ឯកឧត្ដម លោកជំទាវ, សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល,
ឯកឧត្តម លោកជំទាវ, លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា, លោក លោកស្រី,
ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាទីមេត្រី !
ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សយ៉ាងក្រៃលែង ដែលបានចូលរួមជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨»។ តាង-នាមរាជរដ្ឋាភិបាលកម្ពុជា, ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រុមការងារអន្តរក្រសួង, រដ្ឋបាល ខេត្តទាំងបួននៅភូមិភាគឦសាន និងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការគ្នាយ៉ាងសស្រាក់សស្រាំ ជាមួយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរការនៃការរៀបចំកម្មវិធីពិសេសនេះ រហូតទទួលបាននូវឯកសារកម្មវិធីមួយដែលមានភាពគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡា, ប្រាកដនិយម និងចំគោលដៅ ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ ជាក់ស្តែងរបស់តំបន់ភូមិភាគឦសានផង និងទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល ជារួមផង ។
ដូចបានគូសបញ្ជាក់ក្នុងរបាយការណ៍សង្ខេបរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, កាលពីឆ្នាំ២០២៤ កន្លងទៅ, ខ្ញុំបានណែនាំឱ្យគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំសិក្សា និងរៀបចំកម្មវិធីពិសេសជំរុញការវិនិយោគឯកជន ក្នុងគោលដៅជំរុញការពង្រីកមូលដ្ឋានសេដ្ឋកិច្ច ចំពោះបណ្តាខេត្តដែលនៅឆ្ងាយពីមជ្ឈមណ្ឌលកំណើន ក៏ដូចជាជំរុញការតភ្ជាប់នៃចរន្តសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ និងប្រកបដោយបរិយាប័ន្ន ។
សម្រាប់រដ្ឋាភិបាលនៃប្រទេសកំពុងអភិវឌ្ឍ ការខិតខំពង្រាយរបាយនៃការអភិវឌ្ឍ ដើម្បីឱ្យប្រជាជនទូទាំងប្រទេស អាចទទួលបាននូវឱកាស និងផ្លែផ្កាពីសន្តិភាព និងការអភិវឌ្ឍ គឺជាកាតព្វកិច្ចមូលដ្ឋានដ៏សំខាន់បំផុត ហើយក៏ជាចំណោទដ៏លំបាកបំផុតមួយដែរ ព្រោះថា ជាទូទៅ ប្រទេសកំពុងអភិវឌ្ឍ តែងតែមានបញ្ហាកង្វះខាតធនធាន ហើយការជំរុញឱ្យមានការអភិវឌ្ឍព្រមៗគ្នា និងស្មើៗគ្នា នៅទូទាំងប្រទេស ពិតជាមិនអាច ធ្វើទៅបាន តាមការប្រាថ្នាចង់បានភ្លាមៗនោះដែរ ។ នៅពេលដែលធនធានមានកំណត់, រាជរដ្ឋាភិបាលត្រូវការគិតគូរលើអាទិភាវូបនីយកម្ម ប៉ុន្តែ ក៏មិនមានន័យថា ព្រងើយកន្តើយ មិនយកចិត្តទុកដាក់ចំពោះតំបន់ណាមួយនោះដែរ ។
ក្នុងស្ថានភាពបែបនេះ, យើងប្រហែលជាមិនពិបាកយល់ទេថា ហេតុអ្វីបានជាកាលពីឆ្នាំ១៩៩៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលដែល សម្តេច កាន់តំណែងជានាយករដ្ឋមន្ត្រី គឺជាអ្នកផ្តួចផ្តើមគំនិតឱ្យមានក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ។ ឆ្នាំនោះគឺជាឆ្នាំដែលកម្ពុជា ទើបតែចូលអាស៊ាន ហើយអាទិភាពមួយរបស់កម្ពុជា ដូចមានចែងនៅក្នុងយុទ្ធសាស្ត្រត្រីកោណ គឺការជំរុញសមាហរណកម្មកម្ពុជាទៅក្នុងតំបន់ និងអន្តរជាតិ ។ ដូច្នេះ ការបង្កើត CLV-DTA គឺដើម្បីចង្អុលទិសឱ្យដៃគូរបស់យើង ជួយជំរុញការអភិវឌ្ឍ និងភាពតភ្ជាប់នៅក្នុងតំបន់នោះឯង ។ ម្យ៉ាងទៀត, នៅពេលដែលកម្ពុជា ទើបតែសម្រេចបានសន្តិភាពពេញលេញ ក្រោយជោគជ័យនៃ នយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ, កម្ពុជា នៅពេលនោះពិតជាមានភាពខ្វះមុខខ្វះក្រោយ ហើយត្រូវការដៃគូសហប្រតិបត្តិការគ្រប់ទម្រង់តាមដែលអាចធ្វើទៅបាន។
ប្រជាជនកម្ពុជាទាំងអស់ដែលធ្លាប់មកកាន់តំបន់នេះ ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និង១៩៩០ សុទ្ធតែបានដឹងហើយថា ប្រជាជនយើងជំនាន់នោះ ត្រូវឆ្លងទៅប្រទេសជិតខាងជាមុនសិន មុននឹងអាចទៅដល់ទីតាំងនៃបណ្តាខេត្តមួយចំនួន ព្រោះយើងគ្មានផ្លូវតភ្ជាប់ ឬមានហើយតែស្ថានភាពផ្លូវពិបាក មិនអាចធ្វើដំណើរបាន ។ ស្ថានភាពនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន និងមន្ទីរពេទ្យ ជាដើម សុទ្ធតែមានការខ្វះខាតខ្លាំងណាស់ នៅពេលនោះ ។ ដូច្នេះ ការបង្កើត CLV-DTA នៅពេលនោះ គឺជាការសហការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមករវាងប្រទេសទាំង ៣ នៅពេលដែលគ្មានប្រទេសណាមួយ អាចមានលទ្ធភាពបំពេញតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ឱ្យបានពេញលេញ ដូចតំបន់ផ្សេងៗទៀត ។
ឥឡូវនេះ, កម្ពុជាបានឈានចូលដល់ដំណាក់កាលថ្មី និងកាលៈទេសៈថ្មី ហើយខ្ញុំក៏ពុំចាំបាច់ពន្យល់ឡើងវិញ អំពីមូលហេតុដែលកម្ពុជា ត្រូវសម្រេចចិត្តដកខ្លួនចេញពី CLV-DTA នោះដែរ ។ ពេលនេះ គឺជាពេលដែលយើងត្រូវគិតគូរថា តើយើងត្រូវធ្វើដូចម្តេច ដើម្បីជំរុញការអភិវឌ្ឍតំបន់ភូមិភាគឦសាន ឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចឯករាជ្យមួយ មានសមត្ថភាពមិនឆ្ងាយដាច់ខ្លាំងពេកពីតំបន់ដទៃ?
នៅក្នុងការពិចារណាគោលនយោបាយសម្រាប់តំបន់នេះ, មានទិដ្ឋភាព ៣ ដែលត្រូវគិតគូរព្រមគ្នា ពោលគឺ “មនុស្ស”, “ចរន្តសេដ្ឋកិច្ច” និង “ភាពតភ្ជាប់” ដែលពិបាកនឹងខ្វះខាតចំណុចណាមួយបាន ។ យើងចង់ឱ្យ “មនុស្ស” ទៅរស់នៅ, ប៉ុន្តែ ប្រជាជនដែលទៅនៅ មិនអាចនៅយូរអង្វែងបាន ដោយសារគ្មាន “ចរន្តសេដ្ឋកិច្ច” ហើយនៅពេលដែលយើងចង់ជំរុញឱ្យមាន “ចរន្តសេដ្ឋកិច្ច”, វិនិយោគិន ក៏នឹងត្អូញថា លំបាកលើ “ភាពតភ្ជាប់” ទៅនឹងទីផ្សារ ជាដើម ដែលជាភាពប្រទាក់ក្រឡានៃទិដ្ឋភាពទាំង ៣ ។ “ភាពតភ្ជាប់” គឺជាចំណោទនៃកត្តាភូមិសាស្ត្រដ៏លំបាកមួយ។ អ្នករៀបចំគោលនយោបាយ ត្រូវគិតគូរជារឿយៗថា នៅពេលដែលយើងចង់ឱ្យមានភ្ញៀវទេសចរ មកលេងញឹកញាប់នៅក្នុងតំបន់នេះ តើយើងត្រូវបង្កើតភាពទាក់ទាញដូចម្តេច ឱ្យខ្លាំង ហើយអាចជំនះបានទៅលើរយៈចម្ងាយ ៧ម៉ោងនៃការធ្វើដំណើរ? តើធ្វើដូចម្តេចឱ្យភ្ញៀវទៅហើយ ចង់មកម្តងទៀត ក្នុងរយៈចម្ងាយដ៏វែងបែបនេះ? ចំណោទនេះពិតជាមិនមែនជាបញ្ហាងាយស្រួលនោះទេ។
ដូច្នេះហើយ នៅពេលដែលដាក់ចេញគោលនយោបាយទាក់ទងនឹងតំបន់ភូមិភាគឦសាន រាជរដ្ឋាភិបាលបានធ្វើការគិតគូរគ្រប់ជ្រុងជ្រោយ ដោយមានភាពប្រទាក់ក្រឡាគ្នា ទាំងលើ ៣ ទិដ្ឋភាព គឺ “មនុស្ស” “ចរន្តសេដ្ឋកិច្ច” និង “ភាពតភ្ជាប់” ទោះបីថា ពេលខ្លះយើងមិនអាចមានធនធាន ដើម្បីផ្តោតលើទិដ្ឋភាពទាំង ៣ ព្រមគ្នាក៏ដោយ ។ ឧទាហរណ៍ លើទិដ្ឋភាព “មនុស្ស”, កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ខ្ញុំបានប្រកាសដាក់ចេញនូវ “កម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព” សំដៅលើកកំពស់សិទ្ធិកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ តាមរយៈការជំរុញការវាស់វែង ការចុះបញ្ជីដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ក៏ដូចជាការបន្តផ្តល់នូវដីសម្បទានសង្គមកិច្ច ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារទ័ព និងនគរបាលជាតិនៅតាមព្រំដែន និងប្រជាពលរដ្ឋក្រីក្រ ។
លើទិដ្ឋភាព “ចរន្តសេដ្ឋកិច្ច” នៅថ្ងៃនេះ ខ្ញុំដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ២០២៥-២០២៨» ដើម្បីជំរុញឱ្យមានការវិនិយោគឯកជន កាន់តែសកម្ម បង្កើតជាចរន្តសេដ្ឋកិច្ច បង្កើតការងារ និងភាពទាក់ទាញ ប្រមូលផ្តុំប្រជាជនយើងឱ្យទៅប្រកបអាជីវកម្ម និងរស់នៅកាន់តែច្រើនឡើងនៅក្នុងតំបន់នេះ។
ចំពោះទិដ្ឋភាព “ភាពតភ្ជាប់”, ការគិតគូរពីការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត គឺជាការងារដែលធ្វើឡើងឥតដាច់ បន្តពីមួយអាណត្តិទៅមួយអាណត្តិ ដោយប្រើប្រាស់គ្រប់មធ្យោបាយ និងធនធាន ទាំងថវិកាជាតិ ហិរញ្ញប្បទានគាំទ្រពីដៃគូអភិវឌ្ឍ និងការចូលរួមចំណែកពីប្រជាជន និងវិស័យឯកជន ។ ឧទាហរណ៍ជាក់ស្តែង គឺការចូលរួមដ៏សស្រាក់សស្រំាពីសំណាក់ប្រជា-ពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស នៅក្នុង«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលតាមរយៈនេះ កងវិស្វកម្មរបស់យើងកំពុងមមាញឹកឈូសឆាយផ្លូវ ពុះពារជម្នះរាល់ឧបសគ្គគ្រោះថ្នាក់ ការលំបាកគ្រប់បែបយ៉ាង ខិតខំប្រឹងប្រែង ធ្វើការស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រ ខេត្តមណ្ឌលគិរី និងខេត្តរតនៈគីរី ដែលរហូតមកដល់ថ្ងៃនេះ គឺមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ។
បើនិយាយដោយខ្លី, នៅពេលដែលយើងនិយាយពីការស្រឡាញ់ជាតិ ស្រឡាញ់ទឹកដី យើងត្រូវសួរដែរថា តើយើងការពារជាតិដូចម្តេច នៅពេលដែលយើងគ្មានទាំងផ្លូវទៅតំបន់ដែលនៅក្រោមដែនអធិបតេយ្យរបស់យើងផងនោះ? តើយើងអាចការពារទឹកដីរបស់យើង ដោយនាំគ្នាស្រែកតាម Facebook ពីក្រៅប្រទេសបានដែរ ឬយ៉ាងណា ប្រសិនបើគ្មានកងទ័ព ឬប្រជាជន រស់នៅការពារ តាមព្រំដែនដោយផ្ទាល់នោះ? ពិតជាមិនអាចទៅរួចទេ ។ កិច្ចការការពារព្រំដែនដែលមានប្រសិទ្ធភាព និងចីរភាព មិនមែនត្រឹមផ្ដោតលើការកសាងលេណដ្ឋានរឹងមាំនោះទេ ប៉ុន្តែគឺការជំរុញការកសាងខឿនការពារជាតិរបស់ប្រជាជន តាមរយៈការកសាង និងអភិវឌ្ឍន៍ តាមបណ្ដោយព្រំដែន ដោយរួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជា ផ្លូវក្រវាត់ព្រំដែន ដែលបង្កលក្ខណៈសម្រាប់ការរីកចម្រើននៅតំបន់នោះផងដែរ ។
ខាងលើនេះ គឺជាទិដ្ឋភាពរួមនៃគោលនយោបាយជាតិ ប៉ុន្តែ សម្រាប់កម្មវិធីថ្ងៃនេះ គឺជាការផ្តោតចំណាប់អារម្មណ៍លើកិច្ចខិតខំប្រឹងប្រែងបង្កើត “ចរន្តសេដ្ឋកិច្ច” សម្រាប់តំបន់ភូមិភាគឦសានរបស់យើង តាមរយៈការជំរុញវិនិយោគឯកជន ។ ក្នុងសុន្ទរកថារបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានរៀបរាប់រួចហើយអំពីខ្លឹមសារនៃកម្មវិធីពិសេសនេះ ដែលឈរលើគោលគំនិត «៣.៣.៣» គឺ ទស្សនាទាន ៣, វិស័យអាទិភាព ៣, និងវិធានការគាំទ្រនិងជំរុញការវិនិយោគ ៣ប្រភេទ ។ ខ្ញុំចង់ពន្យល់បន្ថែមអំពីទឡ្ហីករណ៍នៃការរៀបចំរបស់យើង។
ជារួម ការជំរុញឱ្យវិនិយោគិន ទៅផ្សងព្រេងដាក់ទុន នៅតំបន់ដែលឆ្ងាយ ហើយខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ ទាមទារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដោយឈរលើអភិក្រម ២ យ៉ាង គឺទី១. តើយើងធ្វើដូចម្តេច ដើម្បីឱ្យកម្មវិធីនេះ មានលក្ខណៈពិសេស “លើសគេ” លើសពីតំបន់ដទៃៗទៀត? និង ទី២. តើរាជរដ្ឋាភិបាលអាចចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមជាប្រព័ន្ធសម្រាប់ការវិនិយោគនៅតំបន់នោះ ដោយរបៀបណា? អភិក្រមនេះ យើងធ្លាប់អនុវត្តរួចហើយ ជាមួយនឹងយន្តការដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុ ដែលខ្ញុំអាចនិយាយបានថាយើងទទួលបានជោគជ័យក្នុងការដោះស្រាយគម្រោងជាប់គាំងបានយ៉ាងច្រើន។ ខ្ញុំចង់គូសបញ្ជាក់បន្ថែមអំពីអ្វីទៅដែលជាលក្ខណៈពិសេស សម្រាប់កម្មវិធីពិសេសនៅភូមិភាគឦសាន ។
ទី១. ការផ្តល់ការលើកទឹកចិត្តលើសលុប។ យើងផ្តល់ការលើកទឹកចិត្ត លើសពីច្បាប់វិនិយោគ ហើយបើកវិសាលភាពធំទូលាយលើសពីគម្រោងវិនិយោគដែលមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ (គ.ល.គ.) ក្នុងវិស័យអាទិភាព ដោយរួមបញ្ចូលទាំងវិស័យទូទៅ និងគម្រោងពង្រីកនៃ គ.ល.គ. ផងដែរ ។ លើសពីនេះទៀត, សម្រាប់សកម្មភាពធុរកិច្ច ដែល កំពុងដំណើរការក្នុងខេត្តទាំងបួន តែមិនទាន់បានចុះបញ្ជីពន្ធដារ អាចចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តក្នុងឆ្នាំ ២០២៥ ហើយទទួលបានការលើកលែងនូវ ពិន័យទោសទណ្ឌ, បំណុលពន្ធ និងការផាកពិន័យជាប្រាក់ ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមកផងដែរ។ ក្រោយពីបានចុះបញ្ជីពន្ធដាររួចរាល់, សកម្មភាពធុរកិច្ចទាំងនេះ ក៏អាចស្នើសុំការលើកទឹកចិត្ត ដោយត្រូវចុះបញ្ជីជា គ.ល.គ. ក្នុងឆ្នាំ ២០២៥ ។
ទី២. យន្តការច្រកចេញចូលតែមួយ ដោះស្រាយបញ្ហានៅនឹងកន្លែង។ នេះជាយន្តការសំខាន់ ដែលយើងអនុវត្តបានទទួលជោគជ័យកន្លងមក តាមរយៈ “ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ” ដែលជាក្រុមការងារចំពោះកិច្ចអន្តរក្រសួង ។ ក្រុមការងារនេះ ដើរតួនាទីជាច្រកចេញចូលតែមួយ ដែលមានតួនាទីពិនិត្យ វាយតម្លៃ និងផ្តល់ការអនុម័តគម្រោង, ផ្តល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណនានា ជាកញ្ចប់ទៅលើគម្រោងវិនិយោគនៃកម្មវិធីពិសេស និងតាមដាន ត្រួតពិនិត្យ លើការអនុវត្តគម្រោងទាំងនេះ។
ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលបានបង្កើត “ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន” (ក.វ.ឦសាន) ដែលវិនិយោគិនអាចដាក់ពាក្យស្នើសុំការអនុម័តគម្រោង និងលិខិតស្នាមពាក់ព័ន្ធផ្សេងៗទៀត ជាមួយនឹងក្រុមការងារតែម្តង ដោយពុំចាំបាច់ឆ្លងនីតិវិធីដោយឡែកៗ តាមក្រសួង-ស្ថាប័ននីមួយៗ។ នៅពេលដែលជួបបញ្ហាក៏អាចស្នើសុំការសម្របសម្រួលដោះស្រាយ ពីក្រុមការងារដោយផ្ទាល់តែម្តង ដែលមានការិយាល័យនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (នៅ OCIC ជ្រោយចង្វារ) ឬនៅតាមរដ្ឋបាលខេត្តទាំងបួន ។
ទី៣. ការជំរុញវិនិយោគិនក្នុងស្រុក និងសហគ្រាសធុនតូច និងមធ្យម៖ យើងចង់ផ្តោតលើការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដូច្នេះហើយរាជរដ្ឋាភិបាល បានបន្ធូរបន្ថយលក្ខខណ្ឌនៃទំហំទុនវិនិយោគអប្បបរមាចាប់ពី ១០ម៉ឺនដុល្លារ ឡើងទៅ គឺអាចស្នើសុំគោលការណ៍វិនិយោគពី ក.វ.ឦសាន ដើម្បីចុះបញ្ជីជា គ.ល.គ. នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត តាមនីតិវិធីជាធរមាន ។ ការដាក់ទំហំទុនបែបនេះ ក៏ដោយសារថា យើងចង់លើកទឹកចិត្តវិនិយោគិនក្នុងស្រុក ឱ្យចូលរួមបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន ។
ទី៤. ការផ្តល់ហិរញ្ញប្បទានគាំទ្រ។ បញ្ហាហិរញ្ញប្បទាន គឺជាបញ្ហាប្រឈមដែលក្រុមការងារបានទទួលមតិត្រឡប់ជាច្រើន ដូច្នេះហើយរាជរដ្ឋាភិបាលបានត្រៀមថវិកា ៣០ លានដុល្លារ ដើម្បីដាក់ចេញនូវកម្មវិធីហិរញ្ញប្បទានក្រោមអត្រាការប្រាក់សមរម្យ ដោយផ្តោតជាពិសេសលើសហគ្រាសធុនតូច និងមធ្យម, សហគមន៍កសិកម្មទំនើប និងសហគមន៍ទេសចរណ៍ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) ។
ទី៥. ការខិតខំជំរុញធនធានមនុស្សគាំទ្រ។ កង្វះខាតធនធានមនុស្ស ជាពិសេស សម្រាប់កសិកម្ម និងកសិ-ឧស្សាហកម្ម គឺជាចំណោទមួយ ហើយកម្មករយើងភាគច្រើន ចង់ទៅធ្វើការនៅទីប្រជុំជន ដូច្នេះ រាជរដ្ឋាភិបាលបានសម្រេចផ្តល់ការលើកទឹកចិត្ត ដោយ កំណត់លក្ខខណ្ឌលើកលែងពន្ធលើប្រាក់បៀវត្សសម្រាប់កម្មករនិយោជិតជាជនជាតិខ្មែរ ដែលទទួលបានប្រាក់បៀវត្សប្រចាំខែ ស្មើនឹង ឬតិចជាង ២ ០០០ ០០០ រៀល និងបម្រើការងារនៅក្នុង គ.ល.គ. ដែលមានប្រតិបត្តិការក្នុងខេត្តណាមួយ នៃខេត្តទាំងបួន នៅភូមិភាគឦសាន ។
ការដាក់ចេញគោលនយោបាយគឺជារឿងមួយ ប៉ុន្តែការអនុវត្តជាក់ស្តែងគឺជារឿងមួយទៀត។ ខ្ញុំចង់ឃើញថា កម្មវិធីពិសេសនេះ ជួយបង្កើត “ចរន្ត-សេដ្ឋកិច្ច” បានជាក់ស្តែងដល់ភូមិភាគឦសានរបស់យើង ហើយជោគជ័យនេះ អាចកើតឡើងបានទាល់តែមានការចូលរួមសហការ ពីភាគីពាក់ព័ន្ធទាំងអស់ ទាំងផ្នែករដ្ឋ និងវិស័យឯកជន។ ខ្ញុំចង់សង្កត់ធ្ងន់ជាពិសេស លើតួនាទីរបស់ផ្នែករដ្ឋដែលត្រូវការពារ ថ្នាក់ថ្នម ថែទាំ និងថែរក្សាវិនិយោគ, ចៀសវាងរាល់អំពើអសកម្មទាំងឡាយ ដែលបង្កការរំខានដល់ការប្រកបអាជីវកម្មរបស់ធុរជន។
អភិក្រម “រក្សាចាស់, បង្កើនថ្មី” គឺមានភាពចាំបាច់ ។ យើងត្រូវការពារវិនិយោគដែលមានស្រាប់ បង្កើនទំនុកចិត្តក្នុងនាមជា “តួអង្គចូលរួមដោះស្រាយបញ្ហា មិនមែនជាអ្នកបង្កបញ្ហា” (troubleshooters not troublemakers) ហើយទំនុកចិត្តនេះនឹងក្លាយជាការផ្សាយពាណិជ្ជកម្ម ពីមាត់មួយ ទៅមាត់មួយ ដោយឯកឯង ក្នុងចំណោមសហគមន៍ធុរកិច្ច ។
ក្នុងស្មារតីនេះ, ខ្ញុំសូមផ្តល់ការណែនាំមួយចំនួនដល់ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដូចតទៅ៖
ទី១. ក្រុមការងារត្រូវបំពេញភារកិច្ចរបស់ខ្លួនក្នុងស្មារតីជាក្រុមដោយប្រកាន់ខ្ជាប់នូវអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដើម្បីជំរុញការអនុវត្តវិធានការនានាក្នុងកម្មវិធីពិសេសជំរុញការវិនិយោគនេះឱ្យសំរេចបានជោគជ័យ និងលទ្ធផលជាក់ស្តែងតាមការរំពឹងទុក;
ទី២. ក្រុមការងារត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈនូវកម្មវិធីពិសេសជំរុញការ-វិនិយោគនេះ ឱ្យបានទូលំទូលាយ, ធ្វើការពន្យល់ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ, និងផ្តល់សេវាបដិសណ្ឋារកិច្ច និងកិច្ចសហការល្អជាមួយវិនិយោ- គិន និងធុរជន ទាំងក្នុង និងក្រៅប្រទេស ដើម្បីលើកកម្ពស់ការយល់ដឹង និងទាក់ទាញការចូលរួមអនុវត្តពីកម្លាំងចលករសំខាន់ៗ ព្រមទាំងខិតខំស្វែងរកគំនិតនវានុវត្តន៍ ដើម្បីបង្កើនភាពទាក់ទាញសម្រាប់វិនិយោគិន ទាំងលើទិដ្ឋភាពសមិទ្ធិលទ្ធភាពនៃពាណិជ្ជកម្ម (commercial viability) និងគុណតម្លៃនៃខ្សែច្រវាក់ផលិតកម្ម ដែលផ្សារភ្ជាប់ជាមួយនឹងទីផ្សារ;
ទី៣. គ្រប់តួអង្គពាក់ព័ន្ធដទៃទៀត, ជាពិសេស វិស័យឯកជន ក៏ត្រូវចូលរួមជាមតិយោបល់ និងផ្តល់ធាតុចូលគ្រប់ពេល តាមការចាំបាច់ ដល់ក្រុមការងារ ក៏ដូចជាគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង/ឬ ប្រមុខរាជរដ្ឋាភិបាល ក្នុងស្មារតីកែលម្អការអនុវត្ត និងធានានូវជោគជ័យនៃកម្មវិធីពិសេសជំរុញការវិនិយោគនេះ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
(១) សូមស្ថាប័នមានសមត្ថកិច្ចធានាសង្គតិភាពនិងអនុវត្តការសម្រេចអ្វីមួយពីលើដល់ក្រោមឱ្យបានលឿន
នេះជាកិច្ចការសំខាន់ ហើយជាពិសេសយន្តការ(គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)នេះដាក់ពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិនៅមូលដ្ឋាន។ យើងមានជំនាញជាច្រើន។ បទពិសោធន៍ពីការអនុវត្តលើកដំបូងនៅខេត្តព្រះសីហនុ មានបញ្ហាត្រង់ថាអត់ស៊ីចង្វាក់គ្នា។ យើងបង្កើតគណៈកម្មការ ប្រគល់សិទ្ធិសំរេចមួយចំនួន (ក្នុងគោលបំណង)បង្កៀកសេវាទៅមូលដ្ឋាន កុំឱ្យពិបាកឡើងមកច្រើន កុំចាំបាច់មកភ្នំពេញ ដាក់តាមក្រសួងស្ថាប័ន។ យើងបង្កើនសិទ្ធិគណៈកម្មាធិការនេះឱ្យខ្ពស់ក្នុងការសម្រេច ប៉ុន្តែការសម្រេចហើយត្រូវយកទៅអនុវត្ត។ កន្លងទៅ កន្លែងខ្លះ ពេលដែលគណៈកម្មាធិការរុញពីថ្នាក់កណ្ដាលនេះទៅ សម្រេចលើគោលការណ៍មួយចំនួន ឧទាហរណ៍ទាក់ទងនឹងពន្ធដារ តែមន្ទីរពន្ធដារខេត្តមិនអនុវត្តន៍ ដោយសំអាងថាមិនបានទទួលគោលការណ៍ពីថ្នាក់លើរបស់ខ្លួន។ ហេតុនេះសូមធានាឱ្យបាននូវសង្គតិភាព។
បើមានការសម្រេចអ្វីមួយហើយត្រូវតែអនុវត្តពីលើដល់ក្រោម។ អញ្ចឹង សូមឱ្យស្ថាប័ននីមួយៗ ដែលមានសមត្ថកិច្ចក្នុងកិច្ចការនេះធ្វើយ៉ាងណាធានាសង្គតិភាពនិងការអនុវត្តបានលឿន។ ហ្នឹងគ្រាន់តែជាឧទាហរណ៍តូចមួយ។ (ប៉ុន្តែក្នុងការអនុវត្តជាក់ស្តែង) មិនមែនពាក់ព័ន្ធតែពន្ធដារទេ គឺពាក់ព័ន្ធគ្រប់ស្ថាប័នទាំងអស់។ បានន័យថា រក្សាចំនួនស្ថាប័ននៅដដែល ប៉ុន្តែត្រូវធ្វើនវានុវត្តន៍ទើបដើររួច ដើរទាន់។ បើទោះបីជាយើងដាក់គន្លឹះក្នុងការដោះស្រាយទំនើបយ៉ាងណាក្តី តែពីថ្នាក់កណ្ដាលទៅ តែអ្នកអនុវត្តនៅតែមើកៗ ល្បឿនដដែល នីតិវិធីដដែល នោះទៅមិនរួចទេ។ អញ្ចឹង ទាមទារ(ការអនុវត្តអោយមានសង្គតិភាព) ជាពិសេសនៅក្នុងខេត្តតែម្ដង ព្រោះថ្វីបើការសម្រេចធ្វើនៅថ្នាក់កណ្ដាល ប៉ុន្តែការអនុវត្តភាគច្រើន គឺនៅជាសិទ្ធិរបស់ខេត្ត របស់ស្ថាប័ន។ យើងមិនប្រមូលផ្ដុំអំណាចមកយន្តការកណ្ដាលទៅធ្វើគ្រប់មុខ ធ្វើការជំនួសយន្តការខេត្តទេ។ យើងបានធ្វើវិមជ្ឈការហើយ។ ប៉ុន្តែ ដើម្បីឱ្យអនុវត្តបានលឿនត្រូវមានការឯកភាពគ្នា។
(២) រាល់ការសម្រេចរបស់គណៈកម្មាធិការស្មើនឹងការសម្រេចរបស់ថ្នាក់ជាតិ
រាល់ការសម្រេចរបស់គណៈកម្មាធិការ(គោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)នេះ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវគោរពនិងអនុវត្ត ហើយជាពិសេសខេត្តនីមួយៗ នៃខេត្តទាំងបួននេះ យន្តការនៅក្រោមខេត្តទាំងអស់ត្រូវអនុវត្ត។ កុំអោយមានករណីថា ដែលគណៈកម្មាធិការសម្រេចហើយ (តែការ)អនុវត្តត្រូវចាំឆ្លងអភិបាលខេត្តសិន។ មិនដូចនោះទេ។ គណៈកម្មាធិការត្រូវធ្វើការជាមួយយន្តការខេត្តឱ្យជាប់។ រាល់ការសម្រេចទាំងអស់ជាការសម្រេចដែលយើងធ្វើប្រតិភូកម្មសិទ្ធិឱ្យគណៈកម្មាធិការនេះ។ អញ្ចឹងគឺស្មើនឹងការសម្រេចរបស់ថ្នាក់ជាតិ។ អញ្ចឹងការអនុវត្តត្រូវមានសង្គតិភាព ប៉ុន្តែប្រទាក់ក្រឡាគ្នា។ បានន័យថា យើងមិនទៅធ្វើការជំនួសទាំងអស់ទេ យើងគ្រាន់តែសម្រេច ប៉ុន្តែដល់ពេលចាត់តាំងអនុវត្តន៍គឺយន្តការខេត្តដដែល។ យន្តការកណ្ដាលនេះ នឹងតាមដានត្រួតពិនិត្យអនុវត្ត ដោយមានសមត្ថកិច្ចនិងសិទ្ធិក្នុងការដោះស្រាយជាបន្ទាប់។ នេះជាគន្លឹះនៃជោគជ័យ។ បើសិនជាយើងទំនើបកម្ម យើងធ្វើការកែសម្រួល យើងរៀបចំយន្តការតែពីលើ ដល់ពេលយន្តការជើងក្រោមនៅតែដដែល យើងដើរតាមនីតិវិធីចាស់។ មិនដូច្នោះទេ។ ទន្ទឹមនឹងរៀបចំនីតិវិធីក្នុងគណៈកម្មការ ខ្ញុំសូមឱ្យគណៈកម្មការនេះបន្ស៊ីគ្នាជាមួយនឹងការកែសម្រួលនៃនីតិវិធីរបស់ខេត្តទាំងបួនផង។
(៣) គណៈកម្មាធិការមិនមែនជាយន្តការជំនួសថ្នាក់ខេត្តទេ ប៉ុន្តែជួយសម្រួលនិងជំរុញលើកទឹកចិត្ត
សូមអភិបាល គណៈអភិបាល ចូលរួមរៀបចំនីតិវិធីនេះ … ដោយសារខេត្តទាំងនេះនៅឆ្ងាយជាងគេ ទើបបានជាយើងរៀបចំគណៈកម្មាធិការ(គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)នេះទៅជួយ។ តែបើយើងមិនព្រមដើរខ្លួនឯង មិនព្រមជួយរត់ អត់មានអ្នកណាទៅជួយទេ។ ខេត្តទាំងបួននេះ ក៏ត្រូវប្រកួតគ្នាដែរ។ អ្នកណាទាញបានច្រើនជាងគេ។ អញ្ចឹងវាអាស្រ័យទៅលើយន្តការនេះ។ ខ្ញុំបញ្ជាក់ម្ដងទៀត មិនមែនជាយន្តការទៅជំនួសយន្តការថ្នាក់ខេត្តទេ ប៉ុន្តែជាយន្តការទៅជួយបង្កើនបន្ថែម ជួយសម្រួល និងជំរុញលើកទឹកចិត្ត។ អញ្ចឹងវានៅតែគន្លឹះនៃការអនុវត្ត។ ប្រសិទ្ធភាព គឺអាស្រ័យទៅលើខេត្តខ្លួនឯង។ ខ្ញុំជឿថាឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តទាំងបួន ប្រាកដជាដាក់ទិសដៅ ហើយផ្ដល់គោលការណ៍ណែនាំ និងកែសម្រួលនីតិវិធីរបស់ខ្លួនក្នុងស្ថាប័នពាក់ព័ន្ធ ដើម្បីជួយសំរួលឱ្យបាន។ ជួនកាល មិនពិបាកធ្វើដំណើរទេ ៧ម៉ោង(នេះ) តែកុំឱ្យធ្វើដំណើរ ៧ម៉ោងហើយ រាប់រយគីឡូដី ពេលទៅដល់ស្ទះនៅមូលដ្ឋាន ២០ម៉ោង ដោយសារនីតិវិធីរដ្ឋបាល … ឥឡូវ អត់ចាំបាច់ ៧ម៉ោងទៀតទេ។ យើងទៅតែមួយកន្លែង អត់ចាំបាច់រត់ច្រើនទេ។ តែមួយកន្លែងនេះថែមទាំងប្រគល់សិទ្ធិទៀត ឈ្មោះជាគណៈកម្មាធិការមែន ប៉ុន្តែសិទ្ធិក្នុងការសម្រេចធំដើម្បីឲ្យលឿន។
(៤) ខាងលើក៏លឿន ខាងក្រោមក៏លឿន, មិនកែតែខាងលើទេ គឺកែទាំងជើងក្រោម
អញ្ចឹង ពីលើក៏លឿន ពីក្រោមក៏លឿន។ ចំណុចនេះ ទាមទារការធ្វើការរួមគ្នាដោយមានសង្គតិភាព។ នៅខាងលើ យើងកែសម្រួលនីតិវិធីកុំឲ្យសាំញ៉ាំ។ ការអនុវត្តពាក់ព័ន្ធនឹងគម្រោងនេះ ខ្ញុំសុំណែនាំម្ដងទៀត គឺធ្វើយ៉ាងណាមិនកែតែជើងខាងលើទេ គឺកែរហូតទៅដល់ជើងក្រោមតែម្ដង។ យ៉ាងហោចណាស់ សម្រាប់គម្រោងដែលពាក់ព័ន្ធនឹង គ.ល.គ. នេះ រាល់នីតិវិធីដែលទៅខេត្តគឺសម្រួលផ្លូវកាត់តែម្ដង។ រឿងអីផ្សេងៗទៀត ហ្នឹងតាមនីតិវិធីទៅចុះ។ យើងមិនអាចកែម្ដងទាំងអស់បានទេ តែយ៉ាងហោចណាស់ផ្ដោតទៅលើការជំរុញត្រង់នេះ។ យើងយកមួយសសរហ្នឹងមកពង្រឹងវាទៅ។ សសរផ្សេងៗទៀត ពេលដែលមួយនេះរឹងមាំ យើងមិនខ្លាចបាក់អគារ ហើយចាំយើងកែសម្រួលជាបន្តបន្ទាប់ទៀត។
[ចប់សេចក្ដីអធិប្បាយ១]
ទី៤. ក្រុមការងារត្រូវខិតខំដោះស្រាយបញ្ហាប្រឈម ដែលជាកង្វល់របស់វិនិយោគិន និងជំរុញការអនុវត្តការងារគាំទ្រផ្សេងៗ ដល់កម្មវិធីពិសេសនេះ ដូចជា ការអនុញ្ញាតឱ្យមានការបញ្ជាក់វិញ្ញាបនបត្រអនាម័យ និងភូតគាមអនាម័យ នៅខេត្តជាប់ព្រំដែនដែលមានច្រកអន្តរជាតិ ការពន្លឿនការចុះបញ្ជីដីធ្លី ឬប័ណ្ណកម្មសិទ្ធិដីធ្លីនៅតាមតំបន់ជាយក្រុង ឬទីប្រជុំជននៃបណ្តាខេត្តនីមួយៗ និងការដាក់ចេញនូវយន្តការសម្របសម្រួល ក្នុងការផ្ទេរគម្រោងសម្បទានដីសេដ្ឋកិច្ចអសកម្ម ឱ្យទៅវិនិយោគិន ដែលមានបំណងច្បាស់លាស់ និងជាក់លាក់ ជាដើម។
[ផ្ដើមសេចក្ដីអធិប្បាយ២]
(៥) ក្រសួងស្ថាប័នពាក់ព័ន្ធយកការសំរេចទៅដោះស្រាយឱ្យលឿន និងប្រតិភូកម្មខ្សែបណ្តោយឱ្យអនុវត្ត
ចំពោះការងារ(ដោះស្រាយបញ្ហាប្រឈម)នេះ អម្បាញ់មិញខ្ញុំនិយាយពីរដ្ឋបាលថ្នាក់ខេត្ត នៅហ្នឹងកន្លែង តែក៏ពាក់ព័ន្ធនឹងក្រសួងស្ថាប័នមួយចំនួន ដូចជាក្រសួងពាណិជ្ជកម្មនិងក្រសួងផ្សេងៗ ដែលពាក់ព័ន្ធនឹងលំហូរនៃពាណិជ្ជកម្មជាមួយប្រទេសជិតខាង។ តាមរយៈយន្តការអន្តរក្រសួងនេះ ពេលដែលអន្តរក្រសួងសម្រេចហើយ (ទី១) សុំឲ្យក្រសួងស្ថាប័នមួយៗដែលពាក់ព័ន្ធ ព្យាយាមយកចំណុចទាំងអស់នោះ ទៅធ្វើការដោះស្រាយឲ្យបានលឿន។ ទី២ ណែនាំតាមខ្សែបណ្ដោយរបស់ខ្លួនទៅក្រោម ដោយធ្វើប្រតិភូកម្មសិទ្ធិឲ្យស្ថាប័នថ្នាក់ក្រោមអនុវត្ត ថ្នាក់ខេត្តនិងខេត្តនោះ ដោយយើងអាចដឹកនាំ។ បានន័យថា បើយើងប្រតិភូកម្មសិទ្ធិក្នុងការសម្រេចហើយ ស្រាប់តែក្នុងនីតិវិធីហ្នឹងនៅមានមួយត្រូវជិះ៧ម៉ោងមកសុំលិខិតនៅក្រសួងឯភ្នំពេញ ក៏ពិបាកដែរ។
ខ្ញុំថាយើងធ្វើតែសម្រាប់ករណីពិសេសក្នុងកញ្ចប់នេះតែម្ដង ដើម្បីឲ្យក្រសួងស្ថាប័ន និងរាជធានីខេត្ត បូកនិងអន្តរក្រសួងនេះធ្វើការ។ ខ្ញុំថាមានតែផ្លូវនេះទេ។ បើរត់ ត្រូវរត់ទាំងអស់គ្នា បើយើងរត់ជាក្រុម។ នៅក្នុងយោធា បើថា ២០នាក់ ល្បឿនរបស់ក្រុមនីមួយៗ ស្មើនឹងល្បឿនអ្នកយឺតជាងគេ ព្រោះហាមមិនឲ្យដាច់គ្នាឆ្ងាយទេ យ៉ាងច្រើនមិនឲ្យលើស ៥ម៉ែត្រពីគ្នា។ យើងមិនអាចចោលគ្នាទេ។ អញ្ចឹង យើងធ្វើការជាកញ្ចប់។ ល្បឿនអ្នកយឺតជាងគេនេះហើយគឺជាល្បឿននៃក្រុម។ បីទោះជាមានអ្នកផ្សេងរត់លឿនក៏ដោយ បើមានអ្នកដើរមើកៗ (នោះ)មិនអាចទៅបានស្រុះគ្នាទេ … ដូចនេះត្រូវស្ពាយ ឬលី ជួយជំរុញគ្នា ហើយឯកភាពគ្នា។ បើរត់ផ្លូវនេះ ត្រូវរត់ទាំងអស់គ្នា។ កុំម្នាក់រត់ខាងនេះ ម្នាក់រត់ខាងនោះ ឬម្នាក់អង្គុយចុះ។ ទៅទាំងអស់គ្នា។
(៦) គោលដៅបង្កើត ក.វ.ឦសាន គឺល្បឿននិងប្រសិទ្ធភាព នៃលំហូរវិនិយោគ ទេសចរណ៍ និងផលិតផល
ខ្ញុំំគិតថា កិច្ចការទាំងអស់នេះត្រូវការល្បឿន។ ដែលយើងបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន” (ក.វ.ឦសាន)នេះ ព្រោះយើងចង់បានល្បឿន និងប្រសិទ្ធភាព។ ល្បឿននិងប្រសិទ្ធភាព ទាមទារនូវការកែសម្រួលនីតិវិធីរបស់ស្ថាប័នមួយចំនួនឲ្យស្របជាមួយគោលការណ៍រួមរបស់យើង ក៏ដូចជារបស់រាជធានីខេត្ត ស្ថាប័នថ្នាក់ក្រោមខេត្តមួយចំនួនដែលពាក់ព័ន្ធ។ ធ្វើប្រតិភូកម្មកម្រិតណាឲ្យ។ គោលដៅធំធ្វើឲ្យលំហូរវិនិយោគ ទេសចរណ៍ និងផលិតផល ចូលទៅក្នុងខេត្តទាំង៤នោះបានលឿន។ យើងដកខ្លួនចេញពី CLV-DTA ដោយសារ ២៥ឆ្នាំមកនេះ យើងមានសមត្ថភាពអាចរៀបចំដល់កម្រិតមួយដែលយើងអាចម្ចាស់ការខ្លួនឯង។ ប្រជាពលរដ្ឋយើងក៏ចង់បានដែរថា ឥឡូវយើងត្រូវពង្រីកនិងអភិវឌ្ឍខ្លួនឯងដោយម្ចាស់ការខ្លួនឯង។ ដោយហេតុនេះហើយ បានជាមានការរៀបចំនេះឡើង ឱ្យឆ្លើយតបទៅនឹងអ្វីដែលជាការចង់បាន និងចង់ឃើញរបស់ប្រជាពលរដ្ឋយើង។ ដែលយើងធ្វើបានប៉ុណ្ណេះ គឺពង្រឹងខ្លួនឯងដើម្បីដើរទៅមុខ រត់អោយលឿនខ្លួនឯង តាមរយៈការទាញចូលនូវវិនិយោគក៏ដូចជាការបង្កើនសកម្មភាពវិនិយោគនៅហ្នឹងកន្លែង។
(៧) លើកលែងនិងអនុគ្រោះដូចគ្នា ចំពោះវិនិយោគិនក្រៅប្រទេស ក្នុងប្រទេស ក្រៅខេត្តដែរ និងក្នុងខេត្ត
ខ្ញុំសូមបញ្ជាក់ថាការលើកលែងនិងការអនុគ្រោះទាំងអស់នេះ មិនមែនសំដៅតែទៅលើវិនិយោគិនក្រៅប្រទេសទេ។ វិនិយោគគិនពីក្នុងប្រទេសក៏យើងលើកឱ្យដូចគ្នា។ ហើយក៏មិនសំដៅតែការវិនិយោគពីក្រៅខេត្តដែរ។ វិនិយោគិនក្នុងខេត្តក៏យើងកាន់តែលើកទឹកចិត្តឱ្យគាត់ធ្វើ។ បើអ្នកមណ្ឌលគិរីត្រូវការបើក resort, រោងចក្រ កន្លែងកសិកម្មឬមួយអី យើងជួយ។ អាចបងប្អូនខ្លះយល់ច្រឡំទាល់តែវិនិយោគិនមកពីក្រៅប្រទេស។ អត់ទេ។ គឺវិនិយោគិនទាំងអស់ សំខាន់បំផុតដែលយើងដាក់ចេញនូវទុនឧបត្ថម្ភគោលនយោបាយដែលត្រៀមថវិកាមួយចំនួនសម្រាប់ផ្ដល់ឱ្យកម្ចីអត្រាទាប គឺផ្ដោតសំខាន់ទៅលើវិនិយោគិនក្នុងស្រុកនេះឯង។ ក្រុមហ៊ុនតូច ក្រុមហ៊ុនកម្រិតមធ្យម SME ដែលយើងចង់បាន។
(៨) ពន្លឿនការរៀបចំ Master Plan និងផែនទីនៃការប្រើប្រាស់ដី
យើងចង់ជំរុញការវិយោគទៅលើកសិកម្ម កសិ-ឧស្សាហ៍កម្ម និងទេសចរណ៍។ វាអាចភ្ជាប់ជាមួយគ្នា។ មានរោងចក្រមួយចំនួនដែលពាក់ព័ន្ធជាមួយវិស័យកសិកម្ម ឬមួយក៏អាចនៅក្នុងតំបន់ជាប់ច្រកព្រំដែនខ្លះ ជាតំបន់សេដ្ឋកិច្ចពិសេសបង្កើតជារោងចក្រកែច្នៃ ឬមួយអី។ យើងអត់ហាមទេ។ ខ្ញុំអោយខេត្តទាំង៤ ជាពិសេសខេត្តដែលមានធនធានធម្មជាតិ … ធ្វើ Zoning ដើម្បីយើងរក្សាទុកកន្លែងណាជាតំបន់ឧស្សាហកម្ម។ ត្រៀមឱ្យហើយទៅ។ កុំយករោងចក្រទៅដាក់នៅលើភ្នំ … កន្លែងណាទុកជាកន្លែងទេសចរណ៍ កន្លែងធម្មជាតិទុកនៅជាកន្លែងធម្មជាតិ និងរុញតំបន់ឧស្សាហកម្មទៅមួយកន្លែង។ កន្លែងណាដែលសម្រាប់ធ្វើ agro-industry ទំហំធំ។ យើងកុំឱ្យវាកំប៉ិកំប៉ក់នៅកន្លែងនេះ/នោះ។ គិតកន្លែងទាំងមូល។ បានន័យថាគិតពីការអភិវឌ្ឍដោយចីរភាព។
សក្ដានុពលរបស់យើងមានទាំងទេសចរណ៍ កសិ-ឧស្សាហកម្ម កសិកម្ម។ យើងអាចថាកម្មន្តសាលឬមួយអីកន្លែងណា យើងគិតគូរអោយហើយ។ ជាពិសេសខេត្តមណ្ឌលគិរីដែលភាគច្រើនទាក់ទងហ្នឹងទេសចរធម្មជាតិ។ បើយើងអត់គិតដាក់មួយដុំៗ ក្នុងមួយរយៈពេលខ្លីគឺវាខូចអស់កន្លែងហ្នឹងថ្ងៃក្រោយ។ យើងចង់ធ្វើទេសចរធម្មជាតិ ស្រាប់តែទៅដល់សុទ្ធតែរោងចក្រនៅនេះទាំងអស់។ zoning មិនថាមិនអោយធ្វើនៅខេត្តហ្នឹងទេ អោយធ្វើ ប៉ុន្តែសូមអោយខេត្ត គណៈកម្មាធិការយើងដែលធ្វើអាចថាក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម នៅក្នុងហ្នឹងធ្វើអោយហើយ។ អាចថាពន្លឿនការរៀបចំជា master Plans និងការប្រើប្រាស់ផែនទីនៃការប្រើប្រាស់ដីតែម្ដង។ zone ណាដែលយើងធ្វើអគារធំៗ zone ណាយើងអោយធ្វើអគារច្រើនជាន់នៅក្នុងទីរួមខេត្ត ឬមួយតំបន់ …។
ខេត្តផ្សេងៗ ដូចគ្នា។ រតនគិរី ក្រចេះ … បើតំបន់ណាពាក់ព័ន្ធទៅនឹងធម្មជាតិ ឧទាហរណ៍ដូចជាផ្សោតអីជាដើម កុំអោយធ្វើអីដែលប៉ះពាល់ដល់។ រក្សាទៅ។ ដីយើងមួយគគោក។ យើងរកកន្លែងណាដែល(ទំនេរ)។ សូមអោយគិតគូរបែបនេះ។ លឿន ប៉ុន្តែយើងគិតគូរគ្រប់ជ្រុងជ្រោយ ទាញយកផល អត្ថប្រយោជន៍និងការពារសក្ដានុពលដើម្បីយើងអាចជំរុញពហុវិស័យ។ អម្បាញ់មិញ ៣មុខនេះ ដែលយើងជំរុញមិនមែនបានន័យខេត្តទាំង៤ មានតែ៣ហ្នឹងទេ គ្រាន់តែថា ៣នេះ នៅក្នុងក្របខណ្ឌគោលនយោបាយជាសក្ដានុពលអាទិភាព កសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍។ ប៉ុន្តែ មិនហាមឃាត់ខេត្តស្ទឹងត្រែងទៅជាខេត្តឧស្សាហកម្មនាពេលខាងមុខទេ។ (ខេត្តទាំងនេះនៅ)ជិតព្រំដែនឡាវ (ដូចនេះមានសក្តានុពល)តភ្ជាប់នាំចេញទៅក្រៅតាមផ្លូវដែក (ជា)ឧទាហរណ៍ ថ្ងៃក្រោយទៅជាតំបន់ឧស្សាហកម្ម …. ប៉ុន្តែយើងត្រូវគិតគូរជាជំហាន។
(៩) ខេត្តទាំង៤ ភាគឦសាន ទប់ស្កាត់សកម្មភាពអសន្តិសុខ ជាពិសេសបទល្មើសបច្ចេកវិទ្យា
ចំណុចមួយទៀតដែលសូមឱ្យខេត្តទាំង៤ យកចិត្តទុកដាក់គឺរឿងសន្តិសុខសណ្ឋាប់ធ្នាប់ ត្រូវទប់ស្កាត់សកម្មភាពទាំងឡាយដែលអសន្តិសុខ ជាពិសេសរឿងបទល្មើសបច្ចេកវិទ្យា។ ត្រូវប្រយ័ត្នចំពោះការងារនេះ។ ខេត្តយើងទាំង៤ ទោះបីជាកវែកកឆ្នាំង តាំងពីឆ្នាំ១៩៩៩ មក យើងអភិវឌ្ឍប៉ុណ្ណេះ អត់មានពឹងទៅលើបទល្មើសបច្ចេកវិទ្យាទេ។ អញ្ចឹង យើងរស់តទៅទៀតដោយមិនចាំបាច់មានរបស់អស់ហ្នឹងទេ។ យើងត្រូវជំរុញការវិនិយោគបែបនេះ វិនិយោគពិត ទៅលើវិស័យពិត មិនមានអីពាក់ព័ន្ធនឹងការខុសច្បាប់ មិនពាក់ព័ន្ធទៅដល់បញ្ហាសន្តិសុខ … មិនមែនថាមិនឱ្យកសិករដាំដំឡូងមីទេ ប៉ុន្តែយើងធ្វើការវិនិយោគដោយគិតគូរ។ រឿងដូចសន្តិសុខ បទល្មើសបច្ចេកវិទ្យានេះ វាប្រៀបដូចជាការដាំដំឡូងមី។ បានន័យថា វាឆាប់បានផលជាងស្វាយចន្ទី ប៉ុន្តែដាំទៅវាខូចដី។ បើសិនជា (មានការគិតថា)ពឹងផ្អែកទៅលើវត្តមាននៃការឆបោកតាមបច្ចេកវិទ្យានេះ ថាជាការចិញ្ចឹមទីផ្សារ (សូម)កុំឱ្យសោះ។ ខេត្តនីមួយៗ ធ្លាប់រស់ហើយ។ ទេសចរណ៍ធម្មជាតិអីផ្សេងៗ យើងបន្តធ្វើតាមបែបនេះ។ កសិកម្មស្អីៗ ព្រោះអាចមានវត្តមាន(បទល្មើស)នៅកន្លែងខ្លះដែលយើងត្រូវបន្តបោសសំអាត។ សូមឱ្យខេត្តទាំង៤ យកចិត្តទិកដាក់លើការងារនេះ។
(១០) ធ្វើការជាមួយគ្នាគ្រប់ទិដ្ឋភាព ដើម្បីបិទគម្លាតជាមួយប៉ូលសេដ្ឋកិច្ចភ្នំពេញ ព្រះសីហនុ និងសៀមរាប
ការពារវិនិយោគស្របច្បាប់ វិនិយោគត្រឹមត្រូវ មិនរើសអើងថាវិនិយោគមកពីណា គោរពតាមច្បាប់ និងអធិបតេយ្យភាពរបស់កម្ពុជា ផ្តល់ផលចំណេញវិជ្ជមានដល់ប្រជាពលរដ្ឋកម្ពុជា បង្កើនសក្តានុពលនៃខេត្ត (បង្កើន)ទស្សនវិជ្ជមាន ក្នុងរូបភាពវិជ្ជមាន បង្កើនចំណូលនិងស្ថិរភាព និងសន្តិសុខរយៈពេលវែង ជាមួយនឹងការរីកលូតលាស់របស់ប្រជាពលរដ្ឋនៅខេត្តទាំង៤ … ពីថ្នាក់កណ្តាល រាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង ពាណិជ្ជកម្ម នឹងធ្វើការជាមួយគ្នាគ្រប់ទិដ្ឋភាព ទាំងសន្តិសុខ ទាំងសេដ្ឋកិច្ច គ្រប់វិស័យទាំងអស់ ដើម្បីធ្វើឱ្យខេត្តទាំង៤ មានការវិវត្តន៍កាន់តែលឿន គឺបិទគម្លាតជាមួយរាជធាននីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាប ដែលជាប៉ូលសេដ្ឋកិច្ច។ យើងជំរុញបិទគម្លាត។ ពីមុនយើងប្រើយន្តការពហុភាគីតាម CLV-DTA ដែលមានត្រីភាគី បូកជាមួយនឹងការជួយពីជប៉ុន ពីអីនៅកន្លែងនេះ។ ឥឡូវយើងបានចេញហើយ។ អញ្ចឹងយើងបង្កើនសមត្ថភាពអភិវឌ្ឍខ្លួនឯង ម្ចាស់ការខ្លួនឯង តាមរយៈការដាក់ចេញគោលនយោបាយថ្ងៃនេះ លើកទឹកចិត្តថ្ងៃនេះ ទាញវិនិយោគមកពីគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស និងជំរុញការវិនិយោគនៅនឹងកន្លែងនៅខេត្តមណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង រតនគិរី ដើម្បីបង្កលទ្ធភាពឱ្យកាន់តែច្រើន ជំរុញសេដ្ឋកិច្ចឱ្យទៅជាខេត្តដែលអាចទាញយកផលនៃភូមិសាស្ត្រ។ ទោះបីជាឆ្ងាយពីគេ ប៉ុន្តែមិនមែនឆ្ងាយដាច់ស្រយាលទៀតទេ។
[ចប់សេចក្តីអធិប្បាយ២]
ការអនុវត្តកម្មវិធីពិសេសនេះ គឺជាសក្ខីភាពនៃឆន្ទៈនយោបាយយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាល នៅក្នុងកិច្ចខិតខំប្រឹងប្រែងការពារសន្តិភាព ស្ថិរភាព ឯករាជ្យភាព និងបូរណភាពទឹកដី ក៏ដូចជាការខិតខំពង្រីក និងចែកចាយផលលាភ ពីកំណើនសេដ្ឋកិច្ច ទៅដល់គ្រប់មជ្ឈដ្ឋាននៃប្រជាជនខ្មែរ ។ ក្នុងន័យនេះ ខ្ញុំសូមស្នើឱ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តកម្មវិធីពិសេសនេះ ប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពម្ចាស់ការ ដើម្បីសម្រេចជោគជ័យ ស្របតាមគោលបំណង និងគោលដៅដែលបានដាក់ចេញ ។
ជាថ្មីម្តងទៀត ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានដឹកនាំរៀបចំកម្មវិធីពិសេសជំរុញការវិនិយោគនេះឡើង ។ ទន្ទឹមនេះ, ខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះកិច្ចសហការ និងការគាំទ្រ ប្រកបដោយស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែករៀបចំកម្មវិធីពិសេសនេះ ដោយមានការគិតគូរយ៉ាងល្អិតល្អន់ ជាក់លាក់ និងចំគោលដៅ ។
ខ្ញុំជឿជាក់យ៉ាងមុតមាំថា ប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីនេះ នឹងជំរុញការអភិវឌ្ឍតំបន់ភូមិភាគឦសាន ប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន ក្នុងដំណើរឆ្ពោះទៅរកការសម្រេចនូវចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ។
ជាទីបញ្ចប់, ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី ភ្ញៀវកិត្តិយស និងអង្គពិធីទាំងមូល សូមសមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ, និងសូមប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» ចាប់ពីពេលនេះតទៅ។ សូមអរគុណ៕