ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រដ្ឋសភា និងរាជរដ្ឋាភិបាល
លោកជំទាវ Bridgett Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជា–ណាចក្រកម្ពុជា
លោក Kevin Whitcraft ប្រធានក្រុមហ៊ុន RMA Group
គណៈអធិបតី ភ្ញៀវកិត្តិយស កម្មករ កម្មការិនី អង្គពិធីទាំងមូល ជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួមក្នុង «ពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែចង្វាក់ផលិតកម្មថ្មី និង រោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford នៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា)»។ ការពង្រីកខ្សែចង្វាក់ផលិតកម្មថ្មីរបស់ក្រុមហ៊ុន Ford Motor សហរដ្ឋអាមេរិក នៅលើទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាមោទនភាពមួយបន្ថែមទៀត សម្រាប់ពលរដ្ឋមូលដ្ឋាននៅទីនេះ ក៏ដូចជាប្រជាជននៅទូទាំងប្រទេស ក្នុងការទទួលបានវត្តមានថ្មីបន្ថែមរបស់ឧស្សាហកម្មធុនធ្ងន់ទំនើប ដែលបាន និងកំពុងចូលរួមបង្កើនឱកាសការងារ កំណើនបៀវត្ស, ការអភិវឌ្ឍធនធានមនុស្ស និង ការផ្ទេរបច្ចេកវិទ្យា ក្នុងការអនុវត្តការងារផ្ទាល់។
យោងតាមរបាយការណ៍របស់ លោក Kevin Whitcraft ប្រធានក្រុមហ៊ុន RMA Group ខ្ញុំពិតជាមានមោទនភាព និងវាយតម្លៃខ្ពស់ចំពោះគ្រប់ភាគីពាក់ព័ន្ធ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យយានយន្តនៅកម្ពុជា ជាពិសេស ចំពោះក្រុមហ៊ុនអន្តរជាតិ RMA Group ជាក្រុមហ៊ុននាំមុខមួយ ក្នុងការផ្គត់ផ្គង់ផលិតផល និងសេវា ជូនដល់ប្រជាពលរដ្ឋកម្ពុជា និងក្រុមហ៊ុន Ford Motor Company ជាក្រុមហ៊ុនដ៏ធំរបស់សហរដ្ឋអាមេរិក ដែលបានផ្តល់ទំនុកចិត្ត ទាំងនៅលើពិភពលោក និងក្នុងកម្ពុជាផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋខេត្តពោធិ៍សាត់ទាំងមូលក្នុងការរៀបចំ និងសប្បាយជាលក្ខណៈប្រពៃណីជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅកាលពីសប្តាហ៍មុន។ ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅបន្តមានភាពមិនប្រាកដប្រជា ក៏ការរៀបចំបានប្រព្រឹត្តទៅដោយរលូន។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ]
(១) ពីមួយជំហានទៅមួយជំហាន ពីមួយថ្ងៃទៅមួយថ្ងៃ កសាងសមិទ្ធផលជាក់ស្តែងបន្ថែម
ខ្ញុំសូមធ្វើការកោតសរសើរចំពោះរដ្ឋបាលខេត្ត អាជ្ញាធរគ្រប់ថ្នាក់ ស្រុកឃុំ ក្រុង ក៏ដូចជាសមត្ថកិច្ចគ្រប់បណ្ដាអង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទរបស់យើង និងជាពិសេស ប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ង ដែលបានចូលរួមរៀបចំបានល្អ។ ឥឡូវស្រួល មិនបាច់ទៅណា មិនបាច់ជិះដើរមើលទេ អង្គុយនៅក្នុងបន្ទប់ មើលឃើញទាំងអស់ តាមហ្វេសប៊ុក។ ម្នាក់ៗ សុទ្ធតែអ្នកផ្សព្វផ្សាយ។ អញ្ចឹង អ្នកពោធិ៍សាត់ក៏មិនតិចដែរដែលបង្ហោះតាមហ្វេសប៊ុកអំពីការសប្បាយរីករាយនៅគ្រប់កន្លែង។ នេះជាកិច្ចការសំខាន់ ដែលយើងបញ្ចប់ឆ្នាំចាស់ដោយជោគជ័យ ហើយបើកឆ្នាំថ្មីជាមួយនឹងសមិទ្ធផលបន្ថែមទៀត។
ម្សិលមិញ ខ្ញុំទៅសម្ពោធផែទេសចរណ៍អន្តរជាតិកំពត។ ថ្ងៃនេះ យើងមកសម្ពោធក្រុមហ៊ុនផលិតរថយន្តនៅពោធិ៍សាត់។ ពីមួយជំហានទៅមួយជំហាន ពីមួយថ្ងៃទៅមួយថ្ងៃ យើងតែងតែបានកសាងសមិទ្ធផលបន្ថែម។ ពិតណាស់ យើងមិនទាន់មានគ្រប់ទេ ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃ នៅក្រោមសុខសន្តិភាព និងការឈប់វាយគ្នានេះ បានបើកឱកាសឱ្យយើងឈានទៅដល់ចាប់បាននូវកាលានុវត្តភាពរបស់កម្ពុជា នឹងប្រែក្លាយកាលានុវត្តភាព ទៅជាសមិទ្ធផលជាក់ស្ដែង។ ខ្ញុំបានមកខេត្តពោធិ៍សាត់ច្រើនដង ហើយមកកន្លែងនេះពីរដង។
(២) ធ្វើឱ្យក្រុមហ៊ុនអាចបង្កើតនិងដំណើរការរោងចក្រ ឈានដល់ការពង្រីកខ្សែចង្វាក់ផលិតកម្ម
កាលពីខែមិថុនាឆ្នាំ២០២២ ខ្ញុំមកសម្ពោធក្រុមហ៊ុននេះជាលើកដំបូង ដែលបានជួបលោក Kevin Whitcraft នេះ តាំងពីមុនក្រុមហ៊ុនសម្ពោធឯណោះ។ កាលនោះ ខ្ញុំនៅជាមេទ័ពជើងគោក។ ថ្ងៃមួយ ខ្ញុំបានទទួលសំណើមួយពីជំនួយការរបស់ខ្ញុំថា មានប្រធានក្រុមហ៊ុន RMA ចង់ជួប ហើយឮសូរក្រុមហ៊ុន Ford មានគម្រោងបើករោងចក្រនៅស្រុកខ្មែរ។ ខ្ញុំថា “ក្រុមហ៊ុនអាមេរិក ក្រុមហ៊ុនយក្សមកបើករោងចក្រនៅស្រុកខ្មែរ នៅពោធិ៍សាត់”។ អញ្ចឹងខ្ញុំក៏ជួបជាមួយនឹងលោក Kevin Whitcraft។ ពេលនោះ យើងមានកិច្ចការកន្ទុយមួយចំនួនដែលនៅសេសសល់ មុននឹងឈានទៅដល់ការសម្រួលបើករោងចក្រ។ ខ្ញុំបានស្វាគមន៍គាត់ ហើយយើងក៏ធ្វើការ។
ខ្ញុំសូមអរគុណដល់ស្ថាប័នពាក់ព័ន្ធ មាន CDC មានអាជ្ញាធរខេត្ត មានគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានជួយរៀបចំ ធ្វើឱ្យក្រុមហ៊ុនអាចបង្កើតនិងដំណើរការបើករោងចក្របាន។ មិនមែនងាយស្រួលទេ … បើគ្មានការបង្កលក្ខណៈ ទៅមិនរួចទេ។ បើគ្មានការយកចិត្តទុកដាក់ទៅមិនរួចទេ បើគ្មានការខិតខំជួយសម្រួល ទៅមិនរួចទេ។ ជួបជាមួយគ្នា គាត់ថាចង់បើក(រោងចក្រ)។ ប៉ុន្តែវានៅគន្លឹះ បើថាមិនដោះទេ មិនអាចបើកបាន។ អញ្ចឹងគឺយើងដោះបាន ហើយដោះបានដោយជោគជ័យ។ ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណ ក៏ដូចជាអបអរសាទរចំពោះអាជ្ញាធរពោធិ៍សាត់ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ដែលរួមគ្នាធ្វើឱ្យដំណើរការនៃការបើករោងចក្រ ពីបីឆ្នាំមុន បានឈានទៅដល់ការពង្រីកខ្សែចង្វាក់ផលិតកម្មនៅថ្ងៃនេះ។
(៣) ពីជាខេត្តដែលទៅហួសមកហួស មកជាខេត្តមានតំបន់សេដ្ឋកិច្ចពិសេស មានសក្តានុពលឧស្សាហកម្មនិងពាណិជ្ជកម្ម
ខ្ញុំឱ្យឆែកមើលទិន្នន័យក្នុងរយៈពេលបីឆ្នាំនៅខេត្តពោធិ៍សាត់។ អម្បាញ់មិញ ខ្ញុំចូលមក ដើរជាមួយលោកស្រី Bridgette L. Walker ខ្ញុំប្រាប់គាត់ថា ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង គឺជាខេត្តដែលពីដើមឡើយ ដែលគេទៅហួសមកហួស។ គេទៅភ្នំពេញ ឬទៅដល់បាត់ដំបងតែម្ដង ព្រោះមិនដឹងថា ចូលមកពោធិ៍សាត់មានអី។ ចូលមកមានហាងស្អីមួយ ឈ្មោះដំរី(អីមិនដឹង) នៅ(ជិត)ក្រុមហ៊ុន Tela នោះ។ ក្រោយមកមានអូតែលប៉ុន្មាន។ ប៉ុន្តែទៅហួសមកហួស។ សកម្មភាពសេដ្ឋកិច្ចក៏មិនទាន់មាន។ បើកាលជំនាន់វាយគ្នា ឮថាផ្លូវ៥៦ ឥឡូវផ្លូវ៥៥ ជាសមរភូមិក្តៅ។ ទៅថ្មដា ទៅអីហ្នឹង ក៏ពិបាកទៅ។ ឥឡូវយើងអាចនិយាយបានថា ក្នុងរយៈពេលតែបីឆ្នាំទេ ប្រៀបធៀបពីពេលដែលខ្ញុំមកពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ឥឡូវនៅខ្វះតែពីរខែទៀតគឺគ្រប់បីឆ្នាំគត់។
និយាយពីក្រុមហ៊ុន Ford កាលទើបចាប់ផ្ដើម យើងមានបុគ្គលិក ១៦០នាក់ ហើយបៀវត្សរ៍កាលនោះចន្លោះពី ២៥០ ទៅ ៦០០ដុល្លារ។ ឥឡូវឆ្នាំ២០២៥ នេះ (បុគ្គលិក)យើងឡើងទៅដល់ ៤០៤នាក់ អញ្ចឹង ១គុណជា២ជាងទៅហើយ ហើយបៀវត្សរ៍ឡើងពី ៣២០ ទៅ ៨០០ ដុល្លារ។ អម្បាញ់មិញ ជួបប្អូនម្នាក់ (សួរគាត់ថាធ្លាប់)ជួបអត់កាលខ្ញុំមកលើកមុន គាត់ថាជួប ឥឡូវបីឆ្នាំហ្នឹងឡើងស័ក្ដិអត់? គាត់ថា គាត់ឡើង។ គាត់ឡើងតួនាទីពី quality control ឥឡូវទៅជាប្រធានផ្នែក។ នេះហើយគឺជាការវិវឌ្ឍរបស់កម្ពុជា វិវឌ្ឍ របស់ខេត្ត វិវឌ្ឍរបស់មនុស្សម្នាក់ៗ។ ទោះបីជាយើងមិនលឿនទៅដល់ណា ប៉ុន្តែមានស្ថិរភាពនៃការវិវឌ្ឍ។
តំបន់សេដ្ឋកិច្ចពិសេស ដូចទើបរៀបចំបើក។ កាលខ្ញុំមក មិនទាន់ជាតំបន់សេដ្ឋកិច្ចពិសេសទេ ទើបបើក(នៅឆ្នាំ)២០២៤ នេះទេ។ ឥឡូវទៅជាតំបន់សេដ្ឋកិច្ចពិសេស។ ពីពេលដែលខ្ញុំមកដំបូង មានតែ ៣០០ នាក់ទេនៅកន្លែងនេះ។ ឥឡូវចូល ៨០០ នាក់ ជិត ៩០០ នាក់ ដែលជាបុគ្គលិកនៅទីនេះ។ មានក្រុមហ៊ុន Ford, TOPEX, និង Minebea ចូលមកហើយនៅកន្លែងនេះ។ Minebea កំពុងសាងសង់ ជិតចូលមកទៀត។ អញ្ចឹងកាន់តែរីកនៅកន្លែងនេះ។ បើនិយាយពីក្របខ័ណ្ឌខេត្តពោធិ៍សាត់ ពីឆ្នាំ២០២២ យើងមានតែ ៣០០ រោងចក្រ គ្រឹះស្ថាន សហគ្រាស។
កម្មករនៅក្នុងនោះ អ្នកដែលមានការងារ ១ម៉ឺននាក់។ អញ្ចឹងមកដល់បីឆ្នាំក្រោយនេះ យើងមានឡើងទៅដល់ ៤០៤ គ្រឹះស្ថាន/សហគ្រាស និងឈានទៅដល់បង្កើតការងារ ១៥ ០០០ កន្លែង។ យើងគិតថា ទោះបីជាល្បឿនអាចថាយឺតជាងនៅភ្នំពេញ យឺតជាងនៅខេត្តមួយចំនួនក៏ដោយ ប៉ុន្តែយើងអាចថាមានមោទនភាពសំរាប់អ្នកពោធិ៍សាត់ព្រោះថាពីកន្លែងដែលគេជិះហួសមកហួស ទៅជាកន្លែងដែលមានសក្តានុពលខាងឧស្សាហកម្ម សក្ដានុពលខាងពាណិជ្ជកម្ម ដែលផលនៃការបង្កើតរោងចក្រ សហគ្រាស តាំងពីអត់តំបន់សេដ្ឋកិច្ចពិសេស ទៅជាតំបន់សេដ្ឋកិច្ចពិសេស តាំងពីរោងចក្រ-សហគ្រាស៣០០ ក្នុងបីឆ្នាំមុនមក ៤០០ជាង រាប់ម៉ឺននាក់មានការងារធ្វើនៅហ្នឹងកន្លែង។
(៤) កម្ពុជាមានសមត្ថភាពផលិតផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងនាំចេញទៅក្រៅ នូវផលិតផលកសិកម្ម ឧស្សាហកម្ម កម្មន្តសាល គ្រឿងបង្គុំអគ្គិសនី និងរថយន្ត
នៅទីនេះ មិនមែនសហគ្រាសផលិតត្រឹមវាយនភណ្ឌនោះទេ គឺឧស្សាហកម្មធុនធ្ងន់ គឺរោងចក្រផលិតរថយន្តតែម្ដង។ អម្បាញ់មិញ ខ្ញុំចូលមកជួបជាមួយនឹងអ៊ំម្នាក់។ សួរគាត់ថា គាត់មកធ្វើការឬ? គាត់ថា អត់ទេ! កូនមកធ្វើការនៅទីនេះ។ ខ្ញុំសួរថា មានអារម្មណ៍ម៉េចដែរ មានកូនផលិតឡាននៅកម្ពុជា? ២០-៣០ឆ្នាំមុន យើងមិនដែលគិតថា កម្ពុជាអាចផលិតរថយន្តនៅក្នុងប្រទេសទេ។ ពីឆ្នាំ ១៩៩០ ជាង ស្អីក៏នាំចូលដែរ។ ខ្ញុំឧស្សាហ៍និយាយ ពីឆ្នាំ១៩៩០ជាង ទឹកក្រូចមួយកំប៉ុងក៏នាំចូលដែរ (នាំចូលនូវ)ផលិតផលសម្រេច។ ផ្លែឈើកញ្ចប់ដែលវាយផ្លាកអន្តរជាតិ សុទ្ធតែធ្វើពីក្រៅប្រទេស។ ខោអាវយើងកាត់ពាក់ខ្លួនឯង តែមិនដែលនាំចេញខោអាវទៅក្រៅប្រទេសទេ។ ប៉ុន្តែមកដល់ឆ្នាំនេះ កម្ពុជាយើងអាចមានសមត្ថភាពផលិត ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកមួយចំនួន ហើយនិងនាំចេញទៅក្រៅនូវផលិតផលកសិកម្ម ផលិតផលឧស្សាហកម្ម កម្មន្តសាល គ្រឿងបង្គុំអគ្គិសនី។ យើងមានលទ្ធភាពផលិតរថយន្តផ្គត់ផ្គង់ទីផ្សារបន្ថែមទៀត នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ហើយទៅមុខមានលទ្ធភាពក្នុងការនាំចេញ។
(៥) ការធ្វើពាណិជ្ជកម្មគឺស្មើភាពគ្នា បានផលប្រយោជន៍ទៅវិញទៅមក ក្រុមហ៊ុនចំណេញ កម្ពុជាក៏បានចំណេញ
នេះហើយជាអ្វីដែលជាមោទនភាពរបស់កម្ពុជារបស់យើង។ តាមរបាយការណ៍ ឡានផលិតនៅកម្ពុជា មាន VIN (Vehicle Identification Number) number។ ឡាននីមួយៗមានលេខតួ លេខម៉ាស៊ីន មានដាក់ផ្លាក Made in Cambodia ទៀត។ នេះជាមោទនភាព។ ពីមុន យើងនាំចូលអ្វីទាំងអស់។ ក្រោយមក យើងផលិតនាំចេញ គ្រឿងភេសជ្ជៈ ខោអាវ គ្រឿងបង្គុំអគ្គិសនី។ ឥឡូវយើងផលិតរហូតទៅដល់ Made in Cambodia ជារថយន្ត។ មិនមែនរថយន្តធម្មតាទេ គឺរថយន្តដែលមានលក្ខណៈទំនើប ស្ដង់ដាខ្ពស់ កម្រិតអន្តរជាតិ ក្រុមហ៊ុនវិនិយោគមកពីអាមេរិក។ យើងក៏មានក្រុមហ៊ុន TOYOTA យើងមានក្រុមហ៊ុនមកពីកូរ៉េ និងក្រុមហ៊ុនមកពីប្រទេសផ្សេងៗជាច្រើន ដែលមានលក្ខណៈស្តង់ដា ដែលផលិតនៅយើង។ សួរថា នេះជាអ្វី? សួរថា នេះជាការកេងចំណេញរបស់បរទេសទៅកម្ពុជាឬ? មិនដូច្នោះទេ។ ការវិនិយោគ ការធ្វើពាណិជ្ជកម្មគឺស្មើភាពគ្នា (គោរព)ផលប្រយោជន៍ទៅវិញទៅមក។ ការវិនិយោគពីប្រទេសអាមេរិក ចិន ជប៉ុន កូរ៉េ គឺដើម្បីផ្ដល់ផលទៅវិញទៅមក។ ក្រុមហ៊ុនគាត់មានចំណេញ ប៉ុន្តែពេលជាមួយគ្នា កម្ពុជាក៏បានចំណេញដែរ។
(៦) លើកទឹកចិត្តវិស័យបង្គុំនិងតម្លើងរថយន្ត តាមរយៈពន្ធនាំចូលនិងអាករពិសេស
ក្នុងវិស័យផលិតរថយន្តនេះ រដ្ឋាភិបាលបានយកចិត្តទុកដាក់ជំរុញ តាមរយៈគោលនយោបាយលើកទឹកចិត្តគ្រឿងបង្គុំនិងដំឡើងរថយន្តមួយចំនួន។ យើងបានធ្វើការលើកទឹកចិត្តតាមពន្ធអាករ ពន្ធនាំចូលអាករពិសេស អាករលើតម្លៃបន្ថែមពី៥០% ទៅ៩០% តាមប្រភេទ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យផ្សេងៗ តាមគោលការណ៍ដែលយើងចេញតាំងពីឆ្នាំ២០១៩។ ជាមួយនឹងការលើកទឹកចិត្ត គ្រឿងបង្គុំដំឡើងរថយន្តក៏បានដាក់បញ្ជូលនៅក្នុងច្បាប់វិនិយោគរបស់កម្ពុជា។ រាជរដ្ឋាភិបាលក៏បានធ្វើការលើកទឹកចិត្តដល់គម្រោងវិនិយោគបង្គុំ និងដំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្ត ហើយធ្វើការបញ្ចុះពន្ធអាករពី៥០% ទៅ៩០% តាមប្រភេទ CKD IKD IKD1 IKD2 និងលើកទឹកចិត្តបន្ថែមពី៦០% ទៅ១០០% សម្រាប់ផ្គុំនិងដំឡើងទោចក្រយានយន្ត ត្រីចក្រយានយន្ត ប្រើថាមពលអគ្គិសនី EV។ នេះជាការសង្ខេបតិចៗ អំពីគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការលើកទឹកចិត្តទៅដល់វិស័យគ្រឿងយន្ត។ ដើម្បីអ្វី?
(៧) ទាក់ទាញអ្នកថ្មី បង្កលក្ខណៈឱ្យអ្នកចាស់ តាមគោលនយោបាយសេរី ភាពនឹងនរ សន្តិភាព ស្ថិរភាព
លោក Kevin Whitcraft បានលើកហើយថា រដ្ឋលើកទឹកចិត្ត តែសុំលើកទឹកចិត្តទាំងអស់ទាំងអ្នកមកថ្មី ទាំងអ្នកនៅក្នុងរាជរដ្ឋាភិបាល គិតទាំងអស់នៅក្នុងកិច្ចការនេះ គឺយើងធ្វើឱ្យបរិស្ថានមានភាពប្រកួតប្រជែង ស្មើភាពគ្នា មិនថាអ្នកចាស់និងអ្នកថ្មី។ ខ្ញុំធ្លាប់លើកជាប្រចាំហើយ។ គោលនយោបាយរបស់ខ្ញុំ គឺទន្ទឹមនឹងការទាក់ទាញអ្នកថ្មីមក គោលដៅសំខាន់បំផុតគឺអាទិភាពការថែរក្សានិងបង្កលក្ខណៈ ដែលអ្នកចាស់នៅមានវត្តមានវិនិយោគនៅកម្ពុជាឱ្យបន្តរីកចម្រើន។ នេះគឺជាការផ្សព្វផ្សាយ។ បើអ្នកមករកស៊ីនៅស្រុកខ្មែរខាត ហៅអ្នកណាមកទៀត គឺអត់មានអ្នកមកទេ។ បើគាត់រកស៊ីនៅស្រុកខ្មែរដោយត្រជាក់ត្រជុំ ដោយមានស្ថិរភាព ដូចអម្បាញ់មិញគាត់និយាយអញ្ចឹង គាត់ថានៅកម្ពុជាទាក់ទាញដោយសារគោលនយោបាយលើកទឹកចិត្តរបស់យើងសេរី និងផ្ដល់ច្រើន ភាពនឹងនរ និងសន្តិភាព ស្ថិរភាពរបស់យើង។ គ្មានអ្នកចង់ដាក់រោងចក្រផលិតបែបនេះ ដែលគិតថាបន្តិចទៀតត្រូវរលំដោយសារការវាយគ្នានោះទេ។ នេះហើយគឺជាការធានាបាន។
(៨) Ford RMA ដាក់ទុនផលិតខ្សែចង្វាក់ផលិតកម្មជាការវិនិយោគភ្ជាប់អនាគតក្រុមហ៊ុនជាមួយអនាគតកម្ពុជា
បើសិនជារដ្ឋាភិបាលកម្ពុជារាប់អាណត្តិមកនេះ មិនអាចគ្រប់គ្រងស្ថិរភាពបាន ក៏គ្មានអ្នកណាមកដែរ។ មិនចាំបាច់វាយគ្នាទេ គ្រាន់តែហានិភ័យនៃការផ្ទុះនូវការបែកបាក់ ក៏គេមិនមកដាក់ដែរ ក៏គេមិនពង្រីកខ្សែចង្វាក់ផលិតកម្មដែរ។ ប៉ុន្តែ ដោយសារគេយល់ថារាជរដ្ឋាភិបាលពីអាណត្តិមុនៗ ដឹកនាំដោយសម្ដេចតេជោ និងបន្តដឹកនាំដោយអាណត្តិនេះដោយគណបក្សប្រជាជនកម្ពុជា ធានាបាននូវស្ថិរភាពរយៈពេលវែង ទើបមានការទុកចិត្ត និងការវិនិយោគពង្រីកបន្ថែមនូវផលិតផល។ នេះជាការពិត។ គ្មានអ្នកណាចង់ដាក់ទុននៅកន្លែងដែលអសន្តិសុខទេ។ នៅក្នុងតំបន់សង្គ្រាមមួយចំនួន គេឱ្យដី Free ក៏គ្មានណាទៅធ្វើអូតែលដែរ …។
តែបើមកប្រទេសមួយដែលស្ថិរភាព សុវត្ថិភាព មានភាពនឹងនរ គឺគេវិនិយោគហើយ។ ជាពិសេសវិនិយោគបែបនេះ ដូចក្រុមហ៊ុន Ford RMA គាត់ដាក់ទុនរាប់សិបលានដុល្លារ ផលិតខ្សែចង្វាក់ផលិតកម្ម ធានារហូតដល់ ១ម៉ឺនគ្រឿង មិនមែនធ្វើដើម្បីមួយឆ្នាំ ឬពីរឆ្នាំនោះទេ គឺធ្វើដើម្បីអនាគត។ គាត់សម្រេចចិត្តដាក់វិនិយោគភ្ជាប់អនាគតក្រុមហ៊ុនរបស់គាត់ជាមួយនឹងអនាគតរបស់ប្រទេសកម្ពុជា គឺដោយសារគាត់គិតថាប្រទេសកម្ពុជានឹងនៅថែរក្សាសុវត្ថិភាព ស្ថិរភាព សន្តិសុខ រយៈពេលវែង។ ប្រជាជនខ្មែរយើងគួរមានមោទនភាពបែបនេះ។
(៩) ពីមួយអាណត្តិទៅមួយអាណត្តិ រដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តវិនិយោគ ដើម្បីទាក់ទាញវិនិយោគិនមកកាន់តែច្រើន ហើយអ្នកវិនិយោគមានស្រាប់កាន់តែរីកចម្រើន
មិនមែនប្រទេសទាំងអស់អាចនិយាយបានដូចគ្នានោះទេ។ សូម្បីតែនៅអាស៊ាន១០របស់យើង ក៏ប្រទេសខ្លះមិនអាចធានាបានដែរ ទាំងស្ថិរភាព និងសន្តិសុខ សន្តិភាព។ ប្រទេសខ្លះវាយគ្នា គេចាប់ផ្ដើមរើចេញ។ ទាំងសន្តិសុខផ្លូវចិត្ត បានន័យថា ការធានានូវគោលនយោបាយរបស់រដ្ឋ។ កន្លែងខ្លះការធានារបស់រដ្ឋមានការប្រែប្រួល។ អញ្ចឹងអត់មានភាពប្រាកដប្រជា uncertainty។ អត់មានភាពប្រាកដប្រជា គោលនយោបាយដូរប្រែប្រួលចុះឡើង ជួនកាលកំពុងតែធ្វើចាប់ផ្ដើមចេញមកតឹងលើសដើម។ តែរដ្ឋាភិបាលកម្ពុជាពីមួយអាណត្តិទៅមួយអាណត្តិគិតតែខិតខំលើកទឹកចិត្តវិនិយោគកាន់តែធូរទៅៗ ដើម្បីឱ្យអ្នកវិនិយោគមកកាន់តែច្រើន អ្នកវិនិយោគនៅនឹងកន្លែងកាន់តែរីកចម្រើន។ យើងដាក់ចេញគោលនយោបាយពន្ធដារ លើកទឹកចិត្តផ្សេងៗដើម្បីឱ្យធូរ។ ប្រទេសខ្លះមិនធម្មតា។ ធ្វើបានមួយរយៈ រដ្ឋចាប់ផ្ដើមរឹតបន្តឹង (អ្នកវិនិយោគ)ចាប់ផ្ដើមរើចេញ។ ប្រទេសធំក៏ដោយ។
(១០) ការអនុគ្រោះនេះ មានសម្ពាធលើចំណូលពន្ធគយនិងពន្ធដារ តែលើកទឹកចិត្តដល់ក្រុមហ៊ុនមកវិនិយោគ
ប៉ុន្តែ នៅកម្ពុជា យើងធានាបានស្ថិរភាព។ ពីមួយអាណត្តិទៅមួយអាណត្តិ យើងខិតខំកែទម្រង់សម្រួលឱ្យកាន់តែប្រសើរ កាត់បន្ថយកាតព្វកិច្ច លក្ខខណ្ឌផ្សេងៗ ជាច្រើន សម្រួលនីតិវិធីជាច្រើន … សូម្បីតែពន្ធនៅក្នុងវិស័យនេះ យើងក៏បានផ្ដល់គោលការណ៍អនុគ្រោះច្រើនណាស់។ ឯកឧត្តម គុណ ញឹម មកទេថ្ងៃនេះ? ឯកឧត្តម គុណ ញឹម ឲ្យតែឮទម្លាក់ពន្ធទៅឲ្យក្រុមហ៊ុន គឺគាត់ព្រួយបារម្ភ ព្រោះគាត់ត្រូវប្រមូលពន្ធ។ ពិតណាស់ ចំណូលនិងចំណាយ។ ចំណាយយើងត្រូវការច្រើន ប៉ុន្តែចំណូលក៏យើងគិតដែរ។ ចូលហោប៉ៅឆ្វេង និងស្ដាំ។ ចំណូលពន្ធគយយើងអាចប៉ុណ្ណឹង។ ឬមួយពន្ធដារ ឯកឧត្ដម គង់ វិបុល (ក៏ព្រួយបារម្ភដែរ) ព្រោះឲ្យផលិតក្នុងស្រុកគឺបាត់ពន្ធនាំចូលរថយន្ត។ ពន្ធនាំចូលរថយន្តនេះមួយផ្នែកធំដែរ។ ពន្ធនៅក្នុងស្រុកយើងអនុគ្រោះមួយចំនួន ប៉ុន្តែការអនុគ្រោះនេះ លើកទឹកចិត្តឲ្យក្រុមហ៊ុនមកវិនិយោគ។
(១១) ក្រុមហ៊ុនមកវិនិយោគ បង្កើតការងារ ផ្តល់ប្រាក់ឈ្នួល ដែលហូរចូលទៅក្នុងចរន្តសេដ្ឋកិច្ច
ក្រុមហ៊ុនមកវិនិយោគបង្កើតអី? ទីមួយ បង្កើតការជូនប្រជាពលរដ្ឋ។ នៅទីនេះ គ្រាន់តែយើងនិយាយក្រុមហ៊ុន Ford មួយ ពី១៦០នាក់ ពីបីឆ្នាំមុន (ឥឡូវ)ឡើង៤០០នាក់ជាង ទៅមុខខ្សែចង្វាក់អាចរីកបង្កើតបន្ថែមទៀត។ បៀវត្សរ៍គុណទៅ យើងដឹងហើយពី២៥០(ដុល្លារ)ដល់៦០០(ដុល្លារ) (ឥឡូវ)ឡើងដល់៣០០(ដុល្លារ)ទៅ៨០០(ដុល្លារ) ទៅមុខអាចកើនទៀត។ ការបង្កើតការងារដើម្បីអី? មិនមែនបង្កើតការងារដូចជំនាន់ ប៉ុល ពត ប្រជាពលរដ្ឋធ្វើការអត់មានបានកម្រៃទេ គឺគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋកម្មករម្នាក់ ដែលធ្វើការនៅរោងចក្រនេះបានលុយគាត់យកទៅណា? គាត់យកទៅផ្ទះ យកទៅចំណាយទៅលើទីផ្សារ។ បានន័យថា គាត់ទៅជួយចិញ្ចឹមបន្ថែមកសិករ ជួយចិញ្ចឹមអ្នកលក់ដូរ សេដ្ឋកិច្ចវិលបន្ថែមទៀត។
(១២) លើកលែងឬបន្ធូរបន្ថយពន្ធ សម្រួលដល់ផលិតកម្មក្នុងស្រុក ដើម្បីប្រជាពលរដ្ឋអាចទិញឡានថ្មី ក្នុងតម្លៃសមរម្យ និងមានគុណភាព
ការលើកលែងពន្ធ បន្ធូរបន្ថយពន្ធ លើកទឹកចិត្តពន្ធក្នុងកម្រិតណាមួយ ក៏បានជួយសម្រួលឲ្យមានការផលិតនៅក្នុងស្រុក ដើម្បីប្រជាពលរដ្ឋមានលទ្ធភាពទិញឡានថ្មីជិះក្នុងតម្លៃសមរម្យ។ ឡានថ្មីមិនមែនឡានដែលគ្រាន់តែផលិតក្នុងស្រុកអត់គុណភាពនោះទេ។ ឡានថ្មីដែលមានគុណភាពស្ដង់ដាអន្តរជាតិ ផលិតដោយក្រុមហ៊ុនអន្តរជាតិ បានន័យថា ប្រជាពលរដ្ឋយើងមានលទ្ធភាពទិញរថយន្តដែលផលិតនៅក្នុងប្រទេសកម្ពុជា ជាមោទនភាពមួយហើយ ប៉ុន្តែតម្លៃសមរម្យដែលថាធូរជាងការនាំចូលមួយចំនួន បើរថយន្តដូចគ្នា (វាមានគុណភាពផង)។ បានន័យថាយើងឲ្យប្រជាពលរដ្ឋយើងមានលទ្ធភាព។ ខ្ញុំមិនចាំបាច់ដាក់គោលការណ៍ហាមមិនឱ្យនាំឡានជជុះចូល ដើម្បីបង្ខំមនុស្សទិញឡានថ្មីយកមកចូល គឺយើងបើកជម្រើសឲ្យប្រជាពលរដ្ឋ។
ដើម្បីឲ្យគាត់មានលទ្ធភាពទិញឡានថ្មីប្រើ កាត់បន្ថយផលប៉ះពាល់បរិស្ថាន ត្រូវបង្កើតជម្រើសតាមទីផ្សារសេរីគឺបង្កើតជម្រើសឡានថ្មីដែលមានតម្លៃសមរម្យ គុណភាពល្អ ឲ្យប្រជាពលរដ្ឋយើងទិញ។ ការដោះស្រាយតាមការលើកទឹកចិត្តឲ្យបង្កើតក្រុមហ៊ុនផលិតរថយន្ត ផ្គុំរថយន្តនៅកម្ពុជា ជាគោលការណ៍ដែលអាចជួយដោះស្រាយបញ្ហានេះ ដោយមិនចាំបាច់ដាក់លក្ខខណ្ឌមិនឲ្យនាំឡានចាស់ចូល។ ប្រទេសខ្លះនៅអាស៊ានហាមមិនឲ្យនាំឡានជជុះចូល។ ខ្ញុំមិននិយាយប្រទេសណាទេ។ ហាមមិនឲ្យយកឡានមួយទឹកចូល ត្រូវតែទិញឡានថ្មីទាំងអស់។ តែកម្ពុជាអត់ចាំបាច់ធ្វើបែបហ្នឹងទេ។ គ្រាន់តែឆែកស្ដង់ដាសុវត្ថិភាព ត្រូវឆៀកបច្ចេកទេសឲ្យគ្រប់គ្រាន់។ ការផ្ដល់លទ្ធភាពឲ្យប្រជាពលរដ្ឋមានរថយន្តថ្មីជិះ តម្លៃសមរម្យ ជារូបមន្តមួយដែលយើងខិតខំដោះស្រាយ …។
(១៣) ថ្នាក់ជាតិខិតខំប្រឹងរុញមក ឯថ្នាក់ខេត្ត/ស្រុកដែលនៅផ្ទាល់ត្រូវបង្កលក្ខណៈ
សូមយកឱកាសនេះ ធ្វើការកោតសរសើរដល់ក្រុមការងារចុះជួយខេត្តពោធិ៍សាត់ ឯកឧត្តម កែវ រតនៈ ជាសកម្មជនយ៉ាងសំខាន់មួយសម្រាប់ទម្លុះ និងសម្រាប់សម្របសម្រួលដោះស្រាយធ្វើម៉េចឲ្យតំបន់សេដ្ឋកិច្ចនេះដើរ។ ជួបថ្ងៃណាក៏និយាយតែរឿងហ្នឹង “សម្ដេច! ចង់ធ្វើអញ្ចេះ/អញ្ចុះ ចង់រុញក្រគរឲ្យទៅ …”។ ថ្ងៃមុនជួបជាមួយក្រុមហ៊ុនជប៉ុន កូរ៉េ លើកទឹកចិត្តក្រុមហ៊ុន RMA ក្រុហ៊ុន Minebea មកកន្លែងនេះ ដើម្បីធ្វើយ៉ាងណាឲ្យក្រគរ និងខេត្តពោធិ៍សាត់ទាំងមូលទៅជាកន្លែងល្អ។ មិនមែនតែឧស្សាហកម្មនៅទីនេះទេ នៅតំបន់វារីអគ្គសនី តំបន់មួយចំនួន កសិ-ឧស្សាហកម្ម ឬមួយទេសចរណ៍ដែលជំរុញ នេះគឺជាកិច្ចការសំខាន់។
ខ្ញុំសូមកោតសរសើរនិងអរគុណចំពោះអាជ្ញាធរខេត្ត រដ្ឋបាលខេត្ត អភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ទៅលើការបង្កលក្ខណៈជួយជំរុញ។ បើសិនជាថ្នាក់ជាតិខំប្រឹងរុញមកហើយ នៅថ្នាក់ខេត្ត/ស្រុកបង្កការលំបាក គេអត់មកទេ ព្រោះអ្វីដែលសំខាន់គឺនៅផ្ទាល់ជាមួយគេរាល់ថ្ងៃ។ មិនមែនរាជរដ្ឋាភិបាលនិយាយមួយម៉ាត់គេមកទេ។ បើមកជាប់នៅខេត្ត ដោះស្រាយអីក៏មិនចេញ យូរៗផង … អញ្ចឹងការដែលគេមកទីនេះ និងការដែលទាក់ទាញបន្ថែម គឺសំខាន់ក្រុមការងារថ្នាក់ជាតិ បូកជាពិសេស អាជ្ញាធរខេត្ត មន្ត្រីគ្រប់ស្ថាប័នចំណុះខេត្តតែម្ដង ព្រោះឥឡូវយើងវិមជ្ឈការអស់ហើយ គឺខិតខំធ្វើយ៉ាងណាទាក់ទាញបង្កលក្ខណៈយ៉ាងណាឲ្យវិនិយោគខេត្តពោធិ៍សាត់កាន់តែល្អ ដើម្បីប្រកួតប្រជែងជាមួយគេ។
(១៤) ប្រកួតប្រជែងក្នុងន័យវិជ្ជមាន ធ្វើឱ្យខេត្តទាក់ទាញនិងដោះស្រាយបញ្ហាដីធ្លីនិងវិនិយោគឲ្យបានល្អ
ប្រកួតប្រជែងជាមួយខេត្តផ្សេងមិនមែនបានន័យថា ទៅប៉ែងជើងខេត្តផ្សេងទេ គឺខំប្រឹងធ្វើខ្លួនយើងឲ្យកាន់តែល្អ កាន់តែងាយស្រួលកាន់តែទាក់ទាញជាងគេ និងប្រកួតប្រជែងឈ្នះៗ។ នេះហើយបានន័យប្រកួតប្រជែងក្នុងន័យវិជ្ជមាន។ ខេត្តផ្សេងចង់ប្រកួតប្រជែងជាមួយពោធិ៍សាត់ ទាល់តែខិតខំបង្កើនលក្ខខណ្ឌ និងដោះស្រាយទាំងបញ្ហាដីធ្លី និងបញ្ហាវិនិយោគទាំងអស់ឲ្យបានល្អ។ ខ្ញុំសូមសរសើរ ព្រោះលទ្ធផលមកដល់ម៉ោងនេះ ខ្ញុំក៏តាមមើលដែរ។ សូមអរគុណដល់ CDC និងក្រសួងស្ថាប័នពាក់ព័ន្ធដែលបានជួយជំរុញលើការងារនេះ។
ឯកឧត្តម លោកជំទាវ ទៅទាក់ម៉ូយមិនមែនងាយស្រួលទេ។ ទាក់ម៉ូយហើយឲ្យគេសម្រេចចិត្តមកដាក់ទុន មិនស្រួលទេ។ គេដាក់ទុនហើយ គេនៅជាមួយយើងយូរ គេពង្រីកទៀត គេទុកចិត្តលើយើង មិនងាយស្រួលទេ។ បានន័យថា ដើម្បីឲ្យមានការរីកចម្រើនមកដល់ម៉ោងនេះ ទាល់តែមានលទ្ធផលនៃការសហការទាំងអស់គ្នា ទាំងថ្នាក់ជាតិនិងក្រោមជាតិ ដែលខ្ញុំសូមយកឱកាសថ្ងៃនេះដើម្បីថ្លែងអំណរគុណ និងសូមអំពាវនាវបន្តខិតខំប្រឹងប្រែងជួយបង្កលក្ខណៈឲ្យវិនិយោគិននៅក្នុងខេត្តនេះ។ ទាំងវិនិយោគិនក្រៅស្រុក និងក្នុងស្រុក។
(១៥) វិនិយោគការផលិតធាតុផ្គុំក្នុងស្រុកឲ្យច្រើន ដើម្បីជាការតភ្ជាប់ទៅឧស្សាហកម្ម/សិប្បកម្មក្នុងស្រុក
យើងខិតខំធ្វើឲ្យមានការតភ្ជាប់ជាមួយឧស្សាហកម្មផ្សេងៗ ឬមួយក៏សិប្បកម្មផ្សេងៗ ដែលជាធាតុបង្គុំ។ ឥឡូវរាជរដ្ឋាភិបាលខិតខំធ្វើឲ្យការវិនិយោគ ការផលិតធាតុផ្គុំនៅកម្ពុជា មានកាន់តែច្រើន។ ដូចរថយន្តនេះអញ្ចឹង ពេលចាប់ផ្ដើម គេហៅ CKD (Complete Knocked Down) បានន័យថា ធាតុបង្គុំទាំងអស់ ទាំងប៉ុន្មានពាន់គ្រឿងហ្នឹងធ្វើនៅក្រៅទាំងអស់។ យកមកក្នុងនេះគ្រាន់តែផ្គុំទេ។ ប៉ុន្តែ ឥឡូវ យើងឈានទៅដល់ IKD (Incomplete Knocked Down), IKD1 ឬបានន័យថា ធាតុផ្គុំមួយចំនួនត្រូវបានផលិតនៅក្នុងស្រុក មិនមែនយកមកពីក្រៅទាំងអស់ទៀតទេ។
ខ្ញុំសង្ឃឹមថា ថ្ងៃក្រោយ ឧស្សាហកម្មយានយន្តនឹងខំធ្វើយ៉ាងម៉េចបង្កើតនូវការផលិតធាតុផ្គុំនៅក្នុងប្រទេសឲ្យកាន់តែច្រើន។ ជួនកាលធ្វើការដៃគូរជាមួយក្រុមហ៊ុនក្នុងស្រុក។ Ford ជួនកាលមិនចាំបាច់ទៅយកពូកពីប្រទេសខាងក្រៅធ្វើអី។ សិប្បកម្មនៅក្នុងខេត្តពោធិ៍សាត់ ឬមួយក៏អ្នកវិនិយោគនៅក្នុងស្រុកណាមួយដែលផលិតពូក។ ឥឡូវកម្ពុជាផលិតពូកនាំចេញទៅអ៊ីតាលីឯណោះ។ យើងផលិតនៅហ្នឹង។ ផលិត Dashboard ផលិតអីធ្វើនៅក្នុងហ្នឹង។ ថ្ងៃក្រោយធាតុផ្គុំឡានហ្នឹងមានប៉ុន្មានពាន់មុខយកពីក្រៅ ក៏នឹងកាន់តែតិចៗទៅ។ ផលិតនៅក្នុងហ្នឹងឱ្យច្រើន។ រាជរដ្ឋាភិបាលកំពុងតែដាក់ទិសដៅរៀបចំគោលនយោបាយលើកទឹកចិត្តអ្នកដែលមកផលិតគ្រឿងបង្គុំឱ្យបានច្រើននៅកម្ពុជា។
(១៦) “បើក្រុមហ៊ុនរថយន្តបានការលើកទឹកចិត្ត តើអ្នកផលិតក្នុងខ្សែចង្វាក់ទាំងមូលទទួលបានការអនុគ្រោះកម្រិតណាមួយទេ”
កម្ពុជាមិនមែនជាប្រទេសដែលប្រមូលធាតុផ្គុំពីក្រៅប្រទេសមកផ្គុំ(ក្នុងស្រុកហើយ)នាំចេញទេ តែផលិតឱ្យកាន់តែច្រើនជាអតិបរមានៅកម្ពុជា។ នេះជាគោលដៅដែលយើងដាក់ចេញ។ សង្ឃឹមថា យើងនឹងបន្តទៀត។ បច្ចុប្បន្ន យើងឃើញមានហើយ ឧទាហរណ៍ជាក់ស្តែងក្រុមហ៊ុន Ford នេះ ដែលដំបូងយកទាំងអស់ពីក្រៅ។ ឥឡូវយើងមានការផលិតនៅក្នុងមួយចំនួន។ ថ្ងៃមុន ខ្ញុំទៅមើលក្រុមហ៊ុន Honda ផលិតម៉ូតូ។ ពីដំបូងដូចគ្នា គឺយកពីក្រៅទាំងអស់មកផ្គុំលក់។ ឥឡូវផលិតធាតុផ្គុំរបស់ខ្លួនកាន់តែច្រើន ហើយធាតុផ្គុំខ្លះគឺផលិតហើយលក់ទៅក្រៅវិញទៀត។ នេះហើយគឺជាអ្វីដែលកម្ពុជាខ្សែចង្វាក់ផលិតកម្ម។
ពាក្យថាខ្សែចង្វាក់ផលិតកម្មគឺគ្រប់ជំហាននៃការផលិតគឺសុទ្ធតែជាឱកាសនៃការវិនិយោគ។ មិនមែនបានន័យថាផលិតរថយន្តទាល់តែចេញជារថយន្តទើបានហៅថា Business ទេ។ ផលិតតែខ្ចៅខ្យងហ្នឹងក៏ជា Business មួយដែរ។ ផលិតតែពូក តែកម្រាលជើងក៏ជា Business ដែរ។ អញ្ចឹងខ្ញុំសូមឱ្យ Ford ព្យាយាមចាប់យកដៃគូនៅក្នុងប្រទេស។ ជាគោលនយោបាយ យើងក៏អាចគិត(ពីការអនុគ្រោះ)។ ថ្ងៃមុនទៅរោងចក្រ Toyota ខ្ញុំបានធ្លាប់និយាយម្តងថា “បើយើងឱ្យក្រុមហ៊ុនរថយន្តបានការលើកទឹកចិត្តហ្នឹង តើយើងអាចគិតពីខ្សែចង្វាក់ហ្នឹងទេ។ អ្នកដែលផលិតនៅក្នុងខ្សែចង្វាក់ទាំងមូលហ្នឹង អាចគិតពីការអនុគ្រោះកម្រិតណាទេ” ដើម្បីយើងជំរុញ។
(១៧) ពង្រឹងខ្សែចង្វាក់ផលិតកម្មក្នុងស្រុក ដើម្បីមានពិពិធកម្មផលិតកម្ម និងមានភាពធន់
គោលដៅនៃការធ្វើឱ្យមានលទ្ធភាព(ផ្គត់ផ្គង់)ភាគច្រើននៅក្នុងស្រុក គឺដើម្បីធានា ទី១ ពិពិធកម្មផលិតកម្ម។ បើធ្វើឡានមួយយើងយកតែរថយន្ត យកតែគ្រឿងបង្គុំមក យើងផលិតបានតែឡានទេ។ តែបើឡាននេះ យើងអាចផលិតទាំងពូក ទាំងកៅអី ទាំងគ្រឿងបង្គុំអគ្គិសនីនៅក្នុងស្រុក បានន័យថា ឡានមួយនេះយើងធ្វើពិពិធកម្មច្រើនមុខហើយ។ ទី២ ធ្វើឱ្យកម្ពុជាគឺថាមានភាពធន់។ មានភាពធន់បានន័យម៉េច? បើសិនជាខ្សែចង្វាក់ផលិតកម្ម ឬគ្រឿងបង្គុំនៅក្នុងស្រុកមានកាន់តែច្រើន បានន័យយើងពឹងការនាំចូលកាន់តែតិចទៅៗ។ អញ្ចឹងការនាំចូលនេះ នាំពីក្រៅមក វាមានហានិភ័យច្រើន។ បើសិនជាព្យុះនៅប្រទេសដែលផលិតហ្នឹង គឺយើងស្ទះ។
កាលមុន ខ្ញុំប្រើ (Hilux) Vigo។ ខ្ញុំចង់ Upgrade ទៅ Fortuner ដោយសារវាមានកាបាំង(cabin)ក្រោយ។ កម្ម៉ង់ ២ឆ្នាំជាងអត់ចេញ។ រោងចក្រផលិតនៅជប៉ុនទេ ប៉ុន្តែផ្នែកមួយចំនួនគាំងនៅថៃ ដោយសារថៃទឹកជំនន់។ ដល់អញ្ចឹងឡានផ្គុំអត់ចេញ ដោយសារការពឹងធាតុចូលពីខាងក្រៅ។ មួយទៀត បើសិនជាការឡើងចុះ ឬមួយបញ្ហាពាក់ព័ន្ធទៅនឹងពាណិជ្ជកម្ម ឬតម្លៃនៃការដឹកជញ្ជូនអី បើយើងផលិតនៅក្នុងកាន់តែច្រើន យើងអាចធានាការផលិតរថយន្តក្នុងស្រុក(ដែល)មិនថ្លៃ។ បើសិនជាយើងពឹងនៅខាងក្រៅច្រើន ទោះបីជាក្នុងស្រុកយើងឱ្យរួចពន្ធក៏ដោយ តែបើគ្រឿងបង្គុំដឹកមកវាថ្លៃ ឡានក៏ឡើងថ្លៃដែរ។
(១៨) ពីនាំចូលសូម្បីតែទឹកក្រូចមួយកំប៉ុង ឥឡូវមានរោងចក្រតម្លើងរថយន្តដល់ទៅ៩ ដែលអាចមានលទ្ធភាពផលិតគ្រឿងបង្គុំនាំចេញ
អ្វីដែលសំខាន់គឺការបង្កើតឱកាសការងារ និងជំនាញដល់កូនចៅប្រជាពលរដ្ឋរបស់យើង។ យើងចង់បានភាពធន់ និងធនធានមនុស្សរយៈពេលវែង។ ក្រុមហ៊ុន Ford បើកនៅទីនេះ លោក Whitcraft មិនបានដឹកអ្នកជំនាញពីអាមេរិកមកទាំងអស់ទេ គឺយកបងប្អូននៅខេត្តពោធិ៍សាត់។ ដំបូង មានបង្រៀននៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ក្រសួងការងារមួយចំនួនន ហើយចេញមកធ្វើការ។ ឥឡូវគាត់ធ្វើឱ្យខ្សែចង្វាក់កាន់តែទំនើបបន្ថែម ជំនាញរបស់គាត់មាននេះហើយ ដែលយើងមានកាន់តែច្រើន។ ថ្ងៃក្រោយអាចបម្រើទៅដល់ឧស្សាហកម្មផ្សេងៗ ឬមួយអាចធ្វើអីបានផ្សេងទៀត។ នេះគឺជាការធានានិរន្តរភាពនៃការវិនិយោគរយៈពេលវែង។ ឥឡូវ យើងមាន៩ រោងចក្រដំឡើងរថយន្ត។ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ៦ និងនៅខាងក្រៅមាន ៣។
អញ្ចឹង បងប្អូនណាយល់ថាកម្ពុជា ជាប្រទេស(ពឹង)តែកសិកម្ម សូមចាប់អារម្មណ៍ថាយើងមានរោងចក្រផលិតឡាន៩។ ឡានមែនទែន មិនមែនឡានជ័រទេ។ មាន Robot មានគ្រឿងបច្ចេកទេសទំនើប ហើយបញ្ជាដោយកូនខ្មែររាប់ពាន់នាក់។ បើបូកទាំង ៩នេះទៅ។ នេះគឺជាសមត្ថភាពជាក់ស្ដែង ដែលយើងពីមុនធ្លាប់តែទឹកក្រូចមួយកំប៉ុងក៏នាំពីក្រៅ ឥឡូវយើងមានលទ្ធភាពផលិតរថយន្តដល់ទៅ៩ ដើម្បីបម្រើទីផ្សារខាងក្នុង ហើយទៅខាងមុខអាចមានលទ្ធភាព(ផលិតគ្រឿង)បង្គុំនាំចេញ។ ខ្ញុំនិយាយអាចមានលទ្ធភាព។ សំខាន់មានតែម Made in Cambodia។ មិនមែនមានតែខោអាវទេគឺមានទាំងឡានដាក់ VIN Number Cambodia ទៀត។ នេះជាមោទនភាពកម្ពុជា។ ដើរជំហានគីង្គក់ តែយើងលោតទៅមុខ តក់ៗពេញបំពង់។ កុំមើលងាយអាតក់ៗពេញបំពង់។
(១៩) កម្ពុជាធានាបានម៉ាក្រូសេដ្ឋកិច្ច សុខសន្តិភាព ស្ថិរភាព ការពារវិនិយោគ នាំដល់ការវិនិយោគ និងពង្រីកខ្សែចង្វាក់ផលិតកម្ម ពិសេសដោយក្រុមហ៊ុន RMA
ដូចនេះ យើងត្រូវរក្សាស្ថិរភាព ទាំងសុខសន្តិភាព ទាំងសន្តិសុខ បូកជាមួយគោលនយោបាយរបស់រដ្ឋាភិបាល។ បើសិនអត់មានស្ថិរភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏មានបញ្ហាដែរ។ បើសិនជាបន្តិចដូរៗ គឺមិនដឹងអ្នកណាធ្វើអី? ម្តងថាវិស័យឯកជន ១០០% បរទេសអាចមាន ១០០%។ ដូចឥឡូវ ស្រាប់តែអ្នកណាឡើងមកថា ទេឱ្យតែ៥០% ទេ ត្រូវតែលក់៥០% ទៀត ទៅឱ្យរដ្ឋ ឬមួយក៏អ្នកក្នុងស្រុក។ ស្រាប់តែអ្នកម្នាក់មកទៀតថា អត់ទេ ក្រុមហ៊ុនផលិតរថយន្តហ្នឹងត្រូវតែមករដ្ឋ ១០០% អាហ្នឹងចប់បាត់ហើយ។ តែកម្ពុជាធានាបានស្ថិរភាពទាំងអស់ ទាំងម៉ាក្រូសេដ្ឋកិច្ច ទាំងគោលនយោបាយ ទាំងសុខសន្តិភាព ស្ថិរភាព បូកជាមួយនឹងការវិនិយោគ ការការពារវិនិយោគ។ នេះគឺស្ថិរភាពដែលក្រុមហ៊ុនវិនិយោគបរទេសចាប់អារម្មណ៍ ជាពិសេសក្រុមហ៊ុន RMA ដែលពង្រីកខ្សែចង្វាក់ផលិតកម្មនេះ គឺប្រាកដជាវាយតម្លៃរួចទៅហើយ។
ក្រុមហ៊ុនយក្សមួយៗ មិនមែនធ្វើការព្រាវទេ។ គេមិនមែនធ្វើការតាមអារម្មណ៍ទេ។ បើគេមិនធ្វើការព្យាករណ៍ ១០-២០ឆ្នាំទេ គេមិនមកដំឡើងទេ។ អញ្ចឹងបានន័យថាក្រុមហ៊ុន Ford ប្រាកដជាមើលឃើញកត្តានៅទីនេះអាចធានាការផលិតហើយ បានជាសម្រេចវិនិយោគបន្ថែម។ ខ្ញុំសូមអរគុណណាស់លោក Whitcraft ដែលសម្រេចចិត្តពង្រីកខ្សែចង្វាក់ផលិតកម្មនៅកម្ពុជា។ ខ្ញុំមក ២ដង ម្តងណាក៏កាន់តែរីក។ នេះហើយគឺអ្វីដែលខ្ញុំចង់បាន ចង់ឃើញ។ ហៅខ្ញុំទៅសម្ពោធចុះ ខ្ញុំមិនហត់ទេ ឱ្យតែសម្ពោធសមិទ្ធផលថ្មីៗ តែបើហៅសម្ពោធសមិទ្ធផលដដែល ហើយអត់រីក ខ្ញុំអត់ទៅទេ។ គ្រាន់តែយកនិមិត្តរូបភូតគេ អត់ទៅទេ។ តែបើរីកដើរទៅមុខគឺយើងទៅ។ ថ្ងៃនេះគឺរីកដើរទៅមុខមែន។ ទោះបីជាយើងរីកពី១៦០ ទៅ៤០០ ពីផលិតរថយន្តប៉ុន្មានរយគ្រឿងទៅចូលពាន់គ្រឿង។
(២០) អបអរវឌ្ឍនភាពជាតិដែលរដ្ឋបានធ្វើដើម្បីបណ្តាខេត្តនានា ដូចជាពោធិ៍សាត់ កំពង់ចាមមានសក្តានុពល
យើងអាចនិយាយបានថា ចូលរួមអបអរវឌ្ឍនភាពរបស់ជាតិយើងរបស់អ្នកខេត្តពោធិ៍សាត់ របស់អ្នកស្រុកក្រគរ របស់យើង។ ខ្ញុំសង្ឃឹមថាស្រុកក្រគរ នឹងកាន់តែរីកចម្រើនបន្តទៅទៀត។ មិនត្រឹមតែស្រុកគគរទេ គឺអ្នកខេត្តពោធិ៍សាត់ ដោយសាររដ្ឋបានធ្វើច្រើនណាស់ដើម្បីឱ្យខេត្តពោធិ៍សាត់ ខេត្តកំពង់ចាម ខេត្តទាំងអស់មានសក្តានុពល។ មុនគេគឺសុខសន្តិភាពនេះហើយ។ ខេត្តពោធិ៍សាត់ជាតំបន់វាយគ្នា ដូចជាតំបន់ថ្មដា ចិនយំហ្នឹង។ បើគ្រាន់តែចិនយំហ្នឹង ក៏ពាក្យហ្នឹងមិនដឹងបកមកពីអី។ ឯកឧត្តមមេបញ្ជាការកងពល១៤ ប្រហែលជាអាចដឹង។ ពាក្យហ្នឹងចិនយំ ឬចេញយំ? អ្នកខ្លះថាចិនយំ អ្នកខ្លះថាចេញយំ។ ថាផ្លូវហ្នឹងលំបាកណាស់ពីមុនដល់ចេញទៅយំហើយ ព្រោះផ្លូវចោតនិងក្រឡាប់។ អ្នកខ្លះថាមានអ្នកដំណើរចិនមកដល់ហ្នឹងចេញទៅយំ។ ខ្ញុំមិនដឹងទេ តែឥឡូវលែងយំហើយ ព្រោះផ្លូវទៅដល់ថ្មដា។
ខ្ញុំមក ២ដង។ មកម្តង ផ្លូវ៥៥ ធ្វើមិនទាន់ដល់។ យើងជិះឡើងកាត់ភ្នំតាមជ្រលងខ្ពស់។ ដល់ទៅលើកក្រោយជិះៗភ្លេចផ្លូវរលោងពេកទៅដល់។ មកលើកមុន បងប្អូនណាមានពាក់កងដៃរាប់ជំហានទេ? ខ្ញុំពាក់ Fitbit របស់អាមេរិកាំង។ ឱ្យតែយើងដើរមួយជំហានគេរាប់។ អញ្ចឹងមួយថ្ងៃបាន ១ម៉ឺនជំហាន។ គេបាញ់កាំជ្រួចមួយ។ ខ្ញុំធ្វើដំណើរទៅថ្មដាពេលមិនទាន់ធ្វើហើយ ជិះទៅដល់កន្លែងដែលជើងគោកយើងមានតំបន់អភិវឌ្ឍនៅចិនយំហ្នឹង … ចុះអុជធូបនៅកន្លែងសក្ការៈមួយ ស្រាប់តែកាំជ្រួចបាញ់។ គេថាខ្ញុំដើរបាន ១ម៉ឺនជំហានហើយ សូមអបអរសាទរ។ តាមពិតយើងជិះឡានរលាក់សោះ។ អញ្ចឹងវា(ច្រឡំ)រាប់ថា ១ម៉ឺនជំហាន បាញ់កាំជ្រួច។ ខ្ញុំថា “សូម្បីតែឧបករណ៍រាប់ជំហានហ្នឹង ក៏វង្វេងដែរ”។ តែឥឡូវផ្លូវរលោង។
(២១) ពោធិ៍សាត់/កំពង់ឆ្នាំង នឹងសម្បូរណ៌ឧស្សាហកម្ម កន្លែងទេសចរណ៍ ការងារសម្រាប់ប្រជាពលរដ្ឋ
យើងវិនិយោគផ្លូវ៥៥។ យើងធ្វើផ្លូវជាតិលេខ១០ ជិតហើយៗ។ ថ្ងៃមុន ឃើញមានអ្នកទៅបង្ហោះលើស្ពានខ្ពស់ជាងគេ ដែលភ្ជាប់កោះកុង កាត់មកវាលវែង ឡើងទៅសំឡូត ហើយចាក់ផ្លូវ៥៧ ឡើងទៅប៉ៃលិន ឡើងទៅប៉ោយប៉ែត។ យើងរៀបផ្លូវដែកខ្សែខាងជើងពីប៉ោយប៉ែតមក។ ខ្ញុំបានឱ្យសិក្សា ឯកឧត្តម កែវ រតនៈ។ អម្បាញ់មិញលោក Whitcraft ក៏បាននិយាយពីការតភ្ជាប់ផ្លូវដែកខ្នែងមកពីតំបន់សេដ្ឋកិច្ចពិសេសនេះ ទៅភ្ជាប់ផ្លូវដែកដើម្បីយើងដឹកទៅខេត្តព្រះសីហនុ ឬមួយក៏ទៅប៉ោយប៉ែត។ ខេត្តពោធិ៍សាត់សក្តានុពលធំណាស់ តែសក្តានុពលនេះអាចធានាបានដោយសារ ទី១ ឈប់វាយគ្នា យើងមានស្ថិរភាព និង ទី២ ហេដ្ឋារចនាសម្ព័ន្ធដែលរដ្ឋបានកសាងមក។ ដើម្បីអី? មិនមែនធ្វើចោលក្នុងព្រៃទេ ដើម្បីភ្ជាប់សក្តានុពលនៃខេត្ត។
អ្នកពោធិ៍សាត់ទៅកោះកុង ឬមួយខេត្តព្រះសីហនុ ថ្ងៃក្រោយមានជម្រើស មិនចាំបាច់ទៅតាមផ្លូវជាតិលេខ៥ រហូតដល់ភ្នំពេញ ហើយចាក់ទៅផ្លូវជាតិលេខ៤ ទៅខេត្តព្រះសីហនុទេ។ អាចទៅផ្លូវជាតិលេខ១០ ឡើងទៅកោះកុង ចាក់ទៅផ្លូវ៤៨ ទៅដល់ហើយ។ អញ្ចឹងការដឹកជញ្ជូនដូចគ្នា។ ខេត្តព្រះសីហនុមានកំពង់ផែ ខេត្តកោះកុងក៏មានគម្រោងផែទឹកជ្រៅ។ បន្តិចទៀត នៅប៉ោយប៉ែត យើងនឹងបើកច្រកបានណងអៀន/ស្ទឹងបត់ ជាមួយថៃជាច្រកអន្តរជាតិទៀត។ ប៉ៃលិនកាន់តែច្រើន។ ទាំងអស់នេះ នឹងធានាថាការធ្វើឲ្យខេត្តពោធិ៍សាត់ និងខេត្តជាប់ៗ គ្នានេះ ដូចខេត្តពោធិ៍សាត់ កំពង់ឆ្នាំង ដែលជាខេត្តទៅហួសមកហួស លែងទៅហួសមកហួសទៀតហើយ។ គឺជាខេត្តដែលសម្បូរដោយឧស្សាហកម្ម សម្បូរដោយកន្លែងទេសចរណ៍ និងកន្លែងដែលមានមនុស្សច្រើនមកធ្វើការនៅទីនេះ និងជាកន្លែងបង្កើតមូលដ្ឋានការងារសម្រាប់ប្រជាពលរដ្ឋរាប់ម៉ឺនរាប់សែននាក់ទៅថ្ងៃក្រោយ …។
(២២) ធានាថាពោធិ៍សាត់មានកេរ្តិ៍ឈ្មោះល្អ ថែរក្សាស្ថិរភាព និងទាក់ទាញវិនិយោគទាំងក្នុងនិងក្រៅស្រុក
នេះគឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងការធ្វើការដោយមានផែនការច្បាស់លាស់ រយៈពេលវែង។ យើងមិនអាចធ្វើអ្វីតាមការនឹកឃើញមួយភ្លែតៗនោះទេ។ យើងមិនអាចធ្វើអីតែមួយជ្រុងនោះទេ។ យើងប្រទាក់ក្រឡាទាំងអស់។ អញ្ចឹង ខ្ញុំសុំឲ្យខេត្តពោធិ៍សាត់ ជាពិសេស ឯកឧត្តមអភិបាលខេត្ត កម្លាំងសមត្ថកិច្ចក្នុងខេត្តទាំងអស់ យកចិត្តទុកដាក់ធានាថាខេត្តយើងជាខេត្តដែលមានកេរិ៍្តឈ្មោះល្អ នៅក្នុងការថែរក្សាស្ថិរភាព និងទាក់ទាញវិនិយោគមកធ្វើនៅទីនេះ រាល់បញ្ហាអីត្រូវបានដោះស្រាយជាប់ជាប្រចាំ ដើម្បីយើងធានាយ៉ាងណាឲ្យខេត្តនេះទៅជាខេត្តដែលទាក់ទាញសម្រាប់វិនិយោគក្នុងស្រុក និងក្រៅស្រុក ទាញផលពីក្រៅយកមកឲ្យអ្នកពោធិ៍សាត់ និងប្រជាជនកម្ពុជាមកធ្វើការនៅខេត្តពោធិ៍សាត់។
(២៣) គ្រោងធ្វើផ្លូវធ្វើពីឱរ៉ាល់ ទៅកោះកុង ក្នុងពេលឆាប់ៗ
មិនខុសពីខេត្តមួយចំនួន ដូចជាខេត្តកំពង់ស្ពឺ ដែលពីមុន ឯកឧត្តម វ៉ី សំណាង (ចូលទៅដឹកនាំ) គេតែងតែបង្អាប់ថា “ពួករលាក់កងជើង” ដោយសារក្រីក្រ អត់មានផ្លូវតភ្ជាប់ ជាតំបន់សង្គ្រាម នៅឱរ៉ាល់អីហ្នឹង។ ឥឡូវតភ្ជាប់ជាតំបន់ដែលឧស្សាហកម្មធំ ដោយសារមានផ្លូវតភ្ជាប់ច្រើន ផ្លូវ៤៤ ទៅដល់ឱរ៉ាល់ ឥឡូវផ្លូវធ្វើពីឱរ៉ាល់មកកោះកុងទៀត ឧកញ៉ា លី យ៉ុងផាត់ នឹងគ្រោងធ្វើក្នុងពេលឆាប់ៗ។ ផ្លូវពីនោះចាក់ដល់គីរីរម្យ ផ្លូវចាក់មកភ្នំពេញ មកផ្លូវជាតិលេខ៥។ ដោយសារផ្លូវភ្ជាប់ច្រើនហ្នឹងហើយ ខេត្តកំពង់ស្ពឺបានរីក។ ពិតណាស់ ទីតាំងនៅជិតខេត្តព្រះសីហនុអីផងដែរ ប៉ុន្តែកាលមុន រីកតែជិតផ្លូវជាតិលេខ៤ ទេ តំបន់ឱរ៉ាល់អីគ្មានទេ។ តែដោយសារយើងធ្វើផ្លូវតភ្ជាប់ និងបង្កើនលក្ខខណ្ឌវិនិយោគនេះ គឺមានជាច្រើនទៅដល់ទីនោះ។ អញ្ចឹងខ្ញុំជឿថាខេត្តពោធិ៍សាត់ក៏ដូចគ្នាដែរ។
(២៤) ប្រែពីខេត្តធ្លាប់តែមានសង្គ្រាម ទៅជាខេត្តមានសក្តានុពលឧស្សាហកម្ម កម្មន្តសាល និងទេសចរណ៍
ខេត្តពោធិ៍សាត់មានលក្ខណៈអំណោយផល ជាពិសេសនៅតំបន់មួយចំនួន ដូចនៅតំបន់វាលវែង នៅប្រមោយ សុទ្ធតែជាតំបន់ eco-tourism ល្អ។ មើលរឿងសន្តិសុខរឿងអីឲ្យល្អ។ កាលមុន មានបញ្ហាទន្ទ្រានដីធ្លី។ សូមគ្រប់គ្រងឲ្យបានល្អ ដើម្បីកុំឲ្យមានទំនាស់។ ចុះបញ្ជីក្បាលដីហើយ ដោះស្រាយឲ្យចប់ ហើយធានាបាន។ តែកម្មសិទ្ធិដីធ្លីអត់ច្បាស់លាស់ គ្មានអ្នកណាទៅវិនិយោគទេ។ បើដាក់ទុនហើយ ស្រាប់តែទៅដល់ ត្រូវឈឺក្បាលលើរឿងហ្នឹង អត់ទៅទេ។ គ្រប់គ្រងឲ្យជាប់។ រឿងឧក្រិដ្ឋកម្មផ្សេងៗ ត្រូវគ្រប់គ្រងឲ្យជាប់។ ឧត្តមស្នងការនៅទីនេះ ប្រធានអាវុធហត្ថនៅទីនេះ យោធាខេត្តនៅទីនេះ សូមយកចិត្តទុកដាក់ទៅលើការងារនេះ។ យើងធ្វើយ៉ាងណាធានាខេត្តរបស់យើងល្អ គឺជាខេត្តមួយដែលធ្លាប់តែជាអតីតសង្គ្រាម ទៅជាខេត្តដែលមានសក្តានុពលទាំងឧស្សាហកម្ម ទាំងកម្មន្តសាល ទេសចរណ៍ មានគ្រប់សក្តានុពល ដើម្បីយើងអភិវឌ្ឍប្រទេស ជាពិសេសអភិវឌ្ឍខេត្ត …។
(២៥) ទាក់ទាញអ្នកចូលមកថ្មី ធានាបរិស្ថាននិងទីផ្សារ ព្រមគ្នានឹងលើកទឹកចិត្តអ្នកមានទីផ្សារនៅខាងក្នុង
អញ្ចឹង ខ្ញុំសូមចូលរួមប៉ុណ្ណេះ ជាមួយនឹងការលើកទឹកចិត្ត។ ចំពោះការលើកទឹកចិត្ត លោក Whitcraft បានលើកហើយ និយាយចំ គាត់ខ្លាចថាការឲ្យគោលការណ៍លើកទឹកចិត្តទៅដល់អ្នកថ្មី អ្នកចាស់អត់បាន។ យើងធ្វើការ ធានាភាពស្មើគ្នា ការដោះស្រាយជាជំហានៗ នៅក្នុងលក្ខណៈយើងនឹងគិតគូរ។ បើហៅអ្នកថ្មីមក ឲ្យអ្នកចាស់អន់ចិត្តរត់ អត់កើតទេ។ ទៅទាក់ម៉ូយគេ ខ្ញុំឡើងនិយាយមេក្រូម៉េចក៏ដោយ គេប្រាកដជាទៅសួរអ្នកមកវិនិយោគនៅស្រុកខ្មែរហើយ គេប្រាកដជាមកមើលហើយ។ ក្រុមហ៊ុនធំៗមកវិនិយោគហ្នឹងរីកអត់។ អញ្ចឹងបានខ្ញុំសុំឲ្យពិនិត្យមើលចំនួនក្រុមហ៊ុនរថយន្តដែលមកផលិតក្នុងស្រុកផងដែរ។ នេះ CDC បានធ្វើគោលការណ៍ហើយ។ ទីផ្សារយើងប៉ុណ្ណឹង តើឲ្យកម្រិតប៉ុណ្ណា ចំនួនប៉ុន្មាន ហើយក្រុមហ៊ុនអីខ្លះ ប្រភេទអីខ្លះ? ដើម្បីធានាថាក្រុមហ៊ុននីមួយៗអាចមានទីផ្សារលក់បាន។
បើក្រុមហ៊ុន Ford គាត់ដំឡើងរោងចក្រផលិត ១ម៉ឺនគ្រឿង ត្រូវធានាយ៉ាងហោចណាស់មួយចំនួន … ពេលដែលទីផ្សាររីកដល់ប៉ុណ្ណា ចំនួនសឹងដល់ប៉ុណ្ណឹង រីកតាមហ្នឹង។ ខ្ញុំថាយើងកុំប្រញាប់។ រោងចក្រមួយចំនួនបានមកសុំខ្ញុំដើម្បីកំណត់ license ហើយ។ ថ្ងៃមុន ក្រុមហ៊ុនរោងចក្រស៊ីម៉ង់ត៍មាន៨ ហើយមាន licenses ៣ ឬ ៤ទេ ដូច ១២ គាត់មកជួបខ្ញុំ។ គាត់ថាសម្តេច ឥឡូវគ្រាន់តែ៨ ហ្នឹងផលិតលើស capacity តម្រូវការទីផ្សារខាងក្នុង។ អញ្ចឹងខ្ញុំសុំឲ្យកំណត់សិន។ ហើយសួរទៅ៣ ទៀតនៅក្នុងដៃពួកគាត់ដដែល។ អញ្ចឹងខ្ញុំថាឲ្យមកអញ្ចឹងដើម្បីធានា។ ក្រុមហ៊ុនភេសជ្ជៈ ក្រុមហ៊ុនស្រាបៀរផលិតនិងចែកចាយក្នុងស្រុក ខ្ញុំឈប់ឲ្យ license ហើយ។ មាន ៧ឬ ៨ហ្នឹង។ បើសុំវិនិយោគដើម្បីនាំចេញ ១០០% ខ្ញុំឲ្យ តែបើសុំផលិតក្នុងស្រុក មិនចាំបាច់ទៀតទេ ផលិតច្រើនហើយ។
សម្រាប់វិនិយោគធំៗ ដូចជារោងចក្រផលិតរថយន្តសម្រាប់ទីផ្សារក្នុងស្រុក យើងត្រូវគិតចំនួនណា តែបើសិនជាផលិតដើម្បីនាំចេញហ្នឹងរឿងផ្សេង ព្រោះដើម្បីការពារទីផ្សារសម្រាប់អ្នកនៅខាងក្នុង។ ដែលលោក Whitcraft គិតពីគោលនយោបាយដែលរដ្ឋាភិបាលគិតគូរអំពីការជួយដល់អ្នកដែលវិនិយោគស្រាប់ នេះគឺជាឧទាហរណ៍អ្វីដែលយើងបានគិតគូរ សម្រាប់អ្នកមានស្រាប់ ដើម្បីឲ្យទុកលំហឲ្យគាត់អាចរីក។ អញ្ចឹងការចូលមកថ្មីបន្ថែម ត្រូវគិតគូរមែនទែន ដើម្បីធានាបរិស្ថាន និងទីផ្សារ លើកទឹកចិត្តអ្នកដែលមានទីផ្សារនៅខាងក្នុង។
(២៦) សូមក្រុមហ៊ុនធ្វើ marketing ផ្តល់ផលិតផលទំនើប គុណភាពល្អ និងតម្លៃសមរម្យជូនប្រជាពលរដ្ឋខ្មែរ
ប៉ុន្តែ មិនមែនថាមិនប្រកួតប្រជែងទេ … យើងមាន ៧-៨ ត្រូវប្រកួតប្រជែងដូចគ្នា។ កម្ពុជាអត់ប្រើច្បាប់ដើម្បីកំណត់ទេ។ សុំទោសលោកប្រធានដែលថាចង់ឲ្យរដ្ឋដាក់បញ្ជាទៅក្រសួង-ស្ថាប័នទិញរថយន្តនេះ ទិញរថយន្តនោះពីក្នុង។ មកដល់ម៉ោងនេះ យើងទុកឲ្យវិវត្តតាមទីផ្សារសេរី។ បើក្រុមហ៊ុន Ford លក់តម្លៃពិសេសទាបជាងក្រុមហ៊ុនផ្សេងឲ្យស្ថាប័នរដ្ឋ រដ្ឋនឹងទិញ។ អត់លំបាកទេ។ រដ្ឋមិនអាចកំណត់ថាត្រូវតែទិញ ៥០គ្រឿងពី Ford ឬប៉ុណ្ណេះភាគរយពីក្នុងស្រុកទេ។ តែលក់ថោក ហើយគុណភាពល្អ ទិញហើយ។ កុំលំបាក។ យើងអត់កំណត់បែបហ្នឹងបាន(ទេ)។
បើនិយាយពីទីផ្សារសេរី យើងត្រូវប្រកាន់ទីផ្សារសេរីគ្រប់ អាហ្នឹងយើងប្រកួតប្រជែងនៅក្នុងនេះ។ ខ្ញុំគិតថា ការលើកលែងពន្ធ ការអនុគ្រោះពន្ធមួយចំនួន សម្រាប់ការផលិតក្នុងស្រុកនេះ បានធ្វើឲ្យក្រុមហ៊ុនផលិតក្នុងស្រុក មានភាពប្រកួតប្រជែងមួយហើយ អំណោយផលមួយហើយ ប្រៀបនឹងក្រុមហ៊ុននាំចូល។ ឡានដូចគ្នា ផលិតឆ្នាំដូចគ្នា បើនាំចូលត្រូវពន្ធខ្ពស់ ផលិតក្នុងស្រុកពន្ធទាប។ អញ្ចឹងទិញក្នុងស្រុក លក់ក្នុងស្រុក បើអ្នកទិញ គេទិញក្នុងស្រុក អញ្ចឹងលោកក៏លក់បានក្នុងស្រុកដែរ កុំតែដំឡើងថ្លៃស្មើនឹងឡាននាំចូល។ បើលក់ថោក លក់គុណភាពល្អ គឺទីផ្សារទិញ។ ខ្ញុំសូមលើកទឹកចិត្តឲ្យក្រុមហ៊ុនបន្តធ្វើ marketing ប្រកួតប្រជែងតាមការផ្តល់នូវផលិតផលទំនើប គុណភាពល្អ និងតម្លៃកាន់តែសមរម្យជូនប្រជាពលរដ្ឋខ្មែរ។
(២៧) រដ្ឋព្យាយាមធ្វើឲ្យទីលានប្រកួតប្រជែងស្មើភាព
រាជរដ្ឋាភិបាលដូចគ្នា។ យើងអត់ប្រកាន់ទេ។ កម្ពុជាអត់មានដាក់លក្ខខណ្ឌថា រដ្ឋត្រូវតែទិញប៉ុណ្ណេះពីក្រុមហ៊ុនពីប្រទេសនេះទេ។ ប្រទេសខ្លះដាក់លក្ខខណ្ឌ ប្រទេសខ្លះ ស្ថាប័នរដ្ឋ ប៉ូលីសអីហ្នឹង ត្រូវតែទិញឡានពីក្រុមហ៊ុនផលិតក្នុងស្រុក។ ប្រទេសខ្លះគេដាក់លក្ខខណ្ឌអញ្ចឹង។ ខ្ញុំចាំថា អាមេរិក(ពីមុន)។ អាមេរិកឥឡូវដូចបើកហើយ។ ខ្ញុំចាំកាលខ្ញុំនៅរៀន ពេលយើងបើកឡានលើ highway តែងតែមានប៉ូលីស … តែយើងបើករាងលឿនបន្តិច មើលឡានពីក្រោយ។ បើឡានហ្នឹងមិនមែនឡានអាមេរិកកុំភ័យ ព្រោះរាល់នាយកដ្ឋានប៉ូលីសរបស់ខេត្តនីមួយៗត្រូវតែទិញឡានរបស់អាមេរិក។ អញ្ចឹង បើឡានម៉ាកអាមេរិកភ័យ តែបើឡាន TOYOTA អី មិនមែនប៉ូលីសទេ ដឹងតែទៅ។ តែឥឡូវអត់ទេ ដូចបើកហើយ ឲ្យទិញទាំងឡាន(ប្រទេសផ្សេង) ព្រោះឡាន TOYOTA ខ្លះផលិតនៅនោះដែរ។
នៅកម្ពុជា ទីផ្សារសេរី គុណភាពល្អ តម្លៃសមរម្យ ធ្វើយ៉ាងណាឲ្យយើងមានសន្សំសំចៃ ប៉ុន្តែឲ្យមានលទ្ធភាពប្រើប្រាស់របស់ល្អ តាមរយៈការលើកទឹកចិត្តឲ្យក្រុមហ៊ុនផលិត ការលើកទឹកចិត្តផ្សេងៗឲ្យការផលិតមានតម្លៃថោក ចេញផលិតផលយកទៅលក់ជូនទីផ្សារថោក ទាំងស្ថាប័នរដ្ឋ ទាំងប្រជាពលរដ្ឋ នេះគឺជាអ្វីដែលយើងធ្វើ។ សុំក្រុមហ៊ុន Ford ក៏ដូចជាក្រុមហ៊ុនទាំងអស់ រួមគ្នាធ្វើកិច្ចការនេះ ប្រកួតប្រជែងដោយសេរី។ រដ្ឋនឹងខិតខំព្យាយាមធ្វើឲ្យទីលានប្រកួតប្រជែងមានការស្មើភាព។ ជាជំហានៗ យើងនឹងខិតខំ។ លក្ខណៈខុសគ្នាខ្លះរវាងនាំចូល និងផលិតក្នុងស្រុក ប៉ុន្តែយើងនឹងខិតខំធ្វើយ៉ាងណា ដើម្បីលើកទឹកចិត្តខុសគ្នា។
(២៨) សូមក្រសួងរ៉ែនិងាមពល ពិភាក្សាជាមួយក្រុមហ៊ុនពង្រាយ charger សំរាប់ឡាន EV ឲ្យបានច្រើន
ចំពោះវិស័យឧស្សាហកម្មធុនធ្ងន់នៅកម្ពុជា ជាពិសេសវិស័យរថយន្តនេះ សង្កេតឃើញថា ការប្រើប្រាស់រថយន្តអគ្គិសនី EV នៅកម្ពុជាក៏មានកំណើនគួរឲ្យកត់សម្គាល់។ យ៉ាងណាមិញ ការប្រើប្រាស់ភាគច្រើន នៅតែទីក្រុង និងទីប្រជុំជន ដែលអាចថាបណ្តាលមកពីស្ថានីយបញ្ចូលអគ្គិសនីនៅតាមខេត្តនៅមានកម្រិត។ ល្ងាចមិញ ខ្ញុំចូល Google Map ខ្ញុំវាយ EV station នៅស្រុកខ្មែរ។ ខ្ញុំវាយទៅឃើញច្រើន ចេញមករូប charger ហ្នឹងនៅក្រុងយើងច្រើន ប៉ុន្តែនៅតាមផ្លូវរាងខ្សត់បន្តិច។ អញ្ចឹង សុំឲ្យក្រសួងរ៉ែ និងថាមពល ពិនិត្យមើល ជាមួយនឹងក្រុមហ៊ុនវិនិយោគ ដើម្បីពង្រាយឲ្យបានច្រើន។ ថ្ងៃមុន ខ្ញុំឃើញប្អូនស្រីម្នាក់បង្ហោះថា គាត់ចេញពីភ្នំពេញទៅសៀម រាបម៉ោង ១០ យប់ ឡានគាត់សល់តែ ៣០% ទេ ហើយគាត់ពន្យល់ថា ហេតុអ្វីបានជាគាត់ហ៊ានចេញ?
គាត់ថា ដោយសារខ្ញុំមើល Google Map ទៅឃើញតាមបណ្តោយផ្លូវមានស្ថានីយ។ តាមផ្លូវជាតិលេខ៦ អីហ្នឹង តាមបណ្តោយហ្នឹងមានខ្លះ ហើយនៅដល់សៀមរាបមានច្រើន។ អញ្ចឹងខ្ញុំហ៊ានចេញទាំងយប់។ ពិតណាស់ ឡានដូចរថក្រោះ។ តែអស់ប្រេងដូចដុំដែក។ ឡានកាន់តែទំនើប រុញកាន់តែធ្ងន់។ ជឿខ្ញុំចុះ។ ជិះឡានសង្ហាពេលវាទៅមុខ ជិះ Bentley ខ្លាំងជាង Toyota Prius ប៉ុន្ដែអស់សាំងចុះរុញៗ Prius សង្ហាជាងរុញ Bentley ព្រោះទំងន់វារាប់តោន។ ត្រូវធ្វើម៉េចពង្រាយ។ ប៉ុន្ដែសូមឲ្យគិតគូរអំពីស្ដង់ដាសុវត្ថិភាពនិងគុណភាព។ ដូចការ៉ាស់សាំង ក្រុមហ៊ុនខ្លះគាត់មានដេប៉ូច្រើន បើគ្រប់គ្រងមិនបាន ដេប៉ូខ្លះគេលែងចូលតែម្ដង ចាក់មិនស្រួលខូចឡាន។ ប៉ុន្ដែ EV ដូចគ្នាដែរ ធ្វើមិនស្រួលឆេះស្ថានីយ។
(២៩) ប្តូរការគ្រប់គ្រងស្ថានីយ EV ពីសាធារណការ និងដឹកជញ្ជូន មករ៉ែ និងថាមពល
ថ្ងៃមុន ខ្ញុំសម្រេចឲ្យការគ្រប់គ្រងស្ថានីយ EV មក (ក្រសួង) រ៉ែ និងថាមពល ដើម្បីស្ដង់ដាការគ្រប់គ្រងស្ថានីយ៍តែមួយ។ អញ្ចឹងកែពី (ក្រសួង)សាធារណការ និងដឹកជញ្ជូន (ដោយសារ)គាត់បានផ្ដួចផ្ដើមធ្វើការងារនេះ ពីអាណត្ដិមុនមក មិនមានអីខុសទេគឺចាប់ផ្ដើមរុញ ប៉ុន្ដែដើម្បីកុំឲ្យមានប្រទាក់ក្រឡា ពិបាកធ្វើការ (ដោយ)ស្ថានីយមួយមានពីរបីក្រសួងគ្រប់គ្រង។ យើងកែសម្រួល។ ឥឡូវធ្វើផែនការរួម ប៉ុន្ដែការទទួលខុសត្រូវជារបស់ក្រសួងរ៉ែ និងថាមពល។ ហ្នឹងយើងគិតថាដូចសាំងអញ្ចឹង។ ចាក់ប្រេងក៏ក្រសួងរ៉ែនិងថាមពល ដែលក្នុងការគ្រប់គ្រងស្ដង់ដា ទាំងអគ្គិភ័យទាំងអីនៅជាមួយគ្នា។
ហ្នឹងមិនស្រួលយកទៅដាក់ជិតស្ដុកប្រេង នឹង(អាចបញ្ហា)បណ្ដោយ។ ត្រូវគិតគូរដំឡើងយ៉ាងម៉េច អំពែវាយ៉ាងម៉េច។ ជួនកាលដាក់មិនស្រួលឆេះទាំងម៉ាស៊ីនទៀត។ អញ្ចឹងសូមឲ្យយកចិត្តទុកដាក់ និងសូមឲ្យវិស័យឯកជនទាំងអស់គិតគូរបែបនេះ។ (បើ)ថារដ្ឋ យូរណាស់។ ធ្វើសិន។ ប្រយ័ត្នឆេះ។ សូមគ្រប់គ្រងឲ្យបានក្នុងការធ្វើការងារនេះ។ យើងដើរយឺតបន្ដិច ប៉ុន្ដែដោយមានភាពច្បាស់លាស់ទើបដើរ(បាន)ឆ្ងាយ ហើយប្រសិនបើមានបញ្ហា (អាច)ធ្វើឲ្យបាត់ទំនុកចិត្តទាំងអស់។ អញ្ចឹងខ្ញុំសូមឲ្យធ្វើម៉េចស្ដង់ដាបច្ចេកទេសនេះ គឺប្រយ័ត្នប្រយែង។
(៣០) បច្ចេកវិទ្យាទំនើប ការពារអ្នកក្នុងឡាន ប៉ុន្ដែបើបុក មនុស្សនៅខាងក្រៅនៅតែស្លាប់
ឡានអគ្គិសនីនេះ សូមឲ្យ (ត្រួតពិនិត្យបច្ចេកទេសឲ្យបានស្រួល) ព្រោះ (មើល)ឃើញឡានឆេះមួយគគោកតាមហ្វេសប៊ុក ឡានអគ្គិសនី។ ជួនកាលបើកៗ ឆេះ ទុកៗ(ចោល)ឆេះ ដោយសាររឿងអាគុយអីហ្នឹង។ ហ្នឹងខាងសាធារណការ ព្រោះឥឡូវសាធារណការពិនិត្យបច្ចេកទេសរថយន្ដ (ដោយ)កាលពីមុនយើងមានរថយន្ដ(ប្រើ)ប្រេង រថយន្ដ HYBRID ឥឡូវយើងមានរថយន្ដ EV ពេលទៅឆៀក បើមិនស្រួលឆេះ។ ឡានច្នៃជួនកាលពិបាក ដូចនៅប្រទេសជិតខាងគាត់ច្នៃពីសាំងមកជាហ្គាសអី កែច្នៃខុសផ្ទុះ។ អញ្ចឹងសូមឲ្យពិនិត្យស្ដង់ដាសុវត្ថិភាព គឺជាកិច្ចការសំខាន់។ រត់នៅលើថ្នល់ ព្រោះរថយន្ដវាបង្កលក្ខណៈ( គ្រោះថ្នាក់)ឲ្យអ្នកដទៃ។
ការផ្សាយពាណិជ្ជកម្មមួយនៅអាមេរិក កាលខ្ញុំនៅរៀន។ ឡាននីមួយៗ តែងអួតពីស្ដង់ដាសុវត្ថិភាពការពារអ្នកនៅក្នុងឡាន។ គេអួតថាឡាននេះ មានពោង(ការពារសុត្ថិភាព) ១០-២០ ក្រឡាប់មិនអី។ ប៉ុន្ដែពេលជាមួយគ្នា គេបង្ហាញថាមនុស្សនៅខាងក្រៅដែលឡានហ្នឹងបុក ១០០០ ឆ្នាំមក នៅតែដដែលទេ ឆ្អឹងមនុស្សនៅតែពុកដូចគ្នា។ បានន័យថាម៉េច? បានន័យថាឡានអស់លោកបច្ចេកវិទ្យាថ្មីទំនើបការពារអ្នកក្នុងឡាន ប៉ុន្ដែបើបើកមិនប្រយ័ត្ន ធ្វើឲ្យបុកមនុស្សនៅខាងក្រៅស្លាប់ដដែល។ ត្រូវគិតទាំងអស់ មិនមែនថាមនុស្សយើងក្លាយជាមនុស្សយន្ដឡានបុកលែងឈឺនោះទេ។ ការគិតគូរពីសុវត្ថិភាព បើបើកៗដាច់កង់មួយ បើកៗផ្ទុះធ្វើឲ្យអ្នកផ្សេងស្លាប់។ អញ្ចឹងការអនុវត្ដការងារនេះជាកិច្ចការសំខាន់ហើយខ្ញុំសូមឲ្យយកចិត្តទុកដាក់លើការងារនេះ។
(៣១) ពិនិត្យផ្គត់ផ្គង់ថាមពលអគ្គិសនីតាមស្ដង់ដា CLEAN ENGERGY លក្ខខណ្ឌតម្រូវការនាំចេញ-ចូលទំនិញ
ទី២ ពាក់ព័ន្ធនឹងថាមពលស្អាត។ ដោយមានការលើកឡើងពីវិស័យឯកជនច្រើន ខ្ញុំសូមឲ្យក្រសួងរ៉ែថាមពលសហការជាមួយស្ថាប័នពាក់ព័ន្ធ ពិនិត្យលើលិខិតបទដ្ឋានគតិយុត្ដិពាក់ព័ន្ធ ក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីស្របតាមស្ដង់ដា CLEAN ENGERGY ដើម្បីបំពេញលក្ខខណ្ឌតម្រូវការនាំចេញ-ចូលទំនិញ។ ឥឡូវ បើសិនជារោងចក្រហ្នឹង ដើរដោយធ្យូងថ្ម គេអត់នាំចូលទេផលិតផលនាំចេញពីស្រុកហ្នឹង។ ប្រទេសខ្លះដាក់លក្ខខណ្ឌហើយ បើសិនជាផលិតផលចេញពីរោងចក្រប្រើប្រាស់ថាមពលស្អាត គេឲ្យលក្ខខណ្ឌពិសេសចូល។ អញ្ចឹងការគិតគូររបស់រាជរដ្ឋាភិបាលដែលយើងឈានទៅដល់ឆ្នាំ២០៥០ Carbon Neutral ហើយ ២០៣០ ឈានទៅធាតុផ្សំនៃថាមពលស្អាត។ ឥឡូវយើងមាន៦២% (ជាថាមពលស្អាត)នៃថាមពលទូទៅ។ យើងសង្ឃឹមថា២០៣០ នឹងឈានដល់៧០%។ ឆ្នាំទៅ ខ្ញុំឯកភាពលើ២៣ គម្រោងធំៗ (ដែលមានតម្លៃ) ៦ ពាន់លានជាង ដែលមានទាំងវារីអគ្គិសនី សូឡា មានទាំងប្រព័ន្ធផ្សេងៗ bio-mass ដើម្បីធានាថាថាមពលស្អាតឲ្យកាន់តែច្រើន។
អញ្ចឹងខិតខំធ្វើយ៉ាងណាដើម្បីផ្គុំគ្នាលើការងារនេះ ប៉ុន្ដែត្រូវសិក្សា និងវិភាគជាប្រចាំ ទៅលើដំណោះស្រាយថ្មីៗ ជាពិសេស ធានានូវនិរន្ដរភាពរយៈពេលវែង។ បច្ចេកវិទ្យានីមួយៗសុទ្ធតែមានការកំណត់ ដែលគេហៅថាកម្រិតរបស់វា។ អញ្ចឹង ការប្រើប្រាស់មានការប្រែប្រួលចុះឡើង។ សូម្បីតែ BP ក៏មានការកែប្រែយុទ្ធសាស្ដ្ររបស់ខ្លួនដែរ។ តើប៉ុន្មានភាគរយនៃការធានាលើថាមពលស្អាតដែលយើងគិត ហើយក្រៅពីនោះយើងបំពេញដោយស្អី? ក្នុងថាមពលស្អាតនេះ តើយើងត្រូវមានស្អីទៀត? បើយើងធ្វើ ១០០% សូឡា ពេលណាអត់ថ្ងៃ យើងចប់ហើយ។ អញ្ចឹងយើងមានវារីអគ្គិសនីដែលមានភ្លៀង។ ពេលណាមានភ្លៀង វារីអគ្គិសនីដើរ ពេលណាអត់ភ្លៀង វារីអគ្គិសនីមិនសូវដើរ បានសូឡាយោង។ បើអត់ទាំងពីរ មានខ្យល់ (ថាមពល)ដើរដោយខ្យល់ដើរ។ បើអត់ទាំងខ្យល់ទៀត មាន bio-mass។ តើប៉ុន្មានភាគរយដែលអាចធានាបានពីការប្រើប្រាស់ធនធាននៅក្នុងស្រុករបស់យើង? …។
(៣២) គ្រប់គ្រងធនធានធម្មជាតិដោយទទួលខុសត្រូវ និងធានាចីរភាព
ទាក់ទងនឹងការប្រើប្រាស់ធនធានក្នុងស្រុក ខ្ញុំឃើញថ្ងៃមួយមានម្នាក់ចេញមក។ គេថាភ្នំនៅស្រុកចិន ភ្នំណាក៏គេធ្វើចំការដែរ ប៉ុន្ដែភ្នំនៅស្រុកខ្មែរឃើញតែវាយថ្ម។ ខ្ញុំថា បើអ្នកទៅថតភ្នំនៅស្រុកចិនដែលគេធ្វើចំការ ប្រាកដជាឃើញចំការហើយ។ បើអ្នកទៅថតភ្នំនៅមណ្ឌលគិរី ប្រាកដជាឃើញយើងដាំដើមអាកាស្យាហើយ ប៉ុន្ដែបើអ្នកថតភ្នំដែលយើងយកថ្ម ប្រាកដជាឃើញការវាយយកថ្មហើយ។ ចិនធ្វើហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកច្រើនណាស់។ សួរថាតើគេនាំចូលថ្ម ស៊ីម៉ង់ត៍ពីក្រៅ(ប្រទេស)ឬទេ? អត់ទេ! គេប្រាកដជាយកនៅក្នុងស្រុក។ សូម្បីនៅអាមេរិកក៏គេមិននាំថ្មវាយចូលទេ។ ធ្វើ highway នៅអាមេរិក មិនទៅនាំថ្មភ្នំពី Mexico Canada ទេ វាថ្លៃ។ គេជាវាយយកថ្មនៅខាងក្នុង(ប្រទេស)។ ប៉ុន្ដែ សំខាន់គឺការគ្រប់គ្រងដោយចីរភាព កន្លែងណាដែលថែទាំ កន្លែងណាដែលត្រូវអត់។ បើមិនអញ្ចឹងតម្លៃនៃការដឹកជញ្ជូន ផលិតវាខ្ពស់ យើងប្រកួតមិនឈ្នះគេទេ។
ពេលខ្លះ ខ្ញុំពិបាកយល់ បូកមិនចេញតាមសមីកា។ បងប្អូនខ្លះគាត់ថា ប្រទេសខ្មែរធនធានធម្មជាតិច្រើនណាស់។ ហេតុអ្វីទៅខ្ចីគេមកវិនិយោគ? ជាមួយគ្នានឹងគាត់ថាខ្ទេចអស់ហើយធនធានធម្មជាតិ។ អញ្ចឹង ប្រសិនបើប៉ះធនធានធម្មជាតិមិនបាន ហើយមិនឲ្យខ្ចីគេមកពាក់ព័ន្ធ តើយើងយកពីណា? ខ្សាច់តើយើងត្រូវទិញពីគេទេ? តើយើងត្រូវទិញស៊ីម៉ងត៍ពីថៃរហូតយកមកធ្វើនៅស្រុកយើងទេ? បើយើងមានភ្នំនៅកំពតតាំងពីដើម យើងធ្វើស៊ីម៉ង់ត៍ដើម្បីផ្គត់ផ្គង់ក្នុងស្រុក។ ស៊ីម៉ង់ត៍ឥឡូវអាចនិយាយបានថា ស៊ីម៉ង់ត៍ក្នុងស្រុកយើងផ្គត់ផ្គង់បានសឹងតែ ៨០% ក្នុងប្រទេសរបស់យើង តម្លៃសមរម្យ គុណភាពល្អ អាចធានាបាន។ អ្វីដែលសំខាន់ គឺការធានាចីរភាព គ្រប់គ្រងធនធានធម្មជាតិដោយការទទួលខុសត្រូវ។ អញ្ចឹងហើយបានជា រាជរដ្ឋាភិបាលក្នុងអាណត្ដិនេះ ខ្ញុំឲ្យគោលការណ៍។ ឧទាហរណ៍ថា តាមផ្លូវជាតិមួយដែលត្រូវធ្វើ កន្លែងយកថ្មគឺយកកន្លែងណាឲ្យច្បាស់ កុំសំរេចដោយសារតែនៅកៀកឬអីហ្នឹង។ យកន្លែងហ្នឹងទោះបីតម្លៃដឹកជញ្ជូនអាចថ្លៃក៏ដោយ ជាជាងយើងរំកិលវាយគ្រប់កន្លែង។ យើងមក(វាយតែ)កន្លែងណាមួយគ្រប់គ្រងកន្លែងហ្នឹងឲ្យបាន។
(៣៣) លុបការផ្ដល់អាជ្ញាបណ្ណថ្មីនៅព្រៃឡង់ ដកហូតអាជ្ញាបណ្ណដែលមិនធ្វើនៅកំពត
ខ្ញុំបានលុបការឲ្យអាជ្ញាបណ្ណថ្មីក្នុងការរុករករ៉ែនៅព្រៃឡង់។ អ្នកដែលមានអាជ្ញាបណ្ណហើយ សល់ប៉ុន្មានកុំឲ្យពង្រីកតំបន់ទៀត។ ថ្ងៃមុន ខ្ញុំបានដកមកវិញ license ភ្នំមួយនៅកំពត ដែលក្រុមហ៊ុនស៊ីម៉ង់ត៍មួយមិនធ្វើ ហើយប្រែក្លាយទៅជា(តំបន់)ទេសចរណ៍ធម្មជាតិ។ ប៉ុន្ដែ សួរថានឹងយើងអាចដក (អាជ្ញាបណ្ណ) ទាំងអស់ទេ? យើងមិនអាចទេ។ បើដរាបណាយើងនៅតែត្រូវការថ្មមិចដើម្បីក្រាលផ្លូវ យើងត្រូវការកន្លែងយកថ្មនៅក្នុងស្រុកហើយ។ ដរាបណាយើងចង់ឲ្យមានលទ្ធភាពមានថ្មថោកជាងបន្ដិច គឺយើងត្រូវ(ធ្វើខ្លួនឯង)ហើយ។ ដរាបណាយើងចង់ប្រើខ្សាច់នៅក្នុងប្រទេសធ្វើសំណង់ ជាជាងខ្សាច់មួយគូបក៏ទិញពីប្រទេសជិតខាងដែរ យើងទាល់តែមានលទ្ធភាពយកខ្សាច់ក្នុងប្រទេស។ ប៉ុន្ដែយកយ៉ាងណាកុំឲ្យប៉ះពាល់បរិស្ថាននិងប្រជាជនដោយគ្មានដំណោះស្រាយ។
កន្លែងខ្លះ ក្រុមហ៊ុនមួយចំនួនស្រែកថា EIA ក្រសួងបរិស្ថាននៅស្រុកខ្មែរយូរណាស់ ៦-៧ខែ។ អត់ទេ។ ប្រទេសខ្លះ ៣ឆ្នាំ។ គេសិក្សាលម្អិតណាស់។ បើវារីអគ្គិសនីសិក្សារាប់សិបឆ្នាំ មុននឹងឲ្យធ្វើ។ គិតគូរ ទាំងពីសត្វដែលនៅទីនោះ ទាំងធនធានធម្មជាតិ ទាំងប្រជាពលរដ្ឋ បើត្រូវធ្វើ ធ្វើរបៀបម៉េចកុំឲ្យប៉ះពាល់។ ត្រូវដោះស្រាយយ៉ាងម៉េច ការធានា។ ប៉ុន្ដែ បើយើងមិនធ្វើវារីអគ្គិសនី បានភ្លើងមកពីណា មកផ្គត់ផ្គង់នៅទីនេះ និងខេត្តផ្សេងៗ។
(៣៤) គ្រប់វិស័យពឹងលើវារីអគ្គិសនី មិនទាន់ធ្វើនុយក្លេអ៊ែរទេនៅពេលបច្ចុប្បន្ន
ខេត្តពោធិ៍សាត់មួយអាចផ្គត់ផ្គង់អគ្គិសនីឧស្សាហកម្មច្រើន បង្កើតការងារបានរាប់សែនកន្លែង …ប្រទេសកម្ពុជាមិនមែនជាប្រទេសទី១ ដែលធ្វើវារីអគ្គិសនីទេ។ នៅសហរដ្ឋអាមេរិកច្រើន មានវារីអគ្គិសនី ក្រោយមកមាននុយក្លេអ៊ែរ។ យើងមិនធ្វើនុយក្លេអ៊ែរទេបច្ចុប្បន្ន ប៉ុន្ដែមិន(មានន័យថា) យើងបិទច្រកនោះទេ។ នៅក្នុងកម្រិតណាមួយ ដែលតម្រូវការយើងចាំបាច់ យើងអស់លទ្ធភាពផ្ទៃក្នុង យើងនឹងសិក្សាពិនិត្យទៅលើរឿងនេះ។ ព្រោះយើងមិនចងជើង(ខ្លួនឯង)ទេ ធ្វើយ៉ាងណាដើម្បីឲ្យសេដ្ឋកិច្ចខ្មែរ ប្រជាជនខ្មែរកាន់តែរីកចម្រើន។
ការធានាភ្លើងអគ្គិសនី ការធានាថាមពលគឺជាកត្តាជំរុញសេដ្ឋកិច្ច។ បើសិនជាអត់ភ្លើងអគ្គិសនី ខ្ញុំគិតថាអ្នកទាំងអស់គ្នានៅទីនេះ ប្រហែលជានៅមិនសុខទេ។ ហេតុអ្វី? ទី១ ក្តៅ ទី២ ងងឹត សំខាន់ទី៣ ពេលទូរស័ព្ទអស់ថ្ម អាហ្នឹងពិបាកជាងគេ។ ម្នាក់ៗបើសិនជាដកទូរស័ព្ទតែ ២៤ ម៉ោង គឺមានអារម្មណ៍ថាបាត់អ្វីមួយមិនខាន … ឯកឧត្តមស្នងការ ប្រហែលជាព័ត៌មានចាប់រហូតតាមហ្នឹង បាត់ព័ត៌មាន បាត់ទូរស័ព្ទ អត់ដឹងអ្នកណារាយការណ៍ ព្រោះឥឡូវរាយការណ៍តាម WhatsApp តាម Telegram។ ពីមុនវាយវិទ្យុទាក់ទង តែឥឡូវតាមហ្នឹងលឿន។ អាវុធហត្ថដូចគ្នា កងទ័ពដូចគ្នា។ ឯកឧត្តម គឹម សេងងន អម្បាញ់មិញខ្ញុំឃើញមើល ប្រហែលគេរាយការណ៍ការងារពីកងពលមកទៀត។ បើសិនជាដាច់ភ្លើងអត់អីសាកទូរស័ព្ទ ប្រហែលជាមិនដឹងធ្វើម៉េចទេ។
សម័យឥឡូវ អ្នកនាំសារជិះម៉ូតូក៏មិនលឿនជាង WhatsApp Telegram ដែរ។ អញ្ចឹងបើសិនជាយើងគ្មានការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ទេ ឧស្សាហកម្មយើងក៏មិនដើរដែរ កសិកម្មយើងក៏មិនដើរដែរ។ កសិកម្មរបស់យើងឥឡូវភាគច្រើនគឺប្រើគ្រឿងយន្តដូចគ្នាដែរទេ។ នៅកន្លែងខ្លះ ការចិញ្ចឹមគោគឺដើម្បីទុកលក់សាច់។ ចិញ្ចឹមទុកមើលទៅហើយ។ ខេត្តតាកែវ ផ្ទះខ្លះគាត់ចិញ្ចឹមអត់កាប់ទៀត។ គាត់ចិញ្ចឹមគោបា អីហ្នឹង។ ឥឡូវ គោបាធ្លាប់ថាសំណាង ក៏លែងមានសំណាងហើយ ព្រោះបច្ចេកវិទ្យាគេធ្វើបាន។ អ្នកដឹងបានដឹង សុំទោសនិយាយលេង។
អញ្ចឹងគ្រប់វិស័យទាំងអស់ ទេសចរណ៍ កសិកម្ម កសិ-ឧស្សាហកម្ម ឧស្សាហកម្មធុនស្រាល ធុនធ្ងន់ សុទ្ធតែពឹងវារីអគ្គិសនីទាំងអស់ ហើយបើចង់ឲ្យទាំងអស់នេះរីកកាន់តែធំទាល់តែមានថាមពលផ្គត់ផ្គង់កាន់តែច្រើន។ ថាមពលដែលថោក ហើយគ្រប់គ្រាន់ ហើយទុកចិត្តបាន បើមួយម៉ោងដាច់កន្លះម៉ោងអញ្ចេះ អត់ទុកចិត្តបាន ទៅមិនកើតទេ។ ឆេះអស់។ បើមានហើយ តែថ្លៃពេកក៏លំបាក។ បើមានហើយ តែមិនគ្រប់គ្រាន់ បានន័យថាតំបន់នេះមានរោងចក្រ ថ្ងៃក្រោយមាន ៣០ ត្រូវតែចែកគ្នាម្នាក់ ១០ រោងចក្រ រោងចក្រមួយ ១០ ម៉ោង ក៏មិនគ្រប់គ្រាន់។
(៣៥) ធានាការអភិវឌ្ឍថាមពលរាប់ទាំងវារីអគ្គិសនី តែធ្វើដោយទទួលខុសត្រូវលើធនធានធម្មជាតិ
យើងត្រូវខិតខំពុះពារធានាការអភិវឌ្ឍថាមពល ដូចជាវារីអគ្គិសនី … ព្រោះកន្លងទៅមានការវាយប្រហារថាហេតុអ្វីបានជាយើងធ្វើវារីអគ្គិសនី នាំអោយស្លាប់សត្វ បំផ្លាញធនធានធម្មជាតិ។ យើងធ្វើដោយការទទួលខុសត្រូវ ប៉ុន្តែដើម្បីរស់ទាំងអស់គ្នា។ ថ្ងៃមុន ខ្ញុំទៅបើកការដ្ឋានធ្វើទំនប់ទប់ទឹកនៅតាតៃលើ។ មានបងប្អូនមួយចំនួនមកពី ៣ឃុំ (នៃស្រុក)ថ្មបាំង ដែលគាត់ប្រឆាំងជាមួយនឹងការអូសខ្សែភ្លើង ដោយសារគាត់ជឿសកម្មជនធម្មជាតិម្នាក់។ អញ្ចឹង រដ្ឋមិនបង្ខំគាត់ទេ។ ប៉ុន្តែមួយឆ្នាំក្រោយ គាត់ឃើញភូមិផ្សេងទៀតមានភ្លើងប្រើ នៅពេលដែលភូមិគាត់មានតែចង្កៀងអគ្គិសនី កូនរៀនពេលយប់លំបាក ចំណាយខ្ពស់។ គាត់បានមកស្ម័គ្រចិត្តសុំឲ្យយើងតភ្លើងទៅឲ្យ។ យើងមិនបង្ខំប្រជាពលរដ្ឋទេ។ គាត់ព្រួយបារម្ភ ព្រោះគេទៅប្រាប់ថាធ្វើហ្នឹងបំផ្លាញខ្ទេចហើយ បងប្អូនរស់នៅអញ្ចឹងល្អហើយ ការពារដើមឈើ … គាត់ខ្លាចគេមកមិនធ្វើតែខ្សែភ្លើង តែគេមកបំផ្លាញព្រៃឈើអស់។ ដល់គាត់ឃើញការធ្វើនៅភូមិផ្សេង … មានការទទួលខុសត្រូវ តំបន់នោះនៅការពារដដែល ហើយអ្នកនៅទីនោះមានភ្លើង មានជីវភាពបានធូរ។ គាត់បើកអាជីវកម្មនៅទីនោះ អញ្ចឹងប្រជាពលរដ្ឋមកស្នើសុំ ដូចនៅថ្មបាំង មាន ២ ទៅ ៣ឃុំ ខ្ញុំចាំ។ ខ្ញុំថា “ច្បាស់ឬនៅលោកអ៊ំ ពូ មីង?” រដ្ឋអត់បង្ខំ។ គាត់ថាច្បាស់ហើយ ព្រោះឃើញគេបាន។ ឥឡូវគាត់តចូលហើយ។ គាត់បានភ្លើងប្រើ សេដ្ឋកិច្ច និងជីវភាពរបស់គាត់បានធូរធារ តើយើងធ្វើអ្វី?
(៣៦) ដើម្បីផលប្រយោជន៍ខ្មែរ ត្បិតដីក៏របស់ខ្មែរ ព្រៃឈើក៏របស់ខ្មែរ មនុស្សក៏ខ្មែរ
ដីក៏របស់ខ្មែរ ព្រៃឈើក៏របស់ខ្មែរ មនុស្សក៏ខ្មែរ យើងធ្វើនេះដើម្បីឲ្យមនុស្សក៏បានផល ព្រៃឈើក៏យើងថែរក្សា បូកជាមួយនឹងបរិស្ថានមិនបំផ្លាញ។ ធ្វើដើម្បីផលប្រយោជន៍ខ្មែរទាំងអស់គ្នា ទាំងមនុស្ស ទាំងធនធានធម្មជាតិ។ តែធ្វើប្រាកដជាប៉ះហើយ។ ប៉ុន្តែប៉ះដោយការគ្រប់គ្រង តែប៉ះដើម្បីអ្វី? ដើម្បីលើកស្ទួយផលិតផល ហើយមិនមែនធ្វើភ្លើងទាំងមូលដើម្បីឲ្យតែគាត់ទេ។ ពេលដែលគាត់បានហើយអ្នកនៅតាមផ្លូវហ្នឹង គេទៅ។ គាត់បើកជាផ្ទះសំណាក់ ទេសចរទៅសម្រាកនៅទីនោះទៀត។ កន្លែងខ្លះ ទេសចរមិនទៅទេ។ ទេសចរ backpackers ចង់ទៅរកធម្មជាតិ។ ប៉ុន្តែទេសចរធម្មជាតិក៏ដោយ ក៏គាត់ត្រូវការកន្លែងបញ្ចូលទូរស័ព្ទរបស់គាត់ដែរ។
គាត់ចង់បានធម្មជាតិ ប៉ុន្តែអ្នកដែលទៅបោះតង់មួយចំនួន បើគេទៅស្នាក់ផ្ទះសំណាក់ ឬមួយក៏បឹងកាឡូក្នុងព្រៃ គេប្រាកដជាចង់បានទឹកស្អាត ព្រោះគេខ្លាចឈឺ ខ្លាចអីដែរ។ គេចង់បានទូរស័ព្ទ ក្រែងមានការអីគេចុចហៅសង្រ្គោះ។ អញ្ចឹងកន្លែងណាក៏ត្រូវការកម្រិតណាមួយ។ ពិតណាស់កន្លែងខ្លះ យើងមិនអាចតទៅទាំងអស់ទេ យើងប្រើសូឡា។ នេះហើយដែលខ្ញុំថាការប្រើប្រាស់ធនធានធម្មជាតិ និងការគិតគូរដើម្បីកែប្រែធនធានធម្មជាតិដែលដូនតា បន្សល់ឲ្យដោយការទទួលខុសត្រូវ ដើម្បីផលប្រយោជន៍កូនចៅបច្ចុប្បន្ន និងទៅអនាគត ដើម្បីប្រទេសយើងបានរីកចម្រើនជឿនលឿនដោយការទទួលខុសត្រូវ។
(៣៧) ដីរដ្ឋគឺដីរួម មិនហាមប្រជាជនទៅរស់នៅ ប៉ុន្តែត្រូវមានបែបបទគ្រប់គ្រង មិនមែនកាប់ទន្ទ្រានផ្តេសផ្តាស
យើងត្រូវខិតខំទប់ស្កាត់ការបំផ្លាញ ការទន្ទ្រានធនធានធម្មជាតិដោយខុសច្បាប់។ ខ្ញុំសូមអរគុណទៅដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ។ នៅក្នុងខេត្តពោធិ៍សាត់នេះមានរឿងច្រើន។ ឥឡូវគេមិនទៅកាប់ព្រៃ គេទៅទន្ទ្រានដីរកមាស កំណប់ជំនាន់ ប៉ុលពត។ មានអ្នកមកប្រាប់ខ្ញុំច្រើន។ ថ្ងៃមុនមានគេមកប្រាប់ … ឯកឧត្តម ម៉ៅ ហាវណ្ណាល់ មើលឲ្យស្រួលប្រយ័ត្នគេទៅជីកនៅពោធិ៍ចិនតុង។ គេថាមានអ៊ំម្នាក់ នៅជំនាន់ ប៉ុលពត កប់ ៥០តោននៅក្រោមអគារ VIP ហ្នឹង។ គាត់សល់តែម្នាក់ឯងគត់។ ក្រៅពីហ្នឹងគេវាយអស់ហើយ។ សំណួរសួរភ្លាមថា ម៉េចបានគេអត់វាយគាត់? ក្រែងគាត់ប្រធាន។ ទី២ ចុះឲ្យទៅជីកនៅក្រោមអគារយ៉ាងម៉េច? កន្លែងនេះគឺមានច្រើន។
ថ្ងៃមុននៅពោធិ៍សាត់ មានអ្នកទៅជីក ជីកអត់ឃើញ គេថាមាសហ្នឹងដើរ។ ចូលមកកាប់ទន្ទ្រានដីបរិស្ថានរបស់រដ្ឋ។ អញ្ចឹងក្រោមរូបភាពស្អីក៏ដោយ បើសិនជាចូលមកកាប់បំផ្លាញធនធានដោយគ្មានគោលការណ៍គឺត្រូវអនុវត្តច្បាប់។ គាត់ប្តឹងឡើងទៅលើ។ ប្តឹងទៅដល់ព្រះឥន្ទ នៅតែមិនផុតពីសំណាញ់ច្បាប់ ព្រោះរដ្ឋមានកាតព្វកិច្ចការពារផលប្រយោជន៍រួម។ ដីរដ្ឋគឺដីរួម។ អញ្ចឹងយើងត្រូវអនុវត្តលើកិច្ចការនេះ។ ធ្វើយ៉ាងណាប្រែក្លាយកន្លែងនីមួយៗ ជាកន្លែងដែលមានសក្តានុពល មិនមែនយើងហាមមិនឲ្យប្រជាជនអភិវឌ្ឍទៅរស់នៅទេ ប៉ុន្តែត្រូវមានបែបបទគ្រប់គ្រង មិនមែនចេះតែទៅកាប់ទន្ទ្រានផ្តេសផ្តាសទេ។ បើមានការខ្វះខាត យើងរៀបចំជូន។
(៣៨) រៀបចំដី ចេញប្លង់ស្របច្បាប់ ធ្វើហេដ្ឋារចនាសម្ព័ន្ធ ឲ្យតែប្រជាជនអត់ដីពិតប្រាកដ
កន្លែងខ្លះនៅពោធិ៍សាត់ កាប់ទន្ទ្រានដី។ ឥឡូវយើងដោះស្រាយជូន រៀបចំដី ហើយឲ្យប្លង់ស្របច្បាប់ទៀត ធ្វើហេដ្ឋារចនាសម្ព័ន្ធឲ្យទៀត ឲ្យតែប្រជាជនអត់ដីពិតប្រាកដ។ ឥឡូវយើងកំពុងរៀបចំនៅស្ទឹងត្រែងជំហានមួយ លើដីកម្មវិធីរបស់ក្រសួងដែនដី កម្មវិធីឡាសិត(LASED) កម្មវិធីដីអតីតយុទ្ធជន គ្រួសារទ័ពអី។ យើងធ្វើឲ្យរាប់ពាន់រាប់ម៉ឺនហិកតា ធ្វើហើយផ្ទះរាប់ពាន់ខ្នង។ យើងធ្វើទៀតជាមួយធនាគារពិភពលោក យើងបន្តធ្វើឲ្យទៀត។ ឥឡូវ កម្មវិធីដែលខ្ញុំរៀបចំសម្រាប់ឆ្នាំថ្មី ផ្តល់ដីការពារព្រៃ យើងរៀបចំជំហានមួយនៅស្ទឹងត្រែង ឥឡូវអ្នកដាក់ពាក្យ ១ម៉ឺននាក់។ យើងចាប់ដំបូង ប្រហែលជា ៥០០ ទៅ ៦០០នាក់ដើម្បីឈានទៅផ្ដល់។
បើអត់ដីពិតប្រាកដ សូមស្នើសុំ។ យើងរៀបចំជូន។ មិនមែនយើងចិត្តអាក្រក់ អន្យតិរ្ថិយជាមួយប្រជាពលរដ្ឋទេ។ តែកុំទៅកាប់ទន្ទ្រាននាំឲ្យអនាធិបតេយ្យ។ បើម្នាក់ហ្នឹងទៅកាប់យក ៥០ហិកតាបាន ម៉េចបាន ១០០នាក់ទៀតមិនមានសិទ្ធិក្នុងការកាប់យកដែរ? ចុះអ្នក ១៧លាននាក់ថា អាហ្នឹងរបស់រួម ម៉េចក៏មិនការពារ ឲ្យអ្នក ២០០នាក់ទៅយកធ្វើអ្វី? អញ្ចឹង ខ្ញុំសុំមានការយោគយល់ សុំធ្វើការឯកភាពទាំងអស់គ្នា។ ការអភិវឌ្ឍកន្លែងណា សុំគោលការណ៍ ឧទាហរណ៍នៅក្នុងតំបន់បរិស្ថាន មានគេជួលនៅក្នុងការវិនិយោគខ្នាតតូច ដើម្បីឲ្យសហគមន៍បានរីកចម្រើន ដូចថ្ងៃមុននៅខ្នងផ្សារ ដូចនៅក្រចេះអី កន្លែងតំបន់ធម្មជាតិ សហគមន៍នៅហ្នឹងគាត់សុំដីសហគមន៍ដើម្បីឲ្យគេវិនិយោគ ឬគាត់ធ្វើវិនិយោគបង្កើតជា បឹងកាឡូ ដើម្បីទាញចំណូល យើងឲ្យធ្វើតើ។
(៣៩) បើសិនជាធ្វើអាជីវកម្មនេសាទ សុំច្បាប់ឲ្យស្រួលបួល ដឹងថាកន្លែងណាទុកឲ្យប្រជានេសាទធ្វើ
អញ្ចឹង ការការពារធនធានធម្មជាតិក៏ល្អ។ អំពីការនេសាទ ខ្ញុំសូមអរគុណចំពោះកងកម្លាំងប្រដាប់អាវុធ កងទ័ពដែលបានចូលរួម នគរបាលបូកជាមួយនឹងអាវុធហត្ថចូលរួមនៅក្នុងការគ្រប់គ្រង។ ខ្ញុំសូមមើលឲ្យច្បាស់ បញ្ជាក់ឲ្យច្បាស់ រវាងប្រជានេសាទនិងអ្នកធ្វើខុសច្បាប់។ ព្រោះប្រទាក់ក្រឡា។ ច្បាប់របស់យើងទាក់ទងនឹងរឿងប្រវែង(អួន) (នឹងឆ្លងនៅពេលដែល)សភាចូលកងវិញ។ ច្បាប់ចាស់នោះឲ្យអួនតែ ៥០ម៉ែត្រទេ។ ឥឡូវនេះពិបាករក ច្បាប់ថ្មីយើងគុណប្រវែងអួនស្របច្បាប់នេះទៅ ៣ ឬ ៤ដង ហើយមើលក្រឡា។ ខ្ញុំថាការអនុវត្តឲ្យច្បាស់។ ប្រជាពលរដ្ឋពិតប្រាកដ ឬមួយអ្នកខ្លះជ្រកក្រោមផ្លាកជាប្រជាពលរដ្ឋដើម្បីផលប្រយោជន៍រួម។
ឆ្នាំនេះ ត្រីច្រើន មួយផ្នែកគឺដោយសារការចូលរួមទប់ការខុសច្បាប់។ ការអូសលៀសមួយចំនួន កាលមុនអូសទាំងតោនៗ ម៉ាស៊ីនធំៗ ដាក់មក ដាក់ឡានចេញទៅក្រៅអស់ យើងចូលទៅជួយទប់។ អ្នកនេសាទគាត់អូសតែកម្រិតម៉ាស៊ីនប៉ុន្មាន? ប្រជាពលរដ្ឋមិនអាចមានអួនរាប់សិបគីឡូទេ។ បើសិនជាធ្វើអាជីវកម្ម ឲ្យដឹងអាជីវកម្ម សុំច្បាប់ឲ្យស្រួលបួល ធ្វើកន្លែងឲ្យស្រួលបួល។ កន្លែងណាដែលទុកឲ្យប្រជាពលរដ្ឋ ប្រជានេសាទធ្វើ។ បើយើងមិនគ្រប់គ្រងទេ អ្នកធំៗហ្នឹងទៅធ្វើគ្រប់កន្លែង ប្រជានេសាទតូចតាចមានកន្លែងឯណា។ យើងត្រូវចែកគ្នារស់។ សំខាន់បំផុតរស់រយៈពេលវែងតាមរយៈការបិទ ឬទប់ស្កាត់នូវសកម្មភាពខុសច្បាប់មួយចំនួន ការឆក់ ឬមួយក្រឡាល្អិតបែបណា ដែលធ្វើឲ្យដាច់ពូជនោះ។ ក្រៅពីហ្នឹងចែកគ្នារស់ទៅ ហើយរស់រយៈពេលវែង។
(៤០) ដឹងពីទិដ្ឋភាពជាក់ស្ដែង បង្រ្កាបបទល្មើសនេសាទឲ្យចំគោលដៅ ទុកឱកាសឲ្យប្រជាពលរដ្ឋប្រកបរបរចិញ្ចឹមជីវិតស្របច្បាប់
អញ្ចឹង ការថែរក្សាធនធានធម្មជាតិនៅខេត្តពោធិ៍សាត់បានដើរតួនាទីសំខាន់ ទាំងការទប់ស្កាត់ ការបំផ្លាញព្រៃឈើ បូកជាមួយនឹងបទល្មើសនេសាទផ្សេងៗ។ សូមអរគុណដល់អាជ្ញាធរខេត្ត ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទាំងនគរបាល អាវុធហត្ថ និងកងទ័ពដែលបានចូលរួម ហើយយើងបន្តរួមគ្នាដោយការទទួលខុសត្រូវ។ សូមឲ្យប្រជាពលរដ្ឋយើងទាំងអស់ចូលរួមជាមួយគ្នា មានខុសឆ្គងអី សូមចែកគ្នាធ្វើ។ ខ្ញុំប្រាប់ ខ្ញុំឲ្យគោលការណ៍ទៅឯកឧត្ដមអគ្គបញ្ជាការ ផ្ដល់គោលការណ៍បន្ថែមទៅយោធភូមិភាគ ទៅកងទ័ពជើងគោកដែលប្រើប្រាស់កម្លាំងបន្ថែម ពេលដែលចុះ គឺត្រូវចុះទៅជាសមូហភាពជាមួយនឹងគណៈបញ្ជាការឯកភាព ជាមួយនឹងគណៈបញ្ជាការចម្រុះ ត្រូវធ្វើការជាមួយគ្នា ទោះបីជាបែងចែកម៉េចក៏ដោយ ត្រូវនិយាយគ្នា។
ទី២ ត្រូវកំណត់ឲ្យប្រាកដជាថា ប្រជាពលរដ្ឋត្រូវរៀបចំក្រុមមួយក្រោយពីយើងបង្រ្កាបនៅកន្លែងហ្នឹង ត្រូវតែជួបជាមួយប្រជាពលរដ្ឋនៅហ្នឹង ឲ្យច្បាស់ថាតើយើងបង្រ្កាបត្រូវឬទេ ឬមួយក៏ខុស ចំប្រជាពលរដ្ឋ? យើងត្រូវឲ្យដឹងពីទិដ្ឋភាពជាក់ស្ដែង ធ្វើយ៉ាងណាឲ្យប្រសិទ្ធភាពកាន់តែល្អ បង្រ្កាបឲ្យចំគោលដៅ។ បានន័យថា អ្នកដែលល្មើសយើងបង្រ្កាប (បើជា)ប្រជាពលរដ្ឋយើងទុកឱកាសឲ្យប្រកបរបរចិញ្ចឹមជីវិតតាមលក្ខណៈស្របតាមច្បាប់ ដើម្បីរួមគ្នារស់។ សំខាន់បំផុត រួមគ្នារស់ចែកមួយប្រទេសនៅតាមបណ្ដោយទន្លេ ព្រោះបើអ្នកនៅខាងលើបង់យកអស់ហើយ អ្នកនៅខាងក្រោមអត់បានទេ។ បើបង់យកទាំងកូនត្រីអីទៀត គឺអស់តែម្ដង …។
(៤១) ករណីមានការគំរាមកំហែង សមត្ថកិច្ចការពារធនធានធម្មជាតិអាចប្រើសិទ្ធការពារខ្លួន
ចែកគ្នារស់តាមរយៈការឲ្យនេសាទ និងការធានានូវការនេសាទដោយត្រឹមត្រូវ ប្រកបដោយការទទួលខុសត្រូវ។ ខ្ញុំដឹងថា ពេលខ្លះមានរហូតទៅដល់ការប្រើប្រាស់ឧបករណ៍ឆក់ត្រីទ្រង់ទ្រាយធំ។ ហ្នឹងគឺត្រូវបង្រ្កាប។ កងកម្លាំងប្រដាប់អាវុធត្រូវតែមានភាពម៉ឺងម៉ាត់ និងច្បាស់លាស់លើរឿងនេះ។ អ្នកខ្លះរហូតដល់ចង់ដេញបាញ់កងកម្លាំងទៅទៀត។ អ្នកខ្លះឈានទៅដល់ការបើកបុកចង់សម្លាប់។ កងកម្លាំងប្រដាប់អាវុធមានសិទ្ធិការពារខ្លួន។ ខ្ញុំប្រាប់មួយម៉ាត់។ យើងអនុវត្ត យើងមិនប្រើហិង្សាជាមួយប្រជាពលរដ្ឋទេ តែបើសិនជាមានការបាញ់ប្រហារមកលើកងទ័ព ឬក៏មានចេតនាធ្វើសកម្មភាពចង់ឲ្យគ្រោះថ្នាក់ណាមួយ កងទ័ពនិងកងកម្លាំងប្រដាប់អាវុធមានសិទ្ធិការពារខ្លួន។ ខ្ញុំនិយាយឲ្យច្បាស់។ ប្រជាជនធម្មតាគ្មានកាំភ្លើងទេ។
អ្នកដែលប្រព្រឹត្តខុស (សូមជូន)សារឲ្យច្បាស់ កុំចង់សាកយកកាំភ្លើងបាញ់កងទ័ព ប៉ូលីស និងប៉េអឹមឲ្យសោះ។ កុំយកទូកមកចង់បុកពន្លិចទូករបស់កងកម្លាំងនៅកណ្ដាលទន្លេ។ កន្លងទៅធ្លាប់មាន។ បងប្អូនសួរយោបល់ ខ្ញុំថាបើគេបំពានបែបនេះ អាចប្រើសិទ្ធិការពារខ្លួន ខ្ញុំទទួលខុសត្រូវ ព្រោះខ្ញុំបញ្ជាឲ្យអនុវត្តច្បាប់ ខ្ញុំត្រូវការពារបងប្អូន។ បើមិនអញ្ចឹង អ្នកអនុវត្តច្បាប់តើមានទឹកចិត្ត ឬភាពក្លាហានឯណានឹងធ្វើ បើគេបាញ់មកហើយ អត់មានអ្នកណាការពារ។ តែសុំឲ្យអនុវត្តច្បាប់ត្រឹមត្រូវ។ សូមអ្នកដែលបំពានច្បាប់កុំលេងសើច។ ថ្ងៃមុន ឃើញបាញ់ឧទ្យានុរក្សនៅឯណានោះ។ ហ្នឹងឧទ្យានរក្ស តែប្រយ័ត្នជាកម្លាំងភូមភាគ១ ទៅ។ នៅខេត្តខាងលើ ព្រោះភូមិភាគ១ ក៏ទៅដែរ។ សូមកុំប្រើហិង្សា។ មានអីយើងដោះស្រាយទៅ។ បងប្អូនមិនដឹងថាធ្វើម៉េច ឃើញគេបើកបុក ចង់ពន្លិច កន្លែងខ្លះដល់ចង់បាញ់អីទៀត។ តែយើងមិនប្រើហិង្សាដាច់ខាត លើកលែងតែការការពារខ្លួន។ បើក្នុងការអនុវត្តច្បាប់មានទល្ហីករណ៍ត្រឹមត្រូវ ជាការការពារខ្លួនត្រឹមត្រូវ ខ្ញុំនឹងការពារបងប្អូន ដើម្បីផលប្រយោជន៍រួម។
(៤២) គ្រប់គ្រងនិងធានាធនធានធម្មជាតិជូនប្រជាពលរដ្ឋ ពិសេសអ្នកតូចតាច
ខ្ញុំសូមបញ្ជាក់បែបនេះ។ បើសិនជាការបង្រ្កាប ធ្វើទៅប៉ះពាល់ខុសគោលដៅទៅដល់ប្រជាពលរដ្ឋ ដែលយើងមិនមានចេតនា សូមពិគ្រោះជាមួយគាត់ធ្វើការកែសម្រួល ទាំងក្រសួងកសិកម្ម និងក្រសួងពាក់ព័ន្ធ អាជ្ញាធរខេត្ត កងកម្លាំងដែលចុះអនុវត្ត។ យើងមិនមែនអន្យតិរ្ថិយទេ។ យើងធ្វើដើម្បីរស់ទាំងអស់គ្នា ជាពិសេសជីវភាពរបស់ប្រជានេសាទតូចតាច។ បើតាមខ្ញុំចាំ ពេលខ្ញុំទៅកំពង់ភ្លុក ខ្ញុំជិះទូកមួយ ខ្ញុំសួរអ៊ំស្រីដែលចែវទូក គាត់ថា ប្ដីទៅនេសាទ ប្រពន្ធចែវទូកទេសចរណ៍។ គាត់ខ្សិបប្រាប់ខ្ញុំថា សម្ដេចសូមជួយផង នេសាទមិនសូវបានត្រីទេ។ ម៉េចបានខែហ្នឹងមិនត្រូវត្រី? ដោយសារនេសាទខុសច្បាប់ច្រើនពេក។ យប់ឡើងកាណូតមកលឿនៗណាស់ សំណាញ់ធំៗ យកទៅអស់។ ពួកខ្ញុំមិនហ៊ានទេ។ បង្រ្កាបពួកអស់អ្នកទាំងអស់នោះ ដើម្បីឲ្យប្រជាជនស្លូតត្រង់ អ្នកនេសាទយើងមានលទ្ធភាពរកត្រីចិញ្ចឹមជីវិត ត្រូវធ្វើបែបនេះ។
បើចង់រកស៊ីខ្នាតធំ ចុះឈ្មោះសុំច្បាប់ត្រឹមត្រូវទៅ។ ខ្ញុំសូមយកឱកាសនេះ ព្រោះមកពោធិ៍សាត់នេះ និយាយរឿងនេះច្រើន។ ជាពិសេស ការគ្រប់គ្រងធនធានធម្មជាតិ ដែលខិតខំពុះពារប្រឈម ហើយបានស្នាដៃច្រើន។ ប៉ុន្តែ មិនទាន់អស់ទេ នៅមានបញ្ហាទៀត។ ធ្វើយ៉ាងណាឲ្យមានរបៀបរបប ធ្វើយ៉ាងណាដើម្បីធានានូវធនធានធម្មជាតិជូនប្រជាពលរដ្ឋ។ យើងមិនហាមប្រជាពលរដ្ឋដែលធ្វើទេ តែសុំធ្វើនៅក្នុងក្របខ័ណ្ឌមួយដែលមិនខុសច្បាប់ មិនបំផ្លាញដល់ធនធានធម្មជាតិ ឬដល់អ្នកដទៃ ជាពិសេស អ្នកតូចតាចជាងយើង។ រដ្ឋគ្មានហេតុផលថាមួយទន្លេនេះជារបស់រដ្ឋទេ។ បើកឲ្យប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋដែលនេសាទបាន រដ្ឋមិនដែលយកលុយទេ ឬក៏ពេលបង់សំណាញ់ទៅបានមួយគីឡូក្រាម ឡើងទៅរដ្ឋត្រូវឲ្យបង់លុយក្នុងមួយគីឡូក្រាមប៉ុន្មាននោះ មានឬអត់? អត់ទេ។ នៅពោធិ៍សាត់មិនមានទេឬ? បើសិនជាមាន សូមដាក់ចូលផេចរបស់ខ្ញុំមក។ ប្រជានេសាទ លើកលែងតែអ្នកធ្វើឡូតិ៍នេសាទ ធ្វើអាជីវកម្មដែលសុំអាជ្ញាបណ្ណពីក្រសួងកសិកម្ម ពីជលផលក្នុងមួយខេត្តមានប៉ុន្មាន។ ហ្នឹងគេធ្វើជារបៀបអាជីវកម្ម យកទៅបោះដុំអីតាមផ្សារ។ ប្រជានេសាទយើងធម្មតា គ្រាន់តែហូបនិងលក់ដូរបន្តិចបន្តួច យើងមិនប៉ះពាល់នោះទេ។
(៤៣) ការពារធនធានមច្ឆក្នុងបឹងទន្លេសាប សម្រាប់បណ្តាខេត្តនានានៅជាប់ទន្លេសាបនិងទន្លេមេគង្គ
ត្រីនេះ រដ្ឋការពារដើម្បីបានផលទាំងអស់គ្នា។ បើមិនអញ្ចឹងទេ ត្រីមិនមានច្រើនទេ។ ចិញ្ចឹមយ៉ាងណាក៏ទៅមិនរួចដែរ។ ការការពារតំបន់បី តំបន់ត្រីពងដែលយើងការពារតំបន់នេសាទ តំបន់បឹងទន្លេសាប គឺក្នុងន័យនេះឯង។ ការពារតំបន់ជីវៈចម្រុះ ដើម្បីធ្វើយ៉ាងណារក្សាឲ្យបានប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាបដែលជាបឹងធំមួយនៅអាស៊ីអាគ្នេយ៍ បូកជាមួយនឹងធនធានធម្មជាតិដ៏សម្បូរបែប។ ឆ្នាំនេះ ត្រីត្រូវច្រើនដូចឃើញនៅ(ផ្សារ)ពន្លៃ ដែលគេឧស្សាហ៍ថត។ អ្នកនេសាទយើងក៏(នេសាទបានច្រើន) លើកម្ដងៗ ១តោន ២តោនអីឯណោះ។ ថ្ងៃមុន ខ្ញុំទៅមើលនៅបែមួយនោះ។ ត្រីប្រហុកត្រូវច្រើន។ ថ្ងៃមុន ខ្ញុំសួរអ្នកបែ គេថា “សម្ដេច! ឥឡូវអ្នកបែខុសពីមុន។ ពីមុន គាត់ជិះរ៉ឺម៉កមកទិញ។ ឥឡូវជិះសុទ្ធតែ Pick-Up មកទិញ។ គាត់ទិញមួយល្មមរួចយកទៅធ្វើនៅផ្ទះទៅ”។
ខ្ញុំតែងនិយាយថា «ស៊ូឲ្យមានត្រីច្រើន ហើយលក់សល់ ឲ្យអ្នកទិញៗ បានតម្លៃថោក ជាជាងអត់មានត្រី ហើយត្រីថ្លៃ ពិបាករស់ទាំងអស់គ្នា»។ យើងធ្វើបែបនេះ។ បើសិនជាយើងការពារមិនបាន ត្រីកាន់តែតិច ប្រជាពលរដ្ឋអ្នកថ្លៃ ទិញត្រីហូបមួយគីឡូតើឡើងប៉ុន្មានទៅ? ដូចកម្មករនៅ RMA នេះមានពេលឯណាធ្វើការផង ទៅនេសាទផង ប្រាកដជាយកប្រាក់ខែទៅទិញត្រីហូបហើយ។ បើត្រីឡើងថ្លៃ (ធ្វើម៉េច)។ តែបើត្រីមានតម្លៃសមរម្យ កាន់តែច្រើន សម្បូរ ខ្ញុំគិតថា ទាំងអ្នកលក់គាត់លក់ថោកជាងមុនមែន តែលក់បានបរិមាណច្រើន ក៏ចំណូលច្រើន អញ្ចឹងយើងឈ្នះឈ្នះទាំងអស់គ្នា។ អញ្ចឹងត្រូវរួមគ្នាការពារធនធានមច្ឆារបស់យើងក្នុងបឹងទន្លេសាបទាំងអស់គ្នា។ និយាយសម្រាប់ខេត្តពោធិ៍សាត់ផង ក៏ដូចជាខេត្តទាំងអស់ដែលជាប់ទន្លេសាប និងទន្លេមេគង្គរបស់យើង។
(៤៤) អំពាវនាវវិនិយោគិនជ្រើសរើសកម្ពុជាជាគោលដៅពង្រីកខ្សែចង្វាក់ផលិតកម្ម
ចំណុចមួយទៀត សូមវិនិយោគិនជ្រើសរើសយកកម្ពុជាជាគោលដៅក្នុងការពង្រីកនូវខ្សែចង្វាក់ផលិតកម្មបន្ថែមទៀត ជាពិសេស លោក Whitcraft ក្រុមហ៊ុន Ford នៅទីនេះ មកបានប៉ុន្មានឆ្នាំជាមួយគ្នាហើយ និងសង្ឃឹមថានឹងបន្តទៅទៀត។ ឡាន Ford ដូចគាត់និយាយអញ្ចឹង គឺលក់ដាច់បានច្រើនមិនមែនដោយចៃដន្យទេ ព្រោះប្រជាពលរដ្ឋមានជម្រើស។ ខ្ញុំចាំ ពេលដែលខ្ញុំទិញ Ford Wild Track មុនគេ អ្នកលក់នៅផ្លូវសហព័ន្ធរុស្សី គាត់យកទៅបង្ហាញខ្ញុំនៅបន្ទាយ។ កាលនោះ ខ្ញុំមើលពីរបីម៉ូឌែល ឡានអាមេរិកខ្ញុំធ្លាប់ជិះតែ Jeep Grand Cherokee។ កាលខ្ញុំនៅនោះ ខ្ញុំទិញម៉ាកហ្នឹង ៤ឆ្នាំ ជិះទៅចេះតែខូច … ដល់ពេលឡើងបើកសាកល្បង (Ford) ប្អូនដែលយកឡានមកនោះថា “បងឡើងបើកចុះ ខ្ញុំធានាថាបើករួច បងនឹងទិញឡាននេះ”។ គាត់និយាយដោយមោទនៈ។ ចូលទៅ មែន ជាឡាន Pick-up ទេ ប៉ុន្តែប្រព័ន្ធអេឡិកត្រូនិក ចង្កូតអីស្រួលកាច់ … គាត់ពិតជានិយាយត្រូវមែន។ Wild Track របស់ខ្ញុំហ្នឹង នៅជិះដល់សព្វថ្ងៃ។ អត់ខូចទេ។ បើគិតគីឡូ ជិត២០ម៉ឺនគីឡូម៉ែត្រហើយ ព្រោះពីមុន ខ្ញុំចុះមូលដ្ឋាន ខ្ញុំជិះអាហ្នឹង ក្រោយមកខាងអង្គរក្សជិះបន្តរហូត។ អត់មានបញ្ហា។
(៤៥) ទិញរថយន្តពីក្រុមហ៊ុនមានរោងចក្រក្នុងប្រទេស ដើម្បីទទួលសេវាក្រោយការលក់ (after sale service)
គុណភាព ភាពធន់ តម្លៃសមរម្យ កម្ពុជាស្វាគមន៍ មិនរើសថា ទាល់តែឡានហ្នឹងមកពីប្រទេសនេះ/នោះទេ ដូចគេថា យកស្ពៃ ឬសាច់គោ ខ្ញុំថា យកទាំងអស់ ទាំងស្ពៃ ទាំងសាច់គោ ទាំងសាច់មាន់ ទាំងត្រីឲ្យតែសមរម្យ។ រដ្ឋាភិបាលកម្ពុជា ស្ថាប័ននីមួយៗអត់មានបញ្ហាទិញរថយន្តអ្នកណាទេ ឲ្យតែលក់តម្លៃសមរម្យ ធានាបានល្អ សេវាល្អ។ គេចង់បានក្រុមហ៊ុនដែលមានរោងចក្រនៅក្នុងប្រទេសដោយសារអី? ដោយសារ after sale service។ ឡានមិនមែនទិញហើយរួចទេណា។ ឡានមួយទិញគឺចិញ្ចឹមវាថ្លៃជាងចិញ្ចឹមកូនទៅទៀត។ ត្រូវជួសជុល។ អញ្ចឹងបើសិនជាមានរោងចក្រដែលផ្ដល់សេវាជួសជុលរបស់ក្រុមហ៊ុនស្រាប់ មានគ្រឿងបន្លាស់ក្នុងហ្នឹងទៀត ធានាតែម្ដង ព្រោះឡានអាមេរិកពីមុនពិបាក គេមិនសូវទិញជិះ ព្រោះគ្រឿងបន្លាស់ថ្លៃពេក ហើយយូរ។ ទិញមក ចង់កុម្ម៉ង់ទាល់តែកុម្ម៉ង់ពីអាមេរិកមក ថ្លៃនិងយូរ។
ដល់ពេល Ford មានគ្រឿងបន្លាស់អីក្នុងស្រុកស្រាប់(គេនឹងទិញ) អញ្ចឹងបានជា(អំពាវនាវ)ឲ្យផលិតគ្រឿងបន្លាស់ឲ្យច្រើននៅកម្ពុជា។ អញ្ចឹងពេលដែលឡានខូចអី គេទៅភ្លាម បានអាថ្មីភ្លាម មិនចាំបាច់ទៅទិញច្នៃធ្វើអី។ វាងាយ វាថោក តែបើទិញរបស់ហ្ស៊ីនបានថោក បានលឿនដែរ លើសគ្នាបន្តិចបន្តួចហ្នឹង។ សេវានៅហ្នឹង ចូលមកមានម៉ាស៊ីនគេដោតកុំព្យូទ័រគេដឹង។ ពឥឡូវមិនចាំបាច់ឆែក គេដោតតែកុំព្យូទ័រគេដឹងកន្លែងខូចត្រង់ណាទៅហើយ។ បើដោតនៅហ្នឹងបាន គឺល្អហើយ ព្រោះឡានឥឡូវ(គេប្រើ)កុំព្យូទ័រ(ឆែក)។ ឡាន Toyota មួយ ខ្ញុំទិញមកដំបូងចង់ឲ្យគេដោះ Daylight ព្រោះឡាននៅអាមេរិកត្រូវបើកភ្លើងពេលថ្ងៃហ្នឹងរហូត។ បើកស្រុកខ្មែរកាលនោះប៉ូលីសចាប់។ គេថាបើកភ្លើងពេលថ្ងៃ។ អញ្ចឹងទិញមក យកឲ្យជាងដោះ។ ដោះមែន ផ្ដាច់អំពូល daylight មែន តែឡានមិនទៅមុខ ព្រោះ error ប្រព័ន្ធកុំព្យូទ័រ។ បើសិនជាឡានដែលទំនើប គ្មានសេវាក្នុងស្រុក គេមិនងាយទិញ តែបើមានសេវាក្នុងស្រុក មានការជួសជុលលឿនបែបនេះកាន់តែល្អ។ អញ្ចឹងការវិនិយោគមិនត្រឹមតែផលិតទេ ត្រូវមាន Care Service ផង វិនិយោគទៅលើការផ្ដល់សេវា ការជួសជុល ការថែទាំផង នេះជាកំប្លេរបស់យើង។ នេះជារូបមន្តជោគជ័យរបស់ក្រុមហ៊ុនរបស់យើង ហើយយើងចង់បានកាន់តែច្រើនផងដែរ។
[ចប់សេចក្ដីអធិប្បាយ]
មុននឹងបញ្ចប់ ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ក្រុមហ៊ុន RMA Group ដែលបានជ្រើសរើសយកកម្ពុជា ជាគោលដៅវិនិយោគ។ ទន្ទឹមនេះ ខ្ញុំសូមធ្វើការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូត និងចំណងមិត្តភាពរវាងកម្ពុជា-អាមេរិក សម្រាប់រយៈពេលរាប់ទសវត្សរ៍កន្លងមក ដែលបាន និងកំពុងមានកិច្ចសហការប្រកបដោយផ្លែផ្កាក្នុងវិស័យសំខាន់ៗជាច្រើន ជាពិសេស វិស័យពាណិជ្ជកម្ម-វិនិយោគ ដែលពិតជាបានផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តខិតខំប្រឹងប្រែង ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ដោយឈរលើមូលដ្ឋានឈ្នះ-ឈ្នះ ផលប្រយោជន៍ និងការគោរពគ្នាទៅវិញទៅមក។
ជាទីបញ្ចប់ ជាមួយនឹង «ការសម្ពោធដាក់ឱ្យដំណើរការខ្សែចង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford នៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា)» ចាប់ពីពេលនេះតទៅ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋ សូមសម្រេចបានជោគជ័យ ក្នុងគ្រប់ការងារ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព និងសូមប្រកបដោយព្រះពុទ្ធពរ និងពរ ទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាត។
ជាមួយគ្នានេះ សម្រាប់បុគ្គលិក កម្មករ/ការិនី ៤០៤នាក់ ថវិកាម្នាក់១០ម៉ឺនរៀល សាលាស្រុកក្រគរថវិកា២លានរៀល ក្រុមគ្រូពេទ្យប្រចាំការថវិកា៥លានរៀលផងដែរ៕