដែរ។ កាលពីឆ្នាំ ១៩៩០ ជាង ថៃគេមានបុរី ផ្ទះស្អាតៗ។ យើងគិតថា ថ្ងៃណាមាន។ ដល់ត្រឡប់មក ជិះយន្តហោះមកភ្នំពេញយើងវិញ ពេលនោះ ចុះមកដល់ឃើញ សុទ្ធតែផ្ទះតូចៗនៅជុំវិញភ្នំពេញ។ ឥឡូវចុះមក មិនចាញ់ប្រទេសធំៗប៉ុន្មានទេ មានអគារខ្ពស់ច្រើន។
ថ្ងៃមុន ប្អូនម្នាក់ ខ្ញុំមិនបញ្ចេញឈ្មោះទេ។ គាត់ថា “បង! មានក្រុមហ៊ុនមួយចង់មកធ្វើនៅបឹងកក់ ហើយគាត់ចង់ធ្វើអគារ ១៥០ជាន់ (ខ្ពស់)ដាច់គេនៅខាងណេះ ប៉ុន្តែសុំមួយ គាត់ធ្វើនៅដីគាត់ចំប្លង់យន្តហោះចុះ ចង់ឱ្យបងឯងនិយាយជាមួយនឹងអាកាសចរណ៍ស៊ីវិល បង្វិលផ្លូវហោះបានអត់?” ខ្ញុំថា “ទៅមិនរួចទេ ព្រោះ piste គេធ្វើអញ្ចឹង គេត្រូវតម្រង់ពីរាប់សិបគីឡូមក ហើយបើធ្វើលើស បានន័យថា គាត់ប្រើមិនអស់ ហើយមិនអាចជិះមកដល់ហ្នឹងហើយកាច់ចូលទេ” អាហ្នឹងគ្រោះថ្នាក់។ គាត់ថា ចង់បានអាហ្នឹងមួយអគារ ១៥០ជាន់។ ចុះយកអាហ្នឹងដាក់ដីផ្សេងទៅ កុំយកផ្លូវយន្តហោះ។ យើងនិយាយបែបនេះ បានន័យថាម៉េច? យើងនិយាយអំពីវឌ្ឍនភាព(ក្រុងភ្នំពេញ)។ ពីមុន យើងនិយាយត្រឹម ៧ជាន់ ខ្ពស់ហើយ។ អូតែល ៧ជាន់ នៅខេត្តព្រះសីហនុ ឱ្យតែមាន ៨ជាន់ អបអរសាទរហើយ តែឥឡូវនៅខេត្តព្រះសីហនុ ខ្ពស់ជាងគេ មាន ៤០ជាន់ជាងហើយ។ អញ្ចឹងទៅមុខទៀត ប្រកួតប្រជែងគ្នា នេះហើយជាការវិវឌ្ឍទៅមុខ។
ការវិវឌ្ឍដែលធ្វើឱ្យកន្លែងនេះ រឿងការងារសន្តិសុខ រឿងអីផ្សេងៗ ក៏សូមសមត្ថកិច្ចរបស់យើង ខិតខំប្រឹងប្រែង ហើយអរគុណណាស់ចំពោះការដោះស្រាយបញ្ហា យើងខិតខំបន្តទៅទៀត។ ឥឡូវកោះរ៉ុង កោះអី ខែនេះនៅមានមនុស្ស ខែភ្លៀង។ សូម្បីទេសចរនៅខេត្តសៀមរាប ឥឡូវខែនេះ ប្រៀបធៀបជាមួយរដូវ low ឆ្នាំទៅខែនេះ នៅមានមនុស្សច្រើននៅឡើយ។ ឯកឧត្តម ហួត ហាក់ គាត់ថា លែងឱ្យនិយាយរដូវទាបហើយ យករដូវបៃតង។ ខ្ញុំថា Green ក៏បាន បៃតងក៏បាន ឱ្យតែមានទេសចរចូលមក។ នៅកោះរ៉ុងថ្ងៃមុន ខ្ញុំឃើញសុទ្ធតែបរទេស សុទ្ធតែអឺរ៉ុប មករាំពេញហ្នឹង ទាញព្រ័ត្រនៅលើកោះ។ សុំតែប៉ុណ្ណឹង។ ចប់ហើយ មិនបន្តទៀតទេ។ ឯកឧត្តម ស្វាយ ស៊ីថា ចេះតែរំលឹក ចេះតែសើច។ ខ្ញុំមើលនាឡិកា គាត់ថាថែមកន្លះម៉ោង។ តាមពិតនៅប៉ុន្មានចំណុចទៀត ថែមពីរម៉ោងទៀត។ តែមិនបាច់ទេ។ និយាយលេង។
យូរជួបគ្នាម្ដង។ ប៉ុន្តែប៉ុន្មានខែទៀត ដូចត្រូវមកខេត្តព្រះសីហនុប៉ុន្មានដងទៀត មកសម្ពោធតំបន់សេដ្ឋកិច្ចពិសេស មកអីៗផ្សេងៗទៀត។ ហ្នឹងចេះតែទៅហើយ ឱ្យតែមានសមិទ្ធផលថ្មី អត់ពិបាកទេ ហើយកុំហៅខ្ញុំមកសម្ពោធសមិទ្ធផលដដែល។ សមិទ្ធផលនៅកន្លែងដដែល តែថ្មី ខ្ញុំមក។ ដូចនៅខេត្តព្រះសីហនុ ៤ដងហើយ មកម្ដងបុកគ្រឹះ មកម្ដងពង្រីក មកពីរដងជួបជាមួយនឹងបងប្អូន។ មកឆ្នាំ ២០២៧ មកសម្ពោធអានេះ បើកការដ្ឋានអាថ្មី ខ្ញុំសង្ឃឹមថាអញ្ចឹង ហើយនិងបន្ត(បង្កើតសមិទ្ធផលថ្មី)តទៅទៀត។ អរគុណណាស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំ មិត្តទាំងអស់ដែលបានចូលរួម។ អរគុណសាជាថ្មី ចំពោះរដ្ឋាភិបាលនិងប្រជាជនជប៉ុន ក៏ដូចជា JICA ដែលដើរតួនាទីស្នូលនៅក្នុងការសម្រួលការរៀបចំនូវផែនការមេនេះ …។
(៣៧) “កម្ពុជាដើម្បីកម្ពុជា” ដូចនេះកម្ពុជាត្រូវមានមិត្តច្រើន
សូមបញ្ជាក់ម្ដងទៀត សូមកុំបារម្ភថា កម្ពុជាមិនឱ្យជប៉ុនចូលរួមក្នុងការអភិវឌ្ឍជាយុទ្ធសាស្រ្តនៅផែក្រុងព្រះសីហនុ។ យើងចាប់ដៃគូ យើងសម្រេចហើយ។ នៅជាមួយគ្នា។ តែខ្ញុំធានាតែប៉ុណ្ណេះទេ ដរាបណាគណបក្សប្រជាជនដឹកនាំ។ គណបក្សថ្មី(ដឹកនាំ) ខ្ញុំអត់ដឹងទេ។ តែខ្ញុំគិតថា ជប៉ុនក៏សប្បាយចិត្ត ហើយចង់ឃើញទំនាក់ទំនងរវាងរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជននៅបន្តគោលនយោបាយដែលមានលំនឹងបែបនេះផងដែរ ព្រោះគោលនយោបាយរបស់រដ្ឋាភិបាល បក្សមួយឡើងទៅ បក្សមួយទៀតគេមិនយកទេ ទោះបីត្រូវក៏ដោយ គេខ្លាចថាបាន credit បក្សមុន។ គេសុខចិត្តលុបចោល នៅគ្រប់ប្រទេសទាំងអស់។ ទាល់តែថា បក្សជាមួយគ្នា បានគេបន្តគោលនយោបាយ តែអត់មានចតុកោណ មកបញ្ចកោណ អត់មានផែដំណាក់កាលទី៣ទេ។ គេលុបចោលហើយចាំធ្វើថ្មីម្ដងទៀត។ ពេលធ្វើថ្មីអី ជួនកាលយកអាចាស់មក គ្រាន់តែកែពាក្យថ្មីជារបស់គាត់។ ប៉ុន្តែចរចាអីឡើងវិញរាប់សិបឆ្នាំ។ យើងចរចារាប់សិបឆ្នាំរួចហើយ ទម្រាំតែបានឯកភាពគ្នា ជាគោល ៣ដំណាក់នេះ។
អញ្ចឹងដៃគូជាមួយជប៉ុនជាយុទ្ធសាស្រ្ត ដរាបណាគណបក្សប្រជាជនកម្ពុជានៅដឹកនាំ យើងនឹងចាប់ដៃគូជាមួយគ្នា កសាងកន្លែងនេះ ជាផែយុទ្ធសាស្រ្តជាមួយនឹងជប៉ុន។ កម្ពុជាដើម្បីកម្ពុជា ហើយដើម្បីកម្ពុជា យើងត្រូវមានមិត្តឱ្យកាន់តែច្រើន តែប៉ុណ្ណឹងសាមញ្ញ។ កុំឱ្យមានសត្រូវ យកមិត្តកាន់តែច្រើនកាន់តែល្អ។ មានសត្រូវអត់ចំណេញទេ។ គោរពគ្នាទៅវិញទៅមក។ ប្រទេសយើងមិនធំទេ ប្រជាជនយើងតែ ១៧ លាននាក់ តែអង្គុយតុជាមួយគេ ស្មើនឹងមហាអំណាច ចរចាដូចគ្នា ដើម្បីផលប្រយោជន៍រួមគ្នា។ ការចរចាយើងជាមួយនឹងអាមេរិក មិនមែនអាមេរិកអង្គុយលើ យើងអង្គុយនៅក្រោម ថ្វាយបង្គំដើម្បីអង្វរទេ។ ផ្អែកទៅលើគោលការណ៍ស្មើគ្នា គោរពគ្នាទៅវិញទៅមក ផលប្រយោជន៍ទៅវិញទៅមក។ អត់មានដាក់លក្ខខណ្ឌអីផ្សេងៗ ឬមួយភ្ជង់អីផ្សេងៗនោះទេ យើងធ្វើការគោរពគ្នា។ យើងចរចាជាជប៉ុន ចិន ដូចគ្នាទាំងអស់ដើម្បីផលប្រយោជន៍កម្ពុជា។ អញ្ចឹងយើងបន្តធ្វើតទៅទៀត ដើម្បីអបអរសាទរនូវសមិទ្ធផល។
សូមជូនពរបងប្អូនទាំងអស់នៅទីនេះតែម្ដង ទទូលបាននូវជោគជ័យបន្ថែមទៀត សុខភាពល្អ ទទួលបាននូវពុទ្ធពរ និងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ ចំពោះថ្ងៃនេះផងដែរ ខ្ញុំសូមជូនកម្មករ កម្មការិនី បុគ្គលិក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ១៥៩៥ នាក់ ម្នាក់ៗទទួលបាន អាវយឺតមួយ និងថវិកា ៥ម៉ឺនរៀល។(សម្ដេចនិយាយអំពីអាវថ្មី និងសុំថើប)។ ជូនសាលាក្រុងព្រះសីហនុ ថវិកា ២លានរៀល។ ជូនគ្រូពេទ្យប្រចាំការក្នុងអង្គពិធី ថវិកា ៥លានរៀល ហើយជូនក្រុមតន្រ្តីសម័យ ថវិកា ១០លានរៀល។ (សម្ដេចអានឈ្មោះសិល្បករ សិល្បការិនី)។ អរគុណសាជាថ្មី ហើយសូមជូនពរឆ្នាំថ្មីផង សូមអរគុណ និងសូមជម្រាបលា៕