ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល;
គណៈអធិបតី ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ សមាគមបុគ្គលិកសិក្សា តំណាងសេដ្ឋកិច្ចក្រៅប្រព័ន្ធ
បងប្អូនសហពីជកម្មករទាំងអស់ជាទីមេត្រី!
ថ្ងៃនេះ, ខ្ញុំជាមានសេចក្តីសោមនស្ស ដោយបានចូលរួម នៅក្នុងពិធីសំណេះសំណាលជាមួយសហជីពសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង សមាគមបុគ្គលិកសិក្សាខ្មែរ ដែលបានចូលរួមចំនួនប្រមាណជាង ៥ ១០០ នាក់ នៅក្នុង ឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៩ នៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា ឆ្នំា២០២៥ ក្រោមប្រធានបទ «រួមគ្នា ដើម្បីការងារសមរម្យ និង កំណើនប្រកបដោយចីរភាព និង ភាពធន់» និង ការប្រគល់ពានរង្វាន់ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
ព្រឹកថ្ងៃអាទិត្យទី២៧ មេសាជាថ្ងៃក្រហម ដែលយើងប្រារព្ធរៀបចំនេះ មិនចំថ្ងៃទី១ ឧសភាទេ តែជាថ្ងៃដែលបងប្អូនឈប់សម្រាក អាចជួបជុំគ្នាបាន។ មួយទៀត ជារៀងរាល់ឆ្នាំ ថ្ងៃទី១(ឧសភា)នេះ ខ្ញុំជាប់កាតព្វកិច្ច ដែលមានតាំងពីសម្ដេចតេជោ សន្យាថានៅជួបនឹងបងប្អូនកម្មករនៅផែខេត្តព្រះសីហនុ។ អញ្ចឹង យើងចាត់ទុកថ្ងៃនេះជាថ្ងៃនិមិត្តរូប ថ្ងៃដែលសម្រាក ដែលបងប្អូនទាំងអស់បានជួបជុំគ្នា។ អរគុណក្រសួងការងារដែលបានរៀបចំ។ ថ្ងៃនេះក្រហម មិនក្រហមតែថ្ងៃទេ ក្រហមទាំងថ្ពាល់ទៀត … អម្បាញ់មិញ (បានទទួល)ច្រើនខ្សឺតណាស់ … ឆ្នាំទៅក៏អញ្ចឹងដែរ ឡើងឡានទៅវិញ គេថាសល់មួយចំហៀង(ថើបបង្ហើយ)។ នេះជាសេចក្ដីស្រលាញ់ និងនឹករលឹកគ្នា។ សូមអរគុណ ។ មិនបានជួបគ្រ់គ្នាទេ។ បានមកមួយកំណាត់។ ចាំទៅវិញ មុនចេញទៅ(នឹងជួបទៀត)។ មានអ្នកចាំ។ អម្បាញ់មិញ មួយក្រុមនោះថា លែងសុំហើយ ព្រោះតែសុំ អត់ឆ្លើយ ថើបយកតែម្ដង។
[ចប់សេចក្ដីអធិប្បាយ១]
យោងតាមរបាយការណ៍ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ ខ្ញុំសូមកោតសរសើរ និង ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងដៃគូពាក់ព័ន្ធ ដែលបានខិតខំសម្រេចបាននូវលទ្ធផលការងារគួរជាទីមោទនៈជាច្រើន ក្នុងវិស័យការងារ សន្តិសុខសង្គម និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
(១) បរិមាណការងារ ដើម្បីស្រូបកម្លាំងពលកម្ម ផ្តល់ឱកាសនិងជំរើស
ឯកឧត្តម ហេង សួរ បានអានគោលការណ៍ដែលសម្ដេចតេជោបានដាក់ចេញ រួមទាំង(គោលការណ៍) ១០ចំណុចដែលខ្ញុំបានដាក់ពីដើមអាណត្តិ បង្ហាញថាយើងមិនសំដៅទៅអ្វីក្រៅពីផ្ដល់ទាំងសិទ្ធិទាំងអត្ថប្រយោជន៍ឱ្យកម្មករ កម្មការិនីនោះទេ។ ការចរចាដំឡើងបៀវត្សរ៍ ការរៀបចំ ប.ស.ស ការរៀបចំសុវត្ថិភាពដឹកជញ្ជូន ការរៀបចំទារកដ្ឋាន មិនសំដៅ(ផ្តល់ប្រយោជន៍)ឱ្យអ្នកណាផ្សេងក្រៅពីកម្មករ/ការិនី និងកូនចៅនោះទេ។ នេះជាគោលការណ៍(របស់រាជរដ្ឋាភិបាល) ដែលមិនបង្កើតតែបរិមាណការងារនោះទេ។ យើងត្រូវបង្កើតការងារឱ្យច្រើន ដើម្បីស្រូបយកកម្លាំងពលកម្ម ផ្ដល់ឱកាស ផ្ដល់ជម្រើសទាំងក្នុងនិងក្រៅប្រទេស។
នៅខាងក្នុង យើងខិតខំធ្វើឱ្យបានច្រើន ដោយមិនប្រមូលផ្ដុំ(ឱកាសការងារ)តែនៅភ្នំពេញ(នោះទេ) តែពង្រាយទៅតាមមូលដ្ឋាន តាមខេត្ត ប្រយោជន៍កុំឱ្យបងប្អូនពិបាកធ្វើចំណាកស្រុក កុំឱ្យពិបាកចេញពីកំពង់ចាម មកធ្វើការនៅភ្នំពេញ។ មិនមែនបិទសិទ្ធ(មិនឱ្យចាកចេញទៅទីនានារកការងារ)ទេ ដូចជាបងប្អូនមានសិទ្ធិ មានឱកាសទៅធ្វើការនៅជើងព្រៃ នៅព្រៃឈរ(ជាដើម)។ អ្នកកំពង់ធំ ក៏មានសិទ្ធិ មានឱកាសទៅធ្វើការនៅទីនោះ(ដែរ)។ (ការបង្កើតការងារនៅតាមខេត្តនានា ជួយឱ្យ)អ្នកស្វាយរៀង មិនចាំបាច់ធ្វើដំណើរ(ឆ្ងាយជាដើម)។ នេះហើយជាការបង្កើតបរិមាណ។
(២) គុណភាពការងារ គឺមានបៀវត្សកើនឡើង និងការពារដោយច្បាប់ការងារ
(អ្វីទៅជា)គុណភាព(ការងារ)។ (តើគុណភាពការងារ)សំដៅលើអ្វី? ទី១ បៀវត្សរ៍កាន់តែកើន និងទី២ សំដៅលើការគោរពច្បាប់ការងារ។ បងប្អូនធ្វើការដោយទទួលនូវការគោរព។ មិនមែនកម្មករត្រូវថៅកែជិះជាន់ ដោយគ្មានច្បាប់ការងារ(ការពារ)នោះទេ។ (ពិធីថ្ងៃនេះ) មានអ្នកជាសហជីព ជាតំណាង(ចូលរួម) ដោយសារច្បាប់អនុញ្ញាតឱ្យបង្កើត និងផ្ដល់សិទ្ធជូនប្រតិភូ បុគ្គលិក ឡើងទៅដល់សហជីព រហូតទៅសហភាពសហព័ន្ធ ដើម្បីធ្វើកិច្ចការជំនាញ ជួយកម្មករ កម្មការិនី។ នេះគឺនិយមន័យនៃការរៀបចំ។ យើងបានគិតគូរតាំងពីការធ្វើដំណើរ(របស់បងប្អូនកម្មករ)។ យើងមិនគិតគូរតែត្រឹមបងប្អូនកម្មករ/ការិនី(នោះទេ) យើងគិតទាំងអ្នកបើកបរថែមទៀត។ ត្រូវរកដំណោះស្រាយណាមួយ កុំឱ្យបាត់អាជីពបងប្អូនអ្នកបើកបរ ព្រោះគាត់ក៏ជាអ្នកធ្វើការ ដែលយើងត្រូវគិតគូរ(ផងដែរ)។
[ចប់សេចក្ដីអធិប្បាយ២]
ឆ្លៀតក្នុងឱកាសនេះ, ក្នុងនាមរាជរដ្ឋាភិបាល និង ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រសួងស្ថាប័ន, អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គ្រប់រាជធានី ខេត្ត ក៏ដូចជា ស្ថានតំណាងកម្ពុជានៅក្រៅប្រទេស, កងកម្លំាងគ្រប់ប្រភេទ, ប្រជាការពារ, អ្នកអនាម័យ និង កម្លាំងស្ម័គ្រចិត្តគ្រប់យន្តការទាំងអស់ ដែលបានចូលរួមសហការបំពេញភារកិច្ចរៀបចំសណ្តាប់ធ្នាប់ គិតគូរនៅក្នុងការរៀបចំកម្មវិធីនេះ ក៏ដូចជា ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ដែលចប់ទៅនេះ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]
សំខាន់បំផុត (យើងមានការងារដែល)បានបន្តធ្វើពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីទាញយកនិងការពារអត្ថប្រយោជន៍ជូនបងប្អូនកម្មករ/ការិនី។ បន្តិចទៀត ខ្ញុំនឹងនិយាយចំណុចដែលបងប្អូនមានការរំជើបរំជួលមួយចំនួន រឿងអាមេរិកដាក់ពន្ធអីហ្នឹង យ៉ាងណា។
[ចប់សេចក្ដីអធិប្បាយ៣]
ការប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភា បានក្លាយទៅជាបុណ្យការងាររបស់ជាតិយើង ដែលរាជរដ្ឋាភិបាលតែងតែរៀបចំជារៀងរាល់ឆ្នាំ, រំឭកដល់ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត នៃចលនាលើកកម្ពស់សិទ្ធិ, សេរីភាព, អត្ថប្រយោជន៍ និង សេចក្តីថ្លៃថ្នូររបស់កម្មករនិយោជិត ។ ជាមួយគ្នានេះ, ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលតែងតែចេញសារាចរណែនាំ និង សារលិខិតអបអរសាទរក្នុងឱកាសខួបអនុស្សាវរីយ៍នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ដើម្បីបង្កលក្ខណៈងាយស្រួលដល់សហជីព និង រោងចក្រសហគ្រាស ក្នុងការរៀបចំកម្មវិធីកម្សាន្តសប្បាយ, ពិធីជប់លៀង, រាំកម្សាន្ត, រៀបចំដំណើរទេសចរណ៍សម្រាកលំហែ និង កម្មវិធីផ្សេងៗ ជូនកម្មករនិយោជិត។
ការជ្រើសរើសប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ និង កំណើនប្រកបដោយចីរភាពនិង ភាពធន់» សម្រាប់ឆ្នាំនេះ ពិតជាបានឆ្លុះបញ្ចាំងនូវចក្ខុវិស័យមួយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យការងារ ស្របទៅនឹងឯកសារគោលនយោបាយជាតិនានា របស់រាជរដ្ឋា ភិបាល ដែលគ្រប់ភាគីពាក់ព័ន្ធ, ជាពិសេស កម្មករនិយោជិត និង និយោជកត្រូវចូលរួមអនុវត្ត ដើម្បីបង្កើតបាននូវវប្បធម៌អនុលោមភាពតាមច្បាប់, សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និង ការទទួលខុសត្រូវផ្នែកសង្គមរបស់សហគ្រាស ។ ទន្ទឹមនេះ, ប្រធានបទនេះ ក៏ជាការបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់ សម្រេចឱ្យបាននូវមហិច្ឆតា សំដៅធានាថា ប្រជាពលរដ្ឋគ្រប់រូបទទួលបានឱកាសស្មើៗគ្នា មានការងារសមរម្យ មានលក្ខខណ្ឌការងារល្អ, ប្រាក់ឈ្នួលសមរម្យ, ទំនាក់ទំនងវិជ្ជាជីវៈល្អ និងមានប្រព័ន្ធសន្តិសុខសង្គម ដែលកាន់តែរឹងមាំសម្រាប់បងប្អូនកម្មករនិយោជិត។
ទន្ទឹមនេះ, កំណើនប្រកបដោយចីរភាពជាការក្រើនរំឭកដល់យើងទាំងអស់គ្នាថា កំណើនសេដ្ឋកិច្ចត្រូវតែដើរទន្ទឹមគ្នាជាមួយការថែរក្សាបរិស្ថាន និង សមភាពសង្គម រីឯភាពធន់សបញ្ជាក់អំពីសមត្ថភាពសម្របខ្លួនងើបឡើងវិញ និង ពុះពារគ្រប់ឧបសគ្គ ថ្វីត្បិតមានភាពមិនប្រាកដប្រជាលក្ខណៈសកលក៏ដោយ ។
ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា គឺជាកាលានុវត្តភាពសម្រាប់ការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស និង ក្នុងប្រទេស ដែលតាមរបាយការណ៍ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ នេះ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ១៧២ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,៥ ពាន់លានដុល្លារអាម៉េរិក និង អាចបង្កើតការងារចំនួន ១២ ម៉ឺនកន្លែង ក្នុងនោះគម្រោងពង្រីកផលិតកម្មមានចំនួន ៦ គម្រោង ។
បើគិតត្រឹមខែមីនា ឆ្នាំ២០២៥ នេះ ចំនួនរោងចក្រ សហគ្រាសដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកើនដល់ ៤៥ ២៥៥ សហគ្រាស ធៀបនឹងឆ្នំា២០២៤ មានចំនួន ៤៤ ៧៩៨ ហើយចំនួនកម្មករនិយោជិតបានកើនឡើងពីចំនួនប្រមាណ ១,៨១លាននាក់ ដល់ចំនួន ១,៨៥លាននាក់។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៤]
(៣) បួនដប់ឆ្នាំមុន រោងចក្រមានតិច មនុស្សតកន្ទុយធ្វើការ បច្ចប្បន្នសល់កន្លែងការងារ ត្បិតខ្វះអ្នកធ្វើការ
ថ្ងៃមុន រដ្ឋាភិបាលប្រកាសចំនួនអ្នកវិនិយោគ ប៉ុន្តែ(គេថា)ដូចអត់ឃើញអី្វសោះ។ មកពីអ្នកឯងមិនមកមើលកន្លែងគេធ្វើ មើលតែលើលំហរអាកាស។ ជាក់ស្ដែង យើងមានរោងចក្របុកគ្រឹះថ្មីៗ។ កន្លែងខ្លះខ្ញុំទៅសម្ពោធ។ ថ្ងៃមុន ទៅសម្ពោធពង្រីករោងចក្រ Ford។ បើកដំបូង(មានបុគ្គលិក) ១០០នាក់ជាង ឥឡូវមានជាង ៤០០នាក់។ ដំបូង ផលិតតែប៉ុន្មានរយគ្រឿង ឥឡូវមួយឆ្នាំ ចូលរាប់ពាន់គ្រឿង។ នេះជាការរីកជាក់ស្ដែង។ បើយើងមិនទៅមើល យើងមិនដឹងទេ។ កុំអង្គុយមើលពីចម្ងាយ ហើយស្រែកថា ខ្ញុំដូចមិនមានអារម្មណ៍ថាកើន។ សូម្បីតែគ្រូទាយ ក៏មើលមិនឃើញដែរ ទាល់តែទៅមើល បានដឹងថាកើនឬមិនកើន។ ទិន្នន័យដែលយើងលើកមកអះអាងនេះ មិនមែនទិន្នន័យខ្យល់ទេ។ គឺទិន្នន័យពិតប្រាកដ។ បើអ្នកណាមិនជឿ ជិះយន្តហោះមក ឯកឧត្តម ហេង សួរ នាំទៅមើលភ្លាម។ យើងអត់ភូតទេ។
កម្មករ កម្មការិនីនៅទូទាំងប្រទេស អាចដឹងថា នៅភូមិខ្ញុំ ស្រុកខ្ញុំ ឥឡូវមានគេបើករោងចក្រថ្មី រើសកម្មករថ្មី។ ប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ អាចធ្វើជាសាក្សីបាន។ ថ្ងៃមុន ខេត្តកំពង់ស្ពឺថា ឥឡូវពិបាករក(អ្នកធ្វើការ) អ្នកក្នុងខេត្ត/ក្នុងតំបន់ហ្នឹងអស់ហើយ។ ត្រូវរកមនុស្សមកពីក្រៅ(ស្រុកខេត្ត)ថែមទៀត។ កាលពីប្រហែល ៤ឬ ១០ឆ្នាំមុន រោងចក្រមានតិច មនុស្សតកន្ទុយគ្នាធ្វើ។ ឥឡូវនៅសល់(កន្លែងការងារ) ខ្វះ(អ្នកធ្វើការ)។ មិនមែនត្រឹមតែរោងចក្រទេ។ វិស័យឯកជន(ខាង)សេវាកម្ម វិស័យធនាគារជាដើម ក៏មានត្រូវការបុគ្គលិកច្រើន។ នេះហើយដែលជាការវិវត្តនៃការរៀបចំការងារ។ ថ្ងៃមុន ឃើញម្នាក់ចេញមករិះគន់ថា “រដ្ឋាភិបាលថាឆ្នាំ២០៥០ មានហើយ ម៉េចមិន(រីកច្រើនដូចពាក្យនិយាយ)នេះ”។ ប៉ុន្តែ (មើល)លើតុគាត់ សុទ្ធតែគ្រឿងក្លែម។ បានបងប្អូនជាច្រើនចូលទៅខម្មិន “អើ ខ្លួនឯងផឹកតែស្រា ក្លែមនៅហ្នឹង ហើយទៅបន្ទោសរដ្ឋាភិបាល (ថាមិន)រកការងារ។ ម្តេចមិនទៅដាក់ពាក្យសុំការងារធ្វើ មកអង្គុយផឹកនៅហ្នឹង។
(៤) ជីវិតសម្រាប់ជាតិនិងប្រជាជន ទុកសេរីភាពផ្ទាល់ខ្លួនមួយឡែកសិន
ខ្ញុំគ្រាន់តែលើកពីទិដ្ឋភាពជាក់ស្ដែង ពីការវាយតម្លៃនិងការពិត។ នៅក្នុងវិស័យការងារដូចគ្នា អ្នកធ្វើការរាប់សិបឆ្នាំមក … តាំងពីប្រាក់ខែអប្បបរមា ៤០ដុល្លារ អាចដឹងហើយថា សិទ្ធ បរិស្ថានក្នុងរោងចក្រ ប្រៀបធៀបជាមួយឥឡូវគឺមានការវិវឌ្ឍច្រើន … រោងចក្រឥឡូវ យើងមិនមែនផលិតតែខោអាវ ស្បែកជើងទៀតទេ គឺផលិតគ្រឿងបង្គុំអគ្គិសនី ផលិតទាំងរថយន្ត។ ខ្ញុំមានមោទនភាពណាស់ដែលថ្ងៃមុនគេថា មានរថយន្ត Made in Cambodia។ ខ្ញុំទៅមើលផ្លាកហ្នឹង … គេរៀបឱ្យខ្ញុំដើរ។ គេកំណត់ថា ត្រូវដើរទៅតាមផ្លូវនេះទេ ហើយផ្លូវហ្នឹងមើលអត់ឃើញផ្លាក Made in Cambodia។ អញ្ចឹងខ្ញុំត្រូវដើរចូលទៅក្នុងខ្សែចង្វាក់។ អ្នកណាថាធ្វើធំស្រួល? កាលខ្ញុំនៅមេជើងគោក អត់មានអ្នកណាកំណត់ផ្លូវឱ្យខ្ញុំដើរទេ។ ខ្ញុំទៅណា ចេញឡានប្រុយបាន។ ឥឡូវទៅណា គេប្រាប់ថាទាល់តែទៅតាមផ្លូវនេះ។ ម្ហូបខ្លះ មិនស្រួលគេទាញចេញ មិនឱ្យហូបទេ។ ថ្ងៃមុន (មង្គល)ការឯកឧត្តម ស ថេត (ម្ហូប)គេរៀបដាក់នៅលើតុ គិតថាចូលទៅឆ្ងាញ់មាត់ហើយ។ គ្រាន់តែចាប់កំបិតកាត់ អង្គរក្សថា មុខហ្នឹងមិនទាន់ឆែក។ អត់បានហូបទៀត។ មិនស្រួលទេ។ តែវាជារឿងសុវត្ថិភាព។ ជីវិត និងកាតព្វកិច្ចគឺសម្រាប់ជាតិនិងប្រជាជន។ បើយើងមានបញ្ហាអី ខាតពេលវេលា ការងារស្ទះ ធ្វើឱ្យស្ទះសេដ្ឋកិច្ច ផលប្រយោជន៍ប្រជាពលរដ្ឋ។ (សេរីភាពផ្ទាល់ខ្លួន)ទុកមួយឡែកសិន។ កាលមុន (ចូលចិត្ត)ជិះម៉ូតូ ឥឡូវម៉ូតូដាក់តាំងមើលចង់ច្រេះអស់ហើយ តែមិនអីទេ។
(៥) ជនកម្ពុជាមានសមត្ថភាព មានទឹកដៃ មានជំនាញខ្ពស់ ផលិតទំនិញថ្លៃៗ ក្នុងស្រុក
ថ្ងៃនោះ ខ្ញុំចូលទៅមើល និងឱ្យគេថត។ យើងមោទនដែលមានរថយន្ត Made in Cambodia ហើយ()ការបញ្ជាក់មិនមែនយើងធ្វើខ្លួនឯងទេ គឺអង្គការអន្តរជាតិទទួលស្គាល់ថា រថយន្តនេះមានសិទ្ធវាយផ្លាក។ គេមានលេខតួលេខម៉ាស៊ីន ដែលមើលទៅ code ដឹងថា(ផលិត)នៅកម្ពុជា។ អ្នកជំនាន់ខ្ញុំ កាលពីចប់វិទ្យាល័យឆ្នាំ ១៩៩០ជាង ទឹកក្រូចមួយកំប៉ុង មើលទៅសុទ្ធតែផលិតពីក្រៅ។ ឥឡូវយើងមានលទ្ធភាពផលិតទៅដល់(គ្រឿងបង្គុំ)រថយន្ត ដំឡើងរថយន្តទំនើបក្នុងប្រទេស។ នេះយើងមិននិយាយគ្រឿងបង្គុំអគ្គិសនី ផលិតផលគ្រឿងអលង្ការកម្រិតខ្ពស់ គ្រឿងសង្ហារិមទំនើប ដែលលក់នៅទីផ្សារអ៊ីតាលី។ (ទំនិញថ្លៃ)រាប់ម៉ឺនដុល្លារគឺទាល់តែទឹកដៃខ្ពស់។ យើងមានមោទនភាពដែលកូនខ្មែរមានសមត្ថភាព និងមានទឹកដៃ មានជំនាញខ្ពស់។ បើសិនជាត្រឹមផលិតនៅស្រុកខ្មែរ តែកម្មករទាំងអស់សុទ្ធតែបរទេស យើងមិននិយាយទេ តែនេះផលិតដោយដៃកូនខ្មែរ។ សូម្បីតែរោងចក្រ Ford ហ្នឹង សុទ្ធតែកូនខ្មែរ(ធ្វើការនៅទីនោះ)។
(៦) ប្រជាជនប្រើប្រាស់អនឡាញលក់ដូរប្រកបរបរចិញ្ចឹមជីវិត មិនចាញ់បរទេសទេ
ត្រូវហើយមានអ្នកបច្ចេកទេសអាមេរិកមួយចំនួន ប៉ុន្តែខ្ញុំសួរ (សុទ្ធតែ)កូនខ្មែររៀនចប់ពីសាលាបច្ចេកទេសទៅធ្វើការ។ គាត់បញ្ជា Robot គាត់ធ្វើ programing បាន។ នេះហើយជាជំនាញដែលយើងចង់ឱ្យ(ធ្វើ)បានកាន់តែច្រើននៅក្នុងប្រទេស។ បងប្អូនដែលអង្គុយនៅកន្លែងនេះ ប្រាកដជាមកពីពហុវិស័យហើយ។ វិស័យនីមួយៗ មិនថា ក្នុងប្រព័ន្ធក្រៅប្រព័ន្ធ យ៉ាងហោចណាស់ឥឡូវលែងសរសេរនឹងដៃដែរ ប្រើកុំព្យូទ័រ ប្រើអីមួយចំនួន។ សេវាកម្ម យើងប្រើសុទ្ធតែអនឡាញ។ នេះហើយជាទំនើបកម្មនៃសមត្ថភាព business របស់ប្រជាពលរដ្ឋយើង។ ការលក់ដូរតាមអនឡាញនៅកម្ពុជាច្រើន។ បានន័យថា ប្រជាជនយើងមានសមត្ថភាពប្រើប្រាស់អនឡាញដើម្បីលក់ដូរ ប្រកបរបរចិញ្ចឹមជីវិត មិនចាញ់បរទេសទេ។ នេះជាមោទនភាពសម្រាប់ប្រជាពលរដ្ឋយើង។ សួរថា តើទាំងអស់នេះ កើតដោយចៃដន្យឬ? មិនដូច្នោះទេ។ នៅក្នុងនេះ យើងបានធ្វើការគិតគូរជាបន្តបន្ទាប់។ ពីអាណត្តិមុនៗ សម្ដេចតេជោ លោកបានគិតគូរច្រើន។ បើយើងនិយាយ គ្រាន់តែស្រ្តីមានផ្ទៃពោះម្នាក់ដែលធ្វើការពីមុន ពីដើមឡើយអត់មាន(ការឧបត្ថម្ភ)អីទេ។ ឈឺទៅពេទ្យ យកប្រាក់ខែ(ធ្វើការបាន)ទៅចេញខ្លួនឯង ឆ្លងទន្លេ(ចេញលុយ)ខ្លួនឯង។ ឥឡូវគ្រាន់តែមានផ្ទៃពោះភ្លាម រដ្ឋចាប់ផ្ដើមគិតគូរភ្លាម។ មុននឹងឆ្លងទន្លេប៉ុន្មានដង ត្រូវបង់ថវិកា(ជូនគាត់) កូនកើតមកដល់អាយុពីរឆ្នាំ មានជួយអីខ្លះ ហើយពិនិត្យសុខភាព មាន ប.ស.ស។ កាលដើម កម្មករ/ការិនី (ជាអ្នក)បង់ ឥឡូវរដ្ឋជាមួយនិយោជកជាអ្នកបង់ … បន្តិចម្ដងៗ អ្វីដែលយើងបានធ្វើ (មាន)កាន់តែច្រើន។
(៧) លើកទឹកចិត្តឱ្យមានកូនច្រើន មានសុខភាពល្អ មានចំណេះដឹង ការពារនិងអភិវឌ្ឍទឹកដី
នេះជាការបង្កើតការងារដោយគុណភាព គិតសព្វគិតគ្រប់ គិតទាំងមាតា ទាំងសុខភាព ទាំងជំនាញ ទាំងបៀវត្សរ៍ គិតទាំងកូន គិតទាំងការរស់នៅរបស់ប្រជាពលរដ្ឋ កុំឱ្យទៅធ្វើការឆ្ងាយ។ យើងធ្វើផ្លូវ យើងរុញរោងចក្រ យើងរុញសហគ្រាស យើងបង្កើតវគ្គបណ្ដុះបណ្ដាលនៅខេត្ត។ សំរាប់ប្រជាពលរដ្ឋដែលមិនមានលទ្ធភាព យើងបានចេញគោលនយោបាយ ផ្ដល់អាហាររូបករណ៍ឱ្យ ១លាន ៥សែន នាក់មករៀន ដោយរដ្ឋឱ្យលុយបន្ថែមទៀត។ (រាជរដ្ឋាភិបាល)ចង់បានអី្វ? (គឺ)ចង់បានឱ្យតែកូនចៅខ្មែរយើង ពិសេសកូនចៅអ្នកក្រីក្រមានសមត្ថភាព មានបំណិន ចង់ឱ្យខ្មែរកាន់តែរឹងមាំ មានសមត្ថភាពម្ចាស់ការផលិត ដើម្បីយើងម្ចាស់ការក្នុងប្រទេស។ មានអ្នកស្រែកថា “បន្តិចទៀត ខ្មែររលាយរលត់ហើយ។ បាត់ហើយខ្មែរ”។ មិនអញ្ចឹងទេ។ ខ្ញុំលើកទឹកចិត្តឱ្យយកកូនកាន់តែច្រើន។ កូនកើតមកមានសុខភាពកាន់តែល្អ រៀនមានចំណេះដឹង សមត្ថភាពកាន់តែច្រើន មិនឱ្យបាត់ទៅណាទេ។ យើងការពារទឹកដី ទាំងការពារជាតិ ទាំងការដោះស្រាយកិច្ចការចរចាព្រំដែនដោយការទទួលខុសត្រូវ អភិវឌ្ឍទាំងនៅតំបន់ព្រំដែន ទាំងភាគខាងក្នុងឱ្យកាន់តែរឹងមាំ។
(៨) ផ្តល់ជម្រើសការងារនៅក្រៅប្រទេស តែជាអាទិភាពធំត្រូវពង្រីកឱកាសការងារក្នុងប្រទេសតាមគ្រប់រូបភាព
កូនខ្មែរ មានការងារធ្វើទាំងនៅក្នុងទាំងនៅក្រៅ។ ជម្រើសនៅក្នុងស្រុក យើងមានលទ្ធភាព យើងខិតខំពង្រីក ប៉ុន្តែយើងមិនបិទច្រកទេ។ អ្នកខ្លះថា យើងបញ្ជូនកូនខ្មែរទៅធ្វើខ្ញុំគេនៅខាងក្រៅ។ ប្រទេសនៅក្នុងអាស៊ានទាំងអស់ មិនមានប្រទេសណាមួយដែលមានពលករទៅធ្វើការនៅក្រៅប្រទេសនោះទេ។ (ពលរដ្ឋ)យើងទៅធ្វើការនៅថៃច្រើន។ (ពលរដ្ឋ)ថៃច្រើន(ធ្វើការ)នៅអ៊ីស្រាអែល។ តគ្នា។ យើងទៅធ្វើការនៅកូរ៉េ ហើយជនកូរ៉េទៅធ្វើការនៅអាមេរិករាប់ម៉ឺនរាប់សែននាក់ ទៅធ្វើការនៅអឺរ៉ុបរាប់សែននាក់។ វាចល័ត។ យើងមិនអាចឱ្យបៀវត្សរ៍ស្មើនឹងអាមេរិកទេ។ កូរ៉េក៏មិនអាចឱ្យបៀវត្សរ៍ស្មើនឹងអាមេរិកដែរ។ អញ្ចឹងបានគាត់នៅតែទៅ។ គាត់ខ្វះកម្លាំងពលកម្ម គាត់យកពីក្រៅទៅ។ នៅកូរ៉េ ខ្មែរ(ទៅធ្វើការ)ដូចតិចជាងគេ។ ថៃច្រើនជាងយើង។ វៀតណាមក៏ច្រើនជាងយើង។
ប្រទេសច្រើនណាស់មានកម្មករច្រើនជាងយើង។ សួរថា យើងធ្វើបែបនេះដើម្បីអ្វី? ដើម្បីបើកច្រក(ជាជម្រើសការងារ)ជូនបងប្អូន។ តើយើងព្រលែងបងប្អូនធ្វើការនៅក្រៅចោលទេ? យើងមានទីប្រឹក្សាពលករ យើងមានទូតថែទាំ ការពារច្បាប់(ជូន)អ្នកដែលគ្រោះថ្នាក់ អ្នកដែលស្លាប់ អ្នកដែលមានបញ្ហានៅខាងក្រៅ។ គ្រាន់តែបាក់អគារថ្ងៃមុនដោយរញ្ជួយដីនៅថៃ ទូតនិងទីប្រឹក្សាពលកររបស់យើងទៅឈរជើងនៅហ្នឹងភ្លាម ធ្វើការជាមួយថៃ … ជាអកុសល យើងមានស្លាប់ពីរនាក់ ដែលយើងបានជួយ(យកសព)មករៀបចំបុណ្យ។ ចាត់ចែងអីហើយ។ នៅសល់ពីរនាក់ទៀតបាត់ខ្លួន។ អញ្ចឹងបានន័យថា ការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋយើង មិនត្រឹមតែរឿងបៀវត្សរ៍ រឿងឱកាសទេ តែទោះជាយ៉ាងណា អាទិភាពធំ ត្រូវពង្រីក(ឱកាសការងារ)ក្នុងប្រទេសឱ្យបានច្រើន តាមគ្រប់រូបភាព ទាក់ទាញវិនិយោគទាំងក្រៅទាំងក្នុង។
(៩) ពីមុន មានតែរោងចក្រមកពីក្រៅប្រទេស ឥឡូវមានរោងចក្រម្ចាស់ស្រុក និងមានទៅវិនិយោគនៅក្រៅប្រទេស
គេមើលងាយ គេបង្អាប់។ គេថាអីក៏ថាទៅ។ គេថាយើងយកតែស្ពៃ។ ខ្ញុំថា ស្អីក៏បានដែរ សំខាន់ឱ្យតែបានម្ហូបឱ្យកូនចៅ(ទទួលទាន) មានការងារធ្វើ។ ហ្នឹងអ្នកណាមើលងាយអីមើលទៅ។ ខ្ញុំមិនបានទៅលួចគេឬប្លន់គេទេ។ យើងទៅចរចា ហៅ(វិនិយោគិនចូល)មក។ ចិនក៏វិនិយោគ អាមេរិកក៏វិនិយោគ ជប៉ុនក៏វិនិយោគ កូរ៉េក៏វិនិយោគ ម៉ាឡេស៊ីក៏វិនិយោគ សិង្ហបុរីក៏វិនិយោគ ខ្មែរយើងក៏វិនិយោគក្នុងប្រទេស ហើយកាន់តែលើកទឹកចិត្តទៀត។ ក្រុមហ៊ុនខ្មែរយើងឥឡូវម្ចាស់ការផលិតបានច្រើន។ ពីមុន យើងមានតែរោងចក្រពីក្រៅមកទេ។ ឥឡូវ ខ្មែរយើងម្ចាស់ការ(ចូលរួមក្នុង)កសិ-ឧស្សាហកម្ម ផលិតកម្ម ផលិតស៊ីម៉ង់ត៍ ដែក ស្អីៗផ្សេងៗទៀតក្នុងប្រទេស និងជួយលើកទឹកចិត្តបន្ថែមទៀតឲ្យបានច្រើន។ ខ្មែរយើងក៏ទៅវិនិយោគនៅក្រៅប្រទេស មានជាធនាគារ … មានដូចជាក្រុមហ៊ុនធនាគារអេស៊ីលីដាជាដើម … ថ្ងៃក្រោយមានវត្តមានឲ្យកាន់តែច្រើន។ អត់មានអ្វីដែលពិបាកទេ។ គេមកវិនិយោគនៅយើងៗ ទៅវិនិយោគនៅគេ។
(១០) លំហូរពលករជាក្រឹត្យក្រមពាណិជ្ជកម្មសេរី បំពេញឱ្យគ្នាទៅវិញទៅមក
នេះជាក្រឹត្យក្រមនៃការធ្វើពាណិជ្ជកម្មសេរី ការបំពេញគ្នាទៅវិញទៅមក ដោយគ្មាននរណារស់ដោយឯកឯងនោះទេ ឥឡូវនេះ ជាពិសេស ប្រទេសតូចៗ។ សូម្បីតែអាស៊ាន មួយឆ្នាំៗ យើងប្រជុំរកវិធីកាត់បន្ថយរបាំង កុំឲ្យលំហូរមនុស្ស លំហូរទំនិញអីផ្សេងៗ ជាប់គាំង ធ្វើឲ្យសេដ្ឋកិច្ចអាស៊ានទាំង១០ បន្តិចទៀតអាចនឹងមាន១១ (ព្រោះទីម័រលេស្តចូលមក) ក្លាយជាកន្លែងផលិតរួមតែមួយ។ អត់ចម្លែកទេដែលវិនិយោគពីប្រទេសអាស៊ាន ពីប្រទេសក្រៅ(អាស៊ាន)មកវិនិយោគនៅយើង ហើយយើងទៅវិនិយោគខាងក្រៅ។ យើងលើកទឹកចិត្តគេ គេក៏លើកទឹកចិត្តយើង … ការបង្កើតការងារក៏ដូចគ្នា។ បរទេសមកធ្វើការនៅស្រុកខ្មែរ។ អាមេរិកក៏មកធ្វើការស្រុកខ្មែរក្នុងវិស័យអប់រំ ធនាគារ និងវិស័យមួយចំនួនទៀត។ អឺរ៉ុបក៏មាន។ ជនជាតិអាស៊ានមួយគគោកក៏មកធ្វើការស្រុកខ្មែរ។ គ្រាន់តែប្រៀបធៀបចំនួន យើង(ទៅធ្វើការស្រុកគេ)ច្រើនជាង។ តែវាមានផ្លាស់ប្ដូរទៅមកអញ្ចឹង។ កន្លែងខ្លះ អ្នកគ្រប់គ្រងមកពីបារាំង មកពីប្រទេសនេះ/នោះ។ លំហូរនៃការងារវាបែបនេះ។
[ចប់សេចក្ដីអធិប្បាយ៤]
សម្រាប់រាជរដ្ឋាភិបាលរបស់យើងនៅដើមអាណត្តិនេះ យើងបានខិតខំធ្វើយ៉ាងណាដើម្បីឲ្យគុណភាព និងបរិមាណការងារឲ្យកាន់តែច្រើន ក្នុងនោះ ខ្ញុំបានដាក់ចេញ១០ចំណុច ហើយឯកឧត្ដម ហេង សួរ បានរៀបរាប់ហើយ ១០ចំណុចធ្វើបានអីខ្លះ។ ខ្ញុំសូមអរគុណ និងកោតសរសើរដែលដាក់ ១០ចំណុចនេះ ហើយក្រសួងការងារខិតខំពុះពារដើម្បីជំរុញទៅបានជោគជ័យជាជំហានៗ។ ឧទាហរណ៍ទី១ ទាក់ទងនឹងការដំឡើងប្រាក់បៀវត្ស … ប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៥ យើងរុញដល់ ២០៨ដុល្លារអាមេរិកក្នុងមួយខែ។ បើបូកទាំងប្រាក់រង្វាន់ អតីតភាព និងអត្ថប្រយោជន៍ ទទួលបាន ២២៥ទៅ ២៣៦ដុល្លារក្នុងមួយខែ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៥]
(១១) ការដំឡើងប្រាក់ឈ្នួលក្នុងកាលៈទេសៈលំបាក ជាការគិតគូរពីផលប្រយោជន៍ និងជាសុឆន្ទៈរាជរដ្ឋាភិបាល
សូមបងប្អូនពិនិត្យមើលចំណុចនេះ។ ពិតណាស់ បើប្រៀបធៀបនឹងតម្រូវការ វាមិនគ្រប់គ្រាន់ទេ ព្រោះមួយរយក៏មិនគ្រាន់ មួយពាន់ក៏មិនគ្រប់។ តម្រូវការកាន់តែកើន។ ពីមុន បងប្អូនអត់មានសមត្ថភាពបង់រំលស់ផ្ទះ ម៉ូតូអីទេ។ តែឥឡូវ យើងអាចមាន។ អ្វីដែលជាចំណុចគន្លឹះនៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំដែលយើងរងការប៉ះពាល់ទាំងកូវីដ១៩ ទាំងសេដ្ឋកិច្ច កម្ពុជាមិនដែលអាក់ខានក្នុងការដំឡើងបៀវត្សរ៍ជូនកម្មករ/ការិនីនោះទេ។ យើងតែងតែឡើងជានិច្ច។ ប្រទេសជិតខាង ទាំងក្នុងតំបន់និងប្រទេសមួយចំនួនដែលប្រកួតប្រជែងនាំចេញឥវ៉ាន់ដូចគ្នា ពេលខ្លះបានផ្អាក(ការឡើងប្រាក់បៀវត្សនេះ)។ ឆ្នាំខ្លះគេផ្អាកមិនដំឡើងប្រាក់ខែនៅស្រុកគេ។ តែកម្ពុជា ទោះបីតិចឬច្រើន យើងបានដំឡើងជូនបងប្អូនជានិច្ច។ នេះជាសុឆន្ទៈរបស់រាជរដ្ឋាភិបាល។ ប្រទេសខ្លះមិនឡើងហើយលុយស្រកទៀត។
បានន័យថា (ប្រាក់ខែ)ធ្លាក់ទៀត។ ប្រាក់ខែប្រទេសខ្លះឆ្នាំនេះនៅនឹងថ្កល់ តែទំនិញឡើងថ្លៃ៣០%។ ជួនកាល ដុល្លារហើម។ ឆ្នាំនេះ បើកទៅគិតតែ២០០ ស្រាប់តែឆ្នាំក្រោយអត់ឡើងទេ លុយនៅតែជាលុយប្រទេសគាត់ដដែល តែដុល្លារឡើង។ ឥឡូវសល់តែ១៩០។ បានន័យថាចុះ។ កម្ពុជាមិនដូចនោះទេ។ យើងដំឡើងរហូត គ្រាន់តែតិចឬច្រើនប៉ុណ្ណឹង។ នេះជាសុឆន្ទៈ មិនមែនគ្រាន់តែជាអ្វីដែលសរសេរលើក្រដាស ហើយខ្ញុំយកមកនិយាយតាមមេក្រូនោះទេ។ ខ្ញុំចាំបានថា តាំងពីរាជរដ្ឋាភិបាលថ្មីកើតឡើង យើងបានឯកភាព ២ដងរួចហើយៗ ខ្ញុំបានទាំងបន្ថែមក្រោយពីការចរចា។ យើងមានយន្តការត្រីភាគី យន្តការរវាងនិយោជក និងសហជីពចរចាគ្នា។ រាជរដ្ឋាភិបាលជាអ្នកសម្របសម្រួល។ ចរចាគ្នាសម្របសម្រួលបានតួលេខមួយថាប៉ុន្មានអញ្ចឹងទៅ។ ទម្រាំតែបានតួលេខមួយនេះ សួរមកនាយករដ្ឋមន្រ្តីៗ សុំថែមតិចឬច្រើនបន្ថែមទៀតជូនបងប្អូនរបស់យើង។
អ្នកខ្លះថា ថែមតែប៉ុណ្ណឹងសោះ។ ថែមតិចឬច្រើន ក្នុងកាលៈទេសៈលំបាក គឺបង្ហាញពីការធ្វើសកម្មភាពជាក់ស្ដែង ការគិតគូរពីផលប្រយោជន៍របស់បងប្អូន។ ថានាយករដ្ឋមន្រ្តីថែមឲ្យ ២ដុល្លារបន្ថែមក្នុងម្នាក់។ អញ្ចឹងកម្មករ ១លាន ៨សែននាក់ ក្នុងមួយខែ គិតជាវិស័យទាំងមូល អ្នកដែលពាក់ព័ន្ធគឺថែមឲ្យជិត ៤លានដុល្លារ។ ដូចនេះក្នុងមួយឆ្នាំ ត្រូវបង្កើនជិត ៤០លានដុល្លារ។ បានន័យថា រោងចក្រ/សហគ្រាសទាំងអស់ត្រូវចេញលុយពីហោប៉ៅ ៤០លានដុល្លារ ចែកទៅហោប៉ៅកម្មករ/ការិនី។ ការដំឡើងគឺបែបនេះ។ បើយើងគិតចំនួន(សរុប)មិនតិចទេ។ បានន័យថា នាយករដ្ឋមន្រ្តីសុំការយោគយល់ពីសហគ្រាស និយោជក ថែម ៤០លានដុល្លារក្នុងមួយឆ្នាំទៀត ដើម្បីចែកឲ្យបងប្អូនដែលធ្វើការ។ នេះជាអត្ថន័យនៃការដំឡើងទៅលើបៀវត្សរ៍អប្បបរមា។ ទោះបីជា ២ដុល្លារក៏ដោយ វាជាការគិតគូរដើម្បីបន្ថែមចូលហោប៉ៅបងប្អូន …។
[ចប់សេចក្ដីអធិប្បាយ៥]
ទី២ យើងបានពង្រីករបបថែទាំសុខភាពជូនអ្នកក្នុងបន្ទុក សមាជិកបេឡាជាតិសន្តិសុខសង្គម និងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត និងផ្ដើមចេញពីបុគ្គលស្វ័យនិយោជ ដែលគិតត្រឹមខែមីនា ឆ្នាំ២០២៥នេះ អ្នកក្នុងបន្ទុក ប.ស.ស មានជាង ១៨ម៉ឺននាក់ និងបុគ្គលស្វ័យនិយោជន៍គិតជាលេខគត់ជិត ៥០ម៉ឺននាក់។ បើគិតក្នុងរយៈពេល ១៩ ខែ ចាប់តាំងពីការបង្កើតរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានចុះបញ្ជីសមាជិកបន្ថែមបានប្រមាណ ១,២ លាននាក់ ដែលធ្វើឱ្យសមាជិក ប.ស.ស. បានកើនដល់ជាង ៣ លាននាក់ នៅត្រឹមខែមីនា ឆ្នាំ២០២៥ នេះ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៦]
(១២) ១លាន ២សែននាក់ចុះឈ្មោះទទួលអត្ថប្រយោជន៍ជាក់ស្ដែងនៃរបបថែទាំសុខភាពជូនអ្នកក្នុងបន្ទុក
(របបថែទាំសុខភាពជូនអ្នកក្នុងបន្ទុក សមាជិកបេឡាជាតិសន្តិសុខសង្គម និងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត និងផ្ដើមចេញពីបុគ្គលស្វ័យនិយោជ)នេះគឺជាការផ្ដល់អត្ថប្រយោជន៍បន្ថែម។ កាលមុន កម្មករ/ការិនីមាន ប.ស.ស ទៅព្យាបាលមិនបង់ថ្លៃទេ តែកូនរបស់ខ្លួនទៅព្យាបាលត្រូវបង់លុយ ព្រោះមិនមែនជាសមាជិក។ ទៅម្ដងៗ អស់៤ ទៅ ៨ម៉ឺនរៀល ព្រោះយកកាត ប.ស.ស របស់ខ្លួនទៅប្រើចំពោះកូនមិនកើត។ អញ្ចឹងត្រូវចំណាយច្រើន។ ឥឡូវ យើងដាក់(បញ្ចូលទាំង)អ្នកក្នុងបន្ទុក។ បានន័យថាគាត់បង់តែ ១៥ ៦០០រៀល ឬ ៤០០រៀល/១ថ្ងៃ គាត់បានបណ្ណដែលអាចនាំកូនទៅព្យាបាលថ្ងៃក្រោយ លែងព្រួយហើយ។ កាលមុនទៅម្ដង ឧបមាថាបង់ ៥ម៉ឺនរៀល។ បើមួយខែកូនឈឺ ២ដង អស់១០ម៉ឺនរៀល។ ឥឡូវគាត់បង់តែ ១៥ ៦០០រៀល គាត់អាចទៅពិនិត្យនិងពិគ្រោះយោបល់ដោយមិនចាំបាច់អស់លុយទៀតទេ។ នេះជាការចូលរួមចំណែកផ្ដល់លទ្ធភាពឲ្យបងប្អូនរបស់យើង។ ពីមុន អ្នកនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធមិនមានលទ្ធភាពទេ ទាល់តែធ្វើក្នុងរោងចក្រ ដែលថៅកែបង់ឲ្យ។ ឥឡូវគាត់មានសមត្ថភាពគិតគូរខ្លួនឯង។ ខ្ញុំជឿថា ដែលក្នុង១៩ខែនេះ ១លាន ២សែននាក់បានចុះឈ្មោះថ្មី គឺប្រាកដជាបងប្អូនបានឃើញអត្ថប្រយោជន៍ជាក់ស្ដែងហើយ … បើមិនឃើញអត្ថប្រយោជន៍ គាត់មិនចុះឈ្មោះដល់ទៅ ១លាន ២សែននាក់ទេ។
តើរដ្ឋគិតគូរយ៉ាងម៉េច? ខែខ្លះ រដ្ឋត្រូវចេញលុយប៉ះប៉ូវជូនដើម្បីឲ្យបងប្អូនព្យាបាល។ តែនេះជាការចូលរួមចំណែក និងការគិតគូរបន្ថែមទៀត ចំពោះប្រជាពលរដ្ឋយើង។ អ្នកដែលអត់មានលទ្ធភាពពិតប្រាកដ ហើយកាន់តែលំបាក យើងមានបណ្ណសមធម៌ ដែលរដ្ឋចេញលុយឲ្យ១០០% តែម្ដង … ឥឡូវអ្នកស្វ័យនិយោជន៍បង់តែ ១៥ ៦០០រៀលទេ ស្មើមួយថ្ងៃ ៤០០រៀល/ថ្ងៃ។ នៅសហរដ្ឋអាមេរិក កាណាដា អូស្រ្តាលី ខ្ញុំបានសួរប្រជាពលរដ្ឋខ្មែរនៅទីនោះអំពី Insurance សុខភាព ថាតើក្នុង ១ខែ បង់ ៣ដុល្លារទៅរួចឬទេនៅអាមេរិក? គាត់ថា ដេកចាំទៅ។ រាប់រយ រាប់ពាន់ដុល្លារក្នុងមួយឆ្នាំ។ នៅក្រៅប្រទេស បើសិនជាអត់មាន insurance ពិបាក។
(១៣) ឧបករណ៍និងថ្នាំពេទ្យកាន់តែទំនើប តម្លៃព្យាបាលកាន់តែកើន ប.ស.ស ជួយកុំឲ្យលុយចេញពីហោប៉ៅច្រើន ជារូបមន្តឈ្នះឈ្នះ
កាលខ្ញុំនៅរៀន សិស្សក៏ត្រូវបង់ដែរ។ ១ឆ្នាំ ៩០០ដុល្លារ។ ប្រើឬមិនប្រើអត់ដឹងទេតែជាកាតព្វកិច្ច។ បើមិនបង់ ៩០០ ឬ១ពាន់ដុល្លារហ្នឹងទេ អ្នកមិនមាន insurance ទេ គេមិនឲ្យរៀន។ គេខ្លាចឈឺ ដែលសាលាមិនទទួល(ចេញថ្លៃ)ព្យាបាលទេ។ ចាំថា ខ្ញុំឈឺម្ដង។ ក្អក។ ទៅកន្លែងសង្រ្គោះបន្ទាន់ … ចាំពីរម៉ោង។ ដុកទ័រមក គ្រាន់តែស្ដាប់(ចង្វាក់បេះដូង) និងយកញញួរមកគោះជើង សរសេរវេជ្ជបញ្ជាឲ្យទៅទិញថ្នាំនៅក្រៅ អស់ ២ពាន់ដុល្លារ។ ហេងហើយ ដោយកាលនោះមាន insurance …។
Healthcare នេះ ជាវិបត្តិធំនៅសហរដ្ឋអាមេរិក។ អ្នកដែលអត់ insurance មានដល់ ១០លាននាក់ជាង។ កាលនោះ President Obama ខំចរចាកម្មវិធីសុខភាពនេះ ទម្រាំទាញមនុស្សប៉ុន្មានលាននាក់ចូល … តម្លៃនៃការព្យាបាលសុខភាពកាន់តែកើន យើងមិនអាចថយបាន។ ឧបករណ៍ពេទ្យ ថ្នាំពេទ្យ កាន់តែទំនើប ពេទ្យឬគ្លីនិកមួយៗ កាន់តែទំនើប ត្រូវតែដំឡើងថ្លៃ។ តែការរៀបចំជា ប.ស.ស ក៏ដូចជាកម្មវិធីផ្សេងៗ គឺជួយកុំឲ្យលុយចេញពីហោប៉ៅរបស់បងប្អូនច្រើន។ បានន័យថា ទោះបីតម្លៃព្យាបាលឡើងម៉េចក៏ដោយ ក៏គាត់នៅតែអាចទៅព្យាបាលបាន ហើយចេញតែ ១៥ ៦០០រៀលប៉ុណ្ណឹងទេ។ ក្រៅពីនោះរដ្ឋប៉ះប៉ូវឲ្យ។ នេះជារូបមន្តឈ្នះឈ្នះទាំងអស់គ្នា។ អញ្ចឹង ការគិតគូរសុខភាពរបស់បងប្អូនជាចំណុចទី២។
[ចប់សេចក្ដីអធិប្បាយ៦]
ចំណុចទី៣ គឺការអនុវត្តនូវកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ ១លាន៥សែននាក់ ដោយមិនបង់ថ្លៃ និងទទួលប្រាក់ឧបត្ថម្ភ ២៨ម៉ឺនរៀលក្នុងមួយខែ បាននិងកំពុងដំណើរការដោយគិតត្រឹមថ្ងៃទី២៥ មេសា ២០២៥ អ្នកដែលបានចុះឈ្មោះចូលរៀនប្រមាណ ១១,៣ម៉ឺននាក់ និងសិស្សកំពុងរៀន និងបានបញ្ចប់ការសិក្សាមានប្រមាណ ៧,២ម៉ឺននាក់ ហើយអ្នកដែលទទួលបានការងារបន្ទាប់ពីបញ្ចប់ ប្រមាណ១,៦ម៉ឺននាក់។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៧]
(១៤) សូមខេត្ត សហជីព អ្នកតំណាង ផ្សព្វផ្សាយពីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដើម្បីពលរដ្ឋបានរៀននិងមានបំណិនចាប់យកការងារមានគុណភាព
ការងារ(បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ ១លាន៥សែននាក់)នេះ ក្នុងការប្រជុំម្សិលមិញ ខ្ញុំបានសុំឲ្យខេត្តទាំងអស់ជួយផ្សព្វផ្សាយទៅតាមស្រុក ហើយសុំឲ្យខាងសហជីព ខាងតំណាងរបស់យើង ជួយផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋយើង។ យើងចង់ឲ្យប្រជាពលរដ្ឋយើងយ៉ាងហោចណាស់មានបំណិន។ បើគាត់រៀននៅវិទ្យាល័យ គាត់អាចមានបំណិនមួយក្នុងខ្លួន ដើម្បីចាប់យកការងារមានគុណភាព មានបៀវត្សរ៍គ្រាន់បើ។ សូមជំរុញនិងលើកទឹកចិត្តធ្វើការងារនេះ ហើយសូមជួយធ្វើការផ្សព្វផ្សាយការងារនេះ។ ពិតណាស់ ២៨ម៉ឺនរៀល/ខែ ការជួយប៉ះប៉ូវដូចមិនច្រើន ប៉ុន្តែវាក៏ល្អជាងកាលមុនដែលបងប្អូនខ្លះត្រូវចេញលុយខ្លួនឯងទៅជួលគេបង្រៀនវគ្គខ្លីៗ ទៅរៀនធ្វើជាងធ្វើអី។ ឥឡូវរដ្ឋមិនត្រឹមតែឲ្យរៀនជាងទេ បង់លុយឲ្យទៀត។ នេះជាការជួយមួយទៅហើយ។ បងប្អូនចំណាយពេលប៉ុន្មានខែដើម្បីមានចំណេះដឹង ជំនាញក្នុងខ្លួន មានជម្រើសអាចរើសការងារ ដើររកកន្លែងការងារងាយស្រួល ព្រោះយើងមានជំនាញមួយច្បាស់លាស់ …។
(១៥) អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចរៀនយកវិញ្ញាបនបត្រ ឬក្រសួងវាយតម្លៃលើជំនាញនិងចេញវិញ្ញាបនបត្រឱ្យ
បងប្អូនដែលនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងដែលបានចុះឈ្មោះអាចទៅរៀនយកវិញ្ញាបនបត្រដើម្បីបង្កើនគុណវុឌ្ឍិ។ បងប្អូនខ្លះគាត់ចេះ គាត់ពូកែ តែអត់ដែលចូលសាលាទេ។ ខ្ញុំលើកពីប្អូនម្នាក់នៅព្រៃវែង … គាត់ចេះឆ្លាក់ ថ្ងៃមុនឆ្លាក់រូបសម្ដេច ជួន ណាត ដូចនោះដូច។ សួរទៅ គាត់មិនដែលរៀនផង។ គាត់មានដុងធម្មជាតិ ហើយទើបបង្រៀនខ្លួនឯងប្រហែលដប់ឆ្នាំប៉ុណ្ណោះ។ គាត់មិនមានវិញ្ញាបនបត្រចេញពីសាលា។ បើគាត់មានជំនាញបែបនេះ យើងបង្កើតស្តង់ដាមួយដើម្បីវាយតម្លៃស្នាដៃគាត់។ បើគាត់មានទេពកោសល្យអញ្ចឹង យើងចេញវិញ្ញាបនបត្រឲ្យគាត់មួយទៅ។ ថ្ងៃក្រោយ គាត់អាចទៅធ្វើការនៅក្រុមហ៊ុនណាមួយ។ ក្រុមហ៊ុនចង់បានអ្នកដែលមានវិញ្ញាបនបត្រ ដើម្បីឲ្យគាត់មានឱកាស។ ចុងភៅខ្លះអត់ទាំងបានចូលរៀននៅសាលាចុងភៅទេ តែគាត់មានដុង។ អញ្ចឹង ក្រសួងអាចវាយតម្លៃ(និងចេញវិញ្ញាបនបត្រ)ឲ្យគាត់ ដើម្បីគាត់អាចទៅធ្វើការនៅអូតែលផ្កាយប្រាំបាន … ឯកឧត្ដម សាយ សំអាល់ បានលើកជាយោបល់ថា ក្រសួងការងារធ្វើការជាមួយកាហ្វេ Brown។ ខាង Brown មានកម្មវិធីបណ្ដុះបណ្ដាលស្រាប់។ ធ្វើការជាមួយវិស័យឯកជន។ បើគាត់ចេះឆុងកាហ្វេអី មិនចាំបាច់ចូលសាលារបស់ក្រសួងការងារទេ តែត្រូវមានស្តង់ដា បទដ្ឋានថារៀនរយៈពេលប៉ុន្មានកម្មវិធីនោះ។ និយាយគ្នាទៅ។
(១៦) បណ្ដុះបណ្ដាលអ្នកក្រៅប្រព័ន្ធឱ្យមានឱកាសចូលក្នុងប្រព័ន្ធ ទទួលបានអត្ថប្រយោជន៍ និងអាចមានគុណវុឌ្ឍិ
គាត់បណ្ដុះបណ្ដាលទៅ គាត់អនុវត្តតាមស្តង់ដានោះឲ្យទៅ។ ដើម្បីអី? ដើម្បីឲ្យបងប្អូនក្រៅប្រព័ន្ធមានឱកាសចូលក្នុងប្រព័ន្ធ។ ចូលក្នុងប្រព័ន្ធដើម្បីអី? មិនមែនដើម្បីកៀបបងប្អូនទេ ដើម្បីបងប្អូនអាចទទួលបានអត្ថប្រយោជន៍នានា ដោយគ្មានការបង្ខិតបង្ខំ និងថ្ងៃក្រោយអាចមានគុណវុឌ្ឍិច្បាស់លាស់។ ទៅអនាគត ការងារភាគច្រើនមានភាពប្រកួតប្រជែង ទាមទារវិញ្ញាបនបត្រ ឬមួយឯកសារបញ្ជាក់ហើយ។ វាមិនខុសពីប្រទេសផ្សេងៗទេ។ ឯកសារទាំងនោះគឺបញ្ជាក់ពីគុណវុឌ្ឍិបានពីការឆ្លងកាត់ស្តង់ដាមួយចំនួន … (ឧ.) មនុស្ស១០នាក់មកដាក់ពាក្យជាមួយគ្នាធ្វើចុងភៅនៅហាងមួយ។ ដំបូង គេមើលថា ក្នុង១០នាក់ យើងត្រូវការតែ ២នាក់ទេ។ តើចម្រាញ់យ៉ាងម៉េច? អាចថារើសតែអ្នកមានវិញ្ញាបនបត្រ ឬមានបទពិសោធកន្លែងណាអីសិនមក។ អញ្ចឹង ការរៀបចំគិតគូរក្នុង ១០ចំណុចនេះ គឺជួយបងប្អូនដែលនៅក្រៅប្រព័ន្ធ ដែលពីមុនមិនមានឱកាសរៀនចប់បាក់ឌូប្លិ៍ និងអត់មានឱកាសទៅធ្វើអីផ្សេង ក្រៅពីជួយម៉ែឪធ្វើចុងភៅតាំងពីក្មេង ហើយឥឡូវគាត់ចេះស្ទាត់ឱ្យមានឱកាសទទួលបានវិញ្ញាបនបត្រ មានគុណវុឌ្ឍិជាផ្លូវការ អាចទៅរកការងារប្រកបរបរចិញ្ចឹមជីវិតកាន់តែប្រសើរឡើង។
នេះជាការជួយរបស់រាជរដ្ឋាភិបាល។ នេះយើងនិយាយពីការងារ។ បង្កើតឱកាស ហើយបង្កើតសមត្ថភាពឲ្យគាត់ចាប់យកឱកាសកាន់តែខ្ពស់។ រកគ្រប់រូបភាព និងបត់បែន មិនចាំបាច់ទាល់តែចូលសាលាបានចេញអោយនោះទេ។ ត្រូវបង្កើតគុណវុឌ្ឍិផ្សេងទៀត ដែលអាចធ្វើបាន។ សូម្បីតែក្នុងសាកលវិទ្យាល័យ ថ្ងៃមុនខ្ញុំឃើញក្មេងឥណ្ឌាម្នាក់អាយុ១១ឆ្នាំ ក្លាយទៅជាសាស្រ្តាចារ្យ។ បើតាមស្តង់ដា ១១ឆ្នាំ គេមិនឲ្យចូលមហាវិទ្យាល័យទេ តែដោយសារគាត់មានគុណវុឌ្ឍិ ឪពុកម្ដាយគាត់បង្រៀននៅផ្ទះ ចេះ MATH ចេះអី គេយកវិធីថ្មី អ្នកដែលមានទេពកោសល្យខ្ពស់ អញ្ចឹងឲ្យចូល។
ប្អូនម្នាក់ដែលខ្ញុំនិយាយមុននេះ មិនដែលចូលសាលាទេ។ គាត់បង្រៀនខ្លួនឯងតាម YouTube។ តែទឹកដៃរបស់គាត់អត់ចាញ់អ្នករៀនពីវិចិត្រសិល្បៈទេ សូនរូបដូចរូបសម្ដេច ជួន ណាត។ ខ្ញុំថា គាត់បាន 3D មកពីណា? គាត់ថាខ្ញុំអត់ដែលមាន 3D ទេ។ ខ្ញុំមានតែរូបបានមកពី internet តែខ្ញុំប្រើខួរក្បាលខ្ញុំវាយតម្លៃ។ គាត់មើលតែ 2D គាត់វាយតម្លៃទ្រង់ទ្រាយមនុស្សយ៉ាងម៉េច ធ្វើចេញមកដូច។ ឥឡូវ បានយកទៅប្រគេនសម្ដេច យ៉ន សេងយៀត។ លោកបានឲ្យឆ្លាក់(រូបមួយចំនួន)ថែមទៀត។ ឆ្លាក់តាំងពីក្រមួនទៅទៀត មិនមែនតែពីស្ពាន់ ពីដីឥដ្ឋនោះទេ …។
(១៧) អាហារូបករណ៍ ១លាន ៥សែននាក់ និង TVET ជួយបំពាក់បំណិនបន្ថែមឬថ្មី ដើម្បីឈានទៅប្តូរការងារថ្មី
បើចាំបាច់ បងប្អូនអ្នកដែលកំពុងធ្វើការក៏ដោយ ក្រោយធ្វើការមួយរយៈ បើចង់បង្កើនគុណវុឌ្ឍិឬ reskilling បានន័យថាដូរ(ជំនាញ) ដូចជាពីមុនធ្វើការក្នុងវិស័យកម្មន្តសាល កាត់ដេរ តែឃើញគេបើករោងចក្រអគ្គិសនីនៅស្រុក ខ្ញុំឯក្រគរនោះ ខ្ញុំចង់ទៅផ្ទះវិញ។ តែខ្ញុំចង់ដូរ(ជំនាញ)។ បើមានតែបទពិសោធន៍ខាងកាត់ដេរ (អាច)ចូលទៅរៀននៅសាលានេះ។ បើទទួលបានអាហារូបករណ៍នេះ ទៅរៀនខាងអគ្គិសនី ផ្គុំតែបន្តិច អាចចូលទៅធ្វើការបាន។ យើងជួយបែបនេះដើម្បីបងប្អូនកាន់តែមានជម្រើសច្រើន។ នេះហើយអាហារូបករណ៍ ១លាន ៥សែននាក់ ខាង TVET ខាងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មិនត្រឹមតែបំពាក់បំណិនថ្មីទេ បងប្អូនដែលចង់ដូរអាជីព រៀនជំនាញថ្មី ដូរការងារថ្មី ឬមួយអ្នកចង់បង្កើនកម្រិត (អាចសំរេចបំណងបាន)។ ពីមុន ត្រឹមតែកូនកាំបិត ឥឡូវចង់ធ្វើមេចុងភៅ ត្រូវចូលរៀន ចេញមកធ្វើមេចុងភៅ។ (តើការរៀបចំ)ទាំងអស់នេះ ដើម្បីអ្នកណា? ដើម្បីប្រជាពលរដ្ឋ យុវជន ជាពិសេស កូនចៅប្រជាពលរដ្ឋក្រីក្រ អ្នកដែលមានបញ្ហាលំបាកជីវភាព ដែលពិបាករកឱកាស គ្មានលុយបង់សាលា បង់កន្លែងបណ្ដុះបណ្ដាលដើម្បីចាប់យកអាជីពមួយ។ រដ្ឋបានដាក់ចេញគោលដៅនេះដើម្បីផ្ដល់(ឱកាស)ជូន។ ខ្ញុំសង្ឃឹមថា នឹងមានបងប្អូនទាញយកផលប្រយោជន៍នេះឲ្យបានកាន់តែច្រើន។ យើងមាន២៥រាជធានី/ខេត្ត សូមគិតគូរលើចំណុចនេះ។
[ចប់សេចក្ដីអធិប្បាយ៧]
ទី៤ បានជំរុញឲ្យវិស័យឯកជន ទទួលយកសិក្ខាកាម និងសិស្សហាត់ការនៅកន្លែងការងារ ដើម្បីផ្សារភ្ជាប់ទ្រឹស្ដី និងបទពិសោធ ដែលមាននៅរោងជាង វិទ្យាស្ថាន និង មជ្ឈមណ្ឌល ទៅនឹងការអនុវត្តជាក់ស្តែងនៅតាមសហគ្រាស គ្រឹះស្ថាន។
ទី៥. បានបន្តនិរន្តរភាព និងបង្កើនប្រសិទ្ធភាពបើកផ្តល់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះមុនពេលសម្រាលកូន និងក្រោយពេលសម្រាលកូន រហូតដល់កូនអាយុ ២ឆ្នាំ ចំនួន ១៤លើក ដោយ ១លើក ទទួលបានថវិកាចំនួន ៨ ម៉ឺនរៀល និងប្រាក់ឧបត្ថម្ភពេលសម្រាលកូនចំនួន ៨០ម៉ឺនរៀល …។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៨]
(១៨) ពង្រីកការផ្តល់ប្រាក់ឧបត្ថម្ភសម្រាលកូនដល់ពិរុទ្ធស្រ្តីក្នុងពន្ធធនាគារ និងជំរុញឱ្យមានទារកដ្ឋាននៅកន្លែងធ្វើការ
(ប្រាក់ឧបត្ថម្ភពេលសម្រាលកូន) ៨០ម៉ឺនរៀលហ្នឹង សម្រាប់អ្នកកូនមួយ។ អម្បាញ់មិញ ចូលមក មានអ្នកទទួលបានកូនភ្លោះ ទទួលបាន ១លាន ២សែនរៀល។ បើភ្លោះដល់ ៣នាក់ បាន ១លាន ៦សែនរៀល។ បើភ្លោះ ៤បាន ២លានរៀល។ បើអ្នកណាភ្លោះ៤ គឺឈ្នះ។ កូនតែម្ដងគ្រប់។ ខ្ជិលយក ៤លើក។ (មិនតែប៉ុណ្ណោះ នៅ)បានការឧបត្ថម្ភធំទៀត (តាមរយៈ)ឯកឧត្ដម សេង ទៀង។ ថ្ងៃមុន ឃើញផ្សាយ។ ខ្ញុំស្មានតែ៤។ ដល់ទៅមើលច្បាស់ ភ្លោះតែ ៣នាក់ទេ។ អត់ទាន់មានអ្នកបំបែកឯតទគ្គកម្មទេ … នៅលើពិភពលោក មានអ្នកកូនច្រើនជាងដល់ទៅ ១១នាក់ ពរម្ដង ១១នាក់។ អាមេរិកមាឌធំ។ យើងតូចៗ តែ ៣-៤នាក់ហ្នឹងបានហើយ។ គេថាចិញ្ចឹមតែមួយវេទនា ដល់ចេញម្តង ៤ វាវេទនាខ្លាំង។ ប៉ុន្តែយើងគិតគូរពីកង្វះអាហារូបត្ថម្ភនេះ មិនត្រឹមតែកម្មករ/ការិនី មន្ត្រីរាជការទេ។
ថ្ងៃមុន យើងបានពង្រីកការគិតគូរនេះដល់ខាងស្រ្តីដែលជាពិរុទ្ធជនក្នុងពន្ធធនាគារ។ កូនគ្មានកំហុសទេ។ ម្តាយប្រព្រឹត្តខុស ប៉ុន្តែគុណធម៌ជាមនុស្ស រដ្ឋក៏គិតគូរឱ្យ។ យើងនឹងពង្រីកវិសាលភាពបន្តិចម្តងៗ ទៅតាមលទ្ធភាពថវិកា។ ទោះជាយ៉ាងណា កម្មករ/ការិនីស្ថិតនៅក្នុងរង្វង់អាទិភាពគោលនយោបាយរបស់រដ្ឋាភិបាល។ យើងបានគិតគូរច្រើន។ គោលនយោបាយដែលសម្តេចតេជោ បានចេញនិងអនុវត្តពីអាណត្តិមុនៗ រាប់ទាំងការចុះជួបប្រកាសគោលនយោបាយថ្មីនៅក្នុងអាណត្តិនេះ យើង(បានដាក់ចេញ) បន្តតាមដាននិងគិតគូរបន្ថែមទៀត ធ្វើយ៉ាងណាឱ្យបងប្អូនកាន់តែមានឱកាស កាន់តែបានអត្ថប្រយោជន៍ច្រើន កាន់តែមានការគិតគូរ និងទទួលបានភាពកក់ក្តៅច្រើន។ នេះគឺជាកិច្ចការដែលយើងនឹងធ្វើបន្ត គិតទាំងកូន គិតទាំងម្តាយ គិតទាំងគ្រួសារទាំងមូល។
ថ្ងៃទី ១០ខែមីនា កន្លងទៅ ខ្ញុំបានសម្ពោធដាក់ឱ្យដំណើរការទារកដ្ឋាន/កុមារដ្ឋានរបស់រោងចក្រ My world … អញ្ចឹងស្ត្រីដែលមានកូន … កាលមុនគាត់ត្រូវចំណាយ ១ខែ ១២០ដុល្លារ ជួលគេមើលកូន។ អ្នកហេងមានម្តាយមកមើលទៅ បើអ្នកធ្វើការនៅតាមខេត្ត គាត់មិនសូវពិបាកទេ ព្រោះនៅជិតផ្ទះគាត់។ អញ្ចឹងបានយើងរុញរោងចក្រទៅជិតៗ ប៉ុន្តែបើអ្នកចំណាកស្រុកមកធ្វើការ គាត់ត្រូវជួលគេមើល ឬមួយក៏យូរៗ ម្តាយមកពីខេត្តម្តងជួយមើល។ អញ្ចឹងពេលបើកទារកដ្ឋាននៅក្នុងកន្លែងធ្វើការ គឺរោងចក្របានជួយ ដោយមានគ្រូបង្ហាត់ពីក្មេង។ អញ្ចឹងគាត់ក៏មានភាពកក់ក្តៅ។ មានរោងចក្រ ២ទៀត ត្រៀមបើក(ទារកដ្ឋាន)នៅឆ្នាំ ២០២៥។ បន្តិចម្តងៗ តាមលទ្ធភាពរបស់សហគ្រាសរោងចក្រ ហើយសង្ឃឹមថា ថ្ងៃក្រោយកាន់តែមានច្រើន។ យើងត្រូវគិតអំពីលទ្ធភាពរបស់សហគ្រាស និងរោងចក្រផងដែរ។ ប៉ុន្តែជាគោលដៅ ជាច្បាប់ យើងចង់លើកទឹកចិត្តឱ្យមានច្រើនទៅខាងមុខ។ ធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅ នឹងការជួយសន្សំសំចៃថវិកាជូនទៅដល់បងប្អូនកម្មករ/ការិនី ដែលជាឪពុកម្តាយ។
(១៩) សំរួលថ្លៃទឹកថ្លៃភ្លើងតាមផ្ទះជួលឱ្យមានរឿងតម្លៃសមរម្យ និងរៀបចំដឹកជញ្ជូន កម្មករ/ការិនីដោយសុវត្ថិភាព និងសុខុមាលភាព
នេះគឺជាការចូលរួមចំណែកនៅក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ព្រោះមិនត្រឹមតែរកបានប៉ុន្មានទេ សំខាន់ចំណាយប៉ុន្មាន? សល់ប៉ុន្មាន? លុយដែលសល់គឺជាវត្ថុបំណង។ អញ្ចឹង កន្លងទៅសូម្បីតែថ្លៃទឹកថ្លៃភ្លើង ក្នុងកន្លែងផ្ទះជួលរបស់កម្មករ/ការិនី ក៏រដ្ឋយើងបានខិតខំធ្វើការជាមួយម្ចាស់(រោងចក្រ) ដើម្បីឱ្យរឿងតម្លៃសមរម្យមួយ។ ឯកឧត្តម កែវ រតនៈ រដ្ឋយើងជួយផ្តល់ថ្លៃ ប៉ុន្មានក្នុង … កន្លែងផ្ទះកម្មករ/ការិនី ទាបជាងធម្មតា ដើម្បីឱ្យបងប្អូនចំណាយកាន់តែតិច។ យើងធានាការរៀបចំការដឹកជញ្ជូនដោយសុវត្ថិភាព សុខុមាលភាព បន្តិចម្តងៗ … កន្លងទៅយើងចរចាជាមួយក្រុមហ៊ុន អត្ថប្រយោជន៍ក៏មានដែរ ១ខែដូចជា ៧ដុល្លារសម្រាប់ជួយប៉ះប៉ូវថ្លៃដឹកជញ្ជូន ថ្លៃធ្វើដំណើរ … ក្រុមហ៊ុនខ្លះស្នើសុំវិនិយោគដាក់រថយន្តក្រុងសម្រាប់ដឹកទៅដល់តែម្តង។ ខ្ញុំថាបើគិតៗទាំងសងខាង គិតទាំងសុខុមាលភាពរបស់បងប្អូនកម្មករដែលធ្វើដំណើរ តែយើងក៏ត្រូវគិតពីអាជីពរបស់អ្នកបើកបរផង។ អញ្ចឹងរករូបមន្តណាដើម្បីឈ្នះឈ្នះទាំងអស់គ្នា។ រករូបមន្តជួយឱ្យគាត់មានលទ្ធភាពផ្ទេរបន្តិចម្តងៗ បង្កើនសមត្ថភាព សុវត្ថិភាពទាំងអស់គ្នា។
ឧទាហរណ៍ បើសិនជាយើងឱ្យក្រុមហ៊ុនមកពីកូរ៉េមួយផ្តាច់មុខក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ដាក់ឡាន ៥០០គ្រឿង យើងធ្វើបាន តែបងប្អូនដែលបើកឡានដឹកកម្មករ/ការិនីត្រូវឡុងចុង។ យើងត្រូវគិតទាំងអស់។ ខ្ញុំឱ្យគិតគូរ ព្រោះទាំងអស់គ្នាសុទ្ធតែកូនចៅប្រជាពលរដ្ឋ សុទ្ធតែប្រជាជនខ្មែរដែលរាជរដ្ឋាភិបាលត្រូវគិតគូរពីជីវភាពរស់នៅ … ខ្ញុំបានបញ្ជាក់រឿងហ្នឹងច្បាស់នៅថ្ងៃដែលខ្ញុំទៅជួបជាមួយកម្មករដំបូង វេទិកាទី១ ក្រោយពីការបោះឆ្នោត។ ក្រោយពីខ្ញុំទទួលតួនាទីជានាយករដ្ឋមន្ត្រី (ខ្ញុំអោយ)គិតគ្រប់ជ្រុងជ្រោយ។ សូមឱ្យបងប្អូនចូលរួមជួយសហការ ជាពិសេសម្ចាស់រថយន្តតែម្តង គិតគូរពីសុវត្ថិភាព បច្ចេកទេសរថយន្ត គិតគូរពីការដឹកជញ្ជូន ល្បឿន និងកុំជែងគ្នា។ កន្លែងខ្លះបើកជែងគ្នាលឿនពេក។ ជួនកាលរថយន្តមិនមែនថ្មី ហើយជែងគ្នាលឿន … អញ្ចឹង បើកយឺតទៅដល់ផ្ទះប្រសើរជាងប្រញាប់ហើយផឺតពោះរហូត។ យូរៗអ្នកជិះហ្នឹងក៏កើតរោគឈឺបេះដូងដែរ។ នេះគឺជាការចូលរួម។ ខ្ញុំឃើញសុវត្ថិភាពបានប្រសើរឡើង តែមិនទាន់ល្អទៅតាមអ្វីដែលយើងចង់បាន។ ចូរខិតខំធ្វើបន្តិចម្តងៗ អាចថាធ្វើការជាមួយសហគម សមាគម អ្នកបើកបររកដំណោះស្រាយឈ្នះឈ្នះដើម្បីបានផលជូនកម្មករ/ការនីរបស់យើង។
[ចប់សេចក្តីអធិប្បាយ៨]
ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានបន្តខិតខំលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមច្បាប់ស្តីពីសហជីព និងអនុសញ្ញាអន្តរជាតិខាងការងារ ដែលកម្ពុជាបានផ្ដល់សច្ចាប័ន។ គិតត្រឹមខែមីនា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះបញ្ជីអង្គការវិជ្ជាជីវៈសរុបចំនួន ៦ ៦០០ ក្នុងនោះ សហភាពសហជីពមានចំនួន ៤២, សហព័ន្ធសហជីពមានចំនួន ២៨១, សហជីពមូលដ្ឋានមានចំនួន ៦ ២៦៥, និងសមាគមនិយោជកមានចំនួន ១២។ ជាមួយគ្នានេះ ការផ្សះផ្សាវិវាទការងារក៏ត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធភាព និងមានភាពល្អប្រសើរជាងមុន ដោយសារភាពចាស់ទុំនៃតួអង្គពាក់ព័ន្ធ និងការពង្រឹងយន្តការផ្សះផ្សាវិវាទការងារក្រៅប្រព័ន្ធតុលាការ។ ជាក់ស្តែង ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ អត្រាសះជានៃការផ្សះផ្សាវិវាទការងារនៅកម្រិតក្រសួង គឺបានកើនឡើងដល់ ៨៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលមានត្រឹមតែ ៨៤% ប៉ុណ្ណោះ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ៩]
(២០) សូមសហជីព អង្គការវិជ្ជាជីវៈ ធ្វើកិច្ចការក្នុងក្របខណ្ឌវិជ្ជាជីវៈ រដ្ឋាភិបាលខិតខំដោះស្រាយក្នុងក្របខណ្ឌច្បាប់ដោយគ្មានលំអៀង
ក្នុងការងារ(លើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមច្បាប់ស្តីពីសហជីព និងអនុសញ្ញាអន្តរជាតិខាងការងារ)នេះ ខ្ញុំសូមអរគុណចំពោះការយកចិត្តទុកដាក់ និងខិតខំរបស់តួអង្គនានា ជាពិសេសក្រសួងការងារ ក្រុមការងារដោះស្រាយវិវាទផ្សេងៗ ក៏ដូចជាសហជីពដែលចូលរួមដោះស្រាយ ទៅតាមក្របខណ្ឌច្បាប់អនុញ្ញាត រកវិធីដោះស្រាយឈ្នះឈ្នះ។ កន្លែងខ្លះបើការទាមទារលើសពីច្បាប់អនុញ្ញាត យើងដោះអត់ចេញទេ … ឆ្នាំទៅមានក្រុមហ៊ុនមួយមានបញ្ហា ដូចផ្លូវជើងឯកនេះ បិទផ្លូវ ដោយសាររោងចក្រមួយបិទទ្វារ។ អញ្ចឹងជានីតិវិធីយើងត្រូវធ្វើការលក់ឡៃឡុងដើម្បីយកមកប៉ះប៉ូវ។ អញ្ចឹងបងប្អូនសហជីពធ្វើការស្រួលបួល ប៉ុន្តែមានអ្នកតួអង្គទី៣ ជ្រកក្នុងស្លាកអង្គការមួយនោះ មកប្រាប់ថាត្រូវតែចេញទៅធ្វើបាតុកម្ម។ កុំចាំ។ អញ្ចឹងក៏បានចេញទៅធ្វើបាតុកម្ម។ រដ្ឋាភិបាលយើងខិតខំពន្លឿនការដោះស្រាយ ដល់ពេលដោះស្រាយហើយតាមច្បាប់ដែលអនុញ្ញាត កម្មករនៅក្នុងសហជីព នៅក្នុងក្រុមហ៊ុនហ្នឹង ឯកភាពគ្នាដោះស្រាយ … តែអ្នកទី៣ ទៅប្រាប់ថា ត្រូវទាមទារបន្ថែមលើសពីច្បាប់។ អញ្ចឹងដោះម្តេចនឹងចេញ?
ខ្ញុំសូមឱ្យបងប្អូនដែលជាតំណាងសហជីព ជាអង្គការវិជ្ជាជីវៈពិតប្រាកដ ត្រូវធ្វើក្នុងក្របខណ្ឌវិជ្ជាជីវៈឱ្យបានច្បាស់លាស់ អនុលោមតាមច្បាប់ដែលយើងអនុវត្តបាន ទើបយើងដោះស្រាយបាន។ បើទាមទារហួសពីច្បាប់អនុញ្ញាតមិនអាចដោះស្រាយបានទេ ហើយមិនស្រួលអាចចូលទៅក្នុងអន្ទាក់នៃការធ្វើនយោបាយរបស់ក្រុមណាមួយនោះ គឺដោះមិនចេញតែម្តង … រដ្ឋាភិបាលខិតខំដោះស្រាយក្នុងក្របខណ្ឌនៃច្បាប់អនុញ្ញាតឱ្យលឿន ឱ្យប្រសិទ្ធភាព ដោយគ្មានលំអៀង។ យើងត្រូវធ្វើការរួមគ្នា។ បើមិនអញ្ចឹងទេគឺមិនអាចដោះស្រាយបានឡើយ។
(២១) សហជីព អង្គការវិជ្ជាជីវៈ ជាតំណាងការពារអត្ថប្រយោជន៍កម្មករ/ការិនី កុំយករឿងផ្សេងចូលឡូកឡំ
ខ្ញុំចាំរឿងមួយ មិនមែនរឿងសហជីពទេ។ រឿងរវាងសហគមមួយនៅកំពង់ស្ពឺជាមួយនឹងគ្រួសារទ័ព។ ដីដោះរាប់សិបឆ្នាំពិបាក ដោយសារមានតួអង្គទី៣។ NGO ពីខាងក្រៅទៅបញ្ចុះបញ្ចូល។ ដល់ពេលដកតួអង្គនោះចេញ សហគមជាមួយគ្រួសារទ័ពដោះតែមួយភ្លែតចប់ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក។ អញ្ចឹងសូមកុំឱ្យមានការលូកដៃ។ បើលូកដៃផ្តល់ការគាំទ្រ ផ្តល់ទីប្រឹក្សាតាមច្បាប់ នោះក៏អនុញ្ញាត យើងឯកភាព យើងគាំទ្រ អត់អីទេ។ តែកុំទៅលូកដៃដោះស្រាយយកហេតុផលទៅទាញយកផល … ដែលការទាញផលនេះនាំឱ្យជាប់គាំង មិនអាចដោះស្រាយបាន។ (បើនិយាយពី)ចង់បាន អ្នកណាក៏ចង់បានលើសលប់ដែរ តែបើសិនជាលើសពីគោលការណ៍ច្បាប់ យើងដោះមិនចេញទេ។ អញ្ចឹងអ្នកណាអ្នកបាត់ផលប្រយោជន៍? កម្មករ/ការិនី នៅជាប់ចំកណ្តាលទី ទៅមុខមិនរួចទៅក្រោយមិនរួច។ អង្គការសហជីព អង្គការវិជ្ជាជីវៈត្រូវធ្វើជាតំណាង ធ្វើប្រតិបត្តិករការពារអត្ថប្រយោជន៍របស់កម្មករ/ការិនី ចូលរួមរកវិធីដោះស្រាយ ជាពិសេសការលំបាកនានាដោយផ្អែក/អនុលោមតាមច្បាប់ ហើយសូមឱ្យអនុលោមតាមវិជ្ជាជីវៈនិងប្រព្រឹត្តិតាមក្របខណ្ឌវិជ្ជាជីវៈ កុំយករឿងផ្សេងលូកចូលទៅក្នុងការងារសហជីព … ទើបយើងដោះស្រាយបានដោយភាតរភាពជាមួយគ្នា។
(២២) រដ្ឋាភិបាលនិងសហជីពមិនមែនជាសត្រូវនឹងគ្នាទេ ទាំងនិយោជកទាំងនិយោជិតជាគ្រួសារតែមួយ
រដ្ឋាភិបាលជាមួយសហជីពមិនមែនជាសត្រូវទេ។ យើងរួមគ្នាដោះស្រាយការងារ រកអត្ថប្រយោជន៍ ទាំងនិយោជកក៏កូនយើង ទាំងនិយោជិត ក៏កូនយើង ជាគ្រួសារតែមួយ បើមានវិវាទមានអី រកវិធីដោះស្រាយដើម្បីកុំឱ្យផ្ទះយើងវាឆេះ។ បើថាផ្ទះយើងត្រូវបិទទ្វារ រោងចក្រត្រូវបិទទ្វារ យើងរកវិធីដោះស្រាយសំណងប៉ះប៉ូវយ៉ាងណា អត្ថប្រយោជន៍យ៉ាងណាដោយច្បាប់អនុញ្ញាត រដ្ឋនឹងខិតខំជួយ។ សូមឱ្យបងប្អូនប្រកាន់ខ្ជាប់នូវអ្វីដែលជាផលប្រយោជន៍របស់ខ្លួន ជាពិសេសកុំស្តាប់អ្នកទី៣ ដែលចេះតែញុះញង់ឱ្យយើងធ្វើអីដែលមិនគោរព(តាមច្បាប់) ហើយអាចដាក់លក្ខខណ្ឌដែលមិនអាចចរចាបាន ព្រោះវាផុតពីអ្វីដែលច្បាប់អនុញ្ញាត។ ខ្ញុំលើករឿងនេះជាឧទាហរណ៍ ព្រោះជារឿងដែលខ្ញុំបានតាមផ្ទាល់។ យើងដាក់វិធានការដោះឱ្យលឿន ដោះហើយក្រសួងការងាររាយការណ៍មកថា “សម្តេច! យើងដោះប៉ុណ្ណឹងហើយនៅតែមិនចប់។ បងប្អូនឯកភាពហើយ តែមានអ្នកទី៣ ទៅខ្សឹបថាទាមទាររឿងនេះថែមទៀត”។ មិនមែនរឿងឆ្លាតរឿងអីទេ រឿងដោះស្រាយយកឈ្នះឈ្នះ។ ទូកលិចហើយ។ ត្រូវរកវិធីជួយសង្គ្រោះ។ រោងចក្របានបិទទ្វារហើយ យើងត្រូវសង្គ្រោះបងប្អូនឱ្យបានការប៉ះប៉ូវទៅតាមច្បាប់អនុញ្ញាត ដើម្បីមានឱកាសទៅរកការងារផ្សេងទៀត ជាជាងនៅពាំត្រណោត រ៉ាំរ៉ៃ លើកស្លាក ដែលទោះបីជាគេដោះស្រាយតាមក្របខណ្ឌច្បាប់យ៉ាងណាក៏ដោយ។ នៅមានបន្តកន្លែងខ្លះនៅលើកស្លាករាប់សិបឆ្នាំ ទោះបីជាអនុវត្តតាមច្បាប់ដោះស្រាយអីក្រុមប្រឹក្សាវិវាទស្អីៗ រាប់រយនាក់គេទទួលហើយ នៅសល់ប៉ុន្មាននាក់។ នោះគឺការចិញ្ចឹមចលនាមួយចំនួន។ ខ្ញុំមិនថាអ្នកណាទេ។
សូមឱ្យអនុវត្តដើម្បីផលប្រយោជន៍យើងទាំងអស់គ្នា។ អង្គការវិជ្ជាជីវៈផ្តល់សិទ្ធិ។ រដ្ឋាភិបាលគាំទ្រ។ រដ្ឋាភិបាលមិនអាចទៅការពារសិទ្ធិរបស់បងប្អូនបានគ្រប់ពេល តាមដានការអនុវត្តសិទ្ធិរបស់បងប្អូនបានគ្រប់ពេលទេ។ រដ្ឋាភិបាលបានត្រឹមតែចេញគោលនយោបាយដើម្បីបើកសិទ្ធិសេរីភាពជូនបងប្អូន។ យើងមានមន្ត្រីក្រសួងការងារតាមដានការអនុវត្ត ប៉ុន្តែមិនគ្រប់ជ្រុងជ្រោយទេ។ ត្រូវមានការចូលរួមពីអង្គការវិជ្ជាជីវៈ គឺសហជីព ប្រតិភូបុគ្គលិក សហភាព ដើម្បីរួមគ្នាការពារ។ តាមដានមានរឿងអី ជួយប្រាប់មករដ្ឋាភិបាល ដើម្បីយើងឱ្យក្រសួងទៅជួយរកវិធីដោះស្រាយ។ និយោជកមានបញ្ហាអីប្រាប់មក ដើម្បីយើងរកវិធីធ្វើការសម្របសម្រួលដោះស្រាយ។ នេះគឺជាគ្រួសារតែមួយ រវាងនិយោជក និយោជិត គឺជាប្តីប្រពន្ធ។ រាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋានដូចជាអាណាព្យាបាល។ បើកូនចៅឈ្លោះគ្នា កុំដុតផ្ទះ។ ម៉ែឪទៅជួយសម្របសម្រួល ហើយកើតកូនកើតចៅឱ្យច្រើនទៅ ឪពុកម្តាយអង្គុយញញឹមពីចម្ងាយ។ រោងចក្រមួយដែលបង្កើតកម្មករឆ្នាំនេះ ១០០នាក់ ៣ឆ្នាំក្រោយឡើង ៥០០នាក់។ រដ្ឋាភិបាលអង្គុយញញឹមហើយ។ ខេត្តមួយៗ អង្គុយញញឹមហើយ។
ថ្ងៃមុន ខ្ញុំទៅ Ford។ ៣ឆ្នាំមុនខ្ញុំទៅសម្ពោធបៀវត្សរ៍ពី Maximum កាលនោះ ៦០០ដុល្លារ ឥឡូវឡើង ៧០០ ទៅ៨០០ដុល្លារ។ អាចលើសពីហ្នឹង។ អ្នកដែលខ្ញុំជួប ៣ឆ្នាំមុន ត្រឹមតែជាបុគ្គលិកធម្មតា។ ខ្ញុំទៅជួបលើកនេះ គាត់ឡើងជាប្រធានផ្នែក។ ហ្នឹងហើយខ្ញុំសប្បាយចិត្តនោះ។ យើងចង់បានការរីកចម្រើនទាំងអស់គ្នា។ អញ្ចឹង បើមានទំនាស់មានអី ទី ១ ពេលដែលផ្ទះយើងល្អ រួមគ្នាដើម្បីពង្រឹងផ្ទះយើងឱ្យកាន់តែល្អ តាមរយៈការខិតខំយោគយល់គ្នា ធ្វើការរួមគ្នា ទាំងនិយោជក និយោជិត គិតទាំងរដ្ឋបាល ទាំងអីយើងធ្វើការជាគ្រួសារតែមួយដើម្បីរួមគ្នាធ្វើ។ បង្កើតបរិស្ថានឱ្យកាន់តែល្អ គិតគូរពីរឿងហូបចុករបស់គាត់ ពីបរិស្ថាន កន្លែងហូបចុកស្អាត មានខ្យល់ចេញចូលស្រួល គាត់ធ្វើការអត់ខ្យល់គ គាត់ធ្វើការឱ្យយើងបានយូរ។ កម្មករធ្វើការនៅហ្នឹងសប្បាយចិត្តព្រោះបរិស្ថានល្អ លក្ខខណ្ឌការងារគេគោរពល្អ នេះគឺគ្រួសារមួយរីករាយ។ អាជ្ញាធររដ្ឋាភិបាល ដូចម៉ែឪ។ ស្អែកឡើងដឹងវាប្តឹងឯងទៅដោះស្រាយរឿងអីទៀតទេ។ អាហ្នឹងដូចប្តីប្រពន្ធអត់ត្រូវគ្នា ម៉ែឪឃើញកូនត្រូវគ្នា ១ថ្ងៃដូចស្រួល ស្អែកឡើងទេ! ឆេះផ្ទះទៀតហើយ។ ឪម៉ែក៏ពិបាកចិត្តដែរ។ ៤ម៉ឺនជាងសហគ្រាស់ អម្បាញ់មិញនេះ ៤៥ ០០០ សហគ្រាស កូនតែមួយគូចង់ដាច់ខ្យល់ ទម្រាំ ៤ម៉ឺនសហគ្រាសទៀត ដាច់ខ្យល់កាន់តែខ្លាំង។
(២៣) សុខដុមភាវូបនីយ៍កម្មកម្លាំងពលកម្ម ចូលរួមថែរក្សាបរិស្ថាន ងាយស្រួលដល់រដ្ឋាភិបាលទៅទាក់ម៉ូយ
ការជំរុញគោលការណ៍ កម្មវិធី សុខដុមនីយកម្មនៃការងារ ជាគ្រួសារល្អ ជាគ្រួសាររីករាយ។ នេះជាពាក្យរបស់ក្រសួងការងារ ដែលគាត់ហៅថា «សហគមសុខសាន្ត» ត្រជាក់ត្រជុំ កូនចៅរកស៊ីមានបាន កាន់តែផ្តល់អត្ថប្រយោជន៍ម៉ែឪកាន់តែរកស៊ីមានបាន ចេះតែមានទឹកចិត្តទិញរបស់របរបន្ថែមឱ្យកូនហើយ។ មានលុយច្រើនចេះតែប៉ះប៉ូវឱ្យកូនច្រើនហើយ។ ក្រែមម្សៅអី។ បើមានតិច ទិញ Nចុចពិលទៅ។ មានច្រើនបន្តិចទិញ Nokia ទៅ។ តែ Nokia ក្ស័យធនបាត់ហើយ។ Iphone អញ្ចឹងទៅ។ រកស៊ីកាន់តែកាក់កប ក៏ឱ្យកូន Iphone១៦ អញ្ចឹងទៅ។ រោងចក្រក៏ដូចគ្នា។ បើសប្បាយចិត្ត គិតគ្រួសារ។ ថ្ងៃ ០១ឧសភា នេះ តាមខ្ញុំដឹងព័ត៌មាន មានការរៀបចំ រាំលេងសប្បាយនៅតាមរោងចក្រជាច្រើន។ បងប្អូនទើបចប់ពីចូលឆ្នាំសប្បាយនៅភូមិ ឥឡូវមកសប្បាយជុំគ្នានៅផ្ទះ។ នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ។ អញ្ចឹង ពេលយើងត្រឡប់ទៅផ្ទះពេលចូលឆ្នាំ យើងទៅសប្បាយជាមួយភូមិ/ឃុំ យើងជាមួយម្តាយដើម។ ឥឡូវមកកន្លែងធ្វើការមកពីគ្រប់ខេត្តក្រុងមកជុំគ្នានៅភ្នំពេញសប្បាយរួមគ្នាថ្ងៃហ្នឹងទៅហើយថ្ងៃសម្រាកផង។ មួយព្រឹករាំឱ្យអស់ដៃ។ កាលមុនគេញីកែងជើង។ ខ្ញុំថារាំឱ្យអស់កែងជើង។ ឥឡូវឆ្នាំថ្មីមិនដឹងបទអីទេ។ ខ្ញុំអត់ចាំ តែឱ្យជាការអបអរសាទរលើកទឹកចិត្ត ដែលរាជរដ្ឋាភិបាលផ្តល់ឱកាសហើយ ផ្តល់សិទ្ធិសេរីភាពហើយ។
យើងអនុវត្តច្បាប់ អនុវត្តសិទ្ធិដោយការទទួលខុសត្រូវ ដើម្បីមានភាពសុខសាន្ត ដើម្បីឱ្យការវិនិយោគនៅស្រុកខ្មែរ កាន់តែទាក់ទាញ។ វិនិយោគគេមិនមកទេ បើប្រទេសខ្មែរថ្ងៃណាក៏ឃើញតែបាតុកម្មពេញប្រទេស។ តែបើបើកទៅឃើញសុខដុមនីយ៍កម្ម ក្រុមហ៊ុនណាមករកស៊ីក៏ត្រជាក់ត្រជុំ មានបញ្ហាដោះស្រាយបានលឿន ដោះស្រាយដោយប្រសិទ្ធភាព ស្រួលជាងទៅប្រទេសផ្សេង។ ប្រទេសខ្លះបៀវត្សរ៍អប្បរមាតិចជាងយើងផង ប្រទេសខ្លះនាំចេញផលិតផលសម្លៀកបំពាក់ដូចគ្នា ថ្លៃផលិតថោកជាងយើងចង់មួយជា២ តែគេមកដាក់នៅកម្ពុជា ដោយសារយើងមានលក្ខខណ្ឌ(អំណោយផល)ច្រើន ក្នុងនោះកត្តាមួយគឺសុខដុមនីយ៍កម្មនៃកម្លាំងពលកម្ម … បងប្អូនយើងមានរឿងអីដោះស្រាយដោយសន្តិវិធី។ នេះគឺជាការចូលរួមចំណែក និងថែរក្សាបរិស្ថានទាក់ទាញរបស់យើង ងាយស្រួលដល់រដ្ឋាភិបាលទៅទាក់ម៉ូយមកបន្ថែមទៀត។ រដ្ឋាភិបាលទាក់ម៉ូយយ៉ាងម៉េចក៏ដោយ មុនគេមកគេសួរគ្នាគេ។
(២៤) ដែលរោងចក្រនីមួយៗពង្រីកខ្សែចង្វាក់ផលិតកម្មបង្ហាញពីការចូលរួមរបស់បងប្អូនកម្មករ/ការិនីនិងសហជីព
បើបើករោងចក្រនៅស្រុកខ្មែរម៉េចដែរ? រដ្ឋជួយយ៉ាងម៉េច? ពិបាកយ៉ាងណា? ចុះកម្មករ សហជីពអីយ៉ាងម៉េច? រកស៊ីនៅខេត្តមួយនេះយ៉ាងម៉េច? ចៅហ្វាយខេត្តជួយទេ? មន្ត្រីមន្ទីរពន្ធដារជួយទេ? មន្ទីរការងារជួយទេ? បើសិនជាមានរឿង ដោះលឿន ស្អីលឿន។ គេទៅហ្នឹងច្រើន។ ជឿខ្ញុំចុះ។ គ្មានអ្នកណាសន្សំលុយហើយសម្រេចចិត្តមកវិនិយោគ ហើយអង្គុយឈឺក្បាល អង្គុយភ័យទេ។ គេសុខចិត្តយកលុយដាក់ធនាគារបានការប្រាក់៥% មិនស្រួលជាង។ ចាំបាច់អីមកឈឺក្បាល។ ជាពិសេសកន្លែងដែលមានហានិភ័យខ្ពស់ បរិស្ថានការងារមិនច្បាស់លាស់។ តិចៗ ឃើញតែបាតុកម្មដុតរោងចក្រ។ កន្លែងនេះបិទកន្លែងនោះខ្ទាស់ គេអត់មកទេ។ គេសុខចិត្តទៅប្រទេសផ្សេងនៅក្បែរយើង ទោះបីជាថ្លៃជាងបន្តិចក្តី។ ពេលខ្លះក៏គេទៅ ឬមួយក៏គេទៅប្រទេសដែលមានថ្លៃពលកម្មទាបជាងយើង។
ការដែលយើងអាចទាក់ទាញវិនិយោគមកបន្ថែម រហូតរោងចក្រនីមួយៗ ពង្រីកខ្សែចង្វាក់(ផលិតកម្ម)បង្ហាញអំពីការចូលរួមរបស់បងប្អូនកម្មករ/ការិនី និងសហជីព។ ខ្ញុំសូមអរគុណ។ គ្មានអ្នកណាជួយយើងក្រៅពីយើងជួយខ្លួនឯងទេ។ រដ្ឋាភិបាលបង្កើតតែបរិស្ថាន បង្កើតតែគោលនយោបាយ តែបើធ្វើការមិនស្រួលមិន(អាចសំរេចបានដូច)នេះទេ។ ខ្ញុំសប្បាយចិត្តណាស់ ដែលឃើញបងប្អូនរបស់យើងខិតខំប្រឹងប្រែង។ មិនមែនអត់បញ្ហាទេ តែមានអីយើងដោះ កន្លែងខ្លះដោះយឺត កន្លែងខ្លះដោះលឿន។ យើងខិតខំដោះបន្តទៀត។ ក្រសួងការងារ មន្ទីរការងារ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាភាគីនិយោជក ក៏ខ្ញុំសូមអរគុណ។ ខាងរដ្ឋបាលរោងចក្រ ខាងសហជីព ខាងតំណាងកម្មករ ធ្វើការងារបន្តទៀត រួមគ្នា។ បើផ្ទះយើងនៅត្រជាក់ត្រជុំ ភ្ញៀវនឹងមកលេង។ បើ(ថា)គ្រាន់តែជិះឡានមកដល់មុខផ្ទះ ឃើញប្តីប្រពន្ធស្រែកជេរគ្នាពេញក្នុងផ្ទះ គេប្រាកដជាលែងចូលហើយ។ ចូលទៅខ្លាចដោយទាំងភ្ញៀវទៀត។ នេះគឺខ្ញុំប្រៀបធៀបទៅជាគ្រួសារទៅជាផ្ទះ។ វាមិនខុសពីប្រទេសមួយនៅក្នុងវិស័យការងារនេះ …។
[ចប់សេចក្ដីអធិប្បាយ៩]
បងប្អូនកម្មករនិយោជិត ១,៨៦ លាននាក់ ជាអ្នកមានការងារធ្វើនៅក្នុងប្រព័ន្ធ ហើយរាប់លាននាក់ទៀតជាបុគ្គលស្វ័យនិយោជន៍ប្រកបអាជីវកម្មខ្លួនឯង ដែលមិនបានចុះបញ្ជី ក៏សុទ្ធតែស្ថិតនៅក្នុងលក្ខណៈជាវិស័យឯកជន ហើយសុទ្ធតែបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ពោលគឺបងប្អូនពិតជាបានរួមគ្នាកសាងសង្គមជាតិរបស់យើង ឱ្យមានការអភិវឌ្ឍ រីកចម្រើនដូចបានឃើញស្រាប់នៅរាល់ថ្ងៃនេះ។
[ចាប់ផ្តើមសេចក្ដីអធិប្បាយ១០]
(២៥) អនុវត្តវិជ្ជមាន គិតវិជ្ជមាន អាកប្បកិរិយាវិជ្ជមាន រាក់ទាក់ គោរពគ្នា ផ្សព្វផ្សាយវិជ្ជមាន ធ្វើឲ្យប្រទេសវិជ្ជមាន
នៅគ្រប់វិស័យ និយាយតែវិស័យទេសចរណ៍ បើគេមក(លេងប្រទេសយើង ឃើញ)ប្រជាពលរដ្ឋយើងអត់ទាក់ទាញ គ្មានអ្នកណាមកទៀតទេ។ តែគេមក គេឃើញយើងសប្បាយចិត្ត។ ប៉ុន្មានថ្ងៃមុន ទីក្រុងភ្នំពេញយើងបានជាប់លេខ២ សូមអបអរសាទរ។ Walk Street ហ្នឹងជាតួអង្គសំខាន់។ មិនមែនតែ Walk Street មួយទេ តែ Walk Street ជាចំណុចមួយទាក់ទាញ។ គេមកលេង ដើរទៅកន្លែងណាក៏ប្រជាពលរដ្ឋយើងរាក់ទាក់។ មិនមែនចេញពី Walk Street ទៅ ត្រូវគេវាយ គេជេរ គ្មានអ្នកណាមកទេ។ ទៅកន្លែងណា ម៉ោងណា ក៏មិនមែនភ្នែកកញ្ចឹងក។ ពិតហើយវាមានរឿងឆក់កាបូកឆក់អីមួយចំនួន ប៉ុន្តែបងប្អូនខ្លះប្រៀបធៀបជាមួយប្រទេសអ្នកមានជាងយើងផងថា មកដល់នេះគាត់ហាក់ដូចជាដើរម៉ោង ១០យប់ម៉ោងអី(ដោយមិនមានការបារម្ភ)។ មិនដូចនៅស្រុកគាត់។ ដើរម៉ោង៤ ម៉ោង៥ ចូលខុសកន្លែង គេវាយទាំងថ្ងៃ។ យើងមានតែខិតខំដោះស្រាយបញ្ហា និងថែរក្សាស្ថេរភាព។ ជាមោទនភាព ហើយសំខាន់ខ្ញុំឃើញប្រជាជនយើង កម្មករ/ការិនីទៅលេង។ អ្នក influencer បង្ហោះវិជ្ជមានល្អណាស់។ នេះជាការរួមគ្នាបង្ហាញផលវិជ្ជមាននៃប្រទេសជាតិយើង។ អនុវត្តវិជ្ជមាន គិតវិជ្ជមាន ប្រកាន់អាកប្បកិរិយាវិជ្ជមាន រាក់ទាក់ គោរពគ្នាទៅវិញទៅមក ផ្សព្វផ្សាយវិជ្ជមាន ធ្វើឲ្យប្រទេសយើងវិជ្ជមានហើយ។
(២៦) បរិស្ថានវិនិយោគមានកម្មករស្លូតបូតនិងប្រឹងប្រែង ជាភាពប្រកួតប្រជែងផង និងជាផលិតភាពផង
អ្នកខ្លះមិនសប្បាយចិត្តប៉ុន្មានទេ។ គ្រាន់ឃើញយើងលេខ២ គេចេញទៅ troll … គាត់ថាស្រុកខ្មែរលេខ២ សើចចង់ដាច់ក។ សើចចុះ។ ដាច់ក ដាច់តែឯងចុះ។ ឥឡូវខ្ញុំសួរបងប្អូនប៉ុន្មាននាក់នៅភ្នំពេញ បានទៅលេង Walk Street ទេ សូមលើកដៃមើល។ ប៉ុន្មាននាក់មានបំណងចង់ទៅ Walk Street? ខ្ញុំមានបំណងទៅដែរ តែមិនទាន់បានទៅ។ ខ្ញុំនឹងទៅ តែអត់ប្រាប់ឯកឧត្តម ឃួង ស្រេង ថាទៅពេលណាទេ។ តែទៅហ្នឹង មានគេ TikTok តាមផ្លូវ។ ចាំមើលចាំចុះ តែដល់មក ខ្ញុំទៅបាត់ហើយ។ រៀបចំរឿងការទាក់ទាញវិនិយោគដូចគ្នា។ បើបរិស្ថាន(ប្រទេស)យើង បងប្អូនយើង កម្មករ/ការិនីយើង ស្លូតបូតខិតខំប្រឹងប្រែង ហ្នឹងហើយភាពប្រកួតប្រជែង និងជាផលិតភាពរបស់យើង។ រដ្ឋនឹងផ្តល់ឱកាសខិតខំធ្វើការជាមួយក្រុមហ៊ុនក្នុងការផ្តល់ឱកាសបណ្តុះបណ្តាលបន្ថែម ឲ្យកាន់តែមានគុណវឌ្ឍិបន្ថែមទៀត បៀវត្សរ៍និងអត្ថប្រយោជន៍ ខិតខំបន្ថែមទៀត។ ឥឡូវយើងរួមគ្នា។ ថ្ងៃនេះមិនខុសពី(Walk Streetនៃ)រាជធានីភ្នំពេញទេ យើងខិតខំ ប្រជាពលរដ្ឋយើងល្អ ផ្សព្វផ្សាយល្អ ធ្វើល្អ ទេសចរណ៍មកជាប់លេខ២ ឈ្នះប្រទេសមួយចំនួនដែលអភិវឌ្ឍ ដែលខ្ពស់ជាងយើងទៀត។ ទាក់ទាញមកថែមទៀត ដោយសារបងប្អូនយើងធ្វើល្អ កម្មករ/ការិនីយើងខិតខំប្រឹងប្រែង បរិស្ថាន ការដោះស្រាយ វិវាទអីផ្សេងៗយើងបានល្អ បានយើងទាក់ទាញវិនិយោគ។
ឆ្នាំទៅមាន ៤១៤គម្រោងជាង (មានទឹកប្រាក់សរុប) ៦ពាន់លាន ដែលជាតួលេខបំបែកឯតគ្គទកម្ម។ គ្រាន់តែមួយត្រីមាសទី១ មាន ១៧០គំរោង គឺជិត ២០០គំរោងរួចទៅហើយ។ សង្ឃឹមថាឆ្នាំ ២០២៥ នេះ យើងនឹងអាចទាក់ទាញការមកចុះបញ្ជីវិនិយោគបន្ថែមទៀតកាន់តែច្រើន។ មិនមែនវិនិយោគចុះបញ្ជី ស្អែកឡើងឃើញទេ។ ការសង់រោងចក្រមួយៗ ពេលខ្លះត្រូវការមួយឆ្នាំ។ ប៉ុន្តែនៅស្រុកខ្មែរយើងខុសពីគេ។ ស្រុកមួយចំនួនគ្រាន់តែមកចុះបញ្ជី គេរាប់ហើយ។ នៅកម្ពុជា បើរាប់ថាហ្នឹងជាគម្រោងវិនិយោគ ទាល់តែអ្នកឯងមានកុងត្រាដី កុងត្រាអីច្បាស់លាស់។ យើងមិនមែនគ្រាន់តែថាអ្នកឯងមកចុះឈ្មោះទេ។ បើសិនជាគ្រាន់តែមកចុះឈ្មោះ ហើយទៅបាត់ មិនមែនមានតែ ៤០០ហ្នឹងទេ ចូលរាប់ពាន់។ ទៅក្រៅប្រទេសម្តងៗ ក្រុមហ៊ុនរាប់រយ រាប់ពាន់មកចុះឈ្មោះ តែយើងអត់រាប់ទេ ទាល់តែអ្នកឯងមកសិក្សាទីផ្សារ អ្នកឯងសម្រេចចិត្តមួយជំហាន យ៉ាងហោចណាស់ទាល់តែរកដី ជួលដី ជួលអី … គេហៅថាសម្រេចមួយជំហានហើយ ចុះកុងត្រាកក់លុយកក់អីហើយ បានរាប់ថាមួយគម្រោងតូច ឬគម្រោងធំ។ សូមបញ្ជាក់ មិនមែនគ្រាន់តែចុះបញ្ជីក៏រាប់ទេ។ អញ្ចឹងបានន័យថា ក្នុងចំណោមអ្នកដែលមកមកមើល ហើយគេដើរមើលច្រើនប្រទេស ហើយ ក្នុង ១៧៥គំរោងនេះ (មានទឹកប្រាក់) ២៥០០លាន គឺបានសម្រេច(ថានឹងកើតជាក់ស្តែងហើយ)។
(២៧) រោងចក្រកើនពី ៤៤,៧៩៨ នៅឆ្នាំ២០២៤ ដល់ ៤៥,២៥៥ និងកម្មករកើនពី ១,៨១លានដល់ ១,៨៥ លាននាក់
ការចាប់ផ្តើមវិនិយោគ រយៈពេលប៉ុន្មានវិនិយោគ គឺវាអាស្រ័យទៅលើទម្រង់។ កន្លែងខ្លះធ្វើ ៦ខែចេញ។ បើកហាងអីតូចមួយ។ ប៉ុន្តែបើកហាងអីតូចមួយអត់ចុះទេ។ តាមពិតកន្លែងនេះ យើងយកពី CDC។ CDC គឺគម្រោង ៥លានឡើង ក្រោម ៥លានអត់ចុះបញ្ជីនៅ CDCទេ។ បើក្រោម ៥លាន រាប់តាមខេត្តអាចច្រើនជាងហ្នឹងទៀត ព្រោះខេត្តខ្លះគាត់មានទៅវិនិយោគច្រើន។ អញ្ចឹង ៤១៤នេះ គឺរៀបចំតែគម្រោងដែលមានទុន ៥លានដុល្លារឡើងទេ និងដែលត្រូវសុំគោលការណ៍អនុគ្រោះ QIP (Qualified Investment Project) និងការបន្ធូរបន្ថយមួយចំនួន។ អញ្ចឹងចំនួនប៉ុន្មាន មិនចំនួនប៉ុន្មាន ប៉ុន្តែលទ្ធផលជាក់ស្តែង ដែលទិន្នន័យយើងឃើញ រោងចក្របានកើនពី ៤៤,៧៩៨ នៅឆ្នាំ ២០២៤ ដល់ ៤៥,២៥៥ សហគ្រាស ដែលបានធ្វើសកម្មភាពជាក់ស្តែង ហើយកម្មករកើនពី ១លាន ៨សែន ១ម៉ឺននាក់ (១,៨១លាននាក់) ដល់ ១,៨៥ លាននាក់ គឺជាការពិតដែលយើងត្រូវមានមោទនភាព។ យើងនឹងបន្តធ្វើតទៀត។ អ្នកណាថាអីថាទៅ។ អ្នកណាថាយើងយកសាច់គោ យើងយកស្ពៃ តាមដំណើរទៅ។
វាចៃដន្យអីថ្ងៃមុនទៅដល់ផ្ទះ ប្រហែលមួយថ្ងៃក្រោយនោះ ចុងភៅខ្ញុំធ្វើឆាស្ពៃជាមួយសាច់គោ។ ខ្ញុំថតនិងផ្ញើឲ្យប្រពន្ធខ្ញុំមើល។ ចុងភៅខ្ញុំគាត់មានបានតាមដានរឿងសាច់គោស្ពៃឯណា។ គាត់ធ្វើតែម្ហូប។ តែថ្ងៃហ្នឹងគាត់ធ្វើម្ហូបដែលខ្ញុំចូលចិត្ត។ ស្ពៃជ្រក់។ កាលនៅអាមេរិក ស្ពៃជ្រក់ច្រកក្រឡ រុំជិត រៀនអង់គ្លេសក៏ចឹងដែរ។ ទៅដល់ហ្នឹងគេឆែក។ ពេលដើរកាត់ខាងគយហ្នឹង យើងធ្វើមុខស្មើទៅ គេអត់ឆែកទេ។ តែបើធ្វើមុខភ័យៗ គេហៅឆែកហើយ។ និយាយចឹង គេថានាយករដ្ឋមន្ត្រីខ្មែរចេះភូតគយ បោកគយអង់គ្លេស។ ខ្ញុំអត់យកអីទៅខុសទេ។ អត់យកអីទៅលក់ទេ។ ខ្ញុំយករបស់ហ្នឹងទៅហូប។ កាលខ្ញុំនៅរៀនជំនាញ ខ្ញុំខ្លាំងជាងគេគឺអាំងសាច់មាន់។ រៀននៅអង់គ្លេសចុងភៅខ្លួនឯង។ អាំងសាច់មាន់។ ទៅផ្សារម្តងៗទិញអាកញ្ចប់ ១២ដុំ យកមក។ យើងប្រលាក់ទឹកត្រី ស្អីៗហ្នឹង ដាក់នៅក្នុងទូរទឹកកក … បើខ្ជិលធ្វើអីខ្លាំង គឺស្ពៃជ្រក់ សាច់ក្រកអាំង។ អ្នកធ្លាប់នៅក្រៅប្រទេស ប្រហែលជាដូចខ្ញុំដែរ។ អត់មានសេវាទេ។
មិត្តភក្តិខ្ញុំម្នាក់ ទៅ ២ នាក់បងប្អូន ឯកឧត្តម ខូយ លឹមហុង ឥឡូវនៅ ACU។ នេះជាមួយបងរបស់គាត់នៅកាលីហ្វ៉ញ៉ា ទៅលេងខ្ញុំ។ កាលហ្នឹងខ្ញុំធ្វើការនៅធនាគារពិភពលោក។ ចុះស្តា។ គេប្រាប់គាត់ថា ហ៊ុន ម៉ាណែត ទៅសុទ្ធតែអង្គរក្ស ហើយនៅវិមានធំណាស់។ ដល់ចុះទៅម៉ែអើយ យើងជួលផ្ទះក្រោមដីមួយនៅ ៣នាក់។ មានខ្ញុំ បងជីដូនមួយខ្ញុំ និង មិត្តភក្តិម្នាក់មកពីលីបង់។ ពេលដែលពួកម៉ាកទៅ ខ្ញុំឲ្យពួកម៉ាកខ្ញុំម្នាក់ទៅទទួល។ គេថានេះអង្គរក្សហើយ។ មួយធំ មួយតូច … ដល់មកដល់គេថាខ្ញុំភូតទៀត។ យើងនៅ studio មួយ៣ នាក់។ ចុងភៅដូរវេនគ្នាធ្វើ។ គេខ្សឹបគ្នាថា លោក ហ៊ុន ម៉ាណែត បោកយើង។ គាត់នៅ chateau តែដល់យើងមកហ្នឹង គាត់ទៅនៅផ្ទះតូច។ មនដូចនោះទេ នៅតែស្ទូឌីយោហ្នឹង។ ត្រឡប់មកសាច់គោ និងស្ពៃវិញ។ អត់បញ្ហា។ ធ្វើម៉េចឲ្យតែបានអាហារឲ្យកូនចៅយើងហូបនៅផ្ទះ។ យកចិន យកជប៉ុន យកអាមេរិក យកបារាំង ខ្ញុំយកទាំងអស់ ទាក់ទាញមកវិនិយោគទាំងអស់ ហើយក៏មិនភ្លេចលើកទឹកចិត្តវិនិយោគក្នុងស្រុក ដើម្បីបង្កើតនូវការងារ បង្កើតនូវចំណូលជូនកូនចៅ ប្រជាពលរដ្ឋខ្ញុំ។
ចំណុចដែលពាក់ព័ន្ធទៅនឹងបងប្អូនក្រៅប្រព័ន្ធថ្ងៃនេះ ក៏មានមកដែរ ក៏ចូលរួមសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ រដ្ឋាភិបាល គោលនយោបាយ ៦ជាអាទិភាព ក្នុងនោះក៏មានគិតគូរអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ សេដ្ឋកិច្ចក្រៅប្រព័ន្ធក្រសួងឧស្សាហកម្ម សិប្បកម្មនាវានុវត្តន៍នេះ ទទួលដឹកនាំនៅក្នុងជ្រុងហ្នឹង ដែលធ្វើយ៉ាងណាទាញបងប្អូនដើម្បីផ្តល់ប្រយោជន៍ឲ្យគាត់ចូលក្នុងប្រព័ន្ធ ដើម្បីបានទទួលអត្ថប្រយោជន៍។ យើងក៏បានប្រកាសរៀបចំជាច្រើននៅក្នុងនោះ។
[ចប់សេចក្ដីអធិប្បាយ១០]
ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៣-២០២៨ សម្រាប់សហគ្រាសធុនតូច ទទួលបានការលើកលែង ពិន័យទោសទណ្ឌនិងបំណុលពន្ធ រួមមាន៖ ប្រាក់ពន្ធ ពន្ធបន្ថែម ការប្រាក់ និងការផាកពិន័យជាប្រាក់ពាក់ព័ន្ធផ្ទាល់នឹងអាជីវកម្មរបស់រោងចក្រសហគ្រាស ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមកមុននឹងចុះបញ្ជីការនេះ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១១]
យើងអត់យកទោសទណ្ឌទេ អត់មានទៅធ្វើអីបងប្អូនទេ។ កុំភ័យ។ បងប្អូនខ្លាចចុះមក ក៏ជាប់(កាតព្វកិច្ចអីមួយ)។ អត់ទេ។ ទី២ អត់បង្ខំទេ។ ចូលតាមការវាយតម្លៃ និងទទួលអត្ថប្រយោជន៍ជាក់ស្តែង។
[ចប់សេចក្ដីអធិប្បាយ១១]
- កម្រៃសេវាចុះបញ្ជីពន្ធដារ កម្រៃសេវាធ្វើបច្ចុប្បន្នភាពព័ត៌មាន និងកម្រៃសេវា-បោះពុម្ពបណ្ណសម្គាល់ការចុះបញ្ជី (គឺត្រូវបានលើកលែងដែរ អត់បង់អីទាំងអស់)។
- ពន្ធប៉ាតង់ នៅពេលចុះបញ្ជីពន្ធដារ (ក៏អត់មានត្រូវបង់ដែរ)
- ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះបញ្ជីពន្ធដារ ដោយគិតចាប់ពីឆ្នាំទទួលបានការសម្រេចឱ្យចុះបញ្ជីពន្ធដារ និងឆ្នាំជាប់ពន្ធបន្ទាប់ (អាហ្នឹងការលើកលែង)។
ចំពោះការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ ២០២៤-២០២៥។
[ផ្ដើមសេចក្ដីអធិប្បាយ១២]
អម្បាញ់មិញ២០២៣ ដល់២០២៨ ក្នុងរយៈពេល ៥ ឆ្នាំនេះ មួយអាណត្តិនេះ បងប្អូនចុះពេលណា រួចពេលហ្នឹង។ ឥឡូវសម្រាប់អ្នកឆ្នាំនេះ គេហៅអ្នកដែលឡើងលឿន មានបន្ថែមទៀត។
[ចប់សេចក្ដីអធិប្បាយ១២]
ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា សម្រាប់រយៈពេល ២ឆ្នាំ ក្រោយការចុះបញ្ជីពន្ធដារ ដោយគិតចាប់ពីឆ្នាំទទួលបានការសម្រេចឱ្យចុះបញ្ជីពន្ធដារ និងឆ្នាំជាប់ពន្ធបន្ទាប់
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១៣]
(២៨) ចុះបញ្ជីពន្ធដារ ដោយស្ម័គ្រចិត្ត ក្នុងឆ្នាំ២០២៤–២០២៥ ដើម្បីបានចូលក្នុងប្រព័ន្ធ និងទទួលបានអត្ថប្រយោជន៍
បានន័យថា បើយើងចុះ(បញ្ជីពន្ធដារក្នុង)ឆ្នាំនេះ រាប់ ២ឆ្នាំ។ បើយើងចុះ(បញ្ជី)ឆ្នាំ២០០០ ខែប៉ុន្មានបូក ២ឆ្នាំទៅ គឺអត់មានពាក់ព័ន្ធទេ។ ចុះ(បញ្ជីពន្ធដារ)នេះ ដើម្បីអ្វី? យើងរៀបចំអត្ថប្រយោជន៍។ បងប្អូនទទួលបានអត្ថប្រយោជន៍ ជាការបណ្តុះបណ្តាលអីផ្សេងៗ។ រដ្ឋាភិបាល តាមរយៈក្រសួងឧស្សាហកម្ម សិប្បកម្ម និងនាវានុវត្តន៍ រៀបចំគោលនយោបាយផ្សេងៗ ផ្តល់ឲ្យបងប្អូន តែអត់បង្ខិតបង្ខំទេ។ យើងយកទីផ្សារសេរី បានន័យថា ចង់ឲ្យបងប្អូនចូលទៅក្នុងប្រព័ន្ធ ដើម្បីយើងអាចស្រួលដឹងថាបងប្អូននៅទីណា។ ឧទាហរណ៍ យើងចង់ចេញគោលនយោបាយអីមួយ យើងឃើញថាកាលពី កូវីត ១៩ យើងចង់ជួយសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប៉ុន្តែមិនដឹងថានៅកន្លែងណា ព្រោះអត់ដឹងបញ្ជី អត់ដឹងអាស័យដ្ឋាន មិនដឹងជួយយ៉ាងម៉េច។ ដល់អ្នកនៅក្នុងរោងចក្រសហគ្រាសដែលចុះបញ្ជី មានការងាយស្រួល។ បើថាហ្នឹងសម្រាប់ SME, SME ចុះឈ្មោះ យើងជួយបាន SME ប្រភេទណា តែដល់បងប្អូនអត់ចុះឈ្មោះ យើងមិនដឹងទៅជួយអ្នកណា … បងប្អូនមានសិទ្ធិភ័យ មានសិទ្ធិមិនទាន់ជឿ តែចុះសាកល្បងមើលទៅ។ អ្វីដែលខ្ញុំប្រកាសនេះ គឺយើងបានធ្វើហើយៗ យើងនឹងអនុវត្តជាក់ស្តែងពីនេះទៅដល់២០២៨។ ក្នុងរយៈពេលដែលយើងដាក់ចេញគោលការណ៍មួយចំនួននេះ យើងមិនប៉ះពាល់ទេ។ យើងលើកលែង និងមានចំណុចប៉ុន្មានដែលយើងបានអនុគ្រោះឲ្យបងប្អូន។ គ្មានចង់បានអ្វីក្រៅពីដឹងបងប្អូននៅឯណា ដើម្បីស្រួលប្រាប់បងប្អូនថាខ្ញុំមានអ្វីខ្លះជួយ។ បងប្អូនរើសមកថាត្រូវអត់។
(២៩) ការចុះបញ្ជីពន្ធដារ ធ្វើឲ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រុមហ៊ុនសហគ្រាសតូចមធ្យម និងមីក្រូ បានរីកចម្រើន
ឥឡូវនេះ យើងមានក្រុមហ៊ុនប៉ុន្មានចូលហើយ ចុះឈ្មោះមកដល់ថ្ងៃនេះ? ៤២ពាន់ បានន័យថា ៤២០០០ សហគ្រាសភាគច្រើនជាអ្នកស្វ័យនិយោជន៍។ គាត់ធ្វើខ្លួនឯង។ អញ្ចឹងចុះបញ្ជីនេះដើម្បីបានទទួលអត្ថប្រយោជន៍ផ្សេងៗ។ រដ្ឋមិនមានភារកិច្ចធ្វើបាបបងប្អូនទេ។ បងប្អូនជាចលករនៃសេដ្ឋកិច្ច។ បើបងប្អូនរីកចម្រើនជីវភាព រដ្ឋធូរ។ មិនថាជាសហគ្រាសមីក្រូទេ សូម្បីតែហាងគុយទាវមួយតូច ដែលមានបុគ្គលិក ៥នាក់ បើហាងគុយទាវហ្នឹងលក់ដាច់ គាត់បង្កើតការងារឲ្យ ៥នាក់ ៥នាក់នេះមានប្រាក់ខែ ស្រួល រដ្ឋអត់លំបាកទៅជួយ រដ្ឋទុកលុយជួយអ្នកផ្សេង។ នេះហើយជាគោលដៅ។ ធ្វើឲ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ សេដ្ឋកិច្ចមីក្រូ ក្រុមហ៊ុនសហគ្រាសតូចមធ្យម និងមីក្រូ បានរីកចម្រើន។ នេះជាគោលនយោបាយជួយសហគ្រាស ជួយសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ភាគច្រើនសេដ្ឋកិច្ចកម្រិតមីក្រូ SME គឺនៅក្រៅប្រព័ន្ធ។ យើងចង់ជួយបែបនេះ។ សូមបងប្អូនសាកល្បង ព្យាយាមចូល ស្វែងយល់អំពីអត្ថប្រយោជន៍។ រដ្ឋបង្កើតហើយ តែបើបងប្អូនមិនប្រើ យើងអត់បង្ខំ តែវាខាតទាំងអស់គ្នា។ បងប្អូនក៏អត់បានផលទៅដល់អាជីវកម្មបងប្អូន រដ្ឋក៏មិនបាន(ទទួល)ផល(តាមការរំពឹងទុក)ដែលថាបងប្អូនកាន់តែមានគុណវឌ្ឍិ កាន់តែមានសមត្ថភាព ភាពប្រកួតប្រជែង។ អញ្ចឹងដើម្បីឈ្នះឈ្នះ ខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូន ទាំងសហជីព ទាំងសមាគមន៍ក្រៅប្រព័ន្ធផ្សេងៗ លើកទឹកចិត្តសមាជិក ជួបការងារជាមួយក្រសួង ជាមួយមន្ទីរសិក្សាមើល ជាមួយក្រសួងការងារ មន្ទីរការងារ ជាមួយមន្ទីរឧស្សាហកម្ម ក្រសួងឧស្សាហកម្ម។
(៣០) ខេត្តត្រូវជួយផ្សាយ និងបង្កលក្ខណៈឱ្យជំនាញទៅនិយាយផ្ទាល់ កុំអោយមានការយល់ខុសលើរដ្ឋាភិបាល
ខ្ញុំអរគុណចំពោះរដ្ឋបាលខេត្ត ដែលកន្លងទៅឃើញមាន(ការអនុវត្តដោយ)ប្រសិទ្ធិភាពពេលដែលក្រសួងផ្សព្វផ្សាយ។ ពេលប្រកាស យើងអត់ធ្វើការជាមួយខេត្ត ផ្សព្វផ្សាយហាក់ដូចមានកំណត់ ដល់ចាប់ផ្តើមចុះផ្សព្វផ្សាយតាមខេត្តៗជួយសម្រួល ចេញមកហាក់ដូចជាមានការចូលរួមច្រើន … យើងជួយផ្សព្វផ្សាយទៅ ជាទំងន់ ដើម្បីបានផល។ សំខាន់ព័ត៌មានដល់បងប្អូនឬអត់ ហើយព័ត៌មានដល់ហ្នឹង ដល់ពិតឬអត់ ឬថាគេបន្លាច។ ថ្ងៃមុនខ្ញុំត្រូវឲ្យប្រកាសលុបចោលការចុះបញ្ជីក្រុមហ៊ុនដែលមានចំណូលដុលដូច ១០០លានក្នុងមួយឆ្នាំ។ ឯកឧត្តម គង់ វិបុល មកទេ? … អត់ចាំបាច់ប្រកាសពន្ធទេ។ ឯកឧត្តម ហួត ពុំ ចាំទេ ១០០លានឬអី? ទីប្រឹក្សាឲ្យធ្វើជំនួយស្មារតីឲ្យខ្ញុំ អត់ចាំខ្លួនឯង។ ចំណូលដុលដូច ១០០លានក្នុងមួយឆ្នាំ។ យើងឲ្យរួចពន្ធដារ ប្រកាសថាបងប្អូនអោយមកចុះឈ្មោះទៅដើម្បីយើងអាចជួយ។ មានអ្នកទៅបន្លាច ថាត្រូវតែចូលតាមគេ។ អ្នកខ្លះទៅធ្វើអាជីវកម្មទៀត រត់ការដើម្បីចុះឈ្មោះអោយ។ អស់លុយបងប្អូនទៀត។ ខ្ញុំថាកុំអោយបងប្អូនភ័យលុបតម្រូវការហ្នឹងតែម្ដងទៅ។ ពេលខ្លះការនិយាយ ការបញ្ជូនសារអត់ច្បាស់ ទៅបង្កើតរឿងភ្លាម។ រឿងចុះបញ្ជីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ខ្ញុំហាមដាច់ខាតតាំងពីដើមទី គឺហាមជាកាតព្វកិច្ច។ បើសិនជាបង្កើតជាកាតព្វកិច្ច ទី១ អាចបង្កើតជាការភ័យខ្លាច, ទី២ អ្នកឆ្លៀតឱកាសអាចយករឿងហ្នឹងទៅទាញយកផលប្រយោជន៍។ ងាប់រដ្ឋាភិបាលអត់ដឹងអីទាំងអស់។
ម្សិលមិញ រឿងVisa នៅក្រៅប្រទេស។ ខ្ញុំបានដោះ។ ក្រសួងការបរទេស និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សុំគោលការណ៍ថាកន្លងទៅមានការរត់ការ ទូតយកតែ ២ដុល្លារ ឬមួយប៉ុណ្ណេះ, អត្តសញ្ញាណកម្មយកប៉ុណ្ណេះ។ តែបងប្អូន បង់លើសដោយសារជួលសេវារត់ការ។ ដល់សេវារត់ការហ្នឹងយកថ្លៃ គេចោទថារដ្ឋជាអ្នកយក។ បានសុំគោលការណ៍ថាដាក់កំណត់តម្លៃអោយច្បាស់ បើថាសូន្យគឺសូន្យ បើ ១០ដុល្លារគឺ១០ដុល្លារ សល់ប៉ុន្មានគឺបញ្ជាក់ថាសេវារត់ការដែលឯកជនធ្វើ។ អោយច្បាស់ បើមិនអញ្ចឹងទេ រដ្ឋនៅតែទទួលបន្ទុក។ គ្រាន់តែចុះបញ្ជីពាណិជ្ជកម្មពន្ធដារ ខ្ញុំសួរលោកជំទាវ ចម និម្មល មានអ្នករត់ការ ក៏បងប្អូនមួយចំនួនគិតថាក្រសួងអ្នកយក។ អញ្ចឹងសូមអោយមានតម្លាភាព។ ចេញបញ្ជីអោយច្បាស់ បញ្ជូនព័ត៌មានអោយច្បាស់ ដើម្បីកុំអោយមានការយល់ច្រឡំ។ សេវាណាដែលជារបស់ឯកជន សូមបញ្ជាក់អោយច្បាស់ ចរចាជាមួយឯកជនទៅ។ រដ្ឋនឹងអនុវត្តអោយច្បាស់តាមអ្វីដែលជាកត្តាចាំបាច់ ដើម្បីកុំអោយមានបញ្ហា។ ការបញ្ជូនសារនេះសំខាន់ណាស់។
ដែលខ្ញុំថាខេត្តត្រូវជួយផ្សាយ ត្រូវជួយបង្កលក្ខណៈដើម្បីមានឱកាសជំនាញទៅនិយាយផ្ទាល់ ព្រោះក្អែកមួយក្អែក១០ ធ្វើមិនស្រួលប្រជាពលរដ្ឋយើងអត់ចុះ(ឈ្មោះ) ដោយសារគាត់ចង់(ចុះហើយ) តែគាត់ភ័យ ថាចុះមកអត់រួចខ្លួនទេ ឬមួយក៏មានអ្នកខ្លះទៅរកស៊ី ដូចជាថាបើចុះខ្លួនឯងអត់រួចខ្លួនទេ តែបើចូលតាមខ្ញុំៗ អាចរត់ការអោយរួចដល់២ឆ្នាំ។ តាមពិតគោលនយោបាយយើងសោះ។ ប្រយ័ត្នមានរឿងហ្នឹង។ មានអ្នកឆ្លាតច្រើន។ ខ្ញុំសូមសរសើរ ប៉ុន្តែបងប្អូនខ្លះកុំធ្វើអាជីវកម្មលើការលំបាករបស់បងប្អូនយើង។ បើសិនជារដ្ឋថាអោយ free បា្រប់គាត់ថា free ទៅ កុំថាទៅធ្វើផ្ទាល់អស់លុយ។ រដ្ឋអត់អោយ free ទាល់តែតាមក្រុមហ៊ុនខ្ញុំបានជួយអោយរួចផុត។ អាហ្នឹងស៊ីឡាកហើយ។ ទីបំផុតគេបន្ទោសរដ្ឋាភិបាលថា នាយករដ្ឋមន្ត្រីប្រកាសថា free ២ឆ្នាំ ប៉ុន្តែទារលុយ។ ទាល់តែខាងសេវារត់ការធ្វើអោយរួចខ្លួន ខ្សឹបគ្នាឬមួយយ៉ាងម៉េច។ អត់ទេ ខ្ញុំសុំអោយធ្វើបែបនេះ។
(៣១) រវាងពន្ធនិងសុរិយោដីក្នុងការកាត់ប្លង់ ត្រូវបន្ថយនីតិវិធី និងតម្រូវការឯកសារផ្សេងៗ អោយច្រើន
កាត់បន្ថយនីតិវិធីអោយច្រើន តម្រូវការឯកសារផ្សេងៗ រវាងពន្ធនិងសុរិយោដី។ ម្សិលមិញមើលហ្វេសប៊ុករបស់ខ្ញុំនៅមានការលើកយោបល់។ ខ្ញុំនឹងបាញ់ទៅអោយ។ រវាងពន្ធដារនិងសុរិយោដីកាត់ប្លង់ ប្រកាសបញ្ជីឯកសារម្ដងហើយ ទៅស្ថាប័នមួយត្រូវអោយឯកសារហ្នឹងឡើងវិញឬយ៉ាងម៉េច? ក្រសួង ស្ថាប័ន បានកាត់អស់ហើយ ប៉ុន្តែនីតិវិធីជួនកាលវាអត់ទាន់ទៅតាមហ្នឹង។ សូមមើលរឿងហ្នឹង។ យើងនិយាយលេងសើច គោលនយោបាយយើងល្អ គេថាឃើញក្របខណ្ឌគោលនយោបាយស្រក់ទឹកមាត់ ដល់ឃើញលទ្ធផលអនុវត្តស្រក់ទឹកភ្នែក។ ពេលខ្លះគោលនយោបាយយើងមាន ប៉ុន្តែនីតិវិធីអនុវត្តមិនទាន់ច្បាស់លាស់ ប្រសិទ្ធភាពអាចមានបញ្ហា។ ជួនកាលយើងប្រកាសនៅខាងលើ ប៉ុន្តែខាងក្រោមអត់មានការណែនាំច្បាស់លាស់ ថ្នាក់ក្រោមអត់ហ៊ានអនុវត្ត។ ទីបំផុតបានតែខាងលើ ខាងក្រោមអត់អនុវត្តដោះស្រាយ។ ទាមទារអោយតាមដានជាប់ប្រចាំ ដើម្បីយើងរកវិធីដោះស្រាយ។ ព្រោះជួនកាលគោលនយោបាយយើងដាក់ទៅវាខ្វះ …។
ម្សិលមិញ និយាយជាមួយទូត ប្រាប់ថាចេញលិខិតហ្នឹងទៅអោយកូនក្មេង។ គាត់ថាសម្ដេចសុំអោយមនុស្សចាស់ផងព្រោះមនុស្សចាស់ពេលខ្លះម្ដាយក៏គាត់ត្រូវដែរ។ យើងភ្លេចពីម្ដាយចេញអោយដែរទៅ។ ថ្ងៃមុន សម្ដេចតេជោចារ អនុគ្រោះពន្ធដល់សមាគមសាកលវិទ្យាល័យ គ្រឹះស្ថាន។ ស ជ ណ ចេញមកដាក់សមាគមគ្រឹះស្ថាន សាកលវិទ្យាល័យជាមាជិកសហគម តែសម្ដេចតេជោ គាត់ចង់ចេញអោយទាំងអស់។ ដល់យើងវាយចូលទៅ តែប៉ុន្មាន។ ដល់អញ្ចឹងគឺយកទៅអនុវត្តខុសមួយគោលការណ៍។ យើងត្រូវកែសម្រួលឡើងវិញ។ គិតទាំងអស់។ អាចពីសហជីពមួយស្នើសុំ តែផល មិនមែនយើងអោយតែសហជីពមួយហ្នឹងទេ គឺផលអោយបងប្អូនទាំងអស់ ភាគច្រើន លើកលែងតែទំនាស់នៅក្នុងក្រុមហ៊ុនណាមួយ។ តែបើជាក្របខណ្ឌគោលនយោបាយរួម យើងអត់មានថាគោលនយោបាយនេះ ឧបត្ថម្ភសាច់ប្រាក់ជូនកម្មករ/ការនី អោយតែក្រុមហ៊ុននេះ អត់អោយក្រុមហ៊ុននោះទេ។ យើងគិតគូរអោយក្នុងក្របខណ្ឌវិស័យកម្រិតណា ថ្ងៃក្រោយយើងពង្រីកយ៉ាងម៉េច។
យើងត្រូវធ្វើនិងធ្វើបន្តកិច្ចការនេះ ហើយត្រូវរួមគ្នាដើម្បីយើងដោះស្រាយបញ្ហា ធ្វើអោយថ្ងៃទី០១ ឧសភា ពីមួយឆ្នាំទៅមួយឆ្នាំកាន់តែល្អប្រសើរសម្រាប់បងប្អូនរបស់យើង។ ជីវភាពរស់នៅកាន់តែប្រសើរ លក្ខខណ្ឌការងារកាន់តែប្រសើរ ការងារកាន់តែសម្បូណ៌នៅតាមរាជធានីខេត្ត ផ្លូវតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗកាន់តែបង្កើនលក្ខណៈ។ នេះហើយដែលជាការវិវឌ្ឍទៅមុខជាជំហានៗរបស់យើង។
[ចប់សេចក្ដីអធិប្បាយ១៣]
ទន្ទឹមជាមួយគ្នានេះ ខ្ញុំសូមផ្ដល់នូវអនុសាសន៍មួយចំនួនចំពោះ ចំពោះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវ៖
ទី១. បន្តជំរុញ និងលើកទឹកចិត្តការប្រែក្លាយ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ»។
ទី២. បន្តពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ តាមរយៈការពង្រឹងយន្តការអធិការកិច្ចការងារ តាមប្រព័ន្ធស្វ័យអធិការកិច្ចការងារ និងក្រុមអធិការកិច្ចអន្តរក្រសួង។
ទី៣. បន្តពង្រឹងយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ជាពិសេស ដាក់ឱ្យដំណើរការនូវយន្តការដោះស្រាយវិវាទការងារនៅថ្នាក់សហគ្រាស និងការកសាងសមត្ថភាពអ្នកផ្សះផ្សារបស់ក្រសួង និងអាជ្ញាកណ្តាល ព្រមទាំងការធានានូវនិរន្តរភាព របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។
ទី៤. បន្តយកចិត្តទុកដាក់ធានាប្រសិទ្ធភាពនៃការអនុវត្តអនុសាសន៍គន្លឹះទាំង ១០ចំណុច របស់ សម្តេចតេជោ និងអនុសាសន៍ទាំង ១០ចំណុច របស់ខ្ញុំ។
ទី៥. យកចិត្តទុកដាក់តាមដាន និងវាយតម្លៃនូវសភាពការណ៍ និងការវិវត្តថ្មីៗក្នុងវិស័យការងារ ដើម្បីត្រៀមដាក់ចេញនូវវិធានការឆ្លើយតបទាន់ពេលវេលា និងមានប្រសិទ្ធភាព ជាពិសេសក្នុងដំណាក់កាលនៃស្ថានភាពមិនច្បាស់លាស់នៃពាណិជ្ជកម្មពិភពលោក ដើម្បីធានាដល់និរន្តរភាពមុខរបរនិងការងារ និងសន្តិសុខប្រាក់ចំណូលរបស់បងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋទូទាំងប្រទេស។
ទី៦. បន្តកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាដៃគូសង្គម, ដៃគូអភិវឌ្ឍ, អង្គការ-សង្គមស៊ីវិល, អង្គការវិជ្ជាជីវៈ ជាពិសេសអង្គការអន្តរជាតិខាងការងារ និងទីភ្នាក់ងារអង្គការ -សហប្រជាជាតិ ដើម្បីលើកកម្ពស់ការងារសមរម្យ តាមរយៈក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDCF), កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា (DWCP), និងកម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជនកម្ពុជា (DEY)។
ទី៧. បន្តរៀបចំកម្មវិធីជួបសំណេះសំណាលរបស់រាជរដ្ឋាភិបាល ជាមួយបងប្អូនកម្មករនិយោជិតទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដើម្បីចុះសួរសុខទុក្ខ ក្ដាប់បាននូវសំណូមពរ និងដោះស្រាយជូនបងប្អូនកម្មករនិយោជិត។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១៤]
សូមធ្វើកិច្ចការនេះជាប្រចាំ។ មិនមែនតែខ្ញុំជួបទេ។ ខ្ញុំឃើញក្រុមការងារចុះតាមបណ្ដាខេត្តឧស្សាហ៍ជួបជាមួយបងប្អូន។ សូមបន្តធ្វើការងារនេះ។
[ចប់សេចក្ដីអធិប្បាយ១៤]
ចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត ត្រូវ៖
ទី១. ក្តាប់សភាពការណ៍ ប្រមូលព័ត៌មាន និងដោះស្រាយរាល់បញ្ហា ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ច និងមូលដ្ឋានរបស់ខ្លួន ដោយសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្ត ដោយមិនទុកបញ្ហាតូច ឱ្យរីករាលដាលទៅធំឡើយ ដើម្បីធានាការពារសិទ្ធិ និងផលប្រយោជន៍ជូនទាំងនិយោជក និងបងប្អូនកម្មករនិយោជិត។
ទី២. បង្កើនកិច្ចសហការ និងកសាងទំនាក់ទំនងល្អ ជាមួយក្រសួង-ស្ថាប័ន វិស័យឯកជន អង្គការវិជ្ជាជីវៈ អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងដៃគូផ្សេងៗទៀត ដើម្បីរួមគ្នាសម្រេចឱ្យបាននូវទស្សនវិស័យនៃប្រធានបទរបស់យើងឆ្នាំនេះ។
ទី៣. បន្តតាមដានក្តាប់រាល់ការវិវត្តថ្មីៗ និងគ្រប់គ្រងឱ្យមានប្រសិទ្ធភាព រាល់ករណីឧបទ្ទវហេតុផ្សេងៗ ដូចជា ករណីអគ្គិភ័យ គ្រោះមហន្តរាយធម្មជាតិ និងបញ្ហាផ្សេងៗជាយថាហេតុ ដើម្បីចាត់វិធានការជួយអន្តរាគមន៍បានទាន់ពេលវេលា។
ចំពោះម្ចាស់សហគ្រាស គ្រឹះស្ថាន បងប្អូនកម្មករនិយោជិតនិងអង្គការវិជ្ជាជីវៈទាំងអស់ ត្រូវ៖
ទី១. បន្តចូលរួមក្នុងយុទ្ធនាការ ក្នុងការប្រែក្លាយ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ឱ្យបានទូលំទូលាយដើម្បីបង្កើននូវវប្បធម៌អនុលោមភាពតាមច្បាប់ និងរក្សាឱ្យបាននូវសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ព្រមទំាងលើកកម្ពស់ការអនុវត្តកិច្ចទំនួលខុសត្រូវរបស់សហគ្រាស(CSR)។
ទី២. ជំរុញការអនុវត្តលក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងាររបស់កម្មករនិយោជិត នៅកន្លែងធ្វើការ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសការងារ និងសុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត។
ទី៣. បន្តចូលរួមអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងរក្សាឱ្យបាននូវវប្បធម៌អនុលោមភាពតាមច្បាប់ ដើម្បីធានាបាននូវភាពប្រកួតប្រជែង បង្កើនការទាក់ទាញទុនវិនិយោគ។
ទី៤. បន្តចូលរួមកម្មវិធីការបង្កើនជំនាញ (Upskilling) និងការផ្លាស់ប្តូរជំនាញ (Reskilling) ដល់កម្មករនិយោជិតដែលកំពុងបំពេញការងារ ដើម្បីលើកកម្ពស់ផលិត-ភាពការងារ និងបង្កើនសមត្ថភាពកម្មករនិយោជិតនៅនឹងកន្លែងការងារ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១៥]
(៣២) គ្មាននរណាអាចដឹងថាទៅមុខទំនិញនាំចូលវិវត្តយ៉ាងណា នេះជាការដាក់ពន្ធជាសាកល មិនចំពោះតែកម្ពុជាទេ
មុននឹងបញ្ចប់ ខ្ញុំសូមនិយាយបន្តិចទាក់ទងទៅហ្នឹងរឿងពន្ធរបស់អាមេរិក ដែលបងប្អូនមួយចំនួនក្នុងវិស័យការងារព្រួយបារម្ភ។ ថ្ងៃមុនលឺគេគំរាម/បន្លាចថា ៣ខែទៀត (ជាង)១លានការងារហ្នឹងរលាយហើយ ព្រោះអាមេរិកនឹងដាក់(ពន្ធ)ហើយ។ ឃើញដាក់ក្រុមហ៊ុនសូឡា ប៉ុន្មានពាន់ភាគរយឯណោះ។ ក្រុមហ៊ុននេះបិទមួយចំនួនហើយ ប៉ុន្តែវិស័យការងាររបស់យើង(មិនបានបិទទេ) … ខ្ញុំសូមពន្យល់បងប្អូនបន្តិច ថាទៅមុខវាយ៉ាងម៉េច? អត់មានអ្នកណាដឹងថាទៅមុខយ៉ាងណាទេ រឿងពន្ធនេះ។ ខ្ញុំជួបជាមួយគណៈប្រតិភូអាមេរិកពីម្សិលម្ងៃ។ ខ្ញុំសួរគាត់ថាយ៉ាងម៉េចទៅមុខទៀត? គាត់ថាសុំទោសគាត់អត់ដឹងដែរ។ គាត់ថារដ្ឋាភិបាលអត់បានពិភាក្សាជាមួយសភាផង។ តើពន្ធនេះជាការដាក់ពិន័យកម្ពុជាឬយ៉ាងណា? សួថាតើកម្ពុជាជាប្រទេសតែមួយដែលជាប់ពន្ធហ្នឹងទេ? ដំបូង (រដ្ឋបាល ត្រាំម៍)គ្រោងដាក់ពន្ធនាំចូល៤៩% ឥឡូវដកមកត្រឹម១០%។ យើងនៅចរចា ៣ខែទៀតជាមួយគាត់ … តើកម្ពុជាធ្វើខុសឬ? ការសម្រេចចិត្តរបស់អាមេរិក មិនមែនដាក់តែកម្ពុជាទេ គឺជិត ២០០ប្រទេសជាប់ពន្ធដូចគ្នា។ សូម្បីប្រទេសសិង្ហបុរីដែលនាំចេញទៅអាមេរិក តិចជាងនាំចូលពីអាមេរិក ក៏ជាប់ពន្ធ ១០%ដែរ។ នេះជាការដាក់ពន្ធសាកល។
(៣៣) ពន្ធទំនិញនាំចូល៤៩% សំរាប់កម្ពុជា ជាផលចែកនៃលំអៀងនាំចេញនាំចូលរវាងសហរដ្ឋអាមេរិកនិងកម្ពុជា
ហេតុអីបានដាក់ពន្ធ? ដោយពិនិត្យមើលតួលេខនាំចេញ/ចូល រវាងសហរដ្ឋអាមេរិកជាមួយប្រទេសផ្សេងៗវាខុសគ្នាពេក ប្រធានាធិបតីអាមេរិកអាណត្តិនេះគិតថាគិតថា ប្រទេសផ្សេងកេងចំណេញលើគាត់ច្រើន។ អញ្ចឹងគាត់ចង់ធ្វើម៉េចអោយគម្លាតហ្នឹងវារួម/មិនច្រើន។ ដាក់ពន្ធហ្នឹងទៅ ហើយចរចាគ្នា ឬមួយក៏គាត់អោយស្មើគ្នាមួយចំនួន។ ពេលដែលចេញដំបូង អ្នកខ្លះគេថាមកពីកម្ពុជាដាក់ពន្ធ ៩៧%ទៅលើទំនិញរបស់អាមេរិក បានគេដាក់មកវិញ … ៩៧%មិនមែនពន្ធតែរដ្ឋាភិបាលខ្មែរ ដាក់លើទំនិញពីអាមេរិកទេ។ ៩៧%នោះ គេគិតពីឱនភាពនៃពាណិជ្ជកម្ម។ យើងនាំចេញទៅអាមេរិក ១២០០លាន(ដុល្លារ), អាមេរិកនាំចូលមកយើង៣០០លាន(ដុល្លារ)។ (អត្រាពន្ធនោះកើតចេញពីការគណនា)លំអៀងហ្នឹង។ ពន្ធដែលអាមេរិកដាក់លើខ្មែរ ក៏មិនមែនសូន្យដែរ … យើងក៏ដាក់(ពន្ធលើ)ទំនិញអាមេរិកមួយចំនួនដែរ តែច្រើនបំផុតត្រឹម ៣៥%ទេ ដូចជាស្រា ហើយទំនិញខ្លះគឺពន្ធស្មើសូន្យ។ យកគ្រឿងទូរស័ព្ទមកពីអាមេរិកគឺបង់សូន្យហើយ។ សួរថា ហេតុអីបានជាអាមេរិក(គិតពន្ធ)ចេញមកដល់ ៤៩%។ គឺដោយសារលំអៀង(ដែលបាននិយាយមកខាងលើ) ហើយគាត់យក ៩៧%ចែកជា២។ សួរថា (ការវិវត្តន៍មកដូចនេះ)ខ្មែរខុសឬ? ថាមិនខុសទេ។ ខ្មែរជញ្ជក់ឈាមទេ? ហេតុអីបានជាឈ្លោះគ្នាអំពីការនាំចេញ/ចូល។
(៣៤) ដោយជំនាញនិងថ្លៃពលកម្មខ្ពស់ ប្រទេសអភិវឌ្ឍត្រូវបើកផលិតកម្មក្រៅប្រទេស ហើយទិញផលិតផលវិញ
ទី១ ហេតុអីបានជាអាមេរិកធ្វើពាណិជ្ជកម្មជាមួយពិភពលោកជាង២០០ប្រទេស។ គឺដោយសារគ្មានប្រទេសណាមួយមានលទ្ធភាពផលិតខ្លួនឯងរស់ខ្លួនឯងទាំងអស់នោះទេ។ ទោះបីជាអាមេរិកមាន ៣០០លាននាក់ ក៏មិនអាចអោយអាមេរិកផលិតទាំងខោអាវនិងស្បែកជើង ឡាននិងអីផ្សេងៗដើម្បីរស់ខ្លួនឯងតែម្នាក់នោះដែរ។ ពិភពលោកត្រូវតែធ្វើពាណិជ្ជកម្ម ហើយពាណិជ្ជកម្មនេះបានធ្វើរាប់ពាន់ឆ្នាំមកហើយ។ Christopher Columbus ធ្វើដំណើរតាមសំពៅ, ឯចិនមាន ចូវ តាក្វាន់ ដែលចេញមកធ្វើពាណិជ្ជកម្ម ផ្លូវសូត្រផ្លូវអីមានច្រើន។ ឃើញទេ ជំនាន់ដើមសូម្បីតែធ្វើអាណានិគមចាប់មនុស្សដើម្បីបម្រើគោលដៅពាណិជ្ជកម្មទាសករ។ ពេលនោះ មានការចាប់មនុស្សលក់ ដើម្បីបម្រើអោយកម្លាំងពលកម្ម ដោយសារក្នុងស្រុកវាអត់គ្រប់។
ការធ្វើផ្លូវរទេះភ្លើងនៅអាមេរិក មិនបានប្រើជនជាតិស្បែកសទាំងអស់ទេ។ មានទាំងចិនមានជាតិសាសន៍ដ៏ទៃទៀត។ រាប់រយឆ្នាំមកហើយ … ឥឡូវគេអត់និយាយពាណិជ្ជកម្មលក់ដូចទាសករទេ ប៉ុន្តែគេបើកអោយមនុស្សចល័តចុះឡើងតាមច្បាប់ការងារ តាមជម្រើស។ ប្រទេសដែលខ្វះពលកម្ម ឧទាហរណ៍នៅជប៉ុន គាត់ថា១០ឆ្នាំទៀត ជប៉ុនខ្វះអ្នកកុំព្យូទ័រ ៥ម៉ឺននាក់។ ជនជាតិជប៉ុនកាន់តែចាស់ទៅ។ ក្មេងកើតអត់ទាន់។ អញ្ចឹងត្រូវតែយកមនុស្សពីប្រទេសផ្សេងៗ រួមទាំងកម្ពុជាផង។ ពីមុនខ្វះកម្លាំងពលកម្ម គេចាប់ទាសករយកទៅលក់ដើម្បីធ្វើចំការធ្វើអីទៅ … ហេតុអីបានអាមេរិកទិញខោអាវពីក្រៅប្រទេស មិនធ្វើខ្លួនឯង? ដោយសារពេលដែលសេដ្ឋកិច្ចវិវឌ្ឍ តម្លៃពលកម្មកាន់តែថ្លៃ ជំនាញរបស់ប្រជាពលរដ្ឋគេ ត្រូវតែបង្កើនដើម្បីបានតម្លៃបន្ថែម។ ជាជាងផលិតខោអាវនៅក្នុងអាមេរិក គេអោយផលិតនៅខាងក្រៅព្រោះ(តម្លៃពលកម្មផលិត)ខោអាវនៅថោក។
រីឯពលករអាមេរិក គេធ្វើរោងចក្រឡាន សេវាកម្មអីផ្សេង (ដែល)បាន(កម្រៃ)កម្រិតខ្ពស់។ ដូចជាធ្វើ IT។ រឿងតែប៉ុណ្ណឹង។ អញ្ចឹងបានជាគេអោយមានការផលិត(ទំនិញសម្លៀកបំពាក់)នៅក្រៅប្រទេស រួមទាំងកម្ពុជា។ នៅកម្ពុជា បង់ក្លាដែស ឥណ្ឌា វៀតណាម និងប្រទេសផ្សេងៗ ពលកម្មនៅមានតម្លៃសមរម្យ ហើយការរស់នៅមិនថ្លៃដូចនៅអាមេរិក។ បើអោយដេរខោអាវនៅអាមេរិក ទាល់តែខោអាវនោះថ្លៃកប់ពពក។ ជនជាតិអាមេរិកឥឡូវក៏អត់មានអ្នកណាទៅអង្គុយដេរខោអាវដែរ។ ការងារខ្លះប្រទេសអភិវឌ្ឍគេលែងធ្វើទៅហើយ។ដូចនេះ ត្រូវមកបើកទីតាំងផលិតកម្មនៅក្រៅប្រទេស ហើយទិញយកផលិតផលទៅវិញ។ ដូចហ្នឹងបានមានពាណិជ្ជកម្មឥវ៉ាន់យើងនាំចេញ ខោអាវអីនេះ ច្រើនដោយសាររឿងហ្នឹង។
(៣៥) “នាំចេញតិចជាងនាំចូល ជេររដ្ឋាភិបាលថាល្ងង់ ដល់ពេលនាំចេញច្រើនជាងនាំចូល ថាទៅជញ្ជក់ឈាមគេ”
សំណួរមួយទៀតថា ដោយសារយើងនាំទៅអាមេរិកច្រើនជាង ម៉េចក៏យើងមិនទិញពីអាមេរិកអោយស្មើគ្នា? យើងនាំចេញ ១២០០លាន(ដុល្លារ) អាមេរិកនាំចូលមកយើង ៣០០លានដុល្លារ។ យើងប្រទេសតូចក្រីក្រ គ្មានលទ្ធភាពទៅយក ១០០០លានដុល្លារ ទិញ Boeing ១០គ្រឿងទេ។ បើអោយអាមេរិកឈប់ទិញពីយើងរហូតទម្លាក់មកត្រឹម ៣០០លានដុល្លារ បានន័យថាបិទរោចក្រចោលច្រើន។ វាត្រូវតែមានគម្លាតហើយរវាងប្រទេសអ្នកមាន និងប្រទេសអ្នកក្រ។ ប្រទេសអ្នកមានៗ លទ្ធភាពទិញធំជាង។ សូម្បីតែអឺរ៉ុបនិងអាមេរិក ក៏ការនាំចេញ/ចូលខុសគ្នាច្រើនដែរ។ រាប់ពាន់លាន។ យើង ១២០០លានដុល្លារ, វៀតណាម ១២០ពាន់លាន។ ប្រទេសមួយចំនួនចូលរាប់ពាន់លាន(ដុល្លារ)។ អ្នកខ្លះឌឺថា មកពីខ្មែរកេងជញ្ជក់ឈាមអាមេរិកច្រើនពេក ដាក់គេដល់ ៩៧%។ ពេលខ្លះខ្ញុំពិបាកយល់។ ពេលដែលយើងមានឱនភាពជាមួយប្រទេសខ្លះ ឧទាហរណ៍យើងនាំចេញតិចជាងគេនាំចូល គាត់ជេររដ្ឋាភិបាលថាល្ងង់ណាស់ អោយប្រទេសគេមកកេងចំណេញលើខ្មែរ។ ដល់ពេលខ្មែរនាំចេញទៅអាមេរិកច្រើនជាង ចោទខ្មែរទៀតថាទៅជញ្ជក់ឈាមអាមេរិក។ ខុសរហូត។ នាំចូលច្រើនជាងនាំចេញក៏យើងខុស … ដល់ពេលយើងនាំចេញច្រើនជាងនាំចូល ក៏គេបន្ទោសយើងថាអាក្រក់ជញ្ជក់ឈាមគេ។ បើអោយយើងធ្វើស្មើគ្នាជាមួយអាមេរិកទៅអត់រួចទេ។ យើងមានលុយឯណា ១ពាន់លានទៅទិញ ឬមួយក៏ទម្លាក់ពន្ធ(នាំចូលនោះ)។
បងប្អូនយើង ការដែលយើងនាំចេញទៅអាមេរិកច្រើន បានផលទៅអ្នកណា? ដែលយើងនិយាយ ១លាន ៨សែននាក់មានការងារធ្វើនៅក្នុងវិស័យសហគ្រាស មួយផ្នែកក៏ពឹងផ្នែកច្រើនទៅលើការនាំចេញទៅអាមេរិកនេះដែរ។ ផលគឺយកមកអោយកូនចៅប្រជាពលរដ្ឋ គឹបងប្អូនហ្នឹងឯង។ សហជីពមានការងារធ្វើ ផលិតផលនាំចេញទៅផ្សារកាន់តែច្រើន គឺយើងរោងចក្រពង្រីកសេវាផលិតកម្ម។ អ្នកណាបានការងារ? គឺបងប្អូនទាំងអស់គ្នាហ្នឹងឯង។ នេះគឺជាការពិត។ ថាខ្មែរជញ្ជក់ឈាមអាមេរិក សមមុខត្រូវថ្មោងហើយ។ ថាក៏ថាចុះ បន្ទោសក៏បន្ទោសចុះ សុខចិត្តអោយគេឌឺ អោយគេថា ប៉ុន្ដែដើម្បីឲ្យផលប្រយោជន៍បងប្អូនយើងនេះឯង។ ហ្នឹងមិនខុសពីម៉ែឪទេ។ សួរថាធ្វើហ្នឹងខុសច្បាប់ ឬទេ? ថាអត់ទេ។ បើមិនអញ្ចឹងប្រទេសទូទាំងពិភពលោកជញ្ជក់ឈាមអាមេរិកខុសច្បាប់ឬ? អត់ទេ។ សួរថាសហរដ្ឋអាមេរិកជាប្រទេសមហាអំណាច គេល្ងង់ដាក់ថ្នាក់ឲ្យ ១០០ប្រទេសជញ្ជក់ឈាមដោយអយុត្ដិធម៌ហ្នឹង? អត់ទេ។
(៣៦) ពាណិជ្ជកម្មគឹឈ្នះឈ្នះ ខាងរដ្ឋាភិបាលអាមេរិកត្រូវការទាញផលអោយបានច្រើន គ្មានប្រទេសណាខុសទេ
ពាណិជ្ជកម្មគឺឈ្នះឈ្នះ។ អាមេរិកចង់មានខោអាវថោក (គុណភាព)ល្អ ទាល់តែបង្កើតផលិតកម្មនៅក្រៅប្រទេសទើបបាន។ ជនជាតិអាមេរិកមានប្រាក់ខែកើនឡើង ដើម្បីកុំឲ្យបង់ចំណាយលើថ្លៃម្ហូបអាហារថ្លៃពេក ត្រូវនាំចូលពីប្រទេសផ្សេង។ រឿងវាប៉ុណ្ណឹង ដើម្បីជនជាតិអាមេរិកសល់លុយដែរ។ ដើម្បីជីវភាពរបស់គេ។ ខ្ញុំជួបខ្មែរនៅអាមេរិក ១ឆ្នាំជាងមុន គុយទាវមួយចាន ១២ដុល្លារ។ ឥឡូវឡើងមួយចាន ២០ដុល្លារជាងហើយ។ លើកមុនហូបបានពីរចាន។ មួយខែទៅគុយទាវ ៤ដង ប្រសិនបើលុយដដែល។ ឥឡូវចាយ (បាន)គុយទាវតែពីរដងទេ។ ប៉ុន្ដែវាមិនមែនឡើងតែថ្លៃគុយទាវ។ ស្អីៗផ្សេងទៀតក៏ឡើង ដូច្នេះទុកគុយទាវសិនទៅ។ ខ្ញុំហូបបាយនៅផ្ទះ។ ហាងគុយទាវហ្នឹងប្រហែលជាត្រូវបិទ ឬមួយកាត់បន្ថយ។ ខ្ញុំឃើញបងស្រីម្នាក់បង្ហោះហាង doughnut ថា ឥឡូវ ពងទាក៏ឡើងថ្លៃស្ករក៏ឡើងថ្លៃ ស្អីក៏ឡើងថ្លៃ អញ្ចឹង ខ្ញុំក៏ត្រូវតែឡើងថ្លៃ doughnut ដែរ។ (អីវ៉ាន់)ឡើងថ្លៃ ជីវភាពរស់នៅរបស់ប្រជាជនក៏ប៉ះពាល់ដែរ។ រឿងអាមេរិករដ្ឋាភិបាលគេដោះស្រាយ គេមានគោលការណ៍របស់គេ។ ខ្ញុំមិនវាយតំលៃទេ …។
អាមេរិកធ្វើពាណិជ្ជកម្មនាំចេញនាំចូលជាមួយយើង។ យើងមានការចរចាដើម្បីឯកភាពគ្នា។ មិនមែនអាមេរិកឲ្យយើងអន្ដោម័ត ឲ្យយើងដាក់(ពន្ធ)ទៅលើគេ គេមិនគិតទេ។ វាធ្វើឲ្យតំលៃផលិតផលខ្ពស់។ គេក៏គិតដាក់មកលើងរបស់យើងដែរ។ ជាមធ្យម ២៩% លើផលិតផលមួយចំនួន។ អាមេរិកដាក់ពន្ធលើជាង១០% លើអី។ ផលិតផលយើងអត់(មានពន្ធ)ខ្ពស់ដូចផលិតផលពីអាមេរិកទេ។ ផលិតផលពីអាមេរិក២៩% ប៉ុន្ដែផលិតផលខ្លះតំលៃខ្ពស់ ដូចគោយន្ដ ត្រាក់ទ័រ មកពីអាមេរិកមានតំលៃខ្ពស់។ គិតជាលុយ៩% វាច្រើនជាងអាវយើងមួយ ១១ដុល្លារ បាន(ពន្ធ)តិច។ នេះជាទិន្នន័យ។ បងប្អូន ដែលយើងជាប់ពន្ធនេះ មិនមែនជាកំហុសរបស់យើងទេ គឺមកពីខាងរដ្ឋាភិបាលអាមេរិកគិតថាត្រូវទាញផល(អោយបានច្រើន)ទៅខាងគាត់។ គ្មានប្រទេសណាខុសទេ។ អញ្ចឹង ១៨០ប្រទេសក៏គ្មានខុស។
(៣៧) កម្ពុជាធ្វើមុខរបរត្រឹមត្រូវតាមច្បាប់ អនុវត្ដតាមគោលការណ៍ពាណិជ្ជកម្មពិភពលោក
ទី២ តើយើងបានធ្វើអីខុសច្បាប់ឬទេ? តើយើងធ្វើមុខរបរថោកទាបកេងចំណេញញើសឈាមគេអត់ទេ? អត់ទេ។ យើងធ្វើត្រឹមត្រូវតាមច្បាប់ឯកភាពគ្នា អនុវត្ដតាមគោលការណ៍ពាណិជ្ជកម្មពិភពលោក WTO។ តើយើងទៅលួចយករបស់ខុសច្បាប់ទៅទេ? អត់ទេ! យើងនាំខោអាវ សូឡា គ្រឿងបង្គុំអគ្គិសនី គ្រឿងអលង្ការទៅ ដើម្បីបង្កើតការងារ ទាញចំណូលមកសេដ្ឋកិច្ចស្រុកខ្មែរ។ តើរដ្ឋាភិបាលខុសទេ? ហ្នឹងដូចគេមើលងាយ ឪពុកម្ដាយអ្នកក្រ ទៅធ្វើការរើសអេតចាយគេមើលងាយ។ (អ្នកដទៃ) គេមើលងាយឪពុកម្ដាយ តើកូនត្រូវមើលងាយឪពុកម្ដាយទេ? ឪពុកម្ដាយមិនបានទៅលួចគេមកចិញ្ចឹមកូនទេ។ គាត់ទៅរើសអេតចាយ (បើ)គាត់មានលទ្ធភាព គាត់ទៅកែច្នៃបើកហាងគុយទាវតូចមួយ។ មិនបានដូចគេក្រុមហ៊ុនធំស្អីនោះទេ។ ឪពុកម្ដាយទិញម្ដងបន្ដិចៗ ខំសន្សំដោយសុចរិតភាពដើម្បីយកមកចិញ្ចឹមកូន ដើម្បីយកមកទិញសំភារៈអត្ថប្រយោជន៍កូនឲ្យច្រើន។ តើកូនត្រូវបន្ទោសឪពុកម្ដាយទេ?
មានអ្នកឌឺថារដ្ឋាភិបាលទៅស្មូមចិនឲ្យមកវិនិយោគ។ យើងទៅស្មូមអ្នកនេះ អ្នកនោះឲ្យមកធ្វើផ្លូវ សាលារៀន ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដើម្បីឲ្យគេមកបើករោងចក្រនៅកន្លែងនោះ ដើម្បីឲ្យអ្នកស្រុកមានការងារ … សូម្បីប្រធានាធិបតីចិន មក (ទស្សនកិច្ច) គេ(ឌឺ) ថាយើងរើសស្ពៃ មិនរើសសាច់គោទេ។ គេថាយើងល្ងង់។ គេថាយើងជញ្ជក់ឈាមអាមេរិកបានគេដាក់ពន្ធយើង៩៧%។ ទោះបីជាការចោទនោះវាមិនត្រឹមត្រូវ ប៉ុន្ដែអ្វីដែលរដ្ឋាភិបាលក្នុងរយៈពេលរាប់សិបឆ្នាំមកនេះគ្មានអ្វីក្រៅពីចិញ្ចឹមកូន ខិតខំរកស៊ីដោយសុចរិតដើម្បីបង្កើតការងារ យកលុយមកឲ្យប្រជាពលរដ្ឋ។
(៣៨) រដ្ឋាភិបាលការពារផលប្រយោជន៍របស់កម្មករ/ការិនី ការពារសេដ្ឋកិច្ច និងដើម្បីកំណើនសេដ្ឋកិច្ច
ឥលូវ រដ្ឋាភិបាលធ្វើអី? ចំពោះមុខការដែលនៅសុខៗ រដ្ឋាភិបាលអាមេរិកគិតពីស្ថានភាពសេដ្ឋកិច្ចរបស់គាត់ ហើយដាក់វិធានាការណ៍បែបនេះ។ រដ្ឋាភិបាលអាមេរិកមុនមិនបានដាក់ទេ។ ពន្ធនេះគឺធ្វើចុងក្រោយ កាលពីឆ្នាំ ១៩២៩នៅអាមេរិក។ ក្នុងរយៈពេលជិត ១០០ឆ្នាំមកនេះ អាមេរិកអត់ប្រើពន្ធ tariff នេះទេ។ ជំនាន់ Biden ដាក់មួយចំនួនលើចិន។ ហ្នឹងរឿងពាណិជ្ជកម្ម ប៉ុន្ដែមិនដែលដាក់លើ(ប្រទេសទាំងអស់)លើពិភពលោកទេ។ ជិត ១០០ឆ្នាំហើយ អាមេរិកទើបនឹងដាក់(ជាថ្មី)។ អញ្ចឹងការសំរេចចិត្តជាសិទ្ធិរបស់អាមេរិក ។ យើងគ្មានជំរើសទេ មានតែខិតខំការពារអត្ថប្រយោជន៍ដើម្បីឲ្យអ្វីដែលយើង(បាន)កសាងនៅឋិតថេរ និងការពារអត្ថប្រយោជន៍ឲ្យបងប្អូនយើងឲ្យបាន។ យើង (ត្រូវធ្វើ)អី? … យើងមិនបាននៅស្ងៀមទេ។ ៣៧ម៉ោង ៤១ម៉ោង ក្រោយអាមេរិកប្រកាស យើងបានចេញគោលការណ៍បង្ហាញឆន្ទៈក្នុងការដោះស្រាយ។ យើងមិនមែនរឹងកំព្រឹសថាយើងខ្លាំងទេ … អ្នកខ្លះគេមើលងាយថារដ្ឋាភិបាលគ្មានគិតពីប្រជាពលរដ្ឋទេ។ ដល់យើងចេញគោលការណ៍ គេដាក់យើងទៀតថាយើងអោនក្បាលត្រុកៗ ទៅចរចា។
បងប្អូនគិតមើលទៅ។ រដ្ឋាភិបាល(ធ្វើយ៉ាងម៉េច) ក៏គេមើលងាយរហូត។ ថាបរទេស(ទៅមិនថា ប៉ុន្ដែនេះ)ខ្មែរគ្នាឯង។ អ្នកនយោបាយមួយចំនួន ដែលអួតខ្លួនថាស្រឡាញ់កម្មករ ចង់ការពារណាស់ខ្លួនគេបែមើលងាយតែរដ្ឋាភិបាល។ រដ្ឋាភិបាលការពារយ៉ាងម៉េច។ ខ្លួនគេមិនបានស្នើសុំអាមេរិកដើម្បីជួយគិតគូរផងដែរទេ។ អ្នកនយោបាយនៅក្រៅប្រទេសនោះ ទាំងស្រីទាំងប្រុសអាយុ ៧០ជិត ៨០ហើយ គេអួតណាស់ ជេរខ្ញុំរហូត។ ឃើញតែបន្ដិចៗ អួតថា “សមាជិកសភាអាមេរិក រដ្ឋមន្ដ្រីក្រសួងការបរទេសអាមេរិក រដ្ឋាភិបាលអាមេរិក ល្អជាមួយយើង ស្ដាប់យើងណាស់”។ ប៉ុន្ដែទៅហៅគេឲ្យតែមកកាត់GSP ដាក់សម្ពាធទៅ(លើកម្ពុជា) ។ ដល់ប្រទេសយើងមានសម្ពាធ មិនបានអីធ្វើលិខិតមួយសន្លឹក ទោះបានមិនបាន ក៏បានបង្ហាញឆន្ទៈចូលរួមដោះស្រាយដែរ។ ប៉ុន្ដែ នេះមិនធ្វើ (ចាំ)កេងចំណេញ។ ដល់រដ្ឋាភិបាលធ្វើ ក៏(រិះគន់)ថារដ្ឋាភិបាលអោនក្បាលមិនចេះខ្មាសគេ។ ថាអីថាទៅ (ខ្ញុំធ្វើ) ការពារផលប្រយោជន៍កូនចៅរបស់ខ្ញុំ ការពារឆ្នាំងបាយរបស់កម្មករ/ការិនី ការពារសេដ្ឋកិច្ច និងដើម្បីកំណើនសេដ្ឋកិច្ច …។
(៣៩) ចរចាចរចាទីផ្សារអាមេរិក ទស្សនកិច្ចពង្រីកវិនិយោគពីជប៉ុន ទាញទេសចរនិងភ្ជាប់ពាណិជជកម្មជាមួយ GCC
រដ្ឋាភិបាលជាអាណាព្យាបាលមានកាតព្វកិច្ច។ សូមឲ្យបងប្អូនកម្មករ/ការិនី ប្រធានសហជីពយល់ពីទិដ្ឋភាពជាក់ស្ដែងនេះ ថាអ្នកណាធ្វើពិត អ្នកណាបានតែមាត់។ ថោកអីនឹងដៃ ថ្លៃអីនឹងមាត់។ បើគាត់មានសិទ្ធិនិយាយជាមួយសមាជិកសភារបស់អាមេរិកអំពីការដាក់សម្ពាធលើមន្ដ្រីរដ្ឋាភិបាល ការរឹតបន្ដឹង GSP ពេលធម្មតា ពេលដែលកូនចៅប្រជាពលរដ្ឋខ្មែរ ហើយពិភពលោកកំពុងរងហានិភ័យនេះ គាត់គួរតែនិយាយតែមួយម៉ាត់/បញ្ចេញសារឲ្យគេលឺ «ខ្ញុំគិតគូរណាស់ពីបងប្អូន។» ខ្ញុំបានជួប សរសេរសំបុត្រទៅអាមេរិក រដ្ឋាភិបាលអាមេរិក ក្រសួងការបរទេសអាមេរិក ថា ជួយគិតគូរពីកម្មករ/ការិនី។ ប៉ុន្ដែមិនដូចនោះទេ។ មានតែរដ្ឋាភិបាលទេ ដែលរៀបចំក្រុមការងារចរចា។
ក្រុមការងារយើងបង្កើតភ្លាម មានឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល, រដ្ឋមន្ដ្រី ចម និម្មល ត្រៀមក្រុមការងារភ្លាម។ យើងដាក់ ១៩ប្រភេទទំនិញ ៨៥មុខទំនិញដែលយើងទំលាក់មកសូន្យភ្លាម ដើម្បីជាកាដូ បង្ហាញសុឆន្ទៈនៅក្នុងការចរចាការពារផលប្រយោជន៍។ ថ្ងៃទី ១៦មេសា ឯកឧត្តម ស៊ុន ចាន់ថុល បានជួបជាមួយតំណាងប្រធានពាណិជ្ជកម្មរបស់អាមេរិក។ ថ្ងៃ ១៦មេសា ជាថ្ងៃចុងក្រោយនៃថ្ងៃចូលឆ្នាំ បានន័យថារដ្ឋាភិបាល មន្ដ្រីយើងដែលទទួលខុសត្រូវ មិនបានចូលឆ្នាំទេ នៅគិតគូរដើម្បីចរចាគិតពីអត្ថប្រយោជន៍បងប្អូន គិតពីរឿងនឹងឲ្យច្បាស់។ បើរដ្ឋាភិបាលមិនគិត (ពិតមែន) យើងមិន(មែន)ធ្វើការងារដោយមិនគិតចូលឆ្នាំ ធ្វើការចរចាជាមួយគេនោះទេ។
យើងធ្វើការងារបន្ថែមជាមួយប្រទេសផ្សេងៗ បន្ដទៀតដើម្បីពង្រីកពាណិជ្ជកម្ម។ យើងនឹងចរចាទីផ្សារអាមេរិក។ យើងនឹងខិតខំធ្វើការងារ។ យើងមិនផ្ដាច់ទំនាក់ទំនង (ប៉ុន្ដែ)យើងនឹងធ្វើការចរចារកដំណោះស្រាយរកចំណុចរួមបន្ដទៅទៀត។ ខែក្រោយខ្ញុំនឹងទស្សនកិច្ចផ្លូវការនៅជប៉ុន ហើយនឹងលើកពីរឿងទំនាក់ទំនងពង្រីកការវិនិយោគពីជប៉ុន។ ថៃទើបនឹងមក។ ខ្ញុំក៏បានចរចាតភ្ជាប់ពង្រីកទំនាក់ទំនងពាណិជ្ជកម្មការវិនិយោគ។ អាស៊ាន ខែក្រោយខ្ញុំទៅនឹងរៀបចំជួបជាមួយនឹងវិស័យឯកជនមួយចំនួន បូកជាមួយបណ្ដាប្រទេសមួយចំនួន ដើម្បីភ្ជាប់(ទំនាក់ទំនង)។ មានតំណាងមកពីប្រទេសអារ៉ាប់ទៀត យើងមានប្រជុំអាស៊ានជាមួយ GCC (Gulf Cooperation Council) និងរកវិធីដើម្បីជួបជាមួយប្រទេសអារ៉ាប់ ក្នុងគោលដៅទាក់ទាញទេសចរណ៍ និងភ្ជាប់វិស័យពាណិជ្ជកម្ម។
(៤០) ខិតខំព្យាបាលនិងពង្រឹងខ្សែចង្វាក់ផលិតកម្ម ធ្វើពិពិធកម្មគោលដៅនាំចេញ បង្កើនឱកាស និងកាន់តែរឹងមាំ
ដើម្បីអីបងប្អូន? ដើម្បីទាញមកដាក់តំបន់សេដ្ឋកិច្ចពិសេស។ គ្រួសារខ្ញុំអត់មានទេ។ ទាញមកដើម្បីដាក់នៅក្នុងដែនសុវណ្ណភូមិ ក្នុងដែនដីកម្ពុជា បង្កើតការងារឲ្យបងប្អូនប្រជាពលរដ្ឋកាន់តែច្រើន។ ខ្ញុំថាដើរទាក់ម៉ូយ។ គេ (និយាយ) មើលងាយ និងបង្អាប់ខ្ញុំ។ ថាអីថាចុះអស់លោក ប៉ុន្ដែយ៉ាងហោចណាស់ខ្ញុំបានទៅជួបផ្ទាល់ ទាក់ទាញគេផ្ទាល់។ ក្នុងមួយឆ្នាំនេះ លទ្ធផលយើងក៏បានបង្កើនជាង ១ពាន់សហគ្រាស និងបន្ថែមរាប់ម៉ឺនការងារឲ្យបងប្អូនយើង។ បើកទីផ្សារបានរាប់សិបទីផ្សារទៀតក្នុង ១ឆ្នាំ ជិត ២ឆ្នាំនេះ ដើម្បីនាំផលិតផលយើងចេញ មិនថាតែផលិតផលកសិកម្មទេ ប៉ុន្ដែ(មាន)ផលិតផលឧស្សាហកម្ម កម្មន្ដសាល … ផលិតផលកសិកម្មស្វាយចន្ទី (ជាផលិតផល)សំរេចយើងនាំចេញ។ យើងរកវិធីដើម្បីធានាទីផ្សារ DIRECT ដើម្បីធានាតំលៃដល់ថ្នាក់ក្រោម។
ខ្ញុំប្រជុំជាមួយសហគមន៍កសិកម្ម រៀបចំជាមួយវិស័យឯកជនដើម្បីជួយដល់កសិករកាត់បន្ថយតំលៃដើម។ ក្រសួងកសិកម្មរៀបចំសហគមន៍ទំនើបដើម្បីធ្វើ(ការងារនេះ) … ពិតណាស់ កន្លែងណាដែលខ្សោយគេរំលេច កន្លែងណាដែលល្អគេមិនរំលេចទេ។ អ្នកធ្វើចង់ខ្យល់ហើយ។ ឆ្នាំទៅស្រូវឡើងថ្លៃ អត់មានអ្នកណាស្រែកជេររដ្ឋាភិបាលរឿងស្រូវទេ។ ប៉ុន្ដែទៅស្រែកជេររឿងព្រលានយន្ដហោះសៀមរាបថា អសមត្ថភាពអត់មានទេសចរណ៍។ ដល់តែឆ្នាំនេះទេសចរមកឡើងណែន គេមិនទៅថតរឿងទេសចរនៅសៀមរាប គេមកថតរឿងស្រូវម្ដង។ ពេលដែលប្រមូលផលស្វាយចន្ទី ជាទូទៅកសិផលធ្លាក់ចុះ(នៅតំលៃ )៤០០០ គេចាប់ផ្ដើមជេររដ្ឋាភិបាល ដល់ប៉ុន្មានអាទិត្យក្រោយមកឡើង ៥ពាន់ជាង អត់មាត់មួយម៉ាត់។ បើថាជ្រុលជេរ ពេលល្អសរសើរផង។
ពេលរោងចក្របិទ បងប្អូនធ្វើបាតុកម្ម កូដកម្ម គេខំស្រែកផ្សាយភ្លូកទឹកភ្លូកដី។ នៅពេលដែលរោងចក្រថ្មីបើកគេមិនទៅផ្សាយទេ។ ពេលដែលបងប្អូនទាមទារ ដោះស្រាយមិនទាន់ គេផ្សាយ។ ដល់យើងដោះស្រាយលក្ខខណ្ឌអីហើយគេមិនផ្សាយទេ។ អ្វីដែលខ្ញុំចង់លើក យើងមិនហាមឃាត់សិទ្ធិសេរីភាពអ្នកណាទេ គេចង់ផ្សាយអីផ្សាយទៅ ប៉ុន្ដែខ្ញុំសូមឲ្យបងប្អូនជឿទុកចិត្ត រឿងពាណិជ្ជកម្មជាមួយអាមេរិក រឿងដោះស្រាយការងារ រឿងពង្រីក(ទំនាក់ទំនង) រដ្ឋាភិបាល តែងតែគិតគូរ។ សូមបងប្អូនជឿជាក់លើរដ្ឋាភិបាល។ យើងនឹងខិតខំឲ្យអស់លទ្ធភាពការពារអត្ថប្រយោជន៍បងប្អូន តាមលទ្ធភាពដែលអាចធ្វើបាន។
សួរថាតើទៅមុខ វានឹងលំបាកទេ? ប្រសិនបើរដ្ឋាភិបាលអាមេរិកដាក់ពន្ធ យើងនឹងប្រឈមការលំបាក (ប៉ុន្ដែ)មិនមែនតែយើងទេ ១៨០ប្រទេសក៏ប្រឈមការលំបាកដែរ។ ប៉ុន្ដែយើងមិនស្លាប់ទេ។ ផ្ទុយទៅវិញយើងនឹងខិតខំព្យាបាលនិងពង្រឹងសក្ដានុពល ធ្វើពិពិធកម្មការនាំចេញទៅអឺរ៉ុប ប្រទេសផ្សេងៗ។ ការពង្រឹងខ្សែចង្វាក់ផលិតកម្ម ការផលិតវត្ថុធាតុដើមក្នុងស្រុក បង្កើនឱកាស ហើយកាន់តែរឹងមាំ។ ស្អីក៏ដោយដែលមិនធ្វើឲ្យយើងស្លាប់ នឹងធ្វើឲ្យយើងរឹងមាំ។
(៤១) ក្នុង ១៩ខែ រដ្ឋាភិបាលថ្មីដោះស្រាយវិញ្ញាសារលំបាកៗ ទាំងនយោបាយ សេដ្ឋកិច្ចសង្គម ធ្វើឲ្យកាន់តែរឹងមាំ
ក្នុងរយៈពេល ១៩ខែនេះ រដ្ឋាភិបាលថ្មីបានប្រឈមដោះស្រាយវិញ្ញាសារលំបាកៗច្រើន ទាំងនយោបាយសេដ្ឋកិច្ច សង្គម ទាំងបញ្ហាផ្ទៃក្នុងប្រទេស ការបំផុសបំផុលរឿងប្រឆាំងជាតិសាសន៍អីផ្សេងៗ សន្ដិសុខ សណ្ដាប់ធ្នាប់ ទាំងសង្គ្រាមពាណិជ្ជកម្ម ទាំងឥទ្ធិពលសង្គ្រាមនៅអ៊ុយក្រែននៅអី ដែលជះឥទ្ធិពល(អវិជ្ជមាន)។ រដ្ឋាភិបាលបានធានាលំនឹងសេដ្ឋកិច្ច សុខសន្ដិភាព ស្ថិរភាព ឲ្យយើងបានបង្កើនឱកាសទាក់ទាញទេសចរ (តាមរយៈ)ការបង្កើតព្រឹត្ដិការណ៍ខ្មែរយើងបានឱ្យគេដឹងលឺ។ រក្សាលំនឹងការងារជូនបងប្អូន មានលទ្ធភាពដំឡើងបៀវត្ស៍ជូនមន្ដ្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ បូកទាំងកម្មករ/ការិនី តិចឬច្រើន បន្ថែមអាទិភាព។ ក្នុង ១៩ខែនេះ យើងគិតថាយើងធ្វើបានល្អ។ ប្រសិនបើធ្វើក្នុងពេលដែលសេដ្ឋកិច្ចកំពុងតែលូតលាស់ យើងមិនអួតប៉ុន្មានទេ តែនៅពេលដែលលំបាក ពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងតែប្រឈមនឹងអ្វីដែលពុំធ្លាប់មានជិត ១០០ឆ្នាំមកនេះ ដែលមិនទាន់ដឹងថាស្អីជាស្អីនោះ។ យើងនៅតែខិតខំដើម្បីការពារអត្ថប្រយោជន៍សេដ្ឋកិច្ចជាតិ។
សូមឲ្យបងប្អូនជឿទុកចិត្តទៅលើការខិតខំប្រឹងប្រែងរបស់យើង។ អាចលំបាក ប៉ុន្ដែមិនស្លាប់ ហើយការលំបាកតិចតួច អាចធ្វើឲ្យយើងរឹងមាំ។ គ្មានអ្នកណាបង្រៀនកូនឲ្យរឹងមាំ បញ្ចុកបាយកូនដល់អាយុ ២០ ឆ្នាំនោះទេ។ គ្មាន(កូន)ណារឹងមាំ (ដោយសារ) ស្អីបន្ដិចក៏ធ្វើឲ្យកូនទាំងអស់នោះទេ។ គ្មានកូនណារឹងមាំ គ្រាន់តែកូនជាន់ដី (ឪពុកម្ដាយ)យកឆ័ត្របាំង ខ្លាចត្រូវថ្ងៃនោះទេ មានតែពុះពារ។ វិញ្ញាសារពិភពលោក វានឹងប្រែប្រួលជាប់ជាប្រចាំ ប៉ុន្ដែអ្វីដែលសំខាន់ ឆន្ទៈរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាសំរាប់ការងារ និងកំណើនសេដ្ឋកិច្ចជាអាទិភាពចំបង ដែលយើងត្រូវបន្ដអនុវត្ដនិងការពារ និងសំរេចសមិទ្ធផលឲ្យច្រើនជូនបងប្អូន។ អ្នកបន្លាច អ្នកឌឺចេះតែមានហើយ។ បងប្អូនមាន FACEBOOK, TIKTOK ឃើញហើយ ប្រៀបធៀបទៅ ក្នុងរយៈពេល ១ឆ្នាំជាងនេះ។ តើប៉ុន្មានថ្ងៃដែលខាងណាអង្គុយតែជេរយើង? តើប៉ុន្មានថ្ងៃដែលខ្ញុំឆ្លើយតប? ក្នុងរយៈជិត ៥០០ ថ្ងៃនេះ តើខ្ញុំបានធ្វើអ្វីខ្លះក្រៅពីខំដាក់ចេញនូវគោលនយោបាយ និងដើរជួបប្រជាពលរដ្ឋ។ យើងប្រជុំដាក់គោលនយោបាយ គេថាយើងប្រជុំលើមេឃអត់ចុះជួបប្រជាពលរដ្ឋ។ យើងចុះជួបប្រជាពលរដ្ឋគេថាយើងសំដែង។ ថ្ងៃនេះមកនេះបានប៉ុន្មានខ្សឺតអម្បាញ់មិញ ដាក់ទៅប្រាកដជាគេថាជួលគេមកថើបសំដែងទៀតហើយ។
ថាអីថាទៅរឿងថើប រឿងអោបកុំសុំ។ (ខ្ញុំ)សុំតែមួយ កុំខាំដូច Mike Tyson … ការគោរព ការស្រឡាញ់ ការរាប់អានគ្នា គ្មានតួនាទី គ្មានឋានរន្ដសក្ដិ។ ថ្ងៃមុនខ្ញុំទៅកម្មវិធីមួយ អ៊ំស្រីម្នាក់ (ធ្វើការខាង) អនាម័យ។ ឃើញខ្ញុំមកគាត់ឈរអឹមអៀម។ គាត់ឃើញគេថត។ យុវជនពាក់អាវធំ គេថត។ គាត់ចង់(ថត)។ គាត់សួរថាសុំអោបបានអត់? អញ្ចឹងក៏អោប។ ខ្ញុំសួរម៉េច(អត់ហ៊ានអោប?)។ គាត់ថា អត់ហ៊ានអោប ខ្លាចធុំក្លិនឆ្អាបលើក្មួយ។ អត់ទេ (ខ្ញុំមិនប្រកាន់ទេ)។ ខ្ញុំអរគុណចំពោះការស្រឡាញ់។ ខ្ញុំជឿថា ប្រជាជនខ្មែរយើងវិនិច្ឆ័យ។ គាត់មើលថាតើរដ្ឋាភិបាល ទាំងខ្ញុំនិងមន្ដ្រីរបស់ខ្ញុំ ទាំងមន្ដ្រីគណបក្សប្រជាជនកម្ពុជា យើងមិនល្អឥតខ្ចោះទេ យើងមានបញ្ហា(ខ្វះខាត) យើងបន្ដដោះស្រាយ ប៉ុន្ដែសួរថាមន្ដ្រី និងថ្នាក់ដឹកនាំគណបក្សប្រជាជន រដ្ឋាភិបាល គ្រប់គ្នាធ្វើបាបប្រជាជនទេ ? អត់ទេ។ មានតែខិតខំបានតិច បានច្រើនជូនប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋឲ្យតំលៃ។ ខ្ញុំជឿថាអញ្ចឹង។ គេមើលចំណុចវិជ្ជមាន។ ប៉ុន្ដែកុំភ្លេចថាស្រូវមិនល្អឆ្នាំនេះ ប៉ុន្ដែយ៉ាងហោចណាស់មានទឹកធ្វើស្រែដែរ ដោយសាររដ្ឋអន្ដរាគមន៍ធ្វើប្រឡាយទឹក។ ឆ្នាំនេះស្វាយចន្ទី យើងផលិតបានដាក់ជាកំប៉ុងយកទៅដាក់ផ្សារនៅបារំាង មានអក្សរខ្មែរ ដោយសាររដ្ឋបើកច្រក។
ឥឡូវ ទុរេន តាង៉ែន ខ្មែរចាប់ផ្ដើមរុញចេញទៅទីផ្សារចិន។ ប្រមូលទិញ direct។ ដំណាប់ស្វាយរបស់យើងរុញចេញបាន។ វាមិនទាន់ចេញបានទូលំទូលាយទេ ប៉ុន្ដែបង្កើតឲ្យមាន ហើយពង្រីកឲ្យកាន់តែធំបន្ដិចម្ដងៗ។ ថ្ងៃណាមួយយើងនឹងអាចម្ចាស់ការនាំចេញខ្លួនឯង។ ផលិតផលយើងប្រទាក់ក្រឡាគ្នាបាន។ មិនខុសពីរោងចក្រទេ ពីដំបូងយើងបង្កើតឲ្យតែបានសិន ផលិតខោអាវ ប្រេនទាបៗក៏បានដែរ ការងារតែ ៥ម៉ឺននាក់ក៏បានដែរ ប្រាក់ខែអប្បបរមា ៤០ដុល្លារក៏បានដែរ ឲ្យតែមកសិន។ យូរៗ យើងមានប្រាក់ខែអប្បបរមាដល់ ២០០ជាង អត្ថប្រយោជន៍ផ្សេងៗជាច្រើន។ នេះជាការសន្សំតក់ៗ ពេញបំពង់ ធ្វើម៉េចថែរក្សាស្ថិរភាព សន្ដិភាព ភាពទាក់ទាញវិនិយោគទាំងក្នុង និងក្រៅប្រទេស មានឱកាសហើយបងប្អូនរបស់យើងអាចរីកចំរើនជាមួយគ្នា។
(៤២) ការងារនិងប្រាក់ខែអប្បរមា២០៨ ឆ្នាំ២០២៥ អត្ថប្រយោជន៍ ប.ស.ស កើតពីគោលនយោបាយគណបក្សប្រជាជនកម្ពុជា
តើហេតុអ្វីបានហ៊ាននិយាយថា ទោះបីជាស្ថានភាព(បណ្តាលពីការដាក់ពន្ធពី)អាមេរិកលំបាកយ៉ាងណា យើងនឹងត្រូវការពារ … អាចថាគណបក្សប្រជាជនដែលដឹកនាំរដ្ឋាភិបាល រដ្ឋអំណាច រាល់អាណត្តិនេះ ជាអ្នកឈររៀបចំបង្កើតផ្ទាល់ ជាកូនបង្កើតរបស់យើង អាណត្តិទីមួយ មាន ២គណបក្សដែលដឹកនាំរដ្ឋាភិបាលចម្រុះ តែក្រោយមករដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដើរទាក់ម៉ូយបង្កើតគោលនយោបាយជាច្រើន។ បានន័យថាការងារ ១ លាន ៨សែននាក់នេះ ប្រាក់ខែអប្បរមា២០៨ ឆ្នាំ២០២៥ អត្ថប្រយោជន៍ ប.ស.ស កើតឡើងដោយសារគោលនយោបាយគណបក្សប្រជាជនកម្ពុជាធ្វើឲ្យបងប្អូន។ អ្នកដែលដាំផ្ទាល់ ស្រលាញ់ដើមដែលខ្លួនឯង។ ចេកហ្នឹងផ្លែមិនល្អក៏ដោយ ប៉ុន្តែបើឲ្យអ្នកដាំទៅកាប់ គាត់នឹងព្យាយាម។ តែបើមិនមែនអ្នកដាំ គេចាំកាប់ថ្ងៃណាក៏បានដែរ។ គេមិនសូវឲ្យតម្លៃ ព្រោះគេមិនបានដាំ …។
បងប្អូន ដោយសារ(គោលនយោបាយរបស់)គណបក្សប្រជាជនកម្ពុជា មិនមែនតែ ១០ចំណុច ដែលឯកឧត្តម ហេង សួរ និយាយនោះទេ។ បងប្អូនអង្គុយនៅទីនេះ មានឱកាសធ្វើជាប្រធានសហជីព ជាដំណាង ដោយសារមានរោងចក្រ មានកម្មករ យើងមិនអាចធ្វើម្នាក់ឯងដោយគ្មានសហជីពទេ។ ធ្វើសហភាពសហព័ន្ធសហជីពទាល់តែកម្មកររាប់ពាន់ រាប់ម៉ឺន(នាក់) … អញ្ចឹង ការដែលមានសហព័ន្ធសហជីព មានសិទ្ធិមានឱកាសដើរតួនាទីនេះ គឺដោយសាររដ្ឋាភិបាលបង្កើតការងារាប់ពាន់ ផ្តល់សិទ្ធិសេរីភាពឲ្យចងក្រងជាសហជីព តំណាងឲ្យដែរ ទើបទៅរួច។ ជាសមិទ្ធផលរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ បើចេញមកមានការលំបាក ដាក់ពន្ធដាក់អីប៉ះពាល់ គេនឹងទាមទារថាហ្នឹងជាកំហុសរដ្ឋាភិបាល។ តែសុំអោយបងប្អូនជឿ សូមឲ្យបងប្អូនផ្តល់យុត្តិធម៌។ ទម្រាំតែបានថ្ងៃនេះ រដ្ឋាភិបាលជាបាតដៃដឹកនាំដោយគណបក្សប្រជាជនកម្ពុជានឹងខិតខំការពារ។ បើថ្ងៃក្រោយមានបញ្ហាលំបាកបន្តិចបន្តួច សូមបងប្អូនកុំភ្លេចថាទូកនេះ រដ្ឋាភិបាលបានខំកសាងហើយ។ បើមានចន្លោះតូចមួយកុំពន្លិច។ ពាក្យខ្មែរថា បុណ្យធំប៉ុនសំពៅ ទោសតូចមួយចូលទៅ រលាយបាត់អស់។ សូមគិតថាអ្នកដែលគេស្រែក គេនឹងកេងចំណេញ។ សួរថាតើបងប្អូនបានប៉ុណ្ណេះ តើបាតដៃអ្នកណាធ្វើឲ្យបងប្អូន។ ខ្ញុំគិតថាគ្មានអ្នកណាអាចប្រៀបជាមួយរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបាននោះទេ។
(៤៣) ប្រឈមការលំបាក មិនមែនជាពេលកេងចំនេញ ដាក់បន្ទុកគ្នា តែការពារផលប្រយោជន៍សេដ្ឋកិច្ច ផលប្រយោជន៍ការងារ និងពាណិជ្ជកម្មទាំងអស់គ្នា
គេថា ឲ្យធ្វើម៉េច បើគេមិនកាន់អំណាចផង។ បងប្អូន ក្នុងនាមជាអ្នកដឹកនាំនយោបាយ គេមានជម្រើសទៅជួបជាមួយអាមេរិក ជួបជាមួយអឺរ៉ុប។ ប៉ុន្មានឆ្នាំមុន ដែលអឺរ៉ុបកាត់ EBA ក៏មានបាតដៃរបស់លោកសម រង្ស៊ី … កាលនោះលោក សម រង្ស៊ី និង កឹម មនោវិទ្យា បានទៅជួបអឺរ៉ុបទាមទារឲ្យគេបោះឆ្នោតកាត់ EBA។ បើអ្នកឯងមិននៅក្នុងរដ្ឋាភិបាល ប៉ុន្តែអ្នកឯងជាអ្នកនយោបាយ ចាំបាច់ទៅទាមទារឲ្យគេកាត់ EBA ធ្វើអ្វី។ នៅស្ងៀមទៅ។ បើទៅជួបនឹងវិនិយោគបរទេស កុំគំរាមថាបើឡើងកាន់អំណាចនឹងលុបចោល តែទាក់ទាញទៅ។ ទៅជួបអាមេរិកថា ខ្ញុំអត់ត្រូវជាមួយនឹងរដ្ឋាភិបាលទេ ប៉ុន្តែបងប្អូនខ្ញុំ អ្នកគាំទ្រខ្ញុំ ក៏មានបោះឆ្នោត និងធ្វើការ(ក្នុងរោងចក្រ) អញ្ចឹងសូមឲ្យអាមេរិកលើកទឹកចិត្តវិនិយោគទៅ។ បើលើកបែបនេះគ្មានអ្នកថាគទេ។
វាមិនមែនរឿងលទ្ធភាពធ្វើទេ យ៉ាងហោចណាស់ក៏មានទឹកចិត្តធ្វើដែរ។ សិទ្ធិនៅក្នុងការជួបសំណូមពរក្នុងនាមជាអ្នកនយោបាយ ឬជាបុគ្គល … ខ្ញុំសូមប្រាប់ អ្នកនយោបាយដូចគាត់ ចាញ់ទាំងប្រជាពលរដ្ឋខ្មែរផង។ ប្រជាពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួនបាននាំគ្នាសរសេរសំបុត្រទៅសភាដើម្បីឲ្យអាមេរិកគិតគូរពីការការពារថែរក្សា GSP ដើម្បីការពារអត្ថប្រយោជន៍របស់យើង។ បានន័យថាអ្នកនយោបាយខ្មែរទៅអាមេរិក ទៅឲ្យគេកាត់ GSP នៅពេលដែលអាមេរិកវាយតម្លៃថាឲ្យឬមិនឲ្យ ដាក់សម្ពាធ ពេលដែលខ្មែរអាមេរិកាំងមួយចំនួនបានសរសេរសំបុត្រទៅអ្នកនយោបាយសភាអាមេរិកាំង សូមឲ្យជួយផ្តល់ការអនុគ្រោះបន្តឲ្យកម្ពុជា ឲ្យបងប្អូនមានការងារធ្វើ។ ចាញ់ប្រជាពលរដ្ឋខ្មែរអាមេរិកាំងត្រង់ហ្នឹង។
ខ្លួនក៏ធ្លាប់នៅក្នុងសភា ស៊ីប្រាក់ខែរដ្ឋ ៥៥កៅអីដែរ គុណនឹង ២០០០(ដុល្លារ) ចូលប៉ុន្មាន? មួយខែចូល ១លាន(ដុល្លារ) មួយឆ្នាំ ១០លានដុល្លារជាង ពេលនោះអត់មានស្រែករឿងព្រំដែន CLV-DTA ទេ។ ពេលដែលយើងវាយគ្នាការពារជាតិនៅតាមាន់តាក្របី អត់មានមាត់មួយម៉ាត់ទេ ថែមទាំងគិតថាហ្នឹងជាឧបាយកលគណបក្សប្រជាជនជាមួយថៃរួមគំនិតគ្នាបង្កើតរឿងព្រំដែនទៀត។ ដល់ឥឡូវមកធ្វើគ្រាន់បើជាអ្នកស្នេហាជាតិ។ សួរថាជាសមាជិកសភាពេលនោះមានដែលទាក់ទាញវិនិយោគមកទេ? ទាក់ទាញវិនិយោគមិនមែនជាការងារផ្តាច់មុខទេ។ សិទ្ធិសេរីភាពក្នុងការការពារអត្ថប្រយោជន៍ប្រជាពលរដ្ឋ មិនមែនជាកាតព្វកិច្ចនិងសិទ្ធិផ្តាច់មុខរបស់រដ្ឋាភិបាលនោះដែរទេ។ តាំងពីរដ្ឋាភិបាលអាមេរិកប្រកាសថ្ងៃ ២(មេសា) មកដល់ម៉ោងនេះ យើងមានតំណាងសហជីពរបស់យើង មានសហព័ន្ធរបស់យើងសរសេរសំបុត្រទៅសុំឲ្យអាមេរិកពិចារណាដើម្បីគិតគូរផលប្រយោជន៍របស់បងប្អូនរបស់យើង។
ក្រុមហ៊ុនអាមេរិក សភាពាណិជ្ជកម្មអាមេរិក សរសេរសំបុត្រ ខំប្រឹង lobby អាមេរិកដើម្បីឲ្យគិតគូរ។ អញ្ចឹងបានន័យថាម៉េច? មិនមែនមានតែរដ្ឋាភិបាលសុំធ្វើការចរចាទេ ប៉ុន្តែសហជីពខ្មែរតំណាងនិយោជក សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជាជាច្រើនណាស់ មានសិទ្ធិសរសេរបញ្ចេញជាសម្លេងសូមឲ្យគិតគូរ។ ធ្វើបានមិនបានវាមិនសំខាន់ៗ មានទឹកចិត្ត។ បើមានទឹកចិត្តគឺយើងធ្វើទាំងអស់គ្នា។ បងប្អូនយើងទាំងអស់ សហជីពនៅទីនេះ ខ្ញុំគិតថាពេលដែលយើងប្រឈមការលំបាកទាំងអស់គ្នា មិនមែនជាពេលដែលយើងត្រូវកេងចំនេញ ចង្អុលគ្នា ដាក់បន្ទុកទាំងអស់គ្នាទេ។ ត្រូវការពារផលប្រយោជន៍របស់សេដ្ឋកិច្ច ផលប្រយោជន៍ការងារ និងពាណិជ្ជកម្មរបស់យើង នេះគឺត្រូវធ្វើទាំងអស់គ្នា។
(៤៤) ចចារនឹងសហរដ្ឋអាមេរិកតាមគោលការណ៍ជាសមាជិកពាណិជ្ជកម្មពិភពលោក ឲ្យស៊ីងសង្វាក់គ្នាគ្រប់ប្រទេស
ប្រទេសផ្សេងៗ កាណាដាអីហ្នឹង ពេលដែលគេជាប់ពន្ធជាមួយអាមេរិក បក្សនយោបាយនៅកាណាដា ទាំងបក្សប្រឆាំង និងបក្សនយោបាយកាន់អំណាចរួមគ្នាដើម្បីចរចាជាមួយនឹងអាមេរិក ដើម្បីផលប្រយោជន៍នៅទីនោះ។ ជិតបោះឆ្នោតផង បក្សប្រឆាំងមិនចេញមកដើម្បីជេរអ្នកកាន់អំណាចរឿងអញ្ចេះទេ។ បងប្អូន ខ្ញុំមិនមែនរិះគន់អ្នកណាទេ។ ខ្ញុំគ្រាន់លើកការពិតឲ្យបងប្អូនពិចារណា។ អ្នកដែលខិតខំកសាងបានប៉ុណ្ណេះ ហើយទៅមុខទៀត យើងខិតខំធ្វើមិនគិតចូលឆ្នាំទេដើម្បីការពារបងប្អូន។ យើងមិនដំអក់ទេ។ ៤១ម៉ោង មិនដល់ពីរថ្ងៃ យើងចេញគោលការណ៍ត្រៀមចរចា។ អ្នកឯងជេរចុះ តែខ្ញុំធ្វើដោយមិនបោះបង់នូវអធិបតេយ្យភាព បោះបង់ឯករាជ្យភាព។ យើងនឹងចរចាដោយស្មើភាពជាមួយគ្នា គិតគូរផលប្រយោជន៍ទៅវិញទៅមក មិនខុសពីគេទេ។ យើងមានគោលជំហររបស់យើង។ គេមានគោលជំហររបស់គេ។ មានអ្វីដែលយើងឯកភាពគ្នា អ្វីដែលមិនឯកភាព ប៉ុន្តែគោលការណ៍ចចារជាមួយនឹងអាមេរិក ត្រូវគិតថា យើងមិនមែនចរចាតែជាមួយនឹងអាមេរិកទេ គឺយើងជាសមាជិករបស់ពាណិជ្ជកម្មពិភពលោក។ ស្អីដែលយើងឲ្យទៅអាមេរិក ត្រូវឲ្យគ្រប់គ្នាសម្រាប់ប្រទេសទាំងអស់។
(៤៥) ក្នុងព្យុះពាណិជ្ជកម្ម ចាប់យកកាលានុវត្តភាព ពិនិត្យខ្លួនឯង ពង្រឹងចំណុចខ្សោយ ឲ្យមានភាពធន់
ប្រទេសមួយៗដូចគ្នា មិនមែនចរចាជាមួយអាមេរិក ដាក់លក្ខខណ្ឌហ្នឹងឲ្យទៅអាមេរិក ឯប្រទេសផ្សេងទៀត ត្រូវតែឲ្យដូចគ្នា។ អញ្ចឹងយើងការពារគ្រប់ជ្រុងជ្រោយ។ បានន័យថាយើងបើកសមរភូមិចរចាគ្រប់ទិសពេលជាមួយគ្នា។ គ្រាន់តែនិយាយជាមួយអាមេរិកមួយ ប៉ុន្តែពេលជាមួយគ្នាដាក់ការការពារជាមួយនឹងប្រទេសផ្សេងទៀត។ ប្រទេសផ្សេងទៀតប្រាប់ថាប្រទេសដែលចរចាជាមួយនឹងអាមេរិកសុំគិតពីប្រទេសផ្សេងផង … អញ្ចឹងការចរចាមិនមែនងាយស្រួលទេបងប្អូន។ បើឲ្យក្រុមហ៊ុនមិនមែនតែមកពីតែពីអាមេរិកណាមកវិនិយោគ លក់ចេញក៏មិនមែនលក់តែទីផ្សារអាមេរិកដែរ លក់ទៅទីផ្សារអឺរ៉ុប ទីផ្សារចិន ទីផ្សារជប៉ុនទាំងអស់ អញ្ចឹងយើងខិតខំធ្វើ ហើយការងារបច្ចេកទេសនេះ ខ្ញុំទុកឲ្យអ្នកបច្ចេកទេសចុះ។ អ្វីដែលខ្ញុំជួបជាមួយនឹងបងប្អូនថ្ងៃនេះ ហើយបន្តទៅ សុំឲ្យមានការទុកចិត្ត ជឿជាក់ និងភាពកក់ក្តៅចំពោះឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការគិតគូរការពារអត្ថប្រយោជន៍របស់បងប្អូនរបស់យើង ជាពិសេសបងប្អូនកម្មករ កម្មការិនីរបស់យើងដែលអាចធ្វើទៅបាន។ មិនត្រឹមតែប៉ុណ្ណឹងទេ ក្រោយពីព្យុះនេះ យើងនឹងព្យាយាមតទៅទៀត។ ក្នុងព្យុះនេះ យើងកំពុងតែចាប់យកកាលានុវត្តភាពតាមរយៈការពិនិត្យខ្លួនឯង ចំណុចណាដែលនៅខ្សោយពង្រឹងខ្លួនឯងដើម្បីឲ្យមានភាពធន់ ការបង្កើតយ៉ាងណាឲ្យកាន់តែច្រើន។
(៤៦) រួមគ្នារក្សាឱកាស និងរក្សាឆ្នាំងបាយ កុំឲ្យឆេះ មានសន្តិភាព ស្ថិរភាព និងសន្តិសុខ
ម្សិលមិញ ខ្ញុំជួបអ្នកវិនិយោគមកពីអារ៉ាប់ អ្នកវិនិយោគមកពីចិន អ្នកវិនិយោគមកពីកូរ៉េ ពីអាមេរិកក៏ជួបដែរពង្រីកឡានអាមេរិក ឡាន made in Cambodia។ បន្តិចទៀត ក្រុមហ៊ុននោះនឹងរៀបចំរថយន្តមួយចំនួនដើម្បីនាំចេញពីកម្ពុជាទៅទីផ្សារក្រៅប្រទេស។ តាំងពីនាំទឹកក្រូចមួយកំប៉ុងចូល ឥឡូវយើងផលិតផ្គត់ផ្គង់នាំចេញ តាំងពីខោអាវ បង្គុំអគ្គិសនី ខ្សែក គ្រឿងអលង្ការ គ្រឿងរថយន្តផ្សេង។ អញ្ចឹងទៅមុខទៀត យើងនឹងខិតខំផលិតគ្រឿងអេឡិចត្រូនិច គ្រឿងបច្ចេកវិទ្យាមួយចំនួន។ software មួយចំនួនរបស់យើង ត្រូវគេយកទៅប្រើ ដូចប្រព័ន្ធក្រសួងប្រៃសណីយ៍ធ្វើ verify.com ដែលយើងយកមកឆែក។ ឥឡូវ ហ្វីលីពីន គេយកទៅប្រើ។ កូនខ្មែរអ្នកធ្វើ។ ដោយសារយើងល្អ ខួរក្បាលយើងខ្លាំង គេយកទៅប្រើ ផ្គុំជាមួយនឹងរបស់គេ។ មានអន់ប៉ុន្មានកូនខ្មែរ ខ្វះតែឱកាស។ នៅពេលដែលយើងមានឱកាសឈប់វាយគ្នា យើងបង្កើតឱកាសនិងទាញមកបន្ថែម កូនខ្មែរកាន់តែខ្លាំង។ អញ្ចឹងរួមគ្នាថែរក្សាឱកាស ថែរក្សាឆ្នាំងបាយ … តាមរយៈ ទី១ ការពារផ្ទះយើងកុំឲ្យឆេះ ការពារសុខសន្តិភាពឲ្យបាន ទោះក្នុងតម្លៃណាក៏ដោយកុំឲ្យវាយគ្នាឡើងវិញ។ ទី២ ស្ថិរភាពសន្តិសុខ កុំនៅបបួលគ្នាមកដុតដូចនៅ ១៨ សីហា ទៅមិនរួចទេ កុំចង់នៅលើផ្ការីក ផ្តួល(រដ្ឋាភិបាល)។
(៤៧) ចងចាំអតីតកាល បង្កាសង្រ្គាមកុំឲ្យកើត បារម្ភពីការបាត់បង់ទឹកដី ប៉ុន្តែកុំប្រើវិធីសាស្រ្តផ្តួលគ្នាទៅវិញទៅមក
មានតាម្នាក់នោះអាយុជិត ៨០ឆ្នាំហើយ នៅតែបបួលគេផ្តួលរដ្ឋាភិបាល។ កម្មករ/ការិនីមិនបាច់ធ្វើការទេ ផ្តួលរដ្ឋាភិបាល ងើបឈរ។ បងប្អូនដឹងហើយ មិនបាច់មើលអ្នកណាឆ្ងាយទេ ទាញតែ YouTube មក មើលភូមា មើលអ៊ុយក្រែន អត់សប្បាយទេ វាយគ្នា។ ថ្ងៃមុន ទូតបារាំងរៀបចំពិព័រណ៍ការចងចាំនៃការផ្តួលរលំប្រទេស។ ប៉ុន្មានថ្ងៃនេះខ្ញុំឃើញ និយាយអំពីខ្មែរក្រហម ដោយសារយើងវាយគ្នាបានឈានទៅដល់នោះ។ យើងមិននិយាយអំពីអតីតកាលទេ។ ៤០ឆ្នាំហើយ ប៉ុន្តែត្រូវចងចាំអតីតកាល ថាតើកត្តាស្អីខ្លះដែលនាំឲ្យយើងបែកបាក់គ្នាឈានទៅដល់សង្រ្គាមកុំឲ្យវាកើត។ កត្តាធំបំផុតដែលនាំឲ្យយើងវាយគ្នា គឺគំនិតជាតិនិយមជ្រុល ធ្វើឲ្យយើងភ័យខ្លាចពីការបាត់បង់ទឹកដី ភ័យខ្លាចដោយសារគេយកនេះយកនោះ ស្អប់ប្រទេសនេះស្អប់ជាតិនេះ តែការភ័យខ្លាចនេះក្លាយទៅជាការវាយគ្នាឯង។ យើងត្រូវស្រលាញ់ជាតិយើង។ ភ័យខ្លាចថាជាតិរបស់យើងបាត់បង់ ត្រូវហើយ ប៉ុន្តែកុំឲ្យយកវិធីសាស្រ្តតាមការផ្តួលគ្នាទៅវិញទៅមក ថាទាល់តែអ្នកនេះការពារបាន អ្នកនោះបានការពារបាន។ ទាល់តែប្តូរផ្តត់គំនិតនៃភ័យខ្លាចបាត់ប្រទេស ភ័យខ្លាចបាត់ប្រជាពលរដ្ឋ យើងតាមរយៈអ្វី? តាមរយៈការរួមគ្នាថែរក្សាសាមគ្គីឯកភាពជាតិ តាមរក្សាការបង្កើនសមត្ថភាពកូនខ្មែរ ការកសាងនូវសមត្ថភាពសេដ្ឋកិច្ចយើងម្ចាស់ការខ្លួនឯងកាន់តែរឹងមាំ។ ជាតិនិយមគឺស្នេហាជាតិ ស្រលាញ់ជាតិ ដូចគ្នាបងប្អូន ប៉ុន្តែមិនមែនទាល់តែយើងផ្តួលគ្នា ទាល់តែខ្ញុំបានធ្វើបានស្អីនោះទេ ត្រូវរួមគ្នាធ្វើទៅ។
(៤៨) “រួមគ្នាថែផ្ទះ ដែលពីមុនផ្ទះស្លឹក ក្រោយមកផ្ទះឈើ ឥឡូវផ្ទះថ្ម បន្តិចម្តងៗ ឈានទៅ ១០០ជាន់”
ប្រកួតគ្នាពីសមិទ្ធផលទៅ ពីគោលការណ៍ទៅ។ ខ្ញុំថាជេរៗចុះ វាយៗចុះ បងប្អូនខ្មែរយើងរាប់លាននាក់អង្គុយមើលទៅ។ ពេលដែលមានលំបាក ពេលដែលកូវីដ-១៩ អ្នកណារត់រកថ្នាំយកមកឲ្យបងប្អូនចាក់ ការពារជីវិត សម្តេចតេជោ អ្នកដែលស្រលាញ់បងប្អូន។ មួយថ្ងៃៗ គិតតែពីជេរ ហើយថាកុំចាក់ថ្នាំហ្នឹង ចាក់ថ្នាំហ្នឹងស្លាប់។ សម្តេចតេជោយកថ្នាំមកចាក់ឲ្យកូនខ្មែរស្លាប់។ មានអ្នកខ្លះប្រាប់ថា ចាក់ទៅអត់កូន។ ភ័យរហូត។ អ្នកខ្លះស្រែកថាចាក់ទៅស្លាប់ ឃើញប្រកាច់ភ្លាមៗ។ ប្រជាពលរដ្ឋរាប់លាននាក់ចាក់ថ្នាំ។ អញ្ចឹងបានន័យថាម៉េច? ការពិត មាសសុទ្ធមិនខ្លាចភ្លើង។ អ្នកឯងចង់បំភ័យយ៉ាងម៉េចក៏ដោយ។
បងប្អូនឃើញហើយថា រដ្ឋាភិបាលសម្តេចតេជោបានយកថ្នាំចាក់ឲ្យបងប្អូន បានការពារអាយុជីវិតពិតប្រាកដ។ គេជឿរដ្ឋាភិបាលហើយ។ ក្នុងការការពារការងារបងប្អូនដូចគ្នា។ សូមបងប្អូនជឿរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន ដែលបានខិតខំបង្កើតការងារជាក់ស្តែង ចរចាអត្ថប្រយោជន៍ផ្សេងៗដល់បងប្អូន។ ឃើញក្រុមការងារដែលធ្វើការជាក់ស្តែង មិនមានពេលចូលឆ្នាំ ដើម្បីត្រៀមចរចាជាមួយនឹងអាមេរិក ដើម្បីឲ្យគេយល់ ឲ្យឃើញដើម្បីការពារអត្ថប្រយោជន៍របស់បងប្អូន។ សូមបងប្អូនជឿចុះ យើងមិនទៅណាទេ។ យើងនៅតែបន្តតទៅទៀត ព្រោះភាពភ័យខ្លាចមួយនេះធ្វើឲ្យមនុស្សបាត់ស្មារតី អាចងាយស្រួលក្នុងការទាក់ទាញទៅធ្វើសកម្មភាពអីដែលជ្រុល។ អញ្ចឹងសូមបងប្អូនរក្សាលំនឹងទឹកចិត្ត រួមគ្នាថែផ្ទះយើង ពីមុនផ្ទះស្លឹក ក្រោយមកផ្ទះឈើ ឥឡូវឡើងផ្ទះថ្ម វាអត់ទាន់បានមួយរយជាន់ទេ តែបន្តិចម្តងៗយើងធ្វើ។
មិត្តខ្ញុំម្នាក់គាត់មកពីឆ្នាំ ១៩៩២ ឥឡូវគាត់មក គាត់ថាចុះពីឆ្នាំ ១៩៩២ យន្តហោះមកពីអាមេរិកចុះមកនៅក្រុងភ្នំពេញដូចវាលស្រែ។ តែឥឡូវ ចុះមក គាត់ស្មានថាហុងកុង។ អ្នកណាធ្លាប់ជិះយន្តហោះទៅក្រៅហើយមកវិញ ក្រលេកមើលពេលយន្តហោះជិតចុះ លើកដៃមើល ខុសគ្នាឆ្ងាយ។ ពីមុនចុះមកក្រៅពីភ្នំពេញ បើចុះពីពេលយប់ ងងឹតឈឹង។ ឥឡូវអត់ទេ ដើរទល់ភ្លឺ បើ walk street វិញ ថ្ងៃនេះថ្ងៃអាទិត្យគេដើរពេញទៀត។ មិនស្រួលបងប្អូននៅទីនេះចេញទៅទៀត។ ចូលឆ្នាំនេះ មិនមែនតែនៅវត្តភ្នំទេ។ នៅតាមភូមិអីរាំពេញហ្នឹងព្រោះផ្លូវទៅដល់។ កន្លែងខ្លះផ្លូវបេតុង។ ខ្ញុំចាញ់មិត្តភក្តិខ្ញុំមកពីអាមេរិក។ ថ្ងៃមុនគេមកពីអាមេរិក ខ្ញុំសួរថាស្នាក់នៅនៅឯណា? គេថាស្នាក់នៅផ្ទះសំណាក់នៅក្រោយ hotel ភ្នំពេញជិតបឹងកក់។ ខ្ញុំថានៅម៉េចកន្លែងហ្នឹងអត់មានស្អីផងហ្នឹង។ កាលពីពេលខ្ញុំចូលយូរហើយ នៅហ្នឹងមានស្អី ដូច ១០ឆ្នាំជាងហើយ។
ខ្ញុំជិះទៅជាមួយគាត់ ផ្លូវបេតុង ហើយសុទ្ធតែហាងកាហ្វេមាន internet នៅក្រោយហ្នឹង។ យើងមានដឹងឯណា។ ខ្មាសពួកម៉ាក។ ខ្ញុំសួរថាម៉េចដឹងបើមិនដែលមកស្រុកខ្មែរ? គេឆែក internet លើ Travelocity។ បានន័យថាអ្នកទេសចរគេមក គេដាក់។ យើងចាញ់ទាំងអ្នកមកពីក្រៅផង។ បានន័យថាលឿន។ អ្នកមកពីអាមេរិកខានតែ ១០ឆ្នាំជិះឡានវង្វេង។ ឥឡូវប៉ុណ្ណឹងចុះ។ ខ្ញុំកាត់ទេ កុំអីថែម ២ម៉ោងទៀត និយាយពីការងារ និយាយអំពីលំនឹង និងភាពជឿជាក់តែប៉ុណ្ណឹងទេ។ សុំតែប៉ុណ្ណឹងទេ ហើយសុំបងប្អូនបន្តទុកចិត្ត ហើយចូលរួមដើម្បីថែរក្សាប្រទេសយើងដើរទៅមុខទាំងអស់គ្នា។ ងាយស្រួល លំបាក ដូចយើងការប្តីប្រពន្ធ អាណាព្យាបាលមានបញ្ហាអ្វីនៅជាមួយគ្នាបន្តទៀត អត់រត់ចោលទេ នៅជាមួយគ្នា។
[ចប់សេចក្តីសេចក្ដីអធិប្បាយ១៥]
ជាថ្មីម្តងទៀត ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីគូពាក់ព័ន្ធទាំងអស់ ដែលបានខិតខំសម្រេចបាននូវលទ្ធផលការងារគួរជា ទីមោទនៈជាច្រើនក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការអនុវត្តប្រកបដោយជោគជ័យអនុសាសន៍គន្លឹះទាំងនេះ ជាពិសេស ចំណុចដែលខ្ញុំបានដាក់ចេញ នាពេលចុងឆ្នាំ ២០២៤ កន្លងទៅ ។
ទន្ទឹមនេះ ខ្ញុំក៏សូមរំឭកដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត សហការជាមួយអង្គការវិជ្ជាជីវៈ ព្រមទាំងនិយោជក ត្រូវរៀបចំពិធីសំណេះសំណាលជាមួយកម្មករនិយោជិត សហជីព តំណាងបុគ្គលិកសិក្សាខ្មែរ និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរូបភាពការឈប់សម្រាកលំហែ ការរៀបចំកម្មវិធីកម្សាន្តសប្បាយតាមដែលអាចធ្វើទៅបានផងដែរនៅតាមឱកាស ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង ហើយស្វែងយល់ឬមួយជួបជាប្រចាំ។
ជាទីបញ្ចប់, ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ, លោក លោកស្រី, បងប្អូនកម្មករ និយោជិត សហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និង សមាជិក សមាជិកា នៃអង្គពិធី សូមសម្រេចបានជោគជ័យគ្រប់ភារកិច្ច ក្រោមម្លប់សុខសន្តិភាព និង សូមប្រកបដោយពុទ្ធពរ និង ពរ ទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាត ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ១៦] ថ្ងៃនេះសម្រាប់សមាជិក សមាជិកាចូលរួម ព្រឹកនេះ ៥០៩៥ នាក់ ម្នាក់ៗទទួលបានអាហារសម្រន់មួយកញ្ចប់ និងថវិកា ១០ ម៉ឺនរៀលផងដែរ។ អាចសល់ដើរដល់ walk street យប់ហ្នឹងបាន ជូនមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ២៥ រាជធានីខេត្ត ក្នុងមួយមន្ទីរថវិកា ១០ លានរៀល សហជីពកម្មករ ១៨១ សហជីព ក្នុងមួយសហជីពមួយលានរៀល និងជូនក្រុមគ្រូពេទ្យប្រចាំអង្គពិធីថវិកា ៥ លានរៀលផងដែរ។ សូមអរគុណ៕