ហ្វេសប៊ុកផេចសម្ដេចធិបតី ៖ ក្រោមការដឹកនាំផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីការប្រកាសនូវអត្រាពន្ធគយបដិការ (Reciprocal Tariffs) ដែលឯកឧត្តមប្រធានាធិបតី Donald J.Trump បានកំណត់កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ (ម៉ោងនៅសហរដ្ឋអាមេរិក) កន្លងទៅ តាមរយ:ការបង្កើនអត្រាពន្ធគយបដិការលើបណ្តាប្រទេសជាច្រេីន ក្នុងនោះមានកម្ពុជារហូតដល់ ៤៩%។ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានសិក្សាវាយតម្លៃ និងរៀបចំនីតិវិធី ព្រមទាំងយន្តការផ្សេងៗ ជាបន្ទាន់ក្នុងគោលដៅធ្វើការចរចាផ្ទាល់ជាមួយនឹងរដ្ឋាភិបាលសហរដ្ឋអាម៉េរិកដេីម្បីទម្លាក់ចំនួនអត្រាពន្ធវិញ។
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានផ្ញេីលិខិតជូនដល់ ឯកឧត្តមប្រធានាធិបតី Donald J.Trump កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តចរចាបញ្ហាពន្ធគយបដិការរបស់កម្ពុជា ដោយធ្វេីការបន្ថយអត្រាពន្ធលើក្រុមមុខទំនិញនាំចូលពីសហរដ្ឋអាមេរិក ចំនួន ១៩ក្រុមមុខទំនិញ ពីអត្រា ៣៥% មកនៅត្រឹម ៥% ។ ជាលទ្ធផល
វិជ្ជមាន ឆ្លើយតបនឹងសំណើសុំបើកការចរចាស្វែងរកដំណោះស្រាយរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា សេតវិមាន បានចុះផ្សាយព័ត៌មានអំពីអត្រាពន្ធគយបដិការថ្មី នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) គឺបានបញ្ចុះអត្រាពន្ធគយបដិការ (Reciprocal Tariffs) របស់កម្ពុជា ពីអត្រា ៤៩% មកនៅត្រឹម ១០% ក្នុងរយៈពេល ៩០ថ្ងៃ ។
បន្ថែមពីនេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានប្រគល់ភារកិច្ចដល់ក្រុមការងារអន្តរក្រសួង-ស្ថាប័នចំពោះកិច្ច ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏នឹងធ្វើការចរចាផ្ទាល់ជាមួយភាគីសហរដ្ឋអាមេរិកនាពេលឆាប់ៗខាងមុខនេះផងដែរ ។ ជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តតាមដាន និងយកចិត្តទុកខ្ពស់បំផុត ក្នុងការស្វែងរក និងរក្សាឧត្តមប្រយោជន៍ជូនដល់ប្រជាជាតិ ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ។
